សំបុត្រផ្ញើទៅពួកសាសន៍ហេព្រើរ១ ១ឯព្រះ ដែលពីដើម ទ្រង់មានបន្ទូលនឹងពួកឰយុកោដោយពួកហោរា ជាច្រើនដងច្រើនបែប ២នៅជាន់ក្រោយបង្អស់នេះ ទ្រង់បានមានបន្ទូលនឹងយើងរាល់គ្នា ដោយសារព្រះរាជបុត្រាវិញ ដែលទ្រង់បានដំរូវឲ្យបានគ្រងរបស់ទាំងអស់ ទុកជាមរដក ព្រមទាំងបង្កើតលោកីយ ដោយសារព្រះរាជបុត្រានោះដែរ ៣គឺទ្រង់ជារស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់ ទាំងទ្រទ្រង់គ្រប់របស់ទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តានៃទ្រង់ ហើយក្រោយដែលបានសំអាតអំពើបាប របស់យើងរាល់គ្នាទាំងប៉ុន្មាន នោះក៏គង់នៅខាងស្តាំនៃឫទ្ធានុភាពនៅលើស្ថានដ៏ខ្ពស់ ៤ហើយដែលទ្រង់បានទទួលនាម១ទុកជាមរដក ជានាមដែលប្រសើរជាងនាមរបស់ពួកទេវតាប៉ុណ្ណា នោះទ្រង់ក៏បានត្រឡប់ជាវិសេសជាងពួកទេវតាប៉ុណ្ណោះដែរ ៥ដ្បិតតើព្រះដែលមានបន្ទូលនឹងទេវតាណាមួយថា «ឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ» ឬថា «អញនឹងបានជាឪពុកដល់វា ហើយវានឹងបានជាកូនរបស់អញ» ដូច្នេះឬទេ ៦ហើយម្តងទៀត កាលទ្រង់ឲ្យ់ព្រះរាជបុត្រាមកក្នុងលោកីយ នោះទ្រង់មានបន្ទូលថា «ចូរឲ្យអស់ទាំងទេវតានៃព្រះថ្វាយបង្គំចុះ» ៧ខាងឯពួកទេវតា នោះទ្រង់មានបន្ទូលថា «ទ្រង់យកពួកទេវតារបស់ទ្រង់ ធ្វើជាវិញ្ញាណ ហើយពួកអ្នកបំរើទ្រង់ធ្វើជាអណ្តាតភ្លើង» ៨តែខាងឯព្រះរាជបុត្រាវិញ នោះទ្រង់មានបន្ទូលថា «ឱព្រះអើយ បល្ល័ង្កទ្រង់នៅជាប់អស់កល្បជានិច្ចរៀងរាបតទៅ ព្រះដំបងពេជ្ររបស់រាជ្យទ្រង់ នោះជាដំបងសុចរិត ៩ទ្រង់បានស្រឡាញ់សេចក្តីសុចរិត ហើយស្អប់ការទទឹងច្បាប់ ហេតុនោះបានជាព្រះ គឺជាព្រះនៃទ្រង់បានចាក់ប្រេងថ្វាយទ្រង់ ជាប្រេងនៃសេចក្តីត្រេកអរសាទរលើសជាងពួកសំឡាញ់នៃទ្រង់» ១០ហើយថា «ឱព្រះអម្ចាស់អើយ កាលដើមដំបូង ទ្រង់បានបង្កឫសផែនដី ហើយផ្ទៃមេឃក៏ជាការដែលព្រះហស្តទ្រង់ធ្វើដែរ ១១ឯរបស់ទាំងនោះនឹងសាបសូន្យទៅ តែទ្រង់នឹងគង់នៅជាប់ដដែល របស់ទាំងនោះនឹងចាស់ទៅ ដូចជាសំលៀកបំពាក់ ១២ទ្រង់នឹងឆ្មូលទៅដូចជាអាវ ហើយរបស់ទាំងនោះក៏នឹងប្រែក្លាយទៅ តែទ្រង់នៅតែដដែល ព្រះជន្មទ្រង់មិនចេះផុតឡើយ» ១៣តើទ្រង់ដែលមានបន្ទូលទៅទេវតាណាមួយថា «ចូរអង្គុយខាងស្តាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯង ទុកជាកំណល់កល់ជើងឯង» ដូច្នេះឬទេ ១៤តើពួកទេវតាទាំងនោះមិនមែនជាវិញ្ញាណបំរើ ដែលទ្រង់បានចាត់មក សំរាប់ការងារជួយ ដល់ពួកដែលត្រូវទទួលសេចក្តីសង្គ្រោះជាមរដកទេឬអី។ ២ ១ដោយហេតុនោះ បានជាគួរឲ្យយើងរាល់គ្នាប្រុងប្រយ័តលើសទៅទៀត ចំពោះសេចក្តីដែលយើងរាល់គ្នាបានឮ ក្រែងយើងរសាត់ចេញពីសេចក្តីទាំងនោះ ២ដ្បិត បើសិនជាគ្រប់ទាំងព្រះបន្ទូល ដែលពួកទេវតាបានពោលនោះបានឃើញថាពិតមែន ហើយគ្រប់ទាំងអំពើរំលង នឹងសេចក្តីរឹងចចេសក៏ត្រូវទោសចំពោះ ៣នោះធ្វើដូចម្តេចឲ្យយើងរួចបាន បើយើងធ្វេសនឹងសេចក្តីសង្គ្រោះដ៏ធំម៉្លេះ ដែលព្រះអម្ចាស់បានចាប់ផ្តើមផ្សាយមក រួចពួកអ្នកដែលឮ ក៏បានបញ្ជាក់មកយើងរាល់គ្នាដែរ ៤ទាំងមានព្រះធ្វើបន្ទាល់ជាមួយផង ដោយទីសំគាល់ ការអស្ចារ្យ នឹងការឫទ្ធិបារមីជាច្រើនយ៉ាង ទាំងចែកព្រះវិញ្ញាណបរិសុទ្ធមកតាមព្រះហឫទ័យទ្រង់ផង។ ៥រីឯនៅខាងបរលោក ដែលយើងខ្ញុំនិយាយនេះទ្រង់មិនបានបញ្ចុះបញ្ចូល មកក្រោមអំណាចនៃពួកទេវតាទេ ៦តែមានមនុស្សម្នាក់បានធ្វើបន្ទាល់ នៅកន្លែងណាមួយថា «តើមនុស្សជាអ្វី បានជាទ្រង់យកចិត្តទុកដាក់នឹងគេ ឬកូនមនុស្សបានជាទ្រង់ប្រោសដូច្នេះ ៧ទ្រង់បានធ្វើឲ្យគេទាបជាងពួកទេវតាតែបន្តិចទេ ក៏បានបំពាក់សិរីល្អ នឹងកេរ្តិ៍ឈ្មោះឲ្យ ទុកជាមកុដ ទ្រង់បា់នតាំងឡើងឲ្យត្រួតត្រាលើអស់ទាំងការនៃព្រះហស្តទ្រង់ ៨ទ្រង់បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នៅក្រោមជើងគេ» ហើយដែលទ្រង់បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នោះគឺមិនបានទុកអ្វី ដែលមិនចុះចូលសោះឡើយ តែសព្វថ្ងៃនេះ យើងមិនទាន់ឃើញគ្រប់ទាំងអស់ចុះចូលនៅឡើយទេ ៩តែយើងឃើញព្រះយេស៊ូវវិញ ដែលព្រះបានធ្វើឲ្យទាបជាងពួកទេវតាបន្តិចទ្រង់ពាក់សិរីល្អ នឹងល្បីព្រះនាម ទុកជាមកុដ ដោយព្រោះទ្រង់បានរងទុក្ខសុគត ដើម្បីនឹងភ្លក់សេចក្តីស្លាប់ជំនួសមនុស្សទាំងអស់ ដោយនូវព្រះគុណនៃព្រះ ១០ដ្បិតឯព្រះដែលគ្រប់របស់ទាំងអស់សំរាប់ទ្រង់ ហើយដោយសារទ្រង់កាលទ្រង់ចង់នាំកូនជាច្រើនមកក្នុងសិរីល្អ នោះគួរគប្បីឲ្យទ្រង់បានធ្វើឲ្យមេនៃសេចក្តីសង្គ្រោះគេ បានគ្រប់លក្ខណ៍ដោយរងទុក្ខលំបាក ១១ពីព្រោះព្រះអង្គ ដែលញែកជាបរិសុទ្ធនឹងពួកអ្នកដែលទ្រង់ញែកជាបរិសុទ្ធ នោះសុទ្ធតែកើតមកពីព្រះតែ១ បានជាទ្រង់មិនខ្មាសនឹងហៅគេជាបងប្អូនទេ ១២ទ្រង់មានបន្ទូលថា «ទូលបង្គំនឹងប្រកាសប្រាប់ពីព្រះនាមទ្រង់ ដល់ពួកបងប្អូន ទូលបង្គំនឹងច្រៀងសរសើរពីទ្រង់ នៅកណ្តាលពួកជំនុំ» ១៣ហើយ១ទៀតថា «ទូលបង្គំនឹងទុកចិត្តដល់ទ្រង់» ហើយ១ទៀតថា «មើលទូលបង្គំនេះ នឹងពួកកូនចៅ ដែលព្រះបានប្រទានមកទូលបង្គំ» ១៤ដូច្នេះ ដែលកូនចៅបានប្រកបដោយសាច់ឈាមព្រមគ្នា នោះទ្រង់ក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដើម្បីឲ្យទ្រង់បានបំផ្លាញអានោះ ដែលមានអំណាចលើសេចក្តីស្លាប់ គឺជាអារក្សដោយទ្រង់សុគត ១៥ហើយឲ្យបានប្រោសដល់ពួកអ្នកនោះ ដែលជាប់ជាបាវបំរើគ្រប់១ជីវិត ដោយខ្លាចស្លាប់ ឲ្យបានរួចចេញវិញ ១៦ដ្បិតច្បាស់ជាទ្រង់មិនបានយកពួកទេវតាទេ គឺបានយកពូជលោកអ័ប្រាហាំវិញ ១៧ហេតុនោះបានជាគួរឲ្យទ្រង់ បានដូចបងប្អូនទ្រង់គ្រប់ជំពូកដែរ ដើម្បីឲ្យបានធ្វើជាសំដេចសង្ឃ ដែលមានព្រះទ័យមេត្តាករុណា ហើយក៏ស្មោះត្រង់ក្នុងការទាំងប៉ុន្មានខាងឯព្រះ ប្រយោជន៍នឹងថ្វាយដង្វាយឲ្យធួននឹងបាបរបស់ប្រជាជនទាំងឡាយ ១៨ដ្បិតដែលទ្រង់បានរងទុក្ខលំបាក ទាំងត្រូវសេចក្តីល្បួង នោះទ្រង់ក៏អាចនឹងជួយដល់អស់អ្នក ដែលត្រូវសេចក្តីល្បួងបានដែរ។ ៣ ១ដូច្នេះ បងប្អូនបរិសុទ្ធ ដែលមានចំណែកក្នុងការងារស្ថានសួគ៌អើយ ចូរពិចារណាពីព្រះយេស៊ូវ ជាសាវក នឹងជាសំដេចសង្ឃ ដែលយើងថា យើងជឿតាមនោះចុះ ២គឺដែលទ្រង់ស្មោះត្រង់ដល់ព្រះដែលតាំងទ្រង់ ដូចជាលោកម៉ូសេក៏ស្មោះត្រង់ ក្នុងដំណាក់នៃព្រះទាំងមូលដែរ ៣ដ្បិតដែលមនុស្សសង់ផ្ទះតែងមានកេរ្តិ៍ឈ្មោះ លើសជាងផ្ទះនោះយ៉ាងណា នោះទ្រង់ក៏បានរាប់ជាគួរនឹងសិរីល្អ លើសជាងលោកម៉ូសេយ៉ាងនោះដែរ ៤ព្រោះគ្រប់ទាំងផ្ទះតែងមានគេធ្វើ តែឯអ្នកដែលបានធ្វើគ្រប់របស់ទាំងអស់ នោះគឺជាព្រះវិញ ៥ហើយលោកម៉ូសេក៏ស្មោះត្រង់ នៅក្នុងដំណាក់នៃទ្រង់ទាំងមូលមែន ទុកដូចជាអ្នកបំរើ សំរាប់ជាទីបន្ទាល់ ពីការដែលត្រូវថ្លែងប្រាប់មកតាមក្រោយ ៦តែព្រះគ្រីស្ទ ទ្រង់ស្មោះត្រង់ ទុកដូចជាព្រះរាជបុត្រា ដែលត្រួតលើដំណាក់ទ្រង់វិញ គឺយើងរាល់គ្នានេះជាដំណាក់នោះ បើយើងកាន់ចិត្តមោះមុត នឹងសេចក្តីអំនួតចំពោះសេចក្តីសង្ឃឹមនេះ យ៉ាងខ្ជាប់ខ្ជួនដរាបដល់ចុងបំផុតមែន។ ៧ដូច្នេះ ចូរប្រយ័តបងប្អូនអើយ ក្រែងមានពួកអ្នករាល់គ្នាណាមួយ មានចិត្តអាក្រក់ ដោយមិនជឿ ព្រមទាំងបោះបង់ចោលព្រះដ៏មានព្រះជន្មរស់នៅ ៨ដូចជាព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលថា «នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ ៩នោះកុំឲ្យតាំងចិត្តរឹងរូសឡើយ ដូចកាលគ្រាបះបោរ នៅថ្ងៃដែលមានសេចក្តីល្បួង នៅក្នុងទីរហោស្ថាន ១០ជាកន្លែងដែលពួកឰយុកោឯងរាល់គ្នាបានល្បងអញ ទាំងសាកអញមើល ហើយក៏ឃើញការអញធ្វើ នៅរវាង៤០ឆ្នាំផងនោះ ១១ដូច្នេះ អញក៏គ្នាន់ក្នាញ់នឹងមនុស្សដំណនោះ ហើយនិយាយថា វារាល់គ្នាចេះតែមានចិត្តវង្វេងជាដរាប ហើយមិនបានស្គាល់ផ្លូវរបស់អញសោះ ១២បានជាអញស្បថទាំងកំហឹងថា វារាល់គ្នាមិនត្រូវចូលទៅក្នុងសេចក្តីសំរាករបស់អញសោះឡើយ» ១៣តែចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ» នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប ១៤ដ្បិតបើយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្តីជំនឿដើមដរាបដល់ចុងបំផុតមែន នោះពិតជាយើងបានត្រឡប់ជាអ្នកមានចំណែកជាមួយនឹងព្រះគ្រីស្ទហើយ ១៥កំពុងដែលនៅមានសេចក្តីថា «នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ នោះកុំឲ្យតាំងចិត្តរឹងរូស ដូចកាលគ្រាបះបោរនោះឡើយ» ១៦ចុះតើអ្នកណាដែលឮ រួចកើតបះបោរនោះតើមិនមែនជាអស់អ្នក ដែលលោកម៉ូសេបាននាំចេញពីស្រុកអេស៊ីព្ទទេឬអី ១៧តើទ្រង់គ្នាន់ក្នាញ់នឹងអ្នកណា នៅរវាង៤០ឆ្នាំនោះ តើមិនមែននឹងអស់អ្នកដែលបានធ្វើបាបដែលសាកសពរបស់គេបានដួល នៅទីរហោស្ថានទេឬអី ១៨ហើយតើទ្រង់បានស្បថនឹងអ្នកណាថា «វារាល់គ្នាមិនត្រូវចូល ទៅក្នុងសេចក្តីសំរាក របស់អញសោះឡើយ» បើមិនមែននឹងអស់អ្នក ដែលមិនស្តាប់បង្គាប់ទេ ដូច្នេះយើងឃើញថា អ្នកទាំងនោះពុំអាចនឹងចូលបានទេ ដោយព្រោះគេមិនជឿ។ ៤ ១ដូច្នេះ ដែលនៅមានសេចក្តីសន្យាទុកមក ឲ្យបានចូលក្នុងសេចក្តីសំរាករបស់ទ្រង់ នោះត្រូវឲ្យយើងរាល់គ្នាខ្លាចចុះ ក្រែងអ្នករាល់គ្នាណាមួយមើលទៅដូចជាឈោងទៅមិនដល់ ២ដ្បិតដំណឹងល្អបានផ្សាយមកយើងរាល់គ្នាដូចជាដល់គេដែរ ប៉ុន្តែ ព្រះបន្ទូលដែលគេឮ នោះគ្មានប្រយោជន៍ដល់គេសោះ ដោយព្រោះមិនបានលាយនឹងសេចក្តីជំនឿ ក្នុងចិត្តនៃពួកអ្នកដែលឮនោះ ៣តាមសេចក្តីដែលទ្រង់មានបន្ទូលថា «អញបានស្បថទាំងកំហឹងថា វារាល់គ្នាមិនត្រូវចូល ទៅក្នុងសេចក្តីសំរាក របស់អញសោះឡើយ» តែយើងរាល់គ្នាដែលជឿ យើងចូលក្នុងសេចក្តីសំរាកនោះវិញ ទោះបើការទាំងប៉ុន្មានបានសំរេច តាំងពីកំណើតលោកីយមកក៏ដោយ ៤ដ្បិតនៅកន្លែងណាមួយនោះទ្រង់មានបន្ទូលពីថ្ងៃទី៧ដូច្នេះថា «ព្រះទ្រង់បានឈប់សំរាក ពីអស់ទាំងការរបស់ទ្រង់នៅថ្ងៃទី៧» ៥ហើយនៅកន្លែងនេះទៀតថា «វារាល់គ្នាមិនត្រូវចូល ទៅក្នុងសេចក្តីសំរាក របស់អញសោះឡើយ» ៦ដូច្នេះ ដែលនៅតែបើកឲ្យអ្នកខ្លះបានចូលទៅក្នុងសេចក្តីសំរាកនោះ ហើយពួកអ្នកដែលឮដំណឹងល្អពីដើម គេមិនបានចូលទេ ដោយព្រោះមិនជឿ ៧នោះបានជាទ្រង់ដាក់កំណត់ថ្ងៃ១ទៀតថា «នៅថ្ងៃនេះ» ដូច្នេះវិញ ទាំងមានបន្ទូលដោយសារហ្លួងដាវីឌជាយូរក្រោយមក តាមពាក្យអម្បាញ់មិញ ដែលថា «នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ នោះកុំឲ្យតាំងចិត្តរឹងរូសឡើយ» ៨បើសិនជាលោកយ៉ូស្វេបានឲ្យគេឈប់សំរាក នោះក្រោយមក ទ្រង់មិនមានបន្ទូលពីថ្ងៃ១ទៀតទេ ៩ដូច្នេះ មានសេចក្តីឈប់សំរាក ទុកសំរាប់រាស្ត្ររបស់ព្រះនៅខាងមុខ ១០ដ្បិតអ្នកណាដែលចូលទៅក្នុងសេចក្តីសំរាករបស់ទ្រង់ហើយ នោះក៏បានឈប់សំរាក ពីការខ្លួនប្រព្រឹត្តទាំងប៉ុន្មាន ដូចជាព្រះបានឈប់ ពីការដែលទ្រង់ធ្វើដែរ ១១ដូច្នេះ ត្រូវឲ្យយើងរាល់គ្នាសង្វាតនឹងចូល ទៅក្នុងសេចក្តីសំរាកនោះ ក្រែងលោអ្នកណាដួលទៅ តាមក្បួនមិនជឿ ដូចជាគេដែរ ១២ពីព្រោះ ឯព្រះបន្ទូលនៃព្រះ នោះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹងនឹងវិញ្ញាណ ហើយសន្លាក់ នឹងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិតដែលចិត្តគិត ហើយដែលសំរេចដែរ ១៣គ្មានអ្វីកើតមកដែលទ្រង់ទតមិនឃើញនោះឡើយ គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀ់បទាំងអស់ទូលថ្វាយទ្រង់។ ១៤ដូច្នេះ ដែលមានសំដេចសង្ឃយ៉ាងធំ១អង្គ ដែលទ្រង់បានយាងកាត់អស់ទាំងជាន់ស្ថានសួគ៌ គឺព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ នោះត្រូវតែឲ្យយើងមានចិត្តដាច់ស្រឡះនឹងជឿតាមចុះ ១៥ដ្បិតសំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្តីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្តីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ ១៦ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្ក នៃព្រះគុណដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ។ ៥ ១ពីព្រោះអស់ទាំងសំដេចសង្ឃ ដែលគេរើសយកពីពួកមនុស្ស នោះបានតាំងសំរាប់មនុស្ស ក្នុងអស់ទាំងការខាងឯព្រះ ដើម្បីនឹងថ្វាយដង្វាយ នឹងយញ្ញបូជា ដោយព្រោះបាប ២ជាអ្នកដែលមានអធ្យាស្រ័យ ដល់មនុស្សខ្លៅល្ងង់ នឹងមនុស្សវង្វេងផង ដោយព្រោះលោកក៏មានសេចក្តីកំសោយ នៅព័ទ្ធជុំវិញខ្លួនដែរ ៣ហើយដោយហេតុនោះ បានជាលោកត្រូវថ្វាយដង្វាយ ដោយព្រោះបាបរបស់ខ្លួនលោក ដូចជាតែងថ្វាយ ដោយព្រោះបាបនៃបណ្តាជនដែរ ៤គ្មានអ្នកណាលើកខ្លួនដល់ងារដ៏ប្រសើរនោះឡើយ មានតែអ្នកដែលព្រះទ្រង់ហៅប៉ុណ្ណោះ តួយ៉ាងដូចជាលោកអើរ៉ុន ៥ដូច្នេះ ព្រះគ្រីស្ទក៏មិនបានដំកើងព្រះអង្គទ្រង់ឡើងធ្វើជាសំដេចសង្ឃដែរ គឺជាព្រះវិញទេតើដែលមានបន្ទូលទៅទ្រង់ថា «ឯងជាកូនអញៗបានបង្កើតឯងនៅថ្ងៃនេះ» ៦ដូចក្នុងបទ១ទៀត ព្រះក៏មានបន្ទូលថា «ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក» ៧ហើយកាលទ្រង់គង់នៅក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោលពាក្យអធិស្ឋាន នឹងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់ ៨ហើយទោះបើទ្រង់ជាព្រះរាជបុត្រាក៏ដោយ គង់តែទ្រង់បានរៀនស្តាប់បង្គាប់ ដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាននោះដែរ ៩រួចកាលទ្រង់បានគ្រប់លក្ខណ៍ហើយ នោះទ្រង់បានត្រឡប់ជាមេបង្កើត នៃសេចក្តីសង្គ្រោះដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ទ្រង់ ១០ដោយព្រះបានតាំងងារទ្រង់ជាសំដេចសង្ឃ តាមរបៀបលោកម៉ិលគីស្សាដែក។ ១១យើងខ្ញុំមានសេចក្តីជាច្រើននឹងអធិប្បាយពីលោកនោះ ដែលពិបាកពន្យល់ ដ្បិតអ្នករាល់គ្នាបានត្រឡប់ជាព្រងើយនឹងការស្តាប់ ១២គួរឲ្យអ្នករាល់គ្នាបានធ្វើជាគ្រូ ដោយព្រោះជឿជាយូរមកហើយ តែអ្នករាល់គ្នាត្រូវការ ឲ្យគេបង្រៀនទាំងខ្លឹមរបស់បឋមសិក្សា នៃព្រះបន្ទូលម្តងទៀត ហើយមិនត្រូវការនឹងអាហាររឹង គឺត្រូវការនឹងទឹកដោះវិញ ១៣ដ្បិតអស់អ្នកណាដែលទទួលទានទឹកដោះ នោះមិនប្រសប់ខាងឯព្រះបន្ទូលនៃសេចក្តីសុចរិតទេ ពីព្រោះអ្នកនោះជាកូនតូចនៅឡើយ ១៤ឯអាហាររឹង នោះសំរាប់តែមនុស្សធំ ដែលបានបង្ហាត់ឥន្ទ្រីយ ដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ។ ៦ ១ដូច្នេះ ចូរឲ្យយើងឈប់ ខាងឯសេចក្តីបឋមសិក្សានៃព្រះបន្ទូលព្រះគ្រីស្ទ ហើយខំឲ្យបានជឿនទៅមុខ ដរាបដល់ពេញខ្នាតចុះ មិនត្រូវតាំងសេចក្តីដើមនោះជាថ្មីឡើងវិញ ដូចជាសេចក្តីប្រែចិត្តចេញពីការស្លាប់ នឹងសេចក្តីជំនឿជឿដល់ព្រះ ២ហើយនឹងសេចក្តីបង្រៀនពីបុណ្យជ្រមុជ ការដាក់ដៃ សេចក្តីរស់ពីស្លាប់ឡើងវិញ នឹងសេចក្តីជំនុំជំរះកាត់ទោស ដល់អស់កល្បជានិច្ចនោះឡើយ ៣បើសិនជាព្រះទ្រង់អនុញ្ញាតឲ្យ នោះយើងរាល់គ្នានឹងធ្វើការនោះឯង ៤ដ្បិតឯពួកអ្នកដែលបានភ្លឺម្តង ទាំងភ្លក់អំណោយទាននៃស្ថានសួគ៌ ក៏បានចំណែកនៃព្រះវិញ្ញាណបរិសុទ្ធ ៥ហើយភ្លក់ព្រះបន្ទូលដ៏ល្អនៃព្រះ នឹងការឫទ្ធិបារមីរបស់បរលោកនាយ ៦រួចធ្លាក់ទៅវិញ នោះគ្មានផ្លូវណានឹងនាំឲ្យគេប្រែចិត្តម្តងទៀតទេ ដោយព្រោះគេបានឆ្កាងព្រះរាជបុត្រានៃព្រះ ខាងឯខ្លួនគេរួចទៅហើយ ព្រមទាំងធ្វើឲ្យទ្រង់ហាលមុខនៅកណ្តាលជំនុំផង ៧ដ្បិតដីណាបានបៀមទឹកភ្លៀង ដែលធ្លាក់មកជាញយៗ រួចបង្កើតជាបន្លែមានប្រយោជន៍ដល់អ្នកដែលភ្ជួររាស់ នោះបានទទួលព្រះពរហើយ ៨តែដីណាដែលបង្កើតសុទ្ធតែបន្លា នឹងអញ្ចាញវិញ ដីនោះត្រូវបោះបង់ចោលចេញ ក៏ជិតនឹងត្រូវបណ្តាសាហើយ លុះដល់ចុងបំផុតនឹងត្រូវដុតចោលផង។ ៩ពួកស្ងួនភ្ងាអើយ ទោះបើយើងខ្ញុំនិយាយដូច្នេះក៏ដោយ គង់តែយើងខ្ញុំទុកចិត្តខាងឯអ្នករាល់គ្នាថា បានសេចក្តីប្រសើរជាង គឺជាសេចក្តីដែលត្រូវខាងសេចក្តីសង្គ្រោះវិញ ១០ដ្បិតព្រះទ្រង់មិនមែនជាអ្នករមិលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ នឹងសេចក្តីស្រឡាញ់ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់ ដោយបានបំរើពួកបរិសុទ្ធ ហើយក៏នៅតែបំរើទៀតនោះទេ ១១តែយើងខ្ញុំចង់ឲ្យអ្នករាល់គ្នានិមួយៗ បានសំដែងចេញជាចិត្តឧស្សាហ៍ដូចគ្នាទាំងអស់ ប្រយោជន៍ឲ្យបានសេចក្តីជំនឿដ៏ពេញលេញរបស់សេចក្តីសង្ឃឹម ដរាបដល់ចុងបំផុត ១២ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើព្រងើយកន្តើយឡើយ គឺឲ្យត្រាប់តាមពួកអ្នក ដែលគ្រងបានសេចក្តីសន្យាទុកជាមរដកដោយចិត្តជឿ ហើយអត់ធន់វិញ។ ១៣ដ្បិតកាលព្រះបានសន្យានឹងលោកអ័ប្រាហាំ នោះពីព្រោះគ្មានអ្នកណាធំជាង សំរាប់ឲ្យទ្រង់បានស្បថដោយអ្នកនោះទេ បានជាទ្រង់ស្បថដោយព្រះអង្គទ្រង់វិញថា ១៤«ដែលឲ្យពរ នោះអញនឹងឲ្យដល់ឯងមែន ហើយដែលចំរើន នោះអញនឹងចំរើនពូជឯងមែន» ១៥ហើយលោកបានទទួលសេចក្តីសន្យានោះ ដោយព្រោះលោកមានសេចក្តីអត់ធន់ជាយូរ ១៦ដ្បិតឯមនុស្ស គេតែងតែស្បថដោយអ្នកណាដែលធំជាងខ្លួន ហើយពាក្យសម្បថនោះក៏រាំងរាគ្រប់ទាំងផ្លូវទាស់ទែងគ្នា ដើម្បីឲ្យការនោះបានសំរេច ១៧ដូច្នេះ ចំណែកខាងព្រះ ដែលទ្រង់មានព្រះហឫទ័យសង្វាតលើសទៅទៀត ចង់សំដែងឲ្យពួកអ្នកគ្រងសេចក្តីសន្យាទុកជាមរដក បានឃើញព្រះទ័យសំរេចរបស់ទ្រង់ថា មិនចេះប្រែប្រួលឡើយ នោះទ្រង់ក៏បញ្ចូលពាក្យសម្បថដូច្នោះដែរ ១៨ដើម្បីឲ្យយើងរាល់គ្នា ដែលបានរត់មកចាប់កាន់សេចក្តីសង្ឃឹម ដែលដាក់នៅមុខយើង ទុកជាទីជ្រកកោន បានសេចក្តីកំឡាចិត្តឡើងជាខ្លាំង ដោយសារសេចក្តីទាំង២មុខនេះដ៏មិនចេះប្រែប្រួល ដែលខាងឯសេចក្តីទាំង២នោះ ព្រះទ្រង់កុហកពុំបានទេ ១៩យើងខ្ញុំមានសេចក្តីសង្ឃឹមនោះ ទុកដូចជាយុថ្កានៃព្រលឹងដ៏ជាប់លាប់មាំមួន ដែលចូលទៅខាងក្នុងនៃវាំងនន ២០ជាកន្លែងដែលព្រះយេស៊ូវទ្រង់បានយាងចូលទៅ ជំនួសយើងរាល់គ្នា ទុកដូចជាអ្នកនាំមុខ ដោយទ្រង់បានត្រឡប់ជាសំដេចសង្ឃ នៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក។ ៧ ១រីឯលោកម៉ិលគីស្សាដែក ស្តេចក្រុងសាឡិម ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុតនេះ ដែលទៅចួបនឹងលោកអ័ប្រាហាំ ក្នុងកាលដែលត្រឡប់ពីវាយបំផ្លាញពួកស្តេចវិញ ក៏បានប្រទានពរដល់លោក ២ហើយលោកអ័ប្រាហាំ បានយក១ភាគក្នុង១០ ពីរបស់ទាំងអស់ជូនលោក នាមស្តេចនោះ ដើមដំបូងស្រាយថា ស្តេចនៃសេចក្តីសុចរិតរួចមកជាស្តេចក្រុងសាឡិម គឺថា ជាស្តេចនៃសេចក្តីសុខសាន្ត ៣លោកគ្មានមាតាបិតា គ្មានពង្សាវតារទេ ក៏គ្មានថ្ងៃកំណើត ឬថ្ងៃស្លាប់ដែរ លោកមានភាពដូចជាព្រះរាជបុត្រានៃព្រះ ក៏នៅជាសង្ឃជារៀងរាបដរាបតទៅ ៤ចូរពិចារណាពីលោកនោះ ដែលជាធំដល់ម៉្លេះ បានជាលោកអ័ប្រាហាំ ជាឰយុកោបានជូនរបឹប១ភាគក្នុង១០ផង ៥រីឯខាងឯពួកកូនចៅលេវី ដែលទទួលការងារជាសង្ឃ គេបានទទួលបង្គាប់តាមក្រិត្យវិន័យ ឲ្យហូតយក១ភាគក្នុង១០ពីប្រជាជនដែរ គឺពីពួកបងប្អូនគេទាំងប៉ុន្មាន ទោះបើពួកនោះកើតអំពីពូជពង្សលោកអ័ប្រាហាំក៏ដោយ ៦តែលោកម៉ិលគីស្សាដែកនេះ ដែលមិនបានរាប់ជាវង្សាគេទេ នោះបានទទួល១ភាគក្នុង១០ ពីលោកអ័ប្រាហាំវិញ ហើយក៏ឲ្យពរ ដល់លោកដែលបានទទួលសេចក្តីសន្យាទាំងប៉ុន្មានផង ៧ហើយច្បាប់នេះដែលថា គឺអ្នកធំតែងឲ្យពរដល់អ្នកតូច នោះប្រកែកមិនបានឡើយ ៨រីឯនៅទីនេះ មនុស្សដែលតែងតែស្លាប់ គេទទួល១ភាគក្នុង១០ តែនៅទីនោះមានសេចក្តីបន្ទាល់ថា លោកនេះរស់នៅ ៩ហើយលោកលេវី ដែលទទួលដង្វាយ១ភាគក្នុង១០ នោះលោកឧប្បមាដូចជាបានថ្វាយ១ភាគក្នុង១០ដែរ ដោយសារលោកអ័ប្រាហាំ ១០ដ្បិតកាលលោកម៉ិលគីស្សាដែកបានទៅចួបនឹងលោកអ័ប្រាហាំ នោះលោកលេវីនៅជាពូជ ក្នុងខ្លួននៃឰយុកោលោកនៅឡើយ។ ១១ដូច្នេះ បើសិនជាមនុស្សបានគ្រប់លក្ខណ៍ ដោយសារការងារជាសង្ឃ ខាងពួកលេវី ដ្បិតគឺក្រោមការងារនោះ ដែលប្រជាជនបានទទួលក្រិត្យវិន័យទៅហើយ នោះតើត្រូវការអ្វីឲ្យមានសង្ឃ១ទៀត ដែលមិនបានតាំងឡើងតាមរបៀបលោកអើរ៉ុន គឺតាមរបៀបលោកម៉ិលគីស្សាដែកវិញធ្វើអ្វី ១២ពីព្រោះ បើការងារជាសង្ឃបានផ្លាស់ប្រែទៅ នោះក្រិត្យវិន័យក៏ត្រូវផ្លាស់ប្រែដែរ ១៣ដ្បិតឯព្រះអង្គ ដែលគេបានទាយសេចក្តីទាំងនេះពីទ្រង់ ទ្រង់កើតពីពូជអំបូរ១ទៀត ដែលគ្មានអ្នកណាមួយបានធ្វើការបំរើនៅអាសនាឡើយ ១៤ដ្បិតច្បាស់ជាព្រះអម្ចាស់នៃយើង ទ្រង់បានកើតពីពូជអំបូរយូដា ហើយលោកម៉ូសេមិនបានមានប្រសាសន៍ពីពូជអំបូរនោះ ខាងឯការងារជាសង្ឃឡើយ ១៥សេចក្តីនេះក៏រឹងរឹតតែច្បាស់ជាងទៅទៀត ដោយមានសង្ឃ១ផ្សេងទៀតកើតឡើង តាមបែបលោកម៉ិលគីស្សាដែក ១៦សង្ឃនោះមិនបានតាំងឡើងតាមក្រិត្យវិន័យ ដែលមានសេចក្តីបញ្ញត្តខាងសាច់ឈាមទេ គឺតាមព្រះចេស្តារបស់ជីវិតដ៏មិនចេះសូន្យឡើយនោះវិញ ១៧ដ្បិតមានសេចក្តីបន្ទាល់ពីទ្រង់ថា «ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក» ១៨ឯសេចក្តីបញ្ញត្តដែលមានពីមុនមក នោះត្រូវលើកចោលវិញ ដោយព្រោះខ្សោយ ហើយឥតប្រយោជន៍ ១៩(ពីព្រោះក្រិត្យវិន័យមិនដែលនាំឲ្យបានគ្រប់លក្ខណ៍ឡើយ) ក៏មានសេចក្តីសង្ឃឹមដ៏ប្រសើរជាងបានចូលមកផង ដែលយើងរាល់គ្នានឹងចូលទៅជិតព្រះបាន ដោយសារសេចក្តីសង្ឃឹមនោះ។ ២០ពួកសង្ឃទាំងនោះគេបានតាំងឲ្យមានងារ ដោយឥតមានសម្បថទេ ២១តែទ្រង់វិញ មានទាំងពាក្យសម្បថផង ដោយសារព្រះដែលមានបន្ទូលពីទ្រង់ថា «ព្រះអម្ចាស់ទ្រង់បានស្បថ ហើយមិនដែលផ្លាស់គំនិតឡើយថា ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក» ២២ហើយដោយព្រោះការងារនោះ ដែលមិនមែនឥតពាក្យសម្បថដូច្នោះ បានជាព្រះយេស៊ូវទ្រង់ជាអ្នកធានា ពីសេចក្តីសញ្ញា១ដ៏ប្រសើរជាង ២៣មួយទៀត ពួកសង្ឃទាំងនោះមានគ្នាជាច្រើន ពីព្រោះគេតែងតែស្លាប់ មិននៅជាប់ស្ថិតស្ថេរទេ ២៤តែទ្រង់មានការងារជាសង្ឃឥតផ្ទេរឡើយ ពីព្រោះទ្រង់នៅជាប់អស់កល្បជានិច្ចវិញ ២៥ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់ ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរជំនួសគេ។ ២៦គួរឲ្យមានសំដេចសង្ឃយ៉ាងនោះ សំរាប់យើងដែលទ្រង់បរិសុទ្ធ ឥតពុតមាយា ឥតសៅហ្មង ដែលបានញែកចេញពីមនុស្សបាប ហើយបានត្រឡប់ជាខ្ពស់ជាងស្ថានសួគ៌ទៅទៀត ២៧ទ្រង់មិនចាំបាច់នឹងថ្វាយយញ្ញបូជាជារាល់ថ្ងៃ ដូចជាសំដេចសង្ឃ ដែលថ្វាយដោយព្រោះបាបខ្លួនជាមុនដំបូង រួចមកដោយព្រោះបាបរបស់ជនទាំងឡាយនោះទេ ដ្បិតទ្រង់បានថ្វាយយញ្ញបូជានោះ១ដងជាសំរេច គឺក្នុងកាលដែលទ្រង់ថ្វាយព្រះអង្គទ្រង់នោះឯង ២៨ព្រោះឯក្រិត្យវិន័យ នោះតែងតាំងមនុស្សឲ្យធ្វើជាសំដេចសង្ឃ ដែលគេមានសេចក្តីកំសោយ តែសេចក្តីសម្បថដែលមកក្រោយក្រិត្យវិន័យ នោះបានតាំងព្រះរាជបុត្រាវិញ ដែលទ្រង់បានគ្រប់លក្ខណ៍នៅអស់កល្បជានិច្ច។ ៨ ១រីឯដែលបង្រួមសេចក្តីអធិប្បាយទាំងប៉ុន្មានអម្បាញ់មិញនេះ នោះគឺថា យើងរាល់គ្នាមានសំដេចសង្ឃ១អង្គយ៉ាងនោះ ដែលទ្រង់បានគង់ខាងស្តាំបល្ល័ង្កនៃឫទ្ធានុភាពនៅស្ថានសួគ៌ ២ជាអ្នកមានការងារក្នុងទីបរិសុទ្ធ ហើយក្នុងរោងឧបោសថដ៏ពិត ដែលព្រះអម្ចាស់បានដំឡើង មិនមែនជាមនុស្សទេ។ ៣ឯសំដេចសង្ឃទាំងប៉ុន្មាន នោះបានតាំងឲ្យមានងារ សំរាប់នឹងថ្វាយដង្វាយ ហើយយញ្ញបូជា បានជាត្រូវឲ្យព្រះអង្គនេះបានអ្វីនឹងថ្វាយដែរ ៤ដ្បិតបើសិនជាទ្រង់គង់នៅផែនដី នោះទ្រង់មិនបានធ្វើជាសង្ឃទេ ពីព្រោះមានពួកសង្ឃដែលថ្វាយដង្វាយ តាមក្រិត្យវិន័យហើយ ៥ដែលគេជាគំរូ ហើយជាស្រមោល ពីរបស់នៅស្ថានសួគ៌វិញ ដូចជាព្រះបានបង្គាប់លោកម៉ូសេ ក្នុងកាលដែលលោករៀបនឹងធ្វើរោងឧបោសថថា «ចូរប្រយ័តនឹងធ្វើគ្រប់ទាំងអស់ តាមគំរូដែលអញបានបង្ហាញឯងនៅលើភ្នំ» ៦តែឥឡូវនេះវិញ ដែលទ្រង់ជាអ្នកកណ្តាលរបស់សេចក្តីសញ្ញា១ដ៏ប្រសើរជាងប៉ុណ្ណា ដែលសេចក្តីសញ្ញានោះបានតាំងឡើង លើពាក្យសន្យាប្រសើរជាងផង នោះទ្រង់ក៏បានទទួលការងារដ៏ប្រសើរជាងប៉ុណ្ណោះដែរ ៧ដ្បិតបើសិនជាសញ្ញាចាស់ឥ់តមានកំហុស នោះមិនបានរកកន្លែងឲ្យបានតាំង១ទៀតឡើយ ៨ពីព្រោះ ដែលទ្រង់ចាប់សេចក្តីកំហុស នោះទ្រង់មានបន្ទូលទៅគេថា «មើល ព្រះអម្ចាស់មានបន្ទូលថា នឹងមានថ្ងៃមក ដែលអញនឹងតាំងសញ្ញាថ្មីដល់វង្សានុវង្សនៃពួកអ៊ីស្រាអែល នឹងពួកយូដា ៩មិនមែនតាមសេចក្តីសញ្ញា ដែលអញបានតាំងនឹងពួកឰយុកោគេនៅថ្ងៃដែលអញបានចាប់ដៃ នាំគេចេញពីស្រុកអេស៊ីព្ទនោះទេ ព្រោះគេមិនបានកាន់ខ្ជាប់តាមសេចក្តីសញ្ញារបស់អញនោះឡើយ ហើយអញបានបែរចេញពីគេដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ ១០ព្រះអម្ចាស់មានបន្ទូលថា ឯសេចក្តីសញ្ញា ដែលអញនឹងតាំងដល់វង្សានុវង្សនៃពួកអ៊ីស្រាអែលក្រោយគ្រានោះ គឺថា អញនឹងដាក់ក្រិត្យវិន័យអញនៅក្នុងគំនិតគេ ហើយនឹងកត់ទុក នៅក្នុងចិត្តគេផង អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងធ្វើជារាស្ត្ររបស់អញ ១១នោះមិនចាំបាច់ឲ្យគ្រប់គ្នាបង្រៀនអ្នកជិតខាងនឹងបងប្អូនខ្លួនថា ចូរស្គាល់ព្រះអម្ចាស់នោះទេ ដ្បិតក្នុងពួកគេ មនុស្សនឹងស្គាល់អញគ្រប់គ្នា តាំងពីអ្នកតូច រហូតដល់អ្នកធំហើយ ១២ពីព្រោះអញនឹងអាណិតមេត្តាចំពោះសេចក្តីទុច្ចរិតរបស់គេ ហើយអញនឹងលែងនឹកចាំពីអំពើបាប នឹងសេចក្តីទទឹងច្បាប់របស់គេទៀត» ១៣រីឯពាក្យដែលថា “ថ្មី” នោះគឺថា ព្រះទ្រង់បានធ្វើឲ្យសេចក្តីមុនទៅជាចាស់ហើយ ឯរបស់ណាដែលត្រឡប់ជាចាស់ ហើយមានវ័យកន្លង នោះក៏ជិតនឹងសូន្យបាត់ដែរ។ ៩ ១ចំណែកសេចក្តីសញ្ញាមុននោះ គឺមានរបៀបថ្វាយបង្គំព្រះ ក៏មានទីបរិសុទ្ធ ដែលនៅលោកីយនេះដែរ ២ដ្បិតគេបានធ្វើរោងឧបោសថ ដែលប៉ែកខាងមុខហៅថា ទីបរិសុទ្ធ ជាកន្លែងមានជើងចង្កៀង នឹងតុ ហើយនំប៉័ងតាំងទុក ៣ខាងក្រោយវាំងននទីី២ មានកន្លែងហៅថា ទីបរិសុទ្ធបំផុត ៤ទីនោះមានជើងពានមាស សំរាប់ដុតគ្រឿងក្រអូប នឹងហឹបនៃសេចក្តីសញ្ញា ដែលស្រោបដោយមាសជុំវិញទាំងអស់ នៅក្នុងហឹបនោះមានចានមាសដាក់នំម៉ាន៉ា ក៏មានដំបងរបស់លោកអើរ៉ុនដែលប៉ិចឡើង នឹងបន្ទះថ្មនៃសេចក្តីសញ្ញាផង ៥ឯខាងលើហឹបនោះ មានរូបចេរូប៊ីនដ៏មានសិរីល្អ ដែលបាំងទីសណ្តោសប្រោស តែយើងខ្ញុំថ្លែងពីរបស់ទាំងនោះដោយពិស្តារ ក្នុងពេលឥឡូវនេះមិនបានទេ។ ៦កាលរបស់ទាំងនោះបានរៀបជាស្រេចហើយ នោះពួកសង្ឃក៏ចូលទៅ សំរេចការងារក្នុងរោងឧបោសថ ផ្នែកខាងមុខជានិច្ច ៧តែឯផ្នែកខាងក្នុង នោះមានតែសំដេចសង្ឃតែឯងប៉ុណ្ណោះ ដែលចូលទៅបាន ក្នុង១ឆ្នាំ១ដង ក៏មិនមែនឥតយកឈាម ដែលលោកថ្វាយដោយព្រោះខ្លួនលោក នឹងអំពើបាបដែលប្រជាជនប្រព្រឹត្ត ដោយឥតដឹងនោះដែរ ៨យ៉ាងនោះព្រះវិញ្ញាណបរិសុទ្ធសំដែងថា កាលរោងឧបោសថមុននោះនៅៗឡើយ នោះផ្លូវចូលទៅក្នុងទីបរិសុទ្ធបំផុតមិនទាន់បើកទេ ៩នេះជាសេចក្តីប្រៀបពន្យល់ដល់ជាន់ឥឡូវនេះ ជាគ្រាដែលគេនៅតែថ្វាយដង្វាយ នឹងយញ្ញបូជានៅឡើយ ដែលដង្វាយទាំងនោះពុំអាចនឹងធ្វើឲ្យអ្នកដែលថ្វាយបានគ្រប់លក្ខណ៍ខាងឯបញ្ញាចិត្តបានឡើយ ១០ដ្បិតមានតែសេចក្តីបញ្ញត្តខាងសាច់ឈាមទេ ដែលសំដែងពីម្ហូបម្ហា នឹងគ្រឿងផឹក ហើយការលាងសំអាតផ្សេងៗ ដែលបង្គាប់មក ដរាបដល់វេលាដែលរៀបចំឲ្យត្រឹមត្រូវឡើងវិញ។ ១១ប៉ុន្តែ កាលព្រះគ្រីស្ទបានយាងមក ធ្វើជាសំដេចសង្ឃ ខាងឯសេចក្តីល្អដែលត្រូវមក គឺធ្វើដោយសាររោងឧបោសថដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង ដែលមិនបានធ្វើដោយដៃ គឺថា មិនមែនជារបស់ផងលោកីយនេះទេ ១២នោះទ្រង់បានយាងចូលទៅក្នុងទីបរិសុទ្ធបំផុត១ដងជាសំរេច ទាំងបានសេចក្តីប្រោសលោះ នៅអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតនៃអង្គទ្រង់វិញ ១៣ដ្បិតបើសិនជាឈាមគោឈ្មោល នឹងឈាមពពែឈ្មោល ហើយផែះគោក្រមុំ ដែលគេប្រោះលើមនុស្សស្មោកគ្រោក បានញែកអ្នកនោះចេញជាបរិសុទ្ធ ខាងសាច់ឈាមបានទៅហើយ ១៤ចំណង់បើព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ ឥតសៅហ្មង ដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នោះនឹងសំអាតទាំងបញ្ញាចិត្តអ្នករាល់គ្នា ពីអស់ទាំងការស្លាប់ផង ដើម្បីឲ្យបានបំរើព្រះដ៏មានព្រះជន្មរស់ តើជាជាងអម្បាលម៉ានទៅទៀត ១៥ដោយហេតុនោះបានជាទ្រង់ជាអ្នកកណ្តាលនៃសញ្ញាថ្មី ដើម្បីឲ្យពួកអ្នកដែលទ្រង់ហៅ បានទទួលសេចក្តីសន្យា ទុកជាមរដកដ៏នៅអស់កល្បជានិច្ច ដោយទ្រង់សុគត ប្រយោជន៍នឹងប្រោសលោះគេឲ្យរួចពីការរំលង ដែលគេប្រព្រឹត្តពីកាលនៅក្រោមសញ្ញាចាស់នៅឡើយ ១៦ដ្បិតដែលមានសំបុត្រសញ្ញាចែកមរដក នោះត្រូវចាំដល់ម្ចាស់សំបុត្រស្លាប់ទៅសិន ទើបចែកបាន ១៧ពីព្រោះសំបុត្រសញ្ញានោះមានប្រយោជន៍តែកាលណាម្ចាស់បានស្លាប់ទៅហើយទេ កាលម្ចាស់កំពុងរស់នៅឡើយ នោះគ្មានអំណាចសោះ ១៨ដូច្នេះ សេចក្តីសញ្ញាចាស់ក៏មិនបានតាំងឡើង ដោយឥតឈាមដែរ ១៩ពីព្រោះកាលលោកម៉ូសេបានមានប្រសាសន៍ ប្រាប់ពីបញ្ញត្តទាំងប៉ុន្មាន តាមក្រិត្យវិន័យ ដល់ប្រជាជនទាំងឡាយហើយនោះលោកក៏យកឈាមកូនគោ នឹងឈាមពពែ ព្រមទាំងទឹក នឹងរោមចៀមជ្រលក់ក្រហម ហើយនឹងមែកហ៊ីសុបមកប្រោះលើគម្ពីរនោះឯង ព្រមទាំងលើប្រជាជនទាំងអស់ដែរ ២០ដោយមានប្រសាសន៍ថា «នេះជាឈាមនៃសញ្ញា ដែលព្រះទ្រង់បង្គាប់មកអ្នករាល់គ្នា» ២១លោកក៏ប្រោះឈាមទៅលើរោងឧបោសថ នឹងគ្រឿងប្រដាប់ដែលសំរាប់ការងារទាំងប៉ុន្មានបែបដូច្នោះដែរ ២២ហើយតាមក្រិត្យវិន័យ សឹងតែគ្រប់របស់ទាំងអស់បានស្អាត ដោយសារឈាម បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាបឡើយ។ ២៣ដូច្នេះ អស់ទាំងគំរូពីរបស់នៅស្ថានសួគ៌បានត្រូវសំអាត ដោយសាររបស់ទាំងនោះ តែរបស់នៅស្ថានសួគ៌វិញ នោះត្រូវសំអាតដោយយញ្ញបូជាប្រសើរជាងទៅទៀត ២៤ដ្បិតព្រះគ្រីស្ទទ្រង់មិនបានយាងចូលទៅក្នុងទីបរិសុទ្ធធ្វើដោយដៃ ដែលជាគំរូពីទីបរិសុទ្ធពិតនោះទេ គឺបានចូលទៅក្នុងស្ថានសួគ៌នោះឯង ដើម្បីនឹងលេចមកក្នុងពេលឥឡូវនេះ នៅចំពោះព្រះភក្ត្រនៃព្រះ ដំណាងយើងរាល់គ្នា ២៥ក៏មិនមែននឹងថ្វាយព្រះអង្គទ្រង់ជាញឹកញយ ដូចជាសំដេចសង្ឃ ដែលចូលទៅក្នុងទីបរិសុទ្ធរាល់តែឆ្នាំ ទាំងយកឈាមដទៃនោះដែរ ២៦ដ្បិតបើយ៉ាងដូច្នោះ នោះត្រូវឲ្យទ្រង់រងទុក្ខជាច្រើនដង តាំងពីកំណើតលោកីយមក តែជាន់ឥឡូវនេះ ដែលជាចុងបំផុតអស់ទាំងកល្ប នោះទ្រង់បានលេចមក១ដង ដើម្បីនឹងលើកអំពើបាបចោល ដោយថ្វាយព្រះអង្គទ្រង់វិញទុក ជាយញ្ញបូជា ២៧ហើយដោយព្រោះបានដំរូវត្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្តីជំនុំជំរះ ២៨ដូច្នេះ ព្រះគ្រីស្ទក៏បែបយ៉ាងនោះដែរ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដងហើយ ដោយព្រោះបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្តងទៀត ក្រៅពីរឿងអំពើបាប គឺសំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់។ ១០ ១ដ្បិតឯក្រិត្យវិន័យ ដែលមានតែស្រមោល ពីសេចក្តីល្អដែលត្រូវមក មិនមែនជាតួរូបរបស់សេចក្តីទាំងនោះទេ នោះពុំអាចនឹងធ្វើឲ្យពួកអ្នក ដែលចូលមកថ្វាយយញ្ញបូជាដដែលៗ រាល់តែឆ្នាំជានិច្ច បានគ្រប់លក្ខណ៍ឡើយ ២ដ្បិតបើបាន តើគេមិនបានលែងថ្វាយទេឬអី ពីព្រោះបញ្ញាចិត្តនៃពួកអ្នកដែលថ្វាយបង្គំ នោះមិនបានដឹងថាមានបាបទៀតទេ ដោយព្រោះបានញែកសំអាតម្តងហើយ ៣តែយញ្ញបូជាទាំងនោះនាំឲ្យរឭកឃើញ ពីអំពើបាបរបស់គេរាល់តែឆ្នាំវិញ ៤ដ្បិតឈាមគោឈ្មោល នឹងពពែឈ្មោល នោះពុំអាចនឹងដោះបាបបានឡើយ ៥ហេតុនោះបានជាកាលទ្រង់យាងមកក្នុងលោកីយ ទ្រង់មានបន្ទូលថា «ព្រះអង្គមិនចង់បានយញ្ញបូជា នឹងដង្វាយទេតែទ្រង់បានរៀបចំរូបកាយឲ្យទូលបង្គំវិញ ៦ទ្រង់ក៏មិនសព្វព្រះហឫទ័យនឹងដង្វាយដុត ឬនឹងដង្វាយលោះបាបដែរ ៧បានជាទូលបង្គំទូលថា មើល ឱព្រះអង្គអើយ ទូលបង្គំមកនឹងធ្វើតាមព្រះហឫទ័យទ្រង់ (សេចក្តីនេះបានកត់ទុកពីទូលបង្គំ នៅក្នុងគម្ពីរហើយ)» ៨ក្រោយដែលមានបន្ទូលថា យញ្ញបូជា នឹងដង្វាយ ហើយដង្វាយដុត នឹងដង្វាយលោះបាប ទ្រង់មិនចង់បានទេ ក៏មិនសព្វព្រះហឫទ័យដែរ ជារបស់ដែលគេថ្វាយតាមក្រិត្យវិន័យ ៩នោះទ្រង់ក៏ថែមព្រះបន្ទូលនេះទៀតថា «មើលឱព្រះអង្គអើយ ទូលបង្គំមកនឹងធ្វើតាមព្រះហឫទ័យទ្រង់» ដូច្នេះ ទ្រង់បានលើកចោលសេចក្តីមុន ដើម្បីនឹងតាំងសេចក្តីក្រោយវិញ ១០គឺដោយសារចំណង់ព្រះហឫទ័យនោះ ដែលយើងរាល់គ្នាបានញែកជាបរិសុទ្ធ ដោយសារដង្វាយថ្វាយរូបអង្គព្រះយេស៊ូវគ្រីស្ទ១ដងជាសំរេច។ ១១ឯអស់ទាំងសង្ឃក៏ឈរធ្វើការងាររាល់តែថ្ងៃ ទាំងថ្វាយយញ្ញបូជាដដែលជាញឹកញយ ដែលពុំអាចនឹងដោះបាបបានឡើយ ១២តែទ្រង់វិញ ក្រោយដែលទ្រង់បានថ្វាយយញ្ញបូជាតែ១ ដោយព្រោះបាប នោះទ្រង់បានគង់ខាងស្តាំព្រះ នៅជារៀងរាបដរាបទៅ ១៣ទាំងចាំទំរាំដល់បានដាក់ពួកខ្មាំងសត្រូវ ឲ្យធ្វើជាកំណល់កល់ព្រះបាទទ្រង់ ១៤ដ្បិតទ្រង់ធ្វើឲ្យពួកអ្នក ដែលបានញែកជាបរិសុទ្ធហើយបានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ ១៥ហើយព្រះវិញ្ញាណបរិសុទ្ធ ក៏ធ្វើបន្ទាល់ដល់យើងដែរ ដ្បិតក្រោយដែលទ្រង់មានបន្ទូលថា ១៦«ឯសេចក្តីសញ្ញា ដែលអញនឹងតាំងដល់គេក្រោយគ្រានោះ គឺថាអញនឹងដាក់ក្រិត្យវិន័យអញនៅក្នុងចិត្តគេ ហើយនឹងកត់ទុកនៅក្នុងគំនិតគេផង» ១៧នោះទ្រង់បានបន្ថែមនូវព្រះបន្ទូលនេះទៀតថា «អញនឹងលែងនឹកចាំពីអំពើបាប នឹងសេចក្តីទទឹងច្បាប់របស់គេទៀត» ១៨ដូច្នេះ ដែលបានប្រោសឲ្យរួចពីសេចក្តីទាំងនោះរួចហើយ នោះមិនចាំបាច់ថ្វាយដង្វាយ ដោយព្រោះបាបទៀតទេ។ ១៩ដូច្នេះ បងប្អូនអើយ ដែលយើងមានសេចក្តីក្លៀវក្លានឹងចូលទៅក្នុងទីបរិសុទ្ធ ដោយសារព្រះលោហិតនៃព្រះយេស៊ូវ ២០តាមផ្លូវដែលទ្រង់ បានតាំងសំរាប់យើងរាល់គ្នា ជាផ្លូវថ្មី ហើយរស់ ដែលចូលកាត់វាំងនន គឺជារូបសាច់របស់ទ្រង់ ២១ហើយដែលមានសំដេចសង្ឃដ៏ធំ១អង្គត្រួតលើដំណាក់ព្រះ ២២នោះត្រូវឲ្យយើងចូលទៅជិតទាំងមានចិត្តស្មោះត្រង់ នឹងចិត្តដឹងពិតប្រាដក ហើយសេចក្តីជំនឿ ព្រមទាំងមានចិត្តប្រោះញែកជាស្អាតរួចពីបញ្ញាចិត្តដែលសៅហ្មងផង ហើយបានលាងរូបកាយនឹងទឹកដ៏ស្អាតដែរ ២៣ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្តីបន្ទាល់របស់សេចក្តីសង្ឃឹមនោះ ឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់ ២៤ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ២៥ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ ២៦ដ្បិតក្រោយដែលយើងបានទទួលស្គាល់សេចក្តីពិតហើយ បើយើងធ្វើបាបស្ម័គ្រពីចិត្តទៀត នោះគ្មានយញ្ញបូជាណា សំរាប់នឹងលោះបាបទៀតទេ ២៧មានតែរង់ចាំ ដោយស្ញែងខ្លាចចំពោះសេចក្តីជំនុំជំរះ នឹងសេចក្តីសហ័សនៃភ្លើង ដែលរៀបនឹងឆេះដល់អស់ទាំងពួកទាស់ទទឹងផងប៉ុណ្ណោះ ២៨ឯអ្នកណាដែលក្បត់ក្រិត្យវិន័យលោកម៉ូសេ នោះបានត្រូវស្លាប់ឥតគេប្រណី ដោយសេចក្តីបន្ទាល់របស់មនុស្ស២ឬ៣នាក់ ២៩ចុះតើអ្នករាល់គ្នាស្មានថា គេគួរមានទោសជាធ្ងន់ជាងយ៉ាងណាទៅ ដែលគេជាន់ឈ្លីព្រះរាជបុត្រានៃព្រះ ទាំងរាប់ព្រះលោហិតនៃសេចក្តីសញ្ញា ដែលបានញែកគេចេញជាបរិសុទ្ធ ទុកដូចជារបស់ប្រើធម្មតា ហើយត្មះតិះដៀលដល់ព្រះវិញ្ញាណដ៏មានព្រះគុណផងនោះ ៣០ដ្បិតយើងស្គាល់ព្រះអង្គដែលទ្រង់មានបន្ទូលថា «សេចក្តីសងសឹកជារបស់ផងអញ អញនឹងសងគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់» ហើយ១ទៀតថា «ព្រះអម្ចាស់ទ្រង់នឹងជំនុំជំរះរាស្ត្រទ្រង់» ៣១រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់។ ៣២ចូរនឹកចាំពីជាន់មុន គឺពីកាលដែលអ្នករាល់គ្នាទើបនឹងបានភ្លឺឡើង នោះក៏ទ្រាំនឹងទុក្ខលំបាក ទាំងតតាំងជាខ្លាំងដែរ ៣៣ដោយសារគេយកអ្នករាល់គ្នាទុកជាល្បែងមើលលេង ទាំងត្មះតិះដៀល ហើយធ្វើទុក្ខដល់អ្នករាល់គ្នានោះម៉្យាង ហើយមួយទៀត ដោយអ្នករាល់គ្នាបានភប់ប្រសព្វនឹងពួកអ្នក ដែលត្រូវទុក្ខលំបាកដូច្នោះម៉្យាងផង ៣៤ដ្បិតអ្នករាល់គ្នាមានចិត្តអាណិតអាសូរ ដល់ពួកអ្នកដែលជាប់ចំណង ក៏ទ្រាំឲ្យមនុស្សប្លន់យករបស់ទ្រព្យខ្លួនដោយអំណរ ដោយដឹងថា ខ្លួនមានទ្រព្យសម្បត្តិ ដែលប្រសើរជាង ហើយក៏នៅជាប់លាប់ផង នៅឯស្ថានសួគ៌ ៣៥ដូច្នេះ កុំឲ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នា ដែលមានរង្វាន់ជាធំនោះឡើយ ៣៦ដ្បិតអ្នករាល់គ្នាត្រូវការនឹងសេចក្តីអត់ធ្មត់ ដើម្បីឲ្យបានទទួលសេចក្តីដែលបានសន្យា ដោយធ្វើតាមព្រះហឫទ័យព្រះ ៣៧ពីព្រោះនៅតែបន្តិចទៀត «នោះព្រះអង្គដែលត្រូវមក ទ្រង់នឹងយាងមកមែន ឥតបង្អង់ឡើយ ៣៨តែពួកមនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ បើអ្នកណាថយទៅវិញ នោះចិត្តអញគ្មានសេចក្តីអំណរចំពោះអ្នកនោះទេ» ៣៩តែយើងរាល់គ្នាមិនមែនជាពួកអ្នកដែលថយទៅវិញឲ្យត្រូវវិនាសនោះឡើយ គឺជាពួកអ្នកដែលមានសេចក្តីជំនឿសំរាប់ឲ្យព្រលឹងបានសង្គ្រោះវិញ។ ១១ ១រីឯសេចក្តីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ ២ព្រះទ្រង់បានធ្វើបន្ទាល់ពីមនុស្សចាស់បុរាណ ដោយព្រោះគេមានសេចក្តីជំនឿនោះឯង ៣យើងរាល់គ្នាក៏យល់ដោយសារសេចក្តីជំនឿនោះថា លោកីយបានកើតមក ដោយសារព្រះបន្ទូលនៃព្រះ បានជារបស់ដែលមើលឃើញទាំងប៉ុន្មាន នោះមិនមែនកើតអំពីរបស់ដែលមើលឃើញទេ។ ៤ដោយសារសេចក្តីជំនឿ នោះអេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ដែលប្រសើរជាងដង្វាយរបស់កាអ៊ីន ហើយមានសេចក្តីបន្ទាល់ពីគាត់ ដោយព្រោះយញ្ញបូជានោះថា គាត់សុចរិត ទាំងមានព្រះធ្វើបន្ទាល់ពីដង្វាយគាត់ផង បានជាទោះបើគាត់ស្លាប់ក៏ដោយ គង់តែនៅមាននិយាយទៅទៀត ដោយសារដង្វាយនោះឯង ៥ដោយសារសេចក្តីជំនឿ នោះហេណុកបានឡើងទៅលើ មិនបានឃើញសេចក្តីស្លាប់ឡើយ ហើយគេរកគាត់មិនឃើញទៀត ពីព្រោះព្រះបានយកគាត់ទៅ ដ្បិតកាលមុនដែលលើកយកគាត់ទៅ នោះមានសេចក្តីបន្ទាល់ពីគាត់ថា ព្រះទ្រង់សព្វព្រះហឫទ័យនឹងគាត់ណាស់ ៦តែបើឥតមានសេចក្តីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះនោះត្រូវតែជឿថា មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់។ ៧ដោយសារសេចក្តីជំនឿ នោះព្រះបានមានបន្ទូលពន្យល់លោកណូអេ ពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្តីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំ សំរាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសាររបស់លោក ហើយលោកបានកាត់ទោសលោកីយដោយការនោះ ក៏ត្រឡប់ជាអ្នកគ្រងសេចក្តីសុចរិត ដែលត្រូវខាងសេចក្តីជំនឿ ទុកជាមរដកដែរ។ ៨ដោយសារសេចក្តីជំនឿ កាលព្រះបានហៅលោកអ័ប្រាហាំ នោះលោកក៏បានស្តាប់បង្គាប់ លោកចេញទៅឯកន្លែងដែលត្រូវទទួលជាមរដក គឺចេញទៅឥតមានដឹងជាទៅឯណាទេ ៩ដោយសារសេចក្តីជំនឿ នោះលោកបានស្នាក់នៅក្នុងស្រុក ដែលទ្រង់សន្យាឲ្យ ដូចជានៅប្រទេសដទៃ ក៏នៅតែក្នុងត្រសាល ជាមួយនឹងអ៊ីសាកហើយនឹងយ៉ាកុប ជាអ្នកគ្រងសេចក្តីសន្យាដដែល ទុកជាមរដកជាមួយគ្នា ១០ពីព្រោះលោករង់ចាំក្រុង១ ដែលមានឫសជញ្ជាំង ដែលព្រះទ្រង់ជាអ្នកគូរ ហើយជាជាងសង់។ ១១ដោយសារសេចក្តីជំនឿ នោះនាងសារ៉ាក៏ទទួលអំណាច ឲ្យមានគភ៌បង្កើតកូនបាន ហើយនាងបង្កើតកូនមក ក្នុងកាលដែលហួសអាយុហើយ ពីព្រោះនាងបានរាប់ព្រះដែលសន្យានោះ ទុកជាស្មោះត្រង់ ១២ដូច្នេះ ក៏មានមនុស្ស១ហ្វូង ដូចផ្កាយនៅលើមេឃ ហើយដូចខ្សាច់នៅមាត់សមុទ្រ ដែលរាប់មិនចេះអស់ បានកើតមកអំពីមនុស្សតែម្នាក់ ដែលអ្នកនោះក៏ទុកដូចជាស្លាប់ហើយដែរ។ ១៣ពួកអ្នកទាំងនោះបានស្លាប់ក្នុងសេចក្តីជំនឿ ឥតទទួលសេចក្តីដែលបានសន្យាទាំងប៉ុន្មានទេ តែគេបានឃើញពីចំងាយ ហើយក៏ទទួលគំនាប់ដែរ ទាំងយល់ព្រមថា ខ្លួនគេជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅផែនដីប៉ុណ្ណោះ ១៤ពួកអ្នកដែលនិយាយដូច្នោះ នោះសំដែងច្បាស់ថា គេជាអ្នករកស្រុកសំរាប់ខ្លួនគេពិត ១៥ហើយបើសិនជាគេរឭកស្រុក ដែលគេទើបនឹងចេញមកនោះ នោះគេនឹងមានឱកាសត្រឡប់ទៅវិញបាន ១៦តែឥឡូវនេះ គេសង្វាតចង់បានស្រុក១ដ៏ប្រសើរជាង គឺខាងស្ថានសួគ៌វិញបានជាព្រះទ្រង់គ្មានសេចក្តីខ្មាស ដោយគេហៅទ្រង់ជាព្រះនៃគេនោះឡើយ ដ្បិតទ្រង់បានរៀបចំទីក្រុង១ឲ្យគេហើយ។ ១៧ដោយសារសេចក្តីជំនឿ នោះអ័ប្រាហាំបានថ្វាយអ៊ីសាក ក្នុងកាលដែលទ្រង់ល្បងលលោក គឺអ្នកដែលបានទទួលសេចក្តីសន្យាទាំងប៉ុន្មាន លោកបានថ្វាយកូនលោកតែមួយ ១៨ដែលមានសេចក្តីចែងទុកពីដំណើរកូននោះថា «ពួជឯងនឹងបានរាប់តាមអ៊ីសាក» ១៩លោកបានរាប់ថា ព្រះទ្រង់អាចនឹងប្រោសកូន ឲ្យរស់ពីស្លាប់ឡើងវិញបានផង ហើយលោកបានទទួលវាមកវិញមែនធៀបដូចជារស់ពីស្លាប់ឡើងវិញ។ ២០ដោយសារសេចក្តីជំនឿ នោះអ៊ីសាកបានឲ្យពរដល់យ៉ាកុប នឹងអេសាវ ពីដំណើរការទៅខាងមុខ។ ២១ដោយសារសេចក្តីជំនឿ នោះយ៉ាកុបបានឲ្យពរដល់កូនយ៉ូសែបទាំង២ ហើយក៏ថ្វាយបង្គំព្រះ ទាំងច្រត់លើចុងឈើច្រត់ ក្នុងកាលដែលលោកហៀបនឹងស្លាប់។ ២២ដោយសារសេចក្តីជំនឿ នោះយ៉ូសែបបានប្រាប់ពីដំណើរពួកជនជាតិអ៊ីស្រាអែល ដើរចេញពីស្រុកអេស៊ីព្ទក៏ផ្តាំពីដំណើរសពរបស់ខ្លួន ក្នុងកាលដែលហៀបនឹងផុតដង្ហើមទៅផង។ ២៣ដោយសារសេចក្តីជំនឿ កាលម៉ូសេបានកើតមកនោះឪពុកម្តាយបានលាក់លោកទុក៣ខែ ឥតមាននឹកខ្លាចដល់បញ្ញាត្តរបស់ស្តេចឡើយ ពីព្រោះបានឃើញថាជាកូនថ្លោសល្អ ២៤ដោយសារសេចក្តីជំនឿ លុះលោកធំហើយ នោះលោកមិនព្រមឲ្យគេហៅខ្លួន ជាកូនរបស់បុត្រីផារ៉ោនទេ ២៥លោកស៊ូរងទុក្ខលំបាកជាមួយនឹងរាស្ត្ររបស់ព្រះ ជាជាងមានសេចក្តីអំណរខាងអំពើបាប ដែលនៅតែ១ភ្លែតនោះវិញ ២៦ដោយបានរាប់សេចក្តីដំនៀលដែលគេតិះដៀលដល់ព្រះគ្រីស្ទ ទុកជាទ្រព្យសម្បត្តិប្រសើរជាងអស់ទាំងរបស់ថ្លៃវិសេសនៅស្រុកអេស៊ីព្ទ ដ្បិតលោកសំឡឹងចំទៅឯរង្វាន់វិញ ២៧ដោយសារសេចក្តីជំនឿ នោះលោកក៏ចេញពីស្រុកអេស៊ីព្ទទៅ ឥតកោតខ្លាចដល់សេចក្តីកំហឹងនៃស្តេចឡើយ ដ្បិតលោកបានកាន់យ៉ាងខ្ជាប់ខ្ជួនហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញដែរ ២៨ដោយសារសេចក្តីជំនឿ នោះលោកបានធ្វើបុណ្យរំលង ទាំងរលាស់ឈាម ដើម្បីកុំឲ្យមេបំផ្លាញពួកកូនច្បង បានមកពាល់ដល់គេឡើយ។ ២៩ដោយសារសេចក្តីជំនឿ នោះគេបានដើរកាត់សមុទ្រក្រហម ដូចជាដើរលើដីគោក តែកាលពួកសាសន៍អេស៊ីព្ទបានល្បងល នោះគេក៏ត្រូវលេបបាត់ទៅ ៣០ដោយសារសេចក្តីជំនឿ លុះគេដើរព័ទ្ធជុំវិញក្រុងយេរីខូរ អស់៧ថ្ងៃហើយ នោះកំផែងទីក្រុងក៏រលំទៅ ៣១ដោយសារសេចក្តីជំនឿ នោះនាងរ៉ាហាប ជាស្រីសំផិងឹ មិនបានវិនាសទៅ ជាមួយួនឹងពួកអ្នករឹងចចេសឡើយ ពីព្រោះនាងបានទទួលពួកឈ្លបលប ដោយមេត្រីចិត្ត។ ៣២តើត្រូវឲ្យខ្ញុំនិយាយអ្វីទៀត ដ្បិតគ្មានពេលវេលានឹងថ្លែងប្រាប់រឿងពីគេឌាន បារ៉ាក សាំសុន យែបថា ដាវីឌ សាំយូអែល នឹងពួកហោរាទេ ៣៣ដែលដោយសារសេចក្តីជំនឿ នោះគេបានឈ្នះនគរដទៃ បានសំរេចការសុចរិត បានទទួលសេចក្តីសន្យា បានបិទមាត់សិង្ហ ៣៤បានពន្លត់អំណាចភ្លើង បានរួចពីមុខដាវ បានមានកំឡាំងក្នុងកាលដែលកំពុងតែខ្សោយ ក៏ត្រឡប់ជាពូកែក្នុងចំបាំង ទាំងកំចាត់ពលទ័ពសាសន៍ដទៃផង ៣៥ពួកស្រីៗបានទទួលមនុស្សស្លាប់របស់ខ្លួនមក ដោយរស់ពីស្លាប់ឡើងវិញ ខ្លះត្រូវគេធ្វើទុក្ខវេទនា ឥតទទួលការប្រោសលោះឲ្យរួចឡើយ គឺដើម្បីឲ្យបានរស់ឡើយវិញបែបប្រសើរជាង ៣៦ខ្លះទៀតត្រូវសេចក្តីល្បង ដោយមានគេចំអកឲ្យទាំងវាយនឹងរំពាត់ ក៏ទ្រាំទាំងជាប់ចំណង នឹងជាប់គុកផង ៣៧ត្រូវគេចោលនឹងថ្ម ល្បួង ហើយអារបណ្តាច់ ក៏ត្រូវស្លាប់នឹងដាវ ត្រូវដើរវីមវាម ទាំងស្លៀកស្បែកចៀមនឹងស្បែកពពែ ត្រូវកំសត់ទុគ៌ត ត្រូវគេសង្កត់សង្កិនហើយធ្វើបាប ៣៨ក៏ដើរសាត់ព្រាត់នៅក្នុងទីរហោស្ថានហើយនៅទីភ្នំ ទាំងនៅក្នុងរអាង ហើយនឹងរូងក្នុងដីលោកីយមិនគួរនឹងពួកអ្នកទាំងនោះទេ ៣៩ពួកអ្នកទាំងនោះ ទោះបើមានសេចក្តីបន្ទាល់ពីគេថា គេមានសេចក្តីជំនឿក៏ដោយ គង់តែគេមិនបានទទួលសេចក្តី ដែលបានសន្យានោះទេ ៤០ដ្បិតព្រះបានផ្គត់ផ្គង់សេចក្តីប្រសើរជាងសំរាប់យើងរាល់គ្នា ដើម្បីមិនឲ្យអ្នកទាំងនោះបានគ្រប់លក្ខណ៍ ក្រៅពីយើងឡើយ។ ១២ ១ដូច្នេះ ដែលមានស្មរបន្ទាល់១ហ្វូងធំម៉្លេះ នៅព័ទ្ធជុំវិញយើង នោះត្រូវឲ្យយើងចោលអស់ទាំងបន្ទុកនឹងអំពើបាប ដែលរុំយើងជុំវិញជាងាយម៉្លេះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ២ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាមាស់ខ្មាសនោះឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ ៣ដូច្នេះ ចូរពិចារណាមើលទ្រង់ដែលទ្រង់បានទ្រាំទ្រនឹងពួកមនុស្សមានបាប ដែលធ្វើទទឹងទទែងនឹងទ្រង់ជាខ្លាំងម៉្លេះ ក្រែងលោអ្នករាល់គ្នាត្រូវនឿយហត់ ហើយរសាយចិត្តចេញ ៤ដ្បិតអ្នករាល់គ្នាមិនទាន់តយុទ្ធនឹងអំពើបាប ដល់ទៅហូរឈាមនៅឡើយទេ ៥តែអ្នករាល់គ្នាបានភ្លេចសេចក្តីដំបូន្មានអស់រលីងទៅ ដែលទ្រង់បានទូន្មានដល់អ្នករាល់គ្នា ទុកដូចជាកូនថា «កូនអើយ កុំឲ្យមើលងាយសេចក្តីផ្ចាញ់ផ្ចាលរបស់ព្រះអម្ចាស់ឡើយ ក៏កុំឲ្យរសាយចិត្តក្នុងកាលដែលទ្រង់បន្ទោសឯងដែរ ៦ដ្បិតព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាលចំពោះអស់អ្នកណាដែលទ្រង់ស្រឡាញ់ ហើយទ្រង់វាយប្រដៅដល់អស់ទាំងកូនដែលទ្រង់ទទួល» ៧បើសិនជាអ្នករាល់គ្នាត្រូវសេចក្តីផ្ចាញ់ផ្ចាល នោះគឺព្រះអង្គទ្រង់ប្រព្រឹត្តនឹងអ្នករាល់គ្នា ដូចជាកូនហើយ ដ្បិតតើមានកូនឯណាដែលឪពុកមិនវាយផ្ចាលនោះ ៨តែបើសិនជាអ្នករាល់គ្នាមិនដែលត្រូវផ្ចាញ់ផ្ចាលសោះ ជាសេចក្តីដែលគ្រប់គ្នាត្រូវរងទ្រាំ នោះអ្នករាល់គ្នាជាកូនឥតខាន់ស្លាទេ មិនមែនជាកូនពិតប្រាកដឡើយ ៩មួយទៀតយើងរាល់គ្នាមានឪពុកខាងសាច់ឈាមដែលវាយផ្ចាលយើង ហើយយើងក៏កោតខ្លាចដល់គាត់ដែរ ដូច្នេះ តើមិនត្រូវឲ្យយើងចុះចូល ចំពោះព្រះវរបិតាខាងវិញ្ញាណជាជាងទៅទៀត ដើម្បីឲ្យបានរស់នៅទេឬអី ១០ដ្បិតឪពុកយើងតែងវាយប្រដៅយើង តាមតែខណចិត្តរបស់គាត់ប៉ុណ្ណោះ តែមិនមែនជាយូរឆ្នាំទេ ចំណែកព្រះដែលទ្រង់វាយផ្ចាល នោះសំរាប់ជាប្រយោជន៍ដល់យើងវិញ ដើម្បីឲ្យយើងបានសេចក្តីបរិសុទ្ធរបស់ទ្រង់ ១១កាលណាយើងត្រូវសេចក្តីផ្ចាញ់ផ្ចាល នោះមើលទៅដូចជាព្រួយណាស់ មិនមែនសប្បាយទេ តែក្រោយមក នោះទើបបង្កើតផលដ៏សុខសាន្តនៃសេចក្តីសុចរិត ដល់អស់អ្នកណាដែលត្រូវរងទ្រាំនោះវិញ។ ១២ដូច្នេះ ចូរលើកដៃដែលស្រពន់ឡើង នឹងជង្គង់ដែលស្លុតដែរ ១៣ហើយធ្វើផ្លូវឲ្យត្រង់ សំរាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញទៅ ស៊ូឲ្យបានជាឡើងវិញ ១៤ចូរដេញតាមសេចក្តីមេត្រី ចំពោះមនុស្សទាំងអស់ចុះ ហើយឲ្យបានញែកជាបរិសុទ្ធដែរ បើអ្នកណាគ្មានសេចក្តីបរិសុទ្ធ នោះមិនដែលឃើញព្រះអម្ចាស់ឡើយ ១៥ហើយត្រូវប្រយ័តឲ្យមែនទែន ក្រែងមានអ្នកណាខ្វះខាងឯព្រះគុណនៃព្រះ ហើយមានឫសជូរចត់ណាពន្លកឡើង នាំឲ្យទំនាស់ចិត្ត រួចមានមនុស្សជាច្រើនបានស្មោកគ្រោក ដោយសារសេចក្តីនោះ ១៦ក្រែងមានអ្នកកំផិត ឬមនុស្សទមិលណា ដូចជាអេសាវ ដែលលក់ច្បាប់បងច្បងរបស់ខ្លួន សង្វាតឲ្យបានតែម្ហូប១មុខប៉ុណ្ណោះដែរ ១៧ដ្បិតអ្នករាល់គ្នាដឹងថា ក្រោយមកគាត់សង្វាតចង់បានពរ តែគាត់ត្រូវចោលចេញវិញ ដ្បិតទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ គង់តែរកផ្លូវប្រែចិត្តមិនឃើញទេ។ ១៨អ្នករាល់គ្នាមិនមែនមកដល់ភ្នំ ដែលនឹងពាល់បានហើយដែលមានភ្លើងឆេះនោះទេ ឬដល់សេចក្តីងងឹត ឬស្រអាប់ ឬខ្យល់ព្យុះ ១៩ឬសូរផ្លុំត្រែ ឬព្រះសៀងនៃព្រះដែលមានបន្ទូលមក ជាសូរសៀង ដែលពួកអ្នកឮ ក៏អង្វរកុំឲ្យព្រះបន្ទូលបានមកដល់ខ្លួនទៀតឡើយ ២០ដ្បិតគេទ្រាំនឹងសេចក្តីដែលបង្គាប់មកមិនបាន គឺជាសេចក្តីថា «សូម្បីសត្វណាដែលពាល់ភ្នំ នោះនឹងត្រូវចោលនឹងថ្ម ឬបាញ់ទំលុះដោយព្រួញ» ២១ហើយការដែលគេឃើញនោះ ក៏គួរស្ញែងខ្លាចណាស់ ដល់ម៉្លេះបានជាម៉ូសេ លោកមានប្រសាសន៍ថា «ខ្ញុំភ័យញ័រជាខ្លាំង» ២២គឺអ្នករាល់គ្នាបានមកដល់ភ្នំស៊ីយ៉ូនវិញ ជាទីក្រុងនៃព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡិមនៃស្ថានសួគ៌ ហើយដល់ពួកទេវតាទាំងសល់សែន ២៣ដល់ទីប្រជុំរបស់មនុស្សទាំងឡាយ នឹងជំនុំពួកកូនច្បងដែលកត់ទុកនៅស្ថានសួគ៌ ដល់ព្រះដ៏ជាចៅក្រមនៃមនុស្សទាំងអស់ ដល់អស់ទាំងវិញ្ញាណនៃពួកសុចរិត ដែលបានគ្រប់លក្ខណ៍ហើយ ២៤ដល់ព្រះយេស៊ូវ ដែលជាអ្នកកណ្តាលនៃសេចក្តីសញ្ញាថ្មី ហើយដល់ព្រះលោហិត ដែលសំរាប់នឹងប្រោះ ជាព្រះលោហិតដែលសំដែងពីសេចក្តីប្រសើរ ជាជាងឈាមរបស់អេបិលទៅទៀតផង។ ២៥ចូរប្រយ័ត កុំឲ្យប្រកែកមិនព្រមស្តាប់តាមព្រះអង្គដែលទ្រង់មានបន្ទូលឡើយ ដ្បិតបើសិនជាអ្នកទាំងនោះដែលមិនព្រមស្តាប់តាមលោកម៉ូសេ ក្នុងកាលដែលលោកសំដែងព្រះបន្ទូល ឲ្យស្តាប់នៅផែនដី គេមិនបានរួចទោសទៅហើយ នោះចំណង់បើយើងរាល់គ្នា ដែលងាកបែរចេញពីព្រះ ដែលមានបន្ទូលពីស្ថានសួគ៌មក តើតឹងជាងយ៉ាងណាទៅ ២៦សំឡេងទ្រង់បានធ្វើឲ្យផែនដីកក្រើករញ្ជួយនៅវេលានោះ តែឥឡូវនេះទ្រង់សន្យាថា «អញនឹងធ្វើឲ្យកក្រើកម្តងទៀត មិនត្រឹមតែផែនដីប៉ុណ្ណោះ គឺទាំងផ្ទៃមេឃថែមទៀតផង» ២៧រីឯពាក្យដែលថា «ម្តងទៀត» នៅះសំដែងថា របស់ដែលត្រូវកក្រើក នោះត្រូវរើចេញ ទុកដូចជារបស់ដែលបានធ្វើហើយ ដើម្បីឲ្យរបស់ដែលមិនបានកក្រើកទាំងប៉ុន្មានបានធន់នៅវិញ ២៨ដូច្នេះ ដែលទទួលនគរ១ដ៏កក្រើករញ្ជួយពុំបាន នោះត្រូវឲ្យយើងដឹងគុណ ដែលដោយសារសេចក្តីនោះ យើងនឹងបំរើព្រះបែបឲ្យទ្រង់សព្វព្រះហឫទ័យ ទាំងមានចិត្តគោរពប្រតិបត្តិ ហើយកោតខ្លាចដល់ទ្រង់ ២៩ដ្បិតព្រះនៃយើងរាល់គ្នាទ្រង់ជាភ្លើងដែលឆេះបន្សុស។ ១៣ ១ចូរឲ្យមានសេចក្តីស្រឡាញ់គ្នា ជាបងប្អូនជានិច្ច ២កុំឲ្យភ្លេចសេចក្តីចៅរ៉ៅឡើយ ដ្បិតមនុស្សខ្លះបានទទួលទាំងទេវតា ឲ្យសំណាក់នៅឥតដឹងផង ដោយមានសេចក្តីនោះឯង ៣ចូរនឹកចាំពីពួកអ្នកជាប់គុក ទុកដូចជាជាប់ចំណងជាមួយគ្នា ហើយពីពួកអ្នកដែលត្រូវគេធ្វើបាបផង ដ្បិតអ្នករាល់គ្នាក៏នៅក្នុងរូបកាយដែរ។ ៤ការវិវាហមង្គលជាការប្រសើរដល់គ្រប់គ្នា ហើយដែលរួមដំណេក នោះក៏ជាការឥតសៅហ្មងដែរ តែព្រះទ្រង់នឹងជំនុំជំរះមនុស្សកំផិត ហើយនឹងមនុស្សសហាយស្មន់គ្នាវិញ។ ៥ចូរឲ្យកិរិយាដែលអ្នករាល់គ្នាប្រព្រឹត្ត បានឥតលោភឡើយ ឲ្យស្កប់ចិត្តនឹងរបស់ដែលមានហើយប៉ុណ្ណោះចុះ ដ្បិតទ្រង់មានបន្ទូលថា «អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ» ៦បានជាយើងរាល់គ្នាអាចនឹងនិយាយ ដោយក្លាហានថា «ខ្ញុំមិនព្រមខ្លាចឡើយព្រោះព្រះអម្ចាស់ទ្រង់ជាជំនួយខ្ញុំ តើមនុស្សនឹងធ្វើដល់ខ្ញុំជាយ៉ាងណាបាន»។ ៧ចូរនឹកចាំពីពួកអ្នកនាំមុខ ដែលបានផ្សាយព្រះបន្ទូលមកអ្នករាល់គ្នា ត្រូវតែត្រាប់តាមសេចក្តីជំនឿរបស់អ្នកទាំងនោះ ទាំងពិចារណាមើលចុងបំផុតនៃកិរិយាគេផង ៨ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ ៩ដូច្នេះ កុំឲ្យបណ្តែតបណ្តោយតាមសេចក្តីបង្រៀនប្លែកៗឡើយ ដ្បិតគួរឲ្យចិត្តបានតាំងនៅខ្ជាប់ខ្ជួន ដោយព្រះគុណ មិនមែនដោយចំណីអាហារទេ ដែលពួកអ្នកប្រព្រឹត្តតាមសេចក្តីទាំងនោះមិនបានប្រយោជន៍អ្វីពីនោះមកឡើយ ១០យើងរាល់គ្នាមានអាសនា១ ដែលពួកអ្នកបំរើក្នុងរោងឧបោសថ គេគ្មានច្បាប់នឹងចូលមកបរិភោគពីអាសនានោះទេ ១១ដ្បិតឯសត្វទាំងប៉ុន្មាន ដែលសម្តេចសង្ឃនាំយកឈាម ចូលទៅក្នុងទីបរិសុទ្ធ ដោយព្រោះបាប នោះត្រូវដុតនៅខាងក្រៅទីដំឡើងត្រសាលវិញ ១២ដូច្នេះ ព្រះយេស៊ូវទ្រង់ក៏បានរងទុក្ខ នៅខាងក្រៅទ្វារក្រុងដែរ ដើម្បីនឹងញែកប្រជាជនឲ្យបរិសុទ្ធ ដោយសារព្រះលោហិតនៃអង្គទ្រង់ ១៣ហេតុនោះបានជាត្រូវឲ្យយើងរាល់គ្នាចេញទៅឯទ្រង់ នៅខាងក្រៅទីដំឡើងត្រសាលដែរ ទាំងផ្ទុកសេចក្តីដំនៀលរបស់ទ្រង់ចុះ ១៤ដ្បិតនៅស្ថាននេះ យើងរាល់គ្នាគ្មានទីក្រុងណា ដែលស្ថិតនៅជាប់ជានិច្ចទេ តែយើងកំពុងតែស្វែងរកក្រុងនោះដែលត្រូវមក ១៥ដូច្នេះ ត្រូវឲ្យយើងរាល់គ្នាថ្វាយពាក្យសរសើរ ដោយសារទ្រង់ទុកជាគ្រឿងបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលថ្លែងប្រាប់ពីព្រះនាមទ្រង់ ១៦កុំឲ្យភ្លេចនឹងធ្វើគុណ ហើយចែកចាយឡើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ។ ១៧ចូរស្តាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ ពីព្រោះអ្នកទាំងនោះថែរក្សា ហាក់ដូចជានឹងត្រូវរាប់រៀបទូលដល់ទ្រង់វិញ។ ១៨សូមជួយអធិស្ឋានឲ្យយើងខ្ញុំផង ដ្បិតយើងខ្ញុំជឿជាក់ថា យើងខ្ញុំមានបញ្ញាចិត្តជ្រះថ្លា ហើយក៏ប្រាថ្នាចង់ប្រព្រឹត្តល្អ ក្នុងគ្រប់ការទាំងអស់ ១៩ខ្ញុំក៏សូមជាលើសទៅទៀតថា ចូរឲ្យអ្នករាល់គ្នាអធិស្ឋាន សូមឲ្យខ្ញុំបានត្រឡប់មកឯអ្នករាល់គ្នាវិញជាឆាប់ៗ។ ២០សូមឲ្យព្រះនៃសេចក្តីសុខសាន្ត ដែលទ្រង់ប្រោសព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ឲ្យត្រឡប់ពីពួកស្លាប់មកវិញ គឺជាអ្នកគង្វាលដ៏ធំនៃហ្វូងចៀម ២១ទ្រង់ប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ក្នុងការល្អគ្រប់ជំពូក ដោយសារព្រះលោហិត នៃសញ្ញាដ៏នៅអស់កល្បជានិច្ច ប្រយោជន៍ឲ្យអ្នករាល់គ្នា បានធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ ដោយទ្រង់ធ្វើការក្នុងអ្នករាល់គ្នា ដែលគាប់ដល់ព្រះហឫទ័យនៃទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ សូមឲ្យទ្រង់បានសិរីល្អ នៅអស់កល្បជានិច្ច រៀងរាបតទៅអាម៉ែន។ ២២តែបងប្អូនអើយ ចូរទ្រាំទ្រនឹងសេចក្តីប្រដៅទូន្មាននេះចុះ ដ្បិតខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នាយ៉ាងខ្លីៗទេ ២៣សូមឲ្យដឹងថា គេបានលែងធីម៉ូថេ ជាបងប្អូនយើងហើយ បើគាត់មកយ៉ាងឆាប់ នោះខ្ញុំនឹងបានមកសួរអ្នករាល់គ្នា ជាមួយនឹងគាត់ដែរ ២៤សូមជំរាបសួរដល់ពួកអ្នកនាំមុខអ្នករាល់គ្នា នឹងពួកបរិសុទ្ធទាំងអស់គ្នាដែរ ពួកអ្នកនៅស្រុកអ៊ីតាលី ក៏សូមជំរាបសួរមកអ្នករាល់គ្នា។ ២៥សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណទាំងអស់គ្នា។ អាម៉ែន។៚ |