Get the DaunPhen font >> HERE <<.


សំបុត្ររបស់ប៉ុល

ដល់ពួក

អេភេសូរ


១ ១សំបុត្រប៉ុលខ្ញុំ ជាសាវករបស់ផងព្រះយេស៊ូវគ្រីស្ទ ដោយនូវបំណងព្រះហឫទ័យព្រះ ផ្ញើមកពួកបរិសុទ្ធ ដែលនៅក្រុងអេភេសូរ ជាពួកអ្នកស្មោះត្រង់ក្នុងព្រះគ្រីស្ទយេស៊ូវ ២សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។

៣សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ ៤តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយមក ប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ ដោយសេចក្តីស្រឡាញ់ ៥ពីព្រោះទ្រង់បានដំរូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារព្រះយេស៊ូវគ្រីស្ទតាមបំណងព្រះហឫទ័យទ្រង់ ៦ដើម្បីនឹងសរសើរដល់ព្រះគុណដ៏ឧត្តមរបស់ទ្រង់ ដែលបានផ្តល់មកយើងរាល់គ្នាទទេ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់ ៧ហើយយើងបានសេចក្តីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្តីប្រោសឲ្យរួចពីទោសតាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់ ៨ដែលបានផ្តល់មកយើងជាបរិបូរ ដោយនូវប្រាជ្ញា នឹងដំរិះសព្វគ្រប់ ៩ព្រមទាំងសំដែង ឲ្យយើងរាល់គ្នាស្គាល់សេចក្តីអាថ៌កំបាំង នៃព្រះហឫទ័យទ្រង់ តាមគំនិតដែលទ្រង់បានគិតសំរេចក្នុងព្រះអង្គទ្រង់ ១០សំរាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ នឹងរបស់នៅផែនដីផង ១១ឲ្យរួមគ្នាមកក្នុងទ្រង់់ ដែលយើងរាល់គ្នាបានកេរ្តិ៍អាករក្នុងទ្រង់ដែរ ដោយទ្រង់បានតំរូវយើងទុកជាមុន តាមដំរិះសំរេចរបស់ព្រះ ដែលទ្រង់ធ្វើគ្រប់ការទាំងអស់ តាមដែលគាប់ព្រះហឫទ័យទ្រង់ ១២ប្រយោជន៍ឲ្យយើងខ្ញុំ ដែលបានទុកចិត្តជឿដល់ព្រះគ្រីស្ទជាមុន បានសំរាប់នឹងសរសើរដល់សិរីល្អទ្រង់ ១៣ឯអ្នករាល់គ្នា ក៏បានឮព្រះបន្ទូលនៃសេចក្តីពិត គឺជាដំណឹងល្អពីសេចក្តីសង្គ្រោះរបស់អ្នករាល់គ្នា ដោយសារទ្រង់ដែរ ហើយកាលអ្នករាល់គ្នាបានជឿហើយ នោះទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា ១៤ព្រះវិញ្ញាណនោះទ្រង់ជាទីបញ្ចាំចិត្ត ពីដំណើរកេរ្តិ៍អាកររបស់យើងរាល់គ្នា ទាល់តែបានលោះរបស់កំណាន់ ដែលទ្រង់បានទិញទុកឲ្យយើងនោះ សំរាប់ជាសេចក្តីសរសើរដល់សិរីល្អនៃទ្រង់។

១៥ដោយហេតុនោះកាលខ្ញុំ ឮនិយាយពីសេចក្តីជំនឿដែលអ្នករាល់គ្នាមាន ដល់ព្រះអម្ចាស់យេស៊ូវ ហើយនឹងពីសេចក្តីស្រឡាញ់ ដែលមានដល់ពួកបរិសុទ្ធទាំងអស់គ្នា ១៦នោះខ្ញុំមិនដែលលែងអរព្រះគុណ ដោយព្រោះអ្នករាល់គ្នាឡើយ គឺខ្ញុំតែងដំណាលពីអ្នករាល់គ្នា ក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំវិញ ១៧ដើម្បីនឹងសូមឲ្យព្រះនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង គឺជាព្រះវរបិតាដ៏មានសិរីល្អបានប្រទានឲ្យអ្នករាល់គ្នាបានព្រះវិញ្ញាណ ដែលប្រោសឲ្យមានប្រាជ្ញា ហើយក៏បើកសំដែង ឲ្យដឹងពីដំណើរស្គាល់ទ្រង់ ១៨ដើម្បីឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នា បានភ្លឺឡើងប្រយោជន៍ឲ្យបានដឹងថា ដែលទ្រង់ហៅអ្នករាល់គ្នា នោះមានសេចក្តីសង្ឃឹមជាយ៉ាងណា ហើយថា សិរីល្អដ៏ប្រសើរក្រៃលែងនៃមរដកទ្រង់ ក្នុងពួកបរិសុទ្ធជាយ៉ាងណាផង ១៩ហើយថា ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ទ្រង់ដល់យើងរាល់គ្នាដែលជឿជាយ៉ាងណាដែរ តាមដែលកំឡាំងទ្រង់ដ៏មានឫទ្ធិបានពូកែនឹងធ្វើ ២០ជាព្រះចេស្តាដែលទ្រង់បានសំដែងចេញ ដោយប្រោសព្រះគ្រីស្ទ ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រមទាំងតាំងឲ្យគង់ខាងស្តាំទ្រង់ នៅស្ថានដ៏ខ្ពស់ ២១ឲ្យខ្ពស់ជាងអស់ទាំងពួកគ្រប់គ្រង ពួកមានអំណាច មានឫទ្ធិបារមី នឹងពួកមេទាំងប៉ុន្មាន ហើយគ្រប់ទាំងឈ្មោះដែលបានតាំងឡើងដែរ មិនមែនតែក្នុងបច្ចុប្បន្ននេះតែប៉ុណ្ណោះ គឺទៅក្នុងអនាគតខាងមុខទៀតផង ២២ហើយទ្រង់បានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមព្រះបាទនៃព្រះរាជបុត្រា ទាំងប្រទានទ្រង់មកធ្វើជាសិរសាលើគ្រប់ទាំងអស់ ដល់ពួកជំនុំ ដែលជារូបកាយទ្រង់ ២៣គឺជាសេចក្តីពោរពេញរបស់ព្រះអង្គ ដែលបំពេញគ្រប់ទាំងអស់ ក្នុងទាំងអស់។



២ ១ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ ២ជាការដែលអ្នករាល់គ្នាបានប្រព្រឹត្ត តាមរបៀបលោកីយនេះ គឺតាមមេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្តាលមកក្នុងពួកមនុស្សរឹងចចេស ៣យើងរាល់គ្នាទាំងអស់ក៏បានប្រព្រឹត្តក្នុងពួកនោះពីដើមដែរ ដោយសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមយើង ទាំងប្រព្រឹត្តសេចក្តីដែលសាច់ឈាម នឹងគំនិតយើងចង់បានផង ហើយតាមកំណើតយើង នោះយើងជាមនុស្សជាប់ក្នុងសេចក្តីខ្ញាល់ ដូចជាមនុស្សឯទៀតដែរ ៤ប៉ុន្តែព្រះដែលទ្រង់មានសេចក្តីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា ៥ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ៦ហើយទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយជាមួយនឹងព្រះគ្រីស្ទ នៅស្ថានដ៏ខ្ពស់ដែរ ៧ដើម្បីឲ្យទ្រង់បានសំដែង ឲ្យអស់ទាំងកល្បខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់ ដោយសេចក្តីសប្បុរស ដែលទ្រង់ផ្តល់មកយើង ក្នុងព្រះគ្រីស្ទយេស៊ូវ ៨ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ៩ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន ១០ដ្បិតយើងរាល់គ្នាជាស្នាដៃ ដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម។

១១ដូច្នេះ ចូរនឹកចាំថា កាលពីដើមអ្នករាល់គ្នាជាសាសន៍ដទៃខាងសាច់ឈាម ដែលពួកទទួលកាត់ស្បែកក្នុងសាច់ ដោយដៃមនុស្ស គេហៅអ្នករាល់គ្នាជាពួកមិនកាត់ស្បែកវិញ ១២នៅវេលានោះ អ្នករាល់គ្នានៅទីទៃពីព្រះគ្រីស្ទ ក៏ឃ្លាតចេញពីអំណាចជាតិអ៊ីស្រាអែលផង ជាមនុស្សដទៃខាងឯសេចក្តីសញ្ញា ដែលទ្រង់បានសន្យាទុកក៏ឥតមានទីសង្ឃឹម ហើយគ្មានព្រះក្នុងលោកីយនេះដែរ ១៣តែឥឡូវនេះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះអ្នករាល់គ្នា ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតទ្រង់ ១៤ដ្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើឲ្យទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់កណ្តាលចេញ ១៥ព្រមទាំងបំបាត់សេចក្តីសំអប់គ្នា ដោយនូវរូបសាច់ទ្រង់ គឺបំបាត់ក្រិត្យវិន័យដែលមានបញ្ញត្ត នឹងសេចក្តីហាមប្រាមទាំងប៉ុន្មានចេញ ដើម្បីឲ្យបានយកទាំង២មក បង្កើតជាមនុស្សថ្មីតែ១ក្នុងព្រះអង្គទ្រង់ ដោយតាំងជាស្ពានមេត្រីឲ្យ ១៦ហើយឲ្យទ្រង់បានផ្សះផ្សាទាំង២នឹងព្រះ ក្នុងរូបកាយតែ១ ដោយសារឈើឆ្កាង ព្រមទាំងរំងាប់សេចក្តីសំអប់គ្នា ដោយឈើឆ្កាងនោះឯង ១៧ហើយកាលទ្រង់បានយាងមក នោះទ្រង់បានផ្សាយដំណឹងល្អ គឺជាសេចក្តីមេត្រីដល់អ្នករាល់គ្នាដែលនៅឆ្ងាយ នឹងដល់ពួកអ្នកដែលនៅជិតផង ១៨ដ្បិតដោយសារទ្រង់ នោះយើងទាំង២សាសន៍មានផ្លូវចូលទៅដល់ព្រះវរបិតា ដោយព្រះវិញ្ញាណតែ១ ១៩ដូច្នេះ អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ ២០ដែលបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវកនឹងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក ២១ដែលដោយសារទ្រង់ ដំណាក់ទាំងមូលនោះបានផ្គុំភ្ជាប់គ្នា ទាំងចំរើនឡើងជាវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ២២ហើយអ្នករាល់គ្នាក៏បានស្អាងឡើងក្នុងទ្រង់ដែរ សំរាប់ជាលំនៅនៃព្រះដោយនូវព្រះវិញ្ញាណ។



៣ ១ហេតុនោះបានជាប៉ុលខ្ញុំ ជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ដែលខ្ញុំជាប់គុកនេះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា ជាពួកសាសន៍ដទៃ ២គឺបើតិចណាស់ អ្នករាល់គ្នាបានឮនិយាយពីការត្រួតត្រារបស់ព្រះគុណនៃព្រះ ដែលបានប្រទានមកខ្ញុំសំរាប់អ្នករាល់គ្នាថា ៣ទ្រង់បានធ្វើឲ្យខ្ញុំស្គាល់ការអាថ៌កំបាំង ដោយការបើកសំដែង ដូចជាខ្ញុំសរសេរយ៉ាងខ្លីពីកាលមុនដែរ ៤កាលណាអ្នករាល់គ្នាមើលសំបុត្រនោះ នោះនឹងអាចយល់ពីចំណេះខ្ញុំ ខាងឯការអាថ៌កំបាំងរបស់ព្រះគ្រីស្ទបាន ៥ជាការអាថ៌កំបាំងដែលកាលនៅអស់ទាំងគ្រាជាន់មុន មិនបានប្រទានឲ្យពួកមនុស្សជាតិស្គាល់ ដូចជាបានសំដែងមកឲ្យពួកសាវក នឹងពួកហោរាបរិសុទ្ធស្គាល់ ដោយសារព្រះវិញ្ញាណសព្វថ្ងៃនេះទេ ៦គឺដែលពួកសាសន៍ដទៃ បានត្រឡប់ជាអ្នកគ្រងមរដកជាមួយគ្នានឹងជារូបកាយជាមួយគ្នា ហើយជាអ្នកទទួលចំណែកនៃសេចក្តីសន្យារបស់ទ្រង់ ជាមួយគ្នាក្នុងព្រះគ្រីស្ទដែរ ដោយសារដំណឹងល្អ ៧ខ្ញុំបានធ្វើជាអ្នកបំរើដំណឹងល្អនោះ តាមព្រះគុណនៃព្រះ ជាអំណោយទានដែលទ្រង់ប្រទានមកខ្ញុំ តាមដែលព្រះចេស្តាទ្រង់ពូកែនឹងធ្វើ ៨ទ្រង់បានប្រទានព្រះគុណនេះ គឺជាសម្បត្តិរបស់ព្រះគ្រីស្ទដ៏ប្រមាណមិនបានមកខ្ញុំដែលជាអ្នកតូចជាងបំផុត ក្នុងពួកបរិសុទ្ធទាំងអស់ឲ្យខ្ញុំបានផ្សាយដំណឹងល្អក្នុងពួកសាសន៍ដទៃ ៩ហើយឲ្យខ្ញុំបានបំភ្លឺដល់គ្រប់មនុស្សទាំងអស់ ពីសេចក្តីប្រកបក្នុងការអាថ៌កំបាំង ដែលលាក់ទុកក្នុងព្រះ តាំងពីអស់កល្បរៀងមក ជាព្រះដែលទ្រង់បានបង្កើតរបស់សព្វសារពើ ដោយសារព្រះយេស៊ូវគ្រីស្ទ ១០ដើម្បីឲ្យពួកគ្រប់គ្រង នឹងពួកមានអំណាចនៅស្ថានដ៏ខ្ពស់ បានស្គាល់ពីប្រាជ្ញានៃព្រះដ៏មានជាច្រើនយ៉ាងណាស់ ដោយសារពួកជំនុំ ១១តាមគំនិតសំរេចតាំងពីអស់កល្បរៀងមក ដែលទ្រង់បានគិតស្រេចក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង ១២ហើយក្នុងទ្រង់ យើងរាល់គ្នាក៏មានសេចក្តីក្លាហាន នឹងច្បាប់ចូលដោយទុកចិត្ត ដោយសារសេចក្តីជំនឿជឿដល់ទ្រង់ដែរ ១៣ហេតុនោះបានជាខ្ញុំសូមអង្វរអ្នករាល់គ្នា កុំឲ្យរសាយចិត្តដោយការដែលខ្ញុំរងទុក្ខលំបាក ជាការដែលមានប្រយោជន៍ដល់អ្នករាល់គ្នានោះឡើយ ដ្បិតការនោះជាសិរីល្អដល់អ្នករាល់គ្នាទេ។

១៤ដោយហេតុនោះបានជាខ្ញុំលុតជង្គង់ នៅចំពោះព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ១៥ដែលគ្រប់ទាំងគ្រួនៅស្ថានសួគ៌ ហើយនៅផែនដី មាននាមត្រកូលពីទ្រង់មក ១៦ដើម្បីឲ្យទ្រង់បានប្រោសប្រទានឲ្យអ្នករាល់គ្នាបានព្រះចេស្តា ចំរើនកំឡាំងនៃមនុស្សខាងក្នុង ដោយសារព្រះវិញ្ញាណទ្រង់ តាមសិរីល្អនៃទ្រង់ដ៏ប្រសើរក្រៃលែង ១៧ឲ្យព្រះគ្រីស្ទបានសណ្ឋិតក្នុងចិត្តអ្នករាល់គ្នា ដោយសារសេចក្តីជំនឿ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្តីស្រឡាញ់ ១៨ដើម្បីឲ្យអាចនឹងយល់ ជាមួយនឹងពួកបរិសុទ្ធទាំងអស់គ្នា ពីទទឹង បណ្តោយ ជំរៅ នឹងកំពស់នៃសេចក្តីស្រឡាញ់នោះ ១៩ហើយឲ្យបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដ៏រកគិតមិនយល់ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានពេញដល់គ្រប់ទាំងសេចក្តីពោរពេញរបស់ផងព្រះ។

២០ឯព្រះដែលទ្រង់អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី តាមព្រះចេស្តាដែលបណ្តាលក្នុងយើងរាល់គ្នា ២១នោះសូមឲ្យទ្រង់បានសិរីល្អ នៅក្នុងពួកជំនុំ ដោយសារព្រះគ្រីស្ទយេស៊ូវ រហូតដល់គ្រប់ទាំងដំណមនុស្ស នៅអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។



៤ ១ដូច្នេះ ខ្ញុំជាអ្នកជាប់គុកក្នុងព្រះអម្ចាស់ ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរឲ្យអ្នករាល់គ្នាដើរបែបគួរនឹងការងារ ដែលទ្រង់បានហៅមកធ្វើចុះ ២ព្រមទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់ ៣ហើយខំប្រឹងរក្សាសេចក្តីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្តីមេត្រី ទុកជាចំណងផង ៤មានរូបកាយតែ១ ហើយព្រះវិញ្ញាណតែ១ ដូចជាទ្រង់បានហៅអ្នករាល់គ្នាមក ក្នុងសេចក្តីសង្ឃឹមតែ១របស់ការងារអ្នករាល់គ្នាដែរ ៥មានព្រះអម្ចាស់តែ់១ សេចក្តីជំនឿតែ១ បុណជ្រមុជតែ១ ៦មានព្រះតែ១ គឺជាព្រះវរបិតានៃទាំងអស់ ដែលទ្រង់ខ្ពស់លើទាំងអស់ គង់នៅកណ្តាលទាំងអស់ ហើយសណ្ឋិតនៅក្នុងទាំងអស់ ៧តែមានព្រះគុណផ្តល់មកយើងរាល់គ្នារៀងរាល់ខ្លួន តាមខ្នាតអំណោយទាននៃព្រះគ្រីស្ទ ៨បានជាទ្រង់មានបន្ទូលថា «ដែលបានយាងឡើងទៅស្ថានខ្ពស់ នោះទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស» ៩តែដែលថា ទ្រង់យាងឡើងទៅនោះ តើមានន័យដូចម្តេច បើមិនមែនថា ទ្រង់បានយាងចុះទៅដល់ស្ថានទាបក្រោមដីជាមុនប៉ុណ្ណោះ ១០ឯព្រះដែលយាងចុះទៅនោះ គឺជាព្រះដដែល ដែលបានយាងឡើងផុតអស់ទាំងជាន់នៅស្ថានសួគ៌ ដើម្បីឲ្យទ្រង់បានគង់នៅពេញគ្រប់ទាំងអស់ ១១ហើយទ្រង់បានប្រទានឲ្យអ្នកខ្លះបានធ្វើជាសាវក ខ្លះជាគ្រូអធិប្បាយ ខ្លះជាគ្រូផ្សាយដំណឹងល្អ ខ្លះជាគ្រូគង្វាល ហើយខ្លះជាគ្រូបង្រៀន ១២ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សំរាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង ១៣ទាល់តែយើងរាល់គ្នាបានរួបរួម ខាងឯសេចក្តីជំនឿរួចជាស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះ ដូចគ្នាទាំងអស់ គឺដល់បានពេញជាមនុស្ស ហើយដល់ខ្នាតកំពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ ១៤ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្តីបង្រៀនបោក ហើយផាត់យើងចុះឡើង ដោយសេចក្តីឆបោករបស់ផងមនុស្ស ហើយដោយឧបាយកល ដែលគេប្រើនឹងនាំឲ្យវង្វេងទៀតឡើយ ១៥តែដោយកាន់តាមសេចក្តីពិត ដោយសេចក្តីស្រឡាញ់វិញ នោះឲ្យយើងបានធំឡើង ខាងឯគ្រប់ការទាំងអស់ក្នុងទ្រង់ ដែលទ្រង់ជាសិរសា គឺជាព្រះគ្រីស្ទ ១៦ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យតាមខ្នាតការងាររបស់អវយវៈនិមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់។

១៧ដូច្នេះ ខ្ញុំនិយាយសេចក្តីនេះ ហើយធ្វើបន្ទាល់ក្នុងព្រះអម្ចាស់ថា កុំបីឲ្យអ្នករាល់គ្នាដើរដូចជាសាសន៍ដទៃឯទៀត ដែលគេដើរតាមគំនិតឥតប្រយោជន៍របស់គេទៀតឡើយ ១៨គំនិតគេត្រូវបង្អាប់ ហើយគេដាច់ចេញពីព្រះជន្មព្រះ ដោយសារសេចក្តីខ្លៅល្ងង់ក្នុងខ្លួនគេ ព្រោះចិត្តគេរឹងទទឹង ១៩គេលែងខ្លាចបាប បានជាគេប្រគល់ខ្លួនទៅខាងសេចក្តីអាសអាភាស ដើម្បីនឹងប្រព្រឹត្តសេចក្តីស្មោកគ្រោកគ្រប់យ៉ាង ដោយចិត្តវក់វិញ ២០តែអ្នករាល់គ្នាមិនបានរៀនឲ្យស្គាល់ព្រះគ្រីស្ទយ៉ាងនោះទេ ២១នោះគឺបើតិចណាស់អ្នករាល់គ្នាបានឮ ហើយរៀននឹងទ្រង់ តាមសេចក្តីពិតដែលនៅក្នុងព្រះយេស៊ូវដែរ ២២ថាខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាបានដោះមនុស្សចាស់ដែលតែងតែខូចទៅ តាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកចោលចេញ ២៣ហើយឲ្យគំនិតក្នុងចិត្តបានកែប្រែជាថ្មីឡើង ២៤ព្រមទាំងប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញដែលកើតមកក្នុងសេចក្តីសុចរិត ហើយក្នុងសេចក្តីបរិសុទ្ធរបស់ផងសេចក្តីពិតតាមភាពព្រះ។

២៥ដូច្នេះ ដែលបានដោះសេចក្តីកំភូតចេញហើយ នោះត្រូវឲ្យនិយាយសេចក្តីពិត នឹងអ្នកជិតខាងរៀងខ្លួនវិញ ដ្បិតយើងរាល់គ្នាជាអវយវៈផងគ្នាទៅវិញទៅមក ២៦ចូរខឹងចុះ តែកុំឲ្យធ្វើបាបឡើយ កុំឲ្យសេចក្តីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ ២៧ក៏កុំឲ្យអារក្សមានឱកាសឲ្យសោះ ២៨អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៅស៊ូឲ្យអ្នកនោះទ្រាំនឿយហត់ជាជាង ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីនឹងចែកដល់អ្នកណាដែលត្រូវការផង ២៩មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយ ចេញពីមាត់អ្នករាល់គ្នាឡើយ ចូរបញ្ចោញតែពាក្យណាដែលល្អៗសំរាប់នឹងស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់ ៣០កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានព្រួយព្រះហឫទ័យ ដែលទ្រង់ដៅចំណាំអ្នករាល់គ្នាទុកសំរាប់ដល់ថ្ងៃប្រោសលោះនោះឡើយ ៣១ចូរខំដកគ្រប់ទាំងសេចក្តីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ នឹងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ ៣២ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ។



៥ ១ដូច្នេះ ចូរត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា ២ហើយដើរក្នុងសេចក្តីស្រឡាញ់ ដូចជាព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើងផង ទុកជាដង្វាយ ហើយជាយញ្ញបូជា សំរាប់ជាក្លិនឈ្ងុយថ្វាយដល់ព្រះ។

៣ឯសេចក្តីកំផិត សេចក្តីស្មោកគ្រោកគ្រប់យ៉ាង នឹងសេចក្តីលោភ នោះមិនត្រូវទាំងឲ្យឮឈ្មោះក្នុងពួកអ្នករាល់គ្នាផង ដូចជាគួរគប្បីក្នុងពួកបរិសុទ្ធ ៤ព្រមទាំងរឿងគួរខ្មាស ពាក្យសំដីចំកួត នឹងពាក្យកំប្លែង ដែលសេចក្តីទាំងនោះមិនគួរគប្បីដែរ ស៊ូពោលតែពាក្យសំរាប់អរព្រះគុណវិញ ៥ដ្បិតអ្នករាល់គ្នាដឹងថា គ្មានមនុស្សកំផិត ឬស្មោកគ្រោក ឬលោភ គឺជាមនុស្សថ្វាយបង្គំរូបព្រះ ដែលនឹងគ្រងមរដកក្នុងនគរនៃព្រះគ្រីស្ទ ហើយនៃព្រះផងបានឡើយ ៦កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នា ដោយពាក្យសំដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្តីទាំងនោះ បានជាសេចក្តីក្រោធរបស់ព្រះ បានមកលើមនុស្សរឹងចចេស ៧ដូច្នេះ កុំឲ្យមានចំណែកជា១នឹងគេឡើយ ៨ដ្បិតកាលពីដើមអ្នករាល់គ្នាក៏ងងឹតដែរ តែឥឡូវនេះវិញ បានភ្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរដូចជាមនុស្សុភ្លឺចុះ ៩ដ្បិតផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្តីសុចរិតនឹងសេចក្តីពិត ១០ចូរលមើលឲ្យដឹងសេចក្តីអ្វី ដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យចុះ ១១កុំឲ្យប្រកបក្នុងការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ស៊ូបន្ទោសវិញ ១២ដ្បិតការទាំងប៉ុន្មានដែលគេប្រព្រឹត្តដោយសំងាត់ នោះបើគ្រាន់តែនិយាយពីការទាំងនោះ ក៏គួរខ្មាសទៅហើយ ១៣តែការទាំងនោះបានសំដែងមកយ៉ាងច្បាស់ ដោយពន្លឺភ្លឺបញ្ជាក់ ដ្បិតគឺជាពន្លឺហើយ ដែលសំដែងឲ្យឃើញទាំងអស់ ១៤ហេតុនោះបានជាទ្រង់មានបន្ទូលថា «ឯងដែលដេកលក់អើយ ចូរភ្ញាក់ឡើងី ឲ្យក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងភ្លឺមកលើឯង» ១៥ដូច្នេះ ត្រូវប្រយ័តដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ ១៦ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់ ១៧ដូច្នេះ កុំឲ្យខ្លៅល្ងង់ឡើយ ត្រូវខំឲ្យយល់បំណងព្រះហឫទ័យព្រះអម្ចាស់វិញ ១៨កុំឲ្យស្រវឹងស្រា ដែលនាំឲ្យព្រើលចិត្តឡើយ តែចូរឲ្យបានពេញជាព្រះវិញ្ញាណវិញ ១៩ហើយនិយាយគ្នាទៅវិញទៅមក ដោយបទទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ ទាំងច្រៀង ហើយសរសើរដល់ព្រះអម្ចាស់ដោយចិត្ត ២០ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតាជាដរាប ក្នុងគ្រប់ការទាំងអស់ ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ២១ហើយទាំងចំណុះគ្នាទៅវិញទៅមក ដោយសេចក្តីកោតខ្លាចដល់ព្រះគ្រីស្ទ។

២២ស្ត្រីរាល់គ្នាអើយ ចូរឲ្យចុះចូលចំពោះប្តីខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ដែរ ២៣ដ្បិតប្តីជាក្បាលនៃប្រពន្ធ ដូចជាព្រះគ្រីស្ទទ្រង់ជាសិរសានៃពួកជំនុំដែរ ក៏ជាព្រះអង្គសង្គ្រោះដល់រូបកាយផង ២៤ហើយដូចជាពួកជំនុំចុះចូលនឹងព្រះគ្រីស្ទជាយ៉ាងណា នោះត្រូវឲ្យប្រពន្ធចុះចូលនឹងប្តីខ្លួន ក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ។

២៥បុរសរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធខ្លួន ដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង ២៦ដើម្បីឲ្យទ្រង់បានញែកពួកជំនុំចេញជាបរិសុទ្ធ ដោយបានលាងសំអាតនឹងទឹក គឺជាព្រះបន្ទូល ២៧ប្រយោជន៍នឹងថ្វាយពួកជំនុំនេះដល់ព្រះអង្គ ទ្រង់ទុកជាពួកជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីឲ្យដូចឡើយ គឺឲ្យបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបានវិញ ២៨ត្រូវឲ្យប្តីស្រឡាញ់ប្រពន្ធបែបយ៉ាងនោះឯង គឺដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ អ្នកណាដែលស្រឡាញ់ប្រពន្ធខ្លួន នោះក៏ឈ្មោះថាស្រឡាញ់ដល់ខ្លួនឯងហើយ ២៩ដ្បិតមិនដែលមានអ្នកណាស្អប់រូបសាច់ខ្លួនឯងឡើយ គឺគេតែងចិញ្ចឹម ហើយថ្នាក់ថ្នមវិញ ដូចជាព្រះអម្ចាស់ដល់ពួកជំនុំដែរ ៣០ដ្បិតយើងរាល់គ្នាជាអវយវៈរបស់រូបអង្គ នឹងសាច់ឆ្អឹងទ្រង់ ៣១«ដោយហេតុនោះបានជាមនុស្សប្រុស នឹងលាចេញពីឪពុកម្តាយ ទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១វិញ» ៣២សេចក្តីអាថ៌កំបាំងនេះជ្រៅណាស់ តែខ្ញុំនិយាយខាងឯព្រះគ្រីស្ទនឹងពួកជំនុំវិញ ៣៣ប៉ុន្តែ ត្រូវឲ្យអ្នករាល់គ្នាទាំងអស់ស្រឡាញ់ប្រពន្ធខ្លួន ដូចជាខ្លួនឯង ហើយប្រពន្ធក៏ត្រូវកោតខ្លាចប្តីដែរ។



៦ ១ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នោះទើបបានត្រូវ ២“ចូរគោរពប្រតិបត្តិដល់មាតាបិតាខ្លួន” នេះជាបញ្ញត្តមុនដំបូង ដែលជាប់មានទាំងសេចក្តីសន្យាផង ៣ដើម្បីឲ្យឯងរាល់គ្នាបានសេចក្តីសុខ ហើយរស់នៅផែនដីជាយូរអង្វែងទៅ។

៤ឪពុករាល់គ្នាអើយ កុំឲ្យចាក់រុកកូនរបស់ខ្លួនឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន នឹងសេចក្តីដាស់តឿនរបស់ព្រះអម្ចាស់វិញ។

៥អ្នកបំរើរាល់គ្នាអើយ ចូរស្តាប់បង្គាប់ចៅហ្វាយខ្លួនខាងសាច់ឈាម ដោយគោរពកោតខ្លាច ហើយញាប់ញ័រ ព្រមទាំងមានចិត្តទៀងត្រង់ ដូចជាដល់ព្រះគ្រីស្ទ ៦កុំបំរើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់បំពេញដល់ចិត្តមនុស្សនោះឡើយ ចូរបំរើដូចជាបាវបំរើរបស់ព្រះគ្រីស្ទវិញ ទាំងធ្វើតាមព្រះហឫទ័យព្រះឲ្យអស់ពីចិត្ត ៧ទាំងបំរើដោយអំណរ ដូចជាបំរើដល់ព្រះអម្ចាស់ផង មិនមែនដូចជាបំរើមនុស្សឡើយ ៨ដោយដឹងថា ការល្អអ្វីដែលគ្រប់គ្នាធ្វើ នោះនឹងបានរង្វាន់ពីព្រះអម្ចាស់ ទោះបើជាបាវបំរើ ឬអ្នកជាក្តី។

៩ចៅហ្វាយរាល់គ្នាអើយ ចូរប្រព្រឹត្តនឹងបាវបំរើដូច្នោះដែរ ទាំងលែងគំហកកំហែងទៅ ដោយដឹងថា ចៅហ្វាយរបស់គេ ហើយរបស់អ្នករាល់គ្នាផង នោះទ្រង់គង់នៅស្ថានសួគ៌ ហើយទ្រង់មិនចេះរើសមុខអ្នកណាឡើយ។

១០ឯសេចក្តីឯទៀត បងប្អូនអើយ ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់ ១១ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស ១២ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច នឹងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយនេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ ១៣ហេតុនោះបានជាត្រូវឲ្យយកគ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន រួចកាលណាបានតតាំងសព្វគ្រប់ហើយ នោះឲ្យបាននៅតែឈរមាំមួនដដែល ១៤ដូច្នេះ ចូរឲ្យឈរមាំមួនចុះ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង ១៥ទាំងពាក់សេចក្តីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្តីសុខសាន្ត ទុកជាស្បែកជើង ១៦ថែមទាំងយកសេចក្តីជំនឿទុកជាខែលផង ដែលអ្នករាល់គ្នានឹងអាចរំលត់ អស់ទាំងព្រួញឆេះរបស់មេកំណាច ដោយសារខែលនោះបាន ១៧ចូរយកសេចក្តីសង្គ្រោះទុកជាមួកសឹកនឹងដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល ១៨ព្រមទាំងប្រើសេចក្តីអធិស្ឋាន នឹងសេចក្តីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋាន ដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយនូវគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន នឹងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់ ១៩ហើយឲ្យខ្ញុំផង ប្រយោជន៍ឲ្យព្រះបានប្រទានពាក្យសំដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន នឹងសំដែងពីសេចក្តីអាថ៌កំបាំងនៃដំណឹងល្អ ២០ដែលខ្ញុំជាទូតជាប់ច្រវាក់ ដោយព្រោះដំណឹងល្អនោះឯង ដើម្បីឲ្យខ្ញុំមានសេចក្តីក្លាហានក្នុងដំណឹងល្អ ប្រយោជន៍ឲ្យខ្ញុំបាននិយាយ តាមដែលគួរគប្បី។

២១តែអ្នកទីឃីកុស ជាបងប្អូនស្ងួនភ្ងា ហើយជាអ្នកជំនួយស្មោះត្រង់ក្នុងព្រះអម្ចាស់ គាត់នឹងប្រាប់គ្រប់ការទាំងអស់ ឲ្យអ្នករាល់គ្នាដឹងពីដំណើរខ្ញុំ ដែលខ្ញុំធ្វើអ្វីៗ ២២ខ្ញុំបានចាត់គាត់ឲ្យមកឯអ្នករាល់គ្នា សំរាប់សេចក្តីនោះឯង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងពីដំណើរយើងខ្ញុំ ហើយឲ្យគាត់បានកំឡាចិត្តអ្នករាល់គ្នាឡើងដែរ។

២៣សូមឲ្យពួកបងប្អូនបានប្រកបដោយនូវសេចក្តីសុខសាន្ត នឹងសេចក្តីស្រឡាញ់ ព្រមទាំងសេចក្តីជំនឿ អំពីព្រះដ៏ជាព្រះវរបិតា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ ២៤សូមឲ្យព្រះគុណ បានសណ្ឋិតនៅជា១នឹងអស់អ្នកណា ដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដោយស្មោះត្រង់។ អាម៉ែន។៚



AMAZING GRACE BIBLE INSITIUTE