ដំណឹងល្អតាមលោកម៉ាកុស១ ១នេះជាដើមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ២ដូចជាបានសរសេរទុក នៅក្នុងគម្ពីរហោរាអេសាយថា «មើល អញចាត់ទូតអញឲ្យទៅមុនឯង គាត់នឹងរៀបចំផ្លូវនៅមុខឯង» ៣«មានសំឡេងនៃមនុស្សម្នាក់កំពុងតែស្រែកនៅទីរហោស្ថានថា ឲ្យរៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរដំរង់ផ្លូវតូចថ្វាយទ្រង់ចុះ»។ ៤ឯយ៉ូហាន ជាអ្នកដែលធ្វើបុណ្យជ្រមុជទឹក នៅទីរហោស្ថាន ក៏មកដល់ គាត់ប្រកាសប្រាប់ ពីបុណ្យជ្រមុជខាងឯការប្រែចិត្ត ប្រយោជន៍ឲ្យបានរួចពីបាប ៥ពួកមនុស្សនៅស្រុកយូដាទាំងអស់គ្នា នឹងពួកក្រុងយេរូសាឡិម ក៏ចេញទៅទទួលបុណ្យជ្រមុជទឹកពីគាត់ ក្នុងទន្លេយ័រដាន់ទាំងលន់តួបាបគ្រប់គ្នា ៦យ៉ូហានបានប្រដាប់ខ្លួនួ ដោយសំពត់ធ្វើពីរោមអូដ្ឋ ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះក៏បរិភោគកណ្តូប នឹងទឹកឃ្មុំព្រៃជាអាហារ ៧គាត់ប្រកាស់ថា ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំ ខ្ញុំមិនគួរនឹងឱនស្រាយខ្សែសុព័រណ៌បាទទ្រង់ផង ៨ឯខ្ញុំបានធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក តែទ្រង់នឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធវិញ។ ៩នៅក្នុងគ្រានោះ ព្រះយេស៊ូវ ទ្រង់យាងមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ ក៏ទទួលបុណ្យជ្រមុជទឹកពីយ៉ូហាន នៅក្នុងទន្លេយ័រដាន់ដែរ ១០កាលកំពុងតែយាងឡើងពីទឹកមក ស្រាប់តែឃើញមេឃរបើក នឹងព្រះវិញ្ញាណចុះមកសណ្ឋិតលើទ្រង់ មានរូបដូចជាព្រាប ១១រួចឮសំឡេងពីលើមេឃថា ឯងជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់ ១២ស្រាប់តែព្រះវិញ្ញាណបង្ខំទ្រង់ឲ្យយាងទៅឯទីរហោស្ថាន ១៣ទ្រង់ក៏គង់នៅទីនោះ៤០ថ្ងៃ ជាមួយនឹងអស់ទាំងសត្វព្រៃ ហើយត្រូវអារក្សសាតាំងល្បួង រួចមានពួក ទេវតាមកគាល់បំរើទ្រង់។ ១៤គ្រាក្រោយដែលគេបញ្ជូនយ៉ូហានទៅផុតហើយ នោះព្រះយេស៊ូវទ្រង់យាងមកក្នុងស្រុកកាលីឡេវិញ ព្រមទាំងប្រកាសប្រាប់ដំណឹងល្អពីនគរព្រះថា ១៥ពេលវេលាបានសំរេចហើយ នគរព្រះជិតមកដល់ ដូច្នេះ ចូរប្រែចិត្តហើយជឿដំណឹងល្អចុះ។ ១៦កាលព្រះយេស៊ូវកំពុងតែយាងទៅតាមឆ្នេរសមុទ្រកាលីឡេ នោះទ្រង់ទតឃើញស៊ីម៉ូន នឹងអនទ្រេ ជាប្អូនកំពុងតែទំលាក់អួនក្នុងសមុទ្រ ដ្បិតគេជាអ្នកនេសាទត្រី ១៧ទ្រង់មានបន្ទូលហៅថា ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងឲ្យអ្នកនេសាទមនុស្សវិញ ១៨គេក៏ទុកអួនចោល ហើយដើរតាមទ្រង់ជា១រំពេចទៅ ១៩លុះទ្រង់យាងហួសពីនោះបន្តិច ក៏ទតឃើញយ៉ាកុប ជាកូនសេបេដេ នឹងយ៉ូហាន ជាប្អូននៅក្នុងទូក កំពុងតែជួសជុលអួន ២០ហើយទ្រង់មានបន្ទូលហៅគេមកភ្លាម គេក៏លះចោលសេបេដេ ជាឪពុកនៅក្នុងទូកជាមួយនឹងពួកជើងឈ្នួល រួចដើរតាមទ្រង់ទៅ។ ២១នោះក៏នាំគ្នាចូលទៅក្នុងក្រុងកាពើណិម ហើយទ្រង់ចូលទៅបង្រៀនក្នុងសាលាប្រជុំរាល់តែថ្ងៃឈប់សំរាក ២២គេក៏នឹកប្លែកក្នុងចិត្ត ពីសេចក្តីបង្រៀនរបស់ទ្រង់ ដ្បិតទ្រង់បង្រៀន ដូចជាមានអំណាច មិនដូចជាពួកអាចារ្យទេ ២៣រីឯនៅក្នុងសាលាប្រជុំរបស់គេ មានមនុស្សម្នាក់មានអារក្សអសោច៏ចូល វាស្រែកឡើងថា ២៤ហ៊ឹះ តើយើងនឹងទ្រង់មានហេតុអ្វីនឹងគ្នា នែ ព្រះយេស៊ូវពីភូមិណាសារ៉ែតអើយ តើទ្រង់មកបំផ្លាញយើងឬអី ខ្ញុំស្គាល់ជាក់ហើយថាទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ ២៥ព្រះយេស៊ូវ ទ្រង់ក៏បន្ទោសដល់វាថា ចូរស្ងៀមទៅ ហើយថយពីមនុស្សនេះចេញ ២៦កាលអារក្សអសោច៏បានជាន់មនុស្សនោះឲ្យប្រកាច់ប្រកិនជាខ្លាំង ហើយស្រែកឡើង នោះវាក៏ចេញទៅ ២៧អ្នកទាំងអស់គ្នាក៏នឹកស្ងើចក្នុងចិត្ត ដល់ម៉្លេះបានជាគេសួរគ្នាថា នេះជាអ្វីអេះ តើសេចក្តីបង្រៀនបែបថ្មីយ៉ាងណាហ្ន៎ បានជាលោកបង្គាប់ដល់អារក្សអសោច៏ដោយអំណាច ហើយវាក៏ស្តាប់បង្គាប់លោកដូច្នេះ ២៨នោះព្រះនាមទ្រង់ក៏ឮល្បីខ្ចរខ្ចាយជា១រំពេចទួទៅ ពេញក្នុងក្រវល់ជុំវិញនៃស្រុកកាលីឡេ។ ២៩កាលបានចេញពីសាលាប្រជុំមក ក៏ដំរង់ទៅក្នុងផ្ទះស៊ីម៉ូន នឹងអនទ្រេ នាំទាំងយ៉ាកុប ហើយនឹងយ៉ូហានទៅជាមួយ ៣០ឯម្តាយក្មេករបស់ស៊ីម៉ូន នាងកំពុងតែដេកគ្រុន គេក៏ពិតទូលទ្រង់ជា១រំពេច ពីដំណើរនាង ៣១លុះទ្រង់យាងចូលទៅ ក៏ចាប់ដៃនាងលើកឡើង ស្រាប់តែគ្រុនបាត់អស់ទៅ រួចនាងខ្វល់ខ្វាយបំរើទាំងអស់គ្នា ៣២ដល់ពេលល្ងាច ជាពេលថ្ងៃលិចហើយ គេនាំអស់ទាំងមនុស្សជំងឺ នឹងមនុស្សមានអារក្សចូល មកឯទ្រង់ ៣៣ឯពួកក្រុងនោះទាំងអស់ គេបានប្រជុំគ្នានៅមាត់ទ្វារ ៣៤ទ្រង់ក៏ប្រោសមនុស្សដែលមានជំងឺឈឺផ្សេងៗជាច្រើន ឲ្យបានជានឹងដេញអារក្សជាច្រើនដែរ តែទ្រង់មិនអនុញ្ញាតឲ្យអារក្សទាំងនោះនិយាយអ្វីសោះ ពីព្រោះវាស្គាល់ទ្រង់។ ៣៥កាលនៅងងឹតមិនទាន់ភ្លឺស្រាងនៅឡើយ នោះទ្រង់តើនឡើងយាងចេញទៅឯទីស្ងាត់ ហើយអធិស្ឋាននៅទីនោះ ៣៦ឯស៊ីម៉ូន នឹងពួកអ្នកដែលនៅជាមួយ គេក៏ដើរតាមរកទ្រង់ ៣៧គ្រាបានឃើញទ្រង់ហើយ នោះក៏ទូលថា មនុស្សទាំងអស់កំពុងតែរកទ្រង់ ៣៨តែទ្រង់មានបន្ទូលតបថា ចូរយើងទៅក្នុងអស់ទាំងភូមិនៅជុំវិញ ដើម្បីឲ្យខ្ញុំបានប្រកាសប្រាប់នៅភូមិទាំងនោះដែរ ដ្បិតគឺដោយហេតុនោះហើយ បានជាខ្ញុំមក ៣៩ទ្រង់ក៏ប្រកាសប្រាប់នៅក្នុងអស់ទាំងសាលាប្រជុំរបស់គេ គ្រប់ក្នុងស្រុកកាលីឡេព្រមទាំងដេញអារក្សផង។ ៤០គ្រានោះ មានមនុស្សឃ្លង់ម្នាក់ មកឯព្រះយេស៊ូវលុតជង្គង់ទូលអង្វរថា បើទ្រង់សព្វ ព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន ៤១ដូច្នេះ ទ្រង់មានព្រះហឫទ័យក្តួលអាណិត ក៏លូក ព្រះហស្តទៅពាល់គាត់ដោយបន្ទូលថា ខ្ញុំចង់ដែរ ឲ្យជាស្អាតទៅ ៤២លុះទ្រង់មានបន្ទូលហើយ ស្រាប់តែរោគឃ្លង់ចេញពីគាត់បាត់ទៅហើយគាត់បានជាស្អាត ៤៣ទ្រង់ក៏ឲ្យគាត់ទៅភ្លាម ដោយហាមផ្តាច់ថា ៤៤ចូរប្រយ័ត កុំប្រាប់អ្វីដល់អ្នកឯណាឲ្យសោះ តែត្រូវទៅបង្ហាញខ្លួនឲ្យពួកសង្ឃឃើញវិញ ហើយថ្វាយយញ្ញបូជា ដោយព្រោះការដែលខ្លួនបានស្អាត តាមដែលលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់លោកទាំងនោះ ៤៥ប៉ុន្តែដល់គាត់បានចេញទៅហើយនោះក៏តាំងប្រកាសប្រាប់គេឯងរាល់គ្នាតែម្តង ហើយផ្សាយដំណឹងនោះសុសសាយទួទៅ ដល់ម៉្លេះបានជាទ្រង់យាងចូលទៅក្នុងក្រុង បែបឲ្យគេឃើញពុំបានទៀត គឺទ្រង់គង់នៅតែខាងក្រៅ ត្រង់កន្លែងស្ងាត់ទាំងប៉ុន្មានវិញ ហើយគេក៏មកឯទ្រង់ពីគ្រប់ទិសទី។ ២ ១រំលងពីរបីថ្ងៃក្រោយមក ទ្រង់យាងចូលមកក្នុងក្រុងកាពើណិមវិញទៀត ហើយគេឮថា ទ្រង់គង់នៅផ្ទះ ២ស្រាប់តែមានគេប្រជុំគ្នាជាច្រើន ដល់ម៉្លេះបានជាគ្មានកន្លែងណាទៀតសោះ សូម្បីនៅមាត់ទ្វារក៏គ្មានដែរ ទ្រង់ក៏សំដែងព្រះបន្ទូលឲ្យគេស្តាប់ ៣គ្រានោះមាន៤នាក់សែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់មកឯទ្រង់ ៤តែពុំអាចនឹងចូលទៅជិតទ្រង់បានឡើយ ដោយព្រោះហ្វូងមនុស្សបានជាគេបើកដំបូលផ្ទះត្រង់កន្លែងដែលទ្រង់គង់នៅ កាលទំលុះរួចហើយ នោះក៏សំរូតគ្រែដែលមនុស្សស្លាប់ដៃស្លាប់ជើងដេកនោះចុះទៅ ៥ព្រះយេស៊ូវក៏ឃើញសេចក្តីជំនឿរបស់អ្នកទាំងនោះ ហើយទ្រង់មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា កូនអើយ បាបរបស់ឯងបានអត់ទោសឲ្យឯងហើយ ៦នៅទីនោះ មានអាចារ្យខ្លះអង្គុយរិះគិតក្នុងចិត្តថា ៧ហេតុអ្វីបានជាមនុស្សនេះ ពោលពាក្យប្រមាថដល់ព្រះដូច្នេះ ក្រៅពីព្រះតែ១ តើមានអ្នកណាអាចនឹងអត់ទោសបាបបាន ៨តែព្រះយេស៊ូវទ្រង់ជ្រាបក្នុងវិញ្ញាណទ្រង់ជា១រំពេចថា គេរិះគិតក្នុងចិត្តយ៉ាងដូច្នោះ ទើបទ្រង់មានបន្ទូលទៅគេថា ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតក្នុងចិត្តយ៉ាងដូច្នេះ ៩ដ្បិតដែលនិយាយនឹងមនុស្សស្លាប់ដៃស្លាប់ជើងនេះថា បាបឯងបានអត់ទោសឲ្យឯងហើយ ឬថា ឲ្យក្រោកឡើង យកគ្រែឯងដើរទៅ នោះតើពាក្យណាងាយថាជាជាង ១០ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា នៅផែនដីនេះ កូនមនុស្សមានអំណាចនឹងអត់ទោសបាបបាន (នោះទ្រង់មានបន្ទូល ទៅមនុស្សស្លាប់ដៃស្លាប់ជើងថា) ១១អញប្រាប់ឲ្យឯងក្រោកឡើង យកគ្រែឯងដើរទៅផ្ទះទៅ ១២គាត់ក៏ក្រោកឡើងភ្លាម យកគ្រែចេញទៅ នៅមុខអ្នកទាំងអស់គ្នា បានជាគ្រប់គ្នាមានសេចក្តីអស្ចារ្យ ហើយពណ៌នាសរសើរដំកើងដល់ព្រះ ដោយពាក្យថា យើងមិនដែលឃើញយ៉ាងដូច្នេះឡើយ។ ១៣ទ្រង់យាងចេញទៅតាមឆ្នេរសមុទ្រម្តងទៀត ឯហ្វូងមនុស្សទាំងអស់ ក៏មកឯទ្រង់ ហើយទ្រង់បង្រៀនគេ ១៤លុះទ្រង់យាងហួសពីនោះទៅ ក៏ទតឃើញលេវី ជាកូនអាល់ផាយ អង្គុយនៅត្រង់កន្លែងយកពន្ធ រួចមានបន្ទូលទៅគាត់ថា ចូរមកតាមខ្ញុំ នោះគាត់ក៏ក្រោកឡើងដើរតាមទ្រង់ ១៥កាលព្រះយេស៊ូវទ្រង់គង់នៅតុក្នុងផ្ទះគាត់ នោះមានមនុស្សយកពន្ធ នឹងមនុស្សបាបជាច្រើន មកអង្គុយនៅតុជាមួយនឹងទ្រង់ ហើយនឹងពួកសិស្ស ដ្បិតមានគ្នាច្រើនណាស់ ដែលតាមទ្រង់មក ១៦ឯពួកអាចារ្យនឹងពួកផារិស៊ី កាលគេឃើញទ្រង់សោយជាមួយនឹងពួកអ្នកយកពន្ធ នឹងមនុស្សមានបាបដូច្នេះ ក៏សួរពួកសិស្សទ្រង់ថា ហេតុអ្វីបានជាលោកបរិភោគជាមួយនឹងពួកអ្នកយកពន្ធហើយនឹងមនុស្សមានបាបដូច្នេះ ១៧លុះព្រះយេស៊ូវបានឮនោះទ្រង់មានបន្ទូលថា ពួកអ្នកដែលជាសុខសប្បាយ គេមិនត្រូវការនឹងគ្រូពេទ្យទេ គឺជាមនុស្សដែលមានជំងឺវិញទេតើ ខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាបប៉ុណ្ណោះ ដើម្បីឲ្យគេប្រែចិត្តឡើង។ ១៨រីឯពួកសិស្សយ៉ូហាន នឹងពួកផារិស៊ី គេកំពុងតែតម ក៏មកទូលសួរទ្រង់ថា ហេតុអ្វីបានជាសិស្សរបស់យ៉ូហាន នឹងសិស្សពួកផារិស៊ីគេតម តែពួកសិស្សរបស់លោកមិនតមសោះ ១៩ព្រះយេស៊ូវទ្រង់មានបន្ទូលតបថាកំពុងដែលប្តីថ្មោងថ្មីនៅជាមួយគ្នា តើពួកសំឡាញ់គាត់នឹងតមអាហារបានឬទេ កាលប្តីនៅជាមួយនៅឡើយនោះតមអាហារពុំបានទេ ២០តែនឹងមានថ្ងៃមកដល់ ដែលប្តីនឹងត្រូវយកចេញពីពួកមិត្រសំឡាញ់ទៅ នៅគ្រានោះគេនឹងតមវិញ ២១គ្មានអ្នកណាដែលយកកំណាត់សំពត់ថ្មីមកប៉ះអាវចាស់ទេ បើធ្វើដូច្នោះ កំណាត់សំពត់ថ្មីនឹងហែកអាវចាស់ ធ្វើឲ្យរំហែកនោះរឹងរឹតតែ អាក្រក់ជាងទៅទៀត ២២ក៏គ្មានអ្នកណាយកស្រាទំពាំងបាយជូរថ្មី ដាក់ក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរថ្មីនឹងទំលាយថង់ស្បែកហូរចេញអស់ហើយ ឯថង់ស្បែកក៏ត្រូវខូចខាតដែរ តោងតែដាក់ស្រាទំពាំងបាយជូរថ្មីក្នុងថង់ស្បែកថ្មីវិញ។ ២៣មានកាល១ថ្ងៃ ជាថ្ងៃឈប់សំរាក ទ្រង់បានយាងកាត់ស្រែ ហើយពួកសិស្សទ្រង់តាំងចាប់បូតគួរស្រូវបណ្តើរ ២៤ពួកផារិស៊ីទូលទ្រង់ថា មើល ហេតុអ្វីបានជាគេធ្វើការដែលគ្មានច្បាប់ធ្វើ នៅថ្ងៃឈប់សំរាកដូច្នេះ ២៥ទ្រង់មានបន្ទូលថា តើអ្នករាល់គ្នាមិនដែលមើលរឿងពីការដែលហ្លួងដាវីឌទ្រង់ធ្វើ ព្រមទាំងពួកអ្នកនៅជាមួយផង ក្នុងកាលដែលគេត្រូវការ ហើយឃ្លានទេឬអី ២៦គឺដែលទ្រង់បានយាងចូលទៅក្នុងដំណាក់ព្រះ នៅក្នុងជាន់ដែលអ័បៀថើរធ្វើជាសំដេចសង្ឃ ហើយបានសោយនំប៉័ងតាំងទុក ទាំងចែកឲ្យពួកអ្នកដែលនៅជាមួយផង ដែលគ្មានច្បាប់ឲ្យទ្រង់សោយសោះ ជារបស់ទុកសំរាប់តែពួកសង្ឃប៉ុណ្ណោះ ២៧រួចទ្រង់មានបន្ទូលទៅពួកផារិស៊ីថា ថ្ងៃឈប់សំរាកបានតាំងសំរាប់ឲ្យមនុស្ស មិនមែនជាមនុស្សសំរាប់ថ្ងៃឈប់សំរាកទេ ២៨ដូច្នេះកូនមនុស្សជាម្ចាស់នៃថ្ងៃឈប់សំរាកដែរ។ ៣ ១ទ្រង់ក៏យាងចូលទៅក្នុងសាលាប្រជុំម្តងទៀត នៅទីនោះមានមនុស្សម្នាក់ស្វិតដៃម្ខាង ២គេក៏ចាំមើលទ្រង់ក្រែងនឹងប្រោសឲ្យគាត់ជានៅថ្ងៃឈប់សំរាក ដើម្បីឲ្យបានរឿងចោទប្រកាន់ទ្រង់ ៣ទ្រង់មានបន្ទូលទៅមនុស្សស្វិតដៃថា ចូរអ្នកក្រោកឡើង ឈរនៅកណ្តាលនុះទៅ ៤រួចទ្រង់សួរគេថា នៅថ្ងៃឈប់សំរាក តើបើកឲ្យធ្វើការល្អ ឬឲ្យធ្វើការអារក្រក់ ឲ្យសង្គ្រោះជីវិត ឬឲ្យសំឡាប់បង់ ប៉ុន្តែគេនៅតែស្ងៀម ៥នោះទ្រង់ងាកទតទៅគេទាំងគ្នាន់ក្នាញ់ដោយមានព្រះហឫទ័យព្រួយ ព្រោះចិត្តគេរឹងរូស ក៏មានបន្ទូលទៅមនុស្សនោះថា ចូរអ្នកលាតដៃទៅ អ្នកនោះក៏លាត ហើយដៃគាត់បានជាដូចម្ខាង ៦រួចកាលពួកផារិស៊ីបានចេញផុតទៅ នោះស្រាប់តែគេពិគ្រោះនឹងពួកហេរ៉ូឌទាស់នឹងទ្រង់ ដើម្បីរករឿងធ្វើឲ្យទ្រង់វិនាស។ ៧នោះព្រះយេស៊ូវ ទ្រង់ថយទៅឯសមុទ្រ ជាមួយនឹងពួកសិស្ស ហើយមានហ្វូងមនុស្សកកកុញ ដើរតាមទ្រង់ជាមនុស្សពីស្រុកកាលីឡេ នឹងស្រុកយូដា ៨ពីក្រុងយេរូសាឡិម នឹងស្រុកអេដំម ហើយពីខាងនាយទន្លេយ័ដាន់នឹងស្រុកនៅជុំវិញក្រុងទីរ៉ុស នឹងស៊ីដូន គឺជាហ្វូងមនុស្សយ៉ាងធំ ដែលមូលមកឯទ្រង់ ដោយបានឮនិយាយពីការទ្រង់ធ្វើទាំងប៉ុន្មាន ៩ទ្រង់មានបន្ទូលប្រាប់ពួកសិស្ស ឲ្យមានទូកនៅរង់ចាំ ក្រែងហ្វូងមនុស្សប្រជ្រៀតទ្រង់ ១០ដ្បិតទ្រង់កំពុងប្រោសមនុស្សជាច្រើនឲ្យបានជា ដល់ម៉្លេះបានជាមនុស្សទាំងអស់ដែលមានជំងឺអ្វីៗ គេប្រឹងរុលចូលទៅដើម្បីនឹងពាល់ទ្រង់ ១១កាលណាពួកអារក្សអសោច៏ឃើញទ្រង់ វាក៏ក្រាបចំពោះទ្រង់ ទាំងស្រែកថា ទ្រង់ជាព្រះរាជបុត្រានៃព្រះមែន ១២ប៉ុន្តែទ្រង់ហាមផ្តាច់ មិនឲ្យវាធ្វើឲ្យគេស្គាល់ទ្រង់ឡើយ។ ១៣ទ្រង់ក៏យាងឡើងទៅលើភ្នំ រួចមានបន្ទូលហៅអស់អ្នក ដែលទ្រង់សព្វព្រះហឫទ័យចង់ហៅ ហើយអ្នកទាំងនោះក៏ចូលមកឯទ្រង់ ១៤រួចទ្រង់ដំរូវ១២នាក់ឲ្យបាននៅជាមួយនឹងទ្រង់ ដើម្បីទ្រង់បានចាត់គេ ឲ្យចេញទៅប្រកាសប្រដៅ ១៥នឹងឲ្យគេមានអំណាចអាចនឹងប្រោសជំងឺឲ្យជា ព្រមទាំងដេញអារក្សផង ១៦គឺស៊ីម៉ូន១ដែលទ្រង់ប្រទានឲ្យមានឈ្មោះថា ពេត្រុសថែមទៀត ១៧ហើយយ៉ាកុបជាកូនសេបេដេ១ នឹងយ៉ូហាន ជាប្អូនយ៉ាកុប១ដែលទ្រង់ប្រទានឈ្មោះ បោនអ៊ើកេ ដល់អ្នកទាំង២នោះគឺស្រាយថាជាកូនផ្គរលាន់ ១៨នឹងអនទ្រេ១ ភីលីព១ បារថូល៉ូមេ១ ម៉ាថាយ១ ថូម៉ាស១ នឹងយ៉ាកុប ជាកូនអាល់ផាយ១ ថាដេ១ ស៊ីម៉ូន ជាសាសន៍កាណាន១ ១៩ហើយយូដាស-អ៊ីស្ការីយ៉ុត ជាអ្នកដែលបញ្ជូនទ្រង់១។ ២០នោះក៏នាំគ្នាចូលទៅក្នុងផ្ទះ ហើយមានមនុស្សប្រជុំគ្នាទាំងហ្វូងម្តងទៀត ដល់ម៉្លេះបានជាទ្រង់ ព្រមទាំងពួកសិស្សពុំអាចនឹងបរិភោគបានឡើយ ២១កាលពួកបងប្អូនទ្រង់បានឮ គេក៏ចេញទៅរកចាប់ទ្រង់ ដ្បិតគេស្មានថាទ្រង់វង្វេងស្មារតីហើយ ២២ឯពួកអាចារ្យ ដែលចុះមកពីក្រុងយេរូសាឡិម គេនិយាយឡើងថា អ្នកនោះមានអារក្សបេលសេប៊ូលចូល វាដេញអារក្ស ដោយអាងមេអារក្សទេ ២៣តែទ្រង់ហៅគេមកមានបន្ទូល ជាពាក្យប្រៀបប្រដូចថា ធ្វើដូចម្តេចឲ្យអារក្សសាតាំងបានដេញអារក្សសាតាំងដូច្នេះ ២៤បើនគរណាបែកទាស់ទែងគ្នាឯងហើយ នគរនោះពុំអាចនឹងនៅស្ថិតស្ថេរបានឡើយ ២៥ឬបើផ្ទះណាបែកទាស់ទែងគ្នាឯង ផ្ទះនោះក៏មិនអាចនឹងនៅស្ថិតស្ថេរបានដែរ ២៦ឯអារក្សសាតាំង បើកើតបះបោរបែកទាស់គ្នាវា នោះវាពុំអាចនឹងនៅស្ថិតស្ថេរបានទេ វាត្រូវវិនាសទៅហើយ ២៧គ្មានអ្នកណាអាចនឹងចូលទៅក្នុងផ្ទះរបស់មនុស្សខ្លាំងពូកែ ហើយប្លន់យករបស់ទ្រព្យគេបានទេ លុះត្រាតែបានចងអ្នកនោះជាមុនសិន ទើបនឹងប្លន់យកបាន ២៨ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្រប់ទាំងអំពើបាបនឹងបានអត់ទោសដល់ពួកកូនមនុស្ស ហើយអស់ទាំងពាក្យដែលគេពោលប្រមាថដែរ ២៩តែអ្នកណាដែលពោលពាក្យប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ នោះមិនដែលបានអត់ទោសឲ្យឡើយ អ្នកនោះឯងនឹងត្រូវទោស នៅអស់កល្បជានិច្ចវិញ ៣០ដែលទ្រង់មានបន្ទូលដូច្នេះ នោះដោយព្រោះគេថា ទ្រង់មានអារក្សអសោច៏ចូល។ ៣១គ្រានោះ មាតា នឹងបងប្អូនទ្រង់មកដល់ ក៏ឈរនៅខាងក្រៅ ប្រើគេឲ្យទៅហៅទ្រង់ ៣២ហ្វូងមនុស្សដែលអង្គុយនៅជុំវិញទ្រង់ គេទូលថា ន៍ មើល ម្តាយ នឹងបងប្អូនលោកនៅខាងក្រៅមករកលោក ៣៣ទ្រង់មានបន្ទូលឆ្លើយថា តើអ្នកណាជាម្តាយ ហើយជាបងប្អូនខ្ញុំ ៣៤រួចទ្រង់ងាកទតទៅអស់អ្នកដែលអង្គុយនៅជុំវិញទ្រង់ ដោយបន្ទូលថា នុ៎នះ៍ ម្តាយ នឹងបងប្អូនខ្ញុំ ៣៥ពីព្រោះអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះហើយជាបងប្អូនប្រុសស្រី នឹងជាម្តាយខ្ញុំ។ ៤ ១ខណនោះ ទ្រង់តាំងបង្រៀន នៅត្រង់មាត់សមុទ្រម្តងទៀត ហើយមានមនុស្សទាំងហ្វូងមូលគ្នា មកឯទ្រង់ដល់ម៉្លេះបានជាទ្រង់យាងចុះទៅគង់ក្នុងទូក នៅសមុទ្រវិញ ហើយមនុស្សទាំងអស់នៅលើគោក តាមមាត់ច្រាំង ២ទ្រង់បង្រៀនសេចក្តីជាច្រើនដល់គេ ដោយពាក្យប្រៀបធៀបក៏មានបន្ទូលក្នុងន័យដែលទ្រង់បង្រៀនថា ៣ចូរស្តាប់ចុះមើល មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ ៤កំពុងដែលព្រោះ មានខ្លះធ្លាក់ចុះតាមផ្លូវ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី ៥ខ្លះទៀតធ្លាក់ទៅក្នុងកន្លែងថ្ម ដែលមិនសូវមានដីប៉ុន្មាន ហើយក៏ដុះឡើងភ្លាម ពីព្រោះគ្មានដីជ្រៅ ៦តែកាលថ្ងៃរះឡើង នោះក្រៀមខ្លោចទៅវិញ ពីព្រោះគ្មានឫស ៧ខ្លះទៀតធ្លាក់ទៅក្នុងបន្លា បន្លាក៏ដុះឡើងខ្ទប់ហើយគ្រាប់នោះមិនកើតផលសោះ ៨តែខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ក៏កើតផលចំរើនកាន់តែច្រើនឡើង គ្រាប់១បង្កើតបាន៣០ មួយបាន៦០ ហើយមួយបាន១រយ ៩រួចទ្រង់មានបន្ទូលថា អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។ ១០កាលទ្រង់គង់នៅដោយឡែក នោះពួកអ្នកដែលនៅជុំវិញទ្រង់ ព្រមទាំងពួក១២នាក់ គេទូលសួរពីពាក្យប្រៀបប្រដូចនោះ ១១ទ្រង់មានបន្ទូលថា ពីព្រោះបានប្រទានមក ឲ្យអ្នករាល់គ្នាបានស្គាល់ការអាថ៌កំបាំងរបស់នគរព្រះ ប៉ុន្តែឯមនុស្សក្រៅ ការទាំងអស់បានធ្វើបែបប្រៀបប្រដូចវិញ ១២ដើម្បីកាលណាគេឃើញ នោះឲ្យគេឃើញមែន តែឥតយល់ទេ ហើយកាលណាឮ នោះឲ្យគេឮមែន តែស្តាប់មិនបានសោះ ក្រែងគេប្រែចិត្ត ហើយបាបគេបានអត់ទោសឲ្យ ១៣ទ្រង់មានបន្ទូលសួរថា តើអ្នករាល់គ្នាមិនយល់ពាក្យប្រៀបនេះទេឬអី ចុះធ្វើដូចម្តេចឲ្យអ្នករាល់គ្នាយល់គ្រប់ទាំងពាក្យប្រៀបប្រដូចបាន ១៤ឯអ្នកព្រោះពូជ គឺព្រោះព្រះបន្ទូល ១៥ឯពួកអ្នកតាមផ្លូវ គឺជាកន្លែងដែលបានព្រោះព្រះបន្ទូលចុះ កាលគេឮ នោះអារក្សសាតាំងក៏មកលួចឆក់យកព្រះបន្ទូល ដែលព្រោះក្នុងចិត្តគេទៅភ្លាម ១៦ឯពួកអ្នកដែលទទួលពូជក្នុងកន្លែងថ្មក៏ដូចគ្នាដែរ កាលណាគេឮព្រះបន្ទូល នោះគេទទួលភ្លាមដោយអំណរ ១៧តែគ្មានចាក់ឫសនៅក្នុងខ្លួនសោះ ហើយក៏នៅជាប់តែបន្តិចទេ បើកាលណាកើតមានសេចក្តីទុក្ខលំបាក ឬសេចក្តីបៀតបៀន ដោយព្រោះព្រះបន្ទូល នោះគេរវាតចិត្តចេញភ្លាម ១៨ឯពួកអ្នកដែលទទួលពូជក្នុងបន្លាគឺអស់អ្នកដែលបានឮព្រះបន្ទូលហើយ ១៩តែសេចក្តីខ្វល់ខ្វាយនៅជីវិតនេះ សេចក្តីឆបោករបស់ទ្រព្យសម្បត្តិ នឹងសេចក្តីប៉ងប្រាថ្នាខាងឯសេចក្តីផ្សេងៗឯទៀត ក៏ចូលមកខ្ទប់ព្រះបន្ទូលជិត រួចព្រះបន្ទូលមិនអាចនឹងបង្កើតផលបាន ២០ឯពួកអ្នកដែលទទួលពូជក្នុងដីល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូល ហើយទទួល រួចបង្កើតផល ម្នាក់បាន៣០ ម្នាក់បាន៦០ ម្នាក់ទៀតបាន១រយ។ ២១ទ្រង់ក៏មានបន្ទូលថា តើគេយកចង្កៀងមក ដើម្បីនឹងដាក់នៅក្រោមថាំង ឬក្រោមគ្រែឬអី គេយកមកដាក់លើជើងចង្កៀងវិញទេតើ ២២ដ្បិតគ្មានអ្វីលាក់កំបាំងដែលមិនត្រូវបើកសំដែងចេញទ្បើយ ក៏គ្មានអ្វីជាសំងាត់ដែលមិនត្រូវដាក់នៅពន្លឺដែរ ២៣បើអ្នកណាមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ ២៤ទ្រង់មានបន្ទូលទៀតថា ចូរប្រយ័តពីសេចក្តីដែលអ្នករាល់គ្នាស្តាប់ចុះ ឯរង្វាល់ណាដែលអ្នករាល់គ្នាវាល់ឲ្យគេ នោះគេនឹងវាល់ឲ្យអ្នករាល់គ្នាតាមរង្វាល់នោះវិញ ហើយនឹងឲ្យជាលើសទៅទៀត ដល់អ្នករាល់គ្នាដែលស្តាប់ផង ២៥ដ្បិតអ្នកណាដែលមាន នោះគេនឹងឲ្យដល់អ្នកនោះ ប៉ុន្តែអ្នកណាដែលគ្មាន នោះនឹងត្រូវដកចេញ ទាំងរបស់ដែលអ្នកនោះមានផង។ ២៦ទ្រង់ក៏មានបន្ទូលថា នគរព្រះធៀបដូចជាមនុស្សម្នាក់ ដែលព្រោះពូជនៅដី ២៧អ្នកនោះក៏ដេករាល់យប់ក្រោកទ្បើងរាល់ថ្ងៃ តែមិនដឹងហេតុដែលពូជពន្លកដុះទ្បើងជាយ៉ាងណាទេ ២៨ដ្បិតដីបង្កើតផលដោយខ្លួនឯង មុនដំបូងចេញជាពន្លក រួចបែកជាគួរ ក្រោយទៀតចេញជាគ្រាប់ ២៩លុះដល់កាលណាផ្លែទុំហើយ ក៏ស្រាប់តែគេយកកណ្តៀវទៅច្រូតតែម្តង ព្រោះដល់រដូវច្រូតហើយ។ ៣០ទ្រង់ក៏មានបន្ទូលថា តើយើងនឹងធៀបនគរព្រះជាអ្វី ឬត្រូវយកពាក្យប្រៀបអ្វីមកប្រដូចនឹងនគរនោះ ៣១គឺដូចជាគ្រាប់ពូជ១ ដែលកាលណាគេព្រោះនៅដី ជាពូជយ៉ាងល្អិតជាងគ្រាប់ទាំងអស់នៅផែនដី ៣២តែកាលណាគេព្រោះចុះទៅ នោះក៏ដុះទ្បើងត្រទ្បប់ជាធំ លើសជាងតិណជាតិទាំងអស់វិញ ទាំងបែកមែកជាធំផង ដល់ម៉្លេះបានជាសត្វហើរនៅលើអាកាស មកទំនៅក្រោមម្លប់បាន ៣៣ទ្រង់អធិប្បាយព្រះបន្ទូលឲ្យគេស្តាប់ ដោយពាក្យប្រៀបប្រដូចយ៉ាងដូច្នេះជាច្រើន តាមដែលគេស្តាប់បាន ៣៤ទ្រង់មិនបានមានបន្ទូលទៅគេ ដោយឥតពាក្យប្រៀបធៀបទេ តែកាលណានៅដោយឡែក នោះទ្រង់ពន្យល់ទាំងអស់ដល់ពួកសិស្សវិញ។ ៣៥លុះពេលល្ងាចថ្ងៃនោះឯង ទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរយើងឆ្លងទៅត្រើយម្ខាង ៣៦កាលបានឲ្យហ្វូងមនុស្សទៅវិញហើយ នោះពួកសិស្សក៏ទទួលទ្រង់តាមភាពដដែលទៅក្នុងទូក ហើយមានទូកតូចៗខ្លះទៀតទៅជាមួយដែរ ៣៧នោះកើតមានខ្យល់ព្យុះជាខ្លាំង ហើយរលកបោកចូលក្នុងទូក ដល់ម៉្លេះបានជាទូកពេញហើយ ៣៨តែទ្រង់ផ្ទំលក់លើខ្នើយ នៅកន្សៃទូក ពួកសិស្សដាស់ទ្រង់ទ្បើងទូលថា លោកគ្រូអើយ យើងវិនាសហើយលោកមិនរវល់ទេឬអី ៣៩កាលតើនទ្បើង ទ្រង់កំហែងខ្យល់ ក៏បង្គាប់ទៅសមុទ្រថា ចូរស្ងៀមទៅ ហើយឈប់ចុះ នោះខ្យល់ក៏ស្ងប់ ហើយស្ងាត់ឈឹងសូន្យទាំងអស់ទៅ ៤០រួចទ្រង់មានបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នាភ័យដល់ម្លេះ ម៉្តេចក៏គ្មានសេចក្តីជំនឿ ៤១នោះគេមានសេចក្តីស្ញែងខ្លាចជាខ្លាំង ទាំងសួរគ្នាទៅវិញទៅមកថា ដូច្នេះតើលោកនេះជាអ្វី បានជាខ្យល់ នឹងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ។ ៥ ១នោះក៏មកដល់ស្រុកគេរ៉ាស៊ីននៅត្រើយសមុទ្រម្ខាង ២កាលទ្រង់បានយាងឡើងពីទូក ស្រាប់តែមានមនុស្សម្នាក់ដែលមានអារក្សអសោច៏ចូល វាចេញពីក្នុងផ្នូរខ្មោចមកចួបនឹងទ្រង់ ៣វានៅតែក្នុងផ្នូរខ្មោច ឥតមានអ្នកណាអាចនឹងចងវាជាប់ទៀតបានទេ ទោះបើយកច្រវាក់ទៅដាក់ក៏ពុំបានផង ៤ដ្បិតគេបានដាក់ខ្នោះដាក់ច្រវាក់វាជាច្រើនដងហើយ ប៉ុន្តែវាចេះតែកាច់ច្រវាក់បំបាក់ខ្នោះចោលអស់ ហើយគ្មានអ្នកណាអាចនឹងកំរាបវាបានដែរ ៥វានៅក្នុងផ្នូរនៅលើភ្នំ ទាំងស្រែក ហើយយកថ្មមកអារសាច់ខ្លួន ទាំងយប់ទាំងថ្ងៃ ជានិច្ច ៦កាលវាឃើញព្រះយេស៊ូវពីចំងាយក៏រត់ទៅក្រាបសំពះទ្រង់ ៧ស្រែកដោយសំរែកជាខ្លាំងថា ឱព្រះយេស៊ូវ ជាព្រះរាជបុត្រាព្រះដ៏ខ្ពស់បំផុតអើយ តើទ្រង់ហើយនឹងទូលបង្គំមានរឿងអ្វីនឹងគ្នា ទូលបង្គំសូមទ្រង់ឲ្យស្បថដោយព្រះថា មិនធ្វើទុក្ខទូលបង្គំទេ ៨វាទូលដូច្នោះពីព្រោះទ្រង់កំពុងតែមានបន្ទូលថា ម្នាល អារក្សអសោច៏ ចូរថយចេញពីមនុស្សនេះទៅ ៩រួចទ្រង់សួរវាថា ឯងឈ្មោះអី វាទូលឆ្លើយថា ទូលបង្គំឈ្មោះ “កងទ័ព” ពីព្រោះយើងខ្ញុំមានគ្នាច្រើន ១០នោះវាទទូចអង្វរសូមកុំឲ្យទ្រង់បណ្តេញវារាល់គ្នាចេញពីស្រុកនោះឡើយ ១១រីឯនៅទីនោះ មានហ្វូងជ្រូកយ៉ាងធំ កំពុងតែរកស៊ីនៅចង្កេះភ្នំ ១២ហើយអារក្សទាំងនោះទូលអង្វរទ្រង់ថា សូមឲ្យយើងរាល់គ្នាទៅជ្រក នៅក្នុងជ្រូកទាំងនោះចុះ ១៣នោះទ្រង់ក៏អនុញ្ញាតឲ្យភ្លាម រួចកាលវិញ្ញាណអារក្សអសោច៏ទាំងនោះបានចេញហើយ វាក៏ចូលទៅក្នុងជ្រូក ហើយហ្វូងជ្រូកប្រហែល២ពាន់រូប ក៏បោលម្នីម្នាតាមភ្នំចោត ធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកស្លាប់អស់ទៅ ១៤ឯពួកអ្នកគង្វាលជ្រូក គេរត់ទៅក្នុងទីក្រុង ហើយក្នុងស្រុកស្រែសាសព្ទប្រាប់ពីរឿងនោះ រួចមនុស្សទាំងអស់ចេញមកមើលការដែលបានកើតឡើង ១៥គេមកឯព្រះយេស៊ូវ ហើយឃើញមនុស្សដែលពីដើមមានអារក្សចូល កំពុងតែអង្គុយទាំងស្លៀកពាក់ មានស្មារតីដឹងខ្លួនឡើង គឺជាអ្នកដែលមានអារក្សទាំងកងចូលនោះឯង រួចគេស្ញែងខ្លាច ១៦ពួកអ្នកដែលបានឃើញការនោះ ក៏ពណ៌នាប្រាប់ដល់ជនគ្រប់គ្នាតាមការដែលកើតឡើង ដល់អ្នកនោះជាយ៉ាងណា ហើយពីដំណើរហ្វូងជ្រូកផង ១៧នោះគេចាប់តាំងទូលអង្វរ សូមឲ្យទ្រង់យាងចេញពីស្រុកគេទៅ ១៨កាលទ្រង់បានយាងចុះទូក នោះអ្នកដែលអារក្សចូលពីដើម គាត់ក៏សូមទៅជាមួយនឹងទ្រង់ ១៩តែទ្រង់មិនអនុញាតទេ ដោយបន្ទូលថា ចូរទៅផ្ទះទៅ ហើយប្រាប់បងប្អូនឯងពីការធំទាំងម៉្លេះ ដែលព្រះអម្ចាស់បានមេត្តាប្រោសដល់ឯងវិញ ២០គាត់ក៏ចេញទៅ ចាប់តាំងប្រកាសប្រាប់ នៅស្រុកដេកាប៉ូល ពីការធំទាំងម៉្លេះ ដែលព្រះយេស៊ូវបានប្រោសដល់ខ្លួន នោះមនុស្សទាំងអស់ក៏អស្ចារ្យក្នុងចិត្ត។ ២១កាលព្រះយេស៊ូវ ទ្រង់បានជិះទូក ឆ្លងដល់ត្រើយម្ខាងវិញហើយ ក៏មានហ្វូងមនុស្សយ៉ាងធំប្រជុំគ្នាឯទ្រង់ហើយទ្រង់គង់នៅទីមាត់សមុទ្រ ២២នោះមានមេសាលាប្រជុំម្នាក់ ឈ្មោះយ៉ៃរ៉ុស មកដល់ឃើញទ្រង់ ក៏ក្រាបនៅទៀបព្រះបាទទ្រង់ ២៣គាត់ទទូចអង្វរទូលថា កូនស្រីទូលបង្គំជិតស្លាប់ហើយ សូមទ្រង់យាងទៅដាក់ព្រះហស្តលើវាឲ្យបានជា នោះវានឹងបានរស់វិញ ២៤ទ្រង់ក៏ចេញទៅជាមួយនឹងគាត់ ហើយមានមនុស្សកកកុញដើរតាមទៅ ទាំងប្រជ្រៀតទ្រង់។ ២៥នោះមានស្ត្រីម្នាក់ឈឺធ្លាក់ឈាម អស់១២ឆ្នាំមកហើយ ២៦នាងបានឈឺសន្ធឹក នៅដៃគ្រូពេទ្យជាច្រើនហើយបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានៗ តែមិនបានគ្រាន់បើសោះ ជំងឺនោះកាន់តែខ្លាំងឡើងវិញ ២៧នាងបានឮនិយាយពីព្រះយេស៊ូវ ក៏ចូលមកក្នុងហ្វូងមនុស្សពីក្រោយ ទៅពាល់ព្រះពស្ត្រទ្រង់ ២៨ដោយគិតថា បើគ្រាន់តែពាល់ព្រះពស្ត្រទ្រង់ប៉ុណ្ណោះ នោះនឹងបានជាហើយ ២៩ឯជំងឺធ្លាក់ឈាម ក៏បាត់ក្នុងខណ១រំពេចនោះ ហើយនាងបានដឹងក្នុងខ្លួនថា នាងរួចពីសេចក្តីវេទនានោះហើយ ៣០នោះស្រាប់តែព្រះយេស៊ូវជ្រាបក្នុងព្រះអង្គទ្រង់ថា មានព្រះចេស្តាចេញពីទ្រង់ ក៏ងាកបែរព្រះអង្គក្នុងហ្វូងមនុស្សសួរថា អ្នកណាពាល់អាវខ្ញុំ ៣១ពួកសិស្សទូលថា ទ្រង់ឃើញថាហ្វូងមនុស្សប្រជ្រៀតទ្រង់ដែរ ម្តេចឡើយក៏មានបន្ទូលថា អ្នកណាពាល់ទ្រង់ដូច្នេះ ៣២ទ្រង់ងាកទតទីជុំវិញ នឹងរកអ្នកណាដែលបានធ្វើការនោះ ៣៣ឯស្ត្រីនោះនាងដឹងការដែលកើតមកក្នុងខ្លួនហើយ ក៏មកទាំងភ័យញ័រ ទំលាក់ខ្លួនក្រាបចុះនៅចំពោះទ្រង់ ទូលតាមត្រង់ទាំងអស់ ៣៤ទ្រង់មានបន្ទូលទៅនាងថា កូនស្រីអើយ សេចក្តីជំនឿនាង បានជួយសង្គ្រោះនាងហើយ ចូរទៅឲ្យបានប្រកបដោយសេចក្តីសុខចុះ ហើយឲ្យនាងបានរួចពីសេចក្តីវេទនារបស់នាងទៅ។ ៣៥កំពុងដែលទ្រង់នៅមានបន្ទូលនៅឡើយ នោះមានមនុស្សមកពីផ្ទះមេសាលាប្រជុំ ជំរាបថា កូនស្រីលោកស្លាប់ហើយ នៅតែរំខានចិត្តលោកគ្រូធ្វើអីទៀត ៣៦កាលព្រះយេស៊ូវបានឮពាក្យគេប្រាប់ ស្រាប់តែទ្រង់មានបន្ទូលទៅមេសាលាប្រជុំថា កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ ៣៧ទ្រង់មិនឲ្យអ្នកណាឯទៀតទៅជាមួយឡើយ លើកតែពេត្រុស យ៉ាកុប នឹងយ៉ូហាន ជាប្អូនយ៉ាកុបប៉ុណ្ណោះ ៣៨លុះដល់ផ្ទះមេសាលាប្រជុំ ក៏ឃើញមនុស្សកំពុងតែយំស្រែក កើតវឹកវរជាខ្លាំង ៣៩ទ្រង់ក៏យាងចូលទៅ មានបន្ទូលថា ហេតុអ្វីបានជាកើតវឹកវរ ហើយយំដូច្នេះ កូននេះមិនមែនស្លាប់ទេ គឺវាដេកលក់ទេតើ ៤០គេក៏សើចឡកឲ្យទ្រង់ តែទ្រង់ដេញគេទៅក្រៅអស់ ទុកតែឪពុកម្តាយនៃកូននោះ នឹងពួកអ្នកដែលនៅជាមួយនឹងទ្រង់ នាំគ្នាចូលទៅឯដំណេកវា ៤១រួចទ្រង់ចាប់ដៃវាមានបន្ទូលថា “តាលីថាគូមី” ស្រាយថា កូនស្រីអើយ អញប្រាប់ឲ្យឯងក្រោកឡើង ៤២ស្រាប់តែកូនស្រីនោះក៏ក្រោកឡើងដើរទៅ ដ្បិតមានអាយុ១២ឆ្នាំហើយ ឯមនុស្សរាល់គ្នាគេមានសេចក្តីអស្ចារ្យជាខ្លាំងក្រៃលែង ៤៣តែទ្រង់ហាមគេផ្តាច់ មិនឲ្យអ្នកណាដឹងពីរឿងនេះឲ្យសោះ រួចប្រាប់ឲ្យគេយកអ្វីៗមកឲ្យនាងបរិភោគ។ ៦ ១ព្រះយេស៊ូវទ្រង់យាងចេញពីទីនោះ ទៅឯស្រុកទ្រង់វិញ ហើយពួកសិស្សក៏តាមទ្រង់ទៅ ២ដល់ថ្ងៃឈប់សំរាកទ្រង់ចាប់តាំងបង្រៀន នៅក្នុងសាលាប្រជុំ ហើយមនុស្សជាច្រើនដែលកំពុងតែស្តាប់ទ្រង់ ក៏នឹកប្លែកក្នុងចិត្ត ដោយថា អ្នកនេះបានសេចក្តីទាំងនេះពីណាមក ចំណេះណាហ្ន ដែលបានឲ្យមកគាត់ បានជាមានការឫទ្ធិបារមីយ៉ាងនេះកើតមក ដោយសារដៃគាត់ដូច្នេះ ៣តើគាត់មិនមែនជាជាងឈើ ជាកូននៃនាងម៉ារា ហើយជាបងយ៉ាកុប យ៉ូសែប យូដាស នឹងស៊ីម៉ូនទេឬអី ហើយប្អូនស្រីគាត់ តើមិននៅជាមួយនឹងយើងនៅទីនេះទេឬអី អ្នកទាំងនោះក៏អាក់អន់ចិត្តនឹងទ្រង់ ៤តែព្រះយេស៊ូវមានបន្ទូលទៅគេថា ហោរាមិនមែនឥតគេរាប់អានទេ លើកតែនៅក្នុងស្រុកខ្លួន ឬក្នុងពួកញាតិសន្តាន ហើយនៅក្នុងផ្ទះខ្លួនចេញ ៥នៅទីនោះទ្រង់ពុំអាចនឹងធ្វើការឫទ្ធិបារមីបានទេ ទ្រង់គ្រាន់តែដាក់ព្រះហស្ត ប្រោសមនុស្សពិការខ្លះ ឲ្យបានជាប៉ុណ្ណោះ ៦ទ្រង់ក៏អស្ចារ្យពីដំណើរដែលគេមិនជឿ រួចទ្រង់យាងទៅបង្រៀនក្នុងអស់ទាំងភូមិនៅជុំវិញទៅ។ ៧ទ្រង់ហៅពួក១២នាក់មក ចាប់តាំងចាត់ឲ្យគេទៅ២នាក់ៗ ទ្រង់ប្រទានឲ្យមានអំណាចលើអស់ទាំងអារក្សអសោច៏ផង ៨ក៏ហាមមិនឲ្យយកអ្វីសំរាប់តាមផ្លូវសោះលើកតែដំបង១ប៉ុណ្ណោះ ឥតយកយាម នំប៉័ង ឬប្រាក់ដាក់ក្នុងខ្សែក្រវាត់ទេ ៩ពាក់បានតែស្បែកជើងសង្រែកឥតពាក់អាវ២ឡើយ ១០រួចមានបន្ទូលទៅគេថា អ្នករាល់គ្នាចូលទៅក្នុងផ្ទះណា ចូរឲ្យនៅផ្ទះនោះទាល់តែដើរចេញហួសទៅ ១១ឯអស់អ្នកណាដែលមិនទទួលឬស្តាប់អ្នករាល់គ្នា នោះកាលណាដើរចេញពីទីនោះ ត្រូវរលាស់ធូលីពីបាតជើងអ្នកចេញ ទុកជាទីបន្ទាល់ទាស់នឹងគេវិញ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជំរះ នោះក្រុងសូដុំម ហើយក្រុងកូម៉ូរ៉ា នឹងទ្រាំបានងាយជាជាងក្រុងនោះ ១២កាលពួកសិស្សបានចេញទៅ នោះគេប្រកាសប្រាប់ឲ្យមនុស្សប្រែចិត្តឡើង ១៣ក៏បណ្តេញអារក្សជាច្រើន ហើយលាបប្រេងឲ្យមនុស្សជំងឺជាច្រើនបានជាដែរ។ ១៤ដំណឹងនោះក៏ឮដល់ស្តេចហេរ៉ូឌ ដ្បិតព្រះនាមទ្រង់កាន់តែល្បីសុសសាយទៅ ហើយស្តេចមានបន្ទូលថា ច្បាស់ជាយ៉ូហាន-បាទីស្ទ បានរស់ពីស្លាប់ឡើងវិញហើយបានជាមានការឫទ្ធិបារមីសំដែងមក ដោយសារគាត់ដូច្នេះ ១៥តែអ្នកខ្លះថាជាអេលីយ៉ា ខ្លះទៀតថាជាហោរា ឬដូចជាហោរាណាមួយ ១៦ប៉ុន្តែកាលស្តេចហេរ៉ូឌបានឮ នោះទ្រង់មានបន្ទូលថា នោះគឺជាយ៉ូហានដែលយើងបានកាត់ក្បាលទេ គាត់បានរស់ពីស្លាប់ឡើងវិញហើយ ១៧ដ្បិតគឺស្តេចហេរ៉ូឌនេះឯង ដែលបានប្រើគេទៅចាប់ចងលោកយ៉ូហានដាក់គុក ដោយព្រោះហេរ៉ូឌាស ជាភរិយារបស់ភីលីព អនុជទ្រង់ ព្រោះស្តេចបានយកនាងនោះមកធ្វើជាភរិយារបស់ខ្លួនវិញ ១៨ហើយលោកយ៉ូហានបានទូលទាស់ថា ទ្រង់គ្មានច្បាប់នឹងយកភរិយារបស់អនុជទ្រង់ទេ ១៩ឯនាងហេរ៉ូឌាស ក៏ចងគំនុំចង់សំឡាប់លោក តែមិនបានឱកាសសោះ ២០ព្រោះស្តេចហេរ៉ូឌកោតខ្លាចលោកយ៉ូហាន ដោយជ្រាបថា លោកជាមនុស្សសុចរិត ហើយបរិសុទ្ធ ទ្រង់ក៏ការពារទុកវិញ កាលទ្រង់បានស្តាប់លោក នោះក៏មានព្រះទ័យរារែកជាខ្លាំង ប៉ុន្តែបានស្តាប់លោកដោយអំណរ ២១លុះថ្ងៃ១ជាថ្ងៃមានឱកាសស្រួល គឺថ្ងៃចំរើនព្រះជន្មស្តេចហេរ៉ូឌ កាលទ្រង់រៀបជប់លៀងពួកមន្ត្រី ពួកមេទ័ពធំ នឹងពួកអ្នកមុខអ្នកការនៅស្រុកកាលីឡេ ២២នោះកូនស្រីរបស់ហេរ៉ូឌាសបានចូលមករាំ ជាទីនាំឲ្យគាប់ព្រះទ័យដល់ស្តេចហេរ៉ូឌ នឹងពួកភ្ញៀវណាស់ ទ្រង់ក៏មានបន្ទូលថា របស់អ្វីដែលនាងចង់បាន ចូរសូមពីយើងចុះ យើងនឹងឲ្យ ២៣ទ្រង់ក៏ស្បថនឹងនាងទៀតថា របស់អ្វីក៏ដោយដែលនាងសូម នោះយើងនឹងឲ្យដោយពិត ទោះបើដល់នគរ១ចំហៀងផង ២៤នាងក៏ចេញទៅសួរមាតាថា តើត្រូវឲ្យខ្ញុំម្ចាស់សូមអ្វី មាតាឆ្លើយថា ឲ្យសូមក្បាលយ៉ូហាន-បាទីស្ទវិញ ២៥រួចនាងក៏ប្រញាប់ប្រញាល់ចូលទៅឯស្តេចភ្លាម ទូលថា ខ្ញុំម្ចាស់ចង់បានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឥឡូវនេះ ២៦ពាក្យនោះជាហេតុនាំឲ្យស្តេចមានព្រះទ័យព្រួយខ្លាំងណាស់ តែដោយព្រោះសម្បថរបស់ទ្រង់ ហើយនឹងពួកភ្ញៀវ បានជាទ្រង់មិនប្រកែកឡើយ ២៧ទ្រង់ចាត់ពេជ្ឈឃាតម្នាក់ទៅភ្លាម ដោយបង្គាប់ឲ្យទៅយកក្បាលលោកមក ២៨អ្នកនោះក៏ទៅកាត់ក្បាលលោក នៅក្នុងគុក ដាក់លើថាសមកជូននាង នាងក៏ថ្វាយដល់មាតា ២៩កាលពួកសិស្សរបស់លោកបានឮ នោះគេមកយកសពលោកទៅបញ្ចុះក្នុងផ្នូរទៅ។ ៣០ឯពួកសាវក ក៏ប្រជុំគ្នាឯព្រះយេស៊ូវ រ៉ាយរឿងទូលទ្រង់ពីការដែលខ្លួនបានធ្វើទាំងប៉ុន្មាន ហើយពីសេចក្តីដែលបានបង្រៀនដែរ ៣១រួចទ្រង់មានបន្ទូលទៅគេថា ចូរអ្នករាល់គ្នាមកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន ពីព្រោះមានគេដើរទៅដើរមកច្រើនណាស់ ដល់ម៉្លេះបានជារកពេលគ្រាន់តែបរិភោគក៏មិនបានផង ៣២នោះក៏នាំគ្នាចុះទូកចេញទៅឯទីស្ងាត់ដោយឡែកទៅ ៣៣ឯហ្វូងមនុស្សគេឃើញទ្រង់ចេញទៅ ហើយមានគ្នាច្រើនបានស្គាល់ទ្រង់ បានជាមានមនុស្សពីគ្រប់ក្រុងទាំងប៉ុន្មាន នាំគ្នារត់ទៅមុនប្រជុំគ្នាឯទ្រង់។ ៣៤កាលព្រះយេស៊ូវបានឡើងពីទូកមក នោះទ្រង់ឃើញហ្វូងមនុស្សជាធំ ក៏មានព្រះហឫទ័យក្តួលអាណិតដល់គេ ពីព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល រួចទ្រង់ចាប់តាំងបង្រៀនគេពីសេចក្តីជាច្រើន ៣៥លុះពេលជ្រុលហើយ នោះពួកសិស្សមកទូលទ្រង់ថា ទីនេះជាទីស្ងាត់ហើយពេលក៏ជ្រុលផង ៣៦សូមទ្រង់ឲ្យគេទៅរកទិញអាហារនៅស្រុកស្រែ ហើយក្នុងភូមិនៅជុំវិញចុះ ដ្បិតគេគ្មានអ្វីបរិភោគសោះ ៣៧តែទ្រង់មានបន្ទូលឆ្លើយថា ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ ប៉ុន្តែពួកសិស្សទូលថា តើឲ្យយើងរាល់គ្នាទៅទិញនំប៉័ងចំនួន៤០រៀលឲ្យគេបរិភោគឬអី ៣៨ទ្រង់មានបន្ទូលសួរថា តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មាន ចូរទៅមើលសិន កាលបានដឹងហើយ ក៏ទូលឆ្លើយថា មាន៥ដុំនឹងត្រី២ទេ ៣៩នោះទ្រង់បង្គាប់ឲ្យពួកសិស្សប្រាប់គេ ឲ្យអង្គុយលើស្មៅខ្ចីដោយពួកៗ ៤០គេក៏អង្គុយដោយជួរក្នុង១ជួរ៥០នាក់ ទាំងអស់មាន១០០ជួរ ៤១រួចទ្រង់យកនំប៉័ង៥ នឹងត្រី២នោះ ងើបទតទៅលើមេឃប្រទានពរ ហើយកាច់នំប៉័ងប្រទានដល់ពួកសិស្ស ឲ្យលើកទៅឲ្យគេ ក៏បែងភាគត្រី២នោះ ចែកទៅមនុស្សទាំងអស់ដែរ ៤២គេបានបរិភោគឆ្អែតគ្រប់គ្នា ៤៣រួចប្រមូលចំណិតនំប៉័ង នឹងត្រីទាំងប៉ុន្មាន ដែលសល់នៅ បាន១២កន្ត្រក ៤៤ឯពួកអ្នកដែលបានបរិភោគនោះមានប្រុសៗ៥ពាន់នាក់។ ៤៥ស្រាប់តែទ្រង់បង្ខំពួកសិស្ស ឲ្យចុះទូកឆ្លងទៅឯបេតសៃដា នៅត្រើយម្ខាងជាមុន ដរាបដល់ទ្រង់ឲ្យហ្វូងមនុស្សទៅវិញអស់ ៤៦កាលទ្រង់បានឲ្យគេទៅអស់ហើយនោះក៏យាងឡើងទៅលើភ្នំ ដើម្បីនឹងអធិស្ឋាន ៤៧លុះពេលព្រលប់ នោះទូកនៅកណ្តាលសមុទ្រ តែទ្រង់គង់នៅលើគោកតែ១ព្រះអង្គទ្រង់ ៤៨ទ្រង់ក៏ឃើញពួកសិស្សចែវទូកទាំងលំបាក ព្រោះច្រាសខ្យល់ លុះពេលប្រហែលជាយាម៤យប់ នោះទ្រង់យាងកាត់លើទឹកសមុទ្រទៅឯគេ ហើយធ្វើហាក់ដូចជាចង់យាងបង្ហួសទៅទៀត ៤៩លុះកាលគេបានឃើញទ្រង់យាងលើទឹកសមុទ្រដូច្នេះ នោះគេនឹកស្មានថាជាខ្មោចលង ហើយក៏ស្រែកឡើង ៥០ដ្បិតគ្រប់គ្នាបានឃើញទ្រង់ ហើយីក៏ភ័យស្លុត តែទ្រង់មានបន្ទូលទៅគេជា១រំពេចថា ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំភ័យអី ៥១នោះទ្រង់យាងឡើងទៅឯគេនៅក្នុងទូក រួចខ្យល់ក៏ស្ងប់ឈឹង អ្នកទាំងនោះមានសេចក្តីអស្ចារ្យជាខ្លាំងពន់ពេក ព្រមទាំងវិលវល់ក្នុងចិត្ត ៥២គេមិនបានយល់ដោយសារការដែលបានចំរើននំប៉័ងទេ ដ្បិតគេមានចិត្តរឹងរូស។ ៥៣លុះបានឆ្លងទៅដល់ស្រុកគេនេសារ៉ែត ត្រើយខាងនាយហើយ នោះក៏ឈប់ចតទូក ៥៤កាលបានឡើងពីទូក នោះមនុស្សទាំងឡាយបានស្គាល់ទ្រង់ជា១រំពេច ៥៥ហើយរត់ទៅគ្រប់ក្នុងស្រុកជុំវិញ តាំងសែងមនុស្សជំងឺដេកលើពូកមកឯទ្រង់ នៅកន្លែងត្រង់ណាដែលគេឮថា ទ្រង់គង់នៅ ៥៦ហើយកន្លែងណាក៏ដោយ ដែលទ្រង់យាងចូល ទោះក្នុងភូមិ ក្នុងទីក្រុង ឬស្រុកស្រែក្តី គេក៏បានដាក់មនុស្សជំងឺទាំងប៉ុន្មាននៅទីផ្សារ រួចទូលអង្វរទ្រង់ឲ្យគេបានគ្រាន់តែពាល់ជាយព្រះពស្ត្ររបស់ទ្រង់តែប៉ុណ្ណោះ ហើយអស់អ្នកណាដែលបានពាល់ទ្រង់ នោះក៏បានជាទាំងអស់គ្នា។ ៧ ១គ្រានោះពួកផារិស៊ី នឹងអ្នកខ្លះក្នុងពួកអាចារ្យ ដែលមកពីក្រុងយេរូសាឡិម គេប្រជុំគ្នាឯទ្រង់ ២កាលគេឃើញពួកសិស្សទ្រង់ខ្លះបរិភោគទាំងដៃមិនស្អាត គឺមិនបានលាងចេញ នោះក៏ចោទប្រកាន់ទោស ៣ដ្បិតពួកផារិស៊ី នឹងពួកយូដាទាំងអស់គ្នា គេមិនដែលបរិភោគឡើយ ទាល់តែបានដុសលាងដៃយ៉ាងស្អាតអស់ពីចិត្តជាមុនសិន ដោយកាន់តាមសណ្តាប់ពីបុរាណរបស់ពួកចាស់ទុំ ៤ហើយកាលគេមកពីផ្សារ នោះគេមិនបរិភោគទេ ទាល់តែបានងូតទឹករួចសិន ក៏មានសេចក្តីឯទៀតជាច្រើន ដែលគេទទួលកាន់តាមដែរ ដូចជាការលាងពែង លាងឆ្នាំង លាងប្រដាប់លង្ហិន ហើយនឹងតុជាដើម ៥ដូច្នេះ ពួកផារិស៊ីនឹងពួកអាចារ្យគេពិចារណាសួរទ្រង់ថា ហេតុអ្វីបានជាពួកសិស្សរបស់លោក មិនកាន់តាមសណ្តាប់បុរាណរបស់ពួកចាស់ទុំយ៉ាងនេះ គឺគេបរិភោគឥតលាងដៃទេ ៦តែទ្រង់ឆ្លើយតបថា ពួកអ្នកមានពុតអើយ ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ ដូចជាមានសេចក្តីចែងទុកមកថា «ជនជាតិនេះគេគោរពប្រតិបត្តិអញតែបបូរមាត់ទេ ឯចិត្តគេនៅឆ្ងាយពីអញណាស់ ៧ដែលគេថ្វាយបង្គំអញដោយបង្រៀនសេចក្តីបញ្ញត្តជារបស់មនុស្ស នោះជាឥតប្រយោជន៍ទេ» ៨ដ្បិតអ្នករាល់គ្នាលះចោលសេចក្តីបញ្ញត្តរបស់ព្រះ ទៅកាន់តាមសណ្តាប់មនុស្សវិញ ដូចជាការលាងឆ្នាំង លាងពែងនោះ ហើយនឹងរបៀបយ៉ាងនោះជាច្រើនទៅទៀត ៩ទ្រង់ក៏មានបន្ទូលទៅគេថា អ្នករាល់គ្នាលះចោលបញ្ញត្តព្រះមែន ដើម្បីនឹងកាន់តាមសណ្តាប់របស់ខ្លួនវិញ ១០ដ្បិតលោកម៉ូសេបានផ្តាំថា «ចូរគោរពប្រតិបត្តិឪ្គពុកម្តាយឯង» ហើយថា «អ្នកណាដែលនិយាយអាក្រក់ពីឪពុកម្តាយ នោះនឹងត្រូវស្លាប់ជាមិនខាន» ១១តែអ្នករាល់គ្នាថា បើមនុស្សណានិយាយទៅឪពុកម្តាយខ្លួនថា របស់អ្វីដែលខ្ញុំអាចនឹងជួយម៉ែឪបាន នោះជា «គ័របាន់» គឺស្រាយថាជាដង្វាយថ្វាយព្រះហើយ ១២នោះអ្នករាល់គ្នាមិនបើកឲ្យអ្នកនោះជួយដល់ឪពុកម្តាយ ក្នុងការអ្វីទៀតសោះ ១៣ក៏លើកព្រះបន្ទូលចោល ដោយសារសណ្តាប់ធ្នាប់ ដែលអ្នករាល់គ្នាបានបង្ហាត់បង្រៀនមក ហើយក៏ធ្វើរបៀបយ៉ាងនោះជាច្រើនទៅទៀតដែរ ១៤រួចទ្រង់ហៅហ្វូងមនុស្សទាំងអស់មកមានបន្ទូលទៅគេថា ចូរអ្នកទាំងអស់គ្នាស្តាប់ខ្ញុំសិន ហើយឲ្យយល់ចុះ ១៥គ្មានអ្វីពីខាងក្រៅ ចូលទៅក្នុងខ្លួនមនុស្ស ដែលអាចនឹងធ្វើឲ្យស្មោកគ្រោកបានទេ គឺជាសេចក្តីដែលចេញពីមនុស្សមកទេតើដែលធ្វើឲ្យស្មោកគ្រោកវិញ ១៦បើអ្នកណាមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។ ១៧កាលទ្រង់បានថយពីហ្វូងមនុស្ស យាងចូលទៅក្នុងផ្ទះវិញ នោះពួកសិស្សទូលសួរទ្រង់ពីពាក្យប្រៀបប្រដូចនោះ ១៨ទ្រង់មានបន្ទូលថា តើអ្នករាល់គ្នានៅតែមិនយល់ដែរឬអី តើអ្នករាល់គ្នានឹកមិនឃើញទេឬអីថា របស់អ្វីពីខាងក្រៅដែលចូលក្នុងមនុស្ស នោះពុំអាចនឹងធ្វើឲ្យស្មោកគ្រោកបានទេ ១៩ដ្បិតរបស់នោះមិនបានចូលទៅក្នុងចិត្ត គឺចូលទៅតែក្នុងពោះប៉ុណ្ណោះ រួចចេញទៅក្នុងបង្គន់ ដូច្នេះ អស់ទាំងអាហារឈ្មោះថា ជារបស់ស្អាតវិញ ២០ទ្រង់ក៏មានបន្ទូលថា គឺជាសេចក្តីដែលចេញពីមនុស្សមកទេតើដែលធ្វើឲ្យស្មោកគ្រោកនោះ ២១ដ្បិតនៅពីខាងក្នុង ពីក្នុងចិត្តរបស់មនុស្ស មានចេញអស់ទាំងគំនិតអាក្រក់យ៉ាងនេះ គឺសេចក្តីកំផិត សហាយស្មន់ កាប់សំឡាប់គេ ២២លួចប្លន់ លោភោ ខិលខូច ឧបាយកល អាសអាភាស ភ្នែកអាក្រក់ ជេរប្រមាថ ឆ្មើងឆ្មៃ នឹងសេចក្តីចំកួត ២៣គឺសេចក្តីអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមកហើយធ្វើឲ្យមនុស្សស្មោកគ្រោកវិញ។ ២៤ទ្រង់ក្រោកឡើងយាងចេញពីទីនោះ ទៅឯប្រទល់ដែនស្រុកទីរ៉ុស នឹងស្រុកស៊ីដូន រួចចូលទៅក្នុងផ្ទះ១ មិនចង់ឲ្យអ្នកណាដឹងសោះ តែទ្រង់នៅកំបាំងពុំបាន ២៥ដ្បិតមានស្ត្រីម្នាក់មានកូនស្រី១ ដែលអារក្សអសោច៏ចូល នាងបានឮនិយាយពីទ្រង់ ក៏មកទំលាក់ខ្លួនក្រាបនៅទៀបព្រះបាទទ្រង់ ២៦(រីឯស្ត្រីនោះជាសាសន៍ក្រេក កូនកាត់ស៊ីរ៉ូភេនីស) នាងក៏ទូលអង្វរឲ្យទ្រង់ដេញអារក្សពីកូនស្រីនាងចេញ ២៧តែព្រះយេស៊ូវមានបន្ទូលទៅនាងថា ទុកឲ្យកូនក្មេងស៊ីឆ្អែតជាមុនសិន ព្រោះមិនគួរនឹងយកនំប៉័ងរបស់កូនក្មេងបោះទៅឲ្យឆ្កែស៊ីទេ ២៨នាងទូលឆ្លើយថា មែនហើយព្រះអម្ចាស់ ប៉ុន្តែឆ្កែនៅក្រោមតុវាស៊ីកំទេចពីកូនក្មេងដែរ ២៩នោះទ្រង់មានបន្ទូលថា ដោយព្រោះពាក្យនោះ ចូរនាងទៅចុះ អារក្សបានចេញពីកូននាងហើយ ៣០រួចកាលនាងបានទៅដល់ផ្ទះវិញ ក៏ឃើញកូនដេកនៅលើគ្រែ អារក្សបានចេញស្រេចហើយ។ ៣១លំដាប់ពីនោះមក ទ្រង់ចេញពីព្រំដែនស្រុកទីរ៉ុសនឹងស៊ីដូន ក៏យាងកាត់ស្រុកដេកាប៉ូល មកដល់សមុទ្រកាលីឡេវិញ ៣២នោះមានគេនាំមនុស្សថ្លង់ម្នាក់ ដែលនិយាយទាំងពីបាកមកឯទ្រង់ ក៏ទូលអង្វរឲ្យទ្រង់ដាក់ព្រះហស្តលើគាត់ ៣៣ទ្រង់ក៏នាំគាត់ចេញពីហ្វូងមនុស្សទៅដោយឡែក យកអង្គុលីព្រះហស្តដាក់ក្នុងត្រចៀកគាត់ រួចស្តោះទឹកព្រះឱស្ឋ ហើយពាល់អណ្តាតគាត់ ៣៤កាលទ្រង់បានងើបទតទៅលើមេឃហើយ នោះទ្រង់ថ្ងូរ រួចមានបន្ទូលទៅគាត់ថា «អិបផាថា» គឺថា ឲ្យបើកឡើង ៣៥ស្រាប់តែត្រចៀកក៏បើក សរសៃអណ្តាតបានធូរ នោះគាត់និយាយបានយ៉ាងច្បាស់ ៣៦ទ្រង់ហាមមិនឲ្យគេប្រាប់ឲ្យអ្នកណាដឹងឡើយ ប៉ុន្តែដែលទ្រង់ហាមប៉ុណ្ណា នោះគេចេះតែប្រកាសប្រាប់រឹតតែច្រើនឡើងប៉ុណ្ណោះទៀត ៣៧គេនឹកប្លែកក្នុងចិត្តជាខ្លាំងពន់ពេក ដោយពាក្យថា លោកបានធ្វើការទាំងអស់សុទ្ធតែល្អ គឺបានប្រោសទាំងមនុស្សថ្លង់ឲ្យស្តាប់ឮ ហើយមនុស្សគឲ្យនិយាយបាន។ ៨ ១នៅគ្រានោះ មានហ្វូងមនុស្សជាធំណាស់ ហើយគេគ្មានអ្វីបរិភោគ បានជាព្រះយេស៊ូវទ្រង់ហៅពួកសិស្សមកមានបន្ទូលថា ២ខ្ញុំមានចិត្តក្តួលអាណិតដល់មនុស្សទាំងអស់នេះណាស់ ពីព្រោះគេបានមកនៅជាមួយនឹងខ្ញុំ៣ថ្ងៃហើយ តែឥឡូវនេះគ្មានអ្វីបរិភោគទេ ៣បើខ្ញុំឲ្យគេត្រឡប់ទៅផ្ទះវិញទាំងអត់ នោះគេនឹងហេវតាមផ្លូវ ដ្បិតខ្លះបានមកពីឆ្ងាយណាស់ ៤ពួកសិស្សទូលឆ្លើយថា នៅទីស្ងាត់នេះ តើនឹងរកនំប៉័ងពីណា ដើម្បីចំអែតដល់មនុស្សទាំងនេះបាន ៥ទ្រង់សួរគេថា អ្នករាល់គ្នាមាននំប៉័ងប៉ុន្មានគេទូលឆ្លើយថា មាន៧ ៦នោះទ្រង់បង្គាប់ឲ្យហ្វូងមនុស្សអង្គុយនៅដី រួចទ្រង់យកនំប៉័ង៧នោះមក ក៏អរព្រះគុណហើយកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅជូនដល់ហ្វូងមនុស្ស គេក៏លើកទៅ ៧មានត្រីតូចៗខ្លះដែរ កាលទ្រង់បានប្រទានពរហើយ នោះក៏បង្គាប់ឲ្យលើកយកទៅឲ្យគេទៀត ៨ហើយទាំងអស់គ្នាបានបរិភោគឆ្អែត រួចគេប្រមូលចំណិត ដែលសល់នៅបាន៧កំប្រោង ៩ឯពួកអ្នកដែលបានបរិភោគ នោះមានចំនួន៤ពាន់នាក់ រួចទ្រង់ឲ្យគេទៅវិញ ១០ស្រាប់តែទ្រង់យាងចុះទូក ជាមួយនឹងពួកសិស្ស ទៅឯស្រុកដាលម៉ានូថាទៅ ១១នោះពួកផារិស៊ីចេញមក តាំងជជែកដើម្បីនឹងល្បងទ្រង់ ដោយសូមឲ្យទ្រង់សំដែងទីសំគាល់ពីលើមេឃឲ្យគេឃើញ ១២ទ្រង់ក៏ថ្ងូរក្នុងព្រះហឫទ័យ ហើយមានបន្ទូលថា ហេតុអ្វីបានជាមនុស្សដំណនេះចង់រកតែទីសំគាល់ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានទីសំគាល់ណាប្រទានមកមនុស្សដំណនេះឡើយ ១៣រួចទ្រង់យាងចេញពីគេ ចុះទូកឆ្លងទៅឯត្រើយម្ខាងវិញ។ ១៤ឯពួកសិស្ស គេភ្លេចយកនំប៉័ងទៅ នៅជាប់តែ១ដុំក្នុងទូកប៉ុណ្ណោះ ១៥ទ្រង់ក៏ផ្តាំគេថា ចូរប្រុងមើលហើយប្រយ័តនឹងដំបែរបស់ពួកផារិស៊ី នឹងរបស់ហេរ៉ូឌ ឲ្យមែនទែន ១៦គេរិះគិតគ្នាថា គឺពីព្រោះយើងគ្មាននំប៉័ងទេដឹង ១៧កាលព្រះយេស៊ូវបានជ្រាប នោះទ្រង់មានបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតថា ពីព្រោះគ្មាននំប៉័ងដូច្នេះ តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនយល់ទេឬអី តើមានចិត្តរឹងរូសឬអី ១៨អ្នករាល់គ្នាមានភ្នែក តើមើលមិនឃើញ មានត្រចៀក តើស្តាប់មិនឮ ហើយមិនចាំទេឬអី ១៩ពីកាលខ្ញុំបានកាច់នំប៉័ង៥ឲ្យដល់៥ពាន់នាក់ នោះតើប្រមូលចំណិត ដែលសល់ ដាក់ពេញបានប៉ុន្មានកន្ត្រក គេទូលឆ្លើយថាបាន១២ ២០ហើយកាលកាច់នំប៉័ង៧ឲ្យដល់៤ពាន់នាក់ នោះបានប្រមូលចំណិតដែលសល់ ដាក់ពេញបានប៉ុន្មានកំប្រោង គេទូលឆ្លើយថា បាន៧ ២១នោះទ្រង់សួរថា ម្តេចក៏អ្នករាល់គ្នានៅតែមិនយល់ទៀត។ ២២ទ្រង់ក៏យាងមកដល់ក្រុងបេតសៃដា រួចមានគេនាំមនុស្សខ្វាក់ម្នាក់មកទូលអង្វរឲ្យទ្រង់ពាល់គាត់ ២៣ទ្រង់ក៏ចាប់ដៃមនុស្សខ្វាក់នោះនាំចេញទៅក្រៅភូមិ រួចស្តោះដាក់ភ្នែកគាត់ ហើយដាក់ព្រះហស្តលើ ព្រមទាំងសួរបើគាត់ឃើញអ្វីឬទេ ២៤គាត់ក៏ងើបភ្នែកឡើងទូលឆ្លើយថា ខ្ញុំឃើញមនុស្សដើរមើលទៅដូចជាដើមឈើ ២៥នោះទ្រង់ដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត ប្រាប់ឲ្យងើបឡើងមើលស្រាប់តែភ្នែកគាត់បានភ្លឺឡើង ឃើញច្បាស់ទាំងអស់ ២៦ទ្រង់ឲ្យគាត់ទៅផ្ទះវិញ ទាំងហាមថា កុំឲ្យចូលទៅក្នុងភូមិ ឬប្រាប់អ្នកណានៅក្នុងភូមិឡើយ។ ២៧ព្រះយេស៊ូវ នឹងពួកសិស្ស ក៏ចេញទៅឯភូមិទាំងប៉ុន្មាន នៅស្រុកសេសារា-ភីលីព ទ្រង់មានបន្ទូលសួរពួកសិស្សតាមផ្លូវថា តើមនុស្សទាំងឡាយ គេថាខ្ញុំជាអ្នកណា ២៨ពួកសិស្សទូលឆ្លើយថា ជាយ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ហើយខ្លះទៀតថាជាហោរាណាមួយ ២៩ទ្រង់សួរថា ចុះឯអ្នករាល់គ្នា តើថាខ្ញុំជាអ្នកណា នោះពេត្រុសឆ្លើយឡើងថា ទ្រង់ជាព្រះគ្រីស្ទ ៣០ទ្រង់ក៏ហាមផ្តាច់មិនឲ្យគេប្រាប់អ្នកណាពីដំណើរទ្រង់សោះ ៣១រួចទ្រង់ចាប់តាំងបង្រៀនគេថា កូនមនុស្សត្រូវរងទុក្ខជាច្រើន ហើយត្រូវពួកចាស់ទុំ ពួកសង្គ្រាជ នឹងពួកអាចារ្យ បោះបង់ចោលហើយសំឡាប់លោក រួច៣ថ្ងៃក្រោយដែលលោកស្លាប់ទៅ នោះលោកនឹងរស់ឡើងវិញ ៣២ទ្រង់មានបន្ទូលពីដំណើរនោះយ៉ាងច្បាស់លាស់ នោះពេត្រុសនាំទ្រង់ទៅចាប់តាំងនិយាយចំទាស់ដល់ទ្រង់ ៣៣តែទ្រង់បែរមកទតឃើញពួកសិស្ស ក៏បន្ទោសពេត្រុសថា សាតាំងអើយ ចូរថយទៅក្រោយអញទៅ ដ្បិតឯងមិនគិតតាមគំនិតរបស់ព្រះសោះ គឺតាមតែគំនិតរបស់មនុស្សលោកវិញ។ ៣៤កាលទ្រង់បានហៅហ្វូងមនុស្ស នឹងពួកសិស្សមកនោះក៏មានបន្ទូលទៅគេថា អ្នកណាដែលចង់មកតាមខ្ញុំត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ ៣៥ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតដោយព្រោះយល់ដល់ខ្ញុំ ហើយនឹងដំណឹងល្អ នោះនឹងបានជីវិតវិញ ៣៦ដ្បិតបើមនុស្សណានឹងបានលោកីយទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ៣៧ឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ ៣៨ដ្បិតអ្នកណាដែលមានសេចក្តីខ្មាស ដោយព្រោះខ្ញុំ នឹងពាក្យខ្ញុំ នៅក្នុងដំណមនុស្សកំផិត ហើយមានបាបនេះ នោះកូនមនុស្សនឹងមានសេចក្តីខ្មាស ដោយព្រោះអ្នកនោះដែរ ក្នុងកាលដែលលោកមកក្នុងសិរីល្អរបស់ព្រះវរបិតា ជាមួយនឹងពួកទេវតាបរិសុទ្ធ។ ៩ ១រួចទ្រង់មានបន្ទូលទៅគេថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នកដែលឈរនៅទីនេះ មានខ្លះមិនត្រូវភ្លក់សេចក្តីស្លាប់ ដរាបដល់បានឃើញនគរព្រះមក ទាំងមានព្រះចេស្តា។ ២កន្លង៦ថ្ងៃមកទៀត ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប នឹងយ៉ូហាន ទៅជាមួយ នាំឡើងទៅលើភ្នំខ្ពស់ដោយឡែក ទ្រង់ក៏ផ្លាស់ប្រែនៅមុខអ្នកទាំងនោះ ៣ព្រះពស្ត្រទ្រង់ត្រឡប់ជាភ្លឺសស្គុសដូចហិមៈ ដល់ម៉្លេះបានជាគ្មានអ្នកប្រមោកណា នៅផែនដីនេះ ដែលអាចនឹងប្រមោកឲ្យសដូច្នោះបានឡើយ ៤នោះលោកអេលីយ៉ា ព្រមទាំងលោកម៉ូសេ បានលេចមកឲ្យឃើញ កំពុងតែទូលនឹងព្រះយេស៊ូវ ៥រួចពេត្រុសទូលទៅទ្រង់ថា លោកគ្រូ ដែលយើងខ្ញុំនៅទីនេះបានល្អណាស់ហើយ សូមឲ្យយើងខ្ញុំធ្វើត្រសាល៣ គឺ១សំរាប់លោក ១សំរាប់លោកម៉ូសេ ហើយ១សំរាប់លោកអេលីយ៉ា ៦នេះដ្បិតគាត់មិនដឹងជាត្រូវនិយាយដូចម្តេចទេ ពីព្រោះមានសេចក្តីស្ញែងខ្លាចទាំងអស់គ្នា ៧នោះមានពពកមកគ្របបាំង ហើយមានឮសូរសំឡេងចេញពីពពកថា នេះជាកូនស្ងួនភ្ងាអញ ចូរស្តាប់តាមចុះ ៨ស្រាប់តែគេក្រឡេកមើលជុំវិញទៅ ឥតមានឃើញអ្នកណាទៀតសោះ ឃើញតែព្រះយេស៊ូវគង់ជាមួយប៉ុណ្ណោះ។ ៩កំពុងដែលចុះពីភ្នំមក នោះទ្រង់ហាមមិនឲ្យប្រាប់អ្នកណាពីការដែលបានឃើញនោះឡើយ ដរាបដល់កូនមនុស្សបានរស់ពីស្លាប់ឡើងវិញ ១០អ្នកទាំងនោះក៏រក្សាពាក្យនោះទុកនៅតែក្នុងពួកគេ ហើយសួរគ្នាទៅវិញទៅមក ពីសេចក្តីរស់ពីស្លាប់ឡើងវិញជាយ៉ាងណា ១១ក៏ទូលសួរទ្រង់ថា ចុះហេតុអ្វីបានជាពួកអាចារ្យប្រាប់ថា លោកអេលីយ៉ាត្រូវតែមកជាមុន ១២ទ្រង់មានបន្ទូលឆ្លើយថា លោកអេលីយ៉ាត្រូវមកមុនមែន ដើម្បីនឹងតាំងការទាំងអស់ឡើងវិញ ប៉ុន្តែធ្វើដូចម្តេចបានជាមានសេចក្តីចែងទុកពីកូនមនុស្សថា លោកត្រូវរងទុក្ខជាច្រើន ព្រមទាំងត្រូវគេមើលងាយផង ១៣ចំណែកលោកអេលីយ៉ា នោះខ្ញុំប្រាប់អ្នករាល់គ្នាថា លោកបានមកហើយ គេក៏បានប្រព្រឹត្តនឹងលោកតាមតែអំពើចិត្ត ដូចជាមានសេចក្តីចែងទុកពីលោកស្រាប់។ ១៤លុះបានមកដល់ពួកសិស្សហើយ នោះទ្រង់ឃើញមានហ្វូងមនុស្សជាធំនៅព័ទ្ធគេជុំវិញ ក៏មានពួកអាចារ្យខ្លះកំពុងតែដេញដោល ១៥កាលហ្វូងមនុស្សបានឃើញទ្រង់ ស្រាប់តែកើតមានសេចក្តីស្រឡាំងកាំង រួចរត់ទៅទទួលទ្រង់ដោយគោរព ១៦ទ្រង់មានបន្ទូលសួរពួកអាចារ្យថា តើអ្នករាល់គ្នាជជែកពីរឿងអ្វីនឹងអ្នកទាំងនេះ ១៧នោះមានម្នាក់ក្នុងហ្វូងមនុស្សទូលកាត់ឆ្លើយថា លោកគ្រូអើយ ខ្ញុំបាននាំកូនខ្ញុំមកឯលោក ព្រោះវាមានអារក្សគចូល ១៨នៅកន្លែងណាដែលអារក្សជាន់វាម្តងៗ នោះក៏ធ្វើឲ្យវាប្រកាច់ជាខ្លាំង វាបែកពពុះមាត់ ព្រមទាំងសង្កៀតធ្មេញ ហើយចេះតែហេវទៅៗ ខ្ញុំបានសូមពួកសិស្សលោក ឲ្យដេញអារក្សនោះដែរ តែគេពុំអាចនឹងដេញចេញបានទេ ១៩ទ្រង់មានបន្ទូលឆ្លើយថា ឱដំណមនុស្សដែលមិនជឿអើយ តើត្រូវឲ្យខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដល់កាលណា តើត្រូវឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត ចូរនាំវាមកឯខ្ញុំ ២០គេក៏នាំវាទៅ កាលបានឃើញទ្រង់ នោះស្រាប់តែអារក្សជាន់វា ឲ្យប្រកាច់ដួលននៀលនៅដី ទាំងបែកពពុះមាត់ ២១ទ្រង់មានបន្ទូលសួរឪពុកថា វាបានឈឺដូច្នេះជាយូរប៉ុន្មានមកហើយ គាត់ទូលឆ្លើយថា តាំងតែពីតូចមក ២២ជួនកាលក៏បោះវាទៅក្នុងភ្លើងក្នុងទឹកជាញយៗ ដើម្បីនឹងបំផ្លាញវាទៅ ប៉ុន្តែបើលោកអាចនឹងជួយបាន នោះសូមអាណិតមេត្តាជួយយើងខ្ញុំផង ២៣ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា បើអាចនឹងជឿបាន នោះការទាំងអស់នឹងសំរេចបាន ដល់អ្នកណាដែលជឿ ២៤ស្រាប់តែឪពុករបស់កូននោះ ក៏បន្លឺវាចាឡើងទាំងទឹកភ្នែកថា ខ្ញុំជឿហើយលោកម្ចាស់អើយ សូមជួយចំពោះសេចក្តីណាដែលខ្ញុំមិនជឿផង ២៥កាលព្រះយេស៊ូវឃើញមនុស្សសន្ធឹកកំពុងតែរត់មក នោះទ្រង់កំហែងទៅអារក្សអសោចិ៍ថា នែ អារក្សគថ្លង់អើយ អញបង្គាប់ឲ្យឯងចេញពីវាទៅ កុំឲ្យចូលវាទៀតឡើយ ២៦វាក៏ស្រែកឡើង ទាំងជាន់ក្មេងនោះឲ្យប្រកាច់ជាខ្លាំង រួចក៏ចេញទៅ ក្មេងនោះត្រឡប់ដូចជាស្លាប់ ដល់ម៉្លេះបានជាមនុស្សជាច្រើនបានថា វាស្លាប់ហើយ ២៧ប៉ុន្តែព្រះយេស៊ូវទ្រង់ចាប់ដៃលើកវាឡើង ហើយវាក៏ក្រោកឈរ។ ២៨លុះទ្រង់បានយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ដោយឡែកថា ហេតុអ្វីបានជាយើងខ្ញុំដេញអារក្សនេះពុំបាន ២៩ទ្រង់មានបន្ទូលថា ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋានហើយនឹងតមទេ។ ៣០កាលចេញពីទីនោះ ក៏យាងកាត់ស្រុកកាលីឡេទៅ ហើយទ្រង់មិនចង់ឲ្យអ្នកណាដឹងសោះ ៣១ដ្បិតទ្រង់កំពុងតែបង្រៀនពួកសិស្សថា កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សលោក គេនឹងសំឡាប់លោក រួចដល់៣ថ្ងៃក្រោយដែលគេសំឡាប់ នោះលោកនឹងរស់ឡើងវិញ ៣២តែអ្នកទាំងនោះមិនបានយល់សេចក្តីនោះទេ ក៏ខ្លាចមិនហ៊ានទូលសួរទ្រង់ផង។ ៣៣លុះទៅដល់កាពើណិម កាលកំពុងតែនៅក្នុងផ្ទះ នោះទ្រង់មានបន្ទូលសួរពួកសិស្សថា តើរឿងអ្វីដែលអ្នករាល់គ្នាជជែកគ្នាតាមផ្លូវមកនោះ ៣៤តែគេនៅតែស្ងៀម ពីព្រោះតាមផ្លូវ គេបានជជែកគ្នា អំពីអ្នកណាដែលធំជាង ៣៥ទ្រង់ក៏គង់ចុះ រួចហៅពួក១២មកមានបន្ទូលថា បើអ្នកណាចង់ធ្វើជាលេខ១ នោះត្រូវទៅជាចុងបង្អស់វិញ ហើយត្រូវបំរើគេទាំងអស់ដែរ ៣៦ទ្រង់ក៏យកកូនតូច១ ដាក់នៅកណ្តាលជំនុំ រួចទ្រង់បីវា មានបន្ទូលទៅគេថា ៣៧អ្នកណាដែលទទួលកូនតូច១ ដូចជាកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះមិនមែនទទួលខ្ញុំទេ គឺឈ្មោះថាទទួលព្រះដែលបានចាត់ឲ្យខ្ញុំមកវិញ។ ៣៨យ៉ូហានក៏ទូលទ្រង់ថា លោកគ្រូ យើងខ្ញុំបានឃើញមនុស្សម្នាក់ ដែលមិនដើរតាមយើងខ្ញុំ គេកំពុងតែដេញអារក្ស ដោយនូវឈ្មោះលោក ហើយយើងខ្ញុំបានហាមឃាត់គេ ពីព្រោះគេមិនដើរជាមួយនឹងយើងខ្ញុំទេ ៣៩ព្រះយេស៊ូវមានបន្ទូលថា កុំឃាត់គេឡើយ ដ្បិតគ្មានអ្នកណាអាចនឹងធ្វើការឫទ្ធិបារមី ដោយនូវឈ្មោះខ្ញុំ រួចនិយាយអាក្រក់ពីខ្ញុំភ្លាម១រំពេចបានទេ ៤០ដ្បិតអ្នកណាដែលមិនទាស់នឹងយើង នោះកាន់ខាងយើងវិញ ៤១អ្នកណាដែលឲ្យទឹក១កែវ ទៅអ្នករាល់គ្នាផឹក ដោយនូវឈ្មោះខ្ញុំ ដោយព្រោះអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះខ្ញុំប្រាប់ជាប្រាកដថា អ្នកនោះមិនបាត់រង្វាន់ខ្លួនឡើយ ៤២តែអ្នកណាដែលធ្វើឲ្យកូនណាមួយ ដែលជឿដល់ខ្ញុំនេះ រវាតចិត្តចេញ នោះបើគេយកថ្មត្បាល់កិនយ៉ាងធំ ចងកអ្នកនោះ ហើយទំលាក់ចុះទៅក្នុងសមុទ្រ យ៉ាងនោះមានប្រយោជន៍ដល់អ្នកនោះជាជាង ៤៣បើដៃអ្នកនាំឲ្យគេរវាតចិត្ត នោះចូរកាត់វាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតកំបុតដៃវិញ ជាជាងមានដៃទាំង២ ហើយធ្លាក់ទៅនរកនៅក្នុងភ្លើងដែលពន្លត់មិនបាន ៤៤ជាកន្លែងដែលមានដង្កូវមិនដែលស្លាប់ ហើយភ្លើងមិនដែលរលត់ឡើយ ៤៥បើជើងអ្នកនាំឲ្យគេរវាតចិត្ត នោះចូរកាត់វាចោលទៅស៊ូឲ្យអ្នកចូលទៅក្នុងជីវិតកំបុតជើងវិញ ជាជាងមានជើងទាំង២ ហើយត្រូវបោះចោលទៅនរក នៅក្នុងភ្លើងដែលពន្លត់មិនបាន ៤៦ជាកន្លែងដែលមានដង្កូវមិនដែលស្លាប់ ហើយភ្លើងមិនដែលរលត់ឡើយ ៤៧ហើយបើភ្នែកអ្នកនាំឲ្យគេរវាតចិត្ត នោះចូរខ្វែះចោលទៅ ស៊ូឲ្យអ្នកចូលក្នុងនគរព្រះមានភ្នែកតែ១ ជាជាងមានភ្នែកទាំង២ ហើយត្រូវបោះចោលទៅក្នុងភ្លើងនរកវិញ ៤៨ជាកន្លែងដែលមានដង្កូវមិនដែលស្លាប់ ហើយភ្លើងមិនដែលរលត់ឡើយ ៤៩ដ្បិតគ្រប់គ្នាត្រូវបំប្រៃនឹងភ្លើង ហើយគ្រប់ទាំងយញ្ញបូជាត្រូវបំប្រៃនឹងអំបិល ៥០អំបិលជារបស់ល្អ តែបើបាត់ជាតិប្រៃហើយ តើនឹងយកអ្វីដើម្បីធ្វើឲ្យប្រៃឡើងវិញបាន ៥១ដូច្នេះចូរឲ្យអ្នករាល់គ្នាមានអំបិលនៅក្នុងខ្លួន ហើយនៅជាមួយគ្នាដោយមេត្រីចុះ។ ១០ ១ព្រះយេស៊ូវទ្រង់ក៏ក្រោកឡើង យាងចេញពីទីនោះ ទៅឯព្រំដែនស្រុកយូដា នៅខាងនាយទន្លេយ័រដាន់ នោះមានមនុស្សកកកុញប្រជុំគ្នាឯទ្រង់ម្តងទៀត ហើយទ្រង់ក៏បង្រៀនគេតាមទំលាប់ទ្រង់ ២ពួកផារិស៊ីគេមកល្បងសួរទ្រង់ ពីច្បាប់ដែលនឹងលែងប្រពន្ធបានឬមិនបាន ៣តែទ្រង់មានបន្ទូលឆ្លើយថា តើលោកម៉ូសេបានបង្គាប់មកអ្នករាល់គ្នាថាដូចម្តេច ៤គេទូលថា លោកបានអនុញ្ញាតឲ្យធ្វើសំបុត្រលះលែង ហើយឲ្យលែងទៅ ៥ទ្រង់មានបន្ទូលឆ្លើយថា ដែលលោកបានតែងច្បាប់នោះឲ្យអ្នករាល់គ្នា គឺដោយព្រោះតែចិត្តអ្នករាល់គ្នារឹងរូសប៉ុណ្ណោះ ៦ប៉ុន្តែតាំងពីដើមកំណើតមនុស្សមក នោះព្រះទ្រង់បានបង្កើតគេជាប្រុសជាស្រី ៧ដោយហេតុនោះបានជាមនុស្សប្រុសតែងនឹងលាចេញពីឱពុកម្តាយ ទៅនៅជាប់នឹងប្រពន្ធវិញ ៨ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១ គេមិនមែនជា២ទៀត គឺជាសាច់តែ១សុទ្ធ ៩ដូច្នេះកុំឲ្យអ្នកណាពង្រាត់មនុស្សដែលព្រះបានផ្សំផ្គុំគ្នាឡើយ ១០កាលកំពុងនៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ ពីសេចក្តីដដែលម្តងទៀត ១១ហើយទ្រង់មានបន្ទូលថា អ្នកណាដែលនឹងលែងប្រពន្ធ ទៅយក១ទៀត នោះឈ្មោះថាផិតប្រពន្ធហើយ ១២បើស្ត្រីណាលែងប្តីទៅយក១ទៀត នោះក៏ឈ្មោះថាបានផិតប្តីដែរ។ ១៣រួចមានគេនាំក្មេងតូចៗមកថ្វាយទ្រង់ពាល់ ប៉ុន្តែពួកសិស្សបន្ទោសដល់ពួកអ្នកដែលនាំវាមក ១៤កាលព្រះយេស៊ូវបានឃើញ នោះទ្រង់គ្នាន់ក្នុងព្រះហឫទ័យ ក៏មានបន្ទូលទៅគេថា ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរព្រះមានសុទ្ធតែមនុស្ស ដូចវារាល់គ្នាដែរ ១៥ហើយខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលនគរព្រះដូចជាកូនក្មេង១នេះ នោះមិនបានចូលទៅក្នុងនគរនោះឡើយ ១៦ទ្រង់ក៏ឱបវារាល់គ្នា ហើយដាក់ព្រះហស្តលើ ទាំងប្រទានពរឲ្យផង។ ១៧កាលទ្រង់យាងចេញទៅតាមផ្លូវ នោះមានម្នាក់រត់មក លុតជង្គង់ក្រាបចុះនៅចំពោះទ្រង់ទូលសួរថា លោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ប្រយោជន៍ឲ្យបានគ្រងជីវិតរស់អស់កល្បជានិច្ច ១៨ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ហេតុអ្វីបានជាអ្នកហៅខ្ញុំថាល្អដូច្នេះ គ្មានអ្នកណាល្អសោះ មានតែ១ គឺព្រះប៉ុណ្ណោះ ១៩អ្នកបានស្គាល់បញ្ញត្តទាំងប៉ុន្មានហើយ ដែលថា “កុំឲ្យផិតឲ្យសោះ កុំឲ្យសំឡាប់មនុស្សឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ កុំឲ្យបំបាត់គេឲ្យសោះ ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយឯង” ២០តែគាត់ទូលឆ្លើយថា លោកគ្រូ ខ្ញុំបានកាន់តាមសេចក្តីទាំងនោះ តាំងពីក្មេងមកដែរ ២១ព្រះយេស៊ូវទ្រង់ទតទៅគាត់ ដោយស្រឡាញ់ហើយមានបន្ទូលថា អ្នកនៅខ្វះកិច្ច១ទៀត គឺត្រូវទៅលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិនៅលើស្ថានសួគ៌វិញ រួចឲ្យផ្ទុកឈើឆ្កាងមកតាមខ្ញុំចុះ ២២តែគាត់មានចិត្តព្រួយណាស់ដោយឮពាក្យនោះ ក៏ចេញទៅទាំងក្តីទុក្ខ ព្រោះគាត់មានសម្បត្តិច្រើនណាស់។ ២៣ព្រះយេស៊ូវទ្រង់ងាកទតជុំវិញ ហើយមានបន្ទូលទៅពួកសិស្សថា ដែលមនុស្សអ្នកមានចូលទៅក្នុងនគរព្រះនោះពិបាកណាស់ ២៤ឯពួកសិស្ស ក៏នឹកស្ងើចនឹងព្រះបន្ទូលទ្រង់ តែទ្រង់មានបន្ទូលទៅគេម្តងទៀតថា កូនអើយ ពួកអ្នកដែលជាប់ចិត្តនឹងទ្រព្យសម្បត្តិ នោះនឹងចូលទៅក្នុងនគរព្រះពិបាកណាស់ ២៥បើសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយជាជាងអ្នកមានចូលទៅក្នុងនគរព្រះវិញ ២៦គេក៏មានសេចក្តីប្លែកក្នុងចិត្តជាខ្លាំង ទាំងនិយាយគ្នាទៅវិញទៅមកថា ចុះបើដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ ២៧ព្រះយេស៊ូវទ្រង់ទតទៅគេ មានបន្ទូលថា ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន ២៨នោះពេត្រុសចាប់តាំងទូលទ្រង់ថា មើល យើងខ្ញុំបានលះចោលទាំងអស់មកតាមទ្រង់ហើយ ២៩តែព្រះយេស៊ូវមានបន្ទូលឆ្លើយថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនដែលមានអ្នកណាដែលលះចោលផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្តាយ ប្រពន្ធកូន ឬស្រែចំការ ដោយព្រោះយល់ដល់ខ្ញុំ ហើយនឹងដំណឹងល្អ ៣០ឥតបានទទួលជា១ រយភាគឡើង ក្នុងសម័យនេះនោះឡើយ គឺជាផ្ទះសំបែងបងប្អូនប្រុសស្រី ម្តាយហើយកូន នឹងស្រែចំការ ព្រមទាំងសេចក្តីបៀតបៀនដែរ ហើយដល់បរលោកនាយ នឹងបានជីវិតរស់អស់កល្បជានិច្ចផង ៣១តែនឹងមានមនុស្សមុនទៅជាក្រោយជាច្រើន ហើយមនុស្សក្រោយទៅជាមុនវិញ ៣២កំពុងដែលដើរតាមផ្លូវ ឡើងទៅឯក្រុងយេរូសាឡិម នោះព្រះយេស៊ូវយាងមុខគេ ហើយពួកសិស្សមានចិត្តវិលវល់ ក៏ដើរតាមទ្រង់ទៅទាំងភ័យភិត ទ្រង់ក៏យកពួក១២មកម្តងទៀត ចាប់តាំងប្រាប់អំពីការដែលត្រូវកើតមកដល់ទ្រង់ថា ៣៣មើល យើងឡើងទៅឯក្រុងយេរូសាឡិម នោះកូនមនុស្សនឹងត្រូវបញ្ជូនទៅឯពួកសង្គ្រាជ នឹងពួកអាចារ្យ គេនឹងកាត់ទោសលោកដល់ជីវិត ហើយបញ្ជូនទៅដល់ពួកសាសន៍ដទៃ ៣៤ពួកនោះនឹងចំអកមើលងាយ វាយនឹងរំពាត់ ស្តោះដាក់ ហើយសំឡាប់លោក រួច៣ថ្ងៃក្រោយដែលស្លាប់ទៅ នោះលោកនឹងរស់ឡើងវិញ។ ៣៥ខណនោះ យ៉ាកុប នឹងយ៉ូហាន ជាកូនសេបេដេក៏មកទូលទ្រង់ថា លោកគ្រូ សូមលោកសំរេចឲ្យយើងខ្ញុំតាមសេចក្តីសំណូមរបស់យើងខ្ញុំផង ៣៦ទ្រង់មានបន្ទូលសួរថា តើចង់ឲ្យខ្ញុំសំរេចអ្វីឲ្យអ្នក ៣៧គេក៏ទូលឆ្លើយថា សូមឲ្យយើងខ្ញុំបានអង្គុយនៅ ម្នាក់ខាងស្តាំ ហើយម្នាក់ខាងឆ្វេងលោក ក្នុងស្ថាននៃសិរីល្អរបស់លោក ៣៨តែព្រះយេស៊ូវមានបន្ទូលថា អ្នកមិនយល់សេចក្តីដែលអ្នកសូមនោះទេ តើអ្នកអាចនឹងផឹកអំពីពែងដែលខ្ញុំផឹក ហើយទទួលបុណ្យជ្រមុជដែលខ្ញុំទទួលបានឬទេ ៣៩គេទូលឆ្លើយថា ទទួលបាន នោះព្រះយេស៊ូវមានបន្ទូលតបថា អ្នករាល់គ្នានឹងផឹកអំពីពែងខ្ញុំ ហើយទទួលបុណ្យជ្រមុជដែលខ្ញុំទទួលមែន ៤០តែដែលអង្គុយខាងស្តាំ ឬខាងឆ្វេងខ្ញុំ នោះមិនស្រេចនឹងខ្ញុំទេ គឺសំរាប់តែអ្នកណាដែលទីនោះបានរៀបចំទុកឲ្យប៉ុណ្ណោះ ៤១កាល១០នាក់ឯទៀតបានឮសេចក្តីនោះ នោះគេក៏នឹកតូចចិត្តនឹងយ៉ាកុប ហើយនឹងយ៉ូហាន ៤២តែព្រះយេស៊ូវទ្រង់ហៅអ្នកទាំងនោះមក មានបន្ទូលថា អ្នករាល់គ្នាដឹងថា ពួកអ្នកដែលបានរាប់ជាចៅហ្វាយនៃសាសន៍ដទៃ គេគ្រប់គ្រងលើសាសន៍របស់ខ្លួន ហើយពួកអ្នកធំក៏មានអំណាចលើគេដែរ ៤៣ប៉ុន្តែមិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ អ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ ៤៤ឯអ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នកទាំងអស់វិញ ៤៥ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបំរើដែរ គឺដើម្បីនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង។ ៤៦ខណនោះ ក៏មកដល់ក្រុងយេរីខូរ ហើយកំពុងដែលទ្រង់យាងចេញពីនោះទៅ ព្រមទាំងពួកសិស្ស នឹងហ្វូងមនុស្សជាធំផង នោះមានមនុស្សខ្វាក់ឈ្មោះបារទីមេជាកូនទីមេ កំពុងអង្គុយសូមទាននៅមាត់ផ្លូវ ៤៧កាលគាត់បានឮថា ជាព្រះយេស៊ូវ ពីណាសារ៉ែត នោះក៏តាំងស្រែកឡើងថា ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង ៤៨មានមនុស្សជាច្រើនកំហែងឲ្យគាត់នៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា ឱព្រះអង្គ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង ៤៩នោះព្រះយេស៊ូវទ្រង់ឈប់ ហើយប្រាប់ឲ្យគេហៅគាត់មក គេក៏ហៅមក ដោយប្រាប់ថា ចូរសង្ឃឹមចុះ ហើយក្រោកឡើង លោកហៅឯង ៥០គាត់បោះអាវធំចោល រួចស្ទុះក្រោកឡើង ទៅឯព្រះយេស៊ូវ ៥១ទ្រង់មានបន្ទូលសួរគាត់ថា តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក អ្នកនោះទូលឆ្លើយថា លោកគ្រូអើយ សូមប្រោសភ្នែកទូលបង្គំឲ្យបានភ្លឺឡើង ៥២ទ្រង់មានបន្ទូលទៅគាត់ថា ទៅចុះសេចក្តីជំនឿអ្នកបានសង្គ្រោះអ្នកហើយ ស្រាប់តែភ្នែកក៏ភ្លឺឡើងភ្លាម រួចគាត់ដើរតាមទ្រង់ទៅ។ ១១ ១កាលមកជិតដល់ក្រុងយេរូសាឡិម ដល់ភូមិបេតផាសេ នឹងបេថានី ទន្ទឹមនឹងភ្នំដើមអូលីវហើយ នោះទ្រង់ចាត់សិស្ស២នាក់ឲ្យទៅ ២ដោយបន្ទូលថា ចូរទៅឯភូមិខាងមុខនុ៎ះ កាលណាចូលទៅដល់ នោះនឹងឃើញកូនលាគេបានចងទុក ដែលឥតមានអ្នកណាទាន់ជិះនៅឡើយ ចូរស្រាយដឹកនាំវាមក ៣បើអ្នកណាសួរថា ស្រាយវាធ្វើអី នោះត្រូវឆ្លើយថា ព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា រួចគេនឹងឲ្យវាមកហើយ ៤អ្នកទាំង២ក៏ទៅ ឃើញកូនលាគេចងទុកនៅមាត់ទ្វារ ត្រង់កន្លែងផ្លូវប្រសព្វ រួចក៏ស្រាយវា ៥ឯពួកអ្នកខ្លះដែលឈរនៅទីនោះគេសួរថា អ្នកស្រាយកូនលាធ្វើអី ៦អ្នកទាំងនោះឆ្លើយប្រាប់ ដូចជាព្រះយេស៊ូវទ្រង់បង្គាប់ រួចគេក៏បើកឲ្យ ៧អ្នកទាំង២ដឹកនាំកូនលាមកឯព្រះយេស៊ូវ រួចក្រាលអាវលើវា ហើយទ្រង់ឡើងគង់ ៨មានមនុស្សជាច្រើននាំគ្នាក្រាលអាវខ្លួននៅផ្លូវ ហើយខ្លះទៀតកាច់មែកឈើ យកមករាយតាមផ្លូវដែរ ៩ឯពួកអ្នកដែលដើរហែមុខក្រោយ គេស្រែកឡើងថា ហូសាណា ព្រះអង្គដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ ១០រាជ្យនៃហ្លួងដាវីឌ ជាឰយុកោយើងរាល់គ្នា ដែលមកដោយនូវព្រះនាមព្រះអម្ចាស់ ក៏ប្រកបដោយព្រះពរដែរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត ១១នោះព្រះយេស៊ូវ ទ្រង់យាងចូលទៅក្នុងក្រុងយេរូសាឡិមក៏ទៅក្នុងព្រះវិហារ កាលទ្រង់ទតជុំវិញ មើលសព្វគ្រប់ទាំងអស់ហើយ នោះក៏យាងទៅឯបេថានី ព្រមទាំងពួក១២ផង ដ្បិតថ្ងៃកាន់តែទាបណាស់ហើយ។ ១២ថ្ងៃស្អែកឡើង កាលបានចេញពីបេថានីមក នោះទ្រង់ក៏ឃ្លាន ១៣ទ្រង់ទតឃើញដើមល្វា១ពីចំងាយ ដែលមានសន្លឹក រួចទ្រង់យាងទៅមើល ក្រែងរកបានផ្លែខ្លះ តែកាលទៅដល់ នោះឃើញមានតែស្លឹកទទេ ព្រោះមិនទាន់ដល់រដូវនៅឡើយ ១៤នោះទ្រង់មានបន្ទូលទៅដើមនោះថា កុំឲ្យអ្នកណាស៊ីផ្លែឯងទៀតជារៀងរាបដរាបទៅ ពួកសិស្សទ្រង់ក៏ឮ។ ១៥ព្រះយេស៊ូវ ទ្រង់យាងទៅដល់ក្រុងយេរូសាឡិម កាលបានចូលទៅក្នុងព្រះវិហារ ហើយនោះក៏តាំងដេញពួកអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុរបស់ពួកអ្នកដែលដូរប្រាក់ នឹងជើងម៉ានៃពួកអ្នកលក់ព្រាប ១៦ក៏មិនព្រមឲ្យអ្នកណាលីសែងអ្វីដើរកាត់ព្រះវិហារឡើយ ១៧ទ្រង់បង្រៀនគេថា តើគ្មានសេចក្តីចែងទុកមកទេឬអីថា “ដំណាក់អញត្រូវហៅជាទីអធិស្ឋាន សំរាប់គ្រប់អស់ទាំងសាសន៍” ប៉ុន្តែអ្នករាល់គ្នាបានយក ធ្វើជារោងចោរវិញ ១៨ពួកសង្គ្រាជ នឹងពួកអាចារ្យក៏ឮ ហើយគេរកឱកាសធ្វើយ៉ាងណានឹងបំផ្លាញទ្រង់ចេញ ដ្បិតគេខ្លាចទ្រង់ ដោយព្រោះបណ្តាមនុស្សទាំងអស់គ្នា មានសេចក្តីអស្ចារ្យក្នុងចិត្តចំពោះសេចក្តីដែលទ្រង់បង្រៀន ១៩ដល់ល្ងាចទ្រង់យាងចេញពីទីក្រុងទៅ។ ២០លុះព្រឹកឡើង កំពុងដែលដើរតាមផ្លូវទៅ នោះពួកសិស្សឃើញដើមល្វានោះស្វិតក្រៀម តាំងតែពីឫសឡើង ២១ពេត្រុសក៏នឹកឃើញហើយទូលទ្រង់ថា លោកគ្រូមើល ដើមល្វាដែលលោកដាក់បណ្តាសា នោះក្រៀមស្វិតទៅហើយ ២២ព្រះយេស៊ូវទ្រង់ឆ្លើយថា ចូរមានសេចក្តីជំនឿដល់ព្រះចុះ ២៣ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណានិយាយទៅភ្នំនេះថា ចូររើចេញពីទីនេះទៅធ្លាក់ក្នុងសមុទ្រចុះ ដោយឥតសង្ស័យក្នុងចិត្ត គឺជឿជាក់ថា សេចក្តីអ្វីដែលខ្លួនថា នឹងបានកើតមកពិត នោះនឹងបានដូចប្រាថ្នាគ្រប់ជំពូកទាំងអស់ ២៤ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្រប់ទាំងសេចក្តីអ្វីដែលអ្នករាល់គ្នាអធិស្ឋានសូម ចូរជឿថា បានហើយ នោះនឹងបានមែន ២៥ហើយកាលណាអ្នកឈរអធិស្ឋាន បើអ្នកមានហេតុអ្វីនឹងអ្នកណា នោះត្រូវអត់ទោសឲ្យគេសិន ដើម្បីឲ្យព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ បានអត់ទោសគ្រប់ទាំងសេចក្តីកំហុសរបស់អ្នករាល់គ្នាដែរ ២៦តែបើអ្នករាល់គ្នាមិនអត់ទោសទេ នោះព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏មិនអត់ទោសសេចក្តីកំហុសរបស់អ្នករាល់គ្នាដែរ។ ២៧នោះក៏មកដល់ក្រុងយេរូសាឡិមម្តងទៀត រួចកាលទ្រង់កំពុងតែយាងក្នុងព្រះវិហារ នោះពួកសង្គ្រាជ ពួកអាចារ្យ នឹងពួកចាស់ទុំ គេមកឯទ្រង់ ២៨ហើយទូលសួរថា អ្នកធ្វើការទាំងនេះដោយអាងអំណាចអ្វី តើអ្នកណាបានបើកអំណាចនេះឲ្យអ្នកធ្វើ ២៩តែព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្តី១ដែរ ចូរឆ្លើយប្រាប់ខ្ញុំសិន នោះខ្ញុំនឹងប្រាប់ឲ្យអ្នកស្គាល់អំណាចដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរ ៣០ឯបុណ្យជ្រមុជរបស់យ៉ូហាន តើមកពីស្ថានសួគ៌ ឬពីមនុស្ស ចូរឆ្លើយប្រាប់មក ៣១នោះគេរិះគិតគ្នាថា បើយើងថា មកពីស្ថានសួគ៌នោះវានឹងសួរយើងថា ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿគាត់ ៣២តែបើយើងឆ្លើយថា មកពីមនុស្សនោះខ្លាចពួកបណ្តាជន ដ្បិតមនុស្សទាំងអស់រាប់យ៉ូហាននេះទុកជាហោរាមែន ៣៣គេក៏ទូលឆ្លើយថា យើងមិនដឹងទេ ហើយទ្រង់មានបន្ទូលឆ្លើយថា ដូច្នេះ ខ្ញុំក៏មិនប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីអំណាចអ្វីដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរ។ ១២ ១ទ្រង់ក៏ចាប់តាំងមានបន្ទូលទៅគេ ជាពាក្យប្រៀបប្រដូចថា មានមនុស្សម្នាក់ដែលដាំចំការទំពាំងបាយជូរ គាត់បានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងជីកទីជាន់ផ្លែ នឹងសង់ប៉ម ហើយប្រវាស់ទៅឲ្យពួកអ្នកធ្វើចំការ រួចចេញពីស្រុកនោះទៅ ២ដល់រដូវហើយ គាត់ចាត់បាវម្នាក់ទៅឯពួកអ្នកធ្វើចំការ ដើម្បីនឹងទទួលផលខ្លះពីពួកអ្នកទាំងនោះ ៣តែគេចាប់បាវនោះវាយ ហើយឲ្យត្រឡប់ទៅវិញទទេ ៤គាត់ចាត់បាវ១ទៀតឲ្យទៅឯគេ តែគេចោលបាវនោះនឹងថ្ម ទាំងវាយក្បាល ហើយបណ្តេញឲ្យទៅវិញទាំងជេរប្រមាថផង ៥គាត់ក៏ចាត់ម្នាក់ទៀត តែគេសំឡាប់អ្នកនោះបង់ ក៏បានចាត់ជាច្រើននាក់ទៅទៀត ខ្លះត្រូវគេវាយ ខ្លះត្រូវគេសំឡាប់ចោល ៦គាត់នៅមានកូនសំឡាញ់តែ១ ក៏ចាត់កូននោះឲ្យទៅឯគេក្រោយបង្អស់ ដោយគិតថា គេនឹងកោតខ្លាចដល់កូនអញ ៧តែពួកអ្នកធ្វើចំការនោះ គេនិយាយគ្នាថា នេះជាកូនគ្រងមរដក ចូរយើងសំឡាប់វាចេញ នោះមរដកនេះនឹងបានមកលើយើងរាល់គ្នាវិញ ៨រួចគេចាប់កូនគាត់ សំឡាប់បោះចោលទៅក្រៅចំការទៅ ៩ដូច្នេះ តើម្ចាស់ចំការនឹងធ្វើដូចម្តេច គឺគាត់នឹងមកបំផ្លាញពួកអ្នកធ្វើចំការនោះ រួចប្រវាស់ទៅឲ្យអ្នកឯទៀតវិញ ១០តើអ្នករាល់គ្នាមិនបានមើលបទគម្ពីរនេះផងទេឬអី ដែលថា «ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញនោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក ១១ការនោះគឺព្រះអម្ចាស់ទ្រង់បានធ្វើ ហើយជាការអស្ចារ្យនៅភ្នែកយើងខ្ញុំ» ១២គេក៏រកឱកាសចាប់ទ្រង់ ព្រោះដឹងថា ទ្រង់មានបន្ទូលពាក្យប្រៀបនោះដាក់គេ ប៉ុន្តែគេខ្លាចហ្វូងមនុស្ស រួចគេដើរចោលទ្រង់បាត់ទៅ។ ១៣គេបានចាត់ពួកផារិស៊ីខ្លះ នឹងពួកហេរ៉ូឌខ្លះ ទៅឯព្រះយេស៊ូវ ដើម្បីនឹងចាប់ព្រះបន្ទូល ១៤អ្នកទាំងនោះក៏មកឯទ្រង់ទូលថា លោកគ្រូ យើងខ្ញុំដឹងថា លោកពិតត្រង់ ហើយថា លោកមិនអំពល់ដល់អ្នកណាសោះ ពីព្រោះលោកមិនយល់មុខមនុស្សលោកទេ លោកបង្រៀនតែពីផ្លូវព្រះ តាមសេចក្តីពិតប៉ុណ្ណោះ ដូច្នេះ តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ ១៥តើត្រូវបង់ ឬមិនត្រូវបង់ ប៉ុន្តែទ្រង់ស្គាល់ពុតមាយារបស់គេ ក៏មានបន្ទូលថា ហេតុអ្វីបានជាល្បងលខ្ញុំ ចូរយកប្រាក់កាក់ធំមកឲ្យខ្ញុំមើល ១៦គេក៏យកមក រួចទ្រង់មានបន្ទូលសួរថា រូបនេះ នឹងឈ្មោះនេះ តើជារបស់អ្នកណា គេឆ្លើយថា របស់សេសារ ១៧នោះទ្រង់តបទៅវិញថា ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះទៅព្រះវិញ គេក៏អស្ចារ្យនឹងទ្រង់។ ១៨ឯពួកសាឌូស៊ី ដែលថា គ្មានសេចក្តីរស់ឡើងវិញគេក៏មកទូលសួរទ្រង់ថា ១៩លោកគ្រូលោកម៉ូសេបានចែងទុកឲ្យយើងខ្ញុំថា «បើបងរបស់អ្នកណាស្លាប់ចោលប្រពន្ធឥតមានកូន នោះត្រូវឲ្យប្អូនយកប្រពន្ធគាត់ ដើម្បីនឹងបង្កើតពូជឲ្យបងខ្លួន» ២០ឥឡូវ មានបងប្អូន៧នាក់បងច្បងយកប្រពន្ធ ហើយស្លាប់ទៅឥតមានកូន ២១ប្អូនបន្ទាប់ក៏យកនាងនោះ ហើយស្លាប់ទៅ ឥតមានកូនដែរ អ្នកទី៣ក៏ដូចគ្នា ២២អ្នកទាំង៧នោះបានយកនាងតែគ្មានកូន១សោះ ក្រោយបង្អស់មក នាងនោះក៏ស្លាប់ទៅដែរ ២៣ដូច្នេះ ដល់គ្រាដែលរស់ឡើងវិញ តើនាងនោះត្រូវបានជាប្រពន្ធរបស់អ្នកណាក្នុងបណ្តាអ្នកទាំងនោះ ពីព្រោះអ្នកទាំង៧បានយកនាងគ្រប់ៗគ្នា ២៤ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគេថា ដូច្នេះ អ្នករាល់គ្នាភាន់ច្រឡំទេតើ ពីព្រោះមិនស្គាល់គម្ពីរ ឬព្រះចេស្តានៃព្រះ ២៥ដ្បិតកាលណាមនុស្សរស់ពីស្លាប់ឡើងវិញ នោះមិនដែលយកគ្នាជាប្តី ប្រពន្ធទៀតទេ គេបានដូចជាទេវតានៅស្ថានសួគ៌វិញ ២៦ឯដំណើរដែលមនុស្សស្លាប់រស់ឡើងវិញ នោះតើអ្នករាល់គ្នាមិនបានមើលរឿងពីគុម្ពបន្លា ដែលមាននៅក្នុងគម្ពីររបស់លោកម៉ូសេទេឬអី ដែលព្រះទ្រង់មានបន្ទូលនឹងលោកថា «អញជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាកហើយជាព្រះនៃយ៉ាកុប» ២៧ទ្រង់មិនមែនជាព្រះនៃមនុស្សស្លាប់ទេ គឺជាព្រះនៃមនុស្សរស់វិញទេតើ អ្នករាល់គ្នាភាន់ច្រឡំខ្លាំងណាស់។ ២៨នោះមានអាចារ្យម្នាក់ចូលមកឮជជែកគ្នា ក៏យល់ឃើញថា ទ្រង់បានឆ្លើយត្រូវចំ រួចគាត់ទូលសួរទ្រង់ថាក្នុងបញ្ញត្តទាំងប៉ុន្មាន តើមានបទណាសំខាន់ជាងគេទាំងអស់ ២៩ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឯបញ្ញត្តដែលសំខាន់ជាងគេ នោះគឺថា «ចូរស្តាប់ចុះ អ៊ីស្រាអែលអើយ ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់ជាព្រះអម្ចាស់តែ១ព្រះអង្គទ្រង់ ៣០ហើយឯងត្រូវស្រឡាញ់ ដល់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកំឡាំងនៃឯង» នោះហើយជាបញ្ញត្តទី១ ៣១ឯញ្ញត្តទី២ ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» គ្មានបញ្ញត្តណាទៀតធំជាងបទទាំង២នេះទេ ៣២អាចារ្យនោះក៏ទូលទ្រង់ថា មែនហើយ លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ថា មានព្រះតែ១ ហើយក្រៅពីទ្រង់ គ្មានព្រះណាទៀតសោះ ៣៣ហើយដែលស្រឡាញ់ទ្រង់អស់ពីចិត្ត អស់ពីប្រាជ្ញា អស់ពីព្រលឹង នឹងអស់ពីកំឡាំងហើយដែលស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង នោះវិសេសលើសជាងអស់ទាំងដង្វាយដុត នឹងយញ្ញបូជាទាំងប៉ុន្មានទៅទៀត ៣៤កាលព្រះយេស៊ូវបានឃើញថា គាត់ឆ្លើយដោយប្រាជ្ញានោះក៏មានបន្ទូលទៅគាត់ថា អ្នកមិនឆ្ងាយពីនគរព្រះទេ រួចគ្មានអ្នកណាហ៊ានទូលសួរទ្រង់ទៀតឡើយ។ ៣៥កំពុងដែលព្រះយេស៊ូវបង្រៀនក្នុងព្រះវិហារ នោះទ្រង់មានបន្ទូលសួរថា ហេតុអ្វីបានជាពួកអាចារ្យថា ព្រះគ្រីស្ទជាព្រះវង្សហ្លួងដាវីឌ ៣៦ដ្បិតហ្លួងដាវីឌមានបន្ទូលដោយនូវព្រះវិញ្ញាណបរិសុទ្ធថា «ព្រះអម្ចាស់ ទ្រង់មានបន្ទូលទៅព្រះអម្ចាស់ខ្ញុំថា ចូរឯងអង្គុយខាងស្តាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯង ឲ្យធ្វើជាកំណល់កល់ជើងឯង» ៣៧ដូច្នេះ បើហ្លួងដាវីឌនោះឯង ទ្រង់បានហៅព្រះគ្រីស្ទជាព្រះអម្ចាស់ នោះធ្វើដូចម្តេចឲ្យព្រះគ្រីស្ទធ្វើជាព្រះវង្សទ្រង់បាន ឯហ្វូងមនុស្សដ៏ធំនោះ គេក៏ស្តាប់ទ្រង់ដោយអំណរ។ ៣៨កំពុងដែលទ្រង់បង្រៀន នោះក៏មានបន្ទូលទៅគេថា ចូរប្រុងប្រយ័តនឹងពួកអាចារ្យ ដែលគេចូលចិត្តពាក់អាវវែងៗដើរចុះឡើង ហើយឲ្យគេគំនាប់ខ្លួននៅទីផ្សារ ៣៩នឹងអង្គុយទីមុខគេនៅក្នុងសាលាប្រជុំ ហើយនៅកន្លែងលេខ១ក្នុងការស៊ីលៀង ៤០គេឆស៊ីផ្ទះស្ត្រីមេម៉ាយ ដោយសូត្រធម៌ឲ្យច្រើន ដើម្បីដោះសាខ្លួន ពួកអ្នកទាំងនោះនឹងត្រូវទោសធ្ងន់ជាងទៅទៀត។ ៤១គ្រានោះ ព្រះយេស៊ូវគង់ទល់មុខនឹងឃ្លាំង ក៏ទតមើលទៅហ្វូងមនុស្ស ដែលគេដាក់ដង្វាយក្នុងឃ្លាំងជាយ៉ាងដូចម្តេច មានអ្នកមានជាច្រើន គេដាក់ច្រើន ៤២តែមានស្រីមេម៉ាយក្រម្នាក់ មកដាក់តែ២ស្លឹង ដែលត្រូវជាកន្លះសេន ៤៣ទ្រង់ហៅពួកសិស្សមកមានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្រីមេម៉ាយក្រនេះបានថ្វាយលើសជាងអ្នកទាំងអស់ ដែលដាក់ក្នុងឃ្លាំង ៤៤ដ្បិតគេសុទ្ធតែយកពីរបស់ជាសំណល់ខ្លួនមកថ្វាយ តែស្ត្រីនេះបានយកពីសេចក្តីកំសត់ខ្លួនមកថ្វាយវិញ គឺជារបស់ដែលនាងមានទាំងប៉ុន្មានសំរាប់ចិញ្ចឹមជីវិតខ្លួនផង។ ១៣ ១កាលកំពុងតែចេញពីព្រះវិហារមក នោះពួកសិស្សទ្រង់ម្នាក់ទូលថា លោកគ្រូ មើលន៏ ថ្មហើយនឹងមន្ទីរល្អណាស់ហ្ន៎ ២ព្រះយេស៊ូវមានបន្ទូលឆ្លើយថា តើឃើញមន្ទីរធំទាំងនេះឬទេ បន្តិចទៀត នឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទំលាក់ចុះនោះទេ ៣រួចកាលទ្រង់គង់លើភ្នំដើមអូលីវ ទល់មុខនឹងព្រះវិហារ នោះពេត្រុស យ៉ាកុប យ៉ូហាន នឹងអនទ្រេ គេមកទូលសួរទ្រង់ដោយឡែកថា ៤សូមប្រាប់យើងខ្ញុំ តើកាលណាបានការទាំងនេះនឹងមកដល់ តើមានទីសំគាល់ណាឲ្យដឹង ក្នុងកាលដែលការទាំងនេះជិតកើតមក ៥ព្រះយេស៊ូវចាប់តាំងមានបន្ទូលឆ្លើយទៅគេថា ចូរប្រយ័ត ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ៦ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកនិយាយថា គឺខ្ញុំនេះហើយ គេក៏នឹងនាំមនុស្សជាច្រើនឲ្យវង្វេងផង ៧កាលណាអ្នករាល់គ្នាឮនិយាយពីចំបាំងហើយពីសូរចំបាំង នោះកុំឲ្យអ្នករាល់គ្នាមានចិត្តថប់បារម្ភទ្បើយ ដ្បិតការទាំងនោះត្រូវតែមកដល់ តែពុំទាន់ដល់ចុងបំផុតនៅទ្បើយទេ ៨ពីព្រោះសាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ក៏នឹងមានកក្រើកដីនៅកន្លែងផ្សេងៗ ហើយនឹងមានអំណត់ នឹងចលាចលកើតទ្បើង នេះជាដើមចមនៃសេចក្តីទុក្ខវេទនាទេ ៩ប៉ុន្តែឲ្យអ្នករាល់គ្នាប្រយ័តខ្លួន ពីព្រោះគេនឹងបញ្ជូនអ្នករាល់គ្នាទៅឯក្រុមជំនុំ គេនឹងវាយអ្នករាល់គ្នា នៅក្នុងសាលាប្រជុំហើយនាំទៅចំពោះចៅហ្វាយខេត្ត នឹងស្តេច ដោយព្រោះខ្ញុំ ទុកជាទីបន្ទាល់ដល់លោកទាំងនោះ ១០ឯដំណឹងល្អនឹងត្រូវផ្សាយដល់គ្រប់សាសន៏ជាមុនសិន ១១ប៉ុន្តែកាលណាគេនាំបញ្ជូនអ្នករាល់គ្នាទៅ នោះកុំឲ្យថប់ព្រួយជាមុនពីបែបនិយាយ ឬពីពាក្យដែលត្រូវថាទ្បើយ ត្រូវនិយាយតែសេចក្តីណា ដែលបានប្រទានមកអ្នករាល់គ្នា នៅវេលានោះឯង ដ្បិតមិនមែនជាអ្នករាល់គ្នាដែលត្រូវនិយាយទេគឺជាព្រះវិញ្ញាណបរិសុទ្ធទេតើ ១២បងប្អូននឹងបញ្ជូនគ្នាឲ្យត្រូវស្លាប់ ហើយឪពុកនឹងបញ្ជូនកូន កូននឹងលើកគ្នាទាស់នឹងឪពុកម្តាយ ហើយនឹងសំឡាប់គាត់បង់ ១៣មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុត នោះនឹងបានសង្គ្រោះពិត។ ១៤កាលអ្នករាល់គ្នាឃើញសេចក្តីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ ឈរនៅកន្លែងដែលមិនគួរឲ្យឈរ (អ្នកណាដែលមើល ឲ្យយល់ចុះ) នោះត្រូវឲ្យពួកនៅស្រុកយូដារត់ទៅឯភ្នំទៅ ១៥កុំឲ្យអ្នកណាដែលនៅលើ ដំបូលផ្ទះចុះមកក្នុងផ្ទះ ឬចូលទៅយកអ្វីចេញពីផ្ទះ ១៦ក៏កុំឲ្យអ្នកដែលនៅស្រែចំការត្រឡប់មកវិញ នឹងយកសំលៀកបំពាក់ខ្លួនឡើយ ១៧នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះនឹងស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់ ១៨ត្រូវឲ្យអធិស្ឋានសូមកុំឲ្យត្រូវរត់នៅរដូវរងាឡើយ ១៩ដ្បិតនៅគ្រានោះនឹងមានសេចក្តីវេទនាខ្លាំងណាស់ ដល់ម៉្លេះបានជាតាំងពីកំណើតលោកីយ ដែលព្រះទ្រង់បានបង្កើត ដរាបដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះទេ ហើយទៅមុខក៏មិនដែលមានផង ២០បើព្រះអម្ចាស់មិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លី នោះគ្មានមនុស្សណាបានសង្គ្រោះទេ ប៉ុន្តែទ្រង់បានបន្ថយថ្ងៃទាំងនោះ ដោយព្រោះពួកអ្នកដែលទ្រង់បានរើសតាំង ២១នៅគ្រានោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថា មើល ព្រះគ្រីស្ទគង់នៅទីនេះ ឬថា មើល ទ្រង់គង់នៅទីនុ៎ះ នោះកុំឲ្យជឿឡើយ ២២ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់ព្រមទាំងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួករើសតាំងឲ្យវង្វេងផង បើសិនជាបាន ២៣ចូរអ្នករាល់គ្នាប្រុងប្រយ័តឲ្យមែនទែន មើល ខ្ញុំបានប្រាប់អ្នករាល់គ្នាគ្រប់ទាំងអស់ជាមុនហើយ ២៤ប៉ុន្តែនៅគ្រាក្រោយសេចក្តីវេទនានោះ ថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ ២៥អស់ទាំងផ្កាយនៅលើមេឃនឹងធ្លាក់ចុះ ហើយអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក ២៦នោះគេនឹងឃើញកូនមនុស្សមកក្នុងពពក មានទាំងព្រះចេស្តាជាខ្លាំង នឹងសិរីល្អផង ២៧ហើយលោកនឹងចាត់ពួកទេវតា ឲ្យទៅប្រមូលពួកដែលបានរើសតាំង មកពីទិសទាំង៤ តាំងពីទីបំផុតនៃផែនដីម្ខាង រហូតដល់ទីបំផុតនៃផ្ទៃមេឃ។ ២៨ប៉ុន្តែត្រូវរៀនសេចក្តីប្រៀបប្រដូច ពីដើមល្វាចុះ គឺកាលណាមែកវាត្រឡប់ជាទន់ ហើយស្លឹកក៏ប៉ិចទ្បើង នោះអ្នករាល់គ្នាដឹងថា រដូវក្តៅជិតដល់ហើយ ២៩ក៏បែបដូច្នោះដែរ កាលណាឃើញការទាំងនោះកើតមក នោះត្រូវដឹងថា កូនមនុស្សជិតដល់ហើយ ក៏នៅមាត់ទ្វារផង ៣០ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សដំណនេះនឹងពុំទាន់កន្លងហួសបាត់ទៅ ទាល់តែគ្រប់ការទាំងនោះបានកើតមក ៣១ផ្ទៃមេឃ ហើយផែនដី នឹងកន្លងបាត់ទៅ តែពាក្យខ្ញុំ នឹងមិនដែលកន្លងបាត់ឡើយ ៣២ឯត្រង់ថ្ងៃ នឹងពេលកំណត់ នោះគ្មានអ្នកណាដឹងបានទេ ទោះទាំងពួកទេវតាដែលនៅស្ថានសួគ៌ ឬព្រះរាជបុត្រាក៏មិនជ្រាបដែរ ជ្រាបតែព្រះវរបិតាប៉ុណ្ណោះ ៣៣ចូរប្រុងប្រយ័ត ឲ្យចាំយាម ហើយអធិស្ឋានផង ដ្បិតអ្នករាល់គ្នាមិនដឹងពេលកំណត់នោះទេ ៣៤នេះដូចជាមនុស្សម្នាក់ ដែលចាកចោលផ្ទះចេញពីស្រុកទៅទីឆ្ងាយ ក៏ប្រគល់អំណាចដល់ពួកបាវព្រាវ ព្រមទាំងដាក់ការឲ្យធ្វើគ្រប់គ្នា ហើយផ្តាំអ្នកឆ្មាំទ្វារឲ្យចាំយាមផង ៣៥ដូច្នេះ ចូរចាំយាមចុះ ដ្បិតមិនដឹងជាវេលាណាដែលម្ចាស់ផ្ទះនឹងមកវិញទេ ទោះបើល្ងាច កណ្តាលអធ្រាត្រ ពេលមាន់រងាវ ឬព្រឹកក្តី ៣៦ក្រែងលោលោកមកដល់ភ្លាម ឃើញអ្នករាល់គ្នាកំពុងតែដេកលក់ ៣៧ឯសេចក្តីដែលខ្ញុំប្រាប់ដល់អ្នករាល់គ្នានេះ នោះខ្ញុំក៏ប្រាប់ដល់មនុស្សទាំងអស់ដែរ គឺថា ចូរចាំយាមចុះ។ ១៤ ១ក្រោយ២ថ្ងៃមក នោះជាបុណ្យរំលង នឹងបុណ្យនំប៉័ងឥតដំបែ ឯពួកសង្គ្រាជ នឹងពួកអាចារ្យ គេរកឱកាសនឹងចាប់ទ្រង់ ដោយឧបាយកល ដើម្បីនឹងសំឡាប់ទ្រង់ចោល ២តែគេថា កុំឲ្យធ្វើក្នុងរវាងបុណ្យឡើយ ក្រែងបណ្តាជនកើតកលាហល។ ៣កំពុងដែលទ្រង់គង់នៅតុ ក្នុងផ្ទះស៊ីម៉ូន ជាមនុស្សឃ្លង់ នៅភូមិបេថានី នោះមានស្ត្រីម្នាក់កាន់ដបថ្មកែវ ដាក់ប្រេងទេព្វិរូសុទ្ធ មានតំឡៃណាស់ យកមកបំបែកដបនោះ ចាក់ប្រេងលើព្រះសិរព្រះយេស៊ូវ ៤មានអ្នកខ្លះនឹកតូចចិត្តហើយថា តើមានប្រយោជន៍អ្វីនឹងធ្វើបង្ខាតប្រេងនេះដូច្នេះ ៥ដ្បិតប្រេងនេះនឹងលក់បានជាង៦០រៀល ដើម្បីចែកទានដល់ពួកអ្នកទ័លក្រវិញ គេក៏រទូរទាំនឹងនាង ៦ប៉ុន្តែទ្រង់មានបន្ទូលថា កុំធ្វើនាង ហេតុអ្វីបានជានាំបង្អាក់ចិត្តនាងដូច្នេះ នាងបានធ្វើការនេះ ជាការល្អដល់ខ្ញុំណាស់ ៧ពីព្រោះអ្នករាល់គ្នាមានពួកអ្នកក្រនៅជាមួយជាដរាប ហើយកាលណាអ្នករាល់គ្នាចង់ធ្វើគុណនឹងគេ នោះចេះតែធ្វើបាន តែចំណែកខ្ញុំ មិននៅជាមួយជាដរាបទេ ៨នាងបានធ្វើការអ្វីដែលនាងធ្វើបាន គឺបានមកមុនពេលកំណត់ នឹងលាបខ្លួនខ្ញុំ ជាការសំរាប់កប់ខ្មោចខ្ញុំ ៩ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា កន្លែងណាដែលគេនឹងផ្សាយដំណឹងល្អនេះទួទៅ គ្រប់ក្នុងលោកីយទាំងមូល នោះគេតែងនឹងដំណាលពីការដែលនាងបានធ្វើហើយនេះ ទុកសំរាប់ជាកេរ្តិ៍នាងតទៅ។ ១០ឯយូដាស-អ៊ីស្ការីយ៉ុត ជាអ្នក១ក្នុងពួក១២ វាក៏ទៅឯពួកសង្គ្រាជ ដើម្បីនឹងបញ្ជូនទ្រង់ទៅគេ ១១កាលគេបានឮ នោះក៏មានសេចក្តីត្រេកអរណាស់ ហើយសន្យានឹងឲ្យប្រាក់ដល់វា រួចវាខំស្វែងរកឱកាសនឹងបញ្ជូនទ្រង់ទៅដោយស្រួល។ ១២នៅថ្ងៃដំបូង ក្នុងបុណ្យនំប៉័ងឥតដំបែនោះ កាលគេត្រូវសំឡាប់កូនចៀម ធ្វើបុណ្យរំលង នោះពួកសិស្សទូលសួរទ្រង់ថា តើទ្រង់សព្វព្រះហឫទ័យឲ្យយើងខ្ញុំរៀបចំបុណ្យរំលង ថ្វាយទ្រង់សោយនៅទីណា ១៣ទ្រង់ក៏ចាត់សិស្ស២នាក់ឲ្យទៅ ដោយបន្ទូលថា ចូរទៅក្នុងទីក្រុងនោះនឹងមានមនុស្សម្នាក់លីក្អមទឹកមកចួបនឹងអ្នក ចូរឲ្យដើរតាមអ្នកនោះទៅ ១៤នៅកន្លែងណាដែលគាត់ចូលូ ចូរអ្នកនិយាយនឹងម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍ថា តើបន្ទប់ណាដែលលោកនឹងបរិភោគបុណ្យរំលង ជាមួយនឹងពួកសិស្សរបស់លោក ១៥នោះគាត់នឹងបង្ហាញបន្ទប់១ធំខាងលើដែលរៀបជាស្រេច ចូររៀបចំនៅទីនោះចុះ ១៦សិស្សទ្រង់២នាក់នោះក៏ចេញទៅ ដល់ទីក្រុងហើយ នោះក៏ឃើញដូចជាទ្រង់បានមានបន្ទូល រួចគេរៀបចំធ្វើបុណ្យរំលង។ ១៧ដល់ពេលល្ងាចហើយ ទ្រង់យាងមក ព្រមទាំងពួក១២នាក់ ១៨កាលកំពុងតែអង្គុយបរិភោគ នោះព្រះយេស៊ូវមានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នករាល់គ្នា ដែលបរិភោគជាមួយនឹងខ្ញុំនេះ នោះមានម្នាក់នឹងបញ្ជូនខ្ញុំ ១៩គេក៏តាំងព្រួយចិត្ត ហើយទូលទ្រង់ម្តងម្នាក់ៗថា តើទូលបង្គំឬអី រួចម្នាក់ទៀតថា តើទូលបង្គំឬអី ២០ព្រះយេស៊ូវឆ្លើយថា គឺជាម្នាក់ក្នុងពួក១២ដែលលូកដៃក្នុងចានជាមួយនឹងខ្ញុំ ២១កូនមនុស្សត្រូវទៅពិត ដូចជាមានសេចក្តីចែងទុកពីលោកស្រាប់ តែវេទនាដល់មនុស្សនោះ ដែលនឹងបញ្ជូនកូនមនុស្សទៅ បើវាមិនបានកើតមក នោះល្អដល់វាជាជាង។ ២២កាលកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យកនំប៉័ងប្រទានពរឲ្យ រួចកាច់ប្រទានដល់គេ ដោយបន្ទូលថា ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ ២៣នោះទ្រង់យកពែងមកអរព្រះគុណ រួចប្រទានដល់គេ ហើយគេក៏ផឹកគ្រប់គ្នា ២៤ទ្រង់មានបន្ទូលថា នេះហើយជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលត្រូវច្រួចសំរាប់មនុស្សជាច្រើន ២៥ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃណាដែលខ្ញុំនឹងផឹកជាថ្មី នៅក្នុងនគរព្រះ។ ២៦រួចកាលបានច្រៀងទំនុក១ហើយ នោះក៏ចេញទៅឯភ្នំដើមអូលីវ ២៧ព្រះយេស៊ូវមានបន្ទូលថា នៅវេលាយប់នេះឯង អ្នករាល់គ្នានឹងរវាតចិត្តដោយព្រោះខ្ញុំ ដ្បិតមានសេចក្តីចែងទុកថា «អញនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាតខ្ចាយទៅ» ២៨ប៉ុន្តែកាលណាខ្ញុំបានរស់ឡើងវិញ នោះខ្ញុំនឹងទៅឯស្រុកកាលីឡេ មុនអ្នករាល់គ្នា ២៩តែពេត្រុសទូលទ្រង់ថា ទោះបើមនុស្សទាំងអស់រវាតចិត្តចេញក៏ដោយ គង់តែទូលបង្គំមិនដូច្នោះទេ ៣០ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគាត់ថា ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅថ្ងៃនេះ គឺនៅក្នុងពេលយប់នេះឯង មុនដែលមាន់រងាវ២ដង នោះអ្នកនឹងប្រកែកគ្រប់៣ដងថា មិនស្គាល់ខ្ញុំ ៣១តែគាត់ប្រកែកយ៉ាងខ្លាំងលើសទៅទៀតថា ទោះបើទូលបង្គ្គំត្រូវស្លាប់ជាមួយនឹងទ្រង់ក្តី គង់តែមិនព្រមថា មិនស្គាល់ទ្រង់ដូច្នេះនោះឡើយ ហើយទាំងអស់ក៏ថាដូចគ្នា។ ៣២នោះក៏មកដល់កន្លែងហៅថា ច្បារគែតសេម៉ានីហើយទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរអង្គុយនៅទីនេះសិន ចាំខ្ញុំទៅអធិស្ឋាន ៣៣ទ្រង់ក៏យកពេត្រុស យ៉ាកុប នឹងយ៉ូហានទៅជាមួយដែរ ទ្រង់ចាប់តាំងមានព្រះហឫទ័យភាំងជាខ្លាំង ហើយតប់ប្រមល់ណាស់ ៣៤ក៏មានបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយជាខ្លាំងសឹងតែនឹងស្លាប់ ចូរទៅទីនេះចាំយាមចុះ ៣៥រួចកាលទ្រង់បានយាងទៅមុខបន្តិចនោះទ្រង់ទំលាក់ព្រះអង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋាន សូមឲ្យពេលវេលានេះបានកន្លងហួសពីទ្រង់ទៅ បើសិនជាបាន ៣៦ទ្រង់មានបន្ទូលថា ឱអ័ប្បា ព្រះវរបិតាអើយ ទ្រង់អាចនឹងធ្វើការទាំងអស់កើត សូមយកពែងនេះចេញពីទូលបង្គំផង ប៉ុន្តែកុំតាមចិត្តទូលបង្គឡ្គើំយ សូមសំរេចតាមព្រះហឫទ័យទ្រង់វិញ ៣៧ទ្រង់ត្រឡប់មកវិញ ឃើញពួកសិស្សកំពុងតែដេកលក់ ក៏មានបន្ទូលទៅពេត្រុសថា អ្នកដេកលក់ឬអី តើនឹងនៅចាំយាម តែ១ម៉ោងមិនបានឬ ៣៨ចូរឲ្យចាំយាម ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យកើតមានសេចក្តីល្បួងនាំចិត្តឡើយ វិញ្ញាណប្រុងស្រេចមែន តែសាច់ឈាមខ្សោយទេ ៣៩រួចទ្រង់ចេញទៅអធិស្ឋានម្តងទៀត ដោយបន្ទូលជាសេចក្តីដដែល ៤០កាលទ្រង់បានយាងត្រឡប់មកវិញ នោះក៏ឃើញគេកំពុងដេកលក់ទៀត ដ្បិតភ្នែកគេធ្ងន់ជ្រប់ គេមិនដឹងខ្លួនជាទូលឆ្លើយនឹងទ្រង់ថាដូចម្តេចទេ ៤១ទ្រង់បានយាងមកជាគំរប់៣ដង មានបន្ទូលថា ឥឡូវនេះនៅតែដេកលក់ ហើយសំរាកកំឡាំងទៀតឬ ប៉ុណ្ណឹងចុះ កំណត់ដល់ហើយ មើល កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សមានបាប ៤២ចូរក្រោកឡើង យើងទៅ ន៏ អ្នកដែលបញ្ជូនខ្ញុំ វាជិតមកដល់ហើយ។ ៤៣កំពុងដែលទ្រង់មានបន្ទូលនៅឡើយ ស្រាប់តែយូដាសជាម្នាក់ក្នុងពួក ១២ក៏មកដល់ភ្លាម នាំទាំងហ្វូងមនុស្សដ៏ធំ ពីពួកសង្គ្រាជ ពួកអាចារ្យ នឹងពួកចាស់ទុំ មកជាមួយផង ព្រមទាំងកាន់ដាវ កាន់ដំបង ៤៤អ្នកដែលបញ្ជូនទ្រង់ ក៏ប្រាប់ទីសំគាល់នេះដល់គេថា អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់វានាំទៅដោយប្រយ័តប្រយែងចុះ ៤៥កាលគេបានមកដល់ នោះវាចូលទៅឯទ្រង់ភ្លាម ដោយទូលថា លោកគ្រូៗអើយ ហើយក៏ថើបទ្រង់ ៤៦នោះគេលូកដៃទៅចាប់ទ្រង់ ៤៧តែមានម្នាក់ឈរជិតខាង គាត់ហូតដាវកាប់ដាច់ស្លឹកត្រចៀករបស់បាវសំដេចសង្ឃម្នាក់ ៤៨ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា តើអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ទាំងកាន់ដាវ កាន់ដំបងដូចជាមកចាប់ចោរឬអី ៤៩ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នា ព្រមទាំងបង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃផង តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំសោះ ប៉ុន្តែនេះដើម្បីនឹងធ្វើឲ្យ សំរេចតាមបទគម្ពីរទេ ៥០នោះពួកសិស្សក៏រត់ចោលទ្រង់ទាំងអស់គ្នាទៅ ៥១មានមនុស្សកំឡោះម្នាក់ដែលដើរតាមទ្រង់មានតែសំពត់ទេសឯកព័ទ្ធនឹងខ្លួន ៥២គេក៏ចាប់គាត់ តែគាត់រត់រួចចោលសំពត់នោះ នៅតែខ្លួនទទេ។ ៥៣គេក៏នាំព្រះយេស៊ូវទៅដល់សំដេចសង្ឃ ឯពួកសង្គ្រាជ ពួកចាស់ទុំ ហើយពួកអាចារ្យទាំងអស់គ្នា ក៏ប្រជុំគ្នាឯលោក ៥៤ចំណែកពេត្រុស គាត់តាមទ្រង់ទៅពីចំងាយ រហូតដល់ខាងក្នុងព្រះលានសំដេចសង្ឃ ក៏អង្គុយអាំងភ្លើងជាមួយនឹងពួកអាជ្ញា។ ៥៥ពួកសង្គ្រាជ នឹងពួកក្រុមជំនុំទាំងអស់គ្នា គេប្រឹងរកទីបន្ទាល់ទាស់នឹងព្រះយេស៊ូវ ដើម្បីនឹងសំឡាប់ទ្រង់បង់តែរកមិនបានសោះ ៥៦ក៏មានមនុស្សជាច្រើន មកធ្វើបន្ទាល់ក្លែងទាស់នឹងទ្រង់ដែរ តែសេចក្តីបន្ទាល់របស់គេមិនត្រូវគ្នាសោះ ៥៧នោះមានខ្លះឈរឡើង ធ្វើបន្ទាល់ក្លែងទាស់នឹងទ្រង់ថា ៥៨យើងខ្ញុំបានឮវាថា ខ្ញុំនឹងបំផ្លាញព្រះវិហារនេះ ដែលបានធ្វើដោយដៃមនុស្ស ហើយក្នុងរវាង៣ថ្ងៃ ខ្ញុំនឹងសង់១ទៀត ដែលមិនមែនធ្វើដោយដៃមនុស្សទេ ៥៩យ៉ាងនោះ គង់តែសេចក្តីបន្ទាល់របស់គេមិនត្រូវគ្នាទៀត ៦០ឯសំដេចសង្ឃ ក៏ឈរឡើងនៅកណ្តាលជំនុំ ដណ្តឹងសួរព្រះយេស៊ូវថា តើឯងមិនព្រមឆ្លើយសោះឬអី សេចក្តី ដែលគេចោទប្រកាន់ឯងទាំងប៉ុន្មាននេះ តើយ៉ាងដូចម្តេច ៦១តែទ្រង់នៅតែស្ងៀម មិនបានឆ្លើយអ្វីសោះ រួចសំដេចសង្ឃពិចារណាសួរទ្រង់ទៀតថា តើឯងជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានពរឬអី ៦២ព្រះយេស៊ូវមានបន្ទូលថា គឺខ្ញុំនេះហើយ មួយទៀតអ្នករាល់គ្នានឹងឃើញកូនមនុស្ស អង្គុយនៅខាងស្តាំនៃព្រះចេស្តាហើយទាំងមកក្នុងពពកនៅលើមេឃផង ៦៣នោះសំដេចសង្ឃក៏ហែកព្រះពស្ត្រលោក ដោយពាក្យថា តើយើងចាំបាច់ត្រូវការនឹងទីបន្ទាល់ណាទៀត ៦៤អ្នករាល់គ្នាបានឮពាក្យប្រមាថនេះហើយ ចុះតើគិតដូចម្តេច អ្នកទាំងអស់គ្នាក៏កាត់ទោសទ្រង់ថា គួរស្លាប់ហើយ ៦៥អ្នកខ្លះចាប់តាំងស្តោះដាក់ទ្រង់ ក៏ខ្ទប់ព្រះភក្ត្រ ហើយវាយទ្រង់ រួចទូលប្រាប់ថា ចូរទាយចុះ ឯពួកអាជ្ញា ក៏ទះទ្រង់ដែរ។ ៦៦រីឯពេត្រុស គាត់នៅក្នុងព្រះលានឰដ៏ខាងក្រោមហើយមានបាវស្រីរបស់សំដេចសង្ឃម្នាក់មក ៦៧ឃើញពេត្រុសកំពុងតែអាំងភ្លើង ក៏សំឡឹងមើលគាត់ ហើយនិយាយថា អ្នកបាននៅជាមួយនឹងយេស៊ូវ ពីណាសារ៉ែតនេះដែរ ៦៨តែគាត់ប្រកែកថា ខ្ញុំមិនដឹងមិនយល់ជាអ្នកនិយាយអ្វីទេ រួចគាត់ចេញទៅឯទីធ្លាខាងក្រៅ នោះមាន់តាំងរងាវឡើង ៦៩បាវស្រីនោះក៏ឃើញគាត់ម្តងទៀតហើយចាប់តាំងប្រាប់ដល់ពួកអ្នក ដែលឈរនៅទីនោះថាអ្នកនេះជាពួកគេដែរ ៧០គាត់ប្រកែកម្តងទៀត រួចក្រោយបន្តិចមក ពួកអ្នកឈរនៅទីនោះនិយាយទៅពេត្រុសថាឯងប្រាកដជាពួកគេដែរ ដ្បិតឯងជាអ្នកស្រុកកាលីឡេ ៧១តែគាត់តាំងប្រមាថ ហើយស្បថថា ខ្ញុំមិនស្គាល់មនុស្សនោះដែលអ្នករាល់គ្នានិយាយទេ ៧២នោះមាន់ក៏រងាវឡើងជាគំរប់២ដង ពេត្រុសក៏នឹកឃើញពីព្រះបន្ទូល ដែលព្រះយេស៊ូវបានប្រាប់គាត់ថា មុនដែលមាន់រងាវ២ដង នោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ កាលគាត់បានគិតពីសេចក្តីនោះហើយ នោះក៏យំ។ ១៥ ១ដល់ព្រឹកឡើង កាលពួកសង្គ្រាជ ពួកចាស់ទុំនឹងពួកអាចារ្យ ព្រមទាំងក្រុមជំនុំទាំងអស់បានប្រជុំ ពិគ្រោះគ្នា នោះក៏ចងព្រះយេស៊ូវ នាំបញ្ជូនទៅឯលោកពីឡាត់ ២លោកពីឡាត់ពិចារណាសួរទ្រង់ថា តើអ្នកជាស្តេចរបស់សាសន៍យូដាឬអី ទ្រង់មានបន្ទូលឆ្លើយថា ត្រូវដូចលោកមានប្រសាសន៍ហើយ ៣ឯពួកសង្គ្រាជ គេចោទប្រកាន់ទ្រង់ខ្លាំងណាស់ ៤នោះលោកពីឡាត់ក៏ពិចារណាសួរទ្រង់ម្តងទៀត ដោយពាក្យថា តើអ្នកមិនព្រមឆ្លើយសោះទេឬអី មើលរឿងជាច្រើនទាំងម៉្លេះ ដែលគេឆ្វើបន្ទាល់ទាស់នឹងអ្នក ៥តែព្រះយេស៊ូវទ្រង់ឥតមានឆ្លើយអ្វីទៀតសោះ បានជាលោកពីឡាត់ក៏អស្ចារ្យក្នុងចិត្ត។ ៦រីឯនៅបុណ្យនោះ លោកតែងធ្លាប់លែងអ្នកទោសម្នាក់ឲ្យដល់គេ តាមដែលគេសូម ៧គ្រានោះ មានម្នាក់ឈ្មោះបារ៉ាបាស ជាប់គុកជាមួយនឹងពួកអ្នកបះបោរ ជាអ្នកដែលបានសំឡាប់គេក្នុងវេលាបះនោះ ៨ហ្វូងមនុស្សក៏ចាប់តាំងស្រែកឡើង សូមលោកបើកឲ្យដល់គេ ដូចជាលោកតែងធ្លាប់ធ្វើមក ៩លោក ពីឡាត់សួរគេថា តើចង់ឲ្យខ្ញុំលែងស្តេចសាសន៍យូដា ឲ្យដល់អ្នករាល់គ្នាឬអី ១០នេះដ្បិតលោកជ្រាបថា ពួកសង្គ្រាជបានបញ្ជូនទ្រង់ ដោយឈ្នានីសទេ ១១តែពួកសង្គ្រាជបានញុះញង់ហ្វូងមនុស្ស ឲ្យសូមឲ្យលោកលែងបារ៉ាបាសវិញ ១២លោកពីឡាត់ក៏សួរគេម្តងទៀតថា ដូច្នេះ តើចង់ឲ្យខ្ញុំធ្វើអ្វីនឹងអ្នកដែលអ្នករាល់គ្នាហៅថា ស្តេចសាសន៍យូដានេះ ១៣គេស្រែកឡើងទៀតថា ចូរឆ្កាងវាទៅ ១៤លោកពីឡាត់សួរគេថា ដូច្នេះតើគាត់បានធ្វើខុសអ្វី នោះគេស្រែកកាន់តែខ្លាំងឡើងថា ចូរឆ្កាងវាទៅ ១៥ឯពីឡាត់ លោកចង់ធ្វើបំពេញដល់ចិត្តហ្វូងមនុស្សដែរ បានជាលែងបារ៉ាបាសដល់គេ រួចកាលបានវាយព្រះយេស៊ូវដោយរំពាត់ហើយ នោះក៏បញ្ជូនទៅឲ្យគេឆ្កាងទ្រង់។ ១៦ចំណែកពួកទាហាន ក៏នាំទ្រង់ទៅឯទីធ្លា ជាទីកាត់ក្តី រួចគេហៅពួកកងទាហានទាំងអស់ ឲ្យមូលគ្នាមក ១៧ក៏យកអាវពណ៌ស្វាយបំពាក់ទ្រង់ ហើយក្រងភួងបន្លាបំពាក់លើព្រះសិរ ១៨រួចចាប់តាំងសំពះទូលទ្រង់ថា ថ្វាយបង្គំស្តេចសាសន៍យូដា ១៩គេក៏យកដើមត្រែងវាយព្រះសិរ ស្តោះដាក់ទ្រង់ ហើយលុតជង្គង់ថ្វាយបង្គំទ្រង់ផង ២០កាលបានចំអកមើលងាយទ្រង់ស្រេចហើយ នោះគេដោះអាវពណ៌ស្វាយចេញ ក៏បំពាក់ព្រះពស្ត្រទ្រង់វិញ រួចនាំចេញទៅឆ្កាង ២១គេចាប់អ្នកស្រុកគីរេនម្នាក់ ឈ្មោះស៊ីម៉ូន ជាឪពុកអ័លេក្សានត្រុស នឹងរូភូស ដែលដើរតាមផ្លូវចុះមកពីចំការ បង្ខំឲ្យគាត់លីឈើឆ្កាងទ្រង់។ ២២គេនាំទ្រង់ទៅដល់កន្លែងហៅថា «គាល់កូថា» ដែលស្រាយថា ភ្នំរលាក្បាល ២៣នោះគេយកស្រាទំពាំងបាយជូរ លាយនឹងជ័រល្វីងទេស ថ្វាយទ្រង់សោយ តែទ្រង់មិនសោយទេ ២៤កាលបានឆ្កាងទ្រង់រួចហើយ នោះគេក៏យកព្រះពស្ត្រទ្រង់ចាប់ឆ្នោតចែកគ្នា ដើម្បីឲ្យដឹងជាអ្នកណាត្រូវបានអ្វី ២៥ពេលដែលគេឆ្កាងទ្រង់ គឺជាពេលម៉ោង៩ព្រឹក ២៦គេសរសេរប្រកាសកាត់ទោសទ្រង់ថា «នេះស្តេចសាសន៍យូដា» ២៧ហើយក៏ឆ្កាងចោរ២នាក់ជាមួយនឹងទ្រង់ ម្នាក់ខាងស្តាំ ម្នាក់ខាងឆ្វេង ២៨នោះបានសំរេចតាមបទគម្ពីរដែលថា «គេបានរាប់ទ្រង់ជាពួកអ្នកទទឹងច្បាប់»។ ២៩ពួកអ្នកដែលដើរតាមទីនោះ ក៏ជេរទ្រង់ ទាំងគ្រវីក្បាល ហើយនិយាយថា អើ ឯងដែលបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាង៣ថ្ងៃ ៣០ឥឡូវ ចូរជួយសង្គ្រោះខ្លួនឯង ដោយចុះពីឈើឆ្កាងមក ៣១ពួកសង្គ្រាជ នឹងពួកអាចារ្យ ក៏ចំអកឲ្យទ្រង់បែបដូចគ្នា ទាំងនិយាយគ្នាទៅវិញទៅមកថា វាជួយសង្គ្រោះដល់មនុស្សឯទៀតបាន តែពុំអាចនឹងសង្គ្រោះចំពោះខ្លួនឯងបានទេ ៣២ចូរឲ្យព្រះគ្រីស្ទ ជាស្តេចនៃសាសន៍អ៊ីស្រាអែល ចុះពីឈើឆ្កាងមកឥឡូវចុះ ឲ្យយើងបានឃើញ ហើយជឿផង ឯ២នាក់ដែលជាប់ឆ្កាងជាមួយនឹងទ្រង់ គេក៏ដៀលត្មះទ្រង់ដែរ។ ៣៣ដល់ម៉ោង១២ នោះមានងងឹតដាបគ្របលើផែនដី ដរាបដល់ម៉ោង៣រសៀល ៣៤លុះវេលាម៉ោង៣ នោះព្រះយេស៊ូវ ទ្រង់បន្លឺឧទានជាខ្លាំងថា អេឡយៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ព្រះអង្គនៃទូលបង្គំអើយ ឱព្រះអង្គនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ ៣៥អ្នកខ្លះដែលឈរនៅទីនោះក៏ឮ ហើយគេនិយាយថា មើល វាស្រែកហៅរកលោកអេលីយ៉ាហើយ ៣៦រួចម្នាក់រត់ទៅយកសារាយរំហួតជ្រលក់ទឹកខ្មេះជោក ដាក់នឹងចុងដើមត្រែងហុចទៅ ថ្វាយទ្រង់សោយ ដោយពោលថា ឈប់សិន ចាំមើល បើលោកអេលីយ៉ាមកបញ្ចុះវាឬទេ។ ៣៧រួចព្រះយេស៊ូវ ទ្រង់ស្រែកជាខ្លាំង ហើយក៏ផុតដង្ហើមទៅ ៣៨គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះដល់ក្រោម ៣៩ឯមេទ័ពដែលឈរទល់មុខនឹងទ្រង់ គាត់ឃើញថា ទ្រង់ស្រែកឡើង ហើយផុតដង្ហើមទៅយ៉ាងដូច្នោះ ក៏និយាយថា មនុស្សនេះប្រាកដជាព្រះរាជបុត្រានៃព្រះមែន ៤០ក៏មានស្ត្រីខ្លះដែលបានតាមបំរើព្រះយេស៊ូវ ក្នុងគ្រាដែលទ្រង់គង់នៅស្រុកកាលីឡេនៅឡើយ គេឈរមើលពីចំងាយ ៤១ក្នុងពួកស្ត្រីទាំងនោះ គឺម៉ារាពីស្រុកម៉ាក់ដាឡា១ នឹងម៉ារា ជាម្តាយយ៉ាកុបតូច នឹងយ៉ូសេ១ ហើយនឹងសាឡូមេ១ ក៏មានស្ត្រីឯទៀតជាច្រើន ដែលបានឡើងមកឯក្រុងយេរូសាឡិមជាមួយនឹងទ្រង់ដែរ។ ៤២មានម្នាក់ឈ្មោះយ៉ូសែបនៅស្រុកអើរីម៉ាថេ ដែលមានកេរ្តិ៍ឈ្មោះក្នុងពួកក្រុមជំនុំ ជាអ្នករង់ចាំនគរព្រះដែរ អ្នកនោះបានមកដល់ ក៏ចូលទៅឯលោកពីឡាត់ ដោយចិត្តក្លាហាន សូមព្រះសពព្រះយេស៊ូវ ៤៣ដោយព្រោះជាថ្ងៃរៀបចំហើយ គឺជាថ្ងៃមុនថ្ងៃឈប់សំរាក ហើយក៏ល្ងាចណាស់ផង ៤៤ឯលោកពីឡាត់ មានសេចក្តីឆ្ងល់ពីទ្រង់ដែលសុគតជាឆាប់ម៉្លេះ ក៏ហៅមេទ័ពមកសួរបញ្ជាក់ បើទ្រង់សុគតជាយូរមកហើយ ឬដូចម្តេច ៤៥កាលមេទ័ពបានជំរាបឲ្យលោកជ្រាបហើយ នោះលោកក៏អនុញាតឲ្យព្រះសពដល់យ៉ូសែប ៤៦គាត់ក៏ទិញសំពត់ទេសឯក រួចដាក់ព្រះសពទ្រង់ចុះមក រុំនឹងសំពត់នោះ នាំទៅបញ្ចុះក្នុងផ្នូរដែលបានដាប់នៅក្នុងថ្ម រួចប្រមៀលថ្ម១មក សន្ធប់ខ្ទប់មាត់ផ្នូរជិត ៤៧ឯម៉ារាជាអ្នកស្រុកម៉ាក់ដាឡា នឹងម៉ារា ជាម្តាយយ៉ូសេ គេក៏ឃើញកន្លែងដែលបញ្ចុះព្រះសពទ្រង់ដែរ។ ១៦ ១កាលផុតថ្ងៃឈប់សំរាកហើយ នោះម៉ារាជាអ្នកស្រុកម៉ាក់ដាឡា ម៉ារាជាម្តាយយ៉ាកុប នឹងសាឡូមេ បាននាំគ្នាទិញគ្រឿងក្រអូប ដើម្បីនឹងទៅអប់ព្រះសពទ្រង់ ២ដល់ព្រលឹមឡើង នៅថ្ងៃទី១ក្នុងអាទិត្យនោះ កាលថ្ងៃទើបនឹងរះឡើង គេក៏ទៅឯផ្នូរ ៣ព្រមទាំងនិយាយគ្នាបណ្តើរថា តើមានអ្នកណា នឹងប្រមៀលថ្មចេញពីមាត់ផ្នូ់រឲ្យយើង ៤តែកាលបានងើបមើលទៅ នោះឃើញថ្មបានប្រមៀលចេញហើយ (ថ្មនោះធំណាស់) ៥លុះកាលបានចូលទៅក្នុងផ្នូរ ក៏ឃើញកំឡោះម្នាក់ ពាក់អាវសអង្គុយនៅខាងស្តាំ ហើយស្ត្រីទាំងនោះមានសេចក្តីភាំងស្លុត ៦តែអ្នកនោះនិយាយថា កុំឲ្យភ័យឡើយ អ្នករាល់គ្នាមករកព្រះយេស៊ូវ ពីណាសារ៉ែត ដែលត្រូវឆ្កាងទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ទ្រង់មិនគង់នៅទីនេះទេ មើល នេះជាកន្លែងដែលគេបានផ្តេកព្រះសពទ្រង់ ៧ចូរអ្នករាល់គ្នាទៅប្រាប់ពួកសិស្សទ្រង់ ព្រមទាំងពេត្រុសផងថា ទ្រង់យាងទៅឯស្រុកកាលីឡេមុនអ្នករាល់គ្នាហើយ អ្នករាល់គ្នានឹងឃើញទ្រង់នៅស្រុកនោះ ដូចជាទ្រង់បានប្រាប់ទុក ៨នោះគេប្រញាប់ប្រញាល់ចេញទៅក្រៅ រត់ចោលផ្នូរទៅដោយកើតមានសេចក្តីភ័យញ័រ ទាំងស្រឡាំងកាំង គេមិនបាននិយាយអ្វីប្រាប់ដល់អ្នកណាឡើយ ព្រោះគេខ្លាច។ ៩រីឯកាលទ្រង់មានព្រះជន្មរស់ឡើងវិញ គឺនៅព្រឹកព្រលឹមថ្ងៃទី១ក្នុងអាទិត្យនោះឯង នោះទ្រង់ក៏លេចមកមុនដំបូង ឲ្យម៉ារា ជាអ្នកស្រុកម៉ាក់ដាឡាឃើញ គឺជាស្ត្រីដែលទ្រង់បានបណ្តេញអារក្ស៧ឲ្យចេញនោះ ១០នាងក៏ទៅប្រាប់ដល់ពួកអ្នកដែលបាននៅជាមួយនឹងទ្រង់ដែរ ដែលគេកំពុងតែកាន់ទុក្ខ ហើយយំសោក ១១តែកាលគេបានឮថាទ្រង់រស់ ហើយថានាងបានឃើញទ្រង់ នោះគេមិនជឿទេ ១២ក្រោយនោះមក ទ្រង់សំដែងមកបែប១ទៀត ឲ្យពួកគេ២នាក់ឃើញ ក្នុងកាលដែលគេកំពុងតែដើរទៅឯស្រុកស្រែ ១៣អ្នកទាំង២នោះក៏ទៅប្រាប់ដល់ពួកគេឯទៀត តែគេនៅតែមិនជឿទៀត ១៤ក្រោយនោះមក ទ្រង់សំដែងមកឲ្យពួក១១នាក់បានឃើញ ក្នុងកាលដែលកំពុងអង្គុយនៅតុ ហើយទ្រង់បន្ទោសគេ ដោយព្រោះមានចិត្តរឹងរូស ហើយមិនជឿ ពីព្រោះគេមិនបានជឿដល់ពួកអ្នកដែលឃើញទ្រង់ ក្រោយដែលទ្រង់រស់ឡើងវិញនោះទេ ១៥ទ្រង់ផ្តាំគេថា ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយទាំងមូល ហើយផ្សាយដំណឹងល្អទួទៅដល់គ្រប់មនុស្សទាំងអស់ចុះ ១៦អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹងបានសង្គ្រោះ តែអ្នកណាដែលមិនព្រមជឿ នោះនឹងត្រូវទោសវិញ ១៧ទីសំគាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ ហើយនឹងចេះនិយាយភាសាថ្មី ១៨នឹងចាប់កាន់ពស់បាន ឬបើគេផឹកអ្វីពុល នោះមិនធ្វើឲ្យអន្តរាយទេ ហើយគេនឹងដាក់ដៃលើមនុស្សជំងឺឲ្យបានជាផង។ ១៩ដូច្នេះ ក្រោយដែលព្រះអម្ចាស់បានមានបន្ទូលនឹងគេរួចហើយ នោះព្រះវរបិតាបានទទួលទ្រង់ឡើងទៅស្ថានសួគ៌វិញ ឲ្យគង់នៅខាងស្តាំ ២០ឯពួកសិស្ស គេចេញទៅប្រកាសប្រាប់នៅសព្វគ្រប់អន្លើ ដោយមានព្រះអម្ចាស់ធ្វើការជាមួយ ទាំងបញ្ជាក់ព្រះបន្ទូល ដោយទីសំគាល់ដែលកើតមកតាមក្រោយផង។ អាម៉ែន។:៚ |