Get the DaunPhen font >> HERE <<.


សំបុត្ររបស់ប៉ុល

ដល់ពួក

កាឡាទី


១ ១សំបុត្រប៉ុលខ្ញុំ ដែលជាសាវក មិនមែនអំពីមនុស្ស ឬដោយសារមនុស្សទេ គឺដោយសារព្រះយេស៊ូវគ្រីស្ទ នឹងព្រះដ៏ជាព្រះវរបិតា ដែលបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងនោះវិញ ២ខ្ញុំ នឹងពួកបងប្អូនទាំងអស់គ្នា ដែលនៅជាមួយនឹងខ្ញុំ យើងផ្ញើមកពួកជំនុំទាំងប៉ុន្មាន នៅស្រុកកាឡាទី ៣សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយព្រះគុណនឹងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតា នឹងពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ៤ដែលទ្រង់បានប្រគល់ព្រះអង្គទ្រង់ទៅ ដោយព្រោះបាបយើងរាល់គ្នាដើម្បីនឹងប្រោស ឲ្យយើងបានរួចពីលោកីយ ដ៏អាក្រក់សព្វថ្ងៃនេះ តាមបំណងព្រះហឫទ័យរបស់ព្រះដ៏ជាព្រះវរបិតានៃយើង ៥សូមឲ្យទ្រង់បានសិរីល្អ ដល់អស់កល្បជានិច្ចរៀងតទៅ អាម៉ែន។

៦ខ្ញុំឆ្ងល់ណាស់ ពីដំណើរដែលអ្នករាល់គ្នាបានផ្លាស់ប្រែចេញពីព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមក ក្នុងព្រះគុណនៃព្រះគ្រីស្ទ ជាឆាប់ម៉្លេះ នឹងទៅតាមដំណឹងល្អផ្សេងទៀតនោះ ៧ដែលមិនមែនជាដំណឹងល្អ១ទៀតទេ គឺមានមនុស្សខ្លះបំភាន់អ្នករាល់គ្នាវិញ ហើយចង់បង្ខូចដំណឹងល្អព្រះគ្រីស្ទផង ៨ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ ៩ឯសេចក្តីដែលខ្ញុំទើបនឹងនិយាយអម្បាញ់មិញនេះ នោះខ្ញុំនិយាយម្តងទៀតថា បើអ្នកណាប្រាប់ដំណឹងណា ខុសអំពីដំណឹងល្អ ដែលអ្នករាល់គ្នាបានទទួលហើយ នោះឲ្យគេត្រូវបណ្តាសាចុះ ១០ដ្បិតតើខ្ញុំរកបញ្ចុះបញ្ចូលអ្នកណាតើជាមនុស្ស ឬព្រះ ឬចង់បំពេញចិត្តមនុស្សឬអី បើសិនជាខ្ញុំចង់បំពេញចិត្តមនុស្ស នោះខ្ញុំមិនមែនជាបាវបំរើរបស់ព្រះគ្រីស្ទទេ។

១១បងប្អូនអើយ ខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ដំណឹងល្អដែលខ្ញុំបានថ្លែងប្រាប់ នោះមិនមែនតាមមនុស្សទេ ១២ដ្បិតខ្ញុំមិនបានទទួលមកពីមនុស្ស ក៏គ្មានអ្នកណាបង្រៀនខ្ញុំផង គឺដោយព្រះយេស៊ូវគ្រីស្ទបានបើកសំដែងវិញ ១៣អ្នករាល់គ្នាបានឮនិយាយពីកិរិយារបស់ខ្ញុំ នៅក្នុងសាសនាពួកយូដាកាលពីដើមថា ខ្ញុំបានធ្វើទុក្ខបៀតបៀន ហើយបំផ្លាញដល់ពួកជំនុំនៃព្រះជាខ្លាំងណាស់ ១៤ហើយថា ខ្ញុំកំពុងតែជឿនឡើងក្នុងសាសនារបស់ពួកយូដា លើសជាងពួកសាសន៍ខ្ញុំ ដែលស្រករនឹងខ្ញុំជាច្រើនដែរ ពីព្រោះខ្ញុំមានចិត្តឧស្សាហ៍ តាមសណ្តាប់បុរាណរបស់ពួកឰយុកោខ្ញុំ លើសជាងគេសន្ធឹក ១៥ប៉ុន្តែ កាលព្រះដែលរើសខ្ញុំតាំងពីផ្ទៃម្តាយមក ហើយបានហៅខ្ញុំដោយព្រះគុណទ្រង់ ១៦បានសព្វព្រះហឫទ័យ នឹងបើកសំដែងព្រះរាជបុត្រាទ្រង់ មកក្នុងខ្ញុំ ដើម្បីឲ្យខ្ញុំបានផ្សាយដំណឹងល្អពីទ្រង់ ដល់ពួកសាសន៍ដទៃ នោះខ្ញុំមិនបានទៅប្រឹក្សានឹងសាច់ឈាមទេ ១៧ក៏មិនបានឡើងទៅឯពួកអ្នក ដែលជាសាវកមុនខ្ញុំ នៅក្រុងយេរូសាឡិមដែរ គឺបានទៅឯស្រុកអារ៉ាប់ភ្លាម រួចត្រឡប់ទៅឯក្រុងដាម៉ាសវិញ ១៨លុះក្រោយ៣ឆ្នាំមក ខ្ញុំបានឡើងទៅឯក្រុងយេរូសាឡិម ដើម្បីឲ្យបានស្គាល់លោកពេត្រុស ក៏នៅជាមួយនឹងលោកអស់១៥ថ្ងៃ ១៩តែមិនបានឃើញពួកសាវកឯទៀតទេ ឃើញតែយ៉ាកុប ជាប្អូននៃព្រះអម្ចាស់ប៉ុណ្ណោះ ២០រីឯសេចក្តីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ មើល ខ្ញុំនៅចំពោះព្រះហើយ ខ្ញុំមិនកុហកទេ ២១ក្រោយនោះ ខ្ញុំបានមកក្នុងស្រុកស៊ីរី នឹងស្រុកគីលីគា ២២តែពួកជំនុំក្នុងព្រះគ្រីស្ទដែលនៅស្រុកយូដា មិនបានស្គាល់មុខខ្ញុំទេ ២៣គេគ្រាន់តែឮថា អ្នកដែលធ្វើទុក្ខគេកាលពីដើម ឥឡូវនេះ កំពុងផ្សាយដំណឹងពីសេចក្តីជំនឿ ដែលបានបំផ្លាញពីដើមនោះវិញ ២៤ហើយគេក៏សរសើរដំកើងដល់ព្រះដោយព្រោះខ្ញុំ។



២ ១លុះកន្លងក្រោយមក១៤ឆ្នាំ នោះខ្ញុំបានឡើងទៅឯក្រុងយេរូសាឡិមម្តងទៀត ជាមួយួនឹងបាណាបាស ក៏យកទីតុសទៅជាមួយួដែរ ២ខ្ញុំបានឡើងទៅ តាមសេចក្តីដែលបើកសំដែងមក ហើយបានបង្ហាញដំណឹងល្អ ដែលខ្ញុំថ្លែងប្រាប់នៅក្នុងពួកសាសន៍ដទៃ ឲ្យពួកអ្នកមុខុបានស្គាល់ដោយឡែក ក្រែងខ្ញុំកំពុងតែរត់ ឬបានរត់ពីដើមនោះ ជាបែបឥតប្រយោជន៍យ៉ាងណា ៣(តែគេមិនបង្ខំឲ្យទីតុស ជាសាសន៍ក្រេក ដែលនៅជាមួយនឹងខ្ញុំ បានកាត់ស្បែកទេ) ៤ដែលបង្ហាញគេដូច្នេះ គឺដោយព្រោះពួកបងប្អូនក្លែងក្លាយ ដែលបានស៊កសៀតចូលមក ដោយលួចលាក់ គេបានលួចចូល ដើម្បីនឹងលបមើលសេរីភាពនៃយើងខ្ញុំ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ដោយចង់នាំឲ្យយើងខ្ញុំជាប់ចំណងវិញ ៥តែយើងខ្ញុំមិនព្រមចុះចូលនឹងពួកនោះ សូម្បីតែ១ភ្លែតផង ដើម្បីឲ្យសេចក្តីពិតរបស់ដំណឹងល្អ បាននៅស្ថិតស្ថេរជាប់នឹងអ្នករាល់គ្នា ៦តែពួកអ្នក ដែលគេរាប់ទុកជាប្រសើរ ទោះបើគេជាអ្វីក៏ដោយនោះឥតមានអំពល់អ្វីដល់ខ្ញុំទេ ព្រោះព្រះទ្រង់មិនរើសមុខអ្នកណាឡើយ ពួកអ្នកមុខនោះមិនបានបន្ថែមចំណេះអ្វីឲ្យខ្ញុំសោះ ៧តែកាលគេបានឃើញថា ដំណឹងល្អសំរាប់ពួកមិនកាត់ស្បែក បានផ្ញើទុកនឹងខ្ញុំ ដូចជាដំណឹងល្អសំរាប់ពួកកាត់ស្បែក បានផ្ញើទុកនឹងលោកពេត្រុសដែរ ៨(ដ្បិតព្រះ ដែលបណ្តាលឲ្យលោកពេត្រុស ធ្វើជាសាវកដល់ពួកកាត់ស្បែក នោះបានបណ្តាលឲ្យខ្ញុំ ធ្វើជាសាវកដល់ពួកសាសន៍ដទៃដែរ) ៩ហើយកាលបានឃើញព្រះគុណដែលទ្រង់ប្រទានមកខ្ញុំ នោះលោកយ៉ាកុប លោកកេផាសនឹងលោកយ៉ូហាន ដែលគេរាប់ទុកជាសសរទ្រូង លោកបានលូកដៃស្តាំមកទទួលខ្ញុំ នឹងបាណាបាស ក្នុងសេចក្តីប្រកបគ្នា ដើម្បីឲ្យយើងខ្ញុំទៅឯសាសន៍ដទៃ ហើយលោកទៅឯពួកកាត់ស្បែកវិញ ១០លោកផ្តាំឲ្យតែយើងខ្ញុំនឹកចាំពីពួកអ្នកក្រ ជាការដែលខ្ញុំឧស្សាហ៍ខំធ្វើដែរ។

១១ប៉ុន្តែ កាលលោកពេត្រុសបានមកដល់អាន់ទីយ៉ូក នោះខ្ញុំបានទាស់ទទឹងនឹងលោកនៅប្រទល់មុខ ពីព្រោះលោកគួរឲ្យបន្ទោសបាន ១២ដ្បិតមុនដែលមានអ្នកខ្លះមកពីលោកយ៉ាកុប នោះលោកបានបរិភោគជាមួយនឹងពួកសាសន៍ដទៃ តែលុះគេមកដល់ហើយ នោះលោកដកខ្លួនថយចេញ ដោយកោតខ្លាចដល់ពួកកាត់ស្បែក ១៣ឯពួកសាសន៍យូដាឯទៀត ក៏ធ្វើជាពើជាមួយនឹងលោកដែរដល់ម៉្លេះបានជាបាណាបាស ត្រូវបណ្តោយតាមអំពើកំពុតរបស់គេទៀត ១៤កាលខ្ញុំឃើញថា គេមិនដើរត្រង់តាមសេចក្តីពិតនៃដំណឹងល្អទេ នោះខ្ញុំក៏សួរលោកពេត្រុសនៅមុខមនុស្សទាំងអស់ថា បើលោក ដែលជាសាសន៍យូដា មិនប្រព្រឹត្តតាមទំនៀមទំលាប់របស់សាសន៍យូដាទេ គឺប្រព្រឹត្តតាមទំនៀមទំលាប់សាសន៍ដទៃវិញ នោះហេតុអ្វីបានជាបង្ខំឲ្យសាសន៍ដទៃ ប្រព្រឹត្តដូចជាសាសន៍យូដាដូច្នេះ ១៥ឯយើងដែលជាសាសន៍យូដាពីកំណើត ហើយមិនមែនជាអ្នកដែលមានបាបក្នុងសាសន៍ដទៃ ១៦យើងដឹងថា មនុស្សមិនបានរាប់ជាសុចរិត ដោយប្រព្រឹត្តតាមក្រិត្យវិន័យនោះឡើយ គឺដោយសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទវិញ ហេតុនោះបានជាយើងជឿដល់ព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿ ជឿដល់ព្រះគ្រីស្ទនោះ មិនមែនដោយប្រព្រឹត្តតាមក្រិត្យវិន័យទេ ពីព្រោះគ្មានមនុស្សណាបានរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រិត្យវិន័យឡើយ ១៧រីឯ កាលយើងខ្ញុំកំពុងតែស្វែងរកឲ្យបានរាប់ជាសុចរិតក្នុងព្រះគ្រីស្ទ នោះបើសិនជាគេឃើញយើងមានបាបវិញ ដូច្នេះ តើព្រះគ្រីស្ទជាអ្នកចែកចាយអំពើបាបឬអី ទេ មិនមែនឡើយ ១៨ដ្បិតបើសិនជាខ្ញុំតាំងការទាំងនោះឡើងវិញ ដែលខ្ញុំបានរំលំពីដើម នោះឈ្មោះថា ខ្ញុំតាំងខ្លួនខ្ញុំជាអ្នករំលងច្បាប់ហើយ ១៩ពីព្រោះខ្ញុំបានស្លាប់ខាងឯក្រិត្យវិន័យ ដោយសារក្រិត្យវិន័យនោះឯង ដើម្បីឲ្យខ្ញុំបានរស់ខាងឯព្រះវិញ ២០ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ ២១ខ្ញុំមិនលើកព្រះគុណនៃព្រះចោលទេ ដ្បិតបើសិនជាសេចក្តីសុចរិតមកដោយសារក្រិត្យវិន័យ នោះព្រះគ្រីស្ទបានសុគតជាឥតប្រយោជន៍សោះ។



៣ ១ឱពួកអ្នកស្រុកកាឡាទីឥតបើគិតអើយ ដែលបានបើកសំដែងព្រះយេស៊ូវគ្រីស្ទមកយ៉ាងច្បាស់ នៅភ្នែកអ្នករាល់គ្នា ហើយទាំងជាប់ឆ្កាងផង នោះតើអ្នកណាបានធ្វើអំពើដាក់អ្នករាល់គ្នា ឲ្យលែងស្តាប់តាមសេចក្តីពិតវិញដូច្នេះ ២ខ្ញុំចង់សួរអ្នករាល់គ្នាតែប៉ុណ្ណេះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណ ដោយប្រព្រឹត្តតាមក្រិត្យវិន័យ ឬដោយបានស្តាប់ ទាំងមានសេចក្តីជំនឿ ៣តើអ្នករាល់គ្នាជាមនុស្សឥតបើគិតជាខ្លាំងដល់ម៉្លេះឬអី ដែលបានចាប់ផ្តើម ដោយព្រះវិញ្ញាណហើយ តើឥឡូវនេះបានគ្រប់លក្ខ័ណឡើង ដោយសាច់ឈាមវិញឬ ៤តើបានរងទុក្ខច្រើនម៉្លេះជាឥតប្រយោជន៍ឬអី គឺបើជាឥតប្រយោជន៍មែន ៥ឯព្រះ ដែលទ្រង់ប្រទានព្រះវិញ្ញាណមកអ្នករាល់គ្នា ហើយធ្វើការឫទ្ធិបារមីក្នុងពួកអ្នករាល់គ្នា នោះតើដោយអ្នករាល់គ្នាប្រព្រឹត្តតាមក្រិត្យវិន័យ ឬដោយស្តាប់ទាំងមានសេចក្តីជំនឿវិញ ៦ដូចជាលោកអ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្តីនោះ បានរាប់ជាសេចក្តីសុចរិតដល់លោក ៧ដូច្នេះចូរដឹងថា ពួកអ្នកដែលមានសេចក្តីជំនឿ នោះជាពូជលោកអ័ប្រាហាំហើយ ៨ហើយដោយគម្ពីរបានដឹងជាមុនថា ព្រះទ្រង់នឹងរាប់ពួកសាសន៍ដទៃជាសុចរិត ដោយសេចក្តីជំនឿ បានជាមានសេចក្តីប្រកាសប្រាប់មក ដល់លោកអ័ប្រាហាំជាមុនថា អស់ទាំងសាសន៍នឹងបានពរដោយសារឯង ៩ដូច្នេះ អស់អ្នកដែលមានសេចក្តីជំនឿនោះឈ្មោះថា បានពរជាមួយនឹងលោកអ័ប្រាហាំ ដែលជាអ្នកជឿដែរ ១០តែអស់អ្នកដែលអាងដល់ការប្រព្រឹត្តតាមក្រិត្យវិន័យ នោះត្រូវបណ្តាសាវិញ ដ្បិតមានសេចក្តីចែងទុកមកថា ត្រូវបណ្តាសាហើយ អស់អ្នកណាដែលមិនកាន់ខ្ជាប់តាមគ្រប់ទាំងសេចក្តី ដែលកត់ទុកក្នុងគម្ពីរក្រិត្យវិន័យ ដើម្បីនឹងប្រព្រឹត្តតាម ១១ហើយច្បាស់ជាគ្មានអ្នកណាបានរាប់ជាសុចរិត នៅចំពោះព្រះ ដោយសារក្រិត្យវិន័យឡើយ ពីព្រោះ មនុស្សសុចរិតនឹងរស់ ដោយអាងសេចក្តីជំនឿ ១២ឯក្រិត្យវិន័យ មិនអាងសេចក្តីជំនឿទេ គឺអ្នកណាដែលអាចនឹងប្រព្រឹត្ត តាមសេចក្តីទាំងនោះបានអ្នកនោះនឹងរស់នៅ ដោយសារសេចក្តីទាំងនោះ ១៣ព្រះគ្រីស្ទទ្រង់បានលោះយើងរាល់គ្នា ឲ្យរួចពីសេចក្តីបណ្តាសារបស់ក្រិត្យវិន័យ ដោយទ្រង់ត្រូវបណ្តាសាជំនួសយើងរាល់គ្នា (ដ្បិតមានសេចក្តីចែងទុកមកថា ត្រូវបណ្តាសាហើយ អ្នកណាដែលត្រូវព្យួរនៅលើឈើ) ១៤ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ បានមកដល់អស់ទាំងសាសន៍ក្នុងព្រះគ្រីស្ទយេស៊ូវ ប្រយោជន៍ឲ្យយើងបានទទួលសេចក្តីសន្យា គឺជាព្រះវិញ្ញាណ ដោយសារសេចក្តីជំនឿ។

១៥បងប្អូនអើយ ខ្ញុំនិយាយតាមបែបភាពមនុស្សថា សូម្បីតែសេចក្តីសញ្ញារបស់មនុស្ស បើគេយល់ព្រមតាំងនឹងគ្នាជាស្រេចហើយ នោះគ្មានអ្នកណានឹងលើកចោលឬបន្ថែមបញ្ចូលអ្វីឡើយ ១៦រីឯសេចក្តីសន្យាទាំងប៉ុន្មាននោះបានតាំងនឹងលោកអ័ប្រាហាំ ហើយនឹងពូជលោក តែទ្រង់មិនបានមានបន្ទូលថា នឹងពូជទាំងប៉ុន្មាន ដូចជាមានពូជជាច្រើននោះទេ គឺចំពោះពូជតែ១វិញ ដោយថា នឹងពូជលោក១នោះឯង គឺជាព្រះគ្រីស្ទ ១៧ខ្ញុំចង់និយាយដូច្នេះថា សេចក្តីសញ្ញាដែលព្រះបានយល់ព្រមជាមុន នោះក្រិត្យវិន័យ ដែលកើតឡើង៤៣០ឆ្នាំជាក្រោយនឹងលើកចោល ឲ្យសេចក្តីសញ្ញានោះទៅជាឥតប្រយោជន៍មិនបាន ១៨ដ្បិតបើសិនជាមរដកនោះបានមក ដោយអាងក្រិត្យវិន័យ នោះមិនមែនអាងសេចក្តីសន្យាទៀតទេ តែព្រះទ្រង់បានប្រទានដល់លោកអ័ប្រាហាំ តាមសេចក្តីសន្យាវិញ ១៩ដូច្នេះ តើហេតុអ្វីបានជាមានក្រិត្យវិន័យ នោះគឺបានបន្ថែមបញ្ចូល ដោយព្រោះសេចក្តីរំលងច្បាប់ ទាល់តែពូជបានកើតឡើង ដែលទ្រង់តាំងសេចក្តីសន្យានោះឲ្យ ដោយសារពួកទេវតា នៅដៃនៃអ្នកកណ្តាលម្នាក់ ២០រីឯអ្នកកណ្តាល នោះមិនមែនបង្រួបបង្រួមអ្នកណាតែម្នាក់ឯងនោះឡើយ តែចំណែកព្រះ ទ្រង់ជាព្រះតែ១ទេ។

២១ដូច្នេះ តើក្រិត្យវិន័យទាស់ទទឹងនឹងសេចក្តីសន្យានៃព្រះឬអី មិនមែនទេ ដ្បិតបើសិនជាមានក្រិត្យវិន័យណាប្រទានមក ដែលអាចនឹងធ្វើឲ្យរស់បាន នោះប្រាកដជាសេចក្តីសុចរិតនឹងមក ដោយសារក្រិត្យវិន័យនោះហើយ ២២ប៉ុន្តែ គម្ពីរបានបង្ខាំងគ្រប់ទាំងអស់ក្នុងអំពើបាប ដើម្បីឲ្យសេចក្តីដែលទ្រង់សន្យា បានប្រទានមកដល់ពួកអ្នកជឿវិញ ដោយសារសេចក្តីជំនឿដល់ព្រះយេស៊ូវគ្រីស្ទ ២៣តែកាលមុនដែលមានសេចក្តីជំនឿចូលមក នោះយើងរាល់គ្នាត្រូវបង្ខាំងនៅក្រោមក្រិត្យវិន័យ គឺត្រូវឃុំទុក សំរាប់សេចក្តីជំនឿ ដែលត្រូវលេចមក ២៤បានជាក្រិត្យវិន័យធ្វើជាអ្នកដឹកនាំយើងរាល់គ្នាទៅដល់ព្រះគ្រីស្ទ ដើម្បីឲ្យយើងបានរាប់ជាសុចរិត ដោយអាងសេចក្តីជំនឿ ២៥តែលុះកាលសេចក្តីជំនឿបានមកដល់ នោះយើងមិនមែននៅក្រោមអំណាច របស់អ្នកដឹកនាំនោះទៀតទេ ២៦ដ្បិតអ្នករាល់គ្នាសុទ្ធតែជាកូនព្រះ ដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ ២៧ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ ២៨គ្មានសាសន៍យូដា ឬសាសន៍ក្រេកគ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស នឹងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ២៩ហើយបើអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះក៏ពេញជាពូជរបស់លោកអ័ប្រាហាំហើយ ក៏ជាអ្នកគ្រងមរដកតាមសេចក្តីសន្យាផង។



៤ ១ខ្ញុំនិយាយដូច្នេះថា កាលអ្នក ដែលត្រូវគ្រងមរដកនៅក្មេងនៅឡើយ នោះមិនផ្សេងពីបាវបំរើប៉ុន្មានទេ ទោះបើជាម្ចាស់លើទាំងអស់ក៏ដោយ ២ដ្បិតត្រូវនៅក្នុងអំណាចភីលៀង នឹងអ្នកត្រួតត្រា ដរាបដល់វេលា ដែលឪពុកបានកំណត់ជាមុន ៣ឯយើងរាល់គ្នាក៏ដូច្នេះដែរ កាលយើងនៅក្មេងនៅឡើយ នោះយើងត្រូវជាប់ចំណង ក្នុងអំណាចនៃអស់ទាំងបឋមសិក្សារបស់លោកីយ ៤តែលុះវេលាកំណត់បានមកដល់ នោះព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកចាប់កំណើតនឹងស្ត្រី គឺកើតក្រោមអំណាចនៃក្រិត្យវិន័យ ៥ដើម្បីនឹងលោះពួកអ្នកដែលនៅក្រោមក្រិត្យវិន័យ ប្រយោជន៍ឲ្យយើងបានទទួលសគុណ ទុកជាកូនចិញ្ចឹម ៦ហើយដោយព្រោះអ្នករាល់គ្នាជាកូន បានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងចិត្តអ្នករាល់គ្នា ឲ្យបន្លឺឡើងថា អ័ប្បា ព្រះវរបិតាអើយ ៧ដូច្នេះ អ្នករាល់គ្នាមិនមែនជាបាវបំរើទៀតទេ គឺជាកូនវិញ ហើយបើជាកូន នោះនឹងបានមរដកនៃព្រះ ដោយសារព្រះគ្រីស្ទដែរ ៨នៅវេលានោះ កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះ នោះត្រូវជាប់បំរើដល់អស់ទាំងរបស់ ដែលមិនមែនជាព្រះពីកំណើតទេ ៩តែឥឡូវនេះ លុះបានស្គាល់ព្រះហើយ (តែស៊ូថា ព្រះបានស្គាល់អ្នករាល់គ្នាវិញជាជាង) នោះធ្វើដូចម្តេចឲ្យអ្នករាល់គ្នាបានត្រឡប់ទៅឯបថមសិក្សាខ្សោយ ហើយទាបថោក ដែលអ្នករាល់គ្នាចង់ទៅជាប់បំរើម្តងទៀតនោះ ១០អ្នករាល់គ្នាជាអ្នកកាន់ថ្ងៃ ខែ រដូវ នឹងឆ្នាំផ្សេងៗ ១១ខ្ញុំខ្លាចក្រែងខ្ញុំបានធ្វើការនឿយហត់ ក្នុងពួកអ្នករាល់គ្នាជាឥតប្រយោជន៍។

១២បងប្អូនអើយ ខ្ញុំសូមអង្វរឲ្យអ្នករាល់គ្នាបានដូចខ្ញុំ ដ្បិតខ្ញុំដូចអ្នករាល់គ្នាដែរ អ្នករាល់គ្នាមិនបានធ្វើអ្វីខុសនឹងខ្ញុំទេ ១៣តែអ្នករាល់គ្នាដឹងថា ខ្ញុំបានផ្សាយដំណឹងល្អមកអ្នករាល់គ្នាកាលពីដើម ដោយសេចក្តីកំសោយខាងសាច់ឈាម ១៤ហើយអ្នករាល់គ្នាមិនបានមើលងាយ ចំពោះសេចក្តីល្បងក្នុងសាច់ឈាមខ្ញុំ ឬចោលខ្ញុំចេញ ដោយខ្ពើមនោះទេ គឺបានទទួលខ្ញុំ ទុកដូចជាទេវតានៃព្រះវិញ ហើយដូចជាព្រះយេស៊ូវគ្រីស្ទផង ១៥ដូច្នេះ សេចក្តីអំណរដែលអ្នករាល់គ្នាមានកាលពីដើមនោះ តើនៅឯណា ដ្បិតខ្ញុំធ្វើបន្ទាល់ពីអ្នករាល់គ្នាថា កាលណោះអ្នករាល់គ្នានឹងខ្វេះភ្នែកចេញឲ្យមកខ្ញុំ បើសិនជាបាន ១៦ដូច្នេះ តើខ្ញុំបានត្រឡប់ជាខ្មាំងសត្រូវនឹងអ្នករាល់គ្នាវិញ ដោយព្រោះតែនិយាយសេចក្តីពិតឬអី ១៧គេមានសេចក្តីឧស្សាហ៍ដល់អ្នករាល់គ្នាណាស់ តែមិនល្អទេ គឺគេចង់តែឲ្យអ្នករាល់គ្នាចោលយើងខ្ញុំចេញ ដើម្បីឲ្យអ្នករាល់គ្នាប្រឹងសង្វាតទៅតាមគេវិញ ១៨គួរឲ្យមានសេចក្តីសង្វាត ខាងការល្អជាដរាបទៅ មិនមែនតែក្នុងកាលដែលខ្ញុំនៅជាមួយប៉ុណ្ណោះឡើយ ១៩កូនចៅអើយ ខ្ញុំលំបាកក្នុងចិត្តជាពន់ពេក ដោយព្រោះអ្នករាល់គ្នាម្តងទៀត ទាល់តែព្រះគ្រីស្ទបានកមានរូបរាង ក្នុងអ្នករាល់គ្នាឡើង ២០ហើយឥឡូវនេះ ខ្ញុំចង់នៅជាមួយនឹងអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំបានផ្លាស់ពាក្យសំដីចេញ ដ្បិតខ្ញុំមានសេចក្តីសង្ស័យ ពីដំណើរអ្នករាល់គ្នាណាស់។

២១អ្នករាល់គ្នា ដែលចង់នៅក្រោមបន្ទុកក្រិត្យវិន័យអើយ សូមប្រាប់មកខ្ញុំ តើមិនឮសេចក្តីដែលក្រិត្យវិន័យថាទេឬអី ២២ដ្បិតមានសេចក្តីចែងទុកមកថា លោកអ័ប្រាហាំមានកូន២ មួយកើតពីបាវស្រី ហើយមួយពីស្រីអ្នកជា ២៣តែកូនដែលកើតពីបាវស្រី នោះបានកើតតាមសាច់ឈាម ហើយ១ដែលកើតពីអ្នកជា បានកើតតាមសេចក្តីសន្យាវិញ ២៤នោះជាសេចក្តីប្រៀបធៀប គឺស្ត្រីទាំង២នេះជាគំរូពីសេចក្តីសញ្ញា២ច្បាប់ មួយមកពីភ្នំស៊ីណាយ ក៏បង្កើតសភាពជាបាវបំរើ នោះគឺជានាងហាការ ២៥ដ្បិតនាងហាការទុកដូចជាភ្នស៊្នីំណាយ នៅស្រុកអារ៉ាប់ ហើយក៏ត្រូវនឹងក្រុងយេរូសាឡិមសព្វថ្ងៃនេះ ជាក្រុងដែលជាប់បំរើជាមួយនឹងកូនចៅផង ២៦តែក្រុងយេរូសាឡិម ដែលនៅស្ថានលើ នោះជាស្រីអ្នកជាវិញដែលជាម្តាយយើងទាំងអស់គ្នា ២៧ដ្បិតមានសេចក្តីចែងទុកមកថា ឱនាងអារ ដែលមិនបង្កើតកូនអើយ ចូរអរសប្បាយឡើង ឱនាងដែលមិនបានឈឺនឹងសំរាលអើយ ចូរធ្លាយសំរែកឡើងចុះ ពីព្រោះកូនរបស់នាងដែលគ្មានគូ នោះច្រើនជាងកូននៃនាងដែលមានប្តីទៅហើយ ២៨តែបងប្អូនអើយ យើងរាល់គ្នាជាកូនតាមសេចក្តីសន្យា ដូចជាលោកអ៊ីសាកដែរ ២៩តែឥឡូវនេះក៏ដូចជាកាលពីដើម ដ្បិតកូនដែលកើតតាមសាច់ឈាម បានធ្វើទុក្ខដល់កូនដែលកើតតាមព្រះវិញ្ញាណវិញ ៣០តែគម្ពីរថាដូចម្តេច គឺថា ចូរដេញបាវស្រីនឹងកូនវាចេញ ដ្បិតកូនរបស់បាវស្រី មិនត្រូវគ្រងមរដក ជាមួយនឹងកូនរបស់ស្រីអ្នកជាឡើយ ៣១ដូច្នេះ បងប្អូនអើយ យើងរាល់គ្នាមិនមែនជាកូនរបស់បាវស្រីទេ គឺជាកូនរបស់ស្រីអ្នកជាវិញ។



៥ ១ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួន ក្នុងសេរីភាពនោះចុះ កុំឲ្យត្រូវជាប់ចំណងជាបាវបំរើទៀតឡើយ ២នែ ប៉ុលខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាសោះ ៣ហើយខ្ញុំធ្វើបន្ទាល់ម្តងទៀត ដល់អស់មនុស្សដែលកាត់ស្បែកហើយថា អ្នកនោះឯងជាអ្នកជំពាក់ក្រិត្យវិន័យ នឹងត្រូវធ្វើតាមគ្រប់ជំពូក ៤អ្នករាល់គ្នាណាដែលពឹងដល់ក្រិត្យវិន័យ ឲ្យបានរាប់ជាសុចរិត នោះត្រូវកាត់ចេញពីព្រះគ្រីស្ទ អ្នកបានធ្លាក់ចេញពីព្រះគុណហើយ ៥ដ្បិតយើងរាល់គ្នាអាងសេចក្តីជំនឿ ដើម្បីនឹងរងចាំដោយនូវព្រះវិញ្ញាណ ឲ្យបានសេចក្តីសុចរិតដែលយើងសង្ឃឹមចង់បាននោះ ៦ពីព្រោះក្នុងព្រះគ្រីស្ទយេស៊ូវ ដែលកាត់ស្បែកឬមិនកាត់ នោះមិនជាប្រយោជន៍អ្វីទេ មានប្រយោជន៍តែសេចក្តីជំនឿ ដែលប្រព្រឹត្តដោយសេចក្តីស្រឡាញ់ប៉ុណ្ណោះ ៧អ្នករាល់គ្នាបានរត់យ៉ាងល្អហើយ តើអ្នកណាបានឃាត់មិនឲ្យស្តាប់តាមសេចក្តីពិតវិញ ៨ការបញ្ចុះបញ្ចូលនេះមិនមែនមកពីព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាទេ ៩ដំបែតែបន្តិច អាចធ្វើឲ្យម្សៅទាំងអស់ដោរឡើងបាន ១០ខ្ញុំទុកចិត្តនឹងអ្នករាល់គ្នា ដោយនូវព្រះអម្ចាស់ថា អ្នករាល់គ្នានឹងគ្មានគំនិតណាផ្សេងទៀតឡើយ តែអ្នកដែលបំភាន់អ្នករាល់គ្នា នោះនឹងត្រូវទោសវិញ ទោះបើជាអ្នកណាក៏ដោយ ១១ប៉ុន្តែ បងប្អូនអើយ បើសិនជាខ្ញុំនៅតែប្រដៅឲ្យគេកាត់ស្បែក នោះតើហេតុអ្វីបានជាគេនៅតែបៀតបៀនដល់ខ្ញុំទៀត បើប្រដៅដូច្នោះ នោះសេចក្តីបង្អាក់បង្អន់ ពីរឿងឈើឆ្កាង ត្រូវបាត់ហើយ ១២បើពួកអ្នកដែលបំភាន់អ្នករាល់គ្នាបានកាត់ខ្លួនគេចោលចេញ នោះខ្ញុំចូលចិត្តណាស់។

១៣បងប្អូនអើយ ព្រះទ្រង់បានហៅអ្នករាល់គ្នាមក ឲ្យមានសេរីភាព តែកុំឲ្យប្រើសេរីនោះ ទុកជាឱកាសដល់សាច់ឈាមឡើយ គឺត្រូវឲ្យបំរើគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់វិញ ១៤ដ្បិតក្រិតវិន័យទាំងមូល បានសំរេចមកក្នុងពាក្យតែ១ម៉ាត់នេះថា ចូរឯងស្រឡាញ់អ្នកជិតខាង ដូចខ្លួនឯង ១៥បើអ្នករាល់គ្នាចេះតែប្រខាំហើយហែកគ្នាស៊ីទៅវិញទៅមក នោះត្រូវប្រយ័តចុះ ក្រែងលោវិនាសអស់រលីងទៅ។

១៦តែខ្ញុំប្រាប់ថា ចូរដើរក្នុងព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងមិនបំពេញសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមទេ ១៧ដ្បិតសាច់ឈាមតែងតែប៉ងប្រាថ្នាទាស់នឹងព្រះវិញ្ញាណឯព្រះវិញ្ញាណ ទ្រង់ក៏ទាស់នឹងសាច់ឈាមដែរ សេចក្តីទាំង២នេះប្រឆាំងនឹងគ្នា ដល់ម៉្លេះបានជាអ្នករាល់គ្នារកធ្វើការ ដែលចង់ធ្វើទៅមិនកើត ១៨បើព្រះវិញ្ញាណទ្រង់នាំអ្នករាល់គ្នាវិញ នោះអ្នករាល់គ្នាមិននៅក្រោមបន្ទុកក្រិត្យវិន័យទៀតទេ ១៩រីឯកិច្ចការខាងសាច់ឈាម នោះប្រាកដច្បាស់ហើយ គឺជាសេចក្តីកំផិត សហាយស្មន់ ស្មោកគ្រោក អាសអាភាស ២០ថ្វាយបង្គំរូបព្រះ មន្តអាគម សំអប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ២១ច្រណែន កាប់សំឡាប់ ប្រមឹក ស៊ីផឹកជ្រុល នឹងការអ្វីទៀត ដែលស្រដៀងនឹងសេចក្តីទាំងនេះផង ហើយខ្ញុំប្រាប់អ្នករាល់គ្នាទុកជាមុន ដូចជាបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តដូច្នេះ នោះមិនបានគ្រងនគរព្រះ ទុកជាមរដកឡើយ ២២តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្តីស្រឡាញ់អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ២៣ស្លូតបូត ហើយដឹងខ្នាត គ្មានក្រិត្យវិន័យណាទាស់នឹងសេចក្តីយ៉ាងនោះទេ ២៤ហើយអស់អ្នកដែលជារបស់ផងព្រះគ្រីស្ទ នោះបានឆ្កាងសាច់ឈាមហើយ ព្រមទាំងសេចក្តីរំជួល នឹងសេចក្តីប៉ងប្រាថ្នា ទាំងប៉ុន្មានផង ២៥បើសិនជាយើងរស់ដោយនូវព្រះវិញ្ញាណ នោះត្រូវដើរដោយព្រះវិញ្ញាណដែរ ២៦កុំឲ្យយើងរាល់គ្នារកកេរ្តិ៍ឈ្មោះដែលឥតប្រយោជន៍ ទាំងចាក់រុក ហើយឈ្នានីសគ្នាទៅវិញទៅមកឡើយ។



៦ ១ឱបងប្អូនអើយ បើបានទាន់ឃើញមនុស្សណាធ្វើខុសអ្វី នោះអ្នករាល់គ្នាដែលដើរដោយព្រះវិញ្ញាណ ចូរដំរង់អ្នកនោះដោយចិត្តសុភាព ព្រមទាំងប្រយ័តខ្លួនឯងផងក្រែងត្រូវសេចក្តីល្បួងដែរ ២ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះទើបបានសំរេចតាមក្រិត្យវិន័យនៃព្រះគ្រីស្ទ ៣ដ្បិតបើអ្នកណាគិតស្មានថាខ្លួនជាអ្វីៗ តែមិនជាអ្វីសោះអ្នកនោះឈ្មោះថាបញ្ឆោតខ្លួនឯងហើយ ៤ចូរឲ្យគ្រប់គ្នាល្បងលការ ដែលធ្វើរៀងៗខ្លួន នោះនឹងមានសេចក្តីអំនួតចំពោះតែខ្លួនឯង មិនមែនចំពោះអ្នកណាទៀតទេ ៥ដ្បិតគ្រប់គ្នាត្រូវទទួលបន្ទុកជារបស់ផងខ្លួន។

៦អ្នកណាដែលមានគ្រូបង្រៀនខាងព្រះបន្ទូល នោះត្រូវចែកគ្រប់ទាំងរបស់ល្អឲ្យដល់គ្រូនោះផង ៧កុំឲ្យច្រឡំឡើយ នឹងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ ៨អ្នកណាដែលព្រោះខាងឯសាច់ឈាមរបស់ខ្លួន នឹងច្រូតបានសេចក្តីពុករលួយពីសាច់ឈាមនោះឯង តែអ្នកណាដែលព្រោះខាងឯព្រះវិញ្ញាណ នោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ ៩កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់យើងនឹងច្រូតបានហើយ ១០ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម។

១១សូមមើលអក្សរធំទាំងម៉្លេះនេះ ដែលខ្ញុំសរសេរដោយដៃខ្ញុំ ផ្ញើមកអ្នករាល់គ្នា ១២អស់អ្នកណាដែលចង់បានឫកពាល្អខាងសាច់ឈាម នោះគេបង្ខំឲ្យអ្នករាល់គ្នាទទួលកាត់ស្បែក ដើម្បីឲ្យតែខ្លួនគេបានរួចពីសេចក្តីបៀតបៀន ដោយព្រោះឈើឆ្កាងនៃព្រះគ្រីស្ទ ១៣ដ្បិតពួកអ្នកដែលទទួលពិធីកាត់ស្បែកនោះ គេមិនទាំងកាន់តាមក្រិត្យវិន័យផង តែគេចង់ឲ្យអ្នករាល់គ្នាកាត់ស្បែកវិញ ដើម្បីឲ្យគេបានអួតខ្លួន ខាងឯសាច់ឈាមរបស់អ្នករាល់គ្នាប៉ុណ្ណោះ ១៤ឯខ្ញុំ កុំបីឲ្យខ្ញុំអួតខ្លួនឡើយ អួតបានតែពីឈើឆ្កាងនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាប៉ុណ្ណោះ ដែលដោយសារទ្រង់ នោះលោកីយបានត្រូវជាប់ឆ្កាងខាងឯខ្ញុំហើយខ្ញុំខាងឯលោកីយដែរ ១៥ដ្បិតក្នុងព្រះគ្រីស្ទយេស៊ូវដែលកាត់ស្បែក ឬមិនកាត់ នោះមិនជាប្រយោជន៍អ្វីទេដែលហៅថាមានប្រយោជន៍ នោះមានតែកើតជាថ្មីវិញប៉ុណ្ណោះ ១៦សូមឲ្យអស់អ្នកដែលដើរតាមមាត្រានេះ បានប្រកបដោយសេចក្តីសុខសាន្ត នឹងសេចក្តីមេត្តាករុណាចុះ ព្រមទាំងសាសន៍អ៊ីស្រាអែលនៃព្រះផង។

១៧អំពីនេះទៅមុខ កុំឲ្យអ្នកណារំខានចិត្តខ្ញុំទៀតឡើយ ដ្បិតខ្ញុំជាប់មានស្នាមត្រារបស់ព្រះអម្ចាស់យេស៊ូវនៅខ្លួនខ្ញុំហើយ ១៨បងប្អូនអើយ សូមឲ្យព្រលឹងវិញ្ញាណរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ អាម៉ែន។៚



AMAZING GRACE BIBLE INSITIUTE