Get the DaunPhen font >> HERE <<.


សំបុត្រទី២របស់ប៉ុល

ដល់ពួក

កូរិនថូស


១ ១សំបុត្រប៉ុលខ្ញុំ ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យព្រះ នឹងធីម៉ូថេ ជាពួកបងប្អូន ផ្ញើមកពួកជំនុំនៃព្រះ ដែលនៅក្រុងកូរិនថូស ព្រមទាំងពួកបរិសុទ្ធទាំងអស់គ្នា ដែលនៅគ្រប់ក្នុងស្រុកអាខៃ ២សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្តីសុខសាន្តមកអំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។

៣សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក ៤ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនាប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្តីវេទនារបស់គេបានដែរ គឺដោយសារសេចក្តីក្សាន្តនោះឯង ដែលព្រះបានកំសាន្តចិត្តយើងស្រេចហើយ ៥ដ្បិតដូចជាសេចក្តីទុក្ខលំបាករបស់ព្រះគ្រីស្ទ បានចំរើនឡើងដល់យើងរាល់គ្នាយ៉ាងណា នោះសេចក្តីក្សាន្តចិត្តនៃយើងរាល់គ្នា ក៏ចំរើនដោយសារព្រះគ្រីស្ទបែបដូច្នោះដែរ ៦ដូច្នេះ បើសិនជាយើងខ្ញុំកើតមានសេចក្តីវេទនា នោះគឺសំរាប់ជាសេចក្តីកំសាន្តចិត្ត នឹងសេចក្តីសង្គ្រោះដល់អ្នករាល់គ្នា ជាសេចក្តីដែលបានកើតមក ដោយការទ្រាំទ្រនឹងសេចក្តីទុក្ខលំបាកដដែល ដែលយើងខ្ញុំក៏រងទុក្ខដែរឬបើយើងមានសេចក្តីក្សាន្ត នោះក៏សំរាប់ជាសេចក្តីកំសាន្តចិត្ត នឹងសេចក្តីសង្គ្រោះដល់អ្នករាល់គ្នាដែរ ហើយយើងខ្ញុំមានសង្ឃឹមដល់អ្នករាល់គ្នាជាមាំមួនផង ៧ដោយដឹងថាអ្នករាល់គ្នានឹងបានចំណែកក្នុងសេចក្តីកំសាន្តចិត្ត ដូចជាបានចំណែកក្នុងការទុក្ខលំបាកនោះដែរ ៨ដ្បិតបងប្អូនអើយ យើងខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹង ពីសេចក្តីវេទនាដែលកើតឡើង ដល់យើងខ្ញុំនៅស្រុកអាស៊ីថា យើងខ្ញុំមានបន្ទុកយ៉ាងធ្ងន់ក្រៃលែង ហួសពីកំឡាំងនៃយើងខ្ញុំទៅទៀតដល់ម៉្លេះបានជាយើងខ្ញុំអស់សង្ឃឹមនឹងនៅរស់ផង ៩យើងខ្ញុំក៏មានសាន្តក្រមនៃសេចក្តីស្លាប់ នៅក្នុងខ្លួនយើងខ្ញុំដែរដើម្បីមិនឲ្យយើងខ្ញុំទុកចិត្តដល់ខ្លួនឡើយ គឺឲ្យទុកចិត្តដល់ព្រះ ដែលទ្រង់ប្រោសឲ្យមនុស្សស្លាប់ បានរស់ឡើងនោះវិញ ១០ទ្រង់បានប្រោសយើងខ្ញុំឲ្យ រួចពីសេចក្តីស្លាប់យ៉ាងសំបើមនោះហើយ ក៏ចេះតែប្រោសឲ្យរួចតទៅ ហើយយើងខ្ញុំសង្ឃឹមថា ទ្រង់នឹងប្រោសឲ្យរួចទៅមុខទៀតដែរ ១១ដោយអ្នករាល់គ្នាខំប្រឹងជួយអង្វរជួសយើងខ្ញុំផង ដើម្បីឲ្យអំណោយទាននោះ ដែលបានប្រទានមកយើងខ្ញុំ ដោយសារមនុស្សជាច្រើន បានត្រឡប់ជាហេតុ ឲ្យមនុស្សជាច្រើនបានអរព្រះគុណ ដោយព្រោះយើងខ្ញុំ ១២ដ្បិតសេចក្តីអំនួតរបស់យើងខ្ញុំ នោះគឺជាសេចក្តីបន្ទាល់របស់បញ្ញាចិត្តយើងខ្ញុំ ដែលសំដែងថា យើងខ្ញុំបានប្រព្រឹត្តក្នុងលោកីយនេះ ហើយដល់អ្នករាល់គ្នាលើសទៅទៀត ដោយសេចក្តីបរិសុទ្ធ នឹងសេចក្តីស្មោះត្រង់របស់ព្រះ មិនមែនដោយប្រាជ្ញាខាងសាច់ឈាមឡើយ គឺដោយព្រះគុណនៃព្រះវិញ ១៣យើងខ្ញុំមិនសរសេរសេចក្តីណាផ្សេងទៀត ផ្ញើមកអ្នករាល់គ្នាក្រៅពីសេចក្តីដែលបានអានមើល នឹងយល់ព្រមហើយនោះទេ ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងយល់ព្រមតាមសេចក្តីនោះឯង ដរាបដល់ចុងបំផុតដែរ ១៤ដូចជាអ្នករាល់គ្នាខ្លះបានយល់ព្រមហើយថា យើងខ្ញុំជាទីអំនួតរបស់អ្នករាល់គ្នា ដូចជាអ្នករាល់គ្នាក៏ជាទីអំនួតរបស់យើងខ្ញុំដែរ នៅថ្ងៃនៃព្រះអម្ចាស់យេស៊ូវ។

១៥ដោយព្រោះខ្ញុំមានសេចក្តីសង្ឃឹមនោះ បានជាខ្ញុំគិតនឹងមកឯអ្នករាល់គ្នាពីកាលមុន ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះគុណមួយលើកទៀត ១៦ហើយឲ្យខ្ញុំបានហួសទៅឯស្រុកម៉ាសេដូន ដោយសារអ្នករាល់គ្នា រួចសឹមត្រឡប់មកឯអ្នករាល់គ្នាវិញ ដើម្បីឲ្យអ្នករាល់គ្នាបានជួយដំណើរខ្ញុំ ទៅឯស្រុកយូដាផង ១៧ដូច្នេះ ដែលខ្ញុំសំរេចធ្វើយ៉ាងនោះ តើខ្ញុំបានប្រព្រឹត្តដោយចិត្តសាវ៉ាឬអី ឬការដែលខ្ញុំសំរេចនឹងធ្វើ តើបានសំរេចតាមសាច់ឈាមបានជាចួនកាលខ្ញុំថា «បាទ» ចួនកាលថា «ទេ»វិញឬអី ១៨រីឯព្រះទ្រង់ស្មោះត្រង់ បានជាពាក្យសំដីដែលយើងខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះមិនមែនថា «បាទ» ផង «ទេ» ផងទ្បើយ ១៩ដ្បិតព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ដែលយើងខ្ញុំ គឺខ្លួនខ្ញុំ ស៊ីលវ៉ាន នឹងធីម៉ូថេ បានប្រកាសប្រាប់ក្នុងពួកអ្នករាល់គ្នា ទ្រង់មិនមែនជា «បាទ» ផង «ទេ» ផងនោះទេ គឺមានតែ «បាទ» សុទ្ធ នៅក្នុងទ្រង់ប៉ុណ្ណោះ ២០ដ្បិតទោះបើមានសេចក្តីសន្យារបស់ព្រះយ៉ាងណាក៏ដោយ ក៏នៅសុទ្ធតែជា «បាទ» ក្នុងទ្រង់ ហើយ “អាម៉ែន”ក្នុងទ្រង់ដែរ សំរាប់នឹងចំរើនសិរីល្អដល់ព្រះ ដោយសារយើងរាល់គ្នា ២១រីឯអ្នកដែលតាំងយើងខ្ញុំ ឲ្យខ្ជាប់ខ្ជួនក្នុងព្រះគ្រីស្ទ ជាមួយនឹងអ្នករាល់គ្នាហើយដែលចាក់ប្រេងឲ្យយើង នោះគឺជាព្រះ ២២ទ្រង់ក៏បានដៅចំណាំយើងរាល់គ្នា ហើយបានប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើងរាល់គ្នាផង។

២៣ខ្ញុំសូមយកព្រះធ្វើជាសាក្សីពីចិត្តខ្ញុំថា ដែលខ្ញុំមិនទាន់មកឯក្រុងកូរិនថូស នោះគឺដោយប្រណីដល់អ្នករាល់គ្នាទេ ២៤មិនមែនថា យើងខ្ញុំធ្វើជាម្ចាស់លើសេចក្តីជំនឿរបស់អ្នករាល់គ្នាទេ គឺធ្វើជាគូកន ជួយឲ្យអ្នករាល់គ្នាបានសេចក្តីអំណរវិញ ដ្បិតអ្នករាល់គ្នាកំពុងឈរហើយដោយសារសេចក្តីជំនឿ។



២ ១តែខ្ញុំបានគិតសំរេចសេចក្តីនេះក្នុងខ្លួនខ្ញុំ គឺថា ខ្ញុំមិនមកឯអ្នករាល់គ្នាដោយចិត្តព្រួយទៀតទេ ២ដ្បិតបើសិនជាខ្ញុំធ្វើឲ្យអ្នករាល់គ្នាព្រួយទៅហើយ នោះតើមានអ្នកណានឹងធ្វើឲ្យខ្ញុំសប្បាយបាន លើកតែអ្នកនោះឯងដែលព្រួយដោយសារខ្ញុំប៉ុណ្ណោះ ៣ហើយខ្ញុំបានសរសេរសេចក្តីនោះផ្ញើមកអ្នករាល់គ្នា ក្រែងកាលណាខ្ញុំមកដល់ នោះខ្ញុំនឹងកើតព្រួយចិត្តពីដំណើរអ្នកខ្លះ ដែលមុខគួរឲ្យខ្ញុំអរសប្បាយដោយសារគេវិញ ដោយទុកចិត្តនឹងអ្នករាល់គ្នាទាំងអស់ថា ការអ្វីដែលនាំឲ្យខ្ញុំរីករាយ នោះក៏នាំឲ្យអ្នករាល់គ្នារីករាយដែរ ៤ដ្បិតខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នាដោយខ្ញុំមានចិត្តលំបាក ហើយថប់ព្រួយ ព្រមទាំងស្រក់ទឹកភ្នែកជាច្រើន មិនមែនចង់ឲ្យអ្នករាល់គ្នាព្រួយដែរនោះទេ គឺចង់ឲ្យអ្នករាល់គ្នាស្គាល់សេចក្តីស្រទ្បាញ់ ដែលខ្ញុំមានជាបរិបូរដល់អ្នករាល់គ្នាប៉ុណ្ណោះឯង ៥ប៉ុន្តែ បើមានអ្នកណាបានបណ្តាលឲ្យកើតមានសេចក្តីព្រួយ នោះមិនមែនធ្វើឲ្យខ្ញុំព្រួយទេ គឺឲ្យអ្នករាល់គ្នាទាំងអស់មានទុក្ខខ្លះវិញ ដ្បិតខ្ញុំមិនចង់និយាយពន្លើសទ្បើយ ៦ឯទោសដែលច្រើនគ្នាបានធ្វើដល់មនុស្សយ៉ាងនោះ នោះល្មមប៉ុណ្ណឹងហើយ ៧បានជាស៊ូឲ្យអត់ទោស ហើយកំសាន្តចិត្តមនុស្សនោះវិញ ក្រែងមនុស្សនោះត្រូវស្រូបបាត់ ដោយកើតទុក្ខព្រួយកាន់តែខ្លាំងទ្បើង ៨ហេតុនោះបានជាខ្ញុំទូន្មាន ឲ្យអ្នករាល់គ្នាសំដែងសេចក្តីស្រទ្បាញ់ ដល់អ្នកនោះឲ្យជាក់លាក់ ៩ដ្បិតដោយហេតុនោះបានជាខ្ញុំធ្វើសំបុត្រនេះដែរគឺដើម្បីលមើលអ្នករាល់គ្នាឲ្យដឹង តើនឹងស្តាប់បង្គាប់ក្នុងគ្រប់ការទាំងអស់ឬទេ ១០បើអ្នករាល់គ្នាអត់ទោសដល់អ្នកណាពីរឿងអ្វី នោះខ្ញុំក៏អត់ទោសដែរ ហើយរឿងអ្វីដែលខ្ញុំបានអត់ទោសឲ្យគេ បើសិនជាបានអត់ទោសអ្វីមែន នោះគឺដោយព្រោះអ្នករាល់គ្នា នៅចំពោះព្រះគ្រីស្ទហើយ ១១ដើម្បីមិនឲ្យអារក្សសាតាំងមានឱកាសនឹងឈ្នះយើងបានទ្បើយ ដ្បិតយើងស្គាល់អស់ទាំងកិច្ចកលរបស់វាហើយ។

១២កាលខ្ញុំបានទៅដល់ក្រុងទ្រអាស ដើម្បីនឹងផ្សាយដំណឹងល្អពីព្រះគ្រីស្ទ ហើយមានទ្វារបើកឲ្យខ្ញុំ ដោយនូវព្រះអម្ចាស់ ១៣នោះខ្ញុំឥតមានធូរក្នុងចិត្តសោះ ដោយហេតុរកទីតុស ជាបងប្អូនខ្ញុំ មិនឃើញ បានជាខ្ញុំលាគេទៅឯស្រុកម៉ាសេដូនវិញ ១៤តែអរព្រះគុណដល់ព្រះអង្គដែលទ្រង់ចេះតែនាំយើងខ្ញុំ ឲ្យមានជ័យជំនះក្នុងព្រះគ្រីស្ទ ហើយក៏ផ្សាយក្លិនពីដំណើរដែលយើងខ្ញុំស្គាល់ព្រះ ឲ្យបានសុសសាយទូទៅគ្រប់កន្លែងផង ១៥ដ្បិតយើងខ្ញុំជាក្លិនក្រអូបនៃព្រះគ្រីស្ទដល់ព្រះ នៅក្នុងពួកមនុស្សដែលកំពុងតែបានសង្គ្រោះ ហើយក្នុងពួកអ្នកដែលកំពុងតែវិនាសទៅដែរ ១៦ដល់ពួក១ជាក្លិននៃសេចក្តីស្លាប់ ឲ្យត្រូវស្លាប់ដល់ពួក១ទៀត ជាក្លិននៃជីវិត ឲ្យបានរស់នៅ តើអ្នកណាគួរនឹងសេចក្តីទាំងនេះ ១៧ដ្បិតយើងខ្ញុំមិនមែនដូចជាមនុស្សច្រើនគ្នា ដែលបំប្លែងព្រះបន្ទូលនោះទេ គឺដូចជាអ្នកស្មោះត្រង់ ដែលមកពីព្រះវិញ ហើយយើងនិយាយចំពោះព្រះដោយនូវព្រះគ្រីស្ទ។



៣ ១ដូច្នេះ តើយើងចាប់តាំងផ្ទុកផ្តាក់ខ្លួនយើងខ្ញុំម្តងទៀតឬអី តើយើងខ្ញុំត្រូវការនឹងសំបុត្រផ្ទុកផ្តាក់ខ្លួនយើង នឹងអ្នករាល់គ្នា ឬត្រូវការនឹងអ្នករាល់គ្នាឲ្យសំបុត្រផ្ទុកផ្តាក់យើងនឹងគេ ដូចជាអ្នកខ្លះត្រូវការឬអី ២គឺអ្នករាល់គ្នាជាសំបុត្ររបស់យើងខ្ញុំហើយ ទាំងកត់ទុកក្នុងចិត្តយើងខ្ញុំផង ដែលមនុស្សទាំងអស់ក៏ដឹង ហើយអានមើលដែរ ៣ដោយបានសំដែងមកច្បាស់ថា អ្នករាល់គ្នាជាសំបុត្ររបស់ព្រះគ្រីស្ទ ដែលយើងខ្ញុំបានតែងទុក ដោយការងារយើងខ្ញុំ មិនមែនសរសេរនឹងទឹកខ្មៅទេ គឺនឹងព្រះវិញ្ញាណនៃព្រះដ៏មានព្រះជន្មរស់ ក៏មិនមែនលើបន្ទះថ្មដែរ គឺក្នុងចិត្តខាងសាច់ឈាមវិញ ៤ហើយយើងមានសេចក្តីសង្ឃឹមយ៉ាងនោះដល់ព្រះ ដោយសារព្រះគ្រីស្ទ ៥មិនមែនថា យើងខ្ញុំពូកែល្មមដោយខ្លួនឯង នឹងគិតស្មានថា មានអ្វីកើតពីខ្លួនយើងខ្ញុំនោះឡើយ តែដែលយើងខ្ញុំពូកែ នោះមកតែពីព្រះទេ ៦ដែលទ្រង់បានប្រោស ឲ្យយើងខ្ញុំអាចនឹងធ្វើជាអ្នកបំរើនៃសញ្ញាថ្មីបាន មិនមែនតាមតែន័យពាក្យប៉ុណ្ណោះទេ គឺតាមព្រះវិញ្ញាណវិញ ដ្បិតន័យពាក្យ នោះធ្វើឲ្យស្លាប់ តែព្រះវិញ្ញាណ ទ្រង់ប្រទានឲ្យមានជីវិតវិញ។

៧ហើយបើការងារខាងឯសេចក្តីស្លាប់ ដែលបានឆ្លាក់ជាអក្សរលើថ្មបានកើតមកក្នុងសិរីល្អ ដល់ម៉្លេះបានជាជនជាតិអ៊ីស្រាអែល មិនអាចនឹងសំឡឹងមើលមុខលោកម៉ូសេបានទេ ដោយព្រោះសិរីល្អនៃមុខលោក គឺជាសេចក្តីដែលកំពុងតែសូន្យបាត់ទៅ ៨នោះចំណង់បើការងារខាងឯព្រះវិញ្ញាណ តើនឹងមានសិរីល្អលើសជាងអម្បាលម៉ានទៅ ៩ដ្បិតបើសិនជាការងារខាងឯសេចក្តីកាត់ទោស មានសិរីល្អទៅហើយ នោះការងារខាងឯសេចក្តីសុចរិត ប្រាកដជានឹងមានសិរីល្អជាបរិបូរលើសទៅទៀត ១០ពីព្រោះឯសេចក្តីដែលមានសិរីល្អពីដើមនោះ បានដូចជាគ្មានសិរីល្អវិញ ដោយព្រោះសិរីល្អនេះដែលលើសទៅទៀត ១១ដ្បិតបើសិនជាសេចក្តីនោះ ដែលកំពុងតែសូន្យបាត់ទៅ បានមកដោយសារសិរីល្អ នោះសេចក្តីដែលជាប់នៅ ប្រាកដជាមានសិរីល្អលើសទៅទៀត ១២ដូច្នេះ ដែលមានសេចក្តីសង្ឃឹមជាខ្លាំងក្រៃដល់ម៉្លេះ នោះយើងខ្ញុំកើតមានសេចក្តីក្លាហានណាស់ ១៣មិនមែនដូចលោកម៉ូសេ ដែលយកស្បៃបាំងមុខ ដើម្បីមិនឲ្យជនជាតិអ៊ីស្រាអែល បានសំឡឹងមើលទៅដល់ចុងនៃសេចក្តី ដែលកំពុងតែសូន្យបាត់ទៅនោះឡើយ ១៤តែចិត្តគេបានរឹងទទឹងវិញ ដ្បិតដរាបដល់ឥឡូវនេះ កាលបើគេមើលក្នុងសញ្ញាចាស់ នោះនៅតែមានស្បៃដដែល ឥតបកចេញឡើយ ដែលស្បៃនោះត្រូវតែសូន្យបាត់ទៅ ក្នុងព្រះគ្រីស្ទ ១៥ដរាបដល់ថ្ងៃនេះ កាលណាគេមើលគម្ពីរលោកម៉ូសេ នោះក៏គង់តែនៅមានស្បៃបាំងចិត្តគេនៅឡើយ ១៦តែកាលគេបានងាកបែរមកឯព្រះអម្ចាស់វិញ នោះទើបស្បៃនឹងបានរដោះចោលចេញ ១៧រីឯព្រះអម្ចាស់ ទ្រង់ជាព្រះវិញ្ញាណ ហើយកន្លែងណាដែលមានព្រះវិញ្ញាណនៃព្រះអម្ចាស់ នោះក៏មានសេរីភាពដែរ ១៨ហើយយើងរាល់គ្នាទាំងអស់ ដែលកំពុងតែរំពឹងមើលសិរីល្អព្រះអម្ចាស់ ទាំងមុខទទេ ដូចជាឆ្លុះមើលទ្រង់ក្នុងកញ្ចក់ យើងកំពុងតែផ្លាស់ប្រែទៅ ឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អទៅដល់សិរីល្អ គឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ។



៤ ១ដូច្នេះ ដែលមានការងារនេះ នោះយើងខ្ញុំមិនណាយចិត្តឡើយ តាមខ្នាតនៃសេចក្តីមេត្តាករុណា ដែលយើងខ្ញុំទទួលមក ២យើងខ្ញុំលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស ឥតប្រព្រឹត្តដោយឧបាយកល ឬបំប្លែងព្រះបន្ទូលឡើយ គឺយើងខ្ញុំផ្ទុកផ្តាក់ខ្លួន នឹងបញ្ញាចិត្តរបស់មនុស្សទាំងអស់ នៅចំពោះព្រះដោយសំដែងសេចក្តីពិតវិញ ៣បើសិនណាជាដំណឹងល្អរបស់យើងខ្ញុំត្រូវគ្របបាំង នោះគឺត្រូវគ្របបាំងចំពោះតែពួកអ្នក ដែលកំពុងវិនាសទេ ៤ជាពួកអ្នក ដែលព្រះរបស់លោកីយនេះ បានបង្អាប់ដល់គំនិតពួកគេដែលមិនជឿ ក្រែងរស្មីពន្លឺនៃដំណឹងល្អ ដែលសំដែងពីសិរីល្អនៃព្រះគ្រីស្ទដ៏ជារូបអង្គព្រះ បានភ្លឺមកដល់គេ ៥យើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់វិញ ហើយក៏រាប់ខ្លួនយើងខ្ញុំថាជាបាវបំរើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវដែរ ៦ដ្បិតគឺជាព្រះ ដែលមានបន្ទូលបង្គាប់ ឲ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹត ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្ត្រនៃព្រះយេស៊ូវគ្រីស្ទ។ ៧យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិដ៏លើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ ៨ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់ តែមិនទ័លគំនិតទេ ៩មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ ១០យើងខ្ញុំផ្ទុកសេចក្តីសុគតនៃព្រះអម្ចាស់យេស៊ូវ នៅក្នុងរូបកាយយើងខ្ញុំជានិច្ច ដើម្បីឲ្យព្រះជន្មនៃទ្រង់បានសំដែងមក ក្នុងរូបកាយយើងខ្ញុំដែរ ១១ដ្បិតយើងរាល់គ្នាដែលរស់នៅ នោះយើងត្រូវប្រគល់ដល់សេចក្តីស្លាប់ជាដរាប ដោយព្រោះព្រះយេស៊ូវ ដើម្បីឲ្យព្រះជន្មនៃទ្រង់បានសំដែងមក ក្នុងរូបសាច់យើង ដែលតែងតែស្លាប់នេះ ១២ហេតុនោះបានជាសេចក្តីស្លាប់កំពុងតែចំរើនឡើងក្នុងយើងខ្ញុំ តែជីវិតចំរើនក្នុងអ្នករាល់គ្នាវិញ ១៣ហើយដែលមានចិត្តជឿដូចគ្នា ត្រូវនឹងសេចក្តីដែលចែងទុកមកថា «ខ្ញុំបានជឿ បានជាខ្ញុំនិយាយ» នោះយើងខ្ញុំក៏ជឿដែរ បានជាយើងខ្ញុំនិយាយ ១៤ដោយដឹងថា ព្រះអង្គ ដែលប្រោសព្រះអម្ចាស់យេស៊ូវ ឲ្យមានព្រះជន្មរស់ឡើងវិញ ទ្រង់នឹងប្រោសឲ្យយើងខ្ញុំរស់ឡើងដែរ ដោយសារព្រះយេស៊ូវ ហើយនឹងនាំយើងខ្ញុំទៅនៅចំពោះទ្រង់ជាមួយនឹងអ្នករាល់គ្នាដែរ ១៥ពីព្រោះគ្រប់ទាំងអស់សំរាប់អ្នករាល់គ្នា ដើម្បីឲ្យព្រះគុណ ដែលចំរើនឡើង ដោយសារមនុស្សជាច្រើន បានបណ្តាលឲ្យមានសេចក្តីអរព្រះគុណចំរើនជាបរិបូរឡើង ដល់សិរីល្អនៃព្រះលើសទៅទៀត។

១៦ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ ១៧ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ ១៨ដោយយើងខ្ញុំមិនរាប់អានរបស់ដែលមើលឃើញឡើយ គឺរាប់អានតែរបស់ដែលមើលមិនឃើញវិញ ដ្បិតរបស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ។



៥ ១ពីព្រោះយើងខ្ញុំដឹងថា បើត្រសាលដែលជាទីលំនៅរបស់យើងខ្ញុំ នៅផែនដីនេះ ត្រូវបំផ្លាញវេលាណា នោះយើងខ្ញុំមានវិមាន១ ដែលមកពីព្រះ មិនមែនធ្វើនឹងដៃទេ គឺនៅលើស្ថានសួគ៌វិញ ជាវិមានដ៏នៅជាប់អស់កល្បជានិច្ច ២ដ្បិតនៅក្នុងត្រសាលនេះ យើងខ្ញុំតែងតែថ្ងូរ ដោយសង្វាតនឹងចង់ប្រដាប់ខ្លួន ដោយទីលំនៅរបស់យើង ខ្ញុំជាទីលំនៅដែលមកពីស្ថានសួគ៌ណាស់ ៣ឲ្យតែយើងខ្ញុំបានប្រដាប់ខ្លួនចុះ ដើម្បីកុំឲ្យមានឃើញយើងខ្ញុំនៅអាក្រាតឡើយ ៤ដ្បិតយើងខ្ញុំដែលនៅក្នុងត្រសាលនេះ យើងថ្ងូរមែន ដោយមានបន្ទុកយ៉ាងធ្ងន់ ពីព្រោះយើងមិនចង់ដោះសំលៀកបំពាក់នេះចេញទេ គឺចង់តែស្លៀកពាក់វិញ ដើម្បីឲ្យជីវិតបានលេបរបស់ ដែលតែងតែស្លាប់ ឲ្យបាត់ទៅនោះ ៥រីឯអ្នកដែលបានបង្កើតយើងខ្ញុំសំរាប់ការនោះឯង ជាព្រះដែលទ្រង់ក៏ប្រទានព្រះវិញ្ញាណ មកបញ្ចាំចិត្តយើងខ្ញុំដែរ។

៦ដូច្នេះ យើងខ្ញុំមានចិត្តជឿជាក់ជាដរាប ហើយដឹងថា ដែលយើងខ្ញុំនៅក្នុងរូបកាយនេះ នោះយើងខ្ញុំនៅឃ្លាតពីព្រះអម្ចាស់ ៧ដ្បិតយើងខ្ញុំដើរដោយជំនឿ មិនមែនដោយមើលឃើញទេ ៨ដូច្នេះ យើងខ្ញុំមានចិត្តជឿជាក់ ហើយក៏សុខចិត្តស៊ូចេញពីរូបកាយនេះ ទៅនៅជាមួយនឹងព្រះអម្ចាស់ជាជាង ៩ហេតុនោះបានជាយើងខ្ញុំសង្វាត ឲ្យបានគាប់ដល់ព្រះហឫទ័យទ្រង់ ទោះនៅក្នុងរូបកាយ ឬឃ្លាតពីរូបកាយក្តី ១០ដ្បិតយើងទាំងអស់គ្នាត្រូវទៅនៅមុខទីជំនុំជំរះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលតាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី ១១ដូច្នេះ ដែលស្គាល់សេចក្តីស្ញែងខ្លាចរបស់ព្រះអម្ចាស់ នោះយើងខ្ញុំក៏ខំបញ្ចុះបញ្ចូលមនុស្សឲ្យជឿ តែយើងខ្ញុំជាអ្នកប្រាកដច្បាស់ដល់ព្រះហើយ ខ្ញុំក៏សង្ឃឹមថា ដល់បញ្ញាចិត្តរបស់អ្នករាល់គ្នាដែរ ១២ដ្បិតយើងខ្ញុំមិនមែនផ្ទុកផ្តាក់ខ្លួននឹងអ្នករាល់គ្នាម្តងទៀតទេ គឺយើងខ្ញុំឲ្យអ្នករាល់គ្នាមានឱកាសនឹងអួតពីយើងខ្ញុំវិញ ដើម្បីឲ្យអ្នករាល់គ្នាមានពាក្យតបឆ្លើយ ដល់អស់អ្នកដែលអួតតែពីចរិតខាងក្រៅ មិនមែនពីសណ្ឋានក្នុងចិត្តនោះទេ ១៣ដ្បិតទោះបើយើងខ្ញុំវង្វេងស្មារតីក្តី នោះគឺវង្វេងសំរាប់ព្រះអង្គឬបើមានគំនិតនឹងធឹងក្តី ក៏សំរាប់អ្នករាល់គ្នាវិញ ១៤ដ្បិតសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើងខ្ញុំ ដោយយើងខ្ញុំពិចារណាឃើញថា បើម្នាក់បានស្លាប់ជំនួសអ្នកទាំងអស់នោះទាំងអស់ឈ្មោះថាបានស្លាប់ហើយ ១៥ទ្រង់ក៏បានសុគតជំនួសមនុស្សទាំងអស់យ៉ាងនោះ គឺដើម្បីឲ្យពួកអ្នកដែលរស់នៅ មិនរស់សំរាប់តែខ្លួនឯងទៀត គឺរស់សំរាប់ព្រះអង្គ ដែលសុគតជំនួសគេ ហើយបានរស់ឡើងនោះវិញ ១៦បានជាពីនេះទៅមុខ យើងខ្ញុំមិនស្គាល់អ្នកណាខាងសាច់ឈាមទៀតទេ តែបើយើងខ្ញុំបានស្គាល់ព្រះគ្រីស្ទខាងសាច់ឈាមហើយ គង់តែឥឡូវនេះមិនស្គាល់ទ្រង់យ៉ាងនោះទៀតឡើយ ១៧បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ ១៨គ្រប់ទាំងអស់ក៏មកពីព្រះ ដែលទ្រង់បានផ្សះផ្សាយើងនឹងព្រះអង្គទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ ហើយបានប្រទានការងារផ្សះផ្សានោះ មកយើងខ្ញុំដែរ ១៩គឺពីដំណើរដែលព្រះទ្រង់គង់ក្នុងព្រះគ្រីស្ទ កំពុងផ្សះផ្សាលោកីយនឹងព្រះអង្គទ្រង់ ឥតប្រកាន់ទោសគេទៀតហើយទ្រង់បានប្រគល់ព្រះបន្ទូល ពីការផ្សះផ្សានោះមកយើងខ្ញុំ។

២០ដូច្នេះ យើងខ្ញុំជាទូតដំណាងព្រះគ្រីស្ទ ហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំ គឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថា ចូរឲ្យបានជាមេត្រីនឹងព្រះចុះ ២១ដ្បិតឯព្រះអង្គដែលមិនបានស្គាល់បាបសោះ នោះព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង។



៦ ១ហើយដែលយើងខ្ញុំធ្វើការជាមួយនឹងព្រះ បានជាយើងខ្ញុំទូន្មានអ្នករាល់គ្នាថា កុំឲ្យទទួលព្រះគុណរបស់ព្រះដោយបែបឥតប្រយោជន៍ឡើយ ២ដ្បិតទ្រង់មានបន្ទូលថា «នៅវេលាដែលគាប់ចិត្តដល់អញ នោះអញបានស្តាប់ឯងហើយក្នុងថ្ងៃសង្គ្រោះ នោះអញបានជួយឯង» មើលឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ ៣យើងខ្ញុំក៏មិនបង្អាក់បង្អន់ចិត្តដល់អ្នកណាក្នុងកិច្ចការអ្វីឡើយ ក្រែងមានអ្នកណាថ្កោលទោសចំពោះការងារនេះ ៤ក្នុងគ្រប់ការទាំងអស់ នោះយើងខ្ញុំខំផ្ទុកផ្តាក់ខ្លួន ទុកដូចជាអ្នកបំរើព្រះ គឺក្នុងការទ្រាំទ្រជាច្រើន ក្នុងការទុក្ខលំបាក ការខ្វះខាត ការចង្អៀតចង្អល់ ៥កាលគេវាយ ដាក់គុក កើតវឹកវរ ក្នុងការនឿយហត់ ចាំយាម តមអត់ ៦ដោយចិត្តស្អាត ដោយចេះដឹងដោយអត់ធ្មត់ ដោយសប្បុរស ដោយព្រះវិញ្ញាណបរិសុទ្ធដោយសេចក្តីស្រឡាញ់ស្មោះត្រង់ ៧ដោយសារព្រះបន្ទូលដ៏ពិត ដោយព្រះចេស្តានៃព្រះ ដោយកាន់គ្រឿងសស្ត្រាវុធសុចរិត ទាំងស្តាំទាំងឆ្វេង ៨ដោយមានកេរ្តិ៍ឈ្មោះ ហើយត្រូវអាប់ឱន ដោយគេនិយាយអាក្រក់ ឬល្អក្តី ទុកដូចជាមនុស្សកំភូត តែពិតត្រង់ទេ ៩ដូចជាគ្មានអ្នកណាស្គាល់យើងខ្ញុំ តែមនុស្សទាំងអស់បានស្គាល់វិញ ដូចជាហៀបនឹងស្លាប់ តែមើល យើងខ្ញុំរស់ទេ ដូចជាត្រូវវាយផ្ចាល តែមិនបានដល់ស្លាប់ទេ ១០ដូចជាមានសេចក្តីព្រួយ តែចេះតែបានសប្បាយវិញ ដូចជាទ័លក្រ តែកំពុងតែចំរើនដល់មនុស្សជាច្រើន ដូចជាគ្មានអ្វីសោះ តែមានគ្រប់ទាំងអស់វិញ។

១១ឱពួកកូរិនថូសអើយ មាត់យើងខ្ញុំបើកចំពោះអ្នករាល់គ្នាហើយ ចិត្តយើងខ្ញុំបានទូលាយឡើង ១២អ្នករាល់គ្នាមិនចង្អៀតក្នុងយើងខ្ញុំទេ គឺចង្អៀតតែក្នុងចិត្តរបស់អ្នករាល់គ្នាវិញ ១៣ខ្ញុំនិយាយនឹងអ្នករាល់គ្នា ទុកដូចជាដល់កូនថា ចូរសងដូចគ្នាវិញ ដោយបើកចិត្តឲ្យទូលាយឡើងដូច្នោះដែរ។ ១៤កុំឲ្យទឹមនឹមស្រៀក ជា១នឹងមនុស្សមិនជឿឡើយ ដ្បិតឯសេចក្តីសុចរិត នឹងសេចក្តីទទឹងច្បាប់ តើមានការប្រកបអ្វីនឹងគ្នា ឬពន្លឺ នឹងងងឹតលាយឡំគ្នាដូចម្តេចបាន ១៥តើព្រះគ្រីស្ទ នឹងអារក្សបេលាលត្រូវអ្វីនឹងគ្នា ឬអ្នកជឿមានចំណែកអ្វីនឹងអ្នកដែលមិនជឿ ១៦តើវិហារនៃព្រះ សំណំអ្វីនឹងរូបព្រះ ដ្បិតអ្នករាល់គ្នាជាវិហារនៃព្រះដ៏មានព្រះជន្មរស់ ដូចជាព្រះទ្រង់មានបន្ទូលថា «អញនឹងនៅក្នុងគេ ហើយនឹងដើរជាមួយផង អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងធ្វើជារាស្ត្រដល់អញ» ១៧ហេតុនោះបានជាព្រះអម្ចាស់ទ្រង់មានបន្ទូលថា «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក កុំឲ្យពាល់របស់ស្មោកគ្រោកឡើយ នោះអញនឹងទទួលឯងរាល់គ្នា ១៨អញនឹងធ្វើជាឪពុកដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីដល់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏មានព្រះចេស្តាបំផុត»។



៧ ១ដូច្នេះ ពួកស្ងួនភ្ងាអើយ ដែលមានសេចក្តីសន្យាទាំងនេះ នោះត្រូវឲ្យយើងរាល់គ្នាសំអាតខ្លួនយើង ពីគ្រប់ទាំងសេចក្តីដែលប្រឡាក់ខាងសាច់ឈាមចេញ ហើយខាងព្រលឹងវិញ្ញាណផង ព្រមទាំងបង្ហើយសេចក្តីបរិសុទ្ធដោយនូវសេចក្តីកោតខ្លាចដល់ព្រះ។

២ចូរទទួលយើងខ្ញុំ យើងខ្ញុំមិនបានធ្វើខុសនឹងអ្នកណា ក៏មិនបានបង្ខូចអ្នកណា ឬបំបាត់អ្នកណាសោះឡើយ ៣ខ្ញុំនិយាយដូច្នេះ មិនមែនចង់ប្រកាន់ទោសដល់អ្នកណាទេ ដ្បិតខ្ញុំបាននិយាយអំពីមុនរួចហើយថា អ្នករាល់គ្នានៅក្នុងចិត្តយើងខ្ញុំ ឲ្យបានស្លាប់ឬរស់ជាមួយគ្នា ៤ខ្ញុំទុកចិត្តនឹងអ្នករាល់គ្នាជាខ្លាំង ខ្ញុំអួតពីអ្នករាល់គ្នាជាខ្លាំងដែរខ្ញុំមានចិត្តពេញដោយសេចក្តីក្សេមក្សាន្ត ខ្ញុំមានសេចក្តីអំណរលើសលប់ ពីគ្រប់ទាំងសេចក្តីវេទនារបស់យើងខ្ញុំ ៥ដ្បិតកាលយើងខ្ញុំបានចូលទៅក្នុងស្រុក ម៉ាសេដូន នោះយើងខ្ញុំឥតមានសេចក្តីស្រាកស្រាន្ត ខាងសាច់ឈាមសោះមានសុទ្ធតែសេចក្តីលំបាកវិញ គឺនៅខាងក្រៅមានសេចក្តីតតាំង ហើយខាងក្នុងមានសេចក្តីភ័យខ្លាច ៦តែព្រះអង្គដែលកំសាន្តចិត្តពួកអ្នកដែលត្រូវបន្ទាប ទ្រង់ក៏បានកំសាន្តចិត្តយើងខ្ញុំ ដោយអ្នកទីតុសមកដល់ ៧មិនមែនដោយគាត់មកដល់តែប៉ុណ្ណោះ គឺដោយព្រោះសេចក្តីក្សេមក្សាន្តដែលបានកំសាន្តចិត្តគាត់ ពីដំណើរអ្នករាល់គ្នាដែរ គាត់បានប្រាប់ពីសេចក្តីសង្វាត សេចក្តីទុក្ខព្រួយ នឹងសេចក្តីឧស្សាហ៍របស់អ្នករាល់គ្នាដល់ខ្ញុំ បានជាខ្ញុំមានចិត្តអររឹតតែខ្លាំងឡើង ៨ដ្បិតបើសិនជាខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត ដោយសំបុត្រនោះ ខ្ញុំក៏មិនស្តាយដែរ ទោះបើបានស្តាយពីមុនក៏មែន ព្រោះខ្ញុំឃើញថា សំបុត្រនោះបានធ្វើឲ្យអ្នករាល់គ្នាព្រួយ សូម្បីតែ១ភ្លែតក៏មែន ៩គង់តែខ្ញុំអរក្នុងពេលឥឡូវនេះវិញ មិនមែនដោយព្រោះអ្នករាល់គ្នាកើតទុក្ខព្រួយទេ គឺដោយព្រោះអ្នករាល់គ្នាព្រួយ រហូតដល់បានប្រែចិត្តវិញទេតើ ដ្បិតអ្នករាល់គ្នាបានកើតទុក្ខព្រួយបែបដែលគាប់ព្រះហឫទ័យដល់ព្រះ ដើម្បីកុំឲ្យអ្នករាល់គ្នាខូចខាតអ្វី ដោយព្រោះយើងខ្ញុំឡើយ ១០ព្រោះសេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ នោះរមែងនាំឲ្យប្រែចិត្តឡើង ប្រយោជន៍ឲ្យបានសង្គ្រោះ ជាសេចក្តីដែលមិនត្រូវស្តាយឡើយ តែសេចក្តីព្រួយរបស់លោកីយ នោះបង្កើតសេចក្តីស្លាប់វិញ ១១ដ្បិតមើល សេចក្តីនេះឯង គឺដែលអ្នករាល់គ្នាមានសេចក្តីព្រួយដ៏គាប់ដល់ព្រះហឫទ័យនៃព្រះ នោះបានបង្កើតឲ្យអ្នករាល់គ្នាមានសេចក្តីសង្វាត សេចក្តីដោះសា សេចក្តីគ្នាន់ក្នាញ់ សេចក្តីភ័យខ្លាច សេចក្តីនឹករឮក សេចក្តីឧស្សាហ៍ នឹងសេចក្តីសងសឹកជាខ្លាំងទាំងម៉្លេះ អ្នករាល់គ្នាបានសំដែងយ៉ាងច្បាស់ថា ខ្លួនបរិសុទ្ធក្នុងដំណើរនេះគ្រប់ជំពូក។

១២ដូច្នេះ ដែលខ្ញុំបានធ្វើសំបុត្រនេះ ផ្ញើមកអ្នករាល់គ្នា នោះមិនមែនដោយព្រោះតែអ្នកដែលធ្វើខុស ឬដោយព្រោះអ្នកដែលត្រូវគេធ្វើខុសនោះទេ គឺដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសង្វាតរបស់អ្នករាល់គ្នា ដល់យើងខ្ញុំ នៅចំពោះព្រះទេតើ ១៣ហេតុនោះបានជាយើងខ្ញុំបានសេចក្តីក្សាន្ត ចិត្តដោយសារសេចក្តីកំសាន្តរបស់អ្នករាល់គ្នា ក៏មានសេចក្តីអំណរលើសទៅទៀត ដោយឃើញសេចក្តីអំណររបស់ទីតុស ដ្បិតអ្នករាល់គ្នាបានលំហើយចិត្តគាត់ ១៤ពីព្រោះបើសិនជាខ្ញុំបានអួតនឹងគាត់ ពីដំណើរអ្នករាល់គ្នាយ៉ាងណាខ្លះ នោះខ្ញុំមិនខ្មាសទេ ព្រោះសេចក្តីដែលយើងខ្ញុំបានអួតនឹងទីតុស ពីអ្នករាល់គ្នា នោះឃើញថា ពិតមែន ដូចជាសេចក្តីទាំងប៉ុន្មាន ដែលយើងខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាក៏ពិតដែរ ១៥ហើយគាត់មានចិត្តស្រឡាញ់ដល់អ្នករាល់គ្នាលើសទៅទៀត ដោយនឹកឃើញពីអ្នករាល់គ្នាចុះចូលតាម ហើយដែលទទួលគាត់ដោយភ័យខ្លាច ហើយញាប់ញ័រ ១៦ខ្ញុំត្រេកអរណាស់ ពីព្រោះខ្ញុំទុកចិត្តនឹងអ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់។



៨ ១បងប្អូនអើយ យើងខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីព្រះគុណនៃព្រះ ដែលបានផ្តល់មកពួកជំនុំទាំងប៉ុន្មាន នៅស្រុកម៉ាសេដូនថា ២កាលមានសេចក្តីទុក្ខលំបាកកំពុងតែល្បងគេជាខ្លាំង នោះសេចក្តីអំណរជាបរិបូរ នឹងសេចក្តីកំសត់ទុគត៌របស់គេ បានបណ្តាលឲ្យគេមានចិត្តសទ្ធាដ៏លើសលប់វិញ ៣ដ្បិតខ្ញុំធ្វើបន្ទាល់ថា គេស្ម័គ្រចិត្តតាមកំឡាំងគេ ហើយហួសកំឡាំងគេផង ៤ក៏សូមយើងខ្ញុំដោយពាក្យទទូចអង្វរ ឲ្យយើងខ្ញុំទទួលយកទានរបស់គេនេះ ដែលជាសេចក្តីប្រកបក្នុងការងារសំរាប់ពួកបរិសុទ្ធ ៥មិនមែនដូចជាយើងខ្ញុំបានសង្ឃឹមតែប៉ុណ្ណោះទេ គឺគេបានប្រគល់ខ្លួនគេទៅព្រះអម្ចាស់ជាមុនដំបូង ហើយដល់យើងខ្ញុំថែមទៀត តាមបំណងព្រះហឫទ័យព្រះ ៦បានជាយើងខ្ញុំទូន្មានទីតុស តាមការដែលគាត់បានចាប់ផ្តើមធ្វើហើយ ឲ្យគុណនេះបានពេញខ្នាត នៅក្នុងពួកអ្នករាល់គ្នាដែរ ៧ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើគុណនេះរឹតតែច្រើនឡើង ដូចជាបានចំរើនក្នុងគ្រប់សេចក្តីឯទៀត គឺក្នុងសេចក្តីជំនឿពាក្យសំដី ចំណេះ សេចក្តីឧស្សាហ៍គ្រប់ជំពូក ហើយក្នុងសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា ដល់យើងខ្ញុំដែរ ៨ខ្ញុំនិយាយដូច្នេះ មិនមែនជាពាក្យបង្គាប់ទេ គឺចង់តែយកសេចក្តីឧស្សាហ៍របស់គេ មកល្បងលមើលចំពោះសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា តើពិតត្រង់ឬទេប៉ុណ្ណោះ ៩ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ថាទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានមានឡើង ដោយសារសេចក្តីកម្ររបស់ទ្រង់ ១០ខ្ញុំសំដែងគំនិតខ្ញុំក្នុងការនេះដែរ ដ្បិតនោះមានប្រយោជន៍ដល់អ្នករាល់គ្នា ដែលអ្នករាល់គ្នាមិនគ្រាន់តែចាប់ផ្តើមធ្វើតែប៉ុណ្ណោះ គឺមានទាំងចិត្តប្រាថ្នាចង់ធ្វើ តាំងតែពីឆ្នាំមុនមកហើយផង ១១ឥឡូវនេះ ចូរបំពេញការនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានបំពេញតាមដែលមានដូចជាបំណង ដែលអ្នករាល់គ្នាប្រុងប្រៀបនឹងធ្វើមកហើយនោះដែរ ១២ដ្បិតបើសិនជាប្រុងប្រៀបនឹងធ្វើហើយ នោះព្រះទ្រង់ទទួលអ្នកតាមដែលមាន មិនមែនតាមដែលគ្មាននោះទេ ១៣ការនោះមិនមែនដើម្បីឲ្យអ្នកឯទៀតបានទំនេរ ហើយឲ្យអ្នករាល់គ្នាមានសេចក្តីលំបាកនោះទេ គឺឲ្យបានស្មើគ្នាវិញ ឲ្យសេចក្តីបរិបូររបស់អ្នករាល់គ្នាក្នុងជាន់នេះបានបំពេញការដែលគេខ្វះខាត ១៤ដើម្បីកាលណាគេមានបរិបូរ នោះនឹងបានបំពេញការដែលអ្នករាល់គ្នាខ្វះខាតវិញ ប្រយោជន៍ឲ្យបានស្មើគ្នាឡើង ១៥ដូចជាសេចក្តីដែលចែងទុកមកថា «អ្នកណាដែលរើសបានច្រើន នោះគ្មានសល់ឡើយ ឯអ្នកដែលរើសបានតិច នោះមិនបានខ្វះទេ»។

១៦អរព្រះគុណដល់ព្រះ ដែលទ្រង់បានបណ្តាលចិត្តទីតុស ឲ្យមានសេចក្តីឧស្សាហ៍នោះ ដល់អ្នករាល់គ្នាដែរ ១៧គាត់បានទទួលសេចក្តីទូន្មាននោះ តែដោយព្រោះគាត់មានសេចក្តីឧស្សាហ៍លើសទៅទៀត បានជាគាត់មកឯអ្នករាល់គ្នា តាមបំណងចិត្តគាត់វិញ ១៨ហើយយើងខ្ញុំបានចាត់បងប្អូនម្នាក់ ឲ្យមកជាមួយដែរ អ្នកនោះក៏មានល្បីឈ្មោះក្នុងដំណឹងល្អ នៅគ្រប់ទាំងពួកជំនុំ ១៩មិនតែប៉ុណ្ណោះ ពួកជំនុំទាំងប៉ុន្មានក៏រើសអ្នកនោះ ឲ្យបានដើរដំណើរជាមួយនឹងយើងខ្ញុំ ក្នុងការធ្វើទាននេះដែរ ជាការដែលយើងខ្ញុំទទួលរ៉ាប់រង សំរាប់ជាសិរីល្អដល់ព្រះអម្ចាស់ ហើយដើម្បីនឹងសំដែងសេចក្តីប្រុងប្រៀបរបស់អ្នករាល់គ្នា ២០ព្រមទាំងខំចៀសវាង មិនឲ្យគេបន្ទោសយើងខ្ញុំ ពីដំណើរទានដ៏បរិបូរនេះ ដែលយើងខ្ញុំទទួលរ៉ាប់រងឡើយ ២១ដ្បិតយើងខ្ញុំខំធ្វើការល្អ មិនមែននៅចំពោះព្រះអម្ចាស់តែប៉ុណ្ណោះ គឺនៅចំពោះមនុស្សលោកដែរ ២២យើងខ្ញុំក៏ចាត់បងប្អូនម្នាក់ ឲ្យទៅជាមួយនឹងគេ ជាអ្នកដែលយើងខ្ញុំបានលមើលជាញឹកញយ ហើយក៏ឃើញថា មានសេចក្តីឧស្សាហ៍ក្នុងការជាច្រើន ហើយឥឡូវនេះ គាត់មានចិត្តឧស្សាហ៍លើសទៅទៀត ដោយទុកចិត្តនឹងអ្នករាល់គ្នាជាខ្លាំង ២៣រីឯទីតុស គាត់ជាគូកនធ្វើការជាមួយនឹងខ្ញុំ នៅចំពោះអ្នករាល់គ្នា ឯពួកបងប្អូនយើងខ្ញុំឯទៀតនោះ គេជាពួកអ្នកដែលពួកជំនុំទាំងប៉ុន្មាន ចាត់ឲ្យធ្វើការ ហើយជាសិរីល្អនៃព្រះគ្រីស្ទ ២៤ដូច្នេះ ចូរសំដែងភស្តុតាងពីសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា ហើយពីសេចក្តីដែលយើងខ្ញុំបានអួតពីអ្នករាល់គ្នាចុះ ឲ្យអ្នកទាំងនោះបានឃើញ ព្រមទាំងនៅមុខពួកជំនុំទាំងអស់ផង។



៩ ១ឯត្រង់ការជំនួយជួយដល់ពួកបរិសុទ្ធ នោះមិនចាំបាច់ឲ្យខ្ញុំសរសេរ ផ្ញើមកអ្នករាល់គ្នាទេ ២ដ្បិតខ្ញុំស្គាល់សេចក្តីប្រុងប្រៀបរបស់អ្នករាល់គ្នាហើយ ក៏បានអួតដល់ពួកស្រុកម៉ាសេដូន ពីអ្នករាល់គ្នាខាងឯដំណើរនោះដែរថា ពួកស្រុកអាខៃបានប្រុងប្រៀបជាស្រេច តាំងតែពីឆ្នាំមុនមក ហើយសេចក្តីឧស្សាហ៍របស់អ្នករាល់គ្នាបានបណ្តាលចិត្តមនុស្សជាច្រើន ៣ខ្ញុំក៏បានចាត់ពួកបងប្អូននោះមក ក្រែងសេចក្តីអំនួតដែលយើងខ្ញុំអួតពីអ្នករាល់គ្នាក្នុងដំណើរនោះ បានទៅជាឥតប្រយោជន៍វិញ ដើម្បីឲ្យអ្នករាល់គ្នាបានរៀបចំជាស្រេច ដូចជាខ្ញុំបាននិយាយមកហើយ ៤ក្រែងមានពួកស្រុកម៉ាសេដូនមកជាមួយនឹងខ្ញុំវេលាណា មិនឃើញអ្នករាល់គ្នាបានរៀបចំទេ នោះមិនចាំថាតែអ្នករាល់គ្នានឹងខ្មាសប៉ុណ្ណោះ គឺយើងខ្ញុំក៏នឹងខ្មាសពីសេចក្តីអំនួត ដែលយើងខ្ញុំអួត ដោយទុកចិត្តនឹងអ្នករាល់គ្នាថែមទៀតផង ៥ដូច្នេះ ខ្ញុំបានរាប់ថា គួរនឹងទូន្មានពួកបងប្អូននោះ ឲ្យមកឯអ្នករាល់គ្នាជាមុន ដើម្បីនឹងបំពេញគុណអ្នករាល់គ្នានោះ ឲ្យបានហើយជាមុន ដូចជាបានប្រាប់តាំងពីមុនមកដែរ ប្រយោជន៍ឲ្យបានរាប់ជាគុណនៃអ្នករាល់គ្នាពិត មិនមែនដូចជាយើងខ្ញុំបោកយកទេ។

៦ខ្ញុំចង់និយាយដូច្នេះ គឺថា អ្នកណាដែលព្រោះដោយកំណាញ់ នោះនឹងច្រូតបានតិច ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានច្រើនវិញ ៧ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសំរេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ ៨ហើយព្រះទ្រង់អាចនឹងធ្វើឲ្យគ្រប់ទាំងព្រះគុណបានចំរើនដល់អ្នករាល់គ្នា ប្រយោជន៍ឲ្យមានទាំងអស់គ្រប់គ្រាន់ជានិច្ច ដើម្បីឲ្យបានចំរើនឡើងខាងឯការល្អគ្រប់ជំពូក ៩ដូចសេចក្តីដែលចែងទុកមកថា «ទ្រង់បានចែកសុសសាយ ទ្រង់បានប្រទានទៅពួកទ័លក្រ សេចក្តីសុចរិតទ្រង់នៅជាប់អស់កល្បជានិច្ច» ១០រីឯព្រះដែលទ្រង់ផ្គត់ផ្គង់ពូជ សំរាប់អ្នកដែលព្រោះ នឹងអាហារសំរាប់បរិភោគផង នោះទ្រង់នឹងផ្គត់ផ្គង់ ហើយចំរើនពូជដែលអ្នករាល់គ្នាព្រោះនោះដែរ ព្រមទាំងចំរើនផលពីការសុចរិតរបស់អ្នករាល់គ្នាផង ១១ដូច្នេះ អ្នករាល់គ្នានឹងបានចំរើនកាន់តែច្រើនឡើងគ្រប់ជំពូក សំរាប់ជាការសទ្ធាគ្រប់យ៉ាង ដែលនឹងបង្កើតសេចក្តីអរព្រះគុណដល់ព្រះ ដោយសារយើងរាល់គ្នា ១២ពីព្រោះការជំនួយជួយពួកបរិសុទ្ធនេះ មិនមែនគ្រាន់តែបំពេញសេចក្តីដែលគេត្រូវការប៉ុណ្ណោះ គឺបានចំរើនឡើងជាហូរហៀរដល់ព្រះដែរ ដោយសារពាក្យគេអរព្រះគុណជាច្រើន ១៣ហើយដោយគេឃើញភស្តុតាងពីការជំនួយនេះ នោះគេសរសើរដំកើងដល់ព្រះ ដោយព្រោះអ្នករាល់គ្នាសំដែងច្បាស់ថា ខ្លួនជាអ្នកចុះចូលតាមដំណឹងល្អនៃព្រះគ្រីស្ទពិត ហើយដោយព្រោះការសទ្ធាដែលអ្នករាល់គ្នាផ្ញើទៅគេ នឹងមនុស្សទាំងអស់ផង ១៤គេក៏អធិស្ឋានឲ្យអ្នករាល់គ្នា ដោយស្រឡាញ់ជាខ្លាំង ដោយព្រោះព្រះគុណនៃព្រះដ៏លើសលប់ ដែលសណ្ឋិតលើអ្នករាល់គ្នា ១៥អរព្រះគុណដល់ព្រះអង្គ ដោយព្រោះអំណោយទានទ្រង់ដ៏រកថ្លែងពុំបាន។



១០ ១ឯប៉ុលខ្ញុំ ដែលកាលណានៅជាមួយនឹងអ្នករាល់គ្នា នោះមានឫកពាជាថោកទាប តែកាលណាឃ្លាតចេញពីអ្នករាល់គ្នាទៅ នោះមានសេចក្តីក្លាហានចំពោះអ្នករាល់គ្នាវិញ ខ្ញុំទូន្មានអ្នករាល់គ្នា ដោយសេចក្តីសុភាពនឹងសេចក្តីសំឡូតរបស់ព្រះគ្រីស្ទ ២ក៏អង្វរអ្នករាល់គ្នាថា កាលណាខ្ញុំមកឯអ្នករាល់គ្នា នោះកុំឲ្យខ្ញុំត្រូវមានសេចក្តីក្លាហានតាមដែលខ្ញុំសំរេចថា នឹងមានចំពោះអ្នកខ្លះ ដែលស្មានថាយើងខ្ញុំដើរតាមសាច់ឈាមនោះឡើយ ៣ដ្បិតទោះបើយើងខ្ញុំដើរក្នុងសាច់ឈាមមែន គង់តែមិនតយុទ្ធតាមសាច់ឈាមទេ ៤ព្រោះគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើងខ្ញុំ មិនមែនជារបស់ខាងសាច់ឈាមទេ គឺជាឥទ្ធិឫទ្ធិដែលមកពីព្រះ សំរាប់នឹងរំលំទីមាំមួនវិញ ៥ដែលអាចនឹងរំលាយអស់ទាំងគំនិតដែលគេរិះគិត នឹងគ្រប់ទាំងសេចក្តីយ៉ាងខ្ពង់ខ្ពស់ ដែលលើកខ្លួនឡើងទាស់នឹងចំណេះនៃព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ ៦ក៏ប្រុងប្រៀបទុកជាស្រេច នឹងធ្វើទោសដល់គ្រប់ទាំងសេចក្តីរឹងចចេស ក្នុងកាលដែលអ្នករាល់គ្នាបានស្តាប់បង្គាប់គ្រប់ជំពូកហើយ។

៧អ្នករាល់គ្នាមើលតែឫកពាខាងក្រៅឬអី បើអ្នកណាជឿប្រាកដថា ខ្លួនជារបស់ផងព្រះគ្រីស្ទ នោះត្រូវពិចារណាសេចក្តីនេះ ដោយខ្លួនឯងទៀត គឺថា យើងខ្ញុំជារបស់ព្រះគ្រីស្ទដូចជាអ្នកនោះដែរ ៨ដ្បិតទោះបើខ្ញុំអួតខ្លួនហួសបន្តិច ពីអំណាចដែលព្រះអម្ចាស់បានប្រទានមកយើងខ្ញុំសំរាប់នឹងស្អាងចិត្តឡើង មិនមែនសំរាប់នឹងផ្តួលអ្នករាល់គ្នាទេ នោះគង់តែខ្ញុំមិនមានសេចក្តីខ្មាសដែរ ៩ក្រែងមើលទៅដូចជាខ្ញុំចង់បំភ័យអ្នករាល់គ្នា ដោយសារសំបុត្រ ១០ដ្បិតគេថា «សំបុត្រលោកមានពាក្យធ្ងន់ ហើយមានអំណាច តែកាលណាលោកនៅជាមួយ នោះលោកខ្សោយខាងរូបសាច់វិញ ហើយពាក្យសំដីលោកក៏គួរឲ្យមើលងាយដែរ» ១១ត្រូវឲ្យមនុស្សយ៉ាងនោះបានយល់ថា កាលណាយើងខ្ញុំនៅជាមួយ នោះយើងខ្ញុំនឹងប្រព្រឹត្ត ដូចជាយើងខ្ញុំបានសរសេរចុះក្នុងសំបុត្រ ពីកាលដែលមិនបាននៅជាមួយដែរ ១២ដ្បិតយើងខ្ញុំមិនហ៊ានរាប់ខ្លួនជាមួយនឹងពួកអ្នកនោះខ្លះ ឬផ្ទឹមខ្លួននឹងគេ ដែលផ្ទុកផ្តាក់ខ្លួនគេនោះឡើយ ពួកអ្នកនោះដែលគេវាស់ ហើយផ្ទឹមខ្លួននឹងខ្លួនគេ នោះគ្មានប្រាជ្ញាទេ ១៣រីឯយើងខ្ញុំៗមិនព្រមអួតពីការក្រៅខ្នាតរបស់យើងខ្ញុំឡើយ គឺអួតតាមតែមាត្រាខ្នាត ដែលព្រះដ៏ជាម្ចាស់នៃខ្នាត ទ្រង់បានចែកមកយើងខ្ញុំ ជាខ្នាតដែលបានលូកមករហូតដល់អ្នករាល់គ្នាផង ១៤ដ្បិតយើងខ្ញុំមិនមែនលូករំលងហួសខ្នាតយើងខ្ញុំ ទុកដូចជាខ្នាតនោះមិនដល់អ្នករាល់គ្នានោះទេ ពីព្រោះយើងខ្ញុំបានមកដល់អ្នករាល់គ្នា ក្នុងដំណឹងល្អនៃព្រះគ្រីស្ទដែរ ១៥ហើយយើងខ្ញុំមិនអួតពីការអ្វីក្រៅខ្នាត ដែលមនុស្សឯទៀតបានធ្វើនោះឡើយ ដ្បិតយើងខ្ញុំមានសេចក្តីសង្ឃឹមថា កាលណាសេចក្តីជំនឿរបស់អ្នករាល់គ្នា បានចំរើនឡើង នោះយើងខ្ញុំនឹងបានដំកើងធំឡើងជាបរិបូរ ក្នុងពួកអ្នករាល់គ្នា តាមមាត្រារបស់យើងខ្ញុំដែរ ១៦ប្រយោជន៍ឲ្យបានផ្សាយដំណឹងល្អ ទៅខាងនាយអ្នករាល់គ្នាទៅទៀត ឥតអួតពីការអ្វីដែលរៀបចំជាស្រេច ក្នុងមាត្រានៃមនុស្សឯទៀតឡើយ ១៧ឯអ្នកណាដែលអួត នោះត្រូវអួតតែក្នុងព្រះអម្ចាស់ប៉ុណ្ណោះ ១៨ដ្បិតមិនមែនជាអ្នកដែលផ្ទុកផ្តាក់ខ្លួនឯង ដែលបានលើកតាំងនោះទេ គឺជាអ្នកណាដែលព្រះអម្ចាស់ទ្រង់ផ្ទុកផ្តាក់វិញទេតើ។



១១ ១ឱបើសិនណាជាអ្នករាល់គ្នានឹងទ្រាំទ្រ ចំពោះសេចក្តីចំកួតរបស់ខ្ញុំបន្តិចទៅអេះ សូមអ្នករាល់គ្នាទ្រាំទ្រនឹងខ្ញុំចុះ ២ពីព្រោះខ្ញុំប្រចណ្ឌចំពោះអ្នករាល់គ្នា ដោយសេចក្តីប្រចណ្ឌនៃព្រះ ដ្បិតខ្ញុំបានបំរុងអ្នករាល់គ្នាទុក ឲ្យមានប្តីតែ១ ទុកដូចជាក្រមុំបរិសុទ្ធ គឺដើម្បីនឹងថ្វាយទៅព្រះគ្រីស្ទតែមួយប៉ុណ្ណោះ ៣តែខ្ញុំខ្លាចក្រែងគំនិតអ្នករាល់គ្នា ត្រូវបង្ខូចចេញពីសេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលយ៉ាងនោះដែរ ៤ពីព្រោះបើសិនជាមានអ្នកណាមក ប្រកាសប្រាប់ពីព្រះយេស៊ូវ១ទៀត ដែលយើងខ្ញុំមិនបានប្រកាសប្រាប់ ឬបើអ្នករាល់គ្នាទទួលវិញ្ញាណណាផ្សេងទៀត ដែលមិនបានទទួលពីដើម ឬដំណឹងណាផ្សេងទៀត ដែលមិនទទួលកាលពីមុន នោះអ្នករាល់គ្នានឹងទ្រាំទ្រវិញជាមិនខាន ៥ខ្ញុំស្មានថា ខ្លួនខ្ញុំមិនចាញ់ពួកសាវកយ៉ាងធំនោះ ក្នុងការអ្វីសោះឡើយ ៦ដ្បិតទោះបើខ្ញុំមិនប៉ិនប៉ាវខាងឯពាក្យសំដីក៏មែន ប៉ុន្តែខ្ញុំមិនមែនខ្សត់ខ្សោយខាងឯចំណេះទេ ហើយក្នុងគ្រប់ការទាំងអស់ យើងខ្ញុំបានសំដែង ឲ្យអ្នករាល់គ្នាស្គាល់ច្បាស់គ្រប់ជំពូកដែរ ៧កាលខ្ញុំបានផ្សាយដំណឹងល្អនៃព្រះមកអ្នករាល់គ្នាទទេ ទាំងបន្ទាបខ្លួនខ្ញុំឲ្យអ្នករាល់គ្នាបានថ្កើងឡើង នោះតើឈ្មោះថាខ្ញុំបានធ្វើបាបឬអី ៨ខ្ញុំបានបង្អត់ពួកជំនុំឯទៀត ដោយទទួលឈ្នួលពីគេ ដើម្បីនឹងយកមកបំរើអ្នករាល់គ្នាវិញ ៩ហើយកាលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា បើកាលណាខ្វះខាត នោះខ្ញុំមិនបានឲ្យអ្នកណាកើតទុក្ខទេ ដ្បិតពួកបងប្អូន ដែលមកពីស្រុកម៉ាសេដូន បានជួយបំពេញសេចក្តីដែលខ្ញុំខ្វះនោះហើយ ខ្ញុំមិនដែលឲ្យអ្នករាល់គ្នាកើតទុក្ខពីព្រោះខ្ញុំ ក្នុងការអ្វីសោះ ហើយទៅមុខក៏មិនដែលដែរ ១០ខ្ញុំប្រាប់ដោយនូវសេចក្តីពិតរបស់ព្រះគ្រីស្ទ ដែលនៅក្នុងខ្លួនខ្ញុំថា គ្មានអ្នកណាអាចនឹងបំបាត់សេចក្តីអំនួតនេះពីខ្ញុំ នៅក្នុងស្រុកអាខៃបានឡើយ ១១ចុះតើដោយហេតុអ្វី ដោយព្រោះខ្ញុំមិនស្រឡាញ់អ្នករាល់គ្នាឬអី នោះព្រះអង្គទ្រង់ជ្រាបហើយ ១២តែការដែលខ្ញុំធ្វើ ខ្ញុំនឹងចេះតែធ្វើទៅ ដើម្បីនឹងដកឱកាសចេញពីពួកអ្នកដែលរករឿង ប្រយោជន៍ឲ្យគេបានដូចជាយើងខ្ញុំ ក្នុងការអ្វីដែលគេអួតខ្លួននោះដែរ ១៣ដ្បិតមនុស្សយ៉ាងនោះជាសាវកក្លែងក្លាយ ជាអ្នកឆបោកដែលក្លែងខ្លួនធ្វើជាសាវកនៃព្រះគ្រីស្ទទេ ១៤ហើយសេចក្តីនោះមិនជាអស្ចារ្យឡើយ ព្រោះអារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ ១៥ដូច្នេះ បើអ្នកបំរើរបស់វាក្លែងខ្លួនធ្វើជាអ្នកបំរើសេចក្តីសុចរិតវិញ នោះមិនមែនជាការធំអ្វីទេ ឯចុងបំផុតរបស់គេនឹងបានត្រូវតាមអំពើដែលគេធ្វើដែរ។

១៦ខ្ញុំប្រាប់ម្តងទៀតថា កុំឲ្យអ្នកណារាប់ខ្ញុំទុកដូចជាល្ងង់ខ្លៅឡើយ តែបើរាប់ទុកជាល្ងង់ខ្លៅមែន នោះត្រូវទទួលខ្ញុំ ទុកដូចជាមនុស្សល្ងង់ខ្លៅដែរ ដើម្បីឲ្យខ្ញុំបានអួតខ្លួនបន្តិច ១៧សេចក្តីដែលខ្ញុំប្រាប់នេះ មិនមែនប្រាប់តាមព្រះអម្ចាស់ទេ គឺប្រាប់បែបដូចជាល្ងង់ខ្លៅវិញ ដោយស្មានថា ខ្ញុំមានកន្លែងអួតខ្លួនបានខ្លះ ១៨ដ្បិតដែលមានមនុស្សជាច្រើនអួតខ្លួនខាងសាច់ឈាម នោះខ្ញុំនឹងអួតដែរ ១៩ព្រោះអ្នករាល់គ្នាដែលមានប្រាជ្ញា នោះចេះតែទ្រាំទ្រនឹងមនុស្សល្ងង់ខ្លៅ ដោយស្មគ្រ័ពីចិត្តវិញ ២០ពីព្រោះអ្នករាល់គ្នាទ្រាំទ្រនឹងការដែលគេចាប់អ្នកប្រើ ឬស៊ីសាច់អ្នក ឬដណ្តើមយកអ្វីពីអ្នក ឬបើអ្នកណាដំកើងខ្លួនលើអ្នក ឬបើអ្នកណាទះកំផ្លៀងអ្នកនោះផង ២១ខ្ញុំនិយាយបែបជាបន្ទាបខ្លួន ទុកដូចជាយើងខ្ញុំខ្សោយមែន ប៉ុន្តែ ក្នុងការអ្វីដែលអ្នកណាហ៊ាន នោះខ្ញុំក៏ហ៊ានដែរ ខ្ញុំនិយាយនេះដោយសេចក្តីល្ងង់ខ្លៅ ២២តើគេជាពួកហេព្រើរឬអី ខ្ញុំក៏ដែរ គេជាសាសន៍អ៊ីស្រាអែលឬអី ខ្ញុំក៏ដែរ គេជាពូជលោកអ័ប្រាហាំឬអី ខ្ញុំក៏ដែរ ២៣គេជាអ្នកបំរើព្រះគ្រីស្ទឬអី (ខ្ញុំនិយាយបែបដូចជាវង្វេងស្មារតីហើយ) ខ្ញុំក៏លើសជាងគេទៅទៀត ក្នុងការនឿយហត់លើសជាងគេ ដោយត្រូវរំពាត់ហួសល្បត់ ទាំងត្រូវជាប់គុកច្រើនជាងគេ ក៏ដល់នូវភាពជិតស្លាប់ជាញឹកញយ ២៤ប្រាំដងហើយ សាសន៍យូដាវាយខ្ញុំ៤០រំពាត់ខ្វះ១ ២៥គេវាយខ្ញុំនឹងដំបង៣ដង គេចោលខ្ញុំនឹងថ្ម១ដង ខ្ញុំត្រូវសំពៅលិច៣ដង ខ្ញុំនៅនាសមុទ្រជ្រៅអស់១ថ្ងៃ១យប់ ២៦ខ្ញុំដើរដំណើរជាច្រើនក៏មានសេចក្តីអន្តរាយនៅទន្លេ អន្តរាយដោយពួកចោរប្លន់ អន្តរាយដោយសាសន៍របស់ខ្ញុំ អន្តរាយដោយសាសន៍ដទៃ ក៏អន្តរាយក្នុងទីក្រុង ក្នុងទីរហោស្ថាន ក្នុងសមុទ្រ ក្នុងពួកបងប្អូនក្លែងក្លាយដែរ ២៧ត្រូវនឿយហត់ ហើយលំបាក ត្រូវចាំយាមជាញយ ត្រូវស្រេកឃ្លាន ត្រូវអត់ជាញឹកញយ ត្រូវរងា ហើយត្រូវអាក្រាតផង ២៨ក្រៅពីការខាងសាច់ឈាមទាំងនោះ ក៏មានសេចក្តីកង្វល់ខាងឯពួកជំនុំទាំងប៉ុន្មាន ដែលប្រជ្រៀតមកលើខ្ញុំ រាល់តែថ្ងៃជានិច្ចថែមទៀត ២៩តើអ្នកឯណាខ្សោយ ហើយខ្ញុំមិនបានខ្សោយផង តើអ្នកឯណាអាក់អន់ចិត្ត ហើយខ្ញុំមិនឈឺឆ្អាលផង ៣០បើសិនជាគួរនឹងអួតខ្លួន នោះខ្ញុំនឹងអួតពីសេចក្តីកំសោយរបស់ខ្ញុំវិញ ៣១ព្រះដ៏ជាព្រះវរបិតានៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលមានព្រះពរអស់កល្បជានិច្ចទ្រង់ជ្រាបថា ខ្ញុំមិនកុហកទេ ៣២នៅក្រុងដាម៉ាស ចៅហ្វាយស្រុកនៃស្តេចអើរេតាស បានឲ្យគេចាំយាមទីក្រុងដោយចង់ចាប់ខ្ញុំ ៣៣ប៉ុន្តែ មានគេដាក់ខ្ញុំក្នុងកញ្ជើ សំរូតចុះតាមបង្អួចកំផែង ឲ្យខ្ញុំរួចពីកណ្តាប់ដៃលោកចេញ។



១២ ១ប្រាកដជាគ្មានប្រយោជន៍ឲ្យខ្ញុំអួតខ្លួនទេ ប៉ុន្តែខ្ញុំនឹងនិយាយពីការជាក់ស្តែង នឹងការបើកសំដែងមកពីព្រះអម្ចាស់ទៀត ២ខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុងព្រះគ្រីស្ទដែលបានលើកឡើងទៅស្ថានសួគ៌ នៅជាន់ទី៣ នោះប្រហែល១៤ឆ្នាំមកហើយ ទោះបើក្នុងរូបកាយ ឬក្រៅពីរូបកាយ នោះខ្ញុំមិនដឹងទេ មានតែព្រះដែលទ្រង់ជ្រាប ៣ខ្ញុំស្គាល់មនុស្សនោះ (ទោះបើក្នុងរូបកាយ ឬក្រៅពីរូបកាយក្តី ខ្ញុំមិនដឹងទេ មានតែព្រះដែលទ្រង់ជ្រាប) ថា ៤អ្នកនោះបានលើកឡើងដល់ស្ថានបរមសុខ ហើយបានឮពាក្យដែលថ្លែងប្រាប់មិនបាន ក៏គ្មានច្បាប់ឲ្យមនុស្សណានិយាយឡើយ ៥ខ្ញុំនឹងមានសេចក្តីអំនួតពីមនុស្សនោះ ខ្ញុំមិនអួតពីខ្លួនខ្ញុំទេ លើកតែពីសេចក្តីកំសោយរបស់ខ្ញុំចេញ ៦ទោះបើខ្ញុំចង់អួតខ្លួន នោះគង់តែខ្ញុំមិនមែនខ្លៅល្ងង់ទេ ដ្បិតខ្ញុំនិយាយតាមតែសេចក្តីពិត ប៉ុន្តែ ខ្ញុំឈប់ស្លេះចុះក្រែងអ្នកណារាប់ខ្ញុំ ទុកជាលើសជាងភាពដែលឃើញ ឬឮនិយាយពីខ្ញុំ។ ៧ហើយក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសំដែងដ៏ហួសល្បត់នោះ បានជាមានបន្លា១ចាត់មកក្នុងសាច់ឈាមខ្ញុំ គឺជាទេវតារបស់អារក្យសាតាំង ដែលមកធ្វើទុក្ខខ្ញុំ ដើម្បីកុំឲ្យខ្ញុំមានចិត្តធំទ្បើយ ៨ខ្ញុំបានសូមអង្វរដល់ព្រះអម្ចាស់៣ដង ឲ្យសេចក្តីនោះថយចេញពីខ្ញុំទៅ ៩តែទ្រង់មានបន្ទូលមកខ្ញុំថា គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំទ្បាំងអញបានពេញខ្នាត ដោយសេចក្តីកំសោយ ដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្តីកំសោយរបស់ខ្ញុំដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ ១០ហេតុនោះបានជាខ្ញុំអរសប្បាយ ក្នុងកាលដែលមានសេចក្តីកំសោយ ក្នុងកាលដែលគេត្មះតិះដៀល ក្នុងសេចក្តីលំបាក កាលគេធ្វើទុក្ខបៀតបៀនហើយក្នុងសេចក្តីដែលខ្ញុំត្រូវចង្អៀតចង្អល់ ដោយយល់ដល់ព្រះគ្រីស្ទ ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំទ្បាំងយ៉ាងចំណានវិញ។

១១ខ្ញុំបានត្រទ្បប់ជាល្ងង់ខ្លៅ ដោយសេចក្តីអំនួត គឺអ្នករាល់គ្នាបានបង្ខំខ្ញុំ ដ្បិតគួរឲ្យអ្នករាល់គ្នាបានផ្ទុកផ្តាក់ខ្ញុំវិញ ទោះបើខ្ញុំមិនមែនជាអ្វីក៏ដោយ គង់តែខ្ញុំមិនចាញ់ពួកសាវកធំណាមួយនោះទេ ១២ពិតមែន មានភស្តុតាងបានកើតទ្បើងក្នុងពួកអ្នករាល់គ្នា ដើម្បីនឹងបញ្ជាក់ការងារជាសាវករបស់ខ្ញុំ ដោយការអត់ធន់ ដោយទីសំគាល់ ការអស្ចារ្យ នឹងការឫទ្ធិបារមីគ្រប់យ៉ាង ១៣តើអ្នករាល់គ្នាបានចាញ់ពួកជំនុំឯទៀតទាំងប៉ុន្មានយ៉ាងណាខ្លះ លើកចេញតែការដែលខ្ញុំមិនឲ្យអ្នកណាព្រួយនឹងខ្ញុំ សូមអត់ទោសសេចក្តីកំហុសនេះឲ្យខ្ញុំផង។

១៤មើល ខ្ញុំរៀបនឹងមកឯអ្នករាល់គ្នា ជាគំរប់៣លើកនេះហើយ ខ្ញុំក៏មិនឲ្យអ្នកណាព្រួយនឹងខ្ញុំទៀត ដ្បិតខ្ញុំមិនរកចង់បានរបស់ទ្រព្យអ្នករាល់គ្នាទេ គឺរកតែខ្លួនអ្នករាល់គ្នាប៉ុណ្ណោះ ដ្បិតមិនគួរឲ្យកូនចៅត្រូវប្រមូលទុកឲ្យឪពុកម្តាយទេ គឺឪពុកម្តាយទេតើ ដែលត្រូវប្រមូលទុកឲ្យកូនវិញ ១៥ឯខ្ញុំៗសុខចិត្តនឹងចែកចាយ ហើយនឹងត្រូវហិនអស់រលីងទៅចុះ ដោយព្រោះព្រលឹងរបស់អ្នករាល់គ្នា ថ្វីបើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងឡើងប៉ុណ្ណា នោះអ្នករាល់គ្នាស្រឡាញ់ ខ្ញុំក៏កាន់តែថយចុះប៉ុណ្ណោះដែរ ១៦ទោះបើដូច្នោះក៏ដោយ គង់តែខ្ញុំមិនបានឲ្យអ្នកណាមួយព្រួយនឹងខ្ញុំឡើយ តែដោយខ្ញុំឆ្លាត បានជាខ្ញុំចាប់អ្នករាល់គ្នា ដោយឧបាយកល ១៧តើខ្ញុំបានចំណេញពីអ្នករាល់គ្នា ដោយសារអ្នកណាដែលខ្ញុំចាត់មកឬអី ១៨ខ្ញុំបានអង្វរអ្នកទីតុសឲ្យមក ហើយបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយដែរ តើទីតុសបានចំណេញពីអ្នករាល់គ្នាឬអី តើយើងទាំង២នាក់មិនបានដើរដោយគំនិតតែ១ ហើយតាមដានជើងដដែលទេឬអី។ ១៩មួយទៀត តើអ្នករាល់គ្នាគិតស្មានថា យើងខ្ញុំកំពុងតែដោះសានឹងអ្នករាល់គ្នាឬអី ឱពួកស្ងួនភ្ងាអើយ យើងខ្ញុំនិយាយក្នុងព្រះគ្រីស្ទនៅចំពោះព្រះ ហើយយើងខ្ញុំនិយាយគ្រប់ទាំងអស់នេះ សំរាប់នឹងស្អាងចិត្តអ្នករាល់គ្នាឡើងទេ ២០ដ្បិតខ្ញុំខ្លាចក្រែងកាលណាខ្ញុំមកដល់ នោះមិនឃើញអ្នករាល់គ្នា ដូចជាខ្ញុំចូលចិត្តនោះទេ ហើយអ្នករាល់គ្នាក៏មិនឃើញខ្ញុំ ដូចជាអ្នករាល់គ្នាចូលចិត្តដែរ ក្រែងកើតមានសេចក្តីឈ្លោះប្រកែក ឈ្នានីស គ្នាន់ក្នាញ់ បាក់បែក បរិហារ បង្កាច់ ឆ្មើងឆ្មៃ ហើយវឹកវរឡើង ២១ក្រែងកាលណាខ្ញុំមកម្តងទៀត នោះព្រះនៃខ្ញុំនឹងបន្ទាបខ្ញុំនៅចំពោះអ្នករាល់គ្នា ហើយខ្ញុំនឹងត្រូវយំនឹងមនុស្សជាច្រើន ដែលធ្វើបាបពីមុន តែមិនបានប្រែចិត្តចេញ ពីសេចក្តីស្មោកគ្រោក សេចក្តីកំផិត នឹងសេចក្តីអាសអាភាស ដែលគេបានប្រព្រឹត្តនោះឡើយ។



១៣ ១នេះជាគំរប់៣ដងហើយ ដែលខ្ញុំមកឯអ្នករាល់គ្នា គ្រប់ការទាំងអស់នឹងបានសំរេច ដោយនូវមាត់ស្មរបន្ទាល់២ឬ៣នាក់ ២ខ្ញុំបានប្រាប់កាលពីដើម ហើយឥឡូវនេះក៏និយាយទុកជាមុន ទុកដូចជាកាលបាននៅជាមួយនឹងអ្នករាល់គ្នា ក្នុងលើកទី២នោះនៅឡើយ ហើយសព្វថ្ងៃនេះដែលនៅឃ្លាតគ្នា ខ្ញុំសរសេរមកពួកអ្នកនោះ ដែលធ្វើបាបពីមុន ហើយទៅអ្នកឯទៀត ទាំងអស់ដែរថា បើខ្ញុំមកម្តងទៀត នោះខ្ញុំមិនត្រាប្រណីទេ ៣ដ្បិតអ្នករាល់គ្នារកភស្តុតាងពីព្រះគ្រីស្ទ ដែលទ្រង់មានបន្ទូលដោយសារខ្ញុំ (ដែលទ្រង់មិនខ្សោយចំពោះអ្នករាល់គ្នា គឺមានព្រះចេស្តាក្នុងអ្នករាល់គ្នាវិញ ៤ទោះបើទ្រង់ត្រូវគេឆ្កាង ដោយសេចក្តីកំសោយក៏ដោយ គង់តែទ្រង់មានព្រះជន្មរស់នៅ ដោយព្រះចេស្តានៃព្រះដែរ ព្រោះយើងខ្ញុំខ្សោយក្នុងទ្រង់មែន តែយើងខ្ញុំនឹងរស់នៅជាមួយនឹងទ្រង់ ដោយសារព្រះចេស្តានៃព្រះ ដែលផ្តល់មកអ្នករាល់គ្នាវិញ) ៥ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ តើអ្នករាល់គ្នាមិនយល់ឃើញថា ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ ៦តែខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងដឹងថា យើងខ្ញុំមិនត្រូវកាត់ចោលចេញទេ ៧ហើយខ្ញុំអធិស្ឋានដល់ព្រះ សូមកុំឲ្យអ្នករាល់គ្នាធ្វើការអាក្រក់អ្វីឡើយ មិនមែនដើម្បីឲ្យយើងខ្ញុំបានរាប់ជាគួរទេ គឺប្រយោជន៍ឲ្យអ្នករាល់គ្នាបានប្រព្រឹត្តសេចក្តីល្អតែប៉ុណ្ណោះ ហើយឲ្យយើងខ្ញុំទុកដូចជាត្រូវកាត់ចេញវិញចុះ ៨ដ្បិតយើងខ្ញុំពុំអាចនឹងធ្វើអ្វី ទាស់នឹងសេចក្តីពិតបានទេ ធ្វើបានតែអ្វីដែលសំរាប់សេចក្តីពិតវិញ ៩ពីព្រោះយើងខ្ញុំមានសេចក្តីអំណរ ក្នុងកាលដែលយើងខ្ញុំខ្សោយ ហើយអ្នករាល់គ្នាមានកំឡាំងឡើង តែយើងខ្ញុំអធិស្ឋានសូមសេចក្តីនេះទៀត គឺឲ្យពួកអ្នករាល់គ្នាបានគ្រប់លក្ខ័ណទាំងអស់គ្នា ១០ហេតុនោះបានជាកាលខ្ញុំនៅឃ្លាតពីអ្នករាល់គ្នា នោះខ្ញុំធ្វើសំបុត្រនេះ ក្រែងកាលណាខ្ញុំមកនៅជាមួយ នោះខ្ញុំនឹងប្រព្រឹត្តនឹងអ្នករាល់គ្នាដោយតឹងរឹង តាមអំណាចដែលព្រះអម្ចាស់បានប្រទានមកខ្ញុំ គឺសំរាប់នឹងស្អាងចិត្តឡើង មិនមែននឹងផ្តួលទេ។

១១ឯសេចក្តីឯទៀត បងប្អូនអើយ ចូរមានសេចក្តីអំណរ ចូរឲ្យបានគ្រប់លក្ខ័ណ ចូរឲ្យមានចិត្តក្សេមក្សាន្ត ចូរមានគំនិតដូចគ្នា ចូរនៅដោយមេត្រីនឹងគ្នាចុះ នោះព្រះនៃសេចក្តីស្រឡាញ់ នឹងសេចក្តីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយនឹងអ្នករាល់គ្នា ១២សូមជំរាបសួរគ្នាទៅវិញទៅមក ដោយថើបយ៉ាងបរិសុទ្ធ។ ១៣ពួកបរិសុទ្ធគ្រប់គ្នាសូមជំរាបសួរមកអ្នករាល់គ្នា។

១៤សូមឲ្យអ្នករាល់គ្នា បានប្រកបដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ នឹងសេចក្តីស្រឡាញ់របស់ព្រះ ហើយនឹងសេចក្តីរួបរួមគ្នានឹងព្រះវិញ្ញាណបរិសុទ្ធ។ អាម៉ែន។៚



AMAZING GRACE BIBLE INSITIUTE