Get the DaunPhen font >> HERE <<.


សំបុត្រទី២របស់

ពេត្រុស


១ ១សំបុត្រស៊ីម៉ូន-ពេត្រុស ជាបាវបំរើ ហើយជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំផ្ញើមកពួកអ្នក ដែលបានទទួលសេចក្តីជំនឿដ៏វិសេស ត្រូវគ្នានឹងយើងខ្ញុំដែរ ដោយសេចក្តីសុចរិតរបស់ព្រះយេស៊ូវគ្រីស្ទ ដ៏ជាព្រះ ហើយជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា ២សូមឲ្យព្រះគុណ នឹងសេចក្តីសុខសាន្ត បានចំរើនដល់អ្នករាល់គ្នាឲ្យបានស្គាល់ព្រះ នឹងព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង ៣ដ្បិតព្រះចេស្តានៃព្រះបានផ្តល់ឲ្យយើងរាល់គ្នាមានគ្រប់ទាំងអស់ ខាងឯជីវិត នឹងសេចក្តីគោរពប្រតិបត្តិដល់ព្រះ ដោយយើងបានស្គាល់ព្រះអង្គ ដែលទ្រង់ហៅយើងរាល់គ្នាមក ដោយសារសិរីល្អ នឹងសគុណរបស់ទ្រង់ ៤ដែលដោយសារសេចក្តីទាំងនោះ ទ្រង់បានប្រទានសេចក្តីសន្យាដ៏ធំបំផុត ហើយវិសេសផង មកយើងរាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ ដោយសារសេចក្តីសន្យានោះឯង ដោយបានរួចពីសេចក្តីពុករលួយនៅក្នុងលោកីយនេះ ដែលកើតអំពីសេចក្តីប៉ងប្រាថ្នា ៥ហើយដោយសារហេតុនោះបានជាត្រូវឲ្យអ្នករាល់គ្នា បន្ថែមឲ្យមានសេចក្តីឧស្សាហ៍ដែរ ដើម្បីឲ្យសេចក្តីជំនឿបានទៀតត្រង់ ឲ្យសេចក្តីទៀងត្រង់បានដំរិះ ៦ឲ្យដំរិះបានចេះអត់សង្កត់ ឲ្យសេចក្តីអត់សង្កត់បានខ្ជាប់ខ្ជួន ឲ្យសេចក្តីខ្ជាប់ខ្ជួនបានចេះគោរពប្រតិបត្តិដល់ព្រះ ៧ឲ្យសេចក្តីគោរពប្រតិបត្តិ បានចេះរាប់អានគ្នាជាបងប្អូន ហើយឲ្យសេចក្តីរាប់អានគ្នា បានសេចក្តីស្រឡាញ់ថែមទៀត ៨ដ្បិតបើមានសេចក្តីទាំងនោះចំរើនឡើង ក្នុងចិត្តអ្នករាល់គ្នាហើយ នោះអ្នករាល់គ្នាមិននៅទំនេរ ឬឥតផលខាងឯដំណើរស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាឡើយ ៩ពីព្រោះអ្នកណាដែលគ្មានសេចក្តីទាំងនោះ គឺឈ្មោះថាជាអ្នកខ្វាក់ មើលទៅឆ្ងាយមិនឃើញ ព្រមទាំងភ្លេចថា ព្រះបានសំអាតបាបដែលខ្លួនធ្វើពីដើមផង ១០ដូច្នេះ បងប្អូនអើយ គួរឲ្យអ្នករាល់គ្នាមានចិត្តឧស្សាហ៍វិញ ដើម្បីនឹងធ្វើឲ្យដំណើរដែលទ្រង់ហៅ ហើយរើសតាំងអ្នករាល់គ្នា បានប្រាកដឡើង បើប្រព្រឹត្តដូច្នោះ នោះអ្នករាល់គ្នាមិនដែលជំពប់ឡើយ ១១ដ្បិតយ៉ាងនោះនឹងមានផ្លូវបើកចំហ ឲ្យអ្នករាល់គ្នាចូលទៅក្នុងនគរដ៏នៅអស់កល្បជានិច្ច របស់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ហើយជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា។

១២ដូច្នេះ ខ្ញុំប្រុងប្រៀបនឹងរំឭក ដល់អ្នករាល់គ្នា អំពីសេចក្តីទាំងនេះជានិច្ច ទោះបើអ្នករាល់គ្នាស្គាល់ ហើយបានតាំងខ្ជាប់ខ្ជួន ក្នុងសេចក្តីពិត ដែលមានហើយក៏ដោយ ១៣ហើយកាលខ្ញុំនៅក្នុងត្រសាលនេះនៅឡើយ នោះខ្ញុំគិតថា ត្រូវឲ្យខ្ញុំដាស់តឿនរំឭកដល់អ្នករាល់គ្នាជាដរាប ១៤ដោយដឹងថា វេលាដែលខ្ញុំត្រូវដោះត្រសាលនេះចេញនោះឆាប់ហើយ ដូចជាព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់បានបង្ហាញខ្ញុំ ១៥មួយទៀតខ្ញុំនឹងខំប្រឹងរំឭករាល់ពេលវេលា ឲ្យអ្នករាល់គ្នាបាននឹកចាំពីសេចក្តីទាំងនេះក្រោយដែលខ្ញុំទៅបាត់ដែរ ១៦ដ្បិតដែលយើងខ្ញុំបានឲ្យអ្នករាល់គ្នាស្គាល់ដល់ព្រះចេស្តានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នឹងដំណើរដែលទ្រង់យាងមក នោះមិនមែនតាមរឿងព្រេងប្រឌិតដោយដំរិះនោះទេ គឺយើងខ្ញុំជាស្មរបន្ទាល់ ដែលបានឃើញឫទ្ធានុភាពរបស់ទ្រង់ជាក់នឹងភ្នែកវិញ ១៧ដ្បិតទ្រង់បានល្បីព្រះនាម នឹងសិរីល្អពីព្រះដ៏ជាព្រះវរបិតា ក្នុងកាលដែលមានឮសំឡេងពីសិរីល្អដ៏ប្រសើរឧត្តម មានបន្ទូលមកទ្រង់ថា «នេះជាកូនស្ងួនភ្ងាអញ ជាទីគាប់ចិត្តអញណាស់» ១៨យើងខ្ញុំបានឮសំឡេងនោះមកពីលើមេឃ ក្នុងកាលដែលនៅលើភ្នំបរិសុទ្ធជាមួយនឹងទ្រង់ ១៩ហើយយើងខ្ញុំមានពាក្យទំនាយដ៏ពិតជាង ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់តាម ដូចជាតាមចង្កៀងដែលភ្លឺក្នុងទីងងឹត ទាល់តែថ្ងៃភ្លឺឡើង ហើយផ្កាយព្រឹករះឡើងក្នុងចិត្តអ្នករាល់គ្នា ២០ដោយដឹងសេចក្តីនេះជាមុនដំបូងថា គ្មានពាក្យទំនាយណាក្នុងគម្ពីរ ដែលស្រាយបានតាមតែចិត្តនោះឡើយ ២១ដ្បិតសេចក្តីទំនាយមិនដែលមក ដោយបំណងចិត្តមនុស្សទេ គឺជាមនុស្សបរិសុទ្ធរបស់ព្រះ ដែលបានទាយ ដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្តាលវិញ។



២ ១តែកាលពីដើម មានហោរាក្លែងក្លាយ នៅក្នុងពួកជន ដូចជានឹងមានគ្រូក្លែងក្លាយក្នុងពួកអ្នករាល់គ្នាដែរ គេនឹងលួចនាំបញ្ចូលបក្សពួកដែលបង្ខូចបំផ្លាញ គេមិនព្រមស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេនោះឡើយ ក៏នាំសេចក្តីវិនាសដ៏ឆាប់រហ័សឲ្យមកលើខ្លួនផង ២នឹងមានមនុស្សជាច្រើនទៅតាមផ្លូវវិនាសរបស់គេ នោះផ្លូវពិតនឹងត្រូវសេចក្តីប្រមាថមើលងាយ ដោយព្រោះគេដែរ ៣ហើយដោយគេមានចិត្តលោភ នោះគេនឹងប្រើអ្នករាល់គ្នាឲ្យបានចំណេញ ដោយពោលពាក្យបញ្ឆោតបំពោត តែតាំងពីយូរមកហើយ សេចក្តីជំនុំជំរះគេមិននៅស្ងៀមស្ងាត់ទេ ហើយសេចក្តហ្តីនិវិនាសរបស់គេក៏មិនងុយងោកដែរ ។

៤ដ្បិតបើសិនជាព្រះមិនបានប្រណី ដល់ពួកទេវតាដែលបានធ្វើអំពើបាប គឺទ្រង់បោះទំលាក់ទៅក្នុងជង្ហុកជ្រៅបំផុត ឲ្យជាប់ច្រវាក់នៃសេចក្តីងងឹត ទាំងឃុំទុកសំរាប់នឹងជំនុំជំរះវិញ ៥ហើយបើទ្រង់មិនបានប្រណីដល់លោកីយពីចាស់បុរាណ ក្នុងកាលដែលទ្រង់បានធ្វើឲ្យទឹកជន់លិចពួកមនុស្សទមិលល្មើស តែបានជួយសង្គ្រោះលោកណូអេទាំងអស់គ្នាមាន៨នាក់ ដែលលោកជាអ្នកប្រកាសប្រាប់ពីសេចក្តីសុចរិត ៦ហើយបើទ្រង់បានបញ្ឆោះក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ាឲ្យទៅជាផែះ ទាំងកាត់ទោស ឲ្យត្រូវហិនវិនាសសាបសូន្យទៅ ទុកជាគំរូដល់ពួកមនុស្សតទៅមុខ ដែលគិតរស់នៅដោយសេចក្តីទមិលល្មើស ៧តែបានប្រោសលោកឡុត ជាអ្នកសុចរិតឲ្យរួចវិញ ដែលលោកមានចិត្តព្រួយលំបាក ដោយព្រោះកិរិយាខូចអាក្រក់របស់មនុស្សទទឹងច្បាប់ទាំងនោះ ៨ដ្បិតអ្នកសុចរិតនោះ ដែលនៅជាមួយនឹងគេ ក៏កើតទុក្ខក្នុងចិត្តសុចរិតរបស់លោករាល់តែថ្ងៃ ដោយបានឮ ហើយឃើញការទទឹងច្បាប់ ដែលគេប្រព្រឹត្តធ្វើ ៩បើដូច្នេះឃើញថា ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ទ្រង់ ឲ្យរួចពីសេចក្តីល្បួង ហើយនឹងឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ ១០គឺពួកអស់អ្នកដែលដើរតាមសាច់ឈាមជាដើម ដែលគេមានសេចក្តីប៉ងប្រាថ្នាខាងឯការស្មោកគ្រោក ហើយក៏មើលងាយដល់អស់ទាំងអំណាចត្រួតត្រាដែរ គេជាពួកព្រហើន មានក្បាលរឹង ដែលមិនខ្លាចនឹងជេរប្រមាថដល់ទាំងពួកប្រសើរឧត្តមផង ១១ដែលពួកទេវតាដ៏មានកំឡាំង មានឫទ្ធិលើសជាងគេទៅទៀត ក៏មិនហ៊ានប្រមាថដល់ពួកនោះ នៅចំពោះព្រះអម្ចាស់ឡើយ ១២តែដោយព្រោះគេជេរប្រមាថដល់ការដែលគេមិនស្គាល់ នោះគេនឹងត្រូវវិនាសបាត់ក្នុងការខូចអាក្រក់របស់គេអស់រលីង ដូចជាសត្វតិរច្ឆាន ដែលកើតមកសំរាប់តែឲ្យគេចាប់ ហើយកាប់សំឡាប់ប៉ុណ្ណោះដែរ ១៣គេហៀបនឹងទទួលរង្វាន់នៃការទុច្ចរិត គេជាពួកអ្នកដែលរាប់ការស្រើបស្រាលនៅពេលថ្ងៃ ទុកជាការត្រេកអរសប្បាយ គេជាស្នាមប្រឡាក់ ហើយជាសេចក្តីស្មោកគ្រោក គេត្រេកអរដោយសេចក្តីបញ្ឆោតរបស់ខ្លួន ក្នុងពេលកំពុងដែលគេស៊ីលៀងជាមួយនឹងអ្នករាល់គ្នា ១៤គេមានចិត្តនឹកឃើញតែស្រីសំផឹង គេមិនចេះលែងធ្វើបាបឡើយ ក៏បិទនុយចាប់ព្រលឹងមនុស្សដែលមិនខ្ជាប់ខ្ជួន ហើយមានចិត្តធ្លាប់ខាងឯសេចក្តីលោភ គឺជាមនុស្សដែលត្រូវបណ្តាសា ១៥គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាមជាកូនបេអ៊រ ដែលស្រឡាញ់កំរៃនៃការទុច្ចរិត ១៦តែគាត់ត្រូវបន្ទោស ដោយព្រោះការរំលងរបស់គាត់ ដោយសត្វព្រនាក់គ បាននិយាយជាសំឡេងមនុស្ស ទាំងឃាត់ឃាំងសេចក្តីចំកួតរបស់គាត់ ១៧ពួកអ្នកទាំងនោះសុទ្ធតែជារន្ធទឹកខ្សោះ ជាពពកដែលខ្យល់ព្យុះបក់ផាត់ ដែលសេចក្តីងងឹតសូន្យឈឹង បានបំរុងទុកឲ្យគេនៅអស់កល្បជានិច្ច ១៨ដ្បិតគេនិយាយសេចក្តីអំនួតអួតយ៉ាងសំបើម ទាំងបិទនុយដែលប្រកបដោយសេចក្តីសំរើបខាងសាច់ឈាម នឹងសេចក្តីខូចអាក្រក់ទាំងប៉ុន្មាន ដើម្បីចាប់ពួកអស់អ្នក ដែលទើបតែនឹងរួចចេញពីពួកវង្វេង ១៩ទាំងសន្យាឲ្យអ្នកទាំងនោះបានសេរីភាពផង តែខ្លួនគេក៏នៅជាប់ជាបាវបំរើរបស់សេចក្តីពុករលួយវិញ ដ្បិតបើអ្នកណាត្រូវគេបង្ក្រាបខ្លួននោះត្រូវនៅជាប់ជាបាវរបស់អ្នកនោះហើយ ២០ពីព្រោះក្រោយដែលបានរួចពីសេចក្តីស្មោកគ្រោក របស់លោកីយនេះ ដោយបានស្គាល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះហើយ បើអ្នកណាត្រឡប់ទៅជាជាប់ទាក់ទិន ឲ្យសេចក្តីទាំងនោះបានបង្ក្រាបខ្លួនវិញ នោះសណ្ឋានក្រោយរបស់អ្នកនោះ បានអាក្រក់ជាងមុនទៅទៀត ២១ដ្បិតបើមិនបានស្គាល់ផ្លូវសុចរិតសោះ នោះជាជាងឲ្យបានស្គាល់ រួចបែរចេញពីសេចក្តីបញ្ញត្តបរិសុទ្ធ ដែលបានប្រគល់មកហើយនោះវិញ ២២តែមានការកើតមកដល់គេ ដូចជាពាក្យទំនៀមពិតដែលថា «ឆ្កែបានត្រឡប់ទៅស៊ីកំអួតវា ឯជ្រូកញីដែលគេលាងស្អាតហើយ បានទៅននៀលនៅក្នុងខ្នាចវិញ»។



៣ ១ឥឡូវនេះ ពួកស្ងួនភ្ងាអើយ ខ្ញុំធ្វើសំបុត្រទី២នេះផ្ញើមកអ្នករាល់គ្នា ដែលក្នុងសំបុត្រទាំង២ច្បាប់ ខ្ញុំបានរំឭកដាស់តឿនសតិស្មារតីដ៏ស្អាតរបស់អ្នករាល់គ្នាហើយ ២ដើម្បីឲ្យបាននឹកចាំ ពីអស់ទាំងសេចក្តី ដែលពួកហោរាបរិសុទ្ធបានទាយកាលពីដើម នឹងពីសេចក្តីបញ្ញត្តរបស់ព្រះអម្ចាស់ដ៏ជាព្រះអង្គសង្គ្រោះ ដែលបងប្អូនបានឮដោយសារយើងខ្ញុំ ជាពួកសាវក ៣ដោយដឹងសេចក្តីនេះជាមុនថា នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្តីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយថា ៤តើសេចក្តីសន្យាពីព្រះអង្គយាងមកនៅឯណា ដ្បិតតាំងពីពួកឰយុកោដេកលក់ទៅ នោះគ្រប់ទាំងអស់នៅតែដដែល ដូចជាពីកំណើតលោកីយរៀងមកដែរ ៥ពីព្រោះគេចង់បំភ្លេចថា ពីចាស់បុរាណមានផ្ទៃមេឃ ក៏មានដីដុះចេញពីទឹក ហើយនៅក្នុងទឹកផង ដោយសារព្រះបន្ទូលនៃព្រះ ៦រួចមកលោកីយត្រូវទឹកនោះជន់លិចបំផ្លាញទៅ ៧តែផ្ទៃមេឃ នឹងផែនដីនៅជាន់នេះ បានបំរុងទុកដល់ថ្ងៃជំនុំជំរះ ដោយសារព្រះបន្ទូលនៃទ្រង់ សំរាប់ឲ្យភ្លើងឆេះវិញ ហើយបំផ្លាញមនុស្សទមិលល្មើសចេញ ៨តែពួកស្ងួនភ្ងាអើយ កុំឲ្យភ្លេចសេចក្តី១នេះឡើយ គឺថា នៅចំពោះព្រះអម្ចាស់១ថ្ងៃទុកដូចជា១ពាន់ឆ្នាំ ហើយ១ពាន់ឆ្នាំក៏ទុកដូចជា១ថ្ងៃដែរ ៩ព្រះអម្ចាស់មិនផ្អាកសេចក្តីសន្យារបស់ទ្រង់ ដូចជាមានអ្នកខ្លះគិតស្មាននោះទេ គឺទ្រង់មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ ១០រីឯថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់ នៅថ្ងៃនោះផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែង ហើយផែនដីនឹងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ។

១១ចុះដែលរបស់ទាំងនោះនឹងត្រូវរលាយទៅ នោះតើគួរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបយ៉ាងណាវិញ ក្នុងកិរិយាបរិសុទ្ធ នឹងសេចក្តីគោរពប្រតិបត្តិ ១២ទាំងទន្ទឹងចាំ ហើយខំជួយឲ្យថ្ងៃនៃព្រះបានឆាប់មកដល់ផង ដែលនៅថ្ងៃនោះផ្ទៃមេឃនឹងឆេះរលាយអស់ ហើយធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែងដូច្នេះ ១៣តែតាមសេចក្តីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មី នឹងផែនដីថ្មី ដែលមានសុទ្ធតែសេចក្តីសុចរិតវិញ ១៤ដូច្នេះ ឱពួកស្ងួនភ្ងាអើយ ដែលទន្ទឹងចាំសេចក្តីទាំងនោះ ចូរមានចិត្តឧស្សាហ៍ ឲ្យទ្រង់បានឃើញអ្នករាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងមានសេចក្តីមេត្រីផង ១៥ហើយត្រូវរាប់សេចក្តីអត់ធ្មត់របស់ព្រះអម្ចាស់នៃយើង ទុកជាសេចក្តីសង្គ្រោះ ដូចជាប៉ុល ជាបងប្អូនស្ងួនភ្ងារបស់យើងខ្ញុំ បានសរសេរមកអ្នករាល់គ្នា តាមប្រាជ្ញាដែលព្រះបានប្រទានមកលោកដែរ ១៦ដូចជាក្នុងគ្រប់ទាំងសំបុត្ររបស់លោក ដែលសុទ្ទតែសំដែងពីសេចក្តីទាំងនេះ នោះមានសេចក្តីខ្លះដែលពិបាកយល់ ហើយពួកអ្នកខ្លៅល្ងង់ និងពួកមិនខ្ជាប់ខ្ជួន គេបង្វែរន័យសេចក្តីទាំងនោះ ដូចជាគេបង្វែរបទគម្ពីរឯទៀតដែរ ឲ្យខ្លួនគេត្រូវវិនាស។

១៧ដូច្នេះ ពួកស្ងួនភ្ងាអើយ ចូរប្រយ័ត ដោយព្រោះអ្នករាល់គ្នាដឹងសេចក្តីនោះជាមុនហើយ ក្រែងលោធ្លាក់ពីសេចក្តីខ្ជាប់ខ្ជួនរបស់អ្នករាល់គ្នាចេញ ដោយបណ្តោយតាមសេចក្តីវង្វេងរបស់ពួកទទឹងច្បាប់នោះ ១៨ចូរឲ្យអ្នករាល់គ្នាចំរើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា សូមឲ្យទ្រង់បានសិរីល្អនៅជាន់ឥឡូវនេះ ដរាបដល់អស់កល្បជានិច្ច។ អាម៉ែន។៚



AMAZING GRACE BIBLE INSITIUTE