Get the DaunPhen font >> HERE <<.


សំបុត្ររបស់ប៉ុល

ដល់ពួក

កូល៉ុស


១ ១សំបុត្រប៉ុលខ្ញុំ ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ ដោយនូវព្រះហឫទ័យព្រះ ២នឹងធីម៉ូថេ ជាបងប្អូនយើងខ្ញុំ ផ្ញើមកពួកបរិសុទ្ធ ជាពួកបងប្អូនស្មោះត្រង់ក្នុងព្រះគ្រីស្ទ ដែលនៅក្រុងកូល៉ុស សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយព្រះគុណ នឹងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា។

៣យើងខ្ញុំអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតា របស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ក៏អធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ៤ដោយបានឮដំណាលពីសេចក្តីជំនឿ ដែលអ្នករាល់គ្នាជឿដល់ព្រះគ្រីស្ទយេស៊ូវ ហើយពីសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាមានដល់ពួកបរិសុទ្ធទាំងអស់ ៥គឺអរព្រះគុណដោយព្រោះសេចក្តីសង្ឃឹម ដែលបំរុងទុកឲ្យអ្នករាល់គ្នា នៅស្ថានសួគ៌ ជាសេចក្តីសង្ឃឹម ដែលអ្នករាល់គ្នាបានឮនិយាយ ក្នុងព្រះបន្ទូលដ៏ពិតនៃដំណឹងល្អ ៦ដែលបានផ្សាយមកដល់អ្នករាល់គ្នាហើយ ដូចជាដល់លោកីយទាំងមូលដែរ ក៏កំពុងតែបង្កើតផល ហើយចំរើនឡើង ដូចក្នុងពួកអ្នករាល់គ្នា ចាប់តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ ហើយស្គាល់ព្រះគុណនៃព្រះជាប្រាកដ ៧តាមដែលអ្នករាល់គ្នាបានរៀននឹងអេប៉ាប្រាស ជាបាវបំរើស្ងួនភ្ងាជាមួយនឹងយើងខ្ញុំ គាត់ជាអ្នកបំរើស្មោះត្រង់របស់ព្រះគ្រីស្ទ សំរាប់អ្នករាល់គ្នា ៨ហើយគាត់បានថ្លែងប្រាប់យើងខ្ញុំ ពីសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាមានដោយនូវព្រះវិញ្ញាណ។

៩ហេតុនោះ ចាប់តាំងពីថ្ងៃ ដែលយើងខ្ញុំឮនិយាយ នោះយើងខ្ញុំក៏អធិស្ឋានឲ្យអ្នករាល់គ្នាឥតឈប់ឈរ ហើយទូលសូម ឲ្យអ្នករាល់គ្នាបានស្គាល់ព្រះហឫទ័យទ្រង់សព្វគ្រប់ ដោយគ្រប់ទាំងប្រាជ្ញា នឹងចំណេះខាងឯវិញ្ញាណ ១០ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង ១១ដោយបានគ្រប់ទាំងព្រះចេស្តាចំរើនកំឡាំង តាមឫទ្ធិបារមីដ៏ឧត្តមរបស់ទ្រង់ ដើម្បីឲ្យបានចេះទ្រាំទ្រ ហើយអត់ធន់គ្រប់យ៉ាងដោយអំណរ ១២ព្រមទាំងអរព្រះគុណ ដល់ព្រះវរបិតាដែលទ្រង់បានប្រោស ឲ្យយើងបានគួរ នឹងទទួលចំណែកកេរ្តិ៍អាករ ក្នុងពួកបរិសុទ្ធនៅទីភ្លឺផង ១៣ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់ ១៤យើងរាល់គ្នាមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្តីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់ ១៥ដែលទ្រង់ជារូបអង្គនៃព្រះដ៏មើលមិនឃើញ ជាបងច្បងនៃគ្រប់ទាំងអស់ ដែលព្រះបានបង្កើតមក ១៦ដ្បិតគឺទ្រង់ហើយ ដែលបង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅស្ថានសួគ៌ នឹងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង ទោះបើជារាជ្យ ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ នោះសុទ្ធតែកើតមកដោយសារទ្រង់ ហើយសំរាប់ទ្រង់ទាំងអស់ផង ១៧ទ្រង់គង់នៅមុនទាំងអស់ ហើយរបស់ទាំងអស់ក៏នៅស្ថិតស្ថេរ ដោយសារទ្រង់ ១៨ទ្រង់ជាសិរសារបស់រូបកាយ គឺជាពួកជំនុំ ទ្រង់ជាដើម ក៏បានរស់ពីស្លាប់ឡើងវិញមុនគេបង្អស់ ដើម្បីឲ្យទ្រង់បានជា ប្រធានក្នុងគ្រប់ទា់ងំអស់ ១៩ដ្បិតព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្តីពោរពេញបានស្ថិតនៅក្នុងទ្រង់ ២០ហើយឲ្យបានផ្សះផ្សាគ្រប់ទាំងអស់ ឲ្យជានឹងអង្គទ្រង់ ដោយសារព្រះរាជបុត្រានោះ ទោះបើរបស់នៅស្ថានសួគ៌ ឬនៅផែនដីក្តី ទាំងតាំងស្ពានមេត្រី ដោយសារព្រះលោហិតនៃឈើឆ្កាងទ្រង់ ២១រីឯអ្នករាល់គ្នា ដែលពីដើមត្រូវពង្រាត់ចេញ ហើយជាខ្មាំងសត្រូវក្នុងគំនិត ដោយអំពើអាក្រក់នោះ ២២ឥឡូវនេះវិញ ទ្រង់បានផ្សះផ្សាក្នុងរូបសាច់ទ្រង់ ដោយបានទទួលសុគត ដើម្បីនឹងថ្វាយអ្នករាល់គ្នាជាដង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះទ្រង់ ២៣នោះគឺបើតិចណាស់ អ្នករាល់គ្នាបានតាំងនៅជាប់លាប់ ហើយមាំមួន ក្នុងសេចក្តីជំនឿដែរ ឥតងាកបែរចេញពីសេចក្តីសង្ឃឹមរបស់ដំណឹងល្អ ដែលអ្នករាល់គ្នាបានឮ ជាដំណឹងដែលបានផ្សាយ ទៅដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃផង ឯប៉ុលខ្ញុំ ជាអ្នកបំរើចំពោះដំណឹងល្អនោះដែរ។

២៤ឥឡូវនេះ ខ្ញុំមានចិត្តអំណរក្នុងការរងទុក្ខលំបាក ដែលខ្ញុំទ្រាំដោយព្រោះអ្នករាល់គ្នា ហើយសេចក្តីវេទនាណារបស់ព្រះគ្រីស្ទ ដែលខ្វះក្នុងរូបសាច់ខ្ញុំ នោះខ្ញុំកំពុងតែបំពេញឡើង ដោយព្រោះរូបកាយទ្រង់ គឺជាពួកជំនុំ ២៥ខ្ញុំបានត្រឡប់ជាអ្នកបំរើដល់ពួកជំនុំនោះ តាមការកាន់កាប់ត្រួតត្រារបស់ព្រះ ដែលបានប្រគល់មកខ្ញុំសំរាប់អ្នករាល់គ្នា ដើម្បីនឹងបំពេញព្រះបន្ទូល ២៦គឺជាសេចក្តីអាថ៌កំបាំងដែលលាក់ទុក តាំងពីអស់កល្បរៀងរាល់តែដំណតមក តែឥឡូវនេះបានបើកសំដែងឲ្យពួកបរិសុទ្ធទ្រង់ស្គាល់ ២៧ព្រះទ្រង់បានសព្វព្រះហឫទ័យ នឹងសំដែងឲ្យពួកបរិសុទ្ធនោះដឹងថា សិរីល្អដ៏បរិបូររបស់សេចក្តីអាថ៌កំបាំងនេះជាយ៉ាងណា ក្នុងពួកសាសន៍ដទៃ គឺថា ព្រះគ្រីស្ទទ្រង់សណ្ឋិតនៅក្នុងអ្នករាល់គ្នា ដែលជាទីសង្ឃឹមយ៉ាងឧត្តម ២៨យើងខ្ញុំប្រកាសប្រាប់ពីទ្រង់ ទាំងទូន្មានដល់គ្រប់មនុស្ស ហើយទាំងបង្រៀនដល់គ្រប់មនុស្ស ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឲ្យបានថ្វាយគ្រប់មនុស្ស ជាដង្វាយគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ ២៩ខ្ញុំក៏ខំធ្វើការនោះឯង ទាំងតយុទ្ធតាមឫទ្ធិបារមីទ្រង់ ដែលបណ្តាលឡើងក្នុងខ្ញុំដោយព្រះចេស្តា។



២ ១ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងពីដំណើរខ្ញុំ ដែលខំតយុទ្ធជាខ្លាំងទាំងម៉្លេះ ដោយយល់ដល់អ្នករាល់គ្នា នឹងពួកអ្នកនៅក្រុងឡៅឌីសេ ព្រមទាំងអស់អ្នកណា ដែលមិនបានឃើញមុខខ្ញុំខាងសាច់ឈាមផង ២ដើម្បីឲ្យគេមានចិត្តក្សាន្ត ដោយបានរួបរួមគ្នាមកក្នុងសេចក្តីស្រឡាញ់ ហើយឲ្យបានអស់ទាំងផលប្រយោជន៍នៃប្រាជ្ញា ដែលជឿជាក់ផ្តាច់ ដើម្បីឲ្យបានស្គាល់សេចក្តីអាថ៌កំបាំងនៃព្រះ គឺជាព្រះគ្រីស្ទ ៣ដែលមានគ្រប់ទាំងផលថ្លៃវិសេសនៃប្រាជ្ញា នឹងសេចក្តីចេះដឹងលាក់ទុកក្នុងទ្រង់ ៤ហើយដែលខ្ញុំថា ដូច្នេះ នោះគឺក្រែងលោមានអ្នកណាបញ្ឆោតអ្នករាល់គ្នាដោយពាក្យលលួង ៥ដ្បិតទោះបើខ្ញុំមិននៅជាមួយួខាងរូបសាច់ក៏ដោយ គង់តែនៅជាមួយខាងវិញ្ញាណដែរ ទាំងមានសេចក្តីអំណរ ដោយឃើញសណ្តាប់ធ្នាប់របស់អ្នករាល់គ្នា នឹងសេចក្តីខ្ជាប់ខ្ជួននៃសេចក្តីជំនឿ ដែលអ្នករាល់គ្នាជឿដល់ព្រះគ្រីស្ទ ៦ដូច្នេះ ដែលអ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់ បែបយ៉ាងណា នោះចូរដើរក្នុងទ្រង់តាមបែបយ៉ាងនោះចុះ ៧ដោយបានចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់ ទាំងតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្តីជំនឿ ដូចជាបានបង្រៀនដល់អ្នករាល់គ្នាហើយ ព្រមទាំងអរព្រះគុណកាន់តែច្រើនឡើងផង។

៨ចូរប្រយ័ត ក្រែងមានអ្នកណាចាប់អ្នករាល់គ្នាធ្វើជារំពា ដោយពាក្យបរមត្ថ នឹងពាក្យបញ្ឆោតជាអសារឥតការ តាមសណ្តាប់បុរាណរបស់មនុស្ស តាមបឋមសិក្សានៅនាលោកីយ គឺមិនមែនតាមព្រះគ្រីស្ទទេ ៩ដ្បិតមានគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ សណ្ឋិតនៅក្នុងទ្រង់ទាំងមានរូបអង្គផង ១០ហើយអ្នករាល់គ្នាក៏ពេញលេញក្នុងទ្រង់ ដែលទ្រង់ជាសិរសាលើអស់ទាំងពួកគ្រប់គ្រង នឹងអំណាចទាំងប៉ុន្មាន ១១អ្នករាល់គ្នាបានទទួលកាត់ស្បែកម៉្យាងក្នុងទ្រង់ ដែលមិនបានធ្វើដោយដៃមនុស្សទេ គឺជាការដោះរូបកាយខាងសាច់ឈាមចេញ ដោយទទួលការកាត់ស្បែករបស់ព្រះគ្រីស្ទវិញ ១២ហើយអ្នករាល់គ្នាបានកប់ជាមួយនឹងទ្រង់ក្នុងបុណ្យជ្រមុជ ក៏បានរស់ឡើងវិញជាមួយនឹងទ្រង់ ដោយសារសេចក្តីជំនឿជឿដល់ឫទ្ធិបារមីនៃព្រះ ដែលទ្រង់បានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ១៣ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងការរំលង ហើយក្នុងសណ្ឋានមិនកាត់ស្បែកខាងសាច់ឈាម នោះទ្រង់បានប្រោសឲ្យរស់ជាមួយនឹងទ្រង់ ដោយបានអត់ទោសចំពោះអស់ទាំងការរំលងរបស់អ្នករាល់គ្នា ១៤ទាំងលុបចោលសេចក្តីដែលកត់ទុកទាស់នឹងយើងក្នុងសេចក្តីបញ្ញត្ត ដែលប្រទាំងនឹងយើង ហើយទ្រង់ក៏លើកចោល ដោយបោះភ្ជាប់នៅឈើឆ្កាង ១៥ទ្រង់បានទាំងទំលាក់ងារពីពួកគ្រប់គ្រង នឹងពួកមានអំណាច ទាំងដាក់ពួកទាំងនោះនៅកណ្តាលជំនុំឲ្យគេមើល ហើយដឹកនាំគេទៅ ដោយមានជ័យជំនះ ដោយសារឈើឆ្កាងនោះឯង។

១៦ដូច្នេះ កុំឲ្យអ្នកណានិន្ទាអ្នករាល់គ្នា ពីរឿងចំណីអាហារ ឬគ្រឿងផឹក ឬពីរឿងថ្ងៃបុណ្យ ថ្ងៃចូលខែ ឬថ្ងៃឈប់សំរាកឡើយ ១៧សេចក្តីទាំងនេះជាស្រមោលនៃការដែលត្រូវមក តែតួរូបអង្គនោះ គឺជាព្រះគ្រីស្ទ ១៨កុំឲ្យអ្នកណាបញ្ឆោតយករង្វាន់របស់អ្នករាល់គ្នា តាមតែចិត្តឡើយ ដោយគេប្រព្រឹត្តបែបសុភាព ទាំងថ្វាយបង្គំពួកទេវតា ទាំងសៀតស៊កចូលទៅក្នុងការ ដែលខ្លួនមើលមិនឃើញ ហើយមានចិត្តប៉ោងឡើង ដោយគំនិតខាងសាច់ឈាមគេនោះ ១៩គេមិនកាន់ជាប់តាមសិរសាទេ ដែលដោយសារសិរសានោះ រូបកាយទាំងមូលបានមានកំឡាំង ហើយជាប់គ្នា ដោយសារសន្លាក់ នឹងសរសៃទាំងប៉ុន្មាន ឲ្យបានចំរើនឡើង ដោយសេចក្តីចំរើនរបស់ព្រះ។

២០ដូច្នេះ បើសិនជាអ្នករាល់គ្នាបានស្លាប់ទៅ ជាមួយនឹងព្រះគ្រីស្ទ ខាងឯបឋមសិក្សារបស់លោកីយនេះមែន នោះតើហេតុអ្វីបានជាអ្នករាល់គ្នា ធ្វើដូចជារស់នៅជាប់ក្នុងលោកីយនៅឡើយ ដោយចុះចូលនឹងសេចក្តីបញ្ញត្តទាំងប៉ុន្មានវិញ ២១ដូចជាថា កុំឲ្យកាន់ កុំឲ្យភ្លក់ កុំឲ្យពាល់ឲ្យសោះ ២២គឺតាមសេចក្តីហាមប្រាម នឹងសេចក្តីបង្រៀនរបស់មនុស្ស ដែលសេចក្តីទាំងនោះតែងតែវិនាសបាត់ទៅ ដោយការប្រើប្រាស ២៣ជាសេចក្តីដែលមើលទៅដូចជាមានទំនងមែន ដោយមានការថ្វាយបង្គំស្ម័គ្រពីចិត្ត ហើយមានសេចក្តីសុភាព ឥតប្រណីរូបសាច់ តែគ្មានប្រយោជន៍ នឹងទប់ទល់សេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។



៣ ១ដូច្នេះ បើសិនជាអ្នករាល់គ្នាបានរស់ឡើងវិញ ជាមួយនឹងព្រះគ្រីស្ទ នោះចូរស្វែងរកអស់ទាំងសេចក្តី ដែលនៅស្ថានលើវិញ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំនៃព្រះ ២ចូរផ្ចង់ចិត្តទៅឯសេចក្តីទាំងអស់ដែលនៅខាងលើ កុំឲ្យផ្ចង់ទៅឯសេចក្តីទាំងប៉ុន្មាន ដែលនៅផែនដីឡើយ ៣ដ្បិតអ្នករាល់គ្នាបានស្លាប់ហើយ ជីវិតអ្នករាល់គ្នាក៏លាក់ទុកក្នុងព្រះ ជាមួយនឹងព្រះគ្រីស្ទ ៤កាលណាព្រះគ្រីស្ទដ៏ជាជីវិតនៃយើង បានលេចមក នោះអ្នករាល់គ្នានឹងលេចមកក្នុងសិរីល្អ ជាមួយនឹងទ្រង់ដែរ។ ៥ដូច្នេះ ចូរសំឡាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺជាការសហាយស្មន់ ស្មោកគ្រោក សំរើបសំរាល ប៉ងប្រាថ្នាអាក្រក់ នឹងសេចក្តីលោភ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ ៦គឺដោយហេតុសេចក្តីទាំងនោះ បានជាសេចក្តីខ្ញាល់របស់ព្រះមកលើពួកមនុស្សរឹងចចេស ៧ហើយអ្នករាល់គ្នាបានប្រព្រឹត្តក្នុងពួកនោះកាលពីដើម គឺពីការដែលនៅរស់ក្នុងកិរិយាទាំងនោះដែរ ៨តែឥឡូវនេះ ចូរឲ្យអ្នករាល់គ្នាលះអស់ទាំងអំពើនោះ គឺសេចក្តីកំហឹង គ្នាន់ក្នាញ់ គំរក់ ប្រមាថ នឹងពាក្យអព្វមង្គល ចេញពីមាត់ចោលទៅ ៩កុំឲ្យកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ នឹងអំពើរបស់វាចោលចេញហើយ ១០ចូរប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្តីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក ១១ជាសណ្ឋានដែលគ្មានសាសន៍ក្រេក នឹងសាសន៍យូដា ការកាត់ស្បែក ហើយមិនកាត់ស្បែក មនុស្សប្រទេសដទៃ ឬជាតិមនុស្សព្រៃ បាវបំរើ ឬអ្នកជាផងនោះទេ គឺព្រះគ្រីស្ទទ្រង់ជាគ្រប់ទាំងអស់វិញ ហើយទ្រង់ក៏គង់នៅក្នុងគ្រប់ទាំងអស់ផង។

១២ដូច្នេះ ចូរប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត នឹងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ ១៣ហើយទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក បើអ្នកណាមានហេតុទាស់នឹងអ្នកណា នោះចូរអត់ទោសឲ្យគេចុះ ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ ១៤ចូរបន្ថែមទាំងសេចក្តីស្រឡាញ់ថែមទៀត ជាចំណងនៃសេចក្តីគ្រប់លក្ខណ៍ ១៥ចូរឲ្យសេចក្តីមេត្រីរបស់ព្រ់គ្រីះស្ទត្រួតត្រានៅក្នុងចិត្ត ដែលទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្តីនោះឯង ឲ្យមានរូបកាយតែ១ហើយត្រូវដឹងគុណផង ។

១៦ចូរឲ្យព្រះបន្ទូលនៃព្រះគ្រីស្ទ បានសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ ដោយប្រាជ្ញាគ្រប់យ៉ាង ទាំងបង្រៀនហើយទូន្មានគ្នា ដោយនូវទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ ទាំងច្រៀងក្នុងចិត្តថ្វាយព្រះ ដោយព្រះគុណ ១៧ហើយក្នុងគ្រប់ការទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដី ឬកិរិយាក៏ដោយចូរធ្វើទាំងអស់ ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតា ដោយសារទ្រង់ផង។

១៨ពួកស្រីៗអើយ ចូរចុះចូលចំពោះប្តីខ្លួន ដូចជាគួរគប្បីក្នុងព្រះអម្ចាស់ ១៩ពួកប្រុសៗអើយ ចូរស្រឡាញ់ប្រពន្ធចុះ កុំឲ្យមានចិត្តជិនឆ្អន់ឡើយ ២០ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់ឪពុកម្តាយ ក្នុងគ្រប់ការទាំងអស់ដ្បិតព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យយ៉ាងដូច្នោះឯង ២១ឱឪពុករាល់គ្នាអើយ កុំឌុកដាន់កូនចៅឡើយ ក្រែងវារសាយចិត្តចេញ ២២ពួកបាវបំរើអើយ ចូរស្តាប់បង្គាប់ចៅហ្វាយនាយខាងសាច់ឈាម ក្នុងគ្រប់ការទាំងអស់ចុះ មិនមែនតែកាលនៅមុខគេប៉ុណ្ណោះ ដូចជាចង់ផ្គាប់ចិត្តមនុស្សនោះទេ គឺដោយចិត្តស្មោះត្រង់វិញ ទាំងកោតខ្លាចដល់ព្រះផង ២៣ហើយការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្តទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ ២៤ដោយដឹងថា អ្នករាល់គ្នានឹងទទួលរង្វាន់ជាមរដកអំពីព្រះអម្ចាស់មក ដ្បិតអ្នករាល់គ្នាជាអ្នកបំរើរបស់ព្រះគ្រីស្ទជាព្រះអម្ចាស់ ២៥ឯអ្នកណាដែលប្រព្រឹត្តខុសឆ្គង នោះនឹងទទួលតាមការកំហុសរបស់ខ្លួន ហើយទ្រង់មិនរើសមុខអ្នកណាឡើយ។



៤ ១ពួកចៅហ្វាយរាល់គ្នាអើយ ចូរបើកឲ្យដល់អ្នកបំរើរបស់អ្នក តាមត្រឹមត្រូវ ហើយទៀងត្រង់ចុះ ដោយដឹងថា អ្នកក៏មានចៅហ្វាយ១នៅស្ថានសួគ៌ដែរ។

២ចូរព្យាយាមក្នុងសេចក្តីអធិស្ឋាន ទាំងចាំយាមក្នុងសេចក្តីនោះឯង ដោយពាក្យអរព្រះគុណ ៣ព្រមទាំងអធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបានបើកទ្វារឲ្យយើងខ្ញុំផ្សាយព្រះបន្ទូល ជាសេចក្តីអាថ៌កំបាំងនៃព្រះគ្រីស្ទ ដែលខ្ញុំជាប់ចំណង ដោយព្រោះព្រះបន្ទូលនោះឯង ៤ប្រយោជន៍ឲ្យខ្ញុំបានសំដែងព្រះបន្ទូលតាមដែលគួរគប្បី ៥ចូរប្រព្រឹត្តនឹងពួកអ្នកក្រៅដោយប្រាជ្ញា ទាំងលៃយកឱកាសឲ្យទាន់ពេលផង ៦ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនិមួយៗ។

៧អ្នកទីឃីកុស ជាបងប្អូនស្ងួនភ្ងា គឺជាអ្នកជំនួយដ៏ស្មោះត្រង់ ហើយជាបាវបំរើជាមួយគ្នាក្នុងព្រះអម្ចាស់ គាត់នឹងប្រាប់ឲ្យអ្នករាល់គ្នាដឹងពីអស់ទាំងរឿងរបស់ខ្ញុំ ៨ខ្ញុំបានចាត់គាត់មកឯអ្នករាល់គ្នា សំរាប់ការនោះឯង គឺឲ្យបានដឹងរឿងពីអ្នករាល់គ្នា ហើយឲ្យបានកំសាន្តចិត្តអ្នករាល់គ្នាផង ៩ក៏ចាត់អ្នកអូនេស៊ីម ជាបងប្អូនស្ងួនភ្ងា ហើយស្មោះត្រង់ ដែលមកពីពួកអ្នករាល់គ្នាដែរ អ្នកទាំង២នេះ នឹងប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីគ្រប់ការទាំងអស់ ដែលនៅខាងនាយនោះ។

១០អ្នកអើរីស្តាក ដែលជាប់គុកជាមួយនឹងខ្ញុំ ហើយម៉ាកុស ជាក្មួយបាណាបាស គាត់ជំរាបសួរមកអ្នករាល់គ្នា អ្នករាល់គ្នាបានទទួលបង្គាប់ ពីរឿងគាត់រួចទៅហើយថាបើគាត់មកឯអ្នករាល់គ្នា នោះត្រូវទទួលគាត់ចុះ ១១ឯអ្នកយេស៊ូវ ដែលហៅថា យូស្ទុស គាត់ជំរាបសួរមកអ្នករាល់គ្នាដែរ អ្នកទាំងនោះជាពួកកាត់ស្បែក ឯពួកអ្នកដែលធ្វើការជាមួយនឹងខ្ញុំខាងឯនគរព្រះ មានតែប៉ុណ្ណឹងទេ ដែលកំសាន្តចិត្តខ្ញុំ ១២អ្នកអេប៉ាប្រាស ជាបាវបំរើនៃព្រះគ្រីស្ទដែលមកពីពួកអ្នករាល់គ្នា គាត់សូមជំរាបសួរមកអ្នករាល់គ្នាដែរ គាត់ខំប្រឹងអធិស្ឋានជានិច្ច ឲ្យអ្នករាល់គ្នាបានឈរជាគ្រប់លក្ខណ៍ ហើយពេញខ្នាត តាមព្រះហឫទ័យនៃព្រះគ្រប់ជំពូក ១៣ខ្ញុំធ្វើបន្ទាល់ពីគាត់ថា គាត់មានចិត្តឧស្សាហ៍ដល់អ្នករាល់គ្នា នឹងពួកអ្នកនៅក្រុងឡៅឌីសេ ហើយពួកអ្នកនៅក្រុងហេរ៉ាប៉ូលជាខ្លាំងណាស់ ១៤លោកលូកា ជាគ្រូពេទ្យស្ងួនភ្ងា នឹងអ្នកដេម៉ាស ក៏ជំរាបសួរមកអ្នករាល់គ្នាដែរ ១៥សូមជំរាបសួរដល់ពួកបងប្អូននៅក្រុងឡៅឌីសេនឹងអ្នកនីមផាស ហើយពួកជំនុំដែលប្រជុំគ្នានៅផ្ទះគាត់ ១៦កាលណាបានអានមើលសំបុត្រនេះ ក្នុងពួកបងប្អូនអ្នករាល់គ្នាហើយ នោះចូរឲ្យគេអានមើលក្នុងពួកជំនុំ នៅក្រុងឡៅឌីសេដែរ រួចឲ្យអ្នករាល់គ្នាមើលសំបុត្រ ដែលផ្ញើទៅពួកឡៅឌីសេផង ១៧សូមប្រាប់ដល់អ្នកអើឃីពថា ចូរប្រយ័តនឹងការងារ ដែលបានទទួលក្នុងព្រះអម្ចាស់ហើយចុះ ដើម្បីឲ្យបានបំពេញការងារនោះ។

១៨ប៉ុលខ្ញុំសរសេរពាក្យជំរាបសួរនេះ ដោយដៃខ្លួនខ្ញុំសូមឲ្យអ្នករាល់គ្នានឹកចាំពីចំណងរបស់ ខ្ញុំសូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។៚



AMAZING GRACE BIBLE INSITIUTE