Get the DaunPhen font >> HERE <<.

សំបុត្ររបស់ប៉ុល

ដល់ពួក

រ៉ូម


១ ១សំបុត្រប៉ុលខ្ញុំ ជាបាវបំរើរបស់ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានហៅមកធ្វើជាសាវក ទាំងញែកចេញទុកសំរាប់ដំណឹងល្អនៃព្រះ ២(ជាដំណឹងល្អដែលទ្រង់បានសន្យាពីដើម ដោយសារពួកហោរាទ្រង់ ទុកក្នុងគម្ពីរបរិសុទ្ធ ៣គឺពីព្រះរាជបុត្រានៃព្រះ ដែលខាងឯសាច់ឈាមទ្រង់បានចាប់កំណើត ក្នុងព្រះវង្សាហ្លួងដាវីឌ ៤តែខាងឯព្រះវិញ្ញាណនៃសេចក្តីបរិសុទ្ធ នោះបានសំដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិត ទាំងមានព្រះចេស្តាផង ដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ៥ដែលយើងខ្ញុំបានទទួលព្រះគុណ នឹងងារជាសាវកដោយសារទ្រង់ សំរាប់ឲ្យមានមនុស្សចុះចូល តាមសេចក្តីជំនឿ នៅកណ្តាលអស់ទាំងសាសន៍ ទុកជាប្រយោជន៍ដល់ព្រះនាមទ្រង់ ៦ដែលអ្នករាល់គ្នាក៏នៅក្នុងពួកអ្នកទាំងនោះ ជាពួកអ្នកដែលព្រះយេស៊ូវគ្រីស្ទទ្រង់បានហៅដែរ) ៧ខ្ញុំផ្ញើមកអស់អ្នក នៅក្រុងរ៉ូមជាពួកស្ងួនភ្ងានៃព្រះ ដែលទ្រង់បានហៅមកធ្វើជាពួកបរិសុទ្ធ សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយនូវព្រះគុណ នឹងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។

៨មុនដំបូងខ្ញុំសូមអរព្រះគុណដល់ព្រះនៃខ្ញុំ ដោយនូវព្រះយេស៊ូវគ្រីស្ទ ពីដំណើរអ្នករាល់គ្នា ដោយឮគេថ្លែងប្រាប់ នៅគ្រប់ក្នុងលោកីយទាំងមូល ពីសេចក្តីជំនឿរបស់អ្នករាល់គ្នា ៩ដ្បិតព្រះដែលខ្ញុំបំរើដោយវិញ្ញាណខ្ញុំ ក្នុងដំណឹងល្អពីព្រះរាជបុត្រាទ្រង់ នោះជាស្មរបន្ទាល់ពីខ្ញុំថា ខ្ញុំទូលដំណាលពីអ្នករាល់គ្នា ក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំជានិច្ច ១០ព្រមទាំងសូមអង្វរជាដរាប ឲ្យខ្ញុំបានឱកាសស្រួលតាមព្រះហឫទ័យម្តងណេះ ដើម្បីនឹងមកឯអ្នករាល់គ្នា បើសិនជាបាន ១១ដោយព្រោះខ្ញុំរឭកចង់ឃើញអ្នករាល់គ្នា ដើម្បីនឹងចែកអំណោយទានណាមួយ ខាងវិញ្ញាណមកអ្នករាល់គ្នា ប្រយោជន៍ឲ្យអ្នករាល់គ្នាបានតាំងនៅយ៉ាងខ្ជាប់ខ្ជួន ១២គឺថា ឲ្យយើងបានសេចក្តីកំសាន្តចិត្តគ្នាទៅវិញទៅមក ក្នុងពួកអ្នករាល់គ្នា ដោយសារសេចក្តីជំនឿរបស់យើងនិមួយៗ គឺរបស់អ្នករាល់គ្នា នឹងរបស់ខ្ញុំផង ១៣តែបងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំបានគិតមកឯអ្នករាល់គ្នាជារឿយៗ ដើម្បីឲ្យបានផលខ្លះ ក្នុងពួកអ្នករាល់គ្នា ដូចជាក្នុងពួកសាសន៍ឯទៀតដែរ តែខ្ញុំមានសេចក្តីឃាត់ឃាំង ដរាបមកដល់ឥឡូវនេះ ១៤ខ្ញុំមានសេចក្តីជំពាក់ទាំងសាសន៍ក្រេក នឹងសាសន៍ដទៃ ទាំងអ្នកប្រាជ្ញ នឹងអ្នកខ្លៅផង ១៥ដូច្នេះ ឯខ្ញុំៗប្រុងប្រៀបតែនឹងប្រាប់ដំណឹងល្អមកអ្នករាល់គ្នា ដែលនៅក្រុងរ៉ូមដែរ ១៦ដ្បិតខ្ញុំគ្មានសេចក្តីខ្មាស់ ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម នឹងសាសន៍ក្រេកផង ១៧ដ្បិតសេចក្តីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្តីជំនឿ ហើយឲ្យបានសេចក្តីជំនឿចំរើនច្រើនឡើងផង ដូចមានសេចក្តីចែងទុកមកថា «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ»។

១៨ពីព្រោះសេចក្តីក្រោធរបស់ព្រះ បានសំដែងមកពីស្ថានសួគ៌ ទាស់នឹងគ្រប់ទាំងសេចក្តីទមិលល្មើស នឹងសេចក្តីទុច្ចរិតរបស់មនុស្ស ដែលគេបង្ខាំងសេចក្តីពិត ដោយសេចក្តីទុច្ចរិត ១៩ព្រោះការអ្វីដែលអាចនឹងស្គាល់ពីព្រះបាន នោះបានសំដែងមកក្នុងពួកគេហើយ ដោយព្រះទ្រង់សំដែងការនោះឲ្យគេឃើញជាក់ ២០ដ្បិតអ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយមក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច នឹងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក ២១ព្រោះកាលគេបានស្គាល់ព្រះ នោះគេមិនបានដំកើងទ្រង់ ទុកជាព្រះទេ ក៏មិនដឹងគុណទ្រង់ដែរ គេកើតមានគំនិតឥតប្រយោជន៍វិញ ហើយចិត្តគេ ដែលឥតយោបល់ ក៏បានត្រឡប់ជាងងឹតទៅ ២២គេអួតខ្លួនថា មានប្រាជ្ញា បានជាគេត្រឡប់ទៅជាល្ងង់ល្ងើវិញ ២៣គឺគេបំផ្លាស់សិរីល្អនៃព្រះដែលមិនចេះខូច ឲ្យទៅជារូប មើលទៅដូចជាមនុស្ស ដែលតែងតែខូចវិញ ហើយដូចជាសត្វស្លាប សត្វជើង៤ នឹងសត្វលូនវារដែរ ២៤ហេតុនោះបានជាព្រះទ្រង់ប្រគល់គេទៅឯសេចក្តីស្មោកគ្រោក តាមចិត្តគេប្រាថ្នាចង់បាន ឲ្យបានបង្អាប់ដល់រូបកាយគេទៅវិញទៅមក ២៥គេបានផ្លាស់សេចក្តីពិតនៃព្រះ ឲ្យទៅជាសេចក្តីភូតភរវិញ ក៏កោតខ្លាច ហើយគោរពបូជាដល់របស់ដែលកើតមក ជាជាងដល់ព្រះ ដែលបង្កើតរបស់ទាំងនោះមក ជាព្រះដែលមានព្រះពរអស់កល្បជានិច្ច អាម៉ែន ២៦ហេតុនោះបានជាព្រះទ្រង់ប្រគល់គេ ទៅក្នុងសេចក្តីរំជួលដ៏អាស្រូវបារាយ ដ្បិតទាំងពួកស្រីៗរបស់គេ ក៏បានផ្លាស់ប្រែទំនៀមទំលាប់ពីបវេណីចេញ ឲ្យខុសពីធម្មតា ២៧ហើយពួកប្រុសៗក៏បែបដូច្នោះដែរ គេបានលះចោលទំនៀមទំលាប់របស់ស្ត្រីពីបវេណីចេញ ហើយបង្កើតឲ្យមានសេចក្តីសំរើបរោលរាល ដល់គ្នាទៅវិញទៅមក គឺប្រុសប្រព្រឹត្តនឹងប្រុសៗជាការដ៏អាក្រក់ជួជាតិ នោះគេក៏ទទួលរង្វាន់ចំពោះខ្លួនគេ ដែលសំណំនឹងសេចក្តីកំហុសរបស់ខ្លួន ២៨ហើយដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ដល់ព្រះសោះ បានជាទ្រង់ប្រគល់គេទៅតាមគំនិតចោលម្សៀតវិញ ដើម្បីឲ្យបានសំរេចការដែលមិនគួរគប្បីធ្វើ ២៩ជាមនុស្សមានពេញដោយសេចក្តីទុច្ចរិតគ្រប់យ៉ាង គឺសេចក្តីកំផិត សេចក្តីកំណាច សេចក្តីលោភ នឹងសេចក្តីព្យាបាទ ក៏មានសេចក្តីឈ្នានីស នឹងការកាប់សំឡាប់ ឈ្លោះប្រកែក កិច្ចកល គំនិតខិលខូចដ៏ពោរពេញផង ៣០ជាមនុស្សចែចូវ បេះបួយ ស្អប់ព្រះ ព្រហើនឈ្លានពាន មានះកាន់ខ្លួន អួតអាង ជាមេបង្កើតការអាក្រក់ ហើយមិនស្តាប់បង្គាប់តាមឪពុកម្តាយ ៣១ឥតយោបល់ មានចិត្តមិនទៀង មិនចេះស្រឡាញ់តាមធម្មតា ក៏ឥតមានសេចក្តីមេត្តាករុណាសោះ ៣២គេក៏ស្គាល់សេចក្តីជំនុំជំរះដ៏សុចរិតរបស់ព្រះថា អស់អ្នកដែលប្រព្រឹត្តការយ៉ាងដូច្នោះ នោះគួរនឹងស្លាប់ហើយ ប៉ុន្តែគេមិនគ្រាន់តែប្រព្រឹត្តយ៉ាងនោះប៉ុណ្ណោះ គឺគេចូលចិត្តយល់ព្រមនឹងអស់អ្នកណា ដែលប្រព្រឹត្តដូច្នោះផងដែរ។



២ ១ដូច្នេះ ឱមនុស្សអើយ អស់អ្នកណាដែលថ្កោលទោសគេ នោះគ្មានសេចក្តីដោះសាចំពោះខ្លួនឡើយ ដ្បិតដែលអ្នកថ្កោលទោសគេ នោះឈ្មោះថាកាត់ទោសខ្លួនឯងហើយ ពីព្រោះអ្នកឯងដែលថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគ្នាដែរ ២តែយើងរាល់គ្នាដឹងថា ចំណែកសេចក្តីជំនុំជំរះរបស់ព្រះវិញ នោះត្រូវនឹងសេចក្តីពិត ទាស់នឹងពួកអ្នកដែលប្រព្រឹត្តយ៉ាងនោះ ៣មួយទៀត ឱមនុស្សអើយ ដែលអ្នកថ្កោលទោស ដល់អស់អ្នក ដែលប្រព្រឹត្តការយ៉ាងនោះ តែខ្លួនអ្នកក៏ប្រព្រឹត្តដូច្នោះដែរ នោះតើអ្នកស្មានថា ខ្លួនអ្នកនឹងរួចពីសេចក្តីជំនុំជំរះរបស់ព្រះឬអី ៤ឬអ្នកមើលងាយសេចក្តីសប្បុរសដ៏ឥតគណនា ព្រមទាំងសេចក្តីទ្រាំទ្រ នឹងសេចក្តីអត់ធន់របស់ទ្រង់ ដោយមិនដឹងថា សេចក្តីសប្បុរសនៃព្រះទាញនាំឲ្យអ្នកបានប្រែចិត្តឬអី ៥តែដោយអ្នករឹងរបឹង ហើយមិនព្រមប្រែចិត្តសោះ បានជាអ្នកឈ្មោះថាកំពុងតែប្រមូលសេចក្តីក្រោធ ទុកសំរាប់ខ្លួនដល់ថ្ងៃនៃសេចក្តីក្រោធវិញ ជាថ្ងៃដែលសេចក្តីជំនុំជំរះដ៏សុចរិតរបស់ព្រះនឹងសំដែងមក ៦ដែលទ្រង់នឹងសងដល់គ្រប់គ្នា តាមអំពើដែលខ្លួនបានប្រព្រឹត្ត ៧គឺជាជីវិតអស់កល្បជានិច្ច ដល់ពួកអ្នកដែលរកសិរីល្អ កេរ្តិ៍ឈ្មោះ នឹងសេចក្តីមិនពុករលួយ ដោយគេកាន់ខ្ជាប់ក្នុងការល្អ ៨តែពួកអ្នកដែលទាស់ទទឹង មិនព្រមស្តាប់តាមសេចក្តីពិត គឺស្តាប់តាមតែសេចក្តីទុច្ចរិតវិញ នោះនឹងបានសេចក្តីក្រោធ នឹងសេចក្តីឃោរឃៅ ៩ជាសេចក្តីវេទនា នឹងសេចក្តីលំបាកនៅលើគ្រប់ទាំងព្រលឹងមនុស្សណា ដែលប្រព្រឹត្តអាក្រក់ មានសាសន៍យូដាជាដើម នឹងសាសន៍ក្រេកផង ១០តែអស់អ្នកដែលប្រព្រឹត្តល្អ នោះនឹងបានសិរីល្អ កេរ្តិ៍ឈ្មោះ នឹងសេចក្តីសុខវិញ គឺមានសាសន៍យូដាជាដើម នឹងសាសន៍ក្រេកផង ១១ដ្បិតព្រះទ្រង់មិនយោគយល់ខាងអ្នកណាសោះ ១២ព្រោះអស់អ្នកណាដែលបានធ្វើបាបឥតស្គាល់ក្រិត្យវិន័យ នោះនឹងត្រូវវិនាសទៅឥតក្រិត្យវិន័យដែរ ហើយអស់អ្នកណាដែលបានធ្វើបាបក្នុងបន្ទុកក្រិត្យវិន័យ នោះនឹងត្រូវក្រិត្យវិន័យជំនុំជំរះវិញ ១៣(ដ្បិតពួកអ្នកដែលគ្រាន់តែស្តាប់ក្រិត្យវិន័យ នោះមិនមែនឈ្មោះថាសុចរិត នៅចំពោះព្រះឡើយ គឺបានរាប់ជាសុចរិតតែពួកអ្នក ដែលប្រព្រឹត្តតាមក្រិត្យវិន័យប៉ុណ្ណោះទេ ១៤ពីព្រោះកាលណាពួកសាសន៍ដទៃ ដែលគ្មានក្រិត្យវិន័យ គេបានប្រព្រឹត្តតាមក្រិត្យវិន័យពីបវេណី នោះពួកដែលគ្មានក្រិត្យវិន័យនោះឯង គេជាក្រិត្យវិន័យដល់ខ្លួនគេវិញ ១៥ដោយសំដែងថា របៀបក្រិត្យវិន័យបានកត់ទុកក្នុងចិត្តគេហើយ បញ្ញាចិត្តគេក៏ធ្វើបន្ទាល់ឲ្យ ហើយគំនិតគេចួនកាលប្រកាន់ទោស ចួនកាលដោះសាគ្នាទៅវិញទៅមក) ១៦គឺក្នុងថ្ងៃ ដែលព្រះទ្រង់នឹងជំនុំជំរះអស់ទាំងការលាក់កំបាំងរបស់មនុស្ស តាមដំណឹងល្អខ្ញុំ ដោយសារព្រះយេស៊ូវគ្រីស្ទ។

១៧បើអ្នកមានឈ្មោះជាសាសន៍យូដា ទាំងទុកចិត្តនឹងក្រិត្យវិន័យ ហើយអួតសរសើរពីព្រះ ១៨ក៏ស្គាល់ព្រះហឫទ័យទ្រង់ ហើយចេះសំគាល់រើសសេចក្តីល្អ ដោយបានរៀនតាមក្រិត្យវិន័យ ១៩ទាំងជឿប្រាកដថា ខ្លួនជាអ្នកដឹកនាំមនុស្សខ្វាក់ ជាពន្លឺដល់ពួកអ្នកដែលងងឹត ២០ជាអ្នកទូន្មានប្រដៅដល់ពួកខ្លៅល្ងង់ ជាគ្រូបង្រៀនដល់កូនក្មេង ក៏មានគំរូពីសេចក្តីចេះដឹង នឹងសេចក្តីពិតនៅក្នុងក្រិត្យវិន័យ ២១ដូច្នេះ អ្នកឯង ដែលបង្រៀនគេ តើមិនបង្រៀនដល់ខ្លួនឯងទេឬអី អ្នកឯងដែលប្រដៅថា កុំឲ្យលួចគេ តើអ្នកលួចឬទេ ២២អ្នកឯងដែលថា កុំឲ្យផិតគ្នា តើអ្នកផិតឬទេ អ្នកឯងដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ ២៣អ្នកឯងដែលអួតពីក្រិត្យវិន័យ តើអ្នកបង្អាប់ព្រះ ដោយប្រព្រឹត្តរំលងនឹងក្រិត្យវិន័យឬទេ ២៤ដ្បិតពួកសាសន៍ដទៃ គេប្រមាថដល់ព្រះនាមព្រះ ដោយព្រោះតែអ្នករាល់គ្នា ដូចជាមានសេចក្តីចែងទុកមកហើយ។

២៥រីឯការកាត់ស្បែក នោះមានប្រយោជន៍មែន បើអ្នកប្រព្រឹត្តតាមក្រិត្យវិន័យ តែបើអ្នកប្រព្រឹត្តរំលងក្រិត្យវិន័យវិញ នោះការដែលទទួលកាត់ស្បែក បានត្រឡប់ដូចជាមិនកាត់វិញ ២៦ដូច្នេះ បើសិនជាពួកដែលមិនកាត់ស្បែក គេកាន់តាមបញ្ញត្តក្រិត្យវិន័យទៅ នោះការដែលមិនបានកាត់ស្បែក តើមិនរាប់ដូចជាបានកាត់វិញទេឬអី ២៧ហើយពួកអ្នកដែលមិនកាត់ស្បែកតាមបវេណី បើគេប្រព្រឹត្តតាមក្រិត្យវិន័យសព្វគ្រប់ តើគេមិនជំនុំជំរះអ្នកទេឬអី ដែលអ្នកមានទាំងគម្ពីរ នឹងការកាត់ស្បែកផង តែចេះតែប្រព្រឹត្តរំលងក្រិត្យវិន័យវិញ ២៨ឯដំណើរដែលហៅថាសាសន៍យូដា នោះមិនមែនចំពោះតែអ្នកណាដែលមានទីសំគាល់ខាងក្រៅប៉ុណ្ណោះទេ ហើយការកាត់ស្បែកសោត ក៏មិនមែនចំពោះតែសាច់ខាងក្រៅប៉ុណ្ណោះដែរ ២៩រីឯសាសន៍យូដាដ៏ពិតប្រាកដ នោះគឺខាងក្នុងវិញ ហើយការកាត់ស្បែកក៏នៅក្នុងចិត្ត ខាងព្រលឹងវិញ្ញាណដែរ មិនមែនតាមតែន័យពាក្យប៉ុណ្ណោះទេ មនុស្សយ៉ាងនោះតែងមានសេចក្តីសរសើរ មិនមែនមកពីមនុស្ស គឺពីព្រះវិញ។



៣ ១ដូច្នេះ តើសាសន៍យូដាវិសេសជាងគេយ៉ាងណា ឬការកាត់ស្បែកមានប្រយោជន៍ដូចម្តេចខ្លះ ២មានគ្រប់ជំពូកជាច្រើនណាស់ មុនដំបូង គឺពីព្រោះព្រះបានផ្ញើព្រះបន្ទូលទុកនឹងគេ ៣តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ សេចក្តីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្តីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី ៤ទេ មិនមែនឡើយ សូមឲ្យព្រះបានរាប់ជាពិត ហើយគ្រប់ទាំងមនុស្សជាភូតភរវិញចុះ ដូចមានសេចក្តីចែងទុកមកថា «ឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានបន្ទូល ហើយឲ្យទ្រង់បានឈ្នះ ក្នុងកាលដែលគេជំនុំជំរះទ្រង់» ៥ប៉ុន្តែ បើសិនជាសេចក្តីទុច្ចរិតរបស់យើងរាល់គ្នា បាននាំឲ្យគេឃើញសេចក្តីសុចរិតរបស់ព្រះច្បាស់ជាង នោះតើនឹងថាដូចម្តេច តើព្រះទ្រង់ទុច្ចរិតឬអី ដែលទ្រង់ធ្វើទោសនោះ (នេះខ្ញុំនិយាយតាមបែបមនុស្សលោក) ៦ទេ មិនមែនឡើយ តែបើសិនជាទុច្ចរិតមែន នោះធ្វើដូចម្តេច ឲ្យព្រះជំនុំជំរះលោកីយបាន ៧ដ្បិតបើសិនជាសេចក្តីពិតរបស់ព្រះបានចំរើនឡើង សំរាប់ជាសិរីល្អដល់ទ្រង់ ដោយសារសេចក្តីភូតភររបស់ខ្ញុំ នោះតើហេតុអ្វីបានជាខ្ញុំជាប់សេចក្តីជំនុំជំរះ ទុកដូចជាមនុស្សមានបាបទៀត ៨ហើយហេតុអ្វីបានជាយើងខ្ញុំមិនថា ចូរប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យការល្អបានកើតឡើង ដូចជាគេនិយាយបង្កាច់យើងខ្ញុំ ហើយខ្លះប្រកាន់ថា យើងខ្ញុំប្រដៅដូច្នោះមែននោះ ឯទោសនៃពួកអ្នកដែលប្រកាន់ដូច្នោះ នោះត្រឹមត្រូវហើយ។

៩ដូច្នេះ តើដូចម្តេច យើងល្អជាងគេឬទេ មិនមែនទេ ដ្បិតយើងខ្ញុំបានចោទប្រកាន់រួចហើយថា ទោះទាំងសាសន៍យូដា នឹងសាសន៍ក្រេកផង សុទ្ធតែនៅក្រោមអំពើបាប ១០ដូចមានសេចក្តីចែងទុកមកថា «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង ១១គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ ១២គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្តីសប្បុរសសោះ តែម្នាក់ក៏គ្មានផង ១៣បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតគេសំរាប់នឹងបញ្ឆោត ឯនៅបបូរមាត់គេ មានសុទ្ធតែពិសពស់ហនុមាន ១៤ហើយមាត់គេមានពេញដោយសេចក្តីបណ្តាសា នឹងសេចក្តីជូរចត់ ១៥ជើងគេរហ័សនឹងកំចាយឈាម ១៦នៅអស់ទាំងផ្លូវរបស់គេ មានសុទ្ធតែសេចក្តីវិនាស នឹងសេចក្តីទុក្ខលំបាក ១៧គេមិនបានស្គាល់ផ្លូវសុខសាន្តសោះ ១៨ក៏គ្មានសេចក្តីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ» ១៩រីឯគ្រប់ទាំងសេចក្តីដែលក្រិត្យវិន័យបង្គាប់ នោះយើងដឹងថា បង្គាប់ដល់តែពួកអ្នកដែលនៅក្នុងបន្ទុកក្រិត្យវិន័យទេ ដើម្បីឲ្យគ្រប់ទាំងមាត់ត្រូវបិទ ហើយឲ្យលោកីយទាំងមូលជាប់មានទោសនៅចំពោះព្រះ ២០ហេតុនោះបានជាគ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រិត្យវិន័យនោះឡើយ ដ្បិតក្រិត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ។

២១ប៉ុន្តែ ឥឡូវនេះ ក្រៅពីក្រិត្យវិន័យ សេចក្តីសុចរិតផងព្រះដែលមានទាំងក្រិត្យវិន័យ នឹងពួកហោរាធ្វើបន្ទាល់ឲ្យផង នោះបានលេចចេញមកហើយ ២២គឺជាសេចក្តីសុចរិតរបស់ព្រះ ដែលបាន ដោយសារសេចក្តីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ ២៣ពីព្រោះគ្រប់គ្នាបានធ្វើបាបហើយខ្វះមិនដល់សិរីល្អនៃព្រះ ២៤តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្តីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ២៥ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់ សំរាប់នឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់ ២៦ដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ។

២៧ដូច្នេះ តើសេចក្តីអួតអាងនៅឯណា គឺត្រូវលើកចោលហើយ តើច្បាប់ណាដែលលើកចោលនោះ តើជាច្បាប់ខាងឯការប្រព្រឹត្តឬ មិនមែនទេ គឺជាច្បាប់ខាងឯសេចក្តីជំនឿវិញទេតើ ២៨ដ្បិតយើងខ្ញុំអាងថា មនុស្សបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿ គឺមិនមែនដោយការប្រព្រឹត្តតាមក្រិត្យវិន័យទេ ២៩តើព្រះអង្គទ្រង់ជាព្រះនៃសាសន៍យូដាតែប៉ុណ្ណោះ តើទ្រង់មិនមែនជាព្រះនៃសាសន៍ដទៃដែរទេឬអី មែនហើយ ទ្រង់ជាព្រះនៃសាសន៍ដទៃដែរ ៣០ដ្បិតគឺជាព្រះតែ១ព្រះអង្គ ដែលនឹងរាប់ទាំងពួកកាត់ស្បែកថាជាសុចរិត ដោយសារតែគេមានសេចក្តីជំនឿ ព្រមទាំងពួកអ្នកដែលមិនកាត់ស្បែកផង ដោយគេមានសេចក្តីជំនឿនោះដែរ ៣១ដូច្នេះ តើយើងឈ្មោះថាធ្វើឲ្យក្រិត្យវិន័យទៅជាឥតប្រយោជន៍ ដោយសេចក្តីជំនឿឬអីទេ មិនមែនឡើយ គឺឈ្មោះថា យើងតាំងក្រិត្យវិន័យ ឲ្យកាន់តែមាំមួនឡើងវិញទេតើ។



៤ ១បើដូច្នេះ យើងនឹងថា លោកអ័ប្រាហាំ ជាឰយុកោយើង បានអ្វីខ្លះ ខាងឯសាច់ឈាម ២ដ្បិតបើសិនណាជាលោកអ័ប្រាហាំបានរាប់ជាសុចរិត ដោយការដែលលោកប្រព្រឹត្ត នោះលោកមានកន្លែងនឹងអួតខ្លួនហើយ តែមិនមែនចំពោះព្រះទេ ៣តើគម្ពីរថាដូចម្តេច គម្ពីរថា «អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្តីជំនឿនោះ បានរាប់ជាសេចក្តីសុចរិតដល់លោក» ៤រីឯអ្នកណាដែលធ្វើការ នោះរង្វាន់មិនរាប់ជាគុណរបស់ចៅហ្វាយទេ គឺទុកជាថ្លៃឈ្នួលវិញទេតើ ៥តែចំណែកអ្នកដែលមិនធ្វើការសោះ គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត នោះសេចក្តីជំនឿរបស់អ្នកនោះ បានរាប់ទុកជាសេចក្តីសុចរិតវិញ ៦ដូចជាហ្លួងដាវីឌបានសំដែងពីសណ្ឋានដ៏មានពរនៃមនុស្ស ដែលព្រះទ្រង់រាប់ជាសុចរិតក្រៅពីការប្រព្រឹត្តថា ៧«មានពរហើយអ្នកណាដែលការទទឹងច្បាប់របស់ខ្លួនបានអត់ទោសឲ្យ និងបាបខ្លួនបានគ្របបាំង ៨មានពរហើយ មនុស្សណាដែលព្រះអម្ចាស់មិនរាប់ជាមានបាបឡើយ»។

៩ដូច្នេះ តើបានពរនោះចំពោះ តែពួកកាត់ស្បែកតែប៉ុណ្ណោះ ឬពួកមិនកាត់ស្បែកក៏បានដែរ ដ្បិតយើងថាសេចក្តីជំនឿ បានរាប់ទុកជាសេចក្តីសុចរិត ដល់លោកអ័ប្រាហាំ ១០ចុះសេចក្តីនោះបានរាប់ដូចម្តេច តើពីកាលលោកបានកាត់ស្បែករួចហើយ ឬនៅឡើយ មិនមែនពីកាលលោកបានកាត់ស្បែកហើយនោះទេ គឺក្នុងកាលដែលមិនទាន់កាត់ស្បែកនៅឡើយវិញ ១១ហើយលោកបានទទួលពិធីកាត់ស្បែកនេះ ទុកជាទីសំគាល់ ជាត្រានៃសេចក្តីសុចរិត ដែលមកដោយសេចក្តីជំនឿនោះឯង គឺជាសេចក្តីជំនឿ ដែលលោកមាន ពីកាលមិនទាន់កាត់ស្បែកនៅឡើយ ដើម្បីឲ្យបានធ្វើជាឪពុក ដល់អស់អ្នកដែលជឿ ឥតកាត់ស្បែកផង ប្រយោជន៍ឲ្យបានរាប់សេចក្តីសុចរិតនេះដល់អ្នកទាំងនោះ ១២ហើយឲ្យបានធ្វើជាឪពុក ដល់ពួកដែលមិនគ្រាន់តែកាត់ស្បែកប៉ុណ្ណោះ គឺដែលដើរតាមដាននៃសេចក្តីជំនឿរបស់លោកអ័ប្រាហាំ ជាឰយុកោយើងផង ជាសេចក្តីជំនឿដែលលោកមាន ពីកាលមិនទាន់កាត់ស្បែកនៅឡើយ។

១៣ដ្បិតសេចក្តីសន្យា ដល់លោកអ័ប្រាហាំ និងពូជលោក ឲ្យបានលោកីយជាមរដក នោះមិនមែនដោយសារក្រិត្យវិន័យទេ គឺដោយសារសេចក្តីសុចរិតដែលមកដោយសេចក្តីជំនឿវិញ ១៤ពីព្រោះបើសិនជាពួកអ្នកដែលអាងក្រិត្យវិន័យបានគ្រងមរដក នោះសេចក្តីជំនឿបានទៅជាឥតអំពើវិញ ហើយសេចក្តីសន្យាក៏ឥតប្រយោជន៍ដែរ ១៥ឯក្រិត្យវិន័យ នោះបង្កើតសេចក្តីក្រោធ ដ្បិតកន្លែងណាដែលគ្មានក្រិត្យវិន័យ នោះក៏ឥតមានសេចក្តីរំលងដែរ ១៦ដូច្នេះ សេចក្តីសន្យាបានមកដោយសេចក្តីជំនឿ ដើម្បីឲ្យបានត្រូវខាងព្រះគុណ ប្រយោជន៍ឲ្យសេចក្តីសន្យាបានខ្ជាប់ខ្ជួន ដល់ពូជលោកតទៅ មិនមែនត្រឹមតែពូជដែលអាងក្រិត្យវិន័យប៉ុណ្ណោះ គឺដល់ទាំងពូជដែលអាងសេចក្តីជំនឿរបស់លោកអ័ប្រាហាំ ដែលជាឰយុកោនៃយើងទាំងអស់គ្នាថែមទៀតផង ១៧ដូចមានសេចក្តីចែងទុកមកថា «អញបានតាំងឯងឲ្យធ្វើជាឪពុក ដល់សាសន៍ជាច្រើន» រីឯនៅចំពោះព្រះ ជាទីជឿរបស់លោក ដែលទ្រង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ទាំងមានបន្ទូលពីរបស់ដែលគ្មាន ទុកដូចជាមានហើយ នោះលោកជាឪពុករបស់យើងមែន ១៨ដ្បិតកាលលោកអស់ទីសង្ឃឹមហើយ នោះក៏ចេះតែជឿដោយសង្ឃឹមវិញ ដើម្បីឲ្យបានត្រឡប់ជាឪពុក ដល់សាសន៍ជាច្រើន ដូចសេចក្តីដែលមានបន្ទូលទុកមកថា «ពូជឯងនឹងបានដូច្នោះ» ១៩ហើយដោយព្រោះលោកមិនខ្សោយខាងសេចក្តីជំនឿ បានជាលោកមិនគិតពីរូបកាយលោក ដែលរាប់ដូចជាស្លាប់ ដោយមានអាយុប្រហែលជា១០០ឆ្នាំហើយ ឬពីផ្ទៃសារ៉ា ដែលរាប់ដូចជាស្លាប់ដែរនោះទេ ២០លោកក៏មិនបានសង្ស័យ ចំពោះសេចក្តីសន្យារបស់ព្រះ ដោយចិត្តមិនជឿឡើយ គឺរឹតតែមានសេចក្តីជំនឿខ្លាំងឡើង ទាំងសរសើរដំកើងដល់ព្រះវិញ ២១ហើយក៏ជឿជាក់អស់ពីចិត្តថា សេចក្តីអ្វីដែលទ្រង់សន្យា នោះអាចនឹងធ្វើឲ្យសំរេចបាន ២២ហេតុនោះបានជារាប់សេចក្តីជំនឿរបស់លោក ទុកជាសេចក្តីសុចរិតដល់លោក។

២៣ប៉ុន្តែដែលថា “បានរាប់ដល់លោល” ដូច្នេះនោះមិនចែងទុកមកសំរាប់លោកតែឯងទេ ២៤គឺសំរាប់យើងរាល់គ្នាដែរ សេចក្តីសុចរិតនោះនឹងបានរាប់ដល់យើងរាល់គ្នា ជាពួកអ្នកជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ឲ្យបានរស់ពីស្លាប់ឡើងវិញ ២៥ដែលទ្រង់ត្រូវគេបញ្ជូនទៅឲ្យមានទោស ដោយព្រោះអំពើរំលងរបស់យើងរាល់គ្នា ហើយបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ ប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិត។



៥ ១ដូច្នេះ ដែលយើងរាល់គ្នាបានរាប់ជាសុចរិត ដោយការជឿ នោះឈ្មោះថាយើងបានមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ២ក៏ដោយសារទ្រង់ យើងមានផ្លូវចូលក្នុងព្រះគុណនេះ ជាទីដែលយើងកំពុងឈរនៅដោយសេចក្តីជំនឿ ហើយយើងអួតពីសេចក្តីសង្ឃឹមដល់សិរីល្អនៃព្រះផង ៣មិនតែប៉ុណ្ណោះសោត យើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរ ដោយដឹងថាសេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រ ៤សេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹក សេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹម ៥ឯសេចក្តីសង្ឃឹមក៏មិនដែលនាំឲ្យមានសេចក្តីខ្មាស់ឡើយ ពីព្រោះសេចក្តីស្រឡាញ់របស់ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើងហើយ ៦ដ្បិតកាលយើងនៅខ្សោយនៅឡើយ លុះដល់កំណត់ហើយ នោះព្រះគ្រីស្ទទ្រង់បានសុគតជំនួសមនុស្សទមិលល្មើស ៧កម្រនឹងមានអ្នកណាព្រមស្លាប់ជំនួសមនុស្សសុចរិតណាស់ ប៉ុន្តែប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ជំនួសមនុស្សល្អដែរទេដឹង ៨តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង ៩ដូច្នេះ ដែលបានរាប់ជាសុចរិត ដោយសារព្រះលោហិតទ្រង់ នោះប្រាកដជាយើងនឹងបានរួចចេញពីសេចក្តីក្រោធ ដោយសារទ្រង់ជាមិនខានលើសទៅទៀត ១០ដ្បិតកាលយើងជាខ្មាំងសត្រូវ បើយើងបានជាមេត្រីនឹងព្រះវិញទៅហើយ ដោយព្រះរាជបុត្រាទ្រង់សុគត ដូច្នេះដែលយើងបានជាមេត្រីហើយ នោះប្រាកដជាយើងនឹងបានសង្គ្រោះជាមិនខានលើសទៅទៀត ដោយទ្រង់មានព្រះជន្មរស់ឡើងវិញ ១១ហើយមិនតែប៉ុណ្ណោះសោត យើងក៏មានសេចក្តីរីករាយចំពោះព្រះផង ដោយនូវព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលឥឡូវនេះ យើងបានជាមេត្រីដោយសារទ្រង់ហើយ។

១២ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ ១៣(ព្រោះរមែងមានបាបនៅក្នុងលោកីយ ដរាបដល់ក្រិត្យវិន័យ តែកាលមិនទាន់មានក្រិត្យវិន័យនៅឡើយ នោះមិនបានរាប់ជាទោសដល់គេទេ ១៤ប៉ុន្តែចាប់តាំងពីលោកអ័ដាម ដរាបដល់លោកម៉ូសេ នោះសេចក្តីស្លាប់បានសោយរាជ្យ លើទាំងពួកអ្នកដែលធ្វើបាប មិនមែនដូចជាអំពើរំលងរបស់លោកអ័ដាមផង ដែលលោកជាគំរូពីព្រះអង្គដែលត្រូវយាងមក ១៥ប៉ុន្តែ ព្រះគុណមិនមែនដូចជាអំពើរំលងនោះទេ ដ្បិតបើសិនជាមានមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សតែម្នាក់ នោះប្រាកដជាព្រះគុណនៃព្រះ ហើយនឹងអំណោយទាននៃព្រះគុណនោះ ដែលមកដោយសារមនុស្សតែម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ នឹងបានចំរើនលើសទៅទៀត ដល់មនុស្សជាច្រើនដែរ ១៦ហើយអំណោយទាននោះ ក៏មិនមែនដូចជាអំពើបាប ដែលមនុស្សតែម្នាក់បានធ្វើនោះទៀត ដ្បិតសេចក្តីជំនុំជំរះ ដែលកើតមកដោយព្រោះម្នាក់នោះឯង នោះបានកាត់ទោសហើយ តែព្រះគុណ ដែលកើតមកដោយព្រោះការរំលងជាច្រើន នោះបានរាប់យើងទុកជាសុចរិតវិញ ១៧ដ្បិត បើសិនជាសេចក្តីស្លាប់បានសោយរាជ្យ ដោយសារមនុស្សតែម្នាក់ ដោយព្រោះម្នាក់នោះឯងបានប្រព្រឹត្តសេចក្តីរំលង ដូច្នេះ ប្រាកដជាពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ នឹងអំណោយទានជាសេចក្តីសុចរិត នោះនឹងបានសោយរាជ្យក្នុងជីវិតលើសទៅទៀត ដោយសារតែម្នាក់ដែរ គឺជាព្រះយេស៊ូវគ្រីស្ទ) ១៨ដូច្នេះ ដែលមនុស្សទាំងអស់ត្រូវទោស ដោយព្រោះអំពើរំលងតែ១ នោះមនុស្សទាំងអស់ក៏បានរាប់ជាសុចរិតឲ្យបានជីវិតវិញ ដោយសារអំពើសុចរិតតែ១បែបដូច្នោះដែរ ១៩ដ្បិតដូចជាមនុស្សជាច្រើនបានត្រឡប់ជាមានបាប ដោយសារមនុស្សតែម្នាក់ មិនបានស្តាប់បង្គាប់ជាយ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិត ដោយសារម្នាក់បានស្តាប់បង្គាប់វិញយ៉ាងនោះដែរ ២០តែក្រិត្យវិន័យបានចូលមកថែមទៀត ដើម្បីឲ្យសេចក្តីរំលងនោះបានរឹតតែធ្ងន់ឡើង ប៉ុន្តែ កន្លែងណាដែលមានបាបចំរើនជាបរិបូរឡើង នោះព្រះគុណក៏ចំរើនជាបរិបូរលើសទៅទៀត ២១ដើម្បីឲ្យព្រះគុណបានសោយរាជ្យដោយសារ សេចក្តីសុចរិត សំរាប់ជាជីវិតអស់កល្បជានិច្ច ដោយនូវព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូចជាបាបបានសោយរាជ្យ ឲ្យត្រូវស្លាប់ពីដើមនោះដែរ។



៦ ១ដូច្នេះ យើងនឹងថាដូចម្តេច តើត្រូវឲ្យយើងចេះតែប្រព្រឹត្តអំពើបាបទៅទៀត ដើម្បីឲ្យព្រះគុណបានចំរើនឡើងឬអី ២ទេ មិនត្រូវឡើយ ធ្វើដូចម្តេចឲ្យយើងដែលស្លាប់ខាងឯអំពើបាបហើយ បាននៅរស់ក្នុងអំពើបាបទៀតបាន ៣តើអ្នករាល់គ្នាមិនដឹងទេឬអី ថា យើងទាំងប៉ុន្មានដែលបានទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូវគ្រីស្ទ នោះគឺបានទទួលជ្រមុជក្នុងសេចក្តីសុគតនៃទ្រង់ដែរ ៤ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អនៃព្រះវរបិតាដែរ ៥ដ្បិតបើយើងបានជាប់ជាមួយនឹងទ្រង់ ក្នុងការដែលជាគំរូពីសេចក្តីសុគតរបស់ទ្រង់ នោះក៏នឹងបានជាប់ក្នុងសេចក្តីរស់ឡើងវិញរបស់ទ្រង់ដែរ ៦ដោយដឹងសេចក្តីនេះថា មនុស្សចាស់របស់យើង បានត្រូវឆ្កាងជាមួយនឹងទ្រង់ហើយ ដើម្បីឲ្យតួអំពើបាបបានត្រូវសូន្យទៅ ប្រយោជន៍កុំឲ្យយើងនៅបំរើអំពើបាបទៀតឡើយ ៧ដ្បិតអ្នកណាដែលស្លាប់ នោះក៏បានរាប់ជាសុចរិតរួចពីបាបហើយ ៨បើសិនជាយើងស្លាប់ជាមួយនឹងព្រះគ្រីស្ទ នោះយើងជឿថា យើងនឹងរស់ជាមួយនឹងទ្រង់ដែរ ៩ដោយដឹងថា ដែលព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះទ្រង់មិនចេះសុគតទៀតឡើយ ព្រោះសេចក្តីស្លាប់គ្មានអំណាចលើទ្រង់ទៀត ១០ដ្បិតដែលទ្រង់សុគត នោះគឺបានសុគតខាងឯបាប១ដងជាសំរេច ហើយដែលទ្រង់មានព្រះជន្មរស់ នោះទ្រង់រស់ខាងឯព្រះវិញ ១១ដូច្នេះចូរអ្នករាល់គ្នារាប់ខ្លួនទុកជាស្លាប់ខាងឯបាបដែរ តែរស់ខាងឯព្រះវិញចុះ ដោយនូវព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។

១២ហេតុនេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នា ដែលតែងតែស្លាប់ ដើម្បីនឹងស្តាប់តាមសេចក្តីប៉ងប្រាថ្នារបស់បាបនោះឡើយ ១៣ក៏កុំឲ្យប្រគល់អវយវៈទាំងប៉ុន្មាន របស់អ្នករាល់គ្នាទៅក្នុងអំពើបាប ទុកដូចជាប្រដាប់ប្រដាទុច្ចរិតនោះឡើយ គឺត្រូវប្រគល់ខ្លួនទៅព្រះ ដូចជាបានរស់ពីស្លាប់នោះឡើងវិញ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះ ទុកដូចជាប្រដាប់ប្រដាសុចរិតផង ១៤ដ្បិតបាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រិត្យវិន័យ គឺនៅក្រោមព្រះគុណវិញ។ ១៥ដូច្នេះ ធ្វើដូចម្តេច តើគួរឲ្យយើងប្រព្រឹត្តអំពើបាប ដោយព្រោះនៅក្រោមព្រះគុណ មិននៅក្រោមក្រិត្យវិន័យឬអី ទេ មិនគួរឡើយ ១៦តើអ្នករាល់គ្នាមិនដឹងទេឬអី ថា អ្នករាល់គ្នាប្រគល់ខ្លួនទៅធ្វើជាបាវបំរើ នឹងស្តាប់តាមចៅហ្វាយណា នោះអ្នកជាបាវបំរើរបស់ចៅហ្វាយនោះឯង ដែលអ្នកស្តាប់តាម ទោះជារបស់ផងអំពើបាប ឲ្យបានសេចក្តីស្លាប់ ឬជារបស់ផងសេចក្តីស្តាប់បង្គាប់ ឲ្យបានសុចរិតក្តី ១៧ឯអ្នករាល់គ្នា ពីដើមជាបាវបំរើរបស់អំពើបាបមែន ប៉ុន្តែអរព្រះគុណដល់ព្រះអង្គ ឥឡូវនេះ បានស្តាប់ដោយស្ម័គ្រពីចិត្ត តាមក្បួននៃលទ្ធិ ដែលគេបានប្រគល់មកអ្នករាល់គ្នា ១៨ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបំរើនៃសេចក្តីសុចរិតវិញ ដោយទ្រង់បានប្រោសឲ្យរួចពីអំពើបាបហើយ ១៩ខ្ញុំនិយាយតាមបែបមនុស្សលោក ដោយព្រោះសេចក្តីកំសោយរបស់សាច់ឈាមនៃអ្នករាល់គ្នា ដ្បិតដូចជាកាលពីដើម អ្នករាល់គ្នាបានប្រគល់អវយវៈទាំងប៉ុន្មាន ទៅបំរើសេចក្តីស្មោកគ្រោក នឹងសេចក្តីទទឹងច្បាប់ កាន់តែច្រើនឡើងយ៉ាងណា ឥឡូវនេះ ចូរអ្នករាល់គ្នាប្រគល់អ់វយវៈទាំងអស់នោះ ទៅបំរើសេចក្តីសុចរិតវិញ ប្រយោជន៍ឲ្យបានបរិសុទ្ធយ៉ាងនោះដែរ ២០ពីព្រោះកាលពីដើម ដែលនៅជាបាវបំរើរបស់អំពើបាប នោះអ្នករាល់គ្នាមិននៅក្នុងអំណាចនៃសេចក្តីសុចរិតទេ ២១កាលណោះ តើអ្នករាល់គ្នាបានផលអ្វីខ្លះក្នុងអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ ដ្បិតទីបំផុតនៃអំពើទាំងនោះជាសេចក្តីស្លាប់ ២២តែឥឡូវនេះ ដែលព្រះបានប្រោសឲ្យរួចពីបាប ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបំរើដល់ទ្រង់ នោះអ្នករាល់គ្នាបានផលខាងឯសេចក្តីបរិសុទ្ធវិញ ហើយទីបំផុតនៃអំពើទាំងនោះ គឺជាជីវិតអស់កល្បជានិច្ចផង ២៣ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។



៧ ១ឱបងប្អូនអើយ តើអ្នករាល់គ្នាមិនដឹងទេឬអី ដ្បិតខ្ញុំនិយាយនឹងអ្នករាល់គ្នា ដែលស្គាល់ក្រិត្យវិន័យហើយ ថាក្រិត្យវិន័យមានអំណាចលើមនុស្ស ដរាបដល់អស់មួយជីវិត ២ពីព្រោះស្ត្រីណាដែលមានប្តីនៅរស់ នោះជាប់នឹងប្តីដោយសារក្រិត្យវិន័យ ប៉ុន្តែ បើកាលណាប្តីស្លាប់ទៅ នោះបានរួចពីច្បាប់របស់ប្តីហើយ ៣ដូច្នេះ កាលប្តីកំពុងរស់នៅឡើយ បើស្ត្រីនោះទៅយកប្តី១ទៀត នោះគេសន្មតិហៅថាជាស្រីកំផិត តែបើប្តីស្លាប់ទៅ នោះនាងបានរួចពីច្បាប់នោះហើយ បានជាទោះបើនាងយកប្តី១ទៀត ក៏មិនបានហៅថាជាស្រីកំផិតឡើយ ៤យ៉ាងដូច្នោះបងប្អូនអើយ អ្នករាល់គ្នាក៏បានស្លាប់ពីខាងឯក្រិត្យវិន័យដែរ ដោយសាររូបអង្គនៃព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានទៅជារបស់ផងអ្នកម្នាក់ទៀត ដែលបានរស់ពីស្លាប់ឡើងវិញ ប្រយោជន៍ឲ្យយើងបានបង្កើតផលថ្វាយព្រះ ៥ដ្បិតកាលយើងនៅខាងសាច់ឈាមនៅឡើយ នោះសេចក្តីរំជួលរបស់អំពើបាប ដែលកើតដោយនូវក្រិត្យវិន័យ បានបណ្តាលឲ្យអស់ទាំងអវយវៈ ក្នុងរូបកាយរបស់យើងរាល់គ្នា បង្កើតផលដល់សេចក្តីស្លាប់ ៦តែឥឡូវនេះ យើងបានរួចពីក្រិត្យវិន័យហើយ ដោយបានស្លាប់ក្នុងសេចក្តីដែលឃុំឃាំងយើងទុក ប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកែជាថ្មីវិញ មិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយ។

៧ដូច្នេះ យើងនឹងថាដូចម្តេច តើក្រិត្យវិន័យជាតួបាបឬអី ទេ មិនមែនឡើយ ខ្ញុំមិនបានទាំងស្គាល់បាបផង លើកតែដោយសារក្រិត្យវិន័យចេញ ដ្បិតបើសិនជាក្រិត្យវិន័យមិនបានថា “កុំឲ្យលោភ” នោះខ្ញុំឥតបានដឹងថា មានសេចក្តីលោភផងឡើយ ៨តែកាលអំពើបាបបានឱកាស ដោយសារបញ្ញត្ត នោះក៏បង្កើតគ្រប់ទាំងសេចក្តីលោភ នៅក្នុងខ្លួនខ្ញុំវិញ ដ្បិតក្រៅពីក្រិត្យវិន័យ អំពើបាបបានស្លាប់សូន្យ ៩តែពីដើម ក្រៅពីក្រិត្យវិន័យនោះ ខ្ញុំបានរស់នៅ លុះសេចក្តីបញ្ញត្តបានកើតមក នោះបាបក៏រស់ឡើង ឯខ្ញុំក៏ត្រូវស្លាប់វិញ ១០ហើយខ្ញុំឃើញថាបញ្ញត្តនោះ ដែលសំរាប់ឲ្យមានជីវិត នោះបានឲ្យខ្ញុំត្រូវស្លាប់វិញ ១១ដ្បិតដែលបាបបានឱកាស ដោយសារសេចក្តីបញ្ញត្តនោះក៏មកបញ្ឆោតខ្ញុំ ព្រមទាំងសំឡាប់ខ្ញុំផង ដោយសារបញ្ញត្តនោះឯង ១២ដូច្នេះ ក្រិត្យវិន័យជាបរិសុទ្ធទេ ហើយសេចក្តីបញ្ញត្តក៏បរិសុទ្ធ សុចរិត ល្អដែរ ១៣ចុះសេចក្តីល្អនេះ បានប្រែទៅជាឲ្យខ្ញុំស្លាប់ឬអី ទេ មិនមែនឡើយ គឺជាបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់ ដោយសារសេចក្តីល្អនោះ ដើម្បីឲ្យបាបបានសំដែងចេញមកថាជាបាបមែន ហើយឲ្យបាបបានត្រឡប់ទៅជាធ្ងន់ក្រៃលែង ដោយសារសេចក្តីបញ្ញត្តនោះផង ១៤ដ្បិតយើងដឹងថា ក្រិត្យវិន័យត្រូវខាងវិញ្ញាណ តែខ្ញុំនៅខាងសាច់ឈាមវិញ ដោយបានត្រូវលក់ទៅក្នុងអំណាចរបស់បាប ១៥ពីព្រោះខ្ញុំមិនដឹងការដែលខ្ញុំប្រព្រឹត្តទេ ដ្បិតខ្ញុំមិនធ្វើការដែលខ្ញុំចង់ធ្វើសោះ គឺតែងតែប្រព្រឹត្តការដែលខ្ញុំស្អប់វិញ ១៦បើសិនជាខ្ញុំតែងតែប្រព្រឹត្តការ ដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ព្រមថាក្រិត្យវិន័យល្អមែន ១៧ដូច្នេះ មិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ ១៨ដ្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំគ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែ រកធ្វើមិនកើតសោះ ១៩ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ ២០ដូច្នេះ បើខ្ញុំប្រព្រឹត្តការដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ ២១យ៉ាងនោះខ្ញុំឃើញច្បាប់១នេះថា ឯខ្ញុំ ដែលចង់ប្រព្រឹត្តតែសេចក្តីល្អ នោះចេះតែមានសេចក្តីអាក្រក់ជាប់នៅនឹងខ្ញុំជានិច្ច ២២ដ្បិតតាមប៉ែកខាងក្នុង ខ្ញុំត្រេកអរចំពោះក្រិត្យវិន័យរបស់ព្រះ ២៣តែខ្ញុំឃើញមានអំណាច១ទៀត ក្នុងអស់ទាំងអវយវៈរបស់រូបកាយខ្ញុំ ដែលច្បាំងនឹងអំណាចនៃគំនិតខ្ញុំ ទាំងចាប់នាំខ្ញុំទៅជាប់ក្រោមអំណាចអំពើបាប ដែលនៅក្នុងអវយវៈនៃខ្លួនខ្ញុំទាំងប៉ុន្មានផង ២៤វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន ២៥អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ។



៨ ១ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ ២ដ្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាប នឹងសេចក្តីស្លាប់ហើយ ៣ពីព្រោះ ឯការដែលក្រិត្យវិន័យធ្វើមិនកើត ដោយមានសេចក្តីកំសោយព្រោះសាច់ឈាម នោះព្រះទ្រង់បានធ្វើវិញ ដោយចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក មានរូបអង្គបែបដូចជាសាច់ឈាម ដែលតែងតែមានបាប ហើយដោយព្រោះអំពើបាប ក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាម ៤ដើម្បីឲ្យសេចក្តីដែលក្រិត្យវិន័យបង្គាប់មក បានសំរេចក្នុងខ្លួនយើងរាល់គ្នា ដែលមិនដើរតាមសាច់ឈាម គឺដើរតាមព្រះវិញ្ញាណវិញ ៥ពីព្រោះអស់អ្នកណាដែលតាមសាច់ឈាម នោះគិតតែខាងសាច់ឈាម តែអស់អ្នកណាដែលតាមព្រះវិញ្ញាណ នោះគិតតែខាងវិញ្ញាណវិញ ៦ដ្បិតគំនិតខាងសាច់ឈាម នោះជាសេចក្តីស្លាប់ទទេឯគំនិតនៃព្រះវិញ្ញាណ នោះទើបជាជីវិត នឹងសេចក្តីសុខសាន្តវិញ ៧ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រិត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង ៨ពួកអ្នកដែលនៅខាងសាច់ឈាម នោះពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ ៩តែបើសិនជាព្រះវិញ្ញាណនៃព្រះសណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងវិញ្ញាណវិញ ប៉ុន្តែ បើអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ផងទ្រង់ទេ ១០ហើយបើសិនជាព្រះគ្រីស្ទសណ្ឋិតក្នុងអ្នករាល់គ្នា នោះរូបសាច់បានស្លាប់ ដោយព្រោះអំពើបាបមែន តែវិញ្ញាណមានជីវិតវិញ ដោយព្រោះសេចក្តីសុចរិត ១១មួយទៀត បើព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះព្រះអង្គនោះឯង ដែលបានប្រោសឲ្យព្រះគ្រីស្ទរស់ពីស្លាប់ឡើង ទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ ឲ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតនៅក្នុងខ្លួនអ្នករាល់គ្នា។

១២ដូច្នេះ បងប្អូនអើយ យើងមានសេចក្តីជាប់ជំពាក់មិនមែនជំពាក់ចំពោះសាច់ឈាម ឲ្យបានរស់តាមសាច់ឈាមនោះទេ ១៣ដ្បិតបើសិនជាអ្នករាល់គ្នារស់តាមសាច់ឈាម នោះនឹងត្រូវស្លាប់ទៅ តែបើសំឡាប់អំពើរបស់រូបសាច់ចេញ ដោយសារព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងបានរស់វិញ ១៤ហើយអស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ ១៥អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ ១៦ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ ១៧បើសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឲ្យបានដំកើងឡើងជាមួយនឹងទ្រង់ដែរ។

១៨ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ ថា ជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសំដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ ១៩ដ្បិតសេចក្តីទន្ទឹងរបស់ជីវិតទាំងឡាយ នោះរង់ចាំតែពួកកូនរបស់ព្រះលេចមកឲ្យឃើញប៉ុណ្ណោះទេ ២០ពីព្រោះជីវិតទាំងឡាយបានត្រូវចុះចូលនឹងសេចក្តីឥតប្រយោជន៍ តែមិនមែនដោយស្ម័គ្រពីចិត្ត គឺដោយព្រោះព្រះអង្គ ដែលទ្រង់បញ្ចុះបញ្ចូលវិញ ដោយសង្ឃឹមថា ២១ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃសេចក្តីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ ២២ដ្បិតយើងដឹងថា ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា ដរាបដល់គ្រាឥឡូវនេះ ២៣មិនតែប៉ុណ្ណោះសោត ខ្លួនយើងរាល់គ្នាដែលមានផលជាដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរង់ចាំទំរាំការទទួលជាកូនចិញ្ចឹម គឺជាសេចក្តីប្រោសលោះដល់រូបកាយយើងផង ២៤ដ្បិតយើងបានសង្គ្រោះរួចដោយសេចក្តីសង្ឃឹម តែសេចក្តីសង្ឃឹមដែលមើលឃើញ នោះមិនឈ្មោះថាជាសេចក្តីសង្ឃឹមទេ ដ្បិតរបស់អ្វីដែលអ្នកណាមើលឃើញហើយ នោះនឹងសង្ឃឹមចង់បានធ្វើអ្វីទៀត ២៥តែបើយើងសង្ឃឹមនឹងបានអ្វី ដែលមើលមិនឃើញវិញ នោះយើងនឹងរង់ចាំនៅដោយអំណត់ ២៦ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្តីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ ២៧ប៉ុន្តែ ព្រះអង្គដែលស្ទង់ចិត្ត ទ្រង់ជ្រាបនូវគំនិតនៃព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណជួយអង្វរជួសពួកបរិសុទ្ធ ឲ្យត្រូវនឹងព្រះហឫទ័យព្រះ ២៨តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់ ២៩ដ្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុន នោះទ្រង់ក៏ដំរូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាបងច្បងគេក្នុងពួកបងប្អូនជាច្រើន ៣០ឯពួកអ្នកដែលទ្រង់បានដំរូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានដំកើងឡើងដែរ។

៣១ដូច្នេះ យើងនឹងថ្លែងប្រាប់ពីសេចក្តីទាំងនេះថាដូចម្តេច បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន ៣២ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទ្រង់ទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង ជាមួយនឹងព្រះរាជបុត្រាទ្រង់នោះផង ៣៣តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត ៣៤តើអ្នកណានឹងកាត់ទោសគេបាន ដ្បិតព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាង ទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ ៣៥តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន តើសេចក្តីទុក្ខលំបាក ឬសេចក្តីវេទនា សេចក្តីបៀតបៀន សេចក្តីអត់ឃ្លាន សេចក្តីអាក្រាត សេចក្តីអន្តរាយ ឬដាវឬអី ៣៦ដូចមានសេចក្តីចែងទុកមកថា «យើងខ្ញុំត្រូវគេសំឡាប់វាល់ព្រឹកវាល់ល្ងាចដោយយល់ដល់ទ្រង់» គេរាប់យើងទុកដូចជាចៀមដែលសំរាប់សំឡាប់ ៣៧ទេ គឺក្នុងសេចក្តីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង ៣៨ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ៣៩ទីមានកំពស់ ទីជំរៅឬ របស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅ បានឡើយ។



៩ ១ខ្ញុំនិយាយសេចក្តីពិត ដោយនូវព្រះគ្រីស្ទ ខ្ញុំមិនភូតកុហកទេ បញ្ញាចិត្តខ្ញុំក៏ធ្វើបន្ទាល់ជាមួយនឹងខ្ញុំ ដោយនូវព្រះវិញ្ញាណបរិសុទ្ធផង ថា ២ខ្ញុំមានសេចក្តីទុក្ខសោកជាខ្លាំង នឹងសេចក្តីព្រួយលំបាកក្នុងចិត្តជានិច្ច ៣ដ្បិតខ្ញុំស្ទើរតែនឹងសូមឲ្យព្រះគ្រីស្ទដាក់បណ្តាសាខ្ញុំវិញ ជំនួសបងប្អូនជាញាតិសន្តានរបស់ខ្ញុំ ខាងឯសាច់ឈាម ៤គឺជាសាសន៍អ៊ីស្រាអែល ដែលគេមានការចិញ្ចឹមជាកូនព្រះ នឹងសិរីល្អសេចក្តីសញ្ញា ការប្រទានក្រិត្យវិន័យ របៀបថ្វាយបង្គំ នឹងសេចក្តីសន្យាជារបស់ផងខ្លួន ព្រមទាំងពួកឰយុកោផង ៥ហើយព្រះគ្រីស្ទក៏បានកើតពីពួកគេ ខាងឯសាច់ឈាមដែរ ដែលទ្រង់ខ្ពស់លើសទាំងអស់ជាព្រះដ៏មានពរអស់កល្បជានិច្ច អាម៉ែន ៦ប៉ុន្តែ មិនមែនថាព្រះបន្ទូលទច់អាក់នោះទេ ដ្បិតមិនមែនអស់ អ្នកដែលកើតក្នុងសាសន៍អ៊ីស្រាអែល ជាសាសន៍អ៊ីស្រាអែលពិតនោះឡើយ ៧ក៏មិនមែនជាកូនលោកអ័ប្រាហាំទាំងអស់គ្នា ដោយព្រោះតែជាពូជលោកនោះដែរ តែមានសេចក្តីចែងទុកមកថា «ពូជឯងនឹងបានរាប់ពីអ៊ីសាកមក» ៨គឺថា មិនមែនកូនខាងសាច់ឈាម ដែលជាកូនរបស់ព្រះនោះទេ ឯកូនខាងឯសេចក្តីសន្យានោះទើបបានរាប់ជាពូជវិញ ៩ដ្បិតសេចក្តីសន្យានោះ គឺជាព្រះបន្ទូលនេះដែលថា «អញនឹងមកវិញតាមកំណត់នេះ នោះសារ៉ានឹងមានកូន» ១០មិនតែប៉ុណ្ណោះសោត រេបិកាក៏មានផ្ទៃពោះនឹងមនុស្សម្នាក់ដែរ គឺអ៊ីសាក ជាឰយុកោនៃយើងរាល់គ្នា ១១គ្រាដែលកូនមិនទាន់កើតមកនៅឡើយ ហើយមិនទាន់ធ្វើការល្អឬអាក្រក់អ្វី ១២នោះព្រះទ្រង់មានបន្ទូលប្រាប់នាងថា «កូនច្បងនឹងត្រូវបំរើប្អូន» ១៣ដូចមានសេចក្តីចែងទុកមកថា «អញបានស្រឡាញ់យ៉ាកុប តែស្អប់អេសាវវិញ» គឺដើម្បីឲ្យព្រះដំរិះរបស់ព្រះ ខាងឯសេចក្តីរើសតាំងបានជាប់នៅ មិនមែនដោយអាងការប្រព្រឹត្តទេគឺដោយអាងព្រះដែលទ្រង់ហៅវិញ។

១៤ដូច្នេះ យើងនឹងថាដូចម្តេច តើព្រះមានសេចក្តីទុច្ចរិតឬអីទេ គ្មានសោះ ១៥ដ្បិតទ្រង់មានបន្ទូលទៅលោកម៉ូសេថា «អញនឹងផ្សាយសេចក្តីមេត្តាករុណា ដល់អ្នកណាដែលអញមេត្តាករុណា ក៏នឹងមានសេចក្តីក្តួលអាណិត ដល់អ្នកណាដែលអញក្តួលអាណិត» ១៦ដូច្នេះ មិនសំរេចនឹងអ្នកណាដែលចង់បាន ឬនឹងអ្នកណាដែលខំរត់តាមនោះទេ គឺស្រេចនឹងព្រះ ដែលមានសេចក្តីមេត្តាករុណាវិញ ១៧ដ្បិតមានបទគម្ពីរសំដែងដល់ផារ៉ោនថា «អញបានតាំងឯងឡើងសំរាប់ការនេះឯង គឺដើម្បីសំដែងឫទ្ធិបារមីអញក្នុងខ្លួនឯង ប្រយោជន៍ឲ្យគេប្រកាសប្រាប់ពីឈ្មោះអញទួទៅពេញលើផែនដី» ១៨ដូច្នេះ ទ្រង់តែងផ្សាយមេត្តាករុណា ដល់អ្នកណាតាមព្រះហឫទ័យ ហើយទ្រង់ធ្វើឲ្យអ្នកណារឹងទទឹងក៏តាមតែព្រះហឫទ័យដែរ។

១៩ដូច្នេះ អ្នកនឹងសួរខ្ញុំថា ហេតុអ្វីបានជាទ្រង់នៅតែបន្ទោសទៀត ដ្បិតតើអ្នកណាបានទទឹងនឹងព្រះហឫទ័យទ្រង់ ២០ប៉ុន្តែ ឱមនុស្សអើយតើអ្នកជាអ្វី ដែលហ៊ានឆ្លើយទាស់នឹងព្រះដូច្នេះ តើរបស់ដែលជាងស្មូនបានសូនធ្វើហើយ នឹងនិយាយទៅជាងនោះថា ហេតុអ្វីបានជាសូនធ្វើអញដូច្នេះឬអី ២១តើជាងស្មូនគ្មានអំណាចលើដីឥដ្ឋ នឹងយកដុំដីដដែលធ្វើជាវត្ថុ១ សំរាប់ការដ៏ប្រសើរ ហើយ១ទៀតសំរាប់ការមិនប្រសើរទេឬអី ២២ចុះបើសិនជាព្រះទ្រង់ចង់សំដែងសេចក្តីក្រោធ ព្រមទាំងបើកឲ្យស្គាល់ព្រះចេស្តា ដល់គ្រឿងប្រដាប់គួរនឹងក្រោធ ដែលរៀបចំឡើងសំរាប់តែត្រូវបំផ្លាញដូច្នេះ ដែលទ្រង់ទ្រាំទ្រដោយអំណត់ជាយូរមកហើយ ២៣ហើយបើទ្រង់ចង់បើកឲ្យពួកគ្រឿងប្រដាប់ ដែលគួរនឹងសេចក្តីមេត្តាករុណា ដែលទ្រង់បានរៀបចំជាមុន បានស្គាល់សេចក្តីវិសេសនៃសិរីល្អដ៏បរិបូររបស់ទ្រង់វិញ ២៤គឺយើងរាល់គ្នាដែលទ្រង់បានហៅមក មិនមែនពីសាសន៍យូដាតែប៉ុណ្ណោះ គឺពីសាសន៍ដទៃផង នោះធ្វើដូចម្តេចទៅ ២៥ដូចមានសេចក្តីចែងទុកក្នុងគម្ពីរហូសេ សំដែងមកថា «អញនឹងហៅសាសន៍នោះ ដែលមិនមែនជារាស្ត្រអញ ថាជារាស្ត្រអញវិញ ហើយអ្នកនោះដែល មិនមែនជាស្ងួនភ្ងា ថាជាស្ងួនភ្ងាដែរ» ២៦ដូច្នេះ នៅកន្លែងដែលបានសំដែងថា «ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ» ត្រង់កន្លែងនោះឯងនឹងហៅគេថា ជាកូនរបស់ព្រះដ៏មានព្រះជន្មរស់នៅវិញ ២៧ឯហោរាអេសាយលោកក៏បន្លឺឡើង ពីដំណើរសាសន៍អ៊ីស្រាអែលថា «ទោះបើជនជាតិអ៊ីស្រាអែលមានចំនួនច្រើន ដូចខ្សាច់នៅមាត់សមុទ្រក៏ដោយ គង់តែនឹងបានសង្គ្រោះតែសំណល់ដែលសល់ទេ ២៨ដ្បិតការនោះកំពុងតែបង្ហើយ ហើយបង្រួមជាខ្លីដោយសេចក្តីសុចរិត ពីព្រោះព្រះអម្ចាស់ទ្រង់នឹងកាត់ការនោះយ៉ាងខ្លីនៅលើផែនដី» ២៩ដូចជាលោកអេសាយបានទាយទុកមកអំពីមុនថា «បើសិនណាជាព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មិនបានទុកពូជឲ្យយើង នោះយើងនឹងបានត្រឡប់ដូចជាក្រុងសូដុំម ហើយដូចជាក្រុងកូម៉ូរ៉ាដែរ»។

៣០ដូច្នេះ តើយើងនឹងថាដូចម្តេច គឺត្រូវថា សាសន៍ដទៃ ដែលមិនដេញតាមសេចក្តីសុចរិត នោះបានទាន់សេចក្តីសុចរិតនោះហើយ គឺជាសេចក្តីសុចរិត ដែលមកដោយសារសេចក្តីជំនឿ ៣១តែឯសាសន៍ អ៊ីស្រាអែលវិញ ដែលគេដេញតាមក្រិត្យវិន័យដ៏សុចរិត នោះគេមិនបានទាន់ក្រិត្យវិន័យដ៏សុចរិតទេ ៣២តើដោយហេតុអ្វី គឺដោយព្រោះតែគេរក ដោយអាងការគេប្រព្រឹត្ត មិនមែនដោយសេចក្តីជំនឿទេ ដ្បិតគេបានជំពប់នឹងថ្មជំពប់នោះ ៣៣ដូចមានសេចក្តីចែងទុកមកថា “មើលអញដាក់ថ្មជំពប់១ គឺជាថ្មដាបង្អាក់បង្អន់ចិត្ត នៅក្រុងស៊ីយ៉ូន អស់អ្នកណាដែលជឿដល់ថ្មនោះ នឹងគ្មានហេតុនាំឲ្យខ្មាសឡើយ”។



១០ ១បងប្អូនអើយ បំណងចិត្តខ្ញុំ នឹងសេចក្តីដែលខ្ញុំអង្វរដល់ព្រះ ឲ្យសាសន៍អ៊ីស្រាអែល នោះគឺឲ្យគេបានសង្គ្រោះ ២ដ្បិតខ្ញុំធ្វើបន្ទាល់ពីគេថា គេមានសេចក្តីឧស្សាហ៍ដល់ព្រះ ប៉ុន្តែ មិនមែនដោយប្រាជ្ញាទេ ៣ពីព្រោះគេមិនបានចុះចូល តាមសេចក្តីសុចរិតនៃព្រះ ដោយគេរកតាំងសេចក្តីសុចរិតរបស់ខ្លួនគេ ឥតស្គាល់សេចក្តីសុចរិតរបស់ទ្រង់ឡើយ ៤ដ្បិតព្រះគ្រីស្ទជាចុងបំផុតនៃក្រិត្យវិន័យ សំរាប់ជាសេចក្តីសុចរិតដល់អស់អ្នកណាដែលជឿ។

៥លោកម៉ូសេបានចែងពីសេចក្តីសុចរិត ដែលមកដោយសារក្រិត្យវិន័យថា «មនុស្សណាដែលបានប្រព្រឹត្តតាមសេចក្តីទាំងនោះ នឹងរស់នៅដោយសារការខ្លួនប្រព្រឹត្តនោះឯង» ៦តែសេចក្តីសុចរិតដែលមកដោយសេចក្តីជំនឿ នោះថាដូច្នេះវិញ គឺកុំឲ្យគិតក្នុងចិត្តថា «តើអ្នកណានឹងឡើងទៅឯស្ថានសួគ៌» គឺដើម្បីនឹងនាំព្រះគ្រីស្ទចុះមក ៧ឬ «តើអ្នកណានឹងចុះទៅក្នុងជង្ហុកធំ» គឺដើម្បីនឹងនាំព្រះគ្រីស្ទពីពួកស្លាប់ឡើងមកនោះឡើយ ៨តែសេចក្តីសុចរិតនោះ តើថាដូចម្តែច នោះថា «ព្រះបន្ទូលនៅជិតឯង ក៏នៅក្នុងមាត់ ហើយក្នុងចិត្តឯងផង» នោះគឺជាព្រះបន្ទូលនៃសេចក្តីជំនឿ ដែលយើងខ្ញុំកំពុងតែប្រកាសប្រាប់ថា ៩បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត ១០ដ្បិតយើងបានសុចរិត ដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់ ១១ពីព្រោះគម្ពីរថា “អស់អ្នកណាដែលជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ” ១២ហើយសាសន៍យូដា នឹងសាសន៍ក្រេកមិនខុសអំពីគ្នាឡើយ ដ្បិតព្រះអម្ចាស់ដដែលនៃគ្រប់គ្នា ទ្រង់មានជាបរិបូរ សំរាប់អស់អ្នកណា ដែលអំពាវនាវរកទ្រង់ ១៣ហើយគ្រប់គ្នា គឺអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ ១៤ដូច្នេះ បើគេមិនជឿ ធ្វើដូចម្តេចឲ្យគេអំពាវនាវដល់ព្រះបាន ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្តេចឲ្យគេជឿដល់ព្រះបាន ហើយធ្វើដូចម្តេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ ១៥មួយទៀត ធ្វើដូចម្តេចឲ្យមានអ្នកណាប្រាប់បាន លើកតែមានអ្នកណាចាត់ឲ្យគេទៅ ដូចជាមានសេចក្តីចែងទុកមកថា «ជើងនៃពួកអ្នក ដែលប្រកាសប្រាប់ដំណឹងល្អ ពីសេចក្តីសុខសាន្ត ហើយថ្លែងប្រាប់ពីសេចក្តីដែលបណ្តាលឲ្យរីករាយចិត្ត នោះល្អប្រពៃយ៉ាងណាហ្ន»។

១៦ប៉ុន្តែ គេមិនបានស្តាប់តាមដំណឹងល្អទាំងអស់គ្នាទេ ដ្បិតលោកអេសាយមានប្រសាសន៍ថា «ឱព្រះអម្ចាស់អើយ តើមានអ្នកណាខ្លះ បានជឿសេចក្តី ដែលយើងខ្ញុំប្រាប់» ១៧ដូច្នេះ សេចក្តីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ ១៨តែខ្ញុំសួរថាតើគេមិនបានឮទេឬអី បានឮមែន «សំឡេងនោះបានចេញទៅដល់គ្រប់លើផែនដី ហើយពាក្យនោះបានឮទៅដល់ចុងលោកីយបំផុត» ១៩ប៉ុន្តែ ខ្ញុំសួរទៀតថា តើសាសន៍អ៊ីស្រាអែលមិនបានដឹងទេឬអី លោកម៉ូសេមានប្រសាសន៍ជាមុនថា «អញនឹងបណ្តាលឲ្យឯងរាល់គ្នាមានចិត្តច្រណែន ដោយសារពួកមនុស្ស ដែលមិនមែនជាសាសន៍ណាទេ ហើយនាំឲ្យឯងខឹង ដោយសារសាសន៍១ដែលឥតប្រាជ្ញា» ២០លោកអេសាយក៏មានចិត្តក្លាហានណាស់ នឹងមានប្រសាសន៍ថា «ពួកអ្នកដែលមិនស្វែងរកអញ នោះបានឃើញអញហើយ អញបានសំដែងមកច្បាស់ឲ្យពួកអ្នក ដែលមិនសួររកអញបានឃើញ» ២១ក៏មានប្រសាសន៍ពីដំណើរសាសន៍អ៊ីស្រាអែលថា «អញបានលូកដៃអញវាល់ព្រឹកវាល់ល្ងាច ទៅឯសាសន៍១ដែលមិនស្តាប់បង្គាប់ ហើយចេះតែនិយាយទាស់ទទឹង»។



១១ ១ដូច្នេះ ខ្ញុំសួរថា តើព្រះបានបោះបង់ចោលរាស្ត្រទ្រង់ឬអី ទេ មិនមែនទេ ដ្បិតខ្លួនខ្ញុំជាសាសន៍អ៊ីស្រាអែលដែរ គឺជាពូជលោកអ័ប្រាហាំ កើតក្នុងពូជអំបូរបេនយ៉ាមីន ២ព្រះទ្រង់មិនបានបោះបង់ចោលរាស្ត្រទ្រង់ ដែលទ្រង់ស្គាល់ជាមុននោះទេ តើអ្នករាល់គ្នាមិនដឹងរឿងពីលោកអេលីយ៉ា ដែលគម្ពីរថាដូចម្តេចទេឬអី គឺដែលលោកអង្វរដល់ព្រះ ទាស់នឹងសាសន៍អ៊ីស្រាអែលថា ៣«ឱព្រះអម្ចាស់អើយគេបានសំឡាប់ពួកហោរាទ្រង់ ហើយរំលំអាសនាទាំងប៉ុន្មានរបស់ទ្រង់ មានសល់តែទូលបង្គំ១ ហើយគេរកសំឡាប់ទូលបង្គំទៀត» ៤ប៉ុន្តែ ព្រះទ្រង់ឆ្លើយនឹងលោកយ៉ាងដូចម្តេច គឺឆ្លើយថា «អញបានទុកមនុស្ស៧ពាន់នាក់សំរាប់អញ ដែលមិនបានលុតជង្គង់នៅមុខព្រះបាលសោះ» ៥ដូច្នេះ សព្វថ្ងៃនេះ ក៏មានសំណល់សល់ ដែលទ្រង់បានរើសតាំង ដោយព្រះគុណដែរ ៦ហើយបើសិនជាដោយសារព្រះគុណពិត នោះមិនមែនដោយអាងការប្រព្រឹត្តទៀតទេ ពុំនោះ ព្រះគុណមិនមែនជាព្រះគុណទៀត តែបើដោយអាងការប្រព្រឹត្តមែន នោះមិនមែនដោយព្រះគុណទៀត ពុំនោះ ការប្រព្រឹត្ត មិនមែនជាការប្រព្រឹត្តទៀតទេ ៧ដូច្នេះតើដូចម្តេច គឺថា សេចក្តីដែលសាសន៍អ៊ីស្រាអែលស្វែងរក នោះគេរកមិនបានទេ តែពួករើសតាំងរកបានសេចក្តីនោះវិញ ហើយពួកអ្នកឯទៀតត្រូវមានចិត្តរឹងរូស ៨ដូចមានសេចក្តីចែងទុកមកថា «ព្រះទ្រង់បានប្រទានឲ្យគេមានវិញ្ញាណរលីវ ភ្នែកដែលមើលមិនឃើញ នឹងត្រចៀកដែលស្តាប់មិនឮ ដរាបមកដល់សព្វថ្ងៃនេះ» ៩ហ្លួងដាវីឌក៏មានបន្ទូលថា «ឲ្យតុគេត្រឡប់ទៅជាអង្គប់ ហើយជាអន្ទាក់ដល់គេចុះ គឺជាហេតុឲ្យវិនាស រវាតចិត្ត ហើយជាសំណងដល់គេដែរ ១០ឲ្យភ្នែកគេត្រូវងងឹត មិនឲ្យឃើញឡើយ ហើយឲ្យខ្នងគេត្រូវបង្កោងជានិច្ចផង»។

១១ដូច្នេះ ខ្ញុំសួរថាតើគេបានជំពប់ ឲ្យគ្រាន់តែដួលប៉ុណ្ណោះឬអី ទេ មិនមែនឡើយ គឺដោយសារការដួលរបស់គេ បានជាមានសេចក្តីសង្គ្រោះ ផ្សាយទៅដល់ពួកសាសន៍ដទៃវិញ ដើម្បីបណ្តាលឲ្យគេច្រណែន ១២ដូច្នេះ បើការដួលរបស់គេ ជាសេចក្តីចំរើនដល់លោកីយ ហើយសេចក្តីខ្វះមិនពេញខ្នាតរបស់គេ ជាសេចក្តីចំរើនដល់ពួកសាសន៍ដទៃវិញ នោះតើសេចក្តីពេញខ្នាតរបស់គេ នឹងបានលើសជាងយ៉ាងណាទៅ ១៣ខ្ញុំនិយាយនឹងអ្នករាល់គ្នាដែលជាសាសន៍ដទៃ ហើយពីព្រោះខ្ញុំជាសាវកដល់សាសន៍ដទៃ បានជាខ្ញុំដំកើងដល់ការងារខ្ញុំ ១៤ដើម្បីនឹងបណ្តាលសាច់ញាតិខ្ញុំ ឲ្យមានសេចក្តីច្រណែន ហើយនឹងជួយសង្គ្រោះអ្នកខ្លះក្នុងពួកគេ បើសិនជាបាន ១៥ដ្បិតបើសិនជាការបោះបង់ចោលគេនោះ ជាសេចក្តីមេត្រីដល់លោកីយដូច្នេះ នោះតើការទទួលគេនឹងបានជាអ្វី បើមិនមែនជាជីវិតរស់ពីស្លាប់ឡើងវិញ។

១៦បើម្សៅ១ក្តាប់មុនដំបូងជាបរិសុទ្ធ នោះដុំទាំងមូលក៏បរិសុទ្ធ ហើយបើឫសបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ ១៧ប៉ុន្តែ បើមែកខ្លះត្រូវកាច់ចេញ ហើយអ្នកឯងដែលជាដើមអូលីវព្រៃ បានត្រូវបំបៅកណ្តាលមែកទាំងនោះ ទាំងត្រឡប់ទៅជាស្រូបជាតិឫសនៃដើមអូលីវស្រុក ជាមួយនឹងមែកឯទៀត ១៨នោះកុំឲ្យអួតនឹងមែកទាំងនោះឡើយ តែបើអ្នកអួតនឹងគេ នោះត្រូវដឹងថា មិនមែនអ្នកដែលចិញ្ចឹមឫសទេ គឺឫសទេតើ ដែលចិញ្ចឹមអ្នកវិញ ១៩ដូច្នេះ អ្នកនឹងប្រកែកថា មែកទាំងនោះត្រូវកាច់ចេញដើម្បីនឹងបំបៅខ្ញុំវិញ ២០ត្រូវហើយ គេត្រូវកាច់ចេញ ដោយព្រោះមិនជឿ ហើយដែលអ្នកជាប់នៅ គឺដោយសារសេចក្តីជំនឿ ដូច្នេះ កុំឲ្យឆ្មើងឆ្មៃឡើយ ចូរភ័យខ្លាចវិញ ២១ពីព្រោះ បើព្រះទ្រង់មិនបានសំចៃទុកនូវមែកកំណើត នោះក្រែងមិនសំចៃទុកអ្នកដែរ ២២ដូច្នេះ ចូរមើលសេចក្តីសប្បុរស នឹងសេចក្តីប្រិតប្រៀបនៃព្រះ គឺទ្រង់ប្រិតនឹងពួកអ្នកដែលដួលតែសប្បុរសនឹងអ្នកវិញ បើអ្នកនៅជាប់នឹងសេចក្តីសប្បុរសនោះ ពុំនោះអ្នកនឹងត្រូវកាត់ចេញដែរ ២៣ហើយមែកកំណើតទាំងនោះដែរ បើគេលះសេចក្តីមិនជឿចោលចេញ នោះនឹងបំបៅគេវិញ ដ្បិតព្រះទ្រង់អាចនឹងភ្ជាប់ជាតិវិញបាន ២៤ពីព្រោះ បើសិនជាអ្នកត្រូវកាត់ចេញពីដើមអូលីវព្រៃពីកំណើត ហើយបានបំបៅជាប់នឹងដើមអូលីវស្រុកខុសពីធម្មតា នោះតើមែកកំណើតទាំងនោះ នឹងបានបំបៅជាប់នឹងគល់កំណើតរបស់វា លើសជាងអម្បាលម៉ានទៅទៀត។

២៥បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ខាងឯសេចក្តីអាថ៌កំបាំងនេះទេ ក្រែងអ្នករាល់គ្នាទុកចិត្តថាខ្លួនមានប្រាជ្ញា គឺចង់ឲ្យដឹងថា សាសន៍អ៊ីស្រាអែលកើតមានសេចក្តីរឹងរបឹងប៉ុន្មានភាគនេះទៅហើយ ទាល់តែសាសន៍ដទៃទាំងប៉ុន្មានបានចូលជឿគ្រប់ចំនួន ២៦នោះសាសន៍អ៊ីស្រាអែលទាំងអស់គ្នា នឹងបានសង្គ្រោះជាក្រោយ ដូចជាមានសេចក្តីចែងទុកមកថា «មានព្រះដ៏ប្រោសឲ្យរួច ទ្រង់នឹងចេញពីស៊ីយ៉ូនមក ទ្រង់នឹងបង្វែរសេចក្តីទមិលល្មើសពីយ៉ាកុបទៅ ២៧នោះហើយជាសេចក្តីសញ្ញាដែលអញតាំងនឹងគេ ក្នុងកាលដែលអញបានដោះបាបគេចេញហើយ» ២៨ខាងឯដំណឹងល្អ គេជាខ្មាំងសត្រូវ ដើម្បីប្រយោជន៍ដល់អ្នករាល់គ្នា តែត្រង់សេចក្តីរើសតាំង នោះគេជាស្ងួនភ្ងាវិញ ដោយព្រោះពួកឰយុកោ ២៩ដ្បិតព្រះទ្រង់មិនដែលស្តាយអំណោយទានទ្រង់ ឬការដែលទ្រង់ហៅមនុស្សណានោះឡើយ ៣០ពីព្រោះដូចជាកាលពីដើមអ្នករាល់គ្នាមិនបានស្តាប់បង្គាប់ព្រះ តែឥឡូវនេះ ទ្រង់បានផ្តល់សេចក្តីមេត្តាករុណា ដល់អ្នករាល់គ្នា ដោយព្រោះពួកនោះមិនស្តាប់បង្គាប់វិញ ៣១ដូច្នេះ ដែលគេមិនស្តាប់បង្គាប់នៅជាន់នេះ នោះគឺដើម្បីឲ្យគេបានទទួលសេចក្តីមេត្តាករុណា ដោយសារសេចក្តីមេត្តាករុណា ដែលទ្រង់បានផ្តល់មកអ្នករាល់គ្នាដូច្នោះដែរ ៣២ដ្បិតព្រះទ្រង់បានបង្ខាំងទាំងអស់គ្នាទុកក្នុងសេចក្តីមិនស្តាប់បង្គាប់ ដើម្បីឲ្យបានសំដែងនូវសេចក្តីមេត្តាករុណាដល់គ្រប់គ្នា ៣៣អើហ្ន៎ប្រាជ្ញា នឹងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ ឯព្រះដំរិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន ហើយផ្លូវទ្រង់តើមានអ្នកណានឹងរកតាមបាន ៣៤តើអ្នកណាបានស្គាល់គំនិតនៃព្រះអម្ចាស់ ឬធ្វើជាអ្នកជួយគំនិតទ្រង់បាន ៣៥តើអ្នកណាបានថ្វាយដល់ទ្រង់ជាមុន នោះនឹងបានប្រគល់មកអ្នកនោះវិញ ៣៦ដ្បិតរបស់សព្វសារពើបានកើតមកពីទ្រង់ ដោយសារទ្រង់ ហើយសំរាប់ទ្រង់ សូមឲ្យទ្រង់បានសិរីល្អនៅអស់កល្បជានិច្ចអាម៉ែន។



១២ ១ដូច្នេះ បងប្អូនអើយខ្ញុំទូន្មានអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណានៃព្រះ ឲ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នា ដែលមានទំនង ២កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង ៣ដ្បិតខ្ញុំនិយាយនឹងមនុស្សទាំងអស់ក្នុងពួកអ្នករាល់គ្នា ដោយព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំថា ចូរគិតបែបឲ្យមានគំនិតនឹងធឹង តាមខ្នាតនៃសេចក្តីជំនឿ ដែលព្រះបានចែកមកអ្នករាល់គ្នានិមួយៗកុំឲ្យមានគំនិតខ្ពស់ លើសជាងគំនិត ដែលគួរគប្បីឲ្យគិតនោះឡើយ ៤ដ្បិត ដែលយើងរាល់គ្នាមានអវយវៈជាច្រើនរួមគ្នាជារូបកាយតែមួយ តែអវយវៈទាំងនោះមានការងារផ្សេងៗពីគ្នាជាយ៉ាងណា ៥នោះយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែមួយក្នុងព្រះគ្រីស្ទ ហើយជាអវយវៈដល់គ្នា នឹងគ្នាបែបយ៉ាងនោះដែរ ៦ដូច្នេះ ដែលមានអំណោយទានផ្សេងពីគ្នា តាមព្រះគុណដែលផ្តល់មកយើង ទោះបើជាសេចក្តីទំនាយ នោះក៏ត្រូវទាយតាមខ្នាតនៃសេចក្តីជំនឿ ៧ឬបើជាការបំរើ នោះចូរបំរើចុះ ឬជាការបង្រៀន ចូរបង្រៀនទៅ ៨ឬជាការទូន្មាន ចូរទូន្មានទៅ ឬជាការចែកទាន ចូរចែកដោយចិត្តស្មោះ ឬជាការនាំមុខ ចូរធ្វើដោយឧស្សាហ៍ ឬការមេត្តាករុណា ក៏ចូរធ្វើដោយរីករាយចុះ។

៩ចូរឲ្យមានសេចក្តីស្រឡាញ់ឥតពុតមាយា ទាំងខ្ពើមសេចក្តីអាក្រក់ ហើយកាន់ខ្ជាប់ខាងសេចក្តីល្អវិញ ១០ខាងឯសេចក្តីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ ខាងឯសេចក្តីរាប់អាន នោះឲ្យខំរាប់អានគេជាមុន ១១ខាងឯសេចក្តីឧស្សាហ៍ នោះកុំឲ្យខ្ជិលឡើយ ខាងឯវិញ្ញាណ នោះក៏ចូរព្យាយាមចុះ ដោយខំប្រឹងបំរើព្រះអម្ចាស់ ១២ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធន់ក្នុងសេចក្តីទុក្ខលំបាក ចូរឲ្យខ្ជាប់ខ្ជួនក្នុងសេចក្តីអធិស្ឋាន ១៣ខាងសេចក្តីខ្វះខាតរបស់ពួកបរិសុទ្ធ នោះក៏ចូរផ្គត់ផ្គង់ឲ្យ ទាំងខំប្រឹងឲ្យមានសេចក្តីចៅរ៉ៅផងចុះ ១៤ចូរសូមពរឲ្យដល់អ្នកណាដែលបៀតបៀនអ្នក ចូរសូមពរចុះ កុំឲ្យប្រទេចផ្តាសាឡើយ ១៥ចូរអរសប្បាយ ជាមួយនឹងអ្នកណាដែលអរសប្បាយ ហើយយំជាមួយនឹងអ្នកណាដែលយំផង ១៦ចូរឲ្យមានគំនិតព្រមព្រៀងគ្នាទៅវិញទៅមក កុំឲ្យមានគំនិតឆ្មើងឆ្មៃសោះឡើយ គឺត្រូវភប់ប្រសព្វនឹងមនុស្សរាបសាវិញ កុំឲ្យទុកចិត្តនឹងខ្លួន ថាមានប្រាជ្ញាឲ្យសោះ។

១៧កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ ត្រូវតែខំសំដែងកិរិយាល្អ នៅចំពោះមុខមនុស្សទាំងអស់វិញ ១៨ខាងឯពួកអ្នករាល់គ្នា នោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន ១៩ឱពួកស្ងួនភ្ងាអើយ កុំឲ្យសងសឹកឡើយ ចូរថយចេញពីសេចក្តីកំហឹងទៅ ដ្បិតមានសេចក្តីចែងទុកមកថា «ព្រះអម្ចាស់ទ្រង់មានបន្ទូលថាការសងសឹក នោះស្រេចនឹងអញ អញនឹងសងដល់គេ» ២០ដូច្នេះ បើសិនណាជាខ្មាំងសត្រូវអ្នកឃ្លាន នោះចូរឲ្យគេបរិភោគចុះ បើគេស្រេក ចូរឲ្យផឹកទៅ បើប្រព្រឹត្តដូច្នោះ នោះដូចជាអ្នកបានប្រមូលរងើកភ្លើងដាក់លើក្បាលគេវិញ ២១កុំឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្តីអាក្រក់ដោយសារសេចក្តីល្អវិញ។



១៣ ១ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ ដ្បិតគ្មានអំណាចណាទេលើកតែមកពីព្រះ គឺព្រះទ្រង់បានតាំងពួកលោកទាំងនោះឲ្យមានអំណាច ២បានជាអ្នកណាដែលតាំងខ្លួនទាស់នឹងអំណាចនោះ ក៏ទាស់ទទឹងនឹងបញ្ញត្តនៃព្រះដែរ ហើយអស់អ្នកដែលទាស់ទទឹង នោះនឹងត្រូវទោសជាមិនខាន ៣ដ្បិតពួកនាម៉ឺនមិនមែនជាសេចក្តីស្ញែងខ្លាចដល់ការល្អទេ គឺដល់ការអាក្រក់វិញ តើអ្នកចង់រួចពីសេចក្តីស្ញែងខ្លាចចំពោះអំណាចនោះឬទេ បើដូច្នេះ ចូរប្រព្រឹត្តល្អចុះ នោះលោកនឹងពោលសរសើរដល់អ្នកហើយ ៤ដ្បិតលោកជាអ្នកបំរើរបស់ព្រះសំរាប់សេចក្តីល្អដល់អ្នក ប៉ុន្តែ បើអ្នកប្រព្រឹត្តអាក្រក់ នោះត្រូវខ្លាចវិញ ដ្បិតលោកមិនមែនស្ពាយដាវជាឥតអំពើទេ ពីព្រោះជាអ្នកបំរើរបស់ព្រះ គឺជាអ្នកសំរាប់សងសឹក ដើម្បីនឹងនាំសេចក្តីក្រោធរបស់ព្រះ មកលើអ្នកណាដែលប្រព្រឹត្តអាក្រក់ ៥ដូច្នេះ ត្រូវឲ្យចុះចូល មិនមែនដោយព្រោះតែសេចក្តីក្រោធប៉ុណ្ណោះ គឺដោយព្រោះបញ្ញាចិត្តផង ៦ដោយហេតុនោះបានជាអ្នករាល់គ្នាត្រូវបង់ពន្ធដែរ ពីព្រោះលោកទាំងនោះជាភ្នាក់ងាររបស់ព្រះ សំរាប់នឹងត្រួតត្រាការនោះឯងជានិច្ច ៧ដូច្នេះ ចូរសងដល់លោកទាំងនោះ តាមដែលអ្នកជំពាក់ចុះ គឺឲ្យបង់ពន្ធខ្លួន ដល់លោកណាដែលត្រូវទទួល បង់ពន្ធគយដល់លោកណាដែលទទួលខាងពន្ធគយ ត្រូវមានសេចក្តីកោតខ្លាច ចំពោះលោកណាដែលគួរកោតខ្លាច ហើយត្រូវគោរពប្រតិបត្តិដល់លោកណា ដែលគួរគោរពដែរ។

៨កុំឲ្យជំពាក់អ្វីដល់អ្នកណាឡើយ ជំពាក់បានតែសេចក្តីស្រឡាញ់ ដល់គ្នាទៅវិញទៅមកប៉ុណ្ណោះ ដ្បិតអ្នកដែលស្រឡាញ់ដល់គេ នោះបានធ្វើសំរេចតាមក្រិត្យវិន័យហើយ ៩ពីព្រោះបទដែលថា «កុំឲ្យផិតឲ្យសោះ កុំឲ្យសំឡាប់មនុស្សឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យលោភឲ្យសោះ» ហើយបើមានបញ្ញត្តណាទៀត នោះក៏រួមគ្នាមកក្នុងពាក្យ១ម៉ាត់នេះឯង ដែលថា «ចូរស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» ១០សេចក្តីស្រឡាញ់មិនដែលធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្តីស្រឡាញ់ជាកិច្ចសំរេចតាមក្រិត្យវិន័យហើយ។ ១១ត្រូវប្រព្រឹត្តដូច្នោះ ដោយដឹងពេលវេលាថា ដល់ម៉ោងនឹងភ្ញាក់ពីដេកហើយ ដ្បិតឥឡូវនេះសេចក្តីសង្គ្រោះបានមកជិតបង្កើយ ជាជាងកាលយើងទើបនឹងជឿនោះ ១២យប់យូរណាស់ហើយ ថ្ងៃក៏ជិតរះ ដូច្នេះ យើងត្រូវដោះចោលអស់ទាំងការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ ១៣ត្រូវឲ្យយើងដើរតាមដែលគួរគប្បី ដូចជាដើរនៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក នឹងឈ្នានីសនោះឡើយ ១៤គឺត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ។



១៤ ១ចូរទទួលអ្នកណា ដែលខ្សោយខាងឯសេចក្តីជំនឿដែរ មិនមែនឲ្យបានជជែកគ្នាពីសេចក្តីប្រកាន់ផ្សេងៗឡើយ ២ដ្បិតម្នាក់ជឿថា បរិភោគបានគ្រប់មុខទាំងអស់ ម្នាក់ទៀត ដែលខ្សោយ បរិភោគតែបន្លែទេ ៣កុំឲ្យអ្នកដែលបរិភោគ មើលងាយដល់អ្នកដែលមិនបរិភោគឡើយ ក៏កុំឲ្យអ្នកដែលមិនបរិភោគ និន្ទាចំពោះអ្នកដែលបរិភោគដែរ ដ្បិតព្រះទ្រង់ទទួលអ្នកនោះដូចគ្នា ៤តើអ្នកជាអ្វីដែលនិន្ទាបាវបំរើរបស់គេ អ្នកនោះឈរឬដួលក្តី នោះស្រេចនឹងចៅហ្វាយទេតើ ហើយគេនឹងបានឈរមែន ដ្បិតព្រះទ្រង់អាចនឹងតាំងឲ្យឈរបាន ៥ម្នាក់រាប់ថា ថ្ងៃ១ល្អជាងថ្ងៃ១ ម្នាក់ទៀតរាប់ថា ថ្ងៃណាក៏ដូចជាថ្ងៃណា ត្រូវឲ្យគ្រប់គ្នាជឿពិតប្រាកដក្នុងចិត្តខ្លួន ៦អ្នកណាដែលប្រកាន់ថ្ងៃណា នោះក៏ប្រកាន់ដោយគោរពដល់ព្រះអម្ចាស់ ហើយអ្នកណាដែលមិនប្រកាន់ថ្ងៃណា នោះក៏មិនប្រកាន់ ដោយគោរពដល់ព្រះអម្ចាស់ដែរ អ្នកណាដែលបរិភោគ នោះបរិភោគ ដោយគោរពដល់ព្រះអម្ចាស់ ដ្បិតគេអរព្រះគុណដល់ព្រះ ហើយអ្នកណាដែលមិនបរិភោគ នោះគឺមិនបរិភោគ ដោយគោរពដល់ព្រះអម្ចាស់ដែរ ក៏អរព្រះគុណដល់ព្រះដូចគ្នា។

៧ដ្បិតគ្មានអ្នកណាក្នុងពួកមនុស្សយើង ដែលរស់សំរាប់ខ្លួនឯងទេ ក៏គ្មានអ្នកណាស្លាប់សំរាប់ខ្លួនឯងដែរ ៨ទោះបើយើងរស់ឬស្លាប់ក្តី គង់តែយើងត្រូវរស់ ឬស្លាប់ថ្វាយព្រះអម្ចាស់វិញ ដូច្នេះ បើរស់ឬស្លាប់ក្តី នោះយើងក៏ជារបស់ផងព្រះអម្ចាស់ដែរ ៩ដ្បិតដោយហេតុនោះឯង បានជាព្រះគ្រីស្ទទ្រង់សុគត ហើយមានព្រះជន្មរស់ឡើងវិញ គឺដើម្បីនឹងធ្វើជាម្ចាស់ លើទាំងមនុស្សស្លាប់ នឹងមនុស្សរស់ផង ១០ដូច្នេះ ហេតុអ្វីបានជាអ្នកនិន្ទាចំពោះបងប្អូនខ្លួន ឬមើលងាយដល់បងប្អូនខ្លួន ពីព្រោះយើងទាំងអស់គ្នានឹងត្រូវឈរនៅមុខទីជំនុំជំរះរបស់ផងព្រះគ្រីស្ទ ១១ដ្បិតមានសេចក្តីចែងទុកមកថា «ព្រះអម្ចាស់ទ្រង់ស្បថដោយព្រះជន្មទ្រង់ថា ត្រូវឲ្យគ្រប់ទាំងជង្គង់លុតចុះនៅមុខអញ ហើយគ្រប់ទាំងអណ្តាតត្រូវសរសើរដល់ព្រះផង» ១២ដូច្នេះ យើងទាំងអស់គ្នានឹងត្រូវរាប់រៀបទូលថ្វាយព្រះ ពីដំណើររបស់ខ្លួនយើងជាមិនខាន។

១៣ហេតុនោះ កុំបីឲ្យយើងរាល់គ្នានិន្ទាគ្នាទៅវិញទៅមកទៀតឡើយ ស៊ូឲ្យយើងគិតសំរេចក្នុងចិត្តដូច្នេះវិញថា យើងមិនធ្វើក្បួនឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តចេញឡើយ ១៤ខ្ញុំដឹង ហើយក៏ជឿពិត ដោយនូវព្រះអម្ចាស់យេស៊ូវថា គ្មានអ្វីស្មោកគ្រោកដោយខ្លួនឯងទេ គឺស្មោកគ្រោកដល់តែអ្នកណា ដែលជឿថារបស់នោះស្មោកគ្រោកប៉ុណ្ណោះ ១៥ប៉ុន្តែ បើអ្នកធ្វេឲ្វីប្យងប្អូនអ្នកព្រួយចិត្ត ដោយព្រោះម្ហូបចំណីអ្វី នោះអ្នកប្រព្រឹត្តមិនមែនដោយស្រឡាញ់ទៀតទេ កុំធ្វើឲ្យអ្នកណា ដែលព្រះគ្រីស្ទបានសុគតជំនួស ត្រូវវិនាសដោយសារម្ហូបរបស់អ្នកឡើយ ១៦ក៏កុំឲ្យគេមានឱកាសនឹងនិយាយអាក្រក់ ពីការល្អរបស់អ្នកដែរ ១៧ដ្បិតនគរព្រះមិនសំរេចនឹងការស៊ី ឬផឹកនោះទេ គឺស្រេចនឹងសេចក្តីសុចរិត សេចក្តីមេត្រី នឹងសេចក្តីអំណរ ដោយនូវព្រះវិញ្ញាណបរិសុទ្ធវិញទេតើ ១៨ពីព្រោះអ្នកណាដែលបំរើព្រះគ្រីស្ទ ដោយសារសេចក្តីទាំងនោះ អ្នកនោះជាទីគាប់ព្រះហឫទ័យដល់ព្រះហើយ ព្រមទាំងមានមនុស្សរាប់អានដល់ខ្លួនដែរ ១៩ហេតុដូច្នេះ ត្រូវឲ្យយើងដេញតាមអស់ទាំងសេចក្តី ដែលនាំឲ្យមេត្រីគ្នា នឹងសេចក្តីទាំងប៉ុន្មានដែលជួយស្អាងចិត្តគ្នាទៅវិញទៅមកវិញ ២០កុំឲ្យបំផ្លាញការព្រះ ដោយព្រោះតែម្ហូបណានោះឡើយ គ្រប់របស់ទាំងអស់ឈ្មោះថាស្អាតមែន តែរមែងជាអាក្រក់ដល់អ្នកណាដែលបរិភោគដោយប្រទាំងវិញ ២១គួរតែកុំឲ្យបរិភោគសាច់ ឬស្រាទំពាំងបាយជូរ ឬអ្វីដែលនាំឲ្យបងប្អូនអ្នកជំពប់ ឬរវាតចិត្ត ឬធ្វើឲ្យខ្សោយនោះឡើយ ២២អ្នកឯងមានសេចក្តីជំនឿយ៉ាងណា ចូរជឿយ៉ាងនោះតែម្នាក់ឯងនៅចំពោះព្រះចុះ មានពរហើយ អ្នកណាដែលមិនកាត់ទោសខ្លួនឯង ក្នុងការដែលខ្លួនរាប់ថាធ្វើបាន ២៣តែបើអ្នកណាបរិភោគទាំងសង្ស័យ នោះមានទោសហើយ ពីព្រោះមិនបានបរិភោគដោយសេចក្តីជំនឿ ដ្បិតការទាំងប៉ុន្មានដែលធ្វើដោយឥតមានសេចក្តីជំនឿ នោះសុទ្ធតែជាបាបទាំងអស់ហើយ។



១៥ ១គួរតែឲ្យយើងរាល់គ្នា ដែលមានកំឡាំង បានទ្រាំទ្រនឹង សេចក្តីកំសោយ របស់ពួកអ្នកដែលគ្មានកំឡាំងវិញ ឥតបំពេញចិត្តខ្លួនយើងឡើយ ២ត្រូវឲ្យយើងទាំងអស់គ្នាបំពេញចិត្តអ្នកជិតខាងខ្លួន សំរាប់ជាសេចក្តីល្អ ឲ្យបានស្អាងចិត្តឡើង ៣ដ្បិតព្រះគ្រីស្ទ ទ្រង់មិនបានបំពេញព្រះហឫទ័យទ្រង់ដែរ ដូចជាមានសេចក្តីចែងទុកមកថា «សេចក្តីដំនៀលដែលគេត្មះតិះដៀលទ្រង់ នោះបានធ្លាក់មកលើទូលបង្គំវិញ» ៤ដ្បិតអស់ទាំងសេចក្តីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្តីសង្ឃឹម ដោយសេចក្តីអត់ធន់ នឹងសេចក្តីកំសាន្តចិត្ត ដោយសារគម្ពីរ ៥ឥឡូវនេះ សូមព្រះនៃសេចក្តីអត់ធ្មត់ នឹងសេចក្តីកំសាន្តចិត្ត ទ្រង់ប្រទានឲ្យអ្នករាល់គ្នាមានគំនិតតែ១ តាមព្រះគ្រីស្ទយេស៊ូវ ៦ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងមូលមាត់តែមួយនឹងសរសើរដំកើង ដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ៧ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមក ដូចជាព្រះគ្រីស្ទបានទទួលយើងដែរ សំរាប់នឹងសរសើរដល់ព្រះចុះ។

៨ឥឡូវខ្ញុំថា ព្រះយេស៊ូវគ្រីស្ទទ្រង់បានត្រឡប់ជាអ្នកបំរើ ដល់ពួកកាត់ស្បែក ដើម្បីនឹងសំដែងសេចក្តីស្មោះត្រង់នៃព្រះ ប្រយោជន៍នឹងបញ្ជាក់សេចក្តីសន្យា ដែលបានតាំងនឹងពួកឰយុកោ ៩ហើយឲ្យពួកសាសន៍ដទៃ បានសរសើរដំកើងព្រះដែរ ដោយព្រោះសេចក្តីមេត្តាករុណារបស់ទ្រង់ តាមសេចក្តីដែលចែងទុកមកថា «ហេតុនោះបានជាទូលបង្គំនឹងសរសើរដំកើងទ្រង់ក្នុងពួកសាសន៍ដទៃ ហើយទូលបង្គំនឹងច្រៀងទំនុំកបរិសុទ្ធ ថ្វាយព្រះនាមទ្រង់» ១០ហើយមានសេចក្តី១ទៀតថា «ឱសាសន៍ដទៃទាំងប៉ុន្មានអើយ ចូរអរសប្បាយជាមួយនឹងរាស្ត្រទ្រង់» ១១ក៏មាន១ទៀតថា «ឱសាសន៍ទាំងឡាយអើយ ចូរសរសើរដល់ព្រះអម្ចាស់ ឱជនរាល់គ្នាអើយ ចូរដំកើងទ្រង់ចុះ» ១២ក្នុងបទ១ទៀត លោកអេសាយក៏មានប្រសាសន៍ថា «នឹងមានឫសរបស់អ៊ីសាយ១កើតឡើង សំរាប់នឹងកាន់កាប់លើអស់ទាំងសាសន៍ដទៃ សាសន៍ទាំងនោះនឹងយកទ្រង់ជាទីសង្ឃឹម» ១៣ឥឡូវនេះ សូមព្រះនៃសេចក្តីសង្ឃឹមប្រទានឲ្យអ្នករាល់គ្នា បានគ្រប់អស់ទាំងសេចក្តីអំណរ នឹងសេចក្តីសុខសាន្តដ៏ពោរពេញ ដោយសារសេចក្តីជំនឿ ប្រយោជន៍ឲ្យបានសេចក្តីសង្ឃឹមជាបរិបូរ ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ។

១៤ឱបងប្អូនអើយ ខ្ញុំជឿជាក់ខាងឯអ្នករាល់គ្នាថា អ្នករាល់គ្នាមានសេចក្តីល្អពេញលេញហើយ ក៏បានពេញជាចំណេះគ្រប់មុខផង អាចនឹងទូន្មានគ្នាទៅវិញទៅមកបានហើយ ១៥ហេតុដូច្នេះ បងប្អូនអើយ ខ្ញុំធ្វើសំបុត្រនេះផ្ញើមកអ្នករាល់គ្នា ដោយមានចិត្តក្លៀវក្លាលើសទៅទៀតដែលមាន១ផ្នែក សំរាប់នឹងរំឭកដល់អ្នករាល់គ្នា ដោយសារព្រះគុណដែលព្រះទ្រង់បានផ្តល់មកខ្ញុំ ១៦ឲ្យខ្ញុំបានធ្វើជាភ្នាក់ងារនៃព្រះយេស៊ូវគ្រីស្ទ ដល់ពួកសាសន៍ដទៃ ព្រមទាំងធ្វើការងារបរិសុទ្ធ គឺជាការផ្សាយដំណឹងល្អរបស់ព្រះ ដើម្បីឲ្យការប្រមូលពួកសាសន៍ដទៃ បានទុកជាដង្វាយថ្វាយព្រះ ដែលទ្រង់សព្វព្រះហឫទ័យទទួល បានទាំងញែកចេញជាបរិសុទ្ធ ដោយព្រះវិញ្ញាណបរិសុទ្ធផង។

១៧ដូច្នេះ ខ្ញុំមានហេតុនឹងអួតក្នុងព្រះគ្រីស្ទយេស៊ូវ ពីសេចក្តីទាំងប៉ុន្មានខាងឯព្រះ ១៨ព្រោះខ្ញុំមិនហ៊ាននិយាយពីការអ្វី លើកតែពីការដែលព្រះគ្រីស្ទបានធ្វើដោយសារខ្ញុំប៉ុណ្ណោះទេ គឺជាការនាំសាសន៍ដទៃឲ្យស្តាប់បង្គាប់ ទោះដោយពាក្យសំដី ឬការធ្វើក្តី ១៩ទោះដោយអំណាចនៃទីសំគាល់ ឬការអស្ចារ្យ ឬដោយព្រះចេស្តាព្រះវិញ្ញាណនៃព្រះក្តី ដល់ម៉្លេះបានជាខ្ញុំបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទពេញពាសទួទៅ តាំងពីក្រុងយេរូសាឡិម ដើរវាងរហូតទៅដល់ស្រុកអ៊ីលីរីកុន ២០គឺយ៉ាងដូច្នោះឯង ដែលខ្ញុំខំសង្វាតនឹងផ្សាយដំណឹងល្អ មិនមែននៅកន្លែងដែលគេបានឮពីព្រះនាមព្រះគ្រីស្ទរួចហើយនោះទេ ដើម្បីកុំឲ្យខ្ញុំសង់លើជើងជញ្ជាំងរបស់គេ ២១ដូចជាមានសេចក្តីចែងទុកមកថា «ពួកអ្នកដែលគ្មានអ្នកណាទៅផ្សាយដំណឹងពីទ្រង់ឲ្យគេស្តាប់ នោះនឹងឃើញ ហើយពួកដែលមិនបានឮសោះ នោះនឹងបានយល់វិញ» ២២គឺដោយហេតុនោះបានជាខ្ញុំមានសេចក្តីឃាត់ឃាំងជាច្រើនដង មិនឲ្យខ្ញុំមកឯអ្នករាល់គ្នា ២៣ប៉ុន្តែ ឥឡូវនេះ ដោយគ្មានកន្លែងណាសល់នៅស្រុកទាំងនេះទៀត ហើយដោយខ្ញុំមានចិត្តរឭកចង់មកឯអ្នករាល់គ្នាជាយូរឆ្នាំមកហើយផង ២៤បានជាកាលណាខ្ញុំទៅឯស្រុកអេស្ប៉ាញ នោះខ្ញុំនឹងចូលមកសួរអ្នករាល់គ្នា ដ្បិតខ្ញុំសង្ឃឹមថា នឹងឃើញអ្នករាល់គ្នាតាមផ្លូវ ហើយឲ្យអ្នករាល់គ្នាបានជួយដំណើរខ្ញុំទៅមុខទៀត គឺក្នុងគ្រាក្រោយដែលបានពេញចិត្តនឹងអ្នករាល់គ្នាបន្តិច ២៥តែឥឡូវនេះ ខ្ញុំឡើងទៅឯក្រុងយេរូសាឡិម ដើម្បីនឹងជួយដល់ពួកបរិសុទ្ធសិន ២៦ដ្បិតពួកស្រុកម៉ាសេដូន នឹងស្រុកអាខៃ គេសុខចិត្តរៃគ្នា ផ្ញើទៅជួយដល់ពួកអ្នកក្រីក្រ ក្នុងពួកបរិសុទ្ធនៅក្រុងយេរូសាឡិម ២៧គេសុខចិត្តចង់ធ្វើការនោះ ហើយគេក៏ជំពាក់ពួកនោះដែរ ដ្បិតបើសិនជាពួកសាសន៍ដទៃ បានទទួលចំណែកនៃអស់ទាំងសេចក្តី ខាងព្រលឹងវិញ្ញាណពីគេ នោះគួរតែជួយគេក្នុងរបស់ទាំងប៉ុន្មាន ខាងសាច់ឈាមវិញ ២៨ដូច្នេះ កាលណាខ្ញុំបានសំរេចការនេះ គឺប្រគល់ផលនៃការជំនួយនេះដល់គេរួចហើយ នោះខ្ញុំនឹងចេញដំណើរទៅឯស្រុកអេស្ប៉ាញ ដោយសារអ្នករាល់គ្នា ២៩ហើយខ្ញុំដឹងថា ដែលខ្ញុំមកឯអ្នករាល់គ្នា នោះខ្ញុំនឹងនាំទាំងព្រះពរនៃដំណឹងល្អ ផងព្រះគ្រីស្ទ ដ៏ពោរពេញមកដែរ។

៣០តែបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ដោយនូវព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ហើយដោយនូវសេចក្តីស្រឡាញ់នៃព្រះវិញ្ញាណថា ចូរអ្នករាល់គ្នាខំប្រឹងអធិស្ឋាន ដល់ព្រះជាមួយនឹងខ្ញុំ ៣១ដើម្បីឲ្យខ្ញុំបានរួចពីពួកមនុស្សមិនជឿនៅស្រុកយូដា ហើយឲ្យការដែលខ្ញុំទៅធ្វើនៅក្រុងយេរូសាឡិម បានគាប់ចិត្តដល់ពួកបរិសុទ្ធផង ៣២ប្រយោជន៍ឲ្យខ្ញុំមកឯអ្នករាល់គ្នា ដោយអំណរតាមព្រះហឫទ័យព្រះ ហើយឲ្យខ្ញុំបានលំហើយចិត្តជាមួយនឹងអ្នករាល់គ្នា ៣៣សូមឲ្យព្រះនៃសេចក្តីសុខសាន្តគង់ជាមួយនឹងអ្នករាល់គ្នា អាម៉ែន។



១៦ ១ខ្ញុំទុកដាក់នាងភីបេ ជាបងប្អូនយើង នឹងអ្នករាល់គ្នា នាងជាអ្នកជំនួយដល់ពួកជំនុំនៅក្រុងកេងគ្រា ២ដើម្បីឲ្យអ្នករាល់គ្នាបានទទួលនាងក្នុងព្រះអម្ចាស់ តាមបែបដែលគួរឲ្យពួកបរិសុទ្ធធ្វើ ហើយឲ្យអ្នករាល់គ្នាបានជួយនាង ក្នុងការអ្វីដែលនាងត្រូវការនឹងអ្នករាល់គ្នាដែរ ដ្បិតនាងបានជួយគេជាច្រើនព្រមទាំងខ្ញុំផង។

៣សូមជំរាបសួរដល់នាងព្រីស៊ីល នឹងអ្នកអ័គីឡា ជាអ្នកដែលធ្វើការជាមួយនឹងខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ ៤គេបានប្រថុយជីវិតដោយព្រោះខ្ញុំ មិនមែនតែខ្ញុំដែលអរគុណដល់គេប៉ុណ្ណោះ គឺទាំងពួកជំនុំសាសន៍ដទៃទាំងប៉ុន្មានថែមទៀត ៥សូមជំរាបសួរពួកជំនុំ ដែលប្រជុំនៅផ្ទះគេដែរ សូមជំរាបសួរអ្នកអេប៉ាយនេត ជាស្ងួនភ្ងាខ្ញុំ ដែលជាផលដំបូងថ្វាយព្រះគ្រីស្ទពីស្រុកអាស៊ី ៦សូមជំរាបសួរនាងម៉ារា ដែលបាននឿយហត់ជាច្រើន ប្រយោជន៍នឹងជួយយើង ៧សូមជំរាបសួរអ្នកអាន់ត្រូនីក នឹងអ្នកយូនាស ជាញាតិខ្ញុំ គឺជាអ្នកជាប់គុកជាមួយនឹងខ្ញុំ ដែលមានកេរ្តិ៍ឈ្មោះក្នុងពួកសាវក ក៏ជឿដល់ព្រះគ្រីស្ទមុនខ្ញុំដែរ ៨សូមជំរាបសួរអ្នកអាំភ្លាស ជាស្ងួនភ្ងាខ្ញុំក្នុងព្រះអម្ចាស់ ៩សូមជំរាបសួរអ្នកអ៊ើបាន់ ដែលធ្វើការជាមួយនឹងយើង ក្នុងព្រះគ្រីស្ទ នឹងអ្នកស័តាឃីស ជាស្ងួនភ្ងាខ្ញុំដែរ ១០សូមជំរាបសួរអ្នកអ័ពេលេស ដែលជាអ្នកខ្ជាប់ខ្ជួនក្នុងព្រះគ្រីស្ទ ហើយសូមជំរាបសួរពួកផ្ទះអើរិស្តូប៊ូល ១១សូមជំរាបសួរអ្នកហេរ៉ូឌាន ជាញាតិខ្ញុំ សូមជំរាបសួរពួកផ្ទះណើគីស ដែលនៅក្នុងព្រះអម្ចាស់ ១២សូមជំរាបសួរនាងទ្រីភេន នឹងនាងទ្រីផូស ដែលធ្វើការក្នុងព្រះអម្ចាស់ សូមជំរាបសួរនាងពើស៊ីស ជាអ្នកស្ងួនភ្ងា ដែលធ្វើការនឿយហត់ជាច្រើនក្នុងព្រះអម្ចាស់ ១៣សូមជំរាបសួរអ្នករូភូស ដែលព្រះអម្ចាស់បានរើសតាំង នឹងម្តាយគាត់ដែលរាប់ជាម្តាយខ្ញុំដែរ ១៤សូមជំរាបសួរអ្នកអ័ស៊ីងគ្រីត អ្នកភ្លេកូន អ្នកហ៊ើម៉ាស អ្នកប៉ាត្រូបាស អ្នកហ៊ើមេស នឹងពួកបងប្អូនដែលនៅជាមួយនឹងអ្នកទាំងនោះ ១៥សូមជំរាបសួរអ្នកភីឡូឡូក នឹងនាងយូលាស អ្នកនេរើស នឹងប្អូនស្រីគាត់ ហើយអ្នកអូលីមប៉ាស នឹងពួកបរិសុទ្ធ ដែលនៅជាមួយនឹងអ្នកទាំងនោះ ១៦សូមអ្នករាល់គ្នាជំរាបសួរគ្នាទៅវិញទៅមក ដោយការថើបយ៉ាងបរិសុទ្ធ ពួកជំនុំនៃព្រះគ្រីស្ទទាំងអស់ សូមជំរាបសួរមកអ្នករាល់គ្នា។

១៧ឱបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ឲ្យចំណាំមើលអស់អ្នកដែលបណ្តាលឲ្យបាក់បែកគ្នា ហើយនាំឲ្យមានសេចក្តីរវាតចិត្ត ខុសនឹងសេចក្តីដែលអ្នករាល់គ្នាបានរៀនមក ត្រូវឲ្យបែរចេញពីអ្នកទាំងនោះ ១៨ដ្បិតមនុស្សបែបយ៉ាងនោះ មិនមែនគោរពប្រតិបត្តិដល់ព្រះគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទេ គេបំរើតែពោះខ្លួនគេវិញ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ នឹងពាក្យបញ្ចើចផង ១៩ដ្បិតមនុស្សទាំងអស់បានដឹង ពីបែបដែលអ្នករាល់គ្នាស្តាប់បង្គាប់ហើយ ដូច្នេះ ខ្ញុំត្រេកអរពីដំណើរអ្នករាល់គ្នាណាស់ ប៉ុន្តែខ្ញុំចង់ឲ្យអ្នករាល់គ្នាមានប្រាជ្ញាខាងឯសេចក្តីល្អ ហើយល្ងង់ខាងឯសេចក្តីអាក្រក់វិញ ២០ឯព្រះនៃសេចក្តីសុខសាន្ត នៅបន្តិចទៀតទ្រង់នឹងកិនអារក្សសាតាំង នៅក្រោមជើងអ្នករាល់គ្នាហើយ សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយនូវព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងចុះ។ ២១អ្នកធីម៉ូថេ ជាអ្នកធ្វើការជាមួយនឹងខ្ញុំ ហើយអ្នកលូគាស អ្នកយ៉ាសុន នឹងអ្នកសូសិប៉ាត្រុសជាញាតិខ្ញុំ គេសូមជំរាបសួរមកអ្នករាល់គ្នាដែរ ២២ឯខ្ញុំឈ្មោះទើទាសដែលសរសេរសំបុត្រនេះ ក៏សូមជំរាបសួរមកអ្នករាល់គ្នាក្នុងព្រះអម្ចាស់ដែរ ២៣អ្នកកៃយុស ជាអ្នកដែលទទួលខ្ញុំ នឹងពួកជំនុំទាំងអស់គ្នាផង គាត់សូមជំរាបសួរមកអ្នករាល់គ្នា អ្នកអេរ៉ាស្ទុស ជាមេត្រួតត្រាក្នុងទីក្រុង នឹងអ្នកក្វើតុស ជាពួកបងប្អូន គេក៏សូមជំរាបសួរមកអ្នករាល់គ្នាដែរ ២៤សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយនូវព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទាំងអស់ អាម៉ែន។

២៥រីឯព្រះ ដែលអាចនឹងតាំងអ្នករាល់គ្នា ឲ្យខ្ជាប់ខ្ជួនតាមដំណឹំងល្អខ្ញុំ នឹងតាមខ្លឹមនៃលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ ដែលត្រូវនឹងសេចក្តីបើកសំដែង អំពីការអាថ៌កំបាំង ដែលបានលាក់ទុកនៅអស់ទាំងកល្បរៀងមក ២៦តែឥឡូវនេះបានបើកសំដែងមក ឲ្យគ្រប់ទាំងសាសន៍ដឹង ដោយសារគម្ពីរហោរា តាមបង្គាប់នៃព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច ដើម្បីឲ្យគេបានចុះចូលជឿ ដោយសារព្រះយេស៊ូវគ្រីស្ទ ២៧ជាព្រះដ៏មានប្រាជ្ញាតែ១ព្រះអង្គ សូមឲ្យទ្រង់បានសិរីល្អ នៅអស់កល្បរៀងទៅ។ អាម៉ែន៕៚



AMAZING GRACE BIBLE INSITIUTE