សំបុត្រទី១របស់យ៉ូហាន១ ១ឯសេចក្តីដែលមានតាំងពីដើមមក ដែលយើងខ្ញុំបានឮ ហើយភ្នែកបានឃើញ ក៏បានមើល ហើយដៃបានប៉ះពាល់ ខាងឯព្រះបន្ទូលនៃជីវិត ២ដ្បិតព្រះដ៏ជាជីវិត ទ្រង់បានលេចមកហើយ យើងខ្ញុំបានឃើញទ្រង់ ក៏ធ្វើជាទីបន្ទាល់ ប្រាប់ដល់អ្នករាល់គ្នា ពីជីវិតនោះដ៏រស់នៅអស់កល្បជានិច្ច ដែលពីដើមស្ថិតនៅនឹងព្រះវរបិតា ហើយបានលេចមកឲ្យយើងខ្ញុំឃើញ ៣ដូច្នេះ សេចក្តីដែលយើងខ្ញុំបានឃើញ ហើយឮនោះ យើងខ្ញុំប្រាប់មកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីប្រកបនឹងយើងខ្ញុំដែរ រីឯសេចក្តីប្រកបរបស់យើងខ្ញុំ នោះគឺប្រកបនឹងព្រះវរបិតាហើយនឹងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាទ្រង់ ៤យើងខ្ញុំក៏សរសេរសេចក្តីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដើម្បីឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញឡើង។ ៥នេះជាដំណឹង ដែលយើងខ្ញុំបានឮពីទ្រង់ ហើយក៏ប្រាប់មកអ្នករាល់គ្នា គឺថា ព្រះទ្រង់ជាពន្លឺភ្លឺ គ្មានសេចក្តីងងឹតណា នៅក្នុងទ្រង់សោះ ៦បើសិនជាយើងរាល់គ្នាថា យើងមានសេចក្តីប្រកបនឹងទ្រង់ តែដើរក្នុងសេចក្តីងងឹតវិញ នោះឈ្មោះថាយើងកុហក ហើយមិនប្រព្រឹត្តតាមសេចក្តីពិតទេ ៧តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមានសេចក្តីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់ ៨បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្តីពិតមិនស្ថិតនៅក្នុងយើងទេ ៩បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង ១០បើយើងថា យើងមិនដែលធ្វើបាបសោះ នោះឈ្មោះថាយើងធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ហើយព្រះបន្ទូលទ្រង់មិននៅក្នុងយើងទេ។ ២ ១កូនតូចៗរាល់គ្នាអើយ ដែលខ្ញុំសរសេរសេចក្តីទាំងនេះផ្ញើមក នោះដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាបទៀត តែបើសិនជាអ្នកណាភ្លាត់ធ្វើបាបវិញ នោះយើងមានព្រះដ៏ជាជំនួយួ១អង្គហើយ ដែលទ្រង់គង់នៅចំពោះព្រះវរបិតា គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត ២ដែលទ្រង់ជាដង្វាយធួននឹងបាបយើងរាល់គ្នា មិនត្រឹមតែបាបរបស់យើងរាល់គ្នាតែប៉ុណ្ណោះ គឺនឹងបាបរបស់លោកីយទាំងមូលដែរ។ ៣យើងរាល់គ្នាដឹងថា យើងស្គាល់ទ្រង់ដោយសារសេចក្តីនេះ គឺដោយយើងកាន់តាមបញ្ញត្តរបស់ទ្រង់ ៤អ្នកណាដែលថា បានស្គាល់ទ្រង់តែមិនកាន់តាមបញ្ញត្តទ្រង់ទេ អ្នកនោះឈ្មោះថាជាអ្នកកុហក ហើយសេចក្តីពិតមិននៅក្នុងអ្នកនោះឡើយ ៥តែអ្នកណាដែលកាន់តាមព្រះបន្ទូលទ្រង់វិញ នោះប្រាកដជាសេចក្តីស្រឡាញ់នៃព្រះបានពេញខ្នាត នៅក្នុងអ្នកនោះ ហើយគឺដោយសេចក្តីនោះឯង ដែលយើងដឹងថា យើងនៅក្នុងទ្រង់ ៦អ្នកណាដែលថាខ្លួននៅក្នុងទ្រង់ នោះត្រូវតែប្រព្រឹត្តដូចជាទ្រង់ដែរ។ ៧ពួកស្ងួនភ្ងាអើយ សេចក្តីដែលខ្ញុំសរសេរ ផ្ញើមកអ្នករាល់គ្នា នោះមិនមែនជាបញ្ញត្តថ្មីទេ គឺជាបញ្ញត្តចាស់ដដែល ដែលអ្នករាល់គ្នាមានតាំងពីដើមមក ឯបញ្ញត្តចាស់នោះ គឺជាព្រះបន្ទូល ដែលអ្នករាល់គ្នាបានឮហើយ ៨ខ្ញុំក៏សរសេរបញ្ញាត្ត១ថ្មីទៀតផ្ញើមកអ្នករាល់គ្នា ជាសេចក្តីពិតដែលនៅក្នុងទ្រង់ ហើយក្នុងអ្នករាល់គ្នាដែរ ដ្បិតសេចក្តីងងឹតកំពុងតែបាត់ទៅ ហើយពន្លឺដ៏ពិតបានភ្លឺឡើង ៩អ្នកណាដែលថា ខ្លួននៅក្នុងពន្លឺ តែស្អប់ដល់បងប្អូននោះឈ្មោះថានៅក្នុងសេចក្តីងងឹត ដរាបដល់សព្វថ្ងៃនេះ ១០ឯអ្នកណាដែលស្រឡាញ់ដល់បងប្អូនខ្លួន នោះតែងនៅក្នុងពន្លឺវិញ ហើយនៅក្នុងអ្នកនោះគ្មានហេតុណា នឹងបង្អាក់បង្អន់ចិត្តគេឡើយ ១១តែអ្នកណាដែលស្អប់ដល់បងប្អូន នោះឈ្មោះថានៅក្នុងសេចក្តីងងឹតវិញ ក៏ដើរក្នុងសេចក្តីងងឹត ហើយមិនដឹងជាខ្លួនទៅឯណាផង ពីព្រោះសេចក្តីងងឹតនោះបានបំបាំងភ្នែកហើយ។ ១២កូនតូចៗរាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះទ្រង់បានអត់ទោសបាបរបស់អ្នករាល់គ្នាហើយ ដោយយល់ដល់ព្រះនាមទ្រង់ ១៣ឪពុករាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះ ដែលទ្រង់គង់នៅតាំងពីដើមរៀងមក កំឡោះរាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានឈ្នះមេកំណាចហើយ ក្មេងរាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះវរបិតា ១៤ឪពុករាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះដែលគង់នៅតាំងពីដើមរៀងមក កំឡោះរាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះមានកំឡាំង ហើយព្រះបន្ទូលក៏ស្ថិតនៅក្នុងអ្នករាល់គ្នា អ្នករាល់គ្នាបានឈ្នះមេកំណាចហើយ ១៥កុំឲ្យស្រឡាញ់លោកីយ ឬរបស់អ្វីដែលនៅក្នុងលោកីយនេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ អ្នកនោះគ្មានសេចក្តីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ ១៦ដ្បិតអស់ទាំងសេចក្តី ដែលនៅក្នុងលោកីយនេះ គឺជាសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម នឹងសេចក្តីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្តីអំនួតរបស់ជិវិត នោះមិនកើតមកពីព្រះវរបិតាទេ គឺមកតែពីលោកិយនេះវិញ ១៧ឯលោកីយនេះ នឹងសេចក្តីប៉ងប្រាថ្នារបស់វានោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ។ ១៨ក្មេងរាល់គ្នាអើយ នេះជាពេលម៉ោងក្រោយបង្អស់ហើយ សព្វថ្ងៃនេះកើតមានពួកទទឹងនឹងព្រះគ្រីស្ទជាច្រើន ដូចជាអ្នករាល់គ្នាបានឮហើយថា អាទទឹងនឹងព្រះគ្រីស្ទត្រូវមក ហេតុនោះបានជាយើងដឹងថា នេះជាពេលម៉ោងក្រោយបង្អស់ ១៩គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាពួកយើងមែន នោះនឹងបាននៅជាប់ជាមួយនឹងយើង ហើយតែដែលគេបានចេញទៅនោះ ដើម្បីនឹងសំដែងពីគេថា គ្រប់គ្នាមិនមែនជាពួកយើងទេ ២០រីឯអ្នករាល់គ្នា បានព្រះដ៏បរិសុទ្ធចាក់លាបឲ្យហើយក៏ចេះគ្រប់ទាំងអស់ផង ២១ខ្ញុំសរសេរផ្ញើមក មិនមែនដោយព្រោះអ្នករាល់គ្នាមិនស្គាល់សេចក្តីពិតទេ គឺដោយព្រោះបានស្គាល់ហើយ ក៏ដឹងថា គ្មានសេចក្តីភូតភរណាកើតពីសេចក្តីពិតនោះឡើយ ២២តើអ្នកណាជាអ្នកកុហក បើមិនមែនជាអ្នកដែលប្រកែកថា ព្រះយេស៊ូវមិនមែនជាព្រះគ្រីស្ទនោះទេ អ្នកណាដែលមិនព្រមទទួលស្គាល់ទាំងព្រះវរបិតា នឹងព្រះរាជបុត្រាផង អ្នកនោះហើយជាអ្នកដែលទទឹងនឹងព្រះគ្រីស្ទ ២៣ឯអស់អ្នកណាដែលមិនព្រមទទួលស្គាល់ព្រះរាជបុត្រា នោះក៏គ្មានព្រះវរបិតាដែរ តែអ្នកណាដែលព្រមទទួលស្គាល់ព្រះរាជបុត្រា នោះក៏មានទាំងព្រះវរបិតាផង ២៤ដូច្នេះ ចូរឲ្យសេចក្តីដែលអ្នករាល់គ្នាបានឮពីដើមមក បាននៅជាប់ក្នុងខ្លួនចុះ បើសិនជាសេចក្តីដែលឮតាំងពីដើមមក បាននៅជាប់ក្នុងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នានឹងនៅជាប់ក្នុងព្រះរាជបុត្រា ហើយក្នុងព្រះវរបិតាដែរ ២៥នេះហើយ ជាសេចក្តីដែលទ្រង់បានសន្យានឹងយើងរាល់គ្នា គឺជាជីវិតដ៏រស់នៅអស់កល្បជានិច្ច។ ២៦ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីដំណើរនៃពួកអ្នកដែលនាំអ្នករាល់គ្នាឲ្យវង្វេង ២៧រីឯដំណើរដែលទ្រង់ចាក់លាបឲ្យ នោះក៏នៅជាប់នឹងអ្នករាល់គ្នាពិត ហើយអ្នករាល់គ្នាមិនត្រូវការ ឲ្យអ្នកណាបង្រៀនពីការអ្វីទេ ប៉ុន្តែ ដូចជាដំណើរចាក់លាបនោះ បានបង្រៀនពីគ្រប់ការទាំងអស់ ហើយមិនមែនជាសេចក្តីកំភូតទេ គឺជាសេចក្តីពិតវិញ នោះត្រូវឲ្យអ្នករាល់គ្នានៅជាប់ក្នុងទ្រង់ចុះ តាមដែលដំណើរនោះបានបង្រៀនមក ២៨ហើយឥឡូវនេះ ពួកកូនតូចៗអើយ ចូរនៅជាប់ក្នុងទ្រង់ចុះ ដើម្បីកាលណាទ្រង់លេចមក នោះយើងខ្ញុំនឹងមានចិត្តក្លាហាន ឥតត្រូវការនឹងខ្មាសនៅចំពោះទ្រង់ ក្នុងកាលដែលទ្រង់យាងមកនោះឡើយ ២៩បើអ្នករាល់គ្នាដឹងថា ទ្រង់សុចរិត នោះត្រូវតែយល់ឃើញថា អស់អ្នកណាដែលប្រព្រឹត្តតាមសេចក្តីសុចរិតនោះ គេបានកើតពីទ្រង់មកដែរ។ ៣ ១មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៏ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ គឺដោយហេតុនោះបានជាលោកីយមិនស្គាល់យើងទេ ពីព្រោះមិនស្គាល់ទ្រង់ដែរ ២ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងរាល់គ្នាជាកូនព្រះហើយ តែដែលយើងរាល់គ្នានឹងបានទៅជាយ៉ាងណាទៀត នោះមិនទាន់សំដែងមកនៅឡើយ ប៉ុន្តែ យើងដឹងថាកាលណាទ្រង់លេចមក នោះយើងនឹងបានដូចជាទ្រង់ ដ្បិតដែលទ្រង់យ៉ាងណា នោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង ៣អស់អ្នកណាដែលមានសេចក្តីសង្ឃឹមយ៉ាងនេះដល់ទ្រង់ នោះក៏តែងជំរះសំអាតចិត្តខ្លួន ឲ្យដូចទ្រង់ដែលស្អាតដែរ ៤ឯអស់អ្នកណាដែលប្រព្រឹត្តអំពើបាបវិញ នោះក៏ឈ្មោះថា ប្រព្រឹត្តរំលងក្រិត្យវិន័យដែរ ដ្បិតអំពើបាបជាការរំលងក្រិត្យវិន័យហើយ ៥អ្នករាល់គ្នាដឹងហើយ ថាទ្រង់បានលេចមក ដើម្បីនឹងដោះបាបយើងចេញ ហើយក៏នៅក្នុងទ្រង់ នោះគ្មានបាបសោះ ៦ឯអស់អ្នកណាដែលនៅជាប់ក្នុងទ្រង់ នោះមិនដែលធ្វើបាបទេ តែពួកអ្នកដែលធ្វើបាបវិញ គេមិនបានឃើញទ្រង់ឡើយ ក៏មិនស្គាល់ទ្រង់ផង។ ៧កូនតូចៗរាល់គ្នាអើយ ចូរកុំឲ្យអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេងឡើយ អ្នកណាដែលប្រព្រឹត្តសេចក្តីសុចរិត នោះឈ្មោះថាសុចរិតហើយ ដូចជាទ្រង់ក៏សុចរិតដែរ ៨តែអ្នកណាដែលប្រព្រឹត្តអំពើបាបវិញ នោះគឺមកពីអារក្សទេ ពីព្រោះអារក្សបានធ្វើបាបចាប់តាំងពីដើមរៀងមក ដោយហេតុនោះបានជាព្រះរាជបុត្រានៃព្រះបានលេចមក គឺដើម្បីនឹងបំផ្លាញការរបស់អារក្សចេញ ៩អស់អ្នកណាដែលកើតពីព្រះ នោះមិនដែលប្រព្រឹត្តអំពើបាបទេ ពីព្រោះពូជព្រះនៅក្នុងអ្នកនោះឯង បានជាពុំអាចនឹងធ្វើបាបបានឡើយ ដ្បិតបានកើតពីព្រះមក ១០គឺយ៉ាងនោះហើយ ដែលនឹងសំគាល់ថាជាពួកកូនព្រះ ឬពួកកូនអារក្សទៅបាន ឯអ្នកណាដែលមិនប្រព្រឹត្តសេចក្តីសុចរិត ហើយមិនស្រឡាញ់ដល់បងប្អូន នោះមិនមែនមកពីព្រះទេ ១១ដ្បិតនេះឯងជាសេចក្តី ដែលអ្នករាល់គ្នាបានឮពីដើមរៀងមក គឺថាត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក ១២មិនមែនដូចជាកាអ៊ីន ដែលកើតពីមេកំណាចមក ហើយបានសំឡាប់ប្អូនខ្លួននោះឡើយ ចុះតើហេតុអ្វីបានជាសំឡាប់ប្អូន គឺពីព្រោះតែការរបស់គាត់សុទ្ធតែអាក្រក់ ហើយការរបស់ប្អូនសុទ្ធតែល្អវិញប៉ុណ្ណោះ។ ១៣បងប្អូនអើយ បើលោកីយស្អប់អ្នករាល់គ្នា នោះកុំឲ្យឆ្ងល់ឡើយ ១៤យើងរាល់គ្នាដឹងថា យើងបានកន្លងផុតពីសេចក្តីស្លាប់ ទៅដល់ជីវិតហើយ ពីព្រោះយើងស្រឡាញ់ដល់ពួកបងប្អូន ឯអ្នកណាដែលមិនស្រឡាញ់បងប្អូន អ្នកនោះជាអ្នកនៅជាប់ក្នុងសេចក្តីស្លាប់នៅឡើយ ១៥អ្នកណាដែលមានចិត្តស្អប់ដល់បងប្អូន នោះឈ្មោះថា ជាអ្នកសំឡាប់គេ ហើយអ្នករាល់គ្នាដឹងហើយ ថាគ្មានអ្នកសំឡាប់គេណាមួយ ដែលមានជីវិតដ៏រស់អស់កល្បជានិច្ចនៅក្នុងខ្លួនឡើយ ១៦ដោយសារសេចក្តីនេះ យើងរាល់គ្នាបានស្គាល់សេចក្តីស្រឡាញ់ គឺដោយទ្រង់បានស៊ូប្តូរព្រះជន្មទ្រង់ជំនួសយើង ដូច្នេះ គួរឲ្យយើងប្តូរជីវិតយើងជំនួសបងប្អូនដែរ ១៧បើអ្នកណាមានភោគសម្បត្តិរបស់លោកីយនេះ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតមេត្តាសោះ នោះធ្វើដូចម្តេច ឲ្យសេចក្តីស្រឡាញ់នៃព្រះ បានស្ថិតនៅក្នុងអ្នកនោះបាន។ ១៨ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ ដោយពាក្យសំដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត នឹងសេចក្តីពិតវិញ ១៩គឺយ៉ាងនោះឯងដែលយើងនឹងដឹងថា យើងកើតមកពីសេចក្តីពិត ហើយយើងនឹងបានកំឡាចិត្ត នៅចំពោះទ្រង់ផង ២០ដ្បិតបើសិនជាចិត្តយើងចោទប្រកាន់ខ្លួន នោះព្រះទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង ២១ពួកស្ងួនភ្ងាអើយ បើចិត្តយើងមិនចោទប្រកាន់ចំពោះខ្លួនទេ នោះយើងមានសេចក្តីក្លាហាននៅចំពោះព្រះ ២២ហើយទោះបើយើងសូមអ្វីពីទ្រង់ក៏ដោយ គង់តែនឹងបានសំរេច ពីព្រោះយើងកាន់តាមបញ្ញត្តទ្រង់ ហើយក៏ប្រព្រឹត្តការដែលគាប់ព្រះហឫទ័យដល់ទ្រង់ដែរ ២៣ឯបញ្ញត្តទ្រង់នោះ គឺថា ត្រូវឲ្យយើងជឿដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ហើយត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចជាទ្រង់បានបង្គាប់មកហើយ ២៤អ្នកណាដែលកាន់តាមបញ្ញត្តទ្រង់ នោះឈ្មោះថានៅជាប់ក្នុងទ្រង់ហើយ ទ្រង់ក៏គង់នៅក្នុងអ្នកនោះដែរ យើងដឹងថា ទ្រង់គង់នៅក្នុងយើង ដោយសារព្រះវិញ្ញាណដែលទ្រង់ប្រទានមក។ ៤ ១ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ ចូរល្បងវិញ្ញាណទាំងអស់វិញ ដើម្បីឲ្យបានដឹងជាមកពីព្រះ ឬមិនមែន ដ្បិតមានហោរាក្លែងក្លាយជាច្រើនកើតមកក្នុងលោកីយនេះហើយ ២យើងនឹងសំគាល់ព្រះវិញ្ញាណនៃព្រះបានដូច្នេះ គឺអស់ទាំងវិញ្ញាណណាដែលថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាម គឺវិញ្ញាណនោះហើយ ដែលមកពីព្រះ ៣តែវិញ្ញាណណាដែលមិនព្រមថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះមិនមែនមកពីព្រះឡើយ គឺជាវិញ្ញាណរបស់អាទទឹងនឹងព្រះគ្រីស្ទវិញ ដែលអ្នករាល់គ្នាបានឮនិយាយថា ត្រូវមកតែឥឡូវនេះ ក៏នៅក្នុងលោកីយហើយ ៤ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ពីព្រោះព្រះដែលគង់ក្នុងអ្នករាល់គ្នា នោះទ្រង់ធំជាងអានោះ ដែលនៅក្នុងលោកីយផង ៥ពួកនោះមកពីលោកីយទេ ដោយហេតុនោះបានជាគេនិយាយតាមភាពលោកីយ ហើយលោកីយក៏ស្តាប់គេដែរ ៦ឯយើងរាល់គ្នា ជាអ្នកមកពីព្រះវិញ ហើយអ្នកណាដែលស្គាល់ព្រះ នោះក៏ស្តាប់យើងខ្ញុំ តែអ្នកណាដែលមិនមកពីព្រះទេ នោះមិនព្រមស្តាប់យើងខ្ញុំឡើយ គឺយ៉ាងនោះឯង ដែលយើងនឹងស្គាល់វិញ្ញាណនៃសេចក្តីពិត នឹងវិញ្ញាណនៃសេចក្តីខុសឆ្គងទៅបាន។ ៧ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្តីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្តីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ ៨តែអ្នកណាដែលគ្មានសេចក្តីស្រឡាញ់ នោះមិនស្គាល់ព្រះវិញ ពីព្រោះព្រះទ្រង់ជាសេចក្តីស្រឡាញ់នោះឯង ៩សេចក្តីស្រឡាញ់របស់ព្រះបានសំដែងមកឲ្យយើងខ្ញុំស្គាល់ ដោយទ្រង់ចាត់ព្រះរាជបុត្រាទ្រង់តែ១ ឲ្យមកក្នុងលោកីយ ដើម្បីឲ្យយើងរាល់គ្នាបានរស់ដោយសារទ្រង់ ១០នេះហើយជាសេចក្តីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង ១១ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងដល់ម៉្លេះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ ១២គ្មានអ្នកណាដែលឃើញព្រះឡើយ តែបើយើងស្រឡាញ់គ្នាទៅវិញទៅមក នោះព្រះទ្រង់គង់នៅក្នុងយើង ហើយសេចក្តីស្រឡាញ់របស់ទ្រង់បានពេញខ្នាតក្នុងយើងដែរ ១៣គឺយ៉ាងនោះឯងដែលយើងដឹងថា យើងនៅជាប់ក្នុងទ្រង់ ហើយទ្រង់ក៏គង់នៅក្នុងយើង ពីព្រោះទ្រង់បានប្រទានព្រះវិញ្ញាណទ្រង់មកយើងរាល់គ្នា ១៤ហើយយើងបានឃើញ ក៏ធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រាមកធ្វើជាព្រះអង្គសង្គ្រោះនៃមនុស្សលោក។ ១៥អ្នកណាដែលយល់ព្រមថា ព្រះយេស៊ូជាព្រះរាជបុត្រានៃព្រះ អ្នកនោះឈ្មោះថា មានព្រះគង់នៅក្នុងខ្លួនពិត ហើយខ្លួនក៏នៅក្នុងព្រះដែរ ១៦យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានដល់យើង ព្រះទ្រង់ជាតួសេចក្តីស្រឡាញ់ ឯអ្នកណាដែលនៅជាប់ក្នុងសេចក្តីស្រឡាញ់ នោះក៏បាននៅជាប់ក្នុងព្រះ ហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរ ១៧គឺយ៉ាងនោះហើយ ដែលសេចក្តីស្រឡាញ់បានពេញខ្នាតក្នុងយើង ដើម្បីឲ្យយើងមានសេចក្តីក្លាហាននៅថ្ងៃជំនុំជំរះ ដ្បិតដែលព្រះទ្រង់ជាយ៉ាងណា នោះយើងរាល់គ្នាក៏យ៉ាងនោះ នៅក្នុងលោកីយនេះដែរ ១៨គ្មានសេចក្តីភ័យខ្លាចណា នៅក្នុងសេចក្តីស្រឡាញ់ឡើយ សេចក្តីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញសេចក្តីភ័យខ្លាចចេញ ពីព្រោះសេចក្តីភ័យខ្លាចតែងជាប់មានសេចក្តីវេទនា ហើយអ្នកណាដែលមានសេចក្តីភ័យខ្លាច នោះមិនទាន់បានពេញខ្នាត ខាងឯសេចក្តីស្រឡាញ់នៅឡើយទេ ១៩ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន។ ២០បើអ្នកណាថា ខ្លួនស្រឡាញ់ព្រះ តែស្អប់ដល់បងប្អូនវិញ អ្នកនោះជាអ្នកកុហក ដ្បិតអ្នកណាដែលមិនស្រឡាញ់បងប្អូន ដែលបានមើលឃើញទៅហើយ នោះធ្វើដូចម្តេចឡើយ ឲ្យស្រឡាញ់ដល់ព្រះ ដែលមើលមិនឃើញទៅបាន ២១មួយទៀត យើងបានទទួលបញ្ញត្តនេះពីព្រះមកថា អ្នកណាដែលស្រឡាញ់ដល់ព្រះ នោះត្រូវតែស្រឡាញ់ដល់បងប្អូនដែរ។ ៥ ១អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទអ្នកនោះបានកើតពីព្រះមក ហើយអស់ទាំងអ្នកណាដែលស្រឡាញ់ព្រះដ៏បង្កើតខ្លួនមក នោះក៏រមែងស្រឡាញ់ដល់អស់អ្នកឯទៀត ដែលកើតពីទ្រង់មកដែរ ២កាលណាយើងស្រឡាញ់ដល់ព្រះ ហើយកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ នោះយើងដឹងថា យើងស្រឡាញ់ដល់ពួកកូនរបស់ព្រះដែរ ៣ដ្បិតនេះហើយជាសេចក្តីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ ៤ពីព្រោះគ្រប់ទាំងអស់ដែលកើតពីព្រះមក នោះបានឈ្នះលោកីយហើយ ឯជ័យជំនះដែលឈ្នះលោកីយនោះ គឺជាសេចក្តីជំនឿរបស់យើង ៥តើអ្នកណាជាអ្នកឈ្នះលោកីយ បើមិនមែនជាអ្នកដែលជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ។ ៦គឺព្រះយេស៊ូវគ្រីស្ទនេះហើយ ដែលយាងមកដោយទឹក ហើយនឹងឈាម មិនមែនដោយទឹកតែប៉ុណ្ណោះ គឺទាំងទឹកទាំងឈាមផង គឺជាព្រះវិញ្ញាណដែលធ្វើបន្ទាល់ ដ្បិតព្រះវិញ្ញាណទ្រង់ជាសេចក្តីពិត ៧មានសាក្សី៣អង្គ ដែលធ្វើបន្ទាល់នៅស្ថានសួគ៌ គឺជាព្រះវរបិតា១ ព្រះបន្ទូល១ នឹងព្រះវិញ្ញាណបរិសុទ្ធ១ តែទាំង៣អង្គនេះរួមមកតែ១ទេ ៨ហើយមាន៣មុខទៀត ដែលធ្វើបន្ទាល់នៅផែនដីដែរ គឺជាព្រះវិញ្ញាណ១ ទឹក១ នឹងឈាម១ ទាំង៣នេះក៏ត្រូវគ្នាដែរ ៩បើសិនជាយើងបានទទួលសេចក្តីបន្ទាល់របស់មនុស្សទៅហើយ នោះសេចក្តីបន្ទាល់របស់ព្រះក៏ប្រសើរជាងទៅទៀត ដ្បិតសេចក្តីបន្ទាល់របស់ព្រះ គឺជាសេចក្តីដែលទ្រង់ថ្លែងប្រាប់ពីព្រះរាជបុត្រានៃទ្រង់ ១០អ្នកណាដែលជឿដល់ព្រះរាជបុត្រានៃព្រះនោះ មានសេចក្តីបន្ទាល់ នៅក្នុងខ្លួនហើយ តែអ្នកណាដែលមិនជឿដល់ព្រះសោះ នោះឈ្មោះថា បានធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ពីព្រោះមិនបានជឿដល់សេចក្តីបន្ទាល់ ដែលទ្រង់បានធ្វើពីដំណើរព្រះរាជបុត្រានៃទ្រង់ ១១នេះហើយជាសេចក្តីបន្ទាល់នោះ គឺថាព្រះទ្រង់បានប្រទានជីវិតដ៏នៅអស់កល្បជានិច្ចមកយើងរាល់គ្នា ហើយជីវិតនោះ គឺនៅក្នុងព្រះរាជបុត្រានៃទ្រង់ ១២ឯអ្នកណាដែលមានព្រះរាជបុត្រា នោះក៏មានជីវិតដែរ តែអ្នកណាដែលគ្មានព្រះរាជបុត្រានៃព្រះទេ នោះគ្មានជីវិតឡើយ។ ១៣ខ្ញុំបានសរសេរសេចក្តីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដែលជឿដល់ព្រះនាមព្រះរាជបុត្រានៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ ១៤យើងក៏មានសេចក្តីក្លាហាន ដល់ទ្រង់យ៉ាងដូច្នេះដែរ គឺថា បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម ១៥បើយើងដឹងថា ទ្រង់ទទួលព្រមតាមយើង ក្នុងការអ្វីដែលយើងសូមដូច្នេះ នោះយើងក៏ដឹងថា យើងបានអ្វីដែលយើងសូមពីទ្រង់ហើយដែរ។ ១៦បើអ្នកណាឃើញបងប្អូនកំពុងតែធ្វើបាប គឺជាបាបដែលមិនមានទោសដល់ស្លាប់ទេ នោះត្រូវសូមចុះទ្រង់នឹងប្រទានជីវិតមកដល់អស់អ្នកធ្វើបាប ដែលមិនមែនមានទោសដល់ស្លាប់នោះជាពិត តែមានបាបម៉្យាងដែលមានទោសដល់ស្លាប់វិញ ឯបាបនោះខ្ញុំមិនថា ឲ្យសូមអង្វរឲ្យទេ ១៧គ្រប់ទាំងអំពើទុច្ចរិត សុទ្ធតែជាបាបទាំងអស់ហើយក៏មានបាបខ្លះ ដែលមិនមានទោសដល់ស្លាប់ដែរ ១៨យើងដឹងថា អ្នកណាដែលកើតពីព្រះមក នោះមិនចេះធ្វើបាបទេ អ្នកនោះឯងជាអ្នករក្សាខ្លួនវិញ ហើយមេកំណាចនឹងពាល់អ្នកនោះមិនបានឡើយ ១៩យើងដឹងថា យើងមកពីព្រះពិត តែលោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាចវិញ ២០យើងក៏ដឹងថា ព្រះរាជបុត្រានៃព្រះបានយាងមកហើយ ក៏បានប្រទានឲ្យយើងរាល់គ្នាមានប្រាជ្ញា ដើម្បីឲ្យបានស្គាល់ព្រះដ៏ពិតប្រាកដ យើងរាល់គ្នាជាអ្នកនៅក្នុងព្រះដ៏ពិតប្រាកដនោះ គឺក្នុងព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃទ្រង់ ព្រះអង្គនោះឯងជាព្រះពិតប្រាកដ ហើយជាជីវិតអស់កល្បជានិច្ចផង។ ២១កូនតូចៗរាល់គ្នាអើយ ចូរឲ្យអ្នករាល់គ្នារក្សាខ្លួនឲ្យផុតពីរូបព្រះចេញ។ អាម៉ែន។៚ |