Get the DaunPhen font >> HERE <<.


សំបុត្ររបស់

យ៉ាកុប

ភីលេម៉ូន


១ ១សំបុត្រយ៉ាកុប ជាបាវបំរើរបស់ព្រះ ហើយរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ខ្ញុំផ្ញើមកជំរាបសួរដល់ពូ់ជអំបូរទាំង១២ ដែលត្រូវខ្ចាត់ខ្ចាយ។

២បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ ៣ដោយដឹងថា ការល្បងលមើលសេចក្តីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួន ៤ចូរទុកឲ្យសេចក្តីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសំរេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ ៥តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ ៦តែត្រូវឲ្យអ្នកនោះសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវផាត់ដោយខ្យល់ ទាំងរំពើកចុះឡើង ៧កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ ៨ដ្បិតអ្នកនោះមានចិត្ត២ ចេះតែសាវ៉ាក្នុងគ្រប់ទាំងផ្លូវ។

៩ត្រូវឲ្យបងប្អូនណា ដែលមានសណ្ឋានទាបថោកបានត្រេកអរ ដោយបានដំកើងឡើង ១០ហើយអ្នកមានត្រូវអរសប្បាយ ដោយត្រូវបន្ទាបចុះវិញ ដ្បិតគេនឹងបាត់ទៅដូចជាផ្កាស្មៅ ១១ពីព្រោះថ្ងៃរះឡើង មានចំហាយក្តៅវេលាណា នោះធ្វើឲ្យស្មៅក្រៀមស្វិត ហើយផ្កាក៏រោយរុះ ឯលំអក៏វិនាសសូន្យទៅ ដូច្នេះ អ្នកមានក៏នឹងត្រូវស្រពោនទៅក្នុងផ្លូវខ្លួនយ៉ាងនោះដែរ ១២មានពរហើយមនុស្សណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ នោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់ទ្រង់សន្យានឹងប្រទានឲ្យដល់អស់អ្នកណាដែលស្រឡាញ់ទ្រង់។

១៣កាលណាមានសេចក្តីល្បួង នោះកុំឲ្យអ្នកណានិយាយថា ព្រះទ្រង់ល្បួងខ្លួនឡើយ ដ្បិតសេចក្តីអាក្រក់ពុំអាចនឹងល្បួងនាំព្រះហឫទ័យព្រះបានឡើយ ហើយព្រះក៏មិនដែលល្បួងអ្នកណាដែរ ១៤តែដែលគ្រប់គ្នាកើតមានសេចក្តីល្បួង នោះគឺដោយសារតែសេចក្តីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមទេ ១៥រួចកាលណាសេចក្តីប៉ងប្រាថ្នាជាប់មានជាផ្ទៃ នោះសំរាលចេញមកជាអំពើបាប ហើយកាលណាបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្តីស្លាប់។

១៦បងប្អូនស្ងួនភ្ងារបស់ខ្ញុំអើយ កុំឲ្យត្រូវបំភាន់ឡើយ ១៧គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក នឹងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលទ្រង់មិនចេះប្រែប្រួល សូម្បីតែស្រមោលនៃសេចក្តីផ្លាស់ប្រែក៏គ្មានដែរ ១៨ទ្រង់បានបង្កើតយើងរាល់គ្នាមកតាមព្រះហឫទ័យទ្រង់ ដោយសារព្រះបន្ទូលដ៏ពិត ប្រយោជន៍ឲ្យយើងបានបែបដូចជាផលដំបូង ក្នុងរបស់ទាំងប៉ុន្មានដែលទ្រង់បង្កើតមក។

១៩ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ ២០ដ្បិតសេចក្តីកំហឹងរបស់មនុស្សមិនដែលសំរេចតាមសេចក្តីសុចរិតរបស់ព្រះទេ ២១បានជាចូរទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តអ្នករាល់គ្នា ដោយចិត្តសុភាពចុះ ទាំងលះចោលអស់ទាំងសេចក្តីស្មោកគ្រោកចេញ នឹងសេចក្តីគំរក់ដ៏មានច្រើនម៉្លេះចេញផង ដ្បិតព្រះបន្ទូលនោះអាចនឹងជួយសង្គ្រោះព្រលឹងអ្នករាល់គ្នាបាន ២២ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ ២៣ដ្បិតបើអ្នកណាស្តាប់ព្រះបន្ទូលហើយ តែមិនប្រព្រឹត្តតាម អ្នកនោះធៀបដូចជាមនុស្សដែលឆ្លុះមុខក្នុងកញ្ចក់ ២៤អ្នកនោះគ្រាន់តែមើលខ្លួន រួចចេញទៅបាត់ទៅ ហើយក៏ភ្លេចពីបែបភាពខ្លួនជាយ៉ាងណាភ្លាម ២៥តែអ្នកណាដែលពិនិត្យមើលក្នុងក្រិត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រិត្យវិន័យខាងឯសេរីភាព ហើយក៏ជាប់ចិត្តចំពោះ ឥតមានភ្លេចសេចក្តីដែលស្តាប់នោះឡើយ គឺបានប្រព្រឹត្តតាមវិញ អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងការដែលខ្លួនធ្វើទាំងប៉ុន្មាន។

២៦បើអ្នកណាស្មានថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្តាតសោះ អ្នកនោះឈ្មោះថាបញ្ឆោតចិត្តខ្លួនហើយ ឯសាសនារបស់អ្នកនោះជាឥតប្រយោជន៍ទទេ ២៧ឯសាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតា នោះគឺឲ្យទៅសួរពួកកំព្រា នឹងពួកមេម៉ាយ ក្នុងកាលដែលគេមានសេចក្តីវេទនា ហើយឲ្យរក្សាខ្លួន មិនឲ្យប្រឡាក់ដោយលោកីយនេះឡើយ។



២ ១បងប្អូនអើយ កុំឲ្យមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ដ៏ឧត្តមនៃយើង ដោយរើសមុខអ្នកណាឡើយ ២ដ្បិតបើសិនជាមានអ្នកណាចូលមកក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ជៀនមាស នឹងសំលៀកបំពាក់ដ៏មានដំឡៃ ហើយមានអ្នកក្រម្នាក់ស្លៀកពាក់កក្វក់ចូលមកដែរ ៣រួចអ្នករាល់គ្នាមើលទៅអ្នកដែលស្លៀកពាក់មានដំឡៃនោះ ក៏អញ្ជើញគេថា សូមអង្គុយនៅទីល្អនេះ រួចប្រាប់ទៅអ្នកក្រថា ចូរឈរនៅទីនុះចុះ ឬអង្គុយនៅទៀបកំណល់ជើងខ្ញុំនេះដូច្នេះ ៤នោះតើមិនមែនឈ្មោះថា បានយោគយល់នៅក្នុងពួកអ្នករាល់គ្នា ហើយបានត្រឡប់ជាអ្នករើសមុខ ដែលមានគំនិតអាក្រក់ទេឬអី ៥ចូរស្តាប់ចុះ បងប្អូនស្ងួនភ្ងាអើយ តើព្រះមិនបានរើសពួកអ្នកក្រនៅលោកីយនេះ ដែលជាអ្នកមានខាងសេចក្តីជំនឿ ហើយជាអ្នកគ្រងមរដកក្នុងនគរ ដែលទ្រង់បានសន្យាទុក ឲ្យពួកអ្នកដែលស្រឡាញ់ទ្រង់ទេឬអី ៦តែអ្នករាល់គ្នាបន្តុះបង្អាប់អ្នកក្រនោះវិញ តើពួកអ្នកមានមិនសង្កត់សង្កិន ហើយអូសអ្នករាល់គ្នាទៅនៅមុខទីជំនុំជំរះទេឬអី ៧តើគេមិនប្រមាថដល់ព្រះនាមល្អ ដែលបានឲ្យដល់អ្នករាល់គ្នាទេឬអី ៨បើអ្នករាល់គ្នាកាន់តាមក្រិត្យវិន័យដ៏ប្រសើរ ដូចមានបទគម្ពីរថា «ចូរឲ្យឯងស្រឡាញ់អ្នកជិតខាងដូចជាខ្លួនឯង» នោះឈ្មោះថាប្រព្រឹត្តល្អហើយ ៩តែបើអ្នករាល់គ្នារើសមុខគេ នោះមានបាបវិញ ហើយក្រិត្យវិន័យក៏កាត់ទោសអ្នក ទុកដូចជាបានប្រព្រឹត្តរំលងដែរ ១០ដ្បិតអ្នកណាដែលកាន់ក្រិត្យវិន័យទាំងមូល តែភ្លាត់ជំពប់នឹងបទណាមួយ នោះក៏ត្រឡប់ជាមានទោសចំពោះក្រិត្យវិន័យទាំងមូលនោះហើយ ១១ពីព្រោះព្រះដែលមានបន្ទូលថា «កុំឲ្យផិតគ្នាឲ្យសោះ» ទ្រង់ក៏មានបន្ទូលថា «កុំឲ្យសំឡាប់មនុស្ស» ដែរដូច្នេះ បើអ្នកមិនបានប្រព្រឹត្តសេចក្តីកំផិតទេ តែបានសំឡាប់វិញ នោះឈ្មោះថាអ្នកបានប្រព្រឹត្តអំពើរំលងក្រិត្យវិន័យហើយ ១២ចូរឲ្យអ្នករាល់គ្នានិយាយ ព្រមទាំងប្រព្រឹត្តបែបដូចជាក្រិត្យវិន័យនៃសេចក្តីសេរីភាព រៀបនឹងជំនុំជំរះអ្នកហើយចុះ ១៣ដ្បិតអ្នកណាដែលប្រព្រឹត្តដោយឥតមេត្តា នោះនឹងត្រូវទោសឥតគេមេត្តាដែរ រីឯសេចក្តីមេត្តា នោះរមែងឈ្នះសេចក្តីជំនុំជំរះវិញ។

១៤បងប្អូនអើយ បើអ្នកណាថាខ្លួនមានសេចក្តីជំនឿតែមិនប្រព្រឹត្តតាម នោះតើមានប្រយោជន៍អ្វី តើសេចក្តីជំនឿអាចនឹងជួយសង្គ្រោះអ្នកនោះបានដែរឬ ១៥ចុះបើមានបងប្អូនប្រុសស្រីណានៅអាក្រាត ព្រមទាំងខ្វះអាហារបរិភោគរាល់តែថ្ងៃ ១៦ហើយអ្នករាល់គ្នាណាមួយនិយាយទៅអ្នកនោះថា អញ្ជើញទៅឲ្យសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឆ្អែតចុះ តែគ្មានឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបសាច់នោះសោះ នោះតើមានប្រយោជន៍អ្វី ១៧ឯសេចក្តីជំនឿក៏បែបដូច្នោះដែរ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់នៅតែឯង ១៨តែអ្នកខ្លះនឹងនិយាយថា អ្នកមានសេចក្តីជំនឿ ហើយខ្ញុំមានការប្រព្រឹត្ត ដូច្នេះ ចូរអ្នកបង្ហាញសេចក្តីជំនឿរបស់អ្នក ក្រៅពីការដែលអ្នកប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញសេចក្តីជំនឿខ្ញុំ ដោយសារការដែលខ្ញុំប្រព្រឹត្តដែរ ១៩អ្នកជឿថា មានព្រះតែ១ នោះត្រូវហើយ ទោះទាំងពួកអារក្សក៏ជឿដូច្នោះ ព្រមទាំងព្រឺខ្លាចដែរ ២០ឱមនុស្សកំឡៅអើយ អ្នកចង់ដឹងពិតឬទេថា សេចក្តីជំនឿដែលឥតមានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ ២១ចុះលោកអ័ប្រាហាំ ជាឰយុកោយើងតើមិនបានរាប់ជាសុចរិត ដោយការលោកប្រព្រឹត្ត ក្នុងកាលដែលលោកបានថ្វាយអ៊ីសាក ជាកូនលោក នៅលើអាសនាទេឬអី ២២ដូច្នេះ អ្នកឃើញថា សេចក្តីជំនឿបានរួមជាមួយនឹងការដែលលោកប្រព្រឹត្ត ហើយសេចក្តីជំនឿបានគ្រប់លក្ខណ៍ ដោយសារការនោះឯង ២៣នោះទើបបានសំរេចបទគម្ពីរ ដែលថា «អ័ប្រាហាំបានជឿដល់ព្រះហើយសេចក្តីនោះ បានរាប់ជាសេចក្តីសុចរិតដល់លោក» ព្រះក៏ហៅលោកជាសំឡាញ់របស់ទ្រង់ដែរ ២៤ដូច្នេះ អ្នករាល់គ្នាឃើញថា មនុស្សបានរាប់ជាសុចរិត មិនមែនដោយសារតែសេចក្តីជំនឿប៉ុណ្ណោះទេ គឺដោយសារការប្រព្រឹត្តដែរ ២៥ឯនាងរ៉ាហាប ជាស្រីសំផឹង ក៏ដូច្នោះដែរ តើនាងមិនបានរាប់ជាសុចរិត ដោយសារការនាងប្រព្រឹត្តទេឬអី គឺក្នុងកាលដែលនាងទទួលពួកអ្នក ដែលគេចាត់មកនោះ ហើយនាងបានឲ្យគេចេញទៅវិញតាមផ្លូវ១ទៀត ២៦ពីព្រោះសេចក្តីជំនឿ បើគ្មានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ ប្រៀបដូចជារូបកាយ បើឥតមានព្រលឹងវិញ្ញាណទេ នោះក៏ស្លាប់ហើយដែរ។



៣ ១បងប្អូនអើយ កុំឲ្យធ្វើជាគ្រូច្រើនគ្នាពេកឡើយ ពីព្រោះដឹងហើយថា យើងនឹងត្រូវទោសធ្ងន់ជាងគេ ២ដ្បិតយើងទាំងអស់គ្នាក៏ជំពប់ជាញយៗដែរ បើអ្នកណាមិនបានជំពប់ដោយពាក្យសំដី នោះជាមនុស្សគ្រប់លក្ខណ៍ហើយ ដែលអាចនឹងទប់រូបកាយទាំងមូលបានដែរ ៣មើលយើងដាក់ដែកបង្ខាំចុះក្នុងមាត់សេះ ឲ្យវាស្តាប់បង្គាប់តាមហើយយើងញាក់រូបកាយវាទាំងមូលទៅបាន ៤សូមគិតមើលពីសំពៅដែរ វាធំដល់ម៉្លេះ ហើយមានខ្យល់គំហុកបក់ផាត់ទៅផង តែតៃកុងបើកទៅមកបានតាមចិត្ត ក៏ដោយសារតែចង្កូតយ៉ាងតូចប៉ុណ្ណោះ ៥ឯអណ្តាតក៏ជាអវយវៈ១យ៉ាងតូចដូច្នោះដែរ ប៉ុន្តែ ចេះអួតអាងយ៉ាងសំបើមណាស់មើលចុះ ភ្លើងតែបន្តិចទេ អាចនឹងឆេះព្រៃធំៗទៅបាន ៦ហើយអណ្តាតក៏ជាភ្លើងដែរ គឺជាលោកីយដ៏ពេញដោយសេចក្តីទុច្ចរិត ជាគ្រឿងរាប់បញ្ចូលជា១នឹងអវយវៈឯទៀតរបស់យើង ជារបស់ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆោះទាំងផ្លូវជីវិតផង ហើយភ្លើងឆេះនោះមកពីស្ថាននរកដែរ ៧រីឯគ្រប់ទាំងពូជសត្វព្រៃ សត្វស្លាប សត្វលូនវារ នឹងសត្វនៅក្នុងសមុទ្រ នោះគេអាចនឹងផ្សាំងបាន ក៏មានមនុស្សបានផ្សាំងហើយដែរ ៨តែឯអណ្តាតវិញ នោះគ្មានអ្នកណាអាចនឹងផ្សាំងបានឡើយ គឺជារបស់អាក្រក់ដែលទប់មិនបាន ក៏មានពេញដោយពិសដែលនាំឲ្យស្លាប់ ៩ដោយសារអណ្តាត នោះយើងសរសើរដំកើងដល់ព្រះអម្ចាស់ដ៏ជាព្រះវរបិតាផង ហើយដាក់បណ្តាសាដល់មនុស្ស ដែលកើតមកតាមរូបអង្គព្រះផង ១០មានទាំងពាក្យសរសើរ នឹងពាក្យប្រទេចផ្តាសា ចេញមកពីមាត់តែ១នោះឯង បងប្អូនអើយ មិនគួរគប្បីឲ្យមានដូច្នោះឡើយ ១១តើរន្ធទឹកតែ១នឹងអាចចេញជាទឹកសាប ហើយភ្លាវផងបានឬទេ ១២បងប្អូនអើយ តើដើមល្វាអាចនឹងបង្កើតផ្លែជាអូលីវ ឬដើមទំពាំងបាយជូរបង្កើតផ្លែជាល្វាបានឬទេ ដូច្នេះ គ្មានរន្ធទឹកណាចេញទឹក ជាប្រៃផងសាបផងបានឡើយ។

១៣ក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាមានប្រាជ្ញានឹងយោបល់ ត្រូវឲ្យអ្នកនោះសំដែងចេញជាកិរិយាល្អ ដោយសារការដែលខ្លួនប្រព្រឹត្ត ដោយសេចក្តីសុភាពនៃប្រាជ្ញាចុះ ១៤បើមានសេចក្តីច្រណែនដ៏ជូរល្វីង នឹងសេចក្តីគំនុំក្នុងចិត្ត នោះកុំឲ្យអួតខ្លួន ឬកុហកទទឹងនឹងសេចក្តីពិតឡើយ ១៥ប្រាជ្ញាយ៉ាងនោះមិនមែនមកពីស្ថានលើទេ គឺជារបស់ផងលោកីយនេះ ហើយក៏ខាងសាច់ឈាម នឹងខាងអារក្សវិញទេតើ ១៦ដ្បិតកន្លែងណាដែលមានសេចក្តីច្រណែន នឹងសេចក្តីគំនុំ នោះក៏មានវឹកវរ នឹងសេចក្តីអាក្រក់គ្រប់យ៉ាងដែរ ១៧តែប្រាជ្ញាដែលមកពីស្ថានលើនោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្តីសំឡូត ចិត្តទន់ ក៏ពេញដោយសេចក្តីមេត្តាករុណា នឹងផលល្អ ឥតរើសមុខ ហើយឥតពុតមាយាផង ១៨រីឯផលនៃសេចក្តីសុចរិត នោះបានព្រោះចុះដោយសេចក្តីមេត្រី សំរាប់ពួកអ្នកដែលរកសេចក្តីមេត្រីនោះឯង។



៤ ១ឯសេចក្តីទាស់ទែង នឹងសេចក្តីឈ្លោះប្រកែក ក្នុងពួកអ្នករាល់គ្នា នោះមកពីណា តើមិនមែនមកពីសេចក្តីសំរើប ដែលច្បាំងក្នុងអវយវៈរបស់អ្នករាល់គ្នាទេឬអី ២អ្នករាល់គ្នាសង្វាតចង់បាន តែមិនបានទេ អ្នករាល់គ្នាសំឡាប់គេ ហើយមានចិត្តច្រណែនតែពុំអាចនឹងបានឡើយ ក៏ឈ្លោះប្រកែក ហើយតយុទ្ធគ្នា តែមិនបានអ្វីសោះ ពីព្រោះមិនសូម ៣អ្នករាល់គ្នាក៏សូមដែរ តែមិនបានទេ ដ្បិតសេចក្តីសំណូមនោះបែបអាក្រក់ សំរាប់នឹងចាយបំពេញសេចក្តីសំរើបរបស់អ្នករាល់គ្នាវិញ ៤ឱពួកកំផិតទាំងប្រុសទាំងស្រីអើយ តើមិនដឹងទេឬអីថា ដែលស្រឡាញ់ដល់លោកីយ នោះគឺជាស្អប់ដល់ព្រះហើយ ដូច្នេះ អ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្តសំឡាញ់នឹងលោកីយ នោះឈ្មោះថា បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ ៥ឬតើអ្នករាល់គ្នាស្មានថា គម្ពីរសំដែងចេញជាឥតប្រយោជន៍ឬអី រីឯព្រះវិញ្ញាណដែលបានសណ្ឋិតនៅក្នុងយើង ទ្រង់រំឭកដល់យើង ដោយមានព្រះហឫទ័យប្រចណ្ឌ ៦តែទ្រង់ផ្តល់ព្រះគុណមកកាន់តែខ្លាំងឡើង ហេតុនោះបានជាទ្រង់មានបន្ទូលថា «ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ តែទ្រង់ផ្តល់ព្រះគុណមកពួករាបសាវិញ» ៧ដូច្នេះ ត្រូវចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ ៨ត្រូវចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នា ដែរឱពួកមានបាបអើយ ចូរលាងដៃឲ្យស្អាតចុះ ឱពួកអ្នកមានចិត្ត២អើយ ចូរសំអាតចិត្តឡើង ៩ចូរឲ្យមានសេចក្តីទុក្ខ ហើយយំសោក ទាំងស្រក់ទឹកភ្នែកចុះ សូមឲ្យសំណើចរបស់អ្នករាល់គ្នាត្រឡប់ជាដំងូរ ហើយឲ្យសេចក្តីអំណរទៅជាសេចក្តីព្រួយវិញ ១០ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះទ្រង់នឹងដំកើងអ្នករាល់គ្នាឡើង។

១១បងប្អូនអើយ កុំឲ្យនិន្ទាគ្នាឡើយ អ្នកណាដែលនិន្ទា ហើយថ្កោលទោសបងប្អូនខ្លួន នោះក៏និន្ទា ហើយថ្កោលទោសចំពោះក្រិត្យវិន័យដែរ បើអ្នកថ្កោលទោសក្រិត្យវិន័យ នោះអ្នកមិនមែនកាន់តាមក្រិត្យវិន័យទេ គឺឈ្មោះថាជាអ្នកថ្កោលទោសវិញ ១២ឯអ្នកដែលតែងក្រិត្យវិន័យ ហើយជំនុំជំរះផង នោះមានតែ១ទេ គឺជាព្រះ ដែលទ្រង់អាចនឹងជួយសង្គ្រោះ ឬបំផ្លាញក៏បាន ចុះតើអ្នកជាអ្វីដែលថ្កោលទោសអ្នកដទៃនោះ។ ១៣ឥឡូវនេះ ឯពួកអ្នកដែលថា ថ្ងៃនេះ ឬថ្ងៃស្អែក យើងនឹងទៅឯក្រុងណាមួយ ហើយនឹងនៅស្រុកនោះអស់១ឆ្នាំ ដើម្បីនឹងរកស៊ីឲ្យបានចំណេញ ១៤អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ ១៥គួរតែបាននិយាយដូច្នេះវិញថាបើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យនោះយើងនឹងធ្វើការនេះ ឬការនោះ ១៦តែឥឡូវនេះ អ្នករាល់គ្នាមានសេចក្តីអំនួត អំពីពាក្យអួតអាងរបស់ខ្លួនដូច្នោះ ហើយគ្រប់ទាំងសេចក្តីអំនួតយ៉ាងនោះ សុទ្ធតែអាក្រក់ទាំងអស់ ១៧ដូច្នេះ ឯអ្នកណាដែលចេះធ្វើល្អ តែមិនធ្វើសោះនោះរាប់ជាបាបដល់អ្នកនោះវិញ។



៥ ១ឥឡូវនេះ ពួកអ្នកមានអើយ ចូរយំសោកចុះ ព្រមទាំងស្រែកទ្រហោផង ដោយព្រោះសេចក្តីវេទនា ដែលត្រូវមកលើអ្នករាល់គ្នា ២ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានពុករលួយ ហើយសំលៀកបំពាក់អ្នករាល់គ្នា ត្រូវកន្លាតកាត់អស់ហើយ ៣មាសប្រាក់របស់អ្នករាល់គ្នាបានដុះស្នឹមឯស្នឹមនោះ នឹងបានទុកសំរាប់ជាទីបន្ទាល់ ទាស់នឹងអ្នករាល់គ្នា ហើយនឹងស៊ីសាច់អ្នករាល់គ្នាដូចជាភ្លើង ដ្បិតអ្នករាល់គ្នាបានខំប្រមូលបង្គរទ្រព្យសម្បត្តិឡើង នៅជាន់ក្រោយបង្អស់នេះ ៤មើលប្រាក់ឈ្នួល ដែលអ្នករាល់គ្នា បានបង្ខានចំពោះពួកជើងឈ្នួល ជាអ្នកច្រូតនៅស្រែរបស់អ្នករាល់គ្នា នោះក៏ស្រែកឡើង ហើយសំរែកនៃពួកអ្នកដែលច្រូតនោះ បានឮទៅដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពួកពលបរិវារដែរ ៥អ្នករាល់គ្នាបាននៅលើផែនដី បែបប្រសើររុងរឿង តាមតែចិត្តសំរើបស្រើប ទាំងចំអែតចិត្តដូចជានៅថ្ងៃសំឡាប់សត្វ ៦អ្នករាល់គ្នាបានកាត់ទោសក៏បានសំឡាប់មនុស្សសុចរិត តែគេមិនបានតយុទ្ធនឹងអ្នករាល់គ្នាវិញសោះ។

៧បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ ដរាបដល់ព្រះអម្ចាស់ទ្រង់យាងមក មើល អ្នកធ្វើស្រែ គេរង់ចាំផលវិសេស ដែលកើតពីដីមក ដោយសេចក្តីអត់ធ្មត់ ទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ នឹងចុងរដូវផង ៨ចូរឲ្យអ្នករាល់គ្នាអត់ធ្មត់ដូច្នោះដែរ ទាំងតាំងចិត្តឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ ៩បងប្អូនអើយ កុំឲ្យរទូរទាំទាស់នឹងគ្នាទៅវិញទៅមកឡើយ ក្រែងមានទោស មើលចៅក្រម លោកឈរនៅមាត់ទ្វារហើយ ១០បងប្អូនអើយ ចូរយកពួកហោរា ដែលបានទាយដោយនូវព្រះនាមព្រះអម្ចាស់ ទុកជាគំរូពីសេចក្តីទុក្ខលំបាក នឹងពីសេចក្តីអត់ធ្មត់ចុះ ១១មើល យើងហៅពួកអ្នកដែលទ្រាំទ្រ ថាជាអ្នកមានពរ ចុះអ្នករាល់គ្នាបានឮនិយាយ ពីសេចក្តីអត់ធន់របស់លោកយ៉ូបទៅហើយ ក៏បានឃើញថាដល់ចុងបំផុត នោះព្រះអម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តាករុណា នឹងសេចក្តីអាណិតអាសូរពោរពេញដែរ ១២តែបងប្អូនអើយ កុំឲ្យស្បថជាដើម ទោះបើនឹងស្ថានសួគ៌ ឬនឹងផែនដីក្តី ក៏កុំឲ្យស្បថយ៉ាងណាឲ្យសោះ តែឲ្យពាក្យ «បាទ» របស់អ្នករាល់គ្នា បាននៅតែ «បាទ» ហើយពាក្យ «ទេ» នៅតែ «ទេ» ដដែល ក្រែងអ្នករាល់គ្នាធ្លាក់ទៅជាមានទោស។

១៣តើមានពួកអ្នករាល់គ្នាណា កើតទុក្ខលំបាកឬទេត្រូវឲ្យអ្នកនោះអធិស្ឋាន តើមានអ្នកណាអរសប្បាយឬទេត្រូវឲ្យគេច្រៀងសរសើរដល់ព្រះចុះ ១៤តើមានពួកអ្នករាល់គ្នាណាឈឺឬទេ ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំក្នុងពួកជំនុំមកអធិស្ឋានឲ្យចុះ ព្រមទាំងលាបប្រេងឲ្យ ដោយនូវព្រះនាមព្រះអម្ចាស់ផង ១៥នោះពាក្យអធិស្ឋាននៃសេចក្តីជំនឿ នឹងជួយសង្គ្រោះដល់មនុស្សហេវនោះ ហើយព្រះអម្ចាស់ទ្រង់នឹងប្រោសឲ្យគាត់បានជាឡើង បើគាត់បានធ្វើបាបអ្វីនោះនឹងបានអត់ទោសឲ្យផង ១៦ដូច្នេះ ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ ដ្បិតសេចក្តីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់ ១៧ឯហោរាអេលីយ៉ាលោកមានចិត្តដូចជាយើងដែរ តែលោកបានអធិស្ឋានសូមកុំឲ្យមានភ្លៀង នោះនៅផែនដីក៏រាំងអស់រវាង៣ឆ្នាំ៦ខែ ១៨រួចលោកបានអធិស្ឋានម្តងទៀត នោះមេឃក៏បង្អុរភ្លៀងធ្លាក់មក ហើយដីបានបង្កើតផលផ្លែឡើង។

១៩បងប្អូនអើយ បើមានអ្នកណាក្នុងពួកអ្នករាល់គ្នាគេវង្វេងចេញពីសេចក្តីពិត ហើយមានអ្នកណានាំអ្នកនោះឲ្យត្រឡប់មកវិញ ២០នោះត្រូវដឹងថា អ្នកណាដែលនាំមនុស្សបាប ឲ្យត្រឡប់ពីផ្លូវវង្វេងមកវិញ នោះឈ្មោះថាបានជួយសង្គ្រោះព្រលឹង១ ឲ្យរួចពីសេចក្តីស្លាប់ ហើយក៏គ្របបាំងអំពើបាបជាអនេកអនន្តផង។៚



AMAZING GRACE BIBLE INSITIUTE