ដំណឹងល្អតាមលោកយ៉ូហាន១ ១កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ ២ទ្រង់គង់នៅជាមួយនឹងព្រះ តាំងអំពីដើមមក ៣គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ ៤នៅក្នុងទ្រង់មានជីវិត ហើយជីវិតនោះជាពន្លឺនៃមនុស្សលោក ៥ពន្លឺនោះក៏ភ្លឺមកក្នុងសេចក្តីងងឹត តែសេចក្តីងងឹតយល់មិនដល់ពន្លឺទេ។ ៦មានម្នាក់ឈ្មោះយ៉ូហាន ដែលព្រះទ្រង់ចាត់ឲ្យមក ៧អ្នកនោះបានមកសំរាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីពន្លឺ ប្រយោជន៍ឲ្យមនុស្សទាំងអស់បានជឿ ដោយសារគាត់ ៨គាត់មិនមែនជាពន្លឺនោះទេ គឺមកគ្រាន់តែនឹងធ្វើបន្ទាល់ពីពន្លឺតែប៉ុណ្ណោះ ៩ឯពន្លឺដ៏ពិត នោះគឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកីយ ១០ទ្រង់បានគង់ក្នុងលោកីយ ហើយលោកីយក៏កើតមកដោយសារទ្រង់ តែមិនស្គាល់ទ្រង់ទេ ១១ទ្រង់បានយាងមកគង់នៅផែនដីរបស់ទ្រង់ តែរាស្ត្រទ្រង់មិនបានទទួលទ្រង់សោះ ១២ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ ១៣គឺជាកូនដែលមិនមែនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាមចំណង់នៃមនុស្សឡើយ គឺកើតមកអំពីព្រះវិញ។ ១៤ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ នឹងសេចក្តីពិត ១៥ឯយ៉ូហានបានធ្វើបន្ទាល់ពីទ្រង់ ដោយបន្លឺឧទានឡើងថា គឺពីព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់បានត្រឡប់ជាមុនខ្ញុំវិញ ដ្បិតទ្រង់គង់នៅមុនខ្ញុំ ១៦ហើយយើងទាំងអស់គ្នាបានទទួលអំពីសេចក្តីពោរពេញរបស់ទ្រង់មក គឺជាព្រះគុណថែមលើព្រះគុណផង ១៧ដ្បិតបណ្តាក្រិត្យវិន័យទាំងប៉ុន្មាន បានប្រទានមក ដោយសារលោកម៉ូសេ តែឯព្រះគុណ នឹងសេចក្តីពិត នោះបានមក ដោយសារព្រះយេស៊ូវគ្រីស្ទវិញ ១៨គ្មានអ្នកណាដែលឃើញព្រះឡើយ មានតែព្រះរាជបុត្រាតែ១ ដែលគង់នៅក្នុងឧរាព្រះវរបិតាប៉ុណ្ណោះ ទ្រង់បានសំដែងឲ្យស្គាល់ព្រះអង្គ។ ១៩កាលពួកសាសន៍យូដាចាត់ពួកសង្ឃ នឹងពួកលេវីពីក្រុងយេរូសាឡិម ឲ្យមកសួរយ៉ូហានថា តើលោកជាអ្នកណា នោះគាត់ធ្វើបន្ទាល់យ៉ាងនេះ ២០គឺគាត់ប្រាប់តាមត្រង់ ឥតមានលាក់អ្វីឡើយ ថា ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ ២១នោះគេសួរថា ចុះលោកជាអ្នកណា ជាលោកអេលីយ៉ាឬអី គាត់ឆ្លើយថា មិនមែនទេ តើលោកជាហោរានោះឬអី នោះគាត់ឆ្លើយថា ទេ ២២ដូច្នេះ គេសួរគាត់ទៀតថា តើលោកជាអ្នកណាទៅវិញ លោកនឹងមានប្រសាសន៍ពីខ្លួនលោកដូចម្តេច ដើម្បីឲ្យយើងរាល់គ្នាបាននាំពាក្យទៅ ជំរាបដល់លោក ដែលចាត់ឲ្យយើងខ្ញុំមកផង ២៣នោះគាត់ក់ប្រាប់ថា ខ្ញុំជាសំឡេង ដែលបន្លឺឡើងនៅទីរហោស្ថានថា «ចូរដំរង់ផ្លូវថ្វាយព្រះអម្ចាស់» ដូចជាហោរាអេសាយបានទាយទុក ២៤ឯពួកអ្នកដែលបានចាត់មកនោះ គេជាពួកផារិស៊ី ២៥គេក៏សួរគាត់ថា បើលោកមិនមែនជាព្រះគ្រីស្ទ ឬលោកអេលីយ៉ា ឬហោរានោះទេ ចុះហេតុអ្វីបានជាលោកធ្វើបុណ្យជ្រមុជទឹកដូច្នេះ ២៦យ៉ូហានឆ្លើយថា ឯខ្ញុំៗធ្វើបុណ្យជ្រមុជដោយទឹក ប៉ុន្តែនៅកណ្តាលពួកអ្នករាល់គ្នា នោះមានព្រះ១អង្គ ដែលអ្នករាល់គ្នាមិនស្គាល់ ២៧គឺព្រះអង្គនោះហើយ ដែលមកក្រោយខ្ញុំ តែបានគង់នៅមុនខ្ញុំ ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ទេ ២៨រីឯការទាំងនេះ បានកើតមកនៅភូមិបេថានី ខាងនាយទន្លេយ័រដាន់ ជាកន្លែងដែលយ៉ូហានកំពុងតែធ្វើបុណ្យជ្រមុជទឹក។ ២៩លុះស្អែកឡើង យ៉ូហានឃើញព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងមកឯគាត់ នោះក៏ពោលថា នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក ៣០គឺពីព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា ក្រោយខ្ញុំមានព្រះ១អង្គយាងមក ដែលបានត្រឡប់ជាមុនខ្ញុំ ដ្បិតទ្រង់គង់នៅមុនខ្ញុំ ៣១ខ្ញុំមិនបានស្គាល់ទ្រង់ទេ តែខ្ញុំមកធ្វើបុណ្យជ្រមុជនេះ គឺដើម្បីនឹងសំដែង ឲ្យសាសន៍អ៊ីស្រាអែលបានស្គាល់ទ្រង់ប៉ុណ្ណោះ។ ៣២យ៉ូហានក៏ធ្វើបន្ទាល់ថា ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីលើមេឃ មានរូបដូចជាព្រាប មកសណ្ឋិតលើទ្រង់ ៣៣ខ្ញុំមិនបានស្គាល់ទ្រង់ទេ ប៉ុន្តែព្រះដែលចាត់ឲ្យខ្ញុំមកធ្វើបុណ្យជ្រមុជដោយទឹក ទ្រង់មានបន្ទូលមកខ្ញុំថា ដែលឯងឃើញព្រះវិញ្ញាណ យាងចុះមក សណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធ ៣៤ខ្ញុំបានឃើញមែន ហើយក៏ធ្វើបន្ទាល់ពីព្រះអង្គនោះថា ទ្រង់ជាព្រះរាជបុត្រានៃព្រះពិតមែន។ ៣៥លុះស្អែកឡើងទៀត យ៉ូហានឈរនៅជាមួយនឹងសិស្សគាត់២នាក់ ៣៦គាត់មើលទៅព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងទៅ ក៏ពោលថា នុ៎ះន៍ កូនចៀមនៃព្រះ ៣៧សិស្សគាត់ទាំង២នាក់នោះក៏ឮដែរ រួចគេដើរតាមព្រះយេស៊ូវទៅ ៣៨ឯព្រះយេស៊ូវ ទ្រង់ងាកបែរមក ឃើញអ្នកទាំង២ កំពុងតែដើរតាម ក៏មានបន្ទូលទៅគេថា អ្នកមករកអី គេទូលឆ្លើយថា រ៉ាប៊ី (គឺប្រែថាលោកគ្រូ) តើលោកនៅឯណា ៣៩ទ្រង់មានបន្ទូលថា ចូរតាមខ្ញុំទៅមើល គេក៏ទៅឃើញកន្លែងដែលទ្រង់គង់នៅ រួចនៅជាមួយនឹងទ្រង់ក្នុងថ្ងៃនោះ ពេលនោះប្រហែលជាម៉ោង៤ល្ងាចហើយ ៤០ក្នុងអ្នក២នាក់ ដែលឮយ៉ូហានពោលនោះ ហើយក៏តាមទ្រង់ទៅ នោះមានម្នាក់ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស ៤១មុនដំបូងគាត់រកស៊ីម៉ូន ជាបងបង្កើតក៏ប្រាប់ថា យើងបានឃើញព្រះមេស៊ីហើយ (គឺប្រែថាព្រះគ្រីស្ទ) ៤២រួចគាត់នាំបងទៅឯព្រះយេស៊ូវ ឯទ្រង់ ក៏ទតមើលគាត់ ហើយមានបន្ទូលថា អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូណាស តែត្រូវហៅថា កេផាសវិញ (គឺប្រែថា ថ្ម)។ ៤៣លុះដល់ស្អែកឡើង ព្រះយេស៊ូវសព្វព្រះហទ័យចង់យាងទៅឯស្រុកកាលីឡេ ទ្រង់ក៏រកភីលីព កាលបានឃើញហើយ នោះទ្រង់មានបន្ទូលទៅគាត់ថា ចូរតាមខ្ញុំមក ៤៤ឯភីលីពនេះ គាត់នៅបេតសៃដា ជាទីក្រុងរបស់អនទ្រេ នឹងពេត្រុស ៤៥ភីលីពក៏រកណាថាណែល រួចប្រាប់ថា យើងបានឃើញព្រះអង្គនោះហើយ គឺជាព្រះដែលលោកម៉ូសេបានចែងទុកពីទ្រង់ នៅក្នុងក្រិតវិន័យ ហើយពួកហោរាក៏បានទាយពីទ្រង់ផង ទ្រង់ព្រះនាមជា យេស៊ូវ ជាបុត្រយ៉ូសែប នៅភូមិណាសារ៉ែត ៤៦តែណាថាណែលនិយាយថា តើមានអ្វីដ៏ល្អ អាចចេញពីណាសារ៉ែតមកបានឬទេ ភីលីពឆ្លើយឡើងថា ចូរតាមខ្ញុំទៅមើលចុះ ៤៧ព្រះយេស៊ូវ ទ្រង់ឃើញណាថាណែលមកឯទ្រង់ ក៏មានបន្ទូលពីគាត់ថា នុ៎ះន៍ ជាសាសន៍អ៊ីស្រាអែលពិតមែន ដែលឥតមានចិត្តឧបាយ ៤៨នោះណាថាណែលទូលសួរថា លោកស្គាល់ខ្ញុំពីណាមក ព្រះយេស៊ូវមានបន្ទូលឆ្លើយថា មុនដែលភីលីពហៅមក កាលអ្នកនៅក្រោមដើមល្វានៅឡើយ នោះខ្ញុំបានឃើញហើយ ៤៩ណាថាណែលក៏ទូលទ្រង់ថា លោកគ្រូ លោកជាព្រះរាជបុត្រានៃព្រះ លោកប្រាកដជាស្តេចនៃសាសន៍អ៊ីស្រាអែលមែន ៥០ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ដោយព្រោះតែខ្ញុំបាននិយាយប្រាប់អ្នកថា ខ្ញុំឃើញអ្នកនៅក្រោមដើមល្វានោះ បានជាអ្នកជឿឬអី អ្នកនឹងឃើញការដ៏ធំវិសេស លើសជាងនេះទៅទៀត ៥១រួចទ្រង់មានបន្ទូលទៀតថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នករាល់គ្នានឹងឃើញមេឃបើកចំហ នឹងពួកទេវតានៃព្រះហោះឡើងហោះចុះលើកូនមនុស្ស។ ២ ១លុះ៣ថ្ងៃក្រោយមក មានវិវាហមង្គល នៅភូមិកាណា ក្នុងស្រុកកាលីឡេ ហើយមាតាព្រះយេស៊ូវក៏នៅឯណោះស្រាប់ ២គេបានអញ្ជើញព្រះយេស៊ូវ ព្រមទាំងពួកសិស្សទ្រង់ទៅឯការនោះដែរ ៣កាលស្រាទំពាំងបាយជូរអស់ហើយ នោះមាតាព្រះយេស៊ូវទូលទ្រង់ថា គេអស់ស្រាទំពាំងបាយជូរហើយ ៤តែព្រះយេស៊ូវមានបន្ទូលតបថា មាតាអើយ តើការនោះអំពល់អ្វីដល់យើង ពេលវេលាខ្ញុំមិនទាន់មកដល់នៅឡើយ ៥មាតាទ្រង់ក៏ប្រាប់ដល់ពួកបាវថា ការអ្វីដែលលោកប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះ ៦រីឯនៅទីនោះ មានពាងថ្ម៦ តាមទំនៀមការលាងសំអាតរបស់សាសន៍យូដា ពាងមួយៗនោះចំណុះទឹកបាន២ឬ៣អម្រែក ៧ព្រះយេស៊ូវមានបន្ទូលទៅគេថា ចូរចាក់ទឹកឲ្យពេញពាងទាំងនេះទៅ គេក៏ចាក់ទឹកពេញដល់មាត់ពាង ៨រួចទ្រង់មានបន្ទូលប្រាប់គេថា ឥឡូវនេះ ចូរដងយកទៅជូនដល់លោកជាមង្គលការចុះ គេក៏ដងយកទៅ ៩កាលអ្នកមង្គលការបានភ្លក់ទឹក ដែលបានប្រែទៅជាស្រាទំពាំងបាយជូរហើយ ឥតមានដឹងជាមកពីណា (តែពួកបាវបំរើដែលដងទឹកនោះ គេដឹង) នោះអ្នកមង្គលការក៏ហៅប្តីថ្មោងថ្មីមកនិយាយថា ១០មនុស្សទាំងឡាយ គេតែងតែលើកស្រាទំពាំងបាយជូរល្អមកជាមុន លុះកាលបានផឹកជាច្រើនហើយ នោះទើបលើកស្រាទំពាំងបាយជូរ ដែលមិនសូវល្អមកជាក្រោយ តែនេះអ្នកបានទុកស្រាទំពាំងបាយជូរយ៉ាងល្អ ដរាបដល់ឥឡូវនេះវិញ ១១ព្រះយេស៊ូវទ្រង់ធ្វើទីសំគាល់មុនដំបូងនេះ នៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងសំដែងសិរីល្អរបស់ទ្រង់ ហើយពួកសិស្សក៏ជឿដល់ទ្រង់។ ១២លុះក្រោយមក ទ្រង់យាងចុះទៅឯក្រុងកាពើណិម មានទាំងមាតា បងប្អូន នឹងពួកសិស្សទ្រង់ទៅជាមួយផងតែនៅឯណោះមិនយូរប៉ុន្មានទេ ១៣រីឯបុណ្យរំលងរបស់សាសន៍យូដាក៏ជិតដល់ នោះព្រះយេស៊ូវទ្រង់យាងឡើងទៅឯក្រុងយេរូសាឡិម ១៤កាលទ្រង់ឃើញពួកអ្នកលក់គោ លក់ចៀម លក់ព្រាប នឹងពួកអ្នកដូរប្រាក់ អង្គុយនៅក្នុងព្រះវិហារ ១៥នោះទ្រង់ក៏យកខ្សែធ្វើជារំពាត់ ដេញគេចេញពីព្រះវិហារទាំងអស់ទៅ គឺដេញទាំងចៀម ទាំងគោ ហើយក៏ចាក់ប្រាក់របស់ពួកអ្នកដូរចេញដែរ ព្រមទាំងផ្កាប់តុគេផង ១៦រួចមានបន្ទូលទៅពួកអ្នកលក់ព្រាបថា ចូរយករបស់ទាំងនេះចេញទៅ កុំឲ្យយកដំណាក់នៃព្រះវរបិតាខ្ញុំ ធ្វើជាផ្ទះជំនួញឡើយ ១៧ពួកសិស្សទ្រង់ក៏នឹកឃើញពីសេចក្តីដែលចែងទុកមកថា «សេចក្តីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិនទូលបង្គំ» ១៨ដូច្នេះ ពួកសាសន៍យូដា គេទូលសួរទ្រង់ថា ដែលលោកធ្វើយ៉ាងដូច្នេះ នោះតើនឹងសំដែងទីសំគាល់ណា ឲ្យយើងខ្ញុំឃើញផង ១៩ព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ចូរបំផ្លាញព្រះវិហារនេះចុះ រួចក្នុងរវាង៣ថ្ងៃ ខ្ញុំនឹងសង់ឡើងវិញ ២០ដូច្នេះ ពួកសាសន៍យូដាទូលថា គេសង់ព្រះវិហារនេះ ពេញ៤៦ឆ្នាំគត់ តែលោកនឹងសង់ឡើងវិញ ក្នុងរវាង៣ថ្ងៃឬ ២១ប៉ុន្តែ គឺទ្រង់មានបន្ទូលពីព្រះវិហារដែលជារូបអង្គទ្រង់ទេ ២២ដូច្នេះ កាលទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះពួកសិស្សនឹកឃើញថា ទ្រង់បានមានបន្ទូលពាក្យនោះ ហើយគេក៏ជឿគម្ពីរ នឹងព្រះបន្ទូលរបស់ព្រះយេស៊ូវ។ ២៣កាលទ្រង់គង់នៅក្រុងយេរូសាឡិម នៅក្នុងវេលាបុណ្យរំលង នោះមានមនុស្សជាច្រើនជឿដល់ព្រះនាមទ្រង់ ដោយឃើញទីសំគាល់ដែលទ្រង់ធ្វើមក ២៤តែព្រះយេស៊ូវទ្រង់មិនទុកចិត្តនឹងគេទេ ពីព្រោះទ្រង់ស្គាល់ដល់គ្រប់ទាំងមនុស្ស ២៥ហើយទ្រង់មិនត្រូវការ ឲ្យអ្នកណាធ្វើបន្ទាល់ពីមនុស្សណាទេ ដ្បិតទ្រង់ជ្រាបហើយ ពីសេចក្តីដែលនៅក្នុងមនុស្សទាំងឡាយ។ ៣ ១រីឯនៅក្នុងពួកផារិស៊ី មានចៅហ្វាយសាសន៍យូដាម្នាក់ ឈ្មោះនីកូដេម ២លោកក៏មកឯព្រះយេស៊ូវទាំងយប់ ទូលថា លោកគ្រូ យើងខ្ញុំដឹងថា លោកជាគ្រូមកពីព្រះពិត ដ្បិតគ្មានអ្នកណាអាចនឹងធ្វើទីសំគាល់ ដែលលោកធ្វើទាំងនេះបានទេ លើកតែព្រះគង់នៅជាមួយប៉ុណ្ណោះ ៣ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ ៤លោកនីកូដេមទូលសួរថា ធ្វើដូចម្តេចនឹងកើតឡើងបាន ក្នុងកាលដែលចាស់ហើយ តើអាចនឹងចូលទៅក្នុងពោះម្តាយម្តងទៀត ហើយកើតឡើងវិញបានឬ ៥ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ប្រាកដមែនខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ ៦របស់អ្វីដែលកើតពីសាច់ នោះជាសាច់ទេ ហើយដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណវិញ ៧កុំឲ្យឆ្ងល់ ពីពាក្យដែលខ្ញុំប្រាប់ថា ត្រូវតែកើតជាថ្មីនោះឡើយ ៨ឯខ្យល់ ចង់បក់ទៅឯណា ក៏ចេះតែបាន ហើយអ្នកឮសូរសព្ទ តែមិនដឹងជាមកពីណា ឬទៅឯណាទេ អស់អ្នកណាដែលកើតមកពីព្រះវិញ្ញាណ នោះក៏ដូច្នោះដែរ ៩លោកនីកូដេមទូលសួរថា ធ្វើដូចម្តេចឲ្យការទាំងនេះកើតបាន ១០ព្រះយេស៊ូវទ្រង់ឆ្លើយថា អ្នកជាគ្រូនៃសាសន៍អ៊ីស្រាអែល តែមិនដឹងការទាំងនេះទេឬ ១១ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា យើងប្រាប់ពីការដែលយើងដឹង ហើយធ្វើបន្ទាល់ពីការដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសេចក្តីបន្ទាល់របស់យើងទេ ១២បើខ្ញុំនិយាយប្រាប់អ្នករាល់គ្នា ពីការដែលត្រូវខាងផែនដី តែអ្នករាល់គ្នាមិនជឿទៅហើយ នោះចំណង់បើខ្ញុំប្រាប់ពីការ ដែលត្រូវខាងស្ថានសួគ៌វិញ តើធ្វើដូចម្តេចនឹងឲ្យជឿទៅបាន ១៣គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ មានតែព្រះអង្គ ដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះ គឺជាកូនមនុស្សដែលនៅស្ថានសួគ៌នោះឯង ១៤ហើយដែលលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានជាយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកលោកឡើងយ៉ាងនោះដែរ ១៥ដើម្បីឲ្យអ្នកណាដែលជឿដល់កូនមនុស្ស នោះមិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ១៦ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ១៧ពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកីយ ដើម្បីនឹងជំនុំជំរះលោកីយនោះទេ គឺឲ្យលោកីយបានសង្គ្រោះ ដោយសារទ្រង់វិញ ១៨ឯអ្នកណាដែលជឿដល់ទ្រង់ នោះមិនជាប់មានទោសទេ តែអ្នកណាដែលមិនជឿវិញ នោះត្រូវមានទោសហើយ ពីព្រោះមិនបានជឿដល់ព្រះនាមនៃព្រះរាជបុត្រាតែ១របស់ព្រះ ១៩ហើយទោសនេះ គឺថា ពន្លឺបានមកក្នុងលោកីយ តែមនុស្សលោកចូលចិត្តនឹងសេចក្តីងងឹតជាជាងពន្លឺ ពីព្រោះអំពើដែលគេធ្វើទាំងប៉ុន្មាន សុទ្ធតែអាក្រក់ ២០ដ្បិតអ្នកណាដែលប្រព្រឹត្តអាក្រក់ នោះតែងស្អប់ដល់ពន្លឺ ហើយមិនមកឯពន្លឺទេ ក្រែងអំពើដែលខ្លួនប្រព្រឹត្តទាំងប៉ុន្មាន បានបើកឲ្យឃើញ ២១តែអ្នកណាដែលប្រព្រឹត្តតាមសេចក្តីពិតវិញ នោះតែងមកឯពន្លឺ ដើម្បីឲ្យអំពើដែលខ្លួនប្រព្រឹត្ត បានសំដែងមកឲ្យដឹងថា បានធ្វើដោយនូវព្រះ។ ២២ក្រោយនោះមក ព្រះយេស៊ូវ នឹងពួកសិស្សទ្រង់ក៏មកក្នុងស្រុកយូដា ទ្រង់គង់នៅទីនោះជាមួយនឹងគេ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកផង ២៣ឯយ៉ូហាន គាត់កំពុងតែធ្វើបុណ្យជ្រមុជទឹក នៅស្រុកអេណូន ជិតភូមិសាលិម ព្រោះនៅទីនោះមានទឹកច្រើន ហើយចេះតែមានគេមក ដើម្បីទទួលបុណ្យជ្រមុជទឹកផង ២៤ដ្បិតយ៉ូហានមិនទាន់ជាប់គុកនៅឡើយ ២៥វេលានោះ ពួកសិស្សយ៉ូហាន នឹងសាសន៍យូដាម្នាក់ កើតជជែកគ្នា ពីដំណើរលាងសំអាត ២៦រួចគេមកឯយ៉ូហានជំរាបថា លោកគ្រូ លោកនោះដែលនៅជាមួយនឹងលោក ខាងនាយទន្លេយ័រដាន់ ដែលលោកបានធ្វើបន្ទាល់ឲ្យ មើល លោកក៏ធ្វើបុណ្យជ្រមុជដែរ ហើយបណ្តាមនុស្សទាំងប៉ុន្មាន គេទៅឯលោកវិញ ២៧យ៉ូហានឆ្លើយថា គ្មានមនុស្សណាអាចនឹងទទួលអ្វីបានទេ លើកតែបានប្រទានពីស្ថានសួគ៌មកឲ្យប៉ុណ្ណោះ ២៨ខ្លួនអ្នករាល់គ្នាជាទីបន្ទាល់ពីខ្ញុំ ដែលខ្ញុំថា ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ គឺគ្រាន់តែទទួលបង្គាប់នឹងមកនាំមុខទ្រង់ប៉ុណ្ណោះ ២៩អ្នកណាដែលយកប្រពន្ធ នោះឈ្មោះថាជាប្តីហើយ ឯពួកមិត្តសំឡាញ់ ដែលឈរស្តាប់គាត់ កំពុងដែលរៀបការ នោះក៏មានសេចក្តីអំណរអរឡើង ដោយសារសំឡេងប្តី គឺយ៉ាងនោះឯង ដែលសេចក្តីអំណររបស់ខ្ញុំបានពោរពេញហើយ ៣០ត្រូវឲ្យព្រះអង្គនោះបានចំរើនឡើង ហើយខ្ញុំត្រូវថយវិញចុះ ៣១ព្រះអង្គដែលមកពីស្ថានលើ នោះខ្ពស់លើសទាំងអស់ ឯមនុស្សដែលនៅផែនដី នោះកើតពីផែនដីមក ហើយក៏និយាយតាមរបៀបផែនដី តែព្រះអង្គដែលយាងមកពីស្ថានសួគ៌ នោះខ្ពស់លើសជាងទាំងអស់ ៣២ទ្រង់ធ្វើបន្ទាល់ពីការដែលទ្រង់បានឃើញ ហើយឮ តែគ្មានអ្នកណាដែលទទួលសេចក្តីបន្ទាល់របស់ទ្រង់ទេ ៣៣អ្នកណាដែលទទួលសេចក្តីបន្ទាល់របស់ទ្រង់ នោះបានបោះត្រា យល់ព្រមថា ព្រះទ្រង់ពិតត្រង់មែន ៣៤ដ្បិតព្រះអង្គ ដែលព្រះបានចាត់ឲ្យមក ទ្រង់មានបន្ទូលតាមព្រះបន្ទូលនៃព្រះ ពីព្រោះព្រះទ្រង់មិនប្រទានព្រះវិញ្ញាណមកដោយមានកំរិតទេ ៣៥ឯព្រះវរបិតា ទ្រង់ស្រឡាញ់ព្រះរាជបុត្រា ហើយបានប្រគល់គ្រប់ទាំងអស់ មកក្នុងព្រះហស្តទ្រង់ ៣៦ឯអ្នកណាដែលជឿដល់ព្រះរាជបុត្រា នោះមានជីវិតដ៏នៅអស់កល្បជានិច្ចហើយ តែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញ នោះនឹងមិនឃើញជីវិតសោះឡើយ គឺសេចក្តីក្រោធរបស់ព្រះ តែងនៅជាប់លើអ្នកនោះឯង។ ៤ ១ដូច្នេះ កាលព្រះអម្ចាស់ទ្រង់ជ្រាបពីពួកផារិស៊ី ដែលគេបានឮនិយាយថា ទ្រង់បានសិស្ស ហើយក៏ធ្វើបុណ្យជ្រមុជទឹកឲ្យ ជាច្រើនលើសជាងយ៉ូហានទៅទៀត ២(តែមិនមែនព្រះយេស៊ូវដែលធ្វើបុណ្យជ្រមុជព្រះអង្គទ្រង់ទេ គឺជាពួកសិស្សទ្រង់វិញ) ៣នោះទ្រង់ក៏យាងចេញពីស្រុកយូដា ត្រឡប់ទៅឯស្រុកកាលីឡេវិញ ៤ហើយទ្រង់ត្រូវតែយាងកាត់ស្រុកសាម៉ារី ៥ដូច្នេះ ទ្រង់យាងទៅដល់ក្រុង១នៅស្រុកសាម៉ារី ហៅថា ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានឲ្យដល់យ៉ូសែប ជាកូន ៦នៅទីនោះ ក៏មានអណ្តូងយ៉ាកុប ដូច្នេះ ព្រះយេស៊ូវទ្រង់អស់កំឡាំងដោយយាងមក ក៏គង់នៅមាត់អណ្តូងនោះ ពេលនោះប្រហែលជាថ្ងៃត្រង់ហើយ ៧មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ហើយព្រះយេស៊ូវមានបន្ទូលទៅនាងថា សូមឲ្យខ្ញុំផឹកផង ៨ព្រោះពួកសិស្សទ្រង់បានទៅផ្សារអស់ ដើម្បីនឹងរកទិញស្បៀងអាហារ ៩ស្ត្រីសាសន៍សាម៉ារីនោះក៏ទូលថា លោកជាសាសន៍យូដា ម្តេចឡើយក៏លោកសូមទឹកខ្ញុំពិសា ដែលខ្ញុំជាស្រីសាសន៍សាម៉ារីដូច្នេះ (នេះដ្បិតសាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ) ១០ព្រះយេស៊ូវមានបន្ទូលឆ្លើយថា បើសិនជានាងបានស្គាល់អំណោយទាននៃព្រះ នឹងអ្នកដែលនិយាយនឹងនាងថា សូមឲ្យខ្ញុំផឹកផង នោះនាងនឹងបានសូមពីអ្នកនោះវិញ រួចអ្នកនោះនឹងឲ្យទឹករស់ដល់នាង ១១ស្ត្រីនោះក៏ទូលទ្រង់ថា លោកម្ចាស់ លោកគ្មានអ្វីនឹងដងទេ ហើយអណ្តូងក៏ជ្រៅផង ដូច្នេះលោកបានទឹករស់នោះពីណាមក ១២តើលោកធំជាងយ៉ាកុប ជាឰយុកោយើងខ្ញុំ ដែលឲ្យអណ្តូងនេះមកយើងខ្ញុំ ហើយទាំងខ្លួនលោក កូនចៅ នឹងហ្វូងសត្វរបស់លោកក៏បានផឹកផងឬអី ១៣ព្រះយេស៊ូវមានបន្ទូលឆ្លើយថា អស់អ្នកណាដែលផឹកទឹកនេះ នឹងត្រូវស្រេកទៀត ១៤តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច ១៥ស្ត្រីនោះក៏ទូលទ្រង់ថា លោកម្ចាស់អើយ សូមឲ្យទឹកនោះមកខ្ញុំផង ដើម្បីកុំឲ្យខ្ញុំស្រេក ឬមកដងនៅទីនេះទៀត ១៦ព្រះយេស៊ូវមានបន្ទូលថា ចូរទៅហៅប្តីនាងមកឯណេះ ១៧ស្ត្រីនោះទូលឆ្លើយថា ខ្ញុំគ្មានប្តីទេ រួចព្រះយេស៊ូវមានបន្ទូលថា ដែលនាងថា គ្មានប្តី នោះថាត្រូវហើយ ១៨ដ្បិតនាងបានមានប្តី៥មកហើយ ឯអ្នកដែលនៅជាមួយសព្វថ្ងៃនេះ មិនមែនជាប្តីនាងទេ ពាក្យនោះនាងនិយាយត្រូវប្រាកដ ១៩ស្ត្រីនោះទូលទ្រង់ថា លោកម្ចាស់អើយ ខ្ញុំយល់ឃើញថា លោកជាហោរា ២០ឯពួកឰយុកោយើងខ្ញុំ បានថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា ក្រុងយេរូសាឡិមជាកន្លែងដែលត្រូវថ្វាយបង្គំវិញ ២១ព្រះយេស៊ូវមានបន្ទូលថា នាងស្រីអើយ ចូរជឿខ្ញុំថា នឹងមានពេលវេលាមក ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតា នៅលើភ្នំនេះឬនៅក្រុងយេរូសាឡិមទេ ២២អ្នករាល់គ្នាមិនដឹងជាខ្លួនថ្វាយបង្គំអ្វីទេ ឯយើងវិញ យើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតសេចក្តីសង្គ្រោះកើតមកពីសាសន៍យូដា ២៣តែនឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ នឹងសេចក្តីពិត ពីព្រោះព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យបានថ្វាយបង្គំទ្រង់ ២៤ឯព្រះទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ នឹងសេចក្តីពិតដែរ ២៥ស្ត្រីនោះទូលទ្រង់ថា ខ្ញុំដឹងហើយថា ព្រះមែស៊ី ដែលហៅជាព្រះគ្រីស្ទ ទ្រង់នឹងយាងមក កាលណាមកហើយ នោះទ្រង់នឹងប្រាប់ឲ្យយើងខ្ញុំដឹងគ្រប់ទាំងអស់ ២៦ព្រះយេស៊ូវមានបន្ទូលថា នោះគឺខ្ញុំនេះហើយ ដែលនិយាយនឹងនាង។ ២៧ខណនោះ ពួកសិស្សទ្រង់មកដល់ ក៏នឹកប្លែកពីទ្រង់មានបន្ទូលនឹងស្ត្រីនោះ ប៉ុន្តែគ្មានអ្នកណាទូលសួរថាទ្រង់សួររកអ្វី ឬថា ទ្រង់មានបន្ទូលនឹងស្ត្រីនេះធ្វើអីនោះទេ ២៨ឯស្ត្រីនោះ នាងទុកក្អមចោល ក៏ចូលក្នុងក្រុងដំណាលប្រាប់គេថា ២៩ចូរមកមើល មានមនុស្សម្នាក់ ដែលប្រាប់ខ្ញុំពីគ្រប់អំពើទាំងអស់ ដែលខ្ញុំបានប្រព្រឹត្ត តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬអី ៣០គេក៏ចេញពីទីក្រុងទៅឯទ្រង់។ ៣១ក្នុងរវាងនោះ ពួកសិស្សទូលទ្រង់ថា លោកគ្រូអញ្ជើញពិសា ៣២តែទ្រង់មានបន្ទូលថា ខ្ញុំមានអាហារសំរាប់ទទួលទានហើយ គឺជាអាហារដែលអ្នករាល់គ្នាមិនស្គាល់ ៣៣ដូច្នេះ ពួកសិស្សសួរគ្នាទៅវិញទៅមកថា មានអ្នកណាយកអ្វីមកជូនលោកពិសាដែរឬអី ៣៤នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ឯអាហារខ្ញុំ គឺត្រង់ដែលខ្ញុំធ្វើតាមព្រះហឫទ័យនៃព្រះ ដែលចាត់ឲ្យខ្ញុំមក ព្រមទាំងបង្ហើយការរបស់ទ្រង់នោះឯង ៣៥តើអ្នករាល់គ្នាមិនថានៅ៤ខែទៀត ទើបដល់រដូវចំរូតទេឬអី ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរងើបឡើងមើលទៅស្រែមើល ដ្បិតបានក្រហមល្មមច្រូតហើយ ៣៦អ្នកណាដែលច្រូត នោះបានរង្វាន់ ក៏ប្រមូលផលសំរាប់ជីវិតដ៏នៅអស់កល្បជានិច្ច ដើម្បីឲ្យអ្នកដែលព្រោះ នឹងអ្នកដែលច្រូត បានអរសប្បាយផងគ្នា ៣៧ដ្បិតចំពោះដំណើរនេះ នោះពាក្យទំនៀមនេះត្រូវណាស់ថា ម្នាក់ព្រោះ ម្នាក់ទៀតច្រូត ៣៨ខ្ញុំបានចាត់អ្នករាល់គ្នាទៅច្រូតចំរូត ដែលមិនបាននឿយនឹងធ្វើសោះ មានអ្នកឯទៀតបាននឿយហត់ ហើយអ្នករាល់គ្នាបានចូលទៅក្នុងការរបស់គេ។ ៣៩នៅក្រុងនោះក៏មានសាសន៍សាម៉ារីជាច្រើន បានជឿដល់ទ្រង់ ដោយព្រោះពាក្យដែលស្ត្រីនោះធ្វើបីន្ទាល់ថា លោកប្រាប់ខ្ញុំពីគ្រប់អំពើទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត ៤០ដូច្នេះ កាលពួកសាសន៍សាម៉ារីបានមកដល់ទ្រង់ហើយ នោះគេសូមទ្រង់ ឲ្យនៅជាមួយនឹងគេ ទ្រង់ក៏គង់នៅទីនោះអស់២ថ្ងៃ ៤១ហើយមានមនុស្សជាច្រើនទៀតបានជឿ ដោយសារព្រះបន្ទូលទ្រង់ ៤២រួចគេនិយាយទៅស្ត្រីនោះថា ឥឡូវនេះយើងជឿ មិនមែនដោយព្រោះពាក្យសំដីរបស់អ្នកទៀតទេ គឺជឿដោយព្រោះបានឮទ្រង់ផ្ទាល់ខ្លួនយើងវិញ ហើយយើងដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះដ៏ជួយសង្គ្រោះមនុស្សលោកពិតប្រាកដមែន។ ៤៣កន្លង២ថ្ងៃនោះមក ព្រះយេស៊ូវក៏ចេញពីទីនោះទៅឯស្រុកកាលីឡេវិញ ៤៤ដ្បិតទ្រង់ធ្វើបន្ទាល់ដោយព្រះអង្គទ្រង់ថា គេមិនរាប់អានហោរា នៅក្នុងស្រុករបស់ខ្លួនទេ ៤៥ដូច្នេះកាលទ្រង់បានយាងមកដល់ស្រុកកាលីឡេហើយ នោះពួកអ្នកនៅស្រុកនោះក៏ទទួលទ្រង់ ដោយបានឃើញអស់ទាំងការដែលទ្រង់ធ្វើ នៅក្រុងយេរូសាឡិម ក្នុងវេលាបុណ្យ ពីព្រោះគេក៏បានទៅឯបុណ្យនោះដែរ។ ៤៦រួចមក ទ្រង់យាងមកដល់ភូមិកាណា ក្នុងស្រុកកាលីឡេម្តងទៀត គឺនៅភូមិនោះហើយ ដែលទ្រង់ធ្វើទឹកឲ្យប្រែទៅជាស្រាទំពាំងបាយជូរ នោះមាននាម៉ឺនម្នាក់មានកូនឈឺ នៅឯកាពើណិម ៤៧កាលលោកបានឮថា ព្រះយេស៊ូវបានយាងពីស្រុកយូដា មកដល់ស្រុកកាលីឡេហើយ នោះលោកក៏ទៅសូមទ្រង់ ឲ្យយាងចុះទៅប្រោសកូនឲ្យជា ដ្បិតកូននោះជិតស្លាប់ហើយ ៤៨ព្រះយេស៊ូវទ្រង់មានបន្ទូលទៅលោកថា បើអ្នករាល់គ្នាមិនឃើញទីសំគាល់ នឹងការអស្ចារ្យ នោះមិនព្រមជឿទេ ៤៩នាម៉ឺននោះទូលទ្រង់ថា លោកម្ចាស់ សូមអញ្ជើញចុះទៅជាប្រញាប់ ក្រែងកូនខ្ញុំស្លាប់ ៥០ព្រះយេស៊ូវមានបន្ទូលទៅលោកថា អញ្ជើញទៅចុះ កូនលោកនឹងរស់នៅទេ លោកក៏ជឿព្រះបន្ទូលនៃព្រះយេស៊ូវ ហើយចេញទៅ ៥១កំពុងដែលលោកចុះទៅ ស្រាប់តែពួកបាវលោកមកជំរាបថា កូនលោកជាហើយ ៥២ដូច្នេះ លោកក៏សួរគេ ពីពេលណាដែលកូនបានគ្រាន់បើ គេជំរាបថា បាត់គ្រូនពីម៉ោង១ម្សិលមិញ ៥៣នោះឪពុកបានដឹងថា គឺជាពេលនោះឯងដែលព្រះយេស៊ូវមានបន្ទូលថា កូនរស់នៅទេ ហើយលោកក៏ជឿ ព្រមទាំងពួកផ្ទះលោកទាំងអស់ដែរ ៥៤នេះជាទីសំគាល់ទី២ដែលព្រះយេស៊ូវទ្រង់ធ្វើ ក្នុងកាលដែលទ្រង់យាងត្រឡប់ពីស្រុកយូដា មកក្នុងស្រុកកាលីឡេវិញ។ ៥ ១ក្រោយនោះមក មានបុណ្យ១របស់សាសន៍យូដា ហើយព្រះយេស៊ូវ ទ្រង់យាងឡើងទៅឯក្រុងយេរូសាឡិម ២រីឯនៅក្រុងយេរូសាឡិម ជិតទ្វារចៀម នោះមានស្រះ១ ដែលភាសាហេព្រើរហៅថា បេថែសដា មានសាលាសំណាក់៥ ៣មានមនុស្សសន្ធឹកដេកនៅក្នុងសាលាទាំងនោះ ខ្លះឈឺ ខ្លះខ្វាក់ ខ្លះខ្វិន ខ្លះស្វិត គេរង់ចាំទឹកកំរើកឡើង ៤ដ្បិតចួនណាមានទេវតាចុះមកកូរទឹកក្នុងស្រះនោះ លុះក្រោយដែលបានកូរស្រេចហើយ នោះអ្នកណាដែលចុះទៅមុនគេ ក៏បានជាស្អាត ទោះបើឈឺរោគអ្វីក៏ដោយ ៥នៅទីនោះ មានមនុស្សម្នាក់ដែលឈឺ៣៨ឆ្នាំមកហើយ ៦កាលព្រះយេស៊ូវឃើញគាត់ដេកនៅ ហើយបានជ្រាបថា គាត់នៅយ៉ាងនោះជាយូរមកហើយ នោះទ្រង់មានបន្ទូលថា តើអ្នកចង់បានជាឬទេ ៧អ្នកជំងឺនោះទូលឆ្លើយថា លោកម្ចាស់អើយ ខ្ញុំគ្មានអ្នកណានឹងដាក់ខ្ញុំទៅក្នុងស្រះ ក្នុងកាលដែលទឹកបានកំរើកឡើងនោះទេ ហើយកំពុងដែលខ្ញុំចុះទៅ នោះក៏មានម្នាក់ទៀតចុះទៅមុនខ្ញុំ ៨ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ចូរក្រោកឡើង យកគ្រែអ្នកដើរទៅ ៩ស្រាប់តែអ្នកនោះបានជាភ្លាម ក៏យកគ្រែដើរទៅ ឯថ្ងៃនោះ ជាថ្ងៃឈប់សំរាក ១០ដូច្នេះ ពួកសាសន៍យូដា គេស្តីឲ្យអ្នកដែលបានជាថា ថ្ងៃនេះជាថ្ងៃឈប់សំរាក អ្នកគ្មានច្បាប់នឹងលីគ្រែទៅទេ ១១គាត់ឆ្លើយទៅគេថា លោកដែលធ្វើឲ្យខ្ញុំជា លោកបង្គាប់ថា ចូរយកគ្រែឯងដើរទៅ ១២នោះគេសួរគាត់ថា តើអ្នកណាបានប្រាប់ឲ្យអ្នកយកគ្រែដើរទៅដូច្នេះ ១៣តែអ្នកដែលបានជាមិនស្គាល់ជាអ្នកណាទេ ពីព្រោះព្រះយេស៊ូវទ្រង់យាងទៅបាត់ហើយ ក៏មានមនុស្សសន្ធឹកនៅទីនោះដែរ ១៤ក្រោយនោះមក ព្រះយេស៊ូវឃើញគាត់នៅក្នុងព្រះវិហារ ក៏មានបន្ទូលទៅថា មើល ឥឡូវអ្នកបានជាហើយ កុំឲ្យធ្វើបាបទៀត ក្រែងអ្នកកើតមានសេចក្តីអាក្រក់ជាងនេះទៅទៀត ១៥មនុស្សនោះក៏ចេញទៅប្រាប់ដល់ពួកសាសន៍យូដា ឲ្យដឹងថាជាព្រះយេស៊ូវ ដែលប្រោសឲ្យខ្លួនបានជា ១៦ហេតុនោះបានជាពួកសាសន៍យូដា គេបៀតបៀនដល់ព្រះយេស៊ូវហើយរកសំឡាប់ទ្រង់ ដោយព្រោះទ្រង់ធ្វើការនោះ នៅថ្ងៃឈប់សំរាក ១៧ប៉ុន្តែ ព្រះយេស៊ូវមានបន្ទូលទៅគេថា ព្រះវរបិតាខ្ញុំ ទ្រង់ធ្វើការដរាបមកដល់ឥឡូវនេះ ហើយខ្ញុំក៏ធ្វើការដែរ ១៨ដោយហេតុពាក្យនោះ បានជាពួកសាសន៍យូដា គេរកសំឡាប់ទ្រង់រឹតតែខ្លាំងឡើង ពីព្រោះទ្រង់មិនមែនគ្រាន់តែរំលងច្បាប់នៃថ្ងៃឈប់សំរាកតែប៉ុណ្ណោះ គឺបានទាំងហៅព្រះ ថាជាព្រះវរបិតានៃទ្រង់ថែមទៀត ហើយលើកអង្គទ្រង់ស្មើនឹងព្រះផង។ ១៩ដូច្នេះ ព្រះយេស៊ូវ ទ្រង់មានបន្ទូលឆ្លើយទៅគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ព្រះរាជបុត្រា ពុំអាចនឹងធ្វើការអ្វី ដោយព្រះអង្គទ្រង់បានទេ ធ្វើបានតែការអ្វីដែលឃើញព្រះវរបិតាធ្វើ ដ្បិតការអ្វីដែលព្រះវរបិតាធ្វើ នោះព្រះរាជបុត្រាក៏ធ្វើដូច្នោះដែរ ២០ពីព្រោះព្រះវរបិតាទ្រង់ស្រឡាញ់ព្រះរាជបុត្រា ហើយក៏បង្ហាញ ឲ្យព្រះរាជបុត្រាឃើញអស់ទាំងការដែលទ្រង់ធ្វើដែរ ទ្រង់នឹងបង្ហាញឲ្យឃើញការធំ លើសជាងការទាំងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីអស្ចារ្យ ២១ដ្បិតដែលព្រះវរបិតាទ្រង់ប្រោសមនុស្សុស្លាប់ ឲ្យមានជីវិតរស់ឡើងវិញយ៉ាងណា នោះព្រះរាជបុត្រានឹងប្រោសដល់អ្នកណា ដែលទ្រង់សព្វព្រះហឫទ័យក៏យ៉ាងដូច្នោះដែរ ២២ព្រះវរបិតាទ្រង់មិនជំនុំជំរះអ្នកណាទេ ទ្រង់បានប្រគល់គ្រប់ការជំនុំជំរះ ដល់ព្រះរាជបុត្រាវិញ ២៣ដើម្បីឲ្យមនុស្សទាំងអស់បានគោរពប្រតិបត្តិដល់ព្រះរាជបុត្រា ដូចជាគោរពប្រតិបត្តិដល់ព្រះវរបិតាដែរ អ្នកណាដែលមិនគោរពប្រតិបត្តិដល់ព្រះរាជបុត្រា នោះក៏មិនគោរពប្រតិបិត្តដល់ព្រះវរបិតា ដែលចាត់ឲ្យទ្រង់មកដែរ។ ២៤ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមក អ្នកនោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយមិនដែលត្រូវជំនុំជំរះឡើយ គឺបានកន្លងហួសពីសេចក្តីស្លាប់ ទៅដល់ជីវិតវិញ ២៥ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងមានពេលវេលាមក ក៏មកដល់ហើយ ដែលមនុស្សស្លាប់នឹងឮសំឡេងព្រះរាជបុត្រានៃព្រះ ហើយអស់អ្នកណាដែលឮនឹងបានរស់វិញ ២៦ពីព្រោះដែលព្រះវរបិតាមានជីវិតក្នុងព្រះអង្គទ្រង់យ៉ាងណា នោះទ្រង់ក៏បានប្រទានឲ្យព្រះរាជបុត្រាមានជីវិត ក្នុងព្រះអង្គទ្រង់យ៉ាងនោះដែរ ២៧ហើយបានប្រទានអំណាចមកទ្រង់ ឲ្យជំនុំជំរះផង ពីព្រោះទ្រង់ជាកូនមនុស្ស ២៨កុំឲ្យឆ្ងល់ពីសេចក្តីនេះឡើយ ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរនឹងឮសំឡេងទ្រង់ ហើយនឹងចេញមក ២៩គឺពួកអ្នកដែលបានប្រព្រឹត្តល្អ គេនឹងរស់ឡើងវិញឲ្យបានជីវិត ឯពួកអ្នកដែលបានប្រព្រឹត្តអាក្រក់វិញ គេនឹងរស់ឡើង ឲ្យជាប់មានទោស ៣០ខ្ញុំពុំអាចនឹងធ្វើការអ្វី ដោយខ្លួនខ្ញុំបានទេ ខ្ញុំជំនុំជំរះតាមដែលខ្ញុំឮ ហើយសេចក្តីជំនុំជំរះរបស់ខ្ញុំក៏សុចរិត ពីព្រោះខ្ញុំមិនរកតាមតែចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក។ ៣១បើសិនជាខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ នោះសេចក្តីបន្ទាល់របស់ខ្ញុំមិនពិតទេ ៣២មានម្នាក់ទៀតដែលធ្វើបន្ទាល់ពីខ្ញុំហើយខ្ញុំដឹងថា សេចក្តីបន្ទាល់ ដែលអ្នកនោះធ្វើពីខ្ញុំក៏ពិតប្រាកដមែន ៣៣អ្នករាល់គ្នាបានចាត់គេ ឲ្យទៅឯលោកយ៉ូហាន លោកក៏ធ្វើបន្ទាល់តាមសេចក្តីពិត ៣៤ប៉ុន្តែសេចក្តីបន្ទាល់ដែលខ្ញុំទទួល នោះមិនមែនមកពីមនុស្សទេ ខ្ញុំគ្រាន់តែនិយាយសេចក្តីទាំងនេះ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានសង្គ្រោះប៉ុណ្ណោះ ៣៥ឯលោកយ៉ូហាន លោកជាចង្កៀងដែលឆេះ ហើយភ្លឺ អ្នករាល់គ្នាក៏ចូលចិត្ត ឲ្យបានអរសប្បាយក្នុងពន្លឺរបស់លោក ក្នុង១គ្រានោះដែរ ៣៦ប៉ុន្តែខ្ញុំមានទីបន្ទាល់វិសេសជាងទីបន្ទាល់ របស់លោកយ៉ូហានទៅទៀត ពីព្រោះការទាំងប៉ុន្មាន ដែលព្រះវរបិតាបានប្រគល់មកឲ្យខ្ញុំធ្វើបង្ហើយ គឺការដែលខ្ញុំធ្វើទាំងប៉ុន្មាននេះឯង នោះបានធ្វើបន្ទាល់ពីខ្ញុំហើយ ថាព្រះវរបិតាបានចាត់ឲ្យខ្ញុំមក ៣៧ឯព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់ក៏ធ្វើបន្ទាល់ពីខ្ញុំដែរ អ្នករាល់គ្នាមិនដែលឮសំឡេងទ្រង់ឡើយ ក៏មិនដែលឃើញរូបអង្គទ្រង់ផង ៣៨អ្នករាល់គ្នាគ្មានព្រះបន្ទូលទ្រង់នៅក្នុងខ្លួនសោះ ពីព្រោះអ្នករាល់គ្នាមិនជឿដល់ព្រះអង្គ ដែលទ្រង់ចាត់ឲ្យមកនេះ ៣៩អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ ៤០តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ។ ៤១ខ្ញុំមិនទទួលកិត្តិសព្ទអំពីមនុស្សទេ ៤២ខ្ញុំស្គាល់អ្នករាល់គ្នាហើយ ថាគ្មានសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងខ្លួនអ្នករាល់គ្នាសោះ ៤៣ខ្ញុំបានមកដោយនូវព្រះនាមរបស់ព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំទេ បើសិនជាមានអ្នកណាទៀតមក ដោយនូវឈ្មោះរបស់ខ្លួនគេ នោះអ្នករាល់គ្នានឹងទទួលអ្នកនោះវិញ ៤៤ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿបាន ដែលទទួលកិត្តិសព្ទតែពីគ្នាឯង ឥតស្វែងរកកិត្តិសព្ទ ដែលមកពីព្រះអង្គដ៏ជាព្រះតែ១អង្គទ្រង់ដូច្នេះ ៤៥កុំឲ្យស្មានថា ខ្ញុំនឹងប្តឹងដល់ព្រះវរបិតា ពីអ្នករាល់គ្នានោះឡើយ មានម្នាក់ដែលប្តឹងពីអ្នករាល់គ្នាហើយ គឺជាលោកម៉ូសេ ដែលអ្នករាល់គ្នាយកជាទីសង្ឃឹម ៤៦បើសិនជាអ្នករាល់គ្នាជឿដល់លោកម៉ូសេពិត នោះនឹងបានជឿដល់ខ្ញុំដែរ ពីព្រោះលោកបានចែងទុកពីខ្ញុំ ៤៧ប៉ុន្តែបើអ្នករាល់គ្នាមិនជឿសេចក្តី ដែលលោកបានចែងទុកមកទេ នោះធ្វើដូចម្តេចឲ្យជឿពាក្យខ្ញុំទៅបាន។ ៦ ១លុះក្រោយមក ព្រះយេស៊ូវទ្រង់ឆ្លងសមុទ្រកាលីឡេ គឺជាសមុទ្រទីបេរាស ២ហើយមានហ្វូងមនុស្សជាធំតាមទ្រង់ទៅ ដោយបានឃើញទីសំគាល់ទាំងប៉ុន្មាន ដែលទ្រង់ប្រោសដល់ពួកជំងឺ ៣នោះព្រះយេស៊ូវទ្រង់យាងឡើងទៅលើភ្នំ គង់ជាមួយនឹងពួកសិស្សនៅទីនោះ ៤រីឯបុណ្យរំលង ជាបុណ្យរបស់សាសន៍យូដា ក៏ជិតដល់ហើយ ៥ឯព្រះយេស៊ូវទ្រង់ងើបព្រះនេត្រឡើង ឃើញមនុស្សកកកុញមកឯទ្រង់ នោះទ្រង់មានបន្ទូលទៅភីលីពថា យើងនឹងទិញនំប៉័ងពីណាមក ឲ្យមនុស្សទាំងអស់នេះបានបរិភោគ ៦ទ្រង់មានបន្ទូលសួរដូច្នេះ ដើម្បីនឹងល្បងលគាត់ទេ ព្រោះទ្រង់ជ្រាបការ ដែលទ្រង់គិតធ្វើហើយ ៧ភីលីពទូលឆ្លើយថា ទោះបើទិញនំប៉័ងអស់៤០រៀល ក៏មិនគ្រាន់ឲ្យគ្រប់គ្នាសូម្បីតែបន្តិចបន្តួចផង ៨មានសិស្សទ្រង់ម្នាក់ ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស គាត់ទូលទ្រង់ថា ៩នៅទីនេះមានក្មេងម្នាក់ មាននំប៉័ងម្សៅឱក៥ នឹងត្រីតូច២ ប៉ុន្តែ ដែលមានតែប៉ុណ្ណោះ តើមានប្រយោជន៍អ្វី ដល់មនុស្សច្រើនទាំងម៉្លេះ ១០ព្រះយេស៊ូវមានបន្ទូលថា ចូរឲ្យមនុស្សទាំងអស់អង្គុយទៅ រីឯនៅទីនោះ មានស្មៅច្រើន ដូច្នេះ គេក៏នាំគ្នាអង្គុយ មានចំនួនប្រហែលជា៥ពាន់នាក់ ១១រួចព្រះយេស៊ូវទ្រង់យកនំប៉័ងនោះមកអរព្រះគុណ រួចចែកទៅឲ្យពួកសិស្ស គេក៏ចែកដល់ពួកអ្នកដែលអង្គុយ បានចែកទាំងត្រីតូចនោះបែបដូច្នោះដែរ តាមតែគេចង់បាន ១២លុះគេបានឆ្អែតគ្រប់គ្នាហើយ នោះទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរប្រមូលចំណិតដែលសល់នៅ ដើម្បីកុំឲ្យបាត់អ្វីឡើយ ១៣ក្រោយដែលបរិភោគរួចហើយ នោះគេប្រមូលចំណិតនំប៉័ងម្សៅឱក ដែលសល់ពី៥ដុំនោះ ដាក់ពេញបាន១២កន្ត្រក ១៤កាលមនុស្សទាំងប៉ុន្មានបានឃើញទីសំគាល់ ដែលព្រះយេស៊ូវធ្វើនោះ គេក៏និយាយថា លោកនេះប្រាកដជាហោរានោះ ដែលត្រូវមកក្នុងលោកីយមែន ១៥ដូច្នេះ ព្រះយេស៊ូវក៏ថយឡើងទៅលើភ្នំតែ១អង្គទ្រង់វិញទៀត ពីព្រោះទ្រង់ជ្រាបថា គេគិតមកចាប់ទ្រង់ដោយកំឡាំង ដើម្បីនឹងតាំងឡើងជាស្តេច។ ១៦លុះព្រលប់ហើយ ពួកសិស្សទ្រង់ចុះទៅឯសមុទ្រ ១៧ក៏ចុះទូកឆ្លងទៅឯកាពើណិម ពេលនោះងងឹតហើយ តែព្រះយេស៊ូវមិនទាន់មកដល់នៅឡើយ ១៨សមុទ្រក៏មានរលក បោកដោយខ្យល់បក់ជាខ្លាំង ១៩កាលគេបានចែវទៅប្រហែលជា៥ឬ៦គីឡូម៉ែតហើយ នោះស្រាប់តែគេឃើញព្រះយេស៊ូវ ទ្រង់យាងលើសមុទ្រមកជិតទូក ហើយគេមានសេចក្តីភ័យខ្លាច ២០តែទ្រង់មានបន្ទូលថា កុំភ័យអី គឺខ្ញុំទេតើ ២១នោះគេក៏ព្រមទទួលទ្រង់ មកក្នុងទូកស្រាប់តែទូកបានដល់ស្រុកដែលគេប៉ងនឹងទៅ។ ២២ស្អែកឡើង កាលហ្វូងមនុស្ស ដែលនៅត្រើយសមុទ្រម្ខាង បានឃើញថា នៅទីនោះគ្មានទូកណាទៀតក្រៅពីទូក១ ដែលពួកសិស្សទ្រង់បានជិះ ហើយថា ព្រះយេស៊ូវមិនបានជិះទូកនោះ ទៅជាមួយនឹងពួកសិស្សទេ គឺពួកសិស្សបានចេញទៅតែគ្នាគេ ២៣(ប៉ុន្តែមានទូកខ្លះទៀត មកពីស្រុកទីបេរាស ជិតកន្លែងដែលគេបានបរិភោគនំប៉័ង ក្រោយដែលព្រះអម្ចាស់បានអរព្រះគុណរួចហើយ) ២៤ដូច្នេះ កាលហ្វូងមនុស្សមិនឃើញព្រះយេស៊ូវ ឬពួកសិស្សទ្រង់នៅទីនោះ គេក៏ជិះទូកទៅឯកាពើណិម ដើម្បីនឹងរកទ្រង់ ២៥កាលឃើញទ្រង់នៅឯត្រើយម្ខាងហើយ នោះគេទូលសួរថា លោកគ្រូ លោកមកដល់ទីនេះពីកាលណា ២៦ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នារកខ្ញុំ មិនមែនដោយព្រោះបានឃើញទីសំគាល់ទេ គឺដោយព្រោះតែបានបរិភោគនំប៉័ងឆ្អែតប៉ុណ្ណោះ ២៧កុំឲ្យខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ ដរាបដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា ដ្បិតគឺកូនមនុស្សនេះហើយ ដែលព្រះវរបិតាដ៏ជាព្រះ ទ្រង់បានដៅចំណាំទុក ២៨ដូច្នេះ គេទូលសួរទ្រង់ថា ដែលនឹងធ្វើការរបស់ព្រះ តើត្រូវធ្វើដូចម្តេចខ្លះ ២៩ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឯការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមក ៣០នោះគេទូលសួរទ្រង់ថា បើដូច្នេះ តើលោកនឹងធ្វើទីសំគាល់ណាឲ្យយើងខ្ញុំឃើញផង ដើម្បីឲ្យបានជឿដល់លោក តើលោកធ្វើការអ្វីខ្លះ ៣១ពួកឰយុកោយើងខ្ញុំបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ដូចជាមានសេចក្តីចែងទុកមកថា «លោកបានឲ្យនំប៉័ងពីស្ថានសួគ៌ មកឲ្យគេបរិភោគ» ៣២ឯព្រះយេស៊ូវ ទ្រង់មានបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនមែនលោកម៉ូសេ ដែលឲ្យនំប៉័ងពីស្ថានសួគ៌នោះ មកអ្នករាល់គ្នាទេ តែឯនំប៉័ងដ៏ពិត ដែលមកពីស្ថានសួគ៌ នោះគឺព្រះវរបិតាខ្ញុំ ដែលប្រទានមកអ្នករាល់គ្នាវិញ ៣៣ដ្បិតនំប៉័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ព្រមទាំងប្រទានឲ្យមនុស្សលោកបានជីវិតផង ៣៤ដូច្នេះ គេទូលទ្រង់ថា លោកម្ចាស់អើយ សូមឲ្យនំប៉័ងនោះមកយើងខ្ញុំជានិច្ច។ ៣៥ព្រះយេស៊ូវមានបន្ទូលថា ខ្ញុំជានំប៉័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ ៣៦ប៉ុន្តែខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយថា អ្នករាល់គ្នាបានឃើញខ្ញុំ តែមិនជឿទេ ៣៧អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមកឯខ្ញុំ ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ ៣៨ពីព្រោះខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក ៣៩ឯបំណងព្រះហឫទ័យនៃព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក នោះគឺមិនចង់ឲ្យខ្ញុំបាត់អ្នកណា ក្នុងគ្រប់អស់ទាំងមនុស្ស ដែលទ្រង់ប្រទានមកខ្ញុំនោះឡើយ គឺទ្រង់ចង់ឲ្យខ្ញុំប្រោសទាំងអស់ឲ្យរស់ឡើង នៅថ្ងៃចុងបំផុតវិញ ៤០នេះហើយជាបំណងព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយក៏ជឿដល់ទ្រង់ បានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត។ ៤១នោះពួកសាសន៍យូដា គេឌុកដាន់ទ្រង់ ពីព្រោះទ្រង់មានបន្ទូលថា ខ្ញុំជានំប៉័ង ដែលចុះពីស្ថានសួគ៌មក ៤២គេនិយាយថា អ្នកនេះ តើមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្តាយគាត់ទេឬអី ចុះដូចម្តេចឡើយបានជាគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ ៤៣នោះព្រះយេស៊ូវមានបន្ទូលទៅគេថា កុំឲ្យរទូរទាំក្នុងពួកអ្នករាល់គ្នាឡើយ ៤៤គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញនៅថ្ងៃចុងបំផុតដែរ ៤៥នៅក្នុងគម្ពីរពួកហោរាមានសេចក្តីចែងទុកមកថា «ព្រះទ្រង់នឹងបង្រៀនគេទាំងអស់គ្នា» ដូច្នេះ អស់អ្នកណាដែលឮព្រះវរបិតា ហើយបានរៀនពីទ្រង់ នោះក៏មកឯខ្ញុំ ៤៦នេះមិនមែនថា មានអ្នកណាដែលឃើញព្រះវរបិតានោះឡើយ មានតែព្រះអង្គ ដែលយាងមកពីព្រះប៉ុណ្ណោះ ព្រះអង្គនោះទើបទ្រង់បានឃើញព្រះវរបិតាមែន ៤៧ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះមានជីវិតអស់កល្បជានិច្ច ៤៨ខ្ញុំជានំប៉័ងជីវិត ៤៩ពួកឰយុកោអ្នករាល់គ្នាបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ហើយក៏ស្លាប់អស់ទៅ ៥០ឯនំប៉័ងដែលខ្ញុំនិយាយនេះ គឺជានំប៉័ងដែលចុះពីស្ថានសួគ៌មក ដើម្បីឲ្យអ្នកណា ដែលបរិភោគ មិនត្រូវស្លាប់ឡើយ ៥១ខ្ញុំជានំប៉័ងដ៏រស់ ដែលចុះពីស្ថានសួគ៌មក បើអ្នកណាបរិភោគនំប៉័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច ឯនំប៉័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំនឹងឲ្យជំនួសជីវិតមនុស្សលោក ៥២ដូច្នេះ ពួកសាសន៍យូដាគេជជែកគ្នាថា ធ្វើដូចម្តេចឲ្យអ្នកនេះអាចនឹងឲ្យសាច់ខ្លួនមកយើងបរិភោគបាន។ ៥៣នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ ហើយមិនផឹកឈាមរបស់កូនមនុស្ស នោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ ៥៤អ្នកណាដែលបរិភោគសាច់នឹងឈាមរបស់ខ្ញុំ នោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត ៥៥ពីព្រោះសាច់ខ្ញុំជាអាហារពិត ហើយឈាមខ្ញុំក៏ជាគ្រឿងផឹកពិតប្រាកដ ៥៦អ្នកណាដែលបរិភោគសាច់ និងឈាមរបស់ខ្ញុំ នោះនៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងអ្នកនោះដែរ ៥៧អ្នកណាដែលបរិភោគខ្ញុំ អ្នកនោះនឹងរស់ដោយសារខ្ញុំដូចជាព្រះវរបិតាដ៏មានព្រះជន្មរស់ ទ្រង់បានចាត់ឲ្យខ្ញុំមក ហើយខ្ញុំក៏រស់នៅ ដោយសារទ្រង់ដែរ ៥៨នំប៉័ងនេះជានំប៉័ង ដែលចុះពីស្ថានសួគ៌មកជាពិត មិនមែនដូចជាពួកឰយុកោអ្នករាល់គ្នា បានបរិភោគនំម៉ាន៉ា ហើយក៏ស្លាប់ទៅនោះទេ គឺអ្នកណាដែលបរិភោគនំប៉័ងនេះ នឹងរស់នៅអស់កល្បជានិច្ចវិញ ៥៩ទ្រង់មានបន្ទូលសេចក្តីទាំងនេះ ក្នុងសាលាប្រជុំ នៅកាពើណិម កំពុងដែលទ្រង់បង្រៀនគេ។ ៦០ពួកសិស្សទ្រង់ជាច្រើន ដែលឮសេចក្តីនោះ ក៏និយាយថា ពាក្យនេះពិបាកស្តាប់ណាស់ តើអ្នកណាយល់បាន ៦១ប៉ុន្តែ ព្រះយេស៊ូវទ្រង់ជ្រាបក្នុងព្រះអង្គទ្រង់ថា ពួកសិស្សរទូរទាំពីសេចក្តីនោះ បានជាទ្រង់មានបន្ទូលថា តើសេចក្តីនេះនាំបង្អាក់ដល់ចិត្តអ្នករាល់គ្នាឬអី ៦២ចុះ បើអ្នករាល់គ្នាបានឃើញកូនមនុស្សឡើងទៅឯស្ថាន ដែលលោកនៅពីដើម នោះតើនឹងគិតដូចម្តេចទៅ ៦៣គឺជាវិញ្ញាណដែលឲ្យមានជីវិត រូបសាច់គ្មានប្រយោជន៍អ្វីទេ ឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណនឹងជីវិតវិញ ៦៤ប៉ុន្តែ មានអ្នករាល់គ្នាខ្លះមិនជឿទេ នេះដ្បិតព្រះយេស៊ូវទ្រង់ជ្រាប តាំងតែពីដើមមក អំពីអ្នកណាដែលមិនបានជឿ ហើយអំពីអ្នកណា ដែលនឹងបញ្ជូនទ្រង់ ៦៥ទ្រង់ក៏មានបន្ទូលថា គឺហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតាទ្រង់ប្រោសប្រទានឲ្យប៉ុណ្ណោះ។ ៦៦តាំងពីនោះមក មានសិស្សទ្រង់ជាច្រើនដកខ្លួនថយចេញ មិនតាមទ្រង់ទៀតទេ ៦៧នោះព្រះយេស៊ូវមានបន្ទូលទៅពួក១២នាក់ថា អ្នករាល់គ្នាចង់ថយទៅដែរឬ ៦៨ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច ៦៩យើងខ្ញុំក៏បានជឿ ហើយដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត ៧០ព្រះយេស៊ូវមានបន្ទូលទៅគេថា តើខ្ញុំមិនបានរើសអ្នករាល់គ្នា ជាពួក១២នាក់ទេឬអី តែមានម្នាក់ក្នុងពួកអ្នករាល់គ្នាជាអារក្សវិញ ៧១នេះគឺទ្រង់មានបន្ទូលពីយូដាស-អ៊ឺស្កីរាយ៉ីត៉ ជាកូនស៊ីម៉ូន ដែលនៅក្នុងពួក១២នាក់នោះ ដ្បិតវារៀបនឹងបញ្ជូនទ្រង់ទៅ។ ៧ ១ក្រោយនោះមក ព្រះយេស៊ូវ ទ្រង់យាងនៅតែក្នុងស្រុកកាលីឡេប៉ុណ្ណោះ ទ្រង់មិនសព្វព្រះហឫទ័យនឹងយាងក្នុងស្រុកយូដាទេ ពីព្រោះសាសន៍យូដារកសំឡាប់ទ្រង់ ២រីឯបុណ្យរបស់សាសន៍យូដា ដែលហៅថាបុណ្យបារាំនោះជិតដល់ហើយ ៣ដូច្នេះពួកប្អូនទ្រង់ទូលថា ចូរចេញពីទីនេះទៅឯស្រុកយូដាទៅ ដើម្បីឲ្យពួកសិស្សរបស់បងបានឃើញការដែលបងធ្វើផង ៤ដ្បិតអ្នកណាដែលចង់ឲ្យគេស្គាល់ខ្លួន នោះមិនដែលធ្វើការដោយសំងាត់ទេ បើបងធ្វើការទាំងនេះ ចូរសំដែងខ្លួនឲ្យមនុស្សលោកស្គាល់ដែរ ៥ដ្បិតពួកប្អូនទ្រង់មិនបានជឿដល់ទ្រង់ទេ ៦ដូច្នេះ ព្រះយេស៊ូវមានបន្ទូលតបថា ឯពេលវេលារបស់ឯងរាល់គ្នា នោះចេះតែមានជានិច្ច តែពេលវេលារបស់អញមិនទាន់ដល់នៅឡើយ ៧លោកីយពុំអាចនឹងស្អប់ឯងរាល់គ្នាបានទេ តែគេស្អប់អញវិញ ពីព្រោះអញធ្វើបន្ទាល់ពីគេថា ការគេប្រព្រឹត្តសុទ្ធតែអាក្រក់ ៨ចូរឯងរាល់គ្នាឡើងទៅឯបុណ្យនេះចុះ ឯអញមិនទាន់ទៅទេ ព្រោះកំណត់អញមិនទាន់សំរេចនៅឡើយ ៩កាលទ្រង់មានបន្ទូលសេចក្តីទាំងនោះរួចហើយ នោះក៏គង់នៅស្រុកកាលីឡេដដែល ១០ប៉ុន្តែ កាលពួកប្អូនទ្រង់ឡើងទៅឯបុណ្យនោះផុតហើយ នោះទ្រង់ក៏យាងទៅដែរ តែមិនទៅជាមួយនឹងអ្នកណាទេ គឺទៅដោយសំងាត់វិញ ១១រីឯពួកសាសន៍យូដា គេសួររកទ្រង់នៅឯទីបុណ្យថា តើលោកនៅឯណា ១២ហើយក្នុងហ្វូងមនុស្ស ក៏ឮខ្សឹបខ្សៀវពីដំណើរទ្រង់ជាច្រើន ខ្លះថា លោកជាមនុស្សល្អ ខ្លះទៀតថា ទេ អ្នកនោះជាអ្នកបញ្ឆោតប្រជាជនទេតើ ១៣ប៉ុន្តែ គ្មានអ្នកឯណាហ៊ាននិយាយពីដំណើរទ្រង់ ឲ្យបណ្តាជនដឹងឡើយ ព្រោះខ្លាចសាសន៍យូដា។ ១៤នៅពាក់កណ្តាលពេលបុណ្យ នោះព្រះយេស៊ូវទ្រង់ឡើងទៅ បង្រៀនក្នុងព្រះវិហារ ១៥ហើយពួកសាសន៍យូដានឹកឆ្ងល់ថា ធ្វើដូចម្តេចឲ្យអ្នកនេះចេះគម្ពីរដូច្នេះ ពីព្រោះគាត់មិនដែលរៀនសូត្រសោះ ១៦ព្រះយេស៊ូវមានបន្ទូលឆ្លើយថា សេចក្តីដែលខ្ញុំបង្រៀននេះ មិនមែនជារបស់ខ្ញុំទេ គឺជារបស់ផងព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ ១៧បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ ១៨អ្នកណាដែលនិយាយដោយអាងខ្លួនឯង នោះចង់តែលើកដំកើងដល់ខ្លួនទេ តែអ្នកដែលចង់លើកដំកើងថ្វាយព្រះ ដែលចាត់ឲ្យខ្លួនមក នោះទើបពិតវិញ ហើយឥតមានសេចក្តីទុច្ចរិតណានៅក្នុងខ្លួនឡើយ ១៩ឯលោកម៉ូសេ តើមិនបានឲ្យក្រិត្យវិន័យមកអ្នករាល់គ្នាទេឬអី ប៉ុន្តែក្នុងពួកអ្នករាល់គ្នា គ្មានអ្នកណាមួយប្រព្រឹត្តតាមក្រិត្យវិន័យនោះទេ ហេតុអ្វីបានជាអ្នករាល់គ្នារកសំឡាប់ខ្ញុំដូច្នេះ ២០ហ្វូងមនុស្សក៏ឆ្លើយឡើងថា អ្នកឯងមានអារក្សចូលទេ តើមានអ្នកណារកសំឡាប់ឯង ២១ព្រះយេស៊ូវមានបន្ទូលទៅគេថា ខ្ញុំបានធ្វើការ១ ហើយអ្នករាល់គ្នាមានសេចក្តីអស្ចារ្យទាំងអស់គ្នា ២២លោកម៉ូសេក៏ឲ្យពិធីកាត់ស្បែកមកអ្នករាល់គ្នា (មិនមែនថាកើតពីលោកម៉ូសេទេ គឺពីពួកឰយុកោវិញ) ហើយអ្នករាល់គ្នាកាត់ស្បែកឲ្យមនុស្សនៅថ្ងៃឈប់សំរាកផង ២៣ដូច្នេះ បើមនុស្សទទួលកាត់ស្បែក នៅថ្ងៃឈប់សំរាក ដើម្បីមិនឲ្យរំលងក្រិត្យវិន័យរបស់លោកម៉ូសេ នោះតើអ្នករាល់គ្នាខឹងនឹងខ្ញុំ ដោយព្រោះខ្ញុំបានធ្វើឲ្យមនុស្សម្នាក់បានជាស្រឡះ នៅថ្ងៃឈប់សំរាកឬអី ២៤កុំឲ្យជំនុំជំរះតាមភាពដែលមើលឃើញតែខាងក្រៅឡើយ ត្រូវជំនុំជំរះតាមសេចក្តីសុចរិតវិញ។ ២៥នោះមានពួកក្រុងយេរូសាឡិមខ្លះនិយាយថា គឺអ្នកនេះទេតើ ដែលគេរកសំឡាប់នោះ ២៦ហើយមើលគាត់និយាយនៅកណ្តាលចំណោម តែគ្មានអ្នកណាថាអ្វីឲ្យសោះ តើពួកនាម៉ឺនបានយល់ឃើញហើយថា អ្នកនេះជាព្រះគ្រីស្ទមែនឬអី ២៧ឯអ្នកនេះ យើងដឹងជាមកពីណាតែព្រះគ្រីស្ទវិញ កាលណាទ្រង់យាងមក នោះគ្មានអ្នកណាដឹងជាមកពីណាទេ ២៨ដូច្នេះ កំពុងដែលព្រះយេស៊ូវបង្រៀនក្នុងព្រះវិហារ នោះក៏បន្លឺឧទានឡើងថា អ្នករាល់គ្នាស្គាល់ខ្ញុំ ហើយដឹងជាខ្ញុំមកពីណាផង តែខ្ញុំមិនបានមក ដោយអាងខ្លួនខ្ញុំទេ ឯព្រះដែលចាត់ឲ្យខ្ញុំមក ទ្រង់ពិតត្រង់ហើយ អ្នករាល់គ្នាមិនស្គាល់ទ្រង់ទេ ២៩តែខ្ញុំស្គាល់ទ្រង់ ពីព្រោះខ្ញុំមកពីទ្រង់ គឺទ្រង់ពិត ដែលចាត់ឲ្យខ្ញុំមក ៣០ដូច្នេះ គេរកចាប់ទ្រង់ ប៉ុន្តែ គ្មានអ្នកណាលូកដៃទៅចាប់សោះ ពីព្រោះកំណត់ទ្រង់មិនទាន់មកដល់នៅឡើយ ៣១នៅក្នុងបណ្តាមនុស្សនោះ មានគ្នាច្រើនបានជឿដល់ទ្រង់ ហើយគេនិយាយថា កាលណាព្រះគ្រីស្ទយាងមក តើទ្រង់នឹងធ្វើទីសំគាល់ច្រើនជាងលោកនេះឬអី ៣២ឯពួកផារិស៊ី ក៏ឮគេខ្សឹបខ្សៀវរឿងទាំងនេះពីទ្រង់ រួចពួកសង្គ្រាជ នឹងពួកផារិស៊ី គេចាត់ពួកអាជ្ញាឲ្យទៅចាប់ទ្រង់ ៣៣ដូច្នេះ ព្រះយេស៊ូវមានបន្ទូលថា ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ រួចខ្ញុំទៅឯព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ ៣៤អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ ហើយកន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ ៣៥នោះពួកសាសន៍យូដានិយាយគ្នាគេថា តើអ្នកនេះគិតទៅឯណា ដែលយើងនឹងរកមិនឃើញ តើគិតទៅឯពួកអ្នកខ្ចាត់ខ្ចាយ នៅក្នុងសាសន៍ក្រេក ដើម្បីនឹងបង្រៀនដល់សាសន៍នោះឬអី ៣៦ពាក្យដែលគាត់ថា «អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ» ហើយថា «កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចនឹងទៅបានទេ» នេះតើមានន័យដូចម្តេច។ ៣៧នៅថ្ងៃក្រោយបង្អស់ ជាថ្ងៃបុណ្យយ៉ាងសំខាន់ នោះព្រះយេស៊ូវទ្រង់ឈរបន្លឺឧទានប្រកាសឡើងថា បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ ៣៨អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក ដូចជាគម្ពីរសំដែងហើយ ៣៩តែសេចក្តីនេះ គឺទ្រង់មានបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ទ្រង់នឹងត្រូវទទួល ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមក ដោយព្រោះព្រះយេស៊ូវមិនទាន់បានដំកើងឡើងនៅឡើយ ៤០ដូច្នេះ កាលបណ្តាមនុស្សបានឮ នោះមានគ្នាច្រើននិយាយថា លោកនេះ ពិតប្រាកដជាហោរានោះហើយ ៤១អ្នកខ្លះទៀតថា នេះជាព្រះគ្រីស្ទហើយ ខ្លះទៀតថា ចុះព្រះគ្រីស្ទយាងមកពីស្រុកកាលីឡេដែរឬ ៤២តើគម្ពីរមិនថា ព្រះគ្រីស្ទត្រូវកើតពីព្រះវង្សហ្លួងដាវីឌ ហើយក៏យាងមកពីភូមិបេថ្លេហិម ជាកន្លែងដែលហ្លួងដាវីឌបានគង់នៅទេឬអី ៤៣ដូច្នេះ គេក៏បាក់បែកទាស់គ្នា ដោយព្រោះទ្រង់ ៤៤មានខ្លះចង់ចាប់ទ្រង់ តែគ្មានអ្នកណាលូកដៃទៅចាប់ទេ។ ៤៥នោះពួកអាជ្ញាក៏ត្រឡប់ទៅឯពួកសង្គ្រាជ នឹងពួកផារិស៊ីវិញ លោកទាំងនោះសួរគេថា ហេតុអ្វីបានជាមិនចាប់អ្នកនោះមក ៤៦ពួកអាជ្ញាឆ្លើយថា មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ ៤៧ដូច្នេះ ពួកផារិស៊ីស្តីឲ្យថា អ្នករាល់គ្នាត្រូវបញ្ឆោតដែរឬ ៤៨តើមានអ្នកឯណាក្នុងពួកនាម៉ឺន ឬក្នុងពួកផារិស៊ី ដែលជឿដល់អ្នកនោះឬទេ ៤៩ឯហ្វូងមនុស្សនេះ ដែលមិនស្គាល់ក្រិត្យវិន័យ គេជាមនុស្សត្រូវបណ្តាសាវិញ ៥០ឯលោកនីកូដេម ជាអ្នកដែលមកឯទ្រង់ទាំងយប់ ដែលជាពួកផារិស៊ីដែរ លោកនិយាយទៅគេថា ៥១តើក្រិត្យវិន័យយើងកាត់ទោសដល់មនុស្សណា មុនដែលបានឮពាក្យចំឡើយពីខ្លួនអ្នកនោះ ហើយដឹងជាធ្វើខុសយ៉ាងណាឬអី ៥២នោះគេឆ្លើយទៅលោកថា តើលោកមកពីស្រុកកាលីឡេដែរឬ ចូរពិចារណាមើលចុះ ឥតដែលមានហោរាណា កើតមកពីស្រុកកាលីឡេឡើយ ៥៣គេក៏ត្រឡប់ទៅផ្ទះវិញរៀងខ្លួន ១តែព្រះយេស៊ូវទ្រង់យាងទៅឯភ្នំដើមអូលីវវិញ។ ៨ ២ដល់ព្រលឹមឡើងទ្រង់យាងត្រឡប់ទៅក្នុងព្រះវិហារ ហើយបណ្តាជនក៏មកឯទ្រង់ នោះទ្រង់គង់ចុះបង្រៀនគេ ៣រួចពួកអាចារ្យ និងពួកផារិស៊ី គេនាំស្ត្រីម្នាក់ ដែលបានទាន់នៅដំណេកមកឯទ្រង់ កាលគេដាក់ស្ត្រីនោះ នៅកណ្តាលជំនុំហើយ នោះក៏ទូលថា ៤លោកគ្រូ ស្ត្រីនេះគេចាប់បាន កំពុងដែលសហាយស្មននឹងគ្នា ៥រីឯក្នុងក្រិត្យវិន័យ លោកម៉ូសេបានបង្គាប់ ឲ្យយើងខ្ញុំចោលស្ត្រីយ៉ាងនេះនឹងថ្ម ដូច្នេះ តើលោកគិតដូចម្តេច ៦គេទូលដូច្នោះ ដើម្បីនឹងល្បងលទ្រង់ទេ ប្រយោជន៍ឲ្យតែបានរឿងចោទប្រកាន់ទ្រង់ប៉ុណ្ណោះ ប៉ុន្តែព្រះយេស៊ូវទ្រង់ឱនទៅសរសេរនៅដី ដោយព្រះអង្គុលីវិញ ៧តែដោយព្រោះគេចេះតែសួរ បានជាទ្រង់ងើបឡើង មានបន្ទូលថា អ្នកណាដែលគ្មានបាបសោះ ចូរឲ្យអ្នកនោះចោលនាងនឹងថ្មជាមុនគេចុះ ៨រួចទ្រង់ក៏ឱនសសេរនៅដីម្តងទៀត ៩កាលបានឮពាក្យទាំងនោះ ហើយបញ្ញាចិត្តគេ បានចោទប្រកាន់ទោសខ្លួន នោះគេក៏ថយចេញទៅម្នាក់ម្តងៗ ចាប់តាំងពីមនុស្សចាស់ជាងគេ ដរាបដល់អ្នកក្រោយបង្អស់ សល់នៅតែព្រះយេស៊ូវ នឹងស្ត្រីនោះ ដែលនៅចំពោះទ្រង់ប៉ុណ្ណោះ ១០ព្រះយេស៊ូវងើបឡើងវិញ ឃើញតែស្ត្រីនោះ ក៏មានបន្ទូលទៅថា នាងអើយ ពួកដែលចោទប្រកាន់នាង តើនៅឯណា គ្មានអ្នកណាកាត់ទោសនាងទេឬអី ១១នាងទូលឆ្លើយថា គ្មានទេ លោកម្ចាស់ រួចព្រះយេស៊ូវមានបន្ទូលទៅថា ខ្ញុំក៏មិនកាត់ទោសនាងដែរ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ។ ១២ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេម្តងទៀតថា ខ្ញុំជាពន្លឺលោកីយ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ ១៣នោះពួកផារិស៊ីទូលថា អ្នកធ្វើបន្ទាល់ពីខ្លួនអ្នក ដូច្នេះ សេចក្តីបន្ទាល់របស់អ្នកមិនពិតទេ ១៤ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ទោះបើខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ គង់តែសេចក្តីបន្ទាល់នោះក៏ពិតដែរ ព្រោះខ្ញុំដឹងជាខ្ញុំមកពីណា ហើយទៅឯណាផង តែអ្នករាល់គ្នាមិនដឹងជាខ្ញុំមកពីណា ឬទៅឯណាទេ ១៥អ្នករាល់គ្នាជំនុំជំរះតាមសាច់ឈាម ឯខ្ញុំមិនជំនុំជំរះអ្នកណាទេ ១៦តែបើខ្ញុំជំនុំជំរះដែរ នោះសេចក្តីជំនុំជំរះរបស់ខ្ញុំជាពិតវិញ ពីព្រោះខ្ញុំមិននៅតែឯងទេ គឺមានព្រះវរបិតាដែលចាត់ឲ្យខ្ញុំមកទ្រង់គង់ជាមួយផង ១៧ហើយក្នុងក្រិត្យវិន័យរបស់អ្នករាល់គ្នា ក៏មានពាក្យចែងទុកមកថា សេចក្តីបន្ទាល់របស់មនុស្ស២នាក់ នោះពិតហើយ ១៨ដូច្នេះ មានខ្ញុំនេះ១ដែលធ្វើបន្ទាល់ពីខ្លួនខ្ញុំ ហើយមានព្រះវរបិតា១ដែលចាត់ឲ្យខ្ញុំមក ទ្រង់ក៏ធ្វើបន្ទាល់ពីខ្ញុំដែរ ១៩នោះគេទូលសួរថា តើព្រះវរបិតាអ្នកនៅឯណា ព្រះយេស៊ូវទ្រង់ឆ្លើយថា អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ឬព្រះវរបិតាខ្ញុំទេ បើសិនជាអ្នករាល់គ្នាបានស្គាល់ខ្ញុំ នោះនឹងស្គាល់ដល់ព្រះវរបិតាខ្ញុំដែរ ២០ព្រះយេស៊ូវទ្រង់មានបន្ទូលពាក្យទាំងនេះនៅត្រង់ឃ្លាំង កំពុងដែលទ្រង់បង្រៀន នៅក្នុងព្រះវិហារតែគ្មានអ្នកណាចាប់ទ្រង់ទេ ព្រោះកំណត់របស់ទ្រង់មិនទាន់ដល់នៅឡើយ។ ២១ព្រះយេស៊ូវមានបន្ទូលទៅគេម្តងទៀតថា ខ្ញុំនឹងទៅបាត់ ឯកន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាពុំអាចនឹងទៅបានទេ អ្នករាល់គ្នានឹងរកខ្ញុំ ហើយនឹងស្លាប់ក្នុងអំពើបាបរបស់អ្នករាល់គ្នាវិញ ២២ពួកសាសន៍យូដាក៏និយាយគ្នាថា តើអ្នកនេះនឹងសំឡាប់ខ្លួនឯងឬអី បានជាថា កន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាពុំអាចនឹងទៅបានទេ ២៣ទ្រង់មានបន្ទូលថា អ្នករាល់គ្នាមកពីស្ថានក្រោម ឯខ្ញុំៗមកពីស្ថានលើវិញ អ្នករាល់គ្នាកើតពីលោកីយនេះ តែខ្ញុំមិនកើតពីលោកីយនេះទេ ២៤ហេតុនោះបានជាខ្ញុំប្រាប់ថា អ្នករាល់គ្នានឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួន ពីព្រោះបើមិនជឿថា ខ្ញុំនេះជាព្រះ នោះអ្នករាល់គ្នានឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួនពិតមែន ២៥ដូច្នេះ គេទូលសួរទ្រង់ថា តើអ្នកជាអ្វី ព្រះយេស៊ូវមានបន្ទូលឆ្លើយថា គឺដូចជាខ្ញុំបានប្រាប់អ្នករាល់គ្នា ពីដើមរៀងមកនោះឯង ២៦ខ្ញុំមានសេចក្តីជាច្រើនដែលត្រូវនិយាយ ហើយជំនុំជំរះពីដំណើរអ្នករាល់គ្នា ប៉ុន្តែព្រះអង្គដែលចាត់ឲ្យខ្ញុំមក ទ្រង់ពិតប្រាកដ ហើយសេចក្តីអ្វីដែលខ្ញុំបានឮពីទ្រង់ នោះខ្ញុំក៏ប្រាប់ដល់មនុស្សលោកដែរ ២៧តែគេមិនដឹងជាទ្រង់មានបន្ទូលនឹងគេ ពីព្រះវរបិតាទេ ២៨ដូច្នេះ ព្រះយេស៊ូវមានបន្ទូលថា កាលណាអ្នករាល់គ្នាបានលើកកូនមនុស្សឡើង នោះទើបនឹងដឹងថា គឺខ្ញុំនេះហើយជាព្រះ ហើយថា ខ្ញុំមិនធ្វើការអ្វីដោយអាងខ្លួនខ្ញុំ គឺខ្ញុំនិយាយសេចក្តីទាំងនេះ តាមដែលព្រះវរបិតាបានបង្រៀនខ្ញុំវិញ ២៩ព្រះអង្គនោះ ដែលចាត់ឲ្យខ្ញុំមក ក៏គង់ជាមួយនឹងខ្ញុំ ទ្រង់មិនទុកឲ្យខ្ញុំនៅតែឯងទេ ពីព្រោះខ្ញុំចេះតែធ្វើការ ដែលគាប់ដល់ព្រះហឫទ័យទ្រង់ជាដរាប ៣០កំពុងដែលទ្រង់មានបន្ទូលសេចក្តីទាំងនេះ នោះមានមនុស្សជាច្រើនបានជឿដល់ទ្រង់។ ៣១នោះព្រះយេស៊ូវមានបន្ទូល ទៅពួកសាសន៍យូដាដែលជឿដល់ទ្រង់ថា បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន ៣២អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច ៣៣គេទូលឆ្លើយថា យើងរាល់គ្នាជាពូជលោកអ័ប្រាហាំ ក៏មិនដែលធ្វើជាបាវបំរើរបស់អ្នកណាឡើយ ម្តេចក៏អ្នកថា យើងនឹងបានរួចដូច្នេះ ៣៤ព្រះយេស៊ូវមានបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលប្រព្រឹត្តអំពើបាប នោះជាបាវបំរើរបស់អំពើបាបនោះហើយ ៣៥រីឯបាវបំរើ គេមិននៅជាប់ក្នុងផ្ទះជាដរាបទេ តែព្រះរាជបុត្រា ទ្រង់នៅជាប់អស់កល្បជានិច្ចវិញ ៣៦ដូច្នេះ បើព្រះរាជបុត្រាប្រោសឲ្យអ្នករាល់គ្នាបានរួច នោះនឹងបានរួចជាពិត ៣៧ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាពូជលោកអ័ប្រាហាំ ប៉ុន្តែអ្នករាល់គ្នារកសំឡាប់ខ្ញុំ ពីព្រោះពាក្យខ្ញុំគ្មានកន្លែងដក់នៅក្នុងចិត្តរបស់អ្នករាល់គ្នាទេ ៣៨ឯខ្ញុំៗនិយាយតែសេចក្តីណាដែលខ្ញុំបានឃើញ នៅឯព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាធ្វើតែការដែលបានឃើញ នៅឯឪពុករបស់អ្នករាល់គ្នាវិញ ៣៩គេទូលឆ្លើយថា គឺលោកអ័ប្រាហាំ ជាឪពុកនៃយើងរាល់គ្នា ព្រះយេស៊ូវមានបន្ទូលថា បើអ្នករាល់គ្នាជាពូជលោកអ័ប្រាហាំពិត នោះនឹងធ្វើតាមលោកជាប្រាកដ ៤០តែឥឡូវនេះ អ្នករាល់គ្នារកចង់សំឡាប់ខ្ញុំវិញ ជាមនុស្សដែលយកសេចក្តីពិត ដែលបានឮពីព្រះ មកប្រាប់ដល់អ្នករាល់គ្នា លោកអ័ប្រាហាំមិនបានធ្វើដូច្នោះទេ ៤១អ្នករាល់គ្នាធ្វើតាមតែឪពុករបស់ខ្លួនដូច្នេះ គេទូលថា យើងរាល់គ្នាមិនមែនជាកូនសហាយទេ យើងមានព្រះវរបិតាតែ១ គឺជាព្រះ ៤២ព្រះយេស៊ូវមានបន្ទូលថា បើព្រះជាព្រះវរបិតានៃអ្នករាល់គ្នាមែន នោះអ្នកនឹងបានស្រឡាញ់ខ្ញុំ ដ្បិតខ្ញុំចេញពីព្រះមក ហើយក៏មកដល់ មិនមែនមកដោយអាងខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ឲ្យខ្ញុំមកទេតើ ៤៣ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់សំដីខ្ញុំ គឺមកតែពីស្តាប់ពាក្យខ្ញុំមិនបានប៉ុណ្ណោះ ៤៤អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសំឡាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្តីពិត ព្រោះគ្មានសេចក្តីពិតនៅក្នុងវាទេ កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្តីនោះឯង ៤៥ដោយព្រោះតែខ្ញុំនិយាយសេចក្តីពិត បានជាអ្នករាល់គ្នាមិនជឿខ្ញុំ ៤៦តើមានពួកអ្នករាល់គ្នាណាមួយចាប់ប្រកាន់ខ្ញុំ ពីអំពើបាបបានឬទេ តែបើខ្ញុំនិយាយសេចក្តីពិតវិញ ហេតុអ្វីបានជាមិនជឿដល់ខ្ញុំសោះ ៤៧អ្នកណាដែលកើតអំពីព្រះ នោះក៏ស្តាប់តាមព្រះបន្ទូលនៃព្រះដែរ ឯអ្នករាល់គ្នា មិនបានកើតមកពីព្រះទេ បានជាមិនស្តាប់តាមដូច្នេះ។ ៤៨នោះពួកសាសន៍យូដាទូលទ្រង់ថា តើយើងមិននិយាយត្រូវថា អ្នកជាសាសន៍សាម៉ារី ហើយមានអារក្សចូលទេឬអី ៤៩ព្រះយេស៊ូវទ្រង់ឆ្លើយថា ខ្ញុំគ្មានអារក្សចូលទេ ខ្ញុំគោរពប្រតិបត្តិចំពោះព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាត្មះតិះដៀលខ្ញុំវិញ ៥០ឯខ្ញុំ មិនមែនរកកិត្តិសព្ទចំពោះខ្លួនទេ មានព្រះ១អង្គដែលរកឲ្យខ្ញុំវិញ ហើយទ្រង់ក៏ជំនុំជំរះផង ៥១ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណាកាន់តាមពាក្យខ្ញុំ អ្នកនោះមិនត្រូវឃើញសេចក្តីស្លាប់ នៅអស់កល្បរៀងទៅ ៥២ដូច្នេះ ពួកសាសន៍យូដាទូលថា ឥឡូវនេះ យើងដឹងជាប្រាកដថា អ្នកមានអារក្សចូលពិតមែន ព្រោះលោកអ័ប្រាហាំ នឹងពួកហោរា បានស្លាប់អស់ហើយ តែអ្នកថា បើអ្នកណាកាន់តាមពាក្យអ្នក នោះមិនដែលភ្លក់សេចក្តីស្លាប់ នៅអស់កល្បរៀងទៅវិញ ៥៣តើអ្នកធំជាងលោកអ័ប្រាហាំ ជាឰយុកោយើង នឹងពួកហោរា ដែលស្លាប់ទៅហើយនោះឬអី តើអ្នកតាំងខ្លួនធ្វើជាអ្វី ៥៤ព្រះយេស៊ូវមានបន្ទូលឆ្លើយថា បើសិនជាខ្ញុំដំកើងខ្លួនខ្ញុំ នោះកិត្តិសព្ទរបស់ខ្ញុំឥតមានប្រយោជន៍ទេ គឺព្រះវរបិតាខ្ញុំទេតើ ទ្រង់លើកដំកើងខ្ញុំ ដែលអ្នករាល់គ្នាថា ទ្រង់ជាព្រះនៃអ្នក ៥៥តែអ្នករាល់គ្នាមិនស្គាល់ទ្រង់ទេ ឯខ្ញុំៗស្គាល់ទ្រង់ បើខ្ញុំថាមិនស្គាល់ទ្រង់វិញ នោះខ្ញុំនឹងទៅជាអ្នកភូតភរដូចអ្នករាល់គ្នាដែរ ប៉ុន្តែខ្ញុំស្គាល់ទ្រង់ពិត ហើយក៏កាន់តាមព្រះបន្ទូលទ្រង់ផង ៥៦លោកអ័ប្រាហាំ ជាឰយុកោអ្នករាល់គ្នា លោកបានត្រេកអរដោយឃើញគ្រាខ្ញុំ លោកក៏បានឃើញមែន ហើយមានសេចក្តីរីករាយ ៥៧ដូច្នេះ ពួកសាសន៍យូដាទូលទ្រង់ថា អាយុអ្នកមិនទាន់ដល់៥០ឆ្នាំផង ហើយអ្នកថា បានឃើញលោកអ័ប្រាហាំដែរឬ ៥៨ព្រះយេស៊ូវទ្រង់មានបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មុនដែលលោកអ័ប្រាហាំកើតមក នោះមានខ្ញុំហើយ ៥៩ដូច្នេះ គេរើសថ្មនឹងចោលព្រះយេស៊ូវ តែទ្រង់បានបំបាំងដល់គេ រួចយាងកាត់កណ្តាលពួកគេ ចេញពីព្រះវិហារផុតទៅ។ ៩ ១លុះទ្រង់យាងហួសទៅ ក៏ទតឃើញមនុស្សម្នាក់ដែលខ្វាក់ពីកំណើត ២ពួកសិស្សទូលសួរទ្រង់ថា លោកគ្រូ តើអ្នកណាបានធ្វើបាប មនុស្សនេះ ឬឪពុកម្តាយរបស់គាត់ បានជាគាត់កើតមកខ្វាក់ដូច្នេះ ៣ព្រះយេស៊ូវមានបន្ទូលឆ្លើយថា មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្តាយគាត់បានធ្វើបាបទេ គឺដើម្បីឲ្យការរបស់ព្រះ បានសំដែងមក ក្នុងខ្លួនគាត់វិញ ៤កំពុងដែលថ្ងៃនៅភ្លឺនៅឡើយ នោះត្រូវតែខ្ញុំធ្វើការរបស់ព្រះ ដែលចាត់ឲ្យខ្ញុំមក ដ្បិតយប់ដល់មក នោះគ្មានអ្នកណាអាចនឹងធ្វើការបានទេ ៥កាលខ្ញុំកំពុងតែនៅក្នុងលោកីយនៅឡើយ នោះខ្ញំជ៉ាំពន្លឺនៃលោកីយ ៦លុះមានបន្ទូលសេចក្តីទាំងនោះរួចហើយ ទ្រង់ក៏ស្តោះដាក់នៅដី ហើយយកទឹកព្រះឱស្ធទ្រង់ធ្វើជាភក់ ទៅលាបភ្នែកនៃមនុស្សខ្វាក់នោះ ៧រួចមានបន្ទូលទៅគាត់ថា ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ (ស៊ីឡោមគឺស្រាយថា ចាត់ឲ្យទៅ) ដូច្នេះ គាត់ក៏ទៅលាង ហើយត្រឡប់មកវិញ ទាំងមើលឃើញ ៨នោះពួកអ្នកជិតខាងនឹងពួកអ្នកដែលពីដើមបានឃើញថា គាត់ជាអ្នកសុំទានគេនិយាយថា អ្នកនេះទេតើ ដែលធ្លាប់តែអង្គុយសុំទានគេ ៩ខ្លះថា គឺអ្នកហ្នឹងហើយ ខ្លះទៀតថា គាត់ដូចជាអ្នកនោះទេ តែគាត់ឆ្លើយថា គឺខ្ញុំនេះឯង ១០គេសួរថា ធ្វើដូចម្តេចបានជាភ្នែកឯងបានភ្លឺដូច្នេះ ១១គាត់ឆ្លើ់យថា មានម្នាក់ឈ្មោះ យេស៊ូវ បានធ្វើភក់មកលាបភ្នែកខ្ញុំ រួចប្រាប់ឲ្យទៅលាងនៅស្រះស៊ីឡោម ខ្ញុំក៏ទៅលាង ហើយបានភ្លឺឡើង ១២គេសួរទៀតថា អ្នកនោះនៅឯណា គាត់ឆ្លើយថា ខ្ញុំមិនដឹងទេ។ ១៣គេក៏នាំមនុស្សដែលពីដើមខ្វាក់នោះ ទៅឯពួកផារិស៊ី ១៤រីឯថ្ងៃដែលព្រះយេស៊ូវទ្រង់ធ្វើភក់ ប្រោសឲ្យគាត់ភ្លឺភ្នែកនោះ គឺជាថ្ងៃឈប់សំរាក ១៥ដូច្នេះ ពួកផារិស៊ីក៏សួរគាត់ ពីដំណើរដែលបានភ្លឺភ្នែក ជាយ៉ាងដូចម្តេចដែរ នោះគាត់ជំរាបថា លោកយកភក់មកលាបភ្នែកខ្ញុំ រួចខ្ញុំទៅលាង ហើយក៏មើលឃើញ ១៦ដូច្នេះ ពួកផារិស៊ីខ្លះនិយាយថា មនុស្សនោះមិនមែនមកពីព្រះទេ ព្រោះមិនកាន់ថ្ងៃឈប់សំរាកសោះ ខ្លះទៀតថា ធ្វើដូចម្តេចឲ្យមនុស្សមានបាបអាចធ្វើទីសំគាល់យ៉ាងនេះបាន នោះក៏កើតបាក់បែកគ្នា ១៧រួចគេសួរមនុស្សខ្វាក់ម្តងទៀតថា តើឯងថាដូចម្តេច ពីដំណើរអ្នកដែលធ្វើឲ្យភ្នែកឯងភ្លឺនោះ គាត់ឆ្លើយថា លោកជាហោរា ១៨តែពួកសាសន៍យូដាមិនជឿថា គាត់ខ្វាក់ភ្នែក ហើយបានភ្លឺឡើងវិញទេ ទាល់តែបានហៅឪពុកម្តាយរបស់អ្នក ដែលបានភ្លឺភ្នែកនោះមក សួរថា ១៩តើអ្នកនេះជាកូនរបស់អ្នក ដែលអ្នកថា បានកើតមកខ្វាក់នោះឬអី ចុះឥឡូវនេះ ធ្វើដូចម្តេចបានជាវាភ្លឺឡើងវិញ ២០ឪពុកម្តាយគាត់ឆ្លើយថា យើងខ្ញុំដឹងថា នេះជាកូនយើងខ្ញុំពិត ហើយថា វាកើតមកខ្វាក់មែន ២១តែឥឡូវនេះ ដែលវាភ្លឺជាយ៉ាងដូចម្តេច នោះយើងខ្ញុំមិនដឹងទេ ក៏មិនដឹងជាអ្នកណាបានធ្វើ ឲ្យភ្លឺផងដែរ វាពេញអាយុហើយសូមសួរវាចុះ វានឹងជំរាបពីដំណើរខ្លួនវា ២២ឪពុកម្តាយគាត់និយាយដូច្នេះ ព្រោះខ្លាចសាសន៍យូដា ដ្បិតពួកសាសន៍យូដាបានព្រមព្រៀងគ្នាហើយ ថាបើអ្នកណានឹងទទួលទ្រង់ទុកជាព្រះគ្រីស្ទ នោះត្រូវកាត់ពីពួកជំនុំគេចេញ ២៣ហេតុនោះបានជាឪពុកម្តាយគាត់និយាយថា វាពេញអាយុហើយ សូមសួរវាចុះ។ ២៤គេក៏ហៅមនុស្សដែលពីដើមខ្វាក់នោះ មកម្តងទៀតប្រាប់ថា ចូរសរសើរដំកើងដល់ព្រះវិញ ឯមនុស្សនោះ យើងដឹងថាជាអ្នកមានបាបទេ ២៥គាត់ឆ្លើយទៅថា បើលោកជាមនុស្សមានបាប នោះខ្ញុំមិនដឹងទេ ខ្ញុំដឹងតែប៉ុណ្ណេះថា ពីដើមខ្ញុំខ្វាក់ តែឥឡូវនេះខ្ញុំមើលឃើញ ២៦នោះគេសួរគាត់ម្តងទៀតថា អ្នកនោះបានធ្វើអ្វីដល់ឯង តើបានធ្វើដូចម្តេចខ្លះ ឲ្យភ្នែកឯងបានភ្លឺឡើង ២៧គាត់ឆ្លើយថា ខ្ញុំបានជំរាបហើយ តែលោកមិនស្តាប់ ហេតុអ្វីបានជាចង់ស្តាប់ម្តងទៀត តើលោកចង់ធ្វើជាសិស្សរបស់លោកនោះដែរឬអី ២៨នោះគេដៀលត្មះគាត់ថា គឺឯងជាសិស្សអ្នកនោះហើយ ឯយើង ជាសិស្សរបស់លោកម៉ូសេវិញ ២៩យើងដឹងថា ព្រះបានមានបន្ទូលនឹងលោកម៉ូសេពិត តែអ្នកនោះ យើងមិនដឹងជាមកពីណាទេ ៣០មនុស្សនោះឆ្លើយថា នេះចំឡែកណាស់មែន លោករាល់គ្នាមិនដឹងជាលោកនោះមកពីណា ដែលលោកបានធ្វើឲ្យភ្នែកខ្ញុំភ្លឺផង ៣១យើងខ្ញុំដឹងថា ព្រះមិនស្តាប់តាមមនុស្សមានបាបទេ ប៉ុន្តែ បើអ្នកណាកោតខ្លាចដល់ព្រះ ហើយប្រព្រឹត្តតាមព្រះហឬទ័យទ្រង់ ទើបទ្រង់នឹងស្តាប់តាមអ្នកនោះឯង ៣២ចាប់តាំងពីអស់កល្បរៀងមក មិនដែលឮនិយាយពីអ្នកណាដែលធ្វើឲ្យភ្នែកមនុស្សខ្វាក់ពីកំណើតបានភ្លឺទេ ៣៣បើលោកនោះមិនមែនមកពីព្រះទេ នោះលោកពុំអាចនឹងធ្វើអ្វីបានឡើយ ៣៤គេឆ្លើយតបទៅគាត់ថា ឯងជាមនុស្សកើតមកក្នុងអំពើបាបសុទ្ធ ហើយឯងបង្រៀនយើងឬ រួចគេបណ្តេញគាត់ទៅ។ ៣៥ព្រះយេស៊ូវទ្រង់ឮថា គេបានបណ្តេញគាត់ហើយ រួចកាលទ្រង់បានឃើញគាត់ នោះក៏មានបន្ទូលទៅថា តើអ្នកជឿដល់ព្រះរាជបុត្រានៃព្រះឬទេ ៣៦គាត់ទូលឆ្លើយថា លោកម្ចាស់អើយ តើអ្នកណាជាព្រះរាជបុត្រានោះ ដើម្បីឲ្យខ្ញុំបានជឿដល់ទ្រង់ផង ៣៧ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា អ្នកបានឃើញទ្រង់ហើយ គឺជាខ្ញុំដែលនិយាយនឹងអ្នកនេះឯង ៣៨គាត់ទូលថា ខ្ញុំជឿហើយ ព្រះអម្ចាស់អើយ រួចគាត់ក៏ក្រាបថ្វាយបង្គំទ្រង់។ ៣៩ព្រះយេស៊ូវមានបន្ទូលថា ខ្ញុំបានមកក្នុងលោកីយនេះ ដើម្បីនឹងជំនុំជំរះ ឲ្យពួកអ្នកដែលមើលមិនឃើញបានភ្លឺឡើង ហើយឲ្យពួកអ្នកដែលមើលឃើញ បានទៅជាខ្វាក់វិញ ៤០ពួកផារិស៊ី ដែលនៅជាមួយនឹងទ្រង់ បានឮពាក្យនោះ ក៏ទូលសួរថា តើយើងខ្ញុំខ្វាក់ដែរឬអី ៤១ព្រះយេស៊ូវមានបន្ទូលទៅគេថា បើសិនជាអ្នករាល់គ្នាខ្វាក់មែន នោះអ្នករាល់គ្នាឥតមានបាបទេ តែឥឡូវនេះ អ្នករាល់គ្នាអាងថាភ្លឺ បានជាជាប់មានបាបនៅឡើយ។ ១០ ១ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលចូលទៅក្នុងក្រោលចៀម មិនមែនតាមទ្វារ គឺឡើងចូលតាមកន្លែងណាឯទៀតវិញ អ្នកនោះឈ្មោះថា ជាចោរលួច ចោរប្លន់ហើយ ២ឯអ្នកដែលចូលតាមទ្វារ នោះជាអ្នកគង្វាលចៀមពិត ៣អ្នកឆ្មាំទ្វារក៏បើកឲ្យអ្នកនោះ ហើយហ្វូងចៀមស្តាប់តាមសំឡេងគាត់ដែរ ឯចៀមរបស់គាត់ នោះគាត់ហៅតាមឈ្មោះវានិមួយៗ នាំចេញទៅក្រៅ ៤កាលបានបញ្ចេញចៀមខ្លួន ទៅក្រៅអស់ហើយ នោះគាត់ដើរមុនវា ហើយចៀមក៏ដើរតាមក្រោយទៅ ដ្បិតវាស្គាល់សំឡេងគាត់ ៥វាមិនព្រមតាមមនុស្សដទៃទេ វានឹងរត់ចេញពីគេវិញ ពីព្រោះវាមិនស្គាល់សំឡេងរបស់មនុស្សដទៃណាសោះ ៦ព្រះយេស៊ូវទ្រង់មានបន្ទូលពាក្យប្រៀបប្រដូចនេះទៅគេ តែគេមិនដឹងជាទ្រង់មានបន្ទូលពីដំណើរអ្វីទេ។ ៧ដូច្នេះ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេម្តងទៀតថា ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំជាទ្វារចៀម ៨អស់អ្នកដែលមកមុនខ្ញុំ នោះសុទ្ធតែជាចោរលួចចោរប្លន់ទទេ តែចៀមមិនបានស្តាប់តាមអ្នកទាំងនោះឡើយ ៩ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ នោះនឹងបានសង្គ្រោះ រួចនឹងចេញចូល ហើយនឹងរកបានវាលស្មៅដ៏ស្រួល ១០ឯចោរ វាមកប្រយោជន៍តែនឹងលួច សំឡាប់ ហើយបំផ្លាញប៉ុណ្ណោះ តែឯខ្ញុំវិញ ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង ១១ខ្ញុំជាអ្នកគង្វាលល្អ ឯអ្នកគង្វាលល្អ ក៏ស៊ូតែប្តូរជីវិតជំនួសចៀម ១២តែអ្នកស៊ីឈ្នួល ដែលមិនមែនជាអ្នកគង្វាលពិត ហើយចៀមក៏មិនមែនជារបស់ផងវា លុះវាឃើញឆ្កែព្រៃមក ក៏រត់ចេញចោលចៀម នោះឆ្កែព្រៃឆក់យកទៅ ទាំងដេញកំចាត់កំចាយហ្វូងចៀមផង ១៣អ្នកស៊ីឈ្នួលនោះរត់ទៅ ពីព្រោះវាគ្រាន់តែស៊ីឈ្នួលប៉ុណ្ណោះ វាមិនយកចិត្តទុកដាក់នឹងចៀមឡើយ ១៤ឯខ្ញុំ ជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមក៏ស្គាល់ខ្ញុំ ១៥ដូចជាព្រះវរបិតាទ្រង់ស្គាល់ខ្ញុំ ហើយខ្ញុំក៏ស្គាល់ទ្រង់ដែរ ខ្ញុំស៊ូប្តូរជីវិតខ្ញុំនឹងចៀម ១៦ខ្ញុំក៏មានចៀមឯទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ ត្រូវតែខ្ញុំនាំចៀមទាំងនោះមកដែរ វានឹងស្តាប់តាមសំឡេងខ្ញុំ នោះនឹងមានហ្វូងតែ១ នឹងអ្នកគង្វាលតែ១វិញ ១៧ហេតុនោះបានជាព្រះវរបិតាទ្រង់ស្រឡាញ់ខ្ញុំ ពីព្រោះខ្ញុំដាក់ជីវិតខ្ញុំចុះ ដើម្បីឲ្យបានយកមកវិញ ១៨គ្មានអ្នកណាដកយកជីវិតពីខ្ញុំបានទេ គឺខ្ញុំដាក់ជីវិតចុះដោយខ្លួនខ្ញុំ ខ្ញុំអាចនឹងដាក់ជីវិតនេះចុះ ហើយក៏អាចនឹងយកមកវិញបានដែរ ខ្ញុំបានទទួលអំណាចនេះ ពីព្រះវរបិតាខ្ញុំមក ១៩នោះពួកសាសន៍យូដាក៏កើតបែកបាក់ទាស់គ្នាម្តងទៀត ដោយព្រោះពាក្យនេះ ២០ក៏មានពួកគេជាច្រើននិយាយថា អ្នកនោះមានអារក្សចូលមែន ហើយក៏ឆ្កួតផង ហេតុអ្វីបានជាស្តាប់វា ២១ខ្លះទៀតថា នេះមិនមែនជាពាក្យសំដីរបស់មនុស្សមានអារក្សចូលទេ តើអារក្សអាចនឹងធ្វើឲ្យមនុស្សខ្វាក់ភ្នែកបានភ្លឺដែរឬ។ ២២គ្រានោះជារដូវរងា ហើយនៅក្រុងយេរូសាឡិមគេកំពុងតែធ្វើបុណ្យឆ្លង ២៣ឯព្រះយេស៊ូវ ទ្រង់យាងចុះឡើងក្នុងព្រះវិហារ ត្រង់បាំងសាចហ្លួងសាឡូម៉ូន ២៤នោះមានពួកសាសន៍យូដាចោមព័ទ្ធទ្រង់ទូលសួរថា តើលោកទុកឲ្យយើងខ្ញុំនៅស្ទាក់ស្ទើរដល់កាលណាទៀត បើលោកជាព្រះគ្រីស្ទពិត នោះសូមប្រាប់យើងខ្ញុំឲ្យច្បាស់មកចុះ ២៥ព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ តែអ្នករាល់គ្នាមិនជឿ ឯការទាំងប៉ុន្មានដែលខ្ញុំធ្វើដោយនូវព្រះនាមព្រះវរបិតាខ្ញុំ ការទាំងនោះឯងធ្វើបន្ទាល់ពីខ្ញុំហើយ ២៦ប៉ុន្តែ អ្នករាល់គ្នាមិនជឿ ដ្បិតអ្នករាល់គ្នាមិនមែនជាចៀមរបស់ខ្ញុំទេ ដូចជាខ្ញុំបានប្រាប់ស្រេចហើយ ២៧ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ ២៨ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ ២៩ព្រះវរបិតានៃខ្ញុំ ដែលប្រទានវាមកខ្ញុំ ទ្រង់ធំលើសជាងទាំងអស់ គ្មានអ្នកណាអាចនឹងឆក់យកវាចេញពីព្រះហស្តរបស់ព្រះវរបិតាខ្ញុំបានឡើយ ៣០ខ្ញុំហើយនឹងព្រះវរបិតា គឺតែ១ព្រះអង្គទេ។ ៣១នោះពួកសាសន៍យូដាក៏រើសថ្មម្តងទៀត ដើម្បីនឹងចោលព្រះយេស៊ូវ ៣២តែទ្រង់មានបន្ទូលសួរគេថា ខ្ញុំបានសំដែងឲ្យអ្នករាល់គ្នាឃើញការល្អជាច្រើន ដែលមកពីព្រះវរបិតាខ្ញុំ តើអ្នករាល់គ្នាចោលខ្ញុំនឹងថ្ម ដោយព្រោះការណាមួយនោះ ៣៣ពួកសាសន៍យូដាទូលឆ្លើយថា យើងចោលអ្នកនឹងថ្ម មិនមែនដោយព្រោះការល្អណាទេ គឺដោយព្រោះពាក្យប្រមាថដល់ព្រះ ហើយពីព្រោះអ្នក ដែលជាមនុស្ស បានតាំងខ្លួនឡើងជាព្រះវិញប៉ុណ្ណោះ ៣៤ព្រះយេស៊ូវមានបន្ទូលឆ្លើយថា តើគ្មានសេចក្តីចែងទុកមកក្នុងក្រិត្យវិន័យរបស់អ្នករាល់គ្នាថា «អញបាននិយាយថា ឯងរាល់គ្នាជាព្រះ» ទេឬអី ៣៥ដូច្នេះ បើទ្រង់បានហៅអ្នកទាំងនោះជាព្រះ ដែលព្រះបន្ទូលរបស់ព្រះអង្គបានឮទៅដល់គេ ហើយបើលោកចោលបទគម្ពីរណាមិនបាន ៣៦នោះតើអ្នករាល់គ្នានិយាយមកខ្ញុំនេះ ដែលព្រះវរបិតាញែកជាបរិសុទ្ធ ហើយចាត់មកក្នុងលោកីយ ថា ខ្ញុំពោលពាក្យប្រមាថដល់ព្រះ ដោយព្រោះតែខ្ញុំនិយាយថា ខ្ញុំជាព្រះរាជបុត្រានៃព្រះដូច្នេះឬអី ៣៧បើសិនជាខ្ញុំមិនធ្វើការរបស់ព្រះវរបិតាខ្ញុំទេ នោះកុំឲ្យជឿដល់ខ្ញុំឡើយ ៣៨ប៉ុន្តែ បើខ្ញុំធ្វើការរបស់ទ្រង់វិញ នោះទោះបើអ្នករាល់គ្នាមិនជឿខ្ញុំ គង់តែត្រូវជឿដល់ការទាំងនោះដែរ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយជឿថា ព្រះវរបិតាទ្រង់គង់នៅក្នុងខ្ញុំ ហើយខ្ញុំក្នុងទ្រង់ដែរ។ ៣៩គេក៏រកចាប់ទ្រង់ម្តងទៀត តែទ្រង់គេចចេញរួចពីកណ្តាប់ដៃគេទៅ ៤០រួចយាងទៅខាងនាយទន្លេយ័រដាន់វិញទៀត គឺជាកន្លែងដែលលោកយ៉ូហានធ្វើបុណ្យជ្រមុជជាន់មុនដំបូង ហើយទ្រង់គង់នៅទីនោះ ៤១នោះមានមនុស្សជាច្រើនមកឯទ្រង់ ក៏និយាយថា លោកយ៉ូហានគ្មានធ្វើទីសំគាល់ណាទេ តែសេចក្តីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ពីអ្នកនេះ នោះសុទ្ធតែពិតទាំងអស់ ៤២នៅទីនោះ មានមនុស្សជាច្រើនជឿដល់ទ្រង់ដែរ។ ១១ ១មានបុរសម្នាក់ ឈ្មោះឡាសារ មានជំងឺឈឺ គាត់នៅភូមិបេថានី ជាភូមិរបស់នាងម៉ារា នឹងបងនាងឈ្មោះម៉ាថា ២ឯនាងម៉ារា ដែលប្អូននាងឈ្មោះឡាសារមានជំងឺនេះ គឺនាងនេះហើយ ដែលបានចាក់ប្រេងក្រអូបលាបថ្វាយព្រះអម្ចាស់ រួចយកសក់នាងជូតព្រះបាទទ្រង់ ៣បងប្អូនស្រី២នាក់នោះ ក៏ចាត់គេឲ្យទៅឯព្រះយេស៊ូវ ទូលថា ព្រះអម្ចាស់អើយ មើល អ្នកដែលទ្រង់ស្រឡាញ់នោះគាត់ឈឺ ៤កាលទ្រង់បានឮដូច្នេះ នោះក៏មានបន្ទូលថា ជំងឺនេះមិនមែនដល់ស្លាប់ទេ គឺសំរាប់ជាកិត្តិសព្ទដល់ព្រះវិញ ដើម្បីនឹងលើកដំកើងដល់ព្រះរាជបុត្រានៃព្រះ ដោយសារជំងឺនេះឯង ៥រីឯព្រះយេស៊ូវ ទ្រង់ស្រឡាញ់នាងម៉ាថានឹងប្អូនស្រីនាង ហើយនឹងឡាសារផង ៦ដូច្នេះ កាលទ្រង់បានឮថា គាត់ឈឺ នោះទ្រង់ក៏គង់នៅកន្លែងដដែល២ថ្ងៃទៀត ៧ក្រោយនោះមក ទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរយើងត្រឡប់ទៅឯស្រុកយូដាវិញ ៨ពួកសិស្សទូលទ្រង់ថា លោកគ្រូ ពួកសាសន៍យូដាទើបនឹងរកចោលលោកនឹងថ្មពីមុននោះ ដូច្នេះ តើលោកគិតទៅឯណោះទៀតឬ ៩ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ក្នុង១ថ្ងៃមាន១២ម៉ោងទេតើ បើអ្នកណាដើរនៅពេលថ្ងៃ នោះមិនជំពប់ជើងទេ ព្រោះឃើញពន្លឺលោកីយនេះ ១០តែបើអ្នកណាដើរនៅពេលយប់ នោះត្រូវជំពប់ជើងវិញ ពីព្រោះគ្មានពន្លឺនៅក្នុងខ្លួនសោះ ១១ក្រោយដែលទ្រង់មានបន្ទូលសេចក្តីទាំងនេះហើយ នោះក៏មានបន្ទូលទៀតថា ឡាសារ ជាសំឡាញ់យើង គាត់បានដេកលក់ទៅហើយ ខ្ញុំទៅដើម្បីនឹងដាស់គាត់ឡើង ១២ដូច្នេះ ពួកសិស្សទូលថា ព្រះអម្ចាស់អើយ បើគាត់ដេកលក់ នោះ គាត់នឹងបានជាវិញ ១៣ឯព្រះយេស៊ូវ ទ្រង់មានបន្ទូលពីគាត់ស្លាប់ទេ តែគេស្មានថា ទ្រង់មានបន្ទូលអំពីគាត់គ្រាន់តែដេកសំរាកប៉ុណ្ណោះ ១៤ព្រះយេស៊ូវមានបន្ទូលទៅគេជាយ៉ាងច្បាស់ថា ឡាសារស្លាប់ហើយ ១៥ខ្ញុំក៏អរណាស់ ដោយយល់ដល់អ្នករាល់គ្នា ព្រោះខ្ញុំមិនបាននៅឯណោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ ឥឡូវចូរយើងទៅឯគាត់ចុះ ១៦ដូច្នេះ ថូម៉ាស ដែលហៅថា ឌីឌីម គាត់និយាយទៅពួកសិស្ស ជាគូកនគាត់ថា ចូរយើងរាល់គ្នាទៅដែរ ដើម្បីនឹងប្តូរស្លាប់ជាមួយនឹងលោក។ ១៧កាលព្រះយេស៊ូវយាងទៅដល់ហើយ នោះបានឮថា ឡាសារនៅក្នុងផ្នូរអស់៤ថ្ងៃហើយ ១៨រីឯភូមិបេថានីនោះនៅជិតក្រុងយេរូសាឡិម ប្រហែលជា៣គីឡូម៉ែត្រទេ ១៩ហើយមានពួកសាសន៍យូដាជាច្រើនបានមក ដើម្បីជួយកំសាន្តទុក្ខនាងម៉ាថា នឹងម៉ារា ពីដំណើរប្អូនស្លាប់ ២០កាលម៉ាថាបានឮថា ព្រះយេស៊ូវយាងមកហើយ នោះនាងក៏ទៅទទួលទ្រង់ តែម៉ារាអង្គុយនៅឯផ្ទះ ២១ម៉ាថាទូលព្រះយេស៊ូវថា ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ ២២ប៉ុនែខ្ញុំម្ចាស់ដឹងថា ទោះទាំងនៅគ្រាឥឡូវនេះ នោះការអ្វីដែលទ្រង់នឹងសូមពីព្រះ គង់តែព្រះនឹងប្រទានមកទ្រង់ជាមិនខាន ២៣ព្រះយេស៊ូវមានបន្ទូលទៅនាងថា ប្អូននាងនឹងរស់ឡើងវិញ ២៤ម៉ាថាទូលទ្រង់ថា ខ្ញុំដឹងថា នៅថ្ងៃចុងបំផុតកាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ នោះប្អូនខ្ញុំម្ចាស់នឹងរស់ឡើងដែរ ២៥ព្រះយេស៊ូវមានបន្ទូលទៅនាងថា ខ្ញុំជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ ២៦ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ នាងជឿសេចក្តីនេះឬទេ ២៧នាងទូលឆ្លើយថា ព្រះពរព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿហើយថា ទ្រង់ជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ ដែលត្រូវយាងមកក្នុងលោកីយមែន។ ២៨កាលនាងបានពោលពាក្យដូច្នោះហើយ នោះក៏ទៅហៅម៉ារា ប្អូននាង មកដោយសំងាត់ ប្រាប់ថា លោកគ្រូអញ្ជើញមកដល់ហើយ លោកហៅរកឯង ២៩កាលនាងម៉ារាបានឮពាក្យនោះ ក៏ក្រោកឡើងជាប្រញាប់ទៅឯទ្រង់ ៣០ឯព្រះយេស៊ូវ ទ្រង់មិនទាន់យាងចូលក្នុងភូមិនៅឡើយ គឺទ្រង់គង់នៅត្រង់កន្លែងដែលម៉ាថាបានចួបនោះ ៣១កាលពួកសាសន៍យូដា ដែលនៅក្នុងផ្ទះ កំពុងតែជួយកំសាន្តចិត្តនាងម៉ារា បានឃើញថា នាងក្រោកឡើងចេញទៅជាប្រញាប់ដូច្នេះ គេក៏តាមនាងទៅ ដោយនិយាយគ្នាថា នាងគិតទៅយំឯផ្នូរហើយ។ ៣២នាងម៉ារាក៏ទៅដល់កន្លែង ដែលព្រះយេស៊ូវគង់នៅ កាលបានឃើញទ្រង់ នោះនាងក្រាបនៅទៀបព្រះបាទទូលថា ព្រះអម្ចាស់អើយ បើទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ ៣៣កាលព្រះយេស៊ូវឃើញនាងយំ ព្រមទាំងពួកសាសន៍យូដា ដែលមកជាមួយនឹងនាងផង នោះទ្រង់មានសេចក្តីរំជួល ទាំងក្នាញ់ក្នុងព្រះហឫទ័យ ៣៤ហើយមានបន្ទូលសួរថា អ្នករាល់គ្នាបានយករូបបុគ្គលទៅទុកឯណា គេទូលឆ្លើយថា ព្រះអម្ចាស់សូមយាងទៅទតមើល ៣៥ព្រះយេស៊ូវក៏ទ្រង់ព្រះកន្សែង ៣៦ដូច្នេះ ពួកសាសន៍យូដានិយាយថា មើល លោកស្រឡាញ់គាត់ណាស់ហ្ន៎ ៣៧ហើយពួកគេខ្លះនិយាយថា លោកនេះដែលបានប្រោសមនុស្សខ្វាក់ឲ្យភ្លឺ តើពុំអាចនឹងឃាត់មិនឲ្យមនុស្សនេះស្លាប់បានដែរឬ ៣៨នោះព្រះយេស៊ូវយាងទៅដល់ផ្នូរ ទាំងមានសេចក្តីក្នាញ់ក្នុងព្រះហឫទ័យម្តងទៀត ឯផ្នូរនោះជារអាងភ្នំ ហើយមានថ្ម១បិទសន្ធប់ ៣៩ព្រះយេស៊ូវមានបន្ទូលថា ចូរយកថ្មចេញ តែម៉ាថា ជាបងរបស់រូបបុគ្គលនោះទូលថា ព្រះអម្ចាស់អើយ ខ្មោចនេះធំក្លិនហើយ ព្រោះស្លាប់កន្លងមកបាន៤ថ្ងៃ ៤០ព្រះយេស៊ូវមានបន្ទូលទៅនាងថា តើខ្ញុំមិនបានប្រាប់នាងថា បើសិនជានាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬអី ៤១ដូច្នេះ គេក៏យកថ្មចេញ រួចព្រះយេស៊ូវងើបព្រះនេត្រទៅលើ ទូលថា ឱព្រះវរបិតាអើយ ទូលបង្គំអរព្រះគុណដល់ព្រះអង្គ ដោយព្រោះទ្រង់បានអនុញ្ញាតតាមទូលបង្គំ ៤២ទូលបង្គំដឹងថា ទ្រង់អនុញ្ញាតតាមទូលបង្គំជាដរាប តែដែលទូលបង្គំទូលដូច្នេះ គឺដោយព្រោះតែបណ្តាមនុស្សដែលឈរនៅជុំវិញទេ ដើម្បីឲ្យគេជឿថា ទ្រង់បានចាត់ឲ្យទូលបង្គំមកមែន ៤៣កាលទ្រង់មានបន្ទូលដូច្នេះហើយ ក៏បន្លឺវាចាថា ឡាសារអើយ ចូរចេញមក ៤៤នោះអ្នកដែលបានស្លាប់ ក៏ចេញមក មានទាំងសំពត់ស្នបរុំជាប់នៅជើងដៃផង ហើយមានកន្សែងគ្របមុខដែរ ព្រះយេស៊ូវមានបន្ទូលទៅគេថា ចូរស្រាយគាត់ឲ្យទៅចុះ។ ៤៥ដូច្នេះ កាលពួកសាសន៍យូដា ដែលមកតាមនាងម៉ារា បានឃើញការដែលព្រះយេស៊ូវធ្វើ នោះមានគ្នាជាច្រើនជឿដល់ទ្រង់ ៤៦តែមានខ្លះទៅជំរាបដល់ពួកផារិស៊ីពីការដែលព្រះយេស៊ូវបានធ្វើ ៤៧នោះពួកសង្គ្រាជ នឹងពួកផារិស៊ី គេប្រមូលក្រុមប្រឹក្សាមកនិយាយថា តើយើងត្រូវធ្វើដូចម្តេច ព្រោះមនុស្សនេះធ្វើទីសំគាល់ច្រើនណាស់ ៤៨បើយើងទុកឲ្យធ្វើតែយ៉ាងដូច្នេះទៅ នោះមុខជាមនុស្សទាំងអស់នឹងជឿតាមវាហើយ រួចសាសន៍រ៉ូមនឹងមកចាប់យកទាំងស្រុក នឹងជាតិយើងផង ៤៩មានក្រុមជំនុំម្នាក់ឈ្មោះកៃផា ដែលធ្វើជាសំដេចសង្ឃក្នុងឆ្នាំនោះ លោកមានប្រសាសន៍ថា អ្នករាល់គ្នាមិនដឹងអ្វីសោះ ៥០ក៏មិនគិតពិចារណាឃើញថា បើមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន នោះមានប្រយោជន៍ ដល់អ្នករាល់គ្នាជាជាង ដើម្បីកុំឲ្យជាតិយើងនេះត្រូវវិនាសទាំងអស់ឡើយ ៥១តែលោកមិននិយាយសេចក្តីនោះ ដោយអាងតែខ្លួនលោកទេ គឺដោយព្រោះលោកជាសំដេចសង្ឃនៅឆ្នាំនោះ បានជាលោកទាយថា ព្រះយេស៊ូវត្រូវសុគតជំនួសសាសន៍នោះ ៥២ហើយមិនជំនួសត្រឹមតែសាសន៍នោះប៉ុណ្ណោះ គឺសុគតដើម្បីឲ្យអស់ទាំងកូននៃព្រះ ដែលខ្ចាត់ខ្ចាយទៅ បានប្រមូលរួមមកជាសាសន៍តែ១ដែរ ៥៣ដូច្នេះ ចាប់តាំងពីថ្ងៃនោះមក គេក៏ពីគ្រោះគ្នានឹងសំឡាប់ទ្រង់ចេញ ៥៤ហេតុនោះបានជាព្រះយេស៊ូវ មិនបានយាងនៅក្នុងពួកសាសន៍យូដា ឲ្យគេឃើញទៀតទេ គឺទ្រង់យាងទៅឯស្រុកស្រែក្បែរទីរហោស្ថានវិញ ដល់ភូមិ១ហៅថា អេប្រាអិម ក៏គង់នៅទីនោះជាមួយនឹងពួកសិស្ស។ ៥៥រីឯបុណ្យរំលងរបស់សាសន៍យូដា នោះជិតដល់ហើយ ក៏មានមនុស្សជាច្រើនចេញពីស្រុកស្រែ ឡើងទៅឯក្រុងយេរូសាឡិមមុនបុណ្យនោះ ដើម្បីឲ្យបានញែកខ្លួនជាបរិសុទ្ធ ៥៦ពួកអ្នកទាំងនោះកំពុងតែឈរនៅក្នុងព្រះវិហារ សួរគ្នារកព្រះយេស៊ូវថា លោកនោះមិនមកឯបុណ្យនេះទេឬអី តើគិតដូចម្តេច ៥៧ឯពួកសង្គ្រាជ នឹងពួកផារិស៊ីបានបង្គាប់មកថា បើអ្នកណាដឹងជាទ្រង់គង់នៅឯណា នោះត្រូវប្រាប់ឲ្យគេដឹងផង ដើម្បីឲ្យគេបានទៅចាប់ទ្រង់។ ១២ ១កាលមុនបុណ្យរំលង៦ថ្ងៃ នោះព្រះយេស៊ូវទ្រង់យាងមកដល់ភូមិបេថានី ជាកន្លែងឡាសារនៅ គឺជាអ្នកដែលទ្រង់បានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ២នៅទីនោះ គេរៀបចំព្រះស្ងោយថ្វាយទ្រង់ ហើយនាងម៉ាថាក៏ខ្វល់ខ្វាយបំរើ ឯឡាសារ គាត់នៅក្នុងពួកអ្នកដែលអង្គុយនៅតុ ជាមួយនឹងទ្រង់ដែរ ៣នោះនាងម៉ារាយកប្រេងក្រអូបទេព្វិរូសុទ្ធ១នាលិ មានដំឡៃណាស់ មកចាក់លាបព្រះបាទទ្រង់ រួចយកសក់នាងជូត ក្លិនក្រអូបនោះ ក៏សាយឡើងពេញក្នុងផ្ទះ ៤ដូច្នេះ ពួកសិស្សទ្រង់ម្នាក់ ឈ្មោះយូដាស-អីស្ការីយ៉ុត ជាកូនស៊ីម៉ូន ដែលរៀបនឹងបញ្ជូនទ្រង់ ក៏និយាយឡើងថា ៥ម្តេចឡើយក៏មិនបានលក់ប្រេងក្រអូបនេះជាដំឡៃ៦០រៀល ដើម្បីចែកឲ្យដល់មនុស្សក្រីក្រវិញ ៦វានិយាយដូច្នោះ មិនមែនដោយព្រោះវាយកចិត្តទុកដាក់នឹងមនុស្សក្រីក្រទេ គឺដោយព្រោះវាជាចោរ វាកាន់ថង់ប្រាក់ ហើយក៏លួចយករបស់ដែលដាក់នៅក្នុងថង់នោះផង ៧ព្រះយេស៊ូវមានបន្ទូលថា កុំឲ្យធ្វើនាងឡើយ ដ្បិតនាងបានទុកប្រេងក្រអូបនេះ សំរាប់ដល់ថ្ងៃបញ្ចុះខ្មោចខ្ញុំ ៨ឯអ្នករាល់គ្នា តែងតែមានពួកអ្នកក្រនៅជាមួយជាដរាប តែខ្ញុំមិននៅជាមួយជាដរាបទេ។ ៩មានពួកសាសន៍យូដាសន្ធឹកណាស់ បានដឹងថាទ្រង់គង់នៅទីនោះ ដូច្នេះ គេក៏នាំគ្នាមក តែមិនមែនដោយព្រោះព្រះយេស៊ូវប៉ុណ្ណោះ គឺមកចង់ឃើញឡាសារ ដែលទ្រង់ប្រោសឲ្យរស់ពីស្លាប់ឡើងវិញផង ១០តែពួកសង្គ្រាជគេជំនុំគ្នានឹងសំឡាប់ទាំងឡាសារដែរ ១១ដ្បិត ដោយព្រោះតែគាត់ បានជាមានសាសន៍យូដាជាច្រើន ដកខ្លួនចេញពីពួកគេ ទៅជឿដល់ព្រះយេស៊ូវវិញ។ ១២លុះថ្ងៃស្អែកឡើង កាលបណ្តាមនុស្ស ដែលមកឯបុណ្យ បានឮថា ព្រះយេស៊ូវកំពុងយាងចូលមកក្នុងក្រុងយេរូសាឡិម ១៣នោះមានគ្នាសន្ធឹក យកធាងចាកចេញ ទៅទទួលទ្រង់ ទាំងស្រែកថា ហូសាណា ព្រះអង្គដែលយាងមកដោយព្រះនាមព្រះអម្ចាស់ គឺជាស្តេចនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រកបដោយព្រះពរ ១៤កាលព្រះយេស៊ូវរកបានកូនលា១ នោះក៏គង់លើវា តាមសេចក្តីដែលចែងទុកមកថា ១៥«កុំខ្លាចអ្វី កូនស្រីស៊ីយ៉ូនអើយ មើលស្តេចឯងទ្រង់យាងមក ទាំងគង់លើកូនលា» ១៦មុនដំបូង ពួកសិស្សទ្រង់មិនបានយល់សេចក្តីទាំងនោះទេ តែកាលព្រះយេស៊ូវបានដំកើងឡើងហើយ នោះគេនឹកឃើញថា មានសេចក្តីទាំងនោះចែងទុកពីទ្រង់ ហើយថា គេបានសំរេចការទាំងនោះថ្វាយទ្រង់ដែរ ១៧រីឯហ្វូងមនុស្សដែលនៅជាមួយនឹងទ្រង់ គេក៏ធ្វើបន្ទាល់ពីកាលទ្រង់ហៅឡាសារចេញពីផ្នូរមក ហើយប្រោសឲ្យគាត់រស់ពីស្លាប់ឡើងវិញ ១៨គឺដោយហេតុនោះ បានជាមានហ្វូងមនុស្សទៅទទួលទ្រង់ ពីព្រោះគេឮថា ទ្រង់បានធ្វើទីសំគាល់នោះ ១៩ដូច្នេះ ពួកផារិស៊ីនិយាយគ្នាគេថា មើល ពួកយើងមិនឈ្នះទេ ឃើញឬទេ លោកីយទាំងស្រុងទៅតាមអ្នកនោះហើយ។ ២០ក្នុងពួកអ្នកដែលឡើងទៅថ្វាយបង្គំ នៅក្នុងវេលាបុណ្យនោះ ក៏មានសាសន៍ក្រេកខ្លះដែរ ២១គេមកឯភីលីពជាអ្នកនៅភូមិបេតសៃដា ស្រុកកាលីឡេ គេសូមគាត់ថា លោកម្ចាស់ យើងខ្ញុំចង់ឃើញព្រះយេស៊ូវ ២២ភីលីពក៏ទៅប្រាប់អនទ្រេ រួចអនទ្រេ នឹងភីលីពទៅទូលដល់ព្រះយេស៊ូវ ២៣តែទ្រង់មានបន្ទូលឆ្លើយថា កំណត់ដែលកូនមនុស្សត្រូវដំកើងឡើង បានមកដល់ហើយ ២៤ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជាច្រើនឡើង ២៥អ្នកណាដែលស្រឡាញ់ជីវិតខ្លួន នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតខ្លួន នៅលោកីយនេះវិញ នោះនឹងរក្សាជីវិតទុក ដរាបដល់អស់កល្បរៀងទៅ ២៦បើអ្នកណាបំរើខ្ញុំ ត្រូវឲ្យអ្នកនោះមកតាមខ្ញុំចុះ យ៉ាងនោះ ទោះបើខ្ញុំនៅឯណាក្តី អ្នកបំរើខ្ញុំក៏នឹងនៅទីនោះដែរ បើអ្នកណាបំរើខ្ញុំ ព្រះវរបិតានឹងលើកមុខអ្នកនោះ។ ២៧ឥឡូវនេះ ខ្ញុំមានចិត្តតប់ប្រមល់ តើត្រូវឲ្យខ្ញុំទូលដូចម្តេច ឱព្រះវរបិតាអើយ សូមជួយសង្គ្រោះទូលបង្គំ ឲ្យរួចពីពេលនេះផង ប៉ុន្តែ គឺដោយហេតុនេះឯង បានជាទូលបង្គំមកដល់ពេលនេះ ២៨ឱព្រះវរបិតាអើយ សូមដំកើងព្រះនាមទ្រង់ឡើង នោះស្រាប់តែមានឮសំឡេងពីលើមេឃថា អញបានដំកើងហើយ ក៏នឹងដំកើងឡើងទៀតដែរ ២៩ដូច្នេះ បណ្តាមនុស្សដែលឈរនៅទីនោះហើយឮ ក៏និយាយថា ឮផ្គរលាន់ ខ្លះទៀតថា មានទេវតាទូលនឹងទ្រង់ ៣០តែព្រះយេស៊ូវទ្រង់ឆ្លើយថា សំឡេងនេះមិនមែនឮដោយព្រោះខ្ញុំទេ គឺដោយយល់ដល់អ្នករាល់គ្នាវិញ ៣១ឥឡូវ លោកីយនេះត្រូវជាប់ទោសហើយ ឥឡូវនេះ ចៅហ្វាយរបស់លោកីយនេះ ក៏ត្រូវបោះចោលចេញ ៣២ឯខ្ញុំ បើសិនជាខ្ញុំត្រូវលើកពីដីឡើង នោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ ៣៣ទ្រង់មានបន្ទូលសេចក្តីទាំងនេះ ដើម្បីនឹងបង្ហាញ ពីទ្រង់ត្រូវសុគតជាបែបយ៉ាងណា ៣៤ហ្វូងមនុស្សទូលឆ្លើយថា យើងខ្ញុំបានឮក្នុងក្រិត្យវិន័យថា ព្រះគ្រីស្ទ ទ្រង់គង់នៅអស់កល្បជានិច្ច ចុះធ្វើដូចម្តេចបានជាថា កូនមនុស្សត្រូវលើកឡើងដូច្នេះ តើអ្នកណាជាកូនមនុស្សនេះ ៣៥នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ពន្លឺនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ ចូរដើរកំពុងដែលនៅមានពន្លឺចុះ ក្រែងលោសេចក្តីងងឹតតាមអ្នករាល់គ្នាទាន់ អ្នកណាដែលដើរក្នុងសេចក្តីងងឹត នោះមិនដឹងជាទៅឯណាទេ ៣៦ចូរអ្នករាល់គ្នាជឿដល់ពន្លឺ កំពុងដែលនៅមាននៅឡើយចុះ ដើម្បីឲ្យបានធ្វើជាកូននៃពន្លឺ។ ៣៧លុះព្រះយេស៊ូវមានបន្ទូលសេចក្តីទាំងនេះហើយ នោះទ្រង់ក៏យាងចេញទៅ ហើយបានកំបាំងពីគេ ប៉ុន្តែទោះបើទ្រង់បានធ្វើទីសំគាល់ នៅមុខគេជាច្រើនទាំងម៉្លេះក៏ដោយ គង់តែគេមិនបានជឿដល់ទ្រង់ដែរ ៣៨ដើម្បីឲ្យពាក្យរបស់ហោរាអេសាយបានសំរេច ដែលទាយថា «ព្រះអម្ចាស់អើយ តើអ្នកណាបានជឿសេចក្តីដែលយើងខ្ញុំប្រាប់ ហើយតើព្រះហស្តព្រះអម្ចាស់បានបើកសំដែងមក ឲ្យអ្នកណាឃើញ» ៣៩គឺដោយហេតុនោះបានជាគេជឿពុំបានពីព្រោះលោកអេសាយក៏ទាយទៀតថា ៤០«ទ្រង់បានធ្វើឲ្យភ្នែកគេខ្វាក់ ហើយឲ្យចិត្តគេរឹង ក្រែងភ្នែកគេមើលឃើញចិត្តគេយល់ ហើយគេប្រែគំនិត ដើម្បីឲ្យអញបានប្រោសឲ្យជា» ៤១លោកអេសាយមានប្រសាសន៍សេចក្តីទាំងនេះ ពីព្រោះលោកបានឃើញសិរីល្អទ្រង់ ហើយក៏ទាយពីទ្រង់ ៤២ប៉ុន្តែ នៅក្នុងពួកនាម៉ឺន ក៏មានជាច្រើននាក់បានជឿដល់ទ្រង់ដែរ តែគេមិនហ៊ានប្រាប់ដល់អ្នកណាសោះ ដោយព្រោះពួកផារិស៊ី ក្រែងត្រូវកាត់ចេញពីពួកជំនុំគេទៅ ៤៣ពីព្រោះគេចូលចិត្តនឹងសេចក្តីសរសើររបស់មនុស្ស ជាជាងសេចក្តីសរសើររបស់ព្រះវិញ។ ៤៤ព្រះយេស៊ូវទ្រង់បន្លឺឡើងថា អ្នកណាដែលជឿដល់ខ្ញុំ នោះមិនមែនជឿដល់ខ្ញុំ គឺជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកនោះវិញ ៤៥ហើយអ្នកណាដែលឃើញខ្ញុំ នោះក៏ឃើញព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកដែរ ៤៦ខ្ញុំបានមកក្នុងលោកីយជាពន្លឺភ្លឺ ដើម្បីកុំឲ្យអ្នកណាដែលជឿដល់ខ្ញុំ ត្រូវនៅក្នុងសេចក្តីងងឹតឡើយ ៤៧បើអ្នកណាឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេ ដ្បិតខ្ញុំមិនបានមកដើម្បីនឹងកាត់ទោសដល់លោកីយទេ គឺមកប្រយោជន៍នឹងសង្គ្រោះវិញ ៤៨អ្នកណាដែលវៀរបង់ចោលខ្ញុំ ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមដែលកាត់ទោសខ្លួនហើយ គឺជាពាក្យដែលខ្ញុំបាននិយាយនោះឯង ពាក្យនោះនឹងកាត់ទោសដល់គេ នៅថ្ងៃចុងបំផុត ៤៩ដ្បិតខ្ញុំមិនបាននិយាយ ដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់បានបង្គាប់ខ្ញុំ ពីសេចក្តីដែលខ្ញុំត្រូវនិយាយ ហើយពីពាក្យដែលខ្ញុំត្រូវប្រាប់វិញ ៥០ខ្ញុំក៏ដឹងថា សេចក្តីដែលទ្រង់បង្គាប់មកនោះ ជាជីវិតដ៏នៅអស់កល្បជានិច្ច ដូច្នេះ សេចក្តីអ្វីដែលខ្ញុំនិយាយ នោះខ្ញុំនិយាយតាមដែលព្រះវរបិតាបានប្រាប់មក។ ១៣ ១កាលមុនបុណ្យរំលង នោះព្រះយេស៊ូវទ្រង់ជ្រាបថា ពេលកំណត់ ដែលទ្រង់ត្រូវចេញពីលោកីយនេះទៅឯព្រះវរបិតាវិញ បានមកដល់ហើយ ដូច្នេះ ដែលទ្រង់បានស្រឡាញ់ដល់ពួកទ្រង់នៅក្នុងលោកីយនេះ នោះទ្រង់ក៏ចេះតែស្រឡាញ់គេ ដរាបដល់ចុងបំផុត ២កំពុងពេលបាយយប់នោះឯង កាលអារក្សបានបញ្ចូលចិត្តយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ឲ្យបញ្ជូនទ្រង់ហើយ ៣នោះដោយព្រោះព្រះយេស៊ូវបានជ្រាបថា ព្រះវរបិតាបានប្រគល់ការទាំងអស់ មកក្នុងព្រះហស្តទ្រង់ ហើយថា ទ្រង់មកពីព្រះ ក៏ត្រូវទៅឯព្រះវិញ ៤បានជាទ្រង់ក្រោកពីសោយឡើង ដោះព្រះពស្ត្រចេញ រួចយកក្រមាមកក្រវាត់អង្គ ៥ក្រោយនោះទ្រង់ចាក់ទឹកក្នុងចានក្លាំ ចាប់តាំងលាងជើងពួកសិស្ស ហើយយកក្រមាដែលទ្រង់ក្រវាត់នោះមកជូត ៦កាលទ្រង់មកដល់ស៊ីម៉ូន-ពេត្រុស នោះគាត់ទូលថា ព្រះអម្ចាស់អើយ ទ្រង់លាងជើងឲ្យទូលបង្គំឬ ៧ព្រះយេស៊ូវទ្រង់ឆ្លើយថា ការដែលខ្ញុំធ្វើ នោះអ្នកមិនយល់ក្នុងពេលឥឡូវនេះទេ តែទៅមុខទើបនឹងបានយល់វិញ ៨ពេត្រុសទូលប្រកែកថា ទ្រង់មិនត្រូវលាងជើងឲ្យទូលបង្គំសោះឡើយ ព្រះយេស៊ូវមានបន្ទូលថា បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយនឹងខ្ញុំទេ ៩ស៊ីម៉ូន-ពេត្រុសទូលទ្រង់ថា ឱព្រះអម្ចាស់អើយ បើដូច្នោះ សូមកុំលាងត្រឹមតែជើងទូលបង្គំប៉ុណ្ណោះឡើយ គឺសូមលាងដល់ទាំងដៃទាំងក្បាលផងចុះ ១០ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា អ្នកណាដែលងូតទឹកហើយ នោះត្រូវការលាងតែជើងប៉ុណ្ណោះ ឲ្យបានស្អាតទាំងអស់ ឯអ្នករាល់គ្នាក៏បានស្អាតហើយ តែមិនមែនទាំងអស់គ្នាទេ ១១នេះព្រោះទ្រង់ជ្រាបនូវអ្នកណាដែលនឹងបញ្ជូនទ្រង់ ហេតុនោះបានជាទ្រង់មានបន្ទូលថា អ្នករាល់គ្នាមិនមែនស្អាតគ្រប់គ្នាទេ។ ១២កាលទ្រង់បានលាងជើងគេរួច ហើយបានពាក់ព្រះពស្ត្រទ្រង់វិញ នោះក៏គង់នៅតុ មានបន្ទូលទៅគេថា តើអ្នករាល់គ្នាយល់ការដែលខ្ញុំទើបនឹងធ្វើនេះឬទេ ១៣អ្នករាល់គ្នាហៅខ្ញុំជាលោកគ្រូ ហើយជាព្រះអម្ចាស់ នោះក៏ត្រូវមែន ពីព្រោះគឺខ្ញុំនេះហើយ ១៤ដូច្នេះ បើខ្ញុំ ដែលជាព្រះអម្ចាស់ ហើយជាគ្រូ បានលាងជើង ឲ្យអ្នករាល់គ្នា នោះគួរតែឲ្យអ្នករាល់គ្នាលាងជើង ដល់គ្នានឹងគ្នាដែរ ១៥ដ្បិតខ្ញុំបានធ្វើដំរាប់ទុកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមការដែលខ្ញុំបានធ្វើឲ្យនោះ ១៦ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បាវមិនមែនធំជាងចៅហ្វាវទេ ហើយអ្នកបំរើក៏មិនធំជាងអ្នកដែលប្រើដែរ ១៧បើអ្នករាល់គ្នាដឹងសេចក្តីទាំងនេះ ហើយប្រព្រឹត្តតាមនោះមានពរហើយ ១៨ខ្ញុំមិនមែននិយាយពីអ្នករាល់គ្នាទាំងអស់ទេ ខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានរើស ប៉ុន្តែបទគម្ពីរដែលថា «អ្នកដែលបរិភោគនំប៉័ង ជាមួយនឹងទូលបង្គំ នោះបានលើកកែងជើង ទាស់នឹងទូលបង្គំវិញ» ពាក្យនោះត្រូវតែបានសំរេច ១៩ខ្ញុំប្រាប់អ្នករាល់គ្នាតាំងពីឥឡូវនេះ មុនដែលការនោះកើតមក ដើម្បីកាលណាបានកើតមកដល់ នោះឲ្យអ្នករាល់គ្នាបានជឿថា គឺខ្ញុំនេះហើយ ២០ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាទទួលអ្នកដែលខ្ញុំនឹងចាត់ឲ្យទៅ នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះក៏ឈ្មោះថា ទទួលព្រះអង្គដែលចាត់ឲ្យខ្ញុំមកដែរ។ ២១កាលព្រះយេស៊ូវ ទ្រង់មានបន្ទូលពីសេចក្តីទាំងនោះរួចហើយ នោះទ្រង់មានព្រះហឫទ័យតប់ប្រមល់ ហើយក៏ធ្វើបន្ទាល់ថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានពួកអ្នករាល់គ្នាម្នាក់នឹងបញ្ជូនខ្ញុំ ២២ដូច្នេះ ពួកសិស្សក៏ងាកមើលគ្នាទៅវិញទៅមក មិនដឹងជាទ្រង់មានបន្ទូលពីអ្នកណាទេ ២៣មានសិស្សម្នាក់ដែលព្រះយេស៊ូវស្រឡាញ់ គាត់អង្គុយនៅតុ ផ្អែកលើព្រះឱរាទ្រង់ ២៤ដូច្នេះ ស៊ីម៉ូន-ពេត្រុសក៏ធ្វើគ្រឿងសំគាល់ ឲ្យអ្នកនោះទូលសួរព្រះយេស៊ូវ អំពីអ្នកណាដែលទ្រង់មានបន្ទូលនោះ ២៥អ្នកនោះក៏ទូលសួរព្រះយេស៊ូវ ទាំងទំរេតលើព្រះឱរាទ្រង់ថា ព្រះអម្ចាស់អើយ តើអ្នកណា ២៦ព្រះយេស៊ូវមានបន្ទូលឆ្លើយថា គឺជាអ្នកដែលខ្ញុំនឹងជ្រលក់ចំណិតនំប៉័ងហុចទៅឲ្យ រួចទ្រង់ជ្រលក់នុំប៉័ង១ចំណិត ប្រទានទៅឲ្យយូដាស-អ៊ីស្ការីយ៉ុតជាកូនស៊ីម៉ូន ២៧ក្រោយដែលទទួលចំណិតនោះហើយ នោះអារក្សសាតាំងក៏ចូលវា រួចព្រះយេស៊ូវមានបន្ទូលទៅវាថា ការអ្វីដែលអ្នកគិតធ្វើ នោះចូរធ្វើជាប្រញាប់ទៅចុះ ២៨ប៉ុន្តែ ក្នុងពួកអ្នកដែលអង្គុយនៅតុ គ្មានអ្នកណាដឹងជា ទ្រង់មានបន្ទូលទៅវា ដោយហេតុអ្វីទេ ២៩ខ្លះស្មានថា ដោយព្រោះយូដាសកាន់ថង់ប្រាក់ បានជាព្រះយេស៊ូវ ទ្រង់ប្រាប់ឲ្យវាទៅទិញអីវ៉ាន់អ្វីនិមួយ ដែលត្រូវការសំរាប់បុណ្យនោះ ឬឲ្យវាចែកទានអ្វីដល់ពួកអ្នកក្រីក្រ ៣០កាលវាបានទទួលចំណិតនំនោះ វាក៏ចេញទៅជា១រំពេច ពេលនោះយប់ហើយ។ ៣១កាលវាចេញផុតទៅ នោះព្រះយេស៊ូវមានបន្ទូលថា ឥឡូវនេះ កូនមនុស្សបានដំកើងឡើងហើយ ព្រះក៏បានដំកើងឡើងក្នុងកូនមនុស្សដែរ ៣២បើសិនជាព្រះបានដំកើងឡើងក្នុងកូនមនុស្ស នោះទ្រង់នឹងដំកើងកូនមនុស្សឡើងក្នុងព្រះអង្គទ្រង់ដែរ ក៏នឹងដំកើងកូនមនុស្សឡើងជា១រំពេចផង ៣៣ឱកូនរាល់គ្នាអើយ ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ អ្នករាល់គ្នានឹងរកខ្ញុំ តែដូចជាខ្ញុំបានប្រាប់ដល់ពួកសាសន៍យូដារួចហើយថា កន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាពុំអាចនឹងទៅបានទេ ឥឡូវនេះ ខ្ញុំក៏ប្រាប់ដល់អ្នករាល់គ្នាដូច្នោះដែរ ៣៤ខ្ញុំឲ្យសេចក្តីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ ៣៥គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក ៣៦ស៊ីម៉ូន-ពេត្រុសទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើទ្រង់យាងទៅឯណា ព្រះយេស៊ូវទ្រង់ឆ្លើយថា កន្លែងដែលខ្ញុំទៅ នោះអ្នកពុំអាចនឹងទៅតាម ក្នុងគ្រាឥឡូវនេះបានទេ លុះគ្រាក្រោយទើបអ្នកនឹងទៅបាន ៣៧ពេត្រុសទូលទ្រង់ថា ព្រះអម្ចាស់អើយ ហេតុអ្វីបានជាទូលបង្គំទៅតាម ក្នុងគ្រានេះពុំបានទូលបង្គំស៊ូតែប្តូរជីវិតជំនួសទ្រង់ ៣៨ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគាត់ថា តើអ្នកនឹងប្តូរជីវិតជំនួសខ្ញុំឬ ប្រាកដមែនខ្ញុំប្រាប់អ្នកជាប្រាកដថា មាន់មិនរងាវទៀត ទាល់តែអ្នកបានប្រកែក៣ដង ថាមិនស្គាល់ខ្ញុំ។ ១៤ ១កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ ២នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា ៣បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ ៤ឯកន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាក៏ដឹង ហើយក៏ស្គាល់ផ្លូវទៅដែរ ៥ថូម៉ាសទូលទ្រង់ថា ព្រះអម្ចាស់អើយ យើងខ្ញុំមិនដឹងជាទ្រង់យាងទៅឯណាទេ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងខ្ញុំស្គាល់ផ្លូវទៅបាន ៦ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ ៧បើអ្នករាល់គ្នាបានស្គាល់ខ្ញុំ នោះបានស្គាល់ព្រះវរបិតាដែរ អំពីនេះទៅមុខ អ្នករាល់គ្នាក៏ស្គាល់ ហើយបានឃើញទ្រង់ផង ៨ភីលីពទូលទ្រង់ថា ព្រះអម្ចាស់អើយ សូមបង្ហាញព្រះវរបិតាឲ្យយើងខ្ញុំឃើញផង នោះយើងខ្ញុំពេញចិត្តហើយ ៩ព្រះយេស៊ូវមានបន្ទូលទៅថា ភីលីពអើយ ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នាជាយូរដល់ម៉្លេះ ហើយអ្នកមិនទាន់ស្គាល់ខ្ញុំឬ អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ ចុះធ្វើដូចម្តេចបានជាអ្នកថា សូមបង្ហាញឲ្យឃើញព្រះវរបិតាផងដូច្នេះ ១០តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងខ្ញុំទេឬអី អស់ទាំងពាក្យដែលខ្ញុំប្រាប់ដល់អ្នករាល់គ្នា នោះខ្ញុំមិនមែនប្រាប់ ដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតាដែលគង់ក្នុងខ្ញុំ ទ្រង់ធ្វើការទាំងនោះវិញ ១១ចូរជឿខ្ញុំថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាក៏គង់ក្នុងខ្ញុំ ពុំនោះសោត ឲ្យជឿខ្ញុំដោយព្រោះការទាំងនោះឯងចុះ ១២ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងធ្វើការដែលខ្ញុំធ្វើដែរ ក៏នឹងធ្វើការធំជាងការទាំងនោះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះវរបិតា ១៣ហើយការអ្វីក៏ដោយ ដែលអ្នករាល់គ្នានឹងសូម ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសំរេចឲ្យ ដើម្បីឲ្យព្រះវរបិតាបានដំកើងឡើងក្នុងព្រះរាជបុត្រា ១៤បើអ្នករាល់គ្នានឹងសូមអ្វីដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសំរេចឲ្យ។ ១៥បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ ១៦នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ១អង្គទៀត មកអ្នករាល់គ្នាឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ ១៧គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលលោកីយទទួលពុំបាន ព្រោះមិនឃើញ ហើយមិនស្គាល់ទ្រង់សោះ តែអ្នករាល់គ្នាស្គាល់ទ្រង់ ដ្បិតទ្រង់គង់ជាមួយ ក៏នឹងសណ្ឋិតនៅក្នុងអ្នករាល់គ្នាដែរ ១៨ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ ខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ ១៩បន្តិចទៀតលោកីយនឹងលែងឃើញខ្ញុំ តែអ្នករាល់គ្នានឹងឃើញខ្ញុំវិញ ហើយដោយព្រោះខ្ញុំរស់ នោះអ្នករាល់គ្នានឹងរស់ដែរ ២០នៅថ្ងៃនោះអ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតាខ្ញុំ អ្នករាល់គ្នាក៏នៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នាដែរ ២១អ្នកណាដែលមានបញ្ញត្តរបស់ខ្ញុំ ហើយកាន់តាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ឯអ្នកណាដែលស្រឡាញ់ខ្ញុំ នោះជាទីស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយ ខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ក៏នឹងសំដែងខ្លួនឲ្យអ្នកនោះស្គាល់ផង ២២យូដាស (មិនមែនអ៊ីស្ការីយ៉ុត) គាត់ទូលទ្រង់ថា ព្រះអម្ចាស់អើយ តើកើតមានហេតុដូចម្តេច បានជាទ្រង់នឹងសំដែងមកឲ្យយើងខ្ញុំស្គាល់ទ្រង់ តែមិនឲ្យលោកីយស្គាល់ផង ២៣ព្រះយេស៊ូវមានបន្ទូលឆ្លើយថា បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ នោះព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមកឯអ្នកនោះ ក៏នឹងតាំងទីលំនៅ នៅជាមួយដែរ ២៤អ្នកណាដែលមិនស្រឡាញ់ខ្ញុំ នោះមិនកាន់តាមពាក្យខ្ញុំទេ ឯពាក្យដែលអ្នករាល់គ្នាឮ នោះមិនមែនជាពាក្យខ្ញុំ គឺជាព្រះបន្ទូលរបស់ព្រះវរបិតា ដែលទ្រង់ចាត់ឲ្យខ្ញុំមកទេតើ។ ២៥ខ្ញុំប្រាប់សេចក្តីទាំងនេះ ដល់អ្នករាល់គ្នា កំពុងដែលនៅជាមួយគ្ន្នានៅឡើយ ២៦តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្តីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្តី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ ២៧ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យនោះ មិនមែនដូចជាលោកីយឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឬភ័យឡើយ ២៨អ្នករាល់គ្នាបានឮពាក្យដែលខ្ញុំប្រាប់ថា ខ្ញុំទៅ ហើយនឹងមកឯអ្នករាល់គ្នាវិញ បើសិនជាអ្នករាល់គ្នាស្រឡាញ់ដល់ខ្ញុំ នោះនឹងមានសេចក្តីអំណរឡើង ដោយព្រោះខ្ញុំទៅឯព្រះវរបិតា ដ្បិតព្រះវរបិតាទ្រង់ធំលើសជាងខ្ញុំ ២៩ឥឡូវនេះ ខ្ញុំបានប្រាប់អ្នករាល់គ្នា មុនដែលការនោះមកដល់ ដើម្បីកាលណាមកហើយ នោះឲ្យអ្នករាល់គ្នាបានជឿ ៣០ពីនេះទៅមុខ ខ្ញុំមិនបាននិយាយនឹងអ្នករាល់គ្នាប៉ុន្មានទៀតទេ ដ្បិតចៅហ្វាយរបស់លោកីយនេះ ជិតមកដល់ហើយ តែវាគ្មានអ្វីនៅក្នុងខ្ញុំទេ ៣១គឺខ្ញុំធ្វើតាមបង្គាប់ព្រះវរបិតាវិញ ដើម្បីឲ្យលោកីយបានដឹងថា ខ្ញុំស្រឡាញ់ដល់ទ្រង់ ចូរយើងក្រោកឡើងចេញពីទីនេះទៅ។ ១៥ ១ខ្ញុំជាដើមទំពាំងបាយជូរដ៏ពិត ហើយព្រះវរបិតាខ្ញុំជាអ្នកដាំ ២អស់ទាំងខ្នែងណាដុះចេញពីខ្ញុំ ដែលមិនបង្កើតផលផ្លែ នោះទ្រង់កាត់ចោល តែអស់ទាំងខ្នែងណា ដែលបង្កើតផលផ្លែ នោះទ្រង់លួសខ្នែងនោះវិញ ដើម្បីឲ្យបានផលផ្លែជាច្រើនឡើង ៣ឯអ្នករាល់គ្នា បានស្អាតហើយ ដោយសារពាក្យដែលខ្ញុំបានប្រាប់ ៤ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នករាល់គ្នាចុះ ប្រៀបដូចជាខ្នែង បើមិននៅជាប់នឹងគល់ នោះពុំអាចនឹងបង្កើតផលដោយឯកឯងបានទេ ដូច្នេះ អ្នករាល់គ្នាក៏ពុំបានដែរ លើកតែនៅជាប់នឹងខ្ញុំ ៥ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ ៦បើអ្នកណាមិននៅជាប់នឹងខ្ញុំ អ្នកនោះត្រូវបោះចោលទៅខាងក្រៅ ហើយក៏ក្រៀមទៅដូចជាខ្នែងដែរ រួចគេប្រមូលបោះទៅក្នុងភ្លើងឆេះអស់ទៅ ៧បើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យខ្ញុំនៅជាប់ក្នុងអ្នករាល់គ្នា នោះចូរសូមអ្វីតាមតែប្រាថ្នាចុះ សេចក្តីនោះនឹងបានសំរេចដល់អ្នករាល់គ្នាជាមិនខាន ៨ព្រះវរបិតាខ្ញុំបានដំកើងឡើង ដោយសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាបង្កើតផលជាច្រើន យ៉ាងនោះអ្នករាល់គ្នានឹងធ្វើជាសិស្សខ្ញុំមែន។ ៩ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចជាព្រះវរបិតា ទ្រង់ស្រឡាញ់ខ្ញុំដែរ ចូរនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំចុះ ១០បើអ្នករាល់គ្នាកាន់តាមបញ្ញត្តខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបញ្ញត្តនៃព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ដែរ ១១ខ្ញុំបាននិយាយសេចក្តីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីឲ្យសេចក្តីអំណររបស់ខ្ញុំ បាននៅជាប់ក្នុងអ្នករាល់គ្នា ហើយឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញផង ១២នេះជាសេចក្តីបញ្ញត្តរបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ ១៣គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ ១៤បើអ្នករាល់គ្នាធ្វើតាមសេចក្តីដែលខ្ញុំបង្គាប់ នោះអ្នករាល់គ្នាជាពួកសំឡាញ់ខ្ញុំហើយ ១៥ខ្ញុំមិនហៅជាអ្នកបំរើទៀត ពីព្រោះអ្នកបំរើគេមិនដឹងជាចៅហ្វាយធ្វើអ្វីទេ គឺខ្ញុំហៅអ្នករាល់គ្នាថាជាសំឡាញ់វិញ ពីព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក ១៦មិនមែនអ្នករាល់គ្នាដែលបានរើសខ្ញុំទេ គឺខ្ញុំទេតើ ដែលរើសអ្នករាល់គ្នាវិញ ទាំងតាំងអ្នករាល់គ្នាឲ្យទៅបង្កើតផល ហើយឲ្យផលរបស់អ្នករាល់គ្នាបាននៅជាប់ផង ដើម្បីឲ្យព្រះវរបិតាបានប្រោសប្រទានឲ្យអ្នករាល់គ្នាបានអ្វីៗ ដែលនឹងសូមពីទ្រង់ ដោយនូវឈ្មោះខ្ញុំ ១៧ខ្ញុំបង្គាប់សេចក្តីនេះដល់អ្នករាល់គ្នា គឺឲ្យស្រឡាញ់គ្នាទៅវិញទៅមកចុះ។ ១៨បើសិនជាលោកីយស្អប់អ្នករាល់គ្នា នោះអ្នករាល់គ្នាដឹងហើយថា គេបានស្អប់ខ្ញុំជាមុន ១៩បើអ្នករាល់គ្នាជារបស់ផងលោកីយ នោះលោកីយនឹងស្រឡាញ់អ្នករាល់គ្នា តែដោយព្រោះខ្ញុំបានរើសចេញពីលោកីយមក ហើយអ្នករាល់គ្នាមិនមែនជារបស់ផងលោកីយទៀត នោះបានជាលោកីយស្អប់អ្នករាល់គ្នាវិញ ២០ចូរនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់រួចហើយថា បាវមិនមែនធំជាងចៅហ្វាយទេ បើគេបានបៀតបៀនដល់ខ្ញុំ នោះគេនឹងបៀតបៀនដល់អ្នករាល់គ្នា ហើយបើគេបានកាន់តាមពាក្យខ្ញុំ នោះគេនឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ ២១គេនឹងប្រព្រឹត្តការទាំងនោះដល់អ្នករាល់គ្នា ដោយយល់ដល់ឈ្មោះខ្ញុំ ពីព្រោះគេមិនស្គាល់ព្រះដែលចាត់ឲ្យខ្ញុំមកទេ ២២បើសិនជាខ្ញុំមិនបានមកនិយាយនឹងគេ នោះគេឥតមានបាបទេ តែឥឡូវនេះគេគ្មានសេចក្តីដោះសាចំពោះបាបរបស់ខ្លួនសោះ ២៣អ្នកណាដែលស្អប់ខ្ញុំ នោះក៏ស្អប់ដល់ព្រះវរបិតាខ្ញុំដែរ ២៤បើខ្ញុំមិនបានធ្វើការនៅក្នុងពួកគេ ដែលគ្មានអ្នកណាទៀតបានធ្វើឡើយ នោះគេឥតមានបាបទេ តែឥឡូវនេះគេបានទាំងឃើញ ហើយទាំងស្អប់ខ្ញុំ នឹងព្រះវរបិតារបស់ខ្ញុំដែរ ២៥នោះដើម្បីឲ្យសេចក្តី ដែលចែងទុកមក ក្នុងក្រិត្យវិន័យរបស់គេបានសំរេច ដែលថា «គេបានស្អប់ខ្ញុំដោយឥតហេតុ» ២៦ប៉ុន្តែកាលណាព្រះដ៏ជាជំនួយទ្រង់យាងមក ដែលខ្ញុំនឹងចាត់មកពីព្រះវរបិតា គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលចេញពីព្រះវរបិតាមក ព្រះអង្គនោះ ទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំ ២៧ហើយអ្នករាល់គ្នានឹងធ្វើបន្ទាល់ដែរ ពីព្រោះអ្នករាល់គ្នាបាននៅជាមួយនឹងខ្ញុំ តាំងតែពីដើមមក។ ១៦ ១ខ្ញុំបាននិយាយសេចក្តីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នារវាតចិត្តឡើយ ២គេនឹងកាត់អ្នករាល់គ្នាចេញពីពួកជំនុំរបស់គេ ក៏នឹងមានពេលវេលាមក នោះអស់អ្នកណា ដែលសំឡាប់អ្នករាល់គ្នា នឹងគិតស្មានថា ខ្លួនបំរើដល់ព្រះដែរ ៣គេនឹងប្រព្រឹត្តការទាំងនោះ ដល់អ្នករាល់គ្នា ដោយព្រោះគេមិនស្គាល់ព្រះវរបិតាឬខ្ញុំទេ ៤តែខ្ញុំនិយាយសេចក្តីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីកាលណាពេលវេលានោះមកដល់ នោះឲ្យអ្នករាល់គ្នាបាននឹកឃើញថា ខ្ញុំប្រាប់ហើយ ខ្ញុំមិនបានប្រាប់កាលពីដើមទេ ពីព្រោះខ្ញុំកំពុងនៅជាមួយនឹងអ្នករាល់គ្នានៅឡើយ ៥តែឥឡូវនេះ ខ្ញុំទៅឯព្រះអង្គដែលចាត់ឲ្យខ្ញុំមក ហើយក្នុងពួកអ្នករាល់គ្នា គ្មានអ្នកណាសួរខ្ញុំថា លោកអញ្ជើញទៅឯណា នោះទេ ៦ប៉ុន្តែ អ្នករាល់គ្នាមានចិត្តពេញដោយសេចក្តីព្រួយ ដោយព្រោះខ្ញុំបានប្រាប់សេចក្តីទាំងនេះ ៧ខ្ញុំប្រាប់តាមត្រង់ថា ដែលខ្ញុំទៅ នោះមានប្រយោជន៍ដល់អ្នករាល់គ្នាវិញ ដ្បិតបើខ្ញុំមិនទៅទេ នោះព្រះដ៏ជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ តែបើខ្ញុំទៅ នោះខ្ញុំនឹងចាត់ទ្រង់ឲ្យមក ៨កាលណាទ្រង់បានយាងមកហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាបពីសេចក្តីសុចរិត ហើយពីសេចក្តីជំនុំជំរះ ៩គឺពីអំពើបាបដោយព្រោះគេមិនជឿដល់ខ្ញុំ ១០ពីសេចក្តីសុចរិត ដោយព្រោះខ្ញុំទៅឯព្រះវរបិតាខ្ញុំ ហើយអ្នករាល់គ្នាមិនឃើញខ្ញុំទៀតទេ ១១នឹងពីសេចក្តីជំនុំជំរះ ដោយព្រោះចៅហ្វាយរបស់លោកីយនេះត្រូវទោសហើយ។ ១២ខ្ញុំនៅមានសេចក្តីជាច្រើនទៀត នឹងប្រាប់ដល់អ្នករាល់គ្នា តែឥឡូវនេះ អ្នករាល់គ្នាពុំអាចនឹងទទួលបានទេ ១៣កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត ដ្បិតទ្រង់នឹងមានបន្ទូលមិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានបន្ទូល ចំពោះតែសេចក្តីណាដែលទ្រង់ឮ ហើយនឹងសំដែង ឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក ១៤ទ្រង់នឹងដំកើងខ្ញុំ ដ្បិតទ្រង់នឹងយកសេចក្តីដែលដំរូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា ១៥គ្រប់ទាំងអស់ដែលព្រះវរបិតាមាន នោះជារបស់ផងខ្ញុំដែរ ហេតុនោះបានជាខ្ញុំប្រាប់ថា ទ្រង់នឹងយកសេចក្តីដែលដំរូវពីខ្ញុំ មកប្រាប់អ្នករាល់គ្នា។ ១៦នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំ រួចបន្តិចទៅទៀត នឹងឃើញខ្ញុំវិញ ដ្បិតខ្ញុំទៅឯព្រះវរបិតា ១៧ដូច្នេះ មានពួកសិស្សទ្រង់ខ្លះនិយាយគ្នាថា ពាក្យនេះដែលទ្រង់មានបន្ទូលមកយើងថា «នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំ រួចបន្តិចទៅទៀតនឹងឃើញខ្ញុំវិញ» ហើយដែលថា «ដ្បិតខ្ញុំទៅឯព្រះវរបិតា» នេះតើមានន័យដូចម្តេច ១៨ហេតុនោះបានជាគេនិយាយថា ពាក្យនេះដែលទ្រង់មានបន្ទូលថា «នៅបន្តិចទៀត» ដូច្នេះ នោះចង់ថាដូចម្តេច យើងស្តាប់មិនបានទេ ១៩ព្រះយេស៊ូវក៏ជ្រាបថា គេចង់សួរទ្រង់ បានជាទ្រង់មានបន្ទូលទៅគេថា តើអ្នករាល់គ្នាសាកសួរគ្នាពីពាក្យដែលខ្ញុំថា នៅបន្តិចទៀត នឹងលែងឃើញខ្ញុំ រួចបន្តិចទៅទៀត នឹងឃើញខ្ញុំវិញ ឬអី ២០ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងយំ ហើយសោកសង្រេង តែលោកីយនឹងអរសប្បាយឡើង អ្នករាល់គ្នានឹងព្រួយចិត្ត តែសេចក្តីព្រួយរបស់អ្នករាល់គ្នា នឹងប្រែទៅជាសេចក្តីអំណរទៅវិញ ២១ឯស្ត្រីកាលណាហៀបនឹងសំរាលកូន នោះតែងព្រួយចិត្ត ព្រោះដល់កំណត់ហើយ តែកាលណាសំរាលរួចមក នោះលែងនឹកពីសេចក្តីវេទនានោះហើយ ពីព្រោះមានសេចក្តីអំណរ ដោយព្រោះមានកូនមួយកើតមកក្នុងលោក ២២ឥឡូវនេះ អ្នករាល់គ្នាមានសេចក្តីព្រួយដូច្នោះមែន ប៉ុន្តែនឹងឃើញអ្នករាល់គ្នាម្តងទៀត នោះអ្នករាល់គ្នានឹងមានចិត្តអរសប្បាយវិញ ក៏នឹងឥតមានអ្នកណាដកយកសេចក្តីអំណរនោះ ចេញពីអ្នករាល់គ្នាបានឡើយ ២៣នៅថ្ងៃនោះ អ្នករាល់គ្នានឹងមិនសូមអ្វីពីខ្ញុំទៀត ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្វីៗដែលអ្នករាល់គ្នានឹងសូមដល់ព្រះវរបិតា ដោយនូវឈ្មោះខ្ញុំ នោះទ្រង់នឹងប្រទានឲ្យ ២៤តាំងពីដើមមក អ្នករាល់គ្នាមិនបានសូមអ្វី ដោយនូវឈ្មោះខ្ញុំទេ ឥឡូវចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ដើម្បីឲ្យសេចក្តីអំណររបស់អ្នករាល់គ្នា បានពោរពេញពិត ២៥ខ្ញុំនិយាយសេចក្តីទាំងនេះដល់អ្នករាល់គ្នា ដោយពាក្យប្រៀបធៀប តែនឹងមានពេលវេលាមក ដែលខ្ញុំនឹងមិននិយាយនឹងអ្នករាល់គ្នា ដោយពាក្យប្រៀបធៀបទៀតទេ គឺនឹងនិយាយនឹងអ្នករាល់គ្នាពីព្រះវរបិតាយ៉ាងច្បាស់លាស់វិញ ២៦នៅថ្ងៃនោះ អ្នករាល់គ្នានឹងសូមដោយនូវឈ្មោះខ្ញុំ ហើយខ្ញុំមិនថា ខ្ញុំនឹងទូលអង្វរដល់ព្រះវរបិតា ជំនួសអ្នករាល់គ្នានោះទេ ២៧ដ្បិតព្រះវរបិតា ទ្រង់ក៏ស្រឡាញ់អ្នករាល់គ្នាដែរ ដោយព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ហើយក៏ជឿថា ខ្ញុំបានចេញពីព្រះមក ២៨ខ្ញុំបានចេញពីព្រះវរបិតាមកមែន ហើយបានមកក្នុងលោកីយ ក៏នឹងចេញពីលោកីយទៅឯព្រះវរបិតាវិញទៀត។ ២៩ពួកសិស្សទូលទ្រង់ថា ហ្ន៍ ម្តងណេះទ្រង់មានបន្ទូលច្បាស់ហើយ មិនមែនដោយពាក្យប្រៀបធៀបទៀតទេ ៣០ឥឡូវនេះ យើងខ្ញុំដឹងថា ទ្រង់ជ្រាបគ្រប់ទាំងអស់ ហើយមិនត្រូវការឲ្យអ្នកណាសួរទ្រង់ទេ ដោយហេតុនេះយើងខ្ញុំជឿថា ទ្រង់បានចេញពីព្រះមកមែន ៣១ព្រះយេស៊ូវទ្រង់មានបន្ទូលឆ្លើយថា ឥឡូវនេះ អ្នករាល់គ្នាជឿហើយឬ ៣២មើល នឹងមានពេលវេលាមក ក៏មកដល់ហើយ នោះអ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយទៅ ដោយខ្លួនៗ ទាំងទុកុខ្ញុំចោលឲ្យនៅតែឯកឯង តែខ្ញុំមិននៅតែឯកឯងទេ គឺមានព្រះវរបិតាគង់ជាមួយនឹងខ្ញុំដែរ ៣៣ខ្ញុំប្រាប់សេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នា បានសេចក្តីសុខសាន្ត ដោយសារខ្ញុំនៅលោកីយនេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយហើយ។ ១៧ ១កាលព្រះយេស៊ូវមានបន្ទូលសេចក្តីទាំងនោះរួចហើយ នោះក៏ងើបព្រះនេត្រទៅលើមេឃ ទូលថា ឱព្រះវរបិតាអើយ កំណត់បានមកដល់ហើយ សូមដំកើងព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានដំកើងទ្រង់ដែរ ២ដូចជាទ្រង់បានប្រទាន ឲ្យព្រះរាជបុត្រាមានអំណាច លើគ្រប់ទាំងមនុស្ស ដើម្បីនឹងប្រទានជីវិតដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកដែលទ្រង់បានប្រទានមកព្រះរាជបុត្រាដែរ ៣នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង ៤ទូលបង្គំបានដំកើងទ្រង់ នៅផែនដី ទូលបង្គំបានបង្ហើយការ ដែលទ្រង់ប្រគល់មកឲ្យធ្វើ ៥ឥឡូវនេះ ឱព្រះវរបិតាអើយ សូមដំកើងទូលបង្គំឡើងជាមួយនឹងទ្រង់ផង ដោយសិរីល្អដែលទូលបង្គំមានជាមួយនឹងទ្រង់ ក្នុងកាលដែលលោកីយមិនទាន់បានកើតនៅឡើយ។ ៦ឯពួកអ្នក ដែលទ្រង់បានប្រទានមកទូលបង្គំ អំពីមនុស្សលោក នោះទូលបង្គំបានបើកសំដែងឲ្យគេស្គាល់ព្រះនាមទ្រង់ អ្នកទាំងនោះជារបស់ផងទ្រង់ ហើយទ្រង់បានប្រទានគេមកទូលបង្គំ គេក៏កាន់តាមព្រះបន្ទូលទ្រង់ ៧ឥឡូវនេះ គេដឹងថា គ្រប់ទាំងអស់ដែលទ្រង់ប្រទានមកទូលបង្គំ នោះសុទ្ធតែកើតពីទ្រង់មក ៨ដ្បិតអស់ទាំងព្រះបន្ទូលដែលទ្រង់បានប្រទានមក នោះទូលបង្គំបានឲ្យដល់គេហើយ គេក៏ទទួលយក ហើយដឹងជាប្រាកដថា ទូលបង្គំចេញពីទ្រង់មក ក៏ជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកមែន ៩ទូលបង្គំអធិស្ឋានឲ្យគេ មិនមែនអធិស្ឋានឲ្យលោកីយទេ គឺឲ្យអស់អ្នកដែលទ្រង់បានប្រទានមកទូលបង្គំវិញ ពីព្រោះគេជារបស់ផងទ្រង់ ១០(របស់ទូលបង្គំទាំងអស់ជារបស់ផងទ្រង់ ហើយរបស់ទ្រង់ទាំងប៉ុន្មានក៏ជារបស់ផងទូលបង្គំដែរ) ទូលបង្គំបានថ្កើងឡើងក្នុងគេ ១១អ្នកទាំងនេះនៅក្នុងលោកីយ តែទូលបង្គំមិននៅក្នុងលោកីយទៀតទេ ទូលបង្គំនឹងទៅឯទ្រង់ ឱព្រះវរបិតាដ៏បរិសុទ្ធអើយ ឯពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូមទ្រង់រក្សាគេដោយព្រះនាមទ្រង់ផង ដើម្បីឲ្យគេបានរួមគ្នាតែ១ដូចជាយើងដែរ ១២កាលទូលបង្គំនៅក្នុងលោកីយជាមួយនឹងគេ នោះទូលបង្គំបានរក្សាគេ ដោយព្រះនាមទ្រង់ដែរ ទូលបង្គំបានរក្សាទុកនូវអស់អ្នក ដែលទ្រង់ប្រទានមកទូលបង្គំ គ្មានអ្នកណាមួយត្រូវវិនាសឡើយ បានវិនាសតែ១នាក់នោះ ដែលបានដំរូវឲ្យត្រូវវិនាសប៉ុណ្ណោះ ដើម្បីឲ្យបានសំរេចតាមបទគម្ពីរ ១៣ឥឡូវនេះ ទូលបង្គំទៅឯទ្រង់តែទូលបង្គំថ្លែងសេចក្តីទាំងនេះ នៅក្នុងលោកីយ ដើម្បីឲ្យគេបានសេចក្តីអំណររបស់ទូលបង្គំ ឲ្យនៅពោរពេញក្នុងខ្លួនគេ ១៤ទូលបង្គំបានឲ្យព្រះបន្ទូលទ្រង់ដល់គេ ហើយលោកីយបានស្អប់គេ ពីព្រោះគេមិនមែនជារបស់លោកីយទេ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ ១៥ទូលបង្គំមិនសូមឲ្យយកគេចេញពីលោកីយទេ គឺសូមឲ្យទ្រង់រក្សាគេ ឲ្យរួចពីសេចក្តីអាក្រក់វិញ ១៦គេមិនមែនជារបស់ផងលោកីយ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ ១៧សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្តីពិតរបស់ទ្រង់ ឯសេចក្តីពិត គឺជាព្រះបន្ទូលរបស់ទ្រង់ ១៨ទូលបង្គំបានចាត់គេឲ្យទៅក្នុងលោកីយ ដូចជាទ្រង់ចាត់ទូលបង្គំ ឲ្យមកក្នុងលោកីយដែរ ១៩ឯទូលបង្គំ ក៏ញែកខ្លួនចេញជាបរិសុទ្ធដោយយល់ដល់គេ ដើម្បីឲ្យគេបានញែកចេញជាបរិសុទ្ធ ដោយសារសេចក្តីពិតដែរ។ ២០ទូលបង្គំមិនអធិស្ឋាន ឲ្យអ្នកទាំងនេះតែប៉ុណ្ណោះ គឺឲ្យដល់ទាំងអ្នកណា ដែលនឹងជឿដល់ទូលបង្គំ ដោយសារពាក្យរបស់គេថែមទៀតដែរ ២១ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង ប្រយោជន៍ឲ្យលោកីយបានជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកពិត ២២ឯសិរីល្អដែលទ្រង់ប្រទានមកទូលបង្គំ នោះទូលបង្គំបានឲ្យដល់គេហើយ ដើម្បីឲ្យគេបានរួមគ្នាតែមួយ ដូចជាយើងក៏រួមតែមួយដែរ ២៣គឺទូលបង្គំនៅក្នុងគេ ហើយទ្រង់គង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានគ្រប់លក្ខណ៍ឡើង ដរាបដល់រួមគ្នាតែមួយជាស្រេច ប្រយោជន៍ឲ្យលោកីយបានដឹងថា គឺទ្រង់ដែលចាត់ឲ្យទូលបង្គំមកមែន ហើយថា ទ្រង់ស្រឡាញ់គេ ដូចជាស្រឡាញ់ទូលបង្គំដែរ។ ២៤ឱព្រះវរបិតាអើយ ឯពួកអ្នកដែលទ្រង់ប្រទានមកទូលបង្គំ នោះទូលបង្គំចង់ឲ្យគេនៅជាមួយនឹងទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យបានឃើញសិរីល្អដែលទ្រង់បានប្រទានមកទូលបង្គំ ដ្បិតទ្រង់បានស្រឡាញ់ទូលបង្គំ តាំងតែពីមុនកំណើតលោកីយរៀងមក ២៥ឱព្រះវរបិតាដ៏សុចរិតអើយ លោកីយមិនស្គាល់ទ្រង់ទេ តែទូលបង្គំស្គាល់ទ្រង់ ហើយពួកអ្នកនេះក៏ដឹងថា ទ្រង់បានចាត់ឲ្យទូលបង្គំមកដែរ ២៦ទូលបង្គំបានឲ្យគេស្គាល់ព្រះនាមទ្រង់ ក៏នឹងសំដែងឲ្យគេស្គាល់តទៅទៀត ដើម្បីឲ្យសេចក្តីស្រឡាញ់ ដែលទ្រង់ស្រឡាញ់ដល់ទូលបង្គំ បាននៅក្នុងគេ ហើយឲ្យទូលបង្គំនៅក្នុងគេដែរ។ ១៨ ១កាលព្រះយេស៊ូវមានបន្ទូលសេចក្តីទាំងនោះរួចហើយ នោះទ្រង់យាងទៅខាងនាយជ្រោះកេដ្រុន បាននាំទាំងពួកសិស្សទៅផង ហើយទ្រង់ នឹងពួកសិស្សក៏ចូលទៅក្នុងច្បារ១ដែលនៅទីនោះ ២ឯយូដាស ដែលជាអ្នកបញ្ជូនទ្រង់ ក៏ស្គាល់កន្លែងនោះដែរ ពីព្រោះព្រះយេស៊ូវនឹងពួកសិស្ស តែងប្រជុំនៅទីនោះជាញឹកញយ ៣ដូច្នេះ កាលយូដាសបានទទួលពួកទាហាន នឹងពួកអាជ្ញាខ្លះ ពីពួកសង្គ្រាជ នឹងពួកផារិស៊ីហើយ នោះក៏នាំគ្នាទៅឯទីនោះ មានទាំងកាន់គោម ចន្លុះ នឹងគ្រឿងសាស្ត្រាវុធផង ៤ព្រះយេស៊ូវទ្រង់ជ្រាបការទាំងអស់ ដែលត្រូវមកដល់ទ្រង់ បានជាទ្រង់យាងចេញទៅសួរគេថា តើមករកអ្នកណា ៥គេទូលឆ្លើយថា រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ព្រះយេស៊ូវមានបន្ទូលទៅគេថា គឺខ្ញុំនេះហើយ ឯយូដាសដែលបញ្ជូនទ្រង់ ក៏ឈរនៅជាមួយនឹងគេដែរ ៦កាលទ្រង់មានបន្ទូលទៅគេថា គឺខ្ញុំនេះហើយ នោះគេក៏ថយក្រោយដួលផ្ងារទាំងអស់គ្នា ៧ដូច្នេះ ទ្រង់មានបន្ទូលសួរគេម្តងទៀតថា តើរកអ្នកណា គេទូលឆ្លើយថា រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ៨ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ខ្ញុំបានប្រាប់អ្នករាល់គ្នាថា គឺខ្ញុំនេះហើយ ដូច្នេះ បើអ្នករាល់គ្នារកខ្ញុំ នោះចូរបើកឲ្យអ្នកទាំងនេះទៅចុះ ៩នោះគឺដើម្បីឲ្យបានសំរេចពាក្យ ដែលទ្រង់មានបន្ទូលថា ក្នុងពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូម្បីម្នាក់ ក៏មិនបាត់ផង ១០រីឯស៊ីម៉ូន-ពេត្រុស គាត់មានដាវ ហើយក៏ហូតមក កាប់ដាច់ត្រចៀកស្តាំរបស់បាវសំដេចសង្ឃម្នាក់ បាវនោះឈ្មោះម៉ាលកុស ១១នោះព្រះយេស៊ូវមានបន្ទូលទៅពេត្រុសថា ចូរស៊កដាវទៅក្នុងស្រោមវិញទៅ តើមិនត្រូវឲ្យខ្ញុំទទួលពែង ដែលព្រះវរបិតាបានប្រទានមកខ្ញុំទេឬអី។ ១២នោះពួកទាហាន នឹងមេទ័ព ហើយពួកអាជ្ញារបស់សាសន៍យូដា ក៏ចាប់ព្រះយេស៊ូវចង ១៣រួចនាំទៅឯលោកអាណ ជាមុនដំបូង ដ្បិតលោកជាឪពុកក្មេករបស់កៃផា ដែលធ្វើជាសំដេចសង្ឃក្នុងឆ្នាំនោះ ១៤គឺលោកកៃផានេះឯង ដែលទូន្មានដល់ពួកសាសន៍យូដាថា មានប្រយោជន៍ឲ្យមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន ១៥ឯស៊ីម៉ូន-ពេត្រុស នឹងសិស្សម្នាក់ទៀត ក៏តាមព្រះយេស៊ូវទៅ សំដេចសង្ឃបានស្គាល់សិស្ស១នោះដែរ ហើយគាត់ក៏ចូលទៅក្នុងព្រះលានសំដេចសង្ឃ ជាមួយនឹងព្រះយេស៊ូវ ១៦ឯពេត្រុស គាត់ឈរនៅឯមាត់ទ្វារខាងក្រៅ ដូច្នេះ សិស្សម្នាក់ ដែលសំដេចសង្ឃស្គាល់នោះ គាត់ក៏ចេញទៅនិយាយនឹងអ្នកឆ្មាំទ្វារ រួចនាំពេត្រុសចូលមក ១៧នោះបាវស្រីដែលចាំទ្វារនិយាយទៅពេត្រុសថា អ្នកឯងជាសិស្សរបស់មនុស្សនោះដែរឬ គាត់ឆ្លើយថា ខ្ញុំមិនមែនទេ ១៨ពួកបាវ នឹងពួកអាជ្ញា ក៏ឈរនៅទីនោះដែរ គេបានដុតភ្លើងអាំង ព្រោះរងា ហើយពេត្រុសក៏ឈរអាំងនៅជាមួយនឹងគេ ១៩នោះសំដេចសង្ឃក៏ពិចារណាសួរព្រះយេស៊ូវ ពីដំណើរពួកសិស្ស នឹងសេចក្តីដែលទ្រង់បង្រៀន ២០ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅលោកថា ខ្ញុំបាននិយាយនឹងបណ្តាមនុស្ស នៅកណ្តាលជំនុំ ខ្ញុំតែងតែបង្រៀនក្នុងសាលាប្រជុំ ហើយក្នុងព្រះវិហារ ជាកន្លែងដែលពួកសាសន៍យូដាប្រជុំគ្នា ខ្ញុំមិនដែលនិយាយដោយសំងាត់ទេ ២១ហេតុអ្វីបានជាលោកសួរខ្ញុំ ចូរសួរដល់ពួកអ្នកដែលបានស្តាប់ខ្ញុំ ពីសេចក្តីដែលខ្ញុំនិយាយនោះវិញមើល គេដឹងសេចក្តីដែលខ្ញុំនិយាយដែរ ២២កាលទ្រង់មានបន្ទូលដូច្នេះហើយ នោះមានពួកអាជ្ញាម្នាក់ ដែលឈរនៅទីនោះ បានទះកំផ្លៀងព្រះយេស៊ូវ ដោយពាក្យថា ឯងឆ្លើយទៅសំដេចសង្ឃយ៉ាងដូច្នេះឬ ២៣ព្រះយេស៊ូវមានបន្ទូលទៅអ្នកនោះថា បើខ្ញុំបាននិយាយអាក្រក់ នោះចូរធ្វើបន្ទាល់ពីសេចក្តីអាក្រក់នោះចុះ តែបើខ្ញុំបាននិយាយល្អវិញ ហេតុអ្វីបានជាវាយខ្ញុំ ២៤នោះលោកអាណឲ្យគេនាំទ្រង់ទាំងជាប់ចំណង ទៅឯលោកកៃផា ជាសំដេចសង្ឃវិញ។ ២៥ឯស៊ីម៉ូន-ពេត្រុស គាត់កំពុងឈរអាំងភ្លើង ដូច្នេះ គេសួរគាត់ថា អ្នកឯងជាសិស្សរបស់អ្នកនោះដែរឬ តែគាត់ប្រកែកថា ខ្ញុំមិនមែនទេ ២៦មានពួកបាវសំដេចសង្ឃម្នាក់ គឺជាសាច់ញាតិនឹងអ្នកដែលពេត្រុស បានកាប់ដាច់ត្រចៀកនោះ ក៏និយាយថា តើអញមិនបានឃើញឯងនៅក្នុងច្បារជាមួយនឹងអ្នកនោះទេឬអី ២៧ពេត្រុសក៏ប្រកែកម្តងទៀត ស្រាប់តែមាន់រងាវឡើង។ ២៨គេនាំព្រះយេស៊ូវ ពីលោកកៃផា ទៅក្នុងសាលាជំនុំ ពេលនោះព្រលឹមស្រាងហើយ គេមិនបានចូលទៅក្នុងសាលាទេ ក្រែងគេត្រូវសៅហ្មង នឹងបរិភោគបុណ្យរំលងមិនបាន ២៩ដូច្នេះ លោកពីឡាត់ចេញទៅឯគេ សួរថា តើអ្នករាល់គ្នាចោតប្រកាន់មនុស្សនេះពីរឿងអ្វី ៣០គេឆ្លើយទៅលោកថា បើវាមិនមែនជាមនុស្សអាក្រក់ នោះយើងខ្ញុំមិនបានបញ្ជូនវាមកទេ ៣១ដូច្នេះ លោកពីឡាត់មានប្រសាសន៍ថា ចូរយកទៅជំនុំជំរះតាមច្បាប់របស់អ្នករាល់គ្នាចុះ តែពួកសាសន៍យូដាជំរាបលោកថា យើងខ្ញុំគ្មានច្បាប់នឹងសំឡាប់អ្នកណាទេ ៣២គេនិយាយដូច្នោះ ដើម្បីឲ្យបានសំរេចពាក្យ ដែលព្រះយេស៊ូវមានបន្ទូល នឹងបង្ហាញពីទ្រង់ត្រូវសុគតបែបយ៉ាងណា ៣៣នោះលោកពីឡាត់ក៏ចូលទៅក្នុងសាលាជំនុំវិញ រួចហៅព្រះយេស៊ូវមកដណ្តឹងសួរថា តើអ្នកជាស្តេចសាសន៍យូដាឬអី ៣៤ព្រះយេស៊ូវមានបន្ទូលឆ្លើយថា តើលោកមានប្រសាសន៍ដូច្នេះដោយខ្លួនលោក ឬមានអ្នកណាជំរាបលោកពីខ្ញុំ ៣៥លោកពីឡាត់ឆ្លើយថា តើខ្ញុំជាសាសន៍យូដាឬអី គឺសាសន៍របស់អ្នកឯង នឹងពួកសង្គ្រាជទេតើ ដែលបញ្ជូនអ្នកមកខ្ញុំចុះអ្នកបានធ្វើអ្វី ៣៦ព្រះយេស៊ូវមានបន្ទូលថា នគរខ្ញុំមិនមែនត្រូវខាងលោកីយនេះទេ បើសិនជានគរខ្ញុំត្រូវខាងលោកីយនេះ នោះពួកអ្នកបំរើខ្ញុំ គេនឹងបានតយុទ្ធហើយ ដើម្បីមិនឲ្យខ្ញុំត្រូវបញ្ជូនទៅសាសន៍យូដាឡើយ តែឥឡូវនេះ នគរខ្ញុំមិនមែនត្រូវខាងស្ថាននេះទេ ៣៧លោកពីឡាត់ក៏សួរទ្រង់ថា ដូច្នេះ អ្នកជាស្តេចមែនឬ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា លោកមានប្រសាសន៍ថា ខ្ញុំជាស្តេច នោះត្រូវហើយ ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយនេះ សំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្តីពិត អស់អ្នកណាដែលកើតពីសេចក្តីពិត នោះក៏ឮសំឡេងខ្ញុំ ៣៨លោកពីឡាត់ទូលសួរទ្រង់ថា តើយ៉ាងណាដែលហៅថាសេចក្តីពិតនោះ កាលបានទូលដូច្នោះរួចហើយ នោះលោកចេញទៅឯពួកសាសន៍យូដាម្តងទៀត ក៏មានប្រសាសន៍ថា ខ្ញុំមិនឃើញជាអ្នកនោះមានទោសខុសអ្វីសោះ ៣៩អ្នករាល់គ្នាមានទំលាប់ធ្លាប់ឲ្យខ្ញុំលែងម្នាក់ ដល់អ្នករាល់គ្នានៅវេលាបុណ្យរំលង ដូច្នេះ តើចង់ឲ្យខ្ញុំលែងស្តេចនៃសាសន៍យូដាឬអី ៤០គេក៏ស្រែកឡើងទាំងអស់គ្នាម្តងទៀតថា កុំលែងអ្នកនោះឡើយ សូមលែងបារ៉ាបាសវិញ រីឯបារ៉ាបាសវាជាចោរប្លន់។ ១៩ ១ខណនោះ លោកពីឡាត់នាំយកព្រះយេស៊ូវទៅវាយនឹងរំពាត់ ២ពួកទាហានក៏ក្រងភួងបន្លាបំពាក់លើព្រះសិរ ហើយយកអាវពណ៌ស្វាយមកបំពាក់ទ្រង់ ៣ទាំងទូលថា សូមថ្វាយបង្គំស្តេចសាសន៍យូដា រួចគេទះទ្រង់ ៤លោកពីឡាត់ក៏ចេញទៅ មានប្រសាសន៍នឹងគេម្តងទៀតថា មើល ខ្ញុំនាំអ្នកនេះចេញមកឯអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមិនឃើញជាគាត់មានទោសយ៉ាងណាសោះ ៥ដូច្នេះ ព្រះយេស៊ូវក៏យាងចេញទៅក្រៅ ទាំងពាក់ភួងបន្លា នឹងអាវពណ៌ស្វាយនោះ រួចលោកពីឡាត់មានប្រសាសន៍ទៅគេថា មើលចុះ មនុស្សនេះហើយ ៦កាលពួកសង្គ្រាជ នឹងពួកអាជ្ញាបានឃើញទ្រង់ នោះក៏ស្រែកឡើងថា ឆ្កាងវា ឆ្កាងវាទៅ លោកពីឡាត់មានប្រសាសន៍ទៅគេថា ត្រូវឲ្យអ្នករាល់គ្នាយកគាត់ទៅឆ្កាងវិញ ដ្បិតខ្ញុំមិនឃើញជាមានទោសអ្វីទេ ៧ពួកសាសន៍យូដាឆ្លើយថា យើងខ្ញុំមានក្រិត្យវិន័យ ហើយតាមក្រិត្យវិន័យនោះ វាត្រូវស្លាប់ ពីព្រោះវាបានតាំងខ្លួនឡើងជាព្រះរាជបុត្រានៃព្រះ។ ៨កាលលោកពីឡាត់បានឮពាក្យនោះ ក៏ភ័យរឹតតែខ្លាំងឡើង ៩លោកត្រឡប់ទៅក្នុងសាលាជំនុំ ទូលសួរព្រះយេស៊ូវថា តើអ្នកមកពីណា តែព្រះយេស៊ូវទ្រង់មិនឆ្លើយសោះ ១០ដូច្នេះ លោកពីឡាត់សួរទ្រង់ថា តើអ្នកមិនឆ្លើយទេឬអី អ្នកមិនដឹងទេឬថា ខ្ញុំមានអំណាចនឹងឆ្កាងអ្នក ឬលែងអ្នកក៏បាន ១១ព្រះយេស៊ូវមានបន្ទូលថា បើមិនបានប្រទានមកពីស្ថានលើ នោះលោកឥតមានអំណាចលើខ្ញុំសោះ ហេតុនោះបានជាអ្នកដែលបញ្ជូនខ្ញុំមកលោក អ្នកនោះមានបាបធ្ងន់ជាង ១២តាំងពីនោះមក លោកពីឡាត់រកទំនង នឹងលែងទ្រង់ដែរ តែពួកសាសន៍យូដាស្រែកកងឡើងថា បើលោកលែងអ្នកនេះទៅ នោះលោកមិនមែនជាទីស្រឡាញ់នឹងសេសារទេ ព្រោះអ្នកណាដែលតាំងខ្លួនធ្វើជាស្តេច នោះក្បត់នឹងសេសារហើយ ១៣កាលលោកពីឡាត់បានឮពាក្យនោះ ក៏នាំព្រះយេស៊ូវចេញទៅឯកន្លែងហៅថា ទីក្រាលថ្ម ដែលភាសាហេព្រើរហៅថា កាបាថា រួចលោកអង្គុយនៅទីជំនុំជំរះ ១៤(រីឯថ្ងៃនោះ ជាថ្ងៃរៀបចំបុណ្យរំលង ប្រហែលជាថ្ងៃត្រង់ហើយ) លោកក៏មានប្រសាសន៍ទៅពួកសាសន៍យូដាថា មើលនេះស្តេចនៃអ្នករាល់គ្នា ១៥តែគេស្រែកឡើងថា យកវាចេញ យកវាចេញ ឲ្យឆ្កាងវាទៅ លោកពីឡាត់សួរគេថា តើឲ្យខ្ញុំឆ្កាងស្តេចនៃអ្នករាល់គ្នាឬអី ពួកសង្គ្រាជឆ្លើយថា យើងខ្ញុំមានស្តេចតែសេសារទេ ១៦ដូច្នេះ លោកក៏បញ្ជូនទ្រង់ទៅឲ្យគេឆ្កាង ហើយគេនាំទ្រង់យកទៅ។ ១៧ព្រះយេស៊ូវ ទ្រង់យាងចេញទៅ ទាំងលីឈើឆ្កាងទៅដល់កន្លែងហៅថា ភ្នំរលាក្បាល ដែលភាសាហេព្រើរហៅថា គាល់កូថា ១៨គេក៏ឆ្កាងទ្រង់នៅទីនោះ ព្រមទាំង២នាក់ទៀតជាមួយនឹងទ្រង់ដែរ ម្នាក់ម្ខាងៗ ហើយព្រះយេស៊ូវនៅជាកណ្តាល ១៩លោកពីឡាត់ធ្វើប្រកាស១បិទនៅលើឈើឆ្កាង មានសេចក្តីថា «នេះឈ្មោះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ស្តេចនៃសាសន៍យូដា» ២០មានសាសន៍យូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូវនោះនៅជិតទីក្រុង ហើយប្រកាសនោះ គេបានសរសេរជាភាសាហេព្រើរ ក្រេក នឹងឡាតាំង ២១ដូច្នេះ ពួកសង្គ្រាជរបស់សាសន៍យូដា គេជំរាបដល់លោកពីឡាត់ថា សូមលោកកុំសរសេរថា នេះជាស្តេចនៃសាសន៍យូដាឡើយ សូមសរសេរតាមវានិយាយវិញថា ខ្ញុំជាស្តេចនៃសាសន៍យូដា ២២លោកពីឡាត់ឆ្លើយថា ឯសេចក្តីដែលខ្ញុំបានសរសេរ នោះបានសរសេរស្រេចទៅហើយ ២៣ឯពួកទាហាន កាលបានឆ្កាងព្រះយេស៊ូវរួចហើយ នោះគេយកព្រះពស្ត្រទ្រង់ចែកជា៤ចំណែក ឲ្យម្នាក់ៗបាន១ចំណែក ក៏យកអាវវែងទ្រង់ដែរ តែអាវនោះបានត្បាញពីលើជាសំពត់តែ១ គ្មានថ្នេរសោះ ២៤ដូច្នេះ គេនិយាយគ្នាថា កុំហែកអាវនេះឡើយ ចូរយើងចាប់ឆ្នោតវិញ ឲ្យបានដឹងជាអាវនេះនឹងទៅជារបស់រូបអ្នកណានោះ ដើម្បីឲ្យបានសំរេចបទគម្ពីរ ដែលថា «គេបានយកសំលៀកបំពាក់ទូលបង្គំចែកគ្នា ឯអាវវែងរបស់ទូលបង្គំ គេយកដោយចាប់ជាឆ្នោត» ពួកទាហានក៏ធ្វើដូច្នោះ។ ២៥ឯមាតាព្រះយេស៊ូវ ប្អូនស្រីមាតាទ្រង់ ម៉ារា ជាប្រពន្ធក្លូប៉ាស នឹងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា គេឈរនៅជិតឈើឆ្កាងទ្រង់ ២៦ព្រះយេស៊ូវក៏ឃើញមាតាទ្រង់ នឹងសិស្សម្នាក់ដែលទ្រង់ស្រឡាញ់ កំពុងឈរនៅទីនោះ រួចទ្រង់មានបន្ទូលទៅមាតាថា មាតាអើយ នុ៎នះ៍ កូនរបស់មាតា ២៧រួចទ្រង់មានបន្ទូលទៅសិស្សនោះថា នុ៎ះន៍ ម្តាយអ្នក តាំងពីនោះមក សិស្សនោះក៏នាំយកគាត់ទៅនៅផ្ទះខ្លួន ២៨ក្រោយនោះព្រះយេស៊ូវទ្រង់ជ្រាបថា ការទាំងអស់បានសំរេចហើយ តែដើម្បីឲ្យបានសំរេចតាមបទគម្ពីរ នោះទ្រង់មានបន្ទូលថា ខ្ញុំស្រេកទឹកណាស់ ២៩រីឯនៅទីនោះ មានក្រឡាដាក់ទឹកខ្មេះពេញ គេក៏យកសារាយរំហួតជ្រលក់ទឹកខ្មេះជោក រួចចងភ្ជាប់នឹងមែកហ៊ីសុប ហុចទៅដល់ព្រះឱស្ឋទ្រង់ ៣០កាលព្រះយេស៊ូវបានទទួលទឹកខ្មេះរួចហើយ ក៏មានបន្ទូលថា ការស្រេចហើយ នោះទ្រង់ឱនព្រះសិរប្រគល់វិញ្ញាណទ្រង់ទៅ។ ៣១ពួកសាសន៍យូដាក៏សូមលោកពីឡាត់ ឲ្យបានបំបាក់ជើងពួកជាប់ឆ្កាង ហើយយកចេញទៅ ដើម្បីកុំឲ្យខ្មោចនៅជាប់លើឈើឆ្កាង ក្នុងថ្ងៃឈប់សំរាក ពីព្រោះជាថ្ងៃរៀបចំហើយ ឯថ្ងៃឈប់សំរាកនោះ គឺជាថ្ងៃបុណ្យធំ ៣២ដូច្នេះ ពួកទាហានក៏មកបំបាក់ជើងអ្នក១ រួចអ្នក១ទៀត ដែលជាប់ឆ្កាងជាមួយនឹងទ្រង់ ៣៣តែកាលគេមកដល់ព្រះយេស៊ូវ ក៏ឃើញថា ទ្រង់សុគតផុតហើយបានជាគេមិនបំបាក់ព្រះបាទទ្រង់ទេ ៣៤ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចំហៀងទ្រង់ នោះក៏ចេញឈាម ហើយនឹងទឹកមក ៣៥អ្នកដែលឃើញបានធ្វើបន្ទាល់ ហើយសេចក្តីបន្ទាល់របស់អ្នកនោះក៏ពិតប្រាកដ អ្នកនោះដឹងថាខ្លួននិយាយត្រូវ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ ៣៦ដ្បិតការទាំងនោះបានកើតមក ដើម្បីឲ្យបទគម្ពីរបានសំរេច ដែលថា «គ្មានឆ្អឹងទ្រង់ណាមួយត្រូវបាក់សោះ» ៣៧ក៏មានបទមួយទៀតថា «គេនឹងមើលព្រះអង្គដែលគេបានចាក់»។ ៣៨ក្រោយនោះមក យ៉ូសែប ជាអ្នកស្រុកអើរីម៉ាថេ ដែលជាសិស្សរបស់ព្រះយេស៊ូវដោយសំងាត់ ព្រោះខ្លាចពួកយូដា លោកបានសូមដល់លោកពីឡាត់ ឲ្យមានច្បាប់នឹងយកព្រះសពព្រះយេស៊ូវចុះមក លោកពីឡាត់ក៏បើកឲ្យដូច្នេះ លោកមកយកព្រះសពព្រះយេស៊ូវទៅ ៣៩ហើយលោកនីកូដេម ដែលពីមុនបានទៅឯព្រះយេស៊ូវទាំងយប់ក៏មកដែរ លោកយកជ័រល្វីងទេស លាយនឹងក្រឹស្នា បានប្រហែលជា១រយនាលិមក ៤០លោកទាំង២នោះក៏យកព្រះសពព្រះយេស៊ូវមក រុំនឹងសំពត់ទេសឯក ជាមួយនឹងគ្រឿងក្រអូបទាំងនោះ តាមទំលាប់របស់សាសន៍យូដា ដែលគេធ្លាប់រៀបចំកប់ខ្មោច ៤១មានច្បារ១នៅត្រង់កន្លែងដែលគេឆ្កាងទ្រង់ ហើយក្នុងច្បារនោះ មានផ្នូរ១ថ្មី ដែលមិនទាន់ដាក់ខ្មោចណានៅឡើយ ៤២ដូច្នេះ លោកក៏បញ្ចុះព្រះសពព្រះយេស៊ូវនៅទីនោះ ពីព្រោះជាថ្ងៃរៀបចំបុណ្យរបស់សាសន៍យូដា ហើយផ្នូរនោះក៏នៅជិតស្រាប់។ ២០ ១នៅថ្ងៃទី១ក្នុងអាទិត្យនោះ ម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងទៅឯផ្នូរពីព្រលឹម កាលកំពុងនៅងងឹតនៅឡើយ ក៏ឃើញថ្មបានយកចេញពីមាត់ផ្នូរហើយ ២នោះនាងរត់ទៅប្រាប់ដល់ស៊ីម៉ូន-ពេត្រុស នឹងសិស្ស១នោះដែលទ្រង់ស្រឡាញ់ថា គេបានយកព្រះអម្ចាស់ចេញពីផ្នូរហើយ យើងខ្ញុំមិនដឹងជាគេយកទៅទុកឯណាទេ ៣នោះពេត្រុស នឹងសិស្ស១នោះ ក៏ចេញទៅឯផ្នូរ ៤អ្នកទាំង២រត់ទៅជាមួយគ្នា តែសិស្ស១នោះរត់លឿនជាងពេត្រុសបានដល់ផ្នូរមុន ៥រួចគាត់ឱនខ្លួនទៅមើល ឃើញមានតែសំពត់ស្នបនៅក្នុងនោះ តែគាត់មិនបានចូលទេ ៦ឯស៊ីម៉ូន-ពេត្រុស ដែលមកតាមក្រោយ គាត់ក៏ចូលទៅក្នុងផ្នូរ ឃើញសំពត់ស្នបនៅក្នុងនោះដែរ ៧ហើយឃើញកន្សែងដែលគ្របព្រះសិរទ្រង់ មិននៅជាមួយនឹងសំពត់ស្នបនោះទេ គឺបានបត់ដាក់នៅទីកន្លែងដោយខ្លួនវិញ ៨សិស្សមួយនោះដែលមកដល់ផ្នូរមុន គាត់ក៏ចូលទៅឃើញដូច្នោះដែរ រួចគាត់ជឿ ៩ដ្បិតគេមិនទាន់យល់បទគម្ពីរនៅឡើយដែលថា ទ្រង់ត្រូវរស់ពីស្លាប់ឡើងវិញ ១០សិស្សទាំង២ក៏ត្រឡប់ទៅឯផ្ទះគេវិញ។ ១១ឯម៉ារានាងឈរយំពីខាងក្រៅផ្នូរ ហើយកំពុងដែលនាងយំ នោះក៏ឱនខ្លួនមើលទៅក្នុងផ្នូរ ១២ឃើញទេវតា២រូប ស្លៀកពាក់ស អង្គុយ១ខាងក្បាល១ចុងជើង ត្រង់កន្លែងដែលបានផ្តេកព្រះសពព្រះយេស៊ូវ ១៣ទេវតានោះសួរថា នាងអើយ ហេតុអ្វីបានជាយំ នាងឆ្លើយថា ពីព្រោះគេបានយកព្រះអម្ចាស់ខ្ញុំទៅបាត់ ហើយខ្ញុំមិនដឹងជាគេទុកទ្រង់នៅឯណាទេ ១៤នាងនិយាយដូច្នោះ រួចបែរខ្លួនទៅក្រោយ ឃើញព្រះយេស៊ូវទ្រង់ឈរ តែមិនដឹងជាព្រះយេស៊ូវទេ ១៥ព្រះយេស៊ូវមានបន្ទូលថា នាងអើយហេតុអ្វីបានជាយំ នាងរកអ្នកណា ឯនាង ក៏ស្មានថាជាអ្នកថែច្បារ ទើបនិយាយទៅថា លោកនាយអើយ បើលោកបានយកព្រះសពចេញទៅឯណា នោះសូមប្រាប់ខ្ញុំ ឲ្យដឹងកន្លែងដែលបានទុកផង ខ្ញុំនឹងទៅនាំយកទៅ ១៦ព្រះយេស៊ូវមានបន្ទូលទៅនាងថា ម៉ារាអើយ នោះនាងបែរខ្លួនទៅទូលទ្រង់ ជាភាសាហេព្រើរថា រ៉ាបូនី ដែលស្រាយថា លោកគ្រូអើយ ១៧ព្រះយេស៊ូវមានបន្ទូលទៅនាងថា កុំពាល់ខ្ញុំ ព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតាខ្ញុំនៅឡើយ ចូរនាងទៅឯពួកបងប្អូនខ្ញុំប្រាប់គេថា ខ្ញុំឡើងទៅឯព្រះវរបិតាខ្ញុំ ជាព្រះវរបិតានៃអ្នករាល់គ្នា គឺជាព្រះនៃខ្ញុំហើយជាព្រះនៃអ្នករាល់គ្នាដែរ ១៨នោះម៉ារា-ម៉ាក់ដាឡាក៏នាំដំណឹងទៅប្រាប់ដល់ពួកសិស្សថា នាងបានឃើញព្រះអម្ចាស់ ហើយទ្រង់បានមានបន្ទូលសេចក្តីទាំងនេះមកនាង។ ១៩នៅថ្ងៃដំបូងក្នុងអាទិត្យនោះឯង លុះព្រលប់ហើយកាលទ្វារទាំងអស់ នៅកន្លែងដែលពួកសិស្សប្រជុំគ្នា បានបិទ ដោយព្រោះខ្លាចសាសន៍យូដា នោះព្រះយេស៊ូវទ្រង់យាងមកឈរនៅកណ្តាលពួកសិស្ស មានបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខចុះ ២០កាលទ្រង់មានបន្ទូលដូច្នោះហើយ នោះក៏បង្ហាញព្រះហស្ត នឹងចំហៀងទ្រង់ឲ្យគេមើល ដូច្នេះ ពួកសិស្សមានចិត្តត្រេកអរដោយបានឃើញព្រះអម្ចាស់ ២១រួចព្រះយេស៊ូវមានបន្ទូលទៅគេម្តងទៀតថា សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយសេចក្តីសុខសាន្ត ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាព្រះវរបិតាបានចាត់ឲ្យខ្ញុំមកដែរ ២២ទ្រង់មានបន្ទូលដូច្នោះ រួចក៏ផ្លុំលើគេទាំងមានបន្ទូលថា ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ ២៣បើអ្នករាល់គ្នានឹងអត់ទោសបាបដល់អ្នកណា នោះបាបគេនឹងបានអត់ទោសឲ្យ តែបើអ្នករាល់គ្នា នឹងប្រកាន់ទោសបាបចំពោះអ្នកណា នោះបាបគេនឹងត្រូវប្រកាន់ជាប់វិញ។ ២៤រីឯថូម៉ាស ជាម្នាក់ក្នុងពួក១២ ដែលគេហៅថាឌីឌីម គាត់មិននៅជាមួយ ក្នុងកាលដែលព្រះយេស៊ូវយាងមកនោះទេ ២៥ដូច្នេះ ពួកសិស្សឯទៀតប្រាប់គាត់ថា យើងបានឃើញព្រះអម្ចាស់ តែគាត់ឆ្លើយថា បើខ្ញុំមិនឃើញស្នាមដែកគោល នៅព្រះហស្តទ្រង់ ទាំងលូកម្រាមទៅក្នុងស្នាមដែកគោលនោះ ហើយលូកដៃខ្ញុំទៅក្នុងចំហៀងទ្រង់ នោះខ្ញុំមិនព្រមជឿទេ ២៦ដល់៨ថ្ងៃក្រោយមក ពួកសិស្សទ្រង់នៅក្នុងផ្ទះម្តងទៀត ហើយថូម៉ាសក៏នៅជាមួយដែរ នោះព្រះយេស៊ូវទ្រង់យាងមក ឈរកណ្តាលពួកគេ ទាំងទ្វារនៅបិទ ហើយមានបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត ២៧រួចទ្រង់មានបន្ទូលទៅថូម៉ាសថា ចូរលូកម្រាមដៃអ្នកមក ស្ទាបមើលដៃខ្ញុំឯណេះ ហើយលូកដៃមកក្នុងចំហៀងខ្ញុំផង កុំឲ្យមានចិត្តមិនជឿឡើយ ត្រូវឲ្យជឿចុះ ២៨នោះថូម៉ាសទូលឆ្លើយថា ឱព្រះអម្ចាស់ទូលបង្គំ ឱព្រះនៃទូលបង្គំអើយ ២៩ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ។ ៣០ព្រះយេស៊ូវក៏ធ្វើទីសំគាល់ជាច្រើនទៀត នៅមុខពួកសិស្សទ្រង់ ដែលមិនបានចែងទុកក្នុងសៀវភៅនេះទេ ៣១បានចែងទុកតែប៉ុណ្ណេះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះពិត ហើយឲ្យអ្នករាល់គ្នាបានជីវិតដោយសារព្រះនាមទ្រង់ ដោយមានសេចក្តីជំនឿ។ ២១ ១ក្រោយនោះមក ព្រះយេស៊ូវទ្រង់សំដែងអង្គទ្រង់ ឲ្យពួកសិស្សឃើញម្តងទៀត ត្រង់សមុទ្រទីបេរាស គឺទ្រង់សំដែងមកបែបយ៉ាងនេះ ២មានស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែលហៅថាឌីឌីម ណាថាណែល ដែលនៅភូមិកាណាស្រុកកាលីឡេ កូនសេបេដេទាំង២ នឹងពួកសិស្ស២នាក់ទៀតនៅជាមួយគ្នា ៣នោះស៊ីម៉ូន-ពេត្រុសនិយាយទៅគេថា ខ្ញុំទៅនេសាទត្រី គេក៏ឆ្លើយថា យើងទៅដែរ ស្រាប់តែគេនាំគ្នាចេញទៅចុះទូក តែយប់នោះគេចាប់មិនបានអ្វីសោះ ៤ដល់ព្រលឹមឡើង ព្រះយេស៊ូវទ្រង់ឈរនៅឆ្នេរសមុទ្រ តែពួកសិស្សមិនដឹងជាព្រះយេស៊ូវទេ ៥ទ្រង់មានបន្ទូលទៅគេថា កូនរាល់គ្នាអើយ តើមានអ្វីបរិភោគឬទេ គេទូលឆ្លើយថា គ្មានទេ ៦រួចទ្រង់មានបន្ទូលប្រាប់ថា ចូរទំលាក់អួនទៅខាងស្តាំទូក នោះទើបបាន ដូច្នេះ គេក៏ទំលាក់អួនទៅ តែទាញមកវិញមិនរួច ព្រោះជាប់ត្រីសន្ធឹកណាស់ ៧នោះសិស្ស១ដែលព្រះយេស៊ូវស្រឡាញ់ គាត់និយាយនឹងពេត្រុសថា នេះគឺជាព្រះអម្ចាស់ហើយ កាលស៊ីម៉ូន-ពេត្រុសបានឮថា ជាព្រះអម្ចាស់នោះគាត់ពាក់អាវក្រវាត់ខ្លួន ព្រោះគាត់នៅខ្លួនទទេ ក៏លោតចុះទៅក្នុងទឹក ៨ពួកសិស្សឯទៀតបានមកក្នុងទូកតូចទាំងដឹកអួនជាប់បានត្រី ដ្បិតគេមិនសូវនៅឆ្ងាយពីគោកទេ ប្រហែលជា២០០ហត្ថប៉ុណ្ណោះ ៩កាលបានឡើងទៅលើគោកវិញ នោះគេឃើញរងើកភ្លើង ហើយមានត្រីអាំងនៅពីលើនឹងនំប៉័ងដែរ ១០ព្រះយេស៊ូវមានបន្ទូលទៅគេថា ចូរយកត្រីខ្លះ ដែលទើបនឹងចាប់នោះមក ១១ស៊ីម៉ូន-ពេត្រុសក៏ឡើងមកទាំងទាញអួន ដាក់លើគោក បានពេញដោយត្រីធំៗ១៥៣ ហើយទោះបើមានត្រីច្រើនដល់ម៉្លេះ គង់តែអួនមិនបានធ្លាយដែរ ១២ព្រះយេស៊ូវទ្រង់ហៅគេមកថា ចូរមកពិសាសិន ប៉ុន្តែ គ្មានសិស្សណាមួយហ៊ានទូលសួរទ្រង់ថា តើអ្នកណានុ៎ះ ដោយគេដឹងថាជាព្រះអម្ចាស់ហើយ ១៣ព្រះយេស៊ូវក៏យាងមក យកនំប៉័ង នឹងត្រីប្រទានដល់គេ ១៤នោះជាគំរប់៣ដងហើយ ដែលព្រះយេស៊ូវសំដែងមក ឲ្យពួកសិស្សឃើញ ក្នុងពេលក្រោយដែលមាន ព្រះជន្មរស់ពីស្លាប់ឡើងវិញ។ ១៥កាលគេបានបរិភោគរួចហើយ នោះព្រះយេស៊ូវមានបន្ទូលនឹងស៊ីម៉ូន-ពេត្រុសថា ស៊ីម៉ូនកូនយ៉ូណាសអើយ តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថាទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ទ្រង់មានបន្ទូលថា ចូរឲ្យចំណីដល់កូនចៀមខ្ញុំស៊ីផង ១៦រួចទ្រង់មានបន្ទូលទៅគាត់ម្តងទៀតថា ស៊ីម៉ូនកូនយ៉ូណាសអើយ តើស្រឡាញ់ខ្ញុំឬអី គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ទ្រង់មានបន្ទូលទៅគាត់ថា ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំចុះ ១៧រួចទ្រង់មានបន្ទូលជាគំរប់៣ដងថា ស៊ីម៉ូនកូនយ៉ូណាសអើយ តើពេញចិត្តនឹងខ្ញុំមែនឬអី ពេត្រុសមានចិត្តព្រួយដោយទ្រង់មានបន្ទូលជាគំរប់៣ដងថា តើពេញចិត្តនឹងខ្ញុំឬអីដូច្នេះ បានជាគាត់ទូលឆ្លើយថា ព្រះអម្ចាស់អើយ ទ្រង់ជ្រាបគ្រប់ការទាំងអស់ គឺទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង ១៨ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា កាលអ្នកនៅពីក្មេងនៅឡើយ នោះបានក្រវាត់ខ្លួនឯង ទាំងដើរទៅមកតាមតែចិត្ត តែកាលណាចាស់ហើយ នោះអ្នកនឹងសន្ធឹងដៃទៅ ហើយម្នាក់ទៀ់តនឹងក្រវាត់ឲ្យអ្នកវិញ ទាំងនាំអ្នកទៅឯកន្លែង ដែលអ្នកមិនចង់ទៅផង ១៩ទ្រង់មានបន្ទូលដូច្នេះ ដើម្បីនឹងបង្ហាញពីបែបយ៉ាងណា ដែលគាត់ត្រូវស្លាប់ ប្រយោជន៍ដើម្បីនឹងលើកដំកើងព្រះ កាលទ្រង់មានបន្ទូលដូច្នោះរួចហើយ នោះក៏ប្រាប់គាត់ថា ចូរមកតាមខ្ញុំចុះ ២០ប៉ុន្តែ ពេត្រុសបែរខ្លួនទៅឃើញសិស្ស១នោះ ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់ កំពុងដើរមកតាមក្រោយ គឺជាអ្នកដែលផ្អែកលើព្រះឱរាទ្រង់ ក្នុងកាលដែលបរិភោគ នៅពេលយប់នោះ ហើយបានទូលសួរថា ព្រះអម្ចាស់អើយ តើអ្នកណានោះដែលបញ្ជូនទ្រង់ ២១កាលពេត្រុសបានឃើញគាត់ នោះក៏ទូលសួរដល់ទ្រង់ថា ព្រះអម្ចាស់អើយ តើអ្នកនោះនឹងបានដូចម្តេចទៅ ២២ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគាត់ថា បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នក ចូរឲ្យអ្នកមកតាមខ្ញុំចុះ ២៣ដូច្នេះ ពាក្យនោះក៏ឮខ្ចរខ្ចាយទួទៅ ក្នុងពួកបងប្អូនថាសិស្សនោះមិនត្រូវស្លាប់ទេ ប៉ុន្តែ ព្រះយេស៊ូវមិនបានមានបន្ទូលថា គាត់មិនស្លាប់នោះទេ គឺគ្រាន់តែថា បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នកវិញប៉ុណ្ណោះ។ ២៤គឺសិស្សនោះឯង ដែលធ្វើបន្ទាល់ពីសេចក្តីទាំងនេះ ព្រមទាំងចែងរឿងទាំងនេះទុកផង យើងរាល់គ្នាដឹងថា សេចក្តីបន្ទាល់របស់គាត់ នោះពិតហើយ ២៥មានការជាច្រើនទៀត ដែលព្រះយេស៊ូវបានធ្វើដែរ ខ្ញុំស្មានថាបើនឹងសរសេរទុក ដោយលំដាប់តមក នោះលោកីយទាំងមូលក៏មិនល្មមគ្រាន់ ដើម្បីនឹងដាក់អស់ទាំងសៀវភៅ ដែលត្រូវសរសេរនោះផង។ អាម៉ែន៕៚ |