Get the DaunPhen font >> HERE <<.

ដំណឹងល្អ

តាមលោក

លូកា


  ១ ១មានមនុស្សជាច្រើន បានផ្តើមតែងរឿង ពីអស់ទាំងការដែលពួកយើងខ្ញុំបានជឿជាក់ ២ដូចជាគេបានប្រាប់មកយើងខ្ញុំ ដែលគេបានឃើញការទាំងនោះជាក់នឹងភ្នែកតាំងពីដើមរៀងមក ហើយក៏ធ្វើជាអ្នកបំរើផ្សាយព្រះបន្ទូល ៣ហេតុនោះបានជាខ្ញុំគិតថា គួរគប្បីឲ្យខ្ញុំសរសេរផ្ញើមកជូនលោកដោយលំដាប់ដែរ ឱព្រះតេជព្រះគុណថេវភីលអើយ ដ្បិតខ្ញុំបានពិនិត្យពីរឿងទាំងនោះ តាំងតែពីដើមរៀងមក ដោយហ្មត់ចត់ហើយ ៤ដើម្បីឲ្យលោកបានជ្រាបពីសេចក្តីពិតនៃអស់ទាំងសេចក្តី ដែលគេបានបង្រៀនលោក។

៥កាលនៅរាជ្យហេរ៉ូឌ ជាស្តេចស្រុកយូដា នោះមានសង្ឃ១ក្នុងពួកលោកអ័ប៊ីយ៉ា នាមសាការី ប្រពន្ធឈ្មោះអេលីសាបិត ជាពូជលោកអើរ៉ុន ៦អ្នកទាំង២នោះជាមនុស្សសុចរិតនៅចំពោះព្រះ បានកាន់តាមក្រិតក្រមនឹងច្បាប់នៃព្រះអម្ចាស់ទាំងប៉ុន្មាន ឥតកន្លែងបន្ទោសបានទេ ៧លោកគ្មានកូនសោះ ដ្បិតអេលីសាបិតជាស្ត្រីអារ ហើយទាំងប្តីប្រពន្ធក៏ចាស់ណាស់ផង។

៨រីឯតាមទំលាប់ការងារពួកសង្ឃ ដែលគេចាប់ឆ្នោតនោះត្រូវវេន ឲ្យលោកចូលទៅដុតគ្រឿងក្រអូប នៅក្នុងព្រះវិហារនៃព្រះអម្ចាស់ ៩កាលកំពុងតែធ្វើការងារនៃពួកសង្ឃនៅចំពោះព្រះ តាមវេនលោក ១០ហើយបណ្តាមនុស្សដែលនៅខាងក្រៅកំពុំងតែអធិស្ឋាន នៅវេលាដុតគ្រឿងក្រអូប ១១នោះមានទេវតានៃព្រះអម្ចាស់លេចមក ឈរខាងស្តាំនៃអាសនាគ្រឿងក្រអូបឲ្យលោកឃើញ ១២កាលសាការីឃើញទេវតាហើយ លោកក៏ភាន់ភាំង ហើយកើតមានសេចក្តីភ័យខ្លាច ១៣ប៉ុន្តែទេវតានិយាយថា កុំខ្លាចអីសាការីអើយ ព្រោះពាក្យដែលលោកទូលអង្វរ នោះបានទទួលហើយ ឯអេលីសាបិត ប្រពន្ធលោក នឹងបង្កើតកូនប្រុស១ឲ្យលោក ត្រូវឲ្យវាមានឈ្មោះថា «យ៉ូហាន» ១៤លោកនឹងមានសេចក្តីរីករាយ នឹងសេចក្តីអំណរ ហើយមនុស្សជាច្រើននឹងអរសាទរ ក្នុងកាលដែលវាកើតមកនោះ ១៥ដ្បិតវានឹងបានជាធំនៅចំពោះព្រះអម្ចាស់ វានឹងមិនផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងទេ វានឹងបានពេញជាព្រះវិញ្ញាណបរិសុទ្ធ តាំងតែពីផ្ទៃម្តាយមក ១៦វានឹងបង្វិលកូនចៅសាសន៍អ៊ីស្រាអែលជាច្រើន ឲ្យត្រឡប់វិលមកឯព្រះអម្ចាស់ ជាព្រះនៃគេវិញ ១៧វានឹងនាំមុខទ្រង់ ដោយនូវវិញ្ញាណ ហើយនឹងអំណាចរបស់លោកអេលីយ៉ា ដើម្បីនឹងបំបែរចិត្តពួកឪពុកមកឯកូន នឹងពួកចចេសមកឯប្រាជ្ញារបស់មនុស្សសុចរិតវិញ ប្រយោជន៍នឹងរៀបចំមនុស្ស១ពួកទុកជាស្រេច សំរាប់ជារាស្ត្ររបស់ព្រះអម្ចាស់ ១៨សាការីសួរទេវតាថា តើខ្ញុំនឹងដឹងសេចក្តីនោះបាន ដោយសារអ្វី ដ្បិតខ្ញុំសោតក៏ចាស់ហើយ ប្រពន្ធខ្ញុំក៏ចាស់ណាស់ដែរ ១៩ទេវតាឆ្លើយតបនឹងលោកថា ខ្ញុំនេះឈ្មោះកាព្រីយ៉ែលដែលឈរនៅចំពោះព្រះ ទ្រង់បានចាត់ខ្ញុំឲ្យមកនិយាយនឹងលោក ហើយប្រកាសប្រាប់ដំណឹងល្អនេះ ២០មើលលោកនឹងត្រូវគ និយាយមិនបាន ដរាបដល់ថ្ងៃដែលការទាំងនេះកើតមក ពីព្រោះលោកមិនបានជឿពាក្យខ្ញុំ ដែលនឹងសំរេចនៅវេលាកំណត់នោះទេ។

២១ឯបណ្តាមនុស្សគេនៅចាំសាការី ក៏នឹកប្លែកពីលោក ដែលនៅក្នុងព្រះវិហារជាយូរម៉្លេះ ២២កាលលោកចេញមក លោកនិយាយនឹងគេមិនបានទេ គេក៏យល់ឃើញថា លោកបានឃើញការជាក់ស្តែងណាមួយ នៅក្នុងព្រះវិហារជាមិនខាន ដោយលោកធ្វើគ្រឿងសំគាល់ឲ្យដឹង ហើយក៏នៅតែគ ២៣កាលវេលាដែលការងារលោកបានសំរេចហើយ នោះលោកក៏ត្រឡប់ទៅផ្ទះវិញ ២៤គ្រាក្រោយនោះ អេលីសាបិត ជាប្រពន្ធលោក នាងមានផ្ទៃពោះ រួចក៏លាក់ខ្លួននៅ៥ខែ ដោយថា ២៥ព្រះអម្ចាស់ទ្រង់បានប្រោសខ្ញុំយ៉ាងដូច្នេះ ក្នុងគ្រាដែលទ្រង់ទតមកខ្ញុំ ដើម្បីនឹងដោះសេចក្តីអាមាស់ខ្មាសរបស់ខ្ញុំ នៅកណ្តាលមនុស្សចេញ។

២៦កន្លង៦ខែក្រោយនោះមក ព្រះទ្រង់ចាត់ទេវតាកាព្រីយ៉ែល ឲ្យទៅឯនាងព្រហ្មចារីម្នាក់ ដែលនៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ២៧ជាស្ត្រីដែលបានបំរុងទុកឲ្យមនុស្សម្នាក់ឈ្មោះយ៉ូសែប ជាពូជហ្លួងដាវីឌ នាងនោះឈ្មោះម៉ារា ២៨ទេវតាក៏ចូលមកឯនាងពោលថា ជំរាបសួរនាង ឱនាងដែលប្រកបដោយព្រះគុណអើយ ព្រះអម្ចាស់ទ្រង់គង់នៅជាមួយនឹងនាង ក្នុងបណ្តាពួកស្រីៗ នាងជាស្ត្រីមានពរពិត ២៩នាងមានសេចក្តីភាំង ដោយឮពាក្យនោះ ហើយរិះគិតក្នុងចិត្ត ពីពាក្យជំរាបសួរយ៉ាងនោះ មានន័យដូចម្តេច ៣០តែទេវតានិយាយថា កុំខ្លាចអី ម៉ារាអើយ ដ្បិតព្រះបានប្រោសមេត្តាដល់នាងហើយ ៣១មើលនាងនឹងមានគភ៌ប្រសូតបានបុត្រា១ ដែលនាងត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ៣២បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងប្រទានរាជ្យនៃហ្លួងដាវីឌ ជាឰយុកោទ្រង់ថ្វាយទ្រង់សោយ ៣៣ទ្រង់នឹងសោយរាជ្យលើពួកវង្សរបស់យ៉ាកុប នៅអស់កល្បរៀងទៅ ហើយរាជ្យទ្រង់នឹងមិនផុតឡើយ ៣៤តែម៉ារាសួរទេវតាថា ខ្ញុំមិនស្គាល់ប្រុសណាផង ដូច្នេះ តើធ្វើដូចម្តេចនឹងឲ្យការនេះសំរេចបាន ៣៥ទេវតាក៏ឆ្លើយថា ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុត នឹងមកគ្របបាំងនាងដោយស្រមោល ហេតុដូច្នេះ បុត្របរិសុទ្ធដែលនឹងប្រសូតមកនោះ ត្រូវហៅថាជាព្រះរាជបុត្រានៃព្រះ ៣៦មើល ឥឡូវអេលីសាបិត ជាញាតិនាង ក៏មានផ្ទៃពោះជាកូនប្រុស ក្នុងកាលដែលចាស់ហើយដែរ គឺអ្នកដែលគេបានហៅជាស្ត្រីអារ នោះនាងមានផ្ទៃពោះ៦ខែមកហើយ ៣៧ដ្បិតការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ ៣៨នោះម៉ារានិយាយថា មើល ខ្ញុំនេះជាអ្នកបំរើរបស់ព្រះអម្ចាស់ ដូច្នេះ សូមឲ្យបានសំរេចដូចពាក្យលោកចុះ រួចទេវតាក៏ថយចេញពីនាងបាត់ទៅ។

៣៩នៅគ្រានោះ ម៉ារាក៏ក្រោកឡើង ទៅឯស្រុកភ្នំជាប្រញាប់ ដល់ភូមិ១ក្នុងខេត្តយូដា ៤០ក៏ចូលទៅក្នុងផ្ទះសាការី ជំរាបសួរដល់អេលីសាបិត ៤១កាលអេលីសាបិតបានឮពាក្យម៉ារាជំរាបសួរ នោះកូនក៏បង្រះនៅក្នុងផ្ទៃ រួចគាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ៤២ក៏បន្លឺសំឡេងយ៉ាងខ្លាំងថា ក្នុងបណ្តាពួកស្រីៗ គឺនាងហើយ ជាស្ត្រីមានពរពិត ព្រមទាំងកូននៅក្នុងផ្ទៃនាងផង ៤៣ដូចម្តេចហ្ន៎ បានជាដល់ទៅព្រះមាតាព្រះអម្ចាស់នៃខ្ញុំក៏មកសួរដូច្នេះដែរ ៤៤ដ្បិតមើល កាលសំឡេងនាងជំរាបសួរឮមកដល់ត្រចៀកខ្ញុំ នោះកូននៅក្នុងពោះខ្ញុំក៏បង្រះដោយសេចក្តីអំណរ ៤៥នាងមានពរហើយ ដោយនាងបានជឿ ដ្បិតសេចក្តីដែលព្រះវអម្ចាស់មានបន្ទូលមកនាង នោះនឹងបានសំរេចជាមិនខាន។

៤៦រួចម៉ារានិយាយឡើងថា ព្រលឹងខ្ញុំលើកដំកើងព្រះអម្ចាស់ ៤៧វិញ្ញាណខ្ញុំក៏រីករាយនឹងព្រះដ៏ជាព្រះអង្គសង្គ្រោះនៃខ្ញុំ ៤៨ដ្បិតទ្រង់បានទតមើលសណ្ឋានទាបថោករបស់ខ្ញុំ ជាបាវបំរើទ្រង់ មើលចុះ ពីនេះទៅមុខ គ្រប់ទាំងដំណមនុស្សនឹងរាប់ខ្ញុំថាជាអ្នកមានពរ ៤៩ពីព្រោះព្រះដ៏មានព្រះចេស្តា ទ្រង់បានប្រោសសេចក្តីយ៉ាងល្អវិសេសដល់ខ្ញុំ ព្រះនាមទ្រង់បរិសុទ្ធ ៥០ទ្រង់មានសេចក្តីមេត្តាករុណាដល់គ្រប់ទាំងដំណមនុស្ស ដែលគេកោតខ្លាចទ្រង់តរៀងទៅ ៥១ទ្រង់បានសំដែងឫទ្ធិ ដោយព្រះហស្តទ្រង់ ព្រមទាំងកំចាត់កំចាយមនុស្សអំនួត ដោយសារគំនិតដែលនៅក្នុងចិត្តខ្លួនគេ ៥២ទាំងទំលាក់ស្តេចពីបល្ល័ង្កចេញ ហើយលើកមនុស្សរាបសាឡើងវិញ ៥៣ឯមនុស្សឃ្លាន ទ្រង់បានចំអែតដោយរបស់ល្អ តែពួកអ្នកមាន ទ្រង់បានបណ្តេញឲ្យទៅទទេវិញ ៥៤ទ្រង់បានជួយអ៊ីស្រាអែល ជាអ្នកបំរើទ្រង់ ឲ្យបាននឹកចាំពីសេចក្តីមេត្តាករុណាទ្រង់ ៥៥ដូចជាទ្រង់មានបន្ទូលនឹងពួកឰយុកោយើង គឺនឹងលោកអ័ប្រាហាំ ហើយនឹងពូជលោកជារៀងរាបដរាបតមក ៥៦ម៉ារាក៏នៅជាមួយនឹងអេលីសាបិត ប្រហែលជា៣ខែ ទើបត្រឡប់ទៅផ្ទះខ្លួនវិញ។

៥៧រីឯពេលដែលអេលីសាបិត ត្រូវសំរាលកូន ក៏មកដល់ ហើយនាងសំរាលបានកូនប្រុស ៥៨ចំណែកពួកអ្នកជិតខាង នឹងញាតិសន្តានគាត់ទាំងប៉ុន្មានក៏ឮថា ព្រះអម្ចាស់បានចំរើនសេចក្តីមេត្តាករុណាដល់គាត់ ហើយគេមានសេចក្តីរីករាយអរសប្បាយជាមួយនឹងគាត់ ៥៩ដល់ថ្ងៃទី៨ គេមកដើម្បីកាត់ស្បែកទារកនោះ ក៏ឲ្យឈ្មោះថាសាការី តាមឈ្មោះឪពុក ៦០តែម្តាយឆ្លើយឡើងថា ទេត្រូវឲ្យឈ្មោះ យ៉ូហាន វិញ ៦១គេឆ្លើយទៅគាត់ថា ក្នុងពួកញាតិសន្តានអ្នក គ្មានអ្នកណាដែលមានឈ្មោះនោះទេ ៦២គេក៏ធ្វើគ្រឿងសំគាល់ សួរដល់ឪពុក តើលោកចង់ឲ្យឈ្មោះអ្វីដល់កូន ៦៣លោកសូមក្តារខៀនមកសរសេរថា វាឈ្មោះយ៉ូហាន នោះគេមានសេចក្តីអស្ចារ្យទាំងអស់គ្នា ៦៤ខណនោះ មាត់លោកបើកឡើងជា១រំពេច អណ្តាតក៏រលាស់បាន ហើយលោកពណ៌នាសរសើរដល់ព្រះ ៦៥ឯមនុស្សដែលនៅជុំវិញទាំងប៉ុន្មាន ក៏កើតមានសេចក្តីភ័យខ្លាច រួចគេរ៉ាយរ៉ាប់រឿងនេះទួទៅពេញក្នុងស្រុកភ្នំរបស់ខេត្តយូដា ៦៦ហើយអស់អ្នកដែលឮ ក៏ទុកតែក្នុងពោះដោយថា ដូច្នេះ តើកូននេះនឹងបានជាអ្វី ព្រះហស្តព្រះអម្ចាស់ក៏នៅជាមួយនឹងវា។

៦៧រីឯសាការី ជាឪពុក ក៏បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ហើយទាយថា ៦៨សូមឲ្យព្រះអម្ចាស់ ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រកបដោយព្រះគុណ ពីព្រោះទ្រង់បានទតមើល ហើយប្រោសលោះរាស្ត្រទ្រង់ ៦៩ព្រមទាំងបង្កើតព្រះដ៍មានឥទ្ធិឫទ្ធិ នៅក្នុងពូជហ្លួងដាវីឌ ជាអ្នកបំរើទ្រង់ សំរាប់នឹងជួយសង្គ្រោះយើងផង ៧០ដូចជាទ្រង់មានបន្ទូល ដោយមាត់ពួកហោរាបរិសុទ្ធរបស់ទ្រង់តាំងពីបុរាណមក ៧១គឺជាសេចក្តីសង្គ្រោះ ឲ្យរួចពីខ្មាំងសត្រូវយើង ហើយពីកណ្តាប់ដៃនៃអស់អ្នកណាដែលស្អប់យើង ៧២ដើម្បីនឹងសំរេចសេចក្តីមេត្តាករុណា ដល់ពួកឰយុកោយើង ហើយនឹងនឹកចាំ ពីសេចក្តីសញ្ញាបរិសុទ្ធរបស់ទ្រង់ ៧៣គឺជាសម្បថ ដែលទ្រង់បានស្បថនឹងលោកអ័ប្រាហាំ ជាឰយុកោយើងថា ៧៤នឹងបើកឲ្យយើងបានសង្គ្រោះ រួចពីកណ្តាប់ដៃពួកខ្មាំងសត្រូវ ដើម្បីឲ្យបានបំរើទ្រង់ ឥតភ័យខ្លាច ៧៥ដោយសេចក្តីបរិសុទ្ធ នឹងសេចក្តីសុចរិត នៅចំពោះទ្រង់ អស់១ជីវិតយើង ៧៦ឯឯងទារកអើយ គេនឹងហៅឯងជាហោរានៃព្រះដ៏ខ្ពស់បំផុត ដ្បិតឯងនឹងដើរចំពោះព្រះអម្ចាស់ ដើម្បីនឹងរៀបចំផ្លូវថ្វាយទ្រង់ ៧៧ប្រយោជន៍ឲ្យរាស្ត្រទ្រង់បានស្គាល់សេចក្តីសង្គ្រោះ ជាការប្រោសឲ្យគេរួចពីបាប ៧៨ដោយព្រោះព្រះហឫទ័យមេត្តាករុណារបស់ព្រះនៃយើង ដែលបណ្តាលឲ្យបច្ចូសកាល ភ្លឺមកដល់យើងពីស្ថានដ៏ខ្ពស់ ៧៩ដើម្បីនឹងបំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងសេចក្តីងងឹត ហើយក្នុងម្លប់នៃសេចក្តីស្លាប់ ប្រយោជន៍ឲ្យបានដំរង់ជើងយើង តាមផ្លូវសុខសាន្តវិញ។ ៨០រីឯទារកនោះ ក៏កាន់តែធំឡើង បានចំរើនកំឡាំងខាងវិញ្ញាណជាខ្លាំងឡើង ហើយនៅតែក្នុងទីរហោស្ថានដរាបដល់ថ្ងៃ ដែលបង្ហាញខ្លួន ឲ្យសាសន៍អ៊ីស្រាអែលបានឃើញ។



២ ១នៅគ្រានោះ សេសារ-អូគូស្ទ បានចេញព្រះរាជឱង្ការ១ច្បាប់ ឲ្យមនុស្សទាំងអស់ដែលនៅផែនដីបានចុះបញ្ជី ២បញ្ជីមុនដំបូងនោះ បានធ្វើនៅវេលាដែលលោកគីរេនាស ធ្វើជាចៅហ្វាយនៅស្រុកស៊ីរី ៣មនុស្សទាំងអស់ក៏ទៅឯស្រុកកំណើតរៀងខ្លួន ដើម្បីចុះបញ្ជី ៤ឯយ៉ូសែបគាត់ក៏ចេញពីណាសារ៉ែត ស្រុកកាលីឡេ ឡើងទៅឯស្រុកយូដា ដល់ក្រុងរបស់ហ្លួងដាវីឌ ដែលឈ្មោះថា បេថ្លេហិម ពីព្រោះគាត់ជាព្រះវង្ស ហើយជាព្រះញាតិនឹងហ្លួងដាវីឌដែរ ៥ដើម្បីនឹងចុះបញ្ជីជាមួយនឹងម៉ារា ដែលបានបំរុងទុកឲ្យធ្វើជាប្រពន្ធគាត់ ដែលនាងមានគភ៌នោះ ៦កាលកំពុងតែនៅទីនោះ វេលាដែលនាងត្រូវប្រសូតក៏មកដល់ ៧ហើយនាងប្រសូតបានបុត្រាជាចំបងមក រួចរុំនឹងសំពត់ផ្តេកក្នុងស្នូក ពីព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងណានៅទេ។ ៨រីឯនៅស្រុកនោះឯង មានពួកអ្នកគង្វាល ដែលចាំយាម រក្សាហ្វូងចៀមរបស់ខ្លួន នៅឯវាល ក្នុងវេលាយប់ ៩នោះមើល មានទេវតានៃព្រះអម្ចាស់មកឈរជិតគេ ឯសិរីល្អរបស់ទ្រង់ក៏ភ្លឺឆ្វាត់ជុំវិញ ហើយគេមានសេចក្តីភ័យខ្លាចជាខ្លាំង ១០តែទេវតាប្រាប់ថា កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា ១១ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នា នៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ១២ហើយនេះជាទីសំគាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញព្រះឱរស១រុំនឹងសំពត់ផ្តេកនៅក្នុងស្នូក ១៣នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះថា ១៤សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់ ១៥កាលពួកទេវតាបានឃ្លាតចេញ ហោះទៅស្ថានសួគ៌វិញហើយ នោះពួកអ្នកគង្វាលនិយាយគ្នាថា ចូរយើងទៅឯបេថ្លេហិម មើលការដែលបានកើតមកនោះ ដែលព្រះអម្ចាស់បានប្រាប់ឲ្យយើងដឹង ១៦គេក៏ទៅជាប្រញាប់ឃើញម៉ារា នឹងយ៉ូសែបនៅទីនោះ ព្រមទាំងព្រះឱរសផ្តេកនៅក្នុងស្នូកផង ១៧កាលបានឃើញហើយ នោះគេក៏រ៉ាយរ៉ាប់រឿង ពីសេចក្តីដែលទេវតាបានប្រាប់ពីព្រះឱរស ១៨ហើយអស់អ្នកណាដែលឮ ក៏មានសេចក្តីអស្ចារ្យ ពីពាក្យដែលពួកអ្នកគង្វាលបានប្រាប់មក ១៩តែម៉ារា នាងរក្សាទុករឿងទាំងនោះ ដោយរំពឹងគិតតែក្នុងចិត្ត ២០ឯពួកអ្នកគង្វាល ក៏វិលត្រឡប់ទៅវិញ ទាំងសរសើរដំកើងដល់ព្រះ ដោយព្រោះគ្រប់ទាំងការ ដែលគេបានឮ ហើយឃើញនោះ ដូចជាទេវតាបានប្រាប់មក។

២១លុះដល់គំរប់៨ថ្ងៃ កាលត្រូវកាត់ស្បែកព្រះឱរស នោះគេថ្វាយព្រះនាមថា «យេស៊ូវ» ជានាមដែលទេវតាបានប្រាប់ មុនដែលទ្រង់មកចាប់ទំផ្ទៃ។

២២លុះដល់កំណត់ កាលត្រូវញែកចេញជាបរិសុទ្ធតាមក្រិត្យវិន័យរបស់លោកម៉ូសេ នោះក៏នាំយកព្រះឱរសទៅឯក្រុងយេរូសាឡិម ដើម្បីថ្វាយដល់ព្រះអម្ចាស់ ២៣ដូចជាមានកត់ទុកមក ក្នុងក្រិត្យវិន័យព្រះអម្ចាស់ថា «គ្រប់ទាំងកូនប្រុសៗ ដែលកើតពីផ្ទៃម្តាយមកមុនបង្អស់ នោះត្រូវរាប់ជាបរិសុទ្ធថ្វាយព្រះអម្ចាស់» ២៤ហើយនឹងថ្វាយយញ្ញបូជា តាមសេចក្តីដែលបានកត់ទុកក្នុងក្រិត្យវិន័យ របស់ព្រះអម្ចាស់ គឺថា «លលក១គូ ឬព្រាបជំទើរ២»។

២៥នោះមើលនៅក្រុងយេរូសាឡិម មានមនុស្សម្នាក់ឈ្មោះស៊ីម្មាន ជាអ្នកសុចរិត ដែលកោតខ្លាចដល់ព្រះ គាត់រង់ចាំសេចក្តីដោះទុក្ខ របស់សាសន៍អ៊ីស្រាអែល ហើយព្រះវិញ្ញាណបរិសុទ្ធក៏សណ្ឋិតលើគាត់ ២៦ព្រះវិញ្ញាណបរិសុទ្ធបានសំដែងឲ្យគាត់ដឹងថា គាត់មិនស្លាប់ឡើយទាល់តែបានឃើញព្រះគ្រីស្ទនៃព្រះអម្ចាស់ ២៧គាត់ចូលមកក្នុងព្រះវិហារដោយនូវព្រះវិញ្ញាណ រួចកាលមាតាបិតានាំយកព្រះយេស៊ូវ ជាឱរសចូលមក ដើម្បីធ្វើតាមទំលាប់ក្រិត្យវិន័យដល់ទ្រង់ ២៨នោះគាត់ក៏ទទួលមកបី ហើយសរសើរដល់ព្រះ ដោយពាក្យថា ២៩ឥឡូវនេះ ឱព្រះដ៏ជាម្ចាស់អើយសូមបើកឲ្យបាវបំរើទ្រង់ទៅដោយសុខសាន្តតាមព្រះបន្ទូលទ្រង់ចុះ ៣០ដ្បិតភ្នែកទូលបង្គំបានឃើញសេចក្តីសង្គ្រោះរបស់ផងទ្រង់ ៣១ដែលទ្រង់បានរៀបចំនៅមុខបណ្តាជនទាំងឡាយ ៣២ជាពន្លឺសំរាប់បំភ្លឺដល់សាសន៍ដទៃ ហើយជាសិរីល្អ របស់អ៊ីស្រាអែល ជារាស្ត្រទ្រង់ ៣៣ឯយ៉ូសែប នឹងមាតាទ្រង់ ក៏អស្ចារ្យពីសេចក្តីទាំងប៉ុន្មាន ដែលគេថ្លែងពីទ្រង់ ៣៤ស៊ីម្មានក៏ឲ្យពរ ហើយនិយាយទៅម៉ារា ជាមាតាទ្រង់ថា មើល បុត្រនេះបានតាំងឡើងសំរាប់ធ្វើឲ្យពួកសាសន៍អ៊ីស្រាអែលជាច្រើនដួល ហើយងើបឡើងវិញ ក៏សំរាប់ជាទីសំគាល់ ដែលគេនឹងស្រដីទទឹងផង ៣៥ឯនាងវិញ នឹងមានដាវចាក់ទំលុះព្រលឹងនាងដែរ ដើម្បីឲ្យគំនិតក្នុងចិត្តរបស់មនុស្សជាច្រើនបានសំដែងចេញមក។

៣៦ហើយមានហោរាស្រីម្នាក់ឈ្មោះ អាណ ជាកូនផាញូអែល ក្នុងពូជអំបូរអេស៊ើរ គាត់មានប្តី៧ឆ្នាំ តាំងតែពីក្រមុំមក ឥឡូវនេះគាត់ចាស់ណាស់ហើយ ៣៧នៅជាមេម៉ាយប្រហែលជា៨៤ឆ្នាំ ក៏នៅតែក្នុងព្រះវិហារ មិនដែលចេញឡើយ គាត់គោរពទាំងយប់ទាំងថ្ងៃ ដោយការតម ហើយអធិស្ឋាន ៣៨គាត់បានឡើងមកនៅវេលានោះឯង ក៏អរព្រះគុណដល់ព្រះ ព្រមទាំងប្រកាសប្រាប់ពីព្រះឱរស ដល់អស់អ្នកដែលនៅរង់ចាំសេចក្តីប្រោសលោះនៅក្រុងយេរូសាឡិម។

៣៩កាលបានធ្វើសំរេចគ្រប់ទាំងអស់ តាមក្រិត្យវិន័យព្រះអម្ចាស់ហើយ នោះក៏នាំគ្នាត្រឡប់ទៅស្រុកវិញ គឺទៅឯភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ៤០ឯព្រះឱរស ក៏កាន់តែមានវ័យចំរើនធំឡើង មានកំឡាំងខាងវិញ្ញាណរឹតតែច្រើនឡើង ប្រកបដោយប្រាជ្ញាដ៏ពោរពេញ ហើយព្រះគុណនៃព្រះក៏សណ្ឋិតលើទ្រង់ផង។

៤១រីឯមាតាបិតាទ្រង់ តែងតែទៅឯក្រុងយេរូសាឡិមនៅវេលាបុណ្យរំលង រាល់តែឆ្នាំ ៤២លុះទ្រង់មានព្រះជន្មបាន១២ឆ្នាំ នោះក៏នាំគ្នាឡើងទៅ តាមទំលាប់បុណ្យ ៤៣តែដល់ថ្ងៃរួចបុណ្យ ក្នុងកាលដែលគេកំពុងតែត្រឡប់ទៅវិញ នោះព្រះកុមារយេស៊ូវ ទ្រង់បានគង់នៅក្រុងយេរូសាឡិមនៅឡើយ ចំណែកយ៉ូសែប នឹងមាតាទ្រង់ ឥតបានដឹងទេ ៤៤ស្មានថា ទ្រង់គង់នៅក្នុងពួកគេ ក៏ដើរទៅបាន១ថ្ងៃ ទើបចាប់ភ្លឹកសួររកទ្រង់ ក្នុងពួកញាតិសន្តាននឹងពួកអ្នកដែលស្គាល់គ្នា ៤៥កាលមិនឃើញ នោះក៏ត្រឡប់ទៅរកទ្រង់ឯក្រុងយេរូសាឡិមវិញ ៤៦លុះកន្លងក្រោយមក៣ថ្ងៃ នោះទើបឃើញទ្រង់គង់នៅកណ្តាលពួកអាចារ្យក្នុងព្រះវិហារ កំពុងតែស្តាប់ ហើយនឹងសួរគេ ៤៧ពួកអស់អ្នកដែលឮទ្រង់ក៏អស្ចារ្យក្នុងចិត្តពីប្រាជ្ញា ហើយនឹងពាក្យចំឡើយរបស់ទ្រង់ ៤៨លុះមាតាបិតាបានឃើញទ្រង់ នោះក៏នឹកប្លែកក្នុងចិត្ត ហើយមាតាសួរថា កូនអើយ ហេតុអ្វីបានជាអ្នកប្រព្រឹត្តនឹងយើងដូច្នេះ មើល ឪពុកអ្នក នឹងម្តាយ បានខំដើររកអ្នកទាំងថប់ព្រួយ ៤៩ទ្រង់មានបន្ទូលតបថា អ្នកម្តាយរកខ្ញុំធ្វើអី តើមិនជ្រាបថា គួរឲ្យខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះវរបិតានៃខ្ញុំទេឬអី ៥០តែគាត់មិនយល់ពាក្យដែលទ្រង់មានបន្ទូលនោះទេ ៥១ទ្រង់ក៏ចុះទៅឯភូមិណាសារ៉ែត ជាមួយនឹងគាត់វិញ ហើយបាននៅក្នុងឱវាតរបស់គាត់ ឯមាតាទ្រង់ បានកំណត់រឿងទាំងនោះទុកនៅតែក្នុងចិត្ត ៥២ព្រះយេស៊ូវក៏កាន់តែធំ ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ នឹងចិត្តមនុស្សផង។



៣ ១នៅឆ្នាំទី១៥ ក្នុងរាជ្យសេសារ-ទីប៊ើរ កាលលោកប៉ុនទាស-ពីឡាត់ ធ្វើជាចៅហ្វាយនៅស្រុកយូដា ហេរ៉ូឌជាស្តេចអនុរាជនៅស្រុកកាលីឡេ ភីលីព អនុជទ្រង់ ជាស្តេចអនុរាជនៅស្រុកអ៊ីទូរេ នឹងនៅក្រវល់ស្រុកត្រាខូនីតលីសានាស ជាស្តេចអនុរាជ នៅស្រុកអាប៊ីលេន ២ហើយក្នុងកាលដែលលោកអាណ នឹងលោកកៃផាធ្វើជាសំដេចសង្ឃ នោះព្រះទ្រង់មានបន្ទូលមកយ៉ូហាន ជាកូនសាការីនៅទីរហោស្ថាន ៣គាត់ក៏ទៅពេញក្នុងស្រុកជុំវិញទន្លេយ័រដាន់ទាំងអស់ ព្រមទាំងប្រកាសប្រាប់ពីបុណ្យជ្រមុជទឹក ខាងឯការប្រែចិត្ត ប្រយោជន៍ឲ្យបានរួចពីបាប ៤ដូចជាមានសេចក្តីចែងទុកមកក្នុងគម្ពីរ ដែលកត់ពាក្យទំនាយរបស់ហោរាអេសាយថា «ជាសំឡេងមនុស្សម្នាក់ ដែលកំពុងតែស្រែកនៅទីរហោស្ថានថា ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរដំរង់ផ្លូវតូចថ្វាយទ្រង់ចុះ ៥គ្រប់ទាំងច្រកភ្នំនឹងបានលុបឲ្យពេញ គ្រប់ទាំងភ្នំធំតូចនឹងត្រូវបន្ទាបទៅ ផ្លូវក្ងិកក្ងក់នឹងទៅជាត្រង់ ហើយផ្លូវរដិបរដុបនឹងបានរាបស្មើទៅវិញ ៦នោះគ្រប់ទាំងមនុស្សនឹងឃើញសេចក្តីសង្គ្រោះរបស់ព្រះ»។

៧គាត់ក៏ពោលដល់មនុស្សទាំងហ្វូង ដែលមកទទួលបុណ្យជ្រមុជពីគាត់ថា ឱពូជពស់វែកអើយ តើអ្នកណាបានប្រាប់ឲ្យអ្នករាល់គ្នារត់ពីសេចក្តីក្រោធ ដែលត្រូវមកដូច្នេះ ៨បើដូច្នេះ ចូរបង្កើតផលដែលសំណំនឹងការប្រែចិត្តចុះ កុំឲ្យចាប់តាំងនឹកក្នុងចិត្តថា មានលោកអ័ប្រាហាំជាឰយុកោខ្លួននោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះទ្រង់អាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំ ពីថ្មទាំងនេះក៏បានដែរ ៩ប៉ុន្តែ ពូថៅបានដាក់នៅឫសដើមឈើហើយ ដូច្នេះ អស់ទាំងដើមណាដែលមានផ្លែមិនល្អ នោះត្រូវកាប់បោះចោលទៅក្នុងភ្លើងចេញ ១០បណ្តាមនុស្សក៏សួរគាត់ថា តើត្រូវឲ្យយើងខ្ញុំធ្វើដូចម្តេចវិញ ១១គាត់ឆ្លើយថា អ្នកណាដែលមានអាវ២ ត្រូវឲ្យអ្នកនោះចែកដល់អ្នកដែលគ្មានផង ហើយអ្នកណាដែលមានស្បៀងអាហារ ក៏ត្រូវធ្វើដូច្នោះដែរ ១២មានពួកអ្នកយកពន្ធមក ដើម្បីទទួលបុណ្យជ្រមុជទឹកដែរ គេក៏សួរគាត់ថា លោកគ្រូ តើត្រូវឲ្យយើងខ្ញុំធ្វើដូចម្តេច ១៣គាត់ឆ្លើយថា កុំឲ្យទារពន្ធហួសកំរិតដែលបានកំណត់មកឡើយ ១៤ក៏មានពួកទាហានសួរគាត់ដែរថា ឯយើងខ្ញុំ តើត្រូវធ្វើដូចម្តេច គាត់ឆ្លើយថា កុំឲ្យសង្កត់សង្កិន ឬចោទបង្កាច់អ្នកឯណាឡើយ ចូរស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះ។

១៥កាលបណ្តាមនុស្សនៅតែចាំមើល ដោយរិះគិតក្នុងចិត្តពីដំណើរយ៉ូហាន ដែលគាត់ជាព្រះគ្រីស្ទឬមិនមែន ១៦នោះយ៉ូហានប្រាប់គេគ្រប់គ្នាថា ឯខ្ញុំៗធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកក៏ពិត ប៉ុន្តែមានព្រះ១អង្គមក ដែលមានអំណាចលើសជាងខ្ញុំទៅទៀត ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ផ់ង ព្រះអង្គនោះនឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ ១៧ទ្រង់កាន់ចង្អេរនៅព្រះហស្ត ទ្រង់នឹងបោសរំលីងទីលានទ្រង់ ហើយនឹងប្រមូលស្រូវមកដាក់ក្នុងជង្រុកទ្រង់ តែអង្កាម ទ្រង់នឹងដុតក្នុងភ្លើងដែលពន្លត់មិនបាន ១៨នោះគាត់ក៏ប្រាប់ដំណឹងល្អដល់បណ្តាមនុស្ស ព្រមទាំងទូន្មានសេចក្តីជាច្រើនទៀតដែរ ១៩ប៉ុន្តែកាលគាត់បានបន្ទោសហេរ៉ូឌ ជាស្តេចអនុរាជ ពីរឿងហេរ៉ូឌាស ជាភរិយារបស់អនុជទ្រង់ ហើយពីគ្រប់ទាំងការអាក្រក់ ដែលទ្រង់បានធ្វើ ២០នោះទ្រង់បានបន្ថែមការនេះទៀត គឺបានចាប់គាត់ដាក់គុក។

២១លុះកាលបណ្តាជនទាំងប៉ុន្មាន បានទទួលបុណ្យជ្រមុជហើយ នោះព្រះយេស៊ូវក៏ទទួលដែរ រួចកំពុងដែលទ្រង់អធិស្ឋាន នោះស្រាប់តែមេឃរបើកឡើង ២២ហើយព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើទ្រង់ មានរូបរាងដូចជាសត្វព្រាប ក៏ឮសំឡេងចេញពីមេឃថា ឯងជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់។

២៣ឯព្រះយេស៊ូវ កាលទ្រង់ចាប់តាំងប្រារព្ធការ នោះទ្រង់មានព្រះជន្មប្រហែលជា៣០ឆ្នាំ ហើយតាមដែលគេគិតស្មាន នោះថាទ្រង់ជាកូនយ៉ូសែប ដែលជាកូនហេលី ២៤ហេលីជាកូនម៉ាត់ថាត់ៗ ជាកូនលេវីៗ ជាកូនម៉ិលគីៗ ជាកូនយ៉ាណាយៗ ជាកូនយ៉ូសែប ២៥យ៉ូសែបជាកូនរបស់ម៉ាតាធាសៗ ជាកូនហាម៉ូសៗ ជាកូនណាអ៊ូមៗ ជាកូនអែសលីៗ ជាកូនណាកៃ ២៦ណាកៃជាកូនម៉ាអាតៗ ជាកូនម៉ាតាធាសៗ ជាកូនសេម៉ីៗ ជាកូនយ៉ូសែបៗ ជាកូនយូដា ២៧យូដាជាកូនយ៉ូអាណាន់ៗ ជាកូនរេសាៗ ជាកូនសូរ៉ូបាបិលៗ ជាកូនសាលធាលៗ ជាកូននេរី ២៨នេរីជាកូនម៉ិលគីៗ ជាកូនអ័តឌីៗ ជាកូនកូសាមៗ ជាកូនអែលម៉ូដាម អែលម៉ូដាមជាកូនអ៊ើរ ២៩អ៊ើរជាកូនយ៉ូសេៗ ជាកូនអេលាស៊ើរៗ ជាកូនយ៉ូរិមៗ ជាកូនម៉ាត់ថាត់ៗ ជាកូនលេវី ៣០លេវីជាកូនស៊ីម្មានៗ ជាកូនយូដាៗ ជាកូនយ៉ូសែបៗ ជាកូនយ៉ូណានៗ ជាកូនអេលាគីម ៣១អេលាគីមជាកូនមេលាសៗ ជាកូនម៉ៃណានៗ ជាកូនម៉ាតាថាៗ ជាកូនរបស់ណាថាន់ៗ ជាកូនដាវីឌ ៣២ដាវីឌជាកូនអ៊ីសាយៗ ជាកូនអូបិឌៗ ជាកូនបូអូសៗ ជាកូនសាលម៉ូនៗ ជាកូនរបស់ណាសូន ៣៣ណាសូនជាកូនអេមីន៉ាដាប់ៗ ជាកូនអើរ៉ាម អើរ៉ាមជាកូនអែសរ៉ូមៗ ជាកូនពេរេសៗ ជាកូនរបស់យូដា ៣៤យូដាជាកូនយ៉ាកុបៗ ជាកូនអ៊ីសាកៗ ជាកូនអ័ប្រាហាំៗ ជាកូនថេរ៉ាៗ ជាកូនណាឃរ ៣៥ណាឃរជាកូនសេរូកៗ ជាកូនរេហ៊ូវៗ ជាកូនផាលេកៗ ជាកូនហេប៊ើរៗ ជាកូនសេឡា ៣៦សេឡាជាកូនកៃណានៗ ជាកូនរបស់អើប៉ាក់សាឌៗ ជាកូនសិមៗ ជាកូនណូអេៗ ជាកូនឡាមេក ៣៧ឡាមេកជាកូនមធូសាឡាៗ ជាកូនហេណុកៗ ជាកូនយ៉ារេឌៗ ជាកូនម៉ាលេលាលៗ ជាកូនរបស់កៃណាន ៣៨កៃណានជាកូនអេណុសៗ ជាកូនសេតៗ ជាកូនអ័ដាម អ័ដាមជាកូនព្រះ។



៤ ១រីឯព្រះយេស៊ូវទ្រង់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ក៏វិលពីទន្លេយ័រដាន់មកវិញ នោះព្រះវិញ្ញាណនាំទៅនៅទីរហោស្ថាន ២ទ្រង់ត្រូវអារក្សល្បួងក្នុងរវាង៤០ថ្ងៃ មិនបានសោយអ្វីសោះនៅវេលានោះ លុះផុតថ្ងៃទាំងនោះមកទ្រង់ក៏ឃ្លាន ៣ហើយអារក្សទូលទ្រង់ថា បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរបង្គាប់ឲ្យថ្មនេះត្រឡប់ជានំប៉័ងទៅ ៤តែព្រះយេស៊ូវមានបន្ទូលតបថា មានសេចក្តីចែងទុកមកថា «មនុស្សមិនមែនរស់ ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលនៃព្រះវិញ»។

៥អារក្សក៏នាំទ្រង់ទៅលើកំពូលភ្នំយ៉ាងខ្ពស់ បង្ហាញនគរនៅលោកីយទាំងអស់ក្នុង១ភ្លែតនោះ ៦ហើយទូលថា ខ្ញុំនឹងឲ្យអំណាច នឹងសិរីលំអនៃនគរទាំងនេះដល់អ្នក ដ្បិតបានប្រគល់មកខ្ញុំហើយ ខ្ញុំនឹងឲ្យដល់អ្នកណាស្រេចនឹងចិត្តខ្ញុំ ៧ដូច្នេះ បើអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះទាំងអស់នឹងបានជារបស់អ្នក ៨តែព្រះយេស៊ូវឆ្លើយតបថា សាតាំងអើយ ចូរថយទៅក្រោយអញទៅ ដ្បិតមានសេចក្តីចែងទុកមកថា «ត្រូវឲ្យឯងថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែ១ព្រះអង្គប៉ុណ្ណោះ»។

៩រួចវានាំទ្រង់ទៅឯក្រុងយេរូសាឡិម ដាក់នៅលើកំពូលព្រះវិហារ ទូលថា បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរទំលាក់ខ្លួនពីនេះទៅក្រោមចុះ ១០ដ្បិតមានសេចក្តីចែងទុកមកថា «ទ្រង់នឹងបង្គាប់ពួកទេវតាទ្រង់ ពីដំណើរអ្នកឲ្យថែរក្សាអ្នក ១១ទេវតានោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម» ១២តែព្រះយេស៊ូវមានបន្ទូលតបថា មានបទគម្ពីរដែលថា «កុំឲ្យឯងល្បងព្រះអម្ចាស់ ជាព្រះនៃឯងឡើយ» ១៣កាលអារក្សបានល្បួងសព្វគ្រប់ហើយ នោះក៏ថយចេញពីទ្រង់ទៅ ទាល់តែមានឱកាសទៀត។

១៤ឯព្រះយេស៊ូវទ្រង់វិលទៅស្រុកកាលីឡេវិញ ទាំងមានព្រះចេស្តានៃព្រះវិញ្ញាណសណ្ឋិតលើទ្រង់ នោះមានឮល្បីពីទ្រង់សុសសាយទួទៅក្នុងស្រុកនៅជុំវិញ ១៥ទ្រង់បង្រៀនក្នុងសាលាប្រជុំរបស់គេ ហើយគេក៏សរសើរដំកើងទ្រង់ទាំងអស់គ្នា ១៦រួចទ្រង់យាងមកដល់ណាសារ៉ែត ជាស្រុកដែលទ្រង់គង់នៅពីកុមារ ក៏ចូលទៅក្នុងសាលាប្រជុំនៅថ្ងៃឈប់សំរាក តាមទំលាប់ទ្រង់ ហើយឈរឡើងដើម្បីអានមើលគម្ពីរ ១៧គេក៏យកគម្ពីរហោរាអេសាយមកថ្វាយទ្រង់ កាលទ្រង់បានបើកគម្ពីរហើយ នោះទ្រង់រកឃើញត្រង់កន្លែងដែលមានសេចក្តីចែងទុកមកថា ១៨«ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង ហើយប្រកាសប្រាប់ពីសេចក្តីប្រោសលោះដល់ពួកឈ្លើយ នឹងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយឲ្យដោះមនុស្ស ដែលត្រូវគេជិះជាន់ឲ្យរួច ១៩ព្រមទាំងប្រកាសប្រាប់ពីឆ្នាំដែលព្រះអម្ចាស់កំណត់ទុក» ២០កាលទ្រង់បានបិទគម្ពីរ ប្រគល់ដល់អ្នករក្សាសាលាវិញហើយ នោះទ្រង់ក៏គង់ចុះ ឯពួកអ្នកដែលនៅក្នុងសាលា គេក៏សំឡឹងមើលទ្រង់ ២១ទ្រង់ចាប់តាំងមានបន្ទូលទៅគេថា នៅថ្ងៃនេះ បទគម្ពីរនេះបានសំរេចនៅត្រចៀកអ្នករាល់គ្នាហើយ ២២គ្រប់គ្នាជាសាក្សីពីទ្រង់ ក៏អស្ចារ្យក្នុងចិត្តពីព្រះបន្ទូលដ៏ផ្អែមពីរោះ ដែលចេញពីព្រះឱស្ឋទ្រង់មក ហើយគេនិយាយថា តើអ្នកនេះមិនមែនជាកូនយ៉ូសែបទេឬអី ២៣តែទ្រង់មានបន្ទូលទៅគេថា ពិតប្រាកដជាអ្នករាល់គ្នា នឹងនិយាយពាក្យប្រៀបនេះដាក់ខ្ញុំថា គ្រូពេទ្យអើយ ចូរមើលខ្លួនអ្នកឲ្យជាសិនចុះ ការអ្វីដែលយើងបានឮថា អ្នកធ្វើនៅក្រុងកាពើណិម នោះចូរធ្វើនៅស្រុករបស់ខ្លួននេះដែរ ២៤ទ្រង់ក៏មានបន្ទូលទៀតថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានហោរាណាដែលគេរាប់អាននៅក្នុងស្រុករបស់ខ្លួននោះទេ ២៥ខ្ញុំក៏និយាយប្រាកដនឹងអ្នករាល់គ្នាថា នៅជាន់លោកអេលីយ៉ា កាលរាំង៣ឆ្នាំ៦ខែ ហើយមានអំណត់អត់ជាខ្លាំង នៅពេញក្នុងស្រុក នោះមានមេម៉ាយជាច្រើន នៅស្រុកអ៊ីស្រាអែលដែរ ២៦តែព្រះទ្រង់មិនបានចាត់លោកអេលីយ៉ា ឲ្យទៅឯមេម៉ាយណាមួយនោះសោះ គឺបានចាត់លោកទៅឯស្រីមេម៉ាយម្នាក់ នៅក្រុងសារិបតា ក្នុងស្រុកស៊ីដូនវិញ ២៧ហើយនៅជាន់ហោរាអេលីសេ ក៏មានមនុស្សឃ្លង់ជាច្រើន ក្នុងស្រុកអ៊ីស្រាអែលដែរ តែគ្មានអ្នកណាមួយ បានជាស្អាតសោះ បានជាតែលោកណាម៉ាន ជាសាសន៍ស៊ីរី១ប៉ុណ្ណោះ ២៨កាលពួកអ្នកនៅក្នុងសាលាប្រជុំ បានឮសេចក្តីទាំងនោះហើយ គេមានពេញដោយសេចក្តីក្រោធ ២៩ក៏ក្រោកឡើង ដេញទ្រង់ចេញពីភូមិ បណ្តើរទៅដល់ចំរែះនៅលើភ្នំដែលគេបានកធ្វើភូមិ ដើម្បីនឹងច្រានទំលាក់ចុះទៅក្រោម ៣០ប៉ុន្តែទ្រង់យាងកាត់កណ្តាលពួកគេចេញបាត់ទៅ។

៣១ទ្រង់យាងចុះទៅដល់កាពើណិម ជាទីក្រុងស្រុកកាលីឡេ ក៏តែងតែបប្រៀនគេរាល់ថ្ងៃឈប់សំរាក ៣២គេក៏នឹកប្លែកពីសេចក្តីដែលទ្រង់បង្រៀនណាស់ ពីព្រោះទ្រង់មានបន្ទូលដោយអំណាច ៣៣រីឯនៅក្នុងសាលានោះ មានមនុស្សម្នាក់ ដែលមានវិញ្ញាណអារក្សអសោចិ៍ចូល វាស្រែកឡើងជាខ្លាំងថា ៣៤ហ៊ឹះ នែ ព្រះយេស៊ូវពីណាសារ៉ែតអើយ តើយើង ហើយនឹងទ្រង់មានហេតុអ្វីនឹងគ្នា តើទ្រង់មកបំផ្លាញយើងឬអី ខ្ញុំស្គាល់ជាក់ហើយ ទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ ៣៥ព្រះយេស៊ូវក៏កំហែងវាថា ចូរស្ងៀមចុះ ហើយចេញពីមនុស្សនេះទៅ លុះអារក្សបានផ្តួលអ្នកនោះទៅកណ្តាលពួកគេ នោះក៏ចេញទៅឥតមានធ្វើឲ្យឈឺអ្វីឡើយ ៣៦គ្រប់គ្នាក៏នឹកស្ងើចក្នុងចិត្ត ទាំងសួរគ្នាថា តើពាក្យបែបយ៉ាងណានេះ ដែលលោកបង្គាប់ដល់វិញ្ញាណអសោចិ៍ ដោយអំណាចនឹងឫទ្ធិបាន ហើយវាក៏ចេញទៅដូច្នេះ ៣៧នោះក៏ឮល្បីខ្ចរខ្ចាយពីទ្រង់ សុសសាយទៅគ្រប់ទីកន្លែងជុំវិញ។

៣៨រួចទ្រង់ក្រោកឡើង យាងចេញពីសាលាចូលទៅក្នុងផ្ទះស៊ីម៉ូន រីឯម្តាយក្មេកស៊ីម៉ូន នាងកំពុងគ្រុនជាខ្លាំង ហើយគេសូមអង្វរទ្រង់ឲ្យនាង ៣៩ទ្រង់ក៏ឈរឈ្ងោកទៅនាង ទាំងកំហែងដល់គ្រុន នោះគ្រុនក៏បាត់ទៅ រួចនាងក្រោកឡើងភ្លាម បំរើដល់ទាំងអស់គ្នា។ ៤០ដល់ពេលថ្ងៃលិច អស់អ្នកដែលមានបងប្អូនឈឺជំងឺផ្សេងៗ គេនាំអ្នកទាំងនោះមកឯទ្រង់ ហើយទ្រង់ប្រោសគេគ្រប់គ្នាឲ្យបានជា ដោយដាក់ព្រះហស្តលើ ៤១ក៏មានអារក្សចេញពីមនុស្សជាច្រើនដែរ វាស្រែកឡើងថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ តែទ្រង់បន្ទោស ហាមមិនឲ្យវានិយាយសោះ ពីព្រោះវាដឹងថា ទ្រង់ជាព្រះគ្រីស្ទពិត។

៤២លុះព្រឹកឡើង ទ្រង់យាងចេញទៅឯកន្លែងស្ងាត់ ឯបណ្តាមនុស្សគេតាមរកទ្រង់ ក៏មកដល់ ហើយឃាត់ទ្រង់ ដើម្បីមិនឲ្យទ្រង់យាងចេញពីគេឡើយ ៤៣តែទ្រង់មានបន្ទូលថា ខ្ញុំត្រូវប្រាប់ដំណឹងល្អពីនគរព្រះ ដល់អស់ទាំងស្រុកឯទៀតដែរ គឺហេតុនោះបានជាព្រះវរបិតាចាត់ឲ្យខ្ញុំមក ៤៤ទ្រង់ក៏ប្រកាសក្នុងអស់ទាំងសាលាប្រជុំនៅស្រុកកាលីឡេទួទៅ។



៥ ១កាលទ្រង់កំពុងឈរ នៅមាត់សមុទ្រគេនេសារ៉ែត នោះមានមនុស្សកកកុញប្រជ្រៀតគ្នាមកឯទ្រង់ ដើម្បីនឹងស្តាប់ព្រះបន្ទូល ២ហើយទ្រង់ទតឃើញទូក២ចតនៅមាត់សមុទ្រ ដែលពួកអ្នកនេសាទបានឡើងទៅលាងអួនហើយ ៣ទ្រង់យាងចុះទូក១នោះ ជាទូករបស់ស៊ីម៉ូន ក៏សូមឲ្យគាត់ចេញទូកពីដីបន្តិចទៅ រួចទ្រង់គង់បង្រៀនដល់បណ្តាមនុស្សពីក្នុងទូកវិញ ៤លុះឈប់អធិប្បាយហើយ នោះទ្រង់មានបន្ទូលទៅស៊ីម៉ូនថា ឲ្យចេញទូកទៅកន្លែងទឹកជ្រៅទំលាក់អួនចាប់ត្រីចុះ ៥ស៊ីម៉ូនូទូលឆ្លើយថា លោកគ្រូអើយ យប់មិញ យើងខ្ញុំបានខំដឹកអួនទាល់ភ្លឺ គ្មានបានអ្វីសោះ តែខ្ញុំនឹងទំលាក់អួន តាមពាក្យលោកមើល ៦កាលទំលាក់ទៅ នោះក៏ជាប់បានត្រីសន្ធឹក ដល់ម៉្លេះ បានជាអួនចាប់តាំងធ្លាយ ៧នោះគេបោយដៃហៅគូកនដែលនៅក្នុងទូក១ទៀត ឲ្យមកជួយគ្នា គេក៏មក ហើយចាប់ដាក់បានពេញទូកទាំង២ ទាល់តែពៀបស្ទើរនឹងលិច ៨កាលស៊ីម៉ូន-ពេត្រុសបានឃើញដូច្នោះ នោះគាត់ក្រាបនៅទៀបព្រះជង្ឃព្រះយេស៊ូវ ទូលថា ព្រះអម្ចាស់អើយសូមថយចេញពីទូលបង្គំ ដ្បិតទូលបង្គំជាមនុស្សមានបាប ៩គាត់ទូលដូច្នោះ ដោយហេតុគាត់ នឹងពួកអ្នកនៅជាមួយនឹកស្ងើចក្នុងចិត្ត ពីត្រីដែលបានច្រើនដល់ម៉្លោះ ១០ហើយយ៉ាកុប នឹងយ៉ូហាន ជាកូនសេបេដេ ដែលជាពួកហ៊ុននឹងស៊ីម៉ូន ក៏ដូច្នោះដែរ តែព្រះយេស៊ូវមានបន្ទូលទៅស៊ីម៉ូនថា កុំខ្លាចអី ពីនេះទៅមុខអ្នកនឹងចាប់មនុស្សវិញ ១១រួចកាលទូកបានដល់គោក នោះគេទុករបស់ទាំងអស់ចោល ហើយដើរតាមទ្រង់ទៅ។

១២កាលព្រះយេស៊ូវគង់នៅក្នុងទីក្រុង១ នោះមានមនុស្សម្នាក់កើតឃ្លង់ពេញទាំងខ្លួន គាត់ឃើញទ្រង់ ក៏ទំលាក់ខ្លួនផ្កាប់មុខទូលអង្វរថា ព្រះអម្ចាស់អើយ បើទ្រង់សព្វព្រះហឫទ័យ នោះទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន ១៣ទ្រង់ក៏លូកព្រះហស្តទៅពាល់គាត់ ដោយបន្ទូលថា ខ្ញុំចង់ដែរ ឲ្យជាស្អាតចុះ ស្រាប់តែឃ្លង់ចេញពីគាត់ជា១រំពេចទៅ ១៤រួចទ្រង់ហាមមិនឲ្យគាត់ប្រាប់ដល់អ្នកណាឡើយ តែត្រូវទៅបង្ហាញខ្លួនឲ្យសង្ឃពិនិត្យមើល ហើយថ្វាយដង្វាយ ដោយព្រោះបានជាស្អាតវិញ ដូចជាលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់ពួកលោក ១៥ប៉ុន្តែ ចេះតែឮនិយាយពីទ្រង់កាន់តែខ្លាំងឡើង ក៏មានមនុស្សកកកុញមកស្តាប់ផង ហើយឲ្យទ្រង់បានប្រោសជំងឺគេឲ្យជាផង ១៦តែទ្រង់ថយចេញទៅឯទីស្ងាត់ដើម្បីអធិស្ឋានវិញ។

១៧មានថ្ងៃ១ កាលទ្រង់កំពុងតែបង្រៀន នោះមានពួកផារិស៊ី នឹងពួកអ្នកប្រាជ្ញច្បាប់ ដែលចេញពីគ្រប់ទាំងភូមិស្រុកកាលីឡេ ស្រុកយូដា នឹងក្រុងយេរ៉ូសាឡិម គេមកអង្គុយស្តាប់ ហើយព្រះចេស្តានៃព្រះអម្ចាស់ក៏នៅទីនោះ បំរុងនឹងប្រោសគេឲ្យជាដែរ ១៨នោះឃើញមានគេសែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ ដេកលើគ្រែមក គេរកផ្លូវនាំគាត់ចូលទៅដាក់ចំពោះទ្រង់ ១៩តែពុំបានសោះ ដោយព្រោះមានមនុស្សសន្ធឹកណាស់ នោះក៏ឡើងទៅលើដំបូលសំរូតគាត់ទៅ ទាំងដេកលើគ្រែ នៅកណ្តាលជំនុំ ចំពោះព្រះយេស៊ូវ តាមប្រហោងដំបូល ២០លុះទ្រង់បានឃើញសេចក្តីជំនឿរបស់គេដូច្នោះ ក៏មានបន្ទូលថា អ្នកអើយ បាបអ្នកបានអត់ទោសឲ្យអ្នកហើយ ២១នោះពួកអាចារ្យ នឹងពួកផារិស៊ី ចាប់តាំងរិះគិតគ្នាថា តើអ្នកណានេះ ដែលពោលពាក្យប្រមាថព្រះដូច្នេះ ក្រៅពីព្រះ១ តើមានអ្នកណាអត់ទោសបាបបាន ២២តែព្រះយេស៊ូវបានជ្រាបគំនិតគេ ក៏មានបន្ទូលសួរថា ហេតុអ្វីបានជារិះគិតក្នុងចិត្តដូច្នេះ ២៣ដ្បិតដែលថា បាបអ្នកបានអត់ទោសឲ្យអ្នកហើយ ឬថា ចូរអ្នកក្រោកឡើងដើរទៅ នោះតើពាក្យណាដែលងាយថាជាជាង ២៤ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនឹងអត់ទោសបាបនៅផែនដីបាន (នោះទ្រង់ក៏មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងវិញ) ខ្ញុំប្រាប់អ្នកថា ចូរក្រោកឡើង យកគ្រែអ្នកដើរទៅផ្ទះទៅ ២៥គាត់ក៏ក្រោកឈរឡើងនៅមុខគេជា១រំពេច ហើយលើកគ្រែ ដែលបានដេក ចេញទៅឯផ្ទះ ទាំងសរសើរដំកើងដល់ព្រះបណ្តើរ ២៦នោះបណ្តាមនុស្សកើតមានសេចក្តីអស្ចារ្យទាំងអស់គ្នា ក៏សរសើរដំកើងព្រះ ហើយមានសេចក្តីភ័យខ្លាចជាខ្លាំងថា យើងបានឃើញការចំឡែកណាស់នៅថ្ងៃនេះ។

២៧ក្រោយការទាំងនោះ ទ្រង់យាងចេញទៅ ឃើញអ្នកយកពន្ធម្នាក់ ឈ្មោះលេវី កំពុងអង្គុយនៅទីយកពន្ធ ទ្រង់មានបន្ទូលហៅគាត់ថា ចូរមកតាមខ្ញុំឯណេះ ២៨គាត់ក៏ទុករបស់ទាំងអស់ចោល ក្រោកតាមទ្រង់ទៅ ២៩លេវីបានរៀបជប់លៀងជាធំថ្វាយទ្រង់នៅផ្ទះគាត់ ហើយមានអ្នកយកពន្ធទាំងហ្វូង នឹងមនុស្សឯទៀតមកអង្គុយនៅតុជាមួយគ្នាដែរ ៣០ពួកអាចារ្យនឹងពួកផារិស៊ី គេឌុកដាន់ពួកសិស្សទ្រង់ថា ហេតុអ្វីបានជាបរិភោគ ជាមួយនឹងពួកអ្នកយកពន្ធ នឹងមនុស្សមានបាបដូច្នេះ ៣១តែព្រះយេស៊ូវ ទ្រង់ឆ្លើយទៅគេថា ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ ៣២ខ្ញុំមិនបានមកហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យគេប្រែចិត្តវិញទេតើ។

៣៣គេទូលទ្រង់ថា ហេតុអ្វីបានជាពួកសិស្សលោកយ៉ូហានតម ហើយអធិស្ឋានជាញយៗ ដូចជាសិស្សរបស់ពួកផារិស៊ីដែរ តែសិស្សលោកតែងតែបរិភោគដូច្នេះវិញ ៣៤ទ្រង់មានបន្ទូលតបថា កំពុងដែលប្តីថ្មោងថ្មីនៅជាមួយគ្នា តើអាចនឹងឲ្យពួកសំឡាញ់គាត់តមអាហារបានឬទេ ៣៥តែនឹងមានថ្ងៃមកដល់ កាលណោះប្តីនឹងត្រូវដកយកចេញពីគេទៅ នៅគ្រានោះ គេនឹងតមវិញ ៣៦ទ្រង់ក៏មានបន្ទូលទៅគេជាពាក្យប្រៀបប្រដូចថា គ្មានអ្នកណាដែលយកកំណាត់ថ្មី មកប៉ះអាវចាស់ទេ បើធ្វើដូច្នោះ នឹងនាំឲ្យរហែកដល់ទាំងកំណាត់ថ្មីដែរ ហើយក្រណាត់ដែលយកពីអាវថ្មី ក៏មិនសមនឹងអាវចាស់ផង ៣៧ក៏គ្មានអ្នកណាដែលយកស្រាទំពាំងបាយជូរថ្មី ដាក់ក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរថ្មី នឹងទំលាយថង់ស្បែកហូរចេញមក ហើយថង់ស្បែកក៏ត្រូវខូចខាតផង ៣៨តោងតែដាក់ស្រាទំពាំងបាយជូរថ្មីក្នុងថង់ស្បែកថ្មីវិញ នោះទាំង២យ៉ាងនឹងបានគង់នៅ ៣៩លុះកាលបានផឹកស្រាទំពាំងបាយជូរចាស់ហើយ គ្មានអ្នកណាចង់បានថ្មីទេ ដ្បិតគេថាចាស់ឆ្ងាញ់ជាង។



៦ ១មានកាល១ថ្ងៃ ជាថ្ងៃឈប់សំរាក ទ្រង់យាងកាត់ស្រែ ហើយពួកសិស្សបានបូតគួរស្រូវបរិភោគ ដោយញីនឹងដៃ ២មានពួកផារិស៊ីខ្លះស្តីថា ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលគ្មានច្បាប់ធ្វើនៅថ្ងៃឈប់សំរាកដូច្នេះ ៣តែព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា តើអ្នករាល់គ្នាមិនបានមើល រឿងនេះផងទេឬអី គឺពីការដែលហ្លួងដាវីឌទ្រង់ធ្វើ ក្នុងកាលដែលទ្រង់ នឹងពួកអ្នកនៅជាមួយបានឃ្លាន ៤ដែលទ្រង់យាងចូលទៅក្នុងដំណាក់ព្រះ យកនំប៉័ងតាំងទុកទៅសោយ ទាំងចែកឲ្យពួកអ្នកនៅជាមួយនឹងទ្រង់ផង ដែលគ្មានច្បាប់ឲ្យបរិភោគសោះ ជារបស់ទុកសំរាប់តែពួកសង្ឃប៉ុណ្ណោះ ៥រួចទ្រង់មានបន្ទូលទៅគេថា កូនមនុស្សក៏ជាម្ចាស់នៃថ្ងៃឈប់សំរាកដែរ។

៦នៅថ្ងៃឈប់សំរាក១ទៀត ទ្រង់ចូលទៅបង្រៀនក្នុងសាលាប្រជុំ ហើយនៅទីនោះមានមនុស្សម្នាក់ ដែលស្វិតដៃខាងស្តាំ ៧ឯពួកអាចារ្យ នឹងពួកផារិស៊ី ក៏សំឡឹងមើល ក្រែងទ្រង់ប្រោសឲ្យគាត់ជានៅថ្ងៃឈប់សំរាកដែរ គឺដើម្បីនឹងរករឿងចោទប្រកាន់ទ្រង់ ៨តែទ្រង់ស្គាល់គំនិតគេ ក៏មានបន្ទូលទៅមនុស្សស្វិតដៃថា ចូរក្រោកឡើងឈរនៅកណ្តាលនុ៎ះទៅ ៩កាលគាត់ក្រោកឈរឡើង នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ខ្ញុំចង់សួរអ្នករាល់គ្នាថា នៅថ្ងៃឈប់សំរាក តើមានច្បាប់នឹងធ្វើការល្អ ឬអាក្រក់ នឹងសង្គ្រោះជីវិត ឬបំផ្លាញ ១០ទ្រង់ក៏ងាកជុំវិញ ទតមើលគេទាំងអស់គ្នា រួចមានបន្ទូលទៅមនុស្សនោះថា ចូរអ្នកលាតដៃទៅ អ្នកនោះក៏លាត ហើយដៃគាត់បានជាដូចម្ខាង ១១គេមានសេចក្តីឃោរឃៅពោរពេញ ក៏ពីគ្រោះគ្នាពីការអ្វីដែលត្រូវធ្វើដល់ព្រះយេស៊ូវ។

១២នៅគ្រានោះទ្រង់ចេញទៅឯភ្នំ ដើម្បីនឹងអធិស្ឋាន រួចទ្រង់អធិស្ឋានដល់ព្រះ ដរាបទាល់ភ្លឺ ១៣លុះភ្លឺឡើង ទ្រង់ហៅពួកសិស្សមក ក៏រើសយក១២នាក់ ដែលទ្រង់ហៅថា សាវក ១៤គឺស៊ីម៉ូន ដែលហៅថា ពេត្រុស១ អនទ្រេ ជាប្អូនគាត់១ យ៉ាកុប១ យ៉ូហាន១ ភីលីព១ បារថូល៉ូមេ១ ១៥ម៉ាថាយ១ ថូម៉ាស១ យ៉ាកុប ជាកូនអាល់ផាយ១ ស៊ីម៉ូនដែលហៅថាជាអ្នកឧស្សាហ៍១ ១៦នឹងយូដាសជាញ្ញាតិនឹងយ៉ាកុប១ ហើយយូដាស-អ៊ីស្ការីយ៉ុតដែលត្រឡប់ជាអ្នកក្បត់១ ១៧ទ្រង់យាងចុះមកជាមួយនឹងអ្នកទាំងនោះ ក៏ឈប់នៅត្រង់កន្លែងរាបស្មើ នោះមានពួកសិស្សទ្រង់ជាច្រើន នឹងបណ្តាជនកកកុញមកពីគ្រប់កន្លែងនៅស្រុកយូដា ក្រុងយេរូសាឡិម ហើយពីស្រុកទីរ៉ុស ស្រុកស៊ីដូន ដែលនៅក្បែរសមុទ្រ ដើម្បីនឹងស្តាប់ទ្រង់ ហើយប្រយោជន៍ឲ្យបានជាជំងឺគេផង ១៨ក៏មានមនុស្សអារក្សអសោចិ៍ចូលបានជាដែរ ១៩មនុស្សទាំងអស់រកពាល់ទ្រង់ ដ្បិតមានព្រះចេស្តាចេញពីទ្រង់ មកប្រោសឲ្យជាទាំងអស់គ្នា។

២០ទ្រង់ងើបព្រះនេត្រឡើង ទតទៅពួកសិស្ស មានបន្ទូលថា មានពរហើយ អ្នករាល់គ្នាដែលក្រអើយ ដ្បិតនគរព្រះជារបស់ផងអ្នករាល់គ្នា ២១មានពរហើយ អ្នករាល់គ្នាដែលឃ្លានឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត មានពរហើយ អ្នករាល់គ្នាដែលយំឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងបានសើចវិញ ២២មានពរហើយ កាលណាមនុស្សនឹងស្អប់អ្នករាល់គ្នា ព្រមទាំងកាត់កាល់ ត្មះតិះដៀល ហើយចោលឈ្មោះអ្នករាល់គ្នាចេញ ទុកដូចជាអាក្រក់ដោយព្រោះកូនមនុស្ស ២៣ចូរអ្នករាល់គ្នាអរសប្បាយឡើងនៅថ្ងៃនោះ ហើយលោតកញ្ឆោងចុះ ដ្បិតមើលអ្នករាល់គ្នាមានរង្វាន់ជាយ៉ាងធំនៅឯស្ថានសួគ៌ ឯពួកឰយុកោរបស់គេ ក៏បានប្រព្រឹត្តចំពោះពួកហោរាពីដើមយ៉ាងដច្នោះដែរ ២៤តែវេទនាដល់អ្នករាល់គ្នា ជាអ្នកមាន ដ្បិតអ្នករាល់គ្នា កំពុងតែមានសេចក្តីកំសាន្តចិត្តក្នុងសម័យនេះ ២៥វេទនាដល់អ្នករាល់គ្នាដែលឆ្អែត ដ្បិតនឹងត្រូវឃ្លានវិញ វេទនាដល់អ្នករាល់គ្នា ដែលសើចក្នុងជាន់ឥឡូវនេះ ដ្បិតនឹងកើតទុក្ខព្រួយ ហើយយំសោកវិញ ២៦វេទនាដល់អ្នករាល់គ្នា កាលណាមនុស្សទាំងអស់និយាយល្អពីអ្នករាល់គ្នា ពីព្រោះកាលពីដើម ពួកឰយុកោបានប្រព្រឹត្តនឹងពួកហោរាក្លែងក្លាយយ៉ាងដូច្នោះដែរ ២៧ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នា ដែលកំពុងស្តាប់ថា ចូរអ្នករាល់គ្នាស្រឡាញ់ពួកខ្មាំងសត្រូវ ហើយប្រព្រឹត្តល្អនឹងពួកអ្នក ដែលស្អប់អ្នករាល់គ្នាវិញ ២៨ចូរឲ្យពរដល់អ្នកណាដែលគេប្រទេចផ្តាសាអ្នក ហើយអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខអ្នក

២៩ឯអ្នកណាដែលទះកំភ្លៀងអ្នកម្ខាងនោះត្រូវបែរម្ខាងទៅឲ្យគេទៀត ហើយបើអ្នកណាយកអាវវែងរបស់អ្នក នោះកុំឲ្យឃាត់មិនឲ្យគេយកអាវតូចអ្នកផងឡើយ ៣០ចូរឲ្យដល់អ្នកណាដែលសូមអ្នក ហើយបើអ្នកណាយករបស់អ្វីផងអ្នក នោះកុំឲ្យទារវិញឡើយ ៣១ដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តនឹងខ្លួនជាយ៉ាងណា នោះត្រូវតែប្រព្រឹត្តនឹងគេយ៉ាងនោះដែរ ៣២បើអ្នករាល់គ្នាស្រឡាញ់តែពួក អ្នកដែលស្រឡាញ់ដល់អ្នក នោះតើមានគុណបំណាច់អ្វី ដ្បិតទាំងមនុស្ស មានបាបក៏ស្រឡាញ់ដល់ពួកអ្នក ដែលស្រឡាញ់គេដូចគ្នាដែរ ៣៣ហើយបើអ្នករាល់គ្នាប្រព្រឹត្តល្អ ចំពោះតែពួកអ្នកដែលប្រព្រឹត្តល្អនឹងខ្លួនអ្នក នោះតើមានគុណបំណាច់អ្វី ដ្បិតទាំងមនុស្សមានបាបក៏ប្រព្រឹត្តដូច្នោះដែរ ៣៤បើអ្នករាល់គ្នាឲ្យគេខ្ចី ដែលសង្ឃឹមនឹងបានវិញ នោះតើមានគុណបំណាច់អ្វី ដ្បិតទាំងមនុស្សមានបាបក៏ឲ្យមនុស្សមានបាបខ្ចីដែរ ដើម្បីឲ្យបានដូចដើមវិញ ៣៥ចូរស្រឡាញ់ដល់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ឲ្យប្រព្រឹត្តល្អនឹងគេ ហើយឲ្យគេខ្ចី ដោយឥតសង្ឃឹមនឹងបានអ្វីមកវិញចុះ នោះអ្នករាល់គ្នានឹងបានរង្វាន់ជាយ៉ាងធំ ហើយនឹងធ្វើជាកូននៃព្រះដ៏ខ្ពស់បំផុត ដ្បិតទ្រង់តែងល្អ ដល់ទាំងមនុស្សអកត្តញ្ញូ នឹងមនុស្សអាក្រក់ដែរ ៣៦ដូច្នេះ ចូរអ្នករាល់គ្នាមានចិត្តមេត្តាករុណា ដូចជាព្រះវរបិតានៃអ្នក ទ្រង់មានព្រះហឫទ័យមេត្តាករុណាដែរ ៣៧កុំឲ្យថ្កោលទោសគេឲ្យសោះ ដើម្បីកុំឲ្យមានគេថ្កោលទោសអ្នកវិញ កុំឲ្យនិន្ទាគេឡើយ ដើម្បីកុំឲ្យមានគេនិន្ទាអ្នកវិញដែរ ចូរលើកលែងឲ្យគេ នោះគេនឹងលើកលែងឲ្យអ្នកវិញ ៣៨ចូរឲ្យទៅគេ នោះនឹងបានឲ្យមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ នឹងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ។

៣៩ទ្រង់ក៏មានបន្ទូលពាក្យប្រៀបទៅគេថា តើមនុស្សខ្វាក់អាចនឹងដឹកមនុស្សខ្វាក់បានឬទេ តើមិនធ្លាក់ទៅក្នុងរណ្តៅទាំង២នាក់ទេឬអី ៤០សិស្សមិនមែនលើសជាងគ្រូទេ តែអ្នកណាដែលបានគ្រប់លក្ខណ៍ នោះនឹងបានដូចជាគ្រូដែរ ៤១ហេតុអ្វីបានជាមើលឃើញកំទេច ដែលនៅក្នុងភ្នែកប្អូនអ្នក តែមិនឃើញធ្នឹម ដែលនៅក្នុងភ្នែកខ្លួនវិញសោះ ៤២ធ្វើដូចម្តេចឲ្យអ្នកដែលមើលធ្នឹមក្នុងភ្នែកខ្លួនមិនឃើញ អាចនិយាយទៅប្អូនបាន ថា ប្អូនអើយឲ្យអញយកកំទេច ពីភ្នែកឯងចេញដូច្នេះ ឱអ្នកមានពុតអើយ ចូរយកធ្នឹមពីភ្នែកអ្នកចេញជាមុនសិន នោះទើបនឹងបានឃើញច្បាស់ អាចនឹងយកកំទេចចេញពីភ្នែកប្អូនអ្នកបានដែរ ៤៣ដ្បិតគ្មានដើមឈើល្អណា ដែលមានផលផ្លែអាក្រក់ទេ ក៏គ្មានដើមអាក្រក់ណា ដែលមានផលផ្លែល្អដែរ ៤៤ពីព្រោះគេស្គាល់ដើមឈើនិមួយៗ ដោយសារតែផ្លែទេ គេមិនដែលបេះផ្លែល្វាពីគុម្ពបន្លា ឬផ្លែទំពាំងបាយជូរពីអញ្ចាញឡើយ ៤៥ឯមនុស្សល្អ គេក៏យកសេចក្តីល្អ ពីកំណប់ល្អ ដែលកប់ទុកក្នុងចិត្តគេ ហើយមនុស្សអាក្រក់ក៏យកសេចក្តីអាក្រក់ ចេញពីកំណប់អាក្រក់ ក្នុងចិត្តខ្លួនដែរ ដ្បិតមាត់គេពោលបញ្ចោញសេចក្តីបរិបូរ ដែលនៅក្នុងចិត្តជានិច្ច ៤៦ហេតុអ្វីបានជាហៅខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តែមិនធ្វើតាមពាក្យខ្ញុំវិញដូច្នេះ ៤៧ឯអស់អ្នកដែលមកស្តាប់ពាក្យខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម នោះខ្ញុំនឹងបង្ហាញឲ្យអ្នករាល់គ្នាដឹងថា អ្នកនោះធៀបដូចជាអ្វី ៤៨គឺធៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះ គាត់បានជីកយ៉ាងជ្រៅ ដាក់ជើងសសរនៅលើថ្ម កាលមានទឹកជន់ឡើង ហូរគំហុកមកប៉ះនឹងផ្ទះនោះ នោះធ្វើឲ្យរញ្ជួយមិនបានឡើយ ពីព្រោះបានសង់នៅលើថ្ម ៤៩តែអ្នកដែលឮ ហើយមិនប្រព្រឹត្តតាម នោះប្រៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះនៅលើដី ឥតដាំជើងសសរសោះ លុះទឹកហូរគំហុកមកប៉ះត្រូវ ផ្ទះនោះក៏រលំទៅភ្លាម ហើយត្រូវខូចខាតជាច្រើនផង។



៧ ១កាលទ្រង់មានបន្ទូលសេចក្តីទាំងនោះ ឲ្យបណ្តាជនស្តាប់រួចហើយ ក៏យាងចូលទៅក្នុងក្រុងកាពើណិមវិញ ២នោះមានបាវសំណប់របស់មេទ័ពម្នាក់ វាឈឺហៀបនឹងស្លាប់ ៣លោកបានឮនិយាយពីព្រះយេស៊ូវ ក៏ចាត់ពួកចាស់ទុំសាសន៍យូដាខ្លះ ឲ្យទៅអង្វរអញ្ជើញទ្រង់មកជួយសង្គ្រោះបាវនោះ ៤កាលគេបានទៅដល់ព្រះយេស៊ូវហើយ នោះក៏ទទូចអង្វរទ្រង់ថា មេទ័ពនោះមានបំណាច់ណាស់ គួរឲ្យប្រោសមេត្តាដែរ ៥ដ្បិតគាត់ស្រឡាញ់ដល់សាសន៍យើង ហើយបានសង់សាលាប្រជុំ១សំរាប់យើងរាល់គ្នា ៦ព្រះយេស៊ូវក៏យាងទៅជាមួយនឹងគេ កាលហៀបនឹងដល់ផ្ទះហើយ នោះមេទ័ពចាត់ពួកសំឡាញ់ឲ្យមកទូលទ្រង់ថា ព្រះអម្ចាស់អើយ សូមកុំព្រួយព្រះទ័យឡើយ មិនគួរនឹងឲ្យទូលបង្គំទទួលទ្រង់នៅក្នុងផ្ទះទូលបង្គំ ៧គឺដោយហេតុនោះបានជាទូលបង្គំមិនបានរាប់ខ្លួនថា គួរនឹងមកឯទ្រង់ដែរ សូមទ្រង់គ្រាន់តែមានបន្ទូល១ព្រះឱស្ឋប៉ុណ្ណោះចុះ នោះបាវទូលបង្គំបានជាហើយ ៨ដ្បិតទូលបង្គំនៅក្រោមអំណាចគេដែរ ក៏មានទាហាននៅក្រោមឱវាទទូលបង្គំ ទូលបង្គំប្រាប់ទៅម្នាក់ថា ទៅ វាក៏ទៅ ប្រាប់ទៅម្នាក់ទៀតថា មក វាក៏មក ហើយប្រាប់ទៅបាវថា ធ្វើការនេះចុះ នោះវាក៏ធ្វើតាម ៩កាលព្រះយេស៊ូវបានឮសេចក្តីទាំងនោះ ទ្រង់ក៏មានសេចក្តីអស្ចារ្យនឹងមេទ័ពនោះណាស់ រួចទ្រង់បែរទៅ មានបន្ទូលនឹងមនុស្សទាំងប៉ុន្មានដែលតាមទ្រង់ថា ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញសេចក្តីជំនឿណាជាខ្លាំងដល់ម៉្លេះទេ ទោះបើនៅសាសន៍អ៊ីស្រាអែលក៏ដោយ ១០ឯពួកអ្នកដែលលោកបានចាត់ឲ្យមក គេក៏ត្រឡប់ទៅផ្ទះវិញ ឃើញបាវដែលឈឺនោះបានជាហើយ។

១១ដល់ថ្ងៃក្រោយមក ទ្រង់យាងទៅឯក្រុង១ហៅថា ណាអ៊ីន មានទាំងពួកសិស្ស និងមនុស្សសន្ធឹកទៅដែរ ១២កាលចូលទៅជិតដល់ទ្វារកំផែងក្រុង នោះឃើញគេសែងខ្មោចចេញមក ជាខ្មោចកូនតែ១ ដែលម្តាយនៅមេម៉ាយ ហើយមានមនុស្សក្រុងនោះជាច្រើនហែមកជាមួយនឹងគាត់ ១៣កាលព្រះអម្ចាស់បានឃើញ នោះទ្រង់មានព្រះហឫទ័យក្តួលអាណិតអាសូរដល់គាត់ណាស់ ក៏មានបន្ទូលថា កុំយំអី ១៤រួចទ្រង់យាងចូលទៅពាល់ក្តារមឈូស ឯពួកអ្នកសែងក៏ឈប់ ហើយទ្រង់មានបន្ទូលថា អ្នកកំឡោះអើយ ខ្ញុំបង្គាប់អ្នកថា ចូរក្រោកឡើង ១៥អ្នកដែលស្លាប់នោះ ក៏ក្រោកឡើងអង្គុយ ហើយចាប់តាំងនិយាយ រួចទ្រង់ប្រគល់ដល់ម្តាយវិញ ១៦មនុស្សទាំងអស់គ្នាកើតមានសេចក្តីស្ញែងខ្លាច ក៏សរសើរដំកើងដល់ព្រះ ដោយពាក្យថា មានហោរា១ធំបានកើតឡើងក្នុងពួកយើង ហើយថា ព្រះបានប្រោសរាស្ត្រទ្រង់ហើយ ១៧ពាក្យគេថ្លែងពីទ្រង់នេះ បានឮសុសសាយពេញទួទៅស្រុកយូដា នឹងស្រុកនៅជុំវិញទាំងអស់។

១៨ពួកសិស្សយ៉ូហាន ក៏ទៅប្រាប់គាត់ពីគ្រប់ការទាំងនេះ ១៩រួចយ៉ូហានហៅសិស្សគាត់២នាក់មក ប្រើឲ្យទៅទូលសួរព្រះយេស៊ូវថា តើទ្រង់ជាព្រះដែលត្រូវមកពិត ឬត្រូវឲ្យយើងខ្ញុំនៅចាំ១អង្គទៀត ២០កាលអ្នកទាំង២នោះមកដល់ ក៏ទូលទ្រង់ថា លោកយ៉ូហាន-បាទីស្ទបានចាត់យើងខ្ញុំឲ្យមកសួរទ្រង់ថា តើទ្រង់ជាព្រះដែលត្រូវមកពិត ឬត្រូវឲ្យយើងខ្ញុំនៅចាំ១អង្គទៀត ២១នៅវេលានោះឯងទ្រង់បានប្រោសមនុស្សជំងឺ មនុស្សវេទនា នឹងមនុស្សអារក្សអសោចិ៍ចូលជាច្រើនឲ្យបានជា ហើយមនុស្សខ្វាក់ជាច្រើនឲ្យភ្លឺដែរ ២២រួចទ្រង់ក៏ឆ្លើយថា ចូរទៅប្រាប់យ៉ូហានពីការដែលអ្នកបានឃើញហើយឮចុះ គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡើងវិញ ហើយមនុស្សទាល់ក្រក៏បានឮដំណឹងល្អ ២៣មានពរហើយ អ្នកណាដែលមិនរវាតចិត្តដោយព្រោះខ្ញុំ។ ២៤កាលសិស្សដែលយ៉ូហានចាត់ឲ្យមក បានចេញទៅហើយ នោះទ្រង់ចាប់តាំងមានបន្ទូលនឹងបណ្តាមនុស្សពីយ៉ូហានថា តើអ្នករាល់គ្នាបានទៅមើលអ្វីនៅទីរហោស្ថាន បានទៅមើលដើមត្រែងរញ្ជួយនឹងខ្យល់ឬអី ២៥តើអ្នករាល់គ្នាបានទៅមើលអ្វី បានទៅមើលមនុស្សស្លៀកពាក់អាវទន់ភ្លន់ឬអី មើល ពួកអ្នកដែលស្លៀកពាក់ល្អប្រសើរ ហើយរស់នៅដោយរុងរឿង នោះសុទ្ធតែនៅក្នុងដំណាក់ស្តេចទេ ២៦ចុះអ្នករាល់គ្នាបានទៅមើលអ្វី មើលហោរាឬអី មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ក៏លើសជាងហោរាផង ២៧ដ្បិតគឺពីអ្នកនេះហើយ ដែលមានសេចក្តីចែងទុកមកថា «មើលអញចាត់ទូតអញទៅមុនឯង ទូតនោះនឹងរៀបចំផ្លូវនៅមុខឯង» ២៨ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងពួកមនុស្ស ដែលកើតពីស្ត្រីមក នោះគ្មានហោរាណាបានធំជាងយ៉ូហាន-បាទីស្ទទេ ប៉ុន្តែអ្នកណាដែលតូចជាងគេក្នុងនគរព្រះ នោះក៏ធំជាងគាត់ហើយ ២៩ឯបណ្តាជន នឹងពួកអ្នកយកពន្ធទាំងប៉ុន្មានដែលស្តាប់យ៉ូហាន គេក៏រាប់ព្រះថាជាសុចរិត ដោយបានទទួលបុណ្យជ្រមុជទឹកពីគាត់ ៣០តែពួកផារិស៊ី នឹងពួកអ្នកប្រាជ្ញច្បាប់ គេបានលើកព្រះដំរិះ ដែលដំរូវដល់គេចោលចេញ ដោយមិនបានទទួលបុណ្យជ្រមុជទឹកពីគាត់វិញ ៣១នោះព្រះអម្ចាស់មានបន្ទូលថា តើត្រូវឲ្យខ្ញុំធៀបដំណមនុស្សនេះជាអ្វី តើគេដូចជាអ្វី ៣២គឺគេដូចជាកូនក្មេងអង្គុយនៅទីផ្សារ ដែលស្រែកទៅគ្នាវាថា យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនបានរាំ យើងបានទួញទំនួញឲ្យឯង តែឯងមិនបានយំសោះ ៣៣ដ្បិតយ៉ូហាន-បាទីស្ទបានមកមិនបរិភោគបាយឬស្រាទំពាំងបាយជូរឡើយ តែអ្នករាល់គ្នាថា គាត់មានអារក្សចូល ៣៤ឯកូនមនុស្ស បានមកទាំងបរិភោគវិញ ហើយអ្នករាល់គ្នាថា មើល នេះជាអ្នកល្មោភស៊ីផឹកច្រើន ជាមិត្តសំឡាញ់នឹងពួកអ្នកយកពន្ធ ហើយនឹងមនុស្សមានបាប ៣៥ប៉ុន្តែប្រាជ្ញាបានរាប់ជាត្រូវ ដោយផលដែលបង្កើតទាំងប៉ុន្មាន។

៣៦មានពួកផារិស៊ីម្នាក់ទូលសូមទ្រង់ ឲ្យសោយជាមួយនឹងគាត់ ទ្រង់ក៏យាងចូលទៅគង់នៅតុ ក្នុងផ្ទះគាត់ ៣៧ហើយមើល នៅក្រុងនោះមានស្ត្រីម្នាក់ដែលមានបាបនាងបានដឹងថា ទ្រង់គង់នៅតុក្នុងផ្ទះអ្នកផារិស៊ីនោះ ក៏យកដបថ្មកែវដាក់ប្រេងក្រអូបមក ៣៨នាងឈរពីខាងក្រោយទៀបព្រះបាទទ្រង់ទាំងយំ ចាប់តាំងសំរក់ទឹកភ្នែក ទទឹកព្រះបាទទ្រង់ រួចយកសក់ក្បាលនាងជូត ក៏ថើបីព្រះបាទ ដោយស្រឡាញ់ ហើយយកប្រេងក្រអូបលាបផង ៣៩កាលពួកផារិស៊ីម្នាក់ដែលអញ្ជើញទ្រង់មក បានឃើញដូច្នោះ ក៏គិតក្នុងចិត្តថា បើអ្នកនេះជាហោរាមែន នោះនឹងស្គាល់ស្ត្រីដែលពាល់ខ្លួន ហើយដឹងថាជាមនុស្សយ៉ាងណា ព្រោះនាងជាមនុស្សមានបាប ៤០ព្រះយេស៊ូវក៏មានបន្ទូលថា ស៊ីម៉ូនអើយ ខ្ញុំចង់និយាយនឹងអ្នកបន្តិច គាត់ក៏ឆ្លើយថា សូមលោកគ្រូមានប្រសាសន៍មកចុះ ៤១ទ្រង់មានបន្ទូលថា មាន២នាក់ជំពាក់អ្នកចងការម្នាក់ អ្នក១ជំពាក់១០០រៀល អ្នក១ទៀត១០រៀល ៤២ដោយព្រោះគេគ្មានអ្វីនឹងសង បានជាគាត់លែងទារពីអ្នកទាំង២ទៅ ដូច្នេះក្នុង២នាក់នោះ តើអ្នកណាស្រឡាញ់គាត់ជាជាង ៤៣ស៊ីម៉ូនទូលឆ្លើយថា ខ្ញុំស្មានថាជាអ្នកមួយដែលជំពាក់ច្រើនជាងនោះឯង ទ្រង់ក៏មានបន្ទូលតបថា អ្នកស្មានត្រូវហើយ ៤៤រួចទ្រង់បែរទៅឯស្ត្រីនោះ តែមានបន្ទូលនឹងស៊ីម៉ូនថា អ្នកឃើញស្ត្រីនេះឬទេ ខ្ញុំបានចូលមកក្នុងផ្ទះអ្នក អ្នកមិនបានឲ្យទឹកសំរាប់លាងជើងខ្ញុំទេ តែនាងបានសំរក់ទឹកភ្នែកទទឹកជើងខ្ញុំ ហើយយកសក់ជូតផង ៤៥អ្នកមិនបានថើបខ្ញុំសោះ តែតាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំដោយស្រឡាញ់ ៤៦អ្នកមិនបានយកប្រេងលាបក្បាលខ្ញុំសោះ តែនាងយកប្រេងក្រអូបមកលាបជើងខ្ញុំវិញ ៤៧ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នកថា បាបនាងដែលមានច្រើនទាំងម៉្លេះ បានអត់ទោសឲ្យនាងហើយ ដ្បិតនាងមានសេចក្តីស្រឡាញ់ជាច្រើន ប៉ុន្តែអ្នកណាដែលគេអត់ទោសឲ្យតិច នោះក៏ស្រឡាញ់តិច ៤៨រួចទ្រង់មានបន្ទូលទៅនាងថា បាបនាងបានអត់ទោសឲ្យនាងហើយ ៤៩ឯពួកអ្នកដែលអង្គុយនៅតុជាមួយ ក៏ចាប់តាំងគិតក្នុងចិត្តថា តើអ្នកនេះជាអ្វីដែលអត់ទោសបាបបានផងដូច្នេះ ៥០តែទ្រង់មានបន្ទូលទៅស្ត្រីនោះថា សេចក្តីជំនឿរបស់នាងបានសង្គ្រោះនាងហើយ អញ្ជើញនាងទៅ ឲ្យបានប្រកបដោយសេចក្តីសុខចុះ។



៨ ១ក្រោយនោះមកទៀត ទ្រង់យាងទៅប្រដៅក្នុងគ្រប់ក្រុងគ្រប់ភូមិជាមួយនឹងពួក១២នាក់ ព្រមទាំងប្រាប់ដំណឹងល្អពីនគរព្រះ ២ក៏មានស្ត្រីខ្លះដែលបានជាពីអារក្សអសោចិ៍ ហើយពីជំងឺផ្សេងៗបានទៅជាមួយដែរ គឺមានម៉ារា ហៅថាអ្នកស្រុកម៉ាក់ដាឡា ដែលមានអារក្ស៧ចេញពីនាង១ ៣នឹងយ៉ូអាន់ ជាប្រពន្ធឃូសា មហាតលិកស្តេចហេរ៉ូឌ១ ស៊ូសាន១ ហើយស្ត្រីឯទៀតៗជាច្រើនដែរ ដែលយកទ្រព្យខ្លួនមកជួយទ្រង់។

៤កាលមានមនុស្សមកពីគ្រប់ស្រុក ប្រជុំគ្នាឯទ្រង់ជាណែនណាន់តាន់តាប់ហើយ នោះទ្រង់មានបន្ទូលដោយពាក្យប្រៀបប្រដូចថា ៥មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ កំពុងដែលគាត់ព្រោះ នោះមានខ្លះធ្លាក់ចុះតាមផ្លូវ ត្រូវគេដើរជាន់ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី ៦ខ្លះទៀតធ្លាក់ទៅលើថ្ម កាលពន្លកឡើង នោះក៏ក្រៀមស្វិតទៅ ពីព្រោះគ្មានធាតុសើមសោះ ៧មានខ្លះទៀតធ្លាក់ទៅកណ្តាលបន្លា បន្លាក៏ដុះឡើងជាមួយ ហើយរួបខ្ទប់វា ៨មានខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ក៏ពន្លកដុះឡើង បង្កើតផលផ្លែបាន១ជា១រយភាគ កាលទ្រង់មានបន្ទូលសេចក្តីទាំងនោះស្រេចហើយ នោះក៏បន្លឺវាចាថា អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។

៩ពួកសិស្សទូលសួរទ្រង់ថា ពាក្យប្រៀបនេះមានន័យដូចម្តេច ១០ទ្រង់ឆ្លើយថា ឯអ្នករាល់គ្នា ព្រះបានប្រទានឲ្យស្គាល់អស់ទាំងការអាថ៌កំបាំងរបស់នគរទ្រង់ហើយ តែបានសំដែងដល់អ្នកឯទៀត ដោយពាក្យប្រៀបប្រដូចវិញ ដើម្បីកាលណាគេឃើញ នោះមិនឃើញវិញ ហើយកាលណាគេឮ នោះមិនយល់ឡើយ ១១រីឯពាក្យប្រៀបប្រដូចនេះ គឺស្រាយយ៉ាងនេះថា ពូជនោះ គឺព្រះបន្ទូល ១២ឯពួកអ្នកដែលទទួលតាមផ្លូវ គឺជាអស់អ្នកដែលបានឮ រួចអារក្សមកឆក់យកព្រះបន្ទូលពីចិត្តគេចេញទៅ ក្រែងគេជឿ ហើយបានសង្គ្រោះ ១៣ឯពួកអ្នកដែលទទួលនៅលើថ្ម គឺអស់អ្នកដែល កាលណាឮព្រះបន្ទូលហើយ នោះក៏ទទួលដោយអំណរ តែគ្មានចាក់ឫសសោះ គេជឿនៅតែ១ស្របក់ប៉ុណ្ណោះ លុះកើតមានសេចក្តីល្បួង នោះគេរសាយចិត្តទៅវិញ ១៤ឯពូជដែលធ្លាក់ទៅក្នុងបន្លា គឺអស់អ្នកដែលបានឮ រួចចេញទៅ នោះសេចក្តីខ្វល់ខ្វាយ នឹងទ្រព្យសម្បត្តិ ហើយនឹងសេចក្តីស្រើបស្រាលនៅជីវិតនេះ ក៏ចូលមកខ្ទប់ជិតមិនឲ្យបង្កើតជាផលផ្លែដ៏ពេញលេញបានឡើយ ១៥តែពូជដែលនៅដីល្អ គឺពួកអ្នកដែលមានចិត្តទៀងត្រង់ល្អ ក៏ឮព្រះបន្ទូល ហើយយកចិត្តទុកដាក់ រួចបង្កើតផលដោយសេចក្តីអត់ធន់វិញ។ ១៦គ្មានអ្នកណាអុជចង្កៀង រួចយកផើងមកគ្រប ឬយកទៅដាក់នៅក្រោមគ្រែឡើយ គេតែងដាក់នៅលើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកណាដែលចូលមកបានឃើញពន្លឺភ្លឺ ១៧ដ្បិតគ្មានអ្វីលាក់កំបាំងដែលមិនត្រូវបើកសំដែងចេញ ឬអ្វីជាសំងាត់ដែលមិនត្រូវឲ្យដឹង ហើយយកទៅដាក់នៅពន្លឺនោះឡើយ ១៨ដូច្នេះ ត្រូវឲ្យប្រយ័ត ដែលអ្នករាល់គ្នាឮជាយ៉ាងណា ដ្បិតអ្នកណាដែលមាន គេនឹងឲ្យដល់អ្នកនោះ ប៉ុន្តែអ្នកណាដែលគ្មាន នោះនឹងដកយកទាំងរបស់ដែលមើលទៅដូចជាអ្នកនោះមានចេញផង។

១៩នោះមាតា នឹងបងប្អូនទ្រង់ ក៏មករកទ្រង់ តែចូលទៅឯទ្រង់មិនបាន ដោយព្រោះមានមនុស្សច្រើនណាស់ ២០មានគេទូលទ្រង់ថា ម្តាយ នឹងបងប្អូនលោក មកឈរនៅខាងក្រៅ ចង់ចួបនឹងលោក ២១តែទ្រង់ឆ្លើយទៅគេថា ឯអ្នកដែលជាម្តាយនឹងបងប្អូនខ្ញុំ គឺអស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយប្រព្រឹត្តតាមវិញ។

២២មានកាល១ថ្ងៃនោះ ទ្រង់ចុះទូកជាមួយនឹងពួកសិស្ស ហើយមានបន្ទូលទៅគេថា ចូរយើងឆ្លងទៅត្រើយម្ខាង នោះក៏ចេញទៅ ២៣កាលកំពុងតែបើកក្តោងទៅ នោះទ្រង់ផ្ទំលក់ រួចមានខ្យល់ព្យុះធ្លាក់មកលើសមុទ្រ ទឹកក៏ចូលស្ទើរតែពេញទូក ហើយគេភ័យខ្លាចលិច ២៤គេចូលទៅតើនទ្រង់ទូលថា លោកគ្រូៗអើយ យើងខ្ញុំស្លាប់ហើយ តែទ្រង់ក្រោកឡើង កំហែងទៅខ្យល់នឹងទឹក ដែលកំពុងបោកបក់ជាខ្លាំង នោះក៏ស្ងប់បាត់ឈឹងទៅ ២៥រួចទ្រង់មានបន្ទូលទៅគេថា តើសេចក្តីជំនឿរបស់អ្នករាល់គ្នានៅឯណា គេក៏ភ័យខ្លាច ហើយមានសេចក្តីអស្ចារ្យក្នុងចិត្ត ទាំងនិយាយគ្នាទៅវិញទៅមកថា ចុះលោកនេះជាអ្វីបានជាលោកបង្គាប់ទៅទាំងខ្យល់ទាំងទឹកបាន ហើយទាំង២យ៉ាងក៏ស្តាប់បង្គាប់លោកដែរដូច្នេះ។

២៦ទ្រង់នឹងពួកសិស្សក៏មកដល់ស្រុកគេរ៉ាស៊ីន ដែលប្រទល់មុខនឹងស្រុកកាលីឡេ ២៧កាលឡើងដល់លើគោក នោះមានមនុស្សម្នាក់ចេញពីក្រុងនោះមកចួបនឹងទ្រង់ គាត់មានអារក្សចូលជាយូរមកហើយ គ្មានស្លៀកពាក់អ្វីឡើយ គាត់មិននៅក្នុងផ្ទះទេ គឺអាស្រ័យនៅតែក្នុងផ្នូរខ្មោចវិញ ២៨កាលបានឃើញព្រះយេស៊ូវ នោះគាត់ស្រែកឡើង ក៏ទំលាក់ខ្លួនក្រាបនៅចំពោះទ្រង់ ទូលជាសំលេងខ្លាំងថា ឱព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុតអើយ តើទ្រង់ ហើយនឹងទូលបង្គំ មានការអ្វីនឹងគ្នា ទូលបង្គំសូមអង្វរទ្រង់ កុំឲ្យធ្វើទុក្ខទូលបង្គំឡើយ ២៩ដ្បិតទ្រង់កំពុងតែបង្គាប់ដល់វិញ្ញាណអសោចិ៍ ឲ្យចេញពីមនុស្សនោះទៅ ពីព្រោះវាបានជាន់គាត់ជាយូរមកហើយ គេបានយកច្រវាក់ យកខ្នោះដាក់ ទាំងថែរក្សាគាត់ដែរ តែគាត់ចេះតែផ្តាច់ចំណងទាំងនោះចេញ ហើយអារក្សវានាំបណ្តាលឲ្យទៅនៅទីស្ងាត់ ៣០ព្រះយេស៊ូវមានបន្ទូលសួរគាត់ថា អ្នកឈ្មោះអី គាត់ទូលថា ទូលបង្គំឈ្មោះ «កងទ័ព» ព្រោះមានអារក្សជាច្រើនចូលគាត់ ៣១អារក្សទាំងនោះក៏សូមអង្វរ កុំឲ្យទ្រង់បង្គាប់វា ឲ្យចុះទៅក្នុងជង្ហុកធំឡើយ ៣២នៅទីនោះមានហ្វូងជ្រូកយ៉ាងធំ កំពុងតែរកស៊ីនៅលើភ្នំ ហើយអារក្សទាំងនោះក៏សូមអង្វរទ្រង់ ឲ្យបើកឲ្យវាចូលទៅក្នុងជ្រូកទាំងនោះ ទ្រង់ក៏បើកឲ្យ ៣៣រួចវាចេញពីមនុស្សនោះ ចូលទៅក្នុងហ្វូងជ្រូកៗក៏បោលម្នីម្នា តាមភ្នំចោតធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកស្លាប់ទាំងអស់ទៅ ៣៤កាលពួកអ្នកគង្វាលជ្រូកបានឃើញដូច្នោះ ក៏នាំគ្នារត់ទៅប្រាប់ដល់ជនក្នុងក្រុង ហើយនឹងស្រុកស្រែ ៣៥រួចមនុស្សទាំងឡាយក៏ចេញមកមើលការដែលកើតមកនោះ គេមកដល់ព្រះយេស៊ូវ ឃើញមនុស្សដែលអារក្សទាំងនោះបានចេញកំពុងតែអង្គុយទៀបព្រះបាទទ្រង់ ទាំងស្លៀកពាក់ ហើយដឹងខ្លួន នោះគេមានសេចក្តីភ័យខ្លាចគ្រប់គ្នា ៣៦ពួកអ្នកដែលបានឃើញការនោះ ក៏ប្រាប់គេពីបែបយ៉ាងណាដែលមនុស្សអារក្សចូលនោះបានជា ៣៧រួចមនុស្សទាំងប៉ុន្មានដែលនៅជុំវិញស្រុកគេរ៉ាស៊ីន គេសូមឲ្យទ្រង់ថយចេញពីគេទៅ ដ្បិតគេកើតមានសេចក្តីស្ញែងខ្លាចជាខ្លាំង នោះទ្រង់យាងចុះទូកត្រឡប់វិលវិញទៅ ៣៨ឯមនុស្សដែលអារក្សបានចេញនោះ គាត់សូមអង្វរទ្រង់ ឲ្យបានទៅជាមួយដែរ ប៉ុន្តែព្រះយេស៊ូវឲ្យគាត់ទៅវិញ ដោយប្រាប់ថា ៣៩ចូរវិលទៅឯផ្ទះអ្នកទៅ ហើយប្រាប់ពីគ្រប់ទាំងការដែលព្រះបានប្រោសដល់អ្នកវិញ គាត់ក៏ទៅផ្សាយប្រាប់ពេញក្នុងទីក្រុង ពីគ្រប់ទាំងការដែលព្រះយេស៊ូវបានប្រោសដល់ខ្លួន។

៤០កាលព្រះយេស៊ូវបានត្រឡប់ទៅវិញហើយ នោះបណ្តាមនុស្សក៏ទទួលទ្រង់ដោយអំណរ ដ្បិតគេទន្ទឹងមើលតែផ្លូវទ្រង់ទាំងអស់គ្នា ៤១នោះឃើញមានមនុស្សម្នាក់ឈ្មោះយ៉ៃរ៉ុស ជាមេសាលាប្រជុំ គាត់មកទំលាក់ខ្លួនក្រាបនៅទៀបព្រះបាទព្រះយេស៊ូវ សូមអង្វរទ្រង់ ឲ្យយាងទៅផ្ទះគាត់ ៤២ព្រោះគាត់មានកូនស្រីតែ១ អាយុប្រហែល១២ឆ្នាំ មានជំងឺឈឺជិតស្លាប់ កាលទ្រង់កំពុងតែយាងទៅ នោះបណ្តាមនុស្សប្រជ្រៀតគ្នាលើទ្រង់។

៤៣ហើយមានស្ត្រីម្នាក់ មានជំងឺធ្លាក់ឈាម១២ឆ្នាំមកហើយ នាងបានចំណាយទ្រព្យខ្លួនទាំងអស់ ដោយរកគ្រូពេទ្យ តែគ្មានគ្រូណាមួយមើលឲ្យជាបានទេ ៤៤នាងមកពីក្រោយ ចាប់ពាល់ជាយព្រះពស្ត្រទ្រង់ នោះឈាមក៏បាត់ធ្លាក់មកក្នុងខណ១រំពេចនោះ ៤៥ព្រះយេស៊ូវមានបន្ទូលសួរថា តើអ្នកណាពាល់ខ្ញុំ កាលមនុស្សទាំងអស់កំពុងតែប្រកែក នោះពេត្រុស នឹងពួកអ្នកដែលនៅជាមួយទូលថា លោកគ្រូ បណ្តាមនុស្សកំពុងប្រជ្រៀតគ្នាត្បៀតទ្រង់ ដូច្នេះទ្រង់មានបន្ទូលថា អ្នកណាពាល់ទ្រង់ធ្វើអី ៤៦ព្រះយេស៊ូវមានបន្ទូលថា ច្បាស់ជាមានអ្នកណាពាល់ខ្ញុំពិត ដ្បិតខ្ញុំដឹងថា មានឫទ្ធិផ្សាយចេញពីខ្ញុំទៅហើយ ៤៧កាលស្ត្រីនោះបានឃើញថា លាក់ខ្លួនមិនកំបាំងទេ នោះក៏ចូលមកទាំងញ័ររន្ធត់ ផ្តួលខ្លួននៅចំពោះទ្រង់ ទូលនៅមុខមនុស្សទាំងអស់ ពីហេតុដែលនាងបានពាល់ទ្រង់ ហើយពីបែបដែលនាងបានជាភ្លាម១រំពេចផង ៤៨ទ្រង់មានបន្ទូលទៅនាងថា ចូរសង្ឃឹមឡើងកូនស្រីអើយ ដ្បិតសេចក្តីជំនឿនាងបានសង្គ្រោះនាងហើយ ចូរទៅដោយសុខសាន្តចុះ។

៤៩កាលទ្រង់កំពុងតែមានបន្ទូលនៅឡើយ នោះមានម្នាក់មកពីផ្ទះមេសាលាប្រជុំ ជំរាបគាត់ថា កូនលោកស្លាប់ហើយ កុំនៅរំខានចិត្តលោកគ្រូទៀត ៥០ព្រះយេស៊ូវក៏ឮ ហើយមានបន្ទូលទៅគាត់ថា កុំខ្លាចឡើយ ឲ្យគ្រាន់តែជឿប៉ុណ្ណោះ នោះនាងនឹងបានរស់វិញ ៥១រួចទ្រង់យាងចូលទៅក្នុងផ្ទះ មិនឲ្យអ្នកណាទៅជាមួយឡើយ លើកតែពេត្រុស យ៉ាកុប នឹងយ៉ូហាន ហើយឪពុកម្តាយរបស់កូននោះប៉ុណ្ណោះ ៥២ឯមនុស្សទាំងអស់ គេកំពុងតែយំសោកសង្រេងនឹងនាង តែទ្រង់មានបន្ទូលថា កុំយំអី នាងមិនមែនស្លាប់ទេ គឺនាងដេកលក់ទេតើ ៥៣គេក៏សើចចំអកឲ្យទ្រង់ ដ្បិតគេដឹងថា នាងស្លាប់ពិតមែន ៥៤នោះទ្រង់បណ្តេញគេចេញអស់ ហើយចាប់ដៃនាង មានបន្ទូលជាខ្លាំងថា កូនអើយចូរក្រោកឡើង ៥៥ខណនោះព្រលឹងនាងក៏មកវិញ ហើយនាងក្រោកឡើងភ្លាម នោះទ្រង់បង្គាប់ឲ្យគេយកអ្វីៗមកឲ្យនាងបរិភោគ ៥៦ឪពុកម្តាយនាងក៏កើតមានសេចក្តីអស្ចារ្យ តែទ្រង់ហាម មិនឲ្យគេប្រាប់ ឲ្យអ្នកណាដឹងពីការនោះឡើយ។



៩ ១លុះទ្រង់បានហៅពួកសិស្សទាំង១២នាក់មក នោះក៏ប្រទានឲ្យគេមានព្រះចេស្តា នឹងអំណាចលើអស់ទាំងអារក្ស ហើយឲ្យអាចមើលជំងឺឲ្យជា ២ទ្រង់ចាត់គេឲ្យទៅប្រកាសប្រាប់ពីនគរព្រះ ហើយឲ្យមើលមនុស្សមានជំងឺឲ្យបានជាផង ៣ទ្រង់មានបន្ទូលប្រាប់ថា កុំឲ្យយកអ្វីសំរាប់តាមផ្លូវឡើយ ទោះជាដំបង យាម នំប៉័ង ឬប្រាក់ក្តី ក៏កុំឲ្យមានអាវ២ដែរ ៤បើអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាចូរស្នាក់នៅផ្ទះនោះ ហើយចេញចូលធ្វើការចុះ ៥ឯអស់អ្នកណាដែលមិនព្រមរាក់ទាក់ទទួលអ្នករាល់គ្នាទេ នោះចូរចេញពីភូមិនោះទៅ ហើយរលាស់ទាំងធូលីដីពីជើងអ្នកចេញ ទុកជាទីបន្ទាល់ទាស់នឹងគេវិញ ៦កាលគេចេញទៅ នោះក៏ដើរទៅសព្វពេញអស់ទាំងភូមិ ព្រមទាំងផ្សាយដំណឹងល្អ ហើយបានមើលគេឲ្យជានៅគ្រប់កន្លែងដែរ។

៧ឯហេរ៉ូឌ ជាស្តេចអនុរាជ បានឮនិយាយពីការដែលទ្រង់ធ្វើទាំងប៉ុន្មាន ក៏មានព្រះទ័យអល់អែក ពីព្រោះខ្លះនិយាយថា លោកយ៉ូហានបានរស់ពីស្លាប់ឡើងវិញ ៨ខ្លះថា លោកអេលីយ៉ាបានលេចមក ហើយ ខ្លះទៀតថា មានហោរាណាមួយពីចាស់បុរាណ បានរស់ឡើយវិញដូច្នេះ ៩តែហេរ៉ូឌមានបន្ទូលថា យើងបានកាត់ក្បាលយ៉ូហានហើយ ដូច្នេះ តើអ្នកណាហ្ន៎ ដែលអញឮថា ធ្វើការប្លែកទាំងម៉្លេះនេះ ហើយក៏រកចង់ឃើញទ្រង់។

១០កាលពួកសាវកបានត្រឡប់មកវិញ ក៏រ៉ាយរឿងទូលព្រះយេស៊ូវ ពីការដែលគេបានធ្វើទាំងប៉ុន្មាន នោះទ្រង់នាំគេទៅដោយឡែកនៅទីស្ងាត់ ជិតភូមិ១ឈ្មោះបេតសៃដា ១១កាលបណ្តាមនុស្សបានដឹង ក៏តាមទ្រង់ទៅ ទ្រង់រាក់ទាក់ទទួលគេ ហើយមានបន្ទូលប្រាប់ពីនគរព្រះ ទាំងប្រោសដល់អស់អ្នកដែលត្រូវការ ឲ្យគេបានជាផង ១២វេលានោះ ថ្ងៃកាន់តែទាបហើយ នោះពួក១២នាក់មកទូលទ្រង់ថា សូមឲ្យមនុស្សទាំងឡាយទៅ ដើម្បីឲ្យទៅរកទីស្នាក់ នឹងស្បៀងអាហារ នៅក្នុងភូមិនឹងស្រុកស្រែជុំវិញ ដ្បិតទីនេះស្ងាត់ណាស់ ១៣តែទ្រង់មានបន្ទូលថា ចូរអ្នករាល់គ្នា ឲ្យគេបរិភោគទៅ ពួកសិស្សទូលថា យើងខ្ញុំមានតែនំប៉័ង៥ដុំ នឹងត្រី២ទេ លើកតែយើងខ្ញុំទៅទិញស្បៀងអាហារទៀត សំរាប់មនុស្សទាំងនេះវិញ ១៤(រីឯពួកមនុស្សទាំងនោះ មានប្រុសៗចំនួន៥ពាន់នាក់) តែទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរឲ្យគេអង្គុយដោយជួរៗទៅ ក្នុង១ជួរ៥០នាក់ ១៥ពួកសិស្សក៏ឲ្យមនុស្សទាំងអស់អង្គុយដូច្នោះ ១៦នោះទ្រង់យកនំប៉័ង៥នឹងត្រី២ងើបទតទៅលើមេឃ ហើយប្រទានពរ រួចកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅឲ្យបណ្តាមនុស្ស ១៧គេក៏បរិភោគឆ្អែតទាំងអស់គ្នា រួចប្រមូលចំណិតដែលនៅសល់ បាន១២កន្ត្រក។

១៨គ្រាមួយ កាលទ្រង់កំពុងតែអធិស្ឋានដោយឡែក ហើយពួកសិស្សក៏នៅជាមួយ នោះទ្រង់មានបន្ទូលសួរថា តើហ្វូងមនុស្សទាំងឡាយថាខ្ញុំជាអ្នកណា ១៩គេទូលឆ្លើយថា ជាយ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ខ្លះទៀតថាជាហោរាណាមួយមកពីចាស់បុរាណ បានរស់ឡើងវិញ ២០ទ្រង់មានបន្ទូលសួរគេថា ចុះឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា នោះពេត្រុសទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទនៃព្រះ ២១ទ្រង់ហាមផ្តាច់ មិនឲ្យគេប្រាប់ដល់អ្នកណា ពីសេចក្តីនេះឡើយ ២២ដោយមានបន្ទូលថា ត្រូវឲ្យកូនមនុស្សរងទុក្ខជាច្រើនត្រូវពួកចាស់ទុំ ពួកសង្គ្រាជ នឹងពួកអាចារ្យបោះបង់ចោល ត្រូវគេសំឡាប់ ហើយ៣ថ្ងៃក្រោយមក នឹងរស់ឡើងវិញ ២៣រួចទ្រង់មានបន្ទូលទៅមនុស្សទាំងអស់ថា បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ ២៤ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ ២៥ដ្បិតបើសិនជាមនុស្សណានឹងបានលោកីយទាំងមូល ប៉ុន្តែធ្វើឲ្យខ្លួនឯងវិនាស ឬឲ្យបាត់បង់ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ២៦ដ្បិតអ្នកណាដែលមានសេចក្តីខ្មាស់ ដោយព្រោះខ្ញុំ នឹងពាក្យខ្ញុំ នោះកូនមនុស្សនឹងមានសេចក្តីខ្មាស់ ដោយព្រោះអ្នកនោះដែរ ក្នុងកាលដែលលោកមកក្នុងសិរីល្អរបស់លោក របស់ព្រះវរបិតា ហើយនឹងពួកទេវតាបរិសុទ្ធ ២៧ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នកដែលឈរនៅទីនេះ មានអ្នកខ្លះដែលមិនត្រូវភ្លក់សេចក្តីស្លាប់ ទាល់តែបានឃើញនគរព្រះ។ ២៨ប្រហែលជា៨ថ្ងៃក្រោយដែលមានបន្ទូលសេចក្តីទាំងនោះមក នោះទ្រង់យកពេត្រុស យ៉ូហាន នឹងយ៉ាកុបឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន ២៩កាលទ្រង់កំពុងតែអធិស្ឋាន នោះបែបភាពព្រះភក្ត្រទ្រង់ក៏ផ្លាស់ប្រែ ហើយព្រះពស្ត្រត្រឡប់ជាសព្រាត ៣០នោះឃើញមានមនុស្ស២នាក់កំពុងតែទូលនឹងទ្រង់ គឺលោកម៉ូសេ នឹងលោកអេលីយ៉ា ៣១ដែលលេចមកក្នុងសេរីល្អ ទូលពីដំណើរទ្រង់សុគត ដែលត្រូវសំរេចនៅក្រុងយេរូសាឡិម ៣២ឯពេត្រុស នឹងអ្នកទាំង២ដែលនៅជាមួយនឹងគាត់ គេងងុយជាខ្លាំងលុះកាលភ្ញាក់ដឹងខ្លួនឡើង នោះស្រាប់តែឃើញសិរីល្អទ្រង់ នឹងមនុស្ស២នាក់ ដែលឈរនៅជាមួយនឹងទ្រង់ដែរ ៣៣កាលមនុស្សទាំង២នោះកំពុងតែថយចេញពីទ្រង់ទៅ នោះពេត្រុសទូលថា លោកគ្រូអើយ ដែលយើងខ្ញុំនៅទីនេះបានល្អណាស់ ហើយសូមឲ្យយើងខ្ញុំធ្វើត្រសាល៣ គឺ១សំរាប់លោក ១សំរាប់លោកម៉ូសេ ហើយ១សំរាប់លោកអេលីយ៉ា ដោយមិនដឹងខ្លួនជាថាដូចម្តេចទេ ៣៤កំពុងដែលទូលសេចក្តីទាំងនេះនៅឡើយ នោះមានពពកមកគ្របបាំងគេ គេក៏ភ័យខ្លាចទាំងអស់គ្នា ដោយចូលខ្លួនក្នុងពពកនោះ ៣៥ហើយមានសំឡេងចេញពីពពកមកថា នេះជាកូនស្ងួនភ្ងាអញ ចូរឲ្យស្តាប់តាមចុះ ៣៦ក្រោយសំឡេងនោះមក ក៏ឃើញមានតែព្រះយេស៊ូវ១អង្គទ្រង់ប៉ុណ្ណោះ ក្នុងគ្រានោះ គេនៅតែស្ងៀម ឥតមានប្រាប់ដល់អ្នកណា ពីការអ្វីដែលគេឃើញនោះឡើយ។

៣៧ដល់ថ្ងៃក្រោយ កាលចុះពីភ្នំមក នោះមានមនុស្សសន្ធឹកមកចួបនឹងទ្រង់ ៣៨ហើយមើល មានម្នាក់ស្រែកឡើងពីក្នុងពួកមនុស្សទាំងនោះថា លោកគ្រូអើយ សូមអាណិតកូនខ្ញុំផង ដ្បិតជាកូនតែ១របស់ខ្ញុំ ៣៩ហើយមើល មានវិញ្ញាណអារក្សចេះតែជាន់វា ហើយលោតែវាស្រែកឡើង ធ្វើឲ្យប្រកាច់បែកពពុះមាត់ នឹងហើមជាំអស់ទាំងខ្លួន រួចចេញពីវាទៅដោយពិបាក ៤០ខ្ញុំបានសូមអង្វរឲ្យពួកសិស្សលោកដេញចេញដែរ តែគេដេញមិនបានសោះ ៤១ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឱដំណមនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ តើត្រូវឲ្យខ្ញុំនៅជាមួយ ហើយទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត ចូរនាំកូនអ្នកមកឯណេះ ៤២កាលវាកំពុងតែដើរចូលមក នោះអារក្សបានផ្តួលវា ហើយធ្វើឲ្យប្រកាច់ប្រកិនជាខ្លាំង តែព្រះយេស៊ូវទ្រង់កំហែងទៅវិញ្ញាណអសោចិ៍ ហើយប្រោសក្មេងនោះឲ្យជា រួចប្រគល់ដល់ឪពុកវិញ ឯមនុស្សទាំងឡាយ ក៏អស្ចារ្យចំពោះឥទ្ធិឫទ្ធិរបស់ព្រះទាំងអស់គ្នា។

៤៣កាលមនុស្សទាំងអស់កំពុងតែនឹកប្លែកក្នុងចិត្ត ពីអស់ទាំងការដែលព្រះយេស៊ូវទ្រង់ធ្វើ នោះទ្រង់មានបន្ទូលទៅពួកសិស្សថា ៤៤ចូរអ្នករាល់គ្នាចាំពាក្យទាំងនេះ ទុកនៅក្នុងត្រចៀកចុះ ដ្បិតបន្តិចទៀត កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សលោកហើយ ៤៥ប៉ុន្តែគេមិនបានយល់សេចក្តីនោះទេ ព្រោះជាសេចក្តីលាក់កំបាំងដល់គេ ដើម្បីមិនឲ្យគេគិតឃើញ ហើយគេក៏ខ្លាចមិនហ៊ានទូលសួរទ្រង់ពីសេចក្តីនោះដែរ ៤៦ខណនោះ គេកើតមានសេចក្តីជជែកគ្នា ពីអ្នកណាដែលធំជាងក្នុងពួកគេវិញ ៤៧កាលព្រះយេស៊ូវបានជ្រាបគំនិតក្នុងចិត្តគេហើយ នោះទ្រង់យកក្មេងតូច១មកដាក់នៅជិតទ្រង់ ៤៨រួចមានបន្ទូលថា អ្នកណាដែលទទួលក្មេងតូចនេះ ដោយនូវឈ្មោះខ្ញុំ នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះឈ្មោះថាទទួលព្រះដែលចាត់ឲ្យខ្ញុំមកដែរ ព្រោះអ្នកណាដែលតូចជាងគេ ក្នុងពួកអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកធំវិញ ៤៩យ៉ូហានទូលឆ្លើយថា លោកគ្រូ យើងខ្ញុំបានឃើញមនុស្សម្នាក់កំពុងតែដេញអារក្ស ដោយឈ្មោះលោក តែយើងខ្ញុំបានឃាត់ដល់អ្នកនោះ ដោយព្រោះគេមិនតាមយើងរាល់គ្នា ៥០នោះព្រះយេស៊ូវមានបន្ទូលទៅគាត់ថា កុំឃាត់គេឡើយ ដ្បិតអ្នកណាដែលមិនទាស់នឹងយើង នោះកាន់ខាងយើងហើយ។

៥១កាលជិតដល់កំណត់ ដែលទ្រង់ត្រូវឡើងទៅស្ថានសួគ៌ នោះទ្រង់ដំរង់ព្រះភក្ត្រ យាងឆ្ពោះត្រង់ទៅឯក្រុងយេរូសាឡិមតែម្តង ៥២ទ្រង់ចាត់ប្រើអ្នកខ្លះឲ្យទៅជាមុន គេក៏ទៅ ហើយបានចូលទៅក្នុងភូមិ១របស់សាសន៍សាម៉ារី ដើម្បីនឹងរៀបចំថ្វាយទ្រង់ ៥៣តែពួកភូមិនោះមិនទទួលទ្រង់ទេ ពីព្រោះទ្រង់ដូចជាមានព្រះភក្ត្រឆ្ពោះត្រង់យាងទៅឯក្រុងយេរូសាឡិម ៥៤កាលយ៉ាកុបនឹងយ៉ូហានជាសិស្សទ្រង់ បានឃើញដូច្នោះ នោះក៏ទូលថា ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យ ឲ្យយើងខ្ញុំហៅភ្លើងឲ្យធ្លាក់ពីលើមេឃមកបញ្ឆោះគេ ដូចជាលោកអេលីយ៉ាបានធ្វើដែរឬអី ៥៥តែទ្រង់បែរទៅបន្ទោសគេថា អ្នករាល់គ្នាមិនដឹងជាមានវិញ្ញាណបែបយ៉ាងណាទេ ៥៦ពីព្រោះកូនមនុស្សមិនមែនមក ប៉ងនឹងបំផ្លាញជីវិតមនុស្សទេ គឺមក ដើម្បីនឹងជួយសង្គ្រោះវិញ រួចក៏នាំគ្នាទៅឯភូមិមួយទៀតទៅ។

៥៧កាលកំពុងតែទៅតាមផ្លូវ នោះមានម្នាក់ទូលទ្រង់ថា ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ ទោះបើទ្រង់យាងទៅក្នុងទីណាក៏ដោយ ៥៨ព្រះយេស៊ូវមានបន្ទូលតបថា កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាសក៏មានសំបុកដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ ៥៩ទ្រង់មានបន្ទូលទៅម្នាក់ទៀតថា ចូរមកតាមខ្ញុំ អ្នកនោះទូលឆ្លើយថា ព្រះអម្ចាស់អើយ សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំទៅកប់ខ្មោចឪពុកទូលបង្គំសិន ៦០តែទ្រង់មានបន្ទូលទៅអ្នកនោះថា ទុកឲ្យមនុស្សស្លាប់កប់ខ្មោចពួកគេចុះ ឯអ្នក ចូរទៅផ្សាយដំណឹងពីនគរព្រះវិញ ៦១មានម្នាក់ទៀតទូលថា ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ទៅដែរ តែសូមអនុញ្ញាតឲ្យទូលបង្គំទៅលាពួកផ្ទះទូលបង្គំសិន ៦២ទ្រង់មានបន្ទូលទៅអ្នកនោះថា អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ។

១០ ១លុះក្រោយការទាំងនោះមក ព្រះអម្ចាស់ទ្រង់ដំរូវ៧០នាក់ទៀត ហើយចាត់គេឲ្យទៅមុនទ្រង់ មួយគូៗ ក្នុងគ្រប់ក្រុង គ្រប់កន្លែងដែលទ្រង់គិតយាងទៅ ២ទ្រង់ក៏មានបន្ទូលទៅគេថា ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ឲ្យសូមអង្វរដល់ព្រះអម្ចាស់ចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់ ៣ទៅចុះ មើល ខ្ញុំប្រើអ្នករាល់គ្នាទៅ ដូចជាកូនចៀម នៅកណ្តាលហ្វូងស្វាន ៤កុំឲ្យយកកាបូប ឬយាម ឬស្បែកជើងឡើយ ក៏កុំឲ្យគំនាប់អ្នកណាតាមផ្លូវផង ៥ឯផ្ទះណា ដែលអ្នករាល់គ្នាចូលទៅ នោះមុនដំបូងត្រូវថា សូមឲ្យផ្ទះនេះបានសេចក្តីសុខសាន្ត ៦បើនៅផ្ទះនោះ មានមនុស្សណាចូលចិត្តនឹងសេចក្តីសុខសាន្ត នោះសេចក្តីសុខរបស់អ្នករាល់គ្នា នឹងនៅជាប់នឹងផ្ទះនោះ បើគ្មានទេ នោះសេចក្តីសុខនឹងត្រឡប់មកអ្នករាល់គ្នាវិញ ៧ហើយត្រូវស្នាក់នៅផ្ទះនោះឯង ទាំងទទួលបរិភោគរបស់អ្វីៗដែលគេឲ្យចុះ ពីព្រោះដែលអ្នកធ្វើការ នោះគួរនឹងបានឈ្នួលវិញ កុំឲ្យផ្លាស់ពីផ្ទះ១ទៅផ្ទះ១ឡើយ ៨ឯភូមិណាដែលអ្នករាល់គ្នាចូលទៅ ហើយគេរាក់ទាក់ទទួល នោះឲ្យទទួលបរិភោគអ្វីៗដែលគេលើកមកឲ្យចុះ ៩ទាំងមើលពួកអ្នកឈឺក្នុងភូមិនោះឲ្យជាផង ហើយប្រាប់គេថា នគរព្រះជិតមកដល់អ្នករាល់គ្នាហើយ ១០តែភូមិណាដែលអ្នករាល់គ្នាចូលទៅ ហើយគេមិនទទួលទេនោះចូរចេញទៅឯផ្លូវ ហើយនិយាយថា ១១នែ ទោះទាំងធូលីដីក្នុងភូមិអ្នករាល់គ្នា ដែលជាប់នៅជើងយើង នោះយើងក៏ជូតចេញទាស់នឹងអ្នករាល់គ្នាដែរ ប៉ុន្តែ ត្រូវដឹងសេចក្តីនេះថា នគរព្រះជិតដល់ហើយ ១២ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនោះ ក្រុងសូដុំមនឹងទ្រាំបានងាយ ជាជាងភូមិនោះ ១៣វេទនាដល់ឯង ក្រុងខូរ៉ាស៊ីនអើយ វេទនាដល់ឯង ក្រុងបេតសៃដាអើយ ពីព្រោះការឫទ្ធិបារមីដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅកណ្តាលក្រុងទីរ៉ុសនឹងស៊ីដូនវិញ នោះគេនឹងបានប្រែចិត្ត ជាយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ អង្គុយក្នុងផែះផង ១៤ដូច្នេះ នៅថ្ងៃជំនុំជំរះ ក្រុងទីរ៉ុស នឹងស៊ីដូន នឹងទ្រាំបានងាយ ជាជាងឯងរាល់គ្នា ១៥ហើយក្រុងកាពើណិមអើយ គឺឯងដែលបានដំកើងឡើងស្មើស្ថានសួគ៌ហើយ ឯងនឹងត្រូវទំលាក់ទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ ១៦ឯអ្នកណាដែលស្តាប់អ្នករាល់គ្នា នោះឈ្មោះថាស្តាប់ខ្ញុំ តែអ្នកណាដែលមើលងាយអ្នករាល់គ្នា នោះឈ្មោះថា មើលងាយ ដល់ខ្ញុំហើយអ្នកណាដែលមើលងាយខ្ញុំ នោះក៏ឈ្មោះថា មើលងាយដល់ព្រះដែលចាត់ឲ្យខ្ញុំមកដែរ។

១៧ពួក៧០នាក់នោះក៏មកវិញដោយអំណរ ហើយទូលថា ព្រះអម្ចាស់អើយ ទោះទាំងពួកអារក្សក៏ចុះចូលចំពោះយើងរាល់គ្នា ដោយព្រះនាមទ្រង់ដែរ ១៨នោះទ្រង់មានបន្ទូលទៅគេថា ខ្ញុំបានឃើញអារក្សសាតាំងធ្លាក់ពីលើមេឃ មកដូចជាផ្លេកបន្ទោរ ១៩មើល ខ្ញុំឲ្យអ្នករាល់គ្នាមានអំណាច នឹងដើរជាន់ទាំងពស់នឹងខ្យាដំរី ហើយលើគ្រប់ទាំងឥទ្ធិឫទ្ធិរបស់ខ្មាំងសត្រូវផង គ្មានអ្វីនឹងធ្វើទុក្ខអ្នករាល់គ្នាឡើយ ២០ប៉ុន្តែកុំឲ្យអរសប្បាយ ដោយព្រោះអារក្សចុះចូលអ្នករាល់គ្នានោះឡើយ ត្រូវឲ្យរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ។

២១នៅវេលានោះឯង ព្រះយេស៊ូវទ្រង់កំពុងតែរីករាយដោយព្រះវិញ្ញាណ ក៏មានបន្ទូលថា ឱព្រះវរបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ នឹងផែនដីអើយ ទូលបង្គំសរសើរដល់ទ្រង់ ពីព្រោះទ្រង់បានលាក់សេចក្តីទាំងនេះនឹងពួកអ្នកប្រាជ្ញ ហើយនឹងពួកឈ្លាសវៃ តែបានសំដែងឲ្យពួកកូនក្មេងយល់វិញ អើ ព្រះវរបិតាអើយ ដ្បិតទ្រង់បានសព្វព្រះហឫទ័យយ៉ាងដូច្នោះ ២២រួចទ្រង់បែរទៅមានបន្ទូលនឹងពួកសិស្សថា គ្រប់សេចក្តីទាំងអស់សុទ្ធតែបានប្រទានមកខ្ញុំ ពីព្រះវរបិតានៃខ្ញុំ គ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ មានតែព្រះវរបិតាតែ១ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរមានតែព្រះរាជបុត្រា ហើយនឹងអ្នកណា ដែលព្រះរាជបុត្រាសព្វព្រះហឫទ័យ បើកឲ្យស្គាល់ទ្រង់ផងប៉ុណ្ណោះ ២៣ទ្រង់ក៏បែរទៅមានបន្ទូលនឹងពួកសិស្សដោយឡែកថា មានពរហើយ ភ្នែកណាដែលឃើញអស់ទាំងការដែលអ្នករាល់គ្នាឃើញ ២៤ពីព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា មានហោរា នឹងស្តេចជាច្រើន បានប្រាថ្នាចង់ឃើញការដែលអ្នករាល់គ្នាឃើញដែរ តែមិនបានឃើញទេ ក៏ចង់ឮសេចក្តីដែលអ្នករាល់គ្នាឮដែរ តែមិនបានឮសោះ។

២៥នៅគ្រានោះ មានអ្នកប្រាជ្ញច្បាប់ម្នាក់ឈរឡើងទូលល្បងទ្រង់ថា លោកគ្រូ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច ២៦ទ្រង់មានបន្ទូលឆ្លើយថា ក្នុងក្រិត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះ តើអ្នកមើលយល់ដូចម្តេច ២៧អ្នកនោះទូលថា «ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកំឡាំង ហើយអស់អំពីគំនិតឯង ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ» ២៨ទ្រង់មានបន្ទូលតបថា អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត ២៩តែអ្នកនោះចង់សំដែងខ្លួនជាអ្នកសុចរិត ក៏ទូលសួរទៀតថា តើអ្នកណាជាអ្នកជិតខាងខ្ញុំ ៣០ព្រះយេស៊ូវមានបន្ទូលថា មានមនុស្សម្នាក់កំពុងតែធ្វើដំណើរ ពីក្រុងយេរូសាឡិម ចុះទៅឯក្រុងយេរីខូរ ក៏ធ្លាក់ខ្លួនទៅក្នុងកណ្តាប់ដៃនៃពួកចោរ វាប្លន់គាត់ ព្រមទាំងវាយឲ្យត្រូវរបួស រួចចេញបាត់ទៅ ចោលគាត់ឲ្យទ្រមនៅ ៣១ចួនជាមានសង្ឃ១អង្គ ចុះមកតាមផ្លូវនោះ កាលបានឃើញគាត់ នោះក៏វាងតាមម្ខាងហួសទៅ ៣២ហើយមានពួកលេវីម្នាក់ មកដល់កន្លែងនោះដែរ កាលបានឃើញ ក៏វាងតាមម្ខាងហួសទៅទៀត ៣៣តែមានសាសន៍សាម៉ារីម្នាក់ ដើរដំណើរមកដល់ កាលបានឃើញហើយ នោះក៏មានចិត្តក្តួលអាណិតដល់គាត់ ៣៤ទើបចូលទៅរុំរបួសឲ្យ ព្រមទាំងយកប្រេង នឹងស្រា ចាក់លាប រួចលើកដាក់លើសត្វជាជំនិះរបស់ខ្លួន ដឹកនាំទៅឯផ្ទះសំណាក់ ថែទាំរក្សាគាត់ ៣៥ស្អែកឡើង កាលគាត់រៀបនឹងចេញទៅនោះ ក៏យកប្រាក់៤កាក់ ហុចដល់ម្ចាស់ផ្ទះនោះ ដោយប្រាប់ថា ចូរថែរក្សាអ្នកនេះផង បើចួនជាអ្នកចាយលើសពីនេះទៅ នោះដល់ខ្ញុំមកវិញ ខ្ញុំនឹងសងអ្នក ៣៦ដូច្នេះ ក្នុង៣នាក់នោះ តើអ្នកស្មានថា អ្នកណាជាអ្នកជិតខាងនឹងមនុស្ស ដែលធ្លាក់ទៅក្នុងកណ្តាប់ដៃពួកចោរនោះ ៣៧អ្នកនោះឆ្លើយថា គឺអ្នក១ដែលមានចិត្តអាណិតដល់គាត់នោះឯង ដូច្នេះ ព្រះយេស៊ូវមានបន្ទូលថា ទៅចុះ ចូរអ្នកប្រព្រឹត្តបែបយ៉ាងដូច្នោះដែរ។

៣៨កាលកំពុងតែនាំគ្នាទៅ នោះទ្រង់យាងចូលទៅក្នុងភូមិ១ ហើយមានស្ត្រីម្នាក់ឈ្មោះម៉ាថា បានទទួលអញ្ជើញទ្រង់ទៅក្នុងផ្ទះ ៣៩នាងមានប្អូនស្រី១ឈ្មោះម៉ារា នាងនោះបានអង្គុយស្តាប់ព្រះបន្ទូលនៅទៀបព្រះបាទព្រះអម្ចាស់ ៤០ឯម៉ាថា នាងមានការរវល់ជាច្រើន ក៏ចូលមកទូលថា ព្រះអម្ចាស់អើយ តើទ្រង់មិនគិតឃើញថា ប្អូនខ្ញុំម្ចាស់ វាទុកខ្ញុំម្ចាស់ ឲ្យខ្វល់ខ្វាយបំរើតែម្នាក់ឯងទេឬអី សូមទ្រង់ប្រាប់ឲ្យវាមកជួយខ្ញុំម្ចាស់ផង ៤១ប៉ុន្តែព្រះយេស៊ូវមានបន្ទូលឆ្លើយថា ម៉ាថាៗអើយ នាងព្រួយចិត្តខំប្រឹង រៀបចំធ្វើអីច្រើនម៉្លេះ ៤២មានសេចក្តីតែ១ទេ ដែលសំរាប់ត្រូវការ ឯម៉ារា នាងបានរើសចំណែកយ៉ាងល្អ ដែលមិនត្រូវយកចេញពីនាងឡើយ។



១១ ១ក្រោយមក កាលទ្រង់កំពុងតែអធិស្ឋាននៅកន្លែង១ លុះទ្រង់ឈប់ហើយ នោះសិស្សម្នាក់ទូលថា ព្រះអម្ចាស់អើយ សូមទ្រង់បង្រៀនយើងខ្ញុំឲ្យចេះអធិស្ឋានផង ដូចជាលោកយ៉ូហានបានបង្រៀនដល់សិស្សលោកដែរ ២ទ្រង់ក៏មានបន្ទូលទៅគេថា កាលណាអ្នករាល់គ្នាអធិស្ឋាន នោះត្រូវថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់ បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ ៣សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការ មកជារាល់ថ្ងៃ ៤សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំបានរួចពីសេចក្តីអាក្រក់វិញ។

៥ទ្រង់ក៏មានបន្ទូលទៅគេថា ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានមិត្រសំឡាញ់ម្នាក់ ហើយទៅនិយាយនឹងអ្នកនោះ ទាំងពាក់កណ្តាលអធ្រាត្រថា សំឡាញ់អើយ សូមឲ្យអញខ្លីនំប៉័ង៣ដុំសិន ៦ដ្បិតមានសំឡាញ់អញម្នាក់មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ ៧តែអ្នកនោះនឹងឆ្លើយពីក្នុងផ្ទះមកថា កុំមករំខានចិត្តអញអី ព្រោះទ្វារបិទហើយ កូនអញក៏ដេកនៅគ្រែជាមួយនឹងអញផង អញក្រោកទៅយកឲ្យឯងពុំបានទេ ៨ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបើអ្នកនោះមិនក្រោកឡើង យកទៅឲ្យ ដោយព្រោះជាសំឡាញ់ក៏ដោយ គង់តែនឹងក្រោកឡើងយកឲ្យតាមអ្នកនោះត្រូវការជាមិនខាន ដោយព្រោះអ្នកនោះចេះតែទទូចអង្វរជានិច្ច ៩បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ១០ដ្បិតអស់អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ ១១ឯអ្នករាល់គ្នាដែលជាឪពុក បើកូនសូមនំប៉័ង តើអ្នកណានឹងឲ្យថ្មទៅវា ឬបើសូមត្រី តើនឹងឲ្យពស់វិញឬ ១២បើវាសូមពងមាន់ តើនឹងឲ្យខ្យាដំរីឬអី ១៣បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតាដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធមកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត។

១៤គ្រានោះ ទ្រង់កំពុងតែដេញអារក្សគពីមនុស្សម្នាក់ កាលវាបានចេញទៅបាត់ហើយ នោះមនុស្សគក៏និយាយឡើងបាន ហើយបណ្តាមនុស្សគេកើតមានសេចក្តីអស្ចារ្យ ១៥តែខ្លះនិយាយថា អ្នកនេះដេញអារក្សដោយសាតែបេលសេប៊ូល ជាមេអារក្សទេ ១៦អ្នកខ្លះទៀតល្បងទ្រង់ដោយសូមទីសំគាល់១មកពីលើមេឃ ១៧តែទ្រង់ជ្រាបគំនិតគេ ក៏មានបន្ទូលថា អស់ទាំងនគរណាដែលបែកខ្ញែកទាស់តែគ្នាឯង នោះនឹងត្រូវវិនាសទៅ ហើយផ្ទះណាដែលទាស់ទែងគ្នាឯង នោះនឹងត្រូវរលំទៅជាមិនខាន ១៨បើសាតាំងបែកទាស់គ្នាវាហើយ នោះធ្វើដូចម្តេចឲ្យនគរវានៅស្ថិតស្ថេរបាន នេះព្រោះដ្បិតអ្នករាល់គ្នាថា ខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូល ១៩បើសិនជាខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូលមែន នោះតើកូនចៅអ្នករាល់គ្នាដេញវា ដោយសារអ្វីវិញ ដូច្នេះ វារាល់គ្នានឹងធ្វើជាចៅក្រមជំនុំជំរះអ្នករាល់គ្នាហើយ ២០ប៉ុន្តែ បើខ្ញុំដេញអារក្ស ដោយសារអង្គុលីព្រះហស្តនៃព្រះវិញ នោះច្បាស់ជានគរព្រះបានមកដល់អ្នករាល់គ្នាហើយ ២១កាលណាមនុស្សខ្លាំងពូកែកាន់គ្រឿងអាវុធ ប្រុងប្រៀបនឹងការពារផ្ទះរបស់ខ្លួន នោះទ្រព្យសម្បត្តិក៏បានគង់វង់នៅ ២២តែបើមានមនុស្សខ្លាំងជាង មកបង្គ្របឲ្យឈ្នះគាត់កាលណា នោះក៏ដណ្តើមយកអស់គ្រឿងអាវុធដែលគាត់ទុកចិត្តនោះចេញ រួចប្លន់យករបឹបទៅចែកគ្នាវិញ ២៣អ្នកណាដែលមិននៅខាងខ្ញុំ អ្នកនោះគឺទាស់នឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមកខាងខ្ញុំ អ្នកនោះឈ្មោះថាជាអ្នកកំចាត់កំចាយវិញ ២៤កាលណាអារក្សអសោចិ៍បានចេញពីមនុស្សណា នោះវាដើរកាត់កន្លែងហួតហែង ទៅរកទីឈប់សំរាក តែដោយរកមិនបានសោះ បានជាវាគិតថា អញនឹងត្រឡប់ទៅឯផ្ទះអញវិញ ដែលទើបនឹងចេញមកនោះ ២៥រួចកាលណាវាមកដល់ ឃើញផ្ទះបោសស្អាត ហើយបានតុបតែងយ៉ាងល្អ ២៦នោះវាក៏ចេញទៅនាំយកអារក្ស៧ទៀត ដែលកាចៗជាងវា ចូលទៅនៅទីនោះផង ហើយសណ្ឋានក្រោយរបស់មនុស្សនោះ ក៏រឹងរឹតតែអាក្រក់ជាងមុនទៅទៀត។

២៧កាលទ្រង់កំពុងតែមានបន្ទូលសេចក្តីទាំងនេះនៅឡើយ នោះមានស្ត្រីម្នាក់ស្រែកឡើង ពីក្នុងហ្វូងមនុស្សថា មានពរហើយ ផ្ទៃណាដែលបានរក្សាលោក ហើយដោះណាដែលលោកបានបៅ ២៨តែទ្រង់មានបន្ទូលតបថា ស៊ូថាដូច្នេះវិញ មានពរហើយ អស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយកាន់តាម។

២៩កាលណោះ មានមនុស្សប្រជុំគ្នាតាន់តាប់ជាខ្លាំង ហើយទ្រង់ចាប់តាំងមានបន្ទូលថា មនុស្សដំណនេះអាក្រក់ណាស់ គេរកតែទីសំគាល់ទេ តែគ្មានទីសំគាល់ណានឹងបានប្រទានមកគេ ក្រៅពីទីសំគាល់នៃហោរាយ៉ូណាសឡើយ ៣០ពីព្រោះ ដូចជាលោកយ៉ូណាសជាទីសំគាល់ ដល់មនុស្សនៅទីក្រុងនីនីវេយ៉ាងណា នោះកូនមនុស្សក៏នឹងបានជាទីសំគាល់ ដល់មនុស្សដំណនេះយ៉ាងដូច្នោះដែរ ៣១នៅថ្ងៃជំនុំជំរះ មហាក្សត្រីស្រុកខាងត្បូង នឹងឈរឡើងជំនុំជំរះមនុស្សដំណនេះ ហើយនឹងកាត់ទោសឲ្យផង ពីព្រោះព្រះនាងបានយាងមកពីចុងផែនដី ដើម្បីនឹងស្តាប់ចំណេះហ្លួងសាឡូម៉ូន ហើយមើល នៅទីនេះមាន១អង្គដ៏វិសេសលើសជាងហ្លួងសាឡូម៉ូនទៅទៀត ៣២នៅថ្ងៃជំនុំជំរះមនុស្សនៅក្រុងនីនីវេ នឹងឈរឡើងជំនុំជំរះមនុស្សដំណនេះ ហើយកាត់ទោសឲ្យផង ពីព្រោះគេបានប្រែចិត្ត ដោយសារពាក្យលោកយ៉ូណាសប្រដៅ ហើយមើលនៅទីនេះមាន១អង្គដ៏វិសេស លើសជាងលោកយ៉ូណាសទៅទៀត។

៣៣គ្មានអ្នកណាដែលអុជចង្កៀង យកទៅដាក់នៅទីកំបាំង ឬគ្របនឹងថាំងឡើយ គេតែងដាក់លើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកដែលចូល បានឃើញពន្លឺភ្លឺ ៣៤ឯចង្កៀងរូបកាយ គឺជាភ្នែក ដូច្នេះ កាលណាភ្នែកអ្នកល្អ នោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺដែរ តែកាលណាភ្នែកអាក្រក់ នោះរូបកាយអ្នកនឹងងងឹតវិញ ៣៥ដូច្នេះ ចូរប្រយ័ត ក្រែងពន្លឺដែលនៅក្នុងខ្លួនអ្នកជាសេចក្តីងងឹតវិញ ៣៦បើសិនជារូបកាយអ្នកទាំងមូលបានភ្លឺ ឥតមានងងឹតត្រង់ណាសោះ នោះនឹងបានភ្លឺទាំងអស់ ដូចកាលចង្កៀងបំភ្លឺអ្នកដែរ។

៣៧កាលទ្រង់កំពុងតែនៅមានបន្ទូលនៅឡើយ នោះមានពួកផារិស៊ីម្នាក់ ទូលសូមទ្រង់ឲ្យយាងទៅសោយជាមួយ ទ្រង់ក៏យាងចូលទៅគង់នៅតុ ៣៨កាលអ្នកផារិស៊ីនោះបានឃើញ ក៏នឹកប្លែកណាស់ ដែលទ្រង់មិនបានលាងព្រះហស្តមុននឹងសោយ ៣៩ប៉ុន្តែព្រះអម្ចាស់មានបន្ទូលទៅគាត់ថា ឯអ្នករាល់គ្នាជាពួកផារិស៊ី អ្នករាល់គ្នាលាងចានលាងថាសតែខាងក្រៅទេ តែចំណែកខាងក្នុងរបស់អ្នករាល់គ្នា មានពេញដោយការឆស៊ី នឹងអំពើអាក្រក់វិញ ៤០ឱមនុស្សល្ងីល្ងើអើយ ព្រះដែលបង្កើតខាងក្រៅ តើមិនបានបង្កើតខាងក្នុងដែរទេឬអី ៤១ត្រូវឲ្យទានពីរបស់ដែលនៅខាងក្នុងវិញ នោះគ្រប់ទាំងអស់នឹងស្អាតដល់អ្នករាល់គ្នា ៤២តែវេទនាដល់អ្នករាល់គ្នាពួកផារិស៊ីអើយ ដ្បិតអ្នករាល់គ្នាតែងថ្វាយ១ភាគក្នុង១០ ទាំងជីរអង្កាម ជីរលីងលាក់ នឹងបន្លែគ្រប់មុខ តែលះចោលសេចក្តីយុត្តិធម៌ នឹងសេចក្តីស្រឡាញ់នៃព្រះវិញ គួរតែឲ្យអ្នករាល់គ្នាបានប្រព្រឹត្តសេចក្តីទាំងនេះវិញ ហើយឥតចោលការខាងដើមនោះផង ៤៣វេទនាដល់អ្នករាល់គ្នា ពួកផារិស៊ីអើយ ដ្បិតអ្នករាល់គ្នាចូលចិត្តនឹងកន្លែងមុខគេក្នុងសាលាប្រជុំ ហើយឲ្យគេគំនាប់ខ្លួននៅទីផ្សារ ៤៤វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាអ្នកមានពុតអើយ ដ្បិតអ្នករាល់គ្នាដូចជាផ្នូរខ្មោច ដែលមើលមិនឃើញ ហើយមនុស្សដើរជាន់ឥតដឹងទេ។

៤៥មានអ្នកប្រាជ្ញច្បាប់ម្នាក់ឆ្លើយឡើងថា លោកគ្រូដែលលោកមានប្រសាសន៍យ៉ាងនេះ នោះឈ្មោះថាត្មះត្មិះដៀលដល់ពួកយើងខ្ញុំហើយ ៤៦ទ្រង់មានបន្ទូលឆ្លើយថា វេទនាដល់អ្នករាល់គ្នា ដែលជាអ្នកប្រាជ្ញច្បាប់ដែរ ដ្បិតអ្នករាល់គ្នាដាក់បន្ទុកយ៉ាងធ្ងន់ ដែលពីបាកទទួល ទៅលើមនុស្ស តែខ្លួនអ្នករាល់គ្នាមិនព្រមទាំងយកម្រាមដៃ១ឆ្កឹះបន្ទុកនោះផង ៤៧វេទនាដល់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាធ្វើម៉ុងឲ្យពួកហោរា ដែលពួកឰយុកោអ្នករាល់គ្នាបានសំឡាប់បង់ ៤៨ដូច្នេះ អ្នករាល់គ្នាធ្វើបន្ទាល់ថា អ្នករាល់គ្នាយល់ព្រមតាមការ ដែលពួកឰយុកោបានធ្វើហើយនោះ ដ្បិតពួកឰយុកោបានសំឡាប់គេមែន ហើយអ្នករាល់គ្នាធ្វើម៉ុងឲ្យដែរ ៤៩ដោយហេតុនោះបានជាប្រាជ្ញានៃព្រះបានសំដែងថា អញចាត់ពួកហោរា ហើយពួកសាវកទៅឯគេ គេនឹងសំឡាប់ខ្លះ ហើយបណ្តេញខ្លះ ៥០ដើម្បីឲ្យឈាមរបស់ពួកហោរាទាំងអស់ ដែលបានខ្ចាយ តាំងពីកំណើតលោកីយរៀងមកនោះ បានត្រូវទារពីមនុស្សដំណនេះវិញ ៥១គឺចាប់តាំងពីឈាមរបស់អេបិល ទៅដល់ឈាមរបស់សាការី ដែលគេសំឡាប់ នៅកណ្តាលអាសនា នឹងវិហារផង អើ ខ្ញុំប្រាប់ថា ឈាមទាំងនោះនឹងត្រូវទារពីមនុស្សដំណនេះវិញ ៥២វេទនាដល់អ្នករាល់គ្នា ពួកប្រាជ្ញច្បាប់អើយ ដ្បិតអ្នករាល់គ្នាបានដកកូនសោនៃចំណេះចេញទៅហើយ ខ្លួនអ្នករាល់គ្នាមិនបានចូល ហើយក៏ហាមឃាត់ដល់ពួកអ្នក ដែលកំពុងតែរកចូល មិនឲ្យគេចូលដែរ។

៥៣កាលទ្រង់មានបន្ទូលសេចក្តីទាំងនោះ ដល់គេរួចហើយ នោះពួកអាចារ្យ នឹងពួកផារិស៊ី គេចាប់តាំងជំរុញទ្រង់ជាខ្លាំងពន់ពេក ឲ្យមានបន្ទូលពីសេចក្តីជាច្រើនទៅទៀត ៥៤ដោយចាំពិនិត្យពិចារណាមើល ទាំងរកហេតុនឹងចាប់ព្រះបន្ទូលពីព្រះឱស្ឋទ្រង់ ដើម្បីឲ្យបានរឿងចោទប្រកាន់ទ្រង់។



១២ ១កាលទ្រង់កំពុងតែមានបន្ទូល នោះមានមនុស្សប្រជុំគ្នាមីរដេរដាសស្ទើរតែនឹងជាន់គ្នាឯង ទ្រង់ក៏ចាប់តាំងមានបន្ទូលនឹងពួកសិស្សជាមុនដំបូងថា ចូរអ្នករាល់គ្នាប្រយ័តនឹងដំបែពួកផារិស៊ី ដែលជាសេចក្តីកំពុត ២គ្មានអ្វីគ្របបាំង ដែលមិនត្រូវបើកឲ្យឃើញ ឬអ្វីលាក់លៀប ដែលមិនត្រូវបើកឲ្យស្គាល់នោះឡើយ ៣ដូច្នេះ គ្រប់ទាំងសេចក្តីដែលអ្នករាល់គ្នាបាននិយាយ ក្នុងទីងងឹត នោះនឹងបានឮនៅទីភ្លឺ ហើយសេចក្តីអ្វី ដែលអ្នករាល់គ្នាបានខ្សឹបដាក់ត្រចៀក នៅក្នុងបន្ទប់ នោះនឹងបានប្រកាសប្រាប់ពីលើដំបូលផ្ទះវិញ ៤តែពួកសំឡាញ់អើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្លាចអ្នកណាដែលសំឡាប់បានតែរូបកាយ រួចក្រោយមក ពុំអាចធ្វើអ្វីទៀតបាននោះឡើយ ៥ខ្ញុំនឹងបង្ហាញឲ្យអ្នកដឹងជាត្រូវខ្លាចដល់អ្នកណា គឺត្រូវឲ្យខ្លាចដល់ព្រះវិញ ដែលកាលណាទ្រង់សំឡាប់ នោះក៏មានអំណាចបោះចោលទៅក្នុងនរកបានផង អើ ខ្ញុំប្រាប់អ្នករាល់គ្នាថា ត្រូវឲ្យខ្លាចដល់ព្រះអង្គចុះ ៦តើគេមិនលក់ចាប៥ថ្លៃ២លុយទេឬអី តែគ្មានចាបណាមួយដែលព្រះទ្រង់ភ្លេចទេ ៧សូម្បីទាំងសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ ដូច្នេះ កុំឲ្យខ្លាចឡើយអ្នករាល់គ្នាមានដំឡៃលើសជាងចាបជាច្រើន ៨ខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកណាដែលទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោក នោះកូនមនុស្សនឹងទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតានៃព្រះដែរ ៩តែអ្នកណាដែលមិនព្រមទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោក នោះខ្ញុំក៏មិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតានៃព្រះដែរ ១០ឯអស់អ្នកណា ដែលពោលពាក្យ ទាស់នឹងកូនមនុស្ស នោះនឹងបានអត់ទោសឲ្យ តែអ្នកណាដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធវិញ នោះមិនបានអត់ទោសឲ្យឡើយ ១១កាលណាគេបណ្តើរអ្នករាល់គ្នាទៅនៅមុខពួកជំនុំគេ ឬចំពោះចៅក្រម ឬពួកនាម៉ឺន នោះកុំឲ្យបារម្ភព្រួយ ពីបែបយ៉ាងណា ឬពីពាក្យអ្វី ដែលនឹងត្រូវឆ្លើយដោះសា ឬនិយាយនោះឡើយ ១២ដ្បិតគឺព្រះវិញ្ញាណបរិសុទ្ធទ្រង់នឹងបង្រៀនសេចក្តីដែលអ្នករាល់គ្នាត្រូវនិយាយ នៅវេលានោះឯង។

១៣មានម្នាក់ក្នុងហ្វូងមនុស្សទូលទ្រង់ថា លោកគ្រូសូមលោកប្រាប់បងខ្ញុំ ឲ្យគាត់ចែកមរដកមកខ្ញុំផង ១៤ទ្រង់ឆ្លើយតបថា ឱអ្នកអើយ តើអ្នកណាបានតាំងខ្ញុំ ឲ្យធ្វើជាចៅក្រម សំរាប់ចែករបស់ទ្រព្យដល់អ្នករាល់គ្នា ១៥រួចទ្រង់មានបន្ទូលទៅគ្រប់គ្នាថា ចូរប្រយ័ត ហើយខំចៀសពីសេចក្តីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ ១៦ទ្រង់ក៏មានបន្ទូលជាពាក្យប្រៀបធៀបទៅគេថា មានស្រែចំការរបស់អ្នកមានម្នាក់បានកើតផលចំរើនជាបរិបូរ ១៧ហើយអ្នកនោះរិះគិតក្នុងចិត្តថា តើត្រូវឲ្យអញធ្វើដូចម្តេច ដ្បិតអញគ្មានកន្លែងណានឹងដាក់ផលរបស់អញទាំងនេះទេ ១៨ទើបយល់ថា អញត្រូវធ្វើយ៉ាងនេះ គឺអញនឹងរុះជង្រុកអញ ពង្រីកឲ្យធំជាងទៅទៀត រួចប្រមូលផល នឹងទ្រព្យសម្បត្តិទៅផ្ទុកនៅទីនោះ ១៩នោះអញនឹងប្រាប់ដល់ចិត្តថា ចិត្តអើយឯងមានទ្រព្យសម្បត្តិជាច្រើន ល្មមទុកសំរាប់ជាយូរឆ្នាំទៅមុខទៀតបានហើយ ចូរឯងឈប់សំរាកទៅ ហើយស៊ីផឹកសប្បាយចុះ ២០ប៉ុន្តែព្រះទ្រង់មានបន្ទូលទៅអ្នកនោះថា ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះឯង អញនឹងដកយកព្រលឹងឯងទៅវិញ ដូច្នេះ តើទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលឯងបានប្រមូលទុកនេះ នឹងទៅជារបស់អ្នកណាវិញ ២១អ្នកណាដែលប្រមូលទ្រព្យសម្បត្តិ ទុកបំរុងតែខ្លួនឯង តែឥតមានខាងឯព្រះសោះ នោះក៏ដូច្នោះដែរ។

២២ទ្រង់ក៏មានបន្ទូលទៅពួកសិស្សថា ហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ ២៣ឯជីវិត នោះវិសេសជាងអាហារចំណី ហើយរូបកាយ ក៏វិសេសជាងសំលៀកបំពាក់ដែរ ២៤ចូរពិចារណាពីក្អែក ដ្បិតវាមិនដែលសាបព្រោះ ឬច្រូតកាត់ឡើយ ក៏គ្មានឃ្លាំងគ្មានជង្រុកអ្វីផង តែព្រះទ្រង់ចិញ្ចឹមវា ចំណង់បើអ្នករាល់គ្នា តើមានតំឡៃលើសជាងសត្វស្លាបអម្បាលម៉ានទៅទៀត ២៥តើមានអ្នកណាក្នុងពួកអ្នករាល់គ្នា អាចនឹងបន្ថែមកំពស់ខ្លួនឡើង១ហត្ថ ដោយសាសេចក្តីខ្វល់ខ្វាយបានឬទេ ២៦ដូច្នេះ បើការតូចបំផុត ពុំអាចនឹងធ្វើបានទៅហើយ នោះហេតុអ្វីបានជាចង់ខ្វល់ខ្វាយពីការឯទៀតធ្វើអី ២៧ចូរពិចារណាពីផ្កាឈូកដែរ ដែលវាដុះ តើមានសភាពដូចម្តេច វាមិនដែលនឿយធ្វើការងារ ឬស្រាវរវៃទេ ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែហ្លួងសាឡូម៉ូនក្នុងគ្រាដែលមានគ្រប់ទាំងសេចក្តីរុងរឿងរបស់ទ្រង់ នោះមិនបានតែងអង្គដូចជាផ្កា១នោះផង ២៨ឯតិណជាតិដែលដុះឡើងដូច្នេះ ហើយថ្ងៃនេះមាន តែថ្ងៃស្អែកត្រូវបោះទៅក្នុងជើងក្រាន នោះបើព្រះទ្រង់តុបតែងវាយ៉ាងដូច្នោះ ឱមនុស្សមានជំនឿតិចអើយ តើទ្រង់នឹងបំពាក់ឲ្យអ្នករាល់គ្នា លើសជាងអម្បាលម៉ានទៅទៀត ២៩កុំឲ្យស្វែងរកតែគ្រឿងសំរាប់បរិភោគ ហើយកុំថប់បារម្ភឡើយ ៣០ដ្បិតអស់ទាំងសាសន៍ដទៃ នៅលោកីយនេះ តែងស្វែងរករបស់ទាំងនោះ ឯអ្នករាល់គ្នាវិញ នោះព្រះវរបិតានៃអ្នកទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះ ៣១ចូរខំស្វែងរកនគរព្រះវិញ នោះគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាផង ៣២កុំឲ្យខ្លាច ហ្វូងតូចអើយ ព្រោះព្រះវរបិតានៃអ្នករាល់គ្នា ទ្រង់សព្វព្រះហឫទ័យ នឹងប្រទាននគរមកអ្នករាល់គ្នាពិត ៣៣ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកឲ្យទៅជាទានចុះ ចូរធ្វើថង់ដែលមិនចេះចាស់ សំរាប់ខ្លួន ជាទ្រព្យដែលមិនចេះអស់នៅឯស្ថានសួគ៌វិញ ដែលជាស្ថានគ្មានចោរចូលទៅជិតឡើយ ហើយកន្លាតក៏មិនកាត់បំផ្លាញដែរ ៣៤ព្រោះសម្បត្តិទ្រព្យអ្នកនៅកន្លែងណា នោះចិត្តអ្នកក៏នឹងស្ថិតនៅកន្លែងនោះឯង។

៣៥ចូរឲ្យចង្កេះអ្នករាល់គ្នានៅជាក្រវាត់ ហើយចង្កៀងនៅឆេះ ៣៦ចូរអ្នករាល់គ្នាធ្វើដូចជាមនុស្ស ដែលនៅរងចាំចៅហ្វាយខ្លួន ត្រឡប់មកពីស៊ីការវិញ ដើម្បីកាលណាលោកមកគោះទ្វារហៅ នោះឲ្យបានបើក ឲ្យជា១រំពេច ៣៧បើកាលណាចៅហ្វាយមកដល់ ឃើញពួកបាវកំពុងតែចាំយាមដូច្នោះ នោះគេមានពរណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លោកនឹងឲ្យអ្នកទាំងនោះ អង្គុយនៅតុហើយលោកនឹងក្រវាត់ខ្លួនលោក មកបំរើគេវិញ ៣៨បើលោកមកដល់ក្នុងយាមទី២ ឬយាមទី៣ ហើយឃើញពួកបាវនៅចាំយាមដូច្នោះដដែល នោះគេមានពរហើយ ៣៩តែត្រូវដឹងសេចក្តីនេះថា បើម្ចាស់ផ្ទះដឹងជាចោរនឹងមកនៅវេលាថ្មើរម៉ាន នោះគាត់នឹងចាំយាម មិនឲ្យចោរទំលុះផ្ទះបានទេ ៤០ដូច្នេះ ចូរអ្នករាល់គ្នាបំរុង ខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិតិ។

៤១ពេត្រុសទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ ទ្រង់មានបន្ទូលពាក្យ ប្រៀបប្រដូចនេះ ដល់ត្រឹមយើងខ្ញុំប៉ុណ្ណោះឬដល់មនុស្សគ្រប់គ្នាដែរ ៤២ព្រះអម្ចាស់ទ្រង់មានបន្ទូលតបថា ចុះតើអ្នកណាជានាយដំរួតការដែលស្មោះត្រង់ មានមារយាទល្អ ដែលចៅហ្វាយនឹងតាំងឲ្យត្រួតលើពួកផ្ទះលោក ដើម្បីនឹងបើកអាហារឲ្យគេបរិភោគតាមត្រូវពេល ៤៣បើកាលណាចៅហ្វាយមកដល់ ឃើញអ្នកបំរើនោះកំពុងតែធ្វើដូច្នោះ នោះវាមានពរហើយ ៤៤ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លោកនឹងតាំងអ្នកនោះ ឲ្យត្រួតត្រាលើរបស់ទ្រព្យលោកទាំងអស់ ៤៥ប៉ុន្តែ បើអ្នកបំរើនោះគិតស្មានក្នុងចិត្តថា ចៅហ្វាយអញក្រមក ហើយក៏តាំងវាយពួកបាវប្រុសស្រី ទាំងស៊ីផឹកស្រវឹងវិញ ៤៦ដូច្នេះ ដល់ថ្ងៃដែលអ្នកបំរើនោះមិននៅចាំ ហើយវេលាណាដែលមិនដឹង នោះចៅហ្វាយនឹងមកដល់ ក៏នឹងធ្វើទោសជាយ៉ាងធ្ងន់ព្រមទាំងឲ្យមានចំណែកជាមួយនឹងពួកមនុស្សមិនជឿផង ៤៧អ្នកបំរើណាដែលស្គាល់ចិត្តចៅហ្វាយ តែមិនបានរៀបចំ ឬធ្វើតាមចិត្តលោកសោះ នោះនឹងត្រូវរំពាត់ជាយ៉ាងច្រើន ៤៨ឯអ្នកណាដែលមិនបានស្គាល់តែបានប្រព្រឹត្តគួរនឹងត្រូវរំពាត់ នោះនឹងត្រូវវាយតិចវិញ ឯអ្នកណាដែលគេប្រគល់ទុកជាច្រើនឲ្យ នោះគេនឹងទារជាច្រើនពីអ្នកនោះវិញ គេនឹងសូមលើសទៅទៀត ពីអ្នកណាដែលគេបានផ្ញើទុកជាច្រើនផង។

៤៩ខ្ញុំបានមក ដើម្បីនឹងបោះភ្លើងនៅលើផែនដី បើភ្លើងនោះឆេះហើយ តើខ្ញុំនៅចង់បានអ្វីទៀត ៥០តែខ្ញុំត្រូវទទួលបុណ្យជ្រមុជ១សិន ហើយខ្ញុំត្រូវចង្អៀតចង្អល់យ៉ាងដូចម្តេចទៅហ្ន៎ ទំរាំតែបុណ្យនោះបានសំរេច ៥១តើអ្នករាល់គ្នាស្មានថា ខ្ញុំមកដើម្បីឲ្យមានសេចក្តីសុខសាន្តនៅផែនដីឬអី ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ គឺមកដើម្បីឲ្យកើតប្រដិបក្សវិញទេតើ ៥២ដ្បិតពីនេះទៅមុខ នឹងមាន៥នាក់ក្នុងផ្ទះ១បាក់បែកគ្នា គឺ៣នាក់ទាស់នឹង២នាក់ ហើយ២នាក់ទាស់នឹង៣នាក់ ៥៣ឯឪពុក នឹងបាក់បែកទាស់នឹងកូនប្រុស ហើយកូនប្រុសទាស់នឹងឪពុក ម្តាយទាស់នឹងកូនស្រី ហើយកូនស្រីទាស់នឹងម្តាយ ក្មេកទាស់នឹងកូនប្រសាស្រី ហើយកូនប្រសាស្រីទាស់នឹងម្តាយក្មេកដែរ។

៥៤ទ្រង់ក៏មានបន្ទូលទៅបណ្តាមនុស្សដែរថា កាលណាអ្នករាល់គ្នាឃើញពពកឡើងពីទិសខាងលិច ស្រាប់តែអ្នករាល់គ្នាថា ចង់ភ្លៀងហើយ រួចក៏មានដូច្នោះមែន ៥៥ហើយកាលណាខ្យល់បក់ពីខាងត្បូង នោះអ្នករាល់គ្នាថា ថ្ងៃនេះ មុខជាក្តៅ នោះក៏មានដែរ ៥៦ឱមនុស្សកំពុតអើយ អ្នករាល់គ្នាចេះសំគាល់សភាពដី ហើយនឹងមេឃបាន ចុះហេតុដូចម្តេចបានជាមិនស្គាល់ពេលវេលានេះ ៥៧ហើយហេតុអ្វីបានជាមិនពិចារណា ក្នុងខ្លួនអ្នករាល់គ្នាពីសេចក្តីណាដែលសុចរិត ៥៨ដ្បិតដែលអ្នកកំពុងតែដើរតាមផ្លូវទៅឯចៅហ្វាយ ជាមួយនឹងសត្រូវអ្នក នោះចូរខំប្រឹងដោះខ្លួនឲ្យរួចចេញ ក្រែងគេទាញអូសអ្នកទៅឯចៅក្រម ចៅក្រមប្រគល់អ្នកដល់នាយភូឃុំ ហើយនាយភូឃុំនឹងដាក់អ្នកជាប់គុក ៥៩ខ្ញុំប្រាប់អ្នកថា ដែលអ្នកនៅខ្វះតែកន្លះសេននឹងសងគេឲ្យគ្រប់ នោះនឹងចេញពីទីនោះមិនរួចឡើយ។



១៣ ១នៅវេលានោះឯង មានអ្នកខ្លះនៅទីនោះ គេទូលព្រះយេស៊ូវ ពីរឿងពួកសាសន៍កាលីឡេ ដែលលោកពីឡាត់បានយកឈាមគេ លាយនឹងយញ្ញបូជា ដែលគេកំពុងតែថ្វាយ ២តែទ្រង់មានបន្ទូលឆ្លើយទៅអ្នកទាំងនោះថា តើអ្នករាល់គ្នាស្មានថា ពួកកាលីឡេទាំងនោះមានបាប លើសជាងសាសន៍កាលីឡេឯទៀត ដោយព្រោះគេបានរងទុក្ខលំបាកយ៉ាងនោះឬអី ៣ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែបើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ ៤ឬស្មានថា ពួក១៨នាក់ដែលប៉មស៊ីឡោមបានរលំមកលើកិនស្លាប់នោះ គេមានទោសលើសជាងមនុស្សទាំងប៉ុន្មាន ដែលនៅក្រុងយេរូសាឡិមឬអី ៥ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែបើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ។

៦រួចទ្រង់មានបន្ទូលពាក្យប្រៀបប្រដូចនេះថា មានបុរសម្នាក់ មានដើមល្វាដុះក្នុងចំការខ្លួន គាត់បានមករកផលផ្លែពីដើមនោះ តែគ្មានសោះ ៧ក៏និយាយទៅអ្នករក្សាចំការថា មើល ៣ឆ្នាំមកហើយ ខ្ញុំមករកផលផ្លែពីដើមល្វានេះ មិនដែលបានសោះ ដូច្នេះ ចូរកាប់ចោលទៅទុកឲ្យនៅបង្ខាតដីធ្វើអី ៨តែអ្នកនោះឆ្លើយថា សូមលោកទុកនៅ១ឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដី ហើយដាក់ជីលមើល ៩ក្រែងកើតមានផលផ្លែឡើង បើគ្មានទេ នោះសូមកាប់ចោលទៅចុះ។

១០កាលព្រះយេស៊ូវ ទ្រង់កំពុងតែបង្រៀនក្នុងសាលាប្រជុំ១ នៅថ្ងៃឈប់សំរាក ១១នោះឃើញមានស្ត្រីម្នាក់ដែលអារក្សធ្វើឲ្យពិការ អស់១៨ឆ្នាំមកហើយ មានខ្នងកោង ងើបត្រង់ពុំបានសោះ ១២លុះទ្រង់បានឃើញគាត់ ក៏មានបន្ទូលហៅគាត់មក ប្រាប់ថា នាងអើយ នាងបានរួចពីជរាពិការហើយ ១៣រួចទ្រង់ដាក់ព្រះហស្តលើគាត់នោះគាត់ក៏ងើបត្រង់ឡើងជា១រំពេច ហើយពោលពណ៌នាសរសើរដល់ព្រះ ១៤ឯមេសាលាប្រជុំគាត់នឹកគ្នាន់ក្នុងចិត្តណាស់ ដោយព្រោះព្រះយេស៊ូវបានប្រោសឲ្យជា នៅថ្ងៃឈប់សំរាក ក៏និយាយទៅមនុស្សទាំងនោះថា មានតែ៦ថ្ងៃទេ ដែលគួរធ្វើការបាន ដូច្នេះ ចូរមកក្នុងរវាងថ្ងៃទាំងនោះវិញ ដើម្បីឲ្យបានជាចុះ កុំឲ្យមកក្នុងថ្ងៃឈប់សំរាកឡើយ ១៥នោះព្រះអម្ចាស់ទ្រង់មានបន្ទូលឆ្លើយទៅគាត់ថា មនុស្សមានពុតអើយ តើអ្នករាល់គ្នាមិនស្រាយគោ ស្រាយលាពីចំណង ដឹកទៅឲ្យផឹកទឹក នៅថ្ងៃឈប់សំរាកទេឬអី ១៦ឯស្ត្រីនេះ ជាពូជលោកអ័ប្រាហាំ ដែលអារក្សសាតាំងបានចងគាត់១៨ឆ្នាំមកហើយ ដូច្នេះ តើមិនគួរនឹងស្រាយឲ្យរួចពីចំណងនេះ នៅថ្ងៃឈប់សំរាកដែរទេឬអី ១៧កាលទ្រង់មានបន្ទូលសេចក្តីទាំងនេះហើយ នោះអស់អ្នកដែលទាស់នឹងទ្រង់ក៏អៀនខ្មាសគ្រប់គ្នា តែបណ្តាមនុស្ស គេកើតមានសេចក្តីអំណរ ចំពោះគ្រប់ទាំងការឧត្តម ដែលទ្រង់ធ្វើនោះវិញ។

១៨ទ្រង់មានបន្ទូលថា តើនគរព្រះធៀបដូចជាអ្វី តើត្រូវយកអ្វីមកផ្ទឹមនឹងនគរនោះ ១៩គឺធៀបដូចជាគ្រាប់ពូជម៉្យាង ដែលមនុស្សម្នាក់យកទៅដាំក្នុងច្បារខ្លួន វាដុះឡើងទៅជាដើមឈើយ៉ាងធំ ហើយសត្វហើរលើមេឃក៏មកទំនៅមែកបាន ២០ទ្រង់ក៏មានបន្ទូលទៀតថា តើគួរឲ្យខ្ញុំធៀបនគរព្រះដូចជាអ្វី ២១នោះត្រូវធៀបដូចជាដំបែ ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅ៣រង្វាល់ ទាល់តែដោរឡើងសព្វទាំងអស់។

២២ទ្រង់ក៏យាងកាត់អស់ទាំងក្រុង អស់ទាំងភូមិ ទាំងបង្រៀនបណ្តើរ ហើយចេះតែដំរង់ត្រង់ឆ្ពោះទៅឯក្រុងយេរូសាឡិម ២៣ក៏មានម្នាក់ទូលសួរថា ព្រះអម្ចាស់អើយ តើមនុស្សដែលបានសង្គ្រោះ មានគ្នាតែបន្តិចទេឬអី តែទ្រង់មានបន្ទូលទៅគេថា ២៤ចូរខំប្រឹងយ៉ាងអស់ពីចិត្ត ឲ្យបានចូលទៅតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនខំប្រឹងរកចូលដែរ តែចូលមិនបានទេ ២៥កាលណាម្ចាស់ផ្ទះបានក្រោកឡើងបិទទ្វារ នោះអ្នករាល់គ្នានឹងចាប់តាំងឈរពីខាងក្រៅ គោះទ្វារទូលថា ឱព្រះអម្ចាស់ៗអើយ សូមបើកឲ្យយើងខ្ញុំផង នោះទ្រង់នឹងមានបន្ទូលឆ្លើយថា អញមិនស្គាល់ឯងរាល់គ្នាដែលមកពីណាទេ ២៦រួចអ្នករាល់គ្នានឹងតាំងទូលថា យើងខ្ញុំបានទទួលទាននៅចំពោះទ្រង់ ហើយទ្រង់បានបង្រៀនតាមផ្លូវយើងខ្ញុំដែរ ២៧តែទ្រង់នឹងមានបន្ទូលថា អញប្រាប់ឯងរាល់គ្នាថា អញមិនស្គាល់ឯងរាល់គ្នាដែលមកពីណាទេ នែ អស់អ្នកដែលប្រព្រឹត្តសេចក្តីទុច្ចរិតអើយ ចូរថយចេញពីអញទៅ ២៨ដូច្នេះ កាលណាឯងរាល់គ្នាត្រូវបោះទៅក្រៅ នោះនឹងយំ ហើយសង្កៀតធ្មេញ នៅទីនោះ ដោយឃើញលោកអ័ប្រាហាំ លោកអ៊ីសាក នឹងលោកយ៉ាកុប ហើយអស់ទាំងហោរានៅក្នុងនគរព្រះ ២៩ដ្បិតនឹងមានមនុស្សពីទិសខាងកើត ខាងលិច ខាងជើង ហើយខាងត្បូងមកអង្គុយក្នុងនគរព្រះដែរ ៣០ហើយមើល នឹងមានមនុស្សក្រោយទៅជាមុន នឹងមនុស្សមុនទៅជាក្រោយវិញ។

៣១នៅថ្ងៃនោះឯង មានពួកផារិស៊ីខ្លះមកទូលទ្រង់ថា ចូរថយចេញពីនេះទៅ ដ្បិតស្តេចហេរ៉ូឌរកចង់សំឡាប់លោក ៣២តែទ្រង់មានបន្ទូលទៅគេថា ចូរអ្នករាល់គ្នាទៅប្រាប់សត្វកញ្ជ្រោងនោះថា មើលខ្ញុំដេញអារក្ស ហើយប្រោសមនុស្សឲ្យជា នៅថ្ងៃនេះ ហើយថ្ងៃស្អែក លុះដល់ថ្ងៃទី៣ ខ្ញុំនឹងបានសំរេចការ ៣៣ប៉ុន្តែត្រូវឲ្យខ្ញុំដើរតាមផ្លូវខ្ញុំទៅ នៅក្នុងថ្ងៃនេះ ថ្ងៃស្អែក ហើយខានស្អែកទៀត ដ្បិតគ្មានទំនងឲ្យហោរាណាវិនាស ក្រៅពីក្រុងយេរូសាឡិមទេ ៣៤ឱយេរូសាឡិម ក្រុងយេរូសាឡិម ជាទីក្រុងដែលសំឡាប់ពួកហោរា ហើយចោលថ្មទៅអស់អ្នក ដែលបានចាត់មកឯឯងអើយ តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងរាល់គ្នា ដូចជាមេមាន់ប្រមូលកូនក្រុងក្រោមស្លាប តែឯងមិនព្រមសោះនោះ ៣៥មើល ផ្ទះឯងរាល់គ្នាត្រូវចោលនៅស្ងាត់ឈឹង ហើយអញប្រាប់ឯងរាល់គ្នាថា មិនឃើញអញទៀត ទាល់តែឯងនិយាយថា ព្រះអង្គដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ទ្រង់ប្រកបដោយព្រះពរ។



១៤ ១មានកាល១ថ្ងៃ ជាថ្ងៃឈប់សំរាក ព្រះយេស៊ូវយាងចូលទៅសោយព្រះស្ងោយ ក្នុងផ្ទះនាម៉ឺនម្នាក់ ដែលជាពួកផារិស៊ី ពួកនោះក៏រិះគន់មើលទ្រង់ ២គ្រានោះឃើញមានមនុស្សកើតទាចម្នាក់ នៅចំពោះទ្រង់ ៣ទ្រង់មានបន្ទូលសួរពួកអ្នកប្រាជ្ញច្បាប់ នឹងពួកផារិស៊ីថា តើមានច្បាប់នឹងមើលឲ្យជា នៅថ្ងៃឈប់សំរាកឬទេ ៤តែគេនៅតែស្ងៀម នោះទ្រង់ក៏យកគាត់មកប្រោសឲ្យជា រួចឲ្យគាត់ទៅវិញ ៥ហើយទ្រង់មានបន្ទូលទៅគេថា ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានលា ឬគោ ធ្លាក់ចុះក្នុងរណ្តៅ នៅថ្ងៃឈប់សំរាក តើមិនស្រង់យកចេញក្នុង១រំពេចនោះទេឬអី ៦តែគេពុំអាចនឹងឆ្លើយអ្វីទូលទ្រង់ ពីដំណើរនោះបានទេ។

៧កាលទ្រង់ឃើញពួកភ្ញៀវ ដែលគេរើសយកកន្លែងប្រសើរៗ នោះក៏មានបន្ទូលជាពាក្យប្រៀបធៀបទៅគេថា ៨បើមានអ្នកណាអញ្ជើញអ្នករាល់គ្នាទៅបរិភោគការ នោះកុំឲ្យអង្គុយត្រង់កន្លែងដ៏ប្រសើរឡើយ ក្រែងចួនជាគេបានអញ្ជើញអ្នកណាដែលធំជាងអ្នក ៩ហើយកាលណាអ្នកមង្គលការ ដែលបានអញ្ជើញអ្នក នឹងអ្នកនោះផង គាត់មកនិយាយនឹងអ្នកថា ទុកកន្លែងនេះឲ្យអ្នកនេះអង្គុយវិញ នោះអ្នកនឹងថយទៅអង្គុយនៅកន្លែងក្រោយបង្អស់ ទាំងខ្មាស់គេផង ១០ដូច្នេះ កាលណាគេអញ្ជើញអ្នក នោះត្រូវទៅអង្គុយនៅកន្លែងក្រោយអង្អស់សិន ដើម្បីកាលណាអ្នកមង្គលការមកដល់ នោះគាត់នឹងនិយាយថា សំឡាញ់អើយ សូមអញ្ជើញមកអង្គុយនៅខាងមុខវិញ នោះអ្នកនឹងបានថ្កើងឡើង នៅមុខពួកអ្នកដែលអង្គុយនៅតុជាមួយគ្នា ១១ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើងវិញ។

១២ទ្រង់ក៏មានបន្ទូលទៅអ្នក ដែលបានអញ្ជើញទ្រង់ថា កាលណាអ្នកលៀងភ្ញៀវពេលថ្ងៃត្រង់ ឬពេលល្ងាចនោះកុំឲ្យអញ្ជើញពួកសំឡាញ់ បងប្អូនសាច់ញាតិ ឬអ្នកមាន ដែលនៅជិតខាងឡើយ ក្រែងគេក៏អញ្ជើញអ្នកទៅសងដូច្នោះវិញដែរ ១៣បើកាលណាអ្នករៀបលៀងភ្ញៀវ នោះចូរអញ្ជើញពួកអ្នកក្រ អ្នកពិការ អ្នកខ្ញើច នឹងអ្នកខ្វាក់វិញ ១៤យ៉ាងនោះ អ្នកនឹងបានពរពិត ដ្បិតមនុស្សទាំងនោះគ្មានអ្វីនឹងសងអ្នកវិញទេ លុះកាលណាពួកមនុស្សសុចរិតរស់ឡើងវិញ នោះអ្នកនឹងបានរង្វាន់ហើយ។

១៥កាលម្នាក់ ដែលអង្គុយនៅតុជាមួយ បានឮពាក្យទាំងនោះ គាត់ក៏ទូលទ្រង់ថា មានពរហើយ អ្នកណាដែលនឹងបរិភោគក្នុងនគរព្រះ ១៦តែទ្រង់មានបន្ទូលថា មានបុរសម្នាក់រៀបជប់លៀងជាយ៉ាងធំ ក៏អញ្ជើញមនុស្សជាច្រើន ១៧ដល់ពេលជិតស៊ីលៀង គាត់ប្រើបាវឲ្យទៅប្រាប់ពួកភ្ញៀវថា សូមអញ្ជើញមក ដ្បិតទាំងអស់បានរៀបប្រុងជាស្រេចហើយ ១៨តែគេចាប់តាំងដោះសាដូចគ្នាទាំងអស់ អ្នកមុននិយាយថា ខ្ញុំបានទិញចំការ ហើយខ្ញុំត្រូវទៅមើលចំការនោះ សូមឲ្យលោកអត់ទោស ១៩ម្នាក់ទៀតថា ខ្ញុំបានទិញគោ៥នឹម ខ្ញុំត្រូវទៅលវាមើល សូមឲ្យលោកអត់ទោស ២០ម្នាក់ទៀតក៏ថា ខ្ញុំទើបនឹងការប្រពន្ធហើយ ដោយហេតុនោះបានជាខ្ញុំទៅមិនបាន ២១បាវនោះក៏ត្រឡប់ទៅវិញ ជំរាបចៅហ្វាយខ្លួនតាមដំណើរនោះ ដូច្នេះលោកប្រាប់ទៅបាវ ទាំងកំហឹងថា ចូរប្រញាប់ចេញទៅឯផ្លូវតូចធំនៅទីក្រុង នាំអស់ពួកមនុស្សក្រ ពិការ ខ្វាក់នឹងខ្ញើច ចូលមកឲ្យឆាប់ ២២បាវនោះក៏ជំរាបថា លោកការដែលលោកបង្គាប់នោះ បានធ្វើហើយ តែនៅតែមានសល់កន្លែងទៀត ២៣រួចចៅហ្វាយប្រាប់ថា ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ ២៤ដ្បិតអញប្រាប់ថា ឯពួកមនុស្សទាំងប៉ុន្មាន ដែលអញបានអញ្ជើញមកមុននោះ អញលែងឲ្យអ្នកណា១ភ្លក់ម្ហូបរបស់អញហើយ។

២៥មានមនុស្សសន្ធឹកណាស់ ដើរទៅជាមួយនឹងទ្រង់ នោះទ្រង់បែរទៅមានបន្ទូលនឹងគេថា ២៦បើអ្នកណាមកឯខ្ញុំ ដោយមិនបានលះអាល័យពីឪពុកម្តាយ ប្រពន្ធកូន បងប្អូនប្រុសស្រី នឹងជីវិតខ្លួនឯងផង អ្នកនោះនឹងធ្វើជាសិស្សខ្ញុំមិនបានទេ ២៧ហើយអ្នកណាដែលមិនផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំ នោះក៏ធ្វើជាសិស្សខ្ញុំមិនបានដែរ ២៨ដ្បិតក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាចង់សង់ផ្ទះពីថ្ម តើមិនអង្គុយលៃលកមើលជាមុនទេឬអី ដើម្បីឲ្យដឹងជាមានល្មមនឹងធ្វើបង្ហើយបានឬមិនបាន ២៩ក្រែងកាលណាដាក់ជើងជញ្ជាំង រួចបង្ហើយមិនបាន នោះអស់អ្នកណាដែលឃើញក៏នឹងសើចចំអកឲ្យ ៣០ដោយពាក្យថា អ្នកនេះបានចាប់ផ្តើមសង់ផ្ទះ តែបង្ហើយមិនបាន ៣១ឬតើមានស្តេចឯណា ដែលរៀបចេញទៅច្បាំងនឹងស្តេច១ទៀត ឥតអង្គុយ ពិគ្រោះមើលជាមុនសិន ដើម្បីឲ្យដឹងជាខ្លួននាំពល១ម៉ឺនទៅតទល់នឹងស្តេច ដែលនាំពល២ម៉ឺន មកច្បាំងបានឬមិនបាន ៣២បើឃើញថាមិនបានទេ នោះទ្រង់នឹងចាត់រាជទូត ឲ្យទៅស៊ើបសួរពីកិច្ច ដែលចងស្ពានមេត្រីនឹងគ្នាជាយ៉ាងណា ក្នុងកាលដែលស្តេចនោះនៅឆ្ងាយនៅឡើយ ៣៣ដូច្នេះ អស់អ្នកណាក្នុងពួកអ្នករាល់គ្នា ដែលមិនលះអាល័យពីរបស់ទ្រព្យខ្លួនទាំងអស់ នោះធ្វើជាសិស្សខ្ញុំមិនបានទេ ៣៤អំបិលជារបស់ល្អ តែបើបាត់ជាតិប្រៃហើយ តើនឹងយកអ្វីធ្វើឲ្យប្រៃឡើងវិញបាន ៣៥គ្មានប្រយោជន៍ដល់ដីឬជីទេ គេនឹងចោលទៅក្រៅវិញ អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។



១៥ ១អស់ទាំងអ្នកយកពន្ធ នឹងអ្នកមានបាប គេក៏ចូលមកជិត ដើម្បីស្តាប់ទ្រង់ ២នោះពួកផារិស៊ី នឹងពួកអាចារ្យគេឌុកដាន់ថា អ្នកនេះទទួលមនុស្សបាប ហើយក៏ស៊ីជាមួយនឹងគេផង ៣តែទ្រង់មានបន្ទូល ជាពាក្យប្រៀបប្រដូចនេះ ដល់គេថា ៤ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានចៀម១រយ តែបាត់១ តើមិនទុកចៀម៩៩ឲ្យនៅទីរហោស្ថាន ដើម្បីនឹងទៅតាមរកចៀម១ដែលបាត់ ទាល់តែឃើញទេឬអី ៥កាលណារកឃើញហើយ នោះក៏លើកព្រនរ មកដោយអំណរ ៦លុះមកដល់ផ្ទះវិញ អ្នកនោះនឹងហៅពួកសំឡាញ់ នឹងពួកអ្នកជិតខាងមក ប្រាប់ថាសូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ ៧ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌នឹងមានសេចក្តីអំណរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ ជាជាងមនុស្សសុចរិត៩៩នាក់ ដែលមិនត្រូវការប្រែចិត្តទេ។

៨ឬមានស្ត្រីឯណា ដែលមានប្រាក់១០ដួង បើបាត់១តើមិនអុជចង្កៀង ហើយបោសផ្ទះរកអស់ពីចិត្ត ទាល់តែបានឃើញទេឬអី ៩កាលរកឃើញ នោះក៏ហៅពួកសំឡាញ់ នឹងអ្នកជិតខាងមកប្រាប់ថា សូមអរសប្បាយជាមួយនឹងខ្ញុំចុះ ដ្បិតប្រាក់ខ្ញុំដែលបាត់ នោះរកឃើញវិញហើយ ១០ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ក៏មានសេចក្តីអំណរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ។

១១រួចទ្រង់ក៏មានបន្ទូលថា មានបុរសម្នាក់មានកូនប្រុស២ ១២កូនពៅនិយាយទៅឪពុកថា សូមលោកឪពុកប្រគល់ចំណែកមរដក ដែលត្រូវចែកដល់ខ្ញុំនោះមក គាត់ក៏ចែកទ្រព្យនោះដល់កូន ១៣ក្រោយបន្តិចមក កូនពៅប្រមូលទាំងអស់ ចេញទៅឯស្រុកឆ្ងាយ ហើយក៏បង្ហិនទ្រព្យទៅ ដោយល្បែងដ៏ហួសខ្នាត ១៤កាលបានចាយអស់រលីងហើយ នោះកើតមានអំណត់ជាខ្លាំងនៅស្រុកនោះ វាក៏មានសេចក្តីទ័លក្រ ១៥រួចទៅបំរើអ្នកស្រុកនោះម្នាក់ ហើយគេប្រើឲ្យទៅឯវាលឃ្វាលហ្វូងជ្រូក ១៦វាមានចិត្តចង់ចំអែតពោះ ដោយសំបកដែលជ្រូកស៊ីណាស់ តែគ្មានអ្នកណាឲ្យសោះ ១៧កាលវាភ្ញាក់ដឹងខ្លួន នោះក៏គិតថា ឪពុកអញមានជើងឈ្នួលប៉ុន្មានៗ សុទ្ធតែមានអាហារបរិបូរគ្រប់គ្នា តែនៅទីនេះ អញជិតដាច់ពោះស្លាប់ហើយ ១៨អញនឹងក្រោកឡើង ទៅនិយាយនឹងគាត់ថា លោកឪពុកខ្ញុំបានធ្វើបាបនឹងព្រះ ហើយនឹងលោកឪពុកមែន ១៩ខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះ ២០នោះវាក៏ក្រោកឡើងដើរទៅ លុះឪពុកឃើញពីចំងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបវា ២១ទើបវានិយាយថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនឹងលោកឪពុក ខ្ញុំមិនគួរឲ្យគេហៅជាកូនរបស់លោកឪពុកទៀតទេ ២២តែឪពុកប្រាប់ទៅពួកបាវគាត់ថា ចូរយកអាវល្អបំផុតចេញមកបំពាក់ឲ្យវា ហើយយកចិញ្ជៀន នឹងស្បែកជើងមកឲ្យផង ២៣រួចយកកូនគោដែលបំប៉នមកសំឡាប់ចុះ យើងនឹងបរិភោគឲ្យសប្បាយចិត្ត ២៤ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ នោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅ ២៥ឯកូនច្បងនៅឯចំការ កាលត្រឡប់មកជិតដល់ផ្ទះ នោះក៏ឮសូរភ្លេងនឹងរបាំ ២៦គាត់ហៅពួកបាវម្នាក់មកសួរថា គេធ្វើអ្វីហ្នឹង ២៧បាវនោះជំរាបថា ប្អូនលោកត្រឡប់មកវិញ ហើយលោកឪពុកបានសំឡាប់កូនគោដែលបំប៉ន ដោយព្រោះបានកូនមកវិញដោយសុខសាន្ត ២៨ដូច្នេះ គាត់ក៏ខឹង មិនព្រមចូលទៅសោះ បានជាឪពុកចេញមកអង្វរដល់គាត់ ២៩តែគាត់ឆ្លើយថា មើល ខ្ញុំបានបំរើលោកឪពុកប៉ុន្មានឆ្នាំនេះមកហើយ មិនដែលធ្វើខុសអ្វីនឹងបង្គាប់សោះ តែលោកឪពុកមិនដែលឲ្យកូនពពែ សូម្បីតែ១ ឲ្យខ្ញុំបានអរសប្បាយ ជាមួយនឹងពួកមិត្រសំឡាញ់ខ្ញុំឡើយ ៣០ឯកូនលោកឪពុក ដែលវាបង្ហិនបំផ្លាញសម្បត្តិលោកឪពុកអស់ ដោយនូវស្រីអ្នកលេងនេះ កាលបានមកដល់ នោះលោកឪពុកសំឡាប់កូនគោដែលបំប៉នឲ្យវាភ្លាម ៣១ឪពុកក៏តបថា កូនអើយ ឯងបាននៅជាមួយនឹងអញជាដរាប ឯរបស់អញទាំងប៉ុន្មាន ក៏ជារបស់ឯងដែរ ៣២គួរឲ្យយើងស៊ីលៀង ដោយអរសប្បាយទៅ ពីព្រោះប្អូនឯងនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់បង់តែបានឃើញមកវិញហើយ។



១៦ ១ទ្រង់ក៏មានបន្ទូលទៅពួកសិស្សថា មានសេដ្ឋីម្នាក់ ដែលគេមកប្តឹងលោក ពីអ្នកត្រួតត្រាលើរបស់ទ្រព្យលោកថា គាត់ចាយបង្ហិនបង្ហោចទ្រព្យសម្បត្តិលោកជាច្រើន ២លោកក៏ហៅអ្នកនោះមកសួរថា តើរឿងអ្វីដែលអញឮនិយាយពីឯង ចូររៀបរាប់ប្រាប់ពីការឯងត្រួតត្រានោះមកមើល ពីព្រោះឯងនៅត្រួតត្រាការទៀតពុំបានទេ ៣អ្នកដំរួតនោះគិតក្នុងចិត្តថា តើអញនឹងធ្វើអ្វី ដ្បិតចៅហ្វាយអញគិតដកការត្រួតត្រានេះពីអញចេញហើយ អញទៅកាប់ដីមិនកើតទេ នឹងទៅសូមទាន ក៏ខ្មាសគេដែរ ៤អញដឹងការដែលអញនឹងធ្វើហើយ ដើម្បីបើកាលណាលោកបណ្តេញអញ ពីការត្រួតត្រាចេញ នោះនឹងមានគេទទួលអញ ឲ្យទៅផ្ទះគេមិនខាន ៥គាត់ក៏ហៅពួកកូនបំណុលរបស់ចៅហ្វាយគាត់មក គាត់សួរអ្នកដែលមកមុនថា តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន ៦អ្នកនោះឆ្លើយថា ជំពាក់ប្រេង១រយប៉ោត រួចគាត់ប្រាប់អ្នកនោះថា ចូរយកសំបុត្រអ្នក ទៅសរសេរដាក់៥០វិញ ជាប្រញាប់ទៅ ៧រួចគាត់សួរទៅម្នាក់ទៀតថា ឯអ្នក តើជំពាក់ប៉ុន្មាន អ្នកនោះឆ្លើយថា ជំពាក់ស្រូវ១រយហាប គាត់ប្រាប់អ្នកនោះថា ចូរយកសំបុត្រអ្នក ទៅសរសេរដាក់៨០វិញទៅ ៨ចៅហ្វាយក៏សរសើរអ្នកត្រួតត្រាទុច្ចរិតនោះ ពីព្រោះគាត់បានប្រព្រឹត្តដោយឆ្លៀវឆ្លាត ដ្បិតមនុស្សរបស់ផងលោកីយនេះ គេមានប្រាជ្ញាចំពោះជំនាន់គេ ជាជាងមនុស្សរបស់ផងពន្លឺទៅទៀត ៩ខ្ញុំក៏ប្រាប់អ្នករាល់គ្នាថា ចូរប្រើទ្រព្យសម្បត្តិលោកីយនេះ ឲ្យបានមិត្រសំឡាញ់ដល់ខ្លួន ដើម្បីកាលណាអ្នករាល់គ្នាខាននៅ នោះនឹងមានគេទទួលអ្នករាល់គ្នា ឲ្យនៅក្នុងទីលំនៅដ៏ស្ថិតស្ថេរអស់កល្បជានិច្ចវិញ ១០អ្នកណាដែលស្មោះត្រង់ក្នុងការតូចបំផុតនោះក៏ឈ្មោះថា ស្មោះត្រង់ក្នុងការធំ ហើយអ្នកណាដែលទុច្ចរិតក្នុងការតូចបំផុត នោះក៏ឈ្មោះថាទុច្ចរិតក្នុងការដ៏ធំដែរ ១១ដូច្នេះ បើអ្នករាល់គ្នាមិនស្មោះត្រង់ ចំពោះទ្រព្យសម្បត្តិរបស់លោកីយទេ តើអ្នកណាហ៊ានផ្ញើសម្បត្តិដ៏ពិតទុកនឹងអ្នករាល់គ្នាបាន ១២ហើយបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងរបស់គេទេ តើអ្នកណានឹងហ៊ានឲ្យរបស់អ្វីដាច់ជារបស់ផងអ្នកបាន ១៣គ្មានបាវណាដែលបំរើចៅហ្វាយ២បានទេ ពីព្រោះបាវនោះនឹងស្អប់១ ស្រឡាញ់១ ឬនឹងកាន់ខាង១ ហើយមើលងាយ១ ដូច្នេះ អ្នករាល់គ្នាក៏បំរើព្រះផង ទ្រព្យសម្បត្តិផងពុំបានដែរ។

១៤ឯពួកផារិស៊ី ដែលជាពួកអ្នកមានចិត្តលោភ គេក៏បានស្តាប់គ្រប់សេចក្តីទាំងនោះដែរ ហើយគេចំអកឲ្យទ្រង់ ១៥នោះទ្រង់មានបន្ទូលទៅគេថា អ្នករាល់គ្នាជាពួកដែលសំដែងខ្លួនជាសុចរិត នៅចំពោះមុខមនុស្ស តែព្រះទ្រង់ជ្រាបចិត្តអ្នករាល់គ្នាហើយ ដ្បិតរបស់ណាដែលមនុស្សគាប់ចិត្តរាប់អានជាច្រើន នោះជាទីស្អប់ខ្ពើមនៅចំពោះព្រះវិញ ១៦មានក្រិត្យវិន័យ នឹងទំនាយនៃពួកហោរា ដរាបមកដល់យ៉ូហាន តាំងពីនោះមក គេបានផ្សាយដំណឹងពីនគរព្រះទួទៅ ហើយមនុស្សទាំងអស់កំពុងតែខំប្រឹងចូល ១៧ប៉ុន្តែដែលផ្ទៃមេឃ នឹងផែនដីបាត់ទៅ នោះងាយជាជាងបាត់ក្បៀស១ ក្នុងក្រិត្យវិន័យទៅទៀត។ ១៨អស់អ្នកណាដែលលែងប្រពន្ធ ទៅយក១ទៀត នោះឈ្មោះថាប្រព្រឹត្តអំពើកំផិត ហើយអស់អ្នកណាដែលយកស្ត្រីប្តីលែង នោះក៏ឈ្មោះថាប្រព្រឹត្តសេចក្តីកំផិតដែរ។

១៩មានបុរសម្នាក់មានទ្រព្យសម្បត្តិច្រើន គាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ នឹងសំពត់ទេសឯកយ៉ាងម៉ដ្ត តែងតែស៊ីលៀងដ៏ឧត្តមប្រសើររាល់តែថ្ងៃ ២០ក៏មានបុរសក្រម្នាក់ ឈ្មោះឡាសារ កើតដំបៅពេញទាំងខ្លួន គេនាំយកមកផ្តេកនៅមាត់ទ្វាររបស់អ្នកមាននោះ ២១គាត់មានប្រាថ្នាចង់ចំអែតពោះ ដោយចំណិតដែលធ្លាក់ចុះពីតុអ្នកមានមកណាស់ ក៏មានឆ្កែមកលិទ្ធដំបៅគាត់ដែរ ២២ចំណេរក្រោយមក អ្នកក្រនោះក៏ស្លាប់ទៅ ហើយពួកទេវតានាំយកគាត់ ទៅដាក់នៅស្ថានបរមសុខ នាដើមទ្រូងលោកអ័ប្រាហាំ ឯអ្នកមាននោះ ក៏ស្លាប់ទៅដែរ ហើយគេនាំយកទៅកប់ ២៣គាត់រងទុក្ខវេទនា នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបភ្នែកឡើង ឃើញលោកអ័ប្រាហាំពីចំងាយ នឹងឡាសារនៅដើមទ្រូងលោក ២៤នោះគាត់ស្រែកឡើងថា ឱលោកអ័ប្រាហាំ ជាឪពុកអើយ សូមអាណិតមេត្តាខ្ញុំផង សូមឲ្យឡាសារមកជ្រលក់ចុងម្រាមដៃទៅក្នុងទឹក ដាក់លើអណ្តាតខ្ញុំឲ្យត្រជាក់បានបន្តិចផង ដ្បិតខ្ញុំវេទនានៅក្នុងភ្លើងនេះ ២៥តែលោកអ័ប្រាហាំឆ្លើយថា កូនអើយ ចូរនឹកចាំថា កាលឯងនៅរស់នៅឡើយ ឯងបានទទួលសុទ្ធតែសេចក្តីល្អ ឯឡាសារគាត់បានតែសេចក្តីអាក្រក់ទេ ឥឡូវនេះ គាត់បានសេចក្តីកំសាន្តចិត្តវិញ ហើយឯងត្រូវវេទនា ២៦មួយវិញសោត មានជង្ហុកមួយយ៉ាងធំ តាំងនៅជាកណ្តាលយើង ហើយនឹងឯងរាល់គ្នា បានជាអស់អ្នកណា ដែលចង់ឆ្លងពីទីនេះទៅឯឯង ឬពីនោះមកឯយើង នោះមិនបានឡើយ ២៧គាត់ក៏និយាយថា លោកឪពុកអើយ បើដូច្នេះ សូមលោកចាត់ ឲ្យគាត់ទៅឯផ្ទះឪពុកខ្ញុំបន្តិច ២៨ដ្បិតខ្ញុំមានបងប្អូន៥នាក់ សូមឲ្យគាត់ទៅធ្វើបន្ទាល់ប្រាប់គេផង ក្រែងលោគេភ្លាត់មកក្នុងស្ថានវេទនានេះដែរ ២៩លោកអ័ប្រាហាំឆ្លើយថា គេមានលោកម៉ូសេ នឹងពួកហោរាហើយ ចូរឲ្យគេស្តាប់តាមលោកទាំងនោះចុះ ៣០តែគាត់ប្រកែកថា ទេ លោកអ័ប្រាហាំ ឪពុកអើយ បើមានអ្នកណាពីពួកមនុស្សស្លាប់ទៅឯគេវិញ នោះគេនឹងប្រែចិត្តជាមិនខាន ៣១លោកឆ្លើយទៅថា បើគេមិនព្រមស្តាប់លោកម៉ូសេ នឹងពួកហោរាទេ នោះទោះបើមានអ្នកណារស់ពីស្លាប់ឡើងវិញក៏ដោយ គង់តែគេមិនព្រមជឿដែរ។



១៧ ១ទ្រង់មានបន្ទូលទៅពួកសិស្សថា នឹងធ្វើឲ្យបាត់ហេតុដែលនាំឲ្យរវាតចិត្ត នោះមិនបានឡើយ តែវេទនាដល់អ្នកណាដែលបង្កើតហេតុនោះឡើង ២បើគេយកថ្មត្បាល់កិនយ៉ាងធំ ទៅចងកអ្នកនោះ ទំលាក់ចុះទៅក្នុងសមុទ្រ នោះមានប្រយោជន៍ដល់អ្នកនោះ ជាជាងទុកឲ្យនៅធ្វើហេតុនាំឲ្យកូនតូចណាមួយនេះរវាតចិត្តវិញ ៣ចូរប្រយ័តខ្លួន បើបងប្អូនធ្វើបាបនឹងអ្នក ត្រូវឲ្យអ្នកបន្ទោសដល់គាត់ បើគាត់ប្រែចិត្តមកវិញ នោះចូរអត់ទោសដល់គាត់ចុះ ៤បើគាត់ធ្វើបាបនឹងអ្នក៧ដងក្នុង១ថ្ងៃ ហើយត្រឡប់មកនិយាយនឹងអ្នក៧ដងថា ខ្ញុំប្រែចិត្តហើយ នោះត្រូវឲ្យអ្នកអត់ទោសដល់គាត់ជាកុំខាន ៥ដូច្នេះ ពួកសាវកទូលដល់ព្រះអម្ចាស់ថា សូមទ្រង់ចំរើនសេចក្តីជំនឿដល់យើងខ្ញុំទៀតផង ៦តែព្រះអម្ចាស់មានបន្ទូលថា បើអ្នករាល់គ្នាមានសេចក្តីជំនឿដូចគ្រាប់ពូជ១យ៉ាងល្អិត នោះនឹងនិយាយទៅដើមមននេះថា ចូរឯងរលើងទៅដុះក្នុងសមុទ្រទៅ នោះគង់តែនឹងស្តាប់បង្គាប់អ្នកដែរ ៧ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានបាវកំពុងតែភ្ជួរ ឬឃ្វាលសត្វលុះកាលណាវាវិលមកពីចំការ តើនឹងនិយាយទៅវាភ្លាមថា មកអង្គុយស៊ីបាយសិន ឬអី ៨គឺនឹងប្រាប់វាយ៉ាងនេះវិញទេតើ ថា ចូររៀបចំអាហារឲ្យអញ រួចក្រវាត់ខ្លួនមកបំរើអញដែលកំពុងតែស៊ី រួចសឹមឯងស៊ីជាក្រោយចុះ ៩តើចៅហ្វាយដឹងគុណបាវនោះ ដោយព្រោះវាធ្វើតាមបង្គាប់ឬដូចម្តេច ខ្ញុំយល់ថា មិនមែនទេ ១០ឯអ្នករាល់គ្នា ក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានធ្វើតាមបង្គាប់គ្រប់ជំពូកហើយ នោះត្រូវរាប់ថា យើងជាបាវបំរើឥតកំរៃដល់ម្ចាស់ទេ ដ្បិតយើងបានធ្វើត្រឹមតែការដែលយើងត្រូវធ្វើប៉ុណ្ណោះ។

១១កាលទ្រង់កំពុងឡើងទៅឯក្រុងយេរូសាឡិម នោះក៏យាងតាមព្រំដែនស្រុកសាម៉ារី ហើយនឹងស្រុកកាលីឡេ ១២លុះយាងចូលទៅក្នុងភូមិ១ ក៏មានមនុស្សឃ្លង់១០នាក់មកចួបនឹងទ្រង់ ឈរនៅពីចំងាយ ស្រែកទូលថា ១៣ឱព្រះយេស៊ូវ ជាម្ចាស់អើយ សូមមេត្តាប្រោសយើងខ្ញុំផង ១៤ទ្រង់ទតឃើញគេ ហើយក៏មានបន្ទូលថា ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួន ឲ្យពួកសង្ឃពិនិត្យមើលចុះ លុះគេកំពុងតែដើរទៅ នោះក៏បានជាស្អាតទាំងអស់គ្នា ១៥មានម្នាក់កាលឃើញថា ខ្លួនបានជាហើយ ក៏វិលមកវិញ ទាំងសរសើរដំកើងព្រះ ដោយសំឡេងជាខ្លាំង ១៦គាត់ទំលាក់ខ្លួនផ្កាប់មុខ នៅទៀបព្រះបាទព្រះយេស៊ូវ ទាំងអរព្រះគុណដល់ទ្រង់ផង អ្នកនោះជាសាសន៍សាម៉ារី ១៧ទ្រង់មានបន្ទូលសួរថា តើអ្នកទាំង១០នោះមិនបានជាស្អាតទេឬអី ចុះ៩នាក់ឯទៀតនៅឯណា ១៨តើឃើញមានតែសាសន៍ដទៃ១នេះ វិលមកសរសើរដំកើងដល់ព្រះទេឬ ១៩រួចទ្រង់មានបន្ទូលទៅអ្នកនោះថា ចូរក្រោកឡើងទៅចុះ សេចក្តីជំនឿអ្នកបានសង្គ្រោះអ្នកហើយ។

២០ឯពួកផារិស៊ី គេទូលសួរទ្រង់ពីនគរព្រះ ដែលត្រូវមកដល់នៅវេលាណា នោះទ្រង់មានបន្ទូលឆ្លើយថា នគរព្រះមិនមែនមកបែបឲ្យមើលឃើញទេ ២១គ្មានអ្នកណានឹងថា មើល នៅទីនេះ ឬថា មើលនៅទីនោះបានឡើយ ដ្បិតមើល នគរព្រះក៏នៅកណ្តាលអ្នករាល់គ្នាហើយ។

២២រួចទ្រង់មានបន្ទូលទៅពួកសិស្សថា នឹងមានគ្រាមកដល់ ដែលអ្នករាល់គ្នានឹងចង់ឃើញថ្ងៃមួយរបស់កូនមនុស្ស តែមិនឃើញទេ ២៣ហើយគេនឹងប្រាប់អ្នករាល់គ្នាថា មើល នៅទីនេះ ឬថា មើល នៅទីនោះ នោះកុំឲ្យចេញទៅតាមឡើយ ២៤ដ្បិតនៅថ្ងៃរបស់កូនមនុស្សនោះលោកនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីជើងមេឃម្ខាង ដល់ជើងមេឃម្ខាងដូច្នោះដែរ ២៥ប៉ុន្តែមុនដំបូងត្រូវឲ្យលោករងទុក្ខលំបាកជាច្រើន ហើយត្រូវមនុស្សដំណនេះ បោះបង់ចោលលោកផង ២៦នៅគ្រារបស់កូនមនុស្ស នោះនឹងកើតមានដូចជានៅជំនាន់លោកណូអេដែរ ២៧ដ្បិតនៅ ជំនាន់នោះ គេកំពុងតែស៊ីផឹករៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃលោកណូអេបានចូលទៅក្នុងទូកធំ នោះទឹកក៏ជន់មកលិចបំផ្លាញគ្រប់គ្នាទៅ ២៨ក៏ដូចជានៅជំនាន់លោកឡុតដែរ គេកំពុងតែស៊ីផឹកលក់ដូរ ដាំដំណាំ ហើយសង់ផ្ទះ ២៩តែនៅថ្ងៃដែលលោកឡុតចេញពីក្រុងសូដុំមមក នោះមានភ្លៀង ជាភ្លើងនឹងស្ពាន់ធ័រ ធ្លាក់ពីលើមេឃមក បំផ្លាញគេទាំងអស់គ្នាបង់ ៣០នៅថ្ងៃដែលកូនមនុស្សលេចមក នោះក៏នឹងកើតមានដូច្នោះដែរ ៣១ថ្ងៃនោះឯង បើអ្នកណានៅលើដំបូល ហើយមានទ្រព្យសម្បត្តិនៅក្នុងផ្ទះ នោះកុំឲ្យចុះមកយកឡើយ ឯអ្នកណាដែលនៅចំការក៏ដូច្នោះដែរ កុំឲ្យត្រឡប់មកវិញឲ្យសោះ ៣២ចូរនឹកចាំពីប្រពន្ធលោកឡុត ៣៣អ្នកណាដែលរកចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ ហើយអ្នកណាដែលបាត់ជីវិត នោះនឹងបានគង់នៅវិញ ៣៤ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ នឹងមានមនុស្ស២នាក់ដេកនៅដំណេកជាមួយគ្នា ម្នាក់នឹងបានយកទៅ ម្នាក់ត្រូវទុកនៅ ៣៥នឹងមានស្ត្រី២នាក់ កិនម្សៅជាមួយគ្នា ម្នាក់នឹងបានយកទៅ ម្នាក់ត្រូវទុកនៅ ៣៦នឹងមានមនុស្ស២នាក់នៅចំការ ម្នាក់នឹងបានយកទៅ ហើយម្នាក់ត្រូវទុកនៅ ៣៧នោះគេទូលសួរថា ព្រះអម្ចាស់អើយ តើនៅឯណា ទ្រង់មានបន្ទូលឆ្លើយថា ខ្មោចនៅកន្លែងណា ឥន្ទ្រីនឹងប្រជុំគ្នានៅទីនោះឯង។



១៨ ១នោះព្រះអម្ចាស់ទ្រង់មានបន្ទូលជាពាក្យប្រៀបប្រដូចទៅគេ ដើម្បីនឹងបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ចឥតរសាយចិត្តឡើយ ២ទ្រង់មានបន្ទូលថា នៅក្នុងក្រុង១មានចៅក្រមម្នាក់ ដែលមិនកោតខ្លាចដល់ព្រះ ក៏មិនព្រឹមញញើតចំពោះមនុស្សណាផង ៣ហើយមានស្ត្រីមេម៉ាយម្នាក់ នៅក្នុងក្រុងនោះដែរ នាងចេះតែមកនិយាយនឹងលោកនោះថា សូមលោកកាត់ទោសដល់ខ្មាំងសត្រូវឲ្យខ្ញុំផង ៤តែលោកមិនទទួលព្រមជាយូរក្រែលហើយ លុះក្រោយមកក៏គិតក្នុងចិត្តថា ទោះបើអញមិនខ្លាចដល់ព្រះ ឬព្រឹមញញើតចំពោះមនុស្សណាក៏ដោយ ៥គង់តែអញនឹងជំនុំជំរះឲ្យស្ត្រីមេម៉ាយនេះជាមិនខាន ដោយព្រោះនាងនាំឲ្យរំខានចិត្តអញខ្លាំងណាស់ ក្រែងនាងចេះតែមករំអុកជានិច្ចដូច្នេះទៅ នឹងនាំឲ្យអញពិបាកចិត្តទៅទៀត ៦នោះទ្រង់មានបន្ទូលថា ចូរពិចារណាសេចក្តី ដែលចៅក្រមទុច្ចរិតនោះនិយាយចុះ ៧ចំណែកព្រះវិញ ដែលទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដល់ពួករើសតាំងរបស់ទ្រង់ ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃនោះ តើទ្រង់មិនសងសឹកជំនួសគេដែរទេឬអី ៨ខ្ញុំប្រាប់អ្នករាល់គ្នាថា ទ្រង់នឹងសងសឹកជំនួសអ្នកទាំងនោះ ជាប្រញាប់មិនខាន ប៉ុន្តែកាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្តីជំនឿនៅផែនដីដែរឬដូចម្តេច។

៩ឯពួកអ្នកខ្លះដែលទុកចិត្តនឹងខ្លួនគេថា គេសុចរិតហើយក៏មើលងាយដល់មនុស្សឯទៀតផង នោះទ្រង់មានបន្ទូលជាពាក្យប្រៀបប្រដូចនេះថា ១០មានបុរស២នាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ មួយជាពួកផារិស៊ី មួយទៀតជាអ្នកយកពន្ធ ១១អ្នកផារិស៊ីក៏ឈរតាំងអធិស្ឋានតែម្នាក់ឯងដូច្នេះថា ឱព្រះអង្គអើយ ទូលបង្គំអរព្រះគុណដល់ទ្រង់ ព្រោះទូលបង្គំមិនដូចជាមនុស្សឯទៀត ដែលជាមនុស្សប្លន់ ទុច្ចរិត ហើយកំផិត ឬដូបជាអ្នកយកពន្ធនេះទេ ១២ទូលបង្គំតមក្នុង១អាទិត្យ២ដង ហើយក៏ថ្វាយ១ភាគក្នុង១០ ពីរបស់ទាំងអម្បាលម៉ានដែលទូលបង្គំបានចំណេញផង ១៣ឯអ្នកយកពន្ធគាត់ឈរនៅទីឆ្ងាយ មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូងទូលថា ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង ១៤ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលចុះទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាជាងអ្នក១នោះ ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើង។

១៥មានគេនាំកូនតូចៗមកឯព្រះយេស៊ូវដែរ ដើម្បីឲ្យទ្រង់បានពាល់វា តែកាលពួកសិស្សបានឃើញ នោះក៏បន្ទោសដល់គេ ១៦ប៉ុន្តែទ្រង់ហៅពួកសិស្សមកមានបន្ទូលថា ទុកឲ្យកូនតូចមកឯខ្ញុំឯណេះ កុំឃាត់វាឡើយ ព្រោះនគរព្រះមានសុទ្ធតែមនុស្សដូចវារាល់គ្នាដែរ ១៧ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលនគរព្រះ ដូចជាកូនតូចៗ នោះមិនបានចូលទៅក្នុងនគរនោះឡើយ។

១៨មាននាម៉ឺនម្នាក់ទូលសួរទ្រង់ថា ឱលោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ឲ្យបានជីវិតរស់អស់កល្បជានិច្ច ១៩ព្រះយេស៊ូវមានបន្ទូលតបថា ហេតុអ្វីបានជាអ្នកហៅខ្ញុំថា ល្អ ដូច្នេះ គ្មានអ្នកណាល្អឡើយ មានតែមួយប៉ុណ្ណោះ គឺជាព្រះ ២០អ្នកបានស្គាល់បញ្ញត្តទាំងប៉ុន្មានហើយ ដែលថា «កុំឲ្យផិតឲ្យសោះ កុំឲ្យសំឡាប់មនុស្សឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ ចូរគោរពប្រតិបត្តិដល់ឪពុក ម្តាយ» ២១តែគាត់ទូលឆ្លើយថា ខ្ញុំបានកាន់តាមសេចក្តីទាំងនេះ តាំងតែពីក្មេងមកហើយ ២២កាលព្រះយេស៊ូវបានឮដូច្នោះ នោះក៏មានបន្ទូលទៅគាត់ថា អ្នកនៅខ្វះសេចក្តី១ទៀត ដូច្នេះ ចូរទៅលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រីក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិ នៅលើស្ថានសួគ៌វិញ រួចចូរមកតាមខ្ញុំចុះ ២៣កាលគាត់បានឮសេចក្តីទាំងនេះហើយ នោះក៏កើតមានចិត្តព្រួយជាខ្លាំង ព្រោះគាត់មានសម្បត្តិទ្រព្យច្រើនណាស់។

២៤ព្រះយេស៊ូវក៏ឃើញថា គាត់កើតមានចិត្តព្រួយបានជាទ្រង់មានបន្ទូលថា មនុស្សអ្នកមានចូលទៅក្នុងនគរព្រះពិបាកណាស់ ២៥ដ្បិតដែលសត្វអូដ្ឋនឹងចូលទៅតាមប្រហោងម្ជុល នោះងាយជាជាងអ្នកមានចូលទៅក្នុងនគរព្រះទៅទៀត ២៦ពួកអ្នកដែលឮក៏ទូលសួរថា ដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ ២៧ទ្រង់មានបន្ទូលថា ការដែលមនុស្សធ្វើមិនកើត នោះព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់ ២៨នោះពេត្រុសទូលថា មើល យើងខ្ញុំបានលះចោលទាំងអស់ មកតាមទ្រង់ហើយ ២៩ទ្រង់មានបន្ទូលទៅពួកសិស្សថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានអ្នកណាដែលលះចោលផ្ទះសំបែង ឪពុកម្តាយ បងប្អូន ឬប្រពន្ធកូន ដោយយល់ដល់នគរព្រះ ៣០ឥតបានចំរើនកាន់តែច្រើនឡើង ក្នុងសម័យនេះនោះឡើយ ហើយលុះដល់បរលោកនាយ ក៏នឹងបានជីវិតរស់អស់កល្បជានិច្ចថែមទៀតផង។

៣១ទ្រង់ក៏យកពួក១២នាក់មកមានបន្ទូលថា មើលយើងរាល់គ្នានឹងឡើងទៅឯក្រុងយេរូសាឡិម នោះគ្រប់សេចក្តីដែលពួកហោរាបានចែងទុកពីកូនមនុស្ស នឹងបានសំរេចពិត ៣២ដ្បិតគេនឹងបញ្ជូនលោកទៅពួកសាសន៍ដទៃ គេនឹងសើចចំអកឲ្យ ត្មះតិះដៀល ហើយស្តោះដាក់លោក ៣៣រួចកាលគេបានវាយនឹងរំពាត់ហើយ នោះគេនឹងសំឡាប់លោកបង់ តែក្រោយ៣ថ្ងៃមក លោកនឹងរស់ឡើងវិញ ៣៤តែពួកសាវកមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ហើយគេមិនបានយល់ជាថាដូចម្តេចទេ។

៣៥កាលជិតដល់ក្រុងយេរីខូរហើយ នោះមានមនុស្សខ្វាក់ម្នាក់អង្គុយសំទាននៅមាត់ផ្លូវ ៣៦គាត់ឮសូរសន្ធឹកមនុស្សទាំងហ្វូង ដែលដើរតាមនោះក៏សួរគេថា តើមានការអ្វី ៣៧គេប្រាប់គាត់ថា គឺព្រះយេស៊ូវ ពីស្រុកណាសារ៉ែត ទ្រង់យាងមក ៣៨រួចគាត់ស្រែកឡើងថា ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង ៣៩ឯពួកអ្នកដែលដើរមុន គេកំហែងគាត់ឲ្យនៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា ឱព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង ៤០នោះព្រះយេស៊ូវទ្រង់ក៏ឈប់ ហើយបង្គាប់ឲ្យគេនាំគាត់មក កាលគាត់មកជិតហើយ នោះទ្រង់មានបន្ទូលសួរថា ៤១តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក គាត់ទូលថា ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើង ៤២ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ឲ្យភ្លឺចុះ សេចក្តីជំនឿអ្នកបានជួយសង្គ្រោះអ្នកហើយ ៤៣ស្រាប់តែភ្នែកគាត់បានភ្លឺភ្លាម ហើយគាត់ដើរតាមទ្រង់ ទាំងពណ៌នាសរសើរដំកើងព្រះ ឯមនុស្សទាំងអស់ដែលឃើញ ក៏សរសើរដល់ព្រះដែរ។



១៩ ១លុះទ្រង់បានចូលទៅក្នុងក្រុងយេរីខូរ ក៏យាងកាត់ទីក្រុងទៅ ២នោះឃើញមានបុរសអ្នកមានម្នាក់ឈ្មោះសាខេ ជាមេលើពួកអ្នកយកពន្ធ ៣គាត់ខំរកមើលព្រះយេស៊ូវ ដែលទ្រង់មានបែបភាពជាយ៉ាងណា តែមិនឃើញសោះ ដោយព្រោះមានមនុស្សសន្ធឹកណាស់ ហើយគាត់ក៏តូចទាបផង ៤ដូច្នេះ គាត់រត់ទៅពីខាងមុខ ឡើងលើដើមឧទុម្ពរឲ្យបានឃើញទ្រង់ ព្រោះទ្រង់ត្រូវយាងមកតាមនោះ ៥កាលព្រះយេស៊ូវយាងមកដល់ នោះទ្រង់ងើបព្រះនេត្រឡើងឃើញ ហើយមានបន្ទូលទៅគាត់ថា សាខេចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក ៦គាត់ក៏ចុះមកជាប្រញាប់ ហើយទទួលទ្រង់ដោយអំណរ ៧កាលមនុស្សទាំងអស់បានឃើញដូច្នោះ នោះគេរទូរទាំថា លោកបានចូលទៅស្នាក់នៅ ក្នុងផ្ទះរបស់មនុស្សមានបាប ៨ឯសាខេ ក៏ឈរទូលទ្រង់ថា មើលព្រះអម្ចាស់អើយ ទូលបង្គំចែកទ្រព្យទូលបង្គំពាក់កណ្តាលឲ្យដល់មនុស្សក្រីក្រ ហើយបើទូលបង្គំបានហូតពន្ធបំបាត់ចំពោះអ្នកណា នោះទូលបង្គំនឹងសងគេ១ជា៤វិញ ៩ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគាត់ថា ថ្ងៃនេះសេចក្តីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ពីព្រោះអ្នកនេះជាពូជលោកអ័ប្រាហាំដែរ ១០ដ្បិតកូនមនុស្សបានមក ដើម្បីនឹងរក ហើយជួយសង្គ្រោះដល់មនុស្សបាត់បង់។

១១កាលគេកំពុងតែស្តាប់សេចក្តីទាំងនោះនៅឡើយ នោះទ្រង់មានបន្ទូល ជាពាក្យប្រៀបប្រដូច១ថែមទៀត ដោយព្រោះជិតដល់ក្រុងយេរូសាឡិមហើយ គេក៏ស្មានថា នគរព្រះរៀបនឹងលេចមកភ្លាម ១២ដូច្នេះ ទ្រង់មានបន្ទូលថា មានបុរសត្រកូលខ្ពស់ម្នាក់ រៀបនឹងចេញទៅឯស្រុកឆ្ងាយ ដើម្បីគ្រងរាជ្យរួចត្រឡប់មកវិញ ១៣ក៏ហៅពួកបាវ១០នាក់ មកប្រគល់ប្រាក់១០ណែនដល់គេ ដោយថា ចូរឯងរាល់គ្នាធ្វើជំនួញ ដរាបដល់អញត្រឡប់មកវិញ ១៤ប៉ុន្តែ ពួកអ្នកស្រុករបស់លោក គេស្អប់លោកណាស់ ក៏ចាត់សារឲ្យទៅតាមក្រោយលោក ទូលថា យើងរាល់គ្នាមិនចង់ឲ្យមនុស្សនេះសោយរាជ្យលើយើងទេ ១៥លុះត្រឡប់មកវិញ ក្រោយដែលបានគ្រងរាជ្យហើយ នោះទ្រង់បង្គាប់ឲ្យហៅពួកបាវទាំងនោះ ដែលទ្រង់បានប្រគល់ប្រាក់ដល់គេឲ្យមក ដើម្បីចង់ដឹង ពីអ្នកនិមួយៗ ដែលជួញបានចំណេញប៉ុន្មានម្នាក់ ១៦អ្នកមុនដំបូងក៏មកទូលថា ព្រះអម្ចាស់អើយ ប្រាក់ណែនរបស់ទ្រង់បានចំណេញ១០ណែនទៀត ១៧រួចទ្រង់មានបន្ទូលថា ប្រពៃហើយបាវល្អអើយ ដោយព្រោះឯងមានចិត្តស្មោះចំពោះ ក្នុងការបន្តិចបន្ទួចនេះ នោះចូរឯងត្រួតលើទីក្រុង១០ចុះ ១៨អ្នកទី២ក៏មកទូលថា ព្រះអម្ចាស់អើយ ប្រាក់ណែនរបស់ទ្រង់បានចំណេញ៥ណែនទៀត ១៩រួចទ្រង់មានបន្ទូលទៅអ្នកនេះដែរថា ឯឯង ចូរឯងត្រួតលើទីក្រុង៥ចុះ ២០អ្នក១ទៀតមកទូលថា ព្រះអម្ចាស់អើយ នេះនែប្រាក់ណែនរបស់ទ្រង់ ដែលទូលបង្គំបានវេចទុកក្នុងកន្សែង ២១ដ្បិតទូលបង្គំនឹកខ្លាចទ្រង់ ព្រោះទ្រង់ជាមនុស្សប្រិតប្រៀប ទ្រង់លើកយករបស់ដែលទ្រង់មិនបានដាក់ ហើយច្រូតចំរូតដែលទ្រង់មិនបានសាបព្រោះ ២២នោះទ្រង់មានបន្ទូលទៅអ្នកនោះថា បាវអាក្រក់អើយ អញនឹងជំនុំជំរះឯង តាមសំដីឯង ចុះបើឯងដឹងថា អញជាមនុស្សប្រិតប្រៀប ទាំងលើកយករបស់ដែលអញមិនបានដាក់ ហើយច្រូតចំរូតដែលអញមិនបានសាបព្រោះ ២៣ដូច្នេះ តើហេតុអ្វីបានជាឯងមិនបានយកប្រាក់អញនោះ ទៅដាក់នៅឯផ្ទះចងការវិញ ដើម្បីដល់អញត្រឡប់មកវិញ នោះអញនឹងបានទាំងដើមទាំងការផង ២៤ទ្រង់ក៏មានបន្ទូលទៅពួកអ្នក ដែលឈរនៅមុខលោកថា ចូរដកយកប្រាក់១ណែនពីវាចេញ ហើយឲ្យដល់អ្នកដែលមាន១០ណែនវិញ ២៥(អ្នកទាំងនោះទូលទ្រង់ថា ព្រះអម្ចាស់អើយ អ្នកនោះមាន១០ណែនហើយ) ២៦ដ្បិតអញប្រាប់ឯងរាល់គ្នាថា គេនឹងឲ្យដល់អស់អ្នកណាដែលមាន តែអ្នកណាដែលគ្មាន នោះគេនឹងហូតយកទាំងរបស់ដែលអ្នកនោះមានចេញផង ២៧មួយទៀត ឯពួកខ្មាំងសត្រូវ ដែលមិនចង់ឲ្យអញសោយរាជ្យលើគេ នោះចូរនាំគេមកសំឡាប់ទាំងអស់ នៅមុខអញនេះវិញ។

២៨លុះទ្រង់មានបន្ទូលសេចក្តីទាំងនេះរួចហើយ នោះទ្រង់យាងទៅខាងមុខ ឡើងសំដៅទៅឯក្រុងយេរូសាឡិម ២៩កាលយាងទៅជិតដល់ភូមិបេតផាសេ នឹងភូមិបេថានីនៅក្បែរភ្នំ ដែលហៅថាភ្នំដើមអូលីវហើយ នោះទ្រង់ចាត់សិស្ស២នាក់ឲ្យទៅ ដោយថា ៣០ត្រូវចូលទៅក្នុងភូមិនៅខាងមុខនុ៎ះ កាលណាចូលដល់ហើយ នោះនឹងឃើញកូនលា១ គេចងទុក ដែលមិនទាន់មានអ្នកណាជិះនៅឡើយ ចូរស្រាយវាដឹកនាំមក ៣១បើអ្នកណាសួរអ្នកថា ស្រាយវាធ្វើអី នោះត្រូវឆ្លើយថា ពីព្រោះព្រះអម្ចាស់ត្រូវការនឹងវា ៣២ពួកអ្នកដែលទ្រង់បានចាត់នោះ ក៏ទៅឃើញមានដូចជាទ្រង់ប្រាប់ ៣៣កំពុងដែលគេស្រាយកូនលា ម្ចាស់វាក៏សួរថា អ្នកស្រាយវាធ្វើអី ៣៤គេឆ្លើយថា ព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា ៣៥រួចគេដឹកវាទៅ ថ្វាយព្រះយេស៊ូវ ក៏ក្រាលអាវគេលើខ្នង ហើយថ្វាយទ្រង់គង់ ៣៦កំពុងដែលទ្រង់យាងទៅ គេក៏នាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ៣៧លុះទ្រង់យាងជិតដល់ហើយ គឺត្រង់ផ្លូវចុះពីភ្នំដើមអូលីវមក នោះពួកសិស្សទ្រង់ទាំងហ្វូងចាប់តាំងមានសេចក្តីរីករាយ ក៏ពោលសរសើរដល់ព្រះ ដោយសំឡេងយ៉ាងខ្លាំង ដោយព្រោះអស់ទាំងការឫទ្ធិបារមីដែលគេបានឃើញនោះ ៣៨គឺពោលថា ស្តេចដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ សូមឲ្យបានសេចក្តីក្សេមក្សាន្តនៅស្ថានសួគ៌ នឹងសិរីល្អនៅស្ថានដ៏ខ្ពស់បំផុត ៣៩នោះពួកផារិស៊ីខ្លះ ដែលនៅក្នុងបណ្តាមនុស្ស គេទូលទ្រង់ថា លោកគ្រូ ត្រូវស្តីបន្ទោសដល់ពួកសិស្សលោកផង ៤០តែទ្រង់មានបន្ទូលទៅគេថា ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ ៤១កាលទ្រង់យាងទៅបង្កើយ នឹងឃើញទីក្រុងហើយ នោះក៏ទ្រង់ព្រះកន្សែងនឹងក្រុងនោះថា ៤២ឱឯង ឯងអើយ នៅថ្ងៃរបស់ឯងនេះ គួរណាស់តែឯងបានស្គាល់សេចក្តី ដែលសំរាប់ឲ្យឯងបានសុខសាន្តទៅអេះ ប៉ុន្តែឥឡូវនេះ សេចក្តីទាំងនោះបានកំបាំងនឹងភ្នែកឯងហើយ ៤៣ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកខ្មាំងសត្រូវឯង នឹងធ្វើបន្ទាយនៅជុំវិញឯង ព្រមទាំងឡោមព័ទ្ធ ហើយបិទផ្លូវគ្រប់ទិស ៤៤គេនឹងពង្រាបឯងឲ្យស្មើនឹងដី ព្រមទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយឲ្យនៅត្រួតលើថ្មណា នៅក្នុងឯងឡើយ ពីព្រោះឯងមិនបានស្គាល់ពេល ដែលព្រះយាងមកប្រោសឯងសោះ។

៤៥កាលទ្រង់យាងចូលដល់ក្នុងព្រះវិហារហើយ នោះទ្រង់ចាប់តាំងដេញពួកអ្នកដែលលក់ដូរចេញ ៤៦ដោយបន្ទូលថា មានសេចក្តីចែងទុកមកថា «ដំណាក់អញជាទីសំរាប់អធិស្ឋាន» តែអ្នករាល់គ្នាបានយកធ្វើជារោងចោរវិញ ៤៧ទ្រង់ក៏បង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃ តែពួកសង្គ្រាជ ពួកអាចារ្យ នឹងពួកអ្នកធំ ក្នុងបណ្តាជន គេខំស្វែងរកឱកាសនឹងបំផ្លាញទ្រង់ចេញ ៤៨តែរកហេតុអ្វីមិនបានសោះ ពីព្រោះបណ្តាជនកំពុងប្រុងស្តាប់ទ្រង់ណាស់។



២០ ១មានកាល១ថ្ងៃនោះ កំពុងដែលព្រះយេស៊ូវទ្រង់បង្រៀនដល់ពួកជន ព្រមទាំងប្រាប់ដំណឹងល្អនៅក្នុងព្រះវិហារ នោះពួកសង្គ្រាជ ពួកអាចារ្យ នឹងពួកចាស់ទុំ ក៏មកដល់ ២គេទូលទ្រង់ថា សូមប្រាប់យើងខ្ញុំ តើអ្នកធ្វើការទាំងនេះ ដោយអាងអំណាចអ្វី អ្នកណាបានបើកអំណាចនេះឲ្យអ្នក ៣តែទ្រង់មានបន្ទូលឆ្លើយថា ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្តី១ដែរ ចូរប្រាប់មកខ្ញុំសិន ៤ឯបុណ្យជ្រមុជរបស់យ៉ូហាន តើមកពីស្ថានសួគ៌ ឬពីមនុស្ស ៥គេក៏រិះគិតគ្នាថា បើយើងថា មកពីស្ថានសួគ៌ នោះវានឹងសួរ យើងវិញថា ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿគាត់ ៦តែបើយើងឆ្លើយថា មកពីមនុស្ស នោះបណ្តាជននឹងចោលយើងនឹងថ្ម ពីព្រោះគេជឿប្រាកដថា យ៉ូហាននេះជាហោរាមែន ៧រួចគេទូលឆ្លើយថា មិនដឹងជាមកពីណាទេ ៨ទ្រង់ក៏មានបន្ទូលសបដល់គេថា ដូច្នេះ ខ្ញុំមិនប្រាប់ឲ្យអ្នករាល់គ្នាដឹង ដែលខ្ញុំអាងអំណាចអ្វីនឹងធ្វើការទាំងនេះដែរ។

៩ទ្រង់ក៏ចាប់តាំងមានបន្ទូលទៅបណ្តាជន ជាពាក្យប្រដូចនេះថា មានបុរសម្នាក់បានដាំចំការទំពាំងបាយជូរ ហើយប្រវាស់ទៅឲ្យពួកអ្នកធ្វើចំការ រួចក៏ចេញពីស្រុកនោះទៅជាយូរ ១០លុះដល់រដូវហើយ គាត់ក៏ចាត់បាវទៅឯពួកធ្វើចំការ ដើម្បីឲ្យគេចែកផលទំពាំងបាយជូរមកគាត់ តែពួកអ្នកទាំងនោះ គេវាយបណ្តេញបាវនោះឲ្យមកវិញទទេ ១១គាត់ចាត់បាវ១ទៅទៀត តែគេវាយបាវនោះដែរ ទាំងដៀលត្មះ ហើយបណ្តេញឲ្យមកវិញទទេ ១២គាត់ក៏ចាត់អ្នកទី៣ឲ្យទៅទៀត តែគេវាយអ្នកនោះឲ្យមានរបួស រួចបោះចោលទៅក្រៅទៅ ១៣នោះថៅកែចំការគិតថា តើត្រូវឲ្យអញធ្វើដូចម្តេច អញនឹងចាត់កូនសំឡាញ់របស់អញឲ្យទៅទៀត ក្រែងកាលណាគេឃើញ នោះគេនឹងកោតខ្លាចដល់វា ១៤តែកាលពួកធ្វើចំការបានឃើញ នោះគេរិះគិតគ្នាថា នេះជាកូនគ្រងមរដក ចូរយើងសំឡាប់វាចោលទៅ ដើម្បីឲ្យបានមរដកមកយើងវិញ ១៥គេក៏បោះទៅក្រៅចំការ ហើយសំឡាប់ចោលទៅ ដូច្នេះ តើថៅកែចំការនោះនឹងធ្វើដូចម្តេច ១៦គឺគាត់នឹងមកបំផ្លាញដល់ពួកធ្វើចំការនោះ រួចប្រវាស់ទៅឲ្យអ្នកឯទៀតវិញ កាលបានឮសេចក្តីនោះហើយ គេក៏ទូលថា សូមកុំឲ្យបានដូច្នោះឡើយ ១៧តែទ្រង់ទតទៅគេ មានបន្ទូលថា ឯសេចក្តីដែលចែងទុកមកថា «ថ្មដែលជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក» តើមានន័យដូចម្តេច ១៨អស់អ្នកណាដែលធ្លាក់លើថ្ម នោះនឹងត្រូវបាក់បែក តែអ្នកណាដែលថ្មនោះធ្លាក់លើ នោះនឹងត្រូវកិនខ្ទេចខ្ទីទៅ ១៩នៅវេលានោះឯង ពួកសង្គ្រាជ នឹងពួកអាចារ្យក៏រកចាប់ទ្រង់ ដ្បិតគេដឹងថា ទ្រង់មានបន្ទូលពាក្យប្រៀបនោះដាក់គេ តែគេនឹកខ្លាចបណ្តាជន។

២០គេឃ្លាំមើលទ្រង់ ហើយក៏ចាត់ពួកសំងាត់ខ្លះទៅដែលធ្វើឫកជាត្រឹមត្រូវ ដើម្បីនឹងចាប់ទ្រង់ ដោយនូវព្រះបន្ទូល ប្រយោជន៍នឹងបញ្ជូនទ្រង់ទៅក្នុងកំឡាំង នឹងអំណាចនៃចៅហ្វាយខេត្ត ២១អ្នកទាំងនោះទូលសួរទ្រង់ថា លោកគ្រូ យើងខ្ញុំដឹងថា លោកមានប្រសាសន៍ ហើយបង្រៀន សុទ្ធតែដោយត្រឹមត្រូវទាំងអស់ ហើយលោកមិនយល់មុខអ្នកណាសោះ លោកបង្រៀនពីផ្លូវព្រះ តាមតែសេចក្តីពិត ២២ដូច្នេះ តើបើកឲ្យយើងខ្ញុំបង់ពន្ធថ្វាយសេសារឬទេ ២៣តែទ្រង់ជ្រាបឧបាយកលរបស់គេ ក៏មានបន្ទូលថា ហេតុអ្វីបានជាល្បងលខ្ញុំដូច្នេះ ២៤ចូរបង្ហាញកាក់ធំ១មកឲ្យខ្ញុំមើល តើមានរូប នឹងឈ្មោះនេះ ជារបស់អ្នកណា គេទូលឆ្លើយថា ជារបស់សេសារ ២៥នោះទ្រង់មានបន្ទូលថា បើដូច្នេះ ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះទៅព្រះវិញ ២៦ខណនោះ គេចាប់ព្រះបន្ទូលទ្រង់នៅមុខជនទាំងឡាយមិនបាន ហើយក៏ស្ងៀមនៅ ដោយអស្ចារ្យពីចំឡើយរបស់ទ្រង់។

២៧នោះមានពួកសាឌូស៊ីខ្លះ ដែលប្រកាន់ថា គ្មានសេចក្តីរស់ឡើងវិញ គេមកទូលសួរដល់ព្រះយេស៊ូវថា ២៨លោកគ្រូ លោកម៉ូសេបានចែងទុកឲ្យយើងខ្ញុំថា បើបងអ្នកណាមានប្រពន្ធ ហើយស្លាប់ទៅឥតមានកូន នោះប្អូនត្រូវយកនាងនោះ ដើម្បីនឹងបង្កើតពូជឲ្យបង ២៩ដូច្នេះ មានបងប្អូន៧នាក់ បងច្បងបានយកប្រពន្ធ ហើយស្លាប់ទៅគ្មានកូនសោះ ៣០ប្អូនបន្ទាប់ក៏យកនាង ហើយស្លាប់ទៅឥតកូនដែរ ៣១អ្នកទី៣ក៏យកនាងទៀត បណ្តាទាំង៧នាក់នោះក៏យកនាងគ្រប់ៗគ្នា ហើយស្លាប់ទៅឥតមានកូនដូចគ្នាទាំងអស់ ៣២ក្រោយបង្អស់មក នាងនោះស្លាប់ទៅដែរ ៣៣ដូច្នេះ ដល់គ្រាដែលរស់ឡើងវិញ តើនាងនោះនឹងធ្វើជាប្រពន្ធរបស់អ្នកណា ដ្បិតអ្នកទាំង៧នោះបានយកនាងធ្វើជាប្រពន្ធគ្រប់ៗគ្នា ៣៤នោះទ្រង់មានបន្ទូលឆ្លើយថា ធម្មតាមនុស្សនៅលោកីយនេះ គេតែងយកប្តីប្រពន្ធ ៣៥តែអស់អ្នកដែលបានរាប់ជាគួរ ឲ្យបានទៅឯបរលោកនាយ ហើយឲ្យបានរស់ពីស្លាប់ឡើងវិញ នៅស្ថាននោះគេមិនដែលយកប្តីប្រពន្ធទៀតទេ ៣៦ពីព្រោះគេមិនចេះស្លាប់ទៀត គឺដូចជាទេវតា ហើយជាពួកកូនរបស់ព្រះផង ដោយបានរស់ពីស្លាប់ឡើងវិញ ៣៧រីឯដំណើរដែលមនុស្សរស់ពីស្លាប់ឡើងវិញ នោះទាំងលោកម៉ូសេក៏បានបង្ហាញ ក្នុងរឿងពីគុម្ពបន្លាហើយ ក្នុងកាលដែលលោកហៅព្រះអម្ចាស់ ថាជាព្រះនៃលោកអ័ប្រាហាំ នៃលោកអ៊ីសាក ហើយនៃលោកយ៉ាកុប ៣៨ដ្បិតទ្រង់មិនមែនជាព្រះនៃមនុស្សស្លាប់ទេ គឺជាព្រះនៃមនុស្សរស់វិញ ព្រោះមនុស្សទាំងអស់រស់សំរាប់ទ្រង់ ៣៩នោះមានពួកអាចារ្យខ្លះឆ្លើយឡើងថា លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ ៤០រួចគេមិនហ៊ានទូលសួរទ្រង់ទៀតឡើយ។

៤១ទ្រង់ក៏មានបន្ទូលសួរគេថា ដូចម្តេចបានជាគេថា ព្រះគ្រីស្ទជាព្រះវង្សហ្លួងដាវីឌ ៤២ព្រោះហ្វូងដាវីឌនោះឯងទ្រង់បា់នមានបន្ទូលក្នុងគម្ពីរទំនុកដំកើងថា “ព្រះអម្ចាស់ទ្រង់មានបន្ទូលទៅព្រះអម្ចាស់ខ្ញុំថា ចូរឯងអង្គុយខាងស្តាំអញ ៤៣ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯង ឲ្យធ្វើជ្វាកំណល់កល់ជើងឯង” ៤៤ដូច្នេះ បើហ្លួងដាវីឌនោះឯង ទ្រង់ហៅព្រះគ្រីស្ទជាព្រះអម្ចាស់ នោះធ្វើដូចម្តេចឲ្យព្រះគ្រីស្ទធ្វើជាព្រះវង្សទ្រង់បាន។

៤៥កាលបណ្តាជនកំពុងតែស្តាប់ទ្រង់ នោះទ្រង់មានបន្ទូលទៅពួកសិស្សថា ៤៦ចូរប្រុងប្រយ័តនឹងពួកអាចារ្យ ដែលគេចូលចិត្តពាក់អាវវែងដើរចុះឡើង ក៏គាប់ចិត្តឲ្យមនុស្សគំនាប់គេនៅទីផ្សារ ហើយចង់អង្គុយកន្លែងមុខគេក្នុងសាលាប្រជុំ នឹងកន្លែងដ៏ប្រសើរបំផុត ក្នុងការស៊ីលៀង ៤៧តែគេឆស៊ីផ្ទះស្រីមេម៉ាយ ទាំងដោះសាខ្លួន ដោយសូត្រធម៌ឲ្យច្រើន អ្នកទាំងនោះឯងនឹងត្រូវទោសធ្ងន់ជាងទៅទៀត។



២១ ១នោះទ្រង់ក្រឡេកព្រះនេត្រទតទៅ ឃើញពួកអ្នកមាន កំពុងតែដាក់ប្រាក់ដង្វាយក្នុងឃ្លាំង ២ទ្រង់ក៏ឃើញស្រីមេម៉ាយក្រម្នាក់ ដាក់ថ្វាយតែ២ស្លឹងគត់ ៣រួចទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្រីមេម៉ាយទ័លក្រនេះបានដាក់ដង្វាយលើសជាងគេទាំងអស់ ៤ដ្បិតអ្នកទាំងនោះ សុទ្ធតែយកពីរបស់សំណល់ខ្លួន មកថ្វាយ តែឯស្ត្រីនេះ នាងបានយកពីសេចក្តីកំសត់របស់ខ្លួនមកថ្វាយវិញ គឺនាងបានថ្វាយរបស់ទាំងប៉ុន្មាន ដែលមានសំរាប់នឹងចិញ្ជឹមជីវិតខ្លួនផង។

៥កាលអ្នកខ្លះកំពុងតែនិយាយពីព្រះវិហារ ដែលធ្វើនឹងថ្មយ៉ាងល្អ ហើយតាក់តែងដោយដង្វាយទាំងប៉ុន្មាន នោះទ្រង់មានបន្ទូលថា ៦ឯរបស់ទាំងនេះ ដែលអ្នករាល់គ្នាកំពុងតែមើល នោះនឹងមានថ្ងៃមកដល់ ដែលនឹងគ្មានថ្មនៅត្រួតលើថ្មទៀត ឥតត្រូវទំលាក់ចុះនោះទេ ៧នោះគេទូលសួរទ្រង់ថា លោកគ្រូ តើកាលណាការទាំងនេះនឹងកើតឡើង តើ មានទីសំគាល់ណា ឲ្យដឹងក្នុងកាលដែលការទាំងនេះជិតមកដល់ ៨ទ្រង់មានបន្ទូលថា ចូរប្រយ័តក្រែងអ្នកណានាំឲ្យអ្នករាល់គ្នាវង្វេង ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំ មកនិយាយថា គឺខ្ញុំនេះហើយ ក៏នឹងថា វេលាជិតដល់ហើយ ដូច្នេះ កុំឲ្យទៅតាមគេឡើយ ៩កាលណាអ្នករាល់គ្នាឮនិយាយពីចំបាំង នឹងចលាចល នោះកុំឲ្យភ័យស្លុតឡើយ ដ្បិតការទាំងនោះត្រូវតែមកជាមុន តែនោះពុំទាន់ដល់ចុងបំផុតជាឆាប់ម៉្លេះទេ។

១០ទ្រង់ក៏មានបន្ទូលទៅគេថា សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ ហើយនគរ១ទាស់នឹងនគរ១ ១១ក៏នឹងមានកក្រើកដីជាខ្លាំង នឹងអំណត់ ហើយអាសន្នរោគនៅកន្លែងផ្សេងៗ ទាំងមានហេតុនាំឲ្យភ័យនឹងទីសំគាល់យ៉ាងធំពីលើមេឃផង ១២តែមុនការទាំងនោះ គេនឹងចាប់អ្នករាល់គ្នាធ្វើទុក្ខ បញ្ជូនទៅសាលាប្រជុំ ហើយដាក់គុក ព្រមទាំងនាំអ្នករាល់គ្នាទៅចំពោះស្តេច នឹងចៅហ្វាយខេត្ត ដោយព្រោះឈ្មោះខ្ញុំផង ១៣ប៉ុន្តែការនោះនឹងត្រឡប់ប្រែជាឱកាស ឲ្យអ្នករាល់គ្នាធ្វើបន្ទាល់វិញ ១៤ដូច្នេះ ចូរសំរេចក្នុងចិត្តថា អ្នករាល់គ្នានឹងមិនគិតជាមុន អំពីពាក្យ ដែលត្រូវដោះសាទេ ១៥ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ ហើយនឹងប្រាជ្ញាវិញ ដែលពួកអ្នកតតាំងពុំអាចនឹងឆ្លើយឆ្លង ឬទទឹងទាស់បានឡើយ ១៦ប៉ុន្តែទោះទាំងឪពុកម្តាយ បងប្អូន ញាតិសន្តាន ហើយមិត្រសំឡាញ់ក៏នឹងបញ្ជូនអ្នករាល់គ្នា ហើយនឹងសំឡាប់អ្នករាល់គ្នាខ្លះដែរ ១៧មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ ១៨តែសូម្បីសក់១សរសៃលើក្បាលអ្នករាល់គ្នា ក៏មិនត្រូវវិនាសបាត់ផង ១៩អ្នករាល់គ្នានឹងបានជីវិតគង់នៅវិញ ដោយមានចិត្តខ្ជាប់ខ្ជួន។

២០ប៉ុន្តែកាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា សេចក្តីហិនវិនាសនៃក្រុងនោះជិតដល់ហើយ ២១គ្រានោះ ត្រូវឲ្យអស់អ្នកនៅស្រុកយូដារត់ទៅឯភ្នំ ហើយពួកអ្នកនៅកណ្តាលទីក្រុង ត្រូវរត់ចេញទៅឲ្យផុត ក៏កុំឲ្យពួកអ្នកដែលនៅស្រុកស្រែ ចូលទៅក្នុងទីក្រុងឡើយ ២២ដ្បិតគ្រានោះជាគ្រាសងសឹក ដើម្បីនឹងសំរេចតាមគ្រប់ទាំងសេចក្តីដែលបានចែងទុកមក ២៣ឯពួកស្រីៗដែលមានផ្ទៃពោះ ហើយពួកដែលបំបៅកូន នៅគ្រានោះ នឹងវេទនាណាស់ ដ្បិតនឹងមានសេចក្តីវេទនាជាខ្លាំងនៅក្នុងស្រុក ហើយនឹងសេចក្តីក្រោធដល់បណ្តាជននេះ ២៤គេនឹងដួលនៅក្រោមមុខដាវ ហើយនឹងត្រូវដឹកនាំទៅជាឈ្លើយ ដល់អស់ទាំងនគរ ក្រុងយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លើ ដរាបដល់គ្រារបស់សាសន៍ដទៃបានសំរេច។

២៥កាលណោះ នឹងមានទីសំគាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះច័ន្ទ នឹងក្នុងអស់ទាំងផ្កាយ ហើយនៅលើផែនដី នឹងមានសេចក្តីលំបាកនៅគ្រប់ទាំងសាសន៍ នឹងសេចក្តីទ័លគំនិត ដោយព្រោះសូរសន្ធឹករបស់សមុទ្រ នឹងរលក ២៦មនុស្សនឹងស្រយុតចិត្តដោយភ័យ ហើយដោយទន្ទឹងចាំការដែលត្រូវមកលើផែនដី ដ្បិតអស់ទាំងអំណាចនៅលើមេឃ នឹងត្រូវកក្រើករំពើក ២៧នោះគេនឹងឃើញកូនមនុស្សមកលើពពក មានទាំងព្រះចេស្តា នឹងសិរីល្អជាខ្លាំង ២៨កាលណាការទាំងនេះចាប់តាំងកើតមក នោះឲ្យអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះសេចក្តីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ។

២៩រួចទ្រង់មានបន្ទូលជាពាក្យប្រៀបប្រដូច ទៅគេថា ចូរមើលដើមល្វា នឹងអស់ទាំងដើមឈើចុះ ៣០កាលណាវាលាស់ឡើង នោះអ្នករាល់គ្នាយល់ឃើញដោយខ្លួនឯងថា រដូវក្តៅជិតដល់ហើយ ៣១កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតមក នោះត្រូវដឹងថា នគរព្រះជិតដល់ហើយ យ៉ាងដូច្នោះដែរ ៣២ខ្ញុំក៏ប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សដំណនេះនឹងមិនទាន់កន្លងហួសបាត់ទៅឡើយ ទាល់តែគ្រប់ការទាំងនេះបានកើតមក ៣៣ឯផ្ទៃមេឃ នឹងផែនដី នោះនឹងកន្លងបាត់ទៅ តែឯពាក្យខ្ញុំ មិនដែលកន្លងបាត់ឡើយ ៣៤ចូរអ្នករាល់គ្នាប្រយ័តខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកនូវសេចក្តីវក់នឹងស៊ីផឹក ហើយនឹងសេចក្តីខ្វល់ខ្វាយនៅជីវិត នោះលោតែថ្ងៃនោះមកដល់អ្នករាល់គ្នាភ្លាម ៣៥ដ្បិតថ្ងៃនោះនឹងមកដូចជាលប់ គ្របលើអស់ទាំងមនុស្សដែលនៅគ្រប់លើផែនដី ៣៦ដូច្នេះ ចូរចាំយាមចុះ ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យបានរាប់ជាគួរ នឹងរួចពីការទាំងនេះដែលត្រូវមក ហើយឲ្យបានឈរនៅមុខកូនមនុស្សផង។ ៣៧នៅពេលថ្ងៃ ទ្រង់តែងបង្រៀនក្នុងព្រះវិហារ លុះដល់ពេលយប់ ទ្រង់តែងតែយាងចេញទៅស្នាក់នៅលើភ្នំដែលហៅថា ភ្នំដើមអូលីវ ៣៨ព្រលឹមៗឡើង បណ្តាជនក៏មកស្តាប់ទ្រង់នៅក្នុងព្រះវិហារជានិច្ច។



២២ ១រីឯបុណ្យនំប៉័ងឥតដំបែ ដែលហៅថា បុណ្យរំលង នោះក៏ជិតមកដល់ ២ហើយពួកសង្គ្រាជ នឹងពួកអាចារ្យ គេរកវិធីយ៉ាងណានឹងសំឡាប់ទ្រង់ចេញ ព្រោះគេខ្លាចបណ្តាជន ៣នោះអារក្សសាតាំងវាចូលយូដាសដែលហៅថា អ៊ីស្ការីយ៉ុត ជាម្នាក់ក្នុងពួក១២ ៤រួចវាទៅនិយាយនឹងពួកសង្គ្រាជ ហើយពួកមេទ័ពរក្សាព្រះវិហារ ពីបែបដែលនឹងបញ្ជូនទ្រង់ឲ្យដល់គេ ៥គេក៏ត្រេកអរណាស់ ហើយសន្យានឹងឲ្យប្រាក់ដល់វា ៦វាយល់ព្រម រួចក៏ទៅរកឱកាសនឹងបញ្ជូនទ្រង់ដល់គេ ក្នុងកាលដែលឃ្លាតពីបណ្តាមនុស្ស។

៧ឯថ្ងៃបុណ្យនំប៉័ងឥតដំបែក៏មកដល់ គឺជាថ្ងៃដែលគេត្រូវសំឡាប់កូនចៀមធ្វើបុណ្យរំលង ៨នោះទ្រង់ចាត់ពេត្រុស នឹងយ៉ូហានឲ្យទៅ ដោយបន្ទូលថា ចូរទៅរៀបចំបុណ្យរំលងសំរាប់យើងរាល់គ្នាបរិភោគ ៩តែគេទូលសួរថា តើទ្រង់សព្វព្រះហឫទ័យ ឲ្យយើងខ្ញុំរៀបចំនៅកន្លែងណា ១០ទ្រង់ក៏ប្រាប់ថា មើល កាលណាចូលទៅក្នុងទីក្រុង នោះនឹងឃើញមនុស្សម្នាក់កំពុងតែលីក្អមទឹក ចូរតាមអ្នកនោះ ទៅក្នុងផ្ទះណាដែលគាត់ចូល ១១ហើយនិយាយនឹងម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍សួរមកអ្នកថា តើបន្ទប់ដែលខ្ញុំនឹងទទួលទានបុណ្យរំលង ជាមួយនឹងពួកសិស្សខ្ញុំនៅឯណា ១២នោះគាត់នឹងបង្ហាញបន្ទប់១ធំនៅខាងលើ ដែលមានគ្រប់ប្រដាប់ប្រដា ចូររៀបចំនៅទីនោះចុះ ១៣គេក៏ទៅឃើញ ដូចជាទ្រង់បានមានបន្ទូល ហើយគេរៀបចំបុណ្យរំលង។

១៤លុះដល់ពេលហើយ ទ្រង់ក៏គង់នៅតុជាមួយនឹងពួកសាវក ១៥ទ្រង់មានបន្ទូលថា មុនដែលខ្ញុំរងទុក្ខលំបាកខ្ញុំបានចង់ទទួលទានបុណ្យរំលងនេះ ជាមួយនឹងអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត ១៦ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថ្នា ខ្ញុំមិនបានទទួលទានបុណ្យនេះទៀតទេ ទាល់តែបុណ្យនេះបានសំរេចនៅក្នុងនគរព្រះវិញ ១៧កាលទ្រង់បានទទួលពែងនោះ ក៏អរព្រះគុណ រួចមានបន្ទូលថា ចូរយកពែងនេះចែកគ្នាផឹក ១៨ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់នគរព្រះបានមកដល់ ១៩រួចទ្រង់ក៏យកនំប៉័ងមកអរព្រះគុណ ហើយកាច់ប្រទានទៅគេ ដោយបន្ទូលថា នេះហើយជារូបកាយខ្ញុំ ដែលបានប្រទានមកសំរាប់អ្នករាល់គ្នា ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ ២០ក្រោយដែលបានបរិភោគហើយ នោះទ្រង់យកពែងមកធ្វើបែបដូច្នោះដែរ ដោយបន្ទូលថា ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយនូវឈាមខ្ញុំ គឺជាឈាមដែលត្រូវច្រួចចេញសំរាប់អ្នករាល់គ្នា ២១មួយទៀត មើលដៃនៃអ្នកដែលបញ្ជូនខ្ញុំ ក៏នៅតុជាមួយនឹងខ្ញុំដែរ ២២កូនមនុស្សត្រូវទៅមែន តាមសេចក្តីដែលសំរេចមក ប៉ុន្តែវេទនាដល់មនុស្សនោះ ដែលបញ្ជូនខ្ញុំទៅ ២៣នោះគេចាប់តាំងសួរគ្នាទៅវិញទៅមក ពីអ្នកណាក្នុងពួកគេ ដែលនឹងធ្វើការនោះ។

២៤គេក៏កើតមានសេចក្តីទាស់ទែងគ្នា អំពីអ្នកណាដែលរាប់ជាធំជាងគេ ២៥តែទ្រង់មានបន្ទូលថា អស់ទាំងស្តេចនៃសាសន៍ដទៃ គេតែងសោយរាជ្យលើបណ្តារាស្ត្រ ហើយបណ្តាជនហៅពួកអ្នកមានអំណាចលើគេ ថាជាអ្នកមានគុណដែរ ២៦ប៉ុន្តែ មិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ ឯអ្នកណាដែលធំជាងគេ ក្នុងពួកអ្នករាល់គ្នា នោះត្រូវប្រព្រឹត្តដូចជាតូចជាងគេវិញ ហើយអ្នកណាដែលនាំមុខគេ នោះដូចជាអ្នកបំរើដែរ ២៧ដ្បិតតើអ្នកណាធំជាង អ្នកដែលអង្គុយនៅតុ ឬអ្នកដែលបំរើ តើមិនមែនជាអ្នកដែលអង្គុយនៅតុទេឬអី ប៉ុន្តែ ខ្ញុំនៅកណ្តាលពួកអ្នករាល់គ្នា ទុកដូចជាអ្នកបំរើវិញ ២៨ឯអ្នករាល់គ្នា គឺជាពួកដែលបានកាន់ខ្ជាប់ជាមួយនឹងខ្ញុំ ក្នុងអស់ទាំងសេចក្តីល្បងលខ្ញុំ ២៩ខ្ញុំក៏ដំរូវនគរ១ឲ្យអ្នករាល់គ្នា ដូចជាព្រះវរបិតានៃខ្ញុំបានដំរូវនគរឲ្យខ្ញុំដែរ ៣០ដើម្បីឲ្យអ្នករាល់គ្នា បានបរិភោគនៅតុខ្ញុំ ក្នុងនគររបស់ខ្ញុំ ហើយឲ្យបានអង្គុយលើបល្ល័ង្ក ជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំង១២ផង។

៣១ព្រះអម្ចាស់ក៏មានបន្ទូលថា ស៊ីម៉ូនៗអើយ មើលសាតាំងបានសូមចង់បានអ្នករាល់គ្នា ប្រយោជន៍នឹងរែងអ្នករាល់គ្នា ដូចជារែងអង្ករ ៣២ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្តីជំនឿរបស់អ្នកវិនាសបាត់ឡើយ កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង ៣៣តែគាត់ទូលទ្រង់ថា ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបជាស្រេច នឹងទៅជាមួយនឹងទ្រង់ដែរ ទោះបើជាប់គុក ឬដល់ស្លាប់ក្តី ៣៤នោះទ្រង់មានបន្ទូលថា ពេត្រុសអើយ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះ មាន់មិនរងាវឡើយ ទាល់តែអ្នកបានប្រកែក៣ដងថា មិនស្គាល់ខ្ញុំ។

៣៥រួចមក ទ្រង់មានបន្ទូលទៅពួកសិស្សទាំងអស់ថា កាលខ្ញុំចាត់អ្នករាល់គ្នា ឲ្យទៅឥតកាបូប ឥតយាម ហើយឥតស្បែកជើង នោះតើមានខ្វះអ្វីឬទេ គេទូលឆ្លើយថា គ្មានខ្វះអ្វីទេ ៣៦ដូច្នេះ ទ្រង់មានបន្ទូលថា ឥឡូវនេះវិញអ្នកណាដែលមានកាបូប មានយាម នោះត្រូវតែយកទៅកុំខាន ហើយអ្នកណាដែលគ្មានដាវ ក៏ឲ្យអ្នកនោះលក់អាវខ្លួនទៅទិញមួយមក ៣៧ខ្ញុំប្រាប់អ្នករាល់គ្នាថា សេចក្តីនេះ ដែលបានចែងទុកមកថា «គេបានរាប់ទ្រង់ ជាពួកទទឹងច្បាប់» នោះត្រូវសំរេចលើខ្លួនខ្ញុំ ដ្បិតគ្រប់សេចក្តីដែលដំរូវមកខ្ញុំ ត្រូវតែបានសំរេចទាំងអស់ ៣៨រួចគេទូលថា ព្រះអម្ចាស់អើយ មើល នេះមានដាវ២ហើយ ទ្រង់ក៏មានបន្ទូលថា អើ ល្មមហើយ។

៣៩កាលទ្រង់យាងចេញទៅ នោះទ្រង់ទៅឯភ្នំដើមអូលីវ តាមទំលាប់ ហើយពួកសិស្សក៏តាមទៅដែរ ៤០លុះដល់កន្លែងហើយ ទ្រង់មានបន្ទូលថា ចូរអធិស្ឋានទៅ ដើម្បីកុំឲ្យត្រូវសេចក្តីល្បួងឡើយ ៤១រួចទ្រង់ថយចេញពីគេទៅ ចំងាយទីប្រហែលជាគេចោលថ្ម១ទំហឹងដៃ ក៏លុតព្រះជង្ឃក្រាបចុះអធិស្ឋានថា ៤២ឱព្រះវបិតាអើយ បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ ៤៣នោះមានទេវតាលេចមកឯទ្រង់អំពីស្ថានសួគ៌ មកចំរើនកំឡាំងថ្វាយ ៤៤ហើយដោយទ្រង់កើតទុក្ខជាខ្លាំងបានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗស្រក់ទៅដី ៤៥រួចទ្រង់ក្រោកពីទីអធិស្ឋាន វិលទៅឯពួកសិស្សវិញ ក៏ឃើញគេដេកលក់ដោយព្រួយចិត្ត ៤៦ទ្រង់មានបន្ទូលថា ហេតុអ្វីបានជាដេកលក់ដូច្នេះ ចូរក្រោកឡើងអធិស្ឋានចុះ ដើម្បីកុំឲ្យត្រូវសេចក្តីល្បួងឡើយ។

៤៧កំពុងដែលព្រះយេស៊ូវ ទ្រង់មានបន្ទូលនៅឡើយ នោះឃើញមានមនុស្សទាំងហ្វូងមក ហើយអ្នកដែលមានឈ្មោះយូដាស ជាម្នាក់ក្នុងពួក១២ ក៏នាំមុខគេ វាចូលមកជិត ដើម្បីថើបព្រះយេស៊ូវ ៤៨តែទ្រង់មានបន្ទូលទៅវាថា យូដាសអើយ អ្នកបញ្ជូនកូនមនុស្សទៅ ដោយថើប១ខ្សឺតឬអី ៤៩កាលពួកអ្នកដែលនៅជុំវិញទ្រង់ ឃើញការដែលហៀបនឹងកើតមកដូច្នេះ នោះក៏ទូលទ្រង់ថា ព្រះអម្ចាស់អើយ តើត្រូវឲ្យយើងខ្ញុំកាប់នឹងដាវឬអី ៥០មានម្នាក់ក្នុងពួកគេ ក៏កាប់ដាច់ត្រចៀកស្តាំរបស់បាវសំដេចសង្ឃម្នាក់ ៥១ព្រះយេស៊ូវមានបន្ទូលថា ចូរឈប់ប៉ុណ្ណឹងចុះ រួចទ្រង់ពាល់ត្រចៀកអ្នកនោះឲ្យជាវិញ ៥២នោះព្រះយេស៊ូវមានបន្ទូលទៅពួកសង្គ្រាជ ពួកមេទ័ពរក្សាព្រះវិហារ និងពួកចាស់ទុំដែលមកចាប់ទ្រង់ថា តើអ្នករាល់គ្នាចេញមកទាំងកាន់ដាវកាន់ដំបង ដូចជាមកចាប់ចោរឬអី ៥៣កាលខ្ញុំនៅជាមួយ នឹងអ្នករាល់គ្នា ក្នុងព្រះវិហាររាល់តែថ្ងៃ នោះអ្នករាល់គ្នាមិនបានលូកដៃមកចាប់ខ្ញុំសោះ ប៉ុន្តែ នេះជាពេលវេលារបស់ផងអ្នករាល់គ្នាទេ ហើយជាអំណាចនៃសេចក្តីងងឹតផង។

៥៤គេក៏ចាប់ទ្រង់ដឹកនាំទៅដល់ដំណាក់សំដេចសង្ឃ ឯពេត្រុស គាត់តាមទៅពីចំងាយដែរ ៥៥កាលគេបានបង្កាត់ភ្លើងនៅកណ្តាលព្រះលាន ហើយអង្គុយជាមួយគ្នា នោះពេត្រុសក៏អង្គុយជាមួយនឹងគេដែរ ៥៦មានស្រីបំរើម្នាក់ឃើញគាត់អង្គុយនៅជិតភ្លើង ក៏សំឡឹងមើល ហើយនិយាយថា អ្នកនេះបាននៅជាមួយនឹងមនុស្សនោះដែរ ៥៧តែគាត់ប្រកែកថា នាងអើយ ខ្ញុំមិនស្គាល់មនុស្សនោះទេ ៥៨ក្រោយបន្តិចមក មានម្នាក់ទៀតឃើញគាត់ហើយក៏ថា អ្នកឯងជាពួកនោះដែរ តែពេត្រុសឆ្លើយថា អ្នកអើយ ខ្ញុំមិនមែនទេ ៥៩រួចប្រហែលជា១ម៉ោងក្រោយមក មានម្នាក់ទៀតថា អ្នកនេះប្រាកដជាបាននៅជាមួយនឹងមនុស្សនោះដែរ ដ្បិតជាសាសន៍កាលីឡេដូចគ្នា ៦០តែពេត្រុសប្រកែកថា អ្នកអើយ ខ្ញុំមិនដឹងជាអ្នកថា ដូម្តេចទេ កាលគាត់កំពុងតែនិយាយនៅឡើយ នោះស្រាប់តែមាន់រងាវឡើង ៦១ហើយព្រះអម្ចាស់ទ្រង់បែរមកទតមើលពេត្រុស នោះពេត្រុសក៏នឹកឃើញ ពីព្រះបន្ទូលនៃព្រះអម្ទាស់ ដែលមានបន្ទូលនឹងគាត់ថា មុនដែលមាន់រងាវ នោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ ៦២រួចគាត់ចេញទៅក្រៅដោយយំក្តួល។ ៦៣ឯពួកមនុស្សដែលរក្សាព្រះយេស៊ូវ គេចំអកឲ្យហើយ វាយទ្រង់ ៦៤ក៏ខ្ទប់ព្រះនេត្រ ហើយទះកំផ្លៀងទ្រង់ដោយទូលថា ចូរទាយចុះ តើអ្នកណាបានទះឯង ៦៥គេក៏ពោលពាក្យប្រមាថទ្រង់ជាច្រើនទៅទៀតដែរ។

៦៦ដល់ព្រឹកឡើង នោះពួកចាស់ទុំនៃបណ្តាជន ព្រមទាំងពួកសង្គ្រាជនឹងពួកអាចារ្យក៏ប្រជុំគ្នា ហើយគេនាំទ្រង់មកក្នុងក្រុមជំនុំ សួរថា ៦៧បើឯងជាព្រះគ្រីស្ទមែន ចូរប្រាប់មកយើងចុះ តែទ្រង់មានបន្ទូលទៅគេថា បើសិនជាខ្ញុំជំរាបដល់លោករាល់គ្នា នោះលោកក៏មិនព្រមជឿ ៦៨ហើយបើខ្ញុំសួរលោកវិញ នោះក៏មិនព្រមឆ្លើយមកខ្ញុំ ឬលែងឲ្យខ្ញុំទៅដែរ ៦៩អំណឹះទៅមុខ កូនមនុស្សនឹងអង្គុយខាងស្តាំព្រះចេស្តានៃព្រះ ៧០នោះទាំងអស់គ្នានិយាយឡើងថា ដូច្នេះ ឯងជាព្រះរាជបុត្រានៃព្រះមែនឬអី ទ្រង់មានបន្ទូលឆ្លើយថា លោករាល់គ្នាមានប្រសាសន៍ដូច្នោះ នោះគឺខ្ញុំនេះហើយ ៧១គេក៏និយាយថា តើចាំបាច់ត្រូវការនឹងទីបន្ទាល់អ្វីទៀត ព្រោះយើងបានឮចេញពីមាត់ខ្លួនវាមកស្រាប់ហើយ។



២៣ ១បណ្តាមនុស្សទាំងអស់គ្នា ក៏ក្រោកឡើង នាំទ្រង់ទៅឯលោកពីឡាត់ ២ចាប់តាំងចោទប្រកាន់ទ្រង់ថា យើងខ្ញុំបានឃើញមនុស្សនេះ នាំបំភាន់សាសន៍យើងឲ្យវង្វេងចេញ ក៏ហាមមិនឲ្យបង់ពន្ធថ្វាយសេសារផង ដោយលើកខ្លួនថា ជាព្រះគ្រីស្ទ គឺជាស្តេចដែរ ៣លោកពីឡាត់ក៏ពិចារណាសួរទ្រង់ថា តើអ្នកជាស្តេចសាសន៍យូដាមែនឬអី ទ្រង់ឆ្លើយថា ត្រូវដូចលោកមានប្រសាសន៍ហើយ ៤នោះលោកពីឡាត់មានប្រសាសន៍ដល់ពួកសង្គ្រាជ នឹងបណ្តាមនុស្សថា ខ្ញុំមិនឃើញជាមនុស្សនេះមានទោសអ្វីសោះ ៥ប៉ុន្តែ គេនិយាយទទូចថា វាញុះញង់បណ្តាជន ហើយក៏បង្រៀន ពេញក្នុងស្រុកយូដាទាំងមូល ចាប់តាំងពីស្រុកកាលីឡេ រហូតមកដល់ទីនេះ ៦កាលលោកពីឡាត់ឮនិយាយពីស្រុកកាលីឡេ នោះលោកសួរថា មនុស្សនេះជាអ្នកស្រុកកាលីឡេឬអី ៧លុះបានជ្រាបថា ទ្រង់នៅក្នុងអំណាចនៃស្តេចហេរ៉ូឌ នោះលោកក៏បញ្ជូនទ្រង់ទៅឯស្តេចហេរ៉ូឌទៅ ដ្បិតគ្រានោះ ស្តេចគង់នៅក្រុងយេរូសាឡិមដែរ។

៨កាលស្តេចហេរ៉ូឌបានឃើញព្រះយេស៊ូវ នោះក៏អរណាស់ ដ្បិតស្តេចចង់ឃើញទ្រង់ជាយូរមកហើយ ព្រោះបានឮរឿងពីទ្រង់ជាច្រើន ហើយបានសង្ឃឹមថា នឹងឃើញទ្រង់ធ្វើទីសំគាល់ណាមួយ ៩នោះស្តេចមានបន្ទូលសួរទ្រង់ជាច្រើន ប៉ុន្តែទ្រង់មិនព្រមឆ្លើយសោះ ១០ឯពួកសង្គ្រាជ នឹងពួកអាចារ្យ គេឈរនៅទីនោះកំពុងតែចោទប្រកាន់ទ្រង់ជាខ្លាំង ១១លុះស្តេចហេរ៉ូឌ ព្រមទាំងពួកទាហាន បានចំអកមើលងាយព្រះយេស៊ូវ រួចហើយ នោះក៏យកអាវដ៏រុងរឿងមកបំពាក់ទ្រង់ រួចបញ្ជូនត្រឡប់ទៅឯលោកពីឡាត់វិញ ១២នៅថ្ងៃនោះ លោកពីឡាត់ នឹងស្តេចហេរ៉ូឌ ក៏បានជានឹងគ្នា ដ្បិតពីមុន លោកទាំងពីរនោះបានទាស់ទែងគ្នា។

១៣កាលលោកពីឡាត់បានប្រមូលពួកសង្គ្រាជ ពួកនាម៉ឺន នឹងបណ្តាមនុស្សទាំងអស់មក ១៤នោះលោកមានប្រសាសន៍ទៅគេថា អ្នករាល់គ្នាបាននាំមនុស្សនេះមកឯខ្ញុំ ទុកជាមនុស្សដែលនាំបណ្តាជនឲ្យវង្វេង តែមើល ខ្ញុំបានពិចារណាសួរនៅមុខអ្នករាល់គ្នាហើយ មិនឃើញជាមានទោសអ្វី តាមដែលអ្នករាល់គ្នាចោទប្រកាន់នោះសោះ ១៥ទាំងស្តេចហេរ៉ូឌក៏រកគ្មានដែរ ដ្បិតខ្ញុំបានឲ្យអ្នករាល់គ្នាទៅឯទ្រង់ ហើយមើល ទ្រង់មិនថាជាអ្នកនេះមានទោសអ្វីដែលគួរឲ្យស្លាប់ទេ ១៦ដូច្នេះ ខ្ញុំនឹងគ្រាន់តែវាយប្រដៅ រួចលែងឲ្យទៅចុះ ១៧ដ្បិតនៅបុណ្យនោះ លោកត្រូវតែលែងអ្នកទោសម្នាក់ឲ្យដល់គេ ១៨តែគេស្រែកឡើងព្រមគ្នាថា សូមយកមនុស្សនេះទៅ ហើយលែងបារ៉ាបាសឲ្យយើងវិញ ១៩ឯបារ៉ាបាសនេះ វាជាប់គុកដោយព្រោះការបះបោរ ដែលវាបង្កើតនៅក្នុងទីក្រុង ហើយនឹងការសំឡាប់គេ ២០បានជាលោកពីឡាត់មានប្រសាសន៍ទៅគេម្តងទៀត ដោយចង់លែងព្រះយេស៊ូវវិញ ២១ប៉ុន្តែគេស្រែកឡើងថា ឲ្យឆ្កាងវាៗទៅ ២២លោកមានប្រសាសន៍ទៅគេជាគំរប់៣ដងថា តើមនុស្សនេះបានធ្វើអាក្រក់អ្វី ខ្ញុំមិនឃើញជាមានហេតុអ្វីគួរឲ្យស្លាប់ទេ ដូច្នេះ ខ្ញុំនឹងវាយប្រដៅ រួចលែងវាទៅ ២៣តែគេស្រែកទទូចជាខ្លាំង ទាំងសូមឲ្យឆ្កាងទ្រង់វិញ ហើយសំរែករបស់ជនទាំងនោះ នឹងពួកសង្គ្រាជ ក៏បានឈ្នះ ២៤លោកពីឡាត់គាត់សំរេចទោសតាមគេសូម ២៥រួចលែងអ្នកនោះដែលជាប់គុកដោយព្រោះការបះបោរ នឹងការសំឡាប់មនុស្ស ឲ្យដល់ពួកគេ តាមគេសូម ហើយប្រគល់ព្រះយេស៊ូវទៅតាមចិត្តគេប្រាថ្នាវិញ។

២៦កាលគេនាំព្រះយេស៊ូវទៅ នោះគេចាប់មនុស្សសាសន៍គីរេនម្នាក់ ឈ្មោះស៊ីម៉ូន ដែលកំពុងតែវិលមកពីចំការ ក៏ដាក់ឲ្យគាត់លីឈើឆ្កាងតាមទ្រង់ទៅ ២៧មានមនុស្សដើរតាមទ្រង់ដ៏ណែនណាន់ ក៏មានពួកស្រីៗ ដែលគក់ដើមទ្រូង ហើយយំទួញផង ២៨ព្រះយេស៊ូវទ្រង់ងាកបែរទៅ មានបន្ទូលនឹងពួកស្ត្រីទាំងនោះថា កូនស្រីក្រុងយេរូសាឡិមអើយ កុំយំនឹងខ្ញុំឡើយ ឲ្យយំនឹងខ្លួនអ្នករាល់គ្នា ហើយនឹងកូនចៅរបស់អ្នករាល់គ្នាវិញចុះ ២៩ដ្បិតមើល នឹងមានគ្រាមកដល់ ដែលគេនឹងថា មានពរហើយពួកស្រីអារ នឹងពោះដែលមិនកើតកូន ហើយដោះដែលមិនបំបោះកូន ៣០នៅគ្រានោះ គេនឹងចាប់តាំងនិយាយទៅភ្នំធំថា សូមឲ្យរលំមកលើយើងវិញ ហើយទៅភ្នំតូចថា សូមគ្របមកលើយើងចុះ ៣១ព្រោះបើគេធ្វើការទាំងនេះ ដល់ដើមឈើស្រល់ នោះតើនឹងកើតអ្វីដល់ដើមឈើស្ងួតវិញ។ ៣២គេក៏នាំចោរកំណាច២នាក់ ទៅសំឡាប់ជាមួយនឹងទ្រង់ដែរ ៣៣កាលមកដល់កន្លែងដែលហៅថា ភ្នំរលាក្បាលហើយ គេឆ្កាងទ្រង់នៅទីនោះ ព្រមទាំងចោរកំណាចផង ម្នាក់ខាងស្តាំ ម្នាក់ខាងឆ្វេងទ្រង់ ៣៤ឯព្រះយេស៊ូវ ទ្រង់មានបន្ទូលថា ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ គេក៏នាំគ្នាធ្វើឆ្នោតចាប់ព្រះពស្ត្រទ្រង់ចែកគ្នា ៣៥ឯបណ្តាជនដែលឈរមើល នឹងពួកនាម៉ឺន ដែលឈរជាមួយ ក៏បន្តុះទ្រង់ថា វាបានជួយសង្គ្រោះមនុស្សឯទៀត បើវាជាព្រះគ្រីស្ទ ជាអ្នករើសតាំងរបស់ព្រះមែន នោះឲ្យវាជួយសង្គ្រោះខ្លួនវាទៅ ៣៦ពួកទាហានក៏បង្អាប់ទ្រង់ដែរ ហើយគេយកទឹកខ្មេះ ចូលទៅជិតថ្វាយទ្រង់ ដោយថា ៣៧បើឯងជាស្តេចសាសន៍យូដាមែន ចូរជួយសង្គ្រោះខ្លួនចុះ ៣៨ហើយនៅពីលើទ្រង់ មានអក្សរជាភាសាក្រេកឡាតាំង នឹងហេព្រើរថា «នេះជាស្តេចសាសន៍យូដា»។

៣៩រីឯចោរកំណាចម្នាក់ដែលជាប់ព្យួរ វាប្រមាថមើលងាយដល់ទ្រង់ថា បើឯងជាព្រះគ្រីស្ទពិត នោះចូរជួយសង្គ្រោះខ្លួនឯង ហើយនឹងយើងផង ៤០ប៉ុន្តែម្នាក់ទៀតឆ្លើយបន្ទោសវាថា តើឯងមិនខ្លាចព្រះទេឬអី ដ្បិតឯងក៏ជាប់ទោសដូចគ្នា ៤១គេធ្វើទោសយើងត្រូវហើយ ដ្បិតយើងត្រូវទោសចំពោះការដែលយើងបានប្រព្រឹត្ត ប៉ុន្តែ ព្រះអង្គនេះមិនបានធ្វើខុសអ្វីសោះ ៤២រួចអ្នកនោះទូលព្រះយេស៊ូវថា ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង ៤៣ព្រះយេស៊ូវមានបន្ទូលទៅថា ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ។

៤៤ពេលនោះ ប្រហែលជាថ្ងៃត្រង់ហើយ ស្រាប់តែកើតមានងងឹត នៅគ្របពេញលើផែនដី ដរាបដល់ម៉ោង៣រសៀល ៤៥ថ្ងៃត្រឡប់ទៅជាងងឹត ហើយវាំងននក្នុងព្រះវិហារ ក៏រហែកចំពាក់កណ្តាល ៤៦នោះព្រះយេស៊ូវ ស្រែកឡើងជាខ្លាំងថា ឱព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ កាលមានបន្ទូលពាក្យទាំងនេះរួចហើយ នោះទ្រង់ផុតដង្ហើមទៅ។

៤៧កាលមេទ័ពបានឃើញការដែលកើតមក នោះក៏ពោលសរសើរដល់ព្រះ ហើយថា មនុស្សនេះសុចរិតពិតមែន ៤៨ឯបណ្តាមនុស្សទាំងហ្វូង ដែលប្រជុំគ្នាមើលការនោះ កាលគេបានឃើញការដែលកើតឡើង ដូច្នោះ ក៏វិលទៅវិញទាំងគក់ដើមទ្រូងបណ្តើរ ៤៩ឯពួកអ្នកដែលស្គាល់ទ្រង់ នឹងពួកស្រីៗដែលតាមទ្រង់មកពីស្រុកកាលីឡេ គេក៏ឈរមើលពីចំងាយ។ ៥០ហើយមើល មានមនុស្សម្នាក់ឈ្មោះយ៉ូសែប ជាពួកក្រុមជំនុំ ជាមនុស្សល្អ ត្រឹមត្រូវ សុចរិត ៥១លោកនេះមិនបានចូលដៃ ចូលគំនិត ជាមួយនឹងគេទេ) លោកនៅឯអើរីម៉ាថេ ជាភូមិសាសន៍យូដា ហើយក៏រង់ចាំនគរព្រះដែរ ៥២លោកទៅឯលោកពីឡាត់ ដើម្បីនឹងសូមព្រះសពព្រះយេស៊ូវ ៥៣កាលបានយកព្រះសពចុះមកហើយ នោះក៏រុំនឹងសំពត់ទេសឯក នាំទៅបញ្ចុះក្នុងផ្នូរដាប់ក្នុងថ្ម ដែលមិនទាន់មានបញ្ចុះខ្មោចណានៅឡើយ ៥៤ថ្ងៃនោះជាថ្ងៃរៀបចំ ហៀបនឹងចូលថ្ងៃឈប់សំរាកហើយ។

៥៥ឯពួកស្រីៗ ដែលមកពីស្រុកកាលីឡេជាមួយនឹងទ្រង់ គេក៏តាមទៅឃើញផ្នូរ នឹងសណ្ឋានដែលគេបញ្ចុះព្រះសពទ្រង់ដែរ ៥៦រួចគេវិលទៅវិញ រៀបគ្រឿងក្រអូប នឹងប្រេងអប់ តែគេឈប់នៅថ្ងៃឈប់សំរាក តាមបញ្ញត្តសិន។



២៤ ១លុះដល់ថ្ងៃទី១ក្នុងអាទិត្យ កាលភ្លឺស្រាងៗនោះគេយកគ្រឿងក្រអូប ដែលរៀបចំនោះ នាំគ្នាទៅឯផ្នូរមានអ្នកខ្លះទៀតទៅជាមួយដែរ ២គេក៏ឃើញថ្មបានរមៀលចេញពីមាត់ផ្នូរហើយ ៣តែកាលចូលទៅ នោះមិនឃើញព្រះសពព្រះអម្ចាស់យេស៊ូវទេ ៤កំពុងដែលមានសេចក្តីងឿងឆ្ងល់អំពីការនោះ ស្រាប់តែឃើញមាន២នាក់ស្លៀកពាក់ភ្លឺព្រោងព្រាយឈរជិតគេ ៥គេក៏ភ័យស្លុត ហើយក្រាបផ្កាប់មុខនឹងដី រួចអ្នកនោះនិយាយមកគេថា ហេតុអ្វីបានជាមករកព្រះអង្គ ដែលមានព្រះជន្មរស់ នៅក្នុងទីខ្មោចស្លាប់ដូច្នេះ ៦ទ្រង់មានព្រះជន្មរស់ឡើងវិញហើយមិនគង់នៅទីនេះទេ ចូរនឹកចាំពីព្រះបន្ទូល ដែលទ្រង់មានបន្ទូលនឹងអ្នករាល់គ្នា ក្នុងកាលដែលនៅស្រុកកាលីឡេនៅឡើយថា ៧កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សមានបាប ឲ្យគេឆ្កាង ហើយ៣ថ្ងៃក្រោយមកនឹងរស់ឡើងវិញ ៨នោះគេក៏នឹកឃើញពីព្រះបន្ទូលទ្រង់ ៩លុះវិលមកពីផ្នូរវិញ នោះក៏ប្រាប់ពីការទាំងនោះដល់ពួក១១នាក់ នឹងអ្នកឯទៀតទាំងប៉ុន្មានដែរ ១០រីឯពួកស្ត្រីដែលប្រាប់ពីការទាំងនោះដល់ពួកសាវក នោះគឺ ម៉ារា ពីស្រុកម៉ាក់ដាឡា១ យ៉ូអាន់១ ម៉ារា ជាម្តាយយ៉ាកុប១ ហើយស្ត្រីឯទៀត ដែលនៅជាមួយគ្នាផង ១១ពួកសាវកមិនបានជឿទេ ដ្បិតពាក្យសំដីរបស់ស្រីៗនោះ មើលទៅដូចជារឿងលេងសុទ្ធ ១២តែពេត្រុស គាត់ក្រោកឡើងរត់ទៅឯផ្នូរ ក៏ឱនមើលទៅឃើញតែសំពត់ស្នបទទេ រួចវិលទៅផ្ទះទាំងអស្ចារ្យក្នុងចិត្ត ពីការដែលកើតមានមក។

១៣រីឯនៅថ្ងៃនោះឯង មានពួកសិស្ស២នាក់កំពុងតែដើរទៅឯភូមិអេម៉ោស ចំងាយ១១គីឡូមែត្រពីក្រុងយេរូសាឡិមទៅ ១៤គេកំពុងតែនិយាយគ្នា ពីអស់ទាំងការដែលកើតមានមកនោះ ១៥កាលគេកំពុងតែនិយាយគ្នា ហើយរិះគិតដូច្នេះ នោះព្រះយេស៊ូវក៏ចូលមក យាងជាមួយនឹងគេដែរ ១៦តែភ្នែកគេត្រូវថ្ពឹន មិនឲ្យស្គាល់ទ្រង់ទេ ១៧ទ្រង់មានបន្ទូលទៅគេថា តើរឿងអ្វី ដែលអ្នកនិយាយគ្នា កំពុងដែលដើរទៅ ដោយមានមុខស្រងូតដូច្នេះ ១៨ឯម្នាក់ដែលឈ្មោះក្លេវប៉ាស គាត់ឆ្លើយថា តើអ្នកស្នាក់នៅក្នុងក្រុងយេរូសាឡិមតែម្នាក់ឯងទេឬអី បានជាមិនដឹងការដែលកើតមកនៅគ្រានេះ ១៩ទ្រង់មានបន្ទូលថា តើការអ្វីហ្នឹង នោះគេឆ្លើយថា គឺពីដំណើរលោកយេស៊ូវ ពីស្រុកណាសារ៉ែត ជាហោរា ដែលការលោកធ្វើ នឹងពាក្យសំដីរបស់លោក សុទ្ធតែមានឫទ្ធិ នៅចំពោះព្រះ នឹងបណ្តាជនទាំងឡាយផង ២០ហើយពីបែបយ៉ាងណា ដែលពួកសង្គ្រាជនឹងពួកនាម៉ឺនយើងខ្ញុំ បានបញ្ជូនលោកទៅ ឲ្យជាប់ទោសដល់ជីវិត ហើយឆ្កាងលោកផង ២១តែយើងខ្ញុំបានសង្ឃឹមថា គឺលោកនេះហើយ ជាព្រះដែលរៀបនឹងប្រោសលោះសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ឥឡូវនេះ ក៏មានការនេះថែមទៀត ដ្បិតនេះគំរប់៣ថ្ងៃហើយ តាំងពីការទាំងនោះកើតមក ២២ហើយមានស្ត្រីខ្លះក្នុងពួកយើងខ្ញុំបាននាំឲ្យឆ្ងល់ដែរ ដោយបានទៅឯផ្នូរពីព្រលឹម ២៣តែរកសពលោកមិនឃើញសោះ ហើយគេមកប្រាប់យើងថា ឃើញទេវតាលេចមកប្រាប់ថា លោករស់ឡើងវិញហើយ ២៤មានពួកយើងខ្ញុំខ្លះបានទៅឯផ្នូរដែរ ក៏ឃើញដូចជាពួកស្រីបានថាមែន តែមិនបានឃើញរូបលោកទេ ២៥នោះទ្រង់មានបន្ទូលទៅគេថា ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្តី ដែលពួកហោរាបានទាយទុកមកអើយ ២៦តើមិនគួរឲ្យព្រះគ្រីស្ទរងទុក្ខទាំងនោះ ហើយចូលទៅក្នុងសិរីល្អនៃទ្រង់វិញទេឬអី ២៧រួចទ្រង់ក៏ស្រាយន័យសេចក្តី ដែលដំរូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេ នឹងគម្ពីរពួកហោរារៀងមក ២៨នោះក៏ជិតដល់ភូមិដែលគេគិតទៅ ហើយទ្រង់ធ្វើដូចជាចង់យាងបង្ហួស ២៩តែគេឃាត់ទ្រង់ ដោយពាក្យថា សូមនៅជាមួយនឹងយើងខ្ញុំសិន ពីព្រោះល្ងាចថ្ងៃទាបណាស់ហើយ ដូច្នេះ ទ្រង់ក៏យាងចូលទៅគង់ជាមួយនឹងគេ ៣០កាលគង់នៅតុជាមួយគ្នា នោះទ្រង់យកនំប៉័ងមកប្រទានពរ រួចកាចប្រទានទៅឲ្យគេ ៣១នោះភ្នែកគេបានបើកភ្លឺឡើង ហើយគេបានស្គាល់ទ្រង់ តែទ្រង់បាត់ពីមុខគេទៅភ្លាម ៣២នោះគេនិយាយគ្នាថា តើយើងមិនមានសេចក្តីខ្មួលខ្មាញ់នៅក្នុងចិត្ត ក្នុងពេលដែលទ្រង់កំពុងតែមានបន្ទូលនឹងយើង ហើយសំដែងពីគម្ពីរតាមផ្លូវនោះទេឬអី ៣៣នៅវេលានោះឯង គេក៏ក្រោកឡើងត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ឃើញពួកសាវក១១នាក់ នឹងអស់អ្នកដែលនៅជាមួយបានប្រជុំគ្នា កំពុងតែនិយាយថា ៣៤ព្រះអម្ចាស់ទ្រង់មានព្រះជន្មរស់ឡើងវិញមែន ក៏បានលេចមកឲ្យស៊ីម៉ូនឃើញ ៣៥នោះគេក៏និយាយប្រាប់ពីការដែលកើតមានមកតាមផ្លូវ ហើយដែលគេបានស្គាល់ទ្រង់ជាក់ ដោយទ្រង់កាច់នំប៉័ងឲ្យ។

៣៦កាលកំពុងតែប្រាប់រឿងទាំងនោះ ស្រាប់តែព្រះយេស៊ូវទ្រង់ឈរនៅកណ្តាលគេ មានបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្តចុះ ៣៧តែគេភ័យញ័រ ទាំងមានសេចក្តីស្ញែងខ្លាចជាខ្លាំង ដោយស្មានថាជាខ្មោចលងវិញ ៣៨ទ្រង់មានបន្ទូលទៅគេថា ហេតុអ្វីបានជាវិលវល់ ហើយសង្ស័យក្នុងចិត្តដូច្នេះ ៣៩ចូរមើលមកដៃនឹងជើងខ្ញុំ ឲ្យបានដឹងថា នេះគឺខ្ញុំពិតមែន ចូរពាល់ខ្ញុំមើល ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ ៤០លុះទ្រង់មានបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្តនឹងព្រះបាទទ្រង់ដល់គេ ៤១កាលគេមិនទាន់ជឿនៅឡើយ ដោយព្រោះមានសេចក្តីអំណរនឹងសេចក្តីអស្ចារ្យ នោះទ្រង់មានបន្ទូលថា នៅទីនេះអ្នករាល់គ្នាមានអ្វីបរិភោគឬទេ ៤២គេក៏យកត្រីអាំង១ដុំ នឹងសំណុំឃ្មុំមកថ្វាយទ្រង់ ៤៣រួចទ្រង់យកទៅសោយនៅមុខគេ ៤៤ក៏មានបន្ទូលថា នេះហើយជាសេចក្តីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលនៅជាមួយគ្នានៅឡើយ គឺថា ត្រូវតែសំរេចគ្រប់ទាំងសេចក្តីដែលបានចែងទុកពីខ្ញុំ ទោះក្នុងក្រិត្យវិន័យលោកម៉ូសេ ក្នុងទំនាយពួកហោរា ឬក្នុងបទទំនុកដំកើងផង ៤៥នោះទ្រង់ក៏បើកបំភ្លឺសតិស្មារតីគេ ឲ្យបានយល់ក្នុងគម្ពីរ ៤៦ទ្រង់មានបន្ទូលទៅគេថា គឺសេចក្តីនេះហើយ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទី៣ទ្រង់នឹងរស់ពីស្លាប់ឡើងវិញ ៤៧ហើយត្រូវឲ្យការប្រែចិត្ត នឹងសេចក្តីប្រោសឲ្យរួចបានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ដោយនូវព្រះនាមទ្រង់ចាប់តាំងពីក្រុងយេរូសាឡិមទៅ ៤៨អ្នករាល់គ្នាជាស្មរបន្ទាល់ពីការទាំងនេះ ៤៩ហើយមើល ខ្ញុំនឹងឲ្យសេចក្តីសន្យារបស់ព្រះវរបិតា មកសណ្ឋិតលើអ្នករាល់គ្នា ចូរអ្នករាល់គ្នានៅតែក្នុងក្រុងយេរូសាឡិម ដរាបដល់ព្រះចេស្តាពីស្ថានលើ បានមកគ្របដណ្តប់លើអ្នករាល់គ្នា។

៥០នោះទ្រង់នាំគេចេញទៅត្រឹមបេថានី រួចទ្រង់លើកព្រះហស្តឡើង ប្រទានពរឲ្យ ៥១កំពុងដែលទ្រង់ប្រទានពរ នោះព្រះវរបិតាបានញែកទ្រង់ចេញពីគេ លើកឡើងទៅស្ថានសួគ៌ទៅ ៥២គេក៏ក្រាបថ្វាយបង្គំទ្រង់ រួចត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ដោយអំណរជាខ្លាំង ៥៣ក៏នៅក្នុងព្រះវិហារជានិច្ច ទាំងសរសើរ ហើយលើកដំកើងព្រះ។ អាម៉ែនៈ៕៚  



AMAZING GRACE BIBLE INSITIUTE