Get the DaunPhen font >> HERE <<.


វិវរណៈ

នៃ

ព្រះយេស៊ូវគ្រីស្ទ


១ ១នេះជាសេចក្តី ដែលព្រះយេស៊ូវគ្រីស្ទ បានបើកឲ្យឃើញ ជាសេចក្តីដែលព្រះបានប្រទានមកទ្រង់ ដើម្បីនឹងបង្ហាញដល់ពួកបាវបំរើទ្រង់ ឲ្យដឹងពីអស់ទាំងការ ដែលបន្តិចទៀតត្រូវកើតមានមក ទ្រង់ក៏បានសំដែងឲ្យឃើញ ដោយចាត់ទេវតាទ្រង់មកឯយ៉ូហាន ជាបាវបំរើទ្រង់ ២គាត់បានធ្វើបន្ទាល់ប្រាប់តាមព្រះបន្ទូល នឹងសេចក្តីបន្ទាល់នៃព្រះយេស៊ូវគ្រីស្ទ គឺពីគ្រប់ទាំងសេចក្តីដែលគាត់បានឃើញ ៣មានពរហើយ អ្នកណាដែលមើល នឹងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្តីទាំងប៉ុន្មាន ដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលា នោះជិតដល់ហើយ។

៤សំបុត្រយ៉ូហានខ្ញុំ ផ្ញើមកពួកជំនុំទាំង៧ នៅស្រុកអាស៊ី សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្តីសុខសាន្ត អំពីព្រះដ៏គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត នឹងអំពីព្រះវិញ្ញាណទាំង៧ ដែលនៅចំពោះបល្ល័ង្កទ្រង់ ៥ហើយអំពីព្រះយេស៊ូវគ្រីស្ទជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី រីឯព្រះអង្គដែលទ្រង់ស្រឡាញ់យើងរាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់ ឲ្យបានរួចពីបាប ៦ព្រមទាំងតាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃថ្វាយព្រះដ៏ជាព្រះវរបិតា នោះសូមឲ្យទ្រង់បានសិរីល្អ នឹងព្រះចេស្តានៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។

៧មើល ទ្រង់យាងមកតាមពពក នោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់ ព្រមទាំងពួកអ្នកដែលចាក់ទ្រង់ផង រួចគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះទ្រង់ អើ មែនហើយ អាម៉ែន។ ៨ព្រះអម្ចាស់ដ៏ជាព្រះ ដែលទ្រង់គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត គឺជាព្រះដ៏មានព្រះចេស្តាបំផុត ទ្រង់មានបន្ទូលថា អញជាអាលផា នឹងជាអូមេកា គឺជាដើម ហើយជាចុង។ ៩យ៉ូហានខ្ញុំ ដែលជាបងប្អូននៃអ្នករាល់គ្នា ហើយជាអ្នកមានចំណែកក្នុងសេចក្តីទុក្ខលំបាក នឹងក្នុងនគរ ហើយក្នុងសេចក្តីអត់ធ្មត់របស់ព្រះយេស៊ូវគ្រីស្ទ ជាមួយនឹងអ្នករាល់គ្នាដែរ ខ្ញុំបាននៅឯកោះឈ្មោះប៉ាត់ម៉ុស ដោយព្រោះព្រះបន្ទូល នឹងសេចក្តីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ ១០ហើយនៅថ្ងៃនៃព្រះអម្ចាស់ ខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ នោះក៏ឮសំឡេងបន្លឺឡើង ដូចជាសូរត្រែ នៅខាងក្រោយខ្ញុំថា ១១ការអ្វីដែលឯងឃើញ នោះចូរកត់ទុកក្នុងសៀវភៅចុះ រួចផ្ញើទៅពួកជំនុំទាំង៧ ដែលនៅស្រុកអាស៊ីផង គឺនៅក្រុងអេភេសូរ ក្រុងស្មឺន៉ា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា ហើយនៅក្រុងឡៅឌីសេដែរ។

១២ខ្ញុំក៏បែរខ្លួនទៅមើលសំឡេង ដែលមានបន្ទូលមកខ្ញុំនោះ លុះបែរខ្លួនទៅហើយ នោះក៏ឃើញជើងចង្កៀងមាស៧ ១៣នៅត្រង់កណ្តាលជើងចង្កៀងទាំង៧ នោះឃើញមាន១ អង្គ ដូចជាកូនមនុស្ស ទ្រង់ព្រះពស្ត្រវែងដល់ព្រះបាទ ហើយមានខ្សែមាសរឹតត្រង់ព្រះឧរា ១៤ព្រះសិរសានឹងព្រះកេសាទ្រង់ស ដូចជារោមចៀមដែលស គឺដូចហិមៈព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង ១៥ព្រះបាទទ្រង់ដូចជាលង្ហិនរលីង ដែលភ្លឺផ្លេកៗ ដូចជាដុតក្នុងគុកភ្លើង ព្រះសូរសៀងទ្រង់ដូចជាសូរនៃទឹកច្រើន ១៦នៅព្រះហស្តស្តាំទ្រង់កាន់ផ្កាយ៧ ក៏មានដាវមុខ២ ដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក ហើយព្រះភក្ត្រទ្រង់ ដូចជាថ្ងៃភ្លឺពេញអំណាច ១៧កាលខ្ញុំឃើញទ្រង់ នោះខ្ញុំដួលនៅទៀបព្រះបាទទ្រង់ ដូចជាស្លាប់ តែទ្រង់ដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយបន្ទូលថា កុំខ្លាចអ្វីឡើយ អញជាដើម ហើយជាចុង ១៨ជាព្រះដ៏រស់នៅ អញបានស្លាប់ តែមើល អញរស់នៅអស់កល្បជានិច្ចរៀងរាបតទៅវិញ អញក៏មានកូនសោនៃសេចក្តីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ ១៩ដូច្នេះ ចូរឲ្យឯងកត់អស់ទាំងសេចក្តីដែលឯងបានឃើញ ព្រមទាំងសេចក្តីដែលមានសព្វថ្ងៃនេះ នឹងសេចក្តីទាំងប៉ុន្មាន ដែលត្រូវកើតមកតាមក្រោយទៀតផង ២០ឯសេចក្តីអាថ៌កំបាំងពីផ្កាយទាំង៧ ដែលឯងបានឃើញនៅដៃស្តាំអញ ហើយពីជើងចង្កៀងមាសទាំង៧ នោះស្រាយថា ផ្កាយទាំង៧ នោះគឺជាទេវតារបស់ពួកជំនុំទាំង៧ នោះផង។



២ ១ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងអេភេសូរថា ព្រះអង្គដែលកាន់ផ្កាយទាំង៧ នៅព្រះហស្តស្តាំ ហើយយាងនៅកណ្តាលជើងចង្កៀងមាសទាំង៧ នោះទ្រង់មានបន្ទូលសេចក្តីទាំងនេះថា ២អញស្គាល់អស់ទាំងការដែលឯងធ្វើ នឹងសេចក្តីនឿយហត់ ហើយសេចក្តីអត់ធ្មត់របស់ឯងហើយ ក៏ដឹងថា ឯងទ្រាំនឹងមនុស្សអាក្រក់ពុំបានផង គឺឯងបានល្បងលពួកអ្នក ដែលហៅខ្លួនជាសាវក តែមិនមែនជាសាវកទេ ក៏បានឃើញថា អ្នកទាំងនោះជាពួកភូតភរវិញ ៣ឯងបានអត់ធន់ ហើយទ្រាំទ្រ ទាំងធ្វើការដោយនឿយហត់ ឥតណាយចិត្តឡើយ ដោយព្រោះឈ្មោះអញ ៤តែអញប្រកាន់សេចក្តីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ ៥ដូច្នេះ ចូរនឹកចាំ ដែលឯងបានធ្លាក់ចេញពីសណ្ឋានណានោះ ហើយប្រែចិត្តចុះ រួចប្រព្រឹត្តតាមការដើមដំបូងនោះវិញ ពុំនោះសោតអញនឹងមកឯឯង ហើយនឹងហូតយកជើងចង្កៀងឯងពីកន្លែងចេញ លើកតែឯងប្រែចិត្តឡើងវិញ ៦ប៉ុន្តែ ឯងមានសេចក្តី១នេះ គឺថា ឯងស្អប់ការរបស់ពួកនីកូឡាស ដែលអញក៏ស្អប់ដែរ ៧អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអស់អ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគផ្លែរបស់ដើមជីវិត ដែលនៅស្ថានបរមសុខរបស់ព្រះ។

៨ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងស្មឺន៉ាថា ព្រះដ៏ជាដើម ហើយជាចុង ដែលបានសុគត រួចមានព្រះជន្មរស់ឡើងវិញ ទ្រង់មានបន្ទូលសេចក្តីទាំងនេះថា ៩អញស្គាល់សេចក្តីទុក្ខលំបាក នឹងសេចក្តីកំសត់របស់ឯងហើយ ប៉ុន្តែ ឯងជាអ្នកមានវិញ ក៏ស្គាល់សេចក្តីប្រមាថរបស់ពួកអ្នក ដែលហៅខ្លួនជាសាសន៍យូដាដែរ តែគេមិនមែនសាសន៍យូដាទេ គឺជាពួកជំនុំរបស់អារក្សសាតាំងវិញ ១០កុំឲ្យឯងខ្លាចសេចក្តីដែលឯងត្រូវរងទុក្ខនោះឡើយ មើល អារក្សវារៀបនឹងបោះពួកឯងខ្លះទៅក្នុងគុកហើយ ដើម្បីនឹងល្បងលមើលឯង នោះឯងរាល់គ្នានឹងត្រូវរងវេទនាអស់ ១០ ថ្ងៃ ដូច្នេះ ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង ១១អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តីដែលព្រះវិញ្ញាណមានបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអ្នកណាដែលឈ្នះ នោះសេចក្តីស្លាប់ទី២ នឹងធ្វើទុក្ខដល់អ្នកនោះមិនបានឡើយ។

១២ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងពើកាម៉ុសថា ព្រះដែលមានដាវមុខ២ដ៏មុត ទ្រង់មានបន្ទូលសេចក្តីទាំងនេះថា ១៣អញស្គាល់ទីលំនៅរបស់ឯងហើយ គឺជាកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំងនោះ តែឯងកាន់ខ្ជាប់តាមឈ្មោះអញ ហើយមិនបានលះចោលសេចក្តីជំនឿដល់អញចេញឡើយ ទោះក្នុងគ្រាដែលគេបានសំឡាប់អាន់ទីប៉ាស ជាស្មរបន្ទាល់ស្មោះត្រង់របស់អញ នៅកណ្តាលពួកឯងរាល់គ្នា ជាកន្លែងដែលអារក្សសាតាំងនៅនោះផង ១៤ប៉ុន្តែ អញប្រកាន់សេចក្តីខ្លះនេះនឹងឯង ពីព្រោះនៅទីនោះ ឯងមានអ្នកខ្លះ ដែលកាន់តាមសេចក្តីបង្រៀនរបស់បាឡាម ជាអ្នកដែលបង្រៀនឲ្យបាឡាកដាក់អន្ទាក់ នៅមុខពួកជនជាតិអ៊ីស្រាអែល ដើម្បីនឹងនាំឲ្យគេបរិភោគដង្វាយ ដែលថ្វាយទៅរូបព្រះ ហើយឲ្យប្រព្រឹត្តសេចក្តីកំផិតផង ១៥ឯងក៏មានអ្នកខ្លះ ដែលកាន់តាមសេចក្តីបង្រៀនរបស់ពួកនីកូឡាសដែរ ១៦ដូច្នេះ ចូរប្រែចិត្តចុះ ពុំនោះសោត អញនឹងមកឯឯងជាឆាប់ នោះអញនឹងយកដាវ ដែលនៅមាត់អញ ច្បាំងនឹងគេ ១៧អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអ្នកណាដែលឈ្នះនោះអញនឹងឲ្យបរិភោគនំម៉ាន៉ាដ៏លាក់កំបាំង ហើយនឹងឲ្យគ្រួសស១ ដល់អ្នកនោះ នៅគ្រួសនោះមានឆ្លាក់ជាឈ្មោះថ្មី ដែលគ្មានអ្នកណាស្គាល់ឡើយ ស្គាល់បានតែអ្នកដែលទទួលប៉ុណ្ណោះ។

១៨ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងធាទេរ៉ាថា ព្រះរាជបុត្រានៃព្រះ ដែលមានព្រះនេត្រដូចជាអណ្តាតភ្លើង ហើយព្រះបាទដូចជាលង្ហិនរលីង ទ្រង់មានបន្ទូលសេចក្តីទាំងនេះថា ១៩អញស្គាល់ការដែលឯងធ្វើហើយ ព្រមទាំងសេចក្តីស្រឡាញ់ សេចក្តីជំនួយ សេចក្តីជំនឿ សេចក្តីអត់ធ្មត់របស់ឯងដែរ ហើយថា ការដែលឯងធ្វើជាន់ក្រោយ បានច្រើនលើសជាងជាន់មុនទៅទៀត ២០តែអញប្រកាន់សេចក្តីខ្លះនឹងឯង ដ្បិតឯងបណ្តោយឲ្យស្ត្រី ឈ្នោះយេសិបិល ដែលហៅខ្លួនជាហោរាបានទៅបង្ហាត់បង្រៀន ហើយនាំពួកបាវបំរើរបស់អញ ឲ្យវង្វេងទៅប្រព្រឹត្តសេចក្តីកំផិត ហើយបរិភោគដង្វាយដែលថ្វាយទៅរូបព្រះផង ២១អញបានឲ្យវាមានឱកាសនឹងប្រែចិត្តចេញពីការកំផិតរបស់វាដែរ តែវាមិនព្រមសោះ ២២មើលអញនឹងបោះវាទៅលើគ្រែ ហើយបោះពួកអ្នក ដែលប្រព្រឹត្តសេចក្តីកំផិតជាមួយនឹងវា ឲ្យទៅក្នុងសេចក្តីវេទនាជាខ្លាំង លើកតែគេប្រែចិត្តលះបង់ការ ដែលគេប្រព្រឹត្តនោះចេញ ២៣ហើយអញនឹងសំឡាប់កូនចៅវាចោល នោះគ្រប់ទាំងពួកជំនុំនឹងដឹងថា គឺអញនេះហើយ ដែលស្ទង់មើលចិត្តនឹងថ្លើម រួចអញនឹងសងការដល់ឯងរាល់គ្នា តាមការដែលគ្រប់គ្នាបានប្រព្រឹត្ត ២៤តែអញប្រាប់ដល់ឯងរាល់គ្នា ហើយដល់ពួកអ្នកឯទៀត នៅក្រុងធាទេរ៉ាដែរ គឺដល់ពួកអ្នកដែលមិនកាន់តាមសេចក្តីបង្រៀននោះ ក៏មិនស្គាល់សេចក្តីជំរៅរបស់អារក្សសាតាំង ដូចជាពាក្យដែលគេថានោះឡើយ តែអញៗ មិនផ្ទុកបន្ទុកអ្វីទៀតលើឯងរាល់គ្នាទេ ២៥ប៉ុន្តែ សេចក្តីដែលឯងមាន នោះឲ្យកាន់ខ្ជាប់ ដរាបដល់អញមកចុះ ២៦ឯអ្នកណាដែលឈ្នះ ហើយកាន់តាមការអញ ដរាបដល់ចុងបំផុត នោះអញនឹងឲ្យមានអំណាចលើពួកសាសន៍ដទៃ ២៧អ្នកនោះនឹងឃ្វាលគេ ដោយដំបងដែក ដូចជាគេបំបែកភាជនៈដីឲ្យខ្ទេចខ្ទី តាមអំណាចដែលអញបានទទួលពីព្រះវរបិតាមក ២៨អញនឹងឲ្យផ្កាយព្រឹកដល់អ្នកនោះ ២៩អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ។



៣ ១ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងសើដេសថា ព្រះដ៏មានព្រះវិញ្ញាណទាំង៧ នឹងផ្កាយទាំង៧ ទ្រង់មានបន្ទូលសេចក្តីទាំងនេះថា អញស្គាល់ការដែលឯងប្រព្រឹត្តហើយ គឺដែលឯងមានឈ្មោះថារស់ តែឯងស្លាប់ទេ ២ចូរប្រុងប្រយ័ត ហើយចំរើនកំឡាំងដល់អ្វីៗ ដែលនៅសល់ ដែលរៀបនឹងស្លាប់នោះដែរ ដ្បិតអញមិនបានឃើញការដែលឯងប្រព្រឹត្តនោះ ជាពេញខ្នាតនៅចំពោះព្រះនៃអញទេ ៣ដូច្នេះ ចូរនឹកចាំ ដែលឯងបានទទួល ហើយបានឮជាយ៉ាងណា រួចឲ្យកាន់តាម ហើយប្រែចិត្តចុះ បើឯងមិនចាំយាមទេ នោះអញនឹងមកឯឯងដូចជាចោរ ហើយឯងនឹងមិនដឹងជាវេលាណា ដែលអញមកឯឯងឡើយ ៤ប៉ុន្តែ នៅក្រុងសើដេស ឯងក៏មានអ្នកខ្លះ ដែលមិនបានធ្វើឲ្យសំលៀកបំពាក់ខ្លួនស្មោកគ្រោកដែរ អ្នកទាំងនោះនឹងស្លៀកពាក់ស ដើរជាមួយនឹងអញ ដ្បិតគេបានគួរហើយ ៥អ្នកណាដែលឈ្នះ នោះនឹងបានស្លៀកពាក់ស ហើយអញមិនដែលលុបឈ្មោះអ្នកនោះចេញពីបញ្ជីជីវិតឡើយ អញនឹងថ្លែងប្រាប់ពីឈ្មោះអ្នកនោះ នៅចំពោះព្រះវរបិតាអញ នឹងចំពោះពួកទេវតាទ្រង់ដែរ ៦អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តីដែលព្រះវិញ្ញាណមានបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ។

៧ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងភីឡាដិលភាថា ព្រះអង្គដ៏បរិសុទ្ធ ហើយពិតប្រាកដ ដែលទ្រង់កាន់កូនសោរបស់ហ្លួងដាវីឌ ដែលទ្រង់បើក ហើយគ្មានអ្នកណាបិទ ក៏បិទ ហើយគ្មានអ្នកណាបើកបាន ទ្រង់មានបន្ទូលសេចក្តីទាំងនេះថា ៨អញស្គាល់ការដែលឯងធ្វើហើយ មើល អញបានបើកទ្វារចំហនៅមុខឯង គ្មានអ្នកណាអាចនឹងបិទបានទេ ពីព្រោះទោះបើឯងមានអំណាចតែបន្តិចក៏ដោយ គង់តែបានកាន់តាមពាក្យអញដែរ ហើយមិនបានលះបង់ឈ្មោះអញទេ ៩មើល អញប្រគល់ពួកជំនុំរបស់អារក្សសាតាំងខ្លះដល់ឯង ដែលពួកនោះអួតខ្លួនថាជាសាសន៍យូដា តែមិនមែនទេ គឺគេកុហកវិញ មើល អញនឹងឲ្យគេមកក្រាបសំពះ នៅទៀបជើងឯង ព្រមទាំងឲ្យគេដឹងថា អញបានស្រឡាញ់ដល់ឯងផង ១០ហើយដោយព្រោះឯងបានកាន់តាមរឿង ពីសេចក្តីអត់ធ្មត់របស់អញ នោះអញនឹងរក្សា ឯងឲ្យរួចពីវេលាល្បង ដែលត្រូវមកលើលោកីយទាំងមូល ដើម្បីនឹងល្បងលដល់ពួកអ្នក ដែលនៅលើផែនដីទាំងប៉ុន្មាន ១១មើល អញមកជាឆាប់ហើយ ចូរកាន់ខ្ជាប់តាមសេចក្តីដែលឯងមានហើយចុះ ដើម្បីកុំឲ្យអ្នកណាយកមកុដរបស់ឯងបានឡើយ ១២អ្នកណាដែលឈ្នះ អញនឹងយកអ្នកនោះធ្វើជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃអញ រួចអ្នកនោះនឹងមិនចេញពីទីនោះទៀតឡើយ ហើយអញនឹងកត់ព្រះនាមនៃព្រះរបស់អញ នឹងឈ្មោះក្រុងរបស់ព្រះនៃអញ នៅលើអ្នកនោះ គឺជាឈ្មោះក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌មកអំពីព្រះនៃអញ ហើយនឹងកត់ឈ្មោះថ្មីរបស់អញដែរ ១៣អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ។

១៤ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងឡៅឌីសេថា ព្រះដ៏ជា «អាម៉ែន» ជាស្មរបន្ទាល់ស្មោះត្រង់ ហើយពិតប្រាកដ ជាដើមការដែលព្រះទ្រង់បង្កើតមក ទ្រង់មានបន្ទូលសេចក្តីទាំងនេះថា ១៥អញស្គាល់ការដែលឯងធ្វើ ហើយថា ឯងមិនត្រជាក់ ក៏មិនក្តៅផង អញចូលចិត្តឲ្យឯងបាន ទោះត្រជាក់ឬក្តៅក្តី ១៦ដូច្នេះ ដោយព្រោះឯងគ្រាន់តែស្ទើរៗ ប៉ុណ្ណោះ គឺមិនមែនត្រជាក់ក៏មិនក្តៅផង នោះអញនឹងខ្ជាក់ឯងចេញពីមាត់អញទៅ ១៧ដោយព្រោះឯងអួតថា ឯងជាអ្នកមាន បានកាន់តែស្តុកស្តម្ភឡើងហើយ ក៏មិនត្រូវការនឹងអ្វីសោះ តែឯងមិនដឹងថា ឯងវេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ ១៨បានជាអញទូន្មានឲ្យឯងទិញមាស ដែលសំរងក្នុងភ្លើងពីអញ ដើម្បីឲ្យបានធ្វើជាអ្នកមានពិតមែន ហើយទិញសំលៀកបំពាក់ស ឲ្យបានស្លៀកពាក់កុំឲ្យគេឃើញកេរ្តិ៍ខ្មាស ដែលឯងនៅអាក្រាតនោះឡើយ ព្រមទាំងថ្នាំលាបភ្នែកផង ឲ្យឯងបានមើលឃើញវិញ ១៩អញបន្ទោស ហើយផ្ចាញ់ផ្ចាល ដល់អស់អ្នកណាដែលអញស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តចុះ ២០មើល អញឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងអញ ហើយបើកទ្វារឲ្យ នោះអញនឹងចូលទៅឯអ្នកនោះ អញនឹងបរិភោគជាមួយនឹងអ្នកនោះ ហើយអ្នកនោះជាមួយនឹងអញដែរ ២១ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយនឹងអញ ដូចជាអញបានឈ្នះ ហើយបានអង្គុយជាមួយនឹងព្រះវរបិតាលើបល្ល័ង្កទ្រង់ដែរ ២២អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ។



៤ ១ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមានទ្វារ១ចំហ នៅស្ថានសួគ៌ ហើយសំឡេងដែលខ្ញុំបានឮ ដូចជាសូរត្រែជាមុនដំបូងនោះ ក៏មានបន្ទូលមកខ្ញុំថា ចូរឡើងមកឯណេះ អញនឹងបង្ហាញឲ្យឯងឃើញការ ដែលត្រូវមកខាងក្រោយទៀត ២ស្រាប់តែខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ ហើយឃើញមានបល្ល័ង្ក១ ដាក់នៅលើស្ថានសួគ៌ ក៏មាន១ អង្គគង់នៅលើបល្ល័ង្កនោះ ៣ឯព្រះអង្គដែលគង់នៅនោះ មើលទៅមានភាពដូចជាត្បូងមណីជោតិ នឹងត្បូងទទឹម ក៏មានឥន្ទធនូនៅព័ទ្ធជុំវិញបល្ល័ង្ក ដែលមើលទៅដូចជាត្បូងមរកត។

៤នៅព័ទ្ធជុំវិញបល្ល័ង្កនោះ ក៏មានបល្ល័ង្ក២៤ទៀត ហើយខ្ញុំឃើញអ្នកចាស់ទុំ២៤នាក់ អង្គុយលើបល្ល័ង្កទាំងនោះ ទាំងស្លៀកពាក់ស ហើយមានមកុដមាសនៅលើក្បាល ៥មានផ្លេកបន្ទោរ សៀងសំឡេង នឹងផ្គរលាន់ ចេញពីបល្ល័ង្ក១ នោះមក ក៏មានចង្កៀង៧ឆេះនៅពីខាងមុខ នោះគឺជាវិញ្ញាណទាំង៧របស់ព្រះ ៦ឯនៅខាងមុខបល្ល័ង្កនោះ មានសមុទ្រកែវ ដូចជាកែវចរណៃ ហើយនៅកណ្តាលនឹងជុំវិញនៃបល្ល័ង្កនោះ ក៏មានតួមានជីវិត៤ ដែលមានភ្នែកពេញទាំងមុខទាំងក្រោយ ៧ឯតួទី១ស្រដៀងនឹងសត្វសិង្ហ តួទី២ស្រដៀងនឹងកូនគោ តួទី៣មានមុខដូចជាមនុស្ស ហើយតួទី៤ស្រដៀងនឹងឥន្ទ្រីដែលហើរ ៨តួមានជីវិតទាំង៤នោះ មានស្លាប៦គ្រប់រូប ក៏មានភ្នែកពេញខ្លួននៅជុំវិញ ហើយទាំងខាងក្នុងដែរ ក៏ចេះតែពោលពាក្យឥតឈប់ឈរទាំងយប់ទាំងថ្ងៃ ថា បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ដែលទ្រង់គង់នៅតាំងតែពីដើម ក៏នៅឥឡូវនេះ ហើយត្រូវយាងមកទៀត ៩កាលណាតួមានជីវិតទាំង៤ នោះបានថ្វាយសិរីល្អ ល្បីព្រះនាម នឹងពាក្យអរព្រះគុណ ដល់ព្រះអង្គ ដែលគង់លើបល្ល័ង្ក ជាព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច រៀងរាបដរាបទៅរួចហើយ ១០នោះពួកចាស់ទុំទាំង២៤នាក់ ក៏ទំលាក់ខ្លួនក្រាបចុះ នៅចំពោះព្រះអង្គដែលគង់លើបល្ល័ង្ក ទាំងថ្វាយបង្គំដល់ព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច រៀងរាបតទៅនោះ ហើយក៏ដាក់មកុដខ្លួនចុះថ្វាយនៅមុខបល្ល័ង្ក ដោយទូលថា ១១ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិតិនាម នឹងព្រះចេស្តា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង។



៥ ១រីឯនៅព្រះហស្តស្តាំនៃព្រះអង្គ ដែលគង់លើបល្ល័ង្ក នោះខ្ញុំឃើញមានក្រាំង ដែលសរសេរទាំងខាងក្នុង នឹងខាងក្រៅ ព្រមទាំងមានបិទត្រា៧ផង ២រួចឃើញទេវតា១ ដ៏ខ្លាំងពូកែ ប្រកាសសួរដោយសំឡេងយ៉ាងខ្លាំងថា តើអ្នកណាគួរនឹងបកត្រា ហើយបើកក្រាំងនោះ ៣តែគ្មានអ្នកណានៅស្ថានសួគ៌ នៅផែនដី ឬនៅក្រោមដី ដែលអាចនឹងបើកក្រាំងនោះបានឡើយ សូម្បីតែក្រឡេកមើលក៏ពុំបានផង ៤នោះខ្ញុំយំជាខ្លាំង ដោយព្រោះគ្មានអ្នកណាគួរនឹងបើក ឬក្រឡេកមើលក្រាំងនោះទេ ៥រួចមានចាស់ទុំម្នាក់និយាយមកខ្ញុំថា កុំយំថ្វី មើលន៏ សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងបកត្រាទាំង៧ បើកក្រាំងនោះបាន។

៦ខ្ញុំក្រឡេកទៅឃើញមានកូនចៀម១ ដែលមើលទៅដូចជាបានសំឡាប់ហើយ មានទាំងស្នែង៧ នឹងភ្នែក៧ កំពុងតែឈរនៅកណ្តាលបល្ល័ង្ក នឹងតួមានជីវិតទាំង៤ ហើយនៅកណ្តាលពួកចាស់ទុំទាំងប៉ុន្មាន ឯភ្នែកទាំងនោះ គឺជាវិញ្ញាណទាំង៧របស់ព្រះ ដែលទ្រង់ចាត់ទៅពេញលើផែនដី ៧កូនចៀមនោះក៏មកយកក្រាំង ពីព្រះហស្តស្តាំរបស់ព្រះអង្គ ដែលគង់លើបល្ល័ង្កទៅ ៨លុះបានយកក្រាំងទៅហើយ នោះតួមានជីវិតទាំង៤ នឹងពួកចាស់ទុំ២៤ នាក់ក៏ទំលាក់ខ្លួនក្រាបចុះនៅមុខកូនចៀម ទាំងកាន់ស៊ុង នឹងពានមាស ដែលពេញដោយគ្រឿងក្រអូបរៀងខ្លួន ឯគ្រឿងក្រអូប នោះជាសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ ៩ពួកទាំងនោះក៏ច្រៀងទំនុក១ថ្មីថា ទ្រង់គួរនឹងយកក្រាំងនេះ ហើយនឹងបកត្រាផង ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ ១០ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី។

១១នោះខ្ញុំឃើញ ហើយក៏ឮសំឡេងទេវតាជាច្រើននៅជុំវិញបល្ល័ង្ក ព្រមទាំងតួមានជីវិត នឹងពួកចាស់ទុំផង ឯចំនួននៃទេវតានោះ មានទាំងម៉ឺនទាំងសែន ហើយទាំងពាន់រាប់ជាពាន់ ១២គ្រប់គ្នាក៏បន្លឺសំឡេងថា កូនចៀមដែលគេបានសំឡាប់ នោះគួរនឹងបានព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិតិនាម សិរីល្អនឹងព្រះពរ ១៣នោះខ្ញុំក៏ឮគ្រប់ទាំងអស់ ដែលមានជីវិត នៅស្ថានសួគ៌ នៅផែនដី នៅក្រោមដី ហើយនៅក្នុងសមុទ្រ នឹងគ្រប់ទាំងអស់ដែលនៅស្ថានទាំងនោះនិយាយថា សូមថ្វាយព្រះពរ កិតិនាម សិរីល្អ នឹងព្រះចេស្តា ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀម នៅអស់កល្បជានិច្ចរៀងរាបតទៅ ១៤រួចតួមានជីវិតទាំង៤ ក៏ទទួលថា អាម៉ែន ហើយពួកចាស់ទុំក៏ទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំ។



៦ ១កាលកូនចៀមបកត្រាទី១ នោះខ្ញុំក៏ឃើញ រួចខ្ញុំឮតួមានជីវិត១ បន្លឺសំឡេងឡើងដូចផ្គរលាន់ថា ចូរមកមើលចុះ ២ខ្ញុំក៏ក្រឡេកទៅឃើញសេះស១ ឯអ្នកដែលជិះក៏កាន់ធ្នូ ហើយមានគេឲ្យមកុដដល់អ្នកនោះ រួចអ្នកនោះចេញទៅទាំងមានជ័យជំនះ ហើយឲ្យបានឈ្នះតទៅ។

៣លុះបកត្រាទី២ នោះខ្ញុំឮតួមានជីវិតទី២ថា ចូរមកមើលចុះ ៤នោះមានសេះ១ទៀតចេញមក មានសម្បុរក្រហម ហើយគេឲ្យអ្នកដែលជិះ មានអំណាចអាចនឹងដកយកសេចក្តីសុខសាន្តពីផែនដីចេញ ឲ្យមនុស្សលោកបានសំឡាប់គ្នា គេក៏ប្រគល់ដាវមួយយ៉ាងធំ ដល់អ្នកនោះដែរ។

៥លុះបកត្រាទី៣ នោះខ្ញុំឮតួមានជីវិតទី៣ថា ចូរមកមើលចុះ ខ្ញុំក៏ក្រឡេកទៅឃើញសេះខ្មៅ១ ឯអ្នកដែលជិះក៏កាន់ជញ្ជីង១ នៅដៃ ៦រួចខ្ញុំឮសំឡេង១នៅកណ្តាលតួមានជីវិតទាំង៤ពោលដូច្នេះថា អង្ករស្រូវសាលី១នាលិថ្លៃ២កាក់ ហើយអង្ករស្រូវឱក៣នាលិថ្លៃ២កាក់ តែកុំឲ្យបង្ខូចប្រេងនឹងស្រាទំពាំងបាយជូរឡើយ។

៧លុះបកត្រាទី៤ នោះខ្ញុំឮតួមានជីវិតទី៤ថា ចូរមកមើលចុះ ៨ខ្ញុំក៏ក្រឡេកមើលទៅឃើញសេះ១សម្បុរស្លាំង ឯអ្នកដែលជិះមានឈ្មោះថា «សេចក្តីស្លាប់» ហើយស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏តាមអ្នកនោះទៅ គេឲ្យទាំង២ នោះមានអំណាចលើផែនដី១ភាគក្នុង៤ ដើម្បីនឹងសំឡាប់ដោយដាវ អំណត់អត់ នឹងសេចក្តីវេទនា ហើយដោយសត្វព្រៃនៅផែនដីផង។

៩លុះបកត្រាទី៥ នោះនៅក្រោមអាសនា ខ្ញុំក៏ឃើញមានអស់ទាំងព្រលឹងរបស់មនុស្ស ដែលគេបានសំឡាប់ដោយព្រោះកាន់តាមព្រះបន្ទូល នឹងសេចក្តីបន្ទាល់ ១០ឯព្រលឹងទាំងនោះក៏បន្លឺសំឡេងថា ឱព្រះដ៏ជាម្ចាស់ជាព្រះបរិសុទ្ធ ហើយពិតប្រាកដអើយ តើទ្រង់ចាំដល់កាលណាទៀតបានជំនុំជំរះ ហើយសងសឹកដល់ពួកមនុស្សនៅលើផែនដី ដោយព្រោះឈាមយើងខ្ញុំរាល់គ្នា ១១នោះមានគេឲ្យអាវសវែងដល់អ្នកទាំងនោះ ហើយក៏ប្រាប់ឲ្យឈប់សំរាកបន្តិចសិន ទាល់តែពួកបាវបំរើ ជាគូកន ហើយជាបងប្អូន ដែលត្រូវសំឡាប់បែបដូចគ្នា បានគ្រប់ចំនួន។

១២លុះបកត្រាទី៦ នោះខ្ញុំក្រឡេកទៅ ឃើញមានកក្រើកដីជាខ្លាំង ថ្ងៃក៏ត្រឡប់ទៅជាខ្មៅដូចសំពត់រោមខ្មៅ ហើយខែក៏ត្រឡប់ប្រែទៅដូចជាឈាម ១៣ផ្កាយនៅលើមេឃក៏ធ្លាក់មកលើផែនដី ដូចជាដើមល្វាដែលត្រូវខ្យល់ធំគ្រវាត់បណ្តាច់ផ្លែខ្ចីចោលចេញដែរ ១៤ផ្ទៃមេឃក៏បាត់ទៅដូចជាក្រាំង ដែលគេមូរទៅវិញ ហើយគ្រប់ទាំងភ្នំ នឹងកោះទាំងប៉ុន្មាន ក៏ត្រូវរើចេញពីកន្លែងផង ១៥អស់ទាំងស្តេចនៅផែនដី នឹងពួកអ្នកធំ ពួកអ្នកមាន ពួកមេទ័ព ពួកខ្លាំងពូកែ ហើយគ្រប់ទាំងបាវបំរើ នឹងអ្នកជាទាំងប៉ុន្មាន គេពួននៅក្នុងរអាង ហើយក្នុងក្រហែងភ្នំទាំងអស់គ្នា ១៦គេអង្វរទៅភ្នំ ហើយទៅថ្មថា សូមធ្លាក់មកលើយើង ដើម្បីបំបាំងយើងពីព្រះភក្ត្រព្រះអង្គ ដែលគង់លើបល្ល័ង្ក នឹងពីសេចក្តីក្រោធរបស់កូនចៀមចេញ ១៧ដ្បិតថ្ងៃធំនៃសេចក្តីក្រោធរបស់ទ្រង់បានមកដល់ហើយ តើអ្នកណាអាចនឹងឈរនៅបាន។



៧ ១ក្រោយនោះមក ខ្ញុំឃើញទេវតា៤រូប ឈរនៅជ្រុងផែនដីទាំង៤ ទាំងទប់ខ្យល់នៅផែនដីទាំង៤ទិស មិនឲ្យបក់មកលើផែនដី ឬសមុទ្រ ឬដើមឈើណាឡើយ ២រួចខ្ញុំឃើញទេវតា១ទៀត ដែលឡើងមកពីទិសថ្ងៃរះ មានទាំងត្រារបស់ព្រះដ៏មានព្រះជន្មរស់ ទេវតានោះក៏បន្លឺសំឡេងទៅទេវតាទាំង៤នោះ ដែលមានអំណាចនឹងធ្វើទុក្ខផែនដី ហើយនឹងសមុទ្រថា ៣កុំឲ្យធ្វើទុក្ខផែនដី ឬសមុទ្រ ឬដើមឈើណាក្តី ទាស់តែបោះត្រានៅត្រង់ថ្ងាស នៃពួកបាវបំរើរបស់ព្រះនៃយើងសិន ៤ខ្ញុំក៏ឮចំនួនពួកអ្នកដែលបានបោះត្រានោះថា មាន១សែន៤ម៉ឺន៤ពាន់នាក់ ដែលមកពីគ្រប់ទាំងពូជអំបូរនៃជនជាតិអ៊ីស្រាអែល ៥គឺពីពូជអំបូរយូដា បានបោះត្រា១ម៉ឺន២ពាន់នាក់ ពីពូជអំបូររូបេន មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរកាឌ់ មាន១ម៉ឺន២ពាន់នាក់ ៦ពីពូជអំបូរអេស៊ើរ មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរណែបថាលី មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរម៉ាន៉ាសេ មាន១ម៉ឺន២ ពាន់នាក់ ៧ពីពូជអំបូរស៊ីម្មាន មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរលេវី មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរអ៊ីសាខារ មាន១ម៉ឺន២ពាន់នាក់ ៨ពីពូជអំបូរសាប់យូល៉ូន មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរយ៉ូសែប មាន១ម៉ឺន២ពាន់នាក់ ហើយពីពូជអំបូរបេនយ៉ាមីន មាន១ម៉ឺន២ពាន់នាក់ ដែលបានបោះត្រា។

៩ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក នឹងកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ ១០គេបន្លឺសំឡេងថា សេចក្តីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង ១១រួចអស់ទាំងទេវតាដែលឈរនៅជុំវិញបល្ល័ង្ក ព្រមទាំងពួកចាស់ទុំ នឹងតួមានជីវិតទាំង៤ ក៏ទំលាក់ខ្លួនក្រាបចុះនៅចំពោះបល្ល័ង្កថ្វាយបង្គំដល់ព្រះ ១២ទាំងទូលថា អាម៉ែន សូមថ្វាយព្រះពរ សិរីល្អ ប្រាជ្ញា ពាក្យអរព្រះគុណ កិតិនាម ព្រះចេស្តា នឹងឥទ្ធិឫទ្ធិ ដល់ព្រះនៃយើងរាល់គ្នា នៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។

១៣នោះពួកចាស់ទុំម្នាក់សួរមកខ្ញុំថា តើអស់អ្នកដែលពាក់អា់វសនោះជាពួកណា ហើយមកពីណា ១៤ខ្ញុំក៏ឆ្លើយទៅថា លោកម្ចាស់អើយ លោកជ្រាបហើយ រួចអ្នកនោះនិយាយមកខ្ញុំថា អ្នកទាំងនោះជាពួកអ្នកដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម ១៥ហេតុនោះបានជាគេស្ថិតនៅចំពោះបល្ល័ង្កព្រះ ព្រមទាំងបំរើទ្រង់ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ ហើយព្រះអង្គ ដែលគង់នៅលើបល្ល័ង្កនោះ ទ្រង់នឹងធ្វើជាត្រសាលបាំងឲ្យគេ ១៦គេនឹងមិនឃ្លាន ឬស្រេកទៀត ក៏មិនត្រូវថ្ងៃចាំងមកលើគេ ឬចំហាយណាទៀតឡើយ ១៧ពីព្រោះកូនចៀមដែលនៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេ ទៅដល់រន្ធទឹកនៃជីវិត ហើយព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែកពីភ្នែកគេចេញ។



៨ ១កាលកូនចៀមបកត្រាទី៧ នោះនៅស្ថានសួគ៌បានស្ងាត់ច្រៀប ប្រហែលជាកន្លម៉្លោះង ២រួចខ្ញុំឃើញទេវតាទាំង៧ ដែលឈរនៅចំពោះព្រះក៏មានត្រែ៧ បានប្រគល់ទៅឲ្យ ៣មានទេវតា១ទៀត បានចេញមកឈរនៅចំពោះអាសនាទាំង កាន់ពានមាស ហើយមានគ្រឿងក្រអូបជាច្រើនបានប្រគល់ឲ្យទេវតានោះ ដើម្បីនឹងថ្វាយជាមួយនឹងសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ នៅលើអាសនាមាសដែលនៅមុខបល្ល័ង្ក ៤នោះផ្សែងនៃគ្រឿងក្រអូបក៏ផ្សាយឡើង ជាមួយនឹងសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ ចេញអំពីដៃនៃទេវតានៅចំពោះព្រះ ៥រួចទេវតាក៏យកពាន ទៅដាក់ពេញដោយភ្លើង ពីលើអាសនា បោះទៅលើផែនដី នោះកើតមានសំឡេង ផ្គរលាន់ ផ្លេកបន្ទោរ នឹងកក្រើកដី ៦រួចទេវតាទាំង៧ ដែលកាន់ត្រែ៧ នោះក៏រៀបនឹងផ្លុំឡើង។ ៧ទេវតាទី១ ក៏ផ្លុំឡើង នោះកើតមានព្រឹល ហើយភ្លើងលាយដោយឈាម បោះទៅលើផែនដី រួចផែនដី១ ភាគក្នុង៣ បានឆេះអស់ទៅ ព្រមទាំងដើមឈើ១ភាគក្នុង៣ដែរ នឹងស្មៅទាំងអស់ផង។

៨ទេវតាទី២ ក៏ផ្លុំឡើង នោះមានដូចជាភ្នំយ៉ាងធំកំពុងតែឆេះជាភ្លើង បានបោះទំលាក់នៅក្នុងសមុទ្រ រួចសមុទ្រ១ភាគក្នុង៣ ក៏ត្រឡប់ទៅជាឈាម ៩ហើយអស់ទាំងសត្វនៅក្នុងសមុទ្រ ដែលមានជីវិតរស់ក៏ស្លាប់អស់១ភាគក្នុង៣ ហើយអស់ទាំងនាវា ក៏ត្រូវបំផ្លាញ១ភាគក្នុង៣ដែរ។

១០ទេវតាទី៣ ក៏ផ្លុំឡើង នោះមានផ្កាយ១ យ៉ាងធំធ្លាក់ចុះពីលើមេឃ ទាំងឆេះដូចជាចន្លុះ ក៏ធ្លាក់ទៅលើអស់ទាំងទន្លេ១ភាគក្នុង៣ ហើយនឹងលើអស់ទាំងរន្ធទឹក ១១ផ្កាយនោះឈ្មោះហៅថា «ស្លែង» ហើយទឹក១ភាគក្នុង៣ បានត្រឡប់ទៅជាពុល មានមនុស្សជាច្រើនស្លាប់ដោយសារទឹកនោះ ដ្បិតបានត្រឡប់ជាល្វីងអស់ហើយ។ ១២ទេវតាទី៤ ក៏ផ្លុំឡើង នោះព្រះអាទិត្យ ព្រះចន្ទនឹងផ្កាយទាំងប៉ុន្មាន បានត្រូវងងឹតទៅ១ភាគក្នុង៣ នៅពេលថ្ងៃគ្មានពន្លឺ១ភាគក្នុង៣ពេលយប់ក៏ដូច្នោះដែរ។

១៣រួចខ្ញុំឃើញ ហើយឮសត្វឥន្ទ្រីហើរកាត់កណ្តាលមេឃ ទាំងបន្លឺដោយសំឡេងយ៉ាងខ្លាំងថា វេទនា វេទនា វេទនាហើយ ដល់អស់មនុស្សដែលនៅផែនដី ដោយព្រោះសូរត្រែរបស់ទេវតាទាំង៣ ដែលរៀបនឹងផ្លុំទៀត។



៩ ១ទេវតាទី៥ ក៏ផ្លុំឡើង នោះខ្ញុំឃើញផ្កាយ១ធ្លាក់ចុះពីលើមេឃមកលើផែនដី មានគេឲ្យកូនសោទីជំរៅនៃជង្ហុកធំដល់ផ្កាយនោះ ២ផ្កាយនោះក៏បើកទីជំរៅនៃជង្ហុកធំ រួចមានផ្សែងហុយឡើងពីទីនោះ ដូចជាផ្សែងពីគុកភ្លើងយ៉ាងធំ ហើយព្រះអាទិត្យ នឹងអាកាសក៏ងងឹត ដោយព្រោះផ្សែងដែលហុយពីទីនោះមក ៣ក៏មានកណ្តូបជាច្រើនចេញពីផ្សែងមកលើផែនដី វាបានទទួលអំណាច ដូចអំណាចខ្យាដំរីដែលនៅផែនដី ៤ហើយមានគេបង្គាប់ដល់វាថា កុំឲ្យបំផ្លាញស្មៅនៅផែនដី ឬរបស់ណាខ្ចី ឬដើមឈើណាឡើយ ត្រូវធ្វើទុក្ខដល់តែមនុស្សណា ដែលគ្មានត្រារបស់ព្រះនៅថ្ងាសវិញប៉ុណ្ណោះ ៥ដែលវាបានទទួលអំណាចនោះ មិនមែននឹងសំឡាប់មនុស្សទេ គឺឲ្យបានគ្រាន់តែធ្វើទុក្ខក្នុងរវាង៥ខែវិញប៉ុណ្ណោះ ហើយដែលវាធ្វើទុក្ខនោះសោត ក៏បែបដូចជាខ្យាដំរីធ្វើទុក្ខ ក្នុងកាលដែលវាទិចមនុស្សដែរ ៦នៅគ្រានោះ មនុស្សនឹងរកចង់បានសេចក្តីស្លាប់ ប៉ុន្តែមិនប្រទះឡើយ គេនឹងចង់ស្លាប់ តែសេចក្តីស្លាប់នឹងរត់ចេញពីគេទៅ ៧កណ្តូបទាំងនោះមើលទៅដូចជាសេះ ដែលរៀបនឹងចូលទៅច្បាំង នៅលើក្បាលវាមានដូចជាមកុដ ដែលស្រដៀងនឹងមាស ហើយមានមុខវាដូចជាមុខមនុស្ស ៨ឯសក់វា នោះដូចជាសក់របស់ស្រីៗ ហើយធ្មេញវាដូចជាធ្មេញរបស់សត្វសិង្ហ ៩វាពាក់អាវសឹក ដូចជាអាវសឹកដែក ហើយសូរស្លាបវា ឮដូចជាសូររទេះចំបាំង ដែលទឹមដោយសេះជាច្រើន បរជំរត់ទៅច្បាំង ១០វាក៏មានកន្ទុយហើយនឹងទ្រនិចដូចជាខ្យាដំរី ឯអំណាចវា ក៏នៅក្នុងកន្ទុយនោះ សំរាប់នឹងធ្វើទុក្ខដល់មនុស្សអស់រវាង៥ខែ ១១វាមានស្តេចត្រួតលើវាដែរ គឺជាទេវតានៃជង្ហុកធំ ដែលតាមភាសាហេព្រើរមានឈ្មោះហៅថា «អាបាដូន» តែតាមភាសាក្រេកហៅថា «អាប៉ុលីយ៉ូន» វិញ ១២សេចក្តីវេទនាទី១បានកន្លងទៅហើយ មើលមានសេចក្តីវេទនា២យ៉ាងមកតាមក្រោយទៀត។

១៣ទេវតាទី៦ ក៏ផ្លុំឡើង នោះខ្ញុំឮសំឡេង១ ចេញពីស្នែងទាំង៤របស់អាសនាមាស ដែលនៅចំពោះព្រះ ១៤ក៏និយាយទៅទេវតាទី៦ ដែលកាន់ត្រែថា ចូរស្រាយទេវតាទាំង៤ ដែលចងទុកនៅទន្លេអ៊ើប្រាតដ៏ជាធំទៅ ១៥នោះក៏ស្រាយទេវតាទាំង៤ ដែលប្រុងប្រៀបសំរាប់ពេលកំណត់ ថ្ងៃ ខែ នឹងឆ្នាំ ដើម្បីនឹងសំឡាប់មនុស្ស១ភាគក្នុង៣ចោល ១៦ឯចំនួនពលសេះ នោះមាន២០កោដិ ខ្ញុំក៏ឮចំនួនពលទ័ពទាំងនោះ ១៧ហើយក្នុងការជាក់ស្តែងនេះ ខ្ញុំឃើញសេះទាំងនោះ នឹងអ្នកដែលជិះដែរ គេមានពាក់អាវសឹកសម្បុរភ្លើង ស្វាយខ្ចី នឹងស្ពាន់ធ័រ ឯក្បាលសេះនោះដូចជាក្បាលសិង្ហ មានភ្លើង ផ្សែង ហើយស្ពាន់ធ័រចេញពីមាត់វាមក ១៨មនុស្សលោក ១ភាគក្នុង៣ បានស្លាប់ ដោយសេចក្តីវេទនាទាំង៣មុខនេះ គឺដោយភ្លើង ផ្សែង នឹងស្ពាន់ធ័រ ដែលចេញពីមាត់វាមកនោះឯង ១៩ពីព្រោះអំណាចរបស់សេះទាំងនោះ គឺមាននៅក្នុងមាត់នឹងក្នុងកន្ទុយវា ដ្បិតកន្ទុយវាដូចជាពស់ ដែលមានក្បាល ហើយវាក៏ធ្វើទុក្ខដោយសារកន្ទុយនោះ ២០រីឯសំណល់មនុស្សដែលមិនបានស្លាប់ ដោយសារសេចក្តីវេទនាទាំងនោះ ក៏នៅតែមិនព្រមប្រែចិត្ត ចេញពីការដែលស្នាដៃគេធ្វើ ដើម្បីនឹងលះចោលការគោរពដល់អារក្ស នឹងរូបព្រះ ធ្វើពីមាស ប្រាក់ លង្ហិន ថ្ម ឬពីឈើក្តី ដែលមើលមិនឃើញ ស្តាប់មិនឮ ហើយដើរមិនរួចនោះឡើយ ២១ក៏មិនបានប្រែចិត្តចោលការកាប់សំឡាប់ មន្តអាគម កំផិត នឹងការលួចប្លន់ ដែលគេប្រព្រឹត្តផងដែរ។



១០ ១ខ្ញុំក៏ឃើញទេវតាដ៏ខ្លាំងពូកែ១ទៀត ចុះមកពីលើមេឃ មានពពកហ៊ុំ ហើយមានឥន្ទធនូនៅលើក្បាល មុខនៃទេវតានោះដូចជាថ្ងៃ ហើយជើងដូចជាបង្គោលភ្លើង ២មានកាន់ក្រាំង១តូចបើកនៅដៃ ក៏ឈានជើងស្តាំទៅលើសមុទ្រ ហើយជើងឆ្វេងទៅលើដីគោក ៣រួចបន្លឺឡើងដោយសំឡេងយ៉ាងខ្លាំង ដូចជាសំឡេងនៃសត្វសិង្ហដែលគ្រហឹម លុះបានបន្លឺស្រេចហើយនោះ ក៏មានឮសំឡេងផ្គរលាន់៧ ៤កាលបានឮផ្គរលាន់ទាំង៧នោះរួចហើយ នោះខ្ញុំរៀបនឹងសរសេរ តែមានសំឡេងចេញពីលើមេឃប្រាប់ខ្ញុំថា ចូរបំបិទសេចក្តីដែលផ្គរលាន់ទាំង៧បានថ្លែងនោះទៅ កុំឲ្យកត់សេចក្តីទាំងនោះឡើយ ៥រួចទេវតាដែលខ្ញុំឃើញឈរលើសមុទ្រ ហើយលើដីគោក ក៏លើកដៃស្តាំទៅលើមេឃ ៦ទាំងស្បថនឹងព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ ជាព្រះដែលបង្កើតមេឃ ដីសមុទ្រ នឹងរបស់ទាំងប៉ុន្មាន ដែលនៅស្ថានទាំងនោះថា គ្មានពេលបង្អង់ទៀតឡើយ ៧តែនៅគ្រាដែលឮសំឡេងទេវតាទី៧ ក្នុងកាលដែលរៀបនឹងផ្លុំត្រែ នោះសេចក្តីអាថ៌កំបាំងនៃព្រះនឹងបានសំរេច ដូចជាទ្រង់បានផ្សាយដំណឹងល្អមកប្រាប់ពួកហោរា ជាពួកបាវបំរើរបស់ទ្រង់ដែរ។

៨ឯសំឡេងដែលខ្ញុំឮពីលើមេឃ នោះក៏និយាយមកខ្ញុំម្តងទៀតថា ចូរទៅយកក្រាំងតូចដែលបើកនៅដៃទេវតាដែលឈរលើសមុទ្រ ហើយលើដីគោកនោះចុះ ៩ខ្ញុំក៏ទៅឯទេវតានោះ និយាយថា សូមឲ្យក្រាំងតូចនោះមកខ្ញុំ ទេវតាឆ្លើយថា ចូរយកទៅបរិភោគចុះ ក្រាំងនេះនឹងធ្វើឲ្យពោះឯងល្វីង តែនៅក្នុងមាត់នឹងបានផ្អែមដូចទឹកឃ្មុំទេ ១០នោះខ្ញុំក៏យកក្រាំងតូចពីដៃទេវតាមកទទួលទាន ឯនៅក្នុងមាត់ខ្ញុំ ក៏ផ្អែមដូចទឹកឃ្មុំមែន តែកាលខ្ញុំបានទទួលទានរួចទៅហើយ នោះពោះខ្ញុំបានទៅជាល្វីងវិញ ១១រួចទេវតាប្រាប់ខ្ញុំថា ឯងត្រូវទាយម្តងទៀត គឺទាយពីដំណើរគ្រួសារ នឹងពីពួកសាសន៍ ពីភាសាផ្សេងៗ ហើយពីស្តេចជាច្រើន។



១១ ១មានគេឲ្យដើមបបុសទុកជាខ្នាតមកខ្ញុំ ដោយថា ចូរក្រោកឡើងទៅវាស់ព្រះវិហារនៃព្រះ នឹងអាសនា ហើយនឹងពួកអ្នកដែលថ្វាយបង្គំក្នុងព្រះវិហារផង ២តែទីលានដែលនៅខាងក្រៅ នោះត្រូវចោលចេញ កុំឲ្យវាស់ឡើយ ដ្បិតបានឲ្យទីនោះដល់សាសន៍ដទៃហើយ គេនឹងជាន់ទីក្រុងបរិសុទ្ធអស់រវាង៤២ខែ ៣អញនឹងឲ្យអំណាចដល់ស្មរបន្ទាល់អញទាំង២នាក់ គេនឹងទាយក្នុងរវាង១២៦០ថ្ងៃ ទាំងស្លៀកពាក់សំពត់ធ្មៃផង ៤អ្នក២នាក់នោះ គេជាដើមអូលីវទាំង២ ហើយជាចង្កៀងទាំង២ ដែលឈរនៅចំពោះព្រះអម្ចាស់នៃផែនដី ៥បើអ្នកណាចង់ធ្វើទុក្ខដល់អ្នក២នាក់នោះ នឹងមានភ្លើងចេញពីមាត់គេមកបញ្ឆោះបំផ្លាញពួកខ្មាំងសត្រូវវិញ បើសិនជាអ្នកណាចង់ធ្វើទុក្ខគេ នោះត្រូវស្លាប់ទៅយ៉ាងដូច្នោះ ៦អ្នកទាំង២ នោះមានអំណាចនឹងធ្វើឲ្យមេឃរាំង មិនឲ្យភ្លៀងធ្លាក់មកក្នុងគ្រាដែលគេទាយ ក៏មានអំណាចនឹងបំផ្លាស់ទឹកឲ្យទៅជាឈាម ហើយនឹងធ្វើឲ្យផែនដីកើតមានសេចក្តីវេទនាគ្រប់យ៉ាង ក្នុងវេលាណាក៏ដោយ តាមតែចិត្តបាន។

៧កាលណាអ្នក២នាក់នោះ បានធ្វើបន្ទាល់របស់ខ្លួនស្រេចហើយ នោះសត្វសាហាវដែលឡើងមកពីជង្ហុកធំនឹងច្បាំងនឹងគេ ទាំងឈ្នះហើយសំឡាប់គេផង ៨ខ្មោចគេទាំង២នាក់ នឹងដេកនៅផ្លូវទីក្រុងធំដែលខាងព្រលឹងវិញ្ញាណហៅថាក្រុងសូដុំម ហើយស្រុកអេស៊ីព្ទ គឺនៅក្រុងនោះឯង ដែលមនុស្សបានឆ្កាងព្រះអម្ចាស់នៃអ្នកទាំង២នោះដែរ ៩នោះនឹងមានមនុស្សពីគ្រប់ទាំងគ្រួសារ ពូជមនុស្ស ភាសា នឹងសាសន៍ទាំងប៉ុន្មាន បានឃើញខ្មោចគេ នៅអស់៣ថ្ងៃកន្លះ មិនព្រមឲ្យអ្នកណាកប់ឡើយ ១០ហើយមនុស្សនៅផែនដីទាំងប៉ុន្មាន គេនឹងមានសេចក្តីអំណរ ហើយលេងសប្បាយ ពីដំណើរអ្នកទាំង២បានស្លាប់ហើយ ក៏នឹងជូនជំនូនគ្នាទៅវិញទៅមក ពីព្រោះហោរាទាំង២នោះបានធ្វើទុក្ខដល់មនុស្ស ដែលនៅផែនដីទាំងប៉ុន្មានជាខ្លាំងណាស់។

១១ក្រោយ៣ថ្ងៃកន្លងមក ព្រះវិញ្ញាណនៃជីវិតដែលមកពីព្រះក៏ចូលក្នុងខ្មោចទាំង២ រួចគេក្រោកឈរឡើង ហើយពួកអ្នកដែលឃើញក៏មានសេចក្តីភ័យខ្លាចជាខ្លាំង ១២នោះអ្នកទាំង២បានឮសំឡេងពីលើមេឃថា ចូរឡើងមកឯណេះ គេក៏ឡើងទៅលើមេឃឰដ៏ពពក ពួកខ្មាំងសត្រូវរបស់គេក៏ឃើញដែរ ១៣នៅវេលានោះឯងមានកក្រើកដីជាខ្លាំងទីក្រុងនោះ ១ភាគក្នុង១០ ក៏រលំអស់ទៅហើយមានមនុស្ស៧ពាន់នាក់ស្លាប់ក្នុងខណដែលកក្រើកដីនោះ ឯពួកមនុស្សដែលសល់គេមានចិត្តភ័យខ្លាច ក៏សរសើរដំកើងដល់ព្រះនៃស្ថានសួគ៌ ១៤សេចក្តីវេទនាទី២ បានកន្លងទៅហើយ មើលសេចក្តីវេទនាទី៣ ត្រូវមកជាឆាប់។

១៥ទេវតាទី៧ ក៏ផ្លុំឡើង នោះមានឮសំឡេងជាច្រើនបន្លឺឡើង នៅលើមេឃថា នគរទាំងប៉ុន្មាននៅលោកីយបានត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើងរាល់គ្នា នឹងជារបស់ផងព្រះគ្រីស្ទនៃទ្រង់ហើយ ទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ ១៦នោះពួកចាស់ទុំទាំង២៤នាក់ដែលអង្គុយនៅលើបល្ល័ង្ករបស់ខ្លួន នៅចំពោះព្រះ ក៏ទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំដល់ទ្រង់ ១៧ទូលថាឱព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្តាបំផុត ដែលគង់នៅ ក៏បានគង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀតអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់ ព្រោះទ្រង់បានយកព្រះចេស្តាដ៏ធំរបស់ទ្រង់ ហើយបានសោយរាជ្យឡើង ១៨អស់ទាំងសាសន៍បានមានសេចក្តីកំហឹង ហើយសេចក្តីខ្ញាល់ទ្រង់ក៏មកដល់ ជាពេលកំណត់ ដែលត្រូវជំនុំជំរះពួកមនុស្សស្លាប់ ហើយប្រទានរង្វាន់ដល់ពួកហោរា ពួកបរិសុទ្ធ នឹងអស់អ្នកដែលកោតខ្លាចដល់ព្រះនាមទ្រង់ គឺជាពួកបាវបំរើទ្រង់ទាំងតូចទាំងធំដែរ ហើយជាពេលត្រូវបំផ្លាញពួកអ្នកដែលបង្ខូចផែនដីផង។ ១៩នោះមានគេបើកព្រះវិហារនៃព្រះ នៅស្ថានសួគ៌ ហើយឃើញមានហិបនៃសេចក្តីសញ្ញារបស់ទ្រង់ នៅក្នុងព្រះវិហារនោះ រួចមានផ្លេកបន្ទោរ សៀងសំឡេង ផ្គរលាន់កក្រើកដី នឹងព្រឹលយ៉ាងធំៗ។



១២ ១រួចមានទីសំគាល់១យ៉ាងធំ នៅលើមេឃ គឺជាស្ត្រីម្នាក់ប្រដាប់ខ្លួនដោយព្រះអាទិត្យ មានព្រះចន្ទនៅក្រោមជើង ក៏មានមកុដធ្វើពីផ្កាយ១២ នៅលើក្បាលដែរ ២នាងមានគភ៌ ក៏ស្រែកដោយរៀបនឹងសំរាលចេញ ទាំងឈឺចាបនឹងបង្កើតកូនមក។

៣ឃើញមានទីសំគាល់១ទៀតនៅលើមេឃ គឺនាគដ៏ធំមានសម្បុរក្រហម ដែលមានក្បាល់៧ នឹងស្នែង១០ ឯនៅលើក្បាលវា មានមកុដ៧ ៤កន្ទុយវាក៏ទាញផ្កាយនៅលើមេឃ ១ភាគក្នុង៣ គ្រវាត់ចោលទៅផែនដី នាគនោះក៏ស្ថិតនៅត្រង់មុខស្ត្រី ដែលរៀបនឹងសំរាលកូននោះ ដើម្បីនឹងលេបកូននាង ក្នុងកាលដែលសំរាលចេញមក ៥នាងសំរាលបានកូនប្រុស ដែលត្រូវឃ្វាលគ្រប់អស់ទាំងសាសន៍ ដោយដំបងដែក តែព្រះទ្រង់លើកកូននាងទៅឯទ្រង់ នឹងដល់បល្ល័ង្កទ្រង់វិញ ៦រួចស្ត្រីនោះក៏រត់ទៅឯទីរហោស្ថាន នៅទីនោះព្រះបានរៀបកន្លែងឲ្យនាង ដើម្បីនឹងចិញ្ចឹមនាងនៅទីនោះ អស់រវាង១២៦០ថ្ងៃ។

៧នោះមានចំបាំងនៅលើមេឃ គឺមីកែល នឹងពួកទេវតារបស់លោកច្បាំងនឹងនាគ ហើយនាគ នឹងទេវតាវាក៏ច្បាំងនឹងលោកដែរ ៨តែមិនបានឈ្នះទេ ក៏មិនឃើញមានកន្លែងណាឲ្យវា នៅលើមេឃទៀតផង ៩នោះនាគធំត្រូវបោះទំលាក់ទៅ គឺជាពស់ពីបុរាណ ដែលឈ្មោះហៅថាអារក្ស ហើយសាតាំងផង ដែលបាននាំលោកីយទាំងមូលឲ្យវង្វេងចេញ វាត្រូវបោះទំលាក់ទៅផែនដីវិញព្រមទាំងពួកទេវតារបស់វាផង។

១០នោះខ្ញុំឮសំឡេង១យ៉ាងខ្លាំង នៅលើមេឃថា ឥឡូវនេះ សេចក្តីសង្គ្រោះ ព្រះចេស្តា នឹងរាជ្យរបស់ព្រះនៃយើងរាល់គ្នា ហើយអំណាចរបស់ព្រះគ្រីស្ទនៃទ្រង់ បានមកដល់ហើយ ដ្បិតអានោះដែលចោទប្រកាន់ពីពួកបងប្អូនយើងរាល់គ្នា ដែលចេះតែចោទពីគេ នៅចំពោះព្រះទាំងយប់ទាំងថ្ងៃ វាត្រូវបោះទំលាក់ទៅហើយ ១១គេបានឈ្នះវា ដោយសារឈាមនៃកូនចៀម ហើយដោយសារសេចក្តីបន្ទាល់របស់គេ ក៏មិនបានស្តាយជីវិតខ្លួនដរាបដល់ស្លាប់ ១២ដោយហេតុនោះ ឱស្ថានសួគ៌នឹងពួកអ្នកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង តែវេទនាដល់ផែនដី នឹងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្តីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ។

១៣លុះនាគឃើញថា វាត្រូវបោះទំលាក់ទៅផែនដីហើយ នោះវាក៏ធ្វើទុក្ខដល់ស្ត្រីដែលសំរាលកូនប្រុសនោះ ១៤តែព្រះទ្រង់ប្រទានស្ត្រីនោះមានស្លាប២ ដូចជាស្លាបនៃសត្វឥន្ទ្រី ដើម្បីឲ្យនាងបានហើរទៅនៅកន្លែងរបស់នាង នៅទីរហោស្ថាន ជាកន្លែងដែលទ្រង់ចិញ្ចឹមនាងអស់១ខួប ២ខួបហើយកន្លះខួបផង ឲ្យឃ្លាតពីមុខសត្វពស់នោះចេញ ១៥រួចពស់វាព្រួសទឹកចេញពីមាត់វាដូចជាទន្លេឲ្យហូរទៅតាមស្ត្រីនោះ ដើម្បីនឹងបន្សាត់នាងឲ្យបាត់តាមទន្លេនោះទៅ ១៦តែផែនដីបានជួយនាងដោយហាឡើងលេបទន្លេ ដែលនាគព្រួសចេញពីមាត់វាទៅបាត់ ១៧នាគក៏ខឹងនឹងស្ត្រីនោះ ហើយចេញទៅច្បាំងនឹងសំណល់ពូជនាងទាំងប៉ុន្មាន ជាពួកអ្នកដែលកាន់តាមបញ្ញត្តព្រះ ហើយមានសេចក្តីបន្ទាល់ពីព្រះយេស៊ូវ។



១៣ ១ខ្ញុំក៏ឈរលើខ្សាច់ នៅមាត់សមុទ្រ ហើយខ្ញុំឃើញសត្វសាហាវ១ ឡើងចេញពីសមុទ្រមក ដែលមានស្នែង១០ នឹងក្បាល៧ រីឯនៅលើស្នែងវា មានមកុដ១០ ហើយនៅលើក្បាលទាំងប៉ុន្មាន នោះមានឈ្មោះ ជាពាក្យប្រមាថ ២សត្វដែលខ្ញុំឃើញនោះ មើលទៅដូចជាខ្លារខិនជើងវាដូចជាជើងនៃខ្លាឃ្មុំ ហើយមាត់វាដូចជាមាត់សិង្ហនាគក៏ឲ្យឫទ្ធិ នឹងបល្ល័ង្ករបស់វាដល់សត្វនោះ ព្រមទាំងអំណាចយ៉ាងធំដែរ ៣ខ្ញុំឃើញក្បាលវា១ ដូចជាបានកាប់សំឡាប់ ហើយតែរបួសដល់ស្លាប់នោះបានសះជាឡើងវិញ ហើយផែនដីក៏អស្ចារ្យនឹងសត្វនោះ ៤គេក្រាបថ្វាយបង្គំដល់នាគ ដែលឲ្យសត្វនោះមានអំណាច ព្រមទាំងក្រាបថ្វាយបង្គំដល់សត្វនោះដែរ ដោយនិយាយថា តើមានអ្នកណាដូចសត្វនេះ មានអ្នកឯណាដែលអាចច្បាំងនឹងវាបាន ៥នាគក៏ឲ្យវាមានមាត់ចេះនិយាយជាពាក្យសំដីដ៏ធំ នឹងពាក្យប្រមាថក៏ឲ្យមានអំណាចនឹងធ្វើការវាក្នុងរវាង៤២ខែ ៦វាបើកមាត់ប្រមាថដល់ទាំងព្រះ នឹងព្រះនាម ហើយព្រះវិហារនៃទ្រង់ដែរ ព្រមទាំងដល់ពួកអ្នកដែលនៅស្ថានសួគ៌ផង ៧ក៏មានអំណាចបានប្រគល់ដល់វា ឲ្យច្បាំងឈ្នះពួកបរិសុទ្ធបាន ហើយនឹងអំណាចលើគ្រប់ទាំងពូជមនុស្ស គឺអស់ទាំងគ្រួសារ នឹងភាសាហើយនឹងអស់ទាំងសាសន៍ផង ៨ឯអស់មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសំឡាប់ តាំងពីកំណើតលោកីយមក នោះនឹងក្រាបថ្វាយបង្គំចំពោះសត្វនោះ ៩បើអ្នកណាមានត្រចៀកឲ្យ អ្នកនោះស្តាប់ចុះ ១០បើអ្នកណាដឹកនាំគេឲ្យទៅជាឈ្លើយ អ្នកនោះឯងនឹងត្រូវគេដឹកនាំខ្លួនទៅជាឈ្លើយដែរ បើអ្នកណាកាប់សំឡាប់គេដោយដាវ នោះនឹងត្រូវស្លាប់ដោយដាវដែរ នេះហើយជាសេចក្តីអត់ធ្មត់ នឹងសេចក្តីជំនឿរបស់ពួកបរិសុទ្ធ។

១១ខ្ញុំក៏ឃើញសត្វសាហាវ១ទៀត ឡើងចេញពីដីមក វាមានស្នែង២ ដូចជាកូនចៀម តែពោលពាក្យដូចជានាគវិញ ១២ក៏ប្រព្រឹត្តដោយនូវគ្រប់ទាំងអំណាចរបស់សត្វទី១ នៅមុខនាគនោះ ទាំងបណ្តាលឲ្យផែនដី នឹងអស់អ្នកដែលនៅផែនដីបានក្រាបថ្វាយបង្គំ ដល់សត្វទី១ ដែលមានរបួសដល់ស្លាប់នោះ តែបានសះជាវិញនោះផង ១៣វាក៏ធ្វើទីសំគាល់យ៉ាងធំ ដល់ម៉្លេះបានជាធ្វើឲ្យធ្លាក់ទាំងភ្លើង ពីលើមេឃមកលើផែនដី នៅមុខមនុស្សលោកផង ១៤វាបញ្ឆោតពួកមនុស្សនៅផែនដី ដោយសារទីសំគាល់ដែលវាមានអំណាចនឹងធ្វើ នៅមុខសត្វនោះក៏ប្រាប់ដល់ពួកអ្នកនៅផែនដី ឲ្យធ្វើរូបសត្វនោះ ដែលត្រូវរបួសនឹងដាវ តែបានរស់វិញដែរ ១៥ក៏មានអំណាចបានប្រគល់ឲ្យវា នឹងធ្វើឲ្យរូបសត្វនោះមានខ្យល់ដង្ហើម ដើម្បីឲ្យបានចេះនិយាយ ហើយអំណាចនឹងធ្វើឲ្យពួកអ្នក ដែលមិនព្រមក្រាបថ្វាយបង្គំរូបសត្វនោះ ត្រូវស្លាប់ផង ១៦វាក៏បង្ខំមនុស្សទាំងអស់ ទាំងធំ ទាំងតូច ទាំងមាន ទាំងក្រ ហើយទាំងអ្នកជា នឹងបាវគេ ឲ្យទទួលទីសំគាល់នៅដៃស្តាំ ឬនៅថ្ងាសគេរៀងខ្លួន ១៧ហើយមិនបើកឲ្យអ្នកណាមានច្បាប់នឹងទិញ ឬលក់អ្វីបានឡើយ លើកតែអ្នកដែលមានទីសំគាល់នោះចេញ គឺជាឈ្មោះរបស់សត្វនោះ ឬជាលេខឈ្មោះរបស់វា ១៨នេះហើយជាប្រាជ្ញាអ្នកណាដែលមានយោបល់ ឲ្យអ្នកនោះរាប់លេខនៃសត្វនោះចុះ ដ្បិតលេខនោះជាលេខរបស់មនុស្សគឺ៦៦៦។



១៤ ១ខ្ញុំក្រឡេកទៅឃើញកូនចៀម ឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្ស១សែន៤ម៉ឺន៤ពាន់នាក់ ដែលមានព្រះនាមទ្រង់ នឹងព្រះនាមព្រះវរបិតាទ្រង់កត់លើថ្ងាស គេបានឈរជាមួយដែរ ២រួចខ្ញុំឮសំឡេងមកពីលើមេឃ ដូចជាសូរទឹកច្រើន ហើយដូចផ្គរលាន់យ៉ាងខ្លាំង រីឯសំឡេងដែលខ្ញុំឮនោះ ក៏ដូចជាសូរសព្ទរបស់ពួកដន្ត្រីដែលកំពុងតែចាប់ស៊ុង ៣គេច្រៀងបទ១ថ្មី នៅមុខបល្ល័ង្ក ហើយមុខតួមានជីវិតទាំង៤ នឹងពួកចាស់ទុំដែរ គ្មានអ្នកណាអាចនឹងរៀនបទនោះបានទេ មានតែមនុស្ស ១សែន៤ម៉ឺន៤ពាន់នាក់ ដែលទ្រង់លោះពីផែនដីចេញប៉ុណ្ណោះ ៤នោះជាពួកព្រហ្មចារី ដែលមិនបានបង្ខូចខ្លួននឹងស្រីឡើយ គេតាមកូនចៀមទៅគ្រប់កន្លែងដែលទ្រង់យាងទៅ ទ្រង់បានលោះគេចេញពីពួកមនុស្សលោក ទុកជាផ្លែដំបូងថ្វាយដល់ព្រះ ហើយនឹងកូនចៀម ៥មិនឃើញមានសេចក្តីភូតភរ នៅក្នុងមាត់គេឡើយ ដ្បិតគេឥតសៅហ្មង។

៦ខ្ញុំក៏ឃើញទេវតា១ទៀត កំពុងហោះកាត់កណ្តាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ច សំរាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ ៧ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ ចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ នឹងរន្ធទឹកទាំងប៉ុន្មានចុះ។ ៨មានទេវតា១ទៀតមកតាមក្រោយប្រាប់ថា ក្រុងបាប៊ីឡូនដ៏ជាធំ បានរលំហើយ បានរលំហើយ ដ្បិតវាបានឲ្យគ្រប់ទាំងសាសន៍ផឹកស្រានៃសេចក្តីឃោរឃៅរបស់ការកំផិតខ្លួន។

៩រួចមានទេវតាទី៣ មកតាមក្រោយទៀត ទាំងបន្លឺដោយសំឡេងយ៉ាងខ្លាំងថា បើអ្នកណាក្រាបថ្វាយបង្គំដល់សត្វនោះ នឹងរូបវា ហើយទទួលទីសំគាល់វានៅលើថ្ងាស ឬនៅដៃ ១០អ្នកនោះនឹងត្រូវផឹកស្រាផងសេចក្តីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្តីក្រោធរបស់ទ្រង់ ព្រមទាំងត្រូវរងទុក្ខវេទនានៅក្នុងភ្លើង នឹងស្ពាន់ធ័រ ចំពោះមុខនៃពួកទេវតាបរិសុទ្ធនឹងកូនចៀមផង ១១ឯផ្សែងនៃសេចក្តីទុក្ខលំបាករបស់គេ នឹងហុយឡើងអស់កល្បជានិច្ចរៀងរាបតទៅ គេនឹងឥតមានសេចក្តីស្រាកស្រាន្តឡើយ ទាំងយប់ទាំងថ្ងៃ គឺពួកអ្នកដែលក្រាបថ្វាយបង្គំដល់សត្វនោះ នឹងរូបវា ឬអ្នកណាដែលទទួលទីសំគាល់នៃឈ្មោះវាផង ១២នេះហើយជាសេចក្តីអត់ធ្មត់របស់ពួកបរិសុទ្ធ ដែលកាន់តាមបញ្ញត្តរបស់ព្រះ ហើយមានសេចក្តីជំនឿដល់ព្រះយេស៊ូវ។

១៣ខ្ញុំក៏ឮសំឡេងពីលើមេឃថា ចូរកត់ទុកដូច្នេះថា ពីនេះទៅមុខ អស់អ្នកណាដែលស្លាប់ក្នុងព្រះអម្ចាស់ នោះមានពរហើយ ព្រះវិញ្ញាណទ្រង់មានបន្ទូលថា ហ្នឹងហើយ គឺដើម្បីឲ្យគេបានឈប់សំរាក ពីគ្រប់ទាំងការនឿយហត់របស់គេ ដ្បិតការគេធ្វើ ក៏តាមគេជាប់។

១៤នោះខ្ញុំក្រឡេកទៅឃើញពពកស១ ហើយមាន១អង្គ ដូចជាកូនមនុស្ស គង់នៅលើពពកនោះ ទាំងពាក់មកុដមាស ហើយកាន់កណ្តៀវដ៏មុត ១៥រួចមានទេវតា១ ទៀតចេញពីព្រះវិហារមក បន្លឺដោយសំឡេងយ៉ាងខ្លាំង ដល់ព្រះអង្គដែលគង់លើពពកថា សូមលូកកណ្តៀវទ្រង់ទៅច្រូតចុះ ដ្បិតជាវេលាត្រូវច្រូតហើយ ពីព្រោះនៅផែនដីបានទុំជាស្រេច ១៦នោះព្រះអង្គ ដែលគង់នៅលើពពកទ្រង់លូកកណ្តៀវទៅឯផែនដី ដូច្នេះ ផែនដីក៏បានច្រូតរួចហើយ។ ១៧រួចមានទេវតា១ទៀត ចេញពីព្រះវិហារនៅស្ថានសួគ៌មក ទាំងកាន់ចែយ៉ាងមុតដែរ ១៨ហើយមានទេវតា១ទៀត ដែលមានអំណាចលើភ្លើង ក៏ចេញពីអាសនាមក បន្លឺដោយសំឡេងយ៉ាងខ្លាំង ដល់ទេវតាដែលកាន់ចែដ៏មុតនោះថា ចូរលូកចែដ៏មុតរបស់ឯង ទៅកាត់ចង្កោមទំពាំងបាយជូរ នៅផែនដីទៅ ដ្បិតផ្លែទុំហើយ ១៩ទេវតានោះក៏លូកចែទៅឯផែនដី ហើយកាត់ផ្លែទំពាំងបាយជូរនៅផែនដីទាំងអស់ រួចបោះទៅក្នុងធុងជាន់ផ្លែយ៉ាងធំរបស់ផងសេចក្តីក្រោធនៃព្រះ ២០នោះមានគេជាន់ក្នុងធុងនោះ នៅខាងក្រៅទីក្រុង ហើយមានឈាមចេញពីធុងឡើងទៅត្រឹមដែកបង្ខាំសេះ ចំងាយ៣០០គីឡូម៉ែត្រទៅ។



១៥ ១ខ្ញុំក៏ឃើញទីសំគាល់១ទៀត ដែលធំហើយអស្ចារ្យ នៅលើមេឃ គឺមានទេវតា៧ ដែលកាន់សេចក្តីវេទនាទាំង៧ ក្រោយបង្អស់ ដ្បិតសេចក្តីឃោរឃៅរបស់ព្រះបានសំរេច ដោយសេចក្តីវេទនាទាំងនោះ។

២រួចខ្ញុំមើលទៅឃើញដូចជាសមុទ្រកែវ លាយនឹងភ្លើង ហើយពួកអ្នកដែលបានឈ្នះសត្វនោះ នឹងរូបវា ហើយលេខឈ្មោះវាផង គេឈរលើសមុទ្រនោះ ទាំងកាន់ស៊ុងរបស់ព្រះគ្រប់គ្នា ៣គេច្រៀងទំនុករបស់លោកម៉ូសេ ជាបាវបំរើនៃព្រះ នឹងទំនុករបស់កូនចៀមថា ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ ការទ្រង់សុទ្ធតែធំ ហើយអស្ចារ្យ ឱស្តេចនៃអស់ទាំងសាសន៍អើយ ផ្លូវទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់ ៤ឱព្រះអម្ចាស់អើយ តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាចដល់ទ្រង់ ហើយសរសើរដំកើងដល់ព្រះនាមទ្រង់ ដ្បិតមានតែទ្រង់១ ដែលបរិសុទ្ធ គ្រប់ទាំងសាសន៍នឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ដ្បិតការសុចរិតរបស់ទ្រង់ បានសំដែងមកឲ្យឃើញហើយ។

៥ក្រោយនោះ ខ្ញុំក្រឡេកទៅឃើញថា ទ្វារទីបរិសុទ្ធរបស់រោងឧបោសថនៃសេចក្តីបន្ទាល់នៅស្ថានសួគ៌ ក៏នៅចំហ ៦ហើយទេវតា៧ ដែលកាន់សេចក្តីវេទនាទាំង៧ ក៏ចេញពីព្រះវិហារមក ទាំងស្លៀកពាក់ជាសំពត់ទេសយ៉ាងស្អាត ហើយភ្លឺ មានទាំងខ្សែមាសរឹតនៅដើមទ្រូងផង ៧តួមានជីវិត១ ក៏ឲ្យចានកន្ទោងមាស៧ ទៅទេវតាទាំង៧ ដែលចានទាំងនោះពេញទៅដោយសេចក្តីឃោរឃៅរបស់ព្រះ ដ៏មានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ ៨នោះព្រះវិហារមានពេញដោយផ្សែងពីសិរីល្អ ហើយពីព្រះចេស្តានៃព្រះ គ្មានអ្នកណាអាចនឹងចូលទៅក្នុងព្រះវិហារបានទេ ទាល់តែសេចក្តីវេទនាទាំង៧ របស់ទេវតា៧ នោះបានសំរេចស្រេច។

១៦ ១ខ្ញុំក៏ឮសំឡេង១យ៉ាងខ្លាំង ចេញពីព្រះវិហារប្រាប់ទៅទេវតាទាំង៧ថា ចូរចាក់សេចក្តីឃោរឃៅរបស់ព្រះ ដែលនៅក្នុងចានទាំង៧ ទៅលើផែនដីទៅ។

២ទេវតាទី១ ក៏ចេញទៅ ចាក់ពីចានខ្លួន ទៅលើផែនដីនោះមនុស្សដែលមានទីសំគាល់របស់សត្វ នឹងអស់ពួកអ្នកដែលក្រាបថ្វាយបង្គំដល់រូបវា គេក៏កើតដំបៅកាចអាក្រក់ណាស់។

៣ទេវតាទី២ ក៏ចាក់ពីចានខ្លួន ទៅក្នុងសមុទ្រ រួចសមុទ្រត្រឡប់ទៅជាឈាម ដូចជាឈាមខ្មោច ហើយគ្រប់ទាំងសត្វនៅក្នុងសមុទ្រក៏ស្លាប់អស់។

៤ទេវតាទី៣ ក៏ចាក់ពីចានខ្លួន ទៅក្នុងទន្លេ នឹងរន្ធទឹកទាំងប៉ុន្មាន នោះក៏ប្រែទៅជាឈាមទាំងអស់ដែរ ៥រួចខ្ញុំឮទេវតានៃទឹកនិយាយថា ឱព្រះដ៏គង់នៅ ហើយបានគង់នៅតាំងតែពីដើមរៀងមកអើយ ដែលទ្រង់បានជំនុំជំរះ កាត់ទោសដូច្នេះ នោះសុចរិតហើយ ៦ដ្បិតគេបានកំចាយឈាមនៃពួកបរិសុទ្ធនឹងពួកហោរា ហើយទ្រង់បានប្រទានឈាមឲ្យគេផឹក គេគួរមានទោសដូច្នេះហើយ ៧រួចខ្ញុំឮអាសនាទទួលថា មែនហើយ ឱព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ សេចក្តីជំនុំជំរះរបស់ទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់ទាំងអស់។

៨ទេវតាទី៤ ក៏ចាក់ពីចានខ្លួន ទៅលើព្រះអាទិត្យ រួចព្រះអាទិត្យបានអំណាចនឹងធ្វើឲ្យមនុស្សត្រូវខ្លោច ដោយសារភ្លើង ៩មនុស្សលោកក៏ត្រូវខ្លោចទៅ ដោយអំណាចក្តៅជាខ្លាំង តែគេមិនបានប្រែចិត្ត ដើម្បីនឹងលើកសរសើរដល់សិរីល្អនៃព្រះទេ គឺគេប្រមាថដល់ព្រះនាមព្រះ ដែលមានអំណាចលើសេចក្តីវេទនាទាំងនោះវិញ។

១០ឯទេវតាទី៥ ក៏ចាក់ពីចានខ្លួន ទៅលើបល្ល័ង្ករបស់សត្វនោះ រួចនគរវាត្រឡប់ទៅជាងងឹតសូន្យសុង ហើយគេខាំអណ្តាត ដោយមានសេចក្តីទុក្ខលំបាក ១១ក៏ប្រមាថដល់ព្រះនៃស្ថានសួគ៌ ដោយព្រោះទុក្ខលំបាក នឹងដំបៅរបស់គេ តែមិនបានប្រែចិត្តលះចោលពីការដែលគេប្រព្រឹត្តឡើយ។

១២ទេវតាទី៦ ក៏ចាក់ពីចានខ្លួន ទៅលើទន្លេធំ គឺជាទន្លេអ៊ើប្រាត រួចទឹកទន្លេនោះក៏រីងទៅ ដើម្បីឲ្យបានរៀបចំផ្លូវរបស់ពួកស្តេចពីទិសខាងថ្ងៃរះ ១៣រួចខ្ញុំឃើញវិញ្ញាណអសោចិ៍៣ ដូចជាកង្កែប ចេញពីមាត់នាគ មាត់សត្វ នឹងពីមាត់ហោរាក្លែងក្លាយមក ១៤ដ្បិតវិញ្ញាណទាំងនោះជាវិញ្ញាណនៃពួកអារក្ស ដែលចេញទៅឯអស់ទាំងស្តេច នៅផែនដីទាំងមូលទាំងធ្វើទីសំគាល់ ដើម្បីនឹងប្រមូលស្តេចទាំងនោះមកក្នុងចំបាំង នៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្តាបំផុត ១៥(មើលអញមកដូចជាចោរប្លន់ មានពរហើយអ្នកណាដែលនៅចាំ ហើយរក្សាសំលៀកបំពាក់ខ្លួន ដើម្បីមិនឲ្យដើរអាក្រាត ឲ្យអ្នកណាឃើញកេរ្តិ៍ខ្មាសខ្លួនឡើយ) ១៦រួចវិញ្ញាណទាំងនោះក៏ប្រមូលគេទៅឯកន្លែង ដែលភាសាហេព្រើរហៅថា អើម៉ាគេដូន។

១៧ទេវតាទី៧ ក៏ចាក់ពីចានខ្លួន ទៅក្នុងអាកាស រួចមានឮសំឡេងខ្លាំង ចេញពីបល្ល័ង្កក្នុងព្រះវិហារនៅស្ថានសួគ៌ មកថា ស្រេចហើយ ១៨រួចមានផ្លេកបន្ទោរ សូរសំឡេង នឹងផ្គរលាន់ ហើយមានកក្រើកដីជាខ្លាំងដែរ ដល់ម៉្លេះបានជាតាំងពីមានមនុស្សនៅផែនដីរៀងមក នោះមិនដែលមានកក្រើកដីយ៉ាងខ្លាំង ហើយសំបើមដូច្នោះឡើយ ១៩ទីក្រុងដ៏ធំក៏ញែកចេញជា៣ភាគ អស់ទាំងទីក្រុងរបស់សាសន៍ដទៃទាំងប៉ុន្មានក៏រលំ ហើយព្រះទ្រង់នឹកចាំពីក្រុងបាប៊ីឡូនដ៏ជាធំ ដើម្បីនឹងឲ្យពែងស្រារបស់សេចក្តីឃោរឃៅផងសេចក្តីខ្ញាល់ទ្រង់ដល់គេ ២០នោះគ្រប់ទាំងកោះក៏បាត់ទៅ ហើយមិនឃើញមានភ្នំណាទៀតសោះឡើយ ២១ក៏មានព្រឹលយ៉ាងធំៗ គ្រាប់១ ទំងន់១ហាប ធ្លាក់ចុះពីផ្ទៃមេឃមកលើមនុស្សលោក ហើយមនុស្សលោកក៏ប្រមាថដល់ព្រះ ដោយព្រោះសេចក្តីវេទនា នឹងព្រឹលនោះពីព្រោះសេចក្តីវេទនានោះជាខ្លាំងក្រៃលែង។



១៧ ១ទេវតា១ ក្នុងពួកទាំង៧នោះ ដែលកាន់ចានកន្ទោង៧ ក៏មកនិយាយមកខ្ញុំថា ចូរមកឯណេះ ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញទោសនៃស្រីសំផឹងដ៏ធំ ដែលស្ថិតនៅលើទឹកច្រើន ២ដែលពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយអស់អ្នកនៅផែនដីបានស្រវឹង ដោយស្រារបស់សេចក្តីកំផិតនៃវា ៣ទេវតានោះក៏នាំវិញ្ញាណខ្ញុំទៅឯទីរហោស្ថាន នោះខ្ញុំឃើញមានស្ត្រីម្នាក់ ជិះនៅលើសត្វសម្បុរក្រហម ដែលពេញជាឈ្មោះប្រមាថ មានក្បាល៧ ហើយស្នែង១០ ៤សំលៀកបំពាក់របស់ស្ត្រីនោះ មានពណ៌ស្វាយ ហើយក្រហម ក៏តែងដោយមាស ត្បូងមានដំឡៃ ហើយនឹងកែវមុក្តា ព្រមទាំងកាន់ពែងមាសដែលពេញ ដោយសេចក្តីស្មោកគ្រោក របស់ការកំផិតដ៏គួរខ្ពើមរបស់វាផង ៥ហើយនៅថ្ងាសវាមានកត់ឈ្មោះថា «សេចក្តីអាថ៌កំបាំង ក្រុងបាប៊ីឡូនដ៏ជាធំ ជាម្តាយនៃពួកស្រីសំផឹង នឹងអស់ទាំងសេចក្តីគួរខ្ពើមនៅផែនដី» ៦ខ្ញុំក៏ឃើញស្ត្រីនោះស្រវឹងនឹងឈាមនៃពួកបរិសុទ្ធ ហើយនឹងឈាមពួកអ្នកដែលធ្វើបន្ទាល់ពីព្រះយេស៊ូវ លុះខ្ញុំឃើញវាហើយ ក៏មានសេចក្តីអស្ចារ្យជាខ្លាំង។

៧នោះទេវតាសួរខ្ញុំថា ហេតុអ្វីបានជាអ្នកមានសេចក្តីអស្ចារ្យដូច្នេះ ខ្ញុំនឹងប្រាប់ឲ្យអ្នកដឹង ពីសេចក្តីអាថ៌កំបាំងរបស់ស្ត្រីនោះ ហើយនឹងសត្វដែលវាជិះនោះ ដែលមានក្បាល៧ នឹងស្នែង១០ដែរ ៨ឯសត្វដែលអ្នកបានឃើញនោះ ពីដើមវានៅ ឥឡូវនេះបាត់ទៅហើយ ក៏រៀបនឹងឡើងចេញពីជង្ហុកធំមកវិញ រួចវានឹងត្រូវវិនាសបាត់ទៅឯអស់អ្នកនៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតតាំងពីកំណើតលោកីយមក គេនឹងមានសេចក្តីអស្ចារ្យដោយឃើញសត្វដែលពីដើមនៅ ឥឡូវនេះបាត់តែនឹងត្រឡប់មានឡើងវិញនោះ ៩នេះហើយជាគំនិតដ៏មានប្រាជ្ញាឯក្បាលទាំង៧ នោះជាភ្នំ៧ គឺជាកន្លែងដែលស្ត្រីនោះអង្គុយនៅ ១០ក៏មានស្តេច៧អង្គ ឯ៥អង្គបានដួលហើយ មាន១អង្គនៅសព្វថ្ងៃ ហើយ១អង្គទៀតមិនទាន់មកដល់ទេ កាលណាស្តេចនោះបានមកហើយ នោះនឹងនៅមិនយូរប៉ុន្មានទេ ១១រីឯសត្វដែលពីដើមមាន តែឥឡូវនេះបាត់ នោះជាស្តេចទី៨ ដែលកើតមកពីស្តេច៧អង្គនោះ ហើយត្រូវវិនាសបាត់ទៅវិញ ១២ឯស្នែង១០ ដែលអ្នកឃើញ នោះជាស្តេច១០អង្គ ដែលមិនទាន់ទទួលរាជ្យនៅឡើយ តែនឹងទទួលអំណាចជាស្តេច នៅតែ១ម៉ោងប៉ុណ្ណោះ ជាមួយនឹងសត្វនោះ ១៣ស្តេចទាំងនោះនឹងមានគំនិតតែ១ ដើម្បីនឹងប្រគល់កំឡាំងនឹងអំណាចខ្លួនដល់សត្វនោះ ១៤គេនឹងឹច្បាំងទាស់នឹងកូនចៀម តែកូនចៀមនឹងឈ្នះគេ ពីព្រោះទ្រង់ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច ឯពួកអ្នកដែលនៅជាមួយនឹងទ្រង់ នោះជាអ្នកដែលទ្រង់បានហៅ បានរើស ហើយជាអ្នកស្មោះត្រង់ទាំងអស់គ្នា។

១៥ទេវតាក៏ប្រាប់ខ្ញុំថា ឯទឹកដែលអ្នកបានឃើញ ជាកន្លែងដែលស្រីសំផឹងអង្គុយនោះ គឺជាប្រជាជន នឹងមនុស្សផងទាំងឡាយ គ្រប់សាសន៍គ្រប់ភាសា ១៦ស្នែងទាំង១០ ដែលអ្នកឃើញ ព្រមទាំងសត្វនោះផង នោះនឹងស្អប់ដល់ស្រីសំផឹង ហើយនឹងបំផ្លាញវាទៅ ទាំងធ្វើឲ្យវានៅអាក្រាត រួចនឹងស៊ីសាច់វា ហើយដុតវានៅក្នុងភ្លើង ១៧ដ្បិតព្រះទ្រង់បានបណ្តាលចិត្តគេ ឲ្យធ្វើតាមគំនិតទ្រង់ ហើយឲ្យគេមូលគំនិត នឹងប្រគល់រាជ្យគេ ដល់សត្វនោះ ទាល់តែព្រះបន្ទូលនៃព្រះបានសំរេច ១៨ឯស្ត្រីដែលអ្នកបានឃើញ នោះគឺជាទីក្រុងដ៏ធំ ដែលមានអំណាចលើស្តេចទាំងប៉ុន្មាននៅផែនដី។



១៨ ១ក្រោយនោះមក ខ្ញុំឃើញទេវតា១ទៀតចុះពីស្ថានសួគ៌មក មានអំណាចយ៉ាងធំ ហើយសិរីល្អរបស់ទេវតានោះក៏បំភ្លឺផែនដី ២ទេវតានោះបន្លឺឡើង ដោយសំឡេងយ៉ាងខ្លាំងថា ក្រុងបាប៊ីឡូនដ៏ជាធំបានរលំហើយ បានរលំហើយ ក៏ត្រឡប់ជាលំនៅនៃពួកអារក្ស ជាកន្លែងរបស់អស់ទាំងវិញ្ញាណអសោចិ៍ នឹងអស់ទាំងសត្វស្លាបអសោចិ៍គួរខ្ពើម ៣ពីព្រោះគ្រប់ទាំងសាសន៍បានផឹកស្រារបស់សេចក្តីឃោរឃៅផងសេចក្តីកំផិតវា ពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយពួកជំនួញនៅផែនដី បានត្រឡប់ជាមានឡើង ដោយអំណាចនៃការហ៊ឺហារបស់វាដែរ។

៤ខ្ញុំក៏ឮសំឡេង១ទៀតពីលើមេឃ ពោលថា រាស្ត្រអញអើយ ចូរចេញពីទីក្រុងនោះមក ដើម្បីកុំឲ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយ ក្រែងត្រូវវេទនាដូចជាវាដែរ ៥ដ្បិតអំពើបាបវាបានគរជាគំនរឡើងដល់ផ្ទៃមេឃ ហើយព្រះទ្រង់បាននឹកចាំពីការទុច្ចរិតរបស់វា ៦ចូរសងវាតាមការដែលវាបានធ្វើដល់ឯងចុះ ទាំងទ្វេ១ជា២ ឲ្យវាផង ចូរចាក់១ជា២ ទៅក្នុងពែង ដែលវាបានចាក់ឲ្យឯង ៧ដែលវាបានដំកើងខ្លួន ហើយរស់ដោយហ៊ឺហាយ៉ាងណា នោះត្រូវឲ្យវាមានសេចក្តីទុក្ខលំបាក នឹងសេចក្តីសោកសង្រេងយ៉ាងនោះដែរ ដ្បិតវាគិតក្នុងចិត្តថា អញអង្គុយជាមហាក្សត្រី មិនមែនជាមេម៉ាយទេ ក៏មិនត្រូវមានសេចក្តីសោកសង្រេងឡើយ ៨ដោយហេតុនោះបានជាសេចក្តីវេទនារបស់វា នឹងមកដល់ក្នុងថ្ងៃតែ១វិញ គឺជាសេចក្តីស្លាប់សោកសង្រេង នឹងអំណត់អត់ ហើយវានឹងត្រូវភ្លើងឆេះទៅ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលជំនុំជំរះវា ទ្រង់ខ្លាំងពូកែណាស់ ៩នោះពួកស្តេចនៅផែនដីដែលសហាយស្មន់ ហើយរស់ដោយហ៊ឺហាជាមួយនឹងវា គេនឹងយំទួញហើយសោកសង្រេង ក្នុងកាលដែលឃើញផ្សែងហុយឡើង ពីភ្លើងដែលកំពុងតែឆេះវានោះ ១០គេនឹងឈរពីចំងាយ ដោយខ្លាចសេចក្តីវេទនារបស់វា ទាំងនិយាយថា វេទនាៗ ហើយ ក្រុងបាប៊ីឡូនដ៏ជាធំ ហើយខ្លាំងពូកែអើយ ដ្បិតសេចក្តីជំនុំជំរះឯងបានសំរេចក្នុងខណតែ១ម៉ោងទេ។

១១ឯពួកជំនួញនៅផែនដី គេយំទួញ ហើយសោកសង្រេងនឹងវា ដោយព្រោះគ្មានអ្នកណាទិញទំនិញរបស់គេទៀតឡើយ ១២ឯទំនិញនោះ គឺជាមាស ប្រាក់ ត្បូងមានដំឡៃ កែវមុក្តា សំពត់ទេស ព្រែ ល័ខពណ៌ស្វាយ ពណ៌ក្រហម ឈើក្រអូបគ្រប់យ៉ាង អស់ទាំងគ្រឿងធ្វើពីភ្លុក ហើយពីឈើមានដំឡៃ ពីលង្ហិន ពីដែក ហើយីពីថ្មកែវ ១៣សម្បុរល្វែង ជ័រល្វីងទេស ទឹកអប់ កំញាន គ្រឿងក្រអូប ស្រាទំពាំងបាយជូរ ប្រេង ម្សៅម៉ដ្ឋ ស្រូវសាលី គោ ចៀម សេះ រទេះ ហើយទាំងខ្លួនប្រាណនឹងព្រលឹងមនុស្សផង ១៤ឯអស់ទាំងផលផ្លែ ដែលចិត្តឯងប្រាថ្នាចង់បាន នោះបានថយចេញពីឯងហើយ ព្រមទាំងរបស់ថ្លៃវិសេស នឹងរបស់ភ្លឺរុងរឿងដែរ ឯងនឹងមិនឃើញទៀតឡើយ ១៥ពួកជំនួញដែលជួញរបស់ទាំងនោះ ហើយបានត្រឡប់ជាមាន ដោយសារក្រុងនោះ គេយំទួញ ទាំងសោកសង្រេង ហើយឈរពីចំងាយ ដោយខ្លាចសេចក្តីវេទនារបស់វា ១៦ក៏និយាយថា វេទនាៗហើយ ទីក្រុងដ៏ធំដែលបានស្លៀកពាក់ ដោយសំពត់ទេស ពណ៌ស្វាយនឹងពណ៌ក្រហម ទាំងតែងខ្លួនដោយមាស នឹងត្បូងមានដំឡៃ ហើយកែវមុត្តាផង ១៧ដ្បិតទ្រព្យសម្បត្តិដ៏ច្រើនម៉្លេះនេះ បានវិនាសបាត់ទៅ ក្នុងខណតែ១ម៉ោងប៉ុណ្ណោះ អស់ទាំងតៃកុង នឹងពួកសំពៅទាំងអស់ ពួកជើងឈ្នួលនឹងអស់អ្នកដែលរកស៊ីខាងជើងទឹក គេក៏ឈរពីចំងាយ ១៨ទាំងស្រែកឡើងដោយ ឃើញផ្សែងហុយឡើងពីភ្លើងដែលឆេះវានោះថា តើមានទីក្រុងណាឲ្យដូចជាក្រុងធំនេះ ១៩ហើយគេបានធូលីដីទៅលើក្បាលខ្លួនគេ ទាំងស្រែកឡើង ដោយយំទួញ ហើយសោកសង្រេងថា វេទនាៗ ហើយ ទីក្រុងដ៏ធំ ដែលអស់ពួកអ្នកមាននាវាដើរសមុទ្របានមានឡើង ដោយសារសេចក្តីប្រសើររុងរឿងរបស់វា ពីព្រោះវាត្រូវចោលស្ងាត់ទៅ ក្នុងខណតែ១ម៉ោង។

២០ឱស្ថានសួគ៌ ពួកសាវក នឹងពួកហោរាបរិសុទ្ធអើយ ចូរអរសប្បាយនឹងទីក្រុងនោះឡើង ដ្បិតព្រះទ្រង់បានកាត់ទោស តាមសេចក្តីជំនុំជំរះរបស់ឯងរាល់គ្នាហើយ ២១នោះមានទេវតាខ្លាំងពូកែ១រូប បានលើកថ្ម ដូចជាថ្មត្បាល់កិនយ៉ាងធំ ទំលាក់ចុះទៅក្នុងសមុទ្រ ដោយពោលថា ទីក្រុងបាប៊ីឡូនដ៏ជាធំ នឹងត្រូវបោះទំលាក់ទៅ ដោយគំហុកយ៉ាងដូច្នេះ គេនឹងរកទៀតមិនឃើញឡើយ ២២ក៏នឹងគ្មានឮសំឡេងនៃពួកអ្នកចាប់ស៊ុង ច្រៀងចំរៀង ផ្លុំខ្លុយ នឹងត្រែ នៅក្នុងឯងទៀតឡើយ ហើយមិនឃើញមានជាងណា ដែលធ្វើការអ្វីក៏ដោយនៅក្នុងឯង ឬឮសូរត្បាល់កិន នៅក្នុងឯងទៀតឡើយ ២៣នឹងគ្មានពន្លឺចង្កៀងណាភ្លឺនៅក្នុងឯង ឬឮសំឡេងប្តីប្រពន្ធថ្មោងថ្មី នៅក្នុងឯងទៀតឡើយ ដ្បិតពួកជំនួញរបស់ឯង នោះជាអ្នកធំនៅផែនដី ពីព្រោះអស់ទាំងសាសន៍បានវង្វេង ដោយសារការមន្តអាគមរបស់ឯង ២៤រីឯនៅក្នុងទីក្រុងនោះ ឃើញមានសុទ្ធតែឈាមនៃពួកហោរា នឹងពួកបរិសុទ្ធ ហើយនឹងឈាមនៃអស់អ្នក ដែលត្រូវគេសំឡាប់នៅផែនដីដែរ។



១៩ ១ក្រោយនោះមក ខ្ញុំឮសំឡេងយ៉ាងខ្លាំង របស់មនុស្ស១ហ្វូងដ៏ធំ នៅលើស្ថានសួគ៌ថា ហាលេលូយ៉ា សេចក្តីសង្គ្រោះ សិរីល្អ នឹងព្រះចេស្តា នោះជារបស់ផងព្រះនៃយើងរាល់គ្នាហើយ ២ដ្បិតសេចក្តីជំនុំជំរះរបស់ទ្រង់សុទ្ធតែពិតត្រង់ ហើយសុចរិតទាំងអស់ ពីព្រោះទ្រង់បានកាត់ទោសស្រីសំផឹងដ៏ធំនោះ ដែលបង្ខូចផែនដី ដោយការកំផិតរបស់វា ទ្រង់ក៏សងសឹកដោយព្រោះឈាមពួកបាវបំរើរបស់ទ្រង់ ដែលវាបានកំចាយ ៣ពួកនោះក៏ពោលពាក្យម្តងទៀតថា ហាលេលូយ៉ា ហើយផ្សែងវាក៏ហុយឡើងនៅអស់កល្បជានិច្ចរៀងរាបតទៅ ៤ពួកចាស់ទុំទាំង២៤នាក់ នឹងតួមានជីវិតទាំង៤ ក៏ទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំចំពោះព្រះ ដែលគង់លើបល្ល័ង្ក ដោយនិយាយថា អាម៉ែន ហាលេលូយ៉ា ៥រួចមានសំឡេងចេញពីបល្ល័ង្កមកថា អស់ទាំងបាវបំរើទ្រង់ នឹងពួកអ្នកដែលកោតខ្លាចទ្រង់ ទាំងធំទាំងតូចអើយ ចូរសរសើរដល់ព្រះនៃយើងរាល់គ្នាចុះ ៦នោះខ្ញុំឮសូរដូចជាសំឡេងនៃមនុស្ស១ហ្វូងយ៉ាងធំ ដូចសូរទឹកច្រើន ហើយដូចសូរផ្គរលាន់យ៉ាងខ្លាំងថា ហាលេលូយ៉ា ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលមានព្រះចេស្តាបំផុត ទ្រង់សោយរាជ្យឡើងហើយ ៧ចូរឲ្យយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនចៀមហើយ ភរិយាទ្រង់បានរៀបខ្លួនជាស្រេច ៨ទ្រង់ប្រទានឲ្យនាងបានស្លៀកពាក់សំពត់ទេសយ៉ាងម៉ដ្ឋ ស្អាតហើយភ្លឺ ដ្បិតសំពត់ទេសយ៉ាងម៉ដ្ឋ នោះជាសេចក្តីសុចរិតរបស់ពួកបរិសុទ្ធ ៩ទេវតាក៏ប្រាប់មកខ្ញុំថា ចូរសរសេរថា មានពរហើយ អស់អ្នកដែលព្រះបានហៅមកបរិភោគការកូនចៀម ក៏និយាយមកខ្ញុំទៀតថា នេះជាព្រះបន្ទូលពិតរបស់ព្រះ ១០នោះខ្ញុំទំលាក់ខ្លួនចុះនៅទៀបជើងទេវតានោះ ដើម្បីថ្វាយបង្គំ តែទេវតាប្រាប់ខ្ញុំថា កុំឲ្យធ្វើដូច្នេះឡើយ ដ្បិតខ្ញុំជាបាវបំរើជាមួយនឹងអ្នក ហើយនឹងបងប្អូនអ្នក ដែលមានសេចក្តីបន្ទាល់ពីព្រះយេស៊ូវដែរ ចូរថ្វាយបង្គំដល់ព្រះវិញ ដ្បិតការធ្វើបន្ទាល់ពីព្រះយេស៊ូវ នោះហើយជាវិញ្ញាណនៃសេចក្តីទំនាយ។

១១ខ្ញុំក៏ឃើញមេឃបើកចំហឡើង នោះឃើញមានសេះ១ នឹងព្រះអង្គដែលគង់លើវា ទ្រង់មានព្រះនាមថា «ស្មោះត្រង់ ហើយពិតប្រាកដ» ទ្រង់ជំនុំជំរះ ហើយច្បាំងដោយសុចរិត ១២ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង ហើយនៅលើព្រះសិរសា មានមកុដជាច្រើន ទ្រង់មានព្រះនាមកត់ទុក ដែលគ្មានអ្នកណាស្គាល់ឡើយ លើកតែអង្គទ្រង់ប៉ុណ្ណោះ ១៣ទ្រង់ក៏ទ្រង់ព្រះពស្ត្រជ្រលក់ដោយឈាម ហើយព្រះនាមទ្រង់ហៅថា «ព្រះបន្ទូលនៃព្រះ» ១៤អស់ទាំងពលបរិវានៅស្ថានសួគ៌ ក៏ជិះសេះសដង្ហែទ្រង់ ទាំងស្លៀកពាក់សំពត់ទេស ហើយស្អាតផង ១៥មានដាវយ៉ាងមុតចេញពីព្រះឱសទ្រង់ ដើម្បីនឹងកាប់អស់ទាំងសាសន៍ ហើយទ្រង់នឹងឃ្វាលគេ ដោយដំបងដែកទ្រង់ ក៏ជាន់ក្នុងធុងឃ្នាបនៃស្រាទំពាំងបាយជូរ ជាសេចក្តីឃោរឃៅរបស់សេចក្តីខ្ញាល់នៃព្រះដ៏មានព្រះចេស្តាបំផុត ១៦ទ្រង់មានព្រះនាមកត់នៅព្រះពស្ត្រ ហើយនៅព្រះឱរាទ្រង់ថា «ស្តេចលើអស់ទាំងស្តេចជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។

១៧ខ្ញុំក៏ឃើញទេវតា១ ឈរនៅលើព្រះអាទិត្យ បន្លឺដោយសំឡេងយ៉ាងខ្លាំង ដល់គ្រប់ទាំងសត្វដែលហើរលើអាកាសថា ចូរមកប្រជុំគ្នា នឹងស៊ីលៀងដ៏ធំរបស់ព្រះចុះ ១៨ដើម្បីនឹងស៊ីសាច់នៃពួកស្តេច ពួកមេទ័ព ពួកមនុស្សខ្លាំងពូកែ ព្រមទាំងសេះ ហើយនឹងពួកអ្នកដែលជិះដែរ គឺជាសាច់នៃមនុស្សទាំងអស់ ទាំងអ្នកជា នឹងខ្ញុំគេ ទាំងអ្នកធំ នឹងអ្នកតូចផង។ ១៩ខ្ញុំក៏ឃើញសត្វនោះនឹងពួកស្តេចនៅផែនដី ព្រមទាំងពលទ័ពគេ បានប្រមូលគ្នា ដើម្បីច្បាំងនឹងព្រះអង្គដែលគង់នៅលើសេះសនោះ នឹងពួកពលទ័ពរបស់ទ្រង់ផង ២០សត្វនោះក៏ត្រូវចាប់បាន ព្រមទាំងហោរាក្លែងក្លាយ ដែលនៅជាមួយផង ជាអ្នកដែលធ្វើទីសំគាល់នៅមុខវា ដើម្បីនឹងបញ្ឆោតពួកអ្នក ដែលទទួលទីសំគាល់របស់សត្វ នឹងពួកអ្នកដែលក្រាបថ្វាយបង្គំដល់រូបវា ហើយវាទាំង២ ក៏ត្រូវបោះទាំងរស់ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ ២១ហើយពួកដែលសល់នៅ ក៏ត្រូវស្លាប់ដោយដាវរបស់ព្រះអង្គដែលគង់លើសេះ ជាដាវដែលចេញពីព្រះឱស្ឋទ្រង់មក នោះអស់ទាំងសត្វស្លាបបានឆ្អែតដោយសាច់នៃពួកទាំងនោះ។



២០ ១ខ្ញុំក៏ឃើញទេវតា១ ចុះពីស្ថានសួគ៌មក ទាំងកាន់កូនសោជង្ហុកធំ នឹងច្រវាក់១យ៉ាងធំនៅដៃ ២ទេវតានោះក៏ចាប់នាគចងវាទុក១ពាន់ឆ្នាំ គឺជាពស់ពីចាស់បុរាណដែលជាអារក្សឈ្មោះថា សាតាំង ៣ក៏បោះវាចោលទៅក្នុងជង្ហុកធំ ទាំងខ្ចប់ ហើយបិទត្រាពីលើ ដើម្បីកុំឲ្យវានាំអស់ទាំងសាសន៍ ឲ្យវង្វេងទៀតទាល់តែផុតពី១ពាន់ឆ្នាំនោះទៅ ក្រោយនោះត្រូវតែស្រាយវាលែងបន្តិច។

៤ខ្ញុំក៏ឃើញបល្ល័ង្កជាច្រើន នឹងពួកអ្នកដែលអង្គុយលើ ហើយមានអំណាចបានប្រគល់ ដល់អ្នកទាំងនោះ ឲ្យជំនុំជំរះ នោះព្រលឹងមនុស្សទាំងប៉ុន្មាន ដែលត្រូវគេកាត់ក្បាល ដោយព្រោះធ្វើបន្ទាល់ពីព្រះយេស៊ូវ ហើយដោយព្រោះព្រះបន្ទូលនៃព្រះ ព្រមទាំងពួកអ្នកដែលមិនបានក្រាបថ្វាយបង្គំដល់សត្វនោះ ឬរូបវា ក៏មិនបានទទួលទីសំគាល់វា នៅលើថ្ងាស ឬនៅលើដៃឡើយ អ្នកទាំងនោះបានរស់វិញ ហើយក៏សោយរាជ្យជាមួយនឹងព្រះគ្រីស្ទនៅ១ពាន់ឆ្នាំ ៥តែមនុស្សស្លាប់ឯទៀតមិនបានរស់វិញទេ ទាល់តែផុតពី១ពាន់ឆ្នាំនោះទៅ នេះហើយជាខណរស់ឡើងវិញទី១ ៦មានពរហើយក៏បរិសុទ្ធផង អស់អ្នកណាដែលមានចំណែក ក្នុងខណរស់ឡើងវិញជាន់មុនដំបូងនេះសេចក្តីស្លាប់ទី២គ្មានអំណាចលើអ្នកទាំងនោះឡើយ អ្នកទាំងនោះនឹងធ្វើជាពួកសង្ឃនៃព្រះ នឹងព្រះគ្រីស្ទ ហើយនឹងសោយរាជ្យជាមួយនឹងទ្រង់អស់១ពាន់ឆ្នាំ ៧លុះផុតពី១ពាន់ឆ្នាំនោះហើយ ទើបទ្រង់នឹងស្រាយអារក្សសាតាំងលែងពីគុកចេញ ៨នោះវានឹងចេញទៅ ខំនាំអស់ទាំងសាសន៏ ដែលនៅផែនដីទាំង៤ទិសឲ្យវង្វេង គឺទាំងសាសន៍កុក នឹងសាសន៍ម៉ាកុក ដើម្បីនឹងប្រមូលគេមកច្បាំង ចំនួនគេដូចជាខ្សាច់នៃសមុទ្រ ៩នោះគេក៏ទ្បើងទៅពេញពាសលើផែនដី ទាំងទ្បោមព័ទ្ធទីដំទ្បើងត្រសាលរបស់ពួកបរិសុទ្ធ ហើយនឹងទីក្រុងស្ងួនភ្ងាដែរ តែមានភ្លើងធ្លាក់ពីលើមេឃមកអំពីព្រះ បញ្ឆោះគេទាំងអស់ទៅ ១០រួចអារក្សដែលនាំគេឲ្យវង្វេង បានត្រូវបោះទៅក្នុងបឹង ដែលឆេះជាភ្លើង នឹងស្ពាន់ធ័រ ជាកន្លែងដែលសត្វនោះនឹងហោរាក្លែងក្លាយនៅហើយ នោះវារាល់គ្នាត្រូវរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ នៅអស់កល្បជានិច្ចរៀងរាបតទៅ។

១១ខ្ញុំក៏ឃើញបល្ល័ង្កស១យ៉ាងធំ នឹងព្រះអង្គដែលគង់លើ ឯផែនដី នឹងផ្ទៃមេឃ ក៏រត់ពីចំពោះទ្រង់ចេញ ឥតឃើញមានកន្លែងណាឲ្យនៅទៀតឡើយ ១២នោះខ្ញុំឃើញមនុស្សស្លាប់ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្តីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន ១៣ឯសមុទ្រ នោះបានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្តីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅឯណោះមកវិញដែរ រួចគេត្រូវជំនុំជំរះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន ១៤ចំណែកសេចក្តីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះត្រូវបោះទៅក្នុងបឹងភ្លើងដែរ នេះជាសេចក្តីស្លាប់ទី២ ១៥បើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។



២១ ១រួចខ្ញុំឃើញផ្ទៃមេឃថ្មី នឹងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន នឹងផែនដីមុនបានកន្លងបាត់ទៅហើយ ក៏គ្មានសមុទ្រទៀតឡើយ ២ហើយយ៉ូហានខ្ញុំក៏ឃើញទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកអំពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី ៣ខ្ញុំមានឮសំឡេង១យ៉ាងខ្លាំងចេញពីស្ថានសួគ៌មកថា មើលរោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ ៤ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ។ ៥ឯព្រះអង្គ ដែលគង់លើបល្ល័ង្ក ទ្រង់មានបន្ទូលថា មើល អញធ្វើទាំងអស់ឡើងជាថ្មី រួចទ្រង់មានបន្ទូលមកខ្ញុំថា ចូរសរសេរទុកចុះ ដ្បិតពាក្យទាំងនេះពិតប្រាកដហើយគួរជឿ ៦ទ្រង់ក៏មានបន្ទូលមកខ្ញុំថា ស្រេចហើយអញជាអាលផា នឹងអូមេកា គឺជាដើម ហើយជាចុង បើអ្នកណាស្រេក អញនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតឥតយកថ្លៃ ៧ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រង់សេចក្តីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់អញ ៨តែត្រង់ពួកខ្លាច ពួកមិនជឿ ពួកគួរខ្ពើម ពួកកាប់សំឡាប់គេ ពួកកំផិត ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងមនុស្សកំភូត គេនឹងមានចំណែកនៅក្នុងបឹងដែលឆេះជាភ្លើងនឹងស្ពាន់ធ័រ គឺជាសេចក្តីស្លាប់ទី២វិញ។

៩ក្នុងទេវតាទាំង៧ មានទេវតា១ ដែលកាន់ចានកន្ទោងដ៏ពេញដោយសេចក្តីវេទនាទាំង៧ ក្រោយបង្អស់ទេវតានោះបានមកនិយាយនឹងខ្ញុំថា ចូរមកឯណេះ ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញប្រពន្ធថ្មោងថ្មី ជាភរិយារបស់កូនចៀម ១០នោះទេវតាក៏នាំយកវិញ្ញាណខ្ញុំ ទៅលើភ្នំធំហើយខ្ពស់បង្ហាញឲ្យខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមដែលកំពុងតែចុះពីស្ថានសួគ៌ មកអំពីព្រះ ១១ទាំងមានសិរីល្អនៃព្រះ ហើយពន្លឺរស្មីរបស់ទីក្រុងនោះ ក៏ដូចជាត្បូងមានដំឡៃថ្លៃវិសេស គឺដូចជាត្បូងមណីជោតិ ហើយថ្លាដូចជាកែវចរណៃ ១២ក្រុងនោះមានកំផែងធំ ហើយខ្ពស់មានទ្វារ១២ ឯត្រង់ទ្វារទាំងនោះមានទេវតា១២ ហើយមានឈ្មោះឆ្លាក់ទុក ដែលជាឈ្មោះរបស់ពូជអំបូរជនជាតិអ៊ីស្រាអែលទាំង១២ ១៣នៅទិសខាងកើតមានទ្វារ៣ ខាងជើងមានទ្វារ៣ ខាងត្បូងមានទ្វារ៣ ហើយខាងលិចមានទ្វារ៣ដែរ ១៤កំផែងនៃទីក្រុងក៏មានជើង១២ ដែលមានឆ្លាក់ឈ្មោះ ជាឈ្មោះពួកសាវករបស់កូនចៀមទាំង១២នាក់។

១៥ឯទេវតា ដែលនិយាយមកខ្ញុំ នោះក៏មានកាន់រង្វាស់មាស ដើម្បីនឹងវាស់ទីក្រុង នឹងទ្វារ ហើយកំផែងក្រុងដែរ ១៦ទីក្រុងនោះមានរាង៤ជ្រុង បណ្តោយនឹងទទឹងស្មើគ្នា ទេវតាក៏យករង្វាស់ទៅវាស់ទីក្រុងឃើញមាន១២ពាន់ស្តាដ ឯណ្តោយ ទទឹង ហើយកំពស់ក៏ស្មើគ្នាទាំងអស់ ១៧ក៏វាស់កំផែងឃើញ១៤៤ហត្ថ តាមរង្វាស់មនុស្សជាតិដែលទេវតាប្រើ ១៨កំផែងនោះបានធ្វើពីត្បូងមណីជោតិ ហើយទីក្រុងក៏ធ្វើពីមាសសុទ្ធដូចជាកែវថ្លាល្អ ១៩ជើងកំផែងបានតាក់តែង ដោយត្បូងមានដំឡៃគ្រប់យ៉ាង ជើងទី១ មានត្បូងមណីជោតិ ទី២ មានត្បូងកណ្តៀង ទី៣ មានត្បូងមោរ៉ា ទី៤ មានត្បូងមរកត ២០ទី៥ មានត្បូងសាមស៊ី ទី៦ មានត្បូងពិទាយ ទី៧ មានត្បូងប៊ុតលឿង ទី៨ មានត្បូងបេរីល ទី៩ មានត្បូងទោប៉ាត់ ទី១០ មានត្បូងយក់ ទី១១ មានត្បូងនិល ទី១២ មានត្បូងត្របែក ២១ទ្វារទាំង១២ ជាកែវមុត្តា១២ គឺទ្វារ១ ធ្វើពីកែវមុត្តា១ ហើយផ្លូវក្រុងក៏ធ្វើពីមាសសុទ្ធថ្លាដូចជាកែវ។

២២ខ្ញុំមិនឃើញមានព្រះវិហារណា នៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រមទាំងកូនចៀមដែរ ទ្រង់ជាព្រះវិហារនៃទីក្រុងនោះ ២៣ក្រុងនោះមិនត្រូវការនឹងព្រះអាទិត្យ ឬព្រះចន្ទ សំរាប់នឹងឹបំភ្លឺទេ ដ្បិតសិរីល្អនៃព្រះបានបំភ្លឺហើយ ឯកូនចៀមក៏ជាចង្កៀងនៃក្រុងនោះដែរ ២៤អស់ទាំងសាសន៍នឹងដើរក្នុងពន្លឺក្រុងនោះអស់ទាំងស្តេចនៅផែនដី ក៏យកសិរីនៃខ្លួនមកទុកក្នុងក្រុងនោះដែរ ២៥ទ្វារក្រុងនោះទាំងប៉ុន្មានមិនដែលបិទនៅពេលថ្ងៃទេ ហើយនៅឯណោះគ្មានយប់ឡើយ ២៦មនុស្សលោកនឹងយកសិរីល្អ នឹងកេរ្តិ៍ឈ្មោះរបស់សាសន៍ទាំងប៉ុន្មានមកទុកក្នុងក្រុងនោះ ២៧ក៏គ្មានអ្វីស្មោកគ្រោក ឬអ្នកណាដែលប្រព្រឹត្តបែបគួរខ្ពើម ឬសេចក្តីកំភូតណាចូលទៅក្នុងទីក្រុងនោះបានឡើយ ចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុក ក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។



២២ ១ទេវតាក៏បង្ហាញ ឲ្យខ្ញុំឃើញទន្លេទឹកជីវិត ថ្លាដូចជាកែវចរណៃដែលហូរចេញពីបល្ល័ង្កនៃព្រះ នឹងកូនចៀម ២ឯនៅកណ្តាលផ្លូវក្រុងនោះ ហើយនៅមាត់ទន្លេទាំងសងខាង នោះមានដើមជីវិត ដែលបង្កើតផ្លែ១២ដង គឺ១ខែម្តងៗ ហើយស្លឹកឈើនោះ ក៏សំរាប់នឹងមើលអស់ទាំងសាសន៍ឲ្យជា ៣គ្រានោះនឹងគ្មានសេចក្តីបណ្តាសាទៀតឡើយ ហើយបល្ល័ង្កនៃព្រះ នឹងកូនចៀមក៏នឹងនៅក្នុងក្រុងនោះ ឯពួកបាវរបស់ទ្រង់គេនឹងបំរើទ្រង់ ៤គេនឹងឃើញព្រះភក្ត្រទ្រង់ ហើយព្រះនាមទ្រង់នឹងនៅលើថ្ងាសគេ ៥ក៏នឹងឥតមានយប់ទៀតឡើយ ហើយគេមិនត្រូវការនឹងចង្កៀងណាឬពន្លឺព្រះអាទិត្យទេ ពីព្រោះព្រះអម្ចាស់ដ៏ជាព្រះទ្រង់នឹងបំភ្លឺគេ ហើយគេនឹងសោយរាជ្យ នៅអស់កល្បជានិច្ចរៀងរាបតទៅ។

៦ទេវតាក៏និយាយមកខ្ញុំថា ពាក្យទាំងនេះពិតប្រាកដហើយគួរជឿ ឯព្រះអម្ចាស់ដ៏ជាព្រះនៃវិញ្ញាណពួកហោរាទ្រង់ក៏ចាត់ទេវតាទ្រង់មក បង្ហាញឲ្យពួកបាវបំរើទ្រង់ឃើញការ ដែលបន្តិចទៀតត្រូវកើតមក ៧មើលអញមកជាឆាប់ មានពរហើយអ្នកណាដែលកាន់តាមសេចក្តីទំនាយក្នុងគម្ពីរនេះ។ ៨គឺយ៉ូហានខ្ញុំ ដែលបានឃើញ ហើយឮសេចក្តីទាំងនេះ លុះខ្ញុំឮ ហើយឃើញ នោះខ្ញុំក៏ទំលាក់ខ្លួនរៀបនឹងថ្វាយបង្គំ នៅទៀបជើងនៃទេវតា ដែលបង្ហាញឲ្យខ្ញុំឃើញសេចក្តីទាំងនេះ ៩តែទេវតាប្រាប់ខ្ញុំថា កុំឲ្យធ្វើដូច្នេះឡើយ ខ្ញុំក៏ជាបាវបំរើជាមួយនឹងអ្នកដែរ ហើយជាមួយនឹងពួកហោរា ជាបងប្អូនអ្នក នឹងពួកអ្នកដែលកាន់តាមព្រះបន្ទូលក្នុងគម្ពីរនេះផង ចូរថ្វាយបង្គំដល់ព្រះវិញចុះ។

១០រួចទេវតាប្រាប់មកខ្ញុំថា កុំឲ្យបំបិទសេចក្តីទំនាយនៅក្នុងគម្ពីរនេះឡើយ ពីព្រោះពេលកំណត់ជិតដល់ហើយ ១១អ្នកណាដែលទុច្ចរិត ឲ្យអ្នកនោះនៅតែទុច្ចរិត អ្នកដែលស្មោកគ្រោក ឲ្យអ្នកនោះនៅតែស្មោកគ្រោកចុះ តែអ្នកណាដែលសុចរិតវិញ ត្រូវឲ្យអ្នកនោះចេះតែប្រព្រឹត្តផ្លូវសុចរិតទៅ ហើយអ្នកណាដែលបរិសុទ្ធ ឲ្យអ្នកនោះនៅតែបរិសុទ្ធដដែល ១២មើលអញមកជាឆាប់ទាំងនាំយករង្វាន់មកជាមួយ ដើម្បីនឹងចែកឲ្យគ្រប់គ្នា តាមការដែលខ្លួនបានធ្វើ ១៣អញជាអាលផា នឹងអូមេកា គឺជាមុនគេហើយក្រោយគេ ជាដើមហើយជាចុង ១៤មានពរហើយអស់អ្នកណាដែលលាងអាវខ្លួន ដើម្បីឲ្យបានច្បាប់ដល់ដើមជីវិតហើយឲ្យបានចូលទៅក្នុងក្រុងតាមទ្វារ ១៥ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកកំផិត ពួកកាប់សំឡាប់គេ ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងអ្នកណាដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្តីកំភូត។

១៦អញ ឈ្មោះយេស៊ូវ បានចាត់ទេវតារបស់អញមកធ្វើបន្ទាល់ ប្រាប់ឲ្យឯងរាល់គ្នាដឹងពីសេចក្តីទាំងនេះនៅក្នុងពួកជំនុំទាំងប៉ុន្មាន អញជាឫស ហើយជាពូជហ្លួងដាវីឌ ជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង ១៧ព្រះវិញ្ញាណនឹងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឮក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ។

១៨ខ្ញុំធ្វើបន្ទាល់ ដល់អស់អ្នកណា ដែលឮសេចក្តីទំនាយ ក្នុងគម្ពីរនេះថា បើអ្នកណាបញ្ចូលអ្វីក្នុងសេចក្តីទាំងនេះ នោះព្រះទ្រង់នឹងបន្ថែមអស់ទាំងសេចក្តីវេទនាដែលកត់ទុកក្នុងគម្ពីរនេះ ដល់អ្នកនោះផង ១៩ហើយបើអ្នកណាដកអ្វី ពីព្រះបន្ទូលក្នុងគម្ពីរនៃសេចក្តីទំនាយនេះចេញ នោះព្រះទ្រង់នឹងដកចំណែក ដែលអ្នកនោះមានដល់ដើមជីវិត នឹងទីក្រុងបរិសុទ្ធ ហើយនឹងសេចក្តីទាំងប៉ុន្មាន ដែលកត់ទុកក្នុងគម្ពីរនេះចេញដែរ។

២០ព្រះអង្គ ដែលធ្វើបន្ទាល់ពីសេចក្តីទាំងនេះ ទ្រង់មានបន្ទូលថា អើ អញមកជាឆាប់។ អាម៉ែន ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក។ ២១សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយព្រះគុណនៃព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នា។ អាម៉ែន។៚

សញ្ញាថ្មីចប់ប៉ុណ្ណេះ



AMAZING GRACE BIBLE INSITIUTE