Get the DaunPhen font >> HERE <<.

កិច្ចការ

របស់ពួកសាវក


១ ១ឱលោកថេវភីលអើយ ខ្ញុំបានតែងរឿង១ច្បាប់មុននោះ ពីអស់ទាំងការដែលព្រះយេស៊ូវ បានចាប់តាំងធ្វើហើយបង្រៀន ២ដរាបដល់ថ្ងៃ ដែលព្រះបានលើកទ្រង់ឡើងផុតទៅហើយ គឺក្រោយដែលទ្រង់បានផ្តាំដោយនូវព្រះវិញ្ញាណបរិសុទ្ធ ដល់ពួកសាវក ជាពួកអ្នកដែលទ្រង់បានរើស ៣ហើយកាលទ្រង់បានរងទុក្ខរួចហើយ នោះក៏បានសំដែងអង្គទ្រង់មកទាំងរស់ ឲ្យពួកសាវកនោះឃើញ ដោយសារភ័ស្តុតាងជាច្រើន ព្រមទាំងលេចមកឯគេ ក៏សំដែងពីអស់ទាំងសេចក្តីខាងឯនគរព្រះ ក្នុងរវាង៤០ថ្ងៃ ៤រួចមក កាលបានប្រជុំទាំងអស់គ្នាហើយ នោះទ្រង់ហាមមិនឲ្យគេចេញពីក្រុងយេរូសាឡិមឡើយ ដោយបន្ទូលថា ត្រូវឲ្យនៅចាំសេចក្តីសន្យានៃព្រះវរបិតា ដែលអ្នករាល់គ្នាបានឮខ្ញុំថ្លែងប្រាប់ហើយ ៥ដ្បិតពិតជាលោកយ៉ូហានបានធ្វើបុណ្យជ្រមុជដោយទឹក ប៉ុន្តែនៅបន្តិចទៀត អ្នករាល់គ្នានឹងទទួលបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធវិញ។

៦ដូច្នេះ កាលពួកសាវកបានប្រជុំគ្នា នោះក៏ទូលសួរថា ព្រះអម្ចាស់អើយ តើនៅគ្រានេះឬអី ដែលទ្រង់នឹងតាំងនគរឲ្យសាសន៍អ៊ីស្រាអែលឡើងវិញនោះ ៧តែទ្រង់មានបន្ទូលឆ្លើយថា មិនត្រូវឲ្យអ្នករាល់គ្នាដឹងពេល ដឹងកំណត់ ដែលព្រះវរបិតាបានទុកនៅក្នុងអំណាចរបស់ទ្រង់នោះឡើយ ៨ប៉ុន្តែកាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា នឹងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង ៩កាលទ្រង់បានមានបន្ទូលសេចក្តីទាំងនោះរួចជាស្រេច ហើយពួកសាវកកំពុងតែមើល នោះព្រះបានលើកទ្រង់ឡើងទៅ រួចមានពពកមកបំបាំងទ្រង់ ពីភ្នែកគេ។

១០កំពុងដែលគេងើយសំឡឹងមើលទៅលើមេឃ ក្នុងកាលដែលទ្រង់យាងទៅ នោះឃើញមាន២នាក់ ស្លៀកពាក់ស ឈរនៅជិត និយាយថា ១១ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះ ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នា ឡើងទៅលើស្ថានសួគ៌ ទ្រង់នឹងយាងមកវិញ តាមបែបដដែលដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ ១២ពួកអ្នកទាំងនោះក៏វិលពីភ្នំដែលហៅថា ភ្នំដើមអូលីវ ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ រីឯភ្នំនោះ នៅជិតក្រុងយេរូសាឡិមចំងាយផ្លូវដើរអស់១ថ្ងៃឈប់សំរាក ១៣កាលគេចូលទៅដល់ហើយ នោះក៏ឡើងទៅឯបន្ទប់ខាងលើ ជាលំនៅរបស់ពេត្រុស យ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស បារថូល៉ូមេ ម៉ាថាយ យ៉ាកុប ជាកូនអាល់ផាយ ស៊ីម៉ូន ជាពួកឧស្សាហ៍នឹងយូដាស ជាញាតិនឹងយ៉ាកុប ១៤ពួកអ្នកទាំងនេះមានចិត្តព្រមព្រៀងគ្នា ដោយព្យាយាមក្នុងសេចក្តីអធិស្ឋាន ជាមួយនឹងពួកស្រីៗ ព្រមទាំងម៉ារា ជាមាតាព្រះយេស៊ូវនឹងបងប្អូនទ្រង់ដែរ។

១៥នៅគ្រានោះ ពេត្រុសឈរឡើងកណ្តាលពួកបងប្អូន ដែលមានឈ្មោះប្រហែលជា១២០នាក់ ប្រកាសថា ១៦បងប្អូនរាល់គ្នាអើយ បទគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធបានទាយ ដោយសារព្រះឱស្ឋហ្លួងដាវីឌ ពីដំណើរយូដាស ជាអ្នកដែលនាំគេទៅចាប់ព្រះយ៉េស៊ូវបទនោះត្រូវតែបានសំរេច ១៧ដ្បិតវាបានរាប់ក្នុងពួកយើងរាល់គ្នា ហើយបានទទួល១ចំណែកក្នុងការងារនេះដែរ ១៨(រីឯមនុស្សនេះបានទិញដីវាល ដោយសាររង្វាន់នៃការទុច្ចរិតរបស់ខ្លួនវា ប៉ុន្តែវាដួលទៅមុខធ្លាយពោះ ហើយពោះវៀនក៏ចេញទ្រេល ១៩រឿងនោះបានឮ ទៅដល់មនុស្សទាំងទ្បាយដែលនៅក្រុងយេរូសាទ្បិម បានជាគេហៅវាលនោះតាមភាសាគេថា អាកិលដាម៉ា គឺប្រែថា វាលឈាម) ២០ព្រោះមានសេចក្តីចែងទុកមក ក្នុងគម្ពីរទំនុកដំកើងថា «ចូរឲ្យទីលំនៅវាត្រូវចោលស្ងាត់ចុះ កុំឲ្យមានអ្នកណានៅទីនោះទ្បើយ» ហើយថា «ត្រូវឲ្យម្នាក់ទៀតទទួលការងារជំនួសវា» ២១ដូច្នេះ ក្នុងពួកអ្នកដែលដើរជាមួយនឹងយើង គ្រប់វេលាដែលព្រះអម្ចាស់យេស៊ូវយាងចេញចូល ក្នុងពួកយើង ២២ចាប់តាំងពីគ្រាលោកយ៉ូហានធ្វើបុណ្យជ្រមុជទឹក ដរាបមកដល់ថ្ងៃ ដែលព្រះបានលើកទ្រង់ឡើង ពីយើងរាល់គ្នាទៅ នោះត្រូវឲ្យមានម្នាក់ទៀតធ្វើជាទីបន្ទាល់ ជាមួយនឹងយើង ពីដំណើរដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ២៣ដូច្នេះ គេក៏ដំរូវលើរូប២នាក់ គឺយ៉ូសែប ដែលហៅថា បារសាបាស ដែលមានឈ្មោះយូស្ទុសផងនោះ១ នឹងម៉ាត់ធាស១ ២៤រួចគេអធិស្ឋានទូលថា ឱព្រះអម្ចាស់ ជាព្រះដ៏ជ្រាបនូវចិត្តមនុស្សទាំងឡាយអើយ សូមបង្ហាញឲ្យយើងខ្ញុំដឹងថា ទ្រង់រើសអ្នកណាក្នុងបណ្តាអ្នកទាំង២នេះ ២៥ឲ្យបានទទួលចំណែក ក្នុងកិច្ចការ នឹងងារជាសាវកនេះ ជំនួសយូដាស ដែលបានធ្លាក់ចេញពីងារនេះហើយដើម្បីនឹងទៅឯកន្លែងរបស់វា ២៦នោះគេចាប់ឆ្នោតត្រូវលើរូបម៉ាត់ធាស រួចគេក៏រាប់គាត់បញ្ចូលូជាមួយនឹងពួកសាវកទាំង១១នាក់។



២ ១កាលបុណ្យថ្ងៃទី៥០បានមកដល់ នោះគេមានចិត្តព្រមព្រៀងប្រជុំទាំងអស់គ្នា នៅកន្លែងតែ១ ២ស្រាប់តែមានឮសូរពីលើមេឃ ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង មកពេញក្នុងផ្ទះដែលគេអង្គុយនៅ ៣ក៏មានអណ្តាត ដូចជាអណ្តាតភ្លើង ដែលបែកចេញពីគ្នា លេចមកឲ្យគេឃើញហើយមកសណ្ឋិតលើគេគ្រប់គ្នា ៤រួចគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ ក៏តាំងនិយាយភាសាផ្សេងៗតាមដែលព្រះវិញ្ញាណប្រទានឲ្យ។

៥រីឯនៅក្រុងយេរូសាឡិម មានពួកសាសន៍យូដា ជាអ្នកកោតខ្លាចដល់ព្រះ ដែលមកពីគ្រប់នគរនៅក្រោមមេឃ ៦កាលសូរសព្ទពីការនោះបានឮសុសសាយទៅ នោះបណ្តាមនុស្សក៏ប្រជុំគ្នា ហើយគេមានសេចក្តីស្រឡាំងកាំង ដោយគ្រប់គ្នាឮភាសាជាតិរបស់ខ្លួន ដែលពួកសាវកកំពុងតែអធិប្បាយ ៧គេមានសេចក្តីអស្ចារ្យក្នុងចិត្ត ហើយនិយាយគ្នាទៅវិញទៅមក ដោយឆ្ងល់ថា អ្នកទាំងនេះដែលអធិប្បាយ តើមិនមែនជាពួកអ្នកស្រុកកាលីឡេទាំងអស់គ្នាទេឬអី ៨ចុះដូចម្តេចបានជាយើងឮគេនិយាយតាមភាសាកំណើតរបស់យើងរៀងខ្លួនដូច្នេះ ៩គឺជាសាសន៍ផារថុស មេឌី អេឡាំ នឹងពួកអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី ១០ព្រមទាំងស្រុកព្រីគា ស្រុកប៉ាមភីលា ស្រុកអេស៊ីព្ទ នឹងដែនស្រុកលីប៊ី ដែលនៅជុំវិញស្រុកគីរេន ហើយពួកអ្នកស្រុករ៉ូម ដែលស្នាក់នៅទីនេះ ទោះទាំងសាសន៍យូដា នឹងអ្នកចូលសាសន៍ផង ១១ហើយសាសន៍ក្រេត នឹងសាសន៍អារ៉ាប់ដែរ យើងទាំងអស់គ្នាឮគេនិយាយ ពីអស់ទាំងការអស្ចារ្យរបស់ព្រះ តាមភាសារបស់យើងរៀងខ្លួន ១២អ្នកទាំងនោះមានសេចក្តីអស្ចារ្យ ព្រមទាំងវល់ក្នុងចិត្ត ក៏សួរគ្នាទៅវិញទៅមកថា តើការនេះដូចម្តេចហ្ន៎ ១៣តែមានអ្នកខ្លះចំអកឲ្យថា ពួកនេះស្រវឹងស្រាថ្មីទេ។

១៤នោះពេត្រុសក៏ឈរឡើង ជាមួយនឹងពួក១១នាក់ ក៏បន្លឺសំឡេងនិយាយទៅគេថា ឱពួកសាសន៍យូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាអើយ សូមឲ្យអ្នករាល់គ្នាដឹងសេចក្តីនេះ ហើយប្រុងស្តាប់ពាក្យខ្ញុំចុះ ១៥ដ្បិតអ្នកទាំងនេះមិនមែនស្រវឹង ដូចជាអ្នករាល់គ្នាគិតស្មាននោះទេ ព្រោះទើបនឹងម៉ោង៩ព្រឹកនៅឡើយ ១៦នេះគឺជាសេចក្តីទំនាយរបស់ហោរាយ៉ូអែលវិញ ដែលលោកទាយទុកមកថា ១៧«ព្រះទ្រង់មានបន្ទូលថា ដល់ថ្ងៃជាន់ក្រោយបង្អស់ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសកូនស្រីឯងរាល់គ្នានឹងទាយទំនាយពួកកំឡោះឯងរាល់គ្នា នឹងឃើញការជាក់ស្តែង ហើយពួកចាស់ៗរបស់ឯងរាល់គ្នានឹងយល់សប្តិ ១៨នៅគ្រានោះ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើទាំងពួកអ្នកបំរើប្រុសស្រីផង ហើយគេនឹងទាយទំនាយដែរ ១៩អញនឹងសំដែងការអស្ចារ្យ នៅលើមេឃ នឹងទីសំគាល់ នៅផែនដី គឺជាឈាម ភ្លើង ហើយនឹងកំសួលផ្សែង ២០ថ្ងៃនឹងប្រែទៅជាងងឹត ហើយខែនឹងទៅជាឈាម មុនដែលថ្ងៃធំឧត្តមរបស់ព្រះអម្ចាស់មកដល់ ២១នោះអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ គេនឹងបានសង្គ្រោះ» ២២ឱពួកសាសន៏អ៊ីស្រាអែលអើយ សូមស្តាប់ពាក្យនេះចុះ ព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដែលព្រះបានសំដែងបង្ហាញមកអ្នករាល់គ្នា ដោយការឫទ្ធិបារមី ការអស្ចារ្យនឹងទីសំគាល់ ដែលព្រះទ្រង់បានធ្វើ នៅកណ្តាលអ្នករាល់គ្នា ដោយសារទ្រង់ ដូចជាអ្នករាល់គ្នាដឹងស្រាប់ហើយ ២៣ព្រះអង្គនោះទ្រង់ត្រូវបញ្ជូនទៅ តាមការសំរេច នឹងបព្វញាណនៃព្រះ ហើយអ្នករាល់គ្នាបានចាប់ទ្រង់ ដោយសារដៃមនុស្សទទឹងច្បាប់ ព្រមទាំងឆ្កាងសំទ្បាប់ទ្រង់ផង ២៤ប៉ុន្តែ ព្រះបានប្រោសទ្រង់ ឲ្យមានព្រះជន្មរស់ទ្បើងវិញ ដោយបានស្រាយចំណងនៃសេចក្តីស្លាប់ចេញ ពីព្រោះសេចក្តីស្លាប់ គ្មានអំណាចនឹងឃុំឃាំងទ្រង់ទុកបានទ្បើយ ២៥ដ្បិតហ្លួងដាវីឌមានបន្ទូលពីទ្រង់ថា «ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ពីព្រោះទ្រង់សណ្ឋិតនៅខាងដៃស្តាំទូលបង្គំ ដើម្បីមិនឲ្យទូលបង្គំត្រូវរង្គើទ្បើយ ២៦ហេតុនោះបានជាចិត្តទូលបង្គំមានសេចក្តីអំណរ ហើយអណ្តាតទូលបង្គំក៏ថ្លែង ដោយសេចក្តីត្រេកអរ ១ទៀត រូបសាច់ទូលបង្គំនឹងស្នាក់នៅ ដោយសេចក្តីសង្ឃឹមដែរ ២៧ដ្បិតទ្រង់នឹងមិនទុកព្រលឹងទូលបង្គំ ឲ្យជាប់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនឲ្យអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្តីពុករលួយដែរ ២៨ទ្រង់បានឲ្យទូលបង្គំស្គាល់អស់ទាំងផ្លូវនៃជីវិត ក៏នឹងឲ្យទូលបង្គំបានពេញជាសេចក្តីអំណរ ដោយភាពនៃព្រះភគ្ត្រទ្រង់» ២៩ឱបងប្អូនរាល់គ្នាអើយ ខ្ញុំមានច្បាប់នឹងថ្លែងប្រាប់ដល់អ្នករាល់គ្នាយ៉ាងច្បាស់ ពីហ្លួងដាវីឌ ជាឰយុកោថា លោកបានទាំងសុគត ហើយគេបានបញ្ចុះសពលោកដែរ ផ្នូរលោកក៏នៅជាមួយនឹងយើងរាល់គ្នា ដរាបដល់សព្វថ្ងៃនេះ ៣០ដូច្នេះ ដោយព្រោះលោកជាហោរា ហើយក៏ជ្រាបថា ព្រះបានស្បថសន្យានឹងលោកថា ទ្រង់នឹងបង្កើតព្រះគ្រីស្ទពីពូជរបស់លោកខាងសាច់ឈាម ឲ្យបានគង់លើបល្ល័ង្ករបស់លោក ៣១គឺដោយព្រោះលោកបានឃើញការនោះជាមុន បានជាលោកសំដែងពីព្រះគ្រីស្ទត្រូវរស់ឡើងវិញថា ព្រលឹងទ្រង់មិនត្រូវទុកចោល នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ហើយីរូបសាច់ទ្រង់មិនត្រូវឃើញសេចក្តីពុករលួយឡើយ ៣២ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយពួកយើងនេះជាទីបន្ទាល់ពីទ្រង់ទាំងអស់គ្នា ៣៣ដូច្នេះ ដែលទ្រង់បានដំកើងឡើង ដោយសារព្រះហស្តស្តាំនៃព្រះ ហើយបានទទួលសេចក្តីសន្យា គឺជាព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតា នោះទ្រង់បានចាក់សេចក្តីនេះមកដែលអ្នករាល់គ្នាកំពុងតែមើលហើយស្តាប់ ៣៤ដ្បិតហ្លួងដាវីឌមិនបានឡើងទៅស្ថានសួគ៌ទេ ប៉ុន្តែ លោកបាននិយាយថា «ព្រះអម្ចាស់ទ្រង់មានបន្ទូលនឹងព្រះអម្ចាស់នៃទូលបង្គថ្គាំ ចូរឯងអង្គុយខាងស្តាំអញ ៣៥ដរាបដល់អញយកពួកខ្មាំងសត្រូវឯង ដាក់ធ្វើជាកំណល់កល់ជើងឯង» ៣៦ដូច្នេះ ចូរឲ្យពួកវង្សអ៊ីស្រាអែលទាំងអស់ដឹងជាប្រាកដថា ព្រះទ្រង់បានលើកព្រះយេស៊ូវនេះ ដែលអ្នករាល់គ្នាបានឆ្កាង ឲ្យទ្រង់ធ្វើជាព្រះអម្ចាស់ ហើយជាព្រះគ្រីស្ទផង។

៣៧កាលគេបានឮ នោះគេមានសេចក្តីចាក់ចុចក្នុងចិត្ត ក៏សួរពេត្រុស នឹងពួកសាវកឯទៀតថា បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច ៣៨ពេត្រុសឆ្លើយតបថា ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ ៣៩ដ្បិតសេចក្តីសន្យានោះ គឺសន្យាដល់អ្នករាល់គ្នា នឹងកូនចៅអ្នករាល់គ្នាព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះនៃយើងរាល់គ្នាទ្រង់នឹងហៅ ៤០គាត់ក៏ធ្វើបន្ទាល់អស់ពីចិត្ត ហើយទូន្មានដោយពាក្យជាច្រើនទៀតថា ចូរឲ្យអ្នករាល់គ្នាបានសង្គ្រោះ រួចពីពូជដំណរវៀចនេះ ៤១នោះពួកអ្នកដែលទទួលពាក្យរបស់គាត់ដោយអំណរ ក៏បានទទួលបុណ្យជ្រមុជទឹក ហើយនៅថ្ងៃដដែលនោះ មានប្រហែលជា៣ពាន់នាក់ថែមកើនឡើងទៀត។

៤២អ្នកទាំងនោះក៏នៅតែព្យាយាមក្នុងសេចក្តីបង្រៀនរបស់ពួកសាវក ហើយក្នុងសេចក្តីប្រកបគ្នា ព្រមទាំងការកាច់នំប៉័ង នឹងសេចក្តីអធិស្ឋានផង ៤៣គ្រប់គ្នាកើតមានចិត្តកោតខ្លាច ហើយមានការអស្ចារ្យ នឹងទីសំគាល់ជាច្រើនកើតមក ដោយសារពួកសាវកដែរ ៤៤ពួកអ្នកដែលជឿទាំងប៉ុន្មាន ក៏នៅជាមួយគ្នា ហើយមានរបស់ទាំងអស់នៅមូលព្រមគ្នា ៤៥គេក៏លក់ទ្រព្យសម្បត្តិ នឹងរបស់គេទាំងប៉ុន្មាន ចែកដល់គ្នាតាមដែលគ្រប់គ្នាត្រូវការ ៤៦រាល់តែថ្ងៃ គេនៅតែព្យាយាមក្នុងព្រះវិហារ ដោយមានចិត្តព្រមព្រៀងគ្នា ឯកាលនៅផ្ទះ ក៏កាច់នំប៉័ង ហើយបរិភោគអាហារ ដោយអំណរ នឹងចិត្តស្មោះត្រង់ ៤៧ព្រមទាំងសរសើរដល់ព្រះ ហើយបណ្តាជនទាំងអស់គ្នាក៏រាប់អានគេ ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃ ទៅក្នុងពួកជំនុំថែមទៀត។



៣ ១នៅពេលអធិស្ឋាន ជាពេលម៉ោង៣រសៀល នោះពេត្រុស នឹងយ៉ូហាន ទ្បើងទៅក្នុងព្រះវិហារ ជាមួយគ្នា ២រីឯនៅត្រង់មាត់ទ្វារព្រះវិហារ ដែលហៅថាទ្វារលំអ នោះមានមនុស្សម្នាក់ ដែលខ្វិនពីកំណើត គេតែងសែងគាត់យកមក ដាក់នៅទីនោះរាល់តែថ្ងៃ ដើម្បីឲ្យបានសូមទានចំពោះអស់អ្នកដែលចូលទៅក្នុងព្រះវិហារ ៣កាលគាត់ឃើញពេត្រុស នឹងយ៉ូហាន កំពុងតែដើរចូលទៅក្នុងព្រះវិហារ នោះគាត់សូមទាន ៤តែពេត្រុស ព្រមទាំងយ៉ូហាន ក៏សំទ្បឹងមើលទៅគាត់ ប្រាប់ថា ចូរមើលមកយើងឯណេះ ៥គាត់ក៏ស្តាប់តាម ដោយសង្ឃឹមថានឹងបានអ្វីខ្លះ ៦តែពេត្រុសនិយាយថា ឯប្រាក់ ហើយនឹងមាស ខ្ញុំគ្មានទេ តែរបស់ដែលខ្ញុំមាន នោះខ្ញុំនឹងឲ្យដល់អ្នក គឺដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ចូរអ្នកក្រោកទ្បើងដើរទៅចុះ ៧រួចក៏ចាប់ដៃស្តាំលើកគាត់ទ្បើង ស្រាប់តែប្រអប់ជើង នឹងភ្នែកគោររបស់គាត់ មានកំឡាំងឡើងភ្លាម ៨គាត់ក៏ស្ទុះឈរឡើងដើរទៅមក ហើយចូលទៅក្នុងព្រះវិហារជាមួយនឹងអ្នកទាំង២នោះ ទាំងដើរ ទាំងលោត ទាំងសរសើរដល់ព្រះផង ៩បណ្តាជនទាំងអស់គ្នាក៏ឃើញគាត់ដើរ ទាំងសរសើរព្រះដូច្នោះ ១០ហើយគេស្គាល់គាត់ ថាជាអ្នកដែលតែងតែអង្គុយសូមទានគេនៅត្រង់មាត់ទ្វារលំអរបស់ព្រះវិហារ នោះគេក៏មានពេញជាសេចក្តីអស្ចារ្យ ហើយមមិងមមាំងពីការដែលកើតមកនោះ ១១ដូច្នេះ កំពុងដែលគាត់ចាប់តោងឃាត់ពេត្រុស នឹងយ៉ូហាន នោះបណ្តាជនទាំងអស់ក៏រត់មូលមកឯគេ នៅត្រង់បាំងសាចដែលហៅថា បាំងសាចសាឡូម៉ូន ហើយគេមានសេចក្តីអស្ចារ្យក្នុងចិត្តណាស់។

១២កាលពេត្រុសបានឃើញដូច្នោះ នោះគាត់និយាយទៅប្រជាជនថា ឱសាសន៍អ៊ីស្រាអែលរាល់គ្នាអើយ ហេតុអ្វីបានជាមានសេចក្តីប្លែកក្នុងចិត្តពីការនេះ ហើយសំឡឹងមើលមកយើងខ្ញុំ ហាក់ដូចជាយើងខ្ញុំបានធ្វើឲ្យមនុស្សនេះដើររួច ដោយអាងអំណាច ឬគុណានុភាពរបស់ខ្លួនយើងខ្ញុំដូច្នេះ ១៣ព្រះនៃលោកអ័ប្រាហាំ លោកអ៊ីសាក នឹងលោកយ៉ាកុប ជាព្រះនៃពួកឰយុកោយើងរាល់គ្នា ទ្រង់បានដំកើងអ្នកបំរើទ្រង់នោះ គឺព្រះយេស៊ូវ ដែលអ្នករាល់គ្នាបានបញ្ជូនទៅ ហើយក្នុងកាលដែលលោកពីឡាត់សំរេចសេចក្តីថានឹងលែងទ្រង់ នោះអ្នករាល់គ្នាបានប្រកែកបដិសេធនៅមុខលោក មិនព្រមទទួលទ្រង់ទេ ១៤គឺជាមិនព្រមទទួលព្រះដ៏បរិសុទ្ធ ហើយសុចរិតនោះឯង បែរជាសូមឲ្យលោកលែងមនុស្សដែលសំឡាប់គេ ដល់អ្នករាល់គ្នាវិញ ១៥អ្នករាល់គ្នាបានសំឡាប់ព្រះអម្ចាស់ជីវិតនោះទៅ តែព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ យើងខ្ញុំនេះជាទីបន្ទាល់ពីការនោះឯង ១៦ហើយគឺដោយសារសេចក្តីជំនឿជឿដល់ព្រះនាមទ្រង់ នោះព្រះនាមទ្រង់បានប្រោសមនុស្សនេះ ដែលអ្នករាល់គ្នាឃើញហើយស្គាល់ ឲ្យមានកំឡាំងឡើង គឺជាសេចក្តីជំនឿដែលកើតមក ដោយសារព្រះអង្គនោះឯង បានធ្វើឲ្យគាត់ជាស្រឡះ នៅមុខអ្នករាល់គ្នាដូច្នេះ ១៧ឥឡូវនេះ បងប្អូនអើយ ខ្ញុំដឹងថា អ្នករាល់គ្នា ព្រមទាំងពួកនាម៉ឺននៃអ្នករាល់គ្នា បានប្រព្រឹត្តការនោះ ដោយមិនបានយល់ទេ ១៨ប៉ុន្តែសេចក្តីដែលព្រះបានប្រកាសប្រាប់ជាមុន ដោយសារមាត់នៃអស់ទាំងហោរារបស់ទ្រង់ ពីដំណើរព្រះគ្រីស្ទថា ទ្រង់ត្រូវរងទុក្ខលំបាក នោះព្រះទ្រង់ក៏បានសំរេចតាមយ៉ាងដូច្នោះឯង ១៩ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយ មកពីចំពោះព្រះអម្ចាស់ ២០ហើយឲ្យទ្រង់បានចាត់ព្រះអង្គនោះ ដែលបានដំរូវទុកជាមុន មកឯអ្នករាល់គ្នា គឺជាព្រះយេស៊ូវគ្រីស្ទ ២១ដែលស្ថានសួគ៌ត្រូវទទួល ដរាបដល់គ្រាតាំងរបស់ទាំងអស់ឡើងវិញ ដែលព្រះបានមានបន្ទូលប្រាប់ពីគ្រានោះ ដោយសារមាត់នៃពួកហោរាបរិសុទ្ធរបស់ទ្រង់តាំងពីបុរាណមក ២២ដ្បិតលោកម៉ូសេបានមានប្រសាសន៍ដល់ពួកឰយុកោថា «ព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់ ពីបងប្អូនអ្នករាល់គ្នាមក ឲ្យដូចខ្ញុំ ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះ ក្នុងគ្រប់ការទាំងអស់ ដែលលោកនឹងប្រាប់មកចុះ ២៣ឯអស់អ្នកណាដែលមិនព្រមស្តាប់តាមវិញ នោះនឹងត្រូវវិនាសបាត់ពីសាសន៍ខ្លួនចេញ» ២៤ហើយអស់ទាំងហោរា ចាប់តាំងពីលោកសាំយូអែល គឺអស់អ្នកដែលបានទាយតមក ក៏បានប្រាប់ជាមុនពីគ្រានេះដែរ ២៥អ្នករាល់គ្នាជាដំណវង្សនៃពួកហោរា នឹងសេចក្តីសញ្ញា ដែលព្រះបានតាំងនឹងពួកឰយុកោយើងរាល់គ្នា ដោយមានបន្ទូលនឹងលោកអ័ប្រាហាំថា «អស់ទាំងគ្រួសារនៅផែនដីនឹងបានពរ ដោយសារពូជឯង» ២៦រីឯដែលព្រះបានតាំងព្រះយេស៊ូវ ជាអ្នកបំរើទ្រង់ឡើង នោះគឺសំរាប់អ្នករាល់គ្នាជាដើម ហើយក៏ចាត់ទ្រង់មក ដើម្បីនឹងប្រទានពរដល់អ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាពីសេចក្តីអាក្រក់របស់ខ្លួនចេញ។



៤ ១កាលអ្នកទាំង២ កំពុងតែនិយាយនឹងបណ្តាជននៅឡើយ នោះពួកសង្ឃ នឹងពួកសាឌូស៊ី ព្រមទាំងមេទ័ពរក្សាព្រះវិហារ ក៏មកដល់ ២គេមានសេចក្តីអាក់អន់ចិត្តពីដំណើរដែលគាត់បង្រៀន ដល់ពួកជន ហើយក៏សំដែងប្រាប់ដល់បណ្តាជន ពីសេចក្តីរស់ពីស្លាប់ឡើងវិញ ដោយសារព្រះយេស៊ូវ ៣គេក៏ចាប់អ្នកទាំង២ នាំទៅឃុំទុកដរាបដល់ស្អែក ដ្បិតពេលនោះល្ងាចហើយ ៤ប៉ុន្តែ ឯពួកអ្នកដែលឮព្រះបន្ទូល នោះមានគ្នាជាច្រើនបានជឿ ហើយពួកដែលជឿ ក៏បានកើនឡើង មានប្រុសៗ ប្រហែលជា៥ពាន់នាក់។

៥ដល់ស្អែកឡើង ពួកនាម៉ឺន ពួកចាស់ទុំ នឹងពួកអាចារ្យ ក៏ប្រជុំគ្នានៅក្រុងយេរូសាឡិម ៦ព្រមទាំងលោកអាណ ជាសំដេចសង្ឃ លោកកៃផា លោកយ៉ូហាន នឹងលោកអ័លេក្សានត្រុស ហើយអស់អ្នកដែលជាគ្រួសារនៃសំដេចសង្ឃដែរ ៧កាលបាននាំអ្នកទាំង២មក ដាក់នៅកណ្តាលចំណោមហើយ នោះក៏ពិចារណាសួរថា ឯងបានធ្វើការនោះដោយអាងអំណាចអ្វី ឬដោយអាងឈ្មោះណា ៨នោះពេត្រុស ដែលពេញជាព្រះវិញ្ញាណបរិសុទ្ធ ក៏ជំរាបថា ឱលោកដ៏ធំលើបណ្តាជន នឹងពួកលោកចាស់ទុំទាំងឡាយ នៃសាសន៍អ៊ីស្រាអែលអើយ ៩នៅថ្ងៃនេះ បើសិនជាលោកអ្នករាល់គ្នា គិតពិចារណាសួរយើងខ្ញុំ ពីដំណើរការល្អ ដែលបានធ្វើដល់មនុស្សពិការនោះថា គាត់បានជាដោយសារអ្វី ១០នោះសូមឲ្យលោករាល់គ្នាជ្រាបដូច្នេះ ហើយឲ្យសាសន៍អ៊ីស្រាអែលទាំងអស់ដឹងផង ថាដែលមនុស្សនេះបានជាស្រឡះ ហើយឈរនៅមុខលោករាល់គ្នាដូច្នេះ គឺដោយសារព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ដែលលោករាល់គ្នាបានឆ្កាងទ្រង់ តែព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ១១ព្រះអង្គនោះ ជាថ្មដែលលោករាល់គ្នា ជាជាងសង់ផ្ទះ បានមើលងាយ ប៉ុន្តែទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញ ១២ហើយគ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ។

១៣កាលបានឃើញថា ពេត្រុស នឹងយ៉ូហានមានចិត្តក្លាហាន នោះពួកលោកទាំងនោះក៏មានសេចក្តីអស្ចារ្យដោយដឹងថា គេជាមនុស្សមិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មានផង បានជាលោកយល់ឃើញថា គេធ្លាប់នៅជាមួយនឹងព្រះយេស៊ូវ ១៤តែលោកគ្មានពាក្យណានឹងឆ្លើយតបមកវិញសោះ ដោយឃើញមនុស្សដែលបានជា គាត់ឈរជាមួយនឹងគេ ១៥ដូច្នេះ កាលបានបង្គាប់ឲ្យគេចេញពីពួកក្រុមជំនុំទៅបន្តិច នោះក៏ពិគ្រោះគ្នាថា ១៦តើត្រូវឲ្យយើងធ្វើអ្វីដល់មនុស្សទាំង២នេះ ដ្បិតដែលគេបានធ្វើទីសំគាល់យ៉ាងអស្ចារ្យ នោះក៏ច្បាស់ដល់គ្រប់មនុស្ស នៅក្រុងយេរូសាឡិមហើយ យើងក៏ប្រកែកមិនបានផង ១៧ប៉ុន្តែ ចូរយើងកំហែងហាមគេ មិនឲ្យនិយាយនឹងអ្នកណាទៀត ដោយឈ្មោះនោះទៀតឡើយ ដើម្បីកុំឲ្យរឿងនេះផ្សាយទៅក្នុងពួកជនទៀត ១៨រួចលោកហៅមកវិញ ហាមផ្តាច់មិនឲ្យនិយាយ ឬបង្រៀន ដោយនូវព្រះនាមព្រះយេស៊ូវទៀតឡើយ ១៩តែពេត្រុស នឹងយ៉ូហាន ឆ្លើយតបថា បើគួរគប្បីនៅចំពោះព្រះ ឲ្យយើងខ្ញុំស្តាប់តាមលោករាល់គ្នា ជាជាងស្តាប់តាមព្រះ នោះសូមពិចារណាចុះ ២០ដ្បិតយើងខ្ញុំនឹងលែងនិយាយពីការដែលយើងខ្ញុំបានឃើញ ហើយឮ ពុំបានទេ ២១តែលោកកំហែងទៀត រួចលែងឲ្យទៅ ដោយមិនឃើញជាមានហេតុអ្វីនឹងធ្វើទោសសោះ ដោយព្រោះបណ្តាជន ដ្បិតទាំងអស់គ្នាកំពុងតែសរសើរដំកើងដល់ព្រះ ពីការនោះដែលទើបនឹងកើតមក ២២ពីព្រោះមនុស្សដែលបានជា ដោយសារទីសំគាល់នោះ គាត់មានអាយុជាង៤០ឆ្នាំហើយ។

២៣លុះបានលែងស្រេចហើយ នោះក៏នាំគ្នាទៅឯពួករបស់ខ្លួនវិញ ទាំងរ៉ាយរឿងប្រាប់ពីសេចក្តីទាំងប៉ុន្មានដែលពួកសង្គ្រាជ នឹងពួកចាស់ទុំបានហាមប្រាម ២៤កាលពួកជំនុំបានឮដូច្នោះ នោះក៏បន្លឺឧទានព្រមគ្នា ទូលដល់ព្រះថា ឱព្រះដ៏ជាម្ចាស់ធំបំផុតអើយ គឺទ្រង់ជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី នឹងសមុទ្រ ហើយរបស់ទាំងអស់ ដែលនៅស្ថានទាំងនោះផង ២៥ទ្រង់បានមានបន្ទូល ដោយសារព្រះឱស្ឋហ្លួងដាវីឌ ជាអ្នកបំរើទ្រង់ថា «ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួសជ្រើមឡើង ហើយជនជាតិទាំងប៉ុន្មានមានគំនិតជាអសារឥតការដូច្នេះ ២៦ពួកមហាក្សតនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងទាំងប៉ុន្មាន ក៏ប្រឹក្សាគ្នាទាស់នឹងព្រះអម្ចាស់ ហើយទាស់នឹងព្រះគ្រីស្ទនៃទ្រង់» ២៧ប្រាកដមែនហើយ ដ្បិតនៅក្រុងនេះ ស្តេចហេរ៉ូឌ នឹងលោកប៉ុនទាស-ពីឡាត់ បានប្រជុំគ្នា ព្រមទាំងពួកសាសន៍ដទៃ នឹងសាសន៍អ៊ីស្រាអែល ទាស់នឹងព្រះយេស៊ូវជាអ្នកបំរើបរិសុទ្ធរបស់ទ្រង់ ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ ២៨ដើម្បីនឹងធ្វើអស់ទាំងការដែលព្រះហស្តទ្រង់ នឹងព្រះដំរិះទ្រង់ បានគិតសំរេចជាមុន ២៩ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមទតមើលសេចក្តីកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកអ្នកបំរើទ្រង់ បានផ្សាយព្រះបន្ទូល ដោយសេចក្តីក្លាហានដ៏ពេញលេញ ៣០ដោយទ្រង់លូកព្រះហស្តមក សំរាប់នឹងប្រោសមនុស្សឲ្យបានជា ហើយនឹងធ្វើទីសំគាល់ នឹងការអស្ចារ្យ ដោយសារព្រះនាមព្រះយេស៊ូវជាអ្នកបំរើបរិសុទ្ធរបស់ទ្រង់ ៣១កាលបានអធិស្ឋានរួចហើយ នោះកន្លែងដែលគេប្រជុំគ្នាក៏រញ្ជួយ ហើយគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា រួចក៏ផ្សាយព្រះបន្ទូលដោយចិត្តក្លាហាន។

៣២ឯមនុស្សទាំងហ្វូងដែលបានជឿ គេក៏មានចិត្តមានគំនិតតែ១ គ្មានអ្នកណាប្រកាន់ថា អ្វីៗដែលខ្លួនមានជារបស់ផងខ្លួននោះទេ គឺគ្រប់របស់ទាំងប៉ុន្មាន ជារបស់សំរាប់ប្រើជាមួយគ្នាទាំងអស់ ៣៣ពួកសាវកក៏ធ្វើបន្ទាល់ ដោយព្រះចេស្តាដ៏ធំ ពីដំណើរដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ ហើយមានព្រះគុណជាធំសណ្ឋិតលើគេទាំងអស់គ្នាដែរ ៣៤នៅក្នុងពួកគេ គ្មានអ្នកណាខ្វះខាតអ្វីសោះ ដ្បិតអស់អ្នកណាដែលមានដីមានផ្ទះ នោះក៏លក់ យកប្រាក់ដែលជាថ្លៃរបស់ទាំងនោះមក ៣៥ដាក់នៅទៀបជើងពួកសាវក ហើយគេក៏ចែកដល់គ្រប់គ្នាតាមត្រូវការ ៣៦រីឯយ៉ូសេ ដែលពួកសាវកហៅថា បាណាបាស (ប្រែថាជាអ្នកជំនួយ) ជាពួកលេវី ដែលកើតនៅកោះគីប្រុសុ ៣៧គាត់មានដីដែរហើយក៏លក់យកប្រាក់មក ដាក់នៅទៀបជើងពួកសាវក។



៥ ១តែមានមនុស្សម្នាក់ទៀតឈ្មោះអាន៉្នានាស ប្រពន្ធឈ្មោះសាភីរ៉ា បាននាំគ្នាលក់របស់ទ្រព្យខ្លួនដែរ ២ហើយបានគៃដំឡៃនោះទុកខ្លះដោយប្រពន្ធយល់ព្រមដែរ រួចនាំយក១ចំណែកមក ដាក់នៅទៀបជើងពួកសាវក ៣តែពេត្រុសសួរថា អាន៉្នានាសអើយ ហេតុអ្វីបានជាអារក្សសាតាំងមកនៅពេញក្នុងចិត្តអ្នក ឲ្យអ្នកហ៊ានកុហកដល់ព្រះវិញ្ញាណបរិសុទ្ធ ដោយគៃទុកដំឡៃដី១ចំណែកដូច្នេះ ៤កាលនៅៗឡើយ តើមិនមែនជារបស់ផងអ្នកទេឬអី ហើយដែលលក់ទៅ តើប្រាក់មិននៅក្នុងអំណាចអ្នកដែរទេឬអី ហេតុអ្វីបានជាអ្នកកាត់ចិត្តធ្វើដូច្នេះ នេះមិនមែនកុហកដល់មនុស្សទេ គឺឈ្មោះថាកុហកដល់ព្រះវិញ ៥កាលអាន៉្នានាសបានឮពាក្យនោះ គាត់ក៏ដួលដាច់ខ្យល់ទៅ ហើយអស់អ្នកដែលឮនិយាយពីការនោះ ក៏កើតមានសេចក្តីស្ញែងខ្លាច ៦នោះពួកកំឡោះៗក្រោកឡើង រុំខ្មោចយកទៅកប់ ៧នៅគ្រាប្រហែលជា៣ម៉ោងក្រោយមក ប្រពន្ធគាត់ក៏ចូលមក ឥតដឹងការដែលកើតមកនោះសោះ ៨ពេត្រុសសួរថា សូមប្រាប់ខ្ញុំ តើបានលក់ដីថ្លៃប៉ុណ្ណោះមែនឬ នាងឆ្លើយតបថា ចាស ពិតមែនហើយ ៩រួចពេត្រុសនិយាយថា ហេតុអ្វីបានជាព្រមព្រៀងគ្នា នឹងល្បងដល់ព្រះវិញ្ញាណនៃព្រះអម្ចាស់ដូច្នេះ មើលពួកអ្នកដែលកប់ខ្មោចប្តីអ្នក គេមកដល់មាត់ទ្វារហើយ គេនឹងសែងអ្នកយកទៅដែរ ១០នោះស្រាប់តែនាងដួលដាច់ខ្យល់១រំពេច នៅទៀបជើងពេត្រុសទៀត កាលពួកកំឡោះៗបានចូលមក ឃើញនាងស្លាប់នោះគេក៏សែងយកទៅកប់ នៅជិតខ្មោចប្តីទៅ ១១រួចពួកជំនុំទាំងប៉ុន្មាន នឹងអស់អ្នកណាដែលឮនិយាយពីការនោះ ក៏កើតមានសេចក្តីស្ញែងខ្លាចទាំងអស់គ្នា។

១២មានទីសំគាល់ នឹងការអស្ចារ្យជាច្រើនទៀត ដែលកើតមកក្នុងពួកជន ដោយសារដៃពួកសាវក (គេបានស្រុះចិត្តទាំងអស់គ្នា នឹងនៅក្នុងបាំងសាចសាឡូម៉ូន ១៣ឯអ្នកឯទៀត មិនហ៊ានចូលក្នុងពួកគេឡើយ តែប្រជាជនសរសើរដល់គេ ១៤ហើយពួកអ្នកដែលជឿដល់ព្រះអម្ចាស់ក៏បានចំរើនកាន់តែច្រើនឡើង មានមនុស្សសន្ធឹក ទាំងប្រុសទាំងស្រី) ១៥ដល់ម៉្លេះ បានជាគេយកមនុស្ស ដែលមានជំងឺផ្សេងៗ ចេញមកនៅផ្លូវ ផ្តេកលើគ្រែនឹងពូក ដើម្បីកាលណាពេត្រុសដើរមក នោះសូម្បីហោចណាស់ ឲ្យគ្រាន់តែស្រមោលគាត់ ចោលទៅលើពួកនោះខ្លះប៉ុណ្ណោះ ១៦ឯបណ្តាមនុស្ស ដែលនៅអស់ទាំងស្រុកជុំវិញក្រុងយេរូសាឡិម គេក៏មូលគ្នា នាំទាំងមនុស្សមានជំងឺមក ព្រមទាំងមនុស្សអារក្សអសោចិ៍ចូលផង ហើយគេបានជាទាំងអស់គ្នា។

១៧រីឯសំដេចសង្ឃ នឹងអស់អ្នកនៅជាមួយនឹងលោកដែលនៅខាងពួកសាឌូស៊ី គេលើកគ្នាឡើង ដោយមានសេចក្តីកំហឹងដ៏ពោរពេញ ១៨ក៏ចាប់ពួកសាវកយកទៅឃុំទុក ១៩ប៉ុន្តែ នៅវេលាយប់នោះ មានទេវតានៃព្រះអម្ចាស់បើកទ្វារគុកនាំចេញមក ប្រាប់ថា ២០ចូរទៅឈរអធិប្បាយនៅក្នុងព្រះវិហារ ឲ្យបណ្តាជនស្តាប់អស់ទាំងព្រះបន្ទូល ពីជីវិតថ្មីនេះទៅ ២១កាលគេបានឮហើយ នោះក៏នាំគ្នាចូលទៅបង្រៀន ក្នុងព្រះវិហារពីព្រលឹម ឯសំដេចសង្ឃ នឹងពួកអ្នកដែលនៅជាមួយនឹងលោក ក៏មកហៅពួកក្រុមជំនុំ នឹងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ឲ្យប្រជុំគ្នា រួចចាត់ពួកអាជ្ញាទៅឯគុក ដើម្បីនឹងនាំយកពួកសាវកមក ២២គេក៏បានទៅដល់គុក តែមិនឃើញពួកសាវកនៅក្នុងគុកទេ រួចត្រឡប់មកវិញជំរាបថា ២៣យើងខ្ញុំបានឃើញគុកនៅបិទទ្វារជាប់ ទាំងប្រយ័តគ្រប់ជំពូក ព្រមទាំងមានពួកយាមល្បាតឈរនៅមាត់ទ្វារផង តែកាលបានបើកទៅ នោះមិនឃើញមានអ្នកណាមួយនៅក្នុងទីនោះសោះ ២៤កាលមេទ័ពរក្សាព្រះវិហារ នឹងពួកសង្គ្រាជបានឮដូច្នោះ នោះក៏វល់ក្នុងចិត្តពីដំណើរពួកនោះដែលកើតជាយ៉ាងណា ២៥តែមានម្នាក់ទៀតមកជំរាបថាមើល ពួកមនុស្សដែលលោកបានដាក់គុកនោះ ឥឡូវនេះគេកំពុងតែឈរបង្រៀនដល់ពួកជន នៅក្នុងព្រះវិហារវិញ ២៦នោះមេទ័ព នឹងពួកអាជ្ញា ក៏ទៅនាំគេមក ដោយឥតមានគំហកកំហែងសោះ ដ្បិតខ្លាចក្រែងបណ្តាជនចោលខ្លួននឹងថ្ម ២៧កាលបាននាំមកដាក់នៅមុខក្រុមជំនុំហើយ នោះសំដេចសង្ឃស្តីថា ២៨តើយើងមិនបានហាមផ្តាច់មិនឲ្យឯងរាល់គ្នាបង្រៀនពីឈ្មោះនោះទៀតទេឬអី តែមើលឯងរាល់គ្នាបានបង្រៀនសេចក្តីនោះ នៅពេញក្រុងយេរូសាឡិមទាំងមូលវិញ ព្រមទាំងគិតទំលាក់ទោសពីឈាមមនុស្សនោះមកលើយើងផង ២៩តែពេត្រុស នឹងពួកសាវកឯទៀត ឆ្លើយឡើងថា ត្រូវតែស្តាប់បង្គាប់របស់ព្រះជាជាងមនុស្ស ៣០រីឯព្រះនៃពួកឰយុកោយើងរាល់គ្នា ទ្រង់បានប្រោសព្រះយេស៊ូវ ដែលលោករាល់គ្នាបានសំឡាប់ដោយព្យួរនៅជាប់លើឈើ ឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ៣១ហើយព្រះបានដំកើងទ្រង់ឡើង ដោយសារព្រះហស្តស្តាំ ឲ្យធ្វើជាព្រះអម្ចាស់ នឹងជាព្រះអង្គសង្គ្រោះ ដើម្បីនឹងប្រោសប្រទានការប្រែចិត្ត ដល់សាសន៍អ៊ីស្រាអែល ប្រយោជន៍ឲ្យបានរួចពីបាប ៣២យើងខ្ញុំនេះ ព្រមទាំងព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានដល់អស់អ្នកដែលស្តាប់បង្គាប់ទ្រង់ដែរ ជាស្មរបន្ទាល់របស់ទ្រង់ពីការទាំងនោះ។

៣៣លុះកាលពួកក្រុមជំនុំបានឮ នោះគេមានចិត្តក្តៅក្រហាយជាខ្លាំង ក៏ពិគ្រោះគ្នានឹងសំឡាប់ពួកសាវកចេញ ៣៤ប៉ុន្តែ មានពួកផារិស៊ីម្នាក់ ឈ្មោះកាម៉ាលាល ជាអ្នកប្រាជ្ញច្បាប់ ដែលមនុស្សទាំងអស់រាប់អាន លោកឈរឡើងក្នុងក្រុមជំនុំ បង្គាប់ឲ្យបញ្ចោញពួកសាវកទៅខាងក្រៅបន្តិចសិន ៣៥រួចលោកមានប្រសាសន៍ទៅពួកក្រុមជំនុំថា ពួកសាសន៍អ៊ីស្រាអែលអើយ ចូរប្រយ័តខ្លួន ពីដំណើរមនុស្សទាំងនេះ ដែលអ្នករាល់គ្នាគិតធ្វើអ្វីដល់គេ ៣៦ដ្បិតពីដើមមានឈ្មោះ ធើដាស លើកខ្លួនឡើងថាជាអ្វីៗ ក៏មានមនុស្សចំនួនជា៤រយនាក់បានចូលពួកវា តែវាត្រូវគេសំឡាប់ទៅ ហើយពួកអ្នកទាំងប៉ុន្មាន ដែលចុះចូលចំពោះវា ក៏ត្រូវខ្ចាត់ខ្ចាយសូន្យអស់ទៅដែរ ៣៧ក្រោយនោះមកនៅវេលាធ្វើបញ្ជីកត់ត្រារាស្ត្រ នោះមានឈ្មោះ យូដាស ជាអ្នកស្រុកកាលីឡេទៀត បានលើកខ្លួនឡើង បញ្ចុះបញ្ចូលមនុស្សជាច្រើនឲ្យទៅតាមខ្លួន វាក៏វិនាសបាត់ទៅដែរ ហើយពួកអ្នកដែលចុះចូលតាម ក៏ត្រូវខ្ចាត់ខ្ចាយទាំងអស់គ្នាទៅ ៣៨ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរដកខ្លួនពីមនុស្សទាំងនេះចេញ កុំឲ្យធ្វើអ្វីដល់គេឡើយ ដ្បិតបើសិនជាគំនិតគេ ឬការគេធ្វើនេះ កើតឡើងពីមនុស្ស នោះនឹងត្រូវវិនាសទៅជាមិនខាន ៣៩តែបើកើតមកពីព្រះវិញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើឲ្យវិនាសបានទេ ក្រែងអ្នករាល់គ្នាជាប់ទោសជាពួកអ្នកតយុទ្ធនឹងព្រះដែរ ៤០ពួកក្រុមជំនុំក៏យល់ព្រមតាមគំនិតលោក រួចកាលបានហៅពួកសាវកមកវិញ នោះក៏វាយនឹងរំពាត់ ព្រមទាំងហាមឃាត់មិនឲ្យនិយាយពីព្រះនាមព្រះយេស៊ូវទៀត រួចលែងឲ្យទៅ ៤១ពួកសាវកក៏ចេញពីពួកក្រុមជំនុំទៅ ដោយអរសប្បាយពីព្រោះព្រះបានរាប់ជាអ្នកគួរនឹងទ្រាំសេចក្តីដំណៀល ដោយព្រោះព្រះនាមទ្រង់ ៤២ហើយអ្នកទាំងនោះចេះតែបង្រៀនព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃជានិច្ច។



៦ ១នៅគ្រានោះ កាលពួកសិស្សបានចំរើនច្រើនឡើង នោះពួកហេលេនចាប់តាំងរទូរទាំទាស់នឹងពួកហេព្រើរ អំពីការចែកចាយរាល់តែថ្ងៃ ដោយព្រោះគេតែងធ្វេសការនឹងស្រីមេម៉ាយរបស់ពួកហេលេននោះ ២ពួកសាវក១២នាក់ក៏ហៅសិស្សទាំងអស់មកនិយាយថា មិនគួរគប្បីឲ្យយើងខ្ញុំទុកព្រះបន្ទូលចោល ដើម្បីនឹងទៅបំរើតុទេ ៣ដូច្នេះ បងប្អូនអើយ ចូររើសយក៧នាក់ក្នុងពួកអ្នករាល់គ្នា ជាអ្នកមានឈ្មោះល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ នឹងប្រាជ្ញានោះយើងខ្ញុំនឹងតាំងគេ ឲ្យត្រួតត្រាលើការងារនេះ ៤ឯយើងខ្ញុំនឹងខំព្យាយាមក្នុងសេចក្តីអធិស្ឋាន នឹងការផ្សាយព្រះបន្ទូលវិញ ៥សេចក្តីនោះក៏ពេញចិត្តដល់ពួកជំនុំទាំងអស់គ្នា ហើយគេរើសយកស្ទេផាន១ ជាមនុស្សពេញដោយសេចក្តីជំនឿ នឹងព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងភីលីព១ ប្រូខូរ៉ុស១ នីកាន័រ១ ទីម៉ូន១ ប៉ាមេណា១ នឹងនីកុឡាស ជាអ្នកស្រុកអាន់ទីយ៉ូក ដែលចូលសាសន៍១ ៦ក៏នាំអ្នកទាំងនោះមកនៅចំពោះមុខពួកសាវក កាលពួកសាវកបានអធិស្ឋានរួចហើយ នោះក៏ដាក់ដៃលើអ្នកទាំង៧នាក់នោះ ៧ព្រះបន្ទូលក៏បានផ្សាយទៅកាន់តែច្រើនឡើង ហើយចំនួនពួកសិស្ស បានចំរើនឡើងក្រៃលែង នៅក្រុងយេរូសាឡិម ឯពួកសង្ឃក៏មានសន្ធឹកចុះចូលជឿដែរ។

៨ឯស្ទេផាន ដែលពេញដោយសេចក្តីជំនឿ នឹងព្រះចេស្តា គាត់ក៏ធ្វើការអស្ចារ្យ នឹងទីសំគាល់យ៉ាងធំនៅក្នុងពួកជន ៩គ្រានោះ មានអ្នកខ្លះក្នុងពួកដែលហៅថា ពួកអ្នកបំរោស នឹងពួកស្រុកគីរេន ពួកស្រុកអ័លេក្សានទ្រា ពួកអ្នកមកពីស្រុកគីលីគា ហើយស្រុកអាស៊ី គេលើកគ្នាមកជជែកនឹងស្ទេផាន ១០តែគេពុំអាចដើម្បីទប់ទល់នឹងប្រាជ្ញា ហើយនឹងព្រះវិញ្ញាណ ដែលគាត់អាងនឹងនិយាយនោះបានទេ ១១នោះគេសូកមនុស្សខ្លះឲ្យនិយាយបង្កាច់ថា យើងបានឮអ្នកនេះពោលពាក្យព្រមាថដល់លោកម៉ូសេ ហើយដល់ព្រះផង ១២អ្នកទាំងនោះក៏ញុះញង់ដល់បណ្តាជន ពួកចាស់ទុំ នឹងពួកអាចារ្យ រួចនាំគ្នាទៅចាប់គាត់យកទៅដល់ពួកក្រុមជំនុំ ១៣គេតាំងឲ្យមានសាក្សីក្លែងនិយាយថា មនុស្សនេះចេះតែពោលពាក្យព្រមាថដល់ទីបរិសុទ្ធ នឹងក្រិត្យវិន័យ ១៤ដ្បិតយើងខ្ញុំបានឮវាថា ឈ្មោះយេស៊ូវ ពីស្រុកណាសារ៉ែត នោះនឹងបំផ្លាញទីនេះបង់ ព្រមទាំងបំផ្លាស់បំប្រែទំនៀមទំលាប់ ដែលលោកម៉ូសេបានទុកឲ្យយើងរាល់គ្នាចេញ ១៥តែអស់អ្នកដែលអង្គុយនៅក្នុងក្រុមជំនុំ ក៏ជាប់ភ្នែកមើលមុខគាត់ ឃើញដូចជាមុខទេវតា។



៧ ១នោះសំដេចសង្ឃសួរថា សេចក្តីទាំងនេះត្រូវឬទេ ២ស្ទេផានឆ្លើយថា ឱអ្នករាល់គ្នា ជាបងប្អូន ជាឪពុកអើយសូមស្តាប់សិន ព្រះដ៏មានសិរីល្អ ទ្រង់លេចមកឲ្យលោកអ័ប្រាហាំ ជាឰយុកោយើងរាល់គ្នាឃើញ ក្នុងកាលដែលលោកនៅស្រុកមេសូប៉ូតាមា មុនដែលនៅស្រុកខារ៉ាន ៣ហើយមានបន្ទូលប្រាប់លោកថា «ចូរឯងចេញពីស្រុកហើយពីញាតិសន្តានឯង ទៅនៅឯស្រុក១ដែលអញនឹងបង្ហាញវិញ» ៤នោះលោកក៏ចេញពីស្រុករបស់សាសន៍ខាល់ដេ ទៅនៅស្រុកខារ៉ានទៅ លុះក្រោយដែលឪពុកលោកស្លាប់ហើយ នោះទ្រង់ផ្លាស់លោកពីទីនោះ ឲ្យមកនៅស្រុក ដែលលោករាល់គ្នានៅសព្វថ្ងៃនេះវិញ ៥ទ្រង់មិនបានប្រទាន ឲ្យលោកមានមរដកអ្វី នៅស្រុកនេះទេសូម្បីឲ្យល្មមនឹងដាក់ជើងចុះក៏គ្មានដែរ តែទ្រង់សន្យានឹងប្រទានស្រុកនេះ ទុកជាស្រុកកំណាន់ដល់លោក នឹងពូជលោកតទៅវិញ ថ្វីបើលោកមិនទាន់មានកូននៅឡើយផង ៦ហើយព្រះទ្រង់មានបន្ទូលបែបដូច្នេះ គឺពូជលោកនឹងត្រូវអាស្រ័យនៅក្នុងស្រុកដទៃ អ្នកស្រុកនោះនឹងចាប់គេធ្វើជាខ្ញុំកំដរ ព្រមទាំងធ្វើទុក្ខគេគ្រប់៤០០ឆ្នាំ ៧ព្រះទ្រង់មានបន្ទូលទៀតថា «អញនឹងជំនុំជំរះសាសន៍នោះ ដែលចាប់គេទៅបំរើ ក្រោយនោះ គេនឹងចេញមកគោរពប្រតិបត្តិដល់អញ នៅទីនេះវិញ» ៨ទ្រង់ក៏តាំងសេចក្តីសញ្ញាខាងឯការកាត់ស្បែកដល់លោក ដូច្នេះ លោកបង្កើតបានអ៊ីសាក ហើយបានកាត់ស្បែកឲ្យ នៅថ្ងៃទី៨ ឯអ៊ីសាកក៏បង្កើតបានយ៉ាកុប ហើយយ៉ាកុបបង្កើតពួកឰយុកោទាំង១២នាក់។

៩ឯពួកឰយុកោទាំងនោះ ក៏លក់យ៉ូសែបឲ្យទៅឯស្រុកអេស៊ីព្ទទៅ ដោយមានចិត្តឈ្នានីស តែព្រះទ្រង់គង់ជាមួយនឹងលោក ១០ហើយក៏ប្រោសឲ្យលោករួច ពីគ្រប់ទាំងសេចក្តីវេទនាទាំងអស់វិញ ព្រមទាំងប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ ហើយឲ្យជាទីគាប់ព្រះទ័យដល់ផារ៉ោនជាស្តេចស្រុកអេស៊ីព្ទ ដែលតាំងឲ្យលោកធ្វើជាចៅហ្វាយលើស្រុកនោះ នឹងលើព្រះរាជវាំងទាំងមូលផង ១១រីឯនៅស្រុកអេស៊ីព្ទ នឹងស្រុកកាណាន ក៏កើតមានអំណត់អត់បាយគ្រប់កន្លែង មានសេចក្តីវេទនាជាខ្លាំង ហើយពួកឰយុកោនៃយើងរាល់គ្នា គេរកអ្វីនឹងចិញ្ជឹមជីវិតមិនបាន ១២នោះលោកយ៉ាកុបឮថា មានស្រូវនៅស្រុកអេស៊ីព្ទ ក៏ចាត់ប្រើពួកឰយុកោយើង ឲ្យទៅជាជាន់មុនដំបូង ១៣លុះដល់លើកទី២ ទើបលោកយ៉ូសែបបានឲ្យបងប្អូនស្គាល់ខ្លួន ហើយផារ៉ោនក៏បានស្គាល់គ្រួសារនៃលោកយ៉ូសែបដែរ ១៤រួចលោកយ៉ូសែបប្រើពួកបងប្អូន ឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុក នឹងញាតិសន្តានទាំងប៉ុន្មាន មានចំនួន៧៥នាក់ឲ្យមក ១៥ដូច្នេះ លោកយ៉ាកុបក៏ចុះទៅនៅស្រុកអេស៊ីព្ទ ហើយបានស្លាប់នៅទីនោះ ព្រមទាំងពួកឰយុកោយើងដែរ ១៦គេដង្ហែសពលោកទៅឯស្រុកស៊ីគែមបញ្ចុះក្នុងផ្នូរ ដែលលោកអ័ប្រាហាំបានទិញ ពីពួកកូនចៅហេម័រ ជាអ្នកស្រុកស៊ីគែមនោះ។

១៧កាលជិតដល់កំណត់នៃសេចក្តីសន្យា ដែលព្រះបានស្បថនឹងលោកអ័ប្រាហាំហើយ នោះសាសន៍យើងក៏ចំរើនជាច្រើនឡើង នៅស្រុកអេស៊ីព្ទ ១៨ដរាបដល់មានស្តេច១ទៀតសោយរាជ្យឡើង ដែលមិនបានស្គាល់លោកយ៉ូសែបទេ ១៩ស្តេចនោះប្រព្រឹត្តនឹងសាសន៍យើងដោយឆ្លៀវឆ្លាត ទាំងធ្វើទុក្ខដល់ពួកឰយុកោយើង ដោយបង្ខំឲ្យគេចោលអស់ទាំងកូនង៉ែតរបស់គេចេញ មិនឲ្យមាននៅរស់ឡើយ ២០នៅគ្រានោះ លោកម៉ូសេបានកើតមក ជាកូនយ៉ាងស្រស់ល្អដល់ព្រះ គេក៏ចិញ្ចឹមនៅក្នុងផ្ទះឪពុកអស់៣ខែ ២១កាលគេត្រូវដាក់នៅខាងក្រៅវិញ នោះព្រះរាជ្យបុត្រីផារ៉ោនក៏យកទៅចិញ្ចឹម ទុកជាកូនបង្កើត ២២លោកបានរៀនសូត្រគ្រប់អស់ទាំងចំណេះវិជ្ជា នៃសាសន៍អេស៊ីព្ទហើយក៏មានពាក្យសំដី នឹងការធ្វើយ៉ាងចំណាន ២៣កាលលោកបានអាយុ៤០ឆ្នាំហើយ នោះមានចិត្តភ្នកនឹករព្ញកចង់ទៅសួរពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនខ្លួន ២៤លុះបានឃើញសាសន៍អេស៊ីព្ទម្នាក់ កំពុងតែធ្វើទុក្ខដល់បងប្អូនខ្លួនម្នាក់ នោះក៏ជួយការពារ ហើយសងសឹកជំនួសអ្នកដែលត្រូវគេសង្កត់សង្កិន ដោយសំឡាប់សាសន៍អេស៊ីព្ទម្នាក់នោះបង់ ២៥ដ្បិតលោកស្មានថាបងប្អូនលោកនឹងយល់ថា ព្រះទ្រង់ប្រទានសេចក្តីសង្គ្រោះមក ដោយសារដៃលោក តែគេមិនបានយល់ទេ ២៦លុះថ្ងៃក្រោយមកកំពុងដែលមានគេប្រឈ្លោះគ្នា នោះលោកមកដល់ ក៏ទូន្មានឲ្យស្រុះស្រួលនឹងគ្នាវិញ ដោយថា អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុអ្វីបានជាធ្វើបាបគ្នាដូច្នេះ ២៧តែអ្នក១ដែលកំពុងតែធ្វើបាបដល់អ្នកជិតខាង ក៏ច្រានលោកចេញដោយពាក្យថា តើអ្នកណាបានតាំងឲ្យឯងធ្វើជាចៅហ្វាយ ហើយជាចៅក្រមលើយើង ២៨តើចង់សំឡាប់អញ ដូចជាសំឡាប់សាសន៍អេស៊ីព្ទម្នាក់នោះ ពីថ្ងៃម្សិលមិញឬអី ២៩កាលឮពាក្យនោះ លោកម៉ូសេក៏រត់ភៀសទៅស្នាក់នៅស្រុកម៉ាឌានទៅ ហើយបង្កើតបានកូនប្រុស២នៅស្រុកនោះឯង។

៣០លុះក្រោយមក៤០ឆ្នាំ នោះទេវតានៃព្រះអម្ចាស់លេចមក ឲ្យលោកម៉ូសេឃើញក្នុងអណ្តាតភ្លើង ដែលឆេះនៅគុម្ពបន្លាត្រង់ទីរហោស្ថានភ្នំស៊ីណាយ ៣១កាលលោកឃើញ នោះក៏ឆ្ងល់នឹងការជាក់ស្តែងនោះ រួចលោកចូលទៅជិត ដើម្បីនឹងពិនិត្យមើល ស្រាប់តែឮសំឡេងព្រះអម្ចាស់មានបន្ទូលមកថា ៣២«អញជាព្រះនៃពួកឰយុកោឯង គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប» ម៉ូសេក៏ញ័ររន្ធត់ មិនហ៊ានមើលឡើយ ៣៣រួចព្រះអម្ចាស់ទ្រង់មានបន្ទូលទៅលោកថា «ចូរដោះស្បែកជើងឯងចេញ ដ្បិតកន្លែងដែលឯងឈរនោះជាដីបរិសុទ្ធ ៣៤អញបានឃើញសេចក្តីទុក្ខលំបាក ដែលគេធ្វើដល់រាស្ត្រអញនៅស្រុកអេស៊ីព្ទហើយ ក៏ឮសូរដំងូររបស់គេដែរ ហេតុនោះបានជាអញចុះមក ដើម្បីប្រោសឲ្យគេរួច ចូរមកឥឡូវ អញនឹងចាត់ឯងឲ្យទៅឯស្រុកអេស៊ីព្ទ» ៣៥ឯលោកម៉ូសេនេះ ដែលគេមិនព្រមទទួល ដោយថា «តើអ្នកណាបានតាំងឲ្យឯងធ្វើជាចៅហ្វាយ ហើយជាចៅក្រម» ដូច្នេះ គឺលោកនេះ ហើយដែលព្រះបានចាត់ឲ្យទៅធ្វើជាចៅហ្វាយ ហើយជាអ្នកជួយឲ្យរួច ដោយសារព្រះហស្តនៃទេវតា ដែលលេចមកឲ្យលោកឃើញ ក្នុងគុម្ពបន្លានោះ ៣៦លោកនេះបាននាំគេចេញ ដោយធ្វើការអស្ចារ្យ នឹងទីសំគាល់នៅស្រុកអេស៊ីព្ទ នៅសមុទ្យក្រហមហើយនៅទីរហោស្ថានក្នុងរវាង៤០ឆ្នាំ ៣៧គឺលោកម៉ូសេនេះហើយ ដែលមានប្រសាសន៍ដល់ពួកកូនចៅសាសន៍អ៊ីស្រាអែលថា «ព្រះអម្ចាស់ដ់ជា៍ព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់ ពីពួកបងប្អូនអ្នករាល់គ្នាមក ឲ្យដូចជាខ្ញុំ ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះចុះ» ៣៨គឺលោកនេះឯង ដែលបាននៅក្នុងពួកជំនុំនៅទីរហោស្ថានជាមួយនឹងទេវតា ដែលមានបន្ទូលនឹងលោក នៅលើភ្នំស៊ីណាយ ហើយជាមួយនឹងពួកឰយុកោយើងរាល់គ្នា ដែលបានទទួលព្រះបន្ទូលរស់ សំរាប់នឹងបន្តមកដល់យើងរាល់គ្នាដែរ ៣៩តែពួកឰយុកោយើងមិនព្រមចុះចូលនឹងលោកទេ គេផាត់លោកចោលហើយនឹករឭកដល់ស្រុកអេស៊ីព្ទវិញ ៤០ដោយនិយាយនឹងអើរ៉ុនថា «ចូរធ្វើព្រះឲ្យយើងរាល់គ្នា ដែលនឹងនាំមុខយើងផង ដ្ប៉ិតឯលោកម៉ូសេនោះ ដែលនាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក យើងមិនដឹងជាមានកើតគ្រោះថ្នាក់អ្វីដល់លោកទេ» ៤១នៅគ្រានោះ គេក៏ធ្វើរូបកូនគោ១ រួចថ្វាយយញ្ញបូជាដល់រូបនោះ ហើយនាំគ្នាអរសប្បាយ ចំពោះរបស់ដែលដៃខ្លួនគេបានធ្វើ ៤២នោះព្រះទ្រង់ផ្លាស់ប្រែទៅជាបញ្ជូនគេ ឲ្យគោរពប្រតិបត្តិដល់ពួកបរិវារដែលនៅលើមេឃវិញ ដូចជាមានសេចក្តីចែងទុកមក ក្នុងគម្ពីរពួកហោរាថា «ឱពួកវង្សអ៊ីស្រាអែលអើយ ដែលឯងរាល់គ្នាបានសំឡាប់សត្វថ្វាយជាយញ្ញបូជា នៅទីរហោស្ថាន ក្នុងរវាង៤០ឆ្នាំនោះ ៤៣ព្រមទាំងរើសយកបារាំរបស់ព្រះម៉ូទ្បុក នឹងផ្កាយរបស់ព្រះរេមផាន់ ជារូបដែលឯងបានធ្វើ សំរាប់នឹងថ្វាយបង្គំផង នោះតើបានថ្វាយដល់អញឬ ដូច្នេះ អញនឹងនិរទេសឯងរាល់គ្នា ឲ្យទៅនៅខាងនាយស្រុកបាប៊ីទ្បូនវិញ»។

៤៤រីឯរោងឧបោសថនៃសេចក្តីបន្ទាល់ នោះបាននៅជាមួយនឹងពួកឰយុកោយើងរាល់គ្នា នៅទីរហោស្ថាន ដូចជាព្រះបានបង្គាប់មក ឲ្យលោកម៉ូសេធ្វើតាមគំរូ ដែលលោកបានឃើញ ៤៥ពួកឰយុកោយើងក៏ទទួលរោងនោះតៗមក ហើយបាននាំចូលមកក្នុងស្រុក ជាមួយនឹងលោកយ៉ូស្វេ ក្នុងកាលដែលគេចាប់យកអស់ទាំងនគររបស់ពួកសាសន៍ដទៃ ដែលព្រះបានបណ្តេញ ពីមុខពួកឰយុកោយើងចេញ ដរាបដល់រាជ្យហ្លួងដាវីឌ។

៤៦រីឯហ្លួងដាវីឌនេះ ព្រះទ្រង់សព្វព្រះហឫទ័យនឹងទ្រង់ ហើយស្តេចទ្រង់មានព្រះទ័យប្រាថ្នាចង់រកទីលំនៅសំរាប់ព្រះនៃយ៉ាកុប ៤៧តែគឺហ្លួងសាឡូម៉ូនវិញ ដែលស្អាងដំណាក់១ថ្វាយដល់ព្រះ ៤៨ប៉ុន្តែ ឯព្រះដ៏ខ្ពស់បំផុតទ្រង់មិនគង់នៅក្នុងព្រះវិហារ ដែលដៃមនុស្សធ្វើនោះឡើយដូចជាហោរាបានទាយថា ៤៩«ស្ថានសួគ៌ជាបល្ល័ង្កអញ ហើយផែនដីជាកំណល់កល់ជើងអញ ព្រះអម្ចាស់មានបន្ទូលថា តើឯងរាល់គ្នានឹងស្អាងដំណាក់ណាឲ្យអញ ឬកន្លែងណាឲ្យអញឈប់សំរាកបាន ៥០តើមិនមែនដៃអញដែលបង្កើតរបស់ទាំងនេះទេឬអី» ៥១ឱពួកមនុស្សក្បាលរឹង ដែលមានចិត្តមានត្រចៀកមិនកាត់ស្បែកអើយ អ្នករាល់គ្នាចេះតែទាស់ទទឹង នឹងព្រះវិញ្ញាណបរិសុទ្ធជាដរាបពួកឰយុកោអ្នករាល់គ្នាយ៉ាងណា នោះអ្នករាល់គ្នាក៏យ៉ាងនោះដែរ ៥២តើមានហោរាណាមួយ ដែលពួកឰយុកោអ្នករាល់គ្នាមិនបានធ្វើទុក្ខបៀតបៀន ហើយគេបានសំឡាប់ពួកអ្នក ដែលទាយពីដំណើរព្រះដ៏សុចរិតត្រូវយាងមកដែរ ឥឡូវនេះ អ្នករាល់គ្នាក៏បានក្បត់ ហើយសំឡាប់ព្រះអង្គនោះ ៥៣អ្នករាល់គ្នាជាអ្នកដែលបានទទួលក្រិត្យវិន័យ ដោយព្រះចាត់ចែងពួកទេវតាមក តែមិនបានកាន់តាមសោះ។

៥៤កាលបានឮសេចក្តីទាំងនោះហើយ គេកើតមានចិត្តក្តៅក្រហាយណាស់ ទាំងសង្កៀតធ្មេញដាក់គាត់ផង ៥៥តែដែលគាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ នោះក៏សំឡឹងមើលទៅលើមេឃ ឃើញសិរីល្អនៃព្រះ នឹងព្រះយេស៊ូវឈរនៅខាងព្រះហស្តស្តាំ ៥៦រួចគាត់មានវាចាថា មើល ខ្ញុំឃើញមេឃចំហ នឹងកូនមនុស្សឈរនៅខាងព្រះហស្តស្តាំនៃព្រះ ៥៧នោះគេក៏ស្រែកឡើងជាខ្លាំង ទាំងចុកត្រចៀក ហើយស្ទុះចូលព្រមគ្នាទៅលើគាត់ ៥៨គេកញ្ឆក់នាំគាត់ចេញទៅខាងក្រៅទីក្រុង រួចចោលនឹងថ្ម ឯពួកស្មរបន្ទាល់ គេក៏ផ្ញើអាវគេដាក់នៅទៀបជើងមនុស្សកំឡោះម្នាក់ ឈ្មោះសុល ៥៩គេចោលស្ទេផាននឹងថ្ម កំពុងដែលគាត់ទូលអង្វរដល់ព្រះថា ឱព្រះអម្ចាស់យេស៊ូវអើយ សូមទទួលវិញ្ញាណទូលបង្គំផង ៦០នោះគាត់លុតជង្គង់ចុះ រួចស្រែកឡើងជាសំឡេងខ្លាំងថា ឱព្រះអម្ចាស់អើយ សូមកុំរាប់បាបនេះដល់គេឡើយ កាលគាត់បានពោលដូច្នោះហើយ នោះក៏ដេកលក់ទៅ ឯសុលក៏យល់ព្រមក្នុងការសំឡាប់គាត់ដែរ។



៨ ១នៅថ្ងៃនោះឯង ក៏កើតមានសេចក្តីបៀតបៀនជាខ្លាំង ទាស់នឹងពួកជំនុំនៅក្រុងយេរូសាឡិម ហើយពួកជំនុំត្រូវខ្ចាត់ខ្ចាយ ទៅនៅតែពាស ក្នុងស្រុកយូដា នឹងស្រុកសាម៉ារី លើកតែពួកសាវកចេញ ២រីឯខ្មោចស្ទេផាន នោះមានពួកមនុស្សខ្លះដែលកោតខ្លាចដល់ព្រះ បាននាំយកទៅកប់ ព្រមទាំងយំសោកនឹងគាត់ជាខ្លាំងផង។ ៣ឯសុលបានធ្វើទុក្ខដល់ពួកជំនុំខ្លាំងណាស់ ដោយចូលគ្រប់តែផ្ទះ ចាប់ទាញអូសទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុក។ ៤ចំណែកអស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ គេដើរចុះឡើងទាំងផ្សាយដំណឹងល្អ គឺជាព្រះបន្ទូល ៥ឯភីលីពគាត់ចុះទៅឯទីក្រុង១នៅស្រុកសាម៉ារី ប្រាប់គេពីព្រះគ្រីស្ទ ៦ហើយបណ្តាមនុស្សក៏ស្រុះចិត្តគ្នា នឹងប្រុងស្តាប់អស់ទាំងសេចក្តី ដែលភីលីពនិយាយ ដោយគេឮ ហើយឃើញទីសំគាល់ដែលគាត់ធ្វើ ៧ព្រោះមានអារក្សអសោចិ៍ ដែលបានចូលមនុស្សជាច្រើន វាស្រែកឡើងជាខ្លាំង រួចចេញមក ក៏មានមនុស្សស្លាប់ដៃស្លាប់ជើង នឹងមនុស្សខ្វិនជាច្រើន បានជាដែរ ៨ហើយនៅទីក្រុងនោះ គេមានសេចក្តីអំណរជាខ្លាំង។

៩រីឯនៅក្រុងនោះ មានមនុស្សម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកដែលពីដើមនាំឲ្យសាសន៍សាម៉ារីភាន់ភាំង ដោយវិធីមន្តអាគមរបស់ខ្លួន ទាំងប្រកាសខ្លួនថាជាអ្នកធំណាមួយ ១០មនុស្សទាំងឡាយ ចាប់តាំងពីអ្នកតូច រហូតដល់អ្នកធំ ក៏ប្រុងផ្ចង់ស្តាប់គាត់ទាំងអស់គ្នា ដោយថា អ្នកនេះពិតជាតួព្រះចេស្តានៃព្រះដ៏ធំហើយ ១១គេប្រុងស្តាប់គាត់ពីព្រោះគាត់នាំឲ្យភាន់ជាយូរមកហើយ ដោយមន្តអាគមរបស់គាត់ ១២តែកាលមនុស្សទាំងអស់បានជឿតាមភីលីព ដែលគាត់ប្រាប់ដំណឹងល្អពីនគរនៃព្រះ ហើយពីព្រះនាមព្រះយេស៊ូវគ្រីស្ទវិញ នោះគេក៏ទទួលបុណ្យជ្រមុជទឹកទាំងប្រុសទាំងស្រី ១៣ហើយស៊ីម៉ូននោះក៏ជឿដែរ លុះគាត់ទទួលបុណ្យជ្រមុជរួចហើយ នោះក៏នៅជាប់នឹងភីលីពជាដរាបទៅ ហើយគាត់កើតមានសេចក្តីអស្ចារ្យ ដោយបានឃើញទីសំគាល់ នឹងការឫទ្ធិបារមីជាធំដែលកើតមក។

១៤កាលពួកសាវក នៅក្រុងយេរូសាឡិម បានឮថាស្រុកសាម៉ារីទទួលព្រះបន្ទូលហើយ នោះគេចាត់ពេត្រុសនឹងយ៉ូហាន ឲ្យទៅឯពួកអ្នកនោះ ១៥លុះអ្នកទាំង២បានចុះទៅដល់ហើយ នោះក៏អធិស្ឋានឲ្យគេ ប្រយោជន៍ឲ្យគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ ១៦ដ្បិតព្រះវិញ្ញាណមិនទាន់ចុះមក សណ្ឋិតលើពួកគេណាមួយួនៅឡើយ គេគ្រាន់តែបានទទួលបុណ្យជ្រមុជទឹក ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះ ១៧ដូច្នេះអ្នកទាំង២ក៏ដាក់ដៃលើគេ ហើយគេបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរ ១៨កាលស៊ីម៉ូនបានឃើញថា ព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតដោយពួកសាវកដាក់ដៃលើគេដូច្នោះ នោះគាត់យកប្រាក់មកជូន ដោយពាក្យថា ១៩សូមឲ្យខ្ញុំមានអំណាចនេះផង ដើម្បីឲ្យខ្ញុំដាក់ដៃលើអ្នកណា ឲ្យអ្នកនោះបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរ ២០តែពេត្រុសឆ្លើយតបថា ចូរឲ្យប្រាក់អ្នកវិនាសទៅជាមួយនឹងអ្នកចុះ ព្រោះអ្នកស្មានថានឹងយកប្រាក់មកទិញអំណោយទានរបស់ព្រះបានដូច្នេះ ២១អ្នកគ្មានភាគគ្មានចំណែកក្នុងការនេះឡើយ ព្រោះចិត្តអ្នកមិនស្មោះត្រង់ចំពោះព្រះទេ ២២ដូច្នេះ ចូរប្រែចិត្តចេញពីសេចក្តីអាក្រក់នេះចុះ ហើយសូមអង្វរដល់ព្រះអម្ចាស់វិញ ក្រែងទ្រង់នឹងអត់ទោសដល់គំនិតក្នុងចិត្តអ្នកបាន ២៣ដ្បិតខ្ញុំយល់ឃើញថា អ្នកនៅក្នុងសេចក្តីជូរល្វីង ហើយក៏ជាប់ដោយចំណងនៃសេចក្តីទុច្ចរិតផង ២៤ស៊ីម៉ូនឆ្លើយឡើងថា សូមលោកជួយអង្វរដល់ព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យមានការអ្វីមួយ ដូចលោកមានប្រសាសន៍នោះ បានកើតមកដល់ខ្ញុំឡើយ ២៥កាលអ្នកទាំង២បានប្រឹងធ្វើបន្ទាល់អស់ពីចិត្ត ហើយប្រាប់ព្រះបន្ទូលនៃព្រះអម្ចាស់រួចហើយ នោះក៏ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ទាំងប្រកាសប្រាប់ដំណឹងល្អ នៅក្នុងភូមិរបស់សាសន៍សាម៉ារីជាច្រើនតាមផ្លូវរៀងទៅ។

២៦នោះទេវតានៃព្រះអម្ចាស់ មានបន្ទូលទៅភីលីពថា ចូរក្រោកឡើងទៅឯខាងត្បូង តាមផ្លូវដែលចុះពីក្រុងយេរូសាឡិម ទៅឯក្រុងកាសា ដែលជាទីរហោស្ថានទៅ ២៧គាត់ក៏ក្រោកឡើងដើរទៅ នោះឃើញមានសាសន៍អេធីយ៉ូពីម្នាក់ ជាមនុស្សកំរៀវ ដែលមានអំណាចក្រោមព្រះនាងកានដេស មហាក្សត្រីដែលសោយរាជ្យក្នុងស្រុកអេធីយ៉ូពី លោកជាអ្នកត្រួតត្រាលើអស់ទាំងព្រះរាជ្យទ្រព្យរបស់ស្តេច ហើយបានមកឯក្រុងយេរូសាឡិម ដើម្បីនឹងថ្វាយបង្គំ ២៨លោកកំពុងតែជិះរថត្រឡប់ទៅវិញ ក៏មើលគម្ពីរហោរាអេសាយ ២៩ខណនោះ ព្រះវិញ្ញាណទ្រង់មានបន្ទូលទៅភីលីពថា ឲ្យចូលទៅប្រកៀកនឹងរថនោះទៅ ៣០ភីលីពក៏រត់ទៅតាម ឮលោកកំពុងតែអានមើលគម្ពីរហោរាអេសាយ រួចសួរថា លោកមើលយល់ឬទេ ៣១ឯលោកក៏ឆ្លើយឡើងថា បើគ្មានអ្នកណាដឹកនាំខ្ញុំ នោះធ្វើដូចម្តេចឲ្យខ្ញុំយល់បាន រួចលោកក៏សូមឲ្យភីលីពឡើងជិះរថជាមួយគ្នា ៣២ឯបទគម្ពីរដែលលោកកំពុងតែមើលនោះគឺត្រង់បទនេះថា «ទ្រង់ត្រូវគេដឹកនាំទៅ ដូចជាដឹកចៀមទៅសំឡាប់ ទ្រង់មិនបានហើបព្រះឱស្ឋសោះ ដូចជាកូនចៀមដែលគ នៅមុខអ្នកកាត់រោមវា ៣៣នៅគ្រាដែលទ្រង់ត្រូវបន្ទាបបន្ថោក នោះគេបានដកសេចក្តីយុត្តិធម៌ចេញពីទ្រង់ទៅ តើអ្នកណានឹងថ្លែងពីព្រះវង្សាទ្រង់បាន ដ្បិតគេបានដកព្រះជន្មទ្រង់ពីផែនដីចេញហើយ» ៣៤អ្នកកំរៀវនោះសួរ ភីលីពថា ខ្ញុំសូមសួរអ្នក តើហោរានិយាយដូច្នេះគឺនិយាយពីអ្នកណា ពីខ្លួនលោកឬពីអ្នកដទៃ ៣៥នោះភីលីពបើកមាត់សំដែងប្រាប់ដំណឹងល្អពីព្រះយេស៊ូវ ចាប់តាំងពីបទគម្ពីរនោះរៀងទៅ ៣៦កាលកំពុងតែទៅតាមផ្លូវនោះឃើញមានទីទឹក ហើយអ្នកកំរៀវនិយាយថា មើលនុះន៎ទឹ៍ក តើមានអ្វីឃាត់មិនឲ្យខ្ញុំទទួលបុណ្យជ្រមុជទឹកបាន ៣៧ភីលីពឆ្លើយថា បើលោកជឿអស់ពីចិត្ត នោះទទួលបាន លោកឆ្លើយឡើងថា ខ្ញុំជឿហើយ ថាព្រះយេស៊ូវគ្រីស្ទជាព្រះរាជ្យបុត្រានៃព្រះ ៣៨នោះលោកបង្គាប់ឲ្យបញ្ឈប់រថ រួចភីលីព នឹងអ្នកកំរៀវ ក៏ចុះទៅក្នុងទឹកទាំង២នាក់ ហើយភីលីព គាត់ធ្វើបុណ្យជ្រមុជទឹកឲ្យ ៣៩លុះឡើងពីទឹកមកនោះព្រះវិញ្ញាណនៃព្រះអម្ចាស់ ទ្រង់ឆក់យកភីលីពបាត់ទៅ ហើយអ្នកកំរៀវមិនបានឃើញគាត់ទៀតទេ ក៏ទៅតាមផ្លូវ ទៅដោយអរសប្បាយ ៤០ឯភីលីពគេបានឃើញគាត់នៅក្រុងអាសូតវិញ គាត់ក៏ដើរទៅទាំងផ្សាយដំណឹងល្អនៅគ្រប់អស់ទាំងទីក្រុងរៀងទៅ រហូតទៅដល់ក្រុងសេសារា។



៩ ១ឯសុលគាត់នៅតែបញ្ចោញសេចក្តីគំរាម នឹងពាក្យកំហែង ព្រមទាំងការសំឡាប់ ដល់ពួកសិស្សនៃព្រះអម្ចាស់នៅឡើយ ២ក៏ទៅឯសំដេចសង្ឃ សូមសំបុត្រកាន់យកទៅឯសាលាប្រជុំទាំងប៉ុន្មាន នៅក្រុងដាម៉ាស ប្រយោជន៍ដើម្បី បើឃើញមានអ្នកណាខ្លះ ដែលប្រតិបត្តិតាមផ្លូវនោះ ទោះប្រុសឬស្រីក្តី នោះនឹងចាប់ចងគេ នាំមកឯក្រុងយេរូសាឡិម ៣ប៉ុន្តែ កំពុងដែលគាត់ដើរតាមផ្លូវ ទៅជិតនឹងដល់ក្រុងដាម៉ាសហើយ នោះស្រាប់តែមានពន្លឺពីលើមេឃភ្លឺមកនៅជុំវិញខ្លួន ៤គាត់ក៏ដួលដល់ដី រួចឮសំឡេងមានបន្ទូលមកថា សុល នែសុល ហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំដូច្នេះ ៥គាត់ទូលឆ្លើយថា ឱព្រះអម្ចាស់អើយ ព្រះអង្គណានុ៎ះ រួចព្រះអម្ចាស់ទ្រង់តបថា ខ្ញុំនេះជាព្រះយេស៊ូវដែលអ្នកបៀតបៀន អ្នកធាក់ជល់នឹងជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់ ៦នោះគាត់ក៏ញាប់ញ័រ ទាំងអស្ចារ្យក្នុងចិត្ត ហើយទូលថា ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្តេច ព្រះអម្ចាស់មានបន្ទូលថា ចូរក្រោកឡើងចូលទៅក្នុងទីក្រុងទៅ នោះគេនឹងប្រាប់អ្នកឲ្យដឹងពីការដែលអ្នកត្រូវធ្វើ ៧ឯពួកអ្នកដែលដើរជាមួយនឹងគាត់ គេក៏ឈរស្រឡាំងកាំងនៅ ដោយបានឮសំឡេងមែន តែមិនឃើញអ្នកណាសោះ ៨រួចសុលក៏ក្រោកពីដីឡើង តែកាលគាត់បើកភ្នែកហើយ នោះមើលមិនឃើញអ្វីទេ គេក៏ដឹកដៃគាត់នាំទៅឯដាម៉ាស ៩ក្នុងរវាង៣ថ្ងៃគាត់មើលមិនឃើញឡើយ ក៏មិនបរិភោគអ្វីផង។

១០រីឯនៅក្រុងដាម៉ាស នោះមានសិស្សម្នាក់ឈ្មោះអាន៉្នានាស ហើយព្រះអម្ចាស់ទ្រង់មានបន្ទូលហៅគាត់ក្នុងការជាក់ស្តែងថា នែ អាន៉្នានាសអើយ គាត់ទូលឆ្លើយថាព្រះករុណាវិសេសព្រះអម្ចាស់ ១១ព្រះអម្ចាស់មានបន្ទូលថា ចូរក្រោកឡើង ទៅឯផ្លូវដែលហៅថា ផ្លូវត្រង់ ហើយរកមនុស្សម្នាក់ឈ្មោះសុល ជាអ្នកស្រុកតើសុស នៅក្នុងផ្ទះយូដាស ដ្បិតមើល គាត់កំពុងតែអធិស្ឋាន ១២ហើយក្នុងការជាក់ស្តែង គាត់បានឃើញថា មានមនុស្សម្នាក់ឈ្មោះអាន៉្នានាស ចូលមកដាក់ដៃលើគាត់ ឲ្យបានភ្លឺភ្នែកឡើង ១៣អាន៉្នានាសទូលឆ្លើយថា ព្រះអម្ចាស់អើយ ទូលបង្គំបានឮមនុស្សជាច្រើន និយាយពីការអាក្រក់ទាំងប៉ុន្មានដែលអ្នកនោះបានប្រព្រឹត្ត ដល់ពួកបរិសុទ្ធរបស់ទ្រង់ នៅក្រុងយេរូសាឡិម ១៤ហើយនៅទីនេះគាត់ក៏មានអំណាចពីពួកសង្គ្រាជ អាចនឹងទៅចាប់ចងនូវអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាមទ្រង់ដែរ ១៥ប៉ុន្តែព្រះអម្ចាស់មានបន្ទូលថា ចូរទៅចុះ ពីព្រោះអ្នកនោះជាប្រដាប់រើសតាំងដល់ខ្ញុំ សំរាប់នឹងប្រកាសឈ្មោះខ្ញុំ ដល់ពួកសាសន៍ដទៃនឹងពួកស្តេច ហើយនឹងពួកកូនចៅសាសន៍អ៊ីស្រាអែលផង ១៦ដ្បិតខ្ញុំនឹងបង្ហាញ ឲ្យគាត់ដឹងជាត្រូវរងទុក្ខលំបាកទាំងអម្បាលម៉ាន ដោយព្រោះឈ្មោះខ្ញុំ ១៧ដូច្នេះ អាន៉្នានាសក៏ទៅ ហើយចូលក្នុងផ្ទះនោះ ដាក់ដៃលើគាត់ និយាយថា អ្នកសុលអើយ ព្រះអម្ចាស់គឺព្រះយេស៊ូវ ដែលលេចមកឲ្យអ្នកឃើញតាមផ្លូវ ទ្រង់បានចាត់ខ្ញុំមក ដើម្បីឲ្យអ្នកបានភ្លឺភ្នែក ហើយឲ្យអ្នកបានពេញជាព្រះវិញ្ញាណបរិសុទ្ធ ១៨ស្រាប់តែមានដូចជាស្រកាជ្រុះចុះពីភ្នែកគាត់មក ហើយគាត់ក៏បានភ្លឺជា១រំពេច រួចក្រោកឡើងទទួលបុណ្យជ្រមុជទឹក ១៩ហើយក្រោយដែលគាត់បានបរិភោគ នោះក៏មានកំឡាំងឡើងវិញ។

២០សុលក៏នៅក្រុងដាម៉ាស ជាមួយនឹងពួកសិស្សជាយូរថ្ងៃ នោះស្រាប់តែគាត់ប្រកាសប្រាប់ពីព្រះយេស៊ូវ នៅក្នុងសាលាប្រជុំទាំងប៉ុន្មានថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ ២១ឯអស់អ្នកដែលឮ ក៏មានសេចក្តីងឿងឆ្ងល់ ហើយគេនិយាយថា តើមិនមែនអ្នកនេះទេឬអី ដែលបំផ្លាញពួកអ្នកអំពាវនាវដល់ព្រះនាមនោះ នៅក្រុងយេរូសាឡិម ហើយគាត់បានមកទីនេះ ដើម្បីនឹងចាប់ចងគេ បញ្ជូនទៅឲ្យពួកសង្គ្រាជដែរ ២២តែសុល គាត់មានកំឡាំងកាន់តែខ្លាំងឡើង ក៏ផ្ចុញផ្ចាលដល់ពួកសាសន៍យូដា ដែលនៅក្រុងដាម៉ាសវិញ ដោយសំដែងបញ្ជាក់ពីព្រះអង្គនេះថា ទ្រង់ជាព្រះគ្រីស្ទពិតមែន ២៣លុះយូរថ្ងៃក្រោយមក ពួកសាសន៍យូដា គេពិគ្រោះគ្នានឹងសំឡាប់គាត់ចេញ ២៤គេក៏ចាំទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីនឹងសំឡាប់គាត់ តែសុលបានដឹងពីឧបាយកលរបស់គេដែរ ២៥ហើយក្នុងវេលាយប់ ពួកសិស្សយកកញ្ជើមកដាក់គាត់សំរូតចុះតាមកំផែងក្រុងទៅ។

២៦កាលសុលបានមកដល់ក្រុងយេរូសាឡិម នោះគាត់ខំចូលទៅឯពួកសិស្ស តែគេខ្លាចគាត់ទាំងអស់គ្នា គេមិនជឿថា គាត់ជាសិស្សទេ ២៧តែបាណាបាសនាំគាត់ទៅឯពួកសាវក រ៉ាយរឿងប្រាប់គេ ពីដំណើរដែលគាត់បានឃើញព្រះអម្ចាស់តាមផ្លូវ ហើយទ្រង់បានមានបន្ទូលនឹងគាត់ ក៏និយាយពីបែបយ៉ាងណា ដែលគាត់មានចិត្តក្លាហាននឹងអធិប្បាយ ដោយនូវព្រះនាមព្រះយេស៊ូវ នៅក្រុងដាម៉ាសផង ២៨គាត់ក៏នៅជាមួយនឹងគេក្នុងក្រុងយេរូសាឡិម ទាំងចេញចូល ហើយបានអធិប្បាយ ដោយនូវព្រះនាមនៃព្រះអម្ចាស់យេស៊ូវ ដោយក្លាហាន ២៩គាត់សំដែង ហើយជជែកជាមួយនឹងពួកហេលេន តែពួកនោះរករឿងសំឡាប់គាត់វិញ ៣០បានជាកាលពួកបងប្អូនបានដឹង នោះគេជូនគាត់ទៅត្រឹមសេសារា រួចឲ្យទៅឯតើសុស ៣១នៅគ្រានោះ ពួកជំនុំទាំងប៉ុន្មាននៅគ្រប់ក្នុងស្រុកយូដា ស្រុកកាលីឡេ នឹងស្រុកសាម៉ារី ក៏មានសេចក្តីសុខសាន្ត ហើយមានចិត្តស្អាងឡើង ក៏បានចំរើនជាច្រើនឡើងដែរដោយជឿនទៅមុខ ក្នុងសេចក្តីកោតខ្លាច ដល់ព្រះអម្ចាស់ នឹងក្នុងសេចក្តីកំសាន្តចិត្តរបស់ព្រះវិញ្ញាណបរិសុទ្ធ។

៣២រីឯពេត្រុសកំពុងដែលគាត់ដើរចុះឡើងគ្រប់កន្លែង នោះក៏ចុះទៅឯពួកបរិសុទ្ធនៅភូមិលីដាដែរ ៣៣នៅទីនោះគាត់ឃើញមនុស្សម្នាក់ឈ្មោះអេនាស មានជំងឺឈឺស្លាប់ដៃជើង ដេកនៅតែលើគ្រែ អស់៨ឆ្នាំមកហើយ ៣៤ក៏និយាយទៅគាត់ថា អ្នកអេនាសអើយ ព្រះយេស៊ូវដ៏ជាព្រះគ្រីស្ទ ទ្រង់ប្រោសឲ្យអ្នកបានជាហើយ ចូរក្រោកឡើងរៀបគ្រែអ្នកទៅ ស្រាប់តែគាត់ក៏ក្រោកឡើងភ្លាម ៣៥ឯមនុស្សទាំងប៉ុន្មានដែលនៅភូមិលីដា នឹងស្រុកសារ៉ូន ក៏ឃើញគាត់ ហើយគេប្រែចិត្តជឿដល់ព្រះអម្ចាស់។

៣៦នៅក្រុងយ៉ុបប៉េក៏ដែរ មានសិស្សស្រីម្នាក់ឈ្មោះតេប៊ីថា (ស្រាយថា នាងក្តាន់) នាងនោះបានធ្វើគុណហើយដាក់ទានជាច្រើន ៣៧នៅគ្រានោះ នាងមានជំងឺឈឺហើយស្លាប់ទៅ កាលគេបានផ្ងូតទឹករូបនាងហើយ នោះក៏យកទៅដាក់នៅឯបន្ទប់ខាងលើ ៣៨រួចដោយព្រោះភូមិលីដានៅជិតយ៉ុបប៉េ ហើយពួកសិស្សបានឮថា ពេត្រុសនៅទីនោះ បានជាគេប្រើ២នាក់ឲ្យទៅរកគាត់ ដើម្បីនឹងសូមអង្វរឲ្យមកឯគេដោយឥតបង្អង់ ៣៩ពេត្រុសក៏ក្រោកឡើងទៅជាមួយ កាលបានដល់ហើយ នោះគេនាំគាត់ទៅឯបន្ទប់ខាងលើនោះ ហើយពួកស្រីមេម៉ាយក៏ឈរជិតគាត់ទាំងយំ ព្រមទាំងបង្ហាញអាវ នឹងសំលៀកបំពាក់ទាំងប៉ុន្មាន ដែលតេប៊ីថាបានធ្វើឲ្យ ពីកាលនាងនៅជាមួយនៅឡើយ ៤០តែពេត្រុសបណ្តេញគេទៅក្រៅទាំងអស់ក៏លុតជង្គង់អធិស្ឋាន រួចគាត់បែរខ្លួនទៅឯរូបបុគ្គលនោះហើយនិយាយថា តេប៊ីថាអើយ ចូរនាងក្រោកឡើង នាងក៏បើកភ្នែកឃើញពេត្រុស រួចឡើងអង្គុយ ៤១គាត់ក៏ហុចដៃទៅឲ្យនាងតោងឡើង រួចគាត់ហៅពួកបរិសុទ្ធ នឹងពួកស្រីមេម៉ាយមក ប្រគល់នាងទៅគេទាំងរស់ ៤២មនុស្សទាំងឡាយបានដឹងដំណឹងពីការនោះ នៅពេញពាសក្នុងក្រុងយ៉ុបប៉េ ហើយមានមនុស្សជាច្រើន បានជឿដល់ព្រះអម្ចាស់ ៤៣រួចគាត់ក៏អាស្រ័យនៅយ៉ុបប៉េ ក្នុងផ្ទះជាងសំឡាប់ស្បែក ឈ្មោះស៊ីម៉ូន ជាយូរថ្ងៃ។



១០ ១រីឯនៅក្រុងសេសារា មានមនុស្សម្នាក់ឈ្មោះកូនេលាស ជាមេលើកងទ័ព ដែលហៅថា កងទ័ពអ៊ីតាលី ២ជាអ្នកគោរព ហើយកោតខ្លាចដល់ព្រះ ព្រមទាំងពួកគ្រួលោកទាំងអស់ផង លោកក៏ដាក់ទានជាច្រើនដល់ពួកជន ហើយអំពាវនាវដល់ព្រះជានិច្ច ៣លោកបានឃើញការជាក់ស្តែងយ៉ាងច្បាស់ ប្រហែលជាម៉ោង៣រសៀល គឺបានឃើញទេវតានៃព្រះមកឯលោកពោលថា កូនេលាសអើយ ៤លោកក៏សំឡឹងមើលទៅទេវតាទាំងភ័យ ហើយឆ្លើយថា ព្រះអម្ចាស់អើយ តើមានការអ្វី ទេវតាប្រាប់ថា សេចក្តីអធិស្ឋាន នឹងការដាក់ទានរបស់អ្នក បានឡើងទៅទុកជាសេចក្តីរំឭក នៅចំពោះព្រះហើយ ៥ដូច្នេះ ចូរអ្នកប្រើគេឲ្យទៅឯយ៉ុបប៉េ ហៅស៊ីម៉ូន ដែលមានឈ្មោះថាពេត្រុស ឲ្យមកឥឡូវ ៦គាត់ស្នាក់នៅផ្ទះរបស់ជាងសំឡាប់ស្បែកម្នាក់ ឈ្មោះស៊ីម៉ូន ដែលនៅក្បែរមាត់សមុទ្រ អ្នកនោះនឹងប្រាប់ឲ្យអ្នកដឹង ពីការដែលអ្នកត្រូវធ្វើជាយ៉ាងណា ៧កាលទេវតា ដែលនិយាយមកលោក បានចេញទៅបាត់ហើយ នោះលោកហៅអ្នកបំរើ២នាក់ នឹងទាហានម្នាក់ ដែលកោតខ្លាចដល់ព្រះ ពីពួកមនុស្សដែលតែងតែបំរើលោកឲ្យមក ៨រួចប្រាប់រឿងរ៉ាវសព្វគ្រប់ ហើយប្រើឲ្យទៅឯយ៉ុបប៉េ។

៩ដល់ស្អែកឡើងកំពុងដែលពួកអ្នកទាំងនោះដើរទៅជិតដល់ទីក្រុងហើយ នោះពេត្រុសក៏ឡើងទៅលើដំបូលផ្ទះ ដើម្បីនឹងអធិស្ឋាន ក្នុងពេលប្រហែលជាថ្ងៃត្រង់ហើយ ១០គាត់ក៏នឹកឃ្លានជាខ្លាំង ចង់បរិភោគ តែកំពុងដែលគេចាត់ចែងឲ្យ នោះគាត់លង់ស្មារតីទៅ ១១គាត់ឃើញមេឃចំហ ហើយមានប្រដាប់ដូចជាសំពត់កំរាលយ៉ាងធំ បានចុះមក ចងទាំងបួនជ្រុង សំរូតមកដល់ដី ១២នៅក្នុងសំពត់នោះ មានសត្វជើង៤ សត្វព្រៃ សត្វលូនវារគ្រប់មុខដែលនៅលើដី នឹងសត្វហើរលើអាកាសដែរ ១៣ក៏ឮសំឡេងមានបន្ទូលមកថា ពេត្រុសអើយ ចូរក្រោកឡើងសំឡាប់ហើយបរិភោគទៅ ១៤តែពេត្រុសប្រកែកថា ទេ ព្រះអម្ចាស់ ដ្បិតទូលបង្គំមិនដែលទទួលទានអ្វី ដែលមិនស្អាតមិនបរិសុទ្ធនោះសោះ ១៥រួចឮសំឡេងនោះមកម្តងទៀតថា របស់អ្វីដែលព្រះបានសំអាតហើយ នោះកុំឲ្យអ្នករាប់ថាជាមិនស្អាតឡើយ ១៦ការនោះមានមកគ្រប់៣ដង រួចបានលើកប្រដាប់នោះ ឡើងទៅលើមេឃវិញ។

១៧កំពុងដែលពេត្រុសនៅងោងក្នុងខ្លួន ពីន័យការជាក់ស្តែង ដែលបានឃើញនោះនៅឡើយ នោះមនុស្ស៣នាក់ ដែលកូនេលាសចាត់ឲ្យមក បានសួររកផ្ទះស៊ីម៉ូន ក៏ឈរនៅមាត់ទ្វារហើយ ១៨គេកំពុងតែហៅសួរ បើមានឈ្មោះស៊ីម៉ូន ដែលហៅថា ពេត្រុស នៅផ្ទះនោះឬទេ ១៩ដូច្នេះកំពុងដែលពេត្រុសគិតរំពឹងពីការជាក់ស្តែង នោះព្រះវិញ្ញាណមានបន្ទូលមកគាត់ថា មើល មានមនុស្ស៣នាក់មករកអ្នក ២០ចូរក្រោកឡើងចុះទៅ ហើយទៅជាមួយនឹងគេចុះ កុំប្រកាន់ឡើយ ពីព្រោះគឺខ្ញុំហើយដែលចាត់ឲ្យគេមក ២១ដូច្នេះ ពេត្រុសក៏ចុះទៅទទួលគេដោយពាក្យថា គឺខ្ញុំនេះហើយដែលអ្នករាល់គ្នារក តើមានការអ្វី ២២គេឆ្លើយឡើងថា លោកមេទ័ពកូនេលាសដែលជាមនុស្សសុចរិត ហើយកោតខ្លាចដល់ព្រះ មានសាសន៍យូដាទាំងអស់ធ្វើបន្ទាល់ល្អឲ្យ លោកបានទទួលបង្គាប់នៃព្រះ ដោយសារទេវតាបរិសុទ្ធ ឲ្យចាត់មកអញ្ជើញលោកគ្រូទៅឯផ្ទះលោក ដើម្បីនឹងបានស្តាប់លោកគ្រូអធិប្បាយខ្លះ ២៣ដូច្នេះ ពេត្រុសក៏អញ្ជើញគេចូលមកស្នាក់នៅសិនលុះដល់ស្អែក គាត់ក្រោកឡើង ទៅជាមួយនឹងគេ ហើយមានពួកបងប្អូនខ្លះ ដែលនៅយ៉ុបប៉េ ក៏ទៅជាមួយដែរ ២៤ដល់ស្អែកឡើង គេចូលទៅក្នុងសេសារា ឯកូនេលាសក៏ទន្ទឹងមើលផ្លូវគេ បានទាំងប្រមូលញាតិសន្តាន នឹងសំឡាញ់ស្និទ្ធស្នាលរបស់លោកមកផង។

២៥កាលពេត្រុសកំពុងតែចូលទៅ កូនេលាសក៏មករាក់ទាក់ទទួល ដោយក្រាបថ្វាយបង្គំនៅទៀបជើងគាត់ ២៦តែពេត្រុសលើកលោកទ្បើង ដោយពាក្យថា សូមក្រោកទ្បើង ខ្លួនខ្ញុំជាមនុស្សដូចគ្នាដែរ ២៧នោះក៏ចូលទៅទាំងចរចាគ្នា ហើយឃើញមានមនុស្សជាច្រើនប្រជុំចាំ ២៨រួចគាត់និយាយទៅគេថា អ្នករាល់គ្នាដឹងថា មនុស្សសាសន៍យូដាគ្មានច្បាប់នឹងសេពគប់នឹងសាសន៍ដទៃ ឬនឹងចូលទៅជិតគេទ្បើយ តែព្រះទ្រង់បានសំដែងឲ្យខ្ញុំដឹងថា មិនត្រូវរាប់អ្នកណាថាមិនស្អាត ឬមិនបរិសុទ្ធទ្បើយ ២៩ហេតុនោះបានជាកាលលោកចាត់គេឲ្យទៅហៅខ្ញុំ នោះខ្ញុំបានមកដោយឥតប្រកែកសោះ ដូច្នេះ ខ្ញុំសូមសួរលោកតើលោកឲ្យខ្ញុំមកមានការអ្វី ៣០កូនេលាសឆ្លើយថា កន្លងមក៤ថ្ងៃហើយ ពេលថ្មើរណេះ កាលខ្ញុំកំពុងតែតម ហើយអធិស្ឋាននៅផ្ទះខ្ញុំ ក្នុងពេលម៉ោង៣រសៀល នោះឃើញមានម្នាក់ពាក់អាវដ៏ភ្លឺ ឈរនៅមុខខ្ញុំ ៣១ប្រាប់ថាកូននេលាសអើយ ព្រះបានទទួលសេចក្តីអធិស្ឋានរបស់អ្នកហើយ ក៏នឹកចាំពីទានរបស់អ្នកដែរ ៣២ដូច្នេះ ចូរប្រើគេឲ្យទៅឯយ៉ុបប៉េ អញ្ជើញស៊ីម៉ូន ដែលហៅថា ពេត្រុសមក លោកនោះនៅក្នុងផ្ទះរបស់ជាងសំឡាប់ស្បែក ឈ្មោះស៊ីម៉ូន នៅក្បែរមាត់សមុទ្រ កាលណាលោកបានមកដល់ នោះនឹងអធិប្បាយឲ្យអ្នកស្តាប់ ៣៣ដូច្នេះ ខ្ញុំបានចាត់គេឲ្យទៅឯលោកភ្លាម ដែលលោកអញ្ជើញមកនេះក៏ល្អហើយឥទ្បូវនេះ យើងទាំងអស់នៅចំពោះព្រះ ដើម្បីនឹងស្តាប់គ្រប់ទាំងសេចក្តី ដែលព្រះបានបង្គាប់មកលោក។

៣៤ពេត្រុសក៏បើកមាត់និយាយថា ប្រាកដមែន ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ ៣៥គឺនៅក្នុងគ្រប់ទាំងសាសន៏ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្តីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ ៣៦ឯព្រះបន្ទូល ដែលទ្រង់បានផ្សាយមកដល់ពួកជនជាតិអ៊ីស្រាអែល ដោយប្រកាសប្រាប់ដំណឹងល្អ ជាសេចក្តីមេត្រី ដែលមកដោយសារព្រះយេស៊ូវគ្រីស្ទ ដ៏ជាព្រះអម្ចាស់លើទាំងអស់ ៣៧នោះអ្នករាល់គ្នាដឹងស្រាប់ហើយ គឺជារឿងដែលបានថ្លែងប្រាប់ ចាប់តាំងពីស្រុកកាលីទ្បេ ក្នុងគ្រាក្រោយដែលលោកយ៉ូហានបានប្រកាសប្រាប់ពីបុណ្យជ្រមុជទឹក ក៏ផ្សាយមកគ្រប់ក្នុងស្រុកយូដាផង ៣៨គឺពីព្រះយេស៊ូវ ពីស្រុកណាសារ៉ែត ដែលព្រះបានចាក់ព្រះវិញ្ញាណបរិសុទ្ធ នឹងព្រះចេស្តាឲ្យមកសណ្ឋិតលើទ្រង់ ហើយទ្រង់បានយាងចុះទ្បើងធ្វើការល្អ ព្រមទាំងប្រោសឲ្យអស់អ្នក ដែលត្រូវអារក្សសង្កត់សង្កិនបានជាផង ដ្បិតព្រះបានគង់ជាមួយនឹងទ្រង់ ៣៩ឯយើងរាល់គ្នា ជាទីបន្ទាល់ពីអស់ទាំងការដែលទ្រង់ធ្វើ នៅក្នុងស្រុករបស់ពួកសាសន៏យូដា ហើយនៅក្រុងយេរូសាទ្បិម ៤០គេបានធ្វើគុតទ្រង់ ដោយព្យួរនៅលើឈើ តែព្រះបានប្រោសឲ្យទ្រង់រស់ទ្បើងវិញនៅថ្ងៃទី៣ ព្រមទាំងអនុញ្ញាតឲ្យទ្រង់សំដែងមកឲ្យឃើញផង ៤១មិនមែនឲ្យប្រជាជនទាំងអស់ឃើញទេ គឺឲ្យពួកស្មរបន្ទាល់ដែលព្រះបានរើសអំពីមុនមកវិញ គឺជាពួកយើងរាល់គ្នា ដែលបានទទួលទានជាមួយនឹងទ្រង់ក្នុងពេលក្រោយ ដែលទ្រង់មានព្រះជន្មរស់ពីស្លាប់ទ្បើងវិញ ៤២ទ្រង់ក៏ផ្តាំមកយើងរាល់គ្នា ឲ្យប្រកាសប្រាប់ដល់បណ្តាជនទាំងទ្បាយ ហើយឲ្យធ្វើបន្ទាល់សព្វគ្រប់ថា គឺព្រះអង្គនេះហើយ ដែលព្រះបានតាំងឡើង ឲ្យជុំនំជំរះដល់ទាំងមនុស្សរស់ នឹងមនុស្សស្លាប់ផង ៤៣ពួកហោរាសុទ្ធតែធ្វើបន្ទាល់ពីទ្រង់ថា អស់អ្នកណាដែលជឿដល់ទ្រង់ នោះបានរួចពីបាប ដោយសារព្រះនាមទ្រង់។

៤៤កាលពេត្រុសកំពុងតែអធិប្បាយនៅឡើយ នោះព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមក សណ្ឋិតលើអស់អ្នកដែលកំពុងតែស្តាប់ព្រះបន្ទូល ៤៥ឯពួកអ្នកជឿ ក្នុងពួកកាត់ស្បែកទាំងប៉ុន្មាន ដែលមកជាមួយនឹងពេត្រុស គេក៏មានសេចក្តីអស្ចារ្យជាខ្លាំង ពីដំណើរដែលអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ បានចាក់មកលើពួកសាសន៍ដទៃដូច្នេះដែរ ៤៦ដ្បិតគេឮអ្នកទាំងនោះនិយាយភាសាដទៃ ហើយសរសើរដំកើងដល់ព្រះ ៤៧នោះពេត្រុសសួរថា តើមានអ្នកណាអាចនឹងឃាត់ មិនឲ្យធ្វើបុណ្យជ្រមុជទឹកដល់អ្នកទាំងនេះបានឬទេ ដែលពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធដូចជាយើងដែរ ៤៨គាត់ក៏បង្គាប់ឲ្យធ្វើបុណ្យជ្រមុជឲ្យគេ ដោយនូវព្រះនាមព្រះអម្ចាស់ រួចគេសូមអង្វរគាត់ ឲ្យនៅជាមួយពីរបីថ្ងៃទៀត។



១១ ១ឯពួកសាវក នឹងពួកបងប្អូន ដែលនៅស្រុកយូដា គេក៏ឮថា សាសន៍ដទៃបានទទួលព្រះបន្ទូលដែរ ២រួចកាលពេត្រុសឡើងទៅឯក្រុងយេរូសាឡិម នោះអស់អ្នកខាងពួកកាត់ស្បែក គេមានសេចក្តីប្រកាន់ចំពោះគាត់ថា ៣លោកបានចូលទៅឯពួកមនុស្សដែលមិនកាត់ស្បែក ក៏បានពិសាជាមួយនឹងគេផង ៤តែពេត្រុសចាប់ផ្តើមរ៉ាយរឿងប្រាប់គេដោយលំដាប់ថា ៥កំពុងដែលខ្ញុំអធិស្ឋាននៅក្រុងយ៉ុបប៉េ នោះខ្ញុំលង់ស្មារតីទៅ ឃើញការជាក់ស្តែងជាប្រដាប់ដូចជាសំពត់កំរាលយ៉ាងធំ ចងទាំង៤ជ្រុង សំរូតចុះពីលើមេឃមកត្រឹមខ្ញុំ ៦កាលខ្ញុំសំឡឹងគិតពិចារណាមើល នោះក៏ឃើញមានសត្វជើង៤ សត្វព្រៃ នឹងសត្វលូនវារដែលនៅលើដី ព្រមទាំងសត្វស្លាបនៅលើអាកាសផង ៧រួចខ្ញុំឮសំឡេងមានបន្ទូលមកខ្ញុំថា ពេត្រុសអើយចូរក្រោកឡើងសំឡាប់ ហើយបរិភោគទៅ ៨តែខ្ញុំប្រកែកថា ទេ ព្រះអម្ចាស់ ព្រោះមិនដែលមានអ្វីដែលមិនស្អាតមិនបរិសុទ្ធ ចូលមកក្នុងមាត់ទូលបង្គំឡើយ ៩ក៏មានឮសំឡេងពីលើមេឃនោះម្តងទៀតថា របស់អ្វីដែលព្រះបានសំអាតហើយ នោះកុំឲ្យអ្នកថាជាមិនស្អាតឡើយ ១០ការនោះមានមកគ្រប់៣ដង រួចបានលើកទាំងអស់ទៅលើមេឃវិញ ១១ទីបំផុតនោះ ស្រាប់តែមានមនុស្ស៣នាក់ ដែលលោកនោះចាត់ពីសេសារាមករកខ្ញុំ គេឈរនៅមុខផ្ទះតែម្តង ១២ហើយព្រះវិញ្ញាណ ទ្រង់មានបន្ទូលប្រាប់ឲ្យខ្ញុំទៅជាមួយនឹងគេ ឥតប្រកាន់ឡើយ ក៏មានបងប្អូនទាំង៦នាក់នេះ បានទៅជាមួយនឹងខ្ញុំដែរ យើងរាល់គ្នាបានចូលទៅក្នុងផ្ទះរបស់លោក ១៣ហើយលោករ៉ាយរឿងប្រាប់យើង ពីដំណើរដែលឃើញទេវតាឈរក្នុងផ្ទះ ប្រាប់លោកថា ចូរចាត់គេឲ្យទៅឯយ៉ុបប៉េ ហៅស៊ីម៉ូន ដែលហៅថាពេត្រុសឲ្យមក ១៤គាត់នឹងអធិប្បាយ ឲ្យលោកស្តាប់សេចក្តី ដែលនឹងជួយសង្គ្រោះដល់លោក ព្រមទាំងពួកគ្រួលោកទាំងអស់ផង ១៥កាលខ្ញុំចាប់តាំងនិយាយទៅ នោះព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើគេ ដូចជាបានសណ្ឋិតលើយើងរាល់គ្នាកាលពីដើមដែរ ១៦នោះខ្ញុំបាននឹកឃើញពីសេចក្តី ដែលព្រះអម្ចាស់ទ្រង់មានបន្ទូលថា «លោកយ៉ូហានបានធ្វើបុណ្យជ្រមុជដោយទឹក តែអ្នករាល់គ្នានឹងទទួលបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធវិញ» ១៧ដូច្នេះ បើសិនិជាព្រះបានប្រទានអំណោយទានទៅគេ ដូចជាបានប្រទានមកយើងដែរ ដោយជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ចុះតើខ្ញុំជាអ្វីដែលអាចនឹងឃាត់ព្រះបាន ១៨កាលបានឮសេចក្តីនោះហើយ នោះគេបាត់មាត់ ក៏ត្រឡប់ជាសរសើរដល់ព្រះវិញថា ដូច្នេះ ព្រះទ្រង់ក៏ប្រោសប្រទានការប្រែចិត្តដល់ពួកសាសន៍ដទៃ ឲ្យគេមានជីវិតដែរហ្ន៎។

១៩រីឯពួកអ្នកដែលត្រូវខ្ចាត់ខ្ចាយ ដោយព្រោះសេចក្តីបៀតបៀន ដែលកើតមកពីដំណើរស្ទេផាន នោះក៏ដើររៀងរហូតទៅដល់ស្រុកភេនីស ស្រុកគីប្រុស នឹងក្រុងអាន់ទីយ៉ូក តែបានផ្សាយព្រះបន្ទូល ដល់ចំពោះតែពួកសាសន៍យូដាប៉ុណ្ណោះទេ ២០ប៉ុន្តែ ក្នុងពួកអ្នកនោះ មានអ្នកខ្លះពីកោះគីប្រុស នឹងស្រុកគីរេន គេបានទៅដល់ក្រុងអាន់ទីយ៉ូក ក៏ផ្សាយដំណឹងល្អពីព្រះអម្ចាស់យេស៊ូវ ដល់ពួកសាសន៍ក្រេកដែរ ២១ព្រះហស្តព្រះអម្ចាស់ក៏នៅជាមួយនឹងគេ ហើយមានមនុស្សជាច្រើនបែរមកឯព្រះអម្ចាស់វិញដោយមានសេចក្តីជំនឿ ២២រឿងនោះបានឮដល់ត្រចៀកពួកជំនុំនៅក្រុងយេរូសាឡិម រួចគេចាត់បាណាបាស ឲ្យទៅត្រឹមអាន់ទីយ៉ូក ២៣កាលគាត់ទៅដល់ ហើយបានឃើញព្រះគុណនៃព្រះ នោះគាត់មានសេចក្តីអំណរ ក៏ទូន្មានគេគ្រប់គ្នា ឲ្យសំរេចចិត្តនឹងនៅជាប់ក្នុងព្រះអម្ចាស់ ២៤ដ្បិតគាត់ជាមនុស្សល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ នឹងសេចក្តីជំនឿ ហើយមានមនុស្សសន្ធឹកណាស់ បានចំរើនដល់ព្រះអម្ចាស់ ២៥នោះបាណាបាសក៏ទៅឯក្រុងតើសុសដើម្បីនឹងរកសុល ២៦កាលបានឃើញហើយ នោះក៏នាំគាត់មកឯអាន់ទីយ៉ូកវិញ រួចអ្នកទាំង២នោះ បានប្រជុំគ្នានឹងពួកជំនុំ ព្រមទាំងបង្រៀនដល់មនុស្សសន្ធឹកណាស់ក្នុងរវាង១ឆ្នាំ គឺនៅអាន់ទីយ៉ូកនេះឯង ដែលគេហៅពួកសិស្សថា «ពួកគ្រីស្ទាន» ជាមុនដំបូង។

២៧នៅគ្រានោះ មានហោរាខ្លះចុះពីក្រុងយេរូសាឡិមមកដល់អាន់ទីយ៉ូក ២៨ក្នុងពួកហោរានោះ មានម្នាក់ឈ្មោះអ័ក្កាបុស គាត់ក្រោកឡើងទាយ ដោយព្រះវិញ្ញាណថា នឹងមានអំណត់អត់ជាខ្លាំង នៅគ្រប់លើផែនដី នោះក៏កើតមកក្នុងប្រវត្តិនៃមហារាជក្លូឌាសមែន ២៩ដូច្នេះ ពួកសិស្សក៏គិតសំរេច នឹងផ្ញើទៅជួយដល់ពួកបងប្អូនដែលនៅស្រុកយូដា តាមកំឡាំងរៀងខ្លួន ៣០ហើយក៏បានធ្វើការនោះមែន ព្រមទាំងផ្ញើទៅដល់ពួកចាស់ទុំ ដោយសារបាណាបាស នឹងសុល។



១២ ១នៅគ្រានោះ ស្តេចហេរ៉ូឌ ទ្រង់លូកព្រះហស្តទៅ ចាប់ធ្វើទុក្ខដល់ពួកជំនុំខ្លះ ២ក៏សំឡាប់យ៉ាកុប ជាបងយ៉ូហាន ដោយដាវផង ៣លុះទ្រង់យល់ឃើញថា ការនោះជាទីគាប់ចិត្តដល់ពួកសាសន៍យូដា នោះក៏ចាប់ពេត្រុសថែមទៀត (រីឯវេលានោះជាបុណ្យនំប៉័ងឥតដំបែ) ៤កាលចាប់បានហើយ នោះក៏ដាក់គុក ព្រមទាំងប្រគល់ដល់ទាហាន៤សង្កាត់ឲ្យឃុំរក្សាទុក ដោយប្រាថ្នានឹងនាំគាត់មកនៅមុខបណ្តាជន ក្រោយថ្ងៃបុណ្យរំលង ៥ដូច្នេះ គេក៏ឃុំពេត្រុសទុកនៅក្នុងគុក តែចំណែកខាងពួកជំនុំ គេខំប្រឹងអធិស្ឋានដល់ព្រះឲ្យគាត់អស់ពីចិត្ត ៦រីឯក្នុងកាលដែលស្តេចហេរ៉ូឌគិតនាំពេត្រុសមក នៅវេលាយប់នោះឯង គាត់ដេកនៅជាកណ្តាលទាហាន២នាក់ មានទាំងច្រវាក់២ខ្សែជាប់នៅខ្លួន ហើយមានពួកទាហានចាំយាមនៅមាត់ទ្វាររក្សាគុកដែរ ៧នោះមើល មានទេវតានៃព្រះអម្ចាស់ ឈរខាងគាត់ ក៏មានពន្លឺផ្សាយមកក្នុងគុក ទេវតានោះក៏គោះពីខាងចំហៀង ដាស់គាត់ឡើងថា ចូរក្រោកឡើងជាប្រញាប់ នោះច្រវាក់ក៏ជ្រុះពីដៃគាត់ចេញ ៨រួចទេវតាប្រាប់ថា ចូរក្រវាត់ខ្លួន ហើយពាក់ស្បែកជើងទៅគាត់ក៏ធ្វើដូច្នោះ ហើយទេវតាប្រាប់ទៀតថា ចូរពាក់អាវមកតាមខ្ញុំចុះ ៩នោះគាត់ចេញទៅតាមទេវតា ឥតមានដឹងជាការដែលកើតមក ដោយសារទេវតានោះ ជាពិតឬមិនពិតទេ គឺគាត់ស្មានថាបានឃើញការជាក់ស្តែងវិញ ១០កាលបានដើរផុតពីអ្នកយាមទី១ រួចទី២ នោះក៏មកដល់ទ្វារដែក ដែលនាំចេញទៅខាងក្រៅទ្វារ នោះក៏របើកឯង កាលបានចេញទៅផុតផ្លូវ១ហើយ នោះស្រាប់តែទេវតាឃ្លាតចេញពីគាត់បាត់ទៅ ១១លុះពេត្រុសដឹងខ្លួនឡើង ក៏នឹកឃើញថា ឥឡូវនេះ អញដឹងប្រាកដថា ព្រះអម្ចាស់បានចាត់ទេវតានៃទ្រង់ ឲ្យមកដោះអញឲ្យរួចពីកណ្តាប់ដៃនៃស្តេចហេរ៉ូឌ ហើយពីគ្រប់ទាំងបំណងដែលសាសន៍យូដាបានរង់ចាំដែរ ១២លុះគាត់ពិចារណាហើយ នោះក៏ទៅឯផ្ទះម៉ារា ជាម្តាយយ៉ូហាន-ម៉ាកុស ជាកន្លែងដែលមនុស្សជាច្រើនបានប្រជុំគ្នាអធិស្ឋាន ១៣គាត់ក៏គោះទ្វារមុខ នោះមានស្រីបំរើម្នាក់ ឈ្មោះរ៉ូដា មកផ្ទៀងស្តាប់ ១៤លុះស្គាល់សំឡេងពេត្រុសហើយ នោះនាងមានសេចក្តីអំណរដ៏ពន្លឹក ដល់ម៉្លេះបានជាភ្លេចទាំងបើកទ្វារ រត់ចូលទៅប្រាប់គេវិញថា លោកពេត្រុសឈរនៅមាត់ទ្វារ ១៥តែគេស្តីថា ឯងវង្វេងហើយ តែនាងនៅតែថា ប្រាកដមែនៗរួចគេថាជាទេវតារបស់គាត់ទេ ១៦ឯពេត្រុស គាត់ចេះតែគោះទ្វារថែម កាលគេបានបើកទ្វារឃើញ នោះគេមានសេចក្តីស្រឡាំងកាំង ១៧តែគាត់ធ្វើគ្រឿងសំគាល់នឹងដៃ ឲ្យគេស្ងៀមទៅ រួចក៏រ៉ាយរឿងប្រាប់គេ ពីដំណើរដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុកជាយ៉ាងណា ហើយគាត់ផ្តាំគេថា សូមប្រាប់រឿងនេះដល់យ៉ាកុប នឹងពួកបងប្អូនឲ្យដឹងផង នោះគាត់ចេញទៅឯកន្លែង១ទៀតទៅ។

១៨លុះភ្លឺឡើង ក៏កើតមានវឹកវរជាធំ នៅក្នុងពួកកងទាហាន ពីដំណើរពេត្រុសដែលទៅឯណាបាត់ ១៩កាលស្តេចហេរ៉ូឌបានរកគាត់មិនឃើញ នោះក៏ពិចារណាសួរពួកអ្នកយាមល្បាត ហើយបង្គាប់ឲ្យនាំគេទៅសំឡាប់បង់រួចស្តេចក៏យាងចុះពីស្រុកយូដា ទៅឯសេសារា គង់នៅទីនោះ។

២០រីឯស្តេចហេរ៉ូឌ ទ្រង់មានព្រះទ័យចងគំនុំនឹងពួកអ្នកនៅស្រុកទីរ៉ុស នឹងស៊ីដូនជាខ្លាំង តែគេស្រុះចិត្តគ្នានឹងមកគាល់ស្តេច លុះបានបញ្ចុះបញ្ចូលប្លាសតុស ជាមន្ត្រីសេវកាមាត្យរបស់ស្តេចហើយ នោះក៏សូមចងជាស្ពានមេត្រីវិញ ពីព្រោះគេតែងតែបានស្បៀងអាហារ ពីស្រុកស្តេចមក ២១លុះដល់ថ្ងៃកំណត់ ស្តេចហេរ៉ូឌទ្រង់ព្រះពស្ត្រារាជ្យ កំពុងតែគង់នៅលើបល្ល័ង្ក អធិប្បាយឲ្យគេស្តាប់ ២២ហើយរាស្ត្រគ្រប់គ្នាចេះតែបន្លឺវាចាថា នេះជាសំឡេងព្រះទេវ៉ឺយ មិនមែនជាសំឡេងមនុស្សទេ ២៣នោះស្រាប់តែទេវតានៃព្រះអម្ចាស់ប្រហារស្តេច ឲ្យសុគតទៅដោយដង្កូវចុះ ពីព្រោះស្តេចមិនបានផ្ទេរសេចក្តីសរសើរនោះ ថ្វាយដល់ព្រះវិញ។

២៤ឯព្រះបន្ទូល ក៏ដុះដាលចំរើន កាន់តែច្រើនឡើង ២៥កាលបាណាបាស នឹងសុល បានធ្វើការងាររបស់ខ្លួនរួចសព្វគ្រប់ហើយ នោះក៏ត្រឡប់ពីក្រុងយេរូសាឡិមមកវិញ នាំទាំងយ៉ូហាន-ម៉ាកុសមកជាមួយផង។



១៣ ១រីឯក្នុងពួកជំនុំនៅក្រុងអាន់ទីយ៉ូក នោះមានគ្រូអធិប្បាយ នឹងគ្រូបង្រៀនខ្លះ គឺបាណាបាស១ ស៊ីម្មានដែលហៅថា នីគើរ១ លូគាស ជាសាសន៍គីរេន១ ម៉ាន៉ាអេនជាកូនចិញ្ចឹមជាមួយនឹងហេរ៉ូឌ ស្តេចអនុរាជ១ នឹងសុល១ ២កំពុងដែលអ្នកទាំងនោះធ្វើការងារ ថ្វាយព្រះអម្ចាស់ទាំងតម នោះព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលប្រាប់ថា ចូរញែកបាណាបាស នឹងសុលចេញឲ្យខ្ញុំ សំរាប់ការងារដែលខ្ញុំហៅគេឲ្យធ្វើ ៣ដូច្នេះ ក្រោយដែលបានតម ហើយអធិស្ឋាន ព្រមទាំងដាក់ដៃលើអ្នកទាំង២ នោះក៏បើកឲ្យគេទៅ។ ៤ឯអ្នកទាំង២នោះក៏ចុះទៅដល់សេលើស៊ា ដោយព្រះវិញ្ញាណបរិសុទ្ធចាត់ឲ្យទៅ នៅទីនោះគេចុះសំពៅចេញទៅឯកោះគីប្រុស ៥ដល់សាឡាមីនហើយ គេក៏ផ្សាយព្រះបន្ទូល នៅក្នុងសាលាប្រជុំទាំងប៉ុន្មានរបស់ពួកសាសន៍យូដា មានទាំងយ៉ូហានជាអ្នកជំនួយដែរ ៦កាលបានដើរកាត់កោះទៅត្រឹមប៉ាផុសហើយ នោះក៏ប្រទះនឹងសាសន៍យូដាម្នាក់ដែលធ្វើ ជាគ្រូអាបធ្មប់ ជាហោរាក្លែងក្លាយ ឈ្មោះបារ-យេស៊ូវ ៧គ្រូនោះនៅជាមួយនឹងអ្នកដំណាងជាតិរ៉ូមម្នាក់ ឈ្មោះស៊ើគាស-ប៉ូល៉ូស ជាអ្នកឆ្លៀវឆ្លាត លោកក៏ហៅបាណាបាស នឹងសុលមក ដើម្បីចង់ស្តាប់ ព្រះបន្ទូល ៨តែអេលីម៉ាស ជាគ្រូអាបធ្មប់នោះ (ដ្បិតឈ្មោះនោះប្រែមកដូច្នេះ) ក៏តាំងខ្លួនទាស់នឹងគេដើម្បីបង្វែរលោកមិនឲ្យជឿ ៩តែសុលដែលហៅថា ប៉ុលដែរ គាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ក៏សំឡឹងមើលទៅគ្រូនោះ ដោយនិយាយថា ១០នែ មនុស្សដែលពេញដោយកិច្ចកល នឹងសេចក្តីល្បិចគ្រប់យ៉ាង ជាកូននៃអារក្សហើយជាខ្មាំងសត្រូវ ដល់គ្រប់ទាំងសេចក្តីសុចរិតអើយ តើមិនព្រមឈប់បង្ខូចផ្លូវត្រង់របស់ព្រះអម្ចាស់ទេឬអី ១១មើល ឥឡូវនេះ ព្រះហស្តនៃព្រះអម្ចាស់បានមកលើឯងហើយ ឯងនឹងត្រូវខ្វាក់ភ្នែក មើលមិនឃើញពន្លឺថ្ងៃជាយូរបន្តិច នោះស្រាប់តែភ្នែករបស់គ្រូនោះបានទៅជាព្រិលៗហើយងងឹតសូន្យទៅ រួចក៏ដើរវិលវល់រកអ្នកណាឲ្យដឹកដៃ ១២កាលលោកដំណាងជាតិឃើញការដែលកើតមកដូច្នោះ នោះក៏ជឿ ព្រមទាំងមានសេចក្តីអស្ចារ្យក្នុងចិត្ត អំពីសេចក្តីបង្រៀនរបស់ព្រះអម្ចាស់ផង។

១៣ប៉ុល នឹងពួកគូកនគាត់ ក៏ចុះសំពៅចេញពីប៉ាផុសទៅដល់ពើកា នៅស្រុកប៉ាមភីលា ឯយ៉ូហានគាត់បែកពីគេ ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ១៤តែគេចេញពីពើកា ដើរកាត់ទៅឯអាន់ទីយ៉ូក នៅស្រុកពីស៊ីឌា ក៏ចូលទៅអង្គុយក្នុងសាលាប្រជុំ នៅថ្ងៃឈប់សំរាក ១៥ក្រោយការដែលអានមើលក្រិត្យវិន័យ នឹងគម្ពីរពួកហោរាហើយនោះមេសាលាក៏ប្រើមនុស្សឲ្យទៅប្រាប់ថា បងប្អូនអើយ បើមានសេចក្តីអ្វីនឹងទូន្មានដល់ពួកជន នោះសូមបងប្អូនមានប្រសាសន៍ចុះ។

១៦លំដាប់នោះ ប៉ុលក៏ក្រោកឡើង ធ្វើគ្រឿងសំគាល់នឹងដៃ និយាយថា ពួកសាសន៍អ៊ីស្រាអែល នឹងអស់អ្នកដែលកោតខ្លាចដល់ព្រះអើយ សូមស្តាប់ចុះ ១៧ព្រះនៃសាសន៍អ៊ីស្រាអែលយើងនេះ ទ្រង់បានរើសពួកឰយុកោយើងរាល់គ្នា ក៏លើកដំកើងសាសន៍យើង ក្នុងកាលដែលគេអាស្រ័យនៅស្រុកអេស៊ីព្ទនៅឡើយ រួចទ្រង់នាំគេចេញពីស្រុកនោះ ដោយព្រះហស្តដ៏មានព្រះចេស្តា ១៨ហើយទ្រង់បានទ្រាំទ្រនឹងកិរិយារបស់គេ នៅទីរហោស្ថាន ក្នុងរវាងប្រហែលជា៤០ឆ្នាំ ១៩ក្រោយដែលទ្រង់បានបំផ្លាញសាសន៍ទាំង៧នគរនៅស្រុកកាណាន នោះក៏ចែកស្រុករបស់គេដល់ពួកឰយុកោយើងដោយចាប់ឆ្នោត ២០ក្រោយការទាំងនោះមក ទ្រង់ប្រទានឲ្យមានចៅហ្វាយក្នុងរវាងប្រហែលជា៤៥០ឆ្នាំ ដរាបដល់គ្រាហោរាសាំយូអែល ២១នោះគេសូមឲ្យមានស្តេច រួចព្រះទ្រង់តាំងសូល ជាបុត្រគីស ក្នុងពូជអំបូរបេនយ៉ាមីន ឲ្យធ្វើជាស្តេចលើគេ នៅរវាង៤០ឆ្នាំ ២២កាលដកស្តេចនោះចេញហើយ នោះទ្រង់លើកដាវីឌតាំងឡើងជាស្តេចវិញ ក៏ធ្វើបន្ទាល់ពីស្តេចដាវីឌថា «អញរកបានដាវីឌ កូនអ៊ីសាយ ជាទីគាប់ចិត្តដល់អញ ដែលនឹងធ្វើតាមចិត្តអញគ្រប់ជំពូក» ២៣គឺពីព្រះវង្សាស្តេចនោះហើយ ដែលព្រះបានបង្កើតព្រះអង្គសង្គ្រោះ១អង្គ ដល់សាសន៍អ៊ីស្រាអែល តាមសេចក្តីសន្យា គឺជាព្រះយេស៊ូវ ២៤តែមុនដែលទ្រង់យាងមក នោះលោកយ៉ូហានបានប្រកាសប្រាប់ពីបុណ្យជ្រមុជទឹក ខាងឯការប្រែចិត្ត ដល់សាសន៍អ៊ីស្រាអែលទាំងអស់គ្នាជាស្រេចហើយ ២៥កាលលោកយ៉ូហានកំពុងតែធ្វើសំរេចការងារនោះ លោកមានប្រសាសន៍ថា តើអ្នករាល់គ្នាស្មានថា ខ្ញុំជាអ្នកណា ខ្ញុំមិនមែនជាព្រះអង្គនោះទេ តែមើល ព្រះអង្គនោះយាងមកក្រោយខ្ញុំ ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ផង។

២៦ឱបងប្អូន ជាកូនចៅពូជអ័ប្រាហាំ នឹងអស់អ្នកក្នុងពួកអ្នករាល់គ្នា ដែលកោតខ្លាចដល់ព្រះអើយ ទ្រង់បានផ្ញើព្រះបន្ទូលពីសេចក្តីសង្គ្រោះនេះ មកដល់អ្នករាល់គ្នា ២៧ដ្បិតដោយព្រោះពួកមនុស្សនៅក្រុងយេរូសាឡិម ព្រមទាំងពួកមេរបស់គេមិនបានស្គាល់ទ្រង់ទេ ក៏មិនបានយល់សេចក្តីទំនាយរបស់ពួកហោរា ដែលគេមើលរាល់តែថ្ងៃឈប់សំរាកដែរ បានជាគេធ្វើសំរេចតាមសេចក្តីទំនាយនោះឯង ដោយគេបានកាត់ទោសដល់ទ្រង់ ២៨ហើយទោះបើគេរកហេតុអ្វីនឹងសំឡាប់ទ្រង់មិនបានក៏ដោយ គង់តែគេសូមអង្វរដល់លោកពីឡាត់ ឲ្យបានសំឡាប់ទ្រង់ដែរ ២៩ក្រោយដែលគេធ្វើសំរេចគ្រប់សេចក្តី ដែលចែងទុកពីទ្រង់រួចហើយ នោះគេក៏យកទ្រង់ចុះពីឈើឆ្កាងមកបញ្ចុះក្នុងផ្នូរ ៣០តែព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ ៣១ហើយទ្រង់លេចមក ឲ្យពួកអ្នកដែលបានឡើងពីស្រុកកាលីឡេ មកឯក្រុងយេរូសាឡិមជាមួយនឹងទ្រង់ បានឃើញជាយូរថ្ងៃ អ្នកទាំងនោះជាស្មរបន្ទាល់ពីទ្រង់ដល់ពួកជនទាំងឡាយ។

៣២យើងខ្ញុំក៏ប្រាប់ដំណឹងល្អនេះ ដល់អ្នករាល់គ្នា គឺជាសេចក្តីសន្យា ដែលបានតាំងនឹងពួកឰយុកោយើងថា ៣៣ព្រះបានធ្វើសំរេចតាមសេចក្តីសន្យាទ្រង់ ដល់យើងជាពូជនៃពួកឰយុកោនោះហើយ ដោយទ្រង់បានប្រោសឲ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ដូចមានសេចក្តីចែងទុកមក ក្នុងទំនុកដំកើងបទទី២ថា «ឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ» ៣៤ហើយដែលព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដើម្បីមិនឲ្យទ្រង់ត្រឡប់ទៅឯសេចក្តីពុករលួយទៀតឡើយ នោះទ្រង់មានបន្ទូលដូច្នេះថា «អញនឹងផ្តល់សេចក្តីមេត្តាករុណាស្មោះត្រង់ ដែលឲ្យដល់ដាវីឌ ដល់ឯងរាល់គ្នាដែរ» ៣៥ហេតុដូច្នេះបានជាទ្រង់មានបន្ទូលក្នុងបទ១ទៀតថា “ទ្រង់មិនទុកឲ្យអ្នកបរិសុទ្ធនៃទ្រង់ ឃើញសេចក្តីពុករលួយឡើយ” ៣៦រីឯហ្លួងដាវីឌ កាលទ្រង់បានធ្វើការងារចំពោះមនុស្សជំនាន់ទ្រង់ តាមព្រះហឫទ័យព្រះ រួចស្រេចហើយ នោះក៏ផ្ទំលក់ទៅ ហើយបានព្រមូលទៅមូលនឹងពួកឰយុកោទ្រង់ ក៏ឃើញសេចក្តីពុករលួយដែរ ៣៧តែព្រះអង្គនោះ ដែលព្រះបានប្រោសឲ្យរស់ឡើងវិញ ទ្រង់មិនបានឃើញសេចក្តីពុករលួយឡើយ ៣៨ដូច្នេះ អ្នករាល់គ្នា ជាបងប្អូនអើយសូមជ្រាបថា ដែលមានសេចក្តីប្រោសឲ្យរួចពីបាប បានប្រកាសប្រាប់ដល់អ្នករាល់គ្នា នោះគឺដោយសារព្រះអង្គនោះឯង ៣៩មួយទៀត ដោយសារទ្រង់ អស់អ្នកណាដែលជឿ បានរាប់ជាសុចរិត រួចពីគ្រប់ការទាំងអស់ ដែលពុំអាចនឹងបានរាប់ជាសុចរិត ដោយសារក្រិត្យវិន័យលោកម៉ូសេបានឡើយ ៤០ដូច្នេះ ត្រូវប្រយ័ត ក្រែងអ្នករាល់គ្នាកើតមានសេចក្តី ដែលពួកហោរាបានទាយទុកថា ៤១«នែអស់អ្នកដែលមើលងាយអើយ ចូរភាំងឆ្ងល់ ហើយវិនាសទៅចុះ ដ្បិតអញធ្វើការ១នៅជំនាន់ឯងរាល់គ្នា គឺជាការដែលឯងរាល់គ្នាមិនព្រមជឿឡើយ ទោះបើមានគេប្រាប់មកឯងរាល់គ្នាក៏ដោយ»។

៤២កាលពួកសាសន៍យូដា បានចេញពីសាលាប្រជុំទៅហើយ នោះពួកសាសន៍ដទៃ ក៏សូមឲ្យប៉ុលអធិប្បាយតាមសេចក្តីទាំងនោះ នៅថ្ងៃឈប់សំរាកមួយក្រោយទៀត ៤៣កាលពួកអ្នកប្រជុំនោះបានបែកចេញពីគ្នាទៅ នោះមានពួកសាសន៏យូដា នឹងពួកចូលសាសន៏ជាច្រើនដែលមកថ្វាយបង្គំ គេដើរតាមប៉ុល នឹងបាណាបាស ដែលទូន្មានឲ្យគេកាន់ខ្ជាប់ក្នុងព្រះគុណនៃព្រះ។

៤៤ដល់ថ្ងៃឈប់សំរាកក្រោយ នោះពួកអ្នកក្រុងស្ទើរតែទាំងអស់ ក៏មកប្រជុំគ្នា ដើម្បីនឹងស្តាប់ព្រះបន្ទូល ៤៥តែកាលពួកសាសន៏យូដាបានឃើញមនុស្សទាំងហ្វូងដូច្នេះ នោះកើតមានចិត្តពេញដោយសេចក្តីច្រណែន ហើយក៏ឆ្លើយទទឹងទាស់នឹងសេចក្តី ដែលប៉ុលអធិប្បាយនោះ ទាំងជំនះហើយព្រមាថផង ៤៦ប៉ុន្តែប៉ុល នឹងបាណាបាសនិយាយដោយក្លាហានថា មុខគួរឲ្យយើងខ្ញុំថ្លែងប្រាប់ព្រះបន្ទូល ដល់អ្នករាល់គ្នាជាមុនដំបូង ប៉ុន្តែ ដោយព្រោះអ្នករាល់គ្នាបោះបង់ចោលព្រះបន្ទូលនោះ ហើយជំនុំជំរះកាត់ទោសដល់ខ្លួនឯងថា មិនគួរនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចនោះទេ ហេតុដូច្នេះបានជាយើងខ្ញុំបែរទៅឯពួកសាសន៏ដទៃវិញ ៤៧ដ្បិតព្រះអម្ចាស់ ទ្រង់បានបង្គាប់មកយើងខ្ញុំដូច្នេះថា «អញបានតាំងឯងសំរាប់ជាពន្លឺដល់សាសន៏ដទៃ ដើម្បីឲ្យឯងបានសំរាប់ជាសេចក្តីសង្គ្រោះដល់ចុងផែនដីបំផុត»។

៤៨កាលពួកសាសន៍ដទៃបានឮដូច្នោះ នោះគេមានសេចក្តីអំណរ ហើយក៏សរសើរព្រះបន្ទូលនៃព្រះអម្ចាស់ ចំណែកអស់អ្នកដែលត្រូវបានជីវិតអស់កល្បជានិច្ច នោះក៏បានជឿ ៤៩ឯព្រះបន្ទូលនៃព្រះអម្ចាស់ បានផ្សាយសុសសាយទួទៅពេញក្នុងស្រុកនោះ ៥០តែពួកសាសន៍យូដាគេញុះញង់ពួកស្ត្រីអ្នកមុខអ្នកការ ដែលមកថ្វាយបង្គំ នឹងពួកអ្នកធំនៅក្នុងទីក្រុងនោះ បណ្តាលឲ្យមានសេចក្តីបៀតបៀន ដល់ប៉ុល នឹងបាណាបាស ក៏ដេញអ្នកទាំង២នោះចេញពីស្រុកគេទៅ ៥១ដូច្នេះ អ្នកទាំង២ក៏រលាស់ធូលីដីពីជើងចេញទាស់នឹងគេ រូចចេញទៅឯក្រុងអ៊ីកូនាម ៥២ឯពួកសិស្ស គេមានចិត្តពេញដោយសេចក្តីអំណរ ហើយនឹងព្រះវិញ្ញាណបរិសុទ្ធ។



១៤ ១កាលនៅក្រុងអ៊ីកូនាម ក៏នាំគ្នាចូលទៅក្នុងសាលាប្រជុំរបស់សាសន៍យូដា បានអធិប្បាយនាំឲ្យទាំងពួកសាសន៍យូដា នឹងសាសន៍ក្រេកយ៉ាងសន្ធឹកបានជឿ ២ប៉ុន្តែ ឯពួកសាសន៍យូដាដែលមិនព្រមជឿ គេញុះញង់ហើយចាក់រុកពួកសាសន៍ដទៃ ឲ្យគេទាស់នឹងពួកជំនុំវិញ ៣ចំណែកប៉ុល នឹងបាណាបាស ក៏នៅទីនោះជាយូរថ្ងៃគេអធិប្បាយយ៉ាងក្លៀវក្លាដោយនូវព្រះអម្ចាស់ ហើយទ្រង់ក៏ធ្វើបន្ទាល់ អំពីព្រះបន្ទូលនៃព្រះគុណទ្រង់ ដោយទ្រង់ប្រោសប្រទានឲ្យមានទីសំគាល់ នឹងការអស្ចារ្យកើតមកដោយសារដៃអ្នកទាំង២នោះ ៤ឯមនុស្សទាំងឡាយនៅ ទីក្រុងនោះ គេបែកបាក់គ្នា អ្នកខ្លះកាន់ខាងសាសន៍យូដា ខ្លះខាងពួកសាវក ៥តែកាលពួកសាសន៍ដទៃ នឹងពួកសាសន៍យូដា ព្រមទាំងពួកនាម៉ឺនរបស់គេ បានលើកព្រួតគ្នានឹងទៅត្មះតិះដៀល ហើយចោលនឹងថ្ម ៦នោះអ្នកទាំង២បានដឹង ហើយក៏រត់ទៅឯទីក្រុងនៅស្រុកលូកៅនាវិញ គឺលីស្ត្រា នឹងឌើបេ ហើយនឹងស្រុកនៅជុំវិញ ៧ក៏ប្រកាសប្រាប់ដំណឹងល្អនៅកន្លែងទាំងនោះ។

៨រីឯនៅក្រុងលីស្ត្រា មានមនុស្សម្នាក់មានជើងពិការគាត់អង្គុយនៅដោយខ្វិន តាំងតែពីផ្ទៃម្តាយមក មិនដែលដើរសោះឡើយ ៩អ្នកនោះបានឮប៉ុលអធិប្បាយ ហើយប៉ុលក៏សំឡឹងមើលទៅគាត់ ឃើញថា គាត់មានសេចក្តីជំនឿល្មមដើម្បីឲ្យបានជា ១០នោះក៏បន្លឺជាសំឡេងខ្លាំងថា ចូរក្រោកឈរឲ្យត្រង់ឡើង រួចអ្នកនោះក៏ស្ទុះឡើងដើរ ១១កាលហ្វូងមនុស្សបានឃើញការដែលប៉ុលធ្វើ នោះគេបន្លឺឡើងជាភាសាលូកៅនាថា ពួកព្រះបានកាឡានិម្មិតជាមនុស្ស ចុះមកឯយើងហើយ ១២គេក៏ហៅបាណាបាសជាព្រះសេយូស ហើយប៉ុលជាព្រះហ៊ើមេស ពីព្រោះគាត់ជាមេសំដែង ១៣ហើយសង្ឃរបស់ព្រះសេយូស ដែលនៅមុខក្រុងគេ ក៏នាំយកគោឈ្មោល ហើយនឹងភួងទៅដល់ខ្លោងទ្វារក្រុង ចង់ថ្វាយយញ្ញបូជាជាមួយនឹងបណ្តាមនុស្ស ១៤កាលបាណាបាស នឹងប៉ុល ជាសាវកបានដឹង នោះក៏ហែកអាវខ្លួន រត់ចូលទៅកណ្តាលហ្វូងមនុស្សស្រែកឡើងថា ១៥អ្នករាល់គ្នាអើយ ហេតុអ្វីបានជាធ្វើដូច្នេះ យើងខ្ញុំជាមនុស្សវិស័យដូចជាអ្នករាល់គ្នាដែរ មួយទៀត យើងក៏ប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ឲ្យបានបែរចេញពីអស់ទាំងការ ដែលឥតប្រយោជន៍យ៉ាងនេះ ទៅឯព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ នឹងរបស់ទាំងអស់ដែលនៅស្ថានទាំងនោះផង ១៦ក្នុងកាលជំនាន់មនុស្សពីបុរាណ នោះទ្រង់បានអនុញ្ញាតឲ្យគ្រប់ទាំងសាសន៍ ដើរតាមផ្លូវរបស់គេរៀងខ្លួន ១៧ប៉ុន្តែ ទ្រង់មិនដែលលែងមានទីបន្ទាល់ ពីព្រះអង្គទ្រង់ទេ ដោយទ្រង់តែងតែផ្សាយព្រះគុណមក គឺទ្រង់ប្រោសប្រទានឲ្យភ្លៀងធ្លាក់ចុះពីលើមេឃ ឲ្យមានរដូវដ៏សំបូរ ដើម្បីនឹងបំពេញចិត្តយើង ដោយអាហារ នឹងសេចក្តីអំណរ ១៨តែដែលគាត់អធិប្បាយសេចក្តីទាំងនោះដល់គេ នោះឃាត់គេ មិនឲ្យថ្វាយយញ្ញបូជាដល់ខ្លួន សឹងតែមិនបានផង។

១៩មានពួកសាសន៍យូដាខ្លះ មកពីអាន់ទីយ៉ូក នឹងអ៊ីកូនាម គេបញ្ចុះបញ្ចូលហ្វូងមនុស្ស ឲ្យចោលប៉ុលនឹងថ្មរួចគេអូសគាត់ចេញទៅក្រៅទុកចោល ដោយស្មានថាបានស្លាប់ហើយ ២០ប៉ុន្តែ ពួកសិស្សមកចោមព័ទ្ធគាត់រួចគាត់ក្រោកឡើងចូលទៅក្នុងទីក្រុងវិញ ហើយដល់ថ្ងៃស្អែក គាត់នឹងបាណាបាសក៏ចេញទៅឯឌើបេ ២១ក្រោយដែលប្រកាសប្រាប់ដំណឹងល្អ ហើយបានសិស្សជាច្រើននៅក្រុងនោះ នោះក៏ត្រឡប់ទៅឯលីស្ត្រា អ៊ីកូនាម នឹងអាន់ទីយ៉ូកវិញ ២២ព្រមទាំងចំរើនកំឡាំងដល់ពួកសិស្សឲ្យមានចិត្តរឹងប៉ឹងឡើង ហើយទូន្មានឲ្យនៅស្ថិតស្ថេរក្នុងសេចក្តីជំនឿ ដោយពាក្យថា ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន ២៣កាលបានរើសពួកចាស់ទុំតាំងឡើងក្នុងគ្រប់ទាំងពួកជំនុំ ហើយអធិស្ឋានទាំងតម នោះក៏ប្រគល់គេទុកនឹងព្រះអម្ចាស់ ដែលគេបានជឿដល់ទ្រង់ហើយ ២៤រួចនាំគ្នាដើរកាត់ស្រុកពីស៊ីឌាទៅរហូតដល់ស្រុកប៉ាមភីលា ២៥ក្រោយដែលអធិប្បាយតាមព្រះបន្ទូល នៅក្រុងពើកា រួចហើយ នោះក៏ចុះទៅឯអាតាលា ២៦ក៏ចុះសំពៅពីទីនោះ ត្រឡប់ទៅឯអាន់ទីយ៉ូកវិញ ជាកន្លែងដែលគេបានទុកដាក់អ្នកទាំង២ ក្នុងព្រះគុណនៃព្រះសំរាប់ការដែលទើបនឹងធ្វើសំរេច ២៧លុះដល់ហើយ ក៏ព្រមូលពួកជំនុំមក ថ្លែងប្រាប់ពីការដែលព្រះបានធ្វើដោយសារខ្លួន ហើយពីទ្រង់បានបើកទ្វារនៃសេចក្តីជំនឿដល់សាសន៍ដទៃដែរ ២៨រួចក៏នៅទីនោះជាមួយនឹងពួកសិស្សជាយូរក្រែល។



១៥ ១មានមនុស្សខ្លះចុះពីស្រុកយូដា មកបង្រៀនដល់ពួកជំនុំថា បើមិនបានកាត់ស្បែក តាមទំលាប់របស់លោកម៉ូសេ នោះពុំអាចនឹងបានសង្គ្រោះឡើយ ២ដូច្នេះកាលប៉ុល នឹងបាណាបាស បានជជែកនឹងគេ ហើយមានសេចក្តីដេញដោលគ្នាជាខ្លាំងរួចហើយ នោះពួកជំនុំបានដំរូវឲ្យប៉ុល នឹងបាណាបាស ព្រមទាំងអ្នកខ្លះទៀតក្នុងពួកគេ ឡើងទៅឯពួកសាវក នឹងពួកចាស់ទុំ នៅក្រុងយេរូសាឡិម ដើម្បីនឹងសួរបញ្ជាក់ពីដំណើរនោះ ៣ដូច្នេះ ពួកជំនុំក៏ចេញ ជូនដំណើរអ្នកទាំងនោះទៅ រួចគេដើរកាត់ស្រុកភេនីស នឹងស្រុកសាម៉ារី ទាំងថ្លែងប្រាប់ពីរឿងដែលសាសន៍ដទៃបានប្រែចិត្តជឿ គេក៏នាំឲ្យពួកជំនុំទាំងអស់មានសេចក្តីអំណរជាខ្លាំង ៤លុះដល់ក្រុងយេរូសាឡិមហើយ នោះពួកជំនុំ ពួកសាវកនឹងពួកចាស់ទុំក៏រាក់ទាក់ទទួលគេ រួចគេថ្លែងប្រាប់ពីគ្រប់ការទាំងអស់ ដែលព្រះបានធ្វើដោយសារខ្លួន ៥នោះមានអ្នកខ្លះក្នុងពួកផារិស៊ីដែលជឿ គេឈរឡើងនិយាយថា ត្រូវតែកាត់ស្បែកឲ្យពួកសាសន៍ដទៃនោះ ហើយបង្គាប់ឲ្យកាន់តាមក្រិត្យវិន័យរបស់លោកម៉ូសេដែរ។

៦ពួកសាវក នឹងពួកចាស់ទុំ ក៏ប្រជុំគ្នាប្រឹក្សាពីដំណើរនោះ ៧លុះបានជជែកគ្នាជាយូរទៅ នោះពេត្រុសក្រោកឡើងនិយាយថា បងប្អូនអើយ អ្នករាល់គ្នាដឹងហើយថាកាលពីដើម ព្រះបានរើសក្នុងពួកយើងរាល់គ្នា ដើម្បីឲ្យពួកសាសន៍ដទៃបានឮព្រះបន្ទូលនៃដំណឹងល្អ ហើយឲ្យបានជឿដោយសារមាត់ខ្ញុំ ៨នោះព្រះដ៏ជ្រាបនូវចិត្តមនុស្សទាំងឡាយ ទ្រង់បានធ្វើបន្ទាល់ពីគេ ដោយទ្រង់ ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់គេ ដូចជាដល់យើងរាល់គ្នាដែរ ៩ទ្រង់មិនបានរាប់ពួកយើង នឹងពួកគេ ខុសពីគ្នាទេ គឺបានសំអាតចិត្តគេ ដោយសារសេចក្តីជំនឿជឿដែរ ១០ចុះហេតុអ្វីបានជាល្បងព្រះ ដោយបំពាក់នឹមនៅកពួកសិស្សដូច្នេះ ដែលទោះទាំងពួកឰយុកោយើង ឬយើងរាល់គ្នាក៏ពុំអាចនឹងទ្រទ្រាំបានផង ១១យើងជឿថា បានសង្គ្រោះដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវ ដូចជាគេដែរ ១២ឯពួកជំនុំទាំងអស់គ្នា ក៏នៅស្ងៀមស្តាប់បាណាបាស នឹងប៉ុល ដែលគេរ៉ាយរឿងប្រាប់ពីទីសំគាល់ នឹងការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះបានធ្វើក្នុងពួកសាសន៍ដទៃ ដោយសារខ្លួន ១៣កាលឈប់អធិប្បាយហើយ នោះយ៉ាកុបឆ្លើយឡើងថា អ្នករាល់គ្នាជាបងប្អូនអើយ សូមស្តាប់ខ្ញុំសិន ១៤ស៊ីម៉ូនបានថ្លែងប្រាប់ពីបែបយ៉ាងណា ដែលព្រះទ្រង់ប្រោសដល់ពួ់កសាសន៍ដទៃជាមុនដំបូង ដើម្បីរើសយករាស្ត្រ១ពួកពីគេ ទុកសំរាប់ព្រះនាមទ្រង់ ១៥ហើយសេចក្តីទំនាយរបស់ពួកហោរា ក៏ត្រូវនឹងដំណើរនោះដែរដូចជាមានសេចក្តីចែងទុកមកថា ១៦«ក្រោយនោះអញនឹងត្រឡប់មក លើកទីលំនៅរបស់ហ្លួងដាវីឌ ដែលរលំនោះឡើង អញនឹងសង់ត្រង់កន្លែងបាក់បែក ហើយដំឡើងឲ្យត្រង់ឡើងវិញ ១៧ដើម្បីឲ្យសំណល់មនុស្ស បានស្វះស្វែងរកព្រះអម្ចាស់ ព្រមទាំងសាសន៍ដទៃទាំងប៉ុន្មានដែលបានហៅតាមឈ្មោះអញនោះផង នេះហើយជាព្រះបន្ទូលនៃព្រះអម្ចាស់ ជាព្រះដែលធ្វើការទាំងនោះ» ១៨គ្រប់ការដែលព្រះទ្រង់ធ្វើ នោះទ្រង់បានជ្រាប តាំងពីអស់កល្បរៀងមក ១៩ដូច្នេះ បើតាមគំនិតខ្ញុំ នោះមិនត្រូវធ្វើឲ្យពួកសាសន៍ដទៃ ដែលងាកបែរមកឯព្រះវិញ មានចិត្តខ្វល់ឡើយ ២០គឺត្រូវសរសេរផ្ញើទៅ ឲ្យគេគ្រាន់តែចៀសវាងចេញពីរូបព្រះ ដែលនាំឲ្យស្មោកគ្រោក១ ពីសេចក្តីកំផិត១ ពីសត្វដែលសំឡាប់ដោយច្របាច់ក១ ហើយពីឈាម១ប៉ុណ្ណោះ ២១ព្រោះតាំងពីចាស់បុរាណមក មានគេប្រកាសប្រាប់ពីលោកម៉ូសេនៅគ្រប់ទីក្រុងទាំងអស់ ហើយគេមើលគម្ពីរលោក នៅអស់ទាំងសាលាប្រជុំ រាល់តែថ្ងៃឈប់សំរាកដែរ។

២២នោះពួកសាវកនឹងពួកចាស់ទុំ ព្រមទាំងពួកជំនុំគ្រប់គ្នាក៏យល់ព្រមថា គួរនឹងរើសយកអ្នកខ្លះក្នុងពួកគេ គឺយូដាស ដែលហៅថា បាសាបាស១ នឹងស៊ីឡាស១ ជាពួកអ្នកមុខក្នុងពួកជំនុំ ដើម្បីនឹងចាត់ឲ្យទៅឯអាន់ទីយ៉ូកជាមួយនឹងប៉ុល ហើយនឹងបាណាបាស ២៣គេក៏ធ្វើសំបុត្រផ្ញើដោយសារអ្នកទាំងនោះ បែបដូច្នេះថា សំបុត្រយើងខ្ញុំ ជាពួកសាវក ពួកចាស់ទុំនឹងពួកបងប្អូនទាំងអស់គ្នា ផ្ញើមកជំរាបសួរដល់ពួកបងប្អូនសាសន៍ដទៃ ដែលនៅក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី នឹងស្រុកគីលីគា ឲ្យបានជ្រាប ២៤ដ្បិតយើងខ្ញុំបានឮថា មានអ្នកខ្លះចេញពីពួកយើងខ្ញុំមក នាំឲ្យអ្នករាល់គ្នាខ្វល់ចិត្ត ហើយឲ្យវល់គំនិតដោយពាក្យសំដីដែលគេថា ត្រូវតែកាត់ស្បែក ហើយកាន់តាមក្រិត្យវិន័យផង តែយើងខ្ញុំមិនបានបង្គាប់គេទេ ២៥ដូច្នេះ យើងខ្ញុំបានព្រមព្រៀងគ្នាយល់ឃើញថា គួរនឹងរើសអ្នកខ្លះ ចាត់មកឯអ្នករាល់គ្នាជាមួយនឹងបាណាបាសហើយនឹងប៉ុល ជាសំឡាញ់ស្ងួនភ្ងានៃយើងខ្ញុំ ២៦ដែលបានប្រថុយជីវិត ដោយយល់ដល់ព្រះនាមនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នា ២៧ដូច្នេះ យើងខ្ញុំបានចាត់យូដាស នឹងស៊ីឡាសមក ឲ្យជំរាបដល់អ្នករាល់គ្នាផ្ទាល់មាត់ ពីសេចក្តីនោះឯង ២៨ពីព្រោះព្រះវិញ្ញាណបរិសុទ្ធនឹងយើងខ្ញុំរាល់គ្នា បានយល់ឃើញថា មិនគួរគប្បីនឹងដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នា ក្រៅពីសេចក្តីទាំងនេះដែលត្រូវតែកាន់នោះឡើយ ២៩គឺឲ្យចៀសវាងចំពោះរបស់ដែលបានថ្វាយដល់រូបព្រះ១ ឈាម១ សត្វដែលសំឡាប់ដោយច្របាច់ក១ នឹងសេចក្តីកំផិត១ បើអ្នករាល់គ្នាចៀសវាងពីរបស់ទាំងនេះ នោះបានល្អហើយ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខចុះ។

៣០កាលពួកជំនុំបានឲ្យអ្នកទាំងនោះទៅហើយ នោះគេទៅដល់ អាន់ទីយ៉ូក ក៏ប្រជុំពួកសិស្សទាំងប៉ុន្មាន ហើយប្រគល់សំបុត្រនោះដល់ពួកជំនុំ ៣១លុះបានអានមើលសំបុត្រស្រេចហើយ ពួកនោះក៏មានសេចក្តីរីករាយដោយពាក្យកំសាន្តនោះ ៣២ឯយូដាស នឹងស៊ីឡាស ដែលជាគ្រូអធិប្បាយដែរ គេបានប្រដៅទូន្មានជាច្រើនដល់ពួកជំនុំព្រមទាំងតាំងឲ្យគេមានចិត្តខ្ជាប់ខ្ជួនឡើង ៣៣កាលនៅទីនោះជាយូរបន្តិច នោះពួកជំនុំឲ្យគេត្រឡប់ទៅឯពួកសាវកវិញដោយសុខសាន្ត ៣៤តែស៊ីឡាសគាត់គាប់ចិត្តនៅទីនោះតទៅទៀត ៣៥ឯប៉ុល នឹងបាណាបាស បានបង្អង់នៅឯក្រុងអាន់ទីយ៉ូកនោះដែរ ទាំងបង្រៀន ហើយប្រកាសប្រាប់ដំណឹងល្អ គឺជាព្រះបន្ទូលនៃព្រះអម្ចាស់ ជាមួយនឹងមនុស្សឯទៀតជាច្រើន។

៣៦កាលក្រោយបន្តិចថ្ងៃមក នោះប៉ុលនិយាយនឹងបាណាបាសថា ចូរយើងត្រឡប់ទៅសួរពួកបងប្អូន នៅអស់ទាំងក្រុង ជាទីដែលយើងបានផ្សាយព្រះបន្ទូលនៃព្រះអម្ចាស់ផង ដើម្បីឲ្យដឹងពីគេថាជាយ៉ាងដូចម្តេច ៣៧ឯបាណាបាស គាត់គិតចង់យកយ៉ូហាន ដែលហៅថាម៉ាកុស ទៅជាមួយផង ៣៨តែប៉ុលមិនចូលចិត្តនឹងយកគាត់ទៅទេ ពីព្រោះជាន់មុន គាត់បានចាកចោលគេ ពីកាលនៅស្រុកប៉ាមភីលាម្តងហើយ មិនបានទៅធ្វើការជាមួយួគ្នាតទៅឡើយ ៣៩ដូច្នេះ គេមានការណ៍ទាស់ទែងគ្នាជាខ្លាំង ដល់ម៉្លេះបានជាបែកចេញពីគ្នា ឯបាណាបាសគាត់យកម៉ាកុសចុះសំពៅទៅឯកោះគីប្រុស ៤០តែប៉ុលគាត់រើសយកស៊ីឡាសវិញ ហើយចេញដំណើរទៅ ដោយមានពួកជំនុំផ្ទុកផ្តាក់ក្នុងព្រះគុណនៃព្រះអម្ចាស់ ៤១នោះគាត់ដើរកាត់ស្រុកស៊ីរី នឹងស្រុកគីលីគា ក៏តាំងឲ្យពួកជំនុំទាំងប៉ុន្មានបានខ្ជាប់ខ្ជួនឡើង។



១៦ ១រីឯប៉ុល បានទៅដល់ក្រុងឌើបេ នឹងលីស្ត្រាហើយនៅទីនោះ ក៏ប្រទះឃើញសិស្សម្នាក់ ឈ្មោះធីម៉ូថេជាកូនរបស់ស្ត្រីសាសន៍យូដាម្នាក់ ដែលបានជឿ តែឪពុកជាសាសន៍ក្រេក ២គាត់ជាអ្នកមានកេរ្តិ៍ឈ្មោះល្អក្នុងពួកជំនុំនៅលីស្ត្រា នឹងអ៊ីកូនាម ៣ឯប៉ុល ចង់ឲ្យអ្នកនោះទៅជាមួយផង បានជាគាត់នាំយកទៅកាត់ស្បែកឲ្យ ដោយព្រោះពួកសាសន៍យូដាដែលនៅស្រុកទាំងនោះ ដ្បិតគេដឹងគ្រប់គ្នាថាឪពុកគាត់ជាសាសន៍ក្រេក ៤កំពុងដែលដើរកាត់អស់ទាំងទីក្រុង នោះក៏ប្រគល់សេចក្តីបញ្ញត្តទាំងប៉ុន្មានដល់គេ ជាសេចក្តីដែលពួកសាវក នឹងពួកចាស់ទុំដែលនៅក្រុងយេរូសាឡិម បានជំនុំសំរេចឲ្យគេកាន់តាម ៥យ៉ាងនោះ ពួកជំនុំទាំងប៉ុន្មាន មានសេចក្តីជំនឿ រឹតតែខ្លាំង ហើយចំនួននៃពួកសិស្ស ចេះតែចំរើនកើនឡើងជារាល់ថ្ងៃ។

៦កាលបានដើរកាត់ស្រុកព្រីគា នឹងដែនខេត្តកាឡាទី នោះព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ឃាត់មិនឲ្យផ្សាយព្រះបន្ទូលនៅស្រុកអាស៊ីទេ ៧បានជានាំគ្នាចុះទៅឯស្រុកមីស៊ាវិញ ហើយខំចូលទៅក្នុងស្រុកប៊ីធូនា ប៉ុន្តែព្រះវិញ្ញាណនៃព្រះយេស៊ូវមិនអនុញ្ញាតឲ្យចូលទេ ៨រួចគេដើរហួសពីស្រុកមីស៊ា ចុះទៅឯទ្រអាសវិញ ៩នៅយប់នោះ ប៉ុលបានឃើញក្នុងការជាក់ស្តែង ជាមនុស្សពីស្រុកម៉ាសេដូនម្នាក់ឈរអង្វរគាត់ថា សូមអញ្ជើញឆ្លងមកជួយយើងខ្ញុំ ដែលនៅស្រុកម៉ាសេដូននេះផង ១០លុះគាត់បានឃើញការជាក់ស្តែងនោះរួចហើយ នោះយើងក៏រកឱកាសនឹងទៅឯស្រុកម៉ាសេដូនភ្លាម ដោយយល់ឃើញថា ព្រះអម្ចាស់ទ្រង់ហៅយើង ឲ្យទៅផ្សាយដំណឹងល្អដល់គេ ១១កាលបានចុះសំពៅចេញពីទ្រអាសទៅ នោះក៏ដំរង់ទៅឯកោះសាម៉ូត្រាស ហើយថ្ងៃក្រោយបានដល់នាប៉ូល ១២ពីទីនោះ យើងក៏ទៅដល់ក្រុងភីលីព ជាទីក្រុងលេខ១ក្នុងដែនខេត្តម៉ាសេដូន ដែលជាស្រុកចំណុះ ហើយយើងសំចតនៅទីនោះបានបួនដប់ថ្ងៃ។

១៣ដល់ថ្ងៃឈប់សំរាក យើងដើរចេញពីទីក្រុង ទៅឯមាត់ទន្លេ ជាកន្លែងដែលគេធ្លាប់អធិស្ឋាន ក៏អង្គុយនិយាយនឹងពួកស្រីៗដែលប្រជុំគ្នា ១៤នោះមានស្ត្រីម្នាក់ជាអ្នកជំនួញល័ខពណ៌ស្វាយ ឈ្មោះលីឌា ពីក្រុងធាទេរ៉ាជាអ្នកដែលថ្វាយបង្គំព្រះ នាងប្រុងស្តាប់ ហើយព្រះអម្ចាស់ទ្រង់បើកចិត្តនាង ឲ្យយកចិត្តទុកដាក់តាមសេចក្តី ដែលប៉ុលអធិប្បាយ ១៥កាលនាងបានទទួលបុណ្យជ្រមុជទឹកព្រមទាំងពួកគ្រួនាងរួចហើយ នោះក៏អញ្ជើញយើងថា បើអស់លោកយល់ឃើញថា ខ្ញុំស្មោះត្រង់ចំពោះព្រះអម្ចាស់ពិត នោះសូមលោកអញ្ជើញទៅនៅឯផ្ទះខ្ញុំកុំខាន នាងក៏បង្ខំដល់យើង។

១៦រួចកាលយើងកំពុងតែទៅឯទីអធិស្ឋាន នោះមានបាវស្រីម្នាក់មកចួបនឹងយើង នាងនោះមានអារក្សភីថង់ចូល ក៏បានចំរើនឲ្យចៅហ្វាយនាងជាច្រើន ដោយការទាយ ១៧នាងដើរតាមប៉ុល នឹងយើងខ្ញុំ ទាំងស្រែកថា អ្នកទាំងនេះជាអ្នកបំរើនៃព្រះដ៏ខ្ពស់បំផុត ដែលប្រាប់យើងពីផ្លូវសង្គ្រោះ ១៨នាងក៏ធ្វើដូច្នោះជាយូរថ្ងៃ ទាល់តែប៉ុលមានសេចក្តីរំខានចិត្ត ហើយបែរទៅនិយាយនឹងអារក្សនោះថា អញបង្គាប់ឯងដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ឲ្យឯងចេញពីនាងនេះទៅ វាក៏ចេញទៅនៅវេលានោះឯង ១៩កាលពួកចៅហ្វាយរបស់នាងឃើញថា ទីសង្ឃឹមដែលនឹងបានកំរៃ បានបាត់អស់ទៅហើយ នោះគេក៏ចាប់ប៉ុលនឹងស៊ីឡាស ដោយកន្ត្រាក់កន្ត្រែងនាំទៅឯទីផ្សារ នៅចំពោះមុខមេនគរបាល ២០រួចកាលនាំទៅដល់នាយកដំរួតនគរបាល គេជំរាបថា ពួកសាសន៍យូដាទាំងនេះនាំឲ្យទីក្រុងយើង កើតវឹកវរជាខ្លាំងណាស់ ២១គេប្រកាសប្រាប់ពីទំនៀមទំលាប់ ដែលយើងខ្ញុំជាសាសន៍រ៉ូម គ្មានច្បាប់ទទួល ឬកាន់តាមឡើយ ២២ហ្វូងមនុស្សក៏លើកគ្នាទាស់នឹងប៉ុល ហើយនឹងស៊ីឡាសដែរ រួចមេនគរបាលបានកន្ត្រាក់ហែកអាវគេចេញ ហើយបង្គាប់ឲ្យវាយនឹងរំពាត់ ២៣ក្រោយដែលវាយ មានស្នាមជាច្រើនហើយ នោះក៏យកទៅដាក់គុកុ បង្គាប់មេភូឃុំ ឲ្យរក្សាដោយប្រយ័តប្រយែង ២៤មេភូឃុំទទួលបង្គាប់យ៉ាងដូច្នោះ ហើយក៏នាំយកគេទៅដាក់ក្នុងគុកជ្រៅ ព្រមទាំងដាក់ខ្នោះភ្ជាប់នៅជើងផង ២៥លុះពេលប្រហែលជាកណ្តាលអធ្រាត្រប៉ុល នឹងស៊ីឡាស កំពុងតែអធិស្ឋាន ហើយច្រៀងសរសើរដល់ព្រះ ឯពួកអ្នកទោសក៏ស្តាប់ដែរ ២៦នោះស្រាប់តែកើតមានកក្រើកដីជាខ្លាំង ដល់ម៉្លេះបានជារញ្ជួយដល់ជើងជញ្ជាំងគុកផង ហើយទ្វារទាំងប៉ុន្មានរបើកចេញភ្លាម ខ្នោះក៏រហើបចេញទាំងអស់ទៅ ២៧កាលមេភូឃុំភ្ញាក់ឡើងឃើញទ្វារគុកនៅចំហដូច្នោះ ក៏ហូតដាវបំរុងនឹងសំឡាប់ខ្លួនចោល ដោយស្មានថា អ្នកទោសបានរត់រួចអស់ហើយ ២៨ប៉ុន្តែ ប៉ុលស្រែកឡើងឃាត់ថា កុំធ្វើបាបខ្លួនឡើយដ្បិតយើងនៅឯណេះទាំងអស់គ្នាទេ ២៩មេភូឃុំក៏ឲ្យគេយកភ្លើងមក រួចម្នីម្នាស្ទុះចូលទៅក្នុងគុក ផ្តួលខ្លួននៅទៀបជើងប៉ុល នឹងស៊ីឡាស ទាំងញាប់ញ័រ ៣០គាត់នាំគេចេញទៅក្រៅសួរថា លោកម្ចាស់អើយ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេចឲ្យបានសង្គ្រោះផង ៣១គេក៏ប្រាប់គាត់ថា ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ ព្រមទាំងពួកគ្រួសារលោកផង ៣២គេក៏ផ្សាយព្រះបន្ទូលនៃព្រះអម្ចាស់ដល់គាត់ នឹងពួកគ្រួគាត់ទាំងអស់ដែរ ៣៣នៅវេលាយប់នោះឯង គាត់យកគេទៅលាងស្នាមរំពាត់ចេញ រួចខ្លួនគាត់ នឹងពួកគាត់ទាំងអស់ ក៏ទទួលបុណ្យជ្រមុជទឹកភ្លាម ៣៤នោះគាត់នាំគេចូលទៅក្នុងផ្ទះរៀបតុឲ្យបរិភោគ ដោយមានចិត្តរីករាយសាទរ ព្រមទាំងពួកគ្រួគាត់ផង ដោយព្រោះបានជឿដល់ព្រះហើយ។

៣៥ដល់ភ្លឺឡើង នោះមេនគរបាលចាត់ពួកនាយ ឲ្យទៅប្រាប់ថា ចូរលែងអ្នកទាំង២នោះទៅ ៣៦មេភូឃុំក៏ប្រាប់ដល់ប៉ុល តាមពាក្យនោះថា លោកនគរបាលបានចាត់គេមក ប្រាប់ឲ្យលែងលោកចេញទៅហើយ ដូច្នេះសូមអញ្ជើញទៅដោយសុខសាន្តចុះ ៣៧តែប៉ុលឆ្លើយទៅគេថា ពួកមេនគរបាលវាយយើងនឹងរំពាត់ នៅកណ្តាលជំនុំ ឥតមានកាត់ទោស ហើយបានដាក់គុកយើងផងដែលយើងជាជាតិរ៉ូមដូច្នេះ ឥឡូវនេះ លោកចង់គេចកែប្រែជាដេញយើងទៅដោយសំងាត់វិញឬ ធ្វើដូច្នេះពុំបានទេ ត្រូវឲ្យខ្លួនលោកមកនាំយើងចេញទៅវិញ ៣៨ពួកនាយក៏ទៅជំរាបតាមពាក្យនោះ រួចពួកមេនគរបាលមានសេចក្តីភិតភ័យ ដោយឮថាជាជាតិរ៉ូម ៣៩ក៏មកសូមអង្វរដល់គាត់ទាំង២នាក់ រួចនាំចេញពីក្នុងគុក ហើយសូមឲ្យចេញពីទីក្រុងគេទៅ ៤០កាលចេញពីគុកហើយ ទើបនាំគ្នាទៅឯនាងលីឌា លុះបានឃើញពួកជំនុំ នោះក៏ទូន្មានដល់គេ រួចចេញដំណើរទៅ។



១៧ ១រីឯកាលបានដើរកាត់ក្រុងអាំភីប៉ូលី នឹងក្រុងអ័ប៉ុឡូនា នោះគេទៅដល់ក្រុងថែស្សាឡូនីច ជាកន្លែងដែលមានសាលាប្រជុំរបស់សាសន៍យូដា ២ប៉ុលក៏ចូលទៅឯគេតាមទំលាប់គាត់ ហើយជជែកពន្យល់ដល់គេតាមគម្ពីរ ក្នុង៣ថ្ងៃឈប់សំរាក ៣ក៏បើកសំដែងយ៉ាងច្បាស់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ពីស្លាប់ឡើងវិញ គាត់ក៏និយាយថា ព្រះយេស៊ូវនេះឯង ដែលខ្ញុំប្រកាសប្រាប់ដល់អ្នករាល់គ្នា ទ្រង់ជាព្រះគ្រីស្ទនោះហើយ ៤ពួកអ្នកនោះខ្លះក៏យល់ព្រម ហើយបានចូលខាងប៉ុល នឹងស៊ីឡាស ព្រមទាំងពួកសាសន៍ក្រេកសន្ធឹក ដែលតែងតែថ្វាយបង្គំព្រះ នឹងពួកស្រីអ្នកមុខជាក្រែលដែរ ៥តែពួកសាសន៍យូដាដែលមិនព្រមជឿ គេមានចិត្តឈ្នានីស ក៏នាំយកមនុស្សពាលអនាថាខ្លះមក រួចព្រមូលបានមនុស្សយ៉ាងសន្ធឹក ទៅបង្កើតវឹកវរក្នុងទីក្រុង ហើយនាំគ្នាទៅចោមព័ទ្ធផ្ទះយ៉ាសុន រកចាប់ប៉ុល នឹងស៊ីឡាស នាំចេញមកឯបណ្តាជន ៦លុះរកមិនឃើញ ក៏ចាប់យ៉ាសុន នឹងពួកជំនុំខ្លះ កន្ត្រាក់ដឹកនាំទៅដាក់នៅមុខចៅហ្វាយទីក្រុងដោយស្រែកថា ពួកដែលនាំឲ្យក្រឡាប់ផែនដីនោះ បានមកទីនេះហើយ ៧ឯយ៉ាសុននេះ ជាអ្នកបានទទួលគេ ពួកនោះប្រព្រឹត្តសុទ្ធតែខុសនឹងបញ្ញត្តរបស់សេសារ ដោយនិយាយថា មានស្តេច១ទៀត ឈ្មោះយេស៊ូវ ៨មនុស្សទាំងនោះក៏នាំឲ្យអស់បណ្តាជន នឹងចៅហ្វាយនៃទីក្រុងកើតបារម្ភព្រួយ ដោយឮសេចក្តីនោះ ៩រួចកាលបានយកប្រាក់ធានាពីយ៉ាសុន នឹងអ្នកឯទៀតហើយ នោះក៏លែងគេចេញទៅ។

១០ពួកជំនុំក៏ឲ្យប៉ុល នឹងស៊ីឡាស ចេញទៅឯក្រុងបេរា ទាំងយប់ភ្លាម កាលទៅដល់ នោះគេចូលទៅក្នុងសាលាប្រជុំរបស់ពួកសាសន៍យូដា ១១រីឯពួកអ្នកស្រុកនោះ មានចិត្តល្អជាងពួកអ្នកនៅថែស្សាឡូនីច គេប្រុងប្រៀបសព្វគ្រប់នឹងទទួលព្រះបន្ទូល ក៏ពិចារណាមើលគម្ពីររាល់តែថ្ងៃ ឲ្យបានដឹងជាសេចក្តីទាំងនោះត្រូវឬមិនត្រូវ ១២ដូច្នេះ មានពួកគេ នឹងពួកស្រីសាសន៍ក្រេក ជាអ្នកមុខអ្នកការជាច្រើនបានជឿ ក៏មានប្រុសៗក្រែលដែរ ១៣តែកាលពួកសាសន៍យូដានៅថែស្សាឡូនីចបានដឹងថា ប៉ុលបានផ្សាយព្រះបន្ទូលក្នុងក្រុងបេរាដែរ នោះគេក៏មកញុះញង់បណ្តាជននៅទីនោះទៀត ១៤ដូច្នេះ ពួកជំនុំឲ្យប៉ុលចេញទៅភ្លាម ធ្វើដូចជានឹងទៅឯសមុទ្រ តែស៊ីឡាស នឹងធីម៉ូថេ នៅទីនោះតទៅ ១៥ឯពួកអ្នកដែលជូនប៉ុលទៅគេនាំទៅឯក្រុងអាថែនវិញ រួចកាលគេទទួលពាក្យ ដែលគាត់ផ្តាំទៅស៊ីឡាស នឹងធីម៉ូថេ ឲ្យគេមកចួបនឹងគាត់ជាប្រញាប់ នោះគេនាំគ្នាត្រឡប់វិលទៅវិញ។ ១៦កំពុងដែលប៉ុលចាំគេនៅក្រុងអាថែន នោះគាត់មានសេចក្តីរំជួលក្នុងចិត្តជាខ្លាំង ដោយឃើញមានរូបព្រះនៅពេញក្នុងទីក្រុងនោះ ១៧ដូច្នេះ គាត់ក៏ជជែកពន្យល់ដល់សាសន៍យូដា នឹងពួកអ្នកដែលថ្វាយបង្គំក្នុងសាលាប្រជុំគេ ហើយនៅទីផ្សារ ជាមួយនឹងអស់អ្នកដែលមកចួបនឹងគាត់រាល់តែថ្ងៃដែរ ១៨តែមានពួកអេពីគួរ នឹងពួកស្ទអ៊ីកខ្លះ ជាអ្នកប្រាជ្ញបរមត្ថ គេមកចួបនឹងគាត់ ខ្លះសួរថា តើអ្នកដែលនិយាយប៉ប៉ាច់នេះចង់ថាដូចម្តេច ខ្លះទៀតថា មើលទៅដូចជាគាត់សំដែងពីព្រះដទៃទេ ដ្បិតឮគាត់ប្រាប់គេពីព្រះយេស៊ូវ ហើយពីសេចក្តីរស់ពីស្លាប់ឡើងវិញ ១៩គេក៏នាំយកគាត់ទៅឯភ្នំអើរីយ៉ូសសួរថា តើយើងអាចនឹងដឹងជាសេចក្តីបង្រៀនថ្មី ដែលអ្នកអធិប្បាយនេះជាយ៉ាងណាបានឬទេ ២០ដ្បិតយើងបានឮអ្នកអធិប្បាយយ៉ាងប្លែកណាស់ ដូច្នេះយើងចង់ដឹងន័យសេចក្តីទាំងនេះដែរ ២១រីឯពួកអ្នកនៅក្រុងអាថែន នឹងពួកអ្នកប្រទេសក្រៅដែលមកស្នាក់នៅទាំងប៉ុន្មាន គេមិនដែលបង់ពេលទំនេរនឹងធ្វើអ្វីទៀតទេ គេគិតតែពីប្រាប់ ឬស្តាប់សេចក្តីថ្មីប៉ុណ្ណោះ។

២២ឯប៉ុល គាត់ឈរនៅកណ្តាលទីអើរីយ៉ូស សំដែងថា ឱពួកអ្នកនៅក្រុងអាថែនអើយ ក្នុងការទាំងអស់ខ្ញុំយល់ឃើញថា អ្នករាល់គ្នាឧស្សាហ៍ខ្នះខ្នែងកាន់សាសនាណាស់ ២៣ដ្បិតកំពុងដែលខ្ញុំដើរចុះឡើង មើលប្រដាប់ប្រដា ដែលអ្នករាល់គ្នាគោរពបូជា នោះខ្ញុំឃើញមានអាសនា១ ដែលមានចារិកថា «ព្រះដ៏ពុំស្គាល់» ដូច្នេះខ្ញុំនឹងប្រាប់ដល់អ្នករាល់គ្នាពីព្រះ ដែលអ្នករាល់គ្នាគោរពបូជា ដោយឥតស្គាល់នោះឯង ២៤ដ្បិតព្រះដែលបង្កើតលោកីយ នឹងរបស់សព្វសារពើ ព្រះអង្គនោះ ទ្រង់ជាព្រះអម្ចាស់នៃស្ថានសួគ៌ នឹងផែនដី ទ្រង់មិនគង់នៅក្នុងវិហារដែលដៃមនុស្សបានធ្វើទេ ២៥ក៏មិនបាច់មានដៃមនុស្សបំរើទ្រង់ ដូចជាទ្រង់ត្រូវការអ្វីនោះផងដែរ ដ្បិតគឺទ្រង់ដែលផ្គត់ផ្គង់ដោយព្រះអង្គទ្រង់ ឲ្យគ្រប់ទាំងអស់មានជីវិត មានដង្ហើមគ្រប់ជំពូក ២៦ទ្រង់បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១ ឲ្យបាននៅពេញលើផែនដី ព្រមទាំងសំរេចកំណត់ពេលវេលា ដែលបានតាំងជាមុន នឹងព្រំទីលំនៅរបស់គេគ្រប់គ្នា ២៧ដើម្បីឲ្យគេស្វែងរកព្រះ ក្រែងគេនឹងរកទ្រង់ឃើញ ដោយខំរាវរកមែននោះទេដឹង ទោះបើទ្រង់មិនគង់ឆ្ងាយពីយើងនិមួយៗក៏ដោយ ២៨ដ្បិតគឺដោយសារទ្រង់ហើយ ដែលយើងរាល់គ្នាបានរស់ កំរើក ហើយមាននៅផង ដូចជាពួកអ្នកលើកកំណាព្យខ្លះរបស់អ្នករាល់គ្នា បាននិយាយដែរថា «មនុស្សយើងជាពូជព្រះដែរ» ២៩ដូច្នេះ បើយើងរាល់គ្នាជាពូជព្រះហើយ នោះមិនត្រូវឲ្យយើងស្មានថា ព្រះទ្រង់ដូចជាមាស ឬប្រាក់ ឬថ្ម ឬជារបស់ឆ្លាក់ តាមការរចនា តាមគំនិតរបស់មនុស្សនោះទេ ៣០ពីដើមព្រះទ្រង់បានទតរំលងគ្រាខ្លៅល្ងង់មែន តែឥឡូវនេះ ទ្រង់ត្រាសបង្គាប់ដល់មនុស្សទាំងអស់ នៅគ្រប់អន្លើឲ្យប្រែចិត្តវិញ ៣១ពីព្រោះទ្រង់បានដាក់កំណត់ថ្ងៃ ដែលទ្រង់នឹងជំនុំជំរះលោកីយដោយយុត្តិធម៌ ដោយសារមនុស្សម្នាក់ ដែលទ្រង់បានដំរូវរួចហើយ ព្រមទាំងដាក់ភស្តុតាងសំញែងយ៉ាងជាក់លាក់ ដល់មនុស្សទាំងឡាយ ដោយទ្រង់ប្រោសមនុស្សនោះ ឲ្យរស់ពីស្លាប់ឡើងវិញ ៣២កាលគេបានឮនិយាយពីមនុស្សស្លាប់រស់ឡើងវិញ នោះមានខ្លះចំអកឲ្យ ហើយខ្លះនិយាយថា យើងនឹងស្តាប់អ្នកពីដំណើរនេះម្តងទៀត ៣៣ដូច្នេះ ប៉ុលក៏ចេញពីចំណោមគេទៅ ៣៤តែមានមនុស្សខ្លះត្រូវចិត្តជាប់នឹងគាត់ ព្រមទាំងជឿផងក្នុងពួកនោះមានឈ្មោះឌេវនីស ជាចៅក្រមនៅភ្នំអើរីយ៉ូសនឹងស្ត្រីម្នាក់ឈ្មោះដាម៉ារីស ហើយនឹងអ្នកខ្លះទៀតដែរ។



១៨ ១ក្រោយនោះមក ប៉ុលចេញពីក្រុងអាថែន ទៅឯកូរិនថូស ២នៅទីនោះ គាត់ចួបនឹងសាសន៍យូដាម្នាក់ឈ្មោះអ័គីឡា ដែលកើតនៅស្រុកប៉ុនតុស ជាអ្នកទើបនឹងមកពីស្រុកអ៊ីតាលី ព្រមទាំងព្រីស៊ីលជាប្រពន្ធគាត់ផងពីព្រោះមហារាជក្លូឌាស ទ្រង់បានបង្គាប់ ឲ្យសាសន៍យូដាចេញពីក្រុងរ៉ូមទាំងអស់ទៅ គាត់ក៏ទៅឯអ្នកទាំង២នោះ ៣រួចគាត់ស្នាក់នៅ ហើយធ្វើការជាមួយនឹងគេ ពីព្រោះមានរបររកស៊ីធ្វើជាងត្រសាលដូចគ្នា ៤គាត់ក៏អធិប្បាយនៅក្នុងសាលាប្រជុំរាល់តែថ្ងៃឈប់សំរាក ព្រមទាំងបញ្ចុះបញ្ចូលពួកសាសន៍យូដា នឹងសាសន៍ក្រេកឲ្យជឿផង។

៥កាលស៊ីឡាស នឹងធីម៉ូថេ បានចុះពីស្រុកម៉ាសេដូនមកដល់ហើយ នោះប៉ុលមានសេចក្តីបង្ខំក្នុងចិត្ត ឲ្យផ្សាយព្រះបន្ទូល ក៏ធ្វើបន្ទាល់អស់ពីចិត្តដល់សាសន៍យូដាថា ព្រះយេស៊ូវជាព្រះគ្រីស្ទពិត ៦តែដោយព្រោះគេតាំងខ្លួនទាស់ទទឹង ហើយក៏ជេរព្រមាថផង បានជាប៉ុលរលាស់អាវខ្លួននិយាយថា ចូរឲ្យឈាមអ្នករាល់គ្នាធ្លាក់លើក្បាលអ្នករាល់គ្នាវិញចុះ ឯខ្ញុំៗបរិសុទ្ធទេ អំណឹះទៅមុខ ខ្ញុំនឹងទៅឯសាសន៍ដទៃហើយ ៧គាត់ក៏ចេញពីទីនោះ ចូលទៅក្នុងផ្ទះម្នាក់ ឈ្មោះយូស្ទុស ជាអ្នកថ្វាយបង្គំព្រះ ដែលមានផ្ទះនៅជាប់នឹងសាលាប្រជុំ ៨ឯគ្រីសប៉ុស ជាមេសាលាប្រជុំគាត់ជឿដល់ព្រះអម្ចាស់ ព្រមទាំងពួកគ្រួគាត់ទាំងអស់ដែរក៏មានពួកក្រុងកូរិនថូសបានស្តាប់ ហើយជឿជាច្រើន ទាំងទទួលបុណ្យជ្រមុជទឹកផង ៩វេលាយប់នោះ ព្រះអម្ចាស់ទ្រង់មានបន្ទូលទៅប៉ុលក្នុងការជាក់ស្តែងថា កុំខ្លាចអ្វី ចូរសំដែងទៅ កុំនៅស្ងៀមឡើយ ១០ដ្បិតខ្ញុំនៅជាមួយនឹងអ្នកហើយ គ្មានអ្នកណានឹងប្រទូស្តដល់អ្នកបានទេ ខ្ញុំក៏មានមនុស្សជាច្រើននៅក្នុងទីក្រុងនេះដែរ ១១គាត់ក៏នៅទីនោះអស់១ឆ្នាំ៦ខែ ព្រមទាំងបង្រៀនព្រះបន្ទូលនៅក្នុងពួកគេ។

១២កាលលោកកាលីយ៉ូ ធ្វើជាអ្នកដំណាងសាសន៍រ៉ូមនៅស្រុកអាខៃ នោះពួកសាសន៍យូដាលើកគ្នា ព្រួតទាស់នឹងប៉ុល គេចាប់នាំគាត់ទៅឯទីជំនុំក្តី ចោទថា ១៣អ្នកនេះជាអ្នកបញ្ចុះបញ្ចូលមនុស្សឲ្យថ្វាយបង្គំព្រះខុសច្បាប់ ១៤តែកាលប៉ុលរៀបនឹងបើកមាត់ដោះសាខ្លួន នោះលោកកាលីយ៉ូនិយាយទៅពួកសាសន៍យូដាថា នែពួកសាសន៍យូដាអើយ បើសិនណាជាមានការទុច្ចរិតណា ឬទោសកំណាចអ្វីដទៃ នោះតាមទំនងខ្ញុំត្រូវតែទទួលស្តាប់អ្នករាល់គ្នា ១៥ប៉ុន្តែ បើសិនជាកើតក្តីពីដំណើរពាក្យសំដី ឬពីនាមឈ្មោះ ឬពីក្រិត្យវិន័យរបស់អ្នករាល់គ្នាវិញ នោះស្រេចនឹងអ្នករាល់គ្នាចុះ ខ្ញុំមិនចូលចិត្តនឹងជំនុំជំរះចំពោះការយ៉ាងនោះទេ ១៦លោកក៏បណ្តេញគេចេញពីសាលាជំនុំជំរះទៅ ១៧នោះគេក៏ចាប់សូស្ថេនជាមេសាលាប្រជុំ មកវាយផ្ចាលនៅមុខសាលាជំនុំ តែលោកកាលីយ៉ូមិនរវល់សោះ។

១៨ឯប៉ុល គាត់នៅទីនោះជាយូរថ្ងៃទៀត រួចក្រោយដែលគាត់បានកោរសក់នៅក្រុងកេងគ្រាហើយ គឺដោយព្រោះគាត់បានបន់បំណន់ នោះក៏លាពួកជំនុំ ចុះសំពៅទៅឯស្រុកស៊ីរីវិញ មានទាំងព្រីស៊ីល នឹងអ័គីឡាទៅជាមួយផង ១៩កាលទៅដល់ក្រុងអេភេសូរហើយ នោះប៉ុលទុកគេនៅទីនោះ តែគាត់ចូលទៅក្នុងសាលាប្រជុំរបស់សាសន៍យូដា ហើយក៏ជជែកពន្យល់ដល់គេ ២០រួចគេសូមឲ្យគាត់នៅជាមួយនឹងគេជាយូរបន្តិចទៀត តែគាត់មិនព្រមទេ ២១គាត់លាគេទៅដោយពាក្យថា ខ្ញុំត្រូវតែទៅធ្វើបុណ្យក្រោយនេះ នៅក្រុងយេរូសាឡិមជាមិនខាន តែបើព្រះទ្រង់សព្វព្រះហឫទ័យ នោះខ្ញុំនឹងត្រឡប់មកឯអ្នករាល់គ្នាវិញ រួចគាត់ចុះសំពៅ ចេញពីអេភេសូរទៅ ២២លុះចូលចតនៅក្រុងសេសារាហើយ ក៏ឡើងទៅជំរាបសួរដល់ពួកជំនុំ រួចចុះទៅឯអាន់ទីយ៉ូកវិញ ២៣គាត់នៅទីនោះជាយូរក្រែល រួចចេញទៅដើរកាត់ស្រុកកាឡាទី នឹងស្រុកព្រីគាដោយលំដាប់ ព្រមទាំងតាំងឲ្យពួកសិស្សទាំងអស់បានខ្ជាប់ខ្ជួនឡើង។

២៤នៅក្នុងគ្រានោះ មានសាសន៍យូដាម្នាក់ ឈ្មោះអ័ប៉ុឡូស ដែលកើតនៅក្រុងអ័លេក្សានទ្រា ជាអ្នកមានវោហារ ហើយក៏ចេះស្ទាត់ក្នុងគម្ពីរដែរ គាត់មកដល់ក្រុងអេភេសូរ ២៥គាត់បានសិក្សាខាងឯផ្លូវព្រះអម្ចាស់ ហើយដោយព្រោះគាត់មានចិត្តឧស្សាហ៍ បានជាគាត់អធិប្បាយហើយបង្រៀនយ៉ាងត្រឹមត្រូវ ពីអស់ទាំងសេចក្តីខាងឯព្រះអម្ចាស់ ទោះបើស្គាល់តែបុណ្យជ្រមុជរបស់លោកយ៉ូហានក៏ដោយ ២៦ហើយគាត់ចាប់តាំងអធិប្បាយក្នុងសាលាប្រជុំដោយក្លាហាន កាលអ័គីឡា នឹងព្រីស៊ីល បានឮ នោះក៏នាំទៅពន្យល់ពីផ្លូវព្រះ ឲ្យរឹតតែច្បាស់ទៅទៀត ២៧រួចគាត់គិតនឹងទៅឯស្រុកអាខៃ នោះពួកជំនុំក៏ធ្វើសំបុត្រផ្ញើទៅ ទូន្មានពួកសិស្សឲ្យទទួលគាត់ លុះដល់ហើយ គាត់ក៏ជួយយ៉ាងសន្ធឹក ដល់ពួកអ្នកដែលជឿដោយព្រះគុណ ២៨ព្រោះគាត់ជជែកផ្ចាញ់ពួកសាសន៍យូដា នៅកណ្តាលជំនុំ ដោយប៉ិនប្រសប់ ទាំងបង្ហាញតាមគម្ពីរថា ព្រះយេស៊ូវជាព្រះគ្រីស្ទមែន។



១៩ ១កំពុងដែលអ័ប៉ុឡូសនៅក្រុងកូរិនថូស នោះប៉ុលបានដើរកាត់អស់ទាំងស្រុកខាងលើ រហូតដល់ក្រុងអេភេសូរ កាលគាត់រកឃើញសិស្សខ្លះ នោះក៏សួរថា ២ចាប់តាំងពីអ្នករាល់គ្នាជឿមក តើបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ គេឆ្លើយថា យើងខ្ញុំមិនបានទាំងឮនិយាយពីព្រះវិញ្ញាណបរិសុទ្ធផង ៣គាត់សួរគេទៀតថា ដូច្នេះ តើអ្នករាល់គ្នាបានទទួលបុណ្យជ្រមុជទឹកដោយនូវអ្វីគេឆ្លើយថា គឺដោយនូវបុណ្យជ្រមុជរបស់លោកយ៉ូហានទេ ៤រួចប៉ុលនិយាយថា លោកយ៉ូហានបានធ្វើបុណ្យជ្រមុជទឹក ពីដំណើរការប្រែចិត្ត ទាំងប្រាប់ពួកជនឲ្យជឿដល់ព្រះអង្គ ដែលយាងមកក្រោយលោកវិញ គឺដល់ព្រះយេស៊ូវគ្រីស្ទ ៥កាលបានឮដូច្នោះហើយ នោះគេក៏ទទួលបុណ្យជ្រមុជទឹក ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវវិញ ៦រួចប៉ុលដាក់ដៃលើគេ ហើយព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើគេ នោះគេចាប់តាំងនិយាយភាសាដទៃហើយអធិប្បាយផង ៧ពួកអ្នកទាំងនោះមានគ្នាប្រហែលជា១២នាក់។ ៨ប៉ុលក៏ចូលទៅអធិប្បាយ ក្នុងសាលាប្រជុំ ដោយក្លាហាន ហើយក្នុងរវាង៣ខែ គាត់ចេះតែជជែកពន្យល់ព្រមទាំងបញ្ចុះបញ្ចូលគេ ឲ្យជឿតាមអស់ទាំងសេចក្តីពីនគរព្រះ ៩លុះកាលអ្នកខ្លះកើតមានចិត្តរឹងទទឹង ហើយចចេស ព្រមទាំងនិយាយអាក្រក់ពីផ្លូវនោះ នៅមុខប្រជាជន នោះគាត់ក៏ថយចេញពីគេទៅ ញែកយកទាំងពួកសិស្សទៅផង រួចគាត់ជជែកពន្យល់ក្នុងសាលាបង្រៀនរបស់ទីរ៉ានុសជារាល់ថ្ងៃ ១០គាត់ធ្វើដូច្នោះ អស់២ឆ្នាំដល់ម៉្លេះបានជាអស់អ្នក ដែលនៅស្រុកអាស៊ី បានឮព្រះបន្ទូលនៃព្រះអម្ចាស់ ទាំងសាសន៍យូដា នឹងសាសន៍ក្រេកផង ១១ហើយព្រះទ្រង់ធ្វើការឫទ្ធិបារមីយ៉ាងប្លែកៗ ដោយសារដៃប៉ុល ១២ដល់ម៉្លេះបានជាគេគ្រាន់តែយកកន្សែងឬក្រមា ពីខ្លួនគាត់ ទៅដាក់លើមនុស្សមានជំងឺ នោះគេក៏បានជា ហើយមានអារក្សអសោច៏ចេញពីមនុស្សដែរ។

១៣រីឯមានមនុស្សសាសន៍យូដាខ្លះ ជាគ្រូមន្តអាគមដែលដើរចុះឡើង គេក៏ចាប់តាំងអំពាវនាវ ដល់ព្រះនាមព្រះអម្ចាស់យេស៊ូវ ពីលើមនុស្សដែលមានអារក្សអសោច៏ចូលថា អញបង្គាប់ឯង ដោយនូវព្រះយេស៊ូវ ដែលប៉ុលប្រកាសប្រាប់នោះ ១៤ក្នុងពួកមនុស្សដែលធ្វើដូច្នោះ មាន៧នាក់ ជាកូននៃសាសន៍យូដាម្នាក់ ដែលធ្វើជាសង្គ្រាជឈ្មោះស្កេវ៉ា ១៥តែអារក្សអសោច៏ឆ្លើយទៅគេថា យើងស្គាល់ព្រះយេស៊ូវហើយ ក៏ស្គាល់ប៉ុលបន្តិចបន្តួចដែរ តែឯឯងរាល់គ្នា តើជាអ្នកណាវិញ ១៦រួចមនុស្សដែលមានអារក្សអសោច៏ចូលក៏ស្ទុះទៅលើគេ ទាំងបង្គ្រប ហើយឈ្នះគេ ដល់ម៉្លេះបានជាគេរត់ចេញពីផ្ទះនោះទាំងអាក្រាតហើយមានរបួសផង ១៧ឯអស់មនុស្សនៅក្រុងអេភេសូរទាំងសាសន៍យូដា នឹងសាសន៍ក្រេកផង បានដឹងរឿងនោះ ក៏កើតមានចិត្តភ័យខ្លាចទាំងអស់គ្នា ហើយព្រះនាមព្រះអម្ចាស់យេស៊ូវក៏បានថ្កើងឡើង ១៨មានមនុស្សជាច្រើនដែលបានជឿ គេមកលន់តួ ព្រមទាំងសំដែងប្រាប់ពីការដែលខ្លួនបានប្រព្រឹត្តផង ១៩ឯមនុស្សដែលប្រព្រឹត្តវិជ្ជាប្លែកៗ នោះក៏មានច្រើននាក់ បានយកក្បួនដំរារបស់ខ្លួន មកដុតចោលនៅចំពោះមុខមនុស្សទាំងអស់គ្នា គេបានគិតថ្លៃក្បួនទាំងនោះមើល ឃើញមានដំឡៃអស់៥ម៉ឺនរៀល ២០គឺយ៉ាងដូច្នោះឯង ដែលព្រះបន្ទូលនៃព្រះអម្ចាស់បានចំរើនកើនឡើង ហើយបានឈ្នះដោយអំណាច។

២១ក្រោយការទាំងនោះមក ប៉ុលគិតសំរេចក្នុងចិត្តថាកាលណាបានដើរកាត់ស្រុកម៉ាសេដូន នឹងស្រុកអាខៃហើយ នោះគាត់នឹងទៅឯក្រុងយេរូសាឡិម ក៏និយាយថា ក្រោយដែលខ្ញុំបានទៅឯណោះហើយ នោះត្រូវឲ្យខ្ញុំទៅមើលក្រុងរ៉ូមដែរ ២២គាត់ចាត់អ្នកជំនួយគាត់២នាក់ គឺធីម៉ូថេ នឹងអេរ៉ាស្ទុស ឲ្យទៅស្រុកម៉ាសេដូន តែខ្លួនគាត់ស្នាក់នៅក្នុងស្រុកអាស៊ីបន្តិចទៀត។

២៣នៅគ្រានោះ កើតមានវឹកវរជាធំ ពីដំណើរផ្លូវនោះ ២៤ដ្បិតមានមនុស្សម្នាក់ឈ្មោះដេមេទ្រាស ជាជាងប្រាក់ដែលធ្វើអាស្រមព្រះឌីអានពីប្រាក់ គាត់ជួយដល់ពួកជាងទាំងប៉ុន្មាន ឲ្យបានកំរៃជាច្រើន ២៥កាលគាត់បានប្រមូលគេ ព្រមទាំងពួកអ្នកដែលមានរបរដូចគ្នាទាំងប៉ុន្មានមកនោះគាត់និយាយថា អ្នករាល់គ្នាអើយ អ្នកដឹងថា យើងបានផលចំណេញពីរបរនេះមក ២៦អ្នកក៏ឃើញ ហើយឮថា ឈ្មោះប៉ុលនេះបានបញ្ចុះបញ្ចូល ព្រមទាំងបង្វែរមនុស្សសន្ធឹកទៅហើយ មិនត្រឹមតែនៅអេភេសូរប៉ុណ្ណេះ គឺស្ទើរតែនឹងគ្រប់សព្វនៅស្រុកអាស៊ីផង ដោយពាក្យថា អស់ទាំងព្រះដែលដៃមនុស្សធ្វើ នោះមិនមែនជាព្រះទេ ២៧ដូច្នេះ មានអន្តរាយកើតដល់យើង មិនត្រឹមតែសមាគមនេះ ដោយគេលែងរាប់អានប៉ុណ្ណោះ គឺក្រែងគេលែងទាំងគោរពប្រតិបត្តិ ដល់ព្រះវិហាររបស់ព្រះឌីអានដ៏ធំ ថែមទៀតផង រួចសិរីល្អនៃព្រះរបស់យើង ដែលគ្រប់ស្រុកអាស៊ី នឹងលោកីយទាំងមូលក៏ថ្វាយបង្គំ នឹងត្រូវសាបសូន្យទៅ ២៨កាលគេឮសេចក្តីនោះហើយ គេក៏មានពេញដោយសេចក្តីកំហឹង ហើយស្រែកប្រកាសថា ព្រះឌីអាននៃពួកក្រុងអេភេសូរយើង ទ្រង់ធំវិសេស ២៩នោះក៏កើតមានវឹកវរពេញក្នុងក្រុង គេស្រុះចិត្តគ្នាចាប់កន្ត្រាក់កៃយុសនឹងអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលដើរដំណើរជាមួយនឹងប៉ុល នាំម្នីម្នាចូលទៅក្នុងរោងជំនុំ ៣០ឯប៉ុល គាត់គិតចូលទៅឯបណ្តាជនដែរ តែពួកសិស្សមិនព្រមឲ្យទៅទេ ៣១ហើយមានពួកចៅហ្វាយនៅស្រុកអាស៊ីខ្លះដែលស្រឡាញ់គាត់ ក៏ចាត់គេមកអង្វរថា សូមកុំឲ្យចូលទៅក្នុងរោងជំនុំនោះឡើយ ៣២ឯបណ្តាជន ខ្លះស្រែកយ៉ាងនេះ ខ្លះស្រែកយ៉ាងនោះ ដ្បិតមនុស្សក្នុងចំណោមនោះកំពុងជ្រួលជ្រើមជាខ្លាំង ច្រើនមិនដឹងជាគេប្រជុំគ្នាដោយហេតុអ្វីផង ៣៣ពួកសាសន៍យូដាក៏ច្រានអ័លេក្សានត្រុសចេញពីហ្វូងមនុស្សទៅខាងមុខ គាត់ក៏ធ្វើគ្រឿងសំគាល់នឹងដៃ ចង់ដោះសានឹងបណ្តាមនុស្ស ៣៤កាលគេបានដឹងថា គាត់ជាសាសន៍យូដា គេក៏ស្រែកឡើងព្រមគ្នាចំនួនប្រហែលជា២ម៉ោងថា ព្រះឌីអាននៃពួកក្រុងអេភេសូរយើង ទ្រង់ធំវិសេស ៣៥កាលលោកភូឈួយបានធ្វើបង្អន់ដល់ហ្វូងមនុស្ស នោះក៏និយាយថា នែ ពួកក្រុងអេភេសូរអើយ តើមានអ្នកឯណាដែលមិនដឹងថា ពួកអ្នកនៅក្រុងនេះ ជាអ្នកថែរក្សាព្រះវិហារនៃព្រះឌីអានដ៏ធំ ដែលធ្លាក់មកពីព្រះសេយូសនោះ ៣៦ដូច្នេះ ដែលសេចក្តីនោះជាពិតហើយ នោះគួរតែឲ្យអ្នករាល់គ្នាបានធ្វើដោយស្រួលទៅចុះ មិនត្រូវឲ្យធ្វើដោយរលះរលាំងដូច្នេះឡើយ ៣៧អ្នករាល់គ្នាបាននាំមនុស្សទាំងនេះមក ដែលមិនមែនជាចោរលួចវិហារ ឬព្រមាថដល់ព្រះនៃអ្នករាល់គ្នាទេ ៣៨ដូច្នេះ បើសិនជាដេមេទ្រាស នឹងពួកជាងដែលមកជាមួយគ្នានេះមានរឿងអ្វីនឹងអ្នកណា នោះមានទីសំរាប់ជំនុំជំរះក្តីស្រាប់ហើយមានទាំងពួកចៅក្រមផង ត្រូវឲ្យគេប្តឹងប្តល់គ្នាទៅចុះ ៣៩តែបើអ្នករាល់គ្នាចង់សួរពីដំណើរណាទៀត នោះត្រូវតែបានសំរេចក្នុងជំនុំ ដែលប្រជុំតាមច្បាប់វិញ ៤០ដ្បិតខ្លាចក្រែងយើងត្រូវទោសជាពួកបះបោរ ដោយព្រោះរឿងដែលកើតមកនៅថ្ងៃនេះ ដ្បិតគ្មានហេតុណាមួយ ដែលយើងអាចនឹងដោះសាពីការប្រជុំនេះបានទេ ៤១កាលមានប្រសាសន៍សេចក្តីទាំងនេះរួចហើយ នោះលោកឲ្យគេទៅវិញទៅ។



២០ ១លុះក្រោយដែលការចលាចលនោះ បានស្ងប់ស្ងាត់ហើយ នោះប៉ុលហៅពួកសិស្សមក រួចលាគេ ចេញទៅឯស្រុកម៉ាសេដូនវិញ ២កាលគាត់បានដើរកាត់ដែនស្រុកទាំងនោះ ហើយអធិប្បាយទូន្មានជាច្រើន ដល់ពួកសិស្ស នោះគាត់បានដល់ទៅស្រុកក្រេក ៣ក៏នៅស្រុកនោះអស់៣ខែ តែកាលគាត់រៀបនឹងចុះសំពៅទៅឯស្រុកស៊ីរី នោះពួកសាសន៍យូដា គេគិតល្បិចទាស់នឹងគាត់បានជាកាត់សំរេចនឹងទៅតាមស្រុកម៉ាសេដូនវិញ ៤មានសូប៉ាត្រុស ដែលនៅក្រុងបេរា អើរីស្តាក នឹងសេគុនដុសពីពួកថែស្សាឡូនីច កៃយុស នឹងធីម៉ូថេ ពីក្រុងឌើបេហើយទីឃីកុស នឹងទ្រភីម ពីស្រុកអាស៊ី គេជូនដំណើរទៅត្រឹមស្រុកអាស៊ី ៥អ្នកទាំងនោះចេញទៅមុន ក៏ចាំយើងរាល់គ្នានៅត្រង់ក្រុងទ្រអាស ៦ក្រោយថ្ងៃបុណ្យនំប៉័ងឥតដំបែ នោះយើងក៏ចុះសំពៅ ចេញពីក្រុងភីលីពទៅ៥ថ្ងៃ ទើបបានដល់ទៅគេនៅទ្រអាស រួចយើងស្នាក់នៅទីនោះអស់៧ថ្ងៃ ៧លុះថ្ងៃដំបូងក្នុងអាទិត្យនោះ កាលពួកសិស្សបានប្រជុំគ្នា ដើម្បីកាច់នំប៉័ង នោះប៉ុលក៏អធិប្បាយឲ្យគេស្តាប់ ដោយព្រោះគាត់រៀបនឹងចេញដំណើរទៅ នៅថ្ងៃស្អែក ក៏សំដែងដរាបដល់ពេលកណ្តាលអធ្រាត្រ ៨រីឯនៅបន្ទប់ខាងលើ ជាកន្លែងដែលគេប្រជុំ នោះមានចង្កៀងជាច្រើន ៩គ្រានោះ មានក្មេងជំទង់ម្នាក់ ឈ្មោះអ៊ើទីកុសវាអង្គុយនៅបង្អួច ក៏យន់ជាខ្លាំងពេក ក្នុងពេលដែលប៉ុលអធិប្បាយជាយូទៅទៀត រួចងោកធ្លាក់ចុះពីជាន់ទី៣ទៅខាងក្រោម នោះគេលើកវាឡើងបានស្លាប់ហើយ ១០តែប៉ុលចុះទៅទ្រោបពីលើវាឱបត្រកង រួចនិយាយថា កុំយំស្រែកអ្វីឡើយ ដ្បិតវាមានជីវិតទេ ១១កាលបានឡើងទៅលើវិញ ហើយបានកាច់នំប៉័ងបរិភោគទៅ នោះក៏និយាយគ្នាជាយូរទៅទៀត ដរាបដល់ភ្លឺ ទើបគាត់ចេញដំណើរទៅ ១២គេក៏នាំក្មេងជំទង់នោះមកវិញទាំងរស់ ហើយគេបានក្សាន្តចិត្តជាខ្លាំង។

១៣ឯយើងរាល់គ្នា ក៏ចុះសំពៅជាមុន បើកទៅដល់អាសុស ចាំទទួលប៉ុលនៅទីនោះ ដ្បិតគាត់បានផ្តាំដូច្នោះព្រោះគាត់ចង់ដើរវិញ ១៤កាលគាត់មកដល់យើងនៅត្រង់អាសុស នោះយើងទទួលគាត់ចុះសំពៅទៅឯមីទូលេន ១៥ក៏ចេញពីទីនោះ រួចស្អែកឡើងបានទៅដល់ទន្ទឹមនឹងកោះឃីយ៉ូស ហើយដល់ថ្ងៃក្រោយទៀត យើងបានដល់ទៅសាម៉ុស រួចចូលចតនៅក្រុងទ្រគីលាម លុះថ្ងៃក្រោយទៀត ទើបបានដល់ទៅក្រុងមីលេត ១៦ដ្បិតប៉ុលបានសំរេចនឹងទៅបង្ហួសក្រុងអេភេសូរ ដើម្បីមិនឲ្យខាតពេលនៅស្រុកអាស៊ី ដោយគាត់ប្រញាប់នឹងទៅឯក្រុងយេរូសាឡិម ឲ្យទាន់ពេលបុណ្យថ្ងៃ៥០ បើសិនជាបាន។

១៧ប៉ុលក៏ចាត់គេ ពីមីលេតទៅឯក្រុងអេភេសូរ ដើម្បីនឹងហៅពួកចាស់ទុំក្នុងពួកជំនុំនោះមក ១៨លុះមកដល់ហើយ គាត់និយាយទៅគេថា ឯកិរិយារបស់ខ្ញុំ គ្រប់ពេលគ្រប់វេលា ដែលនៅជាមួយនឹងអ្នករាល់គ្នា តាំងពីថ្ងៃដែលខ្ញុំចូលទៅស្រុកអាស៊ីមុនដំបូង ១៩គឺដែលខ្ញុំបានបំរើព្រះអម្ចាស់ ដោយចិត្តសុភាពគ្រប់ជំពូក ហើយស្រក់ទឹកភ្នែកជាច្រើន ទាំងត្រូវសេចក្តីល្បង ដោយកិច្ចកលរបស់ពួកសាសន៍យូដាបែបយ៉ាងណា នោះអ្នករាល់គ្នាដឹងស្រាប់ហើយ ២០ក៏ដឹងថា ខ្ញុំមិនបានខាននឹងប្រាប់សេចក្តីអ្វីដែលមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ គឺបានបង្រៀនដល់អ្នករាល់គ្នានៅកណ្តាលជំនុំវិញ ហើយពីផ្ទះ១ទៅផ្ទះ១ផង ២១ក៏ធ្វើបន្ទាល់អស់ពីចិត្ត ដល់ទាំងពួកសាសន៍យូដានឹងពួកសាសន៍ក្រេកផង គឺពីការប្រែចិត្តទៅឯព្រះ ហើយពីសេចក្តីជំនឿជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នា ២២ឥឡូវនេះ មើល ខ្ញុំមានសេចក្តីបណ្តាលក្នុងចិត្ត ចង់ទៅឯក្រុងយេរូសាឡិម ឥតដឹងការអ្វី ដែលនឹងកើតដល់ខ្ញុំនៅទីនោះទេ ២៣ដឹងតែប៉ុណ្ណេះថា ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ដល់ខ្ញុំ នៅគ្រប់ទីក្រុងថា មានចំណង នឹងសេចក្តីវេទនា នៅរង់ចាំខ្ញុំ ២៤ប៉ុន្តែនោះមិនអំពល់អ្វីដល់ខ្ញុំទេ ខ្ញុំក៏មិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរចុះព្រមទាំងការងារ ដែលខ្ញុំបានទទួលអំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញិ ២៥ឥឡូវនេះ មើល ខ្ញុំដឹងហើយថា ក្នុងពួកអ្នករាល់គ្នា ដែលខ្ញុំបានដើរទៅមកជាមួយ ដោយភប់ប្រសព្វគ្នា ទាំងប្រកាសប្រាប់ពីនគរនៃព្រះ នោះគ្មានអ្នកណាមួយនឹងឃើញមុខខ្ញុំទៀតឡើយ ២៦ដូច្នេះ ខ្ញុំធ្វើបន្ទាល់ដល់អ្នករាល់គ្នានៅថ្ងៃនេះថា ខ្លួនខ្ញុំបរិសុទ្ធពីឈាមអ្នករាល់គ្នាទាំងអស់ ២៧ព្រោះខ្ញុំមិនបានខាននឹងប្រាប់អ្នករាល់គ្នា ពីគ្រប់ទាំងគំនិតរបស់ព្រះទេ ២៨ដូច្នេះ ចូរអ្នករាល់គ្នាប្រយ័តខ្លួន ហើយខំថែរក្សាហ្វូងសិស្ស ដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យធ្វើជាអ្នកគង្វាលដល់គេ ដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះអម្ចាស់ ដែលទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ ២៩ដ្បិតខ្ញុំដឹងថា ក្រោយដែលខ្ញុំទៅបាត់ នោះនឹងមានឆ្កែព្រៃដ៏សាហាវ ដែលមិនចេះប្រណីដល់ហ្វូង វានឹងចូលមកក្នុងពួកអ្នករាល់គ្នា ៣០ហើយក្នុងចំណោមអ្នករាល់គ្នា ក៏នឹងកើតមានមនុស្ស ដែលនឹងអធិប្បាយសេចក្តីទំនាស់ខុសដែរ ដើម្បីនឹងទាញនាំពួកសិស្សទៅតាមគេវិញ ៣១ដូច្នេះ ឲ្យចាំយាមចុះ ចូរនឹកចាំថា ក្នុងរវាង៣ឆ្នាំ ខ្ញុំចេះតែប្រដៅទូន្មានដល់អ្នករាល់គ្នានិមួយៗ ដោយទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ ៣២ឥឡូវនេះខ្ញុំផ្ញើអ្នករាល់គ្នាទុកនឹងព្រះ ហើយនឹងព្រះបន្ទូលនៃព្រះគុណទ្រង់ ដែលអាចនឹងស្អាងចិត្ត ហើយនឹងឲ្យអ្នករាល់គ្នាមានកេរ្តិ៍អាករនៅក្នុងពួកនៃអស់អ្នកដែលបានញែកជាបរិសុទ្ធ ៣៣ខ្ញុំមិនដែលលោភចង់បានប្រាក់មាស ឬសំលៀកបំពាក់របស់អ្នកណាឡើយ ៣៤អ្នករាល់គ្នាដឹងហើយថា ដៃខ្ញុំនេះបានផ្គត់ផ្គង់គ្រប់របស់ ដែលខ្ញុំត្រូវការ ព្រមទាំងពួកអ្នកដែលនៅជាមួយផង ៣៥ខ្ញុំបានបង្ហាញអ្នករាល់គ្នាដោយគ្រប់ការទាំងអស់ថា គួរឲ្យខំធ្វើការដូច្នោះ ដើម្បីឲ្យបានជួយដល់ពួកអ្នកខ្សោយ ហើយនឹងនឹកចាំពីព្រះបន្ទូលនៃព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានបន្ទូលថា ដែលឲ្យនោះបានពរជាជាងទទួល ៣៦លុះបាននិយាយសេចក្តីទាំងនោះរួចហើយ នោះប៉ុលក៏លុតជង្គង់អធិស្ឋានជាមួយនឹងគេទាំងអស់គ្នា ៣៧ហើយគ្រប់គ្នាក៏យំជាច្រើន រួចគេឱបកគាត់ថើបដោយថ្និតថ្នម ៣៨ទាំងមានសេចក្តីព្រួយពីពាក្យនេះជាដើម គឺដែលគាត់ថា គេមិនឃើញមុខគាត់ទៀតឡើយ រួចក៏ជូនគាត់ទៅដល់សំពៅ។



២១ ១កាលយើងបានឃ្លាតចេញផុតពីគេទៅហើយ នោះក៏បើកក្តោងដំរង់ទៅឯកោះកូស ហើយថ្ងៃក្រោយបានដល់កោះរ៉ូដូស រួចពីនោះទៅដល់ក្រុងប៉ាតារ៉ា ២កាលឃើញសំពៅមួយមានដំណើរទៅឯស្រុកភេនីស នោះយើងក៏ចុះតាមសំពៅនោះចេញទៅទៀត ៣ដល់បានឃើញកោះគីប្រុសហើយ នោះបានបើកបង្ហួសទៅខាងឆ្វេង រួចទៅដល់ស្រុកស៊ីរី ចូលចតនៅត្រង់ក្រុងទីរ៉ុស ដ្បិតសំពៅត្រូវរើទំនិញនៅទីនោះ ៤លុះកាលរកឃើញពួកសិស្សហើយ នោះក៏ស្នាក់នៅទីនោះ៧ថ្ងៃ ហើយគេឃាត់ប៉ុលដោយនូវព្រះវិញ្ញាណ មិនឲ្យគាត់ឡើងទៅឯក្រុងយេរូសាឡិមឡើយ ៥ប៉ុន្តែ ដល់ផុតថ្ងៃទាំងនោះទៅ យើងក៏ចេញធ្វើដំណើរដើរទៀត ឯពួកគេទាំងអស់ ព្រមទាំងប្រពន្ធកូន បានជូនយើងខ្ញុំទៅខាងក្រៅទីក្រុង រួចយើងលុតជង្គង់អធិស្ឋាននៅមាត់ច្រាំង ៦កាលបានលាគ្នារួចជាស្រេច នោះយើងក៏ចុះសំពៅទៅ ហើយពួកគេត្រឡប់ទៅផ្ទះវិញ ៧លុះសំរេចដំណើរពីក្រុងទីរ៉ុស ទៅដល់ផ្ទលេមេហើយ នោះក៏ទៅជំរាបសួរដល់ពួកជំនុំ ហើយបានសំចតនៅជាមួយនឹងគេអស់១ថ្ងៃ ៨ដល់ថ្ងៃស្អែកឡើង ប៉ុល នឹងពួកគាត់បានចេញទៅឯសេសារា ក៏ចូលទៅក្នុងផ្ទះរបស់ភីលីព ជាអ្នកផ្សាយដំណឹងល្អម្នាក់ក្នុងពួកទាំង៧នាក់នោះ ហើយស្នាក់នៅនឹងគាត់ ៩អ្នកនោះមានកូនក្រមុំ៤នាក់ ដែលចេះទាយទំនាយ ១០លុះយើងបាននៅទីនោះជាយូរថ្ងៃ នោះមានហោរាម្នាក់ ឈ្មោះអ័ក្កាបុស គាត់ចុះពីស្រុកយូដាមក ១១លុះមកដល់យើងហើយ គាត់ក៏យកខ្សែក្រវាត់របស់ប៉ុលមក ចងជើងចងដៃខ្លួន ប្រាប់ថា ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលដូច្នេះថា ពួកសាសន៍យូដានឹងចាប់ចងម្ចាស់ខ្សែក្រវាត់នេះបែបយ៉ាងនេះ នៅក្រុងយេរូសាឡិម ហើយនឹងបញ្ជូនទៅក្នុងកណ្តាប់ដៃនៃពួកសាសន៍ដទៃ ១២កាលឮដូច្នោះ នោះយើង នឹងពួកអ្នកនៅទីនោះ ក៏អង្វរប៉ុល មិនឲ្យឡីងទៅឯក្រុងយេរូសាឡិមឡើយ ១៣តែគាត់ឆ្លើយថាហេតុអ្វីបានជាយំ ហើយធ្វើឲ្យខ្ញុំពិបាកចិត្តយ៉ាងដូច្នេះ ពីព្រោះខ្ញុំព្រមស្រេចហើយ នឹងឲ្យគេចាប់ចងខ្ញុំចុះ មិនតែប៉ុណ្ណោះសោត ថែមទាំងសុខចិត្តស្លាប់ផង នៅក្នុងក្រុងយេរូសាឡិមទៀត គឺដោយយល់ដល់ព្រះនាមព្រះអម្ចាស់យេស៊ូវ ១៤នោះយើងក៏ឈប់និយាយ ដោយថា សូមតាមព្រះហឫទ័យព្រះអម្ចាស់ចុះ ពីព្រោះគាត់មិនយល់ព្រមតាមយើងទេ។

១៥លុះផុតថ្ងៃទាំងនោះមក កាលយើងបានរៀបអីវ៉ាន់ស្រេចហើយ នោះក៏ឡើងទៅឯក្រុងយេរូសាឡិម ១៦ក៏មានសិស្សខ្លះពីសេសារាទៅជាមួយនឹងយើងដែរ បាននាំទាំងមនុស្សម្នាក់ ឈ្មោះម៉្នាសុន ជាសិស្សចាស់ ពីកោះគីប្រុស ដែលយើងរាល់គ្នាត្រូវស្នាក់នៅក្នុងផ្ទះគាត់ទៅផង ១៧គ្រាដល់ក្រុងយេរូសាឡិមហើយ នោះពួកជំនុំក៏ទទួលយើងដោយអំណរ ១៨ថ្ងៃស្អែកឡើងប៉ុលក៏ចូលទៅសួរយ៉ាកុបជាមួយនឹងយើង ក្នុងកាលដែលពួកចាស់ទុំទាំងអស់ប្រជុំគ្នានៅទីនោះ ១៩កាលគាត់បានជំរាបសួរដល់គេរួចហើយ នោះគាត់ថ្លែងប្រាប់ ពីអស់ទាំងការនិមួយៗដែលព្រះទ្រង់បានធ្វើក្នុងពួកសាសន៍ដទៃ ដោយសារគាត់ ២០គេឮដូច្នោះ ក៏សរសើរដំកើងដល់ព្រះ រួចនិយាយទៅប៉ុលថា បងអើយ បងដឹងថា មានសាសន៍យូដាប៉ុន្មានម៉ឺនបានជឿហើយ គេសុទ្ធតែមានសេចក្តីឧស្សាហ៍ខ្មីឃ្មាតកាន់តាមក្រិត្យវិន័យទាំងអស់គ្នា ២១ក៏បានឮនិយាយពីបងថា បងបង្រៀនដល់សាសន៍យូដាទាំងអស់ ដែលនៅជាមួយនឹងសាសន៍ដទៃ ឲ្យគេលះចោលលោកម៉ូសេចេញព្រមទាំងហាមប្រាមគេ កុំឲ្យកាត់ស្បែកកូន ឬប្រតិបត្តិតាមទំលាប់ពីបុរាណផង ២២ដូច្នេះ តើដូចម្តេច មុខជានឹងមានគេប្រជុំគ្នាទាំងហ្វូងជាមិនខាន ដ្បិតគេនឹងឮថា បងមកដល់ហើយ ២៣ដូច្នេះ ចូរបងធ្វើតាមពាក្យយើងវិញ ដ្បិតមានមនុស្ស៤នាក់ក្នុងពួកយើង នៅជាប់ក្នុងបំណន់នៅឡើយ ២៤ចូរបងនាំយកគេទៅលាបំណន់ជាមួយគ្នា ហើយចេញសោហ៊ុយឲ្យគេផង ដើម្បីឲ្យគេបានកោសក់ចេញ នោះមនុស្សទាំងអស់នឹងដឹងថា សេចក្តីដែលគេឮនិយាយពីបង នោះមិនពិតទេ គឺខ្លួនបងតែងប្រព្រឹត្តទៀងត្រង់ ហើយកាន់តាមក្រិត្យវិន័យដែរ ២៥ឯពួកសាសន៍ដទៃដែលជឿ នោះយើងបានផ្ញើសំបុត្រទៅហើយ ដោយសំរេចថា មិនចាំបាច់ឲ្យគេកាន់តាមសេចក្តីទាំងនោះទេ ត្រូវប្រយ័តតែនឹងរបស់អ្វី ដែលថ្វាយទៅរូបព្រះ ហើយឈាម នឹងសត្វសំឡាប់ដោយច្របាច់ក ហើយនឹងសេចក្តីកំផិតប៉ុណ្ណោះ ២៦នោះប៉ុលក៏នាំយកអ្នកទាំងនោះទៅ លុះស្អែកឡើង កាលបានញែកជាបរិសុទ្ធជាមួយនឹងគេ ហើយក៏ចូលទៅក្នុងព្រះវិហារ ដើម្បីប្រាប់ពីកំណត់ដែលត្រូវបានបរិសុទ្ធ ចាំទំរាំដល់បានថ្វាយដង្វាយសំរាប់គេគ្រប់គ្នា។

២៧កាលជិតគ្រប់៧ថ្ងៃនោះហើយ នោះពួកសាសន៍យូដាពីស្រុកអាស៊ី គេឃើញប៉ុលក្នុងព្រះវិហារ ក៏ញុះញង់ដល់បណ្តាមនុស្សទាំងប៉ុន្មាន រួចលូកដៃទៅចាប់យកគាត់ហើយស្រែកថា ២៨នែអ្នករាល់គ្នា ជាសាសន៍អ៊ីស្រាអែលអើយ មកវ៉ឺយជួយគ្នា នេះហើយជាមនុស្សដែលបង្រៀនដល់មនុស្សទាំងអស់ នៅគ្រប់ទីដំបន់ ឲ្យទាស់នឹងសាសន៍យើង នឹងក្រិត្យវិន័យ ហើយទីនេះដែរ ឥឡូវនេះបាននាំទាំងសាសន៍ក្រេកចូលមកក្នុងព្រះវិហារ ធ្វើបង្អាប់ទីបរិសុទ្ធនេះថែមទៀតផង ២៩ដំណើរនេះគេស្មានថា គាត់នាំសាសន៍ក្រេកនោះទៅក្នុងព្រះវិហារ ដោយព្រោះពីថ្ងៃមុន គេឃើញទ្រភីម ជាអ្នកស្រុកអេភេសូរ នៅជាមួយនឹងគាត់ក្នុងទីក្រុង ៣០នោះក្រុងទាំងមូលក៏កើតជ្រួលជ្រើមបណ្តាជនទាំងឡាយ គេរត់មកមូលគ្នា កាលចាប់ប៉ុលបានហើយ នោះគេទាញកន្ត្រាក់គាត់ចេញទៅខាងក្រៅព្រះវិហារ រួចបិទទ្វារភ្លាម ៣១តែកំពុងដែលគេរកចន្លោះសំឡាប់គាត់ នោះដំណឹងក៏ឮផ្សាយទៅដល់មេទ័ពធំថា មានកើតវឹកវរពេញក្នុងក្រុងយេរូសាឡិម ៣២លោកក៏យកទាហាន នឹងមេទ័ពរង នាំរត់ចុះទៅឯគេភ្លាម កាលឃើញលោក នឹងទាហានមកដល់គេ ក៏ឈប់លែងវាយប៉ុល ៣៣លោកចូលទៅចាប់គាត់ ហើយបង្គាប់ឲ្យដាក់ច្រវាក់២ខ្សែ រួចស៊ើបសួរពីគាត់ជាអ្នកណា ហើយបានធ្វើអ្វីខ្លះ ៣៤តែក្នុងហ្វូងមនុស្ស ខ្លះស្រែកយ៉ាងនេះ ខ្លះស្រែកយ៉ាងនោះ ដូច្នេះ លោកពុំអាចនឹងដឹងអ្វីជាប្រាកដបាន ដោយព្រោះមានសូរស៊ានអឺងកងជាខ្លាំង បានជាលោកបង្គាប់ឲ្យនាំគាត់ចូលទៅក្នុងបន្ទាយ ៣៥លុះបានដល់ទៅជណ្តើរបន្ទាយហើយ នោះពួកទាហានត្រូវលើកសែងគាត់ឡើង ដោយព្រោះហ្វូងមនុស្សច្រឡោតឡើងជាខ្លាំង ៣៦ដ្បិតមានបណ្តាជនសន្ធឹកណាស់ដែលដើរតាមមក ទាំងស្រែកថា ឲ្យសំឡាប់វាទៅ។

៣៧កាលគេរៀបនឹងនាំប៉ុលចូលទៅក្នុងបន្ទាយ នោះគាត់និយាយទៅមេទ័ពធំថា តើលោកបើកឲ្យខ្ញុំជំរាបបន្តិចបានឬទេ លោកសួរថា ឯងចេះនិយាយភាសាក្រេកដែរឬ ៣៨ដូច្នេះ តើឯងមិនមែនជាសាសន៍អេស៊ីព្ទ នោះដែលនាំឲ្យបះបោរអំពីមុន ព្រមទាំងនាំពួកមនុស្សកាប់ចាក់គ្នា៤ពាន់នាក់ ឲ្យទៅនៅទីរហោស្ថានទេឬអី ៣៩តែប៉ុលឆ្លើយតបថា ខ្ញុំជាសាសន៍យូដា មកពីក្រុងតើសុស ដែលនៅស្រុកគីលីគា ឯស្រុកកំណើតរបស់ខ្ញុំ មិនមែនជាក្រុងឥតមានកេរ្តិ៍ឈ្មោះនោះទេ ដូច្នេះ សូមលោកបើកឲ្យខ្ញុំនិយាយទៅជនទាំងឡាយបន្តិចសិន ៤០លោកក៏បើកឱកាសឲ្យ រួចប៉ុលឈរលើជណ្តើរ ធ្វើគ្រឿងសំគាល់នឹងដៃដល់បណ្តាជន លុះបានស្ងប់ស្ងាត់ហើយ នោះគាត់និយាយទៅគេជាភាសាហេព្រើរថា។



២២ ១ឱអ្នករាល់គ្នា ជាបងប្អូន ហើយជាឪពុកអើយសូមស្តាប់សេចក្តីដោះសារបស់ខ្ញុំសិន ២(កាលគេឮគាត់និយាយជាភាសាហេព្រើរ នោះគេរឹតតែនៅស្ងៀមទៅទៀត) រួចគាត់និយាយថា ៣ខ្ញុំជាសាសន៍យូដា កើតនៅក្រុងតើសុស ក្នុងស្រុកគីលីគា តែបានរៀននៅទីក្រុងនេះ ទៀបជើងលោកកាម៉ាលាល ដែលលោកបង្រៀនខ្ញុំ តាមន័យត្រឹមត្រូវ ក្នុងក្រិត្យវិន័យរបស់ពួកឰយុកោយើង ហើយខ្ញុំមានសេចក្តីឧស្សាហ៍ដល់ព្រះដូចជាអ្នករាល់គ្នាសព្វថ្ងៃនេះដែរ ៤ពីដើមខ្ញុំជាអ្នកធ្វើទុក្ខបៀតបៀនដល់មនុស្ស ដែលកាន់តាមផ្លូវនេះ ឲ្យដល់ស្លាប់ក៏មាន ព្រមទាំងចាប់ចងគេទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុកដែរ ៥ដូចជាសំដេចសង្ឃ នឹងពួកចាស់ទុំទាំងអស់ ជាទីបន្ទាល់ពីខ្ញុំស្រាប់ ហើយខ្ញុំបានទទួលយកសំបុត្រពីលោក ទៅឲ្យពួកសាសន៍យើងនៅក្រុងដាម៉ាស រួចខ្ញុំក៏ចេញទៅ ដើម្បីនឹងនាំយកអស់អ្នកក្នុងពួកនេះទាំងប៉ុន្មាន ដែលនៅស្រុកនោះទាំងជាប់ចំណង មកឯក្រុងយេរូសាឡិមវិញ ឲ្យគេជាប់ទោស ៦លុះកាលខ្ញុំកំពុំងតែដើរដំណើរទៅជិតដល់ក្រុងដាម៉ាស ក្នុងពេលប្រហែលជាថ្ងៃត្រង់ហើយ នោះស្រាប់តែមានពន្លឺយ៉ាងខ្លាំងពីលើមេឃ បានភ្លឺមកនៅជុំវិញខ្ញុំ ៧ខ្ញុំក៏ដួលដល់ដី ហើយឮសំឡេងមានបន្ទូលមកខ្ញុំថា សុល នែសុល ហេតុអ្វី បានជាធ្វើទុក្ខដល់ខ្ញុំ ៨ខ្ញុំបានឆ្លើយថា ឱព្រះអម្ចាស់អើយ តើព្រះអង្គណានុ៎ះ រួចទ្រង់មានបន្ទូលមកខ្ញុំថា ខ្ញុំជាព្រះយេស៊ូវពីភូមិណាសារ៉ែត ដែលអ្នកបៀតបៀន ៩ឯពួកអ្នកដែលនៅជាមួយនឹងខ្ញុំ គេក៏ឃើញពន្លឺនោះដែរ ហើយមានសេចក្តីភ័យខ្លាច តែមិនឮសំឡេងព្រះអង្គដែលមានបន្ទូលមកខ្ញុំនោះទេ ១០ខ្ញុំក៏ទូលសួរថា ព្រះអម្ចាស់អើយ តើត្រូវឲ្យទូលបង្គំធ្វើដូចម្តេច រួចព្រះអម្ចាស់មានបន្ទូលមកខ្ញុំថា ចូរក្រោកឡើងចូលទៅក្នុងក្រុងដាម៉ាស នៅទីនោះនឹងមានគេប្រាប់អ្នក ពីអស់ទាំងការ ដែលបានដំរូវឲ្យអ្នកត្រូវធ្វើ ១១នោះពួកអ្នកដែលនៅជាមួយនឹងខ្ញុំបានដឹកដៃនាំខ្ញុំចូលទៅក្នុងក្រុងដាម៉ាស ពីព្រោះខ្ញុំមើលអ្វីមិនឃើញសោះ ដោយព្រោះរស្មីដ៏ឧត្តមនៃពន្លឺនោះ ១២រួចមានមនុស្សម្នាក់ឈ្មោះអាន៉្នានាស គឺជាអ្នកកោតខ្លាចដល់ព្រះតាមក្រិត្យវិន័យ ដែលមានកេរ្តិ៍ឈ្មោះល្អក្នុងពួកសាសន៍យូដាទាំងអស់ដែលនៅទីនោះ ១៣អ្នកនោះក៏មកឈរជិតខ្ញុំនិយាយថា អ្នកសុលអើយ សូមឲ្យភ្នែកអ្នកបានភ្លឺឡើងនៅវេលានោះឯង ខ្ញុំក៏ងើបភ្នែកឡើងឃើញគាត់ ១៤រួចគាត់និយាយមកខ្ញុំថា ព្រះនៃពួកឰយុកោយើងបានដំរូវឲ្យអ្នកស្គាល់ចំណង់នៃព្រះហឫទ័យទ្រង់ ហើយឲ្យឃើញព្រះដ៏សុចរិត ព្រមទាំងឮសំឡេងពីព្រះឱស្ឋទ្រង់ ១៥ដ្បិតអ្នកត្រូវធ្វើជាស្មរបន្ទាល់ពីទ្រង់ ដល់មនុស្សទាំងអស់ ពីគ្រប់ការដែលអ្នកបានឃើញបានឮ ១៦ឥឡូវនេះ តើអ្នកបង្អង់ចាំអ្វីទៀត ចូរក្រោកឡើង ទទួលបុណ្យជ្រមុជទឹក ហើយលាងបាបអ្នកចេញចុះ ដោយការអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ ១៧កាលខ្ញុំបានត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ កំពុងដែលខ្ញុំអធិស្ឋាននៅក្នុងព្រះវិហារ នោះខ្ញុំលង់ស្មារតីទៅ ១៨ហើយក៏ឃើញទ្រង់មានបន្ទូលមកខ្ញុំថា ចូរប្រញាប់ចេញពីក្រុងយេរូសាឡិមទៅជាឆាប់ ពីព្រោះគេមិនទទួលពាក្យដែលអ្នកធ្វើបន្ទាល់ពីខ្ញុំទេ ១៩ខ្ញុំក៏ទូលថា ព្រះអម្ចាស់អើយ អ្នកទាំងនោះដឹងថា ទូលបង្គំបានចាប់ពួកអ្នកដែលជឿដល់ទ្រង់ដាក់គុកហើយ ព្រមទាំងវាយគេនៅក្នុងគ្រប់ទាំងសាលាប្រជុំផង ២០កាលដែលឈាមស្ទេផានជាស្មរបន្ទាល់របស់ទ្រង់ បានត្រូវខ្ចាយ នោះទូលបង្គំក៏ឈរនៅទីនោះដែរ បានទាំងយល់ព្រមឲ្យសំឡាប់គាត់ ហើយនៅចាំអាវនៃពួកអ្នក ដែលសំឡាប់គាត់ផង ២១នោះទ្រង់មានបន្ទូលមកខ្ញុំថា ចូរទៅចុះ ដ្បិតខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយ។

២២គេក៏ស្តាប់គាត់ដរាបដល់ពាក្យនោះ រួចគេស្រែកកាត់ឡើងថា ចូរដកមនុស្សយ៉ាងនេះពីផែនដីចេញ ដ្បិតមិនគួរឲ្យវានៅរស់ទៀតទេ ២៣ហើយដោយព្រោះគេចេះតែស្រែកឡើង ទាំងកន្ត្រាក់ដោះអាវគេចេញ ហើយបាចធូលីដីទៅលើ ២៤នោះបានជាមេទ័ពធំបង្គាប់ឲ្យនាំគាត់ចូលទៅក្នុងបន្ទាយ រួចប្រាប់ឲ្យវាយសួរចំឡើយ ដើម្បីឲ្យដឹងពីហេតុអ្វី បានជាគេស្រែកទាស់នឹងគាត់ជាខ្លាំងម៉្លេះ ២៥ប៉ុន្តែ កំពុងដែលគេយកខ្សែមកចងប៉ុលឲ្យចំកោង នោះគាត់និយាយទៅមេទ័ពរង ដែលឈរនៅទីនោះថា តើមានច្បាប់នឹងវាយសាសន៍រ៉ូមនឹងរំពាត់ មុនដែលកាត់ទោសដែរឬអី ២៦លុះមេទ័ពរងឮដូច្នោ នោះក៏ទៅជំរាបដល់មេទ័ពធំថា លោកគិតធ្វើអ្វីដូច្នេះ ដ្បិតមនុស្សនោះជាសាសន៍រ៉ូម ២៧នោះមេទ័ពធំចូលមកសួរប៉ុលថា ចូរប្រាប់អញ ឯងជាសាសន៍រ៉ូមឬ គាត់ឆ្លើយថា បាទ ២៨លោកក៏និយាយថា អញបានបង់ប្រាក់ច្រើនណាស់ ដើម្បីឲ្យបានចូលជាតិរ៉ូមនេះ តែប៉ុលនិយាយថា ខ្ញុំនេះកើតមកជាសាសន៍រ៉ូមតែម្តង ២៩ដូច្នេះ ពួកអ្នកដែលត្រូវសួរចំឡើយ ក៏ថយចេញជា១រំពេច ហើយមេទ័ពធំមានសេចក្តីភិតភ័យ ដោយដឹងថា គាត់ជាសាសន៍រ៉ូម ពីព្រោះបានជ្រុលជាចងគាត់ហើយ ៣០ដល់ថ្ងៃស្អែកឡើង លោកក៏ស្រាយចំណងហើយប្រាប់ដល់ពួកសង្គ្រាជ នឹងពួកក្រុមជំនុំទាំងអស់ ឲ្យប្រជុំគ្នា រួចលោកនាំប៉ុលចុះមក ដាក់នៅកណ្តាលពួកគេ ដោយចង់ដឹងច្បាស់ ពីហេតុអ្វីបានជាពួកសាសន៍យូដាចោទប្រកាន់គាត់ដូច្នោះ។



២៣ ១ប៉ុលក៏សំឡឹងមើលទៅពួកក្រុមជំនុំ និយាយថា ឱអ្នករាល់គ្នា ជាបងប្អូនអើយ ខ្ញុំបានប្រព្រឹត្តដោយបញ្ញាចិត្តជ្រះស្អាតនៅចំពោះព្រះដរាបមកដល់ថ្ងៃនេះ ២តែអាន៉្នានាស ជាសំដេចសង្ឃ លោកបង្គាប់ដល់ពួកអ្នកដែលឈរជិត ឲ្យទះមាត់គាត់ ៣នោះប៉ុលនិយាយទៅលោកថា ឱកំផែងលាបសអើយ ព្រះទ្រង់នឹងវាយលោកវិញលោកអង្គុយជំនុំជំរះខ្ញុំតាមក្រិត្យវិន័យ ចុះដូចម្តេចបានជាហ៊ានបង្គាប់ឲ្យគេវាយខ្ញុំ ខុសនឹងក្រិត្យវិន័យដូច្នេះ ៤ឯពួកអ្នកដែលឈរជិតក៏ស្តីឲ្យគាត់ថា តើឯងហ៊ានដៀលដល់សំដេចសង្ឃនៃព្រះដែរឬ ៥ប៉ុលឆ្លើយថា បងប្អូនអើយខ្ញុំមិនបានដឹងថា លោកជាសំដេចសង្ឃទេ ដ្បិតមានសេចក្តីចែងទុកមកថា «មិនត្រូវនិយាយអាក្រក់ ពីចៅហ្វាយរបស់សាសន៍ឯងឡើយ» ៦កាលប៉ុលបានដឹងថា ពួកគេ១ចំណែកជាពួកសាឌូស៊ី ហើយ១ចំណែកទៀតជាពួកផារិស៊ី នោះគាត់បន្លឺសំឡេងឡើងក្នុងពួកក្រុមជំនុំថា បងប្អូនរាល់គ្នាអើយ ខ្ញុំជាពួកផារិស៊ី ហើយជាកូននៃពួកផារិស៊ី ខ្ញុំជាប់ជំនុំជំរះ គឺដោយព្រោះតែសេចក្តីសង្ឃឹមនេះថា មនុស្សស្លាប់នឹងរស់ឡើងវិញ ៧កាលគាត់និយាយដូច្នោះហើយ នោះពួកផារិស៊ី នឹងពួកសាឌូស៊ី គេកើតទាស់ទែងគ្នា បណ្តាជំនុំក៏បែកខ្ញែកដែរ ៨ដ្បិតពួកសាឌូស៊ីប្រកាន់ថា គ្មានសេចក្តីរស់ឡើងវិញ ក៏គ្មានទេវតា ឬវិញ្ញាណណាផង តែពួកផារិស៊ីជឿថា មានវិញ ៩នោះកើតមានសូរទ្រហឹងអឺងអាប់ជាខ្លាំង ហើយពួកអាចារ្យខ្លះខាងពួកផារិស៊ី ក៏ឈរឡើងជជែកថា យើងមិនឃើញជាមនុស្សនេះមានទោសខុសអ្វីសោះ តែបើមានវិញ្ញាណ ឬទេវតាបាននិយាយនឹងគាត់ នោះធ្វើដូចម្តេចវិញ ១០លុះកើតទាស់គ្នាជាខ្លាំងដូច្នោះ នោះមេទ័ពធំក៏បង្គាប់ឲ្យពួកទាហានចុះទៅ យកគាត់ពីកណ្តាលគេមក ដោយអំណាចហើយនាំចូលទៅក្នុងបន្ទាយវិញ ក្រែងលោគេប្រញាយហែកគាត់ខ្ទេចខ្ទីទៅ។

១១នៅវេលាយប់នោះ ព្រះអម្ចាស់ទ្រង់ឈរជិតគាត់មានបន្ទូលថា ចូរសង្ឃឹមឡើង ប៉ុលអើយ ដ្បិតអ្នកត្រូវធ្វើបន្ទាល់នៅក្រុងរ៉ូម ដូចជាបានធ្វើបន្ទាល់សព្វគ្រប់ពីខ្ញុំនៅក្រុងយេរូសាឡិមដែរ ១២ដល់ភ្លឺឡើងមានពួកសាសន៍យូដាខ្លះ រួមគំនិតគ្នាស្បថឡាក់ឡាំងថា មិនស៊ីមិនផឹកទាល់តែបានសំឡាប់ប៉ុលហើយ ១៣ឯមនុស្សដែលបង្កើតឧបាយយ៉ាងនេះ មានជាង៤០នាក់ ១៤គេក៏ទៅជំរាបពួកសង្គ្រាជ នឹងពួកចាស់ទុំថា យើងខ្ញុំបានស្បថថា មិនភ្លក់អ្វីសោះ ទាល់តែបានសំឡាប់ប៉ុលចេញ ១៥ដូច្នេះ សូមឲ្យលោកទាំងឡាយ នឹងពួកក្រុមជំនុំ ចាត់ឲ្យទៅសូមវាពីលោកមេទ័ពធំមកឥឡូវ ដើម្បីឲ្យលោកនាំវាចុះមក ធ្វើដូចជាលោកចង់ពិចារណាសួរ ពីដំណើរវា ឲ្យច្បាស់លាស់ឡើង ឯពួកយើងខ្ញុំ ក៏ប្រុងប្រៀបជាស្រេចនឹងសំឡាប់វា មុនដែលវាចូលមកដល់ផង។

១៦ឯកូនរបស់ប្អូនស្រីប៉ុល កាលបានដឹងពីការដែលឈ្លបលបនោះហើយ ក៏ចូលទៅក្នុងបន្ទាយប្រាប់ដល់ប៉ុល ១៧នោះប៉ុល គាត់ហៅមេទ័ពរងម្នាក់មកជំរាបថា សូមនាំអ្នកកំឡោះនេះទៅឯលោកមេទ័ពធំទៅ ដ្បិតវាមានរឿងខ្លះចង់ជំរាបលោក ១៨អ្នកនោះក៏នាំវាទៅឯលោកមេទ័ពធំជំរាបថា ប៉ុល ជាអ្នកទោសបានហៅខ្ញុំ ហើយសូមខ្ញុំឲ្យនាំអ្នកកំឡោះនេះមកឯលោក វាមានរឿងខ្លះចង់ជំរាបដល់លោក ១៩មេទ័ពធំក៏ចាប់ដៃវា នាំទៅដោយឡែក សួរថា ឯងមានរឿងអ្វីនឹងប្រាប់ដល់អញខ្លះ ២០វាជំរាបថា ពួកសាសន៍យូដាបានស្រុះចិត្តគ្នា នឹងសូមលោកឲ្យនាំប៉ុលចុះទៅឯពួកក្រុមជំនុំ នៅវេលាថ្ងៃស្អែក ធ្វើដូចជាចង់ពិចារណាសួរពីដំណើរគាត់ ឲ្យច្បាស់ឡើង ២១ដូច្នេះ សូមលោកកុំព្រមតាមគេឡើយ ដ្បិតមានពួកគេចំនួនជាង៤០នាក់ បានលបចាំគាត់តាមផ្លូវ គេបានស្បថថា មិនស៊ីមិនផឹកអ្វីឡើយ ទាល់តែបានសំឡាប់គាត់ចេញ ឥឡូវនេះ គេប្រុងប្រៀបជាស្រេចហើយ ចាំតែលោកអនុញ្ញាតឲ្យប៉ុណ្ណោះទេ ២២នោះមេទ័ពធំឲ្យអ្នកកំឡោះនោះទៅវិញ ទាំងហាមមិនឲ្យប្រាប់ដល់អ្នកណា ពីដំណើរដែលវាជំរាបលោកនោះឡើយ។

២៣លោកក៏ហៅមេទ័ពរង២នាក់មកប្រាប់ថា ចូររៀបទាហានថ្មើរជើង២០០នាក់ ពលសេះ៧០ នឹងពលកាន់លំពែង២០០ ឲ្យទាន់ក្នុងវេលាម៉ោង៩យប់នេះ ដើម្បីនឹងទៅឯសេសារា ២៤ហើយឲ្យមានជំនិះសំរាប់ប៉ុលជិះដែរ ដើម្បីនឹងនាំទៅឯលោកភេលីច ជាចៅហ្វាយខេត្តដោយសុខសាន្ត ២៥លោកក៏ធ្វើសំបុត្រ១ច្បាប់ មានសេចក្តីបែបដូច្នេះថា ២៦សំបុត្រក្លូឌាស-លូស៊ា សូមក្រាបប្រណិប័តន៍ ចូលមកដល់លោកចៅហ្វាយភេលីច ដ៏ជាធំសូមទានជ្រាប ២៧មនុស្សនេះ ពួកសាសន៍យូដាបានចាប់ ហើយគេរៀបនឹងសំឡាប់បង់ ប៉ុន្តែខ្ញុំនាំទាហានទៅទាន់ដោះរួចពីពួកគេចេញ ដោយបានឮថាជាសាសន៍រ៉ូមដូច្នេះ ២៨ហើយដែលខ្ញុំចង់ដឹង ពីហេតុអ្វីបានជាគេចោទប្រកាន់វា នោះខ្ញុំបាននាំចុះទៅនៅមុខពួកក្រុមជំនុំរបស់គេ ២៩ក៏ឃើញថា គេចោទប្រកាន់ពីរឿងជជែកគ្នា ខាងឯក្រិត្យវិន័យរបស់គេទេ តែគ្មានហេតុអ្វីដែលគួរឲ្យស្លាប់ ឬជាប់ចំណងសោះឡើយ ៣០កាលមានគេមកប្រាប់ខ្ញុំពីឧបាយកល ដែលពួកសាសន៍យូដាគិតធ្វើដល់វា នោះខ្ញុំក៏បញ្ជូនមកឯលោកភ្លាម ទាំងប្រាប់ពួកអ្នកដើមចោទ ឲ្យគេមកចោទប្រកាន់នៅចំពោះលោកចុះ សូមឲ្យលោកបានប្រកបដោយសេចក្តីសុខសាន្ត សេចក្តីគួរពុំគួរ សូមទានអភ័យទោស។

៣១ដូច្នេះ ពួកពលក៏នាំយកប៉ុលទាំងយប់ ទៅឯក្រុងអាន់ទីប៉ាទ្រីស តាមបង្គាប់ ៣២ស្អែកឡើង គេទុកពលសេះឲ្យទៅជាមួយនឹងគាត់ រួចគេត្រឡប់មកឯបន្ទាយវិញ ៣៣កាលចូលក្រុងសេសារា ហើយជូនសំបុត្រដល់លោកចៅហ្វាយ នោះក៏ប្រគល់ប៉ុលទៅលោកដែរ ៣៤កាលលោកបានមើលសំបុត្ររួចជាស្រេចហើយ នោះលោកសួរពីគាត់នៅខេត្តណា លុះជ្រាបថា នៅស្រុកគីលីគា ៣៥ក៏មានប្រសាសន៍ថា ចាំកាលណាពួកដើមចោទបានចុះមកដល់ នោះអញនឹងស្តាប់រឿងឯងសព្វគ្រប់ រួចលោកបង្គាប់ឲ្យឃុំគាត់ ទុកក្នុងសាលាជំនុំរបស់ស្តេចហេរ៉ូឌ។



២៤ ១ក្រោយ៥ថ្ងៃមក អាន៉្នានាស ជាសំដេចសង្ឃក៏ចុះទៅ ជាមួយនឹងពួកចាស់ទុំ នាំទាំងមនុស្សម្នាក់មានវោហារ ឈ្មោះទើទូលុសទៅផង ដើម្បីឲ្យចូលទៅប្តឹងលោកចៅហ្វាយពីរឿងប៉ុល ២កាលលោកបានហៅប៉ុលមក នោះទើទូលូសុចាប់ចោទប្រកាន់គាត់ថា ៣ឱព្រះតេជព្រះគុណភេលីចអើយ សាសន៍យើងខ្ញុំបានសេចក្តីសុខប្រពៃ ដោយសារលោកម្ចាស់ ក៏មានចំរើនការផ្លាស់ប្រែយ៉ាងប្រសើរ ដែលមានប្រយោជន៍ដល់សាសន៍យើងខ្ញុំនេះ ដោយសារគំនិតលោកម្ចាស់ ហើយទោះបើនៅវេលាណាឬកន្លែងណាក៏ដោយ គង់តែយើងខ្ញុំទទួលការទាំងនោះដោយអំណរ ទាំងអរគុណដល់លោកម្ចាស់គ្រប់ជំពូកដែរ ៤តែដើម្បីកុំឲ្យបង្ខាតពេលលោកម្ចាស់ទៀត នោះសូមមេត្តាស្តាប់យើងខ្ញុំបន្តិច ៥ដ្បិតយើងខ្ញុំបានឃើញថា អ្នកនេះជាមនុស្សចង្រៃ ជាមេនៃពួកណាសារ៉ែត ដែលញុះញង់ឲ្យពួកសាសន៍យូដាទាំងអស់ នៅលោកីយនេះបះបោរឡើង ៦ក៏ចង់ធ្វើបង្អាប់ដល់ព្រះវិហារផង នោះយើងខ្ញុំបានចាប់វាមក ប្រាថ្នាចង់ជំនុំជំរះតាមក្រិត្យវិន័យរបស់យើងខ្ញុំ ៧ប៉ុន្តែ លោកលូស៊ា ជាមេទ័ពធំ បានមកកន្ត្រាក់យកវាពីដៃយើងខ្ញុំទៅ ដោយអំណាចយ៉ាងសំបើម ៨ទាំងបង្គាប់ឲ្យពួកដើមចោទមកឯលោកម្ចាស់ បើកាលណាលោកម្ចាស់បានពិចារណាវា នោះនឹងបានជ្រាបពីគ្រប់ទាំងការដែលយើងខ្ញុំចោទប្រកាន់ដល់វាហើយ ៩ឯពួកសាសន៍យូដា ក៏យល់ព្រមដែរ ដោយបញ្ជាក់ថា រឿងទាំងនោះប្រាកដមែន។

១០កាលលោកចៅហ្វាយ បានធ្វើគ្រឿងសំគាល់ ឲ្យប៉ុលនិយាយ នោះគាត់ឆ្លើយឡើងថា ខ្ញុំប្របាទនឹងដោះសារឿងខ្លួនដោយអំណរ ដោយដឹងថា ព្រះតេជព្រះគុណបានធ្វើជាចៅក្រមលើសាសន៍នេះជាយូរឆ្នាំហើយ ១១ក៏អាចនឹងជ្រាបថា តាំងពីខ្ញុំប្របាទឡើងទៅថ្វាយបង្គំឯក្រុងយេរូសាឡិម នោះមិនលើសពី១២ថ្ងៃទេ ១២គេក៏មិនបានឃើញខ្ញុំប្របាទ កំពុងដែលជជែកនឹងអ្នកណា នៅក្នុងព្រះវិហារ ឬប្រមូលញុះញង់បណ្តាមនុស្សដែរ ទោះបើក្នុងសាលាប្រជុំគេ ឬកន្លែងណានៅក្នុងទីក្រុងក្តី ១៣គេពុំអាចនឹងរកភស្តុតាង ពីការដែលគេចោទខ្ញុំប្របាទឥឡូវនេះបានទេ ១៤ប៉ុន្តែ សូមជំរាបលោកម្ចាស់តាមត្រង់ថា ខ្ញុំប្របាទគោរពប្រតិបត្តិដល់ព្រះនៃពួកឰយុកោយើងខ្ញុំ តាមរបៀបដែលគេហៅថា ក្បត់សាសនា ដោយមានសេចក្តីជំនឿជឿដល់អស់ទាំងសេចក្តី ដែលចែងទុកមកក្នុងក្រិត្យវិន័យ នឹងក្នុងគម្ពីរពួកហោរា ១៥ហើយខ្ញុំប្របាទមានសេចក្តីសង្ឃឹមដល់ព្រះ ដែលគេក៏យល់ព្រមដែរ គឺថា ទាំងមនុស្សសុចរិតនឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា ១៦ហេតុនោះបានជាខ្ញុំប្របាទខំប្រឹងឲ្យមានបញ្ញាចិត្ត ឥតសៅហ្មងនៅចំពោះព្រះ នឹងនៅចំពោះមនុស្សលោកជានិច្ចដែរ ១៧លុះក្រោយដែលខ្ញុំប្របាទបានចោលស្រុកទៅជាយូរឆ្នាំ នោះក៏ត្រឡប់មកធ្វើទានវិញ ព្រមទាំងយកជំនូនមក ជូនដល់សាសន៍របស់ខ្ញុំប្របាទ ១៨ហើយកំពុងដែលខ្ញុំប្របាទរវល់នឹងការនោះ គេក៏ឃើញខ្ញុំប្របាទបានញែកជាបរិសុទ្ធនៅក្នុងព្រះវិហារ មិនមែនមានមនុស្សទាំងហ្វូង ឬដោយវឹកវរទេ ប៉ុន្តែមានពួកសាសន៍យូដាខ្លះពីស្រុកអាស៊ីបានឃើញខ្ញុំប្របាទ ១៩ដែលគួរឲ្យគេមកចោទប្រកាន់ខ្ញុំប្របាទនៅមុខលោកម្ចាស់វិញ បើសិនជាគេមានរឿងអ្វីទាស់នឹងខ្ញុំប្របាទ ២០ឬឲ្យអ្នកទាំងនេះធ្វើបន្ទាល់ចុះ បើគេឃើញខ្ញុំប្របាទមានសេចក្តីទុច្ចរិតណា ក្នុងកាលដែលឈរនៅមុខក្រុមជំនុំនោះ ២១លើកតែពាក្យ១ម៉ាត់នេះចេញ ដែលខ្ញុំប្របាទស្រែកឡើងនៅពេលកំពុងឈរជាកណ្តាលពួកគេថា ថ្ងៃនេះ ខ្ញុំត្រូវអ្នករាល់គ្នាជំនុំជំរះពីដំណើររស់ពីស្លាប់ឡើងវិញ ប៉ុណ្ណោះ។



២២ឯលោកភេលីច ដែលដឹងជ្រៅជ្រះខាងសាសនាគេដែរ កាលបានស្តាប់សេចក្តីចោទឆ្លើយរួចហើយ នោះលោកក៏ផ្អាករឿងនោះសិន ដោយថា កាលណាលោកលូស៊ា ជាមេទ័ពធំបានចុះមក នោះចាំខ្ញុំនឹងពិចារណារឿងអ្នករាល់គ្នាទៀត ២៣រួចលោកបង្គាប់មេទ័ពរងឲ្យរក្សាប៉ុលដោយស្រួលបួល ឥតឃាត់ហាមពួកគាត់ណាមួយ មិនឲ្យមកបំរើគាត់នោះឡើយ ២៤លុះបួនដប់ថ្ងៃក្រោយមកលោកភេលីចមកដល់ ជាមួយនឹងត្រូស៊ីល ជាភរិយា ដែលជាសាសន៍យូដា រួចលោកចាត់គេទៅនាំប៉ុលមក ក៏ស្តាប់គាត់អធិប្បាយពីសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទ ២៥កំពុងដែលគាត់សំដែងពន្យល់ពីសេចក្តីសុចរិត សេចក្តីដឹងខ្នាតនឹងសេចក្តីជំនុំជំរះដែលត្រូវមក នោះលោកភេលីចកើតមានចិត្តភិតភ័យ ក៏ឆ្លើយថា ឥឡូវនេះ ឲ្យទៅសិនចុះកាលណាមានឱកាសស្រួល នោះអញនឹងហៅឯងមកទៀត ២៦លោកក៏សង្ឃឹមថា ប៉ុលនឹងយកប្រាក់មកសូកលោក ឲ្យលែងចេញដែរ ហេតុនោះបានជាលោកឲ្យគេនាំគាត់មកពិគ្រោះកាន់តែញឹកញយឡើង ២៧ប៉ុន្តែ លុះបានកន្លងមកបាន២ឆ្នាំហើយ នោះមានលោកព័រគាស-ភេស្ទុស មកឈរជំនួសលោកភេលីច ហើយដោយព្រោះលោកភេលីច ចង់បានបំណាច់ ចំពោះសាសន៍យូដាផងបានជាលោកទុកឲ្យប៉ុលជាប់គុកនៅ។



២៥ ១លុះកាលលោកភេស្ទុសបានចូលមកក្នុងខេត្តនោះ ក្រោយ៣ថ្ងៃ លោកក៏ឡើងពីសេសារា ទៅឯក្រុងយេរូសាឡិម ២ឯពួកសង្គ្រាជ នឹងពួកមេសាសន៍យូដា គេចូលទៅជំរាបលោកពីដំណើរប៉ុល ៣ហើយសូមអង្វរឲ្យលោកអនុញ្ញាតចាត់គេ ឲ្យទៅនាំគាត់មកក្រុងយេរូសាឡិមវិញ ពីព្រោះគេមត់គ្នានឹងសំឡាប់គាត់តាមផ្លូវ ៤តែលោកភេស្ទុសឆ្លើយថា ត្រូវតែឃុំប៉ុលទុកនៅក្រុងសេសារានោះ ចាំបន្តិចទៀត ខ្លួនខ្ញុំនឹងទៅឯណោះដែរ ៥ដូច្នេះ លោកប្រាប់ថា ចូរអស់អ្នកដែលមានអំណាចក្នុងពួកអ្នករាល់គ្នា ចុះទៅជាមួយគ្នា បើមនុស្សនោះមានទោសអ្វី នោះត្រូវឲ្យចោទប្រកាន់វាចុះ ៦កាលបានស្នាក់នៅក្នុងទីក្រុងគេជាង១០ថ្ងៃ នោះក៏ចុះទៅឯសេសារាវិញ ដល់ថ្ងៃស្អែកឡើងលោកអង្គុយនៅទីជំនុំជំរះក្តី ហើយបង្គាប់ឲ្យគេនាំប៉ុលមក ៧លុះគាត់ចូលមកដល់ នោះពួកសាសន៍យូដា ដែលចុះពីក្រុងយេរូសាឡិមមក គេឈរនៅជុំវិញ ក៏ចោទគាត់ពីរឿងធ្ងន់ៗជាច្រើន ដែលគេមិនអាចនឹងរកភស្តុតាងបាន ៨តែគាត់ដោះសាខ្លួនថា ខ្ញុំប្របាទមិនបានធ្វើបាបអ្វីសោះទោះនឹងក្រិត្យវិន័យរបស់សាសន៍យូដា ឬនឹងព្រះវិហារ ឬនឹងសេសារក្តី ៩តែលោកភេស្ទុសចង់បានបំណាច់ចំពោះពួកសាសន៍យូដា ក៏សួរទៅប៉ុលថា ឯងសុខចិត្តឡើងទៅឯក្រុងយេរូសាឡិម ឲ្យអញជំនុំជំរះឯងពីដំណើរនេះឬទេ ១០នោះប៉ុលឆ្លើយថា ខ្ញុំប្របាទឈរនៅមុខទីជំនុំជំរះក្តីនៃសេសារ ជាកន្លែងដែលគួរជំនុំជំរះខ្ញុំប្របាទ ខ្ញុំប្របាទគ្មានធ្វើខុសអ្វីនឹងពួកសាសន៍យូដាទេ ដូចជាព្រះតេជព្រះគុណក៏ជ្រាបច្បាស់ហើយ ១១បើសិនជាខ្ញុំប្របាទបានធ្វើអ្វីខុស ឬដែលគួរនឹងស្លាប់ នោះខ្ញុំប្របាទក៏យល់ព្រមនឹងស្លាប់ឥតប្រកែក តែបើរឿងដែលគេចោទខ្ញុំប្របាទមិនពិតវិញ នោះគ្មានអ្នកណាអាចនឹងបញ្ជូនទៅឲ្យគេបានឡើយ ខ្ញុំប្របាទសូមរើក្តីនេះដល់សេសារវិញ ១២ក្រោយដែលភេស្ទុសបានពិគ្រោះនឹងក្រុមជំនុំ នោះក៏ឆ្លើយថា ឯងបានសូមរើក្តីនេះដល់សេសារវិញ បើដូច្នេះ ឯងត្រូវទៅដល់សេសារចុះ។

១៣ក្រោយបួនដប់ថ្ងៃមកទៀត ព្រះរាជាអ័គ្រីប៉ា នឹងព្រះនាងបេរេនីស ស្តេចយាងចុះមកឯសេសារា ក៏ចូលទៅសួរលោកភេស្ទុស ១៤កាលទ្រង់គង់នៅទីនោះជាយូរថ្ងៃ នោះលោកភេស្ទុសក៏ទូលពីរឿងប៉ុល ថ្វាយស្តេចថា លោកភេលីចបានទុកអ្នកទោសម្នាក់ ឲ្យជាប់គុកនៅទីនេះ ១៥ហើយកាលដែលទូលបង្គំនៅក្រុងយេរូសាឡិម នោះពួកសង្គ្រាជ នឹងពួកចាស់ទុំនៃសាសន៍យូដា បានប្តឹងទូលបង្គំ ទាំងសូមឲ្យទូលបង្គំកាត់ទោសឲ្យ ១៦តែទូលបង្គំឆ្លើយប្រាប់គេថា សាសន៍រ៉ូមមិនដែលបញ្ជូនមនុស្សណាឲ្យត្រូវស្លាប់ មុនដែលចុងចំឡើយមានពួកដើមចោទនៅមុខខ្លួន ហើយមានឱកាសនឹងដោះសាពីរឿងគេចោទនោះឡើយ ១៧ដូច្នេះ កាលគេបានមកទីនេះ នោះដល់ថ្ងៃស្អែកឡើង ទូលបង្គំបានអង្គុយនៅទីជំនុំជំរះក្តីដោយឥតបង្អង់ ហើយក៏បង្គាប់ឲ្យនាំមនុស្សនោះមក ១៨តែកាលពួកដើមចោទបានឈរឡើង គេមិនបានចោទប្រកាន់វាអំពីរឿងអ្វី ឲ្យដូចដែលទូលបង្គំបានស្មាននោះទេ ១៩គេគ្រាន់តែប្រកាន់ពីរបៀបសាសនាគេ ហើយពីដំណើរម្នាក់ឈ្មោះយេស៊ូវ ដែលស្លាប់ទៅហើយ តែប៉ុលប្រកាន់ថា នៅរស់ទេប៉ុណ្ណោះ ២០ហើយដែលទូលបង្គំទ័លគំនិតនឹងពិចារណាពីសេចក្តីនោះ ក៏សួរវា បើវាសុខចិត្តនឹងទៅឯក្រុងយេរូសាឡិម ឲ្យបានជំនុំជំរះពីរឿងនោះឬទេ ២១តែវាបានសូមរើក្តីដល់មហារាជអូគូស្ទ ឲ្យបានជ្រាបវិញ បានជាទូលបង្គំបង្គាប់ឲ្យឃុំទុកសិន ទំរាំតែទូលបង្គំមានឱកាសនឹងបញ្ជូនទៅឯសេសារ ២២ព្រះរាជាអ័គ្រីប៉ាមានបន្ទូលទៅលោកភេស្ទុសថា ខ្ញុំក៏ចង់ស្តាប់អ្នកនោះដែរ លោកទូលឆ្លើយថា ស្អែកនេះទ្រង់នឹងបានស្តាប់វាហើយ។

២៣ដូច្នេះ លុះថ្ងៃស្អែកឡើង នោះព្រះរាជាអ័គ្រីប៉ា នឹងព្រះនាងបេរេនីស ក៏យាងមក ដោយដំណើរដ៏រុងរឿងចូលទៅក្នុងសាលាក្តី មានទាំងមេទ័ពធំ នឹងពួកអ្នកធំក្នុងទីក្រុងផង រួចកាលលោកភេស្ទុសបានបង្គាប់ហើយ នោះគេនាំប៉ុលចូលមក ២៤លោកភេស្ទុសក៏ទូលថា ឱព្រះករុណាអ័គ្រីប៉ា នឹងអស់លោកដែលនៅទីនេះ ជាមួយនឹងយើងខ្ញុំអើយ សូមទតមើលមនុស្សនេះ ដែលបណ្តាជនសាសន៍យូដាទាំងប៉ុន្មាន បានប្តឹងដល់ទូលបង្គំ កាលនៅឯក្រុងយេរូសាឡិម ហើយនឹងនៅទីនេះដែរ ដោយសំរែកថា មិនគួរឲ្យវានៅរស់ទៀតទេ ២៥តែទូលបង្គំមិនឃើញថា មានទោសអ្វីដែលគួរឲ្យស្លាប់សោះ ហើយដែលខ្លួនវាបានសូមរើក្តីដល់មហារាជអូគូស្ទវិញ នោះបានជាទូលបង្គំសំរេចថា នឹងបញ្ជូនវាឲ្យទៅចុះ ២៦តែទូលបង្គំគ្មានរឿងអ្វីជាប្រាកដ នឹងសរសេរថ្វាយដល់ព្រះអម្ចាស់នៃទូលបង្គំ ពីដំណើរវាទេ ហេតុនោះបានជាទូលបង្គំនាំវាមកនៅទីចំពោះមុខនៃអស់លោកទាំងឡាយ មានព្រះរាជាជាដើមឱព្រះរាជាអ័គ្រីប៉ាអើយ ដើម្បីកាលណាបានពិចារណាសួរវារួចហើយ នោះទូលបង្គំនឹងបានរឿងអ្វីខ្លះ ឲ្យដាក់ចុះក្នុងសំបុត្រ ២៧ដ្បិតបើតាមទូលបង្គំ មើលទៅដូចជាគ្មានទំនងនឹងបញ្ជូនអ្នកទោសទៅ ឥតមានបង្ហាញទោសទាំងប៉ុន្មាន ដែលគេចោទដល់វានោះទេ។



២៦ ១ព្រះរាជាអ័គ្រីប៉ាមានបន្ទូលទៅប៉ុលថា ឯងមានច្បាប់និយាយដោយខ្លួនឯងបាន រួចប៉ុលក៏លើកដៃទៅមុខដោះសាខ្លួនថា ២បពិត្រព្រះករុណាអ័គ្រីប៉ាអើយនៅថ្ងៃនេះ ទូលបង្គំមានចិត្តអំណរណាស់ ដោយមានច្បាប់នឹងដោះសាខ្លួននៅចំពោះទ្រង់ ពីអស់ទាំងសេចក្តីដែលសាសន៍យូដាចោទប្រកាន់ទូលបង្គំ ៣គឺពីព្រោះទ្រង់ជ្រាបគ្រប់ទាំងទំលាប់ នឹងសេចក្តីជជែករបស់ពួកសាសន៍យូដាជាដើម ដូច្នេះ ទូលបង្គំសូមអង្វរ ឲ្យព្រះករុណាទ្រង់ព្រះសណ្តាប់ទូលបង្គំ ដោយអំណត់សិន ៤ដ្បិតពួកសាសន៍យូដាទាំងអស់បានស្គាល់ចរិត ដែលទូលបង្គំប្រព្រឹត្តតាំងពីក្មេងមកហើយ ថាពីដើមទូលបង្គំនៅកណ្តាលសាសន៍នៃទូលបង្គំ នៅក្រុងយេរូសាឡិម ៥ហើយបើគេព្រមធ្វើបន្ទាល់ នោះមុខជាគេបានស្គាល់ទូលបង្គំពីដើមមកជាពិតថា ទូលបង្គំបានប្រព្រឹត្តតាមបក្សពួកតឹងរ៉ឹងជាងគេ ក្នុងសាសនានៃទូលបង្គំ គឺជាពួកផារិស៊ី ៦ហើយឥឡូវ ទូលបង្គំជាប់ជំនុំជំរះនេះ នោះគឺដោយព្រោះតែមានចិត្តសង្ឃឹមដល់សេចក្តីសន្យា ដែលព្រះទ្រង់បានតាំងនឹងពួកឰយុកោទូលបង្គំ ៧ដែលពូជអំបូរទាំង១២ខំប្រឹងប្រតិបត្តិតាមព្រះទាំងយប់ទាំងថ្ងៃ ដោយសង្ឃឹមនឹងបានសេចក្តីសន្យានោះដែរ បពិត្រព្រះរាជាអ័គ្រីប៉ាអើយ គឺដោយព្រោះសេចក្តីសង្ឃឹមនោះឯង បានជាពួកសាសន៍យូដា គេចោទប្រកាន់ដល់ទូលបង្គំ ៨ហេតុអ្វីបានជាអស់លោកទាំងឡាយរាប់សេចក្តី ដែលព្រះទ្រង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ថាជាសេចក្តីមិនគួរជឿ ៩សូម្បីទូលបង្គំក៏បានគិតស្មានថា គួរឲ្យទូលបង្គំធ្វើទាស់ទទឹងជាច្រើន ដល់ព្រះនាមព្រះយេស៊ូវ ពីស្រុកណាសារ៉ែតដែរ ១០គឺទូលបង្គំបានធ្វើការទាំងនោះនៅក្រុងយេរូសាឡិម បានទាំងចាប់ពួកអ្នកបរិសុទ្ធជាច្រើនយកទៅដាក់គុក ដោយទទួលអំណាចពីពួកសង្គ្រាជមក ហើយកាលគេសំឡាប់អ្នកទាំងនោះ ទូលបង្គំក៏យល់ព្រមដែរ ១១ទូលបង្គំបានធ្វើទោសគេជាញឹកញយ នៅគ្រប់ទាំងសាលាប្រជុំ ទាំងបង្ខំឲ្យគេពោលពាក្យព្រមាថដល់ព្រះផង ហើយដោយព្រោះទូលបង្គំមានចិត្តក្តៅក្រហាយជ្រុលពេក ទាស់នឹងគេដូច្នេះ បានជាទូលបង្គំធ្វើទុក្ខបៀតបៀនដល់គេ រហូតដល់ក្រុងនៃសាសន៍ដទៃផង ១២នៅគ្រានោះ ទូលបង្គំបានទទួលអំណាចនឹងសេចក្តីបង្គាប់មកពីពួកសង្គ្រាជ ហើយកំពុងតែដើរដំណើរទៅឯក្រុងដាម៉ាស ១៣នោះបពិត្រព្រះករុណាអើយ នៅពេលថ្ងៃត្រង់ហើយ ដែលទូលបង្គំកំពុងដើរ នោះស្រាប់តែមានពន្លឺពីលើមេឃ ភ្លឺមកជុំវិញទូលបង្គំ នឹងពួកអ្នកដើរជាមួយ ជាពន្លឺភ្លឺជាងថ្ងៃ ១៤ទូលបង្គំទាំងអស់គ្នាក៏ដួលដល់ដី រួចទូលបង្គំឮសំឡេងមានបន្ទូលមក ជាភាសាហេព្រើរថា សុល នែសុល ហេតុអ្វីបានជាធ្វើទុក្ខដល់ខ្ញុំដែលធាក់ជល់នឹងជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់ ១៥ទូលបង្គំក៏ឆ្លើយថា ឱព្រះអម្ចាស់អើយ តើព្រះអង្គណានុ៎ះ រួចទ្រង់មានបន្ទូលថា ខ្ញុំនេះជាព្រះយេស៊ូវ ដែលអ្នកធ្វើទុក្ខ ១៦ចូរក្រោកឈរឡើង ដ្បិតខ្ញុំបានលេចមកឲ្យអ្នកឃើញ ដើម្បីនឹងតាំងអ្នក ឲ្យធ្វើជាអ្នកបំរើ ហើយជាទីបន្ទាល់ ពីអស់ទាំងការដែលអ្នកបានឃើញហើយ ព្រមទាំងការ ដែលខ្ញុំនឹងលេចមក ឲ្យអ្នកឃើញទៅមុខទៀត ១៧ខ្ញុំបានញែកអ្នកចេញពីបណ្តាជន នឹងពីពួកសាសន៍ដទៃ ដើម្បីនឹងចាត់អ្នកឲ្យទៅឯគេវិញ ១៨ប្រយោជន៍នឹងបំភ្លឺភ្នែកគេ ឲ្យបានបែរចេញពីសេចក្តីងងឹត មកឯពន្លឺហើយពីអំណាចអារក្សសាតាំង មកឯព្រះវិញ ដើម្បីឲ្យគេបានរួចពីបាប ហើយបានទទួលមរដក ជាមួយនឹងពួកអ្នកដែលបានញែកជាបរិសុទ្ធ ដោយសារសេចក្តីជំនឿជឿដល់ខ្ញុំ ១៩ដូច្នេះ បពិត្រព្រះរាជាអ័គ្រីប៉ាអើយ ទូលបង្គំមិនបានចចេសនឹងការជាក់ស្តែងពីស្ថានសួគ៌នោះទេ ២០គឺទូលបង្គំបានប្រាប់ឲ្យមនុស្សទាំងអស់ប្រែចិត្ត ហើយងាកបែរមកឯព្រះវិញ ទាំងប្រព្រឹត្តបែបសំណំនឹងការប្រែចិត្តផង គឺប្រាប់ដល់ពួកអ្នកដែលនៅក្រុងដាម៉ាសជាមុនដំបូង រួចនៅក្រុងយេរូសាឡិម នឹងគ្រប់ក្នុងខេត្តយូដា ហើយដល់អស់ទាំងសាសន៍ដទៃផង ២១ដោយហេតុនោះបានជាពួកសាសន៍យូដា ចាប់ទូលបង្គំនៅក្នុងព្រះវិហារ ហើយព្យាយាមនឹងសំឡាប់ទូលបង្គំចោល ២២តែព្រះទ្រង់បានជួយទូលបង្គំ ដរាបមកដល់ថ្ងៃនេះ បានជាទូលបង្គំឈរធ្វើបន្ទាល់ដល់អ្នកតូចធំ ដោយគ្មាននិយាយអ្វី ឲ្យលើសពីសេចក្តីដែលពួកហោរា នឹងលោកម៉ូសេបានទាយថាត្រូវមកនោះឡើយ ២៣គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខ ហើយថាដោយសារទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញមុនគេទាំងអស់ នោះទ្រង់បា់នប្រកាសប្រាប់ពីពន្លឺ ដល់សាសន៍នេះ ហើយដល់សាសន៍ដទៃផង។

២៤កំពុងដែលគាត់និយាយសេចក្តីទាំងនោះ ដើម្បីដោះសាខ្លួន នោះលោកភេស្ទុសឡើងសំឡេងកាត់ថាប៉ុលអើយ ឯងឆ្កួតទេ ឯងរៀនសូត្រជាច្រើនដល់ម៉្លេះ បានជាឆ្កួតហើយ ២៥តែគាត់ប្រកែកថា ព្រះតេជព្រះគុណភេស្ទុសអើយ ខ្ញុំប្របាទមិនមែនឆ្កួតទេ ខ្ញុំប្របាទនិយាយចំពោះពាក្យពិត ហើយជានាទេតើ ២៦ដ្បិតព្រះករុណាទ្រង់បានជ្រាបការទាំងនេះហើយ ខ្ញុំប្របាទក៏ទូលដល់ទ្រង់ដោយក្លាហានដែរ ព្រោះខ្ញុំប្របាទជឿប្រាកដថា ក្នុងការទាំងនេះគ្មានអ្វីលាក់កំបាំងនឹងទ្រង់ទេ ដ្បិតមិនមែនធ្វើនៅទីកៀនកោះឯណាឡើយ ២៧បពិត្រព្រះរាជាអ័គ្រីប៉ាអើយ តើទ្រង់ជឿសេចក្តីទំនាយរបស់ពួកហោរាឬទេ ទូលបង្គំដឹងថាទ្រង់ជឿហើយ ២៨ស្តេចអ័គ្រីប៉ាក៏មានបន្ទូលទៅប៉ុលថាបន្តិចទៀត ឯងនឹងនាំឲ្យយើងត្រឡប់ទៅជាអ្នកគ្រីស្ទានដែរ ២៩រួចប៉ុលទូលថា ទូលបង្គំសូមដល់ព្រះ មិនមែនឲ្យត្រឹមតែព្រះករុណាប៉ុណ្ណោះ គឺឲ្យអស់អ្នកដែលស្តាប់ទូលបង្គំនៅថ្ងៃនេះថែមទៀតផង ទោះបើនៅបន្តិចទៀត ឬយូរទៅទៀតក្តី ឲ្យតែគ្រប់គ្នាបានដូចទូលបង្គំ លើកតែចំណងនេះចេញ។

៣០នោះស្តេច ព្រមទាំងចៅហ្វាយស្រុក នឹងព្រះនាងបេរេនីស ហើយនឹងអស់អ្នកដែលអង្គុយជាមួយ ក៏ក្រោកឡើង ៣១កាលបានថយចេញផុតហើយ នោះក៏ពិភាក្សាគ្នាថា មនុស្សនេះមិនបានធ្វើអ្វីគួរនឹងស្លាប់ ឬនឹងជាប់ចំណងសោះ ៣២ហើយស្តេចអ័គ្រីប៉ាមានបន្ទូលទៅលោកភេស្ទុសថា មនុស្សនេះ បើមិនបានសូមរើក្តីដល់សេសារទេ នោះនឹងលែងបាន។



២៧ ១កាលបានសំរេចឲ្យយើងខ្ញុំចុះសំពៅចេញទៅឯស្រុកអ៊ីតាលី នោះគេក៏ប្រគល់ប៉ុល នឹងអ្នកទោសខ្លះទៀត ដល់មេទ័ពរងម្នាក់ ឈ្មោះយូលាស ក្នុងកងទ័ពអូគូស្ទ ២យើងចុះសំពៅ១ពីស្រុកអាត្រាមីត ដែលរៀបនឹងបើកទៅតាមឆ្នេរសមុទ្រស្រុកអាស៊ី ហើយក៏បើកទៅមានទាំងអើរីស្តាក ជាសាសន៍ម៉ាសេដូន ដែលនៅក្រុងថែស្សាឡូនីច ទៅជាមួយផង ៣ដល់ថ្ងៃស្អែក យើងបានចូលទៅចតនៅក្រុងស៊ីដូន នោះយូលាសបានប្រព្រឹត្តនឹងប៉ុលដោយសប្បុរស បានបើកឲ្យគាត់ទៅសួរពួកសំឡាញ់ នឹងទទួលរបស់អ្វីដែលគេជូនដល់គាត់ដែរ ៤យើងបើកពីទីនោះ សសៀរតាមកោះគីប្រុសទៅ ដោយព្រោះច្រាសខ្យល់ ៥ក្រោយដែលបានឆ្លងកាត់សមុទ្រក្បែរស្រុកគីលីគា នឹងស្រុកប៉ាមភីលាផុតហើយ ក៏មកដល់មីរ៉ា នៅក្នុងស្រុកលូគា ៦នៅទីនោះមេទ័ពរកបានសំពៅ១ មកពីក្រុងអ័លេក្សានទ្រា ដែលទៅស្រុកអ៊ីតាលីក៏ឲ្យយើងជិះទៅ ៧កាលបើកបន្តិចៗទៅជាយូរថ្ងៃ ក៏មកទន្ទឹមនឹងគ្នីដុសដោយពិបាកណាស់ ពីព្រោះខ្យល់មិនស្រួលសោះ នោះយើងបើកសសៀរចូលទៅ តាមកោះក្រេត ទល់មុខនឹងជ្រោយសាលម៉ូន ៨បើកទៅតាមកោះនោះ ដោយពិបាកណាស់ ក៏ដល់កន្លែង១ហៅថា ទ្វារសមុទ្រលំអ ដែលនៅជិតក្រុងឡាសេ។

៩លុះបានកន្លងមកជាយូរថ្ងៃ កាលសំពៅណាបើកទៅនឹងមានអន្តរាយ ពីព្រោះបុណ្យតមបានកន្លងហើយ នោះប៉ុលទូន្មានគេថា ១០អ្នករាល់គ្នាអើយ បើបើកទៅឥឡូវ ខ្ញុំយល់ឃើញថា នឹងមានអន្តរាយ ហើយខូចខាតជាច្រើន មិនត្រឹមតែទំនិញ នឹងសំពៅប៉ុណ្ណោះទេ គឺដល់ទាំងជិវិតយើងរាល់គ្នាផង ១១ប៉ុន្តែ មេទ័ពបានទុកចិត្តនឹងអ្នកកាន់ចង្កូត ហើយនឹងម្ចាស់សំពៅ ជាជាងពាក្យដែលប៉ុលថានោះវិញ ១២ហើយដោយព្រោះទ្វារសមុទ្រនោះមិនស្រួល នឹងសំណាក់នៅក្នុងរដូវរងាផង បានជាច្រើនគ្នាគេទូន្មានឲ្យបើកចេញពីទីនោះទៅ ដើម្បីនឹងស្រូតទៅឯភេនីច ហើយឲ្យស្នាក់នៅក្នុងរដូវរងាវិញ បើសិនជាបាននោះជាទ្វារសមុទ្រនៅកោះក្រេត ដែលបែរទៅទិសនិរតីនឹងទិសពាយ័ព្យ ១៣ដូច្នេះ កាលមានខ្យល់បក់រំភើយៗមកពីទិសខាងត្បូង នោះគេស្មានថាបានដូចចិត្តហើយ ក៏ស្រាវយុថ្កាឡើង បើកទៅតាមក្បែរកោះក្រេត ១៤តែក្រោយមកបន្តិច នោះមានធ្លាក់ខ្យល់ព្យុះកំណាច ដែលហៅថា ខ្យល់អ៊ើរ៉ាគ្លីដូន មកប៉ះនឹងសំពៅ ១៥ហើយយើងបំបែរក្បាលសំពៅទៅចំខ្យល់ពុំបាន នោះក៏ទុកឲ្យបណ្តោយតាមខ្យល់ទៅ ១៦បានសសៀរទៅតាមកោះមួយតូច ឈ្មោះក្លូដេ ហើយលើកទូកចងដោយពិបាកណាស់ ១៧កាលលើកចងស្រេចហើយ គេក៏យកខ្សែពួរចងព័ទ្ធសំពៅ រួចទំលាក់ក្តោងឲ្យរសាត់ទៅតាមខ្យល់ ខ្លាចក្រែងកឿងនឹងផ្នូកខ្សាច់ ១៨ដល់ថ្ងៃស្អែកឡើងយើងទំលាក់ទំនិញចោលចេញ ព្រោះខ្យល់ព្យុះសង្ឃរាបោកប៉ះយើងជាខ្លាំង ១៩ហើយដល់ថ្ងៃទី៣ ក៏ចោលគ្រឿងប្រដាប់សំពៅដោយដៃខ្លួនយើងទៀត ២០រួចដោយព្រោះមិនឃើញថ្ងៃ ឬផ្កាយជាយូរថ្ងៃ ហើយព្យុះសង្ឃរាមិនចេះអន់ស្រាកសោះបានជាយើងលែងសង្ឃឹមនឹងរួចជីវិតបាន។

២១កាលគេបានតមអាហារជាយូរថ្ងៃ នោះប៉ុលឈរឡើងនៅកណ្តាលគេនិយាយថា អ្នករាល់គ្នាអើយ គួរតែបានស្តាប់តាមខ្ញុំ ហើយមិនចេញពីកោះក្រេតមក នោះយើងមិនត្រូវអន្តរាយ ហើយខូចខាតដូច្នេះទេ ២២តែឥឡូវនេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យសង្ឃឹមឡើង ដ្បិតគ្មានពួកអ្នករាល់គ្នាណាមួយនឹងបាត់ជីវិតទេ ខូចខាតតែសំពៅប៉ុណ្ណោះ ២៣ព្រោះយប់មិញ មានទេវតានៃព្រះ ដែលខ្ញុំជាអ្នកបំរើរបស់ទ្រង់ បានមកឈរជិតខ្ញុំប្រាប់ថា ២៤ប៉ុលអើយ កុំខ្លាចអ្វីឡើយ ត្រូវឲ្យអ្នកឈរនៅមុខសេសារ ហើយមើលព្រះទ្រង់បានអនុញ្ញាតឲ្យអស់អ្នក ដែលដើរដំណើរជាមួយនឹងអ្នកដែរ ២៥ដូច្នេះ អ្នករាល់គ្នាអើយ ចូរសង្ឃឹមឡើងព្រោះខ្ញុំជឿព្រះថា ការដែលទ្រង់មានបន្ទូលមកខ្ញុំ នឹងកើតមកដូច្នោះមែន ២៦ប៉ុន្តែ យើងត្រូវធ្លាក់ទៅលើកោះណាមួយ។

២៧ដល់គំរប់១៤យប់ កំពុងដែលយើងរសាត់ទៅមក ក្នុងសមុទ្រអាឌ្រា នោះប្រហែលជាកណ្តាលអធ្រាត្រពួកសំពៅស្មានថា យើងជិតដល់ទីគោកណាមួយហើយ ២៨លុះបានបោះសំណស្ទង់ទឹកចុះទៅ ក៏ឃើញមានជំរៅ២០ព្យាម រួចទៅបន្តិចទៀតក៏ស្ទង់មើល ឃើញមានតែ១៥ព្យាម ២៩នោះគេទំលាក់យុថ្កា៤ពីខាងកន្សៃ ក្រែងសំពៅទង្គិចប៉ះនឹងថ្ម រួចគេទន្ទឹងចាំភ្លឺឡើង ៣០ពួកសំពៅក៏សំរូតទូកទំលាក់ទឹក ធ្វើដូចជាចង់ទំលាក់យុថ្កាពីខាងក្បាលដែរ តែគេចង់រត់ចោលសំពៅទេ ៣១នោះប៉ុលនិយាយទៅមេទ័ព នឹងពួកទាហានថា បើពួកនោះមិននៅក្នុងសំពៅ នោះអ្នករាល់គ្នាមិនបានរួចទេ ៣២ពួកទាហានក៏កាត់ខ្សែឲ្យទូកធ្លាក់ទៅ ៣៣លុះដល់ថ្ងៃជិតរះ ប៉ុលក៏ទូន្មានឲ្យគេបរិភោគទាំងអស់គ្នា ដោយពាក្យថា នេះគំរប់១៤ថ្ងៃហើយ ដែលអ្នករាល់គ្នានៅចាំយាម ទាំងតមអាហារ ៣៤ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យពិសាទៅ ដ្បិតនេះមានប្រយោជន៍ឲ្យអ្នករាល់គ្នាបានរួចជីវិត ព្រោះសក់១សរសៃនៅក្បាលអ្នករាល់គ្នាក៏មិនត្រូវបាត់ផង ៣៥កាលនិយាយដូច្នេះហើយ គាត់យកនំប៉័ងមកអរព្រះគុណដល់ព្រះ នៅមុខគេទាំងអស់គ្នា រួចកាច់បរិភោគទៅ ៣៦គេមានសង្ឃឹមឡើង ហើយក៏បរិភោគទាំងអស់គ្នាដែរ ៣៧រីឯយើងទាំងអស់ដែលនៅក្នុងសំពៅ នោះមាន២៧៦នាក់ ៣៨កាលបរិភោគឆ្អែតហើយ ក៏សំរាលសំពៅចេញ ដោយទំលាក់ស្រូវចុះទៅក្នុងសមុទ្រ។

៣៩លុះភ្លឺច្បាស់ហើយ នោះគេមិនបានស្គាល់ស្រុកនោះទេ តែគេឃើញញោច១មានជំរាល រួចគេគិតដំរង់សំពៅឲ្យទៅកឿងនៅទីនោះ បើសិនជាបាន ៤០គេក៏កាត់ពួរយុថ្កាចោលនៅសមុទ្រ រួចស្រាយចង្កូត ហើយលើកក្តោងខាងមុខឲ្យត្រូវខ្យល់ ដំរង់សំពៅទៅឯទីជំរាលនោះ ៤១សំពៅក៏ចូលទៅកឿងនៅកន្លែងដែលទឹកហូរប្រសព្វគ្នា ហើយក្បាលជ្រមុជជាប់នៅនឹងថ្កល់ តែកន្សៃត្រូវបាក់បែកទៅដោយអំណាចរលក ៤២ឯពួកទាហាន គេចង់សំឡាប់អ្នកទោសទាំងប៉ុន្មានចោលចេញ ដោយខ្លាចក្រែងហែលរត់រួចខ្លះ ៤៣តែមេទ័ពចង់ជួយប៉ុលឲ្យរួច បានជាឃាត់គេ មិនឲ្យធ្វើតាមគំនិតនោះឡើយ ក៏បង្គាប់អ្នកណាដែលចេះហែល ឲ្យលោតហែលទៅដល់គោកជាមុន ៤៤ហើយឲ្យអ្នកដែលនៅសល់ទាំងប៉ុន្មាន តោងបន្ទះក្តារ ឬបំណែកសំពៅបណ្តែតទៅដូច្នេះ អ្នកទាំងអស់គ្នាក៏បានដល់គោកដោយសុខសាន្តត្រាណ។



២៨ ១កាលគេបានរួចជីវិតហើយ នោះទើបស្គាល់កោះនោះ ថាជាកោះមេលីត ២មនុស្សស្រុកនោះក៏ប្រព្រឹត្តនឹងយើង ដោយចិត្តសប្បុរសលើសជាងធម្មតា គេបង្កាត់ភ្លើងទទួលយើងទាំងអស់គ្នា ពីព្រោះធ្លាក់ភ្លៀង ហើយរងាផង ៣ឯប៉ុល ក៏ព្រមូលរំកាច់មែកឈើ១កង យកមកដាក់លើភ្លើង នោះមានពស់វែក១ត្រូវកំដៅភ្លើង បានចេញមកចឹកជាប់នៅដៃគាត់ ៤លុះពួកអ្នកស្រុកនោះឃើញពស់សំយុងចុះពីដៃគាត់មកដូច្នោះ នោះក៏និយាយគ្នាថា ប្រាកដជាមនុស្សនេះបានសំឡាប់គេហើយ បានជាទោះបើរួចពីសមុទ្រក៏ដោយ គង់តែសេចក្តីយុត្តិធម៌មិនព្រមឲ្យនៅរស់ដែរ ៥តែគាត់រលាស់ពស់នោះទៅក្នុងភ្លើងវិញ ឥតមានឈឺចាប់អ្វីឡើយ ៦គេរង់ចាំមើលគាត់ជាហើម ឬដួលស្លាប់ភ្លាមទៅ តែកាលគេបានចាំជាយូរ ហើយឥតឃើញមានឈឺអ្វីសោះ នោះគេប្រែគំនិតទៅជាថា គាត់ជាព្រះវិញ។ ៧នៅព័ទ្ធជុំវិញទីនោះ មានដីរបស់អ្នកមេកោះឈ្មោះពូព្លាស ដែលទទួលយើងឲ្យស្នាក់នៅផ្ទះគាត់៣ថ្ងៃដោយសប្បុរស ៨គាប់ចួនជាឪពុកពូព្លាសដេកគ្រុន ហើយមួលផង ប៉ុលក៏ចូលទៅអធិស្ឋាន ដាក់ដៃលើគាត់ ឲ្យបានជា ៩ដូច្នេះ អស់អ្នកឯទៀត ដែលឈឺនៅកោះនោះ ក៏មកហើយបានជាដែរ ១០គេក៏រាប់អានយើងជាខ្លាំង ហើយដល់វេលាដែលយើងចេញទៅ នោះគេបានឲ្យគ្រប់ទាំងរបស់ដែលយើងត្រូវការដែរ។

១១លុះ៣ខែក្រោយមក យើងចុះសំពៅ១ទៅ ជាសំពៅដែលមកពីក្រុងអ័លេក្សានទ្រា ឈ្មោះឌីអូស្គួរ ដែលនៅនឹងកោះនោះក្នុងរដូវរងា ១២កាលបានចូលចតនៅស៊ីរ៉ាគូស ក៏នៅក្រុងនោះ៣ថ្ងៃ ១៣ពីទីនោះយើងបើកវាងទៅដល់រេគាម ហើយ១ថ្ងៃក្រោយមក កើតមានខ្យល់ពីខាងត្បូង ដល់ថ្ងៃទី២យើងទៅដល់ពូទីយ៉ូលី ១៤នៅទីនោះ យើងរកឃើញពួកជំនុំខ្លះ គេក៏សូមឲ្យយើងនៅជាមួយអស់៧ថ្ងៃ គឺដូច្នោះឯង ដែលយើងបានទៅឯក្រុងរ៉ូម ១៥រីឯពួកជំនុំនៅក្រុងរ៉ូម កាលបានឮនិយាយពីយើងនោះគេក៏ចេញមកជួបនឹងយើងត្រឹមផ្សារអាប់ភាស នឹងផ្ទះសំណាក់បី លុះប៉ុលឃើញគេ នោះក៏អរព្រះគុណដល់ព្រះ ហើយមានចិត្តសង្ឃឹមឡើង។

១៦គ្រាដល់ក្រុងរ៉ូមហើយ នោះមេទ័ពក៏ប្រគល់ពួកអ្នកទោសទៅលោកមេបន្ទាយ ប៉ុន្តែគេបើកឲ្យប៉ុលនៅដោយខ្លួន មានតែទាហាន១ដែលរក្សាប៉ុណ្ណោះ ១៧ក្រោយ៣ថ្ងៃមក ប៉ុលអញ្ជើញពួកមេសាសន៍យូដា ឲ្យមកប្រជុំគ្នា កាលគេមូលគ្នាហើយ នោះគាត់ពោលពាក្យទៅគេថា ឱអ្នករាល់គ្នា ជាបងប្អូនខ្ញុំអើយ ខ្ញុំគ្មានធ្វើខុសអ្វីនឹងសាសន៍យើង ឬនឹងទំលាប់ពួកឰយុកោទេ តែគេចាប់ខ្ញុំនៅក្រុងយេរូសាឡិម បញ្ជូនមកក្នុងកណ្តាប់ដៃនៃសាសន៍រ៉ូម ១៨ដែលពិចារណាសួរខ្ញុំ រួចចង់លែងខ្ញុំ ពីព្រោះខ្ញុំគ្មានទោសអ្វីគួរនឹងស្លាប់ទេ ១៩ប៉ុន្តែ ពួកសាសន៍យូដាប្រកែកមិនព្រម បានជាបង្ខំឲ្យខ្ញុំសូមរើក្តីដល់សេសារវិញ មិនមែនជាខ្ញុំមានការណ៍អ្វី នឹងចោទប្រកាន់ពីសាសន៍ខ្ញុំទេ ២០ហេតុនោះបានជាខ្ញុំអញ្ជើញអ្នករាល់គ្នាមក ដើម្បីឲ្យបានឃើញមុខ ហើយនឹងពិគ្រោះគ្នា ដ្បិតគឺដោយព្រោះសេចក្តីសង្ឃឹមរបស់សាសន៍អ៊ីស្រាអែលហើយ បានជាខ្ញុំជាប់ច្រវាក់ដូច្នេះ ២១គេឆ្លើយឡើងថា យើងមិនបានទទួលសំបុត្រណាពីស្រុកយូដា ពីរឿងអ្នកសោះ ក៏គ្មានបងប្អូនណាមកប្រាប់យើង ឬនិយាយសេចក្តីអ្វីអាក្រក់ពីអ្នកដែរ ២២តែយើងចូលចិត្តចង់ដឹងគំនិតរបស់អ្នក ដែលអ្នកគិតដូចម្តេច ព្រោះយើងដឹងថា នៅគ្រប់ទីកន្លែង គេតែងតែនិយាយអាក្រក់ពីពួកអ្នកកាន់សាសនានេះណាស់។

២៣គេក៏ណាត់ថ្ងៃកំណត់ រួចមានគ្នាជាច្រើនមកឯគាត់ ក្នុងទីលំនៅរបស់គាត់ ហើយគាត់អធិប្បាយ ទាំងធ្វើបន្ទាល់សព្វគ្រប់ តាំងពីព្រឹកដល់ល្ងាច ពីនគរព្រះឲ្យគេស្គាប់ ក៏បញ្ចុះបញ្ជូលឲ្យគេជឿអស់ទាំងសេចក្តី ដែលតំរូវពីព្រះយេស៊ូវ ក្នុងក្រិត្យវិន័យលោកម៉ូសេ ហើយក្នុងគម្ពីរពួកហោរា ២៤អ្នកខ្លះក៏ទទួលជឿសេចក្តីដែលគាត់អធិប្បាយ តែអ្នកខ្លះមិនព្រមជឿទេ ២៥នោះគេចេញទៅទាំងទាស់ទែងគ្នា ក្រោយដែលប៉ុលបាននិយាយ១ម៉ាត់នេះទៅគេថា ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលនឹងពួកឰយុកោយើង ដោយសារហោរាអេសាយត្រូវណាស់ថា ២៦«ចូរទៅឯសាសន៍នេះប្រាប់គេថា ដែលឯងរាល់គ្នាឮ នោះនឹងឮមែន តែស្តាប់មិនបាន ហើយដែលឯងរាល់គ្នាឃើញ នោះនឹងឃើញមែន តែមិនយល់សោះ ២៧ព្រោះចិត្តសាសន៍នេះបានត្រឡប់ជាស្ពឹក គេបានឮដោយត្រចៀកធ្ងន់ ហើយបានធ្មេចភ្នែក ក្រែងមើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក ហើយចិត្តបានយល់ រួចគេវិលមក ដើម្បីឲ្យអញ បានប្រោសឲ្យគេជា» ២៨ដូច្នេះ ចូរអ្នករាល់គ្នាដឹងថា ព្រះទ្រង់ផ្សាយសេចក្តីសង្គ្រោះនេះ ទៅដល់សាសន៍ដទៃវិញហើយគេនឹងស្តាប់ជាពិត ២៩លុះកាលគាត់បាននិយាយសេចក្តីទាំងនេះរួចហើយ នោះពួកសាសន៍យូដាក៏ចេញទៅទាំងជជែកគ្នាជាខ្លាំង។

៣០រីឯប៉ុល គាត់នៅក្នុងផ្ទះដែលគាត់ជួល ពេញ២ឆ្នាំគាត់បានទទួលអស់អ្នកណាដែលមកឯគាត់ ទាំងប្រកាសប្រាប់ពីនគរព្រះ ហើយបង្រៀនគ្រប់ទាំងសេចក្តី ពីព្រះអម្ចាស់យេស៊ូវគ្រីស្ទតាមចិត្ត ឥតមានអ្នកណាឃាត់ឃាំងឡើយ៕៚



AMAZING GRACE BIBLE INSITIUTE